មង្គលសត្ថាជ័យ
ជ័យ | |
---|---|
សាសនា | ពុទ្ធសាសនាថេរវាទ |
បុគ្គលភាព | |
សញ្ជាតិ | ខ្មែរ |
ប្រសូត | ខែត្រអមរគីរិន្ទបូរ ក្រុងកម្ពុជាធិបតី |
កាន់តំណែងជាន់ខ្ពស់ | |
គោរម្យងារ | ព្រះមង្គលសត្ថានៃក្រុងបន្ទាយមានជ័យ និង ព្រះមង្គលសត្ថាសម័យលង្វែក |
ព្រះមង្គលសត្ថាជ័យ ព្រះថេរជាចៅអធិការវត្តនៅឯខែត្រអមរគីរិន្ទបូរ ក្នុងពេលព្រះបាទចន្ទរាជាគង់នៅត្រើយខាងលិចសម័យអាណាចក្របន្ទាយមានជ័យ។
ថ្វាយទូក-ងដល់ព្រះបាទចន្ទរាជា
[កែប្រែ]ក្រោយពីឈ្នះសង្គ្រាមនៅក្រុងបន្ទាយមានជ័យហើយ សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកកងទ័ពចេញពីខែត្រខ្លុងលើកសំដៅទៅខែត្រអម្រិន្ទបូរ (ឬ អមរគិរិន្ទបូរ) ទៀត។
កាលនោះ អស់រាស្ត្រប្រជាក្នុងខែត្រអម្រិន្ទបូរពុំព្រមកំណែនចៅហ្វាយស្រុកចាស់នាំគ្នារៀបគ្រឿងដង្វាយនាំទៅថ្វាយ សម្ដេចចៅពញាចន្ទរាជា។ ចៅហ្វាយស្រុកចាស់ ឃើញរាស្ត្រតំអឹងរឹងនឹងអំណាចខ្លួន ពុំព្រមស្ដាប់ខ្លួនហើយទៅក្រាបទូលស្ដេចដូច្នោះក៏ភ័យរត់ដោះខ្លួនទៅខែត្ររលាប្អៀរ។
សម្ដេចចៅពញាចន្ទរាជា ព្រះអង្គឱ្យជួសជុលបន្ទាយពីបុរាណ រួចហើយទ្រង់ប្រថាប់ទ័ពនៅទីនោះចំនួន ៣ ថ្ងៃ។ ក្រោយពីនោះមក ព្រះអង្គឡើងគង់ព្រះទីនាំងអស្សតរព្រមដោយនូវសេនាទាហានយាងទៅដល់ទីដីមួយអន្លើជាឯត្បូងចុងខែត្រអម្រិន្ទបូរ។
កាលស្ដេចយាងដល់ទីនោះ ទ្រង់ទតឃើញស្ថានដីមួយអន្លើដែលមានទីរាបទាបស្មើមានជ័យភូមិល្អ ហើយទ្រង់ឱ្យលើកបោះបង់ចោលបន្ទាយចាស់ផ្លាស់ទៅតាំងបន្ទាយថ្មីនៅដីដែលមានជ័យភូមិវិញព្រោះនៅទីនោះជាទីឧត្តមធំទូលាយមាំមួន។ លុះទ្រង់ធ្វើបន្ទាយនោះហើយ ព្រះអង្គលើកយោធាទៅប្រថាប់ក្នុងបន្ទាយថ្មីនោះ។ ហេតុនេះបានជាមានពាក្យអ្នកស្រុកហៅបន្ទាយដែលបោះបង់នោះថា "បន្ទាយចាស់" រៀងមក។
ក្នុងពេល ដែលសម្ដេចចៅពញាចន្ទរាជាយាងទៅគង់នៅបន្ទាយថ្មីក្នុងខែត្រអម្រិន្ទបូរនោះមានចៅអធិការមួយអង្គ ព្រះនាមជ័យ ងារជា "មង្គលសត្ថា"។ ព្រះថេរៈអង្គនេះនាំទូក-ងមួយជាដង្វាយមកថ្វាយ ហើយទូលសម្ដេចចៅពញាចន្ទរាជា:
សូមថ្វាយព្រះពរ ទូក-ងនេះ ឈ្មោះ "សារាយអណ្ដែត" កាលចុងផែនដីនៃព្រះបាទឝ្រីឝៅគន្ធបទបរមបពិត្រ ជាសម្ដេចព្រះរៀមនៃទ្រង់ដែលកើតចលាចល ព្រោះស្ដេចកនសព្វថ្ងៃនេះអាចក្ដី បានលាក់ទុកឈើដែលធ្វើជាទូកពុំទាន់ហើយនោះ ទុកចោលនៅវាលមួយ ឆ្ងាយពីព្រៃចំងាយ ៦ សិន ប្លាយ។ ដល់ខែប្រាំងរាំងរឹះ ត្រូវថ្ងៃក្ដៅ មានហ្វូងដំរីព្រៃ ទៅបោចសារាយ ត្រឹបបឿនយកទៅគ្របលើឈើដែលធ្វើទូកនេះមិនឱ្យត្រូវថ្ងៃ ក្រែងប្រេះឆា។ លុះស្រុកសាន្តត្រាណបន្តិចទៅ អាចក្ដីក៏នាំសិស្សានុសិស្ស ទៅកាប់ចាំងឈើនោះ ធ្វើជាទូក-ង។ លុះយកទូកនេះមក អុំទៅ អាចក្ដី ក៏ឃើញថា ទូកនេះលឿនជាងទូកទាំងពួង។ ហេតុនេះហើយបានជាអាចក្ដីឱ្យឈ្មោះទូកនេះថា "សារាយអណ្ដែត" មួយទៀតកាលពីខែវស្សាអាចក្ដីជិះទូកនេះទៅបិណ្ឌបាតឯស្រុកមហានគរអាចក្ដី ត្រឡប់វិលមកវិញទាន់ពេលឆាន់ ហើយចង្ហាន់ក៏នៅហុយៗ។ ហេតុនេះហើយ បានជាមានពាក្យហៅថា "ទូកចង្ហាន់ហុយ"។ អាចក្ដីយល់ថា ទូក-ងនេះលឿនលើសចំឡែកនឹងទូកទាំងពួង ជារបស់អស្ចារ្យក្នុងព្រះនគរបានជាអាចក្ដីនាំមកថ្វាយព្រះមហាបពិត្រ។
សម្ដេចចៅពញាចន្ទរាជា ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទ្រង់ថ្វាយអភិវន្ទនកម្មហើយត្រាស់ថា "ព្រះជីតុន ឱ្យទូកនេះមកញោមៗមានអំណរណាស់ តែសព្វថ្ងៃនេះញោមនៅទ័លពេក។ បើទៅថ្ងៃមុខ ញោមបានព្រះនគរមកកាលណាញោមនឹងតបស្នងព្រះគុណឱ្យគាប់ព្រះទ័យពុំខានឡើយ"។
ឯកសារយោង
[កែប្រែ]- ឯកសារមហាបុរសខ្មែរ