សម័យកាលចតុមុខ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សម័យចតុមុខ)

សម័យកាលចតុមុខ

Stupa of Borom Reachea I, or Ponhea Yat built in 1434 AD by Noreay Reamea , The height of the stupa is 27 meters.
ចំនួនរជ្ជកាល ៥ រជ្ជកាល
ចំនួនស្ដេចគ្រប់គ្រង ​​៥ អង្គ
រាជសម័យ
ចាប់ផ្ដើម គ.សករាជ ១៤១៦
បញ្ចប់ ​​​គ.សករាជ ១៤៧៦
រយៈពេលឈរ ៦០ ឆ្នាំ
រាជធានី ចតុមុខ
ចំនួនប្រជាជន ប្រហែល ៥០មុឺននាក់
ទីតាំងផ្ទុកទឹក មានចំនួន ៩០
កំពង់ផែជំនួញ មានចំនួន ៣
  • ជ្រោយពន្លារ
  • អូរកែវ
  • ពាម

សម័យកាលចតុមុខ (អង់គ្លេស: Chaktomuk period) គឺជាសម័យកាលក្រោយការដួលរំលំចក្រភពអង្គរ ដែលត្រូវបានចាប់ផ្ដើមឡើងក្នុងស.វទី១៥ ឆ្នាំនៃការប្រកាសរាជសម័យ ១៤១៦ នៃគ.សករាជ និង បានឆ្លងកាត់រជ្ជកាលស្ដេច ចំនួន៥ និងត្រូវបានដួលរំលំទៅវិញ ដោយជម្លោះរាជវង្សដណ្ដើមរាជដែលចាប់ផ្ដើមក្នុងឆ្នាំ ១៤៦១ នៃគ.សករាជ និងត្រូវបានបិទបញ្ចប់ដោយស្ដេចជំនាន់ទី៥ នៃ ព្រះធម្មរាជាទី២ ដែលប្រកាសរាជជាលើកទី២ នៅរាជធានីទួលបាសាន ក្នុងឆ្នាំ ១៤៧៦ នៃគ.សករាជ ។[១]

ការកសាងរាជធានីចតុមុខ[កែប្រែ]

Construction of Chaktomuk Capital

ក្រោយពេលព្រះបរមរាជា ពញ្ញាយ៉ាត យាងចាកចោល ក្រុងអង្គរ ក្នុងឆ្នាំ ១៣៨៨ នៃគ.សករាជ ហើយមកតាំងរាជធានីនៅទួលបាសាន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អស់រយៈពេល ៩ ឆ្នាំ តំបន់នោះចាប់ផ្ដើមមានគ្រោះទឹកជំនន់ធំក្នុងឆ្នាំរោង ត្រូវនិងឆ្នាំ ១៣៩៧ នៃគ.សករាជ ទឹកជំនន់បានជនលិចរាជវាំងទួលបាសាន ទឹកជំនន់មានជម្រៅជាង២ហត្ថ ដោយស្មើនិងកម្ពស់ជាង ១ ម៉ែត្រ មានន័យថាកម្ពស់ទឹកជំនន់មានកម្ពស់ត្រឹមចង្កេះ ។ អស់ខ្ញុំបម្រើ មន្ត្រីរាជការ និង ព្រះបរមរាជវង្សានុវង្ស មានក្ដីលំបាកជាច្រើន ដោយព្រះរាជានឹកគិតថា តំបន់នេះមិនអាចកសាងជារាជធានីដើម្បីឈរជើងយូរអង្វែងបាន ដូចនេះហើយ ព្រះរាជា ប្រជុំក្រុមមន្ត្រីដើម្បីត្រៀមធ្វើការផ្លាសប្ដូររាជធានី បន្ទាប់ពីទឹកជំនន់ស្រកវិញ ។ លុះទឹកជំនន់ដែលជន់លេចពេញមួយឆ្នាំ ចាប់ផ្ដើមស្រកចុះអស់ ព្រះបរមរាជា ពញ្ញាយ៉ាត ទ្រង់បានសម្រេចជ្រើសយក ទីតាំងជ័យភូមិថ្មីដើម្បីសាងរាជធានី ក្រុមមន្ត្រីវាំងបាននិទាន អំពីប្រវត្តិលោកយាយដូនពេញ ដែលរកឃើញបដិមាព្រះទាំងបួនអង្គ ដើម្បីឱ្យព្រះរាជាទ្រង់សណ្ដាប់ និទានអំពីលោកយាយដូនពេញ បានធ្វើឱ្យព្រះរាជាជក់ចិត្ត ទ្រង់ក៏សម្រេចចិត្តជ្រើសយក តំបន់ចតុមុខ ដែលមានទន្លេបួន ធ្វើជារាជធានីថ្មី ។ ព្រះបរមរាជា ទ្រង់ត្រាស់បង្គាប់ ឱ្យចៅពញាតេជោ ចៅហ្វាយស្រុកខេត្តសំរោងទង ឱ្យកេណ្ឌរាស្ត្រលើកដី ទៅចាក់បំពេញតាមបឹង ហើយទ្រង់ជ្រើសយកភូមិឬស្សីកែវ ដើម្បីសាងសង់ព្រះរាជវាំង ។ ទីដែលចៅពញាតេជោ ឱ្យរាស្ត្រជីកដីនោះធំជ្រៅទូលាយណាស់ រដូវវស្សាបានមកដល់ទឹកភ្លៀងបានហូរច្រោះទៅបំពេញទឹក ហើយក៏បានក្លាយជាបឹងមួយ ប្រជានុរាស្ត្រ ក៌ហៅបឹងនោះថា "បឹងតេជោ" រហូតមកដល់ ស.វទី២០ បឹងនោះត្រូវបានចាក់បំពេញក្នុងរាជព្រះបាទ សុីសុវត្ថ មុនីវង្ស ក្នុងឆ្នាំ ១៩៣០ នៃគ.សករាជ ហើយបឹងនោះបានក្លាយជា ផ្សារធំថ្មី មកដល់បច្ចុប្បន្ននេះ ។ បន្ទាប់មកព្រះរាជា បានត្រាសបង្គាប់ឱ្យ លោកឧញ៉ាផ្លុង ជីកព្រែកមួយដើម្បីរំដោះទឹកចេញពីទីតាំងរាជវាំងថ្មី ព្រែកនោះបានជីករួច ហើយក្រោយមកត្រូវបានគេឱ្យឈ្មោះថា "ព្រែកពាមផ្លុង" ដែលព្រែកនេះស្ថិតនៅខាងមុខ វត្តភ្នំដូនពេញ ត្រង់បង្កាន់ដៃរូបនាគ តែក្រោយមកការវិវត្តន៍របស់ក្រុងភ្នំពេញ ព្រែកនេះត្រូវបានលុបចោលមកដល់បច្ចុប្បន្ននេះ ។ ព្រះបរមរាជវាំងថ្មីត្រូវបានសាងសង់ ដោយរាជវាំងប៊ែរមុខទៅទិសបូព៌ា (ទិសខាងកើត) មានរាជដំណាក់ របស់ព្រះមហាក្សត្រ មានមន្ទីរសម្រាប់រក្សាទុកនៅគ្រឿងបញ្ចកកុធភណ្ឌ (គ្រឿងសម្រាប់រាជ) មានដំណាក់មហេសី ដំណាក់សំ្នឯក ដំណាក់អ្នកម្នាង ដំណាក់ព្រះស្នំមានចំនួន ២៧ដំណាក់ ដំណាក់រាជបុត្រា-រាជបុត្រី ដំណាក់អ្នកអង្គម្ចាស់ ដំណាក់ពេទ្យហ្លួង ដំណាក់រាជអាមាត្យខ្ញុំបម្រើ ដំណាក់ព្រះក្រយ៉ា ដំណាក់ស្បៀង ដំណាក់ព្រះទ្រព្យ និងមានរាជឃ្លាំងជាច្រើនទៀត ។ នៅខាងក្រោយរាជវាំងភាគឧត្ដរ (ភាគខាងជើង) មានលើកដីជាសឺនបន្ទាយ មានកងកាំភ្លើងធំដាក់ដំរៀបជាជួរ មានប៉មខ្ពស់សម្រាប់ត្រួតពលឃ្លាំមើលស្ថានកាល ឬ ឃ្លាំមើលស្ថានភាពផ្សេងៗ ។ ក្រមការវិស្វកររាជវាំង បានជីកជាអូរ ពីមាត់ទន្លេនៅទិសបស្ចិម (ទិសខាងលិច) ហើយលើកបន្ទាយព័ទ្ធជារង្វង់ ដល់ទិសទក្សិណ (ទិសខាងត្បូង) ក្នុងមួយជ្រុងមានប៉មកម្ពស់ ១៤ហត្ថ ដោយស្មើនិងកម្ពស់ ៧ម៉ែត្រ សម្រាប់ដាក់នៅកាំភ្លើងធំ ។ ជញ្ជាំងបន្ទាយមានចងនៅរន្ទាឬស្សីត្បាញគ្នាជាកំពែងក្រុងកម្ពស់ ២០ហត្ថ ដោយស្មើនិងកម្ពស់ ១០ម៉្រែត សម្រាប់ដាក់នៅឆ្មាំកងទ័ពព្រួញ ។ នៅខាងមុខព្រះបរមរាជវាំងមានដំណាក់ផែ ចតនៅទូករាជជាច្រើនគ្រឿង របស់ព្រះមហាក្សត្រ និង ក្រុមគ្រួសាររាជវង្ស ទូកនីមួយៗមានដំបូល និងមានការតុបតែងយ៉ាងល្អប្រណិត ។ ការកសាងរាជធានីថ្មីចតុមុខ ត្រូវបានសាងសង់អស់រយៈពេល ៣ឆ្នាំ ដែលគិតចាប់ពី ឆ្នាំ ១៣៩៧ រហូតដល់ ឆ្នាំ ១៤០០ នៃគ.សករាជ ទើបរាជធានីទាំងមូល ក៏ដូចជាព្រះបរមរាជវាំងត្រូវបានសាងសង់បញ្ចប់ ពេលដែលរាជធានីត្រូវបានកសាងបញ្ចប់រួចរាល់ ព្រះបរមរាជា បានប្រសិដ្ឋនាមរាជធានីថ្មីនេះថា "ក្រុងចតុមុខ មង្គលសកលកម្ពុជាធិបតី សិរីធរៈបវរ ឥន្ទ្របត្តបុរី រដ្ឋរាជសីមាមហានគរ" ដែលត្រូវបានហៅកាត់ថា "ក្រុងចតុមុខ" ចំណែកឯព្រះបរមរាជវាំងត្រូវបានប្រសិដ្ឋនាមហៅថា "រាជវាំងចតុមុខបរមទេវតា" ក្រោយមក ព្រះបរមរាជា ក៏ប្រកាសប្ដូររាជសម័យ ដោយប្រកាសសម័យកាលចតុមុខ ក្នុងឆ្នាំ ១៤១៦ នៃគ.សករាជ ។[២]

របាក្សត្រ សម័យចតុមុខ[កែប្រែ]

Chaktomuk Chronicle

ព្រះរាជាសោយរាជ្យនៅសម័យចតុមុខ
លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាលគ្រងរាជ
០១ ព្រះបរមរាជា ពញាយ៉ាត ១៣៨៥-១៤៣២
០២ ព្រះនរាយណ៍រាមា មិនមានកំណត់ត្រា ១៤៣៣-១៤៣៧
០៣ ព្រះស្រីរាជា មិនមានកំណត់ត្រា ១៤៣៧-១៤៦៨
០៤ ព្រះស្រីសុរិយោទ័យ មិនមានកំណត់ត្រា លើកទី១ ១៤៦១
លើកទី២ ១៤៦៨ - ១៤៧៦
០៥ ព្រះធម្មរាជា មិនមានកំណត់ត្រា លើកទី១ ១៤៦៩
លើកទី២ ១៤៧៦ - ១៤៨៦
ចម្បាំងដុតក្រុងចតុមុខរវាង ស្រីរាជា និង ស្រីសុរិយោទ័យ ក្នុងឆ្នាំ ១៤៦១ នៃគ.សករាជ
សម័យកាលអន្តរកាល ១៤៧៦ ដល់ ១៥២៧

ជម្លោះរាជវង្ស[កែប្រែ]

Royal Conflict

ការផ្ដើមនូវទំនាស់បងប្អូនបង្កើតរវាង ស្រីរាជា និង ស្រីសុរិយោទ័យ គ្រាមួយដែលព្រះស្រីរាជា យល់នូវសុបិនអាក្រក់ ឃើញប្អូនរបស់ខ្លួន ព្រះស្រីសុរិយោទ័យ បានយកព្រះខ័នរាជកាប់ទៅលើ ព្រះស្រីរាជានៅក្នុងក្រឡាបន្ទំ (គ្រែដេក) ព្រះស្រីរាជាមានការភិតភ័យណាស់ក៏ធ្វើការកោះហៅគ្រូបោរាហិតជាសម្ងាត់ ហើយធ្វើការទស្សទាយនូវព្រះសុបិននេះ ព្រះគ្រូបោរាហិត មានបន្ទូលថា ព្រះអង្គអាចនិងត្រូវសាច់សាលោហិតរបស់ខ្លួន ធ្វើគត់ដើម្បីដណ្ដើមយករាជបល្ល័ងនេះ ដោយខ្លាចព្រះសុបិននោះក្លាយជាការពិត ព្រះស្រីរាជា បានកាត់បន្ថយរាល់កិច្ចការនគរ មិនឱ្យស្រីសុរិយោទ័យបានឱ្យកាសក្ដោបក្ដាប់រាជកិច្ចនគរនោះទេ ដោយតូចចិត្តនិងព្រះរាមរបស់ខ្លួន ព្រះស្រីសុរិយោទ័យ បានបង្កើតក្រុមមន្ត្រីបក្សពួកជាសម្ងាត់ហើយរងចាំឱកាសដើម្បីដណ្ដើមរាជ្យ ។ អំឡុងពេលព្រះស្រីរាជា លើកទ័ពទៅវាយក្រុងអាយុធ្យា ក្នុងឆ្នាំ ១៤៥៧ នៃគ.សករាជ ព្រះស្រីរាជា បានត្រាសបង្គាប់ឱ្យ ធម្មរាជាទី២ មើលការខុសត្រូវក្នុងព្រះរាជវាំង ដោយទ្រង់មិនទុកចិត្តលើ ស្រីសុរិយោទ័យ នោះទេ ។ ក្នុងឆ្នាំ ១៤៦១ នៃគ.សករាជ មានអភូតហេតុផ្កាយដុះកន្ទុយ (Comet 1461 AD) ផ្កាយដុះកន្ទុយរះក្នុងរយៈពេល ១៥ថ្ងៃ ពាក្យចចាមអារ៉ាមរបស់ប្រជានុរាស្ត្រអំពីប្រផ្នូលនៃការកើតកល្លយុគ (សង្គ្រាម) ក្នុងព្រះនគរ បានធ្វើឱ្យ ព្រះស្រីសុរិយោទ័យ យកឱកាសនេះធ្វើរាជប្រហារ ដោយបញ្ចូនកងកម្លាំងរបស់ខ្លួនចូលកាន់កាប់ ព្រះបរមរាជវាំងចតុមុខ ។ ធម្មរាជា ដែលទទួលមើលការសុខត្រូវក្នុងរាជវាំងក៏ប្រឈមមុខក្នុងការបោះបោរដណ្ដើមរាជ្យរបស់សុរិយោទ័យ ដូចនេះហើយ ធម្មរាជាបាននាំយកគ្រឿងបញ្ចកកុធភណ្ឌ ដែលជាគ្រឿងសម្រាប់ឡើងសោយរាជ្យ នាំចាកចេញពីព្រះបរមរាជវាំង កងរាជវាំងប្រមាណជា ៥០០នាក់ បានច្បាំងរំដោះធម្មរាជា ភៀសខ្លួនទៅកាន់ ខេត្តសំរោងទង (ខេត្តកំពង់ស្ពឺ) និងយកទីនោះជាមូលដ្ឋានទ័ពដើម្បីទប់ទល់និង ស្រីសុរិយោទ័យ ។ ព្រះធម្មរាជា បានផ្ញើចុតហ្មាយ (សារលិខិត) ទៅកាន់ស្រីរាជា អំពីការធ្វើរាជប្រហារ របស់សុរិយោទ័យ ព្រះស្រីរាជា ទ្រង់ខ្ញាល់យ៉ាងខ្លាំង (ខឹងខ្លាំង) បានប្រញាប់ដកទ័ពពីបស្ចឹមបុរី ត្រឡប់មកវិញជាមួយនិងកងទ័ព ៧០,០០០ (៧មុឺននាក់) ចូលច្បាំងនិង ស្រីសុរិយោទ័យ នៅរាជវាំងចតុមុខ ។ ស្រីសុរិយោទ័យ បានច្បាំងចាញ់ ព្រះស្រីរាជា ក៏ដកថយទៅបោះបន្ទាយនៅស្រីសន្ធរ (ខេត្តកំពង់ចាម) ព្រះស្រីរាជាក៏ត្រាសបញ្ជារឱ្យពលសេនាដុតកំទេចរាជវាំងចតុមុខ ហើយទៅបោះបន្ទាយនៅបរិបូរណ៍ (ខេត្តកំពង់ឆ្នាំង) កម្ពុជាពេលនោះត្រូវបែងចែកជាតំបន់ត្រួតត្រាបី ដោយមានព្រះរាជា ៣អង្គ សោយរាជរៀងៗខ្លួន ។ ចម្បាំងក្សត្របី បានអូសបន្លាយរហូតដល់ ព្រះស្រីរាជា ធ្លាក់ខ្លួនប្រឈួនជាទម្ងន់ហើយយាងចូលព្រះទីវង្គត់ក្នុងឆ្នាំ ១៤៦៨ នៃគ.សករាជ បុត្ររបស់ស្រីរាជា គឺពញ្ញាអង្គធម្មខាត់ បានឡើងមកដឹកនាំរាជបន្តពីព្រះបិតា ពញ្ញាអង្គមិនទាន់ចេះគ្រប់គ្រងរាជកិច្ចនោះទេ បណ្ដាលឱ្យ ស្រីសុរិយោទ័យដែលជាមារ (ពូ) ច្បាំងដណ្ដើមយកដែនដីគ្រប់គ្រងបានជាបន្តបន្ទាប់ ដោយការព្រួយបារម្មណ៍ខ្លាចចាញ់ ព្រះស្រីសុរិយោទ័យផង និងមានគំនុំចង់សងសឹកនិងសម្ដេចមារទាំងពីរផង ពញ្ញាអង្គ ក៏ថ្វាយសារលិខិត អញ្ជើញស្ដេចសៀមមកធ្វើជាខ្នងបង្អែក ដើម្បីបន្ថែមទ័ពច្បាំងនិងសម្ដេចមារទាំងពីរ នៅក្នុងសារលិខិត ពញ្ញាអង្គបានយល់ព្រមកាត់នូវទឹកដីកម្ពុជាភាគខាងលិចដែលបិតាខ្លួនស្រីរាជាបានគ្រប់គ្រងទាំងអស់ ទៅភ្ចាប់និងទឹកដីរបស់សៀម ។ ស្ដេចសៀមបានបញ្ជូនទ័ពមកច្បាំងជាមួយ ធម្មរាជាផង និងច្បាំងជាមួយ ស្រីសុរិយោទ័យផង ដោយមើលឃើញថាកងទ័ពទាំងបីភាគី ច្បាំងគ្នាមិនឈ្នះមិនចាញ់ ស្ដេចសៀមក៏រៀបចំល្បិចកលមួយ ដោយបង្កើតឱ្យមានកិច្ចចរចារជាត្រីភាគី បើសិនជាស្ដេចទាំងពីរមកចរចារដោយផ្ទាល់ពិតមែន ស្ដេចសៀមនិងឡោមព័ទ្ធរួចចាប់ខ្លួនស្ដេចទាំងពីរយកទៅដែនអាយុធ្យា ។ ព្រះធម្មរាជា ដោយដឹងនូវកលល្បិចរបស់ស្ដេចសៀម ទ្រង់មិនបានយាងទៅចរចារដោយផ្ទាល់នោះទេ ទ្រង់បានចាត់រាជ្យអាមាត្យឱ្យនាំយកព្រះខ័នរាជជាតំណាងព្រះមហាក្សត្រទៅចរចារប៉ុនណោះ ចំណែកឯព្រះស្រីសុរិយោទ័យបានយាងទៅចរចារដោយផ្ទាល់ ដោយការជម្រុញពីពួកមន្ត្រីនិងកងទ័ព ក៏ព្រោះតែពួកគេមិនចង់ច្បាំងតទៅទៀតនោះទេ ដោយសារតែពួកគេកំពុងជួបនូវកង្វះស្បៀង ដូចនេះហើយស្ដេចសៀមបានឡោមព័ទ្ធចាប់បញ្ចូនស្រីសុរិយោទ័យទៅកាន់ដែនអាយុធ្យា ស្រីសុរិយោទ័យដោយការតូចចិត្តដែលចាញ់កល្បិចនេះក៏ធ្លាក់ខ្លួនប្រឈួនជាទម្ងន់រហូតសោយទីវង្គត់ ក្នុងឆ្នាំ ១៤៧៦ នៃគ.សករាជ ។ ធម្មរាជាដោយមិនចង់ប្រឈមមុខនិងទ័ពធំរបស់សៀម ក៏សម្រេចចិត្តដាក់ប្រទេសកម្ពុជាចំណុះឱ្យនគរសៀម និងយល់ព្រមបញ្ចូននូវសួយសារអាករទៅឱ្យស្ដេចសៀមចាប់ពីពេលនោះមក ។[៣] [៤]

  • ដូចនេះហើយ ទើបមានព្រឹត្តិការណ៍ ព្រះចន្ទរាជា ខ្ចីទ័ពសៀមបានចំនួន ៥០០០នាក់ ពី ពញ្ញាអង្គ ដែលជាបុត្ររបស់ ស្រីរាជា , ពញ្ញាអង្គ ដែលក្លាយជាបុត្រធម៌ស្ដេចសៀម ក៏មានក្នុងព្រឹត្តិការណ៍ នៃការលើកកងទ័ពសៀម ៩០,០០០ (៩មុឺននាក់) មកច្បាំង និងទ័ពលង្វែករបស់ព្រះចន្ទរាជាផងដែរ ។

ចំណារពន្យល់[កែប្រែ]

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

បញ្ចាក់ ប្រវត្តិសាស្ត្រពិតកម្ពុជា រៀបរៀងដោយរាជបណ្ឌិតមិនស៊ែរ ក្នុងឯកសារមហាបុរសខ្មែរ ដែលមានចំនួន ៣ ភាគ ចេញផ្សាយក្នុងឆ្នាំ ១៩២៨ និង ឆ្នាំ ១៩២៩ គឺជាឯកសារផ្លូវការណ៍ដែលចេញផ្សាយដោយព្រះរាជបណ្ណាល័យកម្ពុជា ហើយត្រូវបានប្រែសម្រួលដោយលោក អេងស៊ុត ក្នុងឆ្នាំ ១៩៦៩ ចេញផ្សាយដោយក្រសួងអប់រំ កម្ពុជា ។ រាល់ការចងក្រង ឬ តាក់តែនិពន្ធប្រវត្តិសាស្ត្រកម្ពុជា ពីសំណាក់ គ្រូបង្រៀន ឬ អ្នកនិពន្ធ ឬ បណ្ឌិតជំនាន់ក្រោយ រូបណាដែលបន្ថែមខ្លឹមសារអត្ថបទប្រវត្តិសាស្ត្រកម្ពុជាដោយចិត្តឯង ផ្ទុយនិងប្រភពដើម ហើយធ្វើការបោះពុម្ពចេញផ្សាយ ដោយចិត្តឯងនោះ មានន័យថា វាជាអត្ថបទអារម្មកថា របស់បុគ្គលប៉ុនណោះ មិនឆ្លុះបញ្ចាំងជាប្រវត្តិសាស្ត្រពិតកម្ពុជានោះទេ ។ គួរបញ្ចាក់ផងដែរថាចំពោះប្រវត្តិសាស្ត្រកម្ពុជា ដោយដាក់ឈ្មោះថា ពង្សាវតារ គឺជាឯកសារចងក្រងដោយសម្ដេចវាំងជួន ជាប្រភេទរឿងព្រេងនិទានអក្សរសីល៍ប៉ុនណោះ មិនឆ្លុះបញ្ចាំងជាប្រវត្តិសាស្ត្រពិតកម្ពុជានោះទេ ។

  • តើការរៀបរៀងរបាព្រះមហាក្សត្រកម្ពុជា របស់ក្រសួងអប់រំកម្ពុជាពីឆ្នាំ 2001 មកដល់ឆ្នាំ 2024 នេះ

ដែលបញ្ចូលក្នុងប្រព័ន្ធអប់រំកម្ពុជាបច្ចុប្បន្ននេះ ត្រឹមត្រូវឬទេ ? ក្រុមបុរាណាចារ្យ សូមឆ្លើយថា មិនត្រឹមត្រូវទេ , ក្រុមបុរាណាចារ្យ សង្ឃឹមថាក្រសួងអប់រំកម្ពុជា និង ធ្វើការត្រួតពិនិត្យកែប្រែខ្លឹមសារអត្ថបទប្រវត្តិសាស្ត្រជាតិកម្ពុជាឡើងវិញ ក្នុងកម្មវិធីសិក្សាថ្មី ឆ្នាំ 2025 ។

ឯកសារយោង[កែប្រែ]

  1. Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique. Original from National Library of the Netherlands p.344
  2. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  3. Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
  4. Société Asiatique (1871) Journal asiatique: ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 18, Publisher: Society, Original from the Bavarian State Library