រាជវង្សយួន
រាជវង្សយាន 大元
| |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
គ,ស 1814–1911 | |||||||||||||
Flag | |||||||||||||
![]() เขตแดนราชวงศ์หยวนประมาณ พ.ศ. 1837 (ค.ศ. 1294) | |||||||||||||
ស្ថានភាព | {{#if: | |จักรวรรดิ | ||||||||||||
ធានី | ต้าตู (ប៉េងកាំង) | ||||||||||||
ភាសាទូទៅ | ภาษามองโกล ภาษาจีน | ||||||||||||
សាសនា | ลัทธิเต๋า ศาสนาพุทธ ลัทธิขงจื๊อ ฯลฯ | ||||||||||||
រដ្ឋាភិបាល | ราชาธิปไตย | ||||||||||||
จักรพรรดิ | |||||||||||||
กุบไลข่าน | |||||||||||||
เตมูร์ ข่าน | |||||||||||||
จักรพรรดิหยวนหวู่จง | |||||||||||||
ប្រវត្តិសាស្រ្ត | |||||||||||||
▪ การสถาปนาราชวงศ์หยวน | พ.ศ. 1814 (ค.ศ. 1271) គ,ស 1814 | ||||||||||||
▪ การล่มสลายของต้าตู (ปักกิ่ง) | 14 กันยายน พ.ศ. 1911 1911 | ||||||||||||
| |||||||||||||
ราชวงศ์หยวนยังคงปกครองมองโกเลียต่อมาหลังการเปลี่ยนราชวงศ์ ภายใต้ชื่อว่า "หยวนเหนือ" (北元)[ប្រភព?]. |
រាជវង្សមហាយាន ( គ្រឹសរាជ ១២៧១ ដល់ឆ្នាំ ១៣៦៨) ជនជាតិ ម៉ុងកូល កូនចៅរបស់ សង់ ស៊ីខាន់ ដ៏អស្ចារ្យ ជនជាតិមកពីតំបន់វាលស្មៅដ៏ធំល្វឹងល្វើយ អ្នកប្រម៉ាញ់ដែលល្បីឈ្មោះថាជាអ្នកជិះសេះនិងអ្នកបាញ់ធ្នូដ៏ពូកែ បានចាប់ផ្ដើមប្រកាសអានុភាពដោយការបរទ័ពដ៏ខ្លាំងក្លាយ វាយលុកទ្វីបអឺរ៉ុប បូកបញ្ចូលដែនដីស៊ីសៀនិងជិន រហូតដណ្ដើមគ្រប់គ្រងភូមិភាគខាងត្បូងមកដល់រាជធានីរបស់រាជវង្សសុង រហូតដល់ប្រទេសចិនចូលដល់តំណាក់កាលផ្ដូរផែនដីម្ដងទៀត”។
រាជវង្សយានឬហៅក្នុងនាមថាតាយាន ស្ថាបនាដោយជនជាតិម៉ុងកូលដែលរស់នៅខ្ពង់រាបភាគខាងជើងប្រទេសចិន អាចរាប់ជាលើកដំបូងក្នុងប្រវត្ដិសាស្ដ្រដែលមានក្រុមជនជាតិភាគតិចអាចដណ្ដើមអំណាចគ្រប់គ្រងទូទាំងផែនដីចិនបាន។ ជនជាតិម៉ុងកូលដែលជំនាញខាងធ្វើសង្រ្គាម មិនត្រឹមតែបានប្រើកម្លាំងវាយដណ្ដើមយកដែនដីភាគកណ្ដាលនិងតំបន់ភាគខាងត្បូងទន្លេឆាងចៀង (ទន្លេយ៉ងសេ) របស់ចិនទេ តែបានពង្រីកអានុភាពគ្រប់គ្រងទៅដល់អាស៊ីខាងលិច ជារាជវង្សដែលមានព្រំដែនការគ្រប់គ្រងដែលធំទូលាយរាប់ចាប់តាំងពីមានប្រវត្ដិសាស្រ្ដចិនមក។ កំណើតជនជាតិម៉ុងកូល
ជនជាតិម៉ុងកូលត្រូវបានចាត់ទុកជាជនជាតិចំណាស់មួយ ដែលរស់នៅពនេចរចិញ្ចឹមសត្វក្នុងការប្រកបអាជីព។ ដោយសាររស់នៅក្នុងតំបន់រាំងស្ងួត ដាច់ស្រយ៉ាល មានអាកាសធាតុត្រជាក់ខ្លាំង និងជាទីទំនាបធំទូលាយមហាសាល ធ្វើឲ្យជនជាតិម៉ុងកូលពូកែធន់ និងពូកែជិះសេះបាញ់ធ្នូ។ រហូតដល់សតវត្សទី ១២ មេក្រុមម្នាក់ឈ្មោះ ធៀនមូចឺនឬតេមូជិនបានបង្រួបបង្រួមជនជាតិម៉ុងកូលដែលបែកបាក់គ្នាឲ្យមានឯកភាព ក្រោយមកទទួលព្រះនាមថា សង់ស៊ីខាន់ ក្នុងឆ្នាំគ.ស ១២០៦។
ក្រោមការដឹកនាំរបស់សង់ស៊ីខាន់ ជនជាតិម៉ុងកូលរីកចម្រើននិងរឹងមាំយ៉ាងលឿន រហូតក្លាយជាកងកម្លាំងភាគខាងជើងដែលចិនមិនអាចមើលងាយដូចពីមុនបានទៀតឡើយ។ ខណៈនោះ ក្រៅពីអាណាចក្រសុងខាងត្បូង នៅមានអាណាចក្រស៊ីសៀ និងអាណាចក្រជិនដែលមានដែនដីឯករាជ្យរបស់ខ្លួន។ រហូតដល់ឆ្នាំគ.ស ១២២៧ សង់ស៊ីខាន់បានលើកទ័ពផ្ដួលរំលំស៊ីសៀ និងបានស្លាប់ក្នុងឆ្នាំដដែលនោះ។
ថ្វីបើសង់ស៊ីខាន់ស្លាប់ តែដោយសារមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ធ្វើឲ្យម៉ុងកូលវាយពង្រីកដែនដីជាបន្ដបន្ទាប់។ ក្រោយពេលលេបយកដែនដីស៊ីសៀហើយ បានតម្រង់គ្រាប់ព្រួញមកអាណាចក្រជិន ដែលជាអាណាចក្រព្រំដែនរវាងអាណាចក្រសុងនិងម៉ុងកូលនាកាលនោះ។ រាជសំណាក់សុងខាងត្បូងរួមដៃជាមួយអាណាចក្រជាមួយម៉ុងកូលក្នុងការកម្ចាត់អាណាចក្រជិន។ រហូតដល់ឆ្នាំគ.ស ១២៣៤ ម៉ុងកូលអាចផ្ដួលអាណាចក្រជិនដែលកំពុងធ្លាក់ចុះអំណាច។ ការស្ថាបនារាជវង្សតាយាន ក្រោយការបន្ដអំណាចពីមួយជំនាន់ទៅមួយជំនាន់ ពីសង់ស៊ីខាន់ មកស៊ូវ៉ខួខាន់ គុយយ៉ូវខាន់ ម៉ឹងកឺខាន់ និងមកដល់រជ្ជកាលស្ដេចកុបឡៃខាន់ឬហ៊ូពីសៀ ចៅប្រុសរបស់សង់ស៊ីខាន់ ដាក់ព្រះនាមខ្លួនឯងថាយួនស៊ឺជូ បានទទួលយកគំនិតរបស់មន្ដ្រីឈ្មោះលិវពិងចុង វ៉ាំងអឺ ស្ថាបនារាជវង្សតាយួនឡើងក្នុងឆ្នាំគ.ស ១២៧១ និងប្ដូរាជធានីមកតាទូឬប៉េកាំងបច្ចុប្បន្ន តែនៅរក្សារាជធានីចាស់សាំងទូឲ្យនៅជារាជធានីនាភាគខាងជើងដដែល។ ហេតុការណ៍នោះជាចំណុចចាប់ផ្ដើមនៃការពង្រីកដែនដីម៉ុងកូលទៅដល់ឈូងសមុទ្រពែក្យ រុស្សី ដែលដើមឡើយចាប់អារម្មណ៍ត្រឹមការដណ្ដើមយកដែនដីចិន ប្រែក្លាយដែនដីចិនជាមជ្ឈមណ្ឌលកណ្ដាលក្នុងការគ្រប់គ្រងអាណាចក្រ ហើយក៏ជាចំណុចចាប់ផ្ដើមនៃការប្រែក្លាយក្រុងប៉េកាំងទៅជាមជ្ឈមណ្ឌលគ្រប់គ្រង សេដ្ឋកិច្ច និងវប្បធម៌។
ថ្វីបើបានតាំងរាជធានីនៅតាទូហើយក្ដី តែពេលនោះជនជាតិម៉ុងកូលនៅមិនទាន់អាចគ្រប់គ្រងដែនដីចិនទាំងអស់ឡើយ។ ដោយចង់សម្រេចមហិច្ឆតារួបរួមផែនដីឲ្យមានឯកភាព ទើបកុបឡៃខាន់បរទ័ពវាយដែនដីអាណាចក្រសុងខាងត្បូងចាប់ស្ដេចសុងកុងទីនិងព្រះមាតាជាឈ្លើយ ក្នុងពេលនោះដែរមន្ដ្រីភក្ដីភាពនឹងស្ដេចសុងកុងទីបានប្រយុទ្ធប្រឆាំងនឹងម៉ុងកូលយ៉ាងក្លាហាន តែនៅទីបំផុតរាជវង្សសុងត្រូវបានបង្ក្រាបយ៉ាងរាបទាបក្នុងឆ្នាំគ.ស ១២៧៩។ រាជវង្សយួនវាយភ្ជាប់ដែនដីនគរសុងខាងត្បូងនឹងដែនដីម៉ុងកូល ស៊ីបេរី ខាងត្បូងដល់ណានហៃ (សមុទ្រខាងត្បូង) ខាងលិចឆៀងខាងត្បូងគ្របដណ្ដប់លើខេត្ដយុនណាន់ (យូណាន) និងដែនដីទីបេបច្ចុប្បន្ន ខាងលិចឆៀងខាងជើងទៅដល់ភាគខាងកើតនៃស៊ិនចៀត (ស៊ិនកៀង) ខាងកើតឆៀងខាងជើងទៅដល់សមុទ្រអូខត់ ជាមហាអាណាចក្រទីមួយដែលគ្រប់គ្រងផ្ទៃដីទូទាំងទ្វីបអាស៊ីនិងអឺរ៉ុប។
អារ្យធម៌ដ៏រុងរឿង ម៉ាកូប៉ូឡូ មកដល់ចិន ក្នុងរជ្ជកាលស្ដេចយួនស៊ឺជូ បឋមក្សត្ររាជវង្សយួន ប្រទេសចិននាកាលនោះចាត់ទុកថាជាប្រទេសដែលរឹងមាំនិងមានជាងគេមួយក្នុងពិភពលោក រហូតដល់មានបណ្ដាទូត អ្នកជំនួញ និងអ្នកទេសចរណ៍ជាច្រើនមកដល់ដែនដីចិន។ ក្រៅពីនោះស្ដេចយួនស៊ឺជូទ្រង់ប្រោសប្រណីនាំជនបរទេសចូលមកធ្វើការនិងផ្លាស់ប្ដូរចំណេះដឹងផ្សេងៗ ជាលក្ខណៈបើកចំហ ធ្វើឲ្យរាជវង្សយួនរីកចម្រើនទាំងផ្នែកស្ថាបត្យកម្ម វេជ្ជសាស្រ្ដ តារាសាស្ដ្រ គណិតសាស្រ្ដ ការធ្វើកាំភ្លើងធំ និងហត្ថកម្ម។ល។ និងដោយសារបណ្ដាអ្នកគ្រប់គ្រងបានគាំទ្រជម្រុញលើកតំកើងផ្នែកកសិកម្មជំនួសការចិញ្ចឹមសត្វតែមួយមុខ ធ្វើឲ្យវិស័យកសិកម្មនៅសម័យនោះរីកចម្រើនយ៉ាងលឿន ជាពិសេសពេលអាណាខេត្ដពង្រីកទៅដល់អាស៊ីខាងលិច ធ្វើឲ្យចិននិងអឺរ៉ុបអាចទៅមករកគ្នាបានកាន់តែខ្លាំងឡើង រហូតដល់មានការផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍យ៉ាងលឿន។ ក្នុងកំឡុងឆ្នាំគ.ស ១២៣១-១៣៣៦ កួសូវជិង ដែលជាតារាវិទូ អ្នកបង្កើតថ្មី គណិតវិទូ និងជាអ្នកជលធាវិទ្យាដ៏ល្បីល្បាញក្នុងសម័យរាជវង្សយួន សហការគ្នាជមួយវ៉ាំងស្វិនបានទទួលបញ្ជាពីស្ដេចយួនសឺជូ ឲ្យមើលការខុសត្រូវការសាងសង់អាគារតារាសាស្ដ្រខ្នាតធំនៅតាទូ។ ក្រៅពីការងារសាងសង់ កួសូវជិងបានបង្កើតឧបករណ៍ថ្មីៗ ជាច្រើនរាប់សិបប្រភេទ ដើម្បីប្រើក្នុងអាគារតារាសាស្ដ្រខាងលើ ជាពិសេសឧបករណ៍សង្កេតតាមដានដំណើរគោចរនៃហ្វូងផ្កាយ ដែលជាវត្ថុបង្កើតថ្មីដ៏អស្ចារ្យប្រចាំយុគសម័យ។ ចំណែកការសហការណ៍ជាមួយអន្ដរជាតិក្នុងយុគសម័យនេះ ឃើញច្បាស់ក្នុងកំណត់ត្រារបស់ម៉ាកូប៉ូឡូ អ្នកដំណើរជនជាតិអ៊ីតាលីដែលជាជនជាតិអឺរ៉ុបដំបូងគេធ្វើដំណើរឆ្លងមកទ្វីបអាស៊ី បានសសេរកំណត់ត្រាពីអ្វីដែលបានលឺបានឃើញក្នុងសៀវភៅ The Travels of Marco Polo ។ ម៉ាកូប៉ូឡូចំណាយពេល ៣ ឆ្នាំធ្វើដំណើរទម្រាំមកដល់ប្រទេសចិនក្នុងវ័យ ២០ ឈានចូល ២១ ឆ្នំា ដោយធ្វើដំណើរទៅដល់សាន់ទូ និងទទួលដោយពិធីជប់លៀងស្វាគមន៍ក្នុងរាជវាំង។ ក្រោយមកបានចូលបម្រើរាជការរយៈពេល ១៧ ឆ្នាំ។ ម៉ាកូប៉ូឡូបានធ្វើដំណើរពាសពេញប្រទេសចិនដើម្បីបំពេញការងារ។ ក្នុងសៀវភៅរបស់ម៉ាកូប៉ូឡូ បានកត់ត្រានូវសណ្ឋានផែនដីចិន សត្វ ពូជរុក្ខជាតិផ្សេងៗ រូមទាំងវត្ថុបង្កើតថ្មី និយាយអំពីថ្មនិងវត្ថុរាវដែលអាចឆេះ (ធ្យូងថ្មនិងប្រេងកាត) ដោយគាត់បានពណ៌នាពីអរិយធម៌ចិនថាមានការរីកចម្រើនជាងវប្បធម៌និងវិទ្យាសាស្ដ្រអឺរ៉ុប និងបានកត់ត្រាថាមានប្រភពថាមពលធំ ២ កន្លែងគឺ “ដីកាំភ្លើងនិងមី”។
ការបែងចែកវណ្ណៈនិងការគ្រប់គ្រងដ៏សាហាវឃោរឃៅ
សម័យរាជវង្សយួនត្រូវបានគ្រប់គ្រងដោយក្រុមជនជាតិផ្សេងៗ ដោយមានប្រជាជនជនជាតិហានច្រើនជាងគេ ទើបការគ្រប់គ្រងដឹកនាំប្រទេសត្រូវជ្រើសយកជនជាតិម៉ុងកូនជាសំខាន់។
ដើម្បីគ្រប់គ្រងនិងការពារការប្រឆាំងបះបោរពសំណាក់ជនជាតិហានដែលមានច្រើនមហាសាលក្នុងផែនដីចិន ទើបក្រុមមេដឹកនាំនៅសម័យនោះយកគម្រូគ្រប់គ្រងតាមបែបអាណាចក្រជិន ដែលមានការបែងវណ្ណៈប្រជាជន ដែលក្នុងសង្គមរាជវង្សយួនជនជាតិម៉ុងកូលទាំងអស់ត្រូវចាត់ទុកជាអ្នកមានឋានៈខ្ពស់បំផុត បន្ទាប់មកជាជនជាតិសឺមូ (ជាឈ្មោះហៅរួមជនជាតិជាច្រើនជាតិពន្ធុនាភាគខាងលិច មានដូចជា ស៊ីសៀ ហ៊ុយហ៊ុយ ស៊ីវី ជាដើម) បន្ទាប់មកគឺជនជាតិហានភាគខាងជើងដែលធ្លាប់នៅក្រោមការគ្រប់គ្រងរបស់អាណាចក្រជិន ដែលរួមទាំងជនជាតិនីចឺន ឈីតាន់ ប៉ហៃ និងវណ្ណៈទាបបំផុតគឺអ្នកភាគខាងត្បូងដែលសំដៅលើជនជាតិហានមកពីអាណាចក្រសុងខាងត្បូងដែលត្រូវរួបរួមក្រោមការគ្រប់គ្រងរបស់ម៉ុងកូលក្រោយគេបំផុត និងទោះបីជាសម័យនោះ រាជសំណាក់ពុំបានចេញច្បាប់បែងចែកវណ្ណៈ តែប្រការទាំងនោះកើតឡើងដោយខ្លួនឯងដែលបង្ហាញឲ្យឃើញពីសិទ្ធិអំណាចនិងតួនាទីផ្សេងៗ របស់ជនជាតិអ្នកឈ្នះ។
ក្រៅពីការបែងបែងចែកវណ្ណៈនៃជនជាតិនីមួយៗ ហើយ ក្នុងសម័យរាជវង្សយួនមានការបែងចែកភាពខ្ពស់ទាបនៃអាជីពទៅជា ១០ លំដាប់ទៀតដូចជា លំដាប់ទី១ មន្ដ្រីធំ ២ ខ្ញុំរាជការ ៣ ព្រះសង្ឃ ៤ អ្នកបួសសាសនាតាវ ៥ ពេទ្យ ៦ កម្មករ ៧ ជាងជំនាញ ៨ សោភេនី ៩ បណ្ឌិត ១០ ស្មូម។ យើងឃើញថាបណ្ឌិតឬបញ្ញាជនទាំងឡាយបានបាត់បង់ភាពសំខាន់របស់ខ្លួនដែលធ្លាប់មានក្នុងសម័យរាជវង្សសុង ត្រូវចាត់លំដាប់ថ្នាក់ទាបជាងសោភេនីរហូតកើតពាក្យស៊កសៀតក្នុងសម័យនោះថា “មួយមន្ដ្រីពីរខ្ញុំរាជការប្រាំបួនបណ្ឌិតដប់ស្មូម” ។ ទោះជាយ៉ាងណាក៏ដោយពេលសម្បូរទ្រព្យសម្បត្ដិហើយ បណ្ដាពួកមេដឹកនាំរបស់រាជវង្សយួនចាប់ផ្ដើមប្រើទ្រព្យសម្បតិ្ដខ្ជះខ្ជាយ និងកើតកើតការប្រឆាំដណ្ដើមអំណាចគ្នាយ៉ាងធ្ងន់ធ្ងរ ដោយក្រោយពេលស្ដេចតេឆឺនចុង ដែលបន្ដអំណាចពីស្ដេចយួនសឺជូ ដែលចាត់ទុកជាស្ដេចអាចរក្សាស្នាដៃរបស់កុបឡៃខាន់បានខ្លះនោះ ក្រោយមកក្នុងរយៈពេលត្រឹមតែ ២៥ ឆ្នាំ (ឆ្នាំគ.ស ១៣០៨-១៣៣៣) រាជវង្សយួនមានស្ដេចគ្រងរាជ្យដល់ទៅ ៨ អង្គ ដោយគិតចាប់ពីហង់តេអ៊ូចុង រ៉ឺនចុង អ៊ិងចុង ថៃទិទី ធៀនស៊ុនទី វ៉ើនចុង មិងចុង និងចុង និងយួនស៊ុនទី នេះបង្ហាញឲ្យឃើញថាមានការដណ្ដើមអំណាចគ្នាយ៉ាងខ្លាំងក្នុងរាជវង្ស ដោយហង់តេអង្គខ្លះសោយរាជ្យបានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ ចុងសម័យរាជវង្សយួន ហង់តេមួយអង្គៗ ចាយវាយខ្ជះខ្ជាយ ទើបបណ្ដាលឲ្យមានការកៀបភាស៊ីពីប្រជារាស្ដ្រជាខ្លាំង ជាពិសេសទៅលើជនជាតិហាន រហូតធ្វើឲ្យមានការបះបោរឡើងនិងបណ្ដាលឲ្យមានការបង្ក្រាបយ៉ាងសាហាវឃោរឃៅ។
កងទ័ពកន្សែងក្រហមនិងការដួលរលំនៃរាជវង្សយួន
ភាពខ្ជះខ្ជាយនៃរាជសំណាក់កើតមានជាបន្ដបន្ទាប់ រហូតដល់ចុងសម័យរាជវង្សយួន។ ជនជាតិម៉ុងកូលដែលជាមន្ដ្រីធំកៀបសង្កត់ប្រជារាស្ដ្រជាខ្លាំង ប្រើទារុណកម្មយ៉ាងសាហាវឃោរឃៅ រឹមអូដីធ្លីដើម្បីសេចក្ដីសុខរបស់ខ្លួន ជាកត្ដាជម្រុញឲ្យរាស្ដ្រធ្លាក់ខ្លួនជាទាសករ។ អត្រាភាស៊ីខ្ពស់ជាងដើមសម័យដល់ទៅ ២០ ដង។ ភាពខ្ជះខ្ជាយនេះបណ្ដាលឲ្យរាជឃ្លាំងអស់ប្រាក់បម្រុង រហូតដល់ត្រូវបោះពុម្ពប្រាក់បន្ថែមយ៉ាងច្រើន ធ្វើឲ្យតម្លៃប្រាក់ចាយចុះថោក ក្នុងពេលនោះដែរទំនប់ទឹកការពារទន្លេហួងហូមិនត្រូវបានជួសជុលយូរឆ្នាំ បណ្ដាលឲ្យកើតគ្រោះទុរ្ភឹកច្រើនលើក ប្រជាជនក្រីក្រលំបាក កើតជាពាក្យនិយាយតៗ គ្នាថា “ប្រជាជនស្លាប់ពេញដី មនុស្សរស់មានសភាពដូចមនុស្សស្លាប់”។
ក្នុងឆ្នាំគ.ស ១៣៥១ មានគ្រោះរាំងស្ងួតខ្លាំង រាជសំណាក់តាយួនបានបញ្ជូនទាហាន ២០ ០០០ នាក់ទៅកេណ្ឌកម្លាំងជនជាតិហាន ១៥០ ០០០ នាក់ដើម្បីជីកប្រឡាយទឹកនិងជួលជុលជាថ្មី។ មន្ដ្រីគ្រប់គ្រងការជីកប្រឡាយទឹកពុករលួយកិបកេងថ្លៃអាហារពួកជាប់កំណែន។ ជនជាតិហានកើតការគុំគួនរាជសំណាក់។ ក្នុងពេលនោះ លិវហ្វូថុង បានប្រមូលកងកម្លាំងក្រុមឈូកសងើបបះបោរ។
ក្រោយមកលិវហ្វូថុងបានបញ្ចេញពត៌មានចចាបអារាមថា “ពេលដែលមានមនុស្សថ្មភ្នែកទោលបង្ហាញខ្លួនផែនដីនឹងផ្លាស់ប្ដូរ” រួចលួចបញ្ជូនមនុស្សទៅធ្វើរូបចម្លាក់ថ្មភ្នែកទោលយកទៅកប់ត្រង់កន្លែងជីកប្រឡាយទឹក ពេលប្រជាជនជីកប៉ចំរូបចម្លាក់ថ្មនោះហើយ ក៏មានកម្លាំងចិត្ដងើបវាយតបតនឹងជនជាតិម៉ុងកូលកើតជាភ្លើងសង្គ្រាមឡើង។ ពេលឱកាសមកដល់ លិវហ្វូថុង និងហានសាន់ថុង មេបក្សឈូកសបំបះបំបោរប្រមូលកងកម្លាំងទ័ព ចងកន្សែងក្រហមជាសញ្ញាវាយបង្ក្រាបទាហានម៉ុងកូល។ ដំណាក់កាលដំបូងត្រូវបានបែកការណ៍សម្ងាត់ ទាហានម៉ុងកូលវាយបង្ក្រាប ហានសានថុងជាប់ឃុំឃាំងនិងប្រហារជីវិត។ ចំណែកលិវហ្វូថុងរត់រួច ហើយគេមកប្រមូលកម្លាំងសារជាថ្មី វាយដណ្ដើមស្រុកផ្សេងៗ ប្លន់ឃ្លាំងចែកចាយអាហារនិងទ្រព្យសម្បត្ដិឲ្យរាស្ដ្រក្រីក្រ មានការគាំទ្រពីប្រជារាស្ដ្រ និងក្នុងឆ្នាំគ.ស ១៣៥៥ ពេលវាយដណ្ដើមក្រុងប៉ចូវបាន ទើបតែងតាំងបុត្រឈ្មោះហានលិអឺ ជាសៀវមិងវ៉ាំង រៀបចំអំណាចគ្រប់គ្រងដែលកើតពីបដិវត្ដន៍ប្រជាជន។ រហូតដល់ឆ្នាំគ.ស ១៣៥៧ លិវហ្វូថុងបំបែកកងកម្លាំងជា ៣ ផ្លូវវាយឡើងទៅភូមិភាគខាងជើង ដោយផ្លូវខាងកើតវាយទម្លុះតំបន់សានទុង ហឺប៉ិយ ឆ្ពោះទៅតាទូ ផ្លូវកណ្ដាលវាយទម្លុះតំបន់សានស៊ី ហឺប៉ិយ ឆ្ពោះទៅសាងទូ រាជធានីភាគខាងជើងរបស់ម៉ុងកូល ដុតរាជធានីកម្ទេចចោល ផ្លូវខាងលិចវាយទម្លុះតំបន់កួនចុង ស៊ិងយួន ហ្វឺងសៀង និងវាយសំដៅទៅសេឆួន កានស៊ូ និងសៀឈ្នះគ្រប់សមរភូមិ ជាពេលដែលកងកម្លាំងចងកន្សែងក្រហមរុងរឿងនិងខ្លាំងក្លាបំផុត។ តែក្រោយមក រាជវង្សយួនផ្ដល់តំណែងឲ្យបណ្ដាម្ចាស់ដីនិងពួកសេដ្ឋីដែលអាចជួយកេណ្ឌកម្លាំងទ័ពឲ្យខ្លួន គួបផ្សំនឹងពេលនោះកងកម្លាំងកន្សែងក្រហមបែកគ្នាជាបីផ្លូវគ្មានមូលដ្ឋានច្បាស់លាស់ ទើបធ្វើឲ្យបាត់បង់ដែនដីដែលដណ្ដើមបានជាច្រើនតំបន់ កងកម្លាំងកន្សែងក្រហមធ្លាក់ចុះខ្សោយ លិវហ្វូថុងស្លាប់ឆ្នាំគ.ស ១៣៦២។ ក្នុងពេលដែលកងកម្លាំងកន្សែងក្រហមចុះខ្សោយ កងកម្លាំងមួយក្រុមទៀតដឹកនាំដោយចូយួនចាងពង្រីកខ្លួនយ៉ាងលឿន។ ជូយួនចាងជាកូនអ្នកស្រែក្រីក្រ។ ដើមឡើយជាកូនចៅរបស់កួជឺស៊ិងក្នុងជួរកងកម្លាំងកន្សែងក្រហម តែក្រោយមកបានបំបែកកងកម្លាំងទ័ពដោយខ្លួនឯង និងពង្រីកខ្លួនធំឡើងៗ ។ ក្រោយមកវាយយកក្រុងជីឈិង (ណានគិងបច្ចុប្បន្ន) ធ្វើជាមូលដ្ឋានទ័ពនិងប្ដូរឈ្មោះខ្លួនជាអ៊ិងធៀនហ្វូ។ ក្រោយពេលស្ដាប់ការណែនាំរបស់ជូសឺន ឲ្យសង់កំពែងទីក្រុងខ្ពស់ សន្សំស្បៀង ពន្យាពេលការតាំងខ្លួនអង មានការគាំទ្រពីមហាសេដ្ឋីសឺនវ៉ាន់សាន់កងកម្លាំងរបស់ខ្លួនបានកើនឡើងយ៉ាងខ្លាំង។
ជូយួនចាងបានសាងស្នាដៃជាច្រើន។ ដំបូងស្ដាប់តាមការណែនាំរបស់ជូសឺន ជម្រុញប្រជារាស្ដ្រឲ្យបង្កើតការផលិត និងតែងតាំងខ្លួនត្រឹមជាអ៊ូកួកុង (ចៅពញ្ញា) អញ្ជើញសៀវមិងវ៉ាំងមេកងកម្លាំងកន្សែងក្រហមឡើងធ្វើជាក្សត្រ ធ្វើឲ្យជនជាតិហានគោរពនិងចុះចូលជាមួយខ្លួនច្រើនជាងកងកម្លាំងដទៃទៀត។ ចុងក្រោយអាចយកឈ្នះមេទ័ពផ្សេងៗ ទៀតដូចជា ស៊ីសូវហ៊ុយ ឆឺនយ៉ូវលៀង និងចាងស៊ឺឆឺង។ លុះដល់ថ្ងៃបួនកើត ខែមេឃ ឆ្នាំគ.ស ១៣៦៨ (ត្រូវនឹងថ្ងៃទី ២៣ មករា) ដែនដីភាគខាងត្បូងត្រូវស្ថិតក្រោមអំណាចរបស់ជូយួនចាងទាំងអស់។ ជូយួនចាងស្ថាបនារាជវង្សម៉េង តែងតាំងខ្លួនជាអ៊ិងធៀនហ្វូ ដោយដាក់ឈ្មោះរជ្ជកាលថាហុងអ៊ូ ស្ថាបនាក្រុងអ៊ិងធៀនជារាជធានីខាងត្បូង និងក្រុងខៃហ្វឺងជារាជធានីភាគខាងជើង។ ដើមកំណើតនៃឈ្មោះរាជវង្សនេះ មានរឿងតំណាលនិយាយថាកាលពីដើមឡើយជូយួនចាងធ្លាប់ធ្វើជាសាវកលទ្ធិពន្លឺ (មិងចៀវ) ពេលបានឡើងធ្វើជាហង់តេក៏ប្រើពាក្យមិង (ម៉េង) ជាឈ្មោះរាជវង្ស។ រហូតដល់ខែ ៧ ក្នុងឆ្នាំដែលជូយួនចាងបានបញ្ជូនមេទ័ពធំឈ្មោះស៊ីតាវាយចូលតាទូ ដែលជារាជធានីរបស់រាជវង្សយួន ធ្វើឲ្យយួនស៊ុនទីភាសខ្លួនឡើងទៅភូមិភាគខាងជើង ទើបដល់កាលអវសាននៃរាជវង្សយួនដ៏អស្ចារ្យ។
រាជវង្សយួនជារាជវង្សដែលស្ថាបនាឡើងដោយជនជាតិម៉ុងកូល មានអាយុកាល ៩៧ ឆ្នាំ និងមានហង់តេសរុប ១១ ព្រះអង្គ (រាប់ចាប់ពីកុបឡៃខាន់ស្ថាបនារាជវង្ស) ជារាជវង្សដែលមានវិសាលភាពដែនដីមហាធំទូលាយនិងមានភាពរឹងមាំ តែដោយសារការបែងចែកវណ្ណៈជនជាតិ ភាពខ្ជះខ្ជាយ ការរឹមអូសនិងការកៀបសង្កត់លើជនជាតិហានធ្វើឲ្យរាជវង្សនេះត្រូវរលំរលាយ។ កំហុសលើកនេះ បានក្លាយជាមេរៀនសម្រាប់មេដឹកនាំនៃរាជវង្សឈិង (ឆេង) នាសម័យក្រោមទៀត។ ទោះជាយ៉ាងណាក៏ដោយ រាជវង្សយួនជារាជវង្សដែលមានភាពរុងរឿងមួយ ជាកំឡុងពេលដែលបានកំណត់អាណាខេត្ដគ្រប់គ្រងរបស់ផែនដីចិននៅសម័យក្រោយមក។ ដោយសារចាប់តាំងពីសម័យរាជវង្សយួនរហូតដល់កំឡុងពេលពាក់កណ្ដាលចុងក្រោយនៃរាជវង្សឈិង អាណាខេត្តរបស់ចិនមានការប្រែប្រួលមិនច្រើនណាស់ណាទេ។