Jump to content

ពេជ្រ និង ពៅ

ពីវិគីភីឌា

អាមាត្យ ពេជ្រ និង ពៅ រឺ ម៉ឺនពេជ្រ និង ម៉ឺនពៅ អ្នកទាំងពីរជាបងប្អូនរួមទាំងអាមាត្យទាំង ១០ នាក់ផ្សេងៗទៀតនោះជាវីរជនក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលលោកទាំង ១២ នាក់បានប្រឡូកក្នុងការរំដោះជាតិ ព្រឹត្តិការណ៍នេះបានធ្វើអោយយើងដឹងថាអស់លោកទាំងនោះជាអ្នកស្នេហាជាតិយ៉ាងមុតមាំ បើទោះបីខ្មែរដែលបំរើសៀមនោះក៏នៅតែមានចិត្តចិញ្ចឹមរំដោះជាតិដដែលក្នុងប្រវត្តិរបស់អស់លោកទាំង ១២ នេះយើងដឹងថាទឹកចិត្តស្នេហាជាតិអស់លោកយ៉ាងណា។

ប្រវត្តិ និង ការរំដោះជាតិ

[កែប្រែ]

កាលព្រះឥន្ទរាជាបានចាប់យកអង្គរបានហើយ ចំណែកឯសម្ដេចចៅពញាយ៉ាត ជាក្សត្រខត្តិយវង្ស ដែលស្ដេចទ្រង់ចេញរួចពីចំណោមសៀមហើយរត់ចាកព្រះនគរទៅនោះ ព្រះអង្គទៅតាំងបញ្ចុះបញ្ចូលមន្ត្រីរាស្ត្របានជាច្រើន។ ទ្រង់ព្រះចិន្តា រកទីជ័យភូមិ ដែលនឹងតាំងជាក្បួនទ័ព សព្វទីកន្លែង តែមិនបានសោះ។ ក្រោយមកទ្រង់ឃើញថា ស្រុកកោះបាសាន "ស្រីសន្ធរ" សព្វថ្ងៃនេះ មានជ័យភូមិល្អ គួរឲ្យតាំងជាបន្ទាយមាំមួនបាន។ ទ្រង់ជ្រាបថា កាលព្រះបាទគម្ដែង អញប្រដាញ់រាជបក្សីចាំក្រុង ក៏ស្ដេចមកតាំងព្រះអង្គនៅស្រុកនេះដែរ។ ​លុះមន្ត្រីគ្រប់ក្រុម យល់ព្រមហើយ ស្ដេចក៏លើកទ័ពទៅតាំងបន្ទាយជាមាំមួន នៅខេត្តកោះបាសាននោះ។ ឯអស់អាណាប្រជានុរាស្ត្រ ខេត្តក្រៅទាំងប៉ុន្មាន ដែលបានឮដំណឹងថា សម្ដេចចៅពញាយ៉ាត ស្ដេចយាងមកតាំងទីបន្ទាយ នៅខេត្តកោះបាសានហើយ ក៏នាំគ្នាមកចុះចូលគ្រប់ៗខេត្ត។ ចំណេរខាងក្រោយមក ព្រះបរមបពិត្រ ស្ដេចត្រាស់ប្រឹក្សា រកមនុស្សឯណាឲ្យបន្លំចូលទៅនៅធ្វើជាខ្ញុំរាជការ ព្រះឥន្ទរាជា "ស្ដេចសៀម" ដើម្បីនឹងគិតការលុកស្ដេចសៀមនោះឲ្យបាន។ ខណៈនោះ មានអាមាត្យពីរនាក់ ឈ្មោះ ពេជ្រ ១ ពៅ ១ ជាបងប្អូនបង្កើតនឹងគ្នា កាលបានឮព្រះតំរាស់នេះហើយ ក៏ចូលថ្វាយបង្គំសុំខ្លួនទទួលអាសា ធ្វើការថ្វាយតាមបន្ទាល់។ សម្ដេចចៅពញាយ៉ាត ទ្រង់មានព្រះអំណរណាស់ ទើបទ្រង់ចាត់ប្រើទៅ អាមាត្យទាំងពីរនាក់ក៏ថ្វាយបង្គំលា នាំស្ម័គ្របក្សពួក ១០ នាក់ចូលទៅដល់មហានគរ

ដល់ហើយ ក៏រកពឹងមន្ត្រីសៀម ឲ្យនាំខ្លួនទាំងពីរនាក់ និង ស្ម័គ្របក្សពួក ១០ នាក់ទៀត ជា ១២ នាក់នោះ ឡើងក្រាបបង្គំទូលថា: ខ្មែរទាំង ១២នាក់នេះ មានចិត្តសាពិភ័ក្ដិ (សាពិភ័ក្ដិ = ការត្រឡប់សះសានឹងគ្នា ហើយទំនុកបំរុងគ្នាទៅ។ ឧ.- មនុស្សពីរនាក់នេះពីដើមទាស់គ្នា ឥឡូវវាមានសាពិភ័ក្ដិ នឹងគ្នាវិញហើយ។) ស្ម័គ្រមកសុំចូលធ្វើរាជការ ស្នងព្រះតេជគុណលុះអស់ជីវិតរៀងៗខ្លួន។ ព្រះឥន្ទរាជា ពេលនោះស្ដេចកំពុងប្រថាប់នៅមុខប្រាសាទ លើថ្មជាទីកណ្ដាលវាល លុះទ្រង់បានព្រះសណ្ដាប់ពាក្យនេះហើយ ក៏សព្វព្រះទ័យណាស់ ទើបត្រាស់ថា: តាំងអំពីយើងមកឈរស្រុកខ្មែរនេះ ជិត​ ៣​ ខែហើយ គ្មានឈ្មោះណាឡើយស្ម័គ្រចិត្តចូលមកនៅផង។ ទើបតែថ្ងៃនេះ យើងឃើញចៅទាំង ១២ នាក់ មកសាពិភ័ក្ដិជាមុនគេ គួរយើងឲ្យរង្វាន់ចៅ ឲ្យដល់ចិត្ត។ ទ្រង់ត្រាស់ហើយ ទ្រង់ព្រះសំរួល បង្គាប់មុខងារព្រះឃ្លាំង ឲ្យយកសំពត់ខោអាវ មកប្រទាន។ ឯនាយមហាមាត្រទាំងពីរនាក់ ពេលនោះក៏ក្រាប ថ្វាយបង្គំខិតចូលទៅជិត ហើយហូតកាំបិតស្នៀត ដែលចងនៅផ្នួងសក់នោះ ស្ទុះទៅចាក់ ព្រះឥន្ទរាជា ត្រូវព្រះឱរាមួយកាំបិត។ ព្រះចៅឥន្ទរាជា ស្រែកថាឲ្យចាប់ បានតែមួយព្រះឱស្ឋប៉ុណ្ណោះ ក៏ដួលចុះហើយ សុគត ក្នុងឆ្នាំរោង បញ្ចស័កនោះទៅ។ ខណៈនោះ អស់ពួកទាហាន រក្សាព្រះអង្គ ស្ទុះព្រមគ្នាចូលចោមចាប់ កាប់សំលាប់មហាមាត្យពីរនាក់ និង ស្ម័គ្របក្សពួក ១០ នាក់នោះ។ មហាមាត្យទាំង ១២ នាក់ ក៏ស្ទុះទៅចាប់យកព្រះសែង និង គ្រឿងអាវុធ ពីក្រុមរក្សាព្រះអង្គនោះ ចូលតដៃប្រថុយជីវិត កាប់សំលាប់មន្ត្រី និងសេនាទាហានសៀមបានប្រមាណមួយរយប្លាយនាក់។ មហាមាត្យទាំង ១២ នាក់នោះ រោយដៃអស់កំលាំង ដោយហេតុថាទាហានសៀមច្រើន លើសលប់កំលាំងពេក និង តស៊ូទៅទៀតពុំបាន សៀមក៏សំលាប់ទាំង ១២ នាក់នោះក្នុងខណៈនោះទៅ។ មន្ត្រីសៀមទាំងនោះ ក៏រៀបចំព្រះសពដាក់ក្នុងព្រះកោដ្ឋស្រេច ចាត់ឲ្យបំរើទៅក្រាបទូល ព្រះចៅក្រុងស្រីអយុធ្យា តាមផ្លូវរាជការ

ឯសម្ដេចចៅពញាយ៉ាតរាជា ព្រះអង្គត្រៀមពលរួចជាស្រេច។ ក្រោយមហាមាត្យទាំង ១២ នាក់ចេញទៅនោះ ព្រះអង្គក៏លើកទ័ពបណ្ដោយតាមក្រោយមក។ លុះមកដល់ហើយ ស្ដេចឃើញមន្ត្រី និង ទាហានសៀម កំពុងជ្រើមជ្រួលរមួលគ្នា ដូច្នេះ ក៏ទ្រង់ចូលចោមវាយ ព្រះមហានគរភ្លាមមួយរំពេច។ ពួករាស្ត្រខ្មែរ ក្នុងព្រះនគរ ក៏កាប់សំលាប់សៀម គ្មានញញើតដៃឡើយ ហើយបើកទ្វារចេញមកទទួលកងទ័ពព្រះអង្គ។ ខណៈនោះ សម្ដេចចៅពញាយ៉ាត ព្រះអង្គក៏លើកក្បួនទ័ព ចូលក្នុងព្រះនគរកាប់សំលាប់ទ័ពសៀម និង ហើយដោយឃើញបែបនោះមន្ត្រីខ្មែរ រឺ ក៏ខ្មែរដែលបំរើក្នុងរាជការសៀមនោះក៏ប្រកាប់ប្រចាក់ផ្ទប់ទ័ពសៀមចូលគ្នាជាមួយព្រះអង្គ រួចហើយចាប់បានពួកសៀមជាឈ្លើយ អស់ជាច្រើននាក់។