មហាសង្គាម
សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
មហាសង្គាម
[១៧០] ភិក្ខុអ្នកចូលទៅកាន់សង្គ្រាម កាលបើនិយាយ ក្នុងជំនុំសង្ឃ ត្រូវស្គាល់វត្ថុ ស្គាល់វិបត្តិ ស្គាល់អាបត្តិ ស្គាល់និទាន ស្គាល់អាការ ស្គាល់ពាក្យខាងដើម និងពាក្យខាងចុង ស្គាល់កម្មដែលគួរធ្វើ និងមិនគួរធ្វើ ស្គាល់កម្ម ស្គាល់អធិករណ៍ ស្គាល់សមថៈ កុំលុះឆន្ទាគតិ កុំលុះទោសាគតិ កុំលុះមោហាគតិ កុំលុះភយាគតិ ត្រូវពន្យល់អ្នកដទៃឲ្យយល់ព្រម ក្នុងទីដែលគួរឲ្យយល់ ត្រូវពិចារណាហេតុ និងមិនមែនហេតុ ក្នុងទីដែលគួរពិចារណា សំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល ត្រូវញុំាងបុគ្គលដទៃឲ្យជ្រះថ្លាក្នុងទីដែលគួរឲ្យជ្រះថ្លា កុំគប្បីមើលងាយពួកជនដទៃ ដោយគិតថា អាត្មាអញបានបក្ខពួកហើយ កុំមើលងាយអ្នកចេះដឹងតិច ដោយគិតថា អាត្មាអញជាអ្នកចេះដឹងច្រើន កុំមើលងាយភិក្ខុខ្ចី ដោយគិតថា អាត្មាអញជាថេរៈចាស់ជាង កុំពោលនូវហេតុដែលមិនទាន់មកដល់ កុំញុំាងហេតុដែលមកដល់ហើយ ឲ្យវិនាសចាកធម៌ ចាកវិន័យ អធិករណ៍នោះរម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាណា គប្បីរម្ងាប់អធិករណ៍នោះ ដោយធម៌ជាដើមនោះៗចុះ។
[១៧១] ពាក្យថា ត្រូវស្គាល់វត្ថុ គឺត្រូវស្គាល់វត្ថុនៃបារាជិក៨ ស្គាល់វត្ថុនៃសង្ឃាទិសេស២៣ ស្គាល់វត្ថុនៃអនិយតៈ២ ស្គាល់វត្ថុនៃនិស្សគ្គិយៈ៤២ ស្គាល់វត្ថុនៃបាចិត្តិយៈ១៨៨ ស្គាល់វត្ថុនៃបាដិទេសនីយៈ១២ ស្គាល់វត្ថុនៃទុក្កដទាំងឡាយ ស្គាល់វត្ថុនៃទុព្ភាសិតទាំងឡាយ។
[១៧២] ពាក្យថា ត្រូវស្គាល់វិបត្តិ គឺត្រូវស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិ ស្គាល់អាជីវវិបត្តិ។
[១៧៣] ពាក្យថា ត្រូវស្គាល់អាបត្តិ គឺត្រូវស្គាល់អាបត្តិបារាជិក ស្គាល់អាបត្តិសង្ឃាទិសេស ស្គាល់អាបត្តិថុល្លច្ច័យ ស្គាល់អាបត្តិនិស្សគ្គិយៈ ស្គាល់អាបត្តិបាចិត្តិយៈ ស្គាល់អាបត្តិបាដិទេសនីយៈ ស្គាល់អាបត្តិទុក្កដ ស្គាល់អាបត្តិទុព្ភាសិត។
[១៧៤] ពាក្យថា ត្រូវស្គាល់និទាន គឺត្រូវស្គាល់និទានរបស់បារាជិកទាំង៨ ស្គាល់និទានរបស់សង្ឃាទិសេស២៣ ស្គាល់និទានរបស់អនិយតៈទាំង២ ស្គាល់និទានរបស់និស្សគ្គិយៈទាំង៤២ ស្គាល់និទានរបស់បាចិត្តិយៈ១៨៨ ស្គាល់និទានរបស់បាដិទេសនីយៈទាំង១២ ស្គាល់និទានរបស់ទុក្កដទាំងឡាយ ស្គាល់និទានរបស់ទុព្ភាសិតទាំងឡាយ។
[១៧៥] ពាក្យថា ត្រូវស្គាល់អាការ គឺត្រូវស្គាល់សង្ឃដោយអាការ ស្គាល់គណៈដោយអាការ ស្គាល់បុគ្គលដោយអាការ ស្គាល់អ្នកចោទដោយអាការ ស្គាល់អ្នកជាប់ចោទដោយអាការ។ ពាក្យថា ត្រូវស្គាល់សង្ឃដោយអាការ គឺត្រូវស្គាល់សង្ឃដោយអាការយ៉ាងនេះថា សង្ឃនេះអាចនឹងរម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ឬមិនអាចរម្ងាប់បានទេ។ ពាក្យថា ត្រូវស្គាល់គណៈ ដោយអាការ គឺស្គាល់គណៈ ដោយអាការយ៉ាងនេះថា គណៈនេះ អាចនឹងរម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ឬមិនអាចរម្ងាប់បាន។ ពាក្យថា ត្រូវស្គាល់បុគ្គលដោយអាការ គឺស្គាល់បុគ្គលដោយអាការយ៉ាងនេះថា បុគ្គលនេះអាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ឬមិនអាចរម្ងាប់បានទេ។ ពាក្យថា ត្រូវស្គាល់អ្នកចោទ ដោយអាការ គឺស្គាល់អ្នកចោទ ដោយអាការយ៉ាងនេះថា លោកដ៏មានអាយុនេះ តំកល់នៅក្នុងធម៌ទាំង៥ ទើបចោទបុគ្គលដទៃ ឬមិនបានតំកល់ទេ។ ពាក្យថា ស្គាល់អ្នកជាប់ចោទ ដោយអាការ គឺស្គាល់អ្នកជាប់ចោទ ដោយអាការយ៉ាងនេះថា លោកដ៏មានអាយុនេះ តំកល់នៅក្នុងធម៌ទាំងពីរគឺ សច្ចវាចា១ អកុប្បធម៌១ ឬមិនបានតំកល់ទេ។
[១៧៦] ពាក្យថា ត្រូវស្គាល់ពាក្យខាងដើម និងពាក្យខាងចុង គឺត្រូវស្គាល់ពាក្យខាងដើម និងពាក្យខាងចុងយ៉ាងនេះថា លោកដ៏មានអាយុនេះ កន្លងនូវវត្ថុដោយវត្ថុផង កន្លងនូវវិបត្តិដោយវិបត្តិផង កន្លងនូវអាបត្តិ ដោយអាបត្តិផង គេចកែហើយប្តេជ្ញាផង ប្តេជ្ញាហើយ គេចកែផង បំពាននូវពាក្យដទៃ ដោយពាក្យដទៃផង ឬមិនបានកន្លងគេចកែបំពានទេ។
[១៧៧] ពាក្យថា ត្រូវស្គាល់កម្មដែលគួរធ្វើ និងមិនគួរធ្វើ គឺត្រូវស្គាល់មេថុនធម្ម ស្គាល់អនុលោមរបស់មេថុនធម្ម ស្គាល់បុព្វភាគ (ចំណែកខាងដើម) របស់មេថុនធម្ម។ ពាក្យថា ត្រូវស្គាល់មេថុនធម្ម គឺត្រូវស្គាល់ការជួបប្រសព្វរបស់ជនពីរៗនាក់។ ពាក្យថា ត្រូវស្គាល់អនុលោមរបស់មេថុនធម្ម គឺបានដល់ភិក្ខុបៀមអង្គជាតរបស់អ្នកដទៃ ដោយមាត់របស់ខ្លួន។ ពាក្យថា ត្រូវស្គាល់បុព្វភាគរបស់មេថុនធម្ម គឺស្គាល់ទឹកសុក្កៈមានពណ៌ និងមិនមានពណ៌ ការចាប់ពាល់កាយស្រ្តី និយាយពាក្យអាក្រក់ ចំពោះទ្វារមគ្គស្រី និយាយល្បួងស្រី ឲ្យបម្រើខ្លួនដោយកាម និយាយដឹកនាំបុរស និងស្ត្រីឲ្យបានគ្នាជាប្តីប្រពន្ធ (សិក្ខាបទទាំង៥នេះ ជាបុព្វភាគរបស់មេថុនធម្ម)។
[១៧៨] ពាក្យថា ត្រូវស្គាល់កម្ម គឺត្រូវស្គាល់កម្ម១៦យ៉ាង គឺស្គាល់អបលោកនកម្ម៤ ស្គាល់ញត្តិកម្ម៤ ស្គាល់ញត្តិទុតិយកម្ម៤ ស្គាល់ញត្តិចតុត្ថកម្ម៤។
[១៧៩] ពាក្យថា ត្រូវស្គាល់អធិករណ៍ គឺត្រូវស្គាល់អធិករណ៍ទាំង៤យ៉ាង គឺស្គាល់វិវាទាធិករណ៍១ ស្គាល់អនុវាទាធិករណ៍១ ស្គាល់អាបត្តាធិករណ៍១ ស្គាល់កិច្ចាធិករណ៍១។
[១៨០] ពាក្យថា ត្រូវស្គាល់សមថៈ គឺត្រូវស្គាល់សមថៈ៧យ៉ាង គឺស្គាល់សម្មុខាវិន័យ១ ស្គាល់សតិវិន័យ១ ស្គាល់អមូឡ្ហវិន័យ១ ស្គាល់បដិញ្ញាតករណៈ១ ស្គាល់យេភុយ្យសិកា១ ស្គាល់តស្សបាបិយសិកា១ ស្គាល់តិណវត្ថារកៈ១។
[១៨១] ពាក្យថា កុំលុះឆន្ទាគតិ សេចក្តីថាភិក្ខុដែលលុះឆន្ទាគតិ តើលុះឆន្ទាគតិដូចម្តេច។ ភិក្ខុជាវិន័យធរពួកខ្លះ ក្នុងសាសនានេះ យោគយល់ថា បុគ្គលនេះជាឧបជ្ឈាយ៍ ឬអាចារ្យ ជាសទ្ធិវិហារិក ឬអន្តេវាសិក ជាភិក្ខុមានឧបជ្ឈាយ៍ស្មើគ្នា ឬភិក្ខុដែលមានអាចារ្យស្មើគ្នា ជាមិត្តធ្លាប់ឃើញគ្នាម្តងៗ ឬជាមិត្តធ្លាប់ស្និទ្ធស្នាលគ្នាមាំ ពុំនោះជាញាតិសាលោហិតរបស់អាត្មាអញ ដូច្នេះហើយក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនជាធម៌ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ សំដែងនូវពាក្យដែលព្រះតថាគតមិនបានសំដែង មិនបានពោល ថាជាពាក្យដែលព្រះតថាគតបានសំដែង បានពោល សំដែងនូវពាក្យដែលព្រះតថាគត បានសំដែង បានពោល ថាជាពាក្យដែលព្រះតថាគត មិនបានសំដែង មិនបានពោល សំដែងនូវកិច្ចវត្តដែលព្រះតថាគតមិនបានសន្សំមក ថាព្រះតថាគតធ្លាប់សន្សំមក សំដែងនូវកិច្ចវត្ត ដែលព្រះតថាគតធ្លាប់សន្សំមក ថាព្រះតថាគតមិនបានសន្សំមក សំដែងនូវសិក្ខាបទ ដែលព្រះតថាគតមិនបានបញ្ញត្ត ថាព្រះតថាគតបានបញ្ញត្ត សំដែងនូវសិក្ខាបទ ដែលព្រះតថាគតបានបញ្ញត្ត ថាព្រះតថាគតមិនបានបញ្ញត្ត សំដែងនូវអនាបត្តិ ថាជាអាបត្តិ សំដែងនូវអាបត្តិ ថាជាអនាបត្តិ សំដែងនូវលហុកាបត្តិ ថាជាគរុកាបត្តិ សំដែងនូវគរុកាបត្តិ ថាជាលហុកាបត្តិ សំដែងនូវសាវសេសាបត្តិ ថាជាអនវសេសាបត្តិ សំដែងនូវអនវសេសាបត្តិ ថាជាសាវសេសាបត្តិ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ដូច្នេះ ព្រោះអនុគ្រោះដល់បុគ្គលនោះៗ ព្រោះកិរិយារក្សាដល់បុគ្គលនោះៗ ភិក្ខុជាវិន័យធរ កាលដែលលុះឆន្ទាគតិ ដោយវត្ថុទាំងឡាយ១៨ប្រការនេះ ក៏ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនគ្នា ដើម្បីមិនជាសុខ ដល់ជនច្រើនគ្នា ដើម្បីមិនមែនជាសេចក្តីចំរើន ដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ភិក្ខុជាវិន័យធរ កាលបើលុះឆន្ទាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា រក្សាខ្លួន ដែលមានកុសលធម៌ ជីកគាស់រំលើងចោលចេញផង ឈ្មោះថា ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយ ឈ្មោះថារងនូវអកុសលកម្មដ៏ច្រើនផង ភិក្ខុជាវិន័យធរ កាលបើលុះទៅខាងឆន្ទាគតិ ក៏រមែងលុះទៅខាងឆន្ទាគតិ ដោយអាការយ៉ាងនេះ។
[១៨២] ពាក្យថា កុំលុះទោសាគតិ សេចក្តីថា កាលដែលភិក្ខុជាវិន័យធរ លុះទោសាគតិ តើលុះទោសាគតិដូចម្តេច។ ភិក្ខុជាវិន័យធរពួកខ្លះ ក្នុងសាសនានេះ ចងគំនុំថា (បុគ្គលនេះ) បានប្រព្រឹត្តធ្វើនូវសេចក្តីវិនាសដល់អាត្មាអញ ចងគំនុំថា (បុគ្គលនេះ) កំពុងតែប្រព្រឹត្តធ្វើនូវកម្មមិនជាប្រយោជន៍ដល់អាត្មាអញ ចងគំនុំថា (បុគ្គលនេះ) មុខជានឹងប្រព្រឹត្តធ្វើនូវកម្មមិនជាប្រយោជន៍ ដល់អាត្មាអញ ចងគំនុំថា (បុគ្គលនេះ) បានប្រព្រឹត្តធ្វើនូវកម្ម មិនជាប្រយោជន៍ កំពុងប្រព្រឹត្តធ្វើនូវកម្ម មិនជាប្រយោជន៍ មុខជានឹងប្រព្រឹត្តធ្វើនូវកម្ម មិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ចងគំនុំថា (បុគ្គលនេះ) បានប្រព្រឹត្តធ្វើនូវកម្ម ជាប្រយោជន៍ កំពុងប្រព្រឹត្តធ្វើនូវកម្មជាប្រយោជន៍ មុខជានឹងប្រព្រឹត្តធ្វើនូវកម្មជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញ ភិក្ខុជាវិន័យធរ កាលបើចងគំនុំខឹង មានសេចក្តីក្រេវក្រោធគ្របសង្កត់ ដោយអាឃាតវត្ថុទាំង៩ប្រការនេះហើយ រមែងសម្តែងនូវសភាវៈ មិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុជាវិន័យធរ កាលបើលុះទោសាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនគ្នា ដើម្បីមិនមែនជាសុខ ដល់ជនច្រើនគ្នា ដើម្បីសេចក្តីមិនចំរើន ដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ភិក្ខុជាវិន័យធរ កាលបើលុះទៅខាងទោសាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមានកុសលធម៌ ជីកគាស់រំលើងចោលហើយផង ឈ្មោះថាជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថារងនូវអកុសលកម្មច្រើនផង ភិក្ខុជាវិន័យធរ កាលបើលុះទៅខាងទោសាគតិ ក៏រមែងលុះទៅខាងទោសាគតិ ដោយអាការយ៉ាងនេះ។
[១៨៣] ពាក្យថា កុំគប្បីលំអៀងដោយមោហាគតិ សេចក្តីថា ភិក្ខុជាវិន័យធរ កាលដែលលំអៀងដោយមោហាគតិ តើលំអៀងដោយមោហាគតិដូចម្តេច។ ភិក្ខុជាវិន័យធរ មានចិត្តត្រេកអរ លុះដោយអំណាចរាគៈ មានចិត្តប្រទូស្ត លុះដោយអំណាចទោសៈ មានសេចក្តីវង្វេង លុះដោយអំណាចមោហៈ មានទិដ្ឋិជាគ្រឿងស្ទាបអង្អែល លុះដោយអំណាចទិដ្ឋិ វង្វេងភាន់ភាំងស្មារតី ត្រូវមោហៈគ្របសង្កត់ ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ កាលបើភិក្ខុជាវិន័យធរ លំអៀងដោយមោហាគតិ ដោយវត្ថុ១៨ប្រការនេះ ក៏ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើនគ្នា ដើម្បីមិនមែនជាសុខ ដល់ជនច្រើនគ្នា ដើម្បីសេចក្តីមិនចំរើនដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ភិក្ខុជាវិន័យធរ កាលបើលំអៀង ដោយមោហាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមានកុសលធម៌ ជីកគាស់រំលើងចោលហើយផង ឈ្មោះថាជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថា រងនូវអកុសលកម្មដ៏ច្រើនផង ភិក្ខុជាវិន័យធរ កាលលំអៀងដោយមោហា រមែងលំអៀងដោយមោហាគតិ ដោយអាការយ៉ាងនេះ។
[១៨៤] ពាក្យថា កុំលំអៀងដោយភយាគតិ សេចក្តីថា ភិក្ខុដែលលំអៀងដោយភយាគតិ តើលំអៀងដោយភយាគតិដូចម្តេច។ ភិក្ខុជាវិន័យធរពួកខ្លះ ក្នុងសាសនានេះគិតថា បុគ្គលនេះ អាស្រ័យនូវកម្ម មានកាយកម្មជាដើម មិនស្មើក្តី អាស្រ័យនូវព្រៃស្បាត គឺមិច្ឆាទិដ្ឋិ និងអន្តគ្គាហិកទិដ្ឋិក្តី អាស្រ័យនូវភិក្ខុមានកំឡាំងក្តី ជាអ្នករឹងរូសអាក្រក់ និងធ្វើនូវសេចក្តីអន្តរាយដល់ជីវិតក្តី នូវសេចក្តីអន្តរាយ ដល់ព្រហ្មចរិយៈក្តី ហើយតក់ស្លុត ព្រោះខ្លាចបុគ្គលនោះ ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ កាលបើភិក្ខុជាវិន័យធរ លំអៀងដោយភយាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា ប្រតិបត្តិ ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនគ្នា ដើម្បីមិនជាសុខ ដល់ជនច្រើនគ្នា ដើម្បីសេចក្តីមិនចំរើន ដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ភិក្ខុជាវិន័យធរ កាលបើលំអៀងដោយភយាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា រក្សានូវខ្លួន ដែលមានកុសលធម៌ ជីកគាស់រំលើងចោលហើយផង ឈ្មោះថាជាបុគ្គលប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថា រងនូវអកុសលកម្មច្រើនផង ភិក្ខុជាវិន័យធរ កាលដែលលំអៀងដោយភយាគតិ រមែងលំអៀងដោយភយាគតិ ដោយអាការយ៉ាងនេះ។
[១៨៥] បុគ្គលណាប្រព្រឹត្តកន្លងនូវធម៌ ព្រោះសេចក្តីស្រឡាញ់ ព្រោះស្អប់ ព្រោះខ្លាច ព្រោះវង្វេង យសសក្តិ៍របស់បុគ្គលនោះឯង រមែងសាបសូន្យទៅ ដូចព្រះចន្ទក្នុងកាឡប័ក្ខ គឺខាងរនោច។
[១៨៦] ភិក្ខុជាវិន័យធរ មិនលំអៀងដោយឆន្ទាគតិ តើដូចម្តេច។ ភិក្ខុជាវិន័យធរ កាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថាមិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវសភាវៈមិនមែនវិន័យ ថាមិនមែនវិន័យ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវវិន័យ ថាជាវិន័យ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវពាក្យ ដែលព្រះតថាគតមិនបានសំដែង មិនបានពោល ថាជាពាក្យ ដែលព្រះតថាគតមិនបានសំដែង មិនបានពោល ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ថាជាពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវកិច្ចវត្ត ដែលព្រះតថាគតមិនបានសន្សំមក ថាជាកិច្ចវត្ត ដែលព្រះតថាគតមិនបានសន្សំមក ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវកិច្ចវត្ត ដែលព្រះតថាគតបានសន្សំមក ថាជាកិច្ចវត្ត ដែលព្រះតថាគតបានសន្សំមក ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវសិក្ខាបទ ដែលព្រះតថាគត មិនបានបញ្ញត្ត ថាព្រះតថាគតមិនបានបញ្ញត្ត ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវសិក្ខាបទ ដែលព្រះតថាគត ទ្រង់បញ្ញត្ត ថាព្រះតថាគត ទ្រង់បញ្ញត្ត ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវអនាបត្តិ ថាជាអនាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវអាបត្តិ ថាជាអាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវលហុកាបត្តិ ថាជាលហុកាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវគរុកាបត្តិ ថាជាគរុកាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវសាវសេសាបត្តិ ថាជាសាវសេសាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវអនវសេសាបត្តិ ថាជាអនវសេសាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ ភិក្ខុមិនលំអៀងដោយឆន្ទាគិត ដោយអាការយ៉ាងនេះ។
[១៨៧] ភិក្ខុជាវិន័យធរ មិនលំអៀងដោយទោសាគតិ តើដូចម្តេច។ ភិក្ខុកាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា មិនលំអៀងដោយទោសាគតិ កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា មិនលំអៀងដោយទោសាគតិ។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយទោសាគតិ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយទោសាគតិ ភិក្ខុមិនលំអៀងដោយទោសាគតិ ដោយអាការយ៉ាងនេះ។
[១៨៨] ភិក្ខុជាវិន័យធរ មិនលំអៀងដោយមោហាគតិ តើដូចម្តេច។ ភិក្ខុកាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា មិនលំអៀងដោយមោហាគតិ សំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា មិនលំអៀងដោយមោហាគតិ។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយមោហាគតិ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយមោហាគតិ ភិក្ខុមិនលំអៀងដោយមោហាគតិ ដោយអាការយ៉ាងនេះ។
[១៨៩] ភិក្ខុជាវិន័យធរ មិនលំអៀងដោយភយាគតិ តើដូចម្តេច។ ភិក្ខុកាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា មិនលំអៀងដោយភយាគតិ កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា មិនលំអៀងដោយភយាគតិ។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា លំអៀងដោយភយាគតិ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយភយាគតិ ភិក្ខុមិនលំអៀងដោយភយាគតិ ដោយអាការយ៉ាងនេះ។
[១៩០] បុគ្គលណា មិនប្រព្រឹត្តកន្លងនូវធម៌ ព្រោះសេចក្តីស្រឡាញ់ ព្រោះស្អប់ ព្រោះខ្លាច ព្រោះវង្វេង យសសក្តិ៍របស់បុគ្គលនោះឯង រមែងពេញបរិបូណ៌ ដូចព្រះចន្ទក្នុងសុក្កប័ក្ខ គឺចំណែកខាងខ្នើត។
[១៩១] សួរថា ភិក្ខុជាវិន័យធរ ពន្យល់ក្នុងទីដែលគួរពន្យល់នោះ តើដូចម្តេច។ ឆ្លើយថា ភិក្ខុជាវិន័យធរ កាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា ពន្យល់ក្នុងទីដែលគួរពន្យល់ កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា ពន្យល់ក្នុងទីដែលគួរពន្យល់។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា ពន្យល់ក្នុងទីដែលគួរពន្យល់ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា ពន្យល់ក្នុងទីដែលគួរពន្យល់ ភិក្ខុជាវិន័យធរ ពន្យល់ក្នុងទីដែលគួរពន្យល់ ដោយអាការយ៉ាងនេះ។
[១៩២] សួរថា ភិក្ខុជាវិន័យធរ ពិចារណាក្នុងទីដែលគួរពិចារណា តើដូចម្តេច។ ឆ្លើយថា ភិក្ខុជាវិន័យធរ កាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា ពិចារណាក្នុងទីដែលគួរពិចារណា កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា ពិចារណាក្នុងទីដែលគួរពិចារណា។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា ពិចារណាក្នុងទីដែលគួរពិចារណា កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា ពិចារណាក្នុងទីដែលគួរពិចារណា ភិក្ខុពិចារណាក្នុងទីដែលគួរពិចារណា ដោយអាការយ៉ាងនេះ។
[១៩៣] សួរថា ភិក្ខុសំឡឹងមើលក្នុងទីគួរសំឡឹង តើដូចម្តេច។ ឆ្លើយថា ភិក្ខុកាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា សំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា សំឡឹងមើល ក្នុងទីដែលគួរសំឡឹងមើល។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា សំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា សំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល ភិក្ខុសំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល ដោយអាការយ៉ាងនេះ។
[១៩៤] សួរថា ភិក្ខុញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លាក្នុងទីដែលគួរជ្រះថ្លា តើដូចម្តេច។ ឆ្លើយថា ភិក្ខុកាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លាក្នុងទីដែលគួរជ្រះថ្លា កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លាក្នុងទីដែលគួរជ្រះថ្លា ភិក្ខុញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ដោយអាការយ៉ាងនេះ។
[១៩៥] សួរថា ភិក្ខុមើលងាយនូវពួកភិក្ខុដទៃ ដោយគិតថា អាត្មាអញ បានបក្ខពួកហើយ តើដូម្តេច។ ឆ្លើយថា ភិក្ខុពួកមួយ ក្នុងសាសនានេះ ជាអ្នកបានបក្ខពួក បានបរិវារ មានបក្ខពួក មានញាតិ ហើយមើលងាយបុគ្គលនោះថា បុគ្គលនេះ មិនបានបក្ខពួក មិនបានបរិវារ គ្មានបក្ខពួក គ្មានញាតិទេ ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុមើលងាយនូវបក្ខពួកដទៃ ដោយគិតថា អាត្មាអញ បានបក្ខពួក ដោយអាការយ៉ាងនេះ។
[១៩៦] សួរថា ភិក្ខុមើលងាយនូវបុគ្គលដែលចេះដឹងតិច ដោយគិតថា អាត្មាអញ ជាអ្នកចេះដឹងច្រើន តើដូម្តេច។ ឆ្លើយថា ភិក្ខុពួកមួយ ក្នុងសាសនានេះ ជាអ្នកចេះដឹងច្រើន ចាំនូវសុត្តៈ សន្សំនូវសុត្តៈ រមែងមើលងាយបុគ្គលអ្នកចេះដឹងតិចនោះថា បុគ្គលនេះ ស្តាប់តិច ជាអ្នកចេះដឹងនិកាយតិច ចាំតិច ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុមើលងាយនូវបុគ្គលដែលចេះដឹងតិច ដោយគិតថា អាត្មាអញ ជាអ្នកចេះដឹងច្រើន ដោយអាការយ៉ាងនេះ។
[១៩៧] សួរថា ភិក្ខុមើលងាយភិក្ខុដែលខ្ចីជាង ដោយគិតថា អាត្មាអញ ជាថេរៈចាស់ជាង តើដូម្តេច។ ឆ្លើយថា ភិក្ខុពួកមួយ ក្នុងសាសនានេះ ជាថេរៈ ជាអ្នកដឹងរាត្រី (វែង) បួសមកជាយូរហើយ រមែងមើលងាយភិក្ខុខ្ចីនោះថា ភិក្ខុនេះនៅខ្ចី មិនសូវល្បីល្បាញ ជាអ្នកចេះដឹងតិច មិនចេះច្បាប់ទម្លាប់ អាត្មាអញ នឹងមិនធ្វើតាមពាក្យរបស់ភិក្ខុនេះទេ ដូច្នេះ ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុមើលងាយភិក្ខុខ្ចីជាង ដោយគិតថា អាត្មាអញ ជាថេរៈចាស់ជាង ដោយអាការយ៉ាងនេះ។
[១៩៨] ពាក្យថា កុំពោលនូវហេតុដែលមិនទាន់មកដល់ គឺកុំនិយាយនូវពាក្យដែលមិនទាន់ធ្លាក់ដល់មក។ ពាក្យថា កុំគប្បីញុំាងហេតុ ដែលដល់មកហើយ ឲ្យសាបសូន្យចាកធម៌ ចាកវិន័យ គឺបានដល់សង្ឃ ដែលប្រជុំគ្នាដើម្បីសេចក្តីណា កុំគប្បីញុំាងសេចក្តីនោះ ឲ្យសាបសូន្យចាកធម៌ ចាកវិន័យឡើយ។
[១៩៩] ពាក្យថា ដោយធម៌ណា គឺដោយវត្ថុដែលពិតប្រាកដ។ ពាក្យថា ដោយវិន័យណា គឺដាស់តឿនក្រើនរំលឹក។ ពាក្យថា ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាណា គឺដោយញត្តិសម្បទាន និងអនុស្សាវនសម្បទា។ ពាក្យថា អធិករណ៍រម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាណា គប្បីរម្ងាប់អធិករណ៍នោះ ដោយធម៌នោះៗ សេចក្តីថា វិន័យធរគប្បីសួរអ្នកចោទថា ម្នាលអាវុសោ លោកឃាត់បវារណារបស់ភិក្ខុនោះ ដោយហេតុណា លោកឃាត់បវារណានោះ ដោយហេតុអ្វី លោកឃាត់ដោយសីលវិបត្តិ ឬឃាត់ដោយអាចារវិបត្តិ ឬក៏ឃាត់ដោយទិដ្ឋិវិបត្តិ។ បើអ្នកចោទនោះ និយាយយ៉ាងនេះថា ខ្ញុំឃាត់ដោយសីលវិបត្តិផង ឃាត់ដោយអាចារវិបត្តិផង ឃាត់ដោយទិដ្ឋិវិបត្តិផង។ វិន័យធរ ត្រូវនិយាយនឹងភិក្ខុអ្នកចោទនោះយ៉ាងនេះថា ចុះលោកដ៏មានអាយុស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិដែរឬ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិដែរ។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទនោះ យ៉ាងនេះថា ម្នាលអាវុសោ ចុះសីលវិបត្តិដូចម្តេច អាចារវិបត្តិដូចម្តេច ទិដ្ឋិវិបត្តិដូចម្តេច។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា បារាជិក៤ សង្ឃាទិសេស១៣នេះ ហៅថាសីលវិបត្តិ ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ ទុក្កដ ទុព្ភាសិត នេះហៅថា អាចារវិបត្តិ មិច្ឆាទិដ្ឋិ និងអន្តគ្គាហិកាទិដ្ឋិ នេះហៅថា ទិដ្ឋិវិបត្តិ។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទយ៉ាងនេះថា ម្នាលអាវុសោ លោកឃាត់បវារណារបស់ភិក្ខុនេះ ដោយហេតុណា លោកឃាត់ដោយបានឃើញ ឬឃាត់ដោយបានឮ ឬក៏ឃាត់ដោយបានរង្កៀស។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ខ្ញុំឃាត់ដោយបានឃើញផង ឃាត់ដោយបានឮផង ឃាត់ដោយបានរង្កៀសផង។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទយ៉ាងនេះថា ម្នាលអាវុសោ លោកឃាត់បវារណារបស់ភិក្ខុនេះ ដោយបានឃើញ ដោយហេតុណា លោកបានឃើញដូចម្តេចខ្លះ លោកបានឃើញអំពីហេតុដូចម្តេច លោកបានឃើញពីកាលណា លោកបានឃើញក្នុងទីណា កាលភិក្ខុនេះត្រូវអាបត្តិបារាជិក លោកបានឃើញដែរឬ កាលត្រូវសង្ឃាទិសេស លោកបានឃើញដែរឬ កាលត្រូវថុល្លច្ច័យ លោកបានឃើញដែរឬ កាលត្រូវបាចិត្តិយៈ លោកបានឃើញដែរឬ កាលត្រូវបាដិទេសនីយៈ លោកបានឃើញដែរឬ កាលត្រូវទុក្កដ លោកបានឃើញដែរឬ កាលត្រូវទុព្ភាសិត លោកបានឃើញដែរឬ ចុះលោកនៅក្នុងទីណា ចំណែកភិក្ខុនេះ នៅត្រង់ទីណា លោកកំពុងធ្វើអ្វី ភិក្ខុនេះកំពុងធ្វើអ្វី។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនបានឃាត់បវារណារបស់ភិក្ខុនេះ ដោយបានឃើញទេ ខ្ញុំឃាត់បវារណាដោយគ្រាន់តែបានឮទេ។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ អ្នកឃាត់បវារណារបស់ភិក្ខុនេះ ដោយបានឮ ដោយហេតុណា លោកបានឮដូចម្តេចខ្លះ លោកបានឮដោយហេតុដូចម្តេច លោកបានឮពីកាលណា លោកបានឮក្នុងទីណា លោកបានឮថា ភិក្ខុនេះត្រូវបារាជិក ឬលោកបានឮថា ភិក្ខុនេះ ត្រូវសង្ឃាទិសេស លោកបានឮថា ភិក្ខុនេះត្រូវថុល្លច្ច័យ លោកបានឮថា ភិក្ខុនេះត្រូវបាចិត្តិយៈ លោកបានឮថា ភិក្ខុនេះត្រូវបាដិទេសនីយៈ លោកបានឮថា ភិក្ខុនេះត្រូវទុក្កដ លោកបានឮថា ភិក្ខុនេះត្រូវទុព្ភាសិត លោកបានឮពាក្យភិក្ខុ លោកបានឮពាក្យភិក្ខុនី លោកបានឮពាក្យសិក្ខមានា លោកបានឮពាក្យសាមណេរ លោកបានឮពាក្យសាមណេរី លោកបានឮពាក្យឧបាសក លោកបានឮពាក្យឧបាសិកា លោកបានឮព្រះបន្ទូលនៃពួកស្តេច លោកបានឮពាក្យនៃពួករាជមហាមាត្រ លោកបានឮពាក្យនៃពួកតិរ្ថិយ ឬបានឮពាក្យនៃពួកសាវ័ករបស់តិរ្ថិយ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនបានឃាត់បវារណារបស់ភិក្ខុនេះ ដោយបានឮទេ ខ្ញុំឃាត់បវារណា ដោយគ្រាន់តែរង្កៀសទេ។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ លោកឃាត់បវារណារបស់ភិក្ខុនេះ ដោយរង្កៀស ដោយហេតុណា លោករង្កៀសដោយហេតុដូចម្តេចខ្លះ លោករង្កៀសអំពីហេតុដូចម្តេច លោករង្កៀសពីកាលណា លោករង្កៀសក្នុងទីណា លោករង្កៀសថា ភិក្ខុនេះត្រូវបារាជិក ឬលោករង្កៀសថា ភិក្ខុនេះ ត្រូវសង្ឃាទិសេស លោករង្កៀសថា ភិក្ខុនេះត្រូវថុល្លច្ច័យ លោករង្កៀសថា ភិក្ខុនេះត្រូវបាចិត្តិយៈ លោករង្កៀសថា ភិក្ខុនេះត្រូវបាដិទេសនីយៈ លោករង្កៀសថា ភិក្ខុនេះត្រូវទុក្កដ លោករង្កៀសថា ភិក្ខុនេះត្រូវទុព្ភាសិត លោករង្កៀស ព្រោះឮពាក្យភិក្ខុ លោករង្កៀស ព្រោះឮពាក្យភិក្ខុនី លោករង្កៀស ព្រោះឮពាក្យសិក្ខមានា លោករង្កៀស ព្រោះឮពាក្យសាមណេរ លោករង្កៀស ព្រោះឮពាក្យសាមណេរី លោករង្កៀស ព្រោះឮពាក្យឧបាសក លោករង្កៀស ព្រោះឮពាក្យឧបាសិកា លោករង្កៀស ព្រោះឮព្រះបន្ទូលនៃពួកស្តេច លោករង្កៀស ព្រោះឮពាក្យ នៃពួកមហាមាត្ររបស់ស្តេច លោករង្កៀស ព្រោះឮពាក្យនៃពួកតិរ្ថិយ ឬលោករង្កៀស ព្រោះឮពាក្យពួកសាវ័កនៃតិរ្ថិយ។
[២០០] ហេតុដែលអ្នកចោទបានឃើញ សមដោយហេតុដែលបានឃើញមែន វិន័យធរគប្បីប្រៀបធៀបនូវហេតុដែលអ្នកចោទបានឃើញ ដោយហេតុដែលបានឃើញ (នោះ) ភិក្ខុអ្នកជាប់ចោទមិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យនូវហេតុ ដែលអ្នកចោទបានឃើញនៅឡើយទេ ឈ្មោះថា អ្នកចោទមានសេចក្តីរង្កៀសមិនបរិសុទ្ធ (រង្កៀសគ្មានមូល) វិន័យធរ គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញារបស់បុគ្គល គឺភិក្ខុជាអ្នកជាប់ចោទនោះ ហើយធ្វើបវារណាជាមួយនឹងភិក្ខុនោះចុះ។ ហេតុដែលអ្នកចោទបានឮ សមដោយហេតុដែលបានឮមែន វិន័យធរគប្បីប្រៀបធៀបនូវហេតុដែលអ្នកចោទបានឮ ដោយហេតុដែលបានឮ (នោះ) ភិក្ខុអ្នកជាប់ចោទនោះ មិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យនូវហេតុ ដែលអ្នកចោទបានឮនៅឡើយទេ ឈ្មោះថា អ្នកចោទមានសេចក្តីរង្កៀសមិនបរិសុទ្ធ វិន័យធរ គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញារបស់បុគ្គល គឺភិក្ខុអ្នកជាប់ចោទនោះ ហើយគប្បីធ្វើបវារណាជាមួយនឹងភិក្ខុនោះចុះ។ ហេតុដែលអ្នកចោទបានប៉ះពាល់ សមដោយហេតុដែលបានប៉ះពាល់មែន វិន័យធរគប្បីប្រៀបធៀបនូវហេតុដែលអ្នកចោទបានប៉ះពាល់ ដោយហេតុដែលបានប៉ះពាល់ (នោះ) ភិក្ខុអ្នកជាប់ចោទនោះ មិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យនូវហេតុ ដែលអ្នកចោទបានប៉ះពាល់នៅឡើយទេ ឈ្មោះថា អ្នកចោទ មានសេចក្តីរង្កៀសមិនបរិសុទ្ធ វិន័យធរ គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញារបស់បុគ្គល គឺភិក្ខុអ្នកជាប់ចោទនោះ ហើយគប្បីធ្វើបវារណា ជាមួយនឹងភិក្ខុនោះចុះ។
[២០១] ត្រង់ពាក្យថា អ្នកបានឃើញដូចម្តេច គឺបានដល់ពាក្យសួរថាដូចម្តេច ត្រង់ពាក្យថា អ្នកបានឃើញអំពីហេតុដូចម្តេច គឺបានដល់ពាក្យសួរថាដូចម្តេច ត្រង់ពាក្យថា អ្នកបានឃើញពីកាលណា គឺបានដល់ពាក្យសួរថាដូចម្តេច ត្រង់ពាក្យថា អ្នកបានឃើញក្នុងទីណា គឺបានដល់ពាក្យសួរថាដូចម្តេច។
[២០២] ត្រង់ពាក្យដែលថា បានឃើញដូចម្តេច គឺបានដល់វត្ថុបុច្ឆា១ វិបត្តិបុច្ឆា១ អាបត្តិបុច្ឆា១ អជ្ឈាចារបុច្ឆា១។ ត្រង់ពាក្យថា វត្ថុបុច្ឆា គឺបានដល់ពាក្យសួរ អំពីវត្ថុនៃបារាជិក៨ សួរវត្ថុនៃសង្ឃាទិសេស២៣ សួរវត្ថុនៃអនិយតៈ២ សួរវត្ថុនៃនិស្សគ្គិយៈ៤២ សួរវត្ថុនៃបាចិត្តិយៈ១៨៨ សួរវត្ថុនៃបាដិទេសនីយៈ១២ សួរវត្ថុនៃទុក្កដទាំងឡាយ សួរវត្ថុនៃទុព្ភាសិតទាំងឡាយ។ ត្រង់ពាក្យថា វិបត្តិបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីសីលវិបត្តិ សួរអំពីអាចារវិបត្តិ សួរអំពីទិដ្ឋិវិបត្តិ សួរអំពីអាជីវវិបត្តិ។ ត្រង់ពាក្យថា អាបត្តិបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីអាបត្តិបារាជិក សួរអំពីអាបត្តិសង្ឃាទិសេស សួរអំពីអាបត្តិថុល្លច្ច័យ សួរអំពីអាបត្តិបាចិត្តិយៈ សួរអំពីអាបត្តិបាដិទេសនីយៈ សួរអំពីអាបត្តិទុក្កដ សួរអំពីអាបត្តិទុព្ភាសិត។ ត្រង់ពាក្យថា អជ្ឈាចារបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីការប្រសព្វរបស់ជនពីរៗនាក់។
[២០៣] ត្រង់ពាក្យថា លោកបានឃើញអំពីហេតុដូចម្តេច គឺបានដល់លិង្គបុច្ឆា១ ឥរិយាបថបុច្ឆា១ អាការបុច្ឆា១ វិប្បការបុច្ឆា១។ ត្រង់ពាក្យថា លិង្គបុច្ឆានោះ គឺបានដល់ពាក្យសួរ អំពីភេទខ្ពស់ ឬទាប ខ្មៅ ឬស។ ត្រង់ពាក្យថា ឥរិយាបថបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីបុគ្គលដើរ ឬឈរ អង្គុយ ឬដេក។ ត្រង់ពាក្យថា អាការបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីភេទគ្រហស្ថ ឬភេទតិរ្ថិយ ឬភេទបព្វជិត។ ត្រង់ពាក្យថា វិប្បការបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីបុគ្គលកំពុងដើរ ឬឈរ កំពុងអង្គុយ ឬដេក។
[២០៤] ត្រង់ពាក្យថា លោកបានឃើញពីកាលណា គឺបានដល់កាលបុច្ឆា១ សមយបុច្ឆា១ ទិវសបុច្ឆា១ ឧតុបុច្ឆា១។ ត្រង់ពាក្យថា កាលបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីពេលព្រឹក ឬពេលថ្ងៃត្រង់ ឬថ្ងៃរសៀល។ ត្រង់ពាក្យថា សមយបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីសម័យព្រឹក ឬសម័យថ្ងៃត្រង់ ឬក៏សម័យថ្ងៃរសៀល។ ត្រង់ពាក្យថា ទិវសបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីវេលាមុនភត្ត វេលាក្រោយភត្ត វេលាយប់ វេលាថ្ងៃ ខាងរនោច ឬខ្នើត។ ត្រង់ពាក្យថា ឧតុបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីហេមន្តរដូវ គិម្ហរដូវ ឬវស្សានរដូវ។
[២០៥] ត្រង់ពាក្យថា លោកបានឃើញក្នុងទីណា គឺបានដល់ឋានបុច្ឆា១ ភូមិបុច្ឆា១ ឱកាសបុច្ឆា១ បទេសបុច្ឆា១។ ត្រង់ពាក្យថា ឋានបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីភូមិ ប្រឋពី ធរណី ឬផែនដី។ ត្រង់ពាក្យថា ភូមិបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីភូមិ ភ្នំ ថ្ម ឬប្រាសាទ។ ត្រង់ពាក្យថា ឱកាសបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីឱកាស ខាងកើត ឱកាសខាងលិច ឱកាសខាងជើង ឱកាសខាងត្បូង។ ត្រង់ពាក្យថា បទេសបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីប្រទេសខាងកើត ឬប្រទេសខាងលិច ប្រទេសខាងជើង ឬប្រទេសខាងត្បូង។
ចប់ មហាសង្គាម។
ឧទ្ទាន គឺបញ្ជីរឿងនៃមហាសង្គាមនោះ ដូច្នេះ
[២០៦] និយាយអំពីភិក្ខុត្រូវស្គាល់វត្ថុ១ ស្គាល់និទាន១ ស្គាល់អាការ១ ស្គាល់ពាក្យខាងដើម និងពាក្យខាងចុង១ ស្គាល់កម្មដែលគួរធ្វើ និងមិនគួរធ្វើ១ ស្គាល់កម្ម១ ស្គាល់អធិករណ៍១ ស្គាល់សមថៈ១ មិនលំអៀងទៅខាងឆន្ទាគតិ១ ទោសាគតិ១ មោហាគតិ១ ភយាគតិ១ ពន្យល់បុគ្គលដទៃឲ្យយល់ក្នុងទីដែលគួរពន្យល់១ ពិចារណាក្នុងទីដែលគួរពិចារណា១ សំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល១ ញុំាងបរិសទ្យឲ្យជ្រះថ្លាក្នុងទីដែលគួរជ្រះថ្លា១ មើលងាយពួកដទៃ ដោយគិតថា អាត្មាអញបានបក្ខពួក១ អាត្មាអញ ជាអ្នកចេះដឹងច្រើន១ អាត្មាអញជាថេរៈ១ ពោលហេតុដែលមិនទាន់មកដល់១ កុំញុំាងហេតុដែលមកដល់ហើយ ឲ្យសាបសូន្យ១ រម្ងាប់អធិករណ៍ដោយធម៌ ដោយវិន័យ ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា១ ក្នុងមហាសង្គាម បណ្ឌិតគប្បីដឹងថា (មានសេចក្តី) ប៉ុណ្ណោះឯង។