មជ្ឈមណ្ឌលខេមរសិក្សា
មជ្ឈមណ្ឌលខេមរសិក្សា (អង់គ្លេស : Center for Khmer Studies ហៅកាត់ CKS) គឺជាមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យមួយរបស់សហរដ្ឋអាមេរិកដែលធ្វើការលើកកម្ពស់ការស្រាវជ្រាវ ការបង្រៀន និង សេវាសាធារណៈនៅក្នុងវិស័យវិទ្យាសាស្ត្រសង្គម សិល្បៈ និង មនុស្សសាស្ត្រដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជានិងតំបន់មេគង្គ។[១]លើសពីនេះទៀត CKS ក៏មានគោលបំណងភ្ជាប់ទំនាក់ទំនងអ្នកប្រាជ្ញ និស្សិត និង សិល្បករខ្មែរជាមួយនឹងសហការីអន្តរជាតិរបស់ពួកគេដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រទេសកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍។[២]
The Center for Khmer Studies, Inc. | |
Center for Khmer Studies (CKS) | |
| ស្ថាបនា | ១៩៩៩ |
|---|---|
| ប្រភេទ | ការអប់រំ |
| ទីស្នាក់ការកណ្ដាល | ខេត្តសៀមរាប, |
| ទីតាំង | |
តំបន់ដែលត្រូវបម្រើ | ប្រទេសកម្ពុជានិងតំបន់មេគង្គ |
| គេហទំព័រ | https://khmerstudies.org/ |

គោលបំណងរបស់ CKS ៖
- ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រាជ្ញ និស្សិត និង សិល្បករខ្មែរទៅនឹងបណ្ដាសហការីអន្តរជាតិដើម្បីបង្កើនការយល់ដឹងអំពីប្រទេសកម្ពុជានិងអាស៊ីអាគ្នេយ៍
- ពង្រឹងរចនាសម្ព័ន្ធវប្បធម៌និងការសិក្សាស្រាវជ្រាវរបស់កម្ពុជា ព្រមទាំងបញ្ចូលអ្នកប្រាជ្ញខ្មែរទៅក្នុងសហគមន៍តំបន់និងសហគមន៍អន្តរជាតិ
- លើកកម្ពស់សង្គមស៊ីវិលនៅប្រទេសកម្ពុជាឲ្យមានភាពរឹងមាំ។
ប្រវត្តិសាស្ត្រ
[កែប្រែ]មជ្ឈមណ្ឌលខេមរសិក្សា គឺជាស្ថាប័នស្រាវជ្រាវដែលត្រូវបានទទួលស្គាល់ជាផ្លូវការនិងបានដំណើរការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៩។មជ្ឈមណ្ឌលខេមរសិក្សាមានភាពលេចធ្លោនៅក្នុងចំណោមសិស្ស និស្សិត និង អ្នកស្រាវជ្រាវខ្មែរ និងបរទេសសម្រាប់ការចូលរួមចំណែកនៅក្នុងការសិក្សាស្រាវជ្រាវនិងការគាំទ្រឧត្តមសិក្សានៅក្នុងប្រទេសកម្ពុជា។មជ្ឈមណ្ឌលខេមរសិក្សាបានសម្រេចកិច្ចការទាំងអស់នេះបានតាមរយៈការផ្ដល់ជំនួយថវិការបស់ខ្លួនសម្រាប់ការស្រាវជ្រាវថ្នាក់បណ្ឌិតនិងក្រោយបណ្ឌិត កម្មវិធីបណ្ដុះបណ្ដាលបញ្ញវ័ន្ដវ័យក្មេង ភាសានិងវប្បធម៌ និង កម្មវិធីបណ្ដុះបណ្តាលសមត្ថភាពសិក្សាស្រាវជ្រាវ បណ្ដាល័យស្រាវជ្រាវ និង កម្មវិធីបកប្រែសៀវភៅសំខាន់ៗជាភាសាខ្មែរដូចជាសៀវភៅប្រវត្ដិសាស្រ្ដខ្មែររបស់លោក David P. Chandler ឬធ្វើការបោះពុម្ភផ្សាយទិនានុប្បវត្ដិស្រាវជ្រាវឯករាជ្យជា ០៣ ភាសារួមទាំងភាសាខ្មែរផងដែរ។នៅក្នុងចំណោមស្ថាប័នស្រាវជ្រាវក្រោយសម័យសង្គ្រាមដ៏ចំណាស់ជាងគេមួយនៅក្នុងប្រទេសកម្ពុជាមជ្ឈមណ្ឌលខេមរសិក្សាបានបង្កើតទំនាក់ទំនងយ៉ាងរឹងមាំជាមួយនឹងសាកលវិទ្យាល័យនិងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងវប្បធម៌ជាច្រើននៅសហរដ្ឋអាមេរិក អឺរ៉ុប អូស្រ្តាលី និង អាស៊ីអាគ្នេយ៍។កម្មវិធីស្រាវជ្រាវរបស់មជ្ឈមណ្ឌលខេមរសិក្សាបានអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំនិងបានដំណើរការដោយជោគជ័យរហូតមកដល់សព្វថ្ងៃ។កម្មវិធីទាំងអស់នោះត្រូវបានអនុវត្តជាមួយនឹងសាកលវិទ្យាល័យនិងមហាវិទ្យាល័យជាច្រើនតាមរយៈកម្មវិធីអាហារូបករណ៍ សិក្ខាសាលា និង បណ្ណាល័យ។ចាប់តាំងពីការបើកដំណើរការក្រោមមូលនិធិពីម្ចាស់ជំនួយនិងដៃគូខាងក្រៅមជ្ឈមណ្ឌលខេមរសិក្សាបានគ្រប់គ្រងធនធានរបស់ខ្លួនទាំងអស់ប្រកបដោយទំនួលខុសត្រូវ តម្លាភាព និង ការយកចិត្តទុកដាក់។[៣]
កម្មវិធី
[កែប្រែ]
តាមរយៈកម្មវិធីជាច្រើនរបស់ខ្លួន CKS បានខិតខំពង្រីកចំណេះដឹងនិងការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និង សង្គមកម្ពុជាព្រមទាំងលើកកម្ពស់កិច្ចសហការរវាងនិស្សិត អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ និង ស្ថាប័នកម្ពុជាទាំងនៅក្នុងស្រុកនិងក្រៅស្រុក។លើសពីនេះ CKS ក៏គាំទ្រដល់ការអប់រំកម្រិតឧត្តមសិក្សានៅប្រទេសកម្ពុជានិងអភិវឌ្ឍការអប់រំសហគមន៍តាមរយៈកម្មវិធីយុវជននិងកុមារ។កម្មវិធី CKS រួមមាន ៖
- អាហារូបករណ៍ថ្នាក់បណ្ឌិតនិងក្រោយបណ្ឌិត
- កម្មវិធីអាហារូបករណ៍ Junior Resident Fellowship រដូវក្តៅសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្របារាំង អាមេរិក និង កម្ពុជា
- កម្មវិធីសិក្សាភាសាខ្មែររយៈពេល ០៨ សប្តាហ៍
- កម្មវិធីវិធីសាស្រ្តស្រាវជ្រាវសម្រាប់និស្សិតថ្នាក់អនុបណ្ឌិតកម្ពុជា
- កម្មវិធីអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យពីបរទេស
- សិក្ខាសាលាបណ្តុះបណ្តាលបណ្ណាល័យឌីជីថល
- កម្មវិធីបណ្ណាល័យកុមារ
- កម្មវិធីបោះពុម្ពផ្សាយនិងបកប្រែ
- សិក្ខាសាលាតាមអនឡាញនិងស៊េរីវាគ្មិន
- ពិព័រណ៍សៀវភៅប្រចាំឆ្នាំ
- សន្និសីទនិងសិក្ខាសាលាជាច្រើនផ្សេងៗទៀត។
បណ្ណាល័យ
[កែប្រែ]ដោយសារតែកង្វះខាតលទ្ធភាពទទួលបានសៀវភៅនិងធនធានអប់រំតាមរយៈបណ្ណាល័យនៅក្នុងតំបន់ភាគច្រើននៃប្រទេសកម្ពុជា CKS បានចាប់ផ្តើមសាងសង់សមុច្ច័យបណ្ណាល័យមួយនៅក្នុងឆ្នាំ ២០០១ ដែលផ្តោតទៅលើប្រវត្តិសាស្ត្រនិងវប្បធម៌កម្ពុជានិងអាស៊ីអាគ្នេយ៍ដែលមានសៀវភៅជាង ២០០០០ ក្បាលរហូតមកដល់បច្ចុប្បន្ន។[៤]អគារបណ្ណាល័យត្រូវបានដាក់បន្ថែមនិងសម្ភោធដាក់ឲ្យប្រើប្រាស់នៅក្នុងខែមករា ឆ្នាំ ២០១០ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះបាទនរោត្តម សីហមុនី។[៥]
ភាពជាដៃគូ
[កែប្រែ]CKS គឺជាសមាជិកនៅតំបន់អាស៊ីអាគ្នេយ៍ដំបូងគេបង្អស់នៃក្រុមប្រឹក្សាមជ្ឈមណ្ឌលស្រាវជ្រាវក្រៅសហរដ្ឋអាមេរិក។[៦]សម្ព័ន្ធរបស់ CKS គឺជាបណ្ដាញសមាជិកភាពមួយដែលរួមមានស្ថាប័ននិងបុគ្គលដែលមានការប្តេជ្ញាចិត្តជាច្រើនដូចជាសាកលវិទ្យាល័យ បណ្ណាល័យ សមាគមសិក្សា និង សារមន្ទីរ។ដៃគូអន្តរជាតិនិងស្ថាប័នសហការជាច្រើនរបស់ CKS រួមមាន Cornell University, Paris Institute of Political Studies, New York Southeast Asia Network, University of Michigan, Sogang University, University of Hawaiʻi at Mānoa, University of Oregon, UCLA, Northern Illinois University, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា, California State University Long Beach, Portland Community College, University of Massachusetts Lowell និង University of Chicago។[៧]CKS ទទួលបានថវិកាគាំទ្រតាមរយៈជំនួយឥតសំណងពីរាជរដ្ឋាភិបាលនិងមូលនិធិនានារួមមាន Council of American Overseas Research Centers, The US Department of Education, The Australian Department of Foreign Affairs and Trade, The US State Department, The Asia Foundation, The Louisa Stude Sarofim Foundation, The D. M. Foundation, The Scaler Foundation, Inc. និងមូលនិធិបុគ្គលនិងក្រុមឯកជនជាច្រើនដែលមានចិត្តសប្បុរស។
ទីតាំង
[កែប្រែ]CKS មានទីស្នាក់ការចម្បងស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាបដោយមានការិយាល័យមួយនៅរាជធានីភ្នំពេញនិងមានការិយាល័យផ្នែករដ្ឋបាលនិងជំនួយនៅសហរដ្ឋអាមេរិក។
ឯកសារយោង
[កែប្រែ]- ↑ "CAORC :: Center for Khmer Studies". Archived from the original on 2009-11-01. Retrieved 2010-05-11.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ Todd, William E. "Center for Khmer Studies – Supporting Research in Cambodia". Archived from the original on 15 April 2015. Retrieved 20 April 2015.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "មជ្ឈមណ្ឌលខេមរសិក្សា". Policy Pulse. Retrieved 2026-04-01.
- ↑ "Archived copy" (PDF). Archived from the original (PDF) on 2010-03-31. Retrieved 2010-05-07.
{{cite web}}: CS1 maint: archived copy as title (link) - ↑ "Centre for Khmer Studies, Cambodia". Archived from the original on 2010-05-22. Retrieved 2010-05-11.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "American Overseas Research Centers". Council of American Overseas Research Centers. Archived from the original on 2012-03-14. Retrieved 2012-03-28.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Center for Southeast Asia Studies". Archived from the original on 2010-06-10. Retrieved 2010-05-11.