Jump to content

ម៉ង់តេរីយើ

ពីវិគីភីឌា


ម៉ង់តេរីយើ
Montesquieu
A painting of Montesquieu
កើត18 January 1689
Château de la Brède, La Brède, Aquitaine, France
ស្លាប់10 កុម្ភៈ 1755(1755-02-10) (អាយុ 66 ឆ្នាំ)
Paris, France
សម័យ18th-century philosophy
តំបន់Western Philosophy
SchoolEnlightenment
Main interestsPolitical Philosophy
Notable ideasSeparation of state powers: executive, legislative, judicial; classification of systems of government based on their principles


ម៉ង់តេរីយើ​ ( ១៦៨៩-១៧៥៥ នៃគ.ស.​ ) ជីវប្រវត្តិរបស់ ម៉ង់តេរីយើ​ លោក​​ ម៉ង់តេរីយើ​ ជា​ទស្សនវិទូ​នយោបាយ ជា​អ្នកប្រវត្តិវិទូ ជា​អ្នកនិពន្ធ​​ប្រលោមលោក របស់​បារាំង​ម្នាក់ និង​ត្រូវបាន​គេទទួល​ស្គាល់​ថា ជា​ស្ថាបនិក​មួយ​រូប ខាង​សង្គមវិទ្យា និង​ជាបិតា នៃ​វិទ្យាសាស្រ្ត​​នយោបាយ​ទៀតផង ។ គាត់​កើត​នៅថ្ងៃទី​១៨ ខែ​មករា ឆ្នាំ ១៦៨៩ នៃគ.ស. នៅ​តំបន់​ប្រេដ នៃ​ខែត្រ​ជីរុន​​​​​​​​​​​​​​​​ សាធាណរដ្ឋបារាំង ។ ហើយ​បាន​ទទួល​មរណកាល នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ ១៧៥៥ ក្នុង​ជន្មាយុ ៦៦ ឆ្នាំ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ។ គាត់​ក៏​ធ្លាប់​ជា​ទីប្រឹក្សា​សភា ថែមទាំង​ជា​អ្នកប្រឆាំង​នឹង​ទ្រឹស្តី​របបផ្តាច់ការ​ម្នាក់​ផងដែរ ។ នៅ​ក្នុង​ឆ្នាំ ១៧២៦ គាត់​លះបង់​ការងារ​ទាំងអស់ ដើម្បី​យក​ពេលវេលា ធ្វើ​ការសញ្ជឹង​គិត និង​ធ្វើទៅ​ក្រៅ​ប្រទេស មាន​អ៊ីតាលី ហុងគ្រី ហូឡង់ដ៏ និង​ប្រទេស​អង់គ្លេស​ជាដើម ។ ស្នាដៃ គោលការណ៍​សំខាន់​របស់​គាត់ គឺ​ការ​ផ្គត់ផ្គង់​ច្បាប់ និង​ការ​បែងចែក​អំណាច​ក្នុង​រដ្ឋ ។ ក្នុង​ស្នាដៃ​ដ៏ល្បី ២ របស់ម៉ង់តេរីយើ​នៅក្នុងគំនិតនោបាយគឺ៖

  • ទី ១. ការសិក្សាបញ្ហាកត្តាទូទៅ ដែលកំណត់នៅក្នុងស្នាដៃរបស់គាត់ឈ្មោះ ‍«ឌឺ ស្ពីរីត អហ្ថ ឡរ "The Spirit of Law" (1728-1748)»​ ស្នាដៃ​នេះ​ត្រូវបាន​បោះពុម្ព​ជា​លើកទីមួយនៅ​ក្នុងឆ្នាំ ១៧៤៨ ។ លោក ម៉ង់តេរីយើ​ បានធ្វើ​ការកត់សម្គាល់​ថា ​«មាន​មនុស្ស​ជាច្រើន ដែល​ដឹកនាំ​មនុស្ស​រួមមាន អាកាសធាតុ សាសនា ច្បាប់ និង​គោលការណ៍​នៅ​ក្នុង​អតីតកាល ដូចជា​សីលធម៌ ទំលាប់ ប្រពៃណី លទ្ធផលទាំងអស់នេះ បង្កើត​បានជា​ព្រលឹង​ទូទៅ​របស់​ប្រជាជន »។
  • ទី ២. សមិទ្ធិផល​ដែលលោក ម៉ង់តេរីយើ​ ទទួលបាន​គឺ ទ្រឹស្តី​នៃការបែងចែក​អំណាច។ ស្ថាបនិក​ទាំងអស់​នៃទ្រឹស្តី បែងចែក​អំណាច​នោះ គឺ​អារីស្តូត និង​ផ្លាតូ បន្ទាប់​អាគ្វីនីស និង​ចន ឡុក ។ ទ្រឹស្តី​នេះ គេបានឃើញ​ជា​លើកទីមួយ នៅក្នុង​ក្រឹត្យ​​ច្បាប់​ក្នុង​ប្រទេស​អង់គ្លេស ក្នុង​ដំណាក់កាល​នៃ​ការគ្រប់គ្រង​​ដោយ​ក្រូមវែល ។ លោក ម៉ង់តេរីយើ​ បាន​ឲ្យ​គំនិត​ជា​ទ្រឹស្តីថា «​អំណាច​នយោបាយ តែងតែ​អនុវត្តន៍ រំលោភ​លើច្បាប់ ដូច្នេះ​ច្បាប់កំពូល​អាច​ស្ថិតស្ថេរ​ល្អ​នៅបាន លុះត្រា​តែ​បែងចែក​អំណាច​នោះ ជា​និតិបញ្ញត្តិ និតិប្រតិបត្តិ និង​តុលាការ ហើយ​ធ្វើយ៉ាងណា ដើម្បី​ឲ្យស្ថាប័ន​អំណាច​និមួយៗ មាន​សកម្មភាព​ជា​ឯករាជ្យ ដាចចេញពីគ្នា» ។

គាត់​ធ្លាប់​សិក្សា​ពី​ច្បាប់ តែ​គាត់ហាក់ដូចជា​មិនពេញចិត្ត​ទាល់តែសោះ ពីព្រោះ​គាត់ចង់ស្វែងយល់ ពី​គោលការណ៍​ «ស្ពីរីត» របស់វា ។ ពាក្យថា គោលការណ៍ «ស្ពីរីត» មានន័យថា «ជា​កម្លាំង​ជំរុញ» ឬ​អាចនិយាយបាន​ថា «ជា​និន្នាការ» ដែល​នាំឲ្យ​គេ​ដើរ​ទៅមុខ ។ បើ​យើង​ធ្វើការ​ប្រៀបធៀប​និយមន័យ​ខាងលើ ទៅនឹង​ចំណងជើងសៀវភៅ​ដ៏​ល្បីល្បាញ​របស់គាត់​នោះ គឺ​ចង់និយាយ​ថា ហេតុដូចម្តេច​បានជា​នៅ​ក្នុង​ប្រទេស​​មួយ​មាន​ច្បាប់​ខុសៗ​គ្នា ? ដូចម្តេច​បានជា​ច្បាប់​ខ្លះ មាន​ប្រសិទ្ធិភាព ហើយ​ខ្លះទៀត​គ្មាន ? វណ្ណកម្ម​ដ៏​ធំ​សម្បើម​នេះ ចែកចេញ​ជា ៣១ សៀវភៅ ដែល​បែងចែក​ជា ១៥ ទៅ ២០ ជំពូក ក្នុង​សៀវភៅ​និមួយៗ ។ គេ​ចាត់ទុក​លោក​ជា​នយោបាយវិទូ ពីព្រោះ​ខ្លឹមសារ​សៀវភៅ​របស់គាត់ សុទ្ធសឹង​ធ្វើ​ ការ​សិក្សា​អំពី​របបគ្រប់គ្រង​របស់​រដ្ឋ ។ លោកម៉ង់តេរីយើ​បានដាក់​ចំណងជើងសៀវភៅ​របស់គាត់​ ដោយប្រុងប្រយ័ត្ន មិនឲ្យឃើញ​មានលក្ខណៈនយោបាយ​ទេ ៕

ទ្រឹស្ដី​របស់ ម៉ង់តេរីយើ​

[កែប្រែ]
Lettres familieres a divers amis d'Italie, 1767

ទ្រឹស្តីស្តីអំពីច្បាប់

[កែប្រែ]

លោក ម៉ង់តេរីយើ​ បានឲ្យនិយមន័យ​ចំពោះ​ពាក្យ​ច្បាប់ថា «នៅក្នុង​ន័យទូលំទូលាយ​របស់​វា ច្បាប់​គឺ ទំនាក់ទំនង​ចាំបាច់​ទាំងឡាយ ដែល​ចេញមកពីអ្វី និ​ងអ្វីដែល​នឹង​កើតឡើង ។ គាត់បានអះអាងថា «ច្បាប់ ទំនៀមទំលាប់ ប្រពៃណី និងច្បាប់បញ្ញត្តិនៃគ្រប់ជាតិសាសន៍ទាំងអស់ សុទ្ធតែមានប្រភពកំណើតរបស់ ខ្លួនចេញពីមូលហេតុ ២ យ៉ាង កាយមូលហេតុ និងសីលមូលហេតុ ។

  • ១.កាយមូលហេតុ ជា​មូលហេតុ​ដែល​មានចំណងទាក់ទង​ទៅនឹង​អាកាសធាតុ ទឹកដី ទំហំ ទីតាំង ភូមិសាស្រ្ត និងដង់ស៊ីតេប្រជាជន ។​ ធាតុអាកាស មានឥទ្ធិពល​ទៅលើចរឹត​មនុស្ស ។ ដោយ​មនុស្ស ជាអ្នក​បង្កើតច្បាប់ ដូចនេះ អាកាសធាតុ ក៏មាន​ឥទ្ធិពល​ទៅលើ​ច្បាប់ដែរ ។ ច្បាប់​ដែលកើតចេញ​ពី​ចរឹតមនុស្ស តណ្ហា​មនុស្ស លក្ខណៈ​មនុស្ស គឺ​សុទ្ធតែ​នាំមកជាមួយ​នូវឥទ្ធពល​នៃអាកាសធាតុ ដូច្នេះ សម្រាប់​តំបន់​ពី​ខុសគ្នា ច្បាប់ ក៏មាន​លក្ខណៈ​ខុសគ្នា​ដែរ ។ សង្គម​បែបណា បរិយាកាស​បែបណា ភូមិសាស្រ្ត​បែបណា ប្រវត្តិសាស្រ្ត​បែបណា វប្បធម៌បែបណា មុខជំនាញ​ឯកទេស​បែបណា មនុស្ស​បែបណា នាំឲ្យ​ច្បាប់​ មាន​លក្ខណៈ ​បែបនោះ​ដែរ ។

លោក​បានបញ្ជាក់​ថា «ច្បាប់បញ្ញត្តិ​ទាំងឡាយ មាន​ចំណងទាក់ទង​យ៉ាងជិតស្និទ​បំផុត ទៅនឹង​ ការ​ប៉ិនប្រសប់​នានា ដែល​ប្រជាជនខុសៗ​ គ្នា មានពី​ធម្មជាតិ​ស្រាប់ សម្រាប់​ធ្វើជា​មធ្យោបាយ​ចិញ្ចឹម​ជីវិត» ។ ក្នុង​ចំណោម​កាយមូលហេតុ កត្តាភូមិសាស្រ្ត ក៏ជាមូលហេតុចម្បង នៃ​កំណកំណើត​ច្បាប់ និង​រដ្ឋ ។

  • ២.សីលមូលហេតុ ជា​មូលហេតុ​​ដែលស្តែងឡើង ជា​សកម្មភាពយឺត​បន្តិច បើ​ធៀបទៅនឹង កាយ​មូលហេតុ គឺកើតឡើង នៅពេលដែល​សង្គម​មានការរីកចម្រើន ផ្នែក​អរិយធម៌ ។ ទាក់ទងទៅនឹង​មូលហេតុ ប្រភេទ​នេះ មាន​គោលការណ៍ នៃរបបនយោបាយ ជំនឿ សាសនា សីលធម៌ និងទំនៀមទំលាប់ ប្រពៃណី ។ សីលមូលហេតុ គឺជា​មូលហេតុ នៃ​ស្មារតី ឬ​ព្រលឹង​របស់មនុស្សគ្រប់ៗ​ រូប ។ មូលហេតុ​នេះ មាន​ឥទ្ធិពល ទៅលើការបង្កើតច្បាប់ប្រជាជាតិខ្លាំងជាងកាយមូលហេតុ ។

ប្រភពច្បាប់​ចែកជា​ពីរ៖

  • -ច្បាប់ពិភពរូបវន្ត គឺជាច្បាប់វិទ្យាសាស្រ្ត ច្បាប់ទំនាក់ទំនង និងច្បាប់ពិពណ៌នា ក្នុងពិភពសច្ចៈ ។ ច្បាប់នេះ មិនប្រែប្រួលទេ ហើយថែមទាំងគ្រប់គ្រង លើពិភពរូបធាតុទាំងអស់ទៀតផង ច្បាប់នេះ មានចរឹត ជាច្បាប់ធម្មជាតិ ។
  • -ច្បាប់ពិភពបញ្ញា គឺជាច្បាប់ដែលកើតចេញ ពីសមត្ថភាព នៃខួរក្បាលរបស់មនុស្ស ។ ច្បាប់នេះ មានបង្កប់នូវតំលៃកាតព្វកិច្ច និងបញ្ញត្តិយ៉ាងច្រើន ដែលមានការប្រែប្រួល ព្រោះភាវៈមានបញ្ញាច្រើន​ មានការភាន់ច្រលំ ដោយសារតែឋិតនៅក្រោមតណ្ហារបស់មនុស្ស ។ គាត់ចែកច្បាប់ពិភពបញ្ញា​ ចែកចេញជា ៣ ទៀត គឺ៖ ១.​ច្បាប់សាសនា, ២.ច្បាប់សីលធម៌, ៣.ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី។

ទ្រីស្តី​ស្តីអំពី​របបគ្រប់គ្រងរដ្ឋ

[កែប្រែ]

លោក ម៉ង់តេរីយើ​ បានធ្វើការបែងចែក​របបនយោបាយ​ជា ៣ ប្រភេទ​គឺ

  • ១.របបសាធារណរដ្ឋ គឺជារដ្ឋ របស់ប្រជាជនទាំងមូល ឬមួយផ្នែក ។ លោកបានបែងចែក សាធារណរដ្ឋជាពីរ គឺប្រជាធិបតេយ្យ និងអភិជនាធិបតេយ្យ ។​ ប្រសិនបើសាធារណរដ្ឋ ជារដ្ឋរបស់ប្រជាជនទាំងមូល ផ្គុំគ្នាជាអង្គធំមួយនោះ ជាប្រជាធិបតេយ្យ ។ ប្រសិនបើសាធារណរដ្ឋ ជារដ្ឋរបស់ ប្រជាជនមួយភាគតូចនោះ ជាអភិជនាធិបតេយ្យ ។
  • ២.របបរាជាធិបតេយ្យ ជារដ្ឋរបស់មនុស្សម្នាក់ ដែលស្ថិតនៅ ក្រោមច្បាប់ ដែលមិនប្រែប្រួល និងដែលច្បាប់នោះ បម្រើគោលបំណង តែមនុស្សម្នាក់ខាងលើ ។
  • ៣.របបផ្តាច់ការធិបតេយ្យ ជារបបមនុស្សម្នាក់ ដែលនៅលើច្បាប់ ។

របបនិមួយៗ​ សុទ្ធតែមានគោលការណ៍ របស់វាផ្ទាស់ ។ គោលការណ៍នេះ ជាកម្លាំងជម្រុញ របស់រដ្ឋ ។ លក្ខណៈរបស់រដ្ឋ សំដៅទៅលើរចនាសម្ព័ន្ធ ខាងក្នុងរបស់រដ្ឋ សំដៅការរៀបចំរបស់រដ្ឋ ដោយសាររដ្ឋ និមួយៗ​ មានលក្ខណៈផ្សេងៗ ពីគ្នា បានជារដ្ឋមានឈ្មោះខុសៗ គ្នា ។ លក្ខណៈទាក់ទងទៅនឹងនិយមន័យរបស់រដ្ឋ ហើយបើគ្មានលក្ខណៈនេះទេ គេក៏ពុំអាចសំគាល់បានថា​ ណាមួយជាសាធារណរដ្ឋ ណាមួយជារាជាធិបតេយ្យ និងណាមួយជារបបផ្តាច់ការធិបតេយ្យឡើយ ។ លក្ខណៈដែលទាក់ទងទៅនឹងលក្ខន្តិកៈ របស់រដ្ឋ គឺជាទស្សនទាន របស់រដ្ឋ ។ នៅក្នុងសាធារដ្ឋ ទោះជាប្រជាធិបតេយ្យក្តី ឬជាអភិជនាធិបតេយ្យក្តី គោលការណ៍របស់វា គឺគុណធម៌ ការស្រលាញ់មាតុប្រទេស ស្រលាញ់សមភាព ស្រលាញ់ច្បាប់ ការលះបង់ផលប្រយោជន៍ ខ្លួនឯង ដើម្បីផលប្រយោជន៍ សាធារណៈ ។ នៅក្នុងរបបរាជាធិបតេយ្យ គោលការណ៍របស់វា គឺកិត្តិយស ពោលគឺការចេះគោរពគ្នា ទៅតាមឋានៈក្នុងសង្គម ការស្គាល់នាទីខ្ពស់ទាប នៅក្នុងរបបផ្តាច់ការធិបតេយ្យ គោលការណ៍របស់វា គឺការភ័យខ្លាច ការគោរពដោយគ្មានការតវ៉ា ចំពោះអ្នកដឹកនាំ ។

ទ្រឹស្តីស្តីអំពីអាកាសធាតុ

[កែប្រែ]

លោក ម៉ង់តេរីយើ​ ពិនិត្យឃើញថា អាកាសធាតុមានឥទ្ធិពល ទៅលើចរិតមនុស្ស ហើយដោយសារមនុស្ស ជាអ្នកបង្កើតច្បាប់ ដូច្នេះ ធាតុអាកាស ក៏មានឥទ្ធិពល ទៅលើច្បាប់ដែរ ។

  • ១.ឥទ្ធិពលអាកាសធាតុទៅលើចរិតមនុស្ស

ខ្យល់ត្រជាក់ ធ្វើឲ្យមានកម្លាំង ខ្យល់ក្តៅ បន្ថយកម្លាំង ។ លោក ម៉ង់តេរីយើ​ សរសេរថា « គេមានកម្លាំងកាយ កម្លាំងចិត្ត នៅក្នុងអាកាសធាតុត្រជាក់ គេមានការទុកចិត្តលើខ្លួនឯងជាង គេមានសេចក្តីក្លាហានជាង គេមានចំណង់ សងសឹកតិចជាងគេ មានភាពស្មោះត្រង់ជាង» ។

  • ២.ឥទ្ធិពលអាកាសធាតុទៅលើច្បាប់

ច្បាប់ដែលសម្តែងចេញ ពីចរិតមនុស្ស តណ្ហារបស់មនុស្ស លក្ខណៈរបស់មនុស្ស ក៏មានជាប់ស្នាម ធាតុអាកាស នៅជាមួយដែរ ។ ធាតុអាកាស ក៏មានឥទ្ធិពលទៅលើដី និងទៅលើជីវិតសេដ្ឋកិច្ច ហើយច្បាប់ ក៏មិនដូចគ្នាទេ សម្រាប់ប្រជាជនជាកសិករ ប្រជាជនជាអ្នកប្រមាញ់ និងប្រជាជនជាអ្នកនេសាទ ។ លោក ម៉ង់តេរីយើ​ បានសរសេរថា «ច្បាប់ ត្រូវមានទំនាក់ទំនង ជាមួយនឹងរូបសាស្រ្តរបស់ប្រទេស ធាតុអាកាសត្រជាក់ ក្តៅ ទំហំ របៀបរស់នៅ របស់ប្រជាកសិករ ជាអ្នកប្រមាញ់ ជាអ្នកគង្វាល កម្រិត សេរីភាព ជំនឿរបស់អ្នកស្រុក ធនធានរបស់គេ ទំនៀមរបស់គេ» ។ ដូច្នេះ ពាក្យអាកាសធាតុនេះ លោក ម៉ង់តេរីយើ​ ពិនិត្យមិនត្រឹមតែលក្ខណៈ អាកាសធាតុភូមិសាស្រ្តប៉ុណ្ណោះទេ គឺថែមទាំងលក្ខណៈសេដ្ឋកិច្ច ប្រវត្តិសាស្រ្ត វប្បធម៌ និយាយរួម គ្រប់លក្ខណៈសង្គមសាស្រ្តទាំងអស់ ។ ហេតុនេះហើយ បានជាគេចាត់ទុកលោក ម៉ង់តេរីយើ​ ជាស្ថាបនិកសង្គមវិជ្ជាពិតៗ​ ។

ការវិភាគស្តីអំពីអំណាច

[កែប្រែ]
  • ក) ទ្រឹស្តីនៃការបែងចែកអំណាចបញ្ឈរ

ទ្រឹស្តីនេះ មានន័យថា ត្រូវឲ្យមានការទទួលស្គាល់ អង្គកណ្តាលផ្សេងៗ ដែលស្ថិតនៅចន្លោះ រវាងស្តេច និងប្រជារាស្រ្ត ក្នុងនោះមានវណ្ណៈទាំង ៣ ដែលមាននៅក្នុងរបបចាស់ គឺវណ្ណៈអភិជន សហធម្មិក និងវណ្ណៈផ្សេងៗ ទៀត ។ វណ្ណៈទាំងឡាយ ដែលនៅចន្លោះរវាងស្តេច និងប្រជារាស្ត្រ សម្រាប់ធ្វើជាកម្លាំង ទប់អំណាចរបស់ស្តេច ប៉ុន្តែទ្រឹស្តី នៃការបែងចែកអំណាចបញ្ឈរនេះ មានន័យពេញលេញបាន លុះត្រាតែមាន ទ្រឹស្តី នៃការបែងចែកអំណាចផ្តេក​ មកបង្ក្រប់បន្ថែមដែរ ។

  • ខ) ទ្រឹស្តីនៃការបែងចែកអំណាចផ្តេក

ដើម្បីមានស្ថេរភាព នៅក្នុងសាធារណរដ្ឋ ក៏ដូចជានៅក្នុងរាជានិយម ចាំបាច់ត្រូវតែមាន ការបែងចែកអំណាចរដ្ឋ ព្រោះថា ការបែងចែកអំណាចរដ្ឋ អាចធ្វើឲ្យមានសមាជិក នៃសង្គម ទទួលបាន នូវសេរីភាព សុវត្ថិភាព យុត្តិធម៌ ពិសេស គឺស្ថេរភាពសង្គមតែម្តង ។

លោក ម៉ង់តេរីយើ​ បានបែងចែកអំណាច ដូចខាងក្រោមនេះ

  • ១.អំណាចនិតិបញ្ញត្តិ ជាអំណាចធ្វើច្បាប់ កែច្បាប់ និងលុបច្បាប់ ។ អំណាចនិតិបញ្ញត្តិ ត្រូវប្រគល់ ទៅឲ្យសភាពីរជាន់ ជាអ្នកកានើកាប់ គឺសភាអភិជន (សភាជាន់ខ្ពស់) និងសភាប្រជារាស្ត្រ (សភាជាន់ទាប) ។ ក្រៅពីបង្កើត ឬលុបច្បាប់ អំណាចនេះ នៅមានតូនាទី ជាអ្នកតាមដាន ត្រួតពិនិត្យ ការប្រតិបត្តិ របស់ព្រះរាជា និងមានតួនាទី ជាអ្នកកាត់ក្តី វិនិច្ឆ័យទៅលើសកម្មភាព ប្រតិបត្តិ ក្នុងសង្គមទាំងមូល ។
  • ២.អំណាចនិតិប្រតិបត្តិ ជាអំណាចប្រតិបត្តិ តាមឆន្ទៈ​ របស់អំណាចនិតិបញ្ញត្តិ សម្រាប់រៀបចំ ដឹកនាំសង្គម ទាំងផ្ទៃក្នុងប្រទេស ទាំងលើឆាកអន្តរជាតិ ថែមទាំងជាអំណាច ដែលមានសិទ្ធិប្រកាសសង្គ្រាម និងសន្តិភាព ។ អំណាចនេះ មានបង្កប់នូវចរិត ជាអំណាចនៃច្បាប់អន្តជាតិផងដែរ ។ អំណាចនេះ ត្រូវប្រគល់ ទៅឲ្យព្រះមហាក្សត្រ ជាអ្នកកាន់កាប់ ។ អំណាចនេះ ក្រៅពីការប្រតិបត្តិ គឺនៅមានសិទ្ធិ ជំទាស់ចំពោះ អំណាចនិតិបញ្ញត្តិផងដែរ តាមនិតិវិធី នៃការប្រើសិទ្ធិ របស់ស្តេច ។
  • ៣.អំណាចតុលាការ ជាអំណាចវិនិច្ឆ័យ ដែលត្រូវបានគេប្រើប្រាស់ នៅក្នុងក្របខ័ណ្ឌ នៃច្បាប់រដ្ឋប្បវេណី ។ អំណាចនេះ​ ត្រូវប្រគល់ឲ្យទៅសភាខេត្ត សភាក្រុងនិមួយៗ ដែលកាន់កាប់ អំណាចតុលាការ ។

គោលការណ៍ នៃការបែងចែកអំណាចនេះ គឺធ្វើឡើង ក្នុងគោលបំណង ទប់ស្កាត់មិនឲ្យអំណាច ដែលស្ថិតនៅក្នុងដៃ បុគ្គលណាម្នាក់ នោះអាចនាំទៅរកសេចក្តីវិនាស ដល់ប្រទេសជាតិបាន និងដើម្បីឲ្យទ្រឹស្តី នៃការបែងចែកអំណាចនេះ លុះទៅតាមរូបភាព ជារចនាសម្ព័ន្ធ និងដើម្បីរក្សា នូវតុល្យភាព នៃអំណាចទាំង ៣ របស់រដ្ឋ ។ មួយទៀត គោលដៅ នៃការបែងចែកអំណាចនេះ គឺធ្វើឡើង ដើម្បីប្រឆាំង នឹងរបបរាជានិយមផ្តាច់ការ ហើយសម្របសម្រួល ទំនាស់រវាង របបមូលធននិយម និងពួកវណ្ណៈអភិជន និងជាការគ្រោងទុកជាមុន ដើម្បីការពារគ្រោះថ្នាក់ ជៀសវាងការដណ្តើមយកអំណាចផ្តាច់មុខ ព្រោះលោកយល់ថា «សារជាតិរបស់មនុស្ស បើកាលណា បានអំណាចនៅក្នុងដៃ របស់ខ្លួនហើយ មនុស្សនោះ នឹងតស៊ូ ដើម្បីរក្សាអំណាចនោះ លុះដល់តំណក់ឈាមចុងក្រោយ» ។ ដូច្នេះ ធ្វើយ៉ាងណា ឲ្យអំណាច ទប់ទល់នឹង អំណាច ពីព្រោះមនុស្សទាំងអស់ ដែលមានអំណាច តែងតែមានការប្រើប្រាស់នូវអំណាចទាំងនោះជ្រុលហួស ៕