លីនុច

ពីវិគីភីឌា
លីនុច (Linux)
ព័ត៌មាន​មួយ​ចំនួន
គោល​ដៅ​ទីផ្សារ៖Desktops, servers, embedded devices
ភាសា​កម្មវិធី៖មាន​ច្រើន
ប្រភេទ​ខឺនែល៖Monolithic
ប្រភេទ​ប្រភព៖កូដ​បើក​ចំហ
ផ្នែក​អ្នក​ប្រើ៖GNU និង​ផ្សេង​ទៀត
គេហទំព័រ៖http://www.kernel.org/

នៅ​ពេល​បច្ចុប្បន្ន​នេះ​នៅ​លើ​ពិភព​លោក មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ដូច​ជា៖ លីនុច, Windows, Mac OS X ជា​ដើម។ តែ​ក្នុង​នេះ លីនុច បាន​ក្លាយ​ជា​ប្រព័ន្ធ​មួយ​ដែល​មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង ព្រោះ​តែ​ប្រព័ន្ធ​នេះ​មាន​លក្ខណៈ​ពិសេសៗ​ជា​ច្រើន ហើយ​អាច​ទាញ​យក​ទៅ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​ថែម​ទៀត​ផង។ ប្រព័ន្ធ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក លីនុស ទ័រវ៉ាល់ (Linus Torvalds) ដែល​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ល្បីល្បាញ​ម្នាក់។

កំណើត​របស់​លីនុច[កែប្រែ]

លោក Andrew S. Tanenbaum (ឆ្វេង), អ្នកបង្កើត​ប្រព័ន្ធ​ប្រតិ​បត្តិការ MINIX និង​លោក Linus Torvalds (ស្ដាំ) ជា​អ្នក​ផ្ដើម​បង្កើតលីនុច​ខឺនែលដំបូង​គេ

ក្នុង​ឆ្នាំ ១៩៨៧ ជាមួយ​ប្រាក់​សន្សំ​មួយ​ចំនួន លោក ទ័រវ៉ាល់ បាន​ទិញ​កុំព្យូទ័រ​មួយ​ដែល​មាន​ឈ្មោះ​ថា Sinclair QL ដែល​ជា​កុំព្យូទ័រ​ដំបូង​បំផុត​ក្នុង​ពិភព​លោក។ តែ​ទោះ​យ៉ាង​ណា​ក្ដី ក៏​លោក​មិន​ពេញ​ចិត្ត​នឹង​កុំព្យូទ័រ​នេះ​ដែរ។ នៅ​ឆ្នាំ ១៩៨៨ លោក​បាន​ឈាន​ជើង​ចូល​ទៅ​រៀន​នៅ​ក្នុង​សកលវិទ្យាល័យ​ ហេសសិនគី (Helsinki)ដើម្បី​សិក្សា​យក​បរិញ្ញាបត្រ​ផ្នែក វិទ្យាសាស្ត្រ​កុំព្យូទ័រ។ ក្រោយ​មក​លោក​បាន​ទិញ​កុំព្យូទ័រ​ថ្មី​មួយ​ទៀត​ឈ្មោះ IBM នៅ​ក្នុង​ឆ្នាំ​១៩៩១ ដែល​មាន​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ MS Dos តែ​គាត់​នៅ​តែ​មិន​ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​នេះ​ទេ។ ក្រោយ​មក​លោក​ក៏​បាន​សាក​ប្រើ​ប្រព័ន្ធ MINIX (បង្កើត​ដោយ​សាស្ត្រាចារ្យ​ជនជាតិ​ហូឡង់ Andrew Tanenbaum) ដែល​ជា​ប្រព័ន្ធ​ពឹង​ផ្អែក​លើ UNIX។ ដោយ​សារ​តែ MINIX មិន​មាន​លក្ខណៈ​ជា​កូដ​បើក​ចំហ ទើប​គាត់​សាកល្បង​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ដែល​ធ្វើ​ការ​ពឹង​ផ្អែក​លើ UNIX។ លោក ទ័រវ៉ាល់ បាន​ផ្អាក​ការ​សិក្សា​ដើម្បី យក​ពេល​មក​បង្កើត​ប្រព័ន្ធ​របស់​លោក ដែល​មាន​រយៈពេល​យូរ។ នៅ​ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ​១៩៩១ គាត់​បាន​ផ្សាយ​ឲ្យ​ក្រុម​អ្នក​ប្រើ MINIX នូវ​ប្រព័ន្ធ​ថ្មី​របស់​លោក។ កំណែ​ទី​១​ត្រូវ​បាន​បញ្ចប់​ការ​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ហើយ​កំណែ​ទី​២​គឺ​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា។ ហើយ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​លោក​ត្រូវ​បាន​ទទួល​ជា​ប្រព័ន្ធ​ផ្លូវ​ការ នៅ​ក្នុង​ជំនាន់​ទី​២។ ដោយ​សារ​តែ​មាន​ការ​ពេញ​និយម​ប្រើ​ប្រព័ន្ធ​មួយ​នេះ ទើប​មិត្ត​របស់​លោក​គឺ Ari Lemmke បាន​អនុញ្ញាត​ឲ្យ​លោក ទ័រវ៉ាល់ ប្រើ​សេវាកម្ម FTP របស់ Server ftp.funet.fi ដើម្បី​ចែក​ឲ្យ​អ្នក​សរសេរ​កម្មវិធី​ដទៃ​ទៀត​អាច​ចូល​រួម​អភិវឌ្ឍ។ លោក​បាន​ដាក់​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​ឈ្មោះ LINUX (លីនុច) ដែល​កាត់​យក​ពី​ពាក្យ Linus's MINUX។ តែ​លោក​គិត​ថា​ដូច​ជា​អាត្មា​និយម​ពេក លោក​ក៏​ចង់​ប្ដូរ​ទៅ​ជា Freax វិញ។ ក៏​ប៉ុន្តែ​ដោយ​សារ​ថត​នៅ​លើ FTP បាន​ដាក់​ថា Linux បាត់​ទៅ​ហើយ ទើប​ប្រព័ន្ធ​មួយ​នេះ​មាន​ឈ្មោះ Linux (លីនុច) រហូត​មក។ ក្រោយ​មក​ទៀត​អ្នក​សរសេរ​កម្មវិធី​ផ្សេងៗ​ក៏​បាន​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​នេះ​រួម​គ្នា។ នៅ​ពេល​នេះ​លោក ទ័រវ៉ាល់ ផ្ដោត​តែ​លើ ខឺនែល​របស់​លីនុច ប៉ុណ្ណោះ​ដើម្បី​ឲ្យ​ប្រព័ន្ធ​ដើរ​បាន​ងាយ​ស្រួល និង កាន់​តែ​ប្រសើរ។

ភាព​ល្បី​ល្បាញ និង លក្ខណៈ​ពិសេស[កែប្រែ]

Samsung-i9000-galaxy ដំណើរ​ការ​ប្រព័ន្ធ Android

ដោយ​សារ​តែ លីនុច ទទួល​បាន​ភាព​ល្បីល្បាញ​នៅ​លើ​ពិភព​លោក​នោះ គឺ​នៅ​ពេល​ពេល​បច្ចុប្បន្ន​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​បាន​យក លីនុច ធ្វើ​ជា​ប្រព័ន្ធ​ធំ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ផ្សេងៗ​ទៀត​ដូច​ជា៖ Debian, CentOS, RedHat, OpenSUSE, Ubuntu, moonOS ជា​ដើម ដែល​ដាក់​ឲ្យ​ដំណើរការ​នៅ​លើ​កុំព្យូទ័រ​ទូទៅ។ លើស​ពី​នេះ លីនុច ត្រូវ​បាន​គេ​យក​ទៅ​បង្កើត​សម្រាប់​ប្រព័ន្ធ​ទូរស័ព្ទ ដែលមាន​ដូច​ជា​ប្រព័ន្ធ៖ Android, Maemo និង​ផ្សេងៗ​ទៀត។ ដោយ​សារ​តែ​ប្រព័ន្ធ លីនុច ពុំ​សូវ​មាន​ការ​រចនា​រូប​រាង​អេក្រង់​ខាង​មុខ​បាន​ស្អាត​ល្អ(ដូច​ជា​ពេល​ខ្លះ​ប្រើ​តែ​ពាក្យ​បញ្ជា​សុទ្ធ ពុំ​មាន​រូប​បង្ហាញ​ទេ) ទើប​អ្នក​អភិវឌ្ឍ​ផ្សេងៗបាន​បង្កើត​រូបរាង​អេក្រង់​ខាង​មុខ ដូច​ជា៖