ឥន្ទរាជា

ពីវិគីភីឌា
ពញាព្រែក
ព្រះចៅ
រជ្ជកាលគ.ស ១៣៨៤ រឺ ១៤១៧
រាជ្យមុនព្រះបាទបរមសោករាជ រឺ ព្រះបាទធម្មាសោករាជ
រាជ្យបន្តព្រះបាទស្រីសុរិយោពណ៌ទី២
ស្វាមី/មហេសី​ព្រះនាងស៊ីសៈងៀម
ព្រះនាមពេញ
​​​ សម្ដេចព្រះឥន្ទរាជារាមាធិបតី
សន្តតិវង្សឧទង
បិតាព្រះបាទបរមរាជាទី២
ប្រសូតគ.ស ១៣៥៩ រឺ ១៣៩២
អយុធ្យា
សុគតគ.ស ១៣៨៤ រឺ ១៤១៧
មហានគរ

ព្រះចៅឥន្ទរាជា រឺ ពញាព្រែក រឺ ឥន្ទកុមារ (សំស្ក្រឹត:ឥន្ទ្ររាជា) (គ.ស ១៣៥៩-១៣៨៤ រឺ ១៣៩២-១៤១៧) រជ្ជកាល (គ.ស ១៣៨៤ រឺ ១៤១៧) ទ្រង់ឡើងសោយរាជ្យ នៅមហានគរ ក្នុងឆ្នាំជូត ឆស័ក ព.ស. ១៩២៨, គ.ស. ១៣៨៤ ក្នុងជន្មាយុ ២៥ ឆ្នាំ។ ពញាព្រែក ទ្រង់ព្រះនាមជា សម្ដេចព្រះឥន្ទរាជារាមាធិបតីខ្លះ ហៅថា ព្រះឥន្ទកុមារ។ បើតាមឯកសារមហាបុរខ្មែរ

ប្រវត្តិ[កែប្រែ]

ការលើកទ័ពមកទន្ទ្រានមហានគរ[កែប្រែ]

ស្ដេចសៀម​​ដែល​ជាប់​ជា​កូនចៅ​របស់​ព្រះ​រាមេសូរ​ ​មានឈ្មោះ​ថា​ ​ចៅសោមពញា។​ ​ឯ​គោរម្យនាម​ព្រះមហាក្សត្រ​វិញ​គឺ​ ​ព្រះ​បរមរាជា​ (បើ​តាម​អ្នក​ប្រវត្ដិវិទូ​ឯកទេស​ខ្លះ​ ​គេ​បាន​ប៉ាន់​ស្មានថា​ ​ស្ដេច​សៀម​អង្គ​នេះ​ ​ជា​ព្រះ​បរមរាជា​ទី​២​ ​ដែល​សោយរាជ​សម្បត្តិ​នៅ​ប្រទេស​សៀម​ពី​គ.ស ​១៤០៤​ ​ដល់ ​១៤៤៨ តែ​ចំណោទ​ស្ថិត​នៅ​ត្រង់​កាលបរិច្ឆេទ​ ​ថ្ងៃខែ​ឆ្នាំ​ដែល​មិន​ស្របគ្នា)។ គ្រានោះ​កងទ័ព​សៀម​ដែល​ដឹកនាំ​ដោយ​ចៅសោមពញា​ ​ឬ​ព្រះ​បរមរាជា​ទី​២​ ​មាន​ចំនួន​ដល់​ទៅ​ ១០ ​ម៉ឺន​នាក់ ចែក​ចេញ​ជា​៤​កងពល​ធំៗ។​ ព្រះ​អង្គ​បាន​ចាត់​កូនប្រុស​ព្រះ​អង្គ​ ​ឈ្មោះ​ឥន្ទរាជា​ ​ជា​មេទ័ព​ស្រួច។​ នៅ​ទីបំផុត​កងទ័ពសៀម​ ព្រះ​បរមរាជា​ទី​២​ ​បាន​យកជ័យ​ជំនះ​លើ​ទ័ព​ខ្មែរ​ ​ហើយ​បាន​ចូល​កាន់កាប់​ត្រួតត្រា​មហានគរ។​ នេះ​ជា​លើក​ទី​២​​ហើយ ​ដែល​សៀម​វាយប្រហារ​ឈ្លានពាន​លុកលុយ​ដណ្ដើម​យក​បាន​ព្រះ​មហានគរ​ (ពង្សាវតារ​សម្ដេច​វាំង​ជួន​បាន​សរសេរ​ថា​ ​មហានគរ​ត្រូវ​សៀម​វាយ​ដណ្ដើម​យក​បានជា​លើក​ទី​២​នៅ​ក្នុង​គ.ស​ ១៤១៦។ ចំពោះ​ឯកសារ​ខ្មែរ​ខ្លះទៀត មានពង្សាវតារ​សម្ដេច​សង្ឃនាយក​ប៉ាន់​ ​និង​វត្ដ​ទឹកវិល​ជាដើម​ ​គឺ​នៅ​ក្នុង​គ.ស​ ១៣៧៣។​ ​ចំណែកឯ​អ្នក​ស្រាវជ្រាវ​អាមេរិកាំង​ ​ឈ្មោះ​ ​L. P. ​Briggs​ មហានគរ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​សៀម​ក្នុង​គ.ស​១៤៣១។ តែ​អ្នកប្រវត្ដិវិទូ​ម្នាក់​ទៀត​ឈ្មោះ​ ​O. W​ ​Wolter​ ​អះអាង​ថា​ ​នៅ​ក្នុង​គ.ស ​១៣៨៩)។ ស្ដេច​សៀម​បង្គាប់​ឲ្យ​ប្រមែប្រមូល​លួច​ប្លន់​ ​ដឹក​ជញ្ជូន​យក​ទ្រព្យសម្បត្តិ​ខ្មែរ​ ​មាន​មាស ប្រាក់​ ​ពេជ្រ​កែវកង​ពិទូរ្យ​សូរ្យកាន្ដ​ ​ដែល​មាន​ច្រើន​ឥតឧបមា​ក្នុង​នគរ។​ ​រូបចម្លាក់​ជា​ច្រើន​ ​មាន​ព្រះ​គោ​ ​ដែល​ក្នុង​ពោះ​ ​អ្នកប្រាជ្ញ​ ​គ្រូអាចារ្យ​បាធ្យាយ​បូរម្យបូរាណ​ខ្មែរ​ ​ធ្លាប់​បាន​តម្កល់​ទុក​នូវ​ព្រះ​ត្រៃបិដក​ ​ត្រៃវេទ ​និង​ក្បួន​គម្ពីរ​សិល្ប៍​សាស្ដ្រ​វិជ្ជា​វេទមន្ដ​គ្រប់​បែប​យ៉ាង​ ​និង​ព្រះ​បដិមាករ​ជា​ច្រើន​នៅ​នគរវត្ដ​ ​ក៏​ត្រូវ​ស្ដេច​សៀម​លួច​ប្លន់​ដឹក​ជញ្ជូន​យក​ទៅ​ក្រុង​ស្រីអយុធ្យា​ដែរ។​ ​គ្រួសារ​ខ្មែរ​ជា​ច្រើន​ម៉ឺន​សែន​នាក់​ ​ត្រូវ​សៀម​សង្កត់សង្កិន​ជិះជាន់​ ​ធ្វើបាប​វាយដំ​ច្រំធាក់​ ​កាប់​ចាក់​សម្លាប់​ ចាប់ចង​ដាក់​ច្រវាក់ខ្នោះឃ្នាង​ ចោះត្រចៀក​បង្ហូត​ខ្សែ​ដោត​ជា​ជួរ​ ​កេណ្ឌ​កៀរ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ ​ជា​ទាសាទាសី។​ ​ពញា​កែវ​ ​និង​ពញា​ទ័យ​ បើ​តាម​ពង្សាវតារ​ដែល​រៀបចំ​ដោយ​សម្ដេច​សង្ឃនាយក​ប៉ាន់​ ​និង​ពង្សាវតារ​វត្ដ​ទឹកវិល​ ​ត្រូវ​ស្ដេច​សៀម​ចាប់ខ្លួន។​

កាលយាងទតមហានគរ[កែប្រែ]

មានសម័យថ្ងៃមួយនោះ ព្រះបរមរាជា ជាព្រះបិតានៃព្រះឥន្ទកុមារចេញទតប្រាសាទប្រសើរមហាឋានគ្រប់អន្លើ។ ទ្រង់ឃើញមានប្រាសាទ និង រោងទង ធ្នឹមថែវ ខ្វាត់ខ្វែង ច្រើនជាន់ ច្រើនអន្លើទើបទ្រង់ត្រាស់សួរមន្ត្រីខ្មែរ ថា៖

ព្រះបរមរាជា: ទីនេះ ខ្វាត់ខ្វែង ច្រើនជាន់ ច្រើនអន្លើ តើទីកន្លែងព្រះរាជបុត្រ ឬ ជាទីកន្លែងព្រះអគ្គមហេសី ឬ ជាទីអ្វី?

មន្ត្រីខ្មែរ: ទីនេះ ហៅថា ប្រាសាទមួយរយហាសិបប្រាំ (១៥៥) ល្វែង និង រោងទង រោងជួង ដំណាក់ពិសេស ស្រះស្រង់រងថ្លា សួនច្បារ ផ្កាដំណាំ និង កំពែង ខ្វាត់ខ្វែង ច្រើនថ្នល់ច្រើនថ្នាក់នេះ ជាសម្រាប់ព្រះរាជបុត្រក្សត្រគ្រប់នគរជាចំណុះ ដែលព្រះអង្គតែងយកព្រះរាជបុត្រ ឲ្យមកនៅបម្រើ តាងព្រះអង្គគ្រប់នគរ។

ព្រះបរមរាជាត្រាស់សួរទៀតថា៖

ព្រះបរមរាជា: ប្រាសាទ និង ទីកន្លែងទាំងនេះ កើតពីផែនដីណាមកដល់ផែនដីណា?

មន្ត្រីខ្មែរ : ប្រាសាទនេះ កើតកាលពីផែនដី ព្រះបាទទេវង្សអស្ចារ្យ ដែលទ្រង់មានព្រះហស្ថទិព្វ ទ្រង់ចាប់វត្ថុអ្វី វត្ថុនោះក៏កើតជាមាសប្រាក់ អាចចែកចាយដល់អាណាប្រជានុរាស្ត្រក្នុងព្រះនគរបាន។ បណ្ដាក្សត្រទាំងឡាយ គ្រប់នគរនោះ កាលទ្រង់បានជ្រាបថា ព្រះបាទទេវវង្សអស្ចារ្យ ព្រះអង្គកាន់សីលសោយព្រុត ហើយមានព្រះរាជបុត្រមួយព្រះអង្គ ទ្រង់ព្រះនាម ព្រះកេតុមាលា ដែលជាព្រះរាជបុត្ររបស់ព្រះឥន្ទ្រាធិរាជដែរនោះ ក៏នាំសួយសារអាករមកថ្វាយ ព្រះបាទទេវវង្សអស្ចារ្យ ហើយនាំព្រះរាជបុត្រ របស់ព្រះអង្គគ្រប់ព្រះអង្គ ឲ្យមកនៅគាល់បម្រើ លួងលោមព្រះរាជកុមារ ព្រះកេតុលា គ្រប់ៗនគរ។ អាស្រ័យហេតុនោះហើយ បានជាព្រះទេវាវង្សអស្ចារ្យ ស្ដេចឲ្យសាងប្រាសាទ ថ្វាយព្រះរាជបុត្រ នៃ ស្ដេចចំណុះទាំងនោះគង់នៅ។

ព្រះបរមរាជា សួរតទៅទៀតថា៖

ព្រះបរមរាជា: ក្រឡាបន្ទំ សម្រាប់ព្រះមហាក្សត្រ និង ព្រះរាជបុត្រនោះ នៅត្រង់ណា?

មន្ត្រីខ្មែរ: ព្រះមហាក្សត្រ គង់នៅប្រាសាទបាយ័ន។ ព្រះរាជបុត្រ គង់ក្រសាលនៅប្រាសាទពិមានអាកាស

ស្ដេចសៀមសួរទៀតថា៖

ព្រះបរមរាជា: កាលព្រះកេតុមាលា ឡើងសោយរាជ្យ នោះព្រះអង្គនៅឯណា?

មន្ត្រីខ្មែរ : កាលព្រះកេតុមាលា ឡើងសោយរាជ្យនោះ ព្រះឥន្ទ្រទ្រង់បញ្ជាឲ្យព្រះវិស្សកម្មទេវបុត្រ ច្យុតមកកើតជា ចៅចិត្រកុមារ ឲ្យធ្វើជាមេជាង ឲ្យទេវតា ៥០០ អង្គ មកកើតជាកូនជាងសាងប្រាសាទនគរតូចថ្វាយគង់ ហើយទ្រង់សាងប្រាសាទ តម្កល់ព្រះខាន់មួយ។ ទ្រង់ឲ្យសាងប្រាសាទមួយទៀត ឈ្មោះហៅថា បឹងមាលា សម្រាប់ស្ដេចគង់លំហើយព្រះគ្រោះ។ ទ្រង់ឲ្យសាងប្រាសាទមួយទៀតឈ្មោះ តាព្រហ្ម សម្រាប់ថ្វាយបង្គំព្រះមានគុណ។ ស្ដេចឲ្យសាងប្រាសាទកោះកែវមួយ ប្រាសាទនគរពិជ័យមួយ។

ស្ដេចសៀមសួរទៀតថា៖

ព្រះបរមរាជា: ស្ដេចដើម ដែលសាងនគរនោះ ទ្រង់ព្រះនាមអ្វី?

មន្ត្រីខ្មែរ: ក្សត្រដើមគេបង្អស់នោះ គឺព្រះបាទកម្ពុជនាគរាជ ព្រះអង្គនិម្មិតថ្វាយព្រះបាទកមេរុរាជ ជារាជសុណិសា។ ក្រោយមកព្រះបាទកមេរុរាជក្រែងអត់ពីព្រះអង្គទៅ នឹងវិនាសបាត់កេរ្តិ៍ព្រះចៅ ទើបទ្រង់ឲ្យសាងប្រាសាទជាថ្មីឡើងវិញ។ ស្ដេចសៀមត្រាស់សួរទៀតថា៖

ព្រះបរមរាជា: ផែនដីណា បង្វែរនគរតូចទៅជាវត្ត? ស្ដេចនោះសាងអ្វីខ្លះ?

មន្ត្រីខ្មែរ: ព្រះមហាក្សត្រ ដែលបានបង្វែរ នគរតូច ទៅជាវត្តនោះ ទ្រង់ព្រះនាមព្រះបាទបទុមសុរិយវង្ស។ ព្រះអង្គនេះ ស្ដេចបានសាងព្រះកែវមរកត ព្រះត្រៃបិដក ចូលមកក្នុងព្រះនគរ ទើបព្រះអង្គបង្វែរប្រាសាទនគរតូចទៅជាវត្តសម្រាប់តម្កល់ព្រះត្រៃបិដក។ ព្រះអង្គឲ្យសាងប្រាសាទមួយទៀត។ សម្រាប់តម្កល់ព្រះកែវមរកត រួចព្រះអង្គស្ដេចទៅជួសជុលព្រះមហានគរ ហើយទ្រង់សាងដំណាក់ភ្នំព្រះសុមេរុ និង សក្ដេបព៌តមួយ សាងស្រះព្រះពិស្ណុការ និង បាណកយក្សមួយ សាងប្រាសាទ និង ព្រះរាជដំណាក់ ព្រះបាទយុតេ និង លំអងរំចេកមួយ។ ប្រាសាទទាំងប៉ុន្មាននេះ សុទ្ធសឹងតែធ្វើដោយថ្ម ល្អប្លែកៗគ្នា ដោយយ៉ាងៗ។

ព្រះបរមរាជា ស្ដេចព្រះរាជដំណើរតទៅទៀត ទ្រង់ទតព្រះនេត្រទៅឃើញប្រាសាទមួយមានគ្រឿងសក្ការបូជាច្រើន ទើបទ្រង់ត្រាស់សួរថា៖

ព្រះបរមរាជា: ទីនេះហេតុអ្វី បានជាមានគ្រឿងសក្ការបូជាច្រើនម៉្លេះ ?

មន្ត្រីខ្មែរ: ទីនេះ ជាទីតម្កល់ព្រះគោ ដែលបញ្ចុះក្បួនតម្រាក្នុងពោះនោះ។

ព្រះបរមរាជា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់យល់ថា ស្ដេចខេមរាប្រទេសនេះមាន បុណ្យបារមីណាស់ ទើបទ្រង់ត្រាស់សួរទៀតថា៖

ព្រះបរមរាជា: ស្ដេចដែលថយព្រះតេជានុភាព បណ្ដាលឲ្យគ្មានបុត្រក្សត្រ មកនៅគាល់បម្រើនោះ ពីត្រឹមអង្គណាមក ?

មន្ត្រីខ្មែរ: ពីត្រឹមផែនដី ស្ដេចអាលសោ សេណករាជ រៀងមកដល់ផែនដី ព្រះបរមរាជាជ័យ ព្រះបរមនាថសួស្ដិ។ ពីត្រឹមព្រះបរមរាជាជ័យ ព្រះបរមនាថសួស្ដិរៀងមកទៀត ព្រះមហាក្សត្រនោះ មានតេជានុភាពត្រឹមត្រូវឡើងវិញ ទាល់តែមកដល់សម្ដេចព្រះចៅ មកវាយបែកព្រះនគរ។ ថារបស់សម្រាប់នគរទាំងប៉ុន្មាននេះ សុទ្ធសឹងតែប្រសិទ្ធីធំមាំមួនណាស់។

ព្រះចៅបរមរាជា ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ តមកទ្រង់ត្រាស់ឲ្យមន្ត្រី ៨នាក់ រក្សាព្រះនគរជាមួយនឹងព្រះឥន្ទរាជា ជាព្រះរាជបុត្រ។ ព្រះអង្គឲ្យនិមន្តព្រះពុទ្ធរូបមាស ប្រាក់ សំរិទ្ធិ កែវ រូបព្រះគោ រូបសត្វទីទៃជាច្រើន និង ព្រះសង្ឃសមណៈ ឲ្យនាំយកទាំង ពញាកែវ ពញាទ័យ ជាព្រះរាជបុត្រ នៃព្រះបាទធម្មាសោករាជ និង ទ្រង់ឲ្យកៀរគ្រួខ្មែរ បាន៧ម៉ឺននាក់ ហើយឲ្យលើកទ័ពទៅក្រុងស្រីអយុធ្យាវិញ។ ព្រះឥន្ទរាជា នៅគ្រប់គ្រងកម្ពុជា ស៊ើបបានព្រះខាន់ និង គ្រឿងព្រះបញ្ចក្សេត្រហើយ ទ្រង់គិតនឹងឲ្យនាំយកទៅស្រុកសៀម។ ខណៈនោះ ក៏បង្កើតជាអស្ចារ្យ មហារាយោ ព្យុះធំ រងំខ្ទ័រ ផ្គរ អសនីបាញ់គ្រប់ទិស។ ក្នុងរាត្រីយប់នោះ ស្ដេចផ្ទំស្កល់ទៅ ទ្រង់សុបិនឃើញថា ព្រះមហាក្សត្រខ្មែរ អំពីបូរាណមក មកឈរពីលើក្រឡាព្រះបន្ទំ របស់ព្រះអង្គ ហើយត្រាស់កំហែងថា បើឯងយកព្រះខាន់នេះទៅ ខ្លួនឯងនឹងស្លាប់ ដោយឫទ្ធិអាវុធ ព្រះខាន់នេះពុំខានឡើយ។ ហេតុនេះហើយ បានជាស្ដេចសៀមខាននាំព្រះខាន់ នឹងគ្រឿងបញ្ចក្សត្រទៅស្រុកសៀម ដោយខ្លាចព្រះតេជៈ នៃព្រះមហាក្សត្រអំពីបូរាណ។

ការឡើងគ្រងរាជ្យនៅមហានគរ[កែប្រែ]

កាលបើយកជ័យ​ជំនះ​លើ​ប្រទេស​ខ្មែរ​ ​និង​កាន់​ក្ដាប់​ព្រះ​មហានគរ​បាន​ហើយ​ ​នៅ​ក្នុង​ឆ្នាំរកា​ដដែល​ ​ស្ដេច​សៀម​ព្រះ​បរមរាជា​ទី​២​ ​ក៏​តែងតាំង​អភិសេក​កូនប្រុស​ព្រះឥន្ទរាជា​ ​ជា​ព្រះមហាក្សត្រ​សៀម​គ្រប់គ្រង​ ​ត្រួតត្រា​ ​មើល​ការ​ខុស​ត្រូវ​លើ​ប្រទេស​កម្ពុជា។​ ​កាលនោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​ ២៥ ​វស្សា។ ព្រះឥន្ទរាជា​ ​បាន​ខំ​ស៊ើបរក​វត្ថុ​ស័ក្ដិសិទ្ធ​ជា​ច្រើន​ទៀត​ ​ដូច​ជា​ ព្រះខ័នរាជ្យ​ ​និងបញ្ចក្សត្រ​ជាដើម​ ​ដើម្បី​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​សៀម។​ ​គោលបំណង​សៀម​ ​ដើរ​លួច​ប្លន់​ប្រទេស​ខ្មែរ​ ​បាន​ធ្វើ​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធ​ទាំងឡាយ​ ​មានការ​ក្ដៅក្រហាយ​ ​បង្កបង្កើត​ឲ្យ​មាន​អភូតហេតុ​ ​ដ៏​សែន​អស្ចារ្យ​កើត​ចេញ​ជា​ភ្លៀង​ខ្យល់ព្យុះសង្ឃរា​បោកបក់​ខ្លាំងក្លា​ទៅ​ លើ​គ្រប់​ទិសទី​ ​លាយឡំ​ទៅ​ដោយ​ផ្គរ​រន្ទះ​​បាញ់លាន់ឮ​កងរំពង​ពេញ​អស់​នភាល័យ​ ​គួរ​ឲ្យ​តក់ស្លុត​រន្ធត់​អនេកកប្បការ​ ​អស់​រយពេល​ច្រើន​យប់​ច្រើន​ថ្ងៃ។​ ​យប់​មួយ​ ​កំពុង​តែ​និទ្រា​លង់លក់​ ​ស្ដេច​សៀម​ព្រះឥន្ទរាជា​ ​យល់សប្ដ​ឃើញ​ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ជំនាន់​ដើម​ ​យាង​មក​ឈរ​ចំ​លើ​ក្បាល​ដំណេក​ ព្រមាន​ថា​ ​ព្រះ​អង្គ​នឹង​មក​យក​ជីវិត​ជា​មិន​ខាន។​ ​ស្ដេច​សៀម​ភ្ញាក់​ដឹងខ្លួន​កាលណា​ ​ភ័យ​ញាប់​ញ័រ​តក្កមា​ ​សឹង​លែង​ហ៊ាន​នៅ​ក្នុង​ព្រះ​បរមរាជវាំង​មហានគរ។​

ការធ្វើគត[កែប្រែ]

​ទោះបីជា​សៀម​បាន​ជ័យ​ជំនះ​លើ​ខ្មែរ​ ​កាន់កាប់​មហានគរ​ ​និង​ខេត្ដ​ខណ្ឌ​ខ្មែរ​មួយ​ភាគ​ក៏​ដោយ​ ​ក៏​សៀម​មិន​ទាន់​បង្ក្រាប​ខ្មែរ​បាន​ទាំងអស់​ដែរ។​ ​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង​ ​ភាព​រំជើបរំជួល​បះបោរ​តស៊ូ​រំដោះជាតិ​ ​បាន​ផ្ទុះ​កើត​មាន​ឡើង​នៅ​គ្រប់​ទិសទី​ក្នុង​ប្រទេស​ ​ប្រឆាំង​នឹង​វត្ដមាន​សៀម។​ គ្រានោះ ​ ​មេទ័ព​ជំនិត​របស់​ព្រះ​អង្គ​ពីរ​នាក់​ ​ម៉ឺន​ពៅ​ ​និង​ម៉ឺន​ពេជ្រ​ ​ដែល​ត្រូវជា​បងប្អូន​បង្កើត​ ​បាន​ស្ម័គ្រចិត្ដ​ ​នាំ​គ្នា​ទៅ​ក្រាបថ្វាយបង្គំ​ព្រះចៅ​ពញាយ៉ាត​ ​សុំ​សេចក្ដី​អនុញ្ញាត​ ​ដើម្បី​ទៅ​លួច​ធ្វើឃាត​ស្ដេច​សៀម។​ ​មុន​នឹង​ចេញ​ទៅ​បំពេញ​បេសកកម្ម​ ​មេទ័ព​ខ្មែរ​ដ៏​ក្លាហាន​ទាំង​ពីរ​ ​បាន​ជ្រើសរើស​សេនា​ខ្លាំងពូកែ​មាឌធំ​មាំមួន​ហើយ​រហ័សរហួន​ដប់​នាក់​ទៀត​យក​ ទៅ​ជាមួយ។​ ​បន្ទាប់​មកម៉ឺន​ពៅ​ ​និងម៉ឺន​ពេជ្រ​ ​នាំ​ពល​សេនា​ទាំង​ដប់​នាក់​ទៅ​សុំ​គាល់​ ​ចុះចូល​បម្រើ​ស្ដេច​សៀម។​ ​ស្ដេច​សៀម​ឥន្ទរាជា​ ​ឮ​សូរ​ដូច្នេះ​ ​សប្បាយចិត្ដ​ណាស់​ ​ពីព្រោះ​ជាង​បី​ខែ​ហើយ​ ​ដែល​ខ្លួន​បាន​មក​សោយរាជ្យ​ត្រួតត្រា​កាន់កាប់​ស្រុក​ខ្មែរ​ ​ពុំ​ទាន់​ដែល​មាន​មេទ័ព​ ​ឬ​មន្ដ្រី​ខ្មែរ​ណា​ម្នាក់​ ​បាន​ចុះចូល​ចំណុះ​សុំ​យក​ជីវិត​មក​បម្រើ​សោះឡើយ។​ ​ស្ដេច​សៀម​បញ្ជា​ឲ្យ​ក្រុម​បរិវារ​ ​យក​ខោអាវ​កំណាត់​ល្អ​ប្រណិត​ ​មក​ប្រទាន​ជូន​ជា​រង្វាន់​ ​លើកទឹកចិត្ដ​អ្នក​ទាំង​ដប់​ពីរ​នាក់។​ ​ម៉ឺន​ពៅ​ ​និង​ម៉ឺន​ពេជ្រ​ ​ដែល​កំពុង​តែ​ក្រា​ថ្វាយបង្គំ​ស្ដេច​សៀម​ ​ចេះ​តែ​លួច​រំកិល​ខិតចូល​ទៅ​ជិត​ស្ដេច​ឥន្ទរាជា​ ​បន្ដិច​ម្ដងៗ​ជា​លំដាប់។ ​គ្រាន់តែ​ចូល​ទៅ​ដល់​កៀក​ជិត​ភ្លាម​កាលណា​ ​មេទ័ព​ខ្មែរ​ទាំង​ពីរ​រូប​ ​ក៏​ស្ទុះ​ងើប​ស្រ​ឡើង​ ​លូក​កញ្ឆក់​យក​កាំបិត​ស្នៀត​ដែល​លាក់​បង្កប់​ក្នុង​ផ្នួងសក់​ ​ចាក់​បុក​បូស​ចំ​ដើមទ្រូង​ស្ដេច​សៀម។​ ​មួយ​កាំបិត​ទៀត​ ​ចាក់​ចំ​ត្រូវ​ធ្លាយ​ពោះ​ខាងស្ដាំ។​ ​គ្រាន់តែ​ខំ​ស្រែកហៅ​ ​កង​អាមាត្យ​ការពារ​ ​ឲ្យ​ចូល​មក​ជួយ​ចប់​កាលណា​ ​ស្ដេច​សៀម​ព្រះ​ឥន្ទរាជា​ ​ក៏​ដួល​ដេក​ដាច់ខ្យល់​អស់​អាយុ​ ​ក្នុង​ថ្លុកឈាម​ ​មួយ​រំពេច​ភ្លាម​នោះ​ដែរ។​ ពល​ទា​ហាន​សៀម​ជា​ច្រើន​ ​រត់​ចេញពី​គ្រប់​ទិស​ទី​ ​ឡោម​ព័ទ្ធ​ស្ទាក់​វាយប្រហារ​អ្នក​ស្ម័គ្រចិត្ដ​ខ្មែរ​ពីមុខ​ពីក្រោយ។ ​អ្នកក្លាហាន​ខ្មែរ​ទាំង​១២​នាក់​ ​ដែល​គ្មាន​គ្រឿង​អាវុធ​ជាប់​នឹង​ខ្លួន​បាន​ឆក់​យក​ព្រះ​ខ័ន​ស្ដេច​សៀម​ ​មក​កាប់​ចាក់​ដណ្ដើម​យក​ដាវ​លំពែង​អង្គរក្ស​សៀម​ ​ហើយ​ប្រយុទ្ធ​ការពារ​ប្រឈម​មុខ​តតាំង​សម្លាប់​សត្រូវ​បាន​ជាង​មួយ​រយ​នាក់។​ តែ​នៅ​ទីបំផុត​ ​ដោយ​អស់កម្លាំង​ខ្លាំង​ពេក​ ​ហើយ​ដោយ​កងទ័ព​សៀម​មាន​គ្នា​ច្រើន​លើសលប់​ផង​ ​មេទ័ព​ខ្មែរ​ម៉ឺន​ពៅ ​ម៉ឺន​ពេជ្រ​ ​និង​យុទ្ធជន​ស្ម័គ្រចិត្ដ​ខ្មែរ​ដប់​នាក់​ទៀត​ត្រូវ​បូជាជីវិត​ក្រោម​ ផ្លែដាវ​កាំបិត​លំពែង​សៀម​ក្នុង​ពេល​នោះ​ទៅ។​

ការដណ្ដើមមហានគរមកវិញ[កែប្រែ]

ឯសម្ដេចចៅពញាយ៉ាត ជាក្សត្រខត្តិយវង្ស ដែលស្ដេចទ្រង់ចេញរួចពីចំណោមសៀមហើយរត់ចាកព្រះនគរទៅនោះ ព្រះអង្គទៅតាំងបញ្ចុះបញ្ចូលមន្ត្រីរាស្ត្របានជាច្រើន។ ទ្រង់ព្រះចិន្តា រកទីជ័យភូមិ ដែលនឹងតាំងជាក្បួនទ័ព សព្វទីកន្លែង តែមិនបានសោះ។ ក្រោយមកទ្រង់ឃើញថា ស្រុកកោះបាសាន "ស្រីសន្ធរ" សព្វថ្ងៃនេះ មានជ័យភូមិល្អ គួរឲ្យតាំងជាបន្ទាយមាំមួនបាន។ ទ្រង់ជ្រាបថា កាលព្រះបាទគម្ដែង អញប្រដាញ់រាជបក្សីចាំក្រុង ក៏ស្ដេចមកតាំងព្រះអង្គនៅស្រុកនេះដែរ។


លុះមន្ត្រីគ្រប់ក្រុម យល់ព្រមហើយ ស្ដេចក៏លើកទ័ពទៅតាំងបន្ទាយជាមាំមួន នៅខេត្តកោះបាសាននោះ។ ឯអស់អាណាប្រជានុរាស្ត្រ ខេត្តក្រៅទាំងប៉ុន្មាន ដែលបានឮដំណឹងថា សម្ដេចចៅពញាយ៉ាត ស្ដេចយាងមកតាំងទីបន្ទាយ នៅខេត្តកោះបាសានហើយ ក៏នាំគ្នាមកចុះចូលគ្រប់ៗខេត្ត។ ចំណេរខាងក្រោយមក ព្រះបរមបពិត្រ ស្ដេចត្រាស់ប្រឹក្សា រកមនុស្សឯណាឲ្យបន្លំចូលទៅនៅធ្វើជាខ្ញុំរាជការ ព្រះឥន្ទរាជា "ស្ដេចសៀម" ដើម្បីនឹងគិតការលុកស្ដេចសៀមនោះឲ្យបាន។


ខណៈនោះ មានអាមាត្យពីរនាក់ ឈ្មោះ ពេជ្រពៅ ១ ជាបងប្អូនបង្កើតនឹងគ្នា កាលបានឮព្រះតម្រាស់នេះហើយ ក៏ចូលថ្វាយបង្គំសុំខ្លួនទទួលអាសា ធ្វើការថ្វាយតាមបន្ទាល់។ សម្ដេចចៅពញាយ៉ាត ទ្រង់មានព្រះអំណរណាស់ ទើបទ្រង់ចាត់ប្រើទៅ អាមាត្យទាំងពីរនាក់ក៏ថ្វាយបង្គំលា នាំស្ម័គ្រប័ក្សពួក ១០នាក់ ចូលទៅដល់មហានគរ។ ដល់ហើយ ក៏រកពឹងមន្ត្រីសៀម ឲ្យនាំខ្លួនទាំងពីរនាក់ និង ស្ម័គ្រប័ក្សពួក១០នាក់ទៀត ជា១២នាក់នោះ ឡើងក្រាបបង្គំទូលថា : ខ្មែរទាំង ១២នាក់នេះ មានចិត្តសាពិភ័ក្ដិ (សាពិភ័ក្ដិ = ការត្រឡប់សះសានឹងគ្នា ហើយទំនុកបំរុងគ្នាទៅ។ ឧ.- មនុស្សពីរនាក់នេះពីដើមទាស់គ្នា ឥឡូវវាមានសាពិភ័ក្ដិ នឹងគ្នាវិញហើយ។ ស្ម័គ្រមកសុំចូលធ្វើរាជការ ស្នងព្រះតេជគុណលុះអស់ជីវិតរៀងៗខ្លួន។ ព្រះឥន្ជរាជា ពេលនោះស្ដេចកំពុងប្រថាប់នៅមុខប្រាសាទ លើថ្ម ជាទីកណ្ដាលវាល លុះទ្រង់បានព្រះសណ្ដាប់ពាក្យនេះហើយ ក៏សព្វព្រះទ័យណាស់ ទើបត្រាស់ថា: តាំងអំពីយើងមកឈរស្រុកខ្មែរនេះ ជិត៣ខែហើយ គ្មានឈ្មោះណាឡើយស្ម័គ្រចិត្តចូលមកនៅផង។ ទើបតែថ្ងៃនេះ យើងឃើញចៅទាំង ១២នាក់ មកសាពិភ័ក្ដិជាមុនគេ គួរយើងឲ្យរង្វាន់ចៅ ឲ្យដល់ចិត្ត។ ទ្រង់ត្រាស់ហើយ ទ្រង់ព្រះសម្រួល បង្គាប់មុខងារព្រះឃ្លាំង ឲ្យយកសំពត់ខោអាវ មកប្រទាន។ ឯនាយមហាមាត្រទាំងពីរនាក់ ពេលនោះក៏ក្រាប ថ្វាយបង្គំខិតចូលទៅជិត ហើយហូតកាំបិតស្នៀត ដែលចងនៅផ្នួងសក់នោះ ស្ទុះទៅចាក់ ព្រះឥន្ទរាជា ត្រូវព្រះឱរាមួយកាំបិត។ ព្រះចៅឥន្ទរាជា ស្រែកថាឲ្យចាប់ បានតែមួយព្រះឱស្ឋប៉ុណ្ណោះ ក៏ដួលចុះហើយ សុគត ក្នុងឆ្នាំរោង បញ្ចស័កនោះទៅ។ ខណៈនោះ អស់ពួកទាហាន រក្សាព្រះអង្គ ស្ទុះព្រមគ្នាចូលចោមចាប់ កាប់សម្លាប់មហាមាត្យពីរនាក់ និង ស្ម័គ្រប័ក្សពួក ១០នាក់នោះ។ មហាមាត្យទាំង ១២នាក់ ក៏ស្ទុះទៅចាប់យកព្រះសែង និង គ្រឿងអាវុធ ពីក្រុមរក្សាព្រះអង្គនោះ ចូលតដៃប្រថុយជីវិត កាប់សម្លាប់មន្ត្រី និងសេនាទាហានសៀមបានប្រមាណមួយរកប្លាយនាក់។ មហាមាត្យទាំង ១២នាក់នោះ រោយដៃអស់កម្លាំង ដោយហេតុថាទាហានសៀមច្រើន លើសលប់កម្លាំងពេក និង តស៊ូទៅទៀតពុំបាន សៀមក៏សម្លាប់ទាំង ១២នាក់នោះក្នុងខណៈនោះទៅ។ មន្ត្រីសៀមទាំងនោះ ក៏រៀបចំព្រះសពដាក់ក្នុងព្រះកោដ្ឋស្រេច ចាត់ឲ្យបម្រើទៅក្រាបទូល ព្រះចៅក្រុងស្រីអយុធ្យា តាមផ្លូវរាជការ


ចៅ​ពញាយ៉ាត​ ​ដែល​ត្រៀមខ្លួន​ចាំ​នៅ​ក្រៅ​មហានគរ​ ​ហើយ​ដែល​ចាំតែ​ឱកាស​ដ៏​ល្អ​នេះ​ក៏​ចាប់ផ្ដើម​បញ្ជា​កងទ័ព​ទាហាន​ពល​រេហ៍​ ទាំងអស់​ ​ឲ្យ​បើក​ការ​វាយលុក​ ​សម្រុកចូល​ក្នុង​ព្រះរាជធានី។​ ​គ្រានោះ​នៅ​ក្នុង​ទីក្រុង​ ​ប្រជាពលរដ្ឋ​ ​និង​ពល​សេនា​ខ្មែរ​ទាំង​ប៉ុន្មាន​ ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​សៀម​ ​ក៏​បាន​បះបោរ​ងើបឡើង​ស្រ​ស្រុះគ្នា​ ​ជួយ​វាយ​ផ្ទប់​សម្លាប់​កងទ័ព​សៀម​បច្ចាមិត្ដ​ពីក្រោយ​ខ្នង​ ​យក​បាន​ជ័យ​ជំនះ​ឈ្នះ​ ​អាច​បើកទ្វារ​មហានគរ​គ្រប់​ទិសទី​ ​ទទួល​ទ័ព​ខ្មែរ​រំដោះ​របស់​ព្រះចៅ​ពញាយ៉ាត។​ ​ទ័ព​ខ្មែរ​ចូល​ដល់​ក្នុង​មហានគរ​ ​កាប់សម្លាប់​កម្ទេច​កងពល​យោធា​សៀម​បាន​អស់​ជា​ច្រើន។​ ​សៀម​មួយ​ចំនួន​ធំ​ទៀត​ ​ត្រូវ​ខ្មែរ​ចាប់​ធ្វើ​ជា​ឈ្លើយ។​ ​ព្រះ​មហានគរ​ត្រូវ​រំដោះ​បាន​រួច​ចេញពី​កណ្ដាប់ដៃ​សៀម​ដោយសារ​ស្នាដៃ​ ព្រះចៅ​ពញាយ៉ាត។​


ព្រះចៅ​ពញាយ៉ាត​ ​ក៏​យាង​ចូល​ទៅ​ដល់​ក្នុង​ព្រះ​បរមរាជវាំង​ ​បាន​ជួប​ប្រទះ​ឃើញ​ស្ដ្រី​ម្នាក់​ ​ដ៏​សែន​ល្អ​ស្អាត​ស្រស់បំព្រង​ ​មាន​សម្ផស្ស​ស័ក្ដិសម​បវរ​ល្អ​ឥត​ខ្ចោះ​ ​នឹង​រក​ស្រី​ឯណា​មក​ប្រៀបផ្ទឹម​ពុំ​បាន​ ​កំពុង​តែ​អង្គុយ​យំសោក​សង្រេង​ ​ភ័យរន្ធត់​តែ​ម្នាក់ឯង។​ ​ព្រះ​អង្គ​ទ្រង់មាន​បន្ទូល​សាកសួរ​ ​ចង់​ដឹង​ចង់​យល់​តាម​ដំណើរ។​ ​នាង​ក្រាបថ្វាយបង្គំ​ព្រះ​អង្គ​ ​ហើយ​រៀបរាប់​ទូល​ថ្វាយ​បញ្ជាក់​ថា​នាង​ឈ្មោះ​ស៊ីសៈងៀម ​ត្រូវជា​កូន​របស់​ ​ឃុនទ្រង់ព្រះឥន្ទ។​ ​ឪពុក​នាង​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​ពញាតេជោ​ ​នៅ​ក្រុងទេព​ស្រីអយុធ្យា។​ ​ស្ដេច​សៀម​ព្រះ​ឥន្ទរាជា​ ​ដែល​ត្រូវជា​បងជីដូនមួយ​ ​បាន​តែងតាំង​ព្រះ​នាង​ជា​មហេសី​ ​ហើយ​នាំ​ព្រះ​នាង​យក​មក​នៅ​ស្រុក​ខ្មែរ​ជាមួយ។​ ​ដោយ​ដឹង​ថា​ព្រះ​នាង​មាន​ជាប់​ឈាមជ័រ​ក្រសែ​ក្សត្រ ​ហើយដោយ​មិន​អាច​ទ្រាំទ្រ​នឹង​សម្រស់​រូបឆោម​លោម​ពណ៌​ល្អ​ត្រកាល​របស់​ព្រះ​នាង​បាន​ ​ដោយ​មិន​អាច​ទប់ចិត្ដ​ ​មិន​អាច​ទប់​អារម្មណ៍​ ​មិន​អាច​ទប់​មនោសញ្ចេតនា​មិន​ឲ្យ​ជាប់ជំពាក់​ចិត្ដ​ ​ស្រឡាញ់​ព្រះ​នាង​ស៊ីសៈងៀម​បាន​ ​ព្រះចៅ​ពញាយ៉ាត​ក៏​បាន​តែងតាំង​ព្រះ​នាង​ជា​ស្នំ​ឯក​ចាប់ពី​ថ្ងៃ​នោះ​មក។​

ឯកសារយោង[កែប្រែ]

  • ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
  • ឯកសារមហាបុរសខ្មែរ


គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះបាទបរមសោករាជ រឺ ព្រះបាទធម្មាសោករាជ
ព្រះចៅនៃមហានគរ
គ.ស ១៣៨៤ រឺ ១៤១៧
តដោយ
ព្រះបាទស្រីសុរិយោពណ៌ទី២