ពៅពិសី
ពៅពិសី | |||||
---|---|---|---|---|---|
ព្រះនាង | |||||
រជ្ជកាល | ១០២៨-១០៧១ | ||||
រាជ្យមុន | មិនស្គាល់ | ||||
រាជ្យបន្ត | នាងនាគទី២ | ||||
ស្វាមី/មហេសី | បក្សីចាំក្រុង | ||||
| |||||
វង្ស | ស្រេន្ទ្រា | ||||
សន្តតិវង្ស | ជ័យវរ្ម័ន | ||||
បិតា | ព្រះស្រេន្ទ្រាទី២ | ||||
ប្រសូត | មហានគរ | ||||
សុគត | មហានគរ |
ព្រះនាងពៅពិសី ទ្រង់ត្រូវជាព្រះអគ្គមហេសីរបស់ព្រះបាទបក្សីចាំក្រុង ដែលមានព្រះបរមនាមសំរាប់រាជ្យថា ព្រះក្សត្រីភត្ដវត្ដី ពៅពិសី។
ប្រវត្តិរបស់ព្រះនាង និង ព្រះបាទបក្សីចាំក្រុង
[កែប្រែ]ដោយមានឯកសារពង្សាវតារវត្ដទឹកវិលបានបញ្ជាក់ថា ព្រះអគ្គមហេសីរបស់ព្រះបាទបក្សីចាំក្រុង គឺព្រះនាងពៅពិសី ដែលជាបុត្រីរបស់ស្ដេចចាមនៅស្រុកស្ទោង ព្រះនាមស្រេន្ទ្រាទី២។ ដូចដែលយើងបាន រៀបរាប់រួចពីខាងលើ ព្រះម្នាងទេព ដែលជាព្រះមាតារបស់បក្សីចាំក្រុង ត្រូវស្ដេចព្រហ្មកិល] ឬពញាក្រែក ឬសិន្ធពអមរិន្ទ បញ្ជាឲ្យយកទៅសំលាប់នៅកំពង់ព្រះជិនក្នុងស្រុកស្ទោង។ ពង្សាវតារវត្ដទឹកវិលបានបន្ដទៅទៀតថា ព្រះបាទបក្សីចាំក្រុងបានកសាងព្រះវិហារមួយយ៉ាងល្អស្អាតធ្វើអំពី ថ្មភ្នំ នៅត្រង់កន្លែងដែលគេប្រហារជីវិតព្រះមាតា គឺដើម្បីរំឭកដក់អនុស្សាវរីយ៍ដ៏ជូរចត់ រំឭកដល់គុណព្រះមាតា ដែលបានផ្ដល់ជីវិតដល់ព្រះអង្គ និងដែលត្រូវបាត់បង់ជីវិតដោយសារតែព្រះអង្គ។ ព្រះវិហារនោះ ព្រះអង្គបានប្រទានដាក់ឈ្មោះថា វត្ដករណីដើមដែលក្លាយបន្ដិចម្ដងៗទៅជា វត្ដក្ដីដើម វត្ដនេះស្ថិតនៅកំពង់ចិន ស្រុកស្ទោងក្នុងខេត្តកំពង់ធំ។ វត្ដករណីដើម កសាងរួចស្រេចបាច់កាលណា ព្រះអង្គក៏បានរៀបចំឲ្យប្រារព្ធធ្វើបុណ្យបញ្ចុះសីមា និងឆ្លងទៅតាមទំនៀមទំលាប់ប្រពៃណី នៅក្នុងឆ្នាំឆ្លូវ។ កាលនោះ ស្ដេចចាមសេ្រន្ទ្រាទី២ សោយរាជ្យគ្រប់គ្រងនៅស្រុកស្ទោង។ ស្ដេចចាមនៅស្រុកស្ទោង តាំងពីបុរាណកាលយូរលង់ណាស់មកហើយ មានធ្នូសរអាវុធ ដែលមានមហិទ្ធិឫទ្ធិខ្លាំងពូកែអស្ចារ្យ គឺបាញ់ម្ដងចេញព្រួញប្រាំ ឮសូរដូចរន្ទះបាញ់ផ្ទប់គ្នា ហើយបើបាញ់ទៅប៉ះដើមឈើណាមួយ ផ្លែឈើទាំងប៉ុន្មានលើដើម នឹង ត្រូវជ្រុះអស់គ្មានសល់។ ធ្នូសរទាំងនេះគេមិនអាចយកទៅដាក់លើដី លើពូក ឬលើគ្រែបានឡើយ។ ដូច្នេះហើយ បានជាស្ដេចចាមកសាងប្រាសាទមួយធ្វើអំពីឥដ្ឋ ហើយយកសរ និងធ្នូនោះទៅព្យួរដាក់ទុកធ្វើដូចជាទោង។ ដោយសារហេតុភេទដូចនេះ ទើបបានជាគេដាក់ឈ្មោះទីកន្លែងនោះថា សរទោង ដែលយូរទៅៗ ក្លាយទៅជាស្ទោង។ ស្ដេចចាម ព្រះបាទសេ្រន្ទ្រាទី២ ព្រះអង្គមានកូនស្រីមួយឈ្មោះ ព្រះនាងពៅពិសី ដែលទើបតែមានព្រះជន្ម ១៦ វស្សា។ ព្រះនាងមានរូបឆោមលោមពណ៌សម្ផស្សល្អល្អះបវរស្រស់ស្អាត នឹងរកអ្វីមកប្រៀបប្រដូចផ្ទឹមមិនបានឡើយ។ រីឯចិត្ដគំនិត កិរិយាមារយាទ ឫកពាវិញសោតក៏ល្អប្រពៃ វិសេសវិសាល កំរនឹងមាន ហើយក៏ពិបាកនឹងរកជួបប្រទះដែរ។ ព្រះបាទបក្សីចាំក្រុង ដែលយាងទៅធ្វើបុណ្យឆ្លង វត្ដករណីដើម នៅស្រុកស្ទោងមានក្រុមមន្ដ្រី សេនារេហ៍ពលគ្រប់ជាន់ថ្នាក់ជាច្រើន ហែហមជូនដំណើរ។ ក្នុងចំណោមនោះ មាននាម៉ឺនជំនិតជាទីទុកចិត្ដរបស់ព្រះអង្គប្រាំនាក់ ដែលធ្លាប់តែជួយរៀបចំធ្វើការបំរើទឹកដីថ្វាយព្រះអង្គ។ ជំនិតទាំងប្រាំនាក់មានចិត្ដស្មោះត្រង់ ល្អបរិសុទ្ធ សន្ដោស យុត្ដិធម៌ ហើយគោរពទៀងទាត់ធ្វើទៅតាមរាជឱង្ការ និងបទបញ្ជារបស់ព្រះមហាក្សត្រយ៉ាងត្រឹមត្រូវល្អិតល្អន់ឥតបីខ្ចោះ ឬ ធ្វេសប្រហែសឡើយ។ ជំនិតទាំងប្រាំមានមុខនាទី និងអំណាចធំទូលាយលើសលប់អស់មន្ដ្រីនានាក្នុងព្រះនគរ។ ជំនិតទាំងប្រាំនោះគឺ៖ ម៉ឺនប្រពៃជ័យជាតិ ម៉ឺនពិភ័ត្តិលោកនាថ ម៉ឺនជាតិសូរិវង្ស ម៉ឺនបំរុងក្សត្រ និងម៉ឺនប្រពៃប្រឹក្សា។ ក្រៅអំពីកិច្ចការជាតិ ជំនិតទាំងនេះក៏តែងតែនាំគ្នាធ្វើកិច្ចការផ្សេងៗទៀត ដើម្បីបំពេញចិត្ដព្រះមហាក្សត្រដែរ។ នៅថ្ងៃបុណ្យចុងបង្ហើយ ម៉ឺនបំរុងក្សត្រ និងម៉ឺនប្រពៃប្រឹក្សា ដែលដើរមើលរកនារីស្រស់ស្អាតទុកថ្វាយព្រះរាជា បានទៅទូលព្រះបាទបក្សីចាំក្រុងថា ខ្លួនបានឃើញនាងពៅពិសី កូនរបស់ស្ដេចចាមសេ្រន្ទ្រា។ ព្រះនាងមានរូបស្រស់សម្ផស្សស្អាតណាស់។ ក្សត្រីមីនុំមីនាងនៅក្នុងវាំងទាំងប៉ុន្មាន មិនអាចយកមកប្រៀបផ្ទឹមជាមួយបានឡើយ។ ព្រះនាងមានភីលៀងពីរនាក់ ដែលត្រូវជាសង្សាររបស់ពួកគេ។ ភីលៀងទាំងពីរ បានយល់ព្រមទៅបញ្ចុះបញ្ចូលពន្យល់ព្រះនាងពៅពិសីឲ្យយល់ព្រមសុខចិត្ដ ស្រឡាញ់ រួមរ័ក្សមេត្រីជាមួយនឹងព្រះមហាក្សត្រ ព្រះបាទបក្សីចាំក្រុង។ កន្លែងដែលជំនិតទាំងពីរបានយល់ បានឃើញព្រះនាងពៅពិសី បានក្លាយទៅជា ភូមិនាងសស្ងាច ជាប់រៀងរហូតតមក។ ពង្សាវតារវត្ដទឹកវិល បញ្ជាក់តទៅទៀតថា បក្សីចាំក្រុង បានស្រឡាញ់ប្រតិព័ទ្ធព្រះនាងពៅពិសីស្មោះស្ម័គ្រអស់ពីដួងហឫទ័យ ឥតមានចិត្ដក្បត់ចង់បោកបញ្ឆោត ឬចង់បានត្រឹមតែខ្លួន យកមកសប្បាយលេងសើចនោះឡើយ។ តែព្រះអង្គមិនចង់ចូលស្ដីដណ្ដឹងព្រះនាង តាមក្បួនខ្នាតទំនៀមទំលាប់ប្រពៃណីទេ។ ពីព្រោះព្រះអង្គខ្លាចក្រែងបិតាព្រះនាង ដែលជាស្ដេចចាម តំរូវ នឹងបង្ខំព្រះអង្គព្រះអង្គឲ្យចូលប្រកាន់យកសាសនាចាម។ ដើម្បីឲ្យសេ្នហារបស់ព្រះអង្គបានសំរេចដូចសេចក្ដីប្រាថ្នា កុំឲ្យមានឧបសគ្គអ្វីមករារាំងធ្វើឲ្យស្ទះដំណើរ បក្សីចាំក្រុងបានទៅសំពះបន់ស្រន់ បួងសួងសុំអ្នកតាស្ដី នៅស្រុកស្ទោង ជួយដោះស្រាយ សំរួលកិច្ចការថ្វាយព្រះអង្គ។ ព្រះអង្គបានសន្យាថា បើបានសំរេច ព្រះអង្គនឹងបិតមាសថ្វាយ។ ថ្ងៃ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ នាកណ្ដាលអាធ្រាត ព្រះនាងពៅពិសី ដោយមានភីលៀងទាំងពីរ ជូនហែហមអមដំណើរផង បានចាកចេញពីព្រះរាជវាំងមកជួបបក្សីចាំក្រុង តាមការកំណត់។ បក្សីចាំក្រុង ក៏ចាប់ផ្ដើមនិយាយរ៉ាយរ៉ាប់អធិប្បាយពន្យល់អំពីចិត្ដស្នេហ៍ស្នង ស្មោះស្ម័គ្រ ឥតព្រំដែនរបស់ព្រះអង្គចំពោះព្រះនាង។ ព្រះអង្គបានអង្វរសុំឲ្យព្រះនាងយល់ព្រមសុខចិត្ដរត់តាមព្រះអង្គ ទៅនៅឯព្រះមហានគរ។ ព្រះនាងពៅពិសី ដែលបានគាប់ចិត្ដស្រឡាញ់បក្សីចាំក្រុងមិនបង្អង់យូរឡើយ ព្រះនាងសុខចិត្ដយល់ព្រមទៅតាមព្រះអង្គ ដោយឥតរារែក។ បក្សីចាំក្រុងដោយមានជំនិតទាំងប្រាំនាក់ជួយជ្រោមជ្រែងផង បាននាំព្រះនាងពៅពិសី ចុះទូកធ្វើដំណើរតំរង់ទៅព្រះមហានគរ។ ព្រឹកឡើងទើបព្រះបាទសេ្រន្ទ្រាដឹងថា បុត្រីបានចុះចាកចេញពីដំណាក់ រត់ទៅតាមបក្សីចាំក្រុង។ ខឹងខ្ញាល់ អាក់អន់ស្រពន់ចិត្ដខ្លាំងណាស់ ព្រះអង្គក៏រៀបចំប្រមូលកងទ័ពយ៉ាងច្រើន ដើម្បីដេញតាមចាប់កូនស្រីយកមកវិញ។ កន្លែងប្រមូលប្រជុំពលរេហ៍នោះបានក្លាយទៅជាភូមិហើយជាប់ឈ្មោះរៀង រហូតថា ភូមិជុំពល។ ដេញតាមមកដល់ទន្លេសាប ស្ដេចចាមក្រឡេកមើលទៅឆ្ងាយ ឃើញទូកព្រះមហាក្សត្រខ្មែរនៅដាច់កន្ទុយភ្នែក ព្រះអង្គក៏អស់សេចក្ដីសង្ឃឹមកើតក្ដីមួហ្មង អាម៉ាស់មុខ ឈឺចុកចាប់រហូតអស់ជីវិត។
ចំណែកនាង ពៅពិសីវិញ ក្រោយដែលបានដឹងថា ព្រះបិតាចូលទិវង្គត ដោយមានព្រះស្វាមី ព្រះបាទបក្សីចាំក្រុង ជូនដំណើរមកជាមួយផង ព្រះនាងក៏វិលត្រលប់មកប្រារព្ធធ្វើពិធីបុណ្យទានបញ្ជូនកុសលថ្វាយ ព្រះបិតាទៅតាមប្រពៃណី។ ព្រះនាងបានរៀបចំធ្វើផ្លូវមួយយ៉ាងធំល្អស្អាតសមរម្យ ខ្ពស់ផុតពីទឹក កន្លែងនោះមានឈ្មោះថា កំពង់ពៅពិសី រហូតមកដល់បច្ចុប្បន្ន។ ព្រះនាងបានបង្គាប់ឲ្យយកធ្នូ និងសរ ទៅតំកល់ទុកកន្លែងដើម ហើយព្រះនាងក៏បានបញ្ជាឲ្យសាងអាស្រមមួយ នៅក្នុងបរិវេណបរមរាជវាំង ដើម្បីទុកថ្វាយ រំឭកគុណបំណាច់ និងវិញ្ញាណខន្ធរបស់ព្រះបិតា។ អាស្រមនោះមានឈ្មោះថា អាស្រមព្រះបាទស្រេន្ទ្រា ដែលក្លាយបន្ដិចម្ដងៗទៅជា អ្នកតាស្រេន្ទ្រា។ នៅទីកន្លែងនេះ តាមទំនៀមទំលាប់ បីឆ្នាំម្ដងៗ គេត្រូវរៀបចំធ្វើពិធីបូជាយញ្ញ យកអ្នកទោសធ្ងន់មកប្រហារជីវិតថ្វាយអ្នកតា ដើម្បីសុំសេចក្ដីសុខសប្បាយចំរុងចំរើន។ បើមិនដូច្នោះទេ វិញ្ញាណខន្ធស្ដេចចាមស្រេន្ទ្រា នឹងចូលសណ្ឋិតក្នុងខ្លួនមនុស្ស ហើយនាំបង្វក់បង្វល់ បញ្ចូលចិត្ដឲ្យឆ្កួតឡប់សតិ កាចសាហាវយង់ឃ្នង ក្បត់គ្នាចុះឡើង បង្កើតក្រុមជាទ័ពបះបោរ កាប់សំលាប់គ្នាឥតត្រាប្រណី។ កងទ័ពនេះនឹងមានកំលាំងឥទ្ធិពលខ្លាំងក្លា ជាងកងទ័ពនានាទាំងឡាយឯទៀត។ ចាប់តាំងពី ថ្ងៃនោះមក ព្រះរាជវង្សានុវង្សស្ដេចចាមនៅស្រុកស្ទោង ក៏រលាយបាត់អស់ទៅដែរ ហើយស្រុកស្ទោងក៏ត្រូវបញ្ចូលទៅក្នុងខេត្ដអាសន្នទុក្ខ។ ចំណែក ព្រះនាងពៅពិសី កាលបើយាងមកដល់ព្រះរាជធានី ព្រះមហានគរ ព្រះនាងត្រូវបានព្រះមហាក្សត្រ ព្រះបាទបក្សីចាំក្រុង តែងតាំងឋានៈ និងផ្ដល់កិត្ដិយសជាអគ្គមហេសី។ ព្រះនាងទទួលព្រះបរមនាម ព្រះក្សត្រីភត្ដវត្ដីពៅពិសី។ ចំពោះអ្នកតាស្ដី នៅក្នុងស្រុកស្ទោង ដែលបានជួយណែនាំបញ្ចុះបញ្ចូល សំរុះសំរួលចាត់ចែងធ្វើឲ្យស្នេហារបស់ព្រះអង្គបានសំរេចដូចសេចក្ដីប្រាថ្នា ព្រះអង្គមិនបានបំភ្លេចទេ ព្រះអង្គបានយកសន្លឹកមាសទៅបិទថ្វាយអ្នកតា តាមពាក្យបំណន់ដែលបានសន្យា អ្នកតាស្ដីក៏ជាប់ឈ្មោះថា អ្នកតាស្ដីបិទមាស ពីថ្ងៃនោះរៀងរហូតមកដល់សព្វថ្ងៃ។
មុនដោយ មិនស្គាល់ |
មហានគរ | តដោយ នាងនាគទី២ |