Jump to content

ព្រះសត្ថាទី១

ពីវិគីភីឌា

ព្រះសត្ថាទី១

រជ្ជកាល ១៥៧៦-១៥៨៤

រាជាណាចក្រកម្ពុជា

គ្រងរាជ ​ ១៥៧៦
រាជសម័យ សម័យកាលលង្វែក
ព្រះនាមពេញ ​​​ព្រះបាទ សម្ដេចព្រះសត្ថា
មរណៈនាម ព្រះមហិន្ទ្ររាជា
ក្សត្រមុន បរមរាជាទី២
រាជបន្ត ជ័យជេស្ឋាទី១
សន្តិវង្ស រាជវង្ស​លង្វែក
ប្រសូត្រ មិនមានកំណត់ត្រា
បុត្រ
ចូលទីវង្គត់ ១៥៩៣ នៅវៀងច័ន្ទ
ជំនឿសាសនា សាសនាអ្នកតា ឬ វិញាណនិយម
សាសនាកាតុលិក (Catholic Religion)

ព្រះសត្ថាទី១ (អង់គ្លេស: Preah Satha I) (ប្រ.ស|គ.ស ០០០០-១៥៩៣) រជ្ជកាលគ្រងរាជ (គ.ស ១៥៧៦-១៥៨៤) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍នៅ រាជធានីលង្វែក ក្នុងឆ្នាំជូត ព.សករាជ ២១២០ ត្រូវនិង គ.សករាជ ១៥៧៦ ត្រូវនិង មហាសករាជ ១៤៩៩ បរមនាម របស់ទ្រង់មិនត្រូវបានប្រើពាក្យ ព្រះរាជឱង្ការ នោះទេ ត្រូវបានជំនួសដោយពាក្យ ព្រះបាទ ដូចនេះហើយ ទ្រង់មានព្រះនាមហៅថា "ព្រះបាទ សម្ដេចព្រះសត្ថា" នៅក្នុងរាជរបស់ព្រះអង្គត្រូវបានកត់សម្គាល់ដោយការផ្លាស់ប្ដូរសាសនាធំៗចំនួនពីរចេញនោះគឺ សាសនាព្រហ្មញ្ញ បន្ទាប់មកគឺ ពុទ្ធសាសនា ហើយព្រះអង្គបានប្ដូរមកគោរពនូវ សាសនាកាតូលិក របស់ពួកអុឺរ៉ុបផងដែរ ។[]

ជីវិតចាប់ផ្ដើម

[កែប្រែ]

Early Life

ព្រះសត្ថាទី១ ទ្រង់ជាព្រះរាជបុត្រច្បង របស់ ព្រះបរមរាជាទី២ ទ្រង់បានសោយរាជបន្តពីបិតារបស់ខ្លួននៅក្នុងឆ្នាំ ១៥៧៦ នៃគ.សករាជ ។ ហើយទ្រង់បានរៀបអភិសេក និង ព្រះមហសីនាម ភគវត្តីស្រីចក្រព័ត និង មានបុត្រចំនួនពីរអង្គ ទី១នាម ជ័យជេស្ឋាទី១ ទី២នាម ពញ្ញាតន់ ហើយទ្រង់មានអ្នកម្នាងជាជនជាតិឡាវ នាម ពៅភិវង្ស បានបុត្រទី៣ នាម ពញ្ញាញោម ។ រីឯព្រះអនុជ (ប្អូន) របស់ទ្រង់ ព្រះនាម ស្រីសុរិយោពណ៌ ត្រូវបានតែងតាំងជាមហាឧបរាជ (រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ) ដោយសារតែប្រជាប្រិយភាពរបស់ ស្រីសុរិយោពណ៌ មានឥទ្ធិពលមកលើការផ្ទេររាជបល្ល័ងទៅឱ្យបុត្ររបស់ខ្លួនផងដែលនោះ ស្រីសុរិយោពណ៌ត្រូវបាន ព្រះសត្ថាទី១ បញ្ជារឱ្យលើកទ័ពទៅជួយនគរសៀមលើកទី២ ក្នុងឆ្នាំ ១៥៨៣ នៃគ.សករាជ ដើម្បីបញ្ចៀសការជ្រើសរើសរាជសម្បត្តិពីសំណាក់ក្រុមមន្ត្រីក្នុងព្រះបរមរាជវាំងដែលមានគំនិតចង់លើក ស្រីសុរិយោពណ៌ ឱ្យឡើងសោយរាជបន្តពីព្រះសត្ថាផងដែរ ។[]

សន្ធិសញ្ញា ចងសម្ព័នមិត្ត

[កែប្រែ]

Treaty of Alliance

ក្រោយពេលរាជាណាចក្រតងអ៊ូ មានជ័យជំនះ ទៅលើអាណាចក្រឡានឆាង នគរឡាវ ក្នុងឆ្នាំ១៥៧៦ នៃគ.សករាជ ការយាងត្រឡប់មកវិញរបស់ស្ដេចសៀម មហាធម្មរាជា បានមកគ្រប់គ្រងនៅអាយុធ្យាវិញ បន្ទាប់ពី ស្ដេចបាយិនណោង របស់ភូមាធ្លាក់ខ្លួនឈឺធ្ងន់ ពោលក្នុងឆ្នាំ ១៥៧៧ នៃគ.សករាជ ស្ដេចសៀម មហាធម្មរាជា បានផ្ដួចផ្ដើមចុះសន្ធិសញ្ញាសម្ព័នមិត្ត ជាមួយនិងនគរកម្ពុជា ក្នុងរាជព្រះសត្ថាទី១ ខ្លឹមសារនៃសន្ធិសញ្ញាមានសេចក្ដីថា បើប្រទេសជាសម្ព័នមិត្ត មានសង្គ្រាមឈ្លានពានពីនគរណាមួយ ប្រទេសដែលចុះសន្ធិសញ្ញាចងសម្ព័នមិត្ត ត្រូវមកជួយប្រទេសជាសម្ព័នមិត្តឱ្យអស់ពីហឫទ័យ ទាំងសងខាង ។ ការចុះសន្ធិសញ្ញាសម្ព័ន្ធមិត្ត ព្រះចៅក្រុងស្រីអយុធ្យា ស្ដេចសៀមបានរៀបចំព្រះរាជដង្វាយថ្វាយជាអង្ករ ៣០០ ហាប ស្មើនិង ៤៥០០ គីឡូ ត្រីងៀត ១០០០ ហាប ស្នើនិង ១៥០០០ គីឡូ ត្រីឆ្អើរ ១០០០ ក្រាស ដំរីសឹក ២០ សេះចម្បាំង ៥០ និង ស្វេតច្ឆ័ត្រស្យាមប្រទេសមួយ ពានព្រះស្រីមាសមួយ ទិកោទឹកមាសមួយ (ទិកោទឹក: វែកសម្លមាស) កន្ថោមាសមួយ ដាវស្រោមមាសមួយ ។ ចំណែកឯព្រះចៅក្រុងកម្ពុជា ទ្រង់តបព្រះរាជអំណោយ ទៅព្រះចៅក្រុងសៀមវិញមានដូចជា ផ្លែក្រវាញ ១០ ហាប (ផ្លែក្រវាញ: រុក្ខជាតិយកមកធ្វើជាឱសថថ្នាំ) ១៥០ គីឡូ កុយរមាសពីរក្បាល ព្រះខ័នដងខ្លីមួយ ដាវមាសមួយ លំពែងមាសមួយ អាវព្រះភូសាខេមរាប្រទេសពីរ សំពត់ហូល ១០ សំពត់ព្រែសូត្រ ១០កី ។[]​​

ជួយសៀមលើកទី១

[កែប្រែ]

Help Siam for the first time

គ.សករាជ ១៥៨០ នៅពេលដែលសៀមប្រកាសឯករាជពីភូមា មួយឆ្នាំបន្ទាប់ពី ភូមាបានលើកទ័ព ៥០,០០០ (៥មុឺននាក់) វាយចូលរាជធានី ស្រីអាយុធ្យា ក្នុងឆ្នាំ ១៥៨១ នៃគ.សករាជ ដោយមានស្ដេចសៀមថ្មី ព្រះនាម ព្រះនរេស្វារៈមហារាជ (Noresvara Maha Reach) បានចាត់រាជទូតមកស្នើសុំទ័ពជំនួយលង្វែក ពីព្រះចៅក្រុងកម្ពុជា យោងតាមសន្ធិសញ្ញាសម្ព័នមិត្ត ព្រះសត្ថាទី១ បានចាត់មេទ័ព នាម ស្រីសពេជ្រ (Srei Sorpich) (Thai-Pronoun: Si Sophan) ឱ្យលើកទ័ព ២០,០០០ (២មុឺននាក់) ជាទ័ពជើងទឹក ទៅជួយសៀម ។ ពេលកងទ័ពលង្វែកទៅដល់ ស្រីអាយុធ្យា មិនបានចូលរួមច្បាំងជាមួយសៀមនោះទេ គ្រាន់តែរងចាំសង្កេតមើលប៉ុនណោះ នៅពេលដែលក្បួនទ័ពស្ដេចសៀមត្រឡប់ពីធ្វើសង្គ្រាមនិងភូមាវិញ មេទ័ព ស្រីសពេជ្រ បានអង្គុយសំយុងជើងលើផែនក្ដារទូក មិនក្រាបឱនសំពះស្ដេចសៀមនោះទេ ដោយសេចក្ដីគ្រោធខឹង ស្ដេចសៀម បញ្ជារឱ្យសេនាកាត់ក្បាលឈ្លើយសឹកភូមា ១៥នាក់ យកទៅដោត និង ក្បួនទូកចម្បាំងរបស់ ស្រីសពេជ្រ តាមការឌឺដងទៅវិញទៅមកនេះ ស្រីសពេជ្រ ក៏ដកទ័ពលង្វែកត្រឡប់មកវិញ មកទូលព្រះសត្ថាតាមសេចក្ដីនេះ ។[]

ជួយសៀមលើកទី២

[កែប្រែ]

Help Siam for the second time

Cambodia Map during the reign of Preah Satha I, 1576-1584.

គ.សករាជ ១៥៨៣ ភូមាបានលើកទ័ព ៨០,០០០ (៨មុឺននាក់) វាយចូលរាជធានី ស្រីអាយុធ្យា ជាលើកទី២ ស្ដេចសៀម នរេស្វរៈ មានទ័ពតែ ៥០,០០០ (៥មុឺននាក់) ប៉ុនណោះ ដោយមើលឃើញថា មិនអាចទប់ទល់និងទ័ពភូមាបាន ស្ដេចសៀម បានចាត់បេសកជន ថ្វាយសារលិខិត មកសុំជំនួយទ័ពខ្មែរ ពីព្រះចៅក្រុងកម្ពុជា ។ ព្រះសត្ថាទី១ ក៏ចាត់ឱ្យ ស្រីសុរិយោពណ៌ (Srei Soriyoapor) លើកទ័ពលង្វែក ២៥,០០០ (ជាង២មុឺននាក់) រទេះចម្បាំង ១៥០ ដំរីសឹក ១០០ សេះចម្បាំង ៨០០ ទៅជួយនគរសៀមជាលើកទី២ តាមសន្ធិសញ្ញាសម្ព័នមិត្តផង និង ដើម្បីបន្ថយសម្ពាធពីក្រុមមន្ត្រី ក្នុងការដាក់បន្ទុកព្រះអង្គ អំពីការផ្ទេររាជបល្ល័ង ទៅឱ្យស្រីសុយោពណ៌ផងដែរ ។ កងទ័ពលង្វែក បានប្រមូលផ្ដុំគ្នានៅ បាងពោធិ៍ (Thai Pronoun: Bang Pa) ស្ដេចសៀមបានស្នើសុំឱ្យ ស្រីសុរិយោពណ៌ ដាក់ពង្រាយទ័ព ជាទ័ពខ្សែរត្រៀមទី២ បង្កប់នៅព្រៃផ្នែកខាងស្ដាំ ហើយស្ដេចសៀមផ្ទាល់ស្ថិតក្នុងខ្សែរត្រៀមទី៣ បង្កប់នៅច្រកភ្នំផ្នែកខាងឆ្វេង ចំណែកឯខ្សែរត្រៀមទី១ ដែលជាទ័ពជួរមុខ ពេលច្បាំងត្រូវបញ្ឆោតឱ្យទ័ពភូមាដេញតាមមកដល់ច្រកកណ្ដាល នៃចន្លោះទ័ពបង្កប់ទាំងពីរ ពេលទ័ពភូមា វាយចូលមកដល់ កងទ័ពលង្វែកបានចូលវាយពីផ្នែកខាងស្ដាំ រីឯស្ដេចសៀមនរេស្វរៈ ចូលវាយពីផ្នែកខាងឆ្វេង កងទ័ពខ្មែរសៀម បានបន្តវាយរហូតដល់កងទ័ពភូមាចាញ់ និង បានដកថយត្រប់ទៅវិញ ស្ដេចសៀមក៏ទទួលបានជ័យជំនះ រីឯកងទ័ពលង្វែកស្លាប់ជាង ១៥,០០០ (ជាង១មុឺននាក់) ហើយ ស្រីសុរិយោពណ៌ នៅសល់ទ័ព ១០,០០០ (១មុឺននាក់) ។ ក្រោយទទួលបានជ័យជំនះពីពួកភូមា ស្ដេចសៀមប្រោសព្រះរាជទាន ជារង្វាន់ដល់សេនាទាហានខ្មែរតាមការគួរ ហើយស្ដេចសៀមបានថ្វាយព្រះពានមាសធំមួយ និងគ្រឿងប្រដាប់សំរាប់យសសក្ដិដល់សម្ដេចព្រះមហាឧបរាជផងដែរ ។ ក្រោយចប់ពិធីតែងតាំង ទើប ស្រីសុរិយោពណ៌លើកទ័ពលង្វែក ត្រឡប់មកមាតុប្រទេសកម្ពុជាវិញ ដំណើរចាកចេញរបស់ ព្រះស្រីសុរិយោពណ៌ មានរយៈពេលពេញមួយឆ្នាំ ដែលគិតចាប់ពីឆ្នាំ ១៥៨៣ ដល់ឆ្នាំ ១៥៨៤ នៃគ.សករាជ ។[]​​

ការបំពានសន្ធិសញ្ញា

[កែប្រែ]

Violation of treaties

គ.សករាជ ១៥៨៤ ក្រោយពេលស្ដេចសៀមដឹងថា ព្រះសត្ថាទី១ ដាក់រាជសម្បត្តិទៅឱ្យបុត្រ ជ័យជេស្ឋាទី១ ដែលមានព្រះជន្មក្មេងវ័យទើបតែ ១១ឆ្នាំ ប៉ុនណោះ ស្ដេចសៀម នរេស្វរៈ (Noresvara) បានប្រកាសឱ្យប្រមូលកងទ័ព និងត្រៀមហ្វឹកហាត់កងទ័ព នៅស្រុកនគរនយក (Nakhon Nayok) និង បានលើកទ័ព ១១៥,០០០ (ជាង១សែននាក់) ដំរីសឹក ៣០០ សេះចម្បាំង ៥,០០០ វាយយក បច្ចឹមបុរី នគររាជសីមា និង ចន្ទបុរី ការឈ្លានពានទឹកដីកម្ពុជាជាមុន ដោយមិនបានប្រកាសសង្គ្រាម និង ការបំពានសន្ធិសញ្ញាសម្ព័នមិត្ត ត្រូវបានប្រជាពលរដ្ឋខ្មែរ ហៅឈ្មោះស្ដេចសៀមថា ស្ដេចរមិលគុណ ។ ស្ដេចសៀមបានចាត់ ឱ្យពញ្ញាពិជិតមារ លើកទ័ព ៨០,០០០ (៨មុឺននាក់) វាយចូលជុំរំទ័ពខ្មែរនៅ បាត់ដំបង ដែលមានទ័ពខ្មែរ ៨៤,០០០ (ជាង៨មុឺននាក់) នៅចាំការពារតំបន់នេះ សង្គ្រាមបានចាប់ផ្ដើមអស់រយៈពេល ៤ថ្ងៃ កងទ័ពខ្មែរបានច្បាំងឈ្នះទ័ពសៀម និងបាន សម្លាប់មេទ័ពសៀម ពញ្ញាពិជិតមារ ទ័ពសៀមបានបាក់ទ័ពត្រឡប់ទៅវិញ ។

សង្គ្រាមខ្មែរ-សៀម គ.សករាជ ១៥៨៤

[កែប្រែ]

Khmer-Siam War 1584 AD

គ.សករាជ ១៥៨៤ មួយខែ ក្រោយពេលសៀមបរាជ័យនៅសមរភូមិបាត់ដំបង សៀមបានលើកទ័ពមកម្ដងទៀតមានចំនួន ១៧០,០០០ (១៧មុឺននាក់) ដឹកនាំដោយស្ដេចសៀមផ្ទាល់ នរេស្វរៈ បានបើកការវាយប្រហារយក ខេត្តបាត់ដំបង ចំណែកកងទ័ពភាគីខាងកម្ពុជា មានចំនួនតែ ៨៨,០០០ (ជាង៨មុឺននាក់) ប៉ុនណោះ ចេញទៅទប់ទល់និងកងទ័ពសៀម ដោយសារតែចំនួនទ័ពដ៏ច្រើន បូករួមទាំងសំភារៈសឹកដ៏ច្រើន របស់សៀម នៅទីបំផុតសៀមវាយបែកជំរុំកងទ័ពខ្មែរ នៅបាត់ដំបង ។ ក្រោយសៀមទទួលបានជ័យជំនះនៅបាត់ដំបង សៀមបានរំកិលកងទ័ពមកដល់ ខេត្តពោធិ៍សាត់ ហើយបោះជំរុំទ័ពនៅទីនោះ ។ ស្ដេចសៀម នរេស្វរៈ (Noresvara) (Thai-Pronoun: Naresuan) បានបញ្ជារឱ្យលើកកងទ័ព ៨០,០០០ (៨មុឺននាក់) វាយចូលជំរុំកងទ័ពខ្មែរនៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយ មហាឧបរាជ ស្រីសុរិយោពណ៌ ដែលមានទ័ពការពារបន្ទាយតែ ៣៤,០០០ (ជាង៣មុឺននាក់) ប៉ុនណោះ កងទ័ពសៀមវាយសម្រុកអស់រយៈពេល ៣ថ្ងៃ នៅទីបំផុតក៏វាយបែកបន្ទាយស្រុកបរិបូរណ៍ ស្រីសុរិយោពណ៌ក៏ដកថយបន្តទៀតទៅបន្ទាយក្រុងលង្វែក ។ នៅពេលដែល ស្រីសុរិយោពណ៌ ដឹងថាបើវាយទល់មុខមិនអាចឈ្នះសៀម ត្បិតសៀមមានចំនួនកងទ័ពច្រើន ទ្រង់ក៏ជំនុំអស់ក្រុមមន្ត្រីព្រាហ្មណ៍បរាហិត ឱ្យធ្វើពិធីឡើងអ្នកតា ដើម្បីដាស់បារមីមេទ័ពទាំង១៣ ក្នុងនោះ មានបារមីឧកញ៉ាឃ្លាំងមឿងផងដែរ អោយមកជួយក្នុងសង្គ្រាមនេះ ដែលធ្វើឡើងក្នុងអំឡុងខែមាឃ ដូចនេះហើយទើបពលរដ្ឋកម្ពុជា មាននូវកិច្ចពិធីឡើងអ្នកតា មកដល់បច្ចុប្បន្ននេះ ។ មួយសប្ដាហ៍ក្រោយមក កងទ័ពសៀមបានឆ្លងនូវជំងឺអាសន្នរោគ ពាសពេញជំរុំកងទ័ព ធ្វើឱ្យកងទ័ពសៀមស្លាប់ដោយសារជំងឺ ប្រមាណជា ៣០,០០០ (៣មុឺននាក់) សៀមនៅសល់កងទ័ពតែ ៧០,០០០ (៧មុឺននាក់) ប៉ុនណោះ សូម្បីតែ នរេស្វរៈ ដែលជាស្ដេចសៀមផ្ទាល់ក៏ឈឺធ្ងន់ផងដែរ ។ ស្រីសុរយោពណ៌ លឺដំណឹងដូចនេះ បានដកទ័ពលង្វែក ៧៥,០០០ (ជាង៧មុឺននាក់) ចែកកងទ័ពជាបីច្រក វាយឡោមព័ទ្ធជំរុំកងទ័ពសៀមនៅ បរិបូរណ៍ កងទ័ពសៀមដែលកំពុងខ្សោះខ្សោយកម្លាំង ទ្រាំតច្បាំងជាមួយទ័ពខ្មែរពុំបានក៏បរាជ័យ ដកថយទៅដែនអយុធ្យាវិញ ។[] []

ការលុបបំបាត់សាសនាព្រហ្មញ្ញ

[កែប្រែ]

Elimination of Hinduism

ក្រោយពេលសៀមវាយលុកកម្ពុជាអស់រយៈពេល ៣ខែ ចាប់ពីខែបុស្ស ដល់ខែផល្គុន និង បានបរាជ័យដោយសារជំងឺអាសន្នរោគរាត្បាតផងដែរនោះ ស្ដេចសៀម នរេស្វរៈ យល់ឃើញថា បើចង់ធ្វើឱ្យកម្ពុជាចុះខ្សោយដូចស្ដេចនាសម័យអង្គរ មានតែធ្វើឱ្យកម្ពុជាមានជម្លោះសាសនាម្ដងទៀតប៉ុនណោះ នៅអំឡុងពាក់កណ្ដាលឆ្នាំ ១៥៨៤ ដដែល ស្ដេចសៀមបានបញ្ជូនចារកម្មពីរនាក់ ម្នាក់ឈ្មោះ "តិប្បញ្ញោ" និងម្នាក់ទៀតឈ្មោះ "សុប្បញ្ញោ" ឱ្យក្លែងខ្លួនជាព្រះសង្ឃនាំយកពុទ្ធសាសនាថេរវាទ ចូលមកក្នុងសង្គមកម្ពុជា តាមរយៈការព្យាបាលជំងឺ និង ដោះវិជ្ជាខ្មៅងងឹត របស់ពួកសាសនាព្រហ្មញ្ញ ផ្សេងៗ ប្រជាប្រិយភាពរបស់សង្ឃទាំងពីរបានល្បីពីមួយតំបន់ ទៅមួយតំបន់ និងបានបញ្ចុះបញ្ចូលឱ្យប្រជាជនក្នុងតំបន់ធ្វើពិធីវាយរូបចម្លាក់ ទេពសាសនា ព្រហ្មញ្ញនៅតាមទីវត្តអារាម និងតំបន់មួយចំនួនផងដែរ ។ អំឡុងពេល ដែលសៀមលើកទ័ពមកវាយកលុកកម្ពុជា រយៈពេល ៣ខែ ព្រះសត្ថា ព្រះអង្គមានការភិតភ័យជាខ្លាំងក៏ធ្លាក់ខ្លួនប្រឈួនជាទម្ងន់ ទ្រង់បានកើតវិប្បលា (រោគឆ្គួត) ជាញឹកញាប់ ដូចនេះហើយ ភាពល្បីល្បាញ នៃព្រះសង្ឃសៀមទាំងពីរ ត្រូវបានប្រកាសរាជសារ ឱ្យចូលមកព្យាបាលជំងឺដល់ព្រះអង្គ សង្ឃទាំងពីរបាននិយាយថា ព្រះអង្គផ្លាសសតិ ដោយសារពួកព្រហ្មញ្ញសាសនា ធ្វើពិធីដាក់មន្តអាគមន៍ដល់ព្រះអង្គ ដោយជឿតាមពាក្យញោះញុងរបស់សង្ឃក្លែងក្លាយទាំងពីរនេះ ទ្រង់បានបញ្ជារឱ្យពលសេនា យកពួកគ្រូបព្ជាន់រូប គណៈមន្ត្រីព្រាហ្មណ៍បរោហិត នៃសាសនាព្រហ្មញ្ញ យកទៅសម្លាប់ ដោយសូម្បីតែ ព្រះស្រីសុរិយោពណ៌ ផ្ដល់ជាមតិយោបល់ហាមឃាត់យ៉ាងណាក៏មិនមានលទ្ធផលនោះដែរ ដោយការមិនពេញចិត្តនូវទង្វើរបស់ ព្រះសត្ថា ដែលជាព្រះរាមរបស់ខ្លួន ស្រីសុរិយោពណ៌ ក៏សម្រេចចិត្តបោះបង់ចោលព្រះរាជកិច្ចក្នុងព្រះរាជវាំង ហើយលើកទ័ពមួយចំនួនចាកចេញពីបន្ទាយក្រុងលង្វែក ទៅបោះបន្ទាយថ្មី នៅក្រុងឧដុង្គមានជ័យ ។

ការទទួលយក សាសនាកាតុលិក

[កែប្រែ]

Adoption of Catholicism

អំឡុងពេលដែលពួកសៀម ជាប់ច្បាំងបង្ក្រាបពួកបះបោរនៅឈៀងម៉ៃ គ.សករាជ ១៥៨៥ ដើម្បីស្វែងរកការគាំពារពីមហាអំណាចអុឺរ៉ុបពីរ គឺពួកប៉ទុហ្គាល់ ដែលតាំងមូលដ្ឋានទ័ព នៅម៉ាឡាកា (បច្ចុប្បន្ន: ប្រទេសម៉ាឡេស៊ី) និង ពួកអេស្ប៉ាញ ដែលតាំងមូលដ្ឋានទ័ព នៅម៉ានីឡា ប្រទេសភ្វីលីពីន ។ ព្រះសត្ថាទី១ បានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ឌីអុីហ្គូ បេឡូសូ (Diego Beloso) ដែលជាអ្នកផ្សងព្រេងជនជាតិ ប៉ទុហ្គាល់ (Portuguese) ដែលបានមកដល់ក្រុងលង្វែក ដើម្បីងាយស្រួលឱ្យកម្ពុជាភ្ជាប់ទំនាក់ទំនង ជាមួយពួកប៉ទុហ្គាល់ ព្រះអង្គក៏បានលើកប្អូនជីដូនមួយរបស់ខ្លួន ឱ្យរៀបការជាមួយ លោក បេឡូសូ ផងដែរ ។ គ.សករាជ ១៥៨៦ ការមកដល់របស់លោក ប្លាសរីស (Blas Ruiz) ជាបេសកជនសាសនាកាតុលីក ជនជាតិអេស្ប៉ាញ (Espana) ឬ (Spain) បានធ្វើឱ្យព្រះសត្ថា ទទួលយកសាសនាកាតុលិក ក្នុងពេលនោះ ដើម្បីស្វែងរកការ ការពារពីពួកអេស្ប៉ាញ ដូចនេះលោក ប្លាសរីស និង លោក បេឡូសូ មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទាំងអស់នេះ ទាំងមុខជំនួញក្នុងការដោះដូរទំនិញ ការផ្គត់ផ្គង់សម្ភាវុធ និង ការផ្ដល់ជំនួយកងទ័ព មកជួយការពារក្រុងលង្វែករបស់កម្ពុជា ។[]

ការធ្លាក់ចុះនៃអាណាចក្រលង្វែក

[កែប្រែ]

The decline of the Longvek Kingdom

នៅអំឡុងឆ្នាំ ១៥៨៨ សៀមបានបង្កើតការវាយលុកយកបណ្ដារស្រុកភាគខាងលិចរបស់កម្ពុជាបានជាបន្តបន្ទាប់ ដូចជា បុរីរម្យ គោកខ័ណ្ឌ ស្រះកែវ សុរិន្ទ និង ស្រីស្លាកែត រហូតដល់ គ.សករាជ ១៥៩១ សៀមបានលើកទ័ព ១៥ មុឺននាក់ វាយមកដល់រាជធានីលង្វែក ប៉ុន្តែ មិនអាចវាយបំបែករាជធានីបានឡើយ ត្បិតក្រុងលង្វែក មានរបងដើមឬស្សីកម្រាស ប្រមាណជា ២សិន ដោយស្មើនិងកម្រាស ៨០ម៉ែត្រ ។ ដោយសារតែសៀមវាយលុកមកគៀករាជធានីលង្វែក ដូចនេះ ទើបព្រះសត្ថា សម្រេចផ្ដល់ភារៈកិច្ច គ្រប់គ្រងនគរ ទៅព្រះស្រីសុរិយោពណ៌ និងបានតែងតាំងទ្រង់ជា ឧភយោរាជ មានឋានៈ ជាអ្នកស្នងតំណែងព្រះមហាក្សត្រ ទោះជាយ៉ាងណាវាហាក់ដូចជាយឺតពេលទៅហើយ ពីព្រោះការរៀបចំយុទ្ធសាស្ត្រក្នុងការតទល់និង ទ័ពសៀមត្រូវប្រើពេលជាច្រើនឆ្នាំ នៅក្នុងឆ្នាំ ១៥៩១ ដដែល សៀមបានជួបចរចារ និង ពួកបះបោរចាម្ប៉ា ឱ្យលើកទ័ពវាយបិទកំពង់ផែផ្លូវទឹកកម្ពុជា ដើម្បីបិទច្រកសមុទ្រនៅដែនកម្ពុជាក្រោម ក្នុងការរារាំងមិនឱ្យឈ្មួញបរទេស នាំទំនិញមកផ្គត់ផ្គង់ដល់ក្រុងលង្វែកនោះទេ ដូចនេះ ក្រុងលង្វែក បានជួបវិបត្តិផ្ទួនៗដូចជា គ្រោះរាំងស្ងួត កង្វះស្បៀង និង ជំងឺឆ្លង ហើយកើតមានក្រុមចោរកម្មជាច្រើនផងដែរ នៅទីបំផុតសៀម បានលើកទ័ពជាង ៣សែននាក់ វាយដុតបំផ្លាញទីក្រុងលង្វែក ក្នុងឆ្នាំ ១៥៩៣ នៃគ.សករាជ ហើយ ព្រះសត្ថាទី១ ដែលបានរត់ភៀសខ្លួនទៅ ក្រុងវៀងច័ន្ទ នគរឡាវ បានធ្លាក់ខ្លួនប្រឈួនជាធ្ងន់ហើយបានសោយទីវង្គត់នៅទីនោះ ។[] [១០]

ចំណារពន្យល់

[កែប្រែ]

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

  • គួរបញ្ចាក់ថា នេះជាអត្ថបទប្រវត្តិសាស្ត្រពិត ចងក្រងដោយក្រុមបុរាណាចារ្យ មិនមែនជាប្រវត្តិសាស្ត្រា បៃឡុកបៃឡក្មេងលេង ឬ ប្រវត្តិសាស្ត្រសរសេរតាមរឿងភាគនិទាន សម្រាប់ប្អូនៗ User ចង់ធ្វើការកែប្រែតាមចិត្តនឹកឃើញនោះទេ ។

មើលផងដែរ

[កែប្រែ]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

[កែប្រែ]
ព្រះសត្ថាទី១
(គ.ស ០០០០-១៥៩៣)
មុនដោយ
បរមរាជាទី២
អាណាចក្រលង្វែក
១៥៧៦-១៥៨៤
តដោយ
ជ័យជេស្ឋាទី១

ឯកសារយោង

[កែប្រែ]
  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Société Asiatique (1871) Journal asiatique, ou Recueil de memoires, d'extraits et de notices relatifs a l'histoire, a la philosophie, aux langues et la litterature des peuples orientaux, Publisher: Imprimerie royale, Original from Sapienza University of Rome (Biblioteca di Studi Orientali)
  3. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  4. John Powell (2001) Magill's Guide to Military History: Peq-Tri, Publisher: Salem Press, Original from the University of California p.1564 ISBN: 0893560189, 9780893560188
  5. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  6. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  7. Robert Cornevin, Jacques Serre, Académie des sciences d'outre-mer (1975) Hommes et destins : dictionnaire biographique d'outre-mer, Publisher: Académie des sciences d'outre-mer, Harmattan, Paris, Original from the University of Virginia p.474 ISBN: 2900098084, 9782900098080
  8. Cercle de culture et de recherches laotiennes (1980) Péninsule, Issues 42-43, Publisher: Cercle de culture et de recherches laotiennes, Paris, Original from the University of Michigan, ISSN: 0249-3047
  9. American Universities Field Staff (1968) Fieldstaff Reports: Southeast Asia series, Volumes 16-20, Publisher: Fieldstaff reports. Southeast Asia series, Original from University of Minnesota
  10. American Universities Field Staff (1970) Southeast Asia Series, Volume 18, Publisher: American Universities Field Staff., Original from Indiana University