ព្រះបច្ចាមរណនាម
ដើម្បីងាយស្រួលអានសិលាចារឹក គួរតែចាំនូវព្រះបច្ចាមរណនាមជាមុនសិន ព្រោះថានៅក្នុងសិលាចារឹកតែងតែយកព្រះបច្ចាមរណនាមមកប្រើ។ ព្រះបច្ចាមរណនាមគឺជានាមដែលដាក់នៅពេលព្រះមហាក្សត្រចូលទីវង្គត។ ជាទូទៅឈ្មោះរបស់ព្រះមហាក្សត្រមានបីគឺ ឈ្មោះកំណើត ឈ្មោះសោយរាជ្យ និងឈ្មោះពេលសោយទីវង្គត។ ដូចជាព្រះបាទជ័យវរ្ម័នទី៧ មានព្រះបច្ចាមរណនាមថា ជយវរ្មនទិវបមេស្វរជាដើម។ ព្រះបាទភវវរ្ម័នទី១ មានព្រះបច្ចាមរណថា សិវបទ[១]។ ការថ្វាយព្រះមរណនាមចំពោះព្រះមហាក្សត្រជាទំនៀមខ្មែរទាំងពីសម័យបុរាណរៀងមក នៅក្នុងសម័យអង្គរ ព្រះបាទជ័យវរ្ម័នទី២ ដែលយាងចូលទីវង្គតនៅឆ្នាំ៨៥២នៃគ.ស។ ព្រះមរណនាមគេមិនដាក់ដូចគោរម្យនាមទេ ជាពិសេសនៅខាងចុង នៅសម័យបុរាណពុំមានអ្វីក្រៅពីពាក្យលោក ឬបទឯនៅសម័យថ្មីគ្មានអ្វីក្រៅពីកោដ្ឋឡើយ។ ព្រះមរណនាមជាឈ្មោះចុងក្រោយ សំដៅទៅលើដំណើរយាងទៅកាន់ទេវលោករបស់ព្រះវិញ្ញាណក្ខ័ន្ធ។ នៅសម័យបុរាណព្រះមរណនាមព្រះមហាក្សត្រ តែងតែភ្ជាប់ទៅនិងទេវ ដែលព្រះរាជាគោរពបូជាកាលព្រះអង្គគង់នៅព្រះជន្មនៅឡើង ដូចជាព្រះបាទជ័យវរ្ម័នទី២គោរពបូជាព្រះឥសូរ លុះព្រះអង្គសោយទីវង្គត មានព្រះមរណនាមថា បរមេស្វរៈ[២]។