Jump to content

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ពីវិគីភីឌា

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

[កែប្រែ]

យើង ជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោក ស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា ”កោះសន្តិភាព” ទ្បើងវិញផ្អែកលើប្រព័ន្ធប្រជា ធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្សគោរពច្បាប់ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិឱ្យបានឈានទ្បើងរីកចំរើន លូតលាស់ សម្បូររុងរឿង ជានិច្ចនិរន្តរ៍។ ក្នុងឆន្ទៈមោះមុតនេះ យើងសរសេរចារឹកក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដូចតទៅ៖

ជំពូក​ទី​ ១ អំពី​អធិបតេយ្យ

[កែប្រែ]

មាត្រា​ ១​.-

[កែប្រែ]

ប្រទេស​កម្ពុជា​​ ជា​ព្រះរាជាណាចក្រ​ ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ​ និង​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស

ព្រះរាជាណាចក្រ​កម្ពុជា​ ជា​រដ្ឋ​ឯករាជ្យ​ អធិបតេយ្យ​ សន្តិភាព​ អព្យាក្រឹត​ អចិន្ត្រៃយ៍​ មិន​ចូល​បក្ស​សម្ព័ន្ធ។

មាត្រា​ ២​.-

[កែប្រែ]

បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​​ ក្នុង​ផែនទី​ខ្នាត​ ១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ ឆ្នាំ ១៩៦៣-១៩៦៩។

មាត្រា​ ៣​.-

[កែប្រែ]

ព្រះរាជាណាចក្រ​កម្ពុជា​ ជា​រដ្ឋ​ដែល​មិន​អាច​បំបែក​បាន។

មាត្រា​ ៤​.-

[កែប្រែ]

បាវចនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​:ប្រទេស ជាតិសាសនាព្រះមហាក្សត្រ

មាត្រា​ ៥​.-

[កែប្រែ]

ភាសា​ និង​អក្សរ​ ដែល​ប្រើ​ជា​ផ្លូវ​ការ​គឺ​ ភាសា​ និង​អក្សរ​ខ្មែរ

មាត្រា​ ៦​.-

[កែប្រែ]

ភ្នំពេញ​ ជា​រាជធានី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ទង់ជាតិ​ ភ្លេង​ជាតិ​ និង​ សញ្ញា​ជាតិ​ មាន​កំណត់​នៅ​ក្នុង​ឧបសម្ព័ន្ធ​ ១, ២​ និង​ ៣។

ជំពូក​ទី​ ២ អំពី​ព្រះមហាក្សត្រ

[កែប្រែ]

មាត្រា​ ៧​.-

[កែប្រែ]

ព្រះមហាក្សត្រ​កម្ពុជា​ ទ្រង់​គ្រងរាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ។

ព្រះមហាក្សត្រ​ ទ្រង់​ជា​ព្រះ​ប្រមុខ​រដ្ឋ​មួយ​ជីវិត។

អង្គ​ព្រះមហាក្សត្រ​ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។

មាត្រា​ ៨​.-

[កែប្រែ]

ព្រះមហាក្សត្រ​ ព្រះ​អង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ និង​ និរន្តរ៍ភាព​ជាតិ។

ព្រះមហាក្សត្រ​ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរាណ​ភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ជា​​អ្នក​ធានា​ការ​គោរព​សិទ្ធិ​ និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ​ និង ​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។

មាត្រា​ ៩​.-

[កែប្រែ]

ព្រះមហាក្សត្រ​ ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​​ជា​អាជ្ញា​កណ្ដាល​ ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀងទាត់។

មាត្រា​ ១០.-

[កែប្រែ]

របប​រាជានិយម​កម្ពុជា​ ជា​របប​ជ្រើស​តាំង។ ព្រះមហាក្សត្រ​ទ្រង់​ឥត​មាន​ព្រះរាជ​អំណាច​ចាត់​តាំង​ព្រះ​រជ្ជទាយាទ​ សម្រាប់​គ្រងរាជ្យ​សម្បត្តិ​ឡើយ។

មាត្រា​ ១១​ ថ្មី.-

[កែប្រែ]

ក្នុង​ករណី​ដែល​ព្រះមហាក្សត្រ​ ពុំ​អាច​បំពេញ​ព្រះរាជ​ភារៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ​បាន​ដូច​ធម្មតា​ ដោយ​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់​ មាន​ការ​បញ្ជាក់​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ ជ្រើស​រើស​ដោយ​​ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា និង​ នាយករដ្ឋមន្ត្រី នោះ​ប្រធាន​ព្រឹទ្ធសភា បំពេញ​ភារកិច្ច​ប្រមុខ​រដ្ឋ​ជំនួស​ព្រះ​អង្គ​ក្នុង​ឋានៈ​ជា​ ព្រះរាជានុសិទ្ធិ។

ក្នុង​ករណី​ដែល​ប្រធាន​​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ជំនួស​ ព្រះមហាក្សត្រ​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​ ពេល​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់​ ដូច​មាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​ខាង​លើ​ ប្រធាន​រដ្ឋសភា​ជា​អ្នក​បំពេញ​ភារកិច្ច​នេះ។

តំណែង​ជា​ប្រមុខរដ្ឋ​ ជំនួស​ព្រះមហាក្សត្រ​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​នេះ​ អាច​នឹង​ដូរ​ឥស្សរជន​ផ្សេង​ទៀត​ ក្នុង​ករណី​ដូច​ដែល​បាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​ខាង​លើ​ តាម​ឋានានុក្រម​ដូច​ត​ទៅ​:

ក-អនុប្រធាន​ទី​ ១​ ព្រឹទ្ធសភា
ខ-អនុប្រធាន​ទី​ ១​ រដ្ឋសភា
គ-អនុប្រធាន​ទី​ ២​ ព្រឹទ្ធសភា
ឃ-អនុប្រធាន​ទី​ ២​ រដ្ឋសភា

មាត្រា​ ១២​ ថ្មី.-​

[កែប្រែ]

នៅ​ពេល​ព្រះមហាក្សត្រ​ទ្រង់​ចូល​ទីវង្គត​ ប្រធាន​ព្រឹទ្ធសភា​ទទួល​ភារកិច្ច​ជា​ប្រមុខរដ្ឋ​ស្ដី​ទី​ ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ជំនួស​ ព្រះមហាក្សត្រ​ ក្នុង​ពេល​ព្រះអង្គ​ចូល​ទិវង្គត​ ការ​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​ ត្រូវ​អនុវត្ត​តាម​វាក្យខ័ណ្ឌ​ទី​ ២​ និង​ ទី​ ៣​ នៃ​មាត្រា​ ១១​ ថ្មី។

មាត្រា​ ១៣​ ថ្មី.-

[កែប្រែ]

ក្នុង​រយៈវេលា​ ៧​ ថ្ងៃ​យ៉ាង​យូរ​ ព្រះមហាក្សត្រ​ថ្មី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សា​រាជ្យ​សម្បត្តិ

សមាសភាព​នៃ​ក្រុមប្រឹក្សា​រាជ្យ​សម្បត្តិ​មាន​:

ការ​រៀបចំ​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​រាជ្យសម្បត្តិ​ នឹង​មាន​កំណត់​ក្នុង​ច្បាប់​មួយ។

មាត្រា​ ១៤.-

[កែប្រែ]

ត្រូវ​បាន​ជ្រើសរើស​ជា​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សមាជិក​នៃ​ព្រះរាជវង្សានុវង្ស​ខ្មែរ​ ដែល​មាន​ព្រះ​ជន្មាយុ​យ៉ាង​តិច​ ៣០​ ព្រះវស្សា​ហើយ​ដែល​ជា​ព្រះរាជ​បច្ឆាញាតិ​ នៃ​ព្រះមហាក្សត្រ​ អង្គឌួង​ ឬ​ ព្រះមហាក្សត្រ​ នរោត្តម​ ឬ​ ក៏​ព្រះមហាក្សត្រ​ ស៊ីសុវត្ថិ

មុន​ចូល​គ្រង​រាជ្យសម្បត្តិ​ ព្រះមហាក្សត្រ​ទ្រង់​ថ្លែង​សច្ចា​ប្រណិធាន​ ដូច​មាន​ចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​ ៤។

មាត្រា​ ១៥.-

[កែប្រែ]

ព្រះជាយា​នៃ​ព្រះមហាក្សត្រ​ មាន​ព្រះរាជ​ឋានៈ​ជា​ព្រះមហេសី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា​ ១៦.-

[កែប្រែ]

ព្រះមហេសី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពុំ​មាន​​ព្រះរាជ​សិទ្ធិ​ធ្វើ​នយោបាយ​ទទួល​តួនាទី​ជា​អ្នក​ដឹក​នាំ​រដ្ឋ​ ឬ​ជា​អ្នក​ដឹក​នាំ​រាជរដ្ឋាភិបាល​ ឬ​ទទួល​តួ​នាទី​រដ្ឋបាល​ ឬ​នយោបាយ​ឡើយ។

ព្រះមហេសី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទុក​ព្រះរាជ​កាយពល​បំពេញ​ព្រះរាជ​ភារៈ​បំរើ​ប្រយោជន៍​សង្គម​ មនុស្ស​ធម៌​ សាសនា​ និង​ ជួយ​ព្រះមហាក្សត្រ​ក្នុង​ព្រះរាជ​កាតព្វកិច្ច​ផ្នែក​ពិធីការ​ និង​ ការ​ទូត។

មាត្រា​ ១៧.-

[កែប្រែ]

ប្រការ​​ដែល​ព្រះមហាក្សត្រ​ ទ្រង់​គ្រង​រាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ​ ហើយ​ដែល​មាន​ចែង​ក្នុង​​វាក្យខ័ណ្ឌ​ទី​ ១​ នៃ​មាត្រា​ ៧​ នៃ​រដ្ឋធម្មនុញ្ញ​នេះ​ មិន​អាច​សុំ​កែ​ប្រែ​បាន​ជា​ដាច់ខាត។

មាត្រា​ ១៨​ ថ្មី.-

[កែប្រែ]

ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​ទាក់ទង​ជាមួយ​ព្រឹទ្ធសភា​ និង​រដ្ឋសភា​ដោយ​ព្រះរាជសារ។

ព្រះរាជសារ​នេះ​ ព្រឹទ្ធសភា​ និង​ រដ្ឋសភា​ មិន​អាច​យក​ទៅ​ជជែក​ពិភាក្សា​ឡើយ។

មាត្រា​ ១៩​ ថ្មី.-

[កែប្រែ]

ព្រះមហាក្សត្រ​ទ្រង់​តែងតាំង​​នាយករដ្ឋមន្ត្រី​ និង​ ទ្រង់​តែងតាំង​គណៈរដ្ឋមន្ត្រី​ តាម​បែប​បទ​ដែល​មាន​ចែង​ក្នុង​មាត្រា​ ១១៩​ ថ្មី។

មាត្រា​ ២០.-

[កែប្រែ]

ព្រះមហាក្សត្រ​ទ្រង់​ទទួល​សវនាការ​ជា​ផ្លូវ​ការ​ពីរ​ដង​ក្នុង​មួយ​ខែ​ ឱ្យ​នាយករដ្ឋមន្ត្រី​ និង​ គណៈរដ្ឋមន្ត្រី​ចូល​​គាល់​រាយការណ៍​ទូល​ថ្វាយ​ទ្រង់​ជ្រាប​អំពី​សភាពការណ៍​ នៃ​ប្រទេស​ជាតិ។

មាត្រា​ ២១.-

[កែប្រែ]

តាម​សេចក្ដី​ស្នើ​របស់​គណៈរដ្ឋមន្ត្រី​ ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្ថលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ ផ្លាស់ប្ដូរ​ ឬ​ បញ្ចប់​ភារកិច្ច​មន្ត្រី​ជាន់​ខ្ពស់​ស៊ីវិល​ និង​ យោធា​ ឯក​អគ្គរាជ​ទូត​ និង​ ប្រេសិត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព។

តាម​សេចក្ដី​ស្នើ​របស់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្ថលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ ផ្លាស់ប្ដូរ​ ឬ​ ដក​ចៅក្រម​ផ្នែក​យុត្តាធិការ។

មាត្រា​ ២២​ ថ្មី.-

[កែប្រែ]

នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​​ភាព​អាសន្ន​ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​ នាយករដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ និង​ ប្រធាន​ព្រឹទ្ធសភា។

មាត្រា​ ២៣.-

[កែប្រែ]

ព្រះមហាក្សត្រ​ទ្រង់​ជា​មេ​បញ្ជា​ការ​កំពូល​ នៃ​កង​យោធពល​ខេមរភូមិន្ទ។ អគ្គ​មេ​បញ្ជា​ការ​រង​​កងយោធពលខេមរភូមិន្ទ​ ត្រូវ​បាន​តែងតាំង​ឡើង​ដើម្បី​បញ្ជា​កងយោធពលខេមរភូមិន្ទ​នេះ។

មាត្រា​ ២៤​ ថ្មី.-

[កែប្រែ]

ព្រះមហាក្សត្រ​ទ្រង់​គង់​ជា​ព្រះអធិបតី​ នៃ​ឧត្ដម​ក្រុមប្រឹក្សា​ការពារ​ជាតិ​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់​មួយ។

ព្រះ​មហាក្សត្រ​ទ្រង់​ប្រកាស​សង្គ្រាម​ ក្រោយ​ការ​អនុម័ត​របស់​រដ្ឋ​សភា និង​ព្រឹទ្ធសភា។

មាត្រា​ ២៥​.-

[កែប្រែ]

ព្រះមហាក្សត្រ​ទ្រង់​ទទួល​សារតាំង​ឯកអគ្គរដ្ឋទូត​ ឬ​ ប្រេសិត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ក្រៅ​មក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា​ ២៦​ ថ្មី​.-

[កែប្រែ]

ព្រះ​មហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ និង​ អនុសញ្ញា​អន្តរជាតិ​ ហើយ​ទ្រង់​ប្រទាន​សច្ចាប័ន​លើ​សន្ធិសញ្ញា​ និង​ អនុសញ្ញា​ទាំង​នេះ​ក្រោយ​បាន​ទទួល​ការ​អនុម័ត​យល់​ព្រម​ពី​រដ្ឋសភា​ និង​ ព្រឹទ្ធសភា។

មាត្រា​ ២៧​.-

[កែប្រែ]

ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​សិទ្ធិ​បន្ធូរបន្ថយ​ទោស​ និង ​លើក​លែង​ទោស។

មាត្រា​ ២៨​ ថ្មី​.-

[កែប្រែ]

ព្រះមហាក្សត្រ​ ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ ច្បាប់​ ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​រួច​ហើយ​ និង​ ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះ​រាជក្រឹត្យ​តាម​សេចក្ដី​ស្នើ​សុំ​ពី​ គណៈរដ្ឋមន្ត្រី។

ក្នុង​ពេល​ដែល​ព្រះមហាក្សត្រ​ប្រឈួន​ ហើយ​ត្រូវ​ព្យាបាល​ព្រះ​រោគ​នៅ​បរទេស​ ក្នុង​ពេល​នោះ​ព្រះមហាក្សត្រ​មាន​សិទ្ធិ​ផ្ទេរ​អំណាច​ឡាយ​ព្រះហស្តលេខា​នៅ​ លើ​ព្រះរាជក្រម​ ឬ​ ព្រះរាជក្រឹត្យ​ខាង​លើ​នេះ​ ទៅ​ប្រមុខ​រដ្ឋ​ស្ដី​ទី​ចុះ​ហត្ថលេខា​ជំនួស​ដោយ​ព្រះ​រាជសារ​ប្រគល់​ សិទ្ធិ។

មាត្រា​ ២៩​ ថ្មី​.-

[កែប្រែ]

ព្រះ​មហាក្សត្រ​ ទ្រង់​បង្កើត និង ប្រទាន​គ្រឿង​ឥស្សរិយយស​ជាតិ។

ព្រះ​មហាក្សត្រ​ ទ្រង់​សម្រេច​ប្រទាន​ឋានន្តរសក្ដិ​ ឋានៈ​យោធា និង​ ស៊ីវិល​តាម​ច្បាប់​កំណត់។

មាត្រា​ ៣០ ថ្មី​.-

[កែប្រែ]

ក្នុង​រយៈពេល​​ព្រះមហាក្សត្រ​ទ្រង់​អវត្ដមាន​ ប្រធាន​ព្រឹទ្ធសភា​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី។

ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ជំនួស​ព្រះ​ មហាក្សត្រ​ ពេល​ព្រះ​អង្គ​ទ្រង់​អវត្ដមាន​ ការ​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ ត្រូវ​អនុវត្ត​តាម​វាក្យខ័ណ្ឌ​ទី ​២​ និង​ទី​ ៣​ នៃ​មាត្រា​ ១១ ​ថ្មី។

ជំពូក​ទី​ ៣​ អំពី​​សិទ្ធិ​ និង​ករណីយ​កិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ

[កែប្រែ]

មាត្រា​ ៣១​.-

ព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​ស្គាល់​ និង​ គោរព​សិទ្ធិ​មនុស្ស​ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​ សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​ និង​ កតិកាសញ្ញា​ ព្រម​ទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់​ទង​ទៅ​នឹង​សិទ្ធិមនុស្ស​ សិទ្ធិ​នារី​ និង សិទ្ធិ​កុមារ។

ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​ មាន​សិទ្ធិ​សេរីភាព​ និង​ ករណីយកិច្ច​ដូច​គ្នា​ទាំងអស់​​ ដោយ​ឥត​ប្រកាន់​ពូជសាសន៍​ ពណ៌​សម្បុរ​ ភេទ ​ភាសា​ ជំនឿ​សាសនា​ និន្នាការ​នយោបាយ​ ដើម​កំណើត​ជាតិ​ ឋានៈ​សង្គម​ ធនធាន​ ឬ​ ស្ថានភាព​ឯ​ទៀត​ឡើយ។ ការ​ប្រើ​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​ឡើយ។ ការ​ប្រើ​សិទ្ធិ​សេរីភាព​នេះ​ ត្រូវ​ប្រព្រឹត្ត​តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​ច្បាប់។


មាត្រា​ ៣២​.-

ជន​គ្រប់​រូប​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត​ មាន​សេរីភាព​ និង​មាន​សន្តិសុខ​ផ្ទាល់​ខ្លួន។

ទោស​ប្រហារ​ជីវិត​ មិន​ត្រូវ​ឱ្យ​មាន​ឡើយ។


មាត្រា​ ៣៣​.-

ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ​ និរទេស​ ឬ​​ ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ​ លើក​លែង​តែ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។

ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​រស់នៅ​ឯ​បរទេស​ ត្រូវ​បាន​រដ្ឋ​គាំពារ។

ការ​ទទួល​សញ្ជាតិ​ខ្មែរ​ ត្រូវ​កំណត់​ក្នុង​ច្បាប់។


មាត្រា​ ៣៤​ ថ្មី​.-

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​​ភេទ​មាន​សិទ្ធិ​បោះឆ្នោត​ និង​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ដែល​មាន​អាយុ​យ៉ាង​តិច​ ១៨​ឆ្នាំ​ មាន​សិទ្ធិ​បោះឆ្នោត។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ដែល​មាន​អាយុ​យ៉ាង​តិច​ ២៥​ឆ្នាំ​ អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​តំណាងរាស្ត្រ។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ដែល​មាន​អាយុ​យ៉ាង​តិច​ ៤០​ឆ្នាំ​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ជ្រើស​តាំង​ជា​សមាជិក​ព្រឹទ្ធសភា។

បទប្បញ្ញត្តិ​បន្ថយ​សិទ្ធិ​បោះឆ្នោត​ និង​ សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​​បោះឆ្នោត​ត្រូវ​ចែង​ក្នុង​ច្បាប់​បោះឆ្នោត។


មាត្រា​ ៣៥​.-​
ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​ វប្បធម៌​របស់​ប្រទេស​ជាតិ។

សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ និង​ ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ។


មាត្រា​ ៣៦​.-

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​​ មាន​សិទ្ធិ​ជ្រើសរើស​មុខ​របរ​សមស្រប​តាម​សមត្ថភាព​របស់​ខ្លួន​ តាម​សេចក្ដី​ត្រូវ​ការ​របស់​សង្គម។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់​ស្មើ​គ្នា​ ចំពោះ​ការងារ​ដូចគ្នា។

ការងារ​មេផ្ទះ​មាន​តម្លៃ​ស្មើ​គ្នា​នឹង​កម្រៃ​ ដែល​បាន​មក​ពី​ការងារ​ធ្វើ​នៅ​​ក្រៅ​ផ្ទះ។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ទទួល​ការ​ធានា​រ៉ាប់រង​សង្គម​ និង​អត្ថប្រយោជន៍​ខាង​សង្គម​កិច្ច​ ដែល​មាន​ចែង​ក្នុង​ច្បាប់។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​បង្កើត​សហជីព​ និង​ ចូល​ជា​សមាជិក​សហជីព​នេះ។

ការ​រៀបចំ​ និង​ ការ​ ប្រព្រឹត្ត​ទៅ​នៃ​សហជីព​ នឹង​មាន​កំណត់​ក្នុង​ច្បាប់។


មាត្រា​ ៣៧​.-​

សិទ្ធិ​ធ្វើ​កូដកម្ម​ និង​ ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ត្រូវ​យក​មក​​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់។


មាត្រា​ ៣៨​.-

ច្បាប់​រ៉ាប់រង​មិន​ឱ្យ​មាន​ការ​រំលោភ​បំពាន​លើ​រូប​រាងកាយ​បុគ្គល​ណា​មួយ​ឡើយ។

ច្បាប់​ការពារ​ ជីវិត​ កិត្តិយស​ និង​​ សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ។

ការ​ចោទប្រកាន់​ ការ​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​ជន​ណា​មួយ​នឹង​អាច​ធ្វើ​ទៅ​កើត​ លុះ​ត្រា​តែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់។

ការ​បង្ខិតបង្ខំ​ ការ​ធ្វើ​បាប​លើ​រូបរាង​កាយ​​ ឬ​ប្រព្រឹត្តិកម្ម​ណា​មួយ​ដែល​បន្ថែម​ទម្ងន់​ ទណ្ឌកម្ម​ អនុវត្ត​ចំពោះ​ជន​ជាប់​ឃុំ​ឃាំង​ ឬ​ជាប់​ពន្ធនាគារ​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ឡើយ។ អ្នក​ដៃ​ដល់​ អ្នក​រួម​ប្រព្រឹត្ត​ និង​អ្នក​សម​គំនិត​ត្រូវ​ទទួល​ទោស​តាម​ច្បាប់។

ការ​ទទួល​សារភាព​ ដែល​កើត​ឡើង​ពី​ការ​បង្ខិតបង្ខំ​តាម​ផ្លូវ​កាយ​ក្ដី​ តាម​ផ្លូវ​ចិត្ត​ក្ដី​ មិន​ត្រូវ​ទុក​ជា​ភស្តុតាង​នៃ​ពិរុទ្ធភាព​ទេ។

វិមតិសង្ស័យ​ ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ។

ជន​ជាប់​ចោទ​ណា​ក៏​ដោយ​ ត្រូវ​ទុក​ជា​មនុស្ស​ឥត​ទោស​ ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ។

ជន​គ្រប់​រូប​ មាន​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​តុលាការ។


មាត្រា​ ៣៩​.-

ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សិទ្ធិ​ប្ដឹង​បរិហារ​ ប្ដឹង​តវ៉ា​ ឬ​ប្ដឹង​ទារ​សំណង​ជួសជុល​ការ​ខូចខាត​ ដែល​បណ្ដាល​មក​ពី​អំពើ​ខុស​ច្បាប់​របស់​អង្គការ​រដ្ឋ​ របស់​អង្គការ​សង្គម​ និង​ របស់​បុគ្គលិក​នៃ​អង្គការ​​ទាំង​នោះ។ ការ​ដោះស្រាយ​បណ្ដឹង​តវ៉ា​ និង​ សំណង​ជួសជុល​ការ​ខូចខាត​ ជា​សមត្ថកិច្ច​របស់​តុលាការ។

មាត្រា​ ៤០​.-

សេរីភាព​ក្នុង​ការ​ដើរ​ឆ្ងាយ​ ជិត​ និង​ តាំង​ទី​លំនៅ​ក្នុង​ស្ថានភាព​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​គោរព។ ប្រជាពលរដ្ឋ​ខ្មែរ​ អាច​ចេញ​ទៅ​តាំង​ទី​លំនៅ​នៅ​ប្រទេស​ក្រៅ​ ឬ​ វិល​ត្រឡប់​មក​វិញ​បាន។

ការ​រក្សាសិទ្ធិ​មិន​ឲ្យ​រំលោភ​លើ​លំនៅឋាន​ និង​អាថ៌កំបាំង​នៃ​ការ​ឆ្លើយ​ឆ្លង​តាម​លិខិត​ តាម​សារ​ទូរលេខ​ ទូរពុម្ព​ ទូរគមន៍​ និង​តាម​ទូរស័ព្ទ​ ត្រូវ​បាន​ធានា។

ការ​ឆែកឆេរ​លំនៅឋាន​ សម្ភារៈ​ វត្ថុ​ និង​​ លើ​រូប​បុគ្គល​ ត្រូវ​ធ្វើ​ឱ្យ​ស្រប​នឹង​បញ្ញត្តិ​ច្បាប់។


មាត្រា​ ៤១​.-​

ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​ សេរីភាព​ខាង​ការ​ប្រជុំ។ ជន​ណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​ នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ​ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម​ ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ ដល់​សន្តិសុខ​ជាតិ​​បាន​ឡើយ។ របប​សារព័ត៌មាន​ ត្រូវ​រៀបចំ​ឡើង​ដោយ​ច្បាប់។


មាត្រា​ ៤២​.-

ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សិទ្ធិ​បង្កើត​សមាគម​ និង​ គណបក្ស​នយោបាយ។ សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​ច្បាប់។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ អាច​ចូល​រួម​ក្នុង​អង្គការ​មហាជន​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ការពារ​​សមិទ្ធផល​ជាតិ​ និង​ សណ្ដាប់​ធ្នាប់​សង្គម។


មាត្រា​ ៤៣​.-

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ពេញ​ទី​ខាង​ជំនឿ។

សេរីភាព​ខាង​ជំនឿ​ និង​ ការ​ប្រតិបត្តិ​ខាង​ផ្លូវ​សាសនា​ ត្រូវ​បាន​រដ្ឋ​ធានា​ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ​ ឬ​សាសនា​ដទៃ​ទៀត​ ដល់​សណ្ដាប់ធ្នាប់​ និង​ សន្តិសុខ​សាធារណៈ។

ព្រះពុទ្ធសាសនា​ ជា​សាសនា​របស់​រដ្ឋ។


មាត្រា​ ៤៤​.-

ជន​ណា​ក៏​ដោយ​ ទោះ​ជា​បុគ្គល​ក្ដី​ ជា​សមូហភាព​ក្ដី​ មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ។ មាន​តែ​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ​ទេ​ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​ កម្មសិទ្ធិ​លើ​ដី​ធ្លី។

កម្ម​សិទ្ធិ​ឯកជន​ស្រប​ច្បាប់​ ស្ថិត​នៅ​ក្រោម​ការ​គាំពារ​នៃ​ច្បាប់។

ដែល​នឹង​ដក​ហូត​កម្មសិទ្ធិ​ អំពី​ជន​ណា​មួយ​បាន​នោះ​ លុះ​ត្រា​តែ​ប្រយោជន៍​សាធារណៈ​តម្រូវ​ឱ្យ​ធ្វើ​ ក្នុង​ករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក​ ហើយ​ត្រូវ​​ផ្ដល់​សំណង​ជា​មុន​ ដោយ​សមរម្យ​ និង​ យុត្តិធម៌។


មាត្រា​ ៤៥​.-​

ការ​រើសអើង​គ្រប់​ប្រភេទ​ ប្រឆាំង​នឹង​ស្ត្រី​ភេទ​​ ត្រូវ​បំបាត់​ចោល។

ការ​ធ្វើ​អាជីវកម្ម​លើ​ការងារ​របស់​ស្ត្រី​ ត្រូវ​ហាមឃាត់។

បុរស​ និង​ ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​គ្រប់​វិស័យ​ទាំងអស់​ ជា​ពិសេស​ក្នុង​អាពាហ៍ពិពាហ៍​ និង​ គ្រួសារ។

អាពាហ៍ពិពាហ៍​ ត្រូវ​ធ្វើ​តាម​ល័ក្ខខ័ណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ និង​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​ ប្ដី​មួយ​ ប្រពន្ធ​មួយ។


មាត្រា​ ៤៦​.-​

អំពើ​លក់​ដូរ​មនុស្ស​ អំពើ​ធ្វើ​អាជីវកម្ម​ផ្នែក​ពេស្យាកម្ម​ និង​ អំពើ​អាសអាភាស​ ដែល​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​នារី​ ត្រូវ​ហាមឃាត់។

ត្រូវ​ហាមឃាត់​មិន​ឱ្យ​មាន​ការ​បញ្ឈប់​នារី​ពី​ការងារ​​ ដោយ​មូល​ហេតុ​មាន​គភ៌។ នារី​មាន​សិទ្ធិ​ឈប់​សំរាក​នៅ​ពេល​សំរាល​កូន​ដោយ​ទទួល​ប្រាក់​បៀវត្ស​ និង​ ដោយ​មាន​កា​ធានា​រក្សា​សិទ្ធិ​អតីតភាព​ក្នុង​ការងារ​ និង​អត្ថប្រយោជន៍​សង្គម​ផ្សេងៗ​ទៀត។

រដ្ឋ​ និង​សង្គម​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ឱ្យ​នារី​ ជា​ពិសេស​នារី​នៅ​ជនបទ​ ដែល​គ្មាន​ទី​ពឹង​បាន​ទទួល​ការ​ឧបត្ថម្ភ​ ដើម្បី​មាន​មុខរបរ​ មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ ឱ្យ​កូន​ទៅ​រៀន​ និង​ មាន​ជីវភាព​រស់នៅ​សមរម្យ។


មាត្រា​ ៤៧​.-​

មាតាបិតា​ មាន​កាតព្វកិច្ច​ចិញ្ចឹម​ថែរក្សា​ និង​ អប់រំ​កូន​ឱ្យ​ទៅ​ជា​ពលរដ្ឋ​ល្អ។ កូន​មាន​ករណីយកិច្ច​ចិញ្ចឹម​ និង​ បី​បាច់​ថែរក្សា​មាតាបិតា​ ដែល​ចាស់​ជរា​តាម​ទំនៀមទម្លាប់​ខ្មែរ។


មាត្រា​ ៤៨​.-​

រដ្ឋ​ធានា​រក្សា​ការពារ​សិទ្ធិ​របស់​កុមារ​ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដី​ពី​កុមារ​ ជា​ពិសេស​សិទ្ធិ​មាន​ជីវិត​រស់​នៅ​ សិទ្ធិ​ទទួល​ការ​អប់រំ​រៀន​សូត្រ ​សិទ្ធិ​ត្រូវ​​បាន​ទទួល​ការ​គាំពារ​ ក្នុង​ស្ថានការណ៍​មាន​សង្គ្រាម​ និង​ ការ​ការពារ​​ប្រឆាំង​នឹង​អាជីវកម្ម​ សេដ្ឋកិច្ច​ ឬ​កាម​គុណ​លើ​កុមារ។

រដ្ឋ​គាំពារ​ប្រឆាំង​នឹង​ការងារ​ទាំងឡាយ​​ ដែល​អាច​ធ្វើ​ឱ្យ​ខូច​ដល់​ការ​អប់រំ​ និង​ការ​រៀន​សូត្រ​របស់​កុមារ​ ឬ​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​សុខភាព​​ ឬ​សុខុមាលភាព​របស់​កុមារ។


មាត្រា​ ៤៩​.-​

ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​​ ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​ និង​ គោរព​ច្បាប់។

ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ មាន​កាតព្វកិច្ច​រួម​ចំណែក​កសាង​ប្រទេស​ជាតិ​ និង​ ការពារ​មាតុភូមិ។

កាតព្វកិច្ច​ការពារ​មាតុភូមិ​ ត្រូវ​អនុវត្ត​តាម​បញ្ញត្តិ​ច្បាប់។


មាត្រា​ ៥០​.-​

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ត្រូវ​គោរព​គោលការណ៍​អធិបតេយ្យ​ជាតិ​ និង​ លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ត្រូវ​គោរព​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ឯកជន។

ជំពូក​ទី​ ៤​ អំពី​របប​នយោបាយ

[កែប្រែ]

មាត្រា​ ៥១​ ថ្មី​.-​ ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​ នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។

អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​ តាមរយៈ​រដ្ឋសភា​ ព្រឹទ្ធសភា​ រាជរដ្ឋាភិបាល​ និង​ សាលា​ជម្រះ​ក្ដី។

អំណាច​បែង​ចែក​ដាច់​ពី​គ្នា​ រវាង​អំណាច​នីតិប្បញ្ញត្តិ​ អំណាច​នីតិ​ប្រតិបត្តិ​ និង​ អំណាច​តុលាការ។

មាត្រា​ ៥២​.-

រាជរដ្ឋាភិបាល​កម្ពុជា​ ប្ដេជ្ញា​រក្សា​ការពារ​ឯករាជ្យ​ អធិបតេយ្យ​បូរាណ​ភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​នយោបាយ​បង្រួបបង្រួម​ជាតិ​ ដើម្បី​ការពារ​ឯកភាព​ជាតិ​ រក្សា​ការពារ​ទំនៀមទម្លាប់​ និង​ ប្រពៃណី​ល្អ​របស់​ជាតិ។ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការពារ​នីត្យានុកូលភាព​ ធានា​សណ្ដាប់ធ្នាប់​ និង​សន្តិសុខ​សាធារណៈ។ រដ្ឋ​យក​ចិត្ត​ទុកដាក់​ជា​អាទិភាព​ចំពោះ​ជីវភាព​រស់នៅ​ និង​ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។


មាត្រា​ ៥៣​.-​

ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត​ អចិន្ត្រៃយ៍​ និង​ មិន​ចូល​បក្ស​សម្ព័ន្ធ។ ព្រះរាជាណាចក្រ​កម្ពុជា​ រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជា​មួយ​ប្រទេស​ជិត​ខាង​ និង​ ប្រទេស​ដទៃ​ទៀត​ទាំងអស់​នៅ​លើ​សកលលោក។

ព្រះរាជាណាចក្រ​កម្ពុជា​ មិន​ឈ្លាន​ពាន​ប្រទេស​ណា​ដាច់​ខាត​ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ដទៃ​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ ទោះ​បី​ក្រោម​រូបភាព​ណា​ក៏​ដោយ​ ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី​ និង​គោរព​ផលប្រយោជន៍​ផង​គ្នា​ទៅ​វិញ​មក។

ព្រះរាជាណាចក្រ​កម្ពុជា​មិន​ចង​សម្ព័ន្ធ​យោធា​ ឬ​ ចូល​ក្នុង​កិច្ច​ព្រមព្រៀង​យោធា​ណា​មួយ​ ដែល​មិន​ស្រប​នឹង​អព្យាក្រឹត​ភាព​របស់​ខ្លួន​ឡើយ។

ព្រះរាជាណាចក្រ​កម្ពុជា​​ មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ​ លើកលែង​តែ​ក្នុង​ក្របខ័ណ្ឌ​នៃ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ។

ព្រះរាជាណាចក្រ​ រក្សា​សិទ្ធិ​ទទួល​យក​ជំនួយ​បរទេស​ជា​​សម្ភារៈ​យោធា​ អាវុធ​ គ្រាប់​រំសេវ​ ការ​ហ្វឹកហ្វឺន​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ ជំនួយ​ផ្សេងៗ​ទៀត​ ដើម្បី​ការពារ​ខ្លួន​ និង​ ធានា​សណ្ដាប់​ធ្នាប់​ និង​សន្តិសុខ​សាធារណៈ​នៅ​ផ្ទៃ​ក្នុង​ប្រទេស។


មាត្រា​ ៥៤​.-​

ការ​ផលិត​ ការ​ប្រើប្រាស់​ ការ​រក្សា​ទុក​អាវុធ​បរមាណូ​ អាវុធ​គីមី​ ឬ​អាវុធ​វេត្រាណូ​ ត្រូវ​ហាមឃាត់​ដាច់​ខាត។


មាត្រា​ ៥៥​.-​

សន្ធិសញ្ញា​ និង​ កិច្ច​ព្រមព្រៀង​ទាំងឡាយ​ណា​ ដែល​មិន​ស្រប​នឹង​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​ អព្យាក្រឹតភាព​ និង​ឯកភាព​ជាតិ​របស់​​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​លុប​ចោល។

ជំពូក​ទី​ ៥​ អំពី​សេដ្ឋកិច្ច

[កែប្រែ]

មាត្រា​ ៥៦​.-

ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ទី​ផ្សារ។

ការ​រៀបចំ​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​នេះ​ នឹង​មាន​កំណត់​ក្នុង​ច្បាប់។


មាត្រា​ ៥៧​.-​

ការ​យក​ពន្ធ​ដារ​នឹង​អាច​ធ្វើ​ទៅ​បាន​ លុះ​ត្រា​តែ​មាន​ច្បាប់​​អនុញ្ញាត។ ថវិកា​ជាតិ​ ត្រូវ​បាន​កំណត់​ឱ្យ​អនុវត្ត​តាម​ច្បាប់។

របប​គ្រប់គ្រង​រូបិយវត្ថុ​ និង​ ប្រព័ន្ធ​ហិរញ្ញវត្ថុ ត្រូវ​កំណត់​ក្នុង​ច្បាប់។


មាត្រា​ ៥៨​.-​

ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​មាន​ជា​អាទិ៍​ ដីធ្លី​ ក្រោម​ដី​ ភ្នំ​ សមុទ្រ​ បាត​សមុទ្រ​ ក្រោម​បាត​សមុទ្រ​ ឆ្នេរ​សមុទ្រ​ អាកាស​ កោះ​ ទន្លេ​ ព្រែក​ ស្ទឹង​ បឹង​ ព្រៃឈើ​ ធនធាន​ធម្មជាតិ​ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​វប្បធម៌​ មូលដ្ឋាន​ការពារ​ប្រទេស​ សំណង់​ផ្សេងៗ​ទៀត​ ដែល​បាន​កំណត់​ថា​ជា​របស់​រដ្ឋ។

ការ​គ្រប់គ្រង​ ការ​ប្រើប្រាស់​ និង​ ការ​ចាត់ចែង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ​នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់។


មាត្រា ៥៩​.-​

រដ្ឋ​ត្រូវ​រក្សា​ការពារ​បរិស្ថាន​ និង​ តុល្យភាព​ នៃ​ភោគទ្រព្យ​ធម្មជាតិ​ហើយ​ត្រូវ​ចាត់​ចែង​ឲ្យ​មាន​ផែនការ​ច្បាស់លាស់​ក្នុង ​ការ​គ្រប់គ្រង​ មាន​ជា​អាទិ៍​ ដីធ្លី​ ទឹក​ អាកាស​ ខ្យល់​ ភូគព្ភសាស្ត្រ​ ប្រព័ន្ធ​អេកូឡូស៊ី​ រ៉ែ​ ថាមពល​ ប្រេង​កាត​ និង​ឧស្ម័ន​ ថ្ម​ និង​ខ្សាច់​ ត្បូង​ថ្ម​ ព្រៃឈើ​ និង​ អនុផល​ព្រៃឈើ​ពពួក​សត្វ​ព្រៃ​ មច្ឆាជាតិ​ ធនធាន​ជលផល។


មាត្រា​ ៦០​.-​

ពលរដ្ឋ​មាន​សិទ្ធិ​លក់​ដូរ​ផលិតផល​របស់​ខ្លួន​ដោយ​សេរី។ ការ​តម្រូវ​ឱ្យ​លក់​ផលិតផល​ជូន​រដ្ឋ​ ឬ​ការ​យក​ភោគផល​ ឬ​ទ្រព្យសម្បត្តិ​ឯកជន​ទៅ​ប្រើប្រាស់​ ទោះបី​មួយ​រយៈពេល​ក៏​ដោយ​ ត្រូវ​ហាមឃាត់​ វៀរលែង​តែ​ក្នុង​ករណី​ពិសេស​ដែល​មាន​ច្បាប់​អនុញ្ញាត។


មាត្រា​ ៦១​.-​

រដ្ឋ​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រប់​វិស័យ​ ជា​ពិសេស​វិស័យ​កសិកម្ម​ សិប្បកម្ម​ ឧស្សាហកម្ម​ ចាប់​ពី​តំបន់​ដាច់​ស្រយាល​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​នយោបាយ​ទឹក​ ភ្លើង​ ផ្លូវ​​ និង​​ មធ្យោបាយ​ដឹកជញ្ជូន​ បច្ចេកទេស​ទំនើប​ និង​ ប្រព័ន្ធ​ឥណទាន។


មាត្រា​ ៦២​.-

រដ្ឋ​យក​ចិត្ត​ទុកដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត​ ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ​ សិប្បករ​ និង​ជួយ​រក​ទី​ផ្សារ​លក់​ផលិតផល។


មាត្រា​ ៦៣​.-​

រដ្ឋ​យក​ចិត្ត​ទុកដាក់​គ្រប់គ្រង​ទី​ផ្សារ​ ជួយ​ឱ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត​សមរម្យ។


មាត្រា​ ៦៤​.-​

រដ្ឋ​ហាមឃាត់​ និង​ផ្ដន្ទាទោស​ជា​ទម្ងន់​ដល់​ជន​ណា​ដែល​នាំ​ចូល​ ផលិត​លក់​ដូរ​គ្រឿង​ញៀន​ ទំនិញ​ក្លែងក្លាយ​ ហួស​រយៈ​ពេល​ប្រើ​ ដែល​ប៉ះពាល់​ដល់​សុខភាព​ អាយុ​ជីវិត​របស់​អ្នក​ប្រើ។


ជំពូក​ទី​ ៦ អំពី​អប់រំ​ វប្បធម៌​ និង​សង្គម​កិច្ច

[កែប្រែ]

មាត្រា​ ៦៥​.-

រដ្ឋ​ត្រូវ​ការពារ​ និង​ លើក​ស្ទួយ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ក្នុង​ការ​ទទួល​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ នៅ​គ្រប់​កម្រិត​ និង​ ត្រូវ​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ជា​ជំហានៗ​ ដើម្បី​​ឱ្យ​ការ​អប់រំ​នេះ​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប។

រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ដល់​វិស័យ​អប់រំ​កាយ​ និង​កីឡា​ ដែល​ជា​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប។

មាត្រា​ ៦៦​.-

រដ្ឋ​កសាង​ប្រព័ន្ធ​អប់រំ​មួយ​ពេញលេញ​ និង​ ឯកភាព​នៅ​ទូទាំង​ប្រទេស​ ដែល​ធានា​ឱ្យ​បាន​នូវ​គោលការណ៍​សេរីភាព​ខាង​សិក្សាធិការ​ និង​គោលការណ៍​សមភាព​ក្នុង​ការ​អប់រំ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​​គ្រប់​រូប​មាន​ភ័ព្វ​សំណាង​គ្រប់គ្រាន់​ ស្មើ​គ្នា​ក្នុង​ការ​កសាង​ជីវិត។


មាត្រា​ ៦៧​.-​

រដ្ឋ​អនុវត្ត​កម្មវិធី​សិក្សា​ និង​ គោលការណ៍​គរុកោសល្យ​ទំនើប​ រាប់​បញ្ចូល​ទាំង​បច្ចេកវិទ្យា​ និង​ ភាសាបរទេស។

រដ្ឋ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​ និង​ថ្នាក់​សិក្សា​សាធារណៈ​ និង​ឯកជន​នៅ​គ្រប់​ភូមិ​សិក្សា។


មាត្រា​ ៦៨​.-​

រដ្ឋ​ផ្ដល់​កិច្ចការ​អប់រំ​ផ្នែក​បឋម​ និង​ មធ្យម​សិក្សា​នៅ​សាលារៀន​សាធារណៈ​សំរាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​ ដោយ​ឥត​បង់ថ្លៃ។

ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​អប់រំ​យ៉ាង​តិច​​ ប្រាំ​បួន​ឆ្នាំ។

រដ្ឋ​ជួយ​ផ្សព្វផ្សាយ​ និង​ លើក​តម្កើង​សាលា​បាលី​ និង​ពុទ្ធិក​សិក្សា។


មាត្រា​ ៦៩​.-​

រដ្ឋ​មាន​កាតព្វកិច្ច​ថែរក្សា​ និង​ ពង្រីក​វប្បធម៌​ជាតិ។

រដ្ឋ​មាន​កាតព្វកិច្ច​ការពារ​ និង​ ពង្រីក​ភាសា​ខ្មែរ​ ឱ្យ​សមស្រប​នឹង​សេចក្ដី​ត្រូវ​ការ។

រដ្ឋ​មាន​កាតព្វកិច្ច​ថែរក្សា​ និង​ ការពារ​ប្រាសាទ​បុរាណ​ វត្ថុ​សិល្បៈ​បុរាណ​ និង​កែលំអ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឡើង​វិញ។


មាត្រា​ ៧០​.-​

បទល្មើស​ទាំងឡាយ​ដែល​ប៉ះពាល់​ ឬ​ទាក់ទង​នឹង​បេតិកភណ្ឌ​វប្បធម៌​ និង​ បេតិកភណ្ឌ​សិល្បៈ​ ត្រូវ​ផ្ដន្ទាទោស​ជា​ទម្ងន់។


មាត្រា​ ៧១​.-​

បរិវេណ​បេតិកភណ្ឌ​ជាតិ​ ក៏​ដូច​​ជា​បេតិកភណ្ឌ​ ដែល​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ ត្រូវ​ទុក​ជា​តំបន់​អព្យាក្រឹត​ ដែល​មិន​ឱ្យ​មាន​សកម្មភាព​យោធា។


មាត្រា​ ៧២​.-​

សុខភាព​របស់​ប្រជារាស្ត្រ​ត្រូវ​បាន​ធានា។ រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ការពារ​ជម្ងឺ​ និង​ ព្យាបាល​ជម្ងឺ។ ប្រជារាស្ត្រ​ក្រីក្រ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​រោគ​ដោយ​ឥត​បង់ថ្លៃ​ នៅ​តាម​មន្ទីរពេទ្យ​​ គិលានដ្ឋាន​ និង​ មន្ទីរ​សម្ភព​សាធារណៈ។

រដ្ឋ​រៀបចំ​ឱ្យ​មាន​គិលានដ្ឋាន​ និង​ មន្ទីរ​សម្ភព​ដល់​ជនបទ។


មាត្រា​ ៧៣​.-​

រដ្ឋ​យក​ចិត្ត​ទុកដាក់​ចំពោះ​កុមារ​ និង​ មាតា។ រដ្ឋ​រៀបចំ​ឱ្យ​មាន​ទារកដ្ឋាន​ និង​ ជួយ​ឧបត្ថម្ភ​នារី​ ដែល​មាន​កូន​ច្រើន​ក្នុង​បន្ទុក​ ហើយ​ឥត​ទី​ពឹង។


មាត្រា​ ៧៤​.-​

រដ្ឋ​ជួយ​ឧបត្ថម្ភ​ជន​ពិការ​​ និង​ ដល់​គ្រួសារ​យុទ្ធជន​ ដែល​បាន​បូជា​ជីវិត​ដើម្បី​ប្រទេស​ជាតិ។


មាត្រា​ ៧៥​.-​

រដ្ឋ​ចាត់​ចែង​ឱ្យ​មាន​របប​សន្តិសុខ​សង្គម​ដល់​កម្មករ​ និង​ និយោជិត។

ជំពូក​ទី​ ៧​ អំពី​រដ្ឋសភា

[កែប្រែ]

មាត្រា​ ៧៦​.-

រដ្ឋ​សភា​ មាន​សមាជិក​​តំណាងរាស្ត្រ​យ៉ាង​តិច​ ១២៣រូប។

តំណាងរាស្ត្រ​ ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ជា​សកល​ ដោយ​សេរី​ ដោយ​ស្មើភាព​ ដោយ​ចំពោះ​ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់។

តំណាងរាស្ត្រ​ អាច​ឈរ​ឈ្មោះ​បោះឆ្នោត​​សា​ជា​ថ្មី​បាន។

អ្នក​ដែល​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ គឺ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​ពីរ​ភេទ​ ដែល​មាន​សិទ្ធិ​បោះឆ្នោត​ មាន​អាយុ​យ៉ាង​តិច​ ២៥​ ឆ្នាំ មាន​សញ្ជាតិ​ជា​​ខ្មែរ​តាំង​ពី​កំណើត។

អង្គការ​​រៀបចំ​ការ​បោះឆ្នោត​ បែបបទ​​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ ត្រូវ​កំណត់​ក្នុង​ច្បាប់​បោះឆ្នោត។


មាត្រា​ ៧៧​.-​

តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​ ជា​តំណាង​ប្រជាជាតិ​​ខ្មែរ​ទាំងមូល​ ពុំ​មែន​គ្រាន់​តែ​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ទេ។

អាណត្តិ​អាជ្ញា​បញ្ជា​ទាំងឡាយ​ ត្រូវ​​ទុក​ជា​មោឃៈ។


មាត្រា​ ៧៨​.-​

នីតិកាល​របស់​រដ្ឋ​សភា​មាន​កំណត់​ ៥​ឆ្នាំ​​ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ចូល​កាន់​តំណែង។ រដ្ឋសភា​មិន​អាច​ត្រូវ​​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ​ វៀរលែង​​តែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​ ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​ ១២​ខែ។

ក្នុង​ករណី​នេះ​ ព្រះមហាក្សត្រ​​ត្រូវ​រំលាយ​រដ្ឋសភា​ ក្រោយ​ពី​ព្រះ​អង្គ​ទ្រង់​បាន​ទទួល​ការ​ស្នើ​ពី​នាយករដ្ឋមន្ត្រី​ និង​ បន្ទាប់​ពី​ទ្រង់​បាន​ការ​យល់​ព្រម​ពី​ប្រធាន​រដ្ឋសភា។

ការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​រដ្ឋ​សភា​ថ្មី​ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ ៦០​ ថ្ងៃ​ យ៉ាង​យូរ​ ចាប់​តាំង​​ពី​ថ្ងៃ​រំលាយ​រដ្ឋសភា​មក។

ក្នុង​រយៈ​កាល​នេះ​ រាជរដ្ឋាភិបាល​​មាន​តែ​ភារកិច្ច​ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃ​តែ​​ប៉ុណ្ណោះ។

ក្នុង​ពេល​មាន​សង្គ្រាម​ ឬ​ក្នុង​​កាលៈទេសៈ​ពិសេស​ដទៃ​ទៀត​ ដែល​មិន​​អាច​ធ្វើ​ការ​បោះឆ្នោត​កើត​ រដ្ឋសភា​អាច​ប្រកាស​បន្ត​នីតិកាល​​របស់​ខ្លួន​មួយ​ដង​បាន​មួយ​ឆ្នាំ​ តាម​សំណើ​របស់​ព្រះមហាក្សត្រ។

ការ​ប្រកាស​បន្ត​នីតិកាល​របស់​រដ្ឋសភា​ ត្រូវ​សម្រេច​ដោយ​មតិ​យល់​ព្រម​ ពីរ​ភាគ​បី​យ៉ាង​តិច​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។


មាត្រា​ ៧៩​.-​

អាណត្តិ​នៃ​សមាជិក​រដ្ឋសភា​ មាន​វិសមិតភាព​ជាមួយ​ការ​បំពេញ​មុខងារ​​សាធារណៈ​ ជា​សកម្ម​ និង​ ជា​មួយ​មុខងារ​ជា​សមាជិក​នៃ​ស្ថាប័ន​ដទៃ​ទៀត​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​ វៀរលែង​តែ​ទៅ​បំពេញ​មុខងារ​ក្នុង​គណៈរដ្ឋមន្ត្រី​​នៃ​រាជរដ្ឋាភិបាល។

ក្នុង​ករណី​នេះ​ សមាជិក​រដ្ឋសភា​រូប​នោះ​មាន​ឋានៈ​ជា​សមាជិក​រដ្ឋសភា​ធម្មតា​ ប៉ុន្តែ​មិន​ត្រូវ​មាន​មុខ​តំណែង​​អ្វី​ទាំងអស់​ក្នុង​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​ និង​ក្នុង​គណៈ​កម្មការ​ផ្សេងៗ​នៃ​រដ្ឋសភា។

មាត្រា​​ ៨០​.-

តំណាងរាស្ត្រ​ មាន​អភ័យ​ឯកសិទ្ធិ​សភា។

តំណាងរាស្ត្រ​រូប​ណា​ក៏​ដោយ​ មិន​អាច​ត្រូវ​​បាន​ចោទ​ប្រកាន់​ ចាប់​ខ្លួន​ ឃាត់​ខ្លួន​ ឬ​ឃុំ​ខ្លួន​ ដោយ​ហេតុ​ពី​បាន​សំដែង​យោបល់​ ឬ​បញ្ចេញ​មតិ​ ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ។

ការ​ចោទ​ប្រកាន់​​ ការ​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​​ សមាជិក​ណា​មួយ​នៃ​រដ្ឋសភា​ នឹង​អាច​ធ្វើ​​ទៅ​កើត​ លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​​រដ្ឋសភា​ ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា​ វៀរលែង​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង។ ក្នុង​ករណី​ខាង​ក្រោយ​នេះ​ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រដ្ឋសភា​ ឬ​ជូន​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ជា​បន្ទាន់​ ដើម្បី​សម្រេច។

សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ ត្រូវ​​ដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋសភា​ខាង​មុខ​ ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន​ពីរ​​ភាគ​បី​នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល។

ក្នុង​ករណី​ទាំងអស់​ខាង​លើ​នេះ​ ការ​ឃុំ​ខ្លួន​ ការ​ចោទ​ប្រកាន់​តំណាងរាស្ត្រ​ណា​មួយ​ត្រូវ​ផ្អាក​ ប្រសិន​បើ​រដ្ឋសភា​បាន​បញ្ចេញ​​មតិ​ឱ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន​បី​ភាគ​បួន ​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។


មាត្រា​ ៨១​.-​​

រដ្ឋសភា​មាន​ថវិកា​ស្វយ័ត សម្រាប់​ដំណើរ​ការ។

តំណាងរាស្ត្រ​ ត្រូវ​ទទួល​ប្រាក់​បំណាច់។


មាត្រា​ ៨២​ ថ្មី​.-​

រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដំបូង​ ហុកសិប​ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ពេល​បោះឆ្នោត​ តាម​ការ​​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ។

មុន​ចាប់​ផ្ដើម​​ការងារ​​របស់​ខ្លួន​ រដ្ឋសភា​ត្រូវ​ប្រកាស​សុពលភាព​​នៃ​អាណាត្តិ​របស់​សមាជិក​នីមួយៗ​​ ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដាច់​ដោយ​ឡែក​ពី​គ្នា​ នូវ​ប្រធាន​​ អនុប្រធាន​រដ្ឋសភា​ និង​សមាជិក​ទាំងអស់​នៃ​គណៈកម្មការ​នានា​របស់​រដ្ឋសភា​ ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

រដ្ឋសភា​ត្រូវ​អនុម័ត​បទបញ្ជា​ផ្ទៃ​ក្នុង ដោយ​មតិ​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

តំណាងរាស្ត្រ​​ទាំងអស់​ ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​មុន​ចូល​កាន់​តំណែង​ដូច​មាន​ខ្លឹមសារ​ចែង​ក្នុង​ ឧបសម្ព័ន្ធ​ទី​ ៥​ នៃ​រដ្ឋធម្មនុញ្ញ។


មាត្រា​ ៨៣​.-​

រដ្ឋសភា​ ប្រជុំ​ជា​សាមញ្ញ​ ពីរ​ដង​ ក្នុង​មួយ​ឆ្នាំ។

សម័យ​ប្រជុំ​នីមួយៗ​ មាន​ថិរៈ​វេលា​យ៉ាង​តិច​បី​ខែ។ បើ​មាន​សំណូមពរ​ពី​ព្រះមហាក្សត្រ​ ឬ​សេចក្ដី​ស្នើ​សុំ​ពី​នាយករដ្ឋមន្ត្រី​ ឬ​ពី​សមាជិក​រដ្ឋសភា​ចំនួន​មួយ​ភាគ​បី​យ៉ាង​តិច​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ កោះ​​ប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ។

ក្នុង​ករណី​នេះ​ របៀប​វារៈ​ជាក់លាក់​នៃ​សម័យ​ប្រជុំ​ជា​វិសាមញ្ញ​ត្រូវ​​ផ្សាយ​​ដល់​ប្រជារាស្ត្រ​ជា​មួយ​នឹង​ថ្ងៃ​កំណត់​ប្រជុំ។


មាត្រា​ ៨៤​.-​

នៅ​ចន្លោះ​សម័យ​ប្រជុំ​របស់​រដ្ឋសភា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ទទួល​ភារកិច្ច​ចាត់​ចែង​ការងារ។

គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​រួម​មាន​ : ប្រធាន​រដ្ឋសភា ​អនុប្រធាន​រដ្ឋសភា​ និង​ប្រធាន​គណៈកម្មការ​ទាំងអស់​របស់​រដ្ឋសភា។


មាត្រា ៨៥​.-

សម័យ​ប្រជុំ​រដ្ឋសភា​ ត្រូវ​ធ្វើ​នៅ​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​សាល​ប្រជុំ​របស់​​ រដ្ឋសភា​ លើកលែង​តែ​មាន​ការ​សម្រេច​ផ្សេង​ចុះ​ក្នុង​លិខិត​កោះ​ប្រជុំ​ដោយ​កាលៈទេសៈ​ តម្រូវ។

ក្រៅ​ពី​ករណី​ខាង​លើ​ និង​ក្រៅ​ពី​កន្លែង​ និង​ពី​កាល​បរិច្ឆេទ​ ដែល​កំណត់​ក្នុង​សេចក្ដី​អញ្ជើញ​ ការ​ប្រជុំ​ណា​ក៏​ដោយ​របស់​រដ្ឋសភា​ត្រូវ​ទុក​ជា​ខុស​ច្បាប់​ ហើយ​ជា​អសារ​សូន្យ​ពេញ​លក្ខណៈ។


មាត្រា ៨៦​.-

ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ រដ្ឋសភា​ប្រជុំ​រាល់​ថ្ងៃ​ជាប់​ជា​ប្រចាំ។ រដ្ឋសភា​​មាន​សិទ្ធិ​សម្រេច​បញ្ចប់​កាលៈទេសៈ​ពិសេស​ខាង​លើ​នេះ​ កាល​បើ​សភាពការណ៍​អនុញ្ញាត។

បើ​រដ្ឋសភា​មិន​អាច​ប្រជុំ​បាន​ទេ​ ដោយ​មូលហេតុ​ចាំបាច់​ ជា​អាទិ៍​នៅ​ពេល​ដែល​កម្លាំង​បរទេស​ចូល​មក​កាន់​កាប់​ទឹកដី​ ការ​ប្រកាស​ភាព​អាសន្ន​ត្រូវ​បន្ត​ទៅ​មុខ​ជា​ស្វ័យ​ប្រវត្តិ។

នៅ​ពេល​​ដែល​ប្រទេស​ជាតិ​ឋិត​ក្នុង​ភាព​អាសន្ន​​ រដ្ឋសភា​មិន​អាច​ត្រូវ​រំលាយ​បាន​ឡើយ។


មាត្រា ៨៧.-

ប្រធាន​រដ្ឋសភា​ដឹក​នាំ​អង្គ​ប្រជុំ​របស់​រដ្ឋសភា​ ទទួល​អាញ្ញត្តិ​ច្បាប់​ និង​​សេចក្ដី​សម្រេច​ចិត្ត​ទាំងឡាយ​ ដែល​រដ្ឋសភា​បាន​អនុម័ត​ រ៉ាប់រង​ការ​អនុវត្ត​បទបញ្ជា​ផ្ទៃ​ក្នុង​​របស់​រដ្ឋសភា​ និង​ ចាត់ចែង​ការ​ទាក់ទង​អន្តរជាតិ​ទាំងឡាយ​របស់​រដ្ឋសភា។

ក្នុង​ករណី​ ដែល​ប្រធាន​រដ្ឋសភា​មាន​ធុរៈ​មិន​អាច​​បំពេញ​មុខងារ​​បាន​ ដោយ​ហេតុ​មក​ពី​មាន​ជម្ងឺ​ ឬ​បំពេញ​​មុខងារ​​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ ឬ​ជា​​ព្រះរាជានុសិទ្ធិ​ ឬ​បំពេញ​បេសកកម្ម​នៅ​បរទេស អនុប្រធាន​រដ្ឋសភា​មួយ​រូប​ត្រូវ​ទទួល​ភារកិច្ច​ចាត់ចែង​​ការងារ​ជំនួស។

ក្នុង​ករណី​ដែល​ប្រធាន​ ឬ​អនុប្រធាន​រដ្ឋសភា​លាលែង​ពី​មុខ​តំណែង​ ឬ​ទទួល​អនិច្ចកម្ម​ រដ្ឋសភា​ត្រូវ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ ឬ​អនុប្រធាន​ថ្មី។


មាត្រា ៨៨​ ថ្មី​ (ពីរ)​.-

ការ​ប្រជុំ​រដ្ឋសភា​ ត្រូវ​ធ្វើ​ជា​សាធារណៈ។

រដ្ឋសភា​អាច​ប្រជុំ​ជា​សម្ងាត់​បាន​ តាម​ការ​ស្នើ​សុំ​ពី​ប្រធាន​ឬ​ពី​សមាជិក​ចំនួន​​មួយ​ភាគ​ដប់​យ៉ាង​​តិច​ពី​ ព្រះមហាក្សត្រ​ ឬ​ពី​នាយករដ្ឋមន្ត្រី។

ការ​ប្រជុំ​រដ្ឋសភា​​ នឹង​​យក​ជា​​ការ​បាន​ លុះ​ត្រា​តែ​មាន​:

ក- កូរ៉ុម​លើស​ពី​ ពីរ​ភាគ​បី​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​​ទាំង​មូល​​សម្រាប់​ការ​អនុម័ត​ ទាំង​ឡាយ​ណា​ដែល​​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

ខ- កូរ៉ុម​លើស​ពី​ពាក់​កណ្ដាល​ នៃ​ចំនួន​​សមាជិក​រដ្ឋសភា​ទាំងមូល​សម្រាប់​ការ​អនុម័ត​ទាំងឡាយ​ណា​ ដែល​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ ទាំងមូល។


មាត្រា ៨៩.-

តាម​ការ​សុំ​ពី​សមាជិក​ចំនួន​មួយ​ភាគ​ដប់​យ៉ាង​តិច​ រដ្ឋសភា​អាច​​អញ្ជើញ​ឥស្សរជន​ដ៏​ឧត្ដម​ណា​មួយ​មក​បំភ្លឺ​រដ្ឋសភា​ អំពី​បញ្ហា​ដែល​មាន​សារៈសំខាន់​ពិសេស។

មាត្រា ៩០​ ថ្មី​ (ពីរ)​.-

រដ្ឋសភា​ជា​អង្គការ​​ដែល​មាន​អំណាច​នីតិប្បញ្ញត្តិ​ ហើយ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ ដូច​បាន​​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ ច្បាប់​ជា​ធរមាន។

រដ្ឋសភា​អនុម័ត​ថវិកា​ជាតិ​ ផែនការ​រដ្ឋ​ ការ​ឱ្យ​រដ្ឋ​ខ្ចី​ប្រាក់​ពី​គេ​ ការ​ឱ្យ​រដ្ឋ​ឱ្យ​ប្រាក់​គេ​ខ្ចី​ ការ​សន្យា​នានា​ ផ្នែក​ហិរញ្ញវត្ថុ​ និង​ ការ​បង្កើត​ កែប្រែ​ ឬ​លុប​ចោល​ពន្ធដារ។

រដ្ឋសភា​ឱ្យ​សេចក្ដី​យល់​ព្រម​ចំពោះ​គណនី​រដ្ឋបាល។

រដ្ឋសភា​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​លើកលែង​​ទោស​ជា​ទូទៅ។

រដ្ឋសភា​អនុម័ត​យល់​ព្រម​ ឬ​លុបចោល​សន្ធិសញ្ញា​ ឬ​អនុសញ្ញា​អន្តរជាតិ។ រដ្ឋសភា​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​ប្រកាស​​សង្គ្រាម។

ការ​អនុម័ត​ខាង​លើ​នេះ​ ប្រព្រឹត្ត​ទៅ​ដោយ​មតិ​ភាគច្រើន​ដាច់ខាត​ នៃ​​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។

រដ្ឋសភា​បោះឆ្នោត​​ទុក​ចិត្ត​​ដល់​រាជរដ្ឋាភិបាល តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។


មាត្រា ៩១​ ថ្មី​​.-

សមាជិក​ព្រឹទ្ធសភា​ សមាជិក​រដ្ឋសភា​ និង​ នាយករដ្ឋមន្ត្រី​ មាន​សិទ្ធិ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​ច្បាប់។

តំណាងរាស្ត្រ​​ មាន​សិទ្ធិ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ប៉ុន្តែ​សំណើ​នេះ​មិន​អាច​ទទួល​យក​បាន​ទេ​ បើ​វិសោធនកម្ម​នោះ​សំដៅ​បន្ថយ​ប្រាក់​ចំណូល​សាធារណៈ​ ឬ​បន្ថែម​​បន្ទុក​លើ​ប្រជាពលរដ្ឋ។


មាត្រា ៩២​.-

ការ​អនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា​ ដែល​ផ្ទុយ​នឹង​គោលការណ៍​រក្សា​ការពារ​ ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ​ ឬ​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​ប្រទេស​ជាតិ​ នឹង​ត្រូវ​ចាត់​ទុក​ជា​អាសារ​សូន្យ ។ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជា​អង្គការ​​តែ​មួយ​គត់​ ដែល​មាន​​សមត្ថកិច្ច​​សម្រេច​ពី​មោឃភាព​នេះ។


មាត្រា ៩៣​ ថ្មី​ .-

ច្បាប់​​ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វ​គ្រប់​រួច​ហើយ​ ហើយ​ត្រូវ​​​បាន​ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​ប្រកាស​​​ឱ្យ​ប្រើ​ ត្រូវ​​ចូល​ជាធរមាន​​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ដប់​ថ្ងៃ​គត់​ ក្រោយ​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​ និង​នៅ​ទូទាំង​ប្រទេស​ក្នុង​​រយៈពេល​ម្ភៃ​ថ្ងៃ​គត់​ ក្រោយ​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​។ ប៉ុន្តែ​បើ​ច្បាប់​នេះ​ បាន​ចែង​ថា​ជា​ការ​​ប្រញាប់​ ច្បាប់​នេះ​ត្រូវ​​ចូល​ជាធរមាន​​ភ្លាម​នៅ​ទូទាំង​ប្រទេស​ ក្រោយ​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ។

ច្បាប់​ ដែល​ព្រះមហាក្សត្រ​ទ្រង់​បាន​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើ​ ត្រូវ​ចុះ​ក្នុង​រាជកិច្ច​ និង​ ផ្សព្វផ្សាយ​នៅ​ទូទាំង​ប្រទេស​ឱ្យ​ទាន់​តាម​ពេល​កំណត់​ខាង​លើ។


មាត្រា ៩៤​.-

រដ្ឋសភា​​បង្កើត​គណៈកម្មការ​ផ្សេងៗ​ ដែល​ចាំបាច់។ ការ​រៀបចំ​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​រដ្ឋសភា​ នឹង​មាន​កំណត់​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា។


មាត្រា ៩៥​.-​

ក្នុង​ករណី​មាន​សមាជិក​រដ្ឋសភា​ទទួល​អនិច្ចកម្ម​ លាលែង​ ឬ​ប្រាស​ចាក​សមាជិក​ភាព​ ដែល​កើត​មាន​ឡើង​ ៦​ខែ​ យ៉ាង​តិច​មុន​ចប់​នីតិកាល​ ត្រូវ​​ចាត់​ការ​ជ្រើស​តាំង​​ជំនួស​​សមាជិក​នោះ​ តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ និង​ក្នុង​ច្បាប់​បោះឆ្នោត។


មាត្រា ៩៦​.-

តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល។ សំណួរ​នេះ​ត្រូវ​​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ប្រគល់​ជូន​តាម​រយៈ​ប្រធាន​ រដ្ឋសភា។

ចម្លើយ​អាច​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប​​ អាស្រ័យ​ដោយ​បញ្ហា​ដែល​​បាន​ចោទ​ឡើង​ ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុសត្រូវ​​របស់​មន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប។ បើ​បញ្ហា​ពាក់ព័ន្ធ​​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល​នាយករដ្ឋមន្ត្រី​ ត្រូវ​ឆ្លើយ​ផ្ទាល់​ខ្លួន។

ចម្លើយ​របស់​រដ្ឋមន្ត្រី​ ឬ​របស់​នាយករដ្ឋមន្ត្រី​ អាច​ធ្វើ​ដោយ​ផ្ទាល់​មាត់​ ឬ​ សរសេរ​ជា​លាយលក្ខណ៍​អក្សរ។

ចម្លើយ​ខាង​លើ​នេះ​​ ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​ ប្រាំ​ពីរ​ថ្ងៃ​ បន្ទាប់​ពី​បាន​ទទួល​សំណួរ។

ចំពោះ​ចម្លើយ​ផ្ទាល់​មាត់​ ប្រធាន​រដ្ឋសភា​អាច​សម្រេច​បើក​ឱ្យ​មាន​ ឬ​មិន​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល។ បើ​គ្មាន​ការ​បើក​​ឱ្យ​ជជែក​ដេញដោល​ទេ​នោះ​ចម្លើយ​របស់​ រដ្ឋមន្ត្រី​ ឬ​នាយករដ្ឋមន្ត្រី​​ នឹង​បញ្ចប់​សំណួរ​តែ​ម្ដង។

បើ​មាន​ការ​បើក​ឱ្យ​ជជែក​ដេញដោល​ម្ចាស់​សំណួរ​ វាគ្មិន​ឯ​ទៀត​ និង​​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ ឬ​នាយករដ្ឋមន្ត្រី​អាច​ជជែក​ប្ដូរ​យោបល់​ ក្នុង​រយៈពេល​ដែល​មិន​អាច​លើស​ពី​មួយ​ពេល​ប្រជុំ​ឡើយ។

រដ្ឋសភា​កំណត់​ទុក​ពេល​មួយ​ថ្ងៃ​ ក្នុង​មួយ​សប្ដាហ៍​ សម្រាប់​ការ​ឆ្លើយ​សំណួរ។ ទោះបី​យ៉ាង​ណា​ក៏​ដោយ​ សម័យ​ប្រជុំ​សម្រាប់​ឆ្លើយ​សំណួរ​ខាង​លើ​នេះ​មិន​អាច​បើក​លទ្ធភាព​​ឱ្យ​មាន​ ការ​បោះឆ្នោត​ប្រភេទ​ណា​មួយ​បាន​ឡើយ។


មាត្រា ៩៧​.-

គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា​ អាច​អញ្ជើញ​រដ្ឋមន្ត្រី​មក​បំភ្លឺ​អំពី​បញ្ហា​អ្វី​មួយ​​ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួល​ខុសត្រូវ​​របស់​ខ្លួន។


មាត្រា ៩៨ ថ្មី​.-

រដ្ឋសភា​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី​ ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ពី​តំណែង​​ដោយ​អនុម័ត​ញត្តិ​បន្ទោស​ តាម​សំឡេង​​ឆ្នោត​​ភាគ​ច្រើន​ដាច់​ខាត​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

ញត្តិ​បន្ទោស​​រាជរដ្ឋាភិបាល​ ត្រូវ​បាន​លើក​ឡើង​ជូន​រដ្ឋសភា​ ដោយ​តំណាង​រាស្ត្រ​ចំនួន​សាមសិប​នាក់​ ទើប​រដ្ឋសភា​អាច​លើក​យក​មក​ពិភាក្សា​បាន។

ជំពូក​ទី​ ៨​ ថ្មី​ អំពី​ព្រឹទ្ធសភា

[កែប្រែ]

មាត្រា ៩៩​ ថ្មី​​.-

ព្រឹទ្ធសភា​ជា​អង្គការ​ដែល​មាន​​អំណាច​​នីតិប្បញ្ញត្តិ​ ហើយ​បំពេញ​ភារកិច្ច​​របស់​ខ្លួន​ ដូច​បាន​កំណត់​​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ ច្បាប់​ជា​ធរមាន។

ព្រឹទ្ធសភា​មាន​សមាជិក​យ៉ាង​ច្រើន​ ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ចំនួន​​សមាជិក​រដ្ឋសភា​ទាំងមូល។

សមាជិក​ព្រឹទ្ធសភា​ត្រូវ​​ចាត់​តាំង​ខ្លះ​ និង​ត្រូវ​​ជ្រើស​តាំង​​ដោយ​ការ​​បោះឆ្នោត​អ​សកល​ខ្លះ។

សមាជិក​ព្រឹទ្ធសភា​ អាច​ត្រូវ​​បាន​ចាត់តាំង​​ និង​ជ្រើស​តាំង​សា​ជា​ថ្មី​​បាន។ អ្នក​ដែល​មាន​​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ព្រឹទ្ធសភា​ គឺ​​ជា​ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​ពីរ​​ភេទ​ ដែល​មាន​សិទ្ធិ​​បោះឆ្នោត​ មាន​អាយុ​យ៉ាង​តិច​ ៤០​ ឆ្នាំ​ មាន​សញ្ជាតិ​ខ្មែរ​តាំង​ពី​កំណើត។

មាត្រា ១០០​ ថ្មី​.-

សមាជិក​ព្រឹទ្ធសភា​ចំនួន​​២​រូប​ ត្រូវ​បាន​ចាត់​តាំង​​ដោយ​ព្រះមហាក្សត្រ។

សមាជិក​ព្រឹទ្ធសភា​ចំនួន​ ២​រូប​ ត្រូវ​បាន​រដ្ឋសភា​​ជ្រើស​តាំង​តាម​មតិ​ភាគ​ច្រើន​ដោយ​ប្រៀប។

រីឯ​សមាជិក​ព្រឹទ្ធសភា​ឯ​ទៀត​ ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​​អសកល។


​មាត្រា ១០១​ ថ្មី​.-

ការ​រៀបចំ​បែបបទ​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​​ចាត់​តាំង​និង​ការ​បោះឆ្នោត​​ជ្រើស​តាំង​សមាជិក​ ព្រឹទ្ធសភា​ ព្រម​ទាំង​ការ​កំណត់​អំពី​អ្នក​បោះឆ្នោត​អង្គ​បោះឆ្នោត​​ និង​ មណ្ឌល​បោះឆ្នោត​ ត្រូវ​ចែង​ក្នុង​ច្បាប់​មួយ។


​មាត្រា ១០២​ ថ្មី​.-

នីតិកាល​របស់​ព្រឹទ្ធសភា​មាន​កំណត់​ ៦​ឆ្នាំ​ ហើយ​ត្រូវ​ផុត​​កំណត់​នៅ​ពេល​ដែល​ ព្រឹទ្ធសភា​ថ្មី​ចូល​កាន់​​តំណែង។

ក្នុង​ពេល​មាន​សង្គ្រាម​ ឬ​ក្នុង​កាលៈទេសៈ​ពិសេស​ដទៃ​ទៀត​ ដែល​មិន​អាច​ធ្វើ​​ការ​បោះឆ្នោត​កើត​ ព្រឹទ្ធសភា​អាច​ប្រកាស​បន្ត​​នីតិកាល​របស់​ខ្លួន​មួយ​ដង​បាន​មួយ​ឆ្នាំ​ តាម​សំណើ​របស់​ព្រះមហាក្សត្រ។

ការ​ប្រកាស​បន្ត​នីតិកាល​របស់​ព្រឹទ្ធសភា​ ត្រូវ​សម្រេច​​ដោយ​មតិ​យល់​ព្រម​ពីរ​ភាគ​បី​យ៉ាង​​តិច​ នៃ​ចំនួន​​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។

ក្នុង​កាលៈទេសៈ​ដូច​បាន​​រៀបរាប់​ខាង​លើ​ ព្រឹទ្ធសភា​ប្រជុំ​រាល់​ថ្ងៃ​ជាប់​ជា​ប្រចាំ។ ព្រឹទ្ធសភា​មាន​សិទ្ធិ​សម្រេច​បញ្ចប់​​កាលៈទេសៈ​ពិសេស​ខាង​លើ​នេះ​ កាល​បើ​សភាពការណ៍​អនុញ្ញាត។

បើ​ព្រឹទ្ធសភា​មិន​អាច​ប្រជុំ​បាន​ទេ​ ដោយ​មូលហេតុ​ចាំបាច់​ជា​អាទិ៍​នៅ​ពេល​ដែល​កម្លាំង​​​បរទេស​ចូល​មក​កាន់កាប់​ ទឹកដី​ ការ​ប្រកាស​​ភាព​អាសន្ន​ត្រូវ​បន្ត​ទៅ​មុខ​ជា​ស្វ័យ​ប្រវត្តិ។


​មាត្រា ១០៣​ ថ្មី​.-

អាណត្តិ​នៃ​សមាជិក​ព្រឹទ្ធសភា​ មាន​វិសមិតភាព​ជាមួយ​​ការ​បំពេញ​មុខងារ​សាធារណៈ​ជា​សកម្ម​ជាមួយ​មុខងារ​​ជា​ តំណាងរាស្ត្រ​ និង​ ជា​មួយ​​មុខងារ​ជា​សមាជិក​ស្ថាប័ន​ដទៃ​ទៀត​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។


​មាត្រា ១០៤​ ថ្មី​.-

សមាជិក​ព្រឹទ្ធសភា​​ មាន​អភ័យ​ឯកសិទ្ធិ​សភា។

សមាជិក​ព្រឹទ្ធសភា​​រូប​ណា​ក៏​ដោយ​ មិន​អាច​ត្រូវ​បាន​ចោទប្រកាន់​ចាប់​ខ្លួន​ ឃាត់​ខ្លួន​ ឬ​ឃុំ​ខ្លួន​ ដោយ​ហេតុ​​ពី​បាន​សំដែង​​យោបល់​ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​​របស់​ខ្លួន​សោះ​ឡើយ។ ការ​ចោទ​ប្រកាន់​ ការ​​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​ នៃ​ព្រឹទ្ធសភា​ នឹង​​អាច​ធ្វើ​​ទៅ​កើត​លុះ​ត្រា​តែ​​មាន​ការ​យល់​ព្រម​ពី​ព្រឹទ្ធសភា​ ឬ​ពី​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​ ក្នុង​​ចន្លោះ​សម័យ​ប្រជុំ​នៃ​ព្រឹទ្ធសភា​ វៀរលែង​​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។ ក្នុង​ករណី​ចុង​ក្រោយ​នេះ​ ក្រសួង​​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​ព្រឹទ្ធសភា​ ឬ​ជូន​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​​ជា​បន្ទាន់​ ដើម្បី​សម្រេច។

សេចក្ដី​សម្រេច​​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​ ត្រូវ​​ដាក់​ជូន​សម័យ​ប្រជុំ​ព្រឹទ្ធសភា​ខាង​មុខ​ ដើម្បី​អនុម័ត​តាម​​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​ នៃ​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល។

ក្នុង​ករណី​ទាំង​អស់​ខាង​លើ​នេះ​ ការ​ឃុំ​ខ្លួន​ ការ​ចោទប្រកាន់​សមាជិក​ព្រឹទ្ធសភា​​ណា​មួយ​ត្រូវ​ផ្អាក​ ប្រសិន​​បើ​ព្រឹទ្ធសភា​បាន​បញ្ចេញ​មតិ​ឱ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន​បី​ភាគ​ បួន​ នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។


​មាត្រា ១០៥​ ថ្មី​.-

ព្រឹទ្ធសភា​ មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរការ។

សមាជិក​ព្រឹទ្ធសភា​ ត្រូវ​ទទួល​​ប្រាក់​បំណាច់។


​មាត្រា ១០៦​ ថ្មី​ (មួយ)​.-

ព្រឹទ្ធសភា​​បើក​សម័យ​ប្រជុំ​ដំបូង​ ហុកសិប​ថ្ងៃ​យ៉ាង​យូរ​ ក្រោយ​ពេល​បោះឆ្នោត​ តាម​ការ​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ។

មុន​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន​ ព្រឹទ្ធសភា​​ត្រូវ​ប្រកាស​សុពលភាព​ នៃ​អាណត្តិ​​របស់​សមាជិក​នីមួយៗ​ និង​ត្រូវ​​បោះឆ្នោត​ជ្រើសរើស​ដាច់​ដោយ​ឡែក​ពី​គ្នា​​នូវ​ប្រធាន​ អនុប្រធាន​ ព្រឹទ្ធសភា​ និង​ សមាជិក​ទាំងអស់​ នៃ​គណៈកម្មការ​នានា​របស់​ព្រឹទ្ធសភា​ ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​ នៃ​ចំនួន​សមាជិក​​ព្រឹទ្ធសភា​ទាំង​​មូល។

សមាជិក​​ព្រឹទ្ធសភា​ទាំងអស់​ ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​មុន​ចូល​​កាន់​តំណែង​ ដូច​មាន​ខ្លឹមសារ​​ចែង​ក្នុង​​ឧបសម្ព័ន្ធ​ទី​ ៧​ នៃ​រដ្ឋធម្មនុញ្ញ។


​មាត្រា ១០៧​ ថ្មី​.-

ព្រឹទ្ធសភា​ ប្រជុំ​ជា​សាមញ្ញ​ពីរ​ដង​​ក្នុង​មួយ​ឆ្នាំ។

សម័យ​ប្រជុំ​នីមួយៗ​ មាន​ថិរៈ​វេលា​យ៉ាង​តិច​ បី​ខែ។ បើ​មាន​សំណូមពរ​ពី​ព្រះមហាក្សត្រ​ ឬ​សេចក្ដី​ស្នើ​សុំ​ពី​នាយករដ្ឋមន្ត្រី​ ឬ​ពី​សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បី​យ៉ាង​តិច​ ព្រឹទ្ធសភា​កោះ​ប្រជុំ​ជា​វិសាមញ្ញ។


​មាត្រា ១០៨​ ថ្មី​.-

នៅ​ចន្លោះ​សម័យ​ប្រជុំ​របស់​ព្រឹទ្ធសភា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​​របស់​​ព្រឹទ្ធសភា​ ទទួល​ភារកិច្ច​ចាត់ចែង​​ការងារ។


​មាត្រា ១០៩​ ថ្មី​.-

សម័យ​ប្រជុំ​ព្រឹទ្ធសភា​ ត្រូវ​ធ្វើ​នៅ​រាជធានី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ក្នុង​សាល​ប្រជុំ​របស់​ ព្រឹទ្ធសភា​ លើកលែង​តែ​​មាន​ការ​​សម្រេច​ផ្សេង​ចុះ​ក្នុង​លិខិត​កោះ​ប្រជុំ​​ដោយ​ កាលៈទេសៈ​តម្រូវ។

ក្រៅ​ពី​​ករណី​ខាង​លើ​ និង​ក្រៅ​ពី​កន្លែង​ និង​កាល​បរិច្ឆេទ​ដែល​កំណត់​​ក្នុង​សេចក្ដី​អញ្ជើញ​ ការ​ប្រជុំ​ណា​ក៏​ដោយ​របស់​ព្រឹទ្ធសភា​ត្រូវ​ទុក​ជា​ខុស​ច្បាប់​ហើយ​អសារ​ សូន្យ​ ពេញ​លក្ខណៈ។


​មាត្រា ១១០​ ថ្មី​.-

ប្រធាន​ព្រឹទ្ធសភា​​ដឹកនាំ​អង្គ​ប្រជុំ​របស់​ព្រឹទ្ធសភា​ ទទួល​អាញត្តិ​ច្បាប់​ និង​សេចក្ដី​​សម្រេច​ចិត្ត​ទាំងឡាយ​​ ដែល​ព្រឹទ្ធសភា​បាន​អនុម័ត​ រ៉ាប់រង​ការ​អនុវត្ត​បទបញ្ជា​ផ្ទៃ​ក្នុង​​របស់​ព្រឹទ្ធសភា​ និង​ចាត់ចែង​ការ​ទាក់ទង​អន្តរជាតិ​ទាំងឡាយ​របស់​ព្រឹទ្ធសភា។

ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​មាន​ធុរៈ​មិន​អាច​បំពេញ​មុខងារ​បាន​ ដោយ​ហេតុ​មក​ពី​មាន​ជម្ងឺ​ ឬ​បំពេញ​​មុខងារ​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ ឬ​ជា​​ព្រះរាជានុសិទ្ធិ​ ឬ​បំពេញ​បេសកកម្ម​នៅ​បរទេស​ ​អនុ​ប្រធាន​ព្រឹទ្ធសភា​មួយ​រូប​ត្រូវ​ទទួល​ភារកិច្ច​ចាត់ចែង​​ការងារ​ ជំនួស។

ក្នុង​ករណី​ដែល​ប្រធាន​ ឬ​អនុប្រធាន​ព្រឹទ្ធសភា​ លាលែង​​ពី​មុខ​​តំណែង​ ឬ​ទទួល​​អនិច្ចកម្ម​ ព្រឹទ្ធសភា​ត្រូវ​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន​ ឬ​អនុប្រធាន​ថ្មី។

មាត្រា ១១១​ ថ្មី​ (ពីរ).-

ការ​ប្រជុំ​ព្រឹទ្ធសភា​ ត្រូវ​ធ្វើ​ជា​សាធារណៈ។

ព្រឹទ្ធសភា​អាច​ប្រជុំ​សម្ងាត់​បាន​តាម​ការ​សុំ​ពី​ប្រធាន​ ឬ​ពី​​សមាជិក​ចំនួន​មួយ​ភាគ​ដប់​យ៉ាង​តិច​ ពី​ព្រះមហាក្សត្រ​ ពី​នាយករដ្ឋមន្ត្រី​​ ឬ​ពី​ប្រធាន​រដ្ឋសភា។

ការ​ប្រជុំ​ព្រឹទ្ធសភា​នឹង​​យក​ជា​ការ​បាន​ លុះ​ត្រា​តែ​មាន​ :

ក- កូរ៉ុម​លើស​ពី​ ពីរ​​ភាគ​បី​ នៃ​ចំនួន​​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​​សម្រាប់​​ការ​អនុម័ត​ទាំងឡាយ​ណា​ដែល​ តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។ ឋ

ខ- កូរ៉ុម​លើស​ពី​ពាក់​កណ្ដាល​ នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​សម្រាប់​​ការ​អនុម័ត​ទាំងឡាយ​ណា​ ដែល​​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ដោយ​ប្រៀប​ ឬ​យក​មតិ​ភាគ​ច្រើន​ដាច់​ខាត​ នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។

ចំនួន​សម្លេង​ ដែល​តម្រូវ​សម្រាប់​រដ្ឋសភា​អនុម័ត​យល់​ព្រម​ ហើយ​ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ ត្រូវ​យក​មក​ប្រើ​សម្រាប់​ព្រឹទ្ធសភា​ផង​ដែរ។


​មាត្រា ១១២​ ថ្មី​.-

ព្រឹទ្ធសភា​ មាន​ភារកិច្ច​សម្របសម្រួល​ការងារ​រវាង​រដ្ឋសភា​ និង​ រដ្ឋាភិបាល។


មាត្រា ១១៣​ ថ្មី​.-

ព្រឹទ្ធសភា​ ពិនិត្យ​ហើយ​ឱ្យ​យោបល់​ក្នុង​រយៈពេល​មួយ​ខែ​​យ៉ាង​យូរ​​លើ​សេចក្ដី​ ព្រាងច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់ ដែល​រដ្ឋសភា​បាន​អនុម័ត​យល់​​ព្រម​លើក​ដំបូង​រួច​ហើយ ព្រម​ទាំង​លើ​បញ្ហា​ទាំង​ពួង ដែល​រដ្ឋសភា​បាន​ដាក់​ឱ្យ​ពិនិត្យ។ បើ​ជា​ការ​ប្រញាប់​ រយៈពេល​នោះ​ត្រូវ​បន្ថយ​មក​នៅ​ត្រឹម​តែ​ប្រាំ​ថ្ងៃ។

បើ​ព្រឹទ្ធសភា​បាន​ឱ្យ​យោបល់​យល់​ព្រម​ ឬ​ពុំ​បាន​ឱ្យ​យោបល់​សោះ​ក្នុង​​រយៈពេល​ដែល​​មាន​កំណត់​ទុក​ហើយ​នោះ​ទេ​ ច្បាប់​ដែល​រដ្ឋសភា​​បាន​អនុម័ត​យល់​ព្រម​ហើយ​នោះ​ នឹង​ត្រូវ​បាន​យក​ទៅ​ប្រកាស​ឱ្យ​ប្រើ។

បើ​ព្រឹទ្ធសភា​សុំ​ឱ្យ​កែ​សម្រួល​សេចក្ដី​ព្រាងច្បាប់​ ឬ​សេចក្ដី​​ស្នើ​ច្បាប់​​នោះ​រដ្ឋសភា​​ត្រូវ​យក​មក​ពិចារណា​ភ្លាម​ជា​លើក​ទី ​ពីរ។ រដ្ឋសភា​ត្រូវ​ពិនិត្យ​ និង​សម្រេច​តែ​ត្រង់​បទប្បញ្ញត្តិ​ ឬ​ចំណុច​ណា​ដែល​​ព្រឹទ្ធសភា​សុំ​ឱ្យ​កែ​សម្រួល​ ដោយ​បដិសេធ​ចោល​ទាំងមូល​ ឬ​ទុក​ជា​បាន​ការ​ខ្លះ។

ការ​បង្វិល​ទៅ​បង្វិល​មក​រវាង​ព្រឹទ្ធសភា​​ និង​រដ្ឋសភា​ ត្រូវ​ធ្វើ​តែ​ក្នុង​រយៈពេល​មួយ​ខែ។ រយៈពេល​នេះ​ត្រូវ​​បន្ថយ​មក​ត្រឹម​ដប់​ថ្ងៃ​ បើ​ត្រូវ​ពិនិត្យ​សម្រេច​ពី​ថវិកា​ជាតិ​ និង​ ហិរញ្ញវត្ថុ​ ហើយ​មក​ត្រឹម​តែ​ពីរ​ថ្ងៃ​បើ​ជា​ការ​​ប្រញាប់។

បើ​រដ្ឋសភា​ទុក​ឱ្យ​ហួស​រយៈពេល​កំណត់​ ឬ​ពន្យារ​ពេល​​ដែល​កំណត់​ទុក​សម្រាប់​ពិនិត្យ​នោះ​ រយៈពេល​ជា​គោលការណ៍​សម្រាប់​រដ្ឋសភា​ និង​ ព្រឹទ្ធសភា​ត្រូវ​បន្ថែម​ឱ្យ​ស្មើ​គ្នា​ដែរ។

បើ​ព្រឹទ្ធសភា​បដិសេធ​សេចក្ដី​ព្រាង​ច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់​នោះ​ជា​អសារ​បង់​ រដ្ឋសភា​មិន​អាច​នឹង​យក​​មក​ពិចារណា​ជា​លើក​ទី​ពីរ​បាន​មុន​រយៈពេល​មួយ​ខែ​ ទេ។ រយៈពេល​នេះ​ ត្រូវ​បន្ថយ​មក​ត្រឹម​ដប់​ប្រាំ​ថ្ងៃ​បើ​ពិនិត្យ​ពី​ថវិកា​​ជាតិ​និង​ ហិរញ្ញវត្ថុ​ ហើយ​មក​ត្រឹម​តែ​​បួន​ថ្ងៃ​ បើ​ជា​ការ​ប្រញាប់។

ក្នុង​ការ​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់​​ជា​លើក​ទី​២​ នេះ​រដ្ឋសភា​ត្រូវ​អនុម័ត​ដោយ​វិធី​បោះ​ឆ្នោត​ចំហ​ និង​យក​តាម​មតិ​ភាគ​ច្រើន​​ដាច់​ខាត។

សេចក្ដី​ព្រាង​ច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់​ណា​ដែល​​បាន​សម្រេច​ដូច​ខាង​លើ​នេះ​ហើយ​នោះ​ នឹង​ត្រូវ​បាន​យក​ទៅ​ប្រកាស​ឱ្យ​ប្រើ។


មាត្រា ១១៤​ ថ្មី​ (មួយ).-

ព្រឹទ្ធសភា​បង្កើត​គណៈកម្មការ​ផ្សេងៗ​ដែល​ចាំបាច់។ ការ​រៀបចំ​ និង ​​ការ​ប្រព្រឹត្ត​ទៅ​នៃ​ព្រឹទ្ធសភា​ នឹង​កំណត់​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ព្រឹទ្ធសភា។ បទបញ្ជា​ផ្ទៃ​ក្នុង​នេះ​ ត្រូវ​អនុម័ត​យល់​ព្រម​ដោយ​សំឡេង​​ភាគ​ច្រើន​ដាច់​ខាត​ នៃ​​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។


មាត្រា ១១៥​ ថ្មី​ .-

ក្នុង​ករណី​មាន​សមាជិក​ព្រឹទ្ធសភា​ទទួល​អនិច្ចកម្ម​ លាលែង​ ឬ​ប្រាសចាក​សមាជិកភាព​ ដែល​កើត​មាន​ឡើង​​ប្រាំ​មួយ​ខែ​យ៉ាង​តិច​មុន​ចប់​នីតិកាល​ ត្រូវ​ចាត់​តាំង​ ឬ​ជ្រើស​តាំង​ ជំនួស​​សមាជិក​នោះ​តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​ នៃ​ព្រឹទ្ធសភា និង​ក្នុង​ច្បាប់​ស្ដី​ពី​ការ​ចាត់តាំង​និង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក ​ព្រឹទ្ធសភា។


ជំពូក​ទី​ ៩​ ថ្មី អំពី​សមាជ​រដ្ឋសភា​ និង​ ព្រឹទ្ធសភា

[កែប្រែ]

មាត្រា ១១៦​ ថ្មី​.-

ក្នុង​ករណី​ចាំបាច់​ រដ្ឋសភា​ និង​ព្រឹទ្ធសភា​ អាច​ប្រជុំ​រួម​គ្នា​ជា​សមាជ​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ។


មាត្រា ១១៧​ ថ្មី​.-

បញ្ហា​សំខាន់ៗ​ របស់​ប្រទេស​ជាតិ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១១៦​ ថ្មី​ខាង​លើ​ ព្រម​ទាំង​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមាជ​នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ។


ជំពូក​ទី​ ១០​ ថ្មី អំពី​រាជរដ្ឋាភិបាល

[កែប្រែ]

មាត្រា ១១៨​ ថ្មី​.-(មាត្រា​ ៩៩​ ចាស់)

គណៈរដ្ឋមន្ត្រី​ ជា​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ គណៈរដ្ឋមន្ត្រី​ ត្រូវ​បាន​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី​មួយ​រូប​ អម​ដោយ​ឧបនាយករដ្ឋមន្ត្រី​ ព្រមទាំង​មាន​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជា​សមាជិក។ ​មាត្រា ១១៩​ ថ្មី​.-(មាត្រា​ ១០០​ ចាស់)

តាម​សេចក្ដី​ស្នើ​ពី​ប្រធាន​ ដោយ​មាន​មតិ​ឯកភាព​​ពី​អនុប្រធាន​ទាំងពីរ​នៃ​រដ្ឋសភា​​ ព្រះមហាក្សត្រ​ទ្រង់​ចាត់​តាំង​វរជន​មួយ​រូប​ ក្នុង​​ចំណោម​តំណាងរាស្ត្រ​នៃ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ឱ្យ​បង្កើត​ រាជរដ្ឋាភិបាល។ វរជន​​ដែល​ត្រូវ​បាន​​ចាត់​តាំង​នេះ​ នាំ​សហការី​ដែល​ជា​តំណាងរាស្ត្រ​ ឬ​ជា​​សមាជិក​គណបក្ស​តំណាង​​នៅ​ក្នុង​រដ្ឋសភា​ ដែល​ផ្គូរផ្គង​ឱ្យ​កាន់​តំណាង​​ផ្សេងៗ​ ក្នុង​រាជរដ្ឋាភិបាល​ទៅ​សុំ​សេចក្ដី​ទុក​ចិត្ត​ពី​រដ្ឋសភា។ កាល​បើ​រដ្ឋសភា​​បាន​បោះ​ឆ្នោត​ទុក​ចិត្ត​ហើយ​នោះ​ព្រះមហាក្សត្រ​ទ្រង់​ចេញ​ ព្រះរាជក្រឹត្យ​តែងតាំង​គណៈរដ្ឋមន្ត្រី​ទាំងមូល។ មុន​ចូល​​កាន់​តំណែង​គណៈរដ្ឋមន្ត្រី​ ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​ ដូច​មាន​ខ្លឹមសារ​ចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​ ៦។ មាត្រា ១២០​ ថ្មី​.-(មាត្រា​ ១០១​ ចាស់)

មុខងារ​នៃ​សមាជិក​រាជរដ្ឋាភិបាល​ មាន​វិសមិតភាព​នឹង​សកម្មភាព​​ខាង​វិជ្ជាជីវៈ​ ផ្នែក​​ពាណិជ្ជកម្ម​ ឬ​ឧស្សាហកម្ម​ ហើយ​និង​ការ​កាន់​តំណែង​ណា​មួយ​ក្នុង​មុខងារ​​សាធារណៈ។ មាត្រា ១២១​ ថ្មី​.-(មាត្រា​ ១០២​ ចាស់)

សមាជិក​ទាំងឡាយ​ នៃ​រាជរដ្ឋាភិបាល​​ទទួល​ខុសត្រូវ​​រួម​គ្នា​ចំពោះ​រដ្ឋសភា​ អំពី​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល។ សមាជិក​មួយ​រូបៗ​ នៃ​រាជរដ្ឋាភិបាល​ទទួល​ខុសត្រូវ​រៀង​ខ្លួន​​ចំពោះ​នាយករដ្ឋមន្ត្រី​ និង​ចំពោះ​រដ្ឋសភា​អំពី​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ មាត្រា ១២២​ ថ្មី​.-(មាត្រា​ ១០៣​ ចាស់)

សមាជិក​ទាំងឡាយ​ នៃ​រាជរដ្ឋាភិបាល​​មិន​អាច​យក​សំអាង​នៃ​សេចក្ដី​បង្គាប់​​ដោយ​លាយលក្ខណ៍​ អក្សរ​ ឬ​ ដោយ​វាចា​អំពី​នរណា​មួយ​ ដើម្បី​ដោះសា​ឱ្យ​រួច​ខ្លួន​ពី​ការ​ទទួល​​ខុសត្រូវ​របស់​ខ្លួន​បាន​ឡើយ។

មាត្រា ១២៣​ ថ្មី​.-(មាត្រា​ ១០៤​ ចាស់)

គណៈរដ្ឋមន្ត្រី​ ត្រូវ​ប្រជុំ​រាល់​សប្ដាហ៍​ជា​ប្រជុំ​ធំ​ ឬ​ជា​ប្រជុំ​ពិនិត្យ​ស្រាវជ្រាវ។ អង្គ​ប្រជុំ​ធំ​ ត្រូវ​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រី​អាច​ប្រគល់​ភារកិច្ច​ជូន​ឧបនាយករដ្ឋមន្ត្រី​ ដឹក​នាំ​អង្គ​ប្រជុំ​ពិនិត្យ​ស្រាវជ្រាវ​បាន។ កំណត់​ហេតុ​នៃ​អង្គ​ប្រជុំ​ទាំងអស់​របស់​គណៈរដ្ឋមន្ត្រី​ ត្រូវ​​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​ទ្រង់​ជ្រាប។

មាត្រា ១២៤​ ថ្មី​.-(មាត្រា​ ១០៥​ ចាស់)

នាយករដ្ឋមន្ត្រី​ អាច​រំលែក​អំណាច​របស់​ខ្លួន​ឱ្យ​ទៅ​ឧបនាយករដ្ឋមន្ត្រី​ ឬ​សមាជិក​ណា​មួយ​នៃ​រាជរដ្ឋាភិបាល​បាន។

មាត្រា ១២៥​ ថ្មី​.-(មាត្រា​ ១០៦​ ចាស់)

បើ​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​នោះ​ ត្រូវ​តែងតាំង​គណៈរដ្ឋមន្ត្រី​មួយ​ជា​ថ្មី​ ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ។ បើ​ការ​ទំនេរ​នេះ​ជា​ការ​ទំនេរ​មួយ​កាល​មួយ​គ្រា​ទេ​ ត្រូវ​​ចាត់​តាំង​នាយករដ្ឋមន្ត្រី​​ស្ដី​ទី​ជា​បណ្ដោះ​អាសន្ន។

មាត្រា ១២៦​ ថ្មី​.-(មាត្រា​ ១០៧​ ចាស់)

សមាជិក​មួយ​រូបៗ​នៃ​រាជរដ្ឋាភិបាល​ ត្រូវ​ទទួល​ទណ្ឌកម្ម​ពី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន។ ក្នុង​ករណី​នេះ​​ និង​ក្នុង​ករណី​ធ្វើ​ខុស​ជា​ទម្ងន់​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ រដ្ឋសភា​​អាច​​សម្រេច​ប្ដឹង​​ទៅ​តុលាការ​មាន​សមត្ថកិច្ច។ រដ្ឋសភា​សម្រេច​ក្នុង​រឿង​នេះ​ ដោយ​វិធី​បោះឆ្នោត​ជា​សម្ងាត់​ តាម​មតិ​ភាគ​ច្រើន​ដាច់ខាត​ នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល។

មាត្រា ១២៧​ ថ្មី​.-(មាត្រា​ ១០៨​ ចាស់)

ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ នឹង​ត្រូវ​​កំណត់​ក្នុង​ច្បាប់​មួយ។

ជំពូក​ទី​ ១១​ ថ្មី​ អំពី​អំណាច​តុលាការ

[កែប្រែ]

មាត្រា​ ១២៨​ ថ្មី​.-(មាត្រា​ ១០៩​ ចាស់)

អំណាច​តុលាការ​ ជា​អំណាច​ឯករាជ្យ។

អំណាច​តុលាការ​ ធានា​រក្សា​អនាគតិ​ និង​ ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

អំណាច​តុលាការ​ គ្រប​ដណ្ដប់​ទៅ​លើ​រឿង​ក្ដី​ទាំងអស់​ រួម​ទាំង​រឿង​ក្ដី​រដ្ឋបាល​ផង។

អំណាច​នេះ​ ត្រូវ​ប្រគល់​ឱ្យ​តុលាការ​កំពូល​ និង​សាលា​ជម្រះ​ក្ដី​គ្រប់​ផ្នែក​ និង​គ្រប់​ជាន់​ថ្នាក់។


មាត្រា​ ១២៩​ ថ្មី.-(មាត្រា​ ១១០​ ចាស់)

ការ​ជម្រះ​ក្ដី​ផ្ដល់​យុត្តិធម៌​ ត្រូវ​ធ្វើ​ក្នុង​នាម​ប្រជារាស្ត្រ​ខ្មែរ​ តាម​នីតិវិធី​ និង​ច្បាប់​ជា​ធរមាន។

មាន​តែ​ចៅក្រម​ទេ​ដែល​មាន​សិទ្ធិ​ជម្រះ​ក្ដី។​ ចៅក្រម​ត្រូវ​បំពេញ​ភារកិច្ច​នេះ​ ដោយ​គោរព​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ និង​ឱ្យ​អស់​ពី​ដួង​ចិត្ត​ និង​សម្បជញ្ញៈ​របស់​ខ្លួន។


មាត្រា​ ១៣០​ ថ្មី.-​(មាត្រា​ ១១១​ ចាស់)

គ្មាន​អង្គការ​ណាមួយ​នៃ​អំណាច​នីតិប្បញ្ញត្តិ​ ឬ​នីតិប្រតិបត្តិ​អាច​ទទួល​អំណាច​តុលាការ​អ្វី​បាន​ឡើយ។


មាត្រា​ ១៣១​ ថ្មី​.- (មាត្រា​ ១១២​ ចាស់)

មាន​តែ​អង្គការ​អយ្យការ​ទេ​ ដែល​មាន​សិទ្ធិ​ធ្វើ​បណ្ដឹង​អាជ្ញា។


មាត្រា​ ១៣២​.-(មាត្រា​ ១១៣​ ចាស់)

ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​នៃ​អំណាច​តុលាការ។​ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជួយ​ព្រះមហាក្សត្រ​ក្នុង​កិច្ចការ​នេះ។


មាត្រា​ ១៣៣​ ថ្មី​.-(មាត្រា​ ១១៤​ ចាស់)

ចៅក្រម​មិន​អាច​ត្រូវ​គេ​ដក​ពី​មុខងារ​បាន​ទេ។​ ប៉ុន្តែ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ សម្រេច​ដាក់​វិន័យ​លើ​ចៅក្រម​ដែល​បាន​ប្រព្រឹត្ត​ខុស។


មាត្រា​ ១៣៤​ ថ្មី​.-(មាត្រា​ ១១៥​ ចាស់)

ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ នឹង​ត្រូវ​បង្កើត​ដោយ​ច្បាប់​រៀបចំ​អង្គការ​មួយ​ ដែល​នឹង​កំណត់​សមាសភាព​ និង​មុខងារ។

ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ ស្ថិត​ក្រោម​ព្រះរាជាធិបតីភាព​នៃ​ព្រះមហាក្សត្រ។​ ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​អាច​ចាត់តាំង​ព្រះរាជ​តំណាង​ម្នាក់​របស់​ ព្រះអង្គ​ឱ្យ​ធ្វើ​ជា​អធិបតី​ នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នេះ។

ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​លើក​សេចក្ដី​ស្នើ​ថ្វាយ​ ព្រះមហាក្សត្រ​អំពី​ការ​តែងតាំង​ចៅក្រម​ និង​ព្រះរាជអាជ្ញា​អម​សាលា​ជម្រះ​ក្ដី​ទាំងអស់។

ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ក្នុង​មុខ​ការ​ដាក់​វិន័យ​ចំពោះ​ចៅក្រម​ និង​ ព្រះរាជអាជ្ញា​ ត្រូវ​ប្រជុំ​ក្រោម​អធិបតីភាព​នៃ​ប្រធាន​តុលាការ​កំពូល​ ឬ​អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ អាស្រ័យ​ដោយ​ករណី​ទាក់ទង​នឹង​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា។


មាត្រា​ ១៣៥​ ថ្មី​.-(មាត្រា​ ១១៦​ ចាស់)

លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ និង​ការ​រៀបចំ​អង្គការ​តុលាការ​ នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​ដោយ​ឡែក​ពី​គ្នា។

ជំពូក​ទី​ ១២​ ថ្មី​ អំពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ

[កែប្រែ]

មាត្រា​ ១៣៦​ ថ្មី.-

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​សមត្ថកិច្ច​ធានា​ការពារ​ការ​គោរព​រដ្ឋធម្មនុញ្ញ​បកស្រាយ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ។

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​សិទ្ធិ​ពិនិត្យ​ និង​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​ តំណាងរាស្ត្រ​ និង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។

មាត្រា​ ១៣៧​ ថ្មី.-(មាត្រា​ ១១៨ ចាស់)

ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​សមាជិក​ ប្រាំ​បួន​រូប​ ដែល​ទទួល​អាណត្តិ​ប្រាំបួន​ឆ្នាំ។​ សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ចំនួន​មួយ​ភាគ​បី​ ត្រូវ​ផ្លាស់​ថ្មី​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ម្ដង​បី​ឆ្នាំ​ម្ដង។​ សមាជិក​បី​រូប​ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ ​បី​រូប​ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋសភា​ ហើយ​បី​រូប​ទៀត​ ត្រូវ​តែងតាំង​ដោយ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។

ប្រធាន​ ត្រូវ​បាន​ជ្រើស​តាំង​ដោយ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ។​ ប្រធាន​មាន​សម្លេង​ឧត្ដមានុភាព​ ក្នុង​ករណី​បែក​សម្លេង​ជា​ពីរ​ស្មើ​គ្នា។


មាត្រា​ ១៣៨​ ថ្មី.-(មាត្រា​ ១១៩​ ចាស់)

សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវ​ជ្រើសរើស​ក្នុង​ចំណោម​ឥស្សរជន​​ដែល​មាន​សញ្ញាប័ត្រ​ចាប់​ពី​ឧត្ដម​ សិក្សា​ទៅ​ ខាង​ច្បាប់​ ខាង​រដ្ឋបាល​ ខាង​ការទូត​ ឬ​ខាង​សេដ្ឋកិច្ច​ ហើយ​ពិសោធន៍​ច្រើន​ក្នុង​ការងារ។


មាត្រា​ ១៣៩​ ថ្មី.-​

មុខងារ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​វិសមិតភាព​នឹង​មុខងារ​សមាជិក​ព្រឹទ្ធសភា​ សមាជិក​រដ្ឋសភា​ សមាជិក​រាជរដ្ឋាភិបាល​ ចៅក្រម​ក្នុង​តំណែង​ ការ​កាន់​តំណែង​ណាមួយ​ក្នុង​មុខងារ​សាធារណៈ​ ប្រធាន​ ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ ប្រធាន​ ឬ​អនុប្រធាន​សហជីព។


មាត្រា​ ១៤០​ ថ្មី.-

ព្រះមហាក្សត្រ​ នាយករដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ តំណាងរាស្ត្រ​ចំនួន​មួយ​ភាគ​ដប់​ ប្រធាន​ព្រឹទ្ធសភា​ ឬ​សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន​អាច​បញ្ជូន​ច្បាប់​ដែល​រដ្ឋសភា​បាន​ អនុម័ត​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ មុន​នឹង​ច្បាប់​នោះ​ត្រូវ​ប្រកាស​ឱ្យ​ប្រើ។

បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ បទបញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភា​ និង​ច្បាប់​រៀបចំ​អង្គការ​ទាំងឡាយ​ ត្រូវ​តែ​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ មុន​នឹង​ប្រកាស​ឱ្យ​ប្រើ។​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវ​សម្រេច​ក្នុង​រយៈពេល​ សាមសិប​ (៣០)​ ថ្ងៃ​យ៉ាង​យូរ​ ថា​តើ​ច្បាប់​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ និង​បទបញ្ជា​ផ្ទៃ​ក្នុង​ព្រឹទ្ធសភា​ខាង​លើ​ស្រប​ ឬ​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ។


មាត្រា​ ១៤១​ ថ្មី.-

ក្រោយ​ពី​ច្បាប់​ណា​មួយ​ ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ ព្រះមហាក្សត្រ​ ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា​ នាយក​រដ្ឋមន្ត្រី​ សមាជិក​ព្រឹទ្ធសភា​ ចំនួន​មួយ​ភាគ​បួន​ តំណាងរាស្ត្រ​ចំនួន​មួយ​ភាគ​ដប់​ ឬ​តុលាការ​ អាច​សុំ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​អំពី​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់ ​នោះ។

ប្រជារាស្ត្រ​មាន​សិទ្ធិ​ប្ដឹង​អំពី​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់​បាន​ តាម​រយៈ​តំណាងរាស្ត្រ​ ឬ​ ប្រធាន​រដ្ឋសភា​ ឬ​សមាជិក​ព្រឹទ្ធសភា​ ឬ​ប្រធាន​ព្រឹទ្ធសភា​ដូច​មាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​ខាងលើ។


មាត្រា​ ១៤២ ថ្មី.-(មាត្រា​ ១២៣​ ចាស់)

បទប្បញ្ញត្តិ​ក្នុង​មាត្រា​ណា​ ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ មិន​អាច​យក​ទៅ​ប្រកាស​ឱ្យ​ប្រើ​ ឬ​យក​ទៅ​អនុវត្ត​បាន​ឡើយ។

សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ជា​សេចក្ដី​សម្រេច​បិទ​ផ្លូវ​តវ៉ា។


មាត្រា​ ១៤៣​ ថ្មី.-(មាត្រា​ ១២៤​ ចាស់)

ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ចំពោះ​សេចក្ដី​ស្នើ​ទាំងឡាយ​ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ។


មាត្រា​ ១៤៤​ ថ្មី.-(មាត្រា​ ១២៥​ ចាស់)

ច្បាប់​រៀបចំ​អង្គការ​មួយ​នឹង​កំណត់​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

ជំពូក​ទី​ ១៣​ ថ្មី អំពី​ការ​គ្រប់គ្រង​រដ្ឋបាល

[កែប្រែ]

មាត្រា​ ១៤៥​ ថ្មី​ (មួយ).-

ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែក​ជា​ រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់។


មាត្រា​ ១៤៦​ ថ្មី​ (មួយ).-

រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់​ ត្រូវ​គ្រប់​គ្រង​តាម​ល័ក្ខខ័ណ្ឌ​ ដែល​មាន​ចែង​ក្នុង​ច្បាប់​រៀប​ចំ​អង្គការ។

ជំពូក​ទី​ ១៤​ ថ្មី អំពី​សមាជជាតិ

[កែប្រែ]

មាត្រា​ ១៤៧ ថ្មី.-(មាត្រា​ ១២៨​ ចាស់)

សមាជជាតិ​ បើក​ឱ្យ​ប្រជារាស្ត្រ​ជ្រាប​ដោយ​ផ្ទាល់​ អំពី​កិច្ច​ការ​ផ្សេងៗ​ដែល​ជា​ប្រយោជន៍​ជាតិ​ និង​លើក​បញ្ហា​ និង​សំណូម​ពរ​ជូន​រដ្ឋ​អំណាច​ដោះស្រាយ។

ប្រជារាស្ត្រ​ខ្មែរ​ទាំង​ពីរ​ភេទ​ មាន​សិទ្ធិ​ទៅ​ចូលរួម​ក្នុង​សមាជជាតិ។


មាត្រា​ ១៤៨​ ថ្មី.- (មាត្រា​ ១២៩​ ចាស់)

សមាជជាតិ​ ប្រជុំ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ​ នៅ​ដើម​ខែ​ធ្នូ​ តាម​ការ​កោះ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី។

សមាជជាតិ​ ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជាធិបតីភាព​ នៃ​ព្រះមហាក្សត្រ។


មាត្រា​ ១៤៩​ ថ្មី.-

សមាជជាតិ​ អនុម័ត​សំណូមពរ​ជូន​ព្រឹទ្ធសភា​ ជូន​រដ្ឋសភា​ និង​ជូន​រដ្ឋ​អំណាច​ពិចារណា។

ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមាជជាតិ​ នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ។

ជំពូក​ទី​ ១៦​ ថ្មី អំពី​ការ​អនុភាព​ ការ​សើរើ​ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

[កែប្រែ]

មាត្រា​ ១៥០​ ថ្មី.-(មាត្រា​ ១៣១​ ចាស់)

រដ្ឋធម្មនុញ្ញ​នេះ​ ជា​ច្បាប់​កំពូល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ច្បាប់​ និង​សេចក្ដី​សម្រេច​ទាំងឡាយ​ នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ​ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត។


មាត្រា​ ១៥១​ ថ្មី.-(មាត្រា​ ១៣២​ ចាស់)

ការ​ផ្ដើម​គំនិត​សើរើ​ ឬ​ការ​ផ្ដើម​គំនិត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​សិទ្ធិ​របស់​ ព្រះមហាក្សត្រ​ របស់​នាយករដ្ឋមន្ត្រី​ និង​របស់​ប្រធាន​រដ្ឋសភា​ តាម​សេចក្ដី​ស្នើ​របស់​តំណាងរាស្ត្រ​មួយ​ភាគ​បួន​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

ការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ត្រូវ​ធ្វើ​ឡើង​ដោយ​ច្បាប់​ធម្មនុញ្ញ​មួយ​ដែល​អនុម័ត​ដោយ​រដ្ឋសភា​ តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

មាត្រា​ ១៥៤​ ថ្មី.-(ពីរ មាត្រា​ ១៥២​ ថ្មី)

[កែប្រែ]

ការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នៅ​ពេល​ប្រទេស​ ជាតិ​ឋិត​ក្នុង​ភាព​អាសន្ន​ ដូច​មាន​ចែង​ក្នុង​មាត្រា​ ៨៦។

មាត្រា​ ១៥៥​ ថ្មី.-(ពីរ មាត្រា​ ១៥៣ ថ្មី)

[កែប្រែ]

ការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ មិន​អាច​ធ្វើ​បាន​ឡើយ​កាល​បើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​ និង​របប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ។

ជំពូកទី១៧ ថ្មី អំពី​អន្តរប្បញ្ញត្តិ

[កែប្រែ]

មាត្រា​ ១៥៦​ ថ្មី.- (ពីរ មាត្រា ១៥៤ ថ្មី)

[កែប្រែ]

រដ្ឋធម្មនុញ្ញ​នេះ​ ក្រោយ​ពី​បាន​ទទួល​ការ​អនុម័ត​ត្រូវ​បាន​ប្រកាស​ឱ្យ​ចូល​ជា​ធរមាន​ភ្លាម​ដោយ ​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា​ ១៥៧​ ថ្មី.-(មាត្រា​ ១៥៥ ថ្មី)

[កែប្រែ]

ក្រោយ​ពេល​រដ្ឋធម្មនុញ្ញ​នេះ​ចូល​ជា​ធរមាន​ សភា​ធម្មនុញ្ញ​ត្រូវ​ក្លាយ​ទៅ​ជា​រដ្ឋសភា។

បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋសភា​ ត្រូវ​ចូល​ជា​ធរមាន​ក្រោយ​ទទួល​បាន​ការ​អនុម័ត​ពី​រដ្ឋសភា។

ក្នុង​ករណី​ដែល​រដ្ឋសភា​មិន​ទាន់​ចាប់​ដំណើរ​ការ​បាន​ ប្រធាន​ អនុ​ប្រធាន​ទី​មួយ​ និង​អនុប្រធាន​ទី​ពីរ​នៃ​សភា​ធម្មនុញ្ញ​ នឹង​ចូលរួម​បំពេញ​ភារកិច្ច​ ក្នុង​ក្រុមប្រឹក្សា​រាជសម្បត្តិ​បើ​សភាពការណ៍​ក្នុង​ប្រទេស​ទាមទារ។

មាត្រា​ ១៥៨ ថ្មី.- (ពីរ មាត្រា ១៥៦ ថ្មី)

[កែប្រែ]

ក្រោយ​រដ្ឋធម្មនុញ្ញ​នេះ​ចូល​ជា​ធរមាន​ ព្រះមហាក្សត្រ​ជ្រើស​តាំង​តាម​ល័ក្ខខ័ណ្ឌ​ ដែល​មាន​ចែង​ក្នុង​មាត្រា​ ១៣​ ថ្មី​ និង​ ១៤។

មាត្រា​ ១៥៩ ថ្មី.- (ពីរ មាត្រា ១៥៧ ថ្មី)

[កែប្រែ]

នីតិកាល​ទី​ ១​ នៃ​ព្រឹទ្ធសភា​មាន​កំណត់​ ៥​ឆ្នាំ​ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ព្រឹទ្ធសភា​ថ្មី​ចូល​កាន់​តំណែង។

សម្រាប់​នីតិកាល​ទី​ ១​ នៃ​ព្រឹទ្ធសភា:

-សមាជិក​ព្រឹទ្ធសភា​ មាន​ចំនួន​សរុប​ហុកសិប​មួយ​រូប។

-ព្រះមហាក្សត្រ​ទ្រង់​តែង​តាំង​សមាជិក​ព្រឹទ្ធសភា​ពីរ​រូប​ ព្រម​ទាំង​ប្រធាន​អនុប្រធាន​ទី​ ១​ អនុប្រធាន​ទី​ ២​ នៃ​ព្រឹទ្ធសភា។

-សមាជិក​ដទៃ​ទៀត​នៃ​ព្រឹទ្ធសភា​ ត្រូវ​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ​តាម​សំណើ​របស់​ប្រធាន​ព្រឹទ្ធសភា​ និង​ប្រធាន​រដ្ឋសភា​ ក្នុង​ចំណោម​សមាជិក​នៃ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

-កិច្ច​ប្រជុំ​ជា​សមាជ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ត្រូវ​ដឹកនាំ​ដោយ​សហប្រធាន។

មាត្រា​ ១៦០​ ថ្មី.-(មាត្រា​ ១៥៨ ថ្មី)

[កែប្រែ]

ច្បាប់​ និង​លិខិត​បទដ្ឋាន​ទាំងអស់​នៅ​កម្ពុជា​ ដែល​ធានា​ការពារ​បាន​នូវ​ទ្រព្យសម្បត្តិ​រដ្ឋ​ សិទ្ធិ​សេរីភាព​ និង​ ទ្រព្យសម្បត្តិ​ត្រឹមត្រូវ​តាម​ច្បាប់​របស់​បុគ្គល​ និង​ដែល​សមស្រប​នឹង​ប្រយោជន៍​ជាតិ​ ត្រូវ​មាន​អានុភាព​អនុវត្ត​បន្ត​ទៅ​មុខ​ទៀត​រហូត​ដល់​មាន​អត្ថបទ​ថ្មី​មក​ កែប្រែ​ ឬ​លុប​ចោល​លើក​លែង​តែ​បទប្បញ្ញត្តិ​ណា​ ដែល​ផ្ទុយ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​នេះ។

រដ្ឋធម្មនុញ្ញ​នេះ​ ត្រូវ​បាន​សភា​ធម្មនុញ្ញ​អនុម័ត​នៅ​រាជធានី​ភ្នំពេញ
ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣​ នា​សម័យ​ប្រជុំ​លើក​ទី​ ២។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ នេះ បានធ្វើវិសោធនកម្មចំនួន ០៨លើកគឺ

ប្រភពពត៌មាន

[កែប្រែ]