ទេវង្សអស្ចារ្យ
វង្ស | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | គ.ស ១-៧៨ | ||||
រាជ្យមុន | ព្រះបាទប្រទេសរាជ | ||||
រាជ្យបន្ត | ព្រះបាទអរដ្ឋពលពាសោ | ||||
ស្វាមី/មហេសី | នាងទាវ | ||||
បុត្រ | ព្រះកេតុមាលា ព្រះនាងសុធាវត្តី | ||||
| |||||
សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ | ||||
ប្រសូត | ម.គ.ស ៣១ | ||||
សុគត | គ.ស ៧៨ មហានគរធំ |
ព្រះបាទទេវង្សអស្ចារ្យ (ម.គ.ស ៣១-គ.ស ៧៨) រជ្ជកាល (គ.ស ១-៧៨) ទ្រង់ជាស្ដេចដែលបានសោយរាជ្យពីស្ដេចប្រទេសរាជដែលជាក្សត្រចុងក្រោយនៃរាជវង្សព្រះថោង។ ទ្រង់ព្រះនាមថា ព្រះបាទសម្ដេចទេវង្សអស្ចារ្យខត្ដិយធិរាជ្យ។
ប្រវត្តិ
[កែប្រែ]កាលនោះ មានបុរសកសិករម្នាក់ឈ្មោះអ្នកវង្ស និងភរិយាឈ្មោះទាវ តាំងទីលំនៅរស់នៅជិតវាំងហ្លួង នៅមហានគររាជធានីនៃកម្ពុជាធិបតី។ ប្ដីប្រពន្ធទាំងពីរនាក់មានឫទ្ធិអនុភាពខ្លាំងពូកែអស្ចារ្យ ណាស់។ ដៃអ្នកទាំងពីរ បើកាន់របស់របរអ្វីមួយហើយ របស់របរនោះ នឹងអាចក្លាយជាមាស ទៅជាប្រាក់ ឬទៅជាត្បូងពេជ្រចរណៃ។ ប្រជាពលរដ្ឋមួយចំនួន ធំដែលបានឃើញជាក់ស្ដែងនឹងភ្នែក មហិទ្ធិឫទ្ធិខ្លាំងពូកែអស្ចារ្យរបស់អ្នកវង្ស និងនាងទាវ បានបាក់បបខ្លបខ្លាច គោរពស្ញប់ស្ញែង ហើយនាំគ្នាមូលមីកុះករមកចំណុះចូលសុំជ្រោកកោនក្រោមម្លប់ បារមី។ កាលនោះដោយស្រុកខ្មែរពុំទាន់មាន ព្រះមហាក្សត្របន្ដរាជ្យអំពីព្រះបាទប្រទេសរាជ នាម៉ឺនមន្ដ្រីសេនាតូចធំទាំងអស់ក្នុងព្រះរាជអាណាចក្រដែលបានដឹង បានយល់ និងមានជំនឿថា អ្នកវង្ស-នាងទាវ ជាមនុស្សមានសមត្ថភាព មានបុណ្យបារមីខ្ពង់ខ្ពស់អស្ចារ្យ បាននាំគ្នាមូលមតិរៀបចំពលសេនាជាក្បួន ធ្វើដំណើរហែបុស្បុកទៅសុំអញ្ជើញប្ដីប្រពន្ធទាំងពីរនាក់ ឲ្យមកសោយរាជសម្បត្ដិ ដឹកនាំថែរក្សាការពារប្រទេសជាតិខ្មែរ។
ត្រង់ វគ្គនេះ បើតាមសៀវភៅ “ប្រជុំរឿងព្រេងខ្មែរភាគទី៥” នៃពុទ្ធសាសនបណ្ឌិត្យ អ្នកវង្សនិងនាងទាវគ្មានបុណ្យបារមី ឬសមត្ថភាពអ្វីឡើយ។ អ្នកទាំងពីរនាក់បានឡើងសោយរាជ្យដោយសារបានបរិភោគសាច់មាន់ខ្មៅ ត្រង់ដើមទ្រូង និងភ្លៅតែប៉ុណ្ណោះ។ ការឡើងសោយរាជសម្បត្ដិនេះកើតឡើងដោយសារការផ្សងព្រេងលែងដំរីរក អ្នកមានបុណ្យ ដែលរៀបចំដោយក្រុមសេនាបតី។ ដំរីនោះបានទៅលុតជង្គង់ក្រាបនៅចំពោះមុខអ្នកវង្ស-នាងទាវ ដែលជាហេតុសំគាល់ថាជាអ្នកមានបុណ្យ។
ថ្ងៃ ១កើត ខែពិសាខ ឆ្នាំវក ព.ស ៥៤៤ ត្រូវជា គ.ស ទី១ វេលាម៉ោង៩ព្រឹក ដែលជាថ្ងៃនក្ខត្តឫក្សប្រជាជនខ្មែរ និងនាម៉ឺនមន្ដ្រីសេនាបតីតូចធំគ្រប់ជាន់ថ្នាក់ មកពីគ្រប់ទិសតំបន់បាននាំគ្នារៀបចំប្រារព្ធធ្វើពិធីអភិសេកអ្នក វង្ស-នាងទាវជាព្រះមហាក្សត្រីយានីនៃនគរខ្មែរ កាលនោះអ្នកវង្សមានអាយុ ៣១ឆ្នាំ។ បានឡើងសោយរាជសម្បត្ដិកាលណា កសិករវង្សមានព្រះនាមថា ព្រះបាទសម្ដេចទេវង្សអស្ចារ្យខត្ដិយធិរាជ្យ ឯនាងទាវវិញ បានប្ដូរព្រះនាមទៅជា សម្ដេចព្រះទេវុត្ដីអគ្គមហេសីស្រីទ្រង់ លក្ខណ៍អត្ដនារី។
ព្រះបាទទេវង្សអស្ចារ្យ ជាព្រះមហាក្សត្រខ្មែរទី៦។ ព្រះអង្គបានគ្រប់គ្រងប្រទេសជាតិដោយសុខក្សេមក្សាន្ដ នាំមកនូវក្ដីចម្រុងចម្រើនបរិបូណ៌ត្រជាក់ត្រជុំគ្រប់បែបយ៉ាង។ ក្នុងរជ្ជកាលព្រះអង្គប្រទេសកម្ពុជាគ្មានសត្រូវ ហើយក៏មិនបានជួបប្រទះនឹងសង្គ្រាមដែរ។
បុត្រ
[កែប្រែ]ព្រះអង្គគ្មានបុត្រាបុត្រីទេ ក៏ប៉ុន្ដែតាមពង្សាវតារក្រុងកម្ពុជារបស់វត្ដទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល ព្រះបាទទេវង្សអស្ចារ្យ មានបុត្រីមួយអង្គព្រះនាមសុធាវត្ដី។ ដោយយល់ឃើញគ្មានបុត្រសម្រាប់ស្នងរាជ្យបន្ដ ព្រះអគ្គមហេសីទ្រង់សុបិនឃើញព្រះឥន្ទ្រាធិរាជយាងចុះមកស្ទាបពោះ ព្រះនាង ហើយបានប្រទានកម្រងពេជ្រចរណៃជះចែងចាំងពន្លឺភ្លឺផ្លេកឆ្លុះថ្លា មានប្រាំពីរពណ៌។ ព្រះនាងបានទូលថ្វាយព្រះរាជាអំពីសុបិននោះតាមដំណើរ។ ក្រោយបានសណ្ដាប់សុបិន ព្រះបាទទេវង្សអស្ចារ្យកោះហៅហោរាឲ្យទស្សន៍ទាយ។ ហោរាបានទូលថ្វាយថា ព្រះអគ្គមហេសីនឹងទ្រង់មានគភ៌ មានបុត្រមួយព្រះអង្គ មានឫទ្ធិអំណាច តេជៈបារមីខ្លាំងពូកែឈ្នះអស់មារសត្រូវគ្រប់ទិសទី។ បន្ទាប់មកព្រះនាងក៏មានគភ៌មែន។ គ្រប់ខែថ្ងៃកាលណា ព្រះអគ្គមហេសីប្រសូតបានបុត្រមួយអង្គក្នុងឆ្នាំច ព.ស ៦០៦ ត្រូវជា គ.ស ៦២។ ព្រះរាជបុត្រនោះមានរូបឆោមលោមពណ៌ល្អស្អាតណាស់ ព្រះមាតាបិតាបានដាក់ព្រះនាមឲ្យថា “ព្រះកេតុមាលា” ដើម្បីរំលឹកឲ្យសមទៅតាមសុបិន។
សម្ដេចទេវង្សអស្ចារ្យក្សត្រខ្មែរទី៦ សោយរាជសម្បត្ដិនគរកម្ពុជាបាន ៧៨ ឆ្នាំ ព្រះអង្គសុគតក្នុងព្រះជន្ម ១០៨ វស្សាដោយជំងឺជរាពាធ។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
មុនដោយ ព្រះបាទប្រទេសរាជ |
មហានគរ | តដោយ ព្រះបាទអរដ្ឋពលពាសោ |