Jump to content

រឿងមហាចោរនៅទល់ដែនវគ្គទី១២៖អាសន្នធំ

ពីវិគីភីឌា

គឺជាផ្ទះមួយ ដ៏សមរម្យ ដែលមានន្ទពួន ធ្វើអំពីឈើប្រក់ក្បឿង មានទីធ្លាធំតាមឋានៈខ្មែរជនកណ្ដាល។ តែក្នុងភូមិកុយមែងនេះ ផ្ទះប៉ុណ្ណេះជាផ្ទះមួយ ដ៏រុងរឿងណាស់ទៅហើយ កណ្ដាលចំណោមផ្ទះឯទៀត ដែលសុទ្ធសឹងតែជាកូនខ្ទម រយីករយាក។

មានន្ទចូលក្នុងបន្ទប់មួយ រួចបិទទ្វារជិតស្លុង។ មាណព មើលឃើញគ្រែពូកស្អាត មុងសស្គុស។ អ្នកនឹកថា ប្រហែលជាបន្ទប់ដេកហើយ។ នៅកៀនគ្រែមានតុមួយ ប្រដាប់ដោយកញ្ចក់តាំង ស្និតសិតសក់ កែវម្សៅ កែវល្មៀត ដបទឹកអប់ផង។ មានន្ទចាប់អារម្មណ៍ថា «លោៗ ជាបន្ទប់កូនក្រមុំគេ ក៏មិនដឹង ?។ បុរសត្រិះរិះមើល តើឧត្ដម មិត្ដចាស់របស់អ្នក មានកូនក្រមុំទេ ? ទេ! វាមិនដែលមានកូនឯណាទេ។ ចុះវា លក់ផ្ទះនេះ ឲ្យទៅអ្នកណាមួយ ហើយឬ? តែតាមតុទូក្នុងផ្ទះ ដែលធ្លាប់ដូចបានស្គាល់ពីមុន មកហើយ គឺតុ ទូ ដដែលសោះ។

អតីតសង្សារនាងទេវី ភិតភ័យយ៉ាងខ្លាំងនឹងរឿងនេះ ។ ណាមួយនៅភូមិកុយមែង មានភ្នាក់ងាររាជការ របស់ឪពុកអ្នកផង ប្រហែលជាពួកអស់នេះ បានទទួលកិច្ចបញ្ជាពីសិរីសោភ័ណមក ឲ្យជួយចាប់អ្នកជាប្រាកដ។ ណាមួយទៀត ដៃអ្នក ដែលពីម្សិលមិញ បានលាងរុំនោះ ក៏ឈឺចាប់ចុកយ៉ាងខ្លាំង ពីព្រោះអ្នកបានតស៊ូ ដើម្បីរំដោះខ្លួន ឲ្យបានរួចជីវិត ពីយប់មិញ មកនេះ។ អ្នកកម្លោះ យកដៃឆ្វេងស្ទាបមើល ឃើញហើម ធ្វើឲ្យឈឺក្រៃពេក។ រីឯ ពូកខ្នើយ ធ្វើឲ្យអ្នកងងុយដេកយ៉ាងខ្លាំង តែពុំហ៊ានប្រាសខ្នង ដល់ឡើយ ។ អ្នកនឹកថា « ចុះឧត្ដម វាទៅណា ? វាភ្លេចអ្នក ហើយឬនៅ ? ពីព្រោះមិត្ដទាំងពីរនេះ ឃ្លាតគ្នា តាំងពីកាលនៅវ័យកុមារ រៀងៗខ្លួនមក។

ខាងក្រៅ ឮសូររទេះបរបាក់ឃឹបៗ ចូលមកក្នុងរបងផ្ទះ។ មានន្ទ លបស្ដាប់ ឮសូរមាត់ស្រីជជែកងេកងោកៗ អំពីដូរស្រូវលក់ថ្លៃ តថ្លៃ ទិញប្រហុក ។ បន្ទាប់មក ទើបអ្នកឮសូរមាត់ឧត្ដម ដែលអ្នក នៅចាំសម្លេង នៅឡើយ។ បុរសត្រេកអរយ៉ាងខ្លាំង ដោយទើបបានដឹងប្រាកដថា ជាផ្ទះមិត្ដចាស់របស់អ្នកពិតមែន។ ក្នុងពេលនោះ ឧត្ដមជជែកវ៉ូងវ៉ាងរួច ក៏ចូលមកបើកទ្វារបន្ទប់ ដែលមានន្ទនៅពួន មានន្ទស្ទុះទៅខាងទ្វារ កំបាំងខ្លួនបាត់ នឹងទ្វារ ដែលបើកមក។ លុះឧត្ដម បានចូលស៊ប់ ដល់ក្នុងបន្ទប់ហើយ មានន្ទរាំងទ្វារជិតភ្លាមមួយរំពេច។ ឧត្ដមស្រឡាំងកាំង ទើបដឹងហើយស្គាល់ថា ជាមានន្ទ ក៏ស្ទុះទៅ ឱបមិត្ដកម្សត់នេះ។

  • យឺ ! មកពីណា ? ម៉េចឯងមកពួននៅទីនេះ ? មានរឿងអ្វី ?

មានន្ទយកដៃខ្ទប់មាត់ឧត្ដម៖

  • កុំមាត់ខ្លាំង គេឮ!
  • មិត្ដឯងសុខសប្បាយជាទេឬ ?
  • សុខសប្បាយទេ តែក្នុងពេលនេះយើងមានរឿង . . . ។

មានន្ទច្រានឧត្ដមចេញ និយាយយ៉ាងនឹងនួនទៅទៀតថា៖

  • យើងជាមនុស្សអសិរពិស តើឯងអាចទទួលយើង ឲ្យនៅទីនេះបានទេ?

ឧត្ដមធ្វើទឹកមុខស្រងូតស្រងាត់៖

  • រឿងអ្វី ? ធំប៉ុន្មាន ?

មានន្ទក៏រ៉ាយរ៉ាប់រឿង ប្រាប់ឧត្ដមដោយត្រួសៗ តាំងពីដើមដល់ចុង។ លុះស្ដាប់ចប់សេចក្ដី ឧត្ដមសើចទះស្មាមានន្ទ យ៉ាងរីករាយ។

  • ឯងនៅទីនេះបាន។ តោងទុកផ្ទះនេះ ដូចជាផ្ទះឯង ។ តើឯងបម្រុងនៅប៉ុន្មានថ្ងៃ?
  • ប្រហែលបីថ្ងៃ។
  • កុំភ័យអី ចាំអញជួយលាក់បំពួនឯង រួចជួយរក្សាឯងឲ្យជា។
  • ឥឡូវឯងបាយទឹក រួចហើយនៅ ?
  • ទេកុំឲ្យឯងព្រួយអី ! អញបាយរួចហើយ តែសុំទឹកមួយផ្ដិលមក។
  • អុះ ! ណ្ហើយកុំ . . . !
  • ម៉េច ?
  • ក្រែងគេដឹងច្រើនគ្នា!
  • ហ៊ី ! ឆ្កួតអញគ្មានឲ្យអ្នកណាដឹងទេ។

ថាហើយ ឧត្ដមបើកទ្វារចេញទៅក្រៅ រួចបិទទ្វារវិញយ៉ាងស្រួល។ គឺបុរសម្នាក់ អាយុប្រមាណសាមសិបឆ្នាំ មុខមាំ ស្លូតបូត សម្ដីម៉ាត់ៗ។ បន្ដិចក្រោយមក បុរសដ៏ប្រពៃនេះ ត្រលប់ចូលមកក្នុងបន្ទប់វិញ កាន់ទឹកមួយផ្ដិលមក ហុចឲ្យមានន្ទ។ មានន្ទទទួលផ្ដិលទឹកនេះ រួចផឹកឮក្អឿកៗ។ ឧត្ដមច្រត់ចង្កេះ មើលមិត្ដកម្សត់របស់អ្នក ដោយស្នេហា៖

  • ហ៊ឹសៗ តាំងពីណាមក កាលណាអញជួបនឹងឯង គឺមានតែរឿងមួយទេ គឺរឿងទឹកមួយផ្ដិលប៉ុណ្ណោះឯង។

មានន្ទផឹកទឹកឆ្អែត ទៅអង្គុយលើគ្រែ ។ ឧត្ដមទៅអង្គុយជិតទន្ទឹមស្មាគ្នា។

  • ឯងដេកក្នុងបន្ទប់នេះចុះ
  • ចុះឯងទៅដេកឯណា ?
  • ហ៊ី ! អញតាមបានទេ ដេកឯណាក៏បាន អូ ! ចាំអញ ទៅប្រាប់ប្រពន្ធអញ ឲ្យគេដឹងផង។

មានន្ទទាញស្មាឧត្ដមជាប់។

  • កុំ !
  • ហ៊ី ! ឆ្កួត មានអី កុំភ័យឲ្យសោះ បើឯងមានគ្រោះថ្នាក់ អញសាកដៃអញម្ដង ឲ្យឯងឃើញ។

ឧត្ដមក៏ទៅខ្សឹបដាក់ត្រចៀកនាង យីហ៊ុប ជាភរិយា។ គឺជាស្រីម្នាក់ អាយុប្រមាណម្ភៃឆ្នាំ ស្គមខ្ពស់ ភ្នែកមាន់ សម្រស់ល្អ សម្ដីលះ ចេះខ្នះខ្នែង ក្នុងការរកទទួលទាន និងចេះរាក់ទាក់ ក្នុងការទទួលភ្ញៀវពន្លឺ។ ដំបូងនាងភ័យ សួរប្ដីថា៖

  • រឿងអី ? អ្នកណា ?
  • ពួកម៉ាកបង!
  • ឈ្មោះអ្វី ?
  • មានន្ទ!
  • ឱ ! លោកមានន្ទ គាត់នៅឯណា ? លោកអើយ ! ខ្ញុំខានឃើញគាត់យូរមកហើយ។
  • ក្នុងបន្ទប់ផ្ទះយើង។ តែកុំមាត់ឲ្យសោះ។

ឧត្ដមក៏និយាយរឿងមានន្ទ ប្រាប់នាងយីហ៊ុប ឲ្យបានដឹង ។ នាងយីហ៊ុប ក៏ចូលទៅសំពះ សួរមានន្ទ។

  • ច៎ាះ ! អញ្ជើញលោកសម្រាន្ត នៅកន្លែងនេះចុះ ។ ចំនែកខ្ញុំ និងប្ដីខ្ញុំ មិនជាការអ្វីទេ។

ថាហើយ នាងយីហ៊ុប ក៏លាចេញមក បើកទូ យកសារុង កន្សែងជូនទៅមានន្ទ ឲ្យផ្លាស់។ រួចនាងដាំទឹកក្ដៅ យកមកឲ្យ មានន្ទស្អំដៃ។ ថ្ងៃនោះ ភរិយាស្វាមី ខ្នះខ្នែងយ៉ាងអស់ពីចិត្ដ តាំងពីម្ហូបអាហារទទួលទាន រហូតដល់កន្លែងដេកពួន និងប្រដាប់ប្រើប្រាស់ ផ្សេងៗ ។ លុះដល់ពេលស្រស់ស្រូបរួច មានន្ទដោយអស់កម្លាំងខ្លាំងពេក និទ្រាលក់យ៉ាងស្កប់ស្កល់។ ភ្ញាក់ឡើង អ្នកឃើញនាងយីហ៊ុប អង្គុយនៅចុងជើង អ្នកហុចទឹកមួយផ្ដិល ឲ្យលុបមុខ ជូនផ្លែក្រូច ដែលបកសម្បកស្រេច ឲ្យបរិភោគ ។ មានន្ទទើបឃើញមុខនាងច្បាស់ អ្នកនៅធ្មឹង រួចនាងសើច។

  • បង ! ភ្លេចខ្ញុំហើយឬនៅ ?
  • បាទ ! ខ្ញុំប្រហែលៗអ្នកដែរ។
  • ខ្ញុំនៅសិរីសោភ័ណ។
  • ផ្ទះអ្នកណា ?
  • ឪពុកខ្ញុំ ពូកែវមណី។
  • អូ ! អូ ! អត់ទោស ខ្ញុំភ្លេចហើយ ខ្ញុំទើបតែនឹកឃើញ។ ឱ! យើងបែកគ្នាយូរណាស់មកហើយ តាំងពីយើងនៅតូចៗ . . .។

អនុស្សាវរីយ៍កម្សត់មួយ ងើបផុសចេញពីផ្នូរចាស់មក។ មានន្ទនឹកឃើញនាងយីហ៊ុប ឡើងវិញពេញទី ។ អ្នកឃើញនាងបេះផ្លែត្របែក យកឲ្យអ្នក ឃើញនាង និងអ្នកលេងលោតអន្ទាក់ ក្រោមដើមក្រខុប។ នាងយីហ៊ុប នឹកឃើញដូចគ្នា ដែរ។ គឺនាងហើយ ដែលចាប់និយាយតទៅទៀត៖

  • ខ្ញុំឃើញថា បងមិនភ្លេចខ្ញុំទេ!
  • បាទ ! ខ្ញុំឥតភ្លេចអ្នកទេ!
  • ច៎ាះ ! កុំហៅខ្ញុំអ្នក តោងហៅខ្ញុំដូចដូចកាលយើងនៅពីតូចៗ។
  • អូនសុខសប្បាយជាទេ?
  • ច៎ាះ ប្អូនសុខសប្បាយជាទេ។
  • អូន ! រៀបការយូរហើយ ?
  • ច៎ាះ ពីរឆ្នាំហើយ!
  • ការនៅឯណា ?
  • ការនៅបាត់ដំបង ។ កាលនោះ ខ្ញុំទៅនៅបាត់ដំបង ជាមួយឪពុកធំខ្ញុំ។
  • បាទ ! បាទ ! មែនហើយ ឧត្ដមទៅណាហើយ ?
  • ច៎ាះ ! ទៅកំពង់ក្រោមហើយ។
  • ឆ្ងាយទេ ?
  • ល្ងាចបានគាត់វិលត្រលប់មកវិញ។

នារីខិតចូលជិតមានន្ទ ។ នាងចង់និយាយអំពីរឿងផ្សេងៗ ជាច្រើន តែនាងនឹកថា «នាងមានប្ដីហើយ»។ មានន្ទក្រោកអង្គុយឡើង ប្រុងប្រយ័ត្ន មិនឲ្យប៉ះពាល់ដល់ភរិយាគេទេ រឿងចាស់ជារឿងចាស់។ តោងបង្កប់រឿងចាស់ ក្នុងផ្នូរមួយ រួចបំភ្លេចចោល កុំបីនឹកនា។ គប្បីកុំជម្រុញរឿងថ្មី រហូតដល់ទៅមានតំណមួយ ដែលអាចក្លាយទៅជា កម្មទៀត ។ ហេតុនេះត្រូវកាន់ចិត្ដរឹង ក្នុងរឿងនិយាយគ្នា ជាការសំខាន់បំផុត។ នាងយីហ៊ុបចាប់ដៃមានន្ទ ស្រាយរបួសស្អំទឹកក្ដៅ៖

  • ប្អូនជួយធុរៈបងទេ ! យើងមិនមែនស្រលាញ់គ្នាទេ ប្អូនមានប្ដីហើយ។

មានន្ទសើច ។ សំណើច សម្រស់ទឹកមុខ នាំឲ្យនាងព្រឺខ្លួនខ្ញាកៗ តែនាងចេះតែខំប្រឹងទប់ជានិច្ច។

  • បងដឹងថាប្អូនមានប្ដីហើយ តោងជឿចិត្ដបងចុះ។
  • ប្អូនជឿ ច៎ាះ ! បងឈឺទេ ?
  • ឈឺ។
  • ប្អូនធ្វើតិចៗ។ សូមបងនៅផ្ទះប្អូន ទម្រាំដល់ជាមុខរបួស ចាំអញ្ជើញទៅចុះ។
  • បងអរគុណណាស់ តែបងនៅទីនេះមិនបានយូរទេ។
  • បង ! មានការអី ?
  • មានការប្រញាប់ ជួបនឹងគេ។
  • ឯណា ?
  • នេះជាការផ្ទាល់ខ្លួនបង មិនមែនជាភារៈសំខាន់ទេ ។ តែនៅទីនេះ មានក្រុមអ្នករាជការទេ ?
  • មាន ! ម៉េចបងភ័យឬ បានជាធ្វើទឹកមុខស្ងួតយ៉ាងនេះ ?
  • បងកំពុងរបួស ហើមដៃអស់ រកការពារខ្លួនមិនបានទេ។
  • មិនអីទេ បើមានរឿងអី ប្អូននាំបងទៅពួនក្នុងជង្រុកស្រូវនោះ។ នុ៎ះបងមើលឃើញទេ ?
  • ឃើញ . . . អើស្រួលហើយ។
  • តែល្ងាចនេះ មានបងប្អូនខ្ញុំម្នាក់ទៅភ្នៀត។
  • កាលណា បានគេចេញដំណើរទៅ ?
  • យប់បន្ដិច ដ្បិតពិបាកចាប់គោណាស់។ ខ្ញុំឲ្យគាត់ខ្ចីរទេះខ្ញុំ។
  • គេដឹកអ្វីទៅ ?
  • អត់ដឹកអ្វីទេ ។ ឱ ! គេដឹកចំបើងទៅ។ ឥឡូវចាំប្អូន រៀបចំបាយទឹកជូនបង។
  • មានអ្វីខ្លះថ្ងៃនេះ ?
  • ច៎ាះ ! អត់មានអ្វីទេ តែខ្ញុំបានធ្វើមាន់មួយជូនបង។
  • អរគុណណាស់។

មានន្ទ ដោយសេចក្ដីរាក់ទាក់ដែលនាងយីហ៊ុប បានធ្វើដោយស្មោះត្រង់បំផុតនេះ អ្នកភ្លេចខ្លួន ភ្លេចឈឺ ភ្លេចគ្រោះថ្នាក់ ។ នាងសើចតបវិញយ៉ាងព្រងើយ រួចចេញទៅ។

ព្រះសុរិយាជិតអស្ដង្គត ចោលពន្លឺល្អះល្អ ទន់ភ្លន់មកលើពសុធា។ មានន្ទឮសូរមាត់ឧត្ដម ដែលទើបវិលត្រលប់ ពីកំពង់មកវិញ។ ក្រៅពីមាត់មិត្ដនេះ អ្នកឮសូរមាត់ស្រីប្រុស ឯទៀតជាច្រើន ដែលលើកចំបើងដាក់រទេះ។ ទ្វារបន្ទប់របើកឡើង។ នាងយីហ៊ុប លើកបាយល្ងាចជូនលាយទាំងសំណើច ញញឹមមួយ ដែលបុរស ពុំអាចភ្លេចបានឡើយ។ នៅកៀនមាត់ ដែលហើបបន្ដិចនេះ មានន្ទសង្កេតឃើញធ្មេញតូចស្មើ ដែលចាំងរលើបដូចភ្លុក។ ខាងក្រៅ ភ្ញៀវទាំងឡាយ ចូលមក។ ឧត្ដម ទទួលភ្ញៀវប្រុស ស្រី ដែលមកបរិភោគបាយ យ៉ាងរកាកដូចសត្វ ចូលសម្បុក។

រាត្រី ក៏ត្រដាងស្បៃងងឹត មកពាសពេញ។ ពន្លឺកូនចង្កៀងក្នុងផ្ទះឧត្ដម ក៏ឆេះឡើង បន្ដពីពន្លឺព្រះសុរិយា ដែលរលត់ទៅ ថ្មីៗនេះ។ បន្ដិចមក មានន្ទឮសូរជើងសេះ សន្ធឹកសន្ធាប់មកដល់។ អ្នកស្លៀកពាក់ព្រឹបគ្មានបង្អង់ ចងដាវព្យួរនឹងចង្កេះ ឆ្លុះកញ្ចក់ លបចាំស្ដាប់។ ចិត្ដអ្នក ញាប់ញ័រយ៉ាងខ្លាំង។ ជនអ្នកជិះសេះ ឡើងមកលើផ្ទះ ។ ឧត្ដមចេញទៅទទួល។

  • ជម្រាបសួរលោក !
  • លើកដៃថ្វាយព្រះ។
  • ទាន! លោកអញ្ជើញមកមានការអីទាន ?
  • លោកមានឃើញអ្នកទោសម្នាក់ រត់មកជ្រកនៅទីនេះទេ ?
  • អ្នកទោស ?
  • បាទ! អ្នកទោស!
  • មិនឃើញអ្នកទោសណាទេ។

និលពេជ្រមើលនាយអាយ។ ឧត្ដម ឡើងស្លាំង បន្ដពាក្យទៅទៀតថា៖

  • គ្មានអ្នកណាក្រៅពីគ្រួសារខ្ញុំទេ។
  • អត់ទោស ! ខ្ញុំសុំឆែក។
  • លោកមិនចាំបាច់ឆែកទេទាន !
  • ខ្ញុំមានសំបុត្រពីអ្នករាជការធំមក។

និលពេជ្រហុចសំបុត្រឲ្យទៅឧត្ដមមើល។ កងទាហាន ក៏ចូលមើលក្នុងបន្ទប់ផ្ទះ រកមើលក្រោមគ្រែ បើកទូ រកមើលតាមពាងទឹក និងកៀនកោះសព្វគ្រប់ តែឥតមានឃើញអ្វី។ ឧត្ដម មានក្ដីតក់ស្លុត យ៉ាងខ្លាំង។ លុះចូលក្នុងបន្ទប់ មិនឃើញមានន្ទវិញ ក៏អ្នកហាក់ធូរដើមទ្រូងបន្ដិច តែព្រួយបារម្ភ មិនដឹងមិត្ដនេះ ទៅឯណាបាត់ទៅហើយ។

និលពេជ្រនិយាយថា៖

  • ខ្ញុំបានដឹងការច្បាស់ថា ចោររបស់ខ្ញុំរត់មកជ្រកនៅទីនេះតាំងពីព្រឹក។
  • បាទទេ ! ប្រហែលលោកច្រលំហើយមើលទៅ ពីព្រោះបើរត់មកនៅទីនេះ មុខជាឃើញមិនខាន បើឆែកគ្មានសល់រន្ធមួយ យ៉ាងនេះ។
  • បាទ ! មិនប្រាកដដែរ តែសូមលោកអត់ទោសចុះ។
  • បាទទេ ! មានការអីទាន ចាំក្រោយៗ អញ្ជើញមកទៀត ខ្ញុំទទួលលោកដាយរាក់ទាក់ជានិច្ចទាន !

និលពេជ្រក៏លា ចុះទៅវិញ ។ ឧត្ដមសុំអញ្ជើញ អង្គុយពិសាតែសិន ក៏មិនព្រម ។ ឧត្ដមបានជូនកងអ្នករាជការនេះ ដល់មាត់ជណ្ដើរ។ នាងយីហ៊ុប កាលឧត្ដមចូលមកវិញ ក៏ស្ទុះទៅប្រាប់ឧត្ដម ជាប្ដីយ៉ាងញ័រមាត់ថា៖

  • ខ្ញុំបានបង្ហាញជង្រុកនោះឲ្យគាត់ពួន។
  • អូនឯងឆ្លាតមែន។
  • តែប្អូនខ្លាចក្រែងពួកវារើជង្រុកទៀតណ៎ា !

ក្នុងពេលនោះ ពូកនិលពេជ្ររើជង្រុកមែន។ នាងយីហ៊ុប យកដៃទាំងពីរខ្ទប់មុខ។ ឧត្ដម ស្ទុះយកដាវ ប្រាប់ភរិយាថា៖

  • តែប៉ុណ្ណោះយើងចោលផ្ទះហើយ។

នាងយីហ៊ុបចាប់ដៃប្ដីជាប់។

  • កុំបង ! កុំ ! គ្នាគេច្រើនណាស់
  • ទេ ! មិត្ដរបស់បងមានអាសន្នធំហើយ តោងស្លាប់រស់ជាមួយគ្នា។
  • ទេបង ! ទេ !

ឧត្ដមចោលកន្ទុយភ្នែក ទៅជង្រុក តាមចន្លោះបង្អួច ។ តែអ្នកមិនឃើញ ចាប់បានមានន្ទសោះ។ អ្នកបែរទៅរក នាងយីហ៊ុបវិញ៖

  • ម៉េចពួកវា រកមានន្ទមិនឃើញ ក្នុងជង្រុក ?
  • ប្អូនមិនដឹងជាគាត់ទៅពួនឯណាទៀតទេ។ ប្រហែលគាត់ចេញទៅ ពួនឯណាទៀតហើយ។

ឧត្ដមដាក់ដាវ ទៅនឹងជញ្ជាំងវិញ ឈានផ្លោះរំលងបីបួនកាំជណ្ដើរ ចុះទៅជួបនិលពេជ្រ។

  • ខ្ញុំបាទជម្រាបថា នៅទីនេះគ្មានចោរទេ លោកមិនជឿខ្ញុំ ។ ម៉េចរកឃើញទេលោក ?
  • ខ្ញុំត្រូវរកឲ្យសព្វកន្លែង។
  • បាទ ! ខំរកទៅក្រែងបានឡើងបុណ្យសក្ដិបន្ដិចទៀត

និលពេជ្រពេបមាត់ ដោយអៀនប្រៀន។ ឧត្ដមឡើងទឹកមុខថ្លា។

  • ខ្ញុំបាទជាខ្មែរអ្នកសប្បុរស រួចបើកងរាជការ មករុកកួនយ៉ាងនេះ មុខជាខូចចិត្ដច្រើន ជាមិនខាន។
  • ខ្ញុំធ្វើនេះ សម្រាប់ជាប្រយោជន៍អ្នករាល់គ្នាទេតើ ?
  • ឱ ! មិនមែនដោយឈ្នានីស ដោយចង់យកគាប់គួរ ឬដោយចង់បានបុណ្យសក្ដិទេ ?
  • តោងលោកជ្រាបថា ខ្ញុំជាមនុស្សកាចណាស់ ក្រៅពីលោកខ្ញុំទះកំផ្លៀងហើយ។
  • អ្នកកាន់អំនាច មិនដែលទះកំផ្លៀងជនអ្នកស្លូតត្រង់ទេ ? តើចោរនោះចិន ឬ យួន ?
  • ខ្មែរ!
  • អូ ខ្មែរ ! ខ្ញុំមានសេចក្ដីសោកស្ដាយណាស់ តាមរបៀបរកចាប់ទាំងព្រលឹម ខ្ញុំស្មានថាជាចិន ឬ ជ្វា។

មុខនិលពេជ្រ ឡើងក្រហម។ និលពេជ្រស្រែកដល់កងទាហាន ឲ្យចាប់សេះរុករានពេញភូមិ ទាំងអស់។ កងនិលពេជ្រ បែរទៅរកផ្ទះជិតខាងទៀតទៅ។

ក្នុងពេលនោះ បងប្រុសរបស់ឧត្ដម ដែលកំពុងបរិភោគបាយជាមួយ ក៏លាឧត្ដមទៅភូមិភ្នៀត គឺលោកឧត្ដុង្គ ។ គាត់មានបុត្រីមួយ ឈ្មោះនាងមាលា រូបល្អគួរសម ដែលបរិភោគបាយ ជាមួយគាត់។ ក្នុងពេល ដែលគេឆែកឆេរផ្ទះ នាងមាលា គ្មានតក់ស្លុតអ្វីទេ។ និលពេជ្រចេះតែលបមើលនាង ម្ដងជាពីរដងដែរ។ នាងដឹងខ្លួន ខាំធ្មេញខឹងនឹងនិលពេជ្រជាពន់ពេក។ លុះលាឧត្ដម ជាឪពុកមាហើយ នាងឡើងលើរទេះ អង្គុយលើចំបើង យ៉ាងស្រួលបួល។ ឪពុកនាង លោកឧត្ដុង្គ បររទេះទៅ ក្រោយដែលបានលានាងយីហ៊ុប និងឧត្ដមដែលបានជូននាងដល់រទេះ។ តាមផ្លូវ នាងមាលានិយាយថា៖

  • យី ! ខ្ញុំមិនដែលឃើញពួក អីក៏មហាតម៉្លេះ ? ចូលរុករានផ្ទះគេទាំងអំណាច ឫកក្រអើតគ្រប់គ្នា។
  • អញ្ចឹងហើយពួកគេនោះ។
  • ពួកអាអស់នេះ បានតែកាប់ចោលឲ្យអស់ទេ។ ហ៊ី ! និយាយពីអាមេគេនោះ វាធ្វើឫកសង្ហាណាស់ ច្រត់ដៃចំខែង។

ពូឧត្ដុង្គ ជាឪពុក បង្ហុយបារីស្លឹកសង្កែបណ្ដើរ ស្ដាប់បុត្រីបណ្ដើរ ដែលប្រាសខ្លួនដេក ខាងលើចំបើងឯណោះ ។ យូរៗ អ្នកឆ្លើយសម្របថា៖

  • អឺ !

នារីបន្ដសម្ដី យ៉ាងស្រួយស្រះ ទៅទៀត៖

  • វាសុទ្ធតែរកចោរ ៗ។ វាចេះតែពាក្យមួយម៉ាត់នេះ មើលទៅ។ ឲ្យតែចង់ចាប់អ្នកណា អ្នកនោះចោរហើយ។ ហ៊ី ! បន្ដិច

ទៀតវាមកចាប់យើង វាថាយើងចោរដែរមិនខាន។ ឱ ! ពុកអើយ ! បើលោតែ វាហ៊ានចាប់ពុក ខ្ញុំប្រថុយស្លាប់ នឹងពួកអារាតត្បាត នេះម្ដង។ ខ្ញុំខឹងណាស់។ ពួកអានេះ វាថាស្គាល់ខ្មែរ ក៏ដូចជាមិនស្គាល់ខ្មែរ។

  • អឺ ! ខ្មែរយើងចិត្ដគ្រាន់បើ តាំងពីដើមមក។
  • ខ្ញុំស្អប់វាណាស់។ ធ្វើម្ដេច ឲ្យមានខ្មែរណាបះបោរឡើង ខ្ញុំជួយខ្មែរនោះទាំងចិត្ដ ទាំងធនធានមិនខាន។
  • គ្មានអ្នកណាចង់នៅខ្ញុំគេទេ តែគ្មានខ្មែរណាហ៊ានហើបទេ ព្រោះគេដឹង គេសម្លាប់ចោលទៅ។
  • គិតទៅអាណិតគ្នា អ្នករត់នោះ។ ប្រហែលមិនដឹង ជាគ្នាភិតភ័យយ៉ាងណាទេ ។ ខ្ញុំលបសួរមីងយីហ៊ុប ៗថា «មិនមែនចោរឯណាទេ គាត់នោះឈ្មោះមានន្ទ» ។ គាត់ជាមេទ័ពណ៎ាពុក «មេទ័ពរបស់ព្រះកម្ពុត» ។ គេរកចាប់គាត់ ដោយរំលោភតែម្ដង។ គាត់ជាមនុស្សសុចរិតទេ។
  • អ្នកណា ? មានន្ទ ? ឪពុកស្គាល់ហើយ មានន្ទ ត្រូវជាកូនបង្កើតរបស់ព្រះកម្ពុត នេះឯង ។ ឱ! បើមានន្ទ អាណិតស្រណោះ មែន ពីព្រោះគាត់នោះខែងណាស់ ចិត្ដស្រលាញ់ញាតិខ្មែរណាស់។ គាត់និយាយតែពីខ្មែរ កាន់ជើងខ្មែរ ការពារខ្មែរ ដាស់ទឹកចិត្ដខ្មែរ។ ហ៊ី ! មានន្ទ ហ្ន៎ ! ។ អាក្រក់មែន ពួកអាប្លន់នគរនេះ។ ឱ !ដូចនោះហើយ បានជាគេរកចាប់។ តែមិនអីទេ ទេវតាខ្មែរ គង់ជួយឲ្យមានន្ទ រួចពីភយន្ដរាយមិនខាន ខ្មែរនឹងឈ្នះអស់មារ សត្រូវមិនខាន។ ឱលោកអើយ ! ខ្ញុំបន់ មួយថ្ងៃដប់ដង មួយរយដង ឲ្យខ្មែរយើងឈ្នះម្ដងលមើល តើវាទៅណាទៅ អាពួកចោរពិតៗនោះ ? សព្វថ្ងៃឫកវា ធំណាស់ ឲ្យតែមានជ័យវិញម្ដង បានតែចាប់សម្លាប់ចោល ទើបសមមុខវា។

កិច្ចសន្ទនារវាងបិតា និងបុត្រី មានជាហូរហែ រហូតតាមផ្លូវទៅ គ្មានឈប់ឈរឡើយ។ លុះរទេះយើង បានទៅដល់ភូមិភ្នៀត រទេះបរចូល ទៅក្នុងផ្ទះមួយ យ៉ាងគួរសម។ នាងមាលាចុះពីលើចំបើង និយាយទៅកាន់ឪពុកនាងថា៖

  • ពុកអញ្ជើញទៅលើផ្ទះចុះ ទុកឲ្យខ្ញុំយករទេះទៅទុក យកគោទៅឯក្រោល។

ឧត្ដុង្គញញឹមរកបុត្រី ជាសញ្ញាទទួលយល់ព្រម។ នាងមាលា បរទេះតម្រង់ចូល ទៅក្នុងខ្ទមតូចមួយនៅជិតនោះ។ ព្រះអាទិត្យ ដែលលិចទៅយូរហើយ បណ្ដលឲ្យក្ដីងងឹត គ្របដណ្ដប់ពាសពេញ។ គេមើលឃើញ តែចន្លុះនារី ដែលបញ្ចាំងពន្លឺក្រហមភ្លឹបភ្លែតៗ។

នាងដោះគោរួច នាងនាំទៅចងឯក្រោល ។ នាងត្រលប់មកវិញ អូសរទេះ បញ្ចូលក្នុងខ្ទមនោះ ។ ស្រាប់តែបុរសម្នាក់ ឈរនៅពីមុខនាង ប្រលាក់ចំបើងស្រមាម។ នាងភ្ញាក់ហៀបនឹងស្រែកឡើង តែនាងនឹកឃើញថា មិនមែនចោរទេ។ នាងមើលមុខបុរសនេះ សម្រេចបានជាមនុស្សស្លូតត្រង់។ ទឹកមុខបុរស ហាក់អង្វរឲ្យនាងជួយធុរៈមួយ យ៉ាងធំ។ បុរសហត់អស់កម្លាំង។ ភែ្នកប្រុសដែលមើលនាង ធ្វើឲ្យនាងអាណិត ។ នាងសួរថា៖

  • អ្នកឯងមកពីណា ?
  • អ្នកជិះខ្ញុំមក !
  • ទេ ! ខ្ញុំអត់ជិះអ្នកឯងទេ ។
  • បើមិនជិះខ្ញុំ ម៉េចអ្នកបានមកដល់ទីនេះ?
  • ឱ ! អីអ្នកឯងនៅពួនក្នុងចំបើង ?

មានន្ទសើច ងក់ក្បាល។ នាងមាលាដឹងជាក់ថា មានន្ទប្រាកដ។ បុរសឃើញថា នាងតក់ស្លុតយ៉ាងខ្លាំង ដោយភ្នែកនាងដាក់ចុះ។ កាយវិការរបស់យុវតី ធ្វើឲ្យមានន្ទដឹងថា នាងមិនដែលនិយាយ ជាមួយប្រុសណាក្នុងទីស្ងាត់ ដូចនេះសោះ។

  • ចូរអ្នកកុំភ័យបារម្ភអ្វី!
  • ខ្ញុំមិនមែនខ្លាចទេ គឺលោកទេដែលត្រូវភ័យនាះ។ ឥឡូវតើលោកបម្រុង អញ្ជើញទៅណាទៀត ?
  • ដើររកអ្នកមានសប្បុរស និង នារីដែលមានរូបល្អ ចិត្ដល្អដូចអ្នក។
  • លោកអាចជ្រកនៅក្នុងផ្ទះខ្ញុំនេះសិន ចាំខ្ញុំទៅជម្រាបលោកឪពុកខ្ញុំ។

មានន្ទចាប់ដៃនាងជាប់មិនឲ្យទៅ។

  • ទេ ! កុំ ! ខ្ញុំសូមអរគុណណាស់ ដោយមានចិត្ដអនុគ្រោះ មកដល់ខ្ញុំយ៉ាងនេះ ខ្ញុំមិនភ្លេចទេ អស់មួយជីវិតខ្ញុំ ។ ទៅជម្រាបលោកធ្វើអ្វី ពីព្រោះខ្ញុំជាសត្វពស់ តែគេដឹងឮ មុខជាអ្នក ក៏មិនបានសុខ ។ ហេតុនេះ ខ្ញុំសុំតែទឹកមួយផ្ដិលទេ បើអ្នកមេត្ដា ចែកទានផង។
  • ច៎ាះ ! មានអី ចាំខ្ញុំដងមកជូន។
  • សូមកុំទៅប្ដឹងគេណ៎ា !
  • បើដូច្នោះ ខ្ញុំមិនទៅទេ ទុកឲ្យលោកស្រេកស្លាប់ចុះ !
  • បើអ្នកមានចិត្ដករុណាមែន ៗ អ្នកអាចអញ្ជើញបាន។

នារីរត់យ៉ាងលឿន ផ្លោះកាំជណ្ដើរចុះមកវិញ បានទឹកមួយផ្ដិលយ៉ាងស្អាត ។ មានន្ទផឹកទឹកក្អឿកៗ។ នាងមាលា មានចិត្ដមេត្ដា ដល់បុរស ជាពន់ពេក។

  • ខ្ញុំស្ដាយណាស់ដោយគ្មានពេលយូរ នឹងនិយាយជាមួយអ្នក។ អរគុណ នឹងទឹកមួយផ្ដិលណាស់។
  • ទៅណាវិញ ? កុំអាលទាន់ទៅ . . . ចាំ . . . ច៎ាះ !
  • វាសនាយើង បានជួបគ្នាតែប៉ុណ្ណេះទេ។ ខ្ញុំទៅមុខទៀត។
  • ខ្ញុំត្រេកអរណាស់ ដោយសារបានជួប រួចបានជូនទឹកមួយផ្ដិលដល់ខ្មែរម្នាក់ ដែលស្រលាញ់ខ្មែរឯទៀត។

មានន្ទផ្ទៀងក្បាលស្ដាប់សម្ដី ដ៏ពីរោះនេះ រួចនិយាយថា៖

  • បើផែនដីខ្មែរទាំងមូលមានកុលបុត្រ ប្រកបដោយចិត្ដដូចអ្នក ប្រហែលជាខ្ញុំមិនរងទុក្ខដូច្នេះទេ។ តែឥឡូវខ្ញុំទើបយល់ជាក់ថា ក្នុងដំណើរការជាតិ ដែលខ្ញុំកំពុងពុះពារនេះ ខ្ញុំហាក់ដូចឃើញកាន់តែជាក់ថា ពុំមែនមានតែខ្ញុំមួយទេ។
  • ច៎ាះ ! គឺខ្ញុំមួយដែរ។
  • ជយោ ! នារីខ្មែរ !
  • ជយោ ! វីរបុរសខ្មែរ ! ឥឡូវយកសេះឪពុកខ្ញុំទៅ ។ លោកមានសោហ៊ុយទេ ?
  • បាទ ! គ្មានទេ!
  • លោកយកកញ្ចប់កន្សែងខ្ញុំនេះ ទៅចុះ។

ក្នុងពេលនោះ នាងមាលា ឮសូរមាត់ឪពុកនាងហៅ៖

  • មាលា ! មាលា !
  • ច៎ាះ !
  • មក ម៉េចក៏យូរម៉្លេះ ?
  • អាល័យតែរលត់ចន្លុះពុក ចាំខ្ញុំរកភ្លើងអុជសិន។

នាងធ្វើ ឲ្យរលត់ចន្លុះ ។ នាងស្ដាយ ដោយអស់ពន្លឺ នឹងទៅរកមើលមុខបុរសទៀត មិនបាន។ មានន្ទវាចាតទៅទៀតថា៖

  • សូមលាអ្នកហើយ ។ ថ្ងៃណាមួយគង់ជួបគ្នាវិញទេ។
  • ច៎ាះ ! អញ្ជើញចុះ ឲ្យបានសុខសប្បាយ។

មានន្ទឱនគំនាប់នាងមាលា យ៉ាងគោរព ។ នាងមាលាស្ទើរស្ទុះទៅចាប់ដៃបុរស ដែលសំពះនាង ។ តែនាងមានសេចក្ដីអៀន ខ្មាស ដែលឃាត់នាងមិនឲ្យធ្វើដូចនោះកើត។ នាងរំជួលក្នុងចិត្ដ ឥតឧបមា។ កល្យាណឃើញបុរស យកអានដាក់លើខ្នងសេះ ឃើញបុរសលោតទំលើខ្នងសេះ ឃើញបុរសគំនាប់នាងជាលើកចុងបង្ហើយ ឃើញសេះចេញទៅទិសខាងកើត បាត់ក្នុងក្ដីងងឹត។ ភ្នែកនាង ហាក់លែងបានឃើញពន្លឺរស្មី នៃសេចក្ដីស្នេហាដ៏ល្អមួយ រួចមានតែសេចក្ដីស្ដាយមួយម៉ាត់ទេ ដែលរស់នៅយ៉ាងរវើក ក្នុងចិត្ដនាង។

តំណភ្ជាប់