វចនានុក្រមខ្មែរ

ពីវិគីភីឌា
Jump to navigation Jump to search

តិផរណា

ព្រះកន្ធិបាទ[កែប្រែ]

វចនានុក្រមនេះ បានរៀបចំជាបណ្ដើរៗ តាំងពីឆ្នាំ១៩១៥ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដោយអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរជំនាន់នោះ មាន សម្ដេចជួន ណាត លោកឧកញ៉ាសុត្តន្តប្រីជាឥន្ត ព្រះតេជគុណ សួស នៅវត្តប្រយូវង្សជាដើម។ ក្រៅពីនេះ ក៏មានការយកចិត្តទុកដាក់ពីព្រះករុណាព្រះបាទស៊ីសុវត្ថិ និងជនជាតិបារាំងម្នាក់ឈ្មោះ លោកស្សកសឺដេស

ក្នុងចំណោមបុព្វការីជន ដែលបានបង្កើតស្នាដៃ ជាកេរមត៌កដ៏ធំឥតមានពីរនេះ មានតែ សម្ដេចព្រះសង្ឃរាជ ជួន ណាតមួយអង្គឯងគត់ ដែលបានស្រាវជ្រាវនិពន្ធ និងធ្វើការងារនេះជាប់លាប់ ហូរហែតាំងពីដើមដំបូង រហូតបានសម្រេចបោះពុម្ពជាចុងក្រោយ នៅឆ្នាំ១៩៦៧ - ១៩៦៨ មុនពេលព្រះអង្គចូលទិវង្គតមួយឆ្នាំ។ ដោយហេតុតែសម្ដេចជួន ណាត ខំតស៊ូអស់រយៈពេលយ៉ាងវែង(៥៣ឆ្នាំ) ដើម្បីបង្កើតវចនានុក្រមខ្មែរ បានចង់សព្វគ្រប់នេះហើយ ទើបប្រជាពលរដ្ឋខ្មែរទូទៅ នាំគ្នាហៅវចនានុក្រមនេះថា វចនានុក្រមសម្ដេច ជួន ណាតវចនានុក្រមសម្ដេច ជួន ណាត ជាគន្លឹះសំខាន់ សម្រាប់កូនខ្មែរជំនាន់ក្រោយ ធ្វើការសិក្សាស្រាវជ្រាវ និងពង្រីកពាក្យខ្មែរឲ្យសម្បូរបែប។

ប្រវត្តិនៃការរៀបចំចងក្រងវចនានុក្រមខ្មែរ[កែប្រែ]

សព្វថ្ងៃនេះ ភាសាខ្មែរនៅតែជាប្រធានបទមួយដ៏ក្ដៅគគុកសម្រាប់ការពិភាក្សានៅស្ថាប័នមួយចំនួន ក៏ដូចជានៅលើទំព័រកាសែត។ មានមតិច្រើនត្រូវបានលើកឡើង ប៉ុន្តែ ផ្លូវ ដែលត្រូវដើររួមគ្នាមួយនោះ មិនទាន់ត្រូវបានគេរកឃើញជាក់ច្បាស់នៅឡើយ។ ដោយផ្អែកតាមស្ថានភាពបច្ចុប្បន្ន ដែលផ្ដល់នូវភាពមិនច្បាស់លាស់សម្រាប់អ្នកប្រើប្រាស់ភាសាខ្មែរ គណៈកម្មាធិការជាតិភាសាខ្មែរ សម្រេចឲ្យប្រើប្រាស់អក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ (សម្ដេចព្រះសង្ឃរាជ ជួន ណាត) ។ ម៉្យាងដោយមើលឃើញពីការរីកចម្រើនឥតឈប់ឈររបស់សម្ភារៈបច្ចេកវិទ្យា និងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាតាមធនធានដ៏ស្ដួចស្ដើងដែលខ្លួនមានផងនោះ បានធ្វើឲ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យមានលោក ងួន វ៉ាន់ចន្ធី ជានាយក បានរៀបចំក្រុមការងារមួយ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០០៥ ក្នុងគោលបំណង ៖

១. អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើវិស័យ អក្សរសាស្ត្រ និង ស្មារតី នៃការណែនាំរបស់ ឯ.ឧ. សុខ អាន ប្រធាន គណៈកម្មាធិការជាតិភាសាខ្មែរ ដែលមានគោលដៅធ្វើឲ្យមានស្ថិរភាព និង អភិវឌ្ឍន៍លើវិស័យអក្សរសាស្ត្រ រួមចំណែកជាមួយគោលនយោបាយចតុកោណជំហានទី ២ របស់រាជរដ្ឋាភិបាលសំដៅអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ។

២. ថែរក្សា និង លើកកម្ពស់ស្នាដៃរបស់សម្ដេចសង្ឃរាជ ជួន ណាត និង បន្តនិរន្តរភាព របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ លើវិស័យអក្សរសាស្ត្រ ដោយធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតនូវវចនានុក្រមនេះ តាមជំហានដូចខាងក្រោម៖
ក. រៀបចំការកែសម្រួលកំហុសអក្ខរាវិរុទ្ធ ដែលបណ្ដាលមកពីការបោះពុម្ពលើកទី ៥
ខ. រៀបចំបញ្ជីពាក្យ (ក្នុងវចនានុក្រមពាក្យមួយអាចសរសេរបានពីរ ឬបី បែប ដើម្បី ដាក់ស្នើទៅគណៈកម្មាធិការជាតិភាសាខ្មែរអនុម័ត និងសម្រេចក្នុងការសរសេរ ឲ្យបាន ឯកភាពគ្នា)
គ. ជ្រើសយកពាក្យពីនិយមន័យក្នុងវចនានុក្រមខ្មែរដែលបានបោះពុម្ពលើកទី ៥ ឲ្យក្លាយជាមេពាក្យឡើង
ឃ. រៀបចំបង្កើតវចនានុក្រមខ្មែរអេឡិចត្រូនិក និងកែលំអរាល់ឆ្នាំ
ង. ក្រោយពីបានបន្ថែមមេពាក្យថ្មី រួមទាំងនិយមន័យមក វិទ្យាស្ថានមានគ្រោងបោះពុម្ព វចនានុក្រមខ្មែរលើកទី ៦ បន្តទៀត

៣. សហការជាមួយដៃគូសហប្រតិបត្តិការមួយចំនួន ដែលមានទស្សនវិស័យដូចគ្នា ដូចជា វិទ្យាស្ថានបើកទូលាយ (Open Institute), SEALang និង បុគ្គលស្រាវជ្រាវឯករាជ ជាដើម ដើម្បីឲ្យសម្រេចគោលដៅ ដែលបានពោលខាងលើ ។

៤. បន្តការធ្វើវចនានុក្រមខ្មែរទូទៅជាអេឡិចត្រូនិក ក្រោយពីបានដកពិសោធន៍ពី វចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត រួចមក (ករណីមានលទ្ធភាពគ្រប់ គ្រាន់) ។

ខាងក្រោមនេះជាសេចក្ដីដកស្រង់ចេញពីនិទានកថាដែលបានព្រះលិខិតចុះថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៦៧ (ព.ស. ២៥១១) ដោយអតីតសម្ដេចព្រះសង្ឃរាជគណៈមហានិកាយ ជួន ណាត ជោតញ្ញាណោ ក្នុងគ្រាដែលពុទ្ធសាសនបណ្ឌិត្យបានបោះពុម្ពវចនានុក្រមខ្មែរលើកទី ៥ ។ "ខ្ញុំថ្លែងសេចក្ដីអំពីប្រវត្តិនៃវចនានុក្រមនេះជាសង្ខេប មិនសព្វគ្រប់តាមដំណើរការណ៍ដែលកន្លងទៅហើយនោះទេ, ខ្ញុំថ្លែងដោយអន្លើៗខ្លះគ្រាន់តែឲ្យអស់លោកបានជ្រាប សោះតែខានប៉ុណ្ណោះហើយអស់លោកនឹងបានជួយឧបត្ថម្ភវចនានុក្រមនេះឲ្យមានការលូតលាស់ចម្រើនតទៅតាមសម័យនិយម នាអនាគតកាល ។ វចនានុក្រមខ្មែរទាំង ២ ភាគនេះជាសម្បត្តិរបស់ពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ គឺជារបស់រាជរដ្ឋាភិបាលតាំងពីចាប់ផ្ដើមបោះពុម្ពគ្រាទី ១ មក ពុំមែនជាសម្បត្តិរបស់ឯកជនទេ ។ ព្រះរាជប្រកាសលេខ ៦៧ ចុះថ្ងៃទី ៤ ធ្នូ ១៩១៥ ឲ្យឈ្មោះថា វចនានុក្រមខ្មែររបស់រាជការ ប៉ុន្តែកាលដែលបោះពុម្ពគ្រាទី ១ ជាដំបូងបង្អស់នោះ អស់លោកកុង្សីយ៍សេនាបតីក្នុងសម័យនោះ សុំថាឲ្យដាក់ឈ្មោះត្រឹមតែថា វចនានុក្រមខ្មែរភាគទី ១ ភាគទី ២ (DICTIONNAIRE CAMBODGIEN Tome I Tome II ) កុំដាក់ពាក្យថា របស់រាជការ ព្រោះបើដាក់ឈ្មោះថា របស់រាជការ ក៏ទៅជាបង្ខំឲ្យគេប្រើតាមទាំងអស់គ្នាដោយដាច់ខាត, ដោយហេតុនេះ ត្រូវទុកឱកាសឲ្យគេទៅសិនចុះ បើអ្នកណាគេមិនត្រូវការប្រើតាមក៏ឥតបើមានកំហុសអ្វីឡើយ, យូរៗទៅគង់តែនឹងប្រើតាមទាំងអស់គ្នាឯងៗទៅទេ ។ ដល់មកកាលជាខាងចុង គ. ស. ១៩៦៧ លោកនាយកនៃពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ បានចាត់ការបោះពុម្ពវចនានុក្រមខ្មែរនេះជាគ្រាទី ៥ ថែមឡើងទៀត ក៏បានតាំងគណៈកម្មការ ៤ រូបគឺ ៖

១- ព្រះសាសនមុនី កិម តូរ ចន្ទមង្គលោ
២- ព្រះបិដកធម្ម អ៊ុម ស៊ុម សង្ឃត្ថេរោ ទាំង ២ រូបនេះជាសមាជិកនៃគណៈកម្មការប្រែព្រះត្រៃបិដកក្នុងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ
៣-លោក ញូង សឿង នាយលេខាធិការដ្ឋាននៃសមាគមអ្នកនិពន្ធខ្មែរក្រុងភ្នំពេញ (អតីតអគ្គលេខាធិការរងនៃពុទ្ធសាសនបណ្ឌិត្យ)
៤- លោក ថោង សំអ៊ី អ្នកនិពន្ធតែងសេចក្ដីនៅពុទ្ធសាសនបណ្ឌិត្យ

គណៈកម្មការទាំង ៤ រូបនេះជាអ្នកស្ទាត់ជំនាញខាងអក្សរសាស្ត្រខ្មែរ, ឲ្យជាអ្នកពិនិត្យផ្ទៀងផ្ទាត់វចនានុក្រមខ្មែរដែលបានបោះពុម្ពគ្រាទី ៤ នោះជាថ្មីម្ដងទៀត ឲ្យបានហ្មត់ចត់គ្រាន់បើបន្តិចឡើងជាងមុន ដ្បិតវចនានុក្រមក្នុងពុទ្ធសាសនបណ្ឌិត្យអស់ទៅហើយ ឥតមានសល់សម្រាប់អស់លោកអ្នកត្រូវការទេ, សុំឲ្យគណៈកម្មការទាំង ៤ រូបនេះឆ្លៀតពេលធ្វើការឲ្យបានសម្រេចឆាប់បន្តិច ឲ្យបានទាន់ពេលនៃអស់លោកអ្នកត្រូវការ ។ លោក លាង ហ័បអាន ជានាយកនៃពុទ្ធសាសនបណ្ឌិត្យ បានមកសូមឲ្យខ្ញុំជួយឧបត្ថម្ភក្នុងការបោះពុម្ពគ្រាទី ៥ នេះបានតម្រូវតាមការងាយស្រួល ឲ្យគណៈកម្មការទាំង ៤ រូបរៀបចំការិយាល័យមួយក្នុងវត្តឧណ្ណាលោម ដើម្បីឲ្យបាននៅជិតខ្ញុំជាអ្នកជួយឧបត្ថម្ភ ។ ខ្ញុំក៏បានទទួលភារៈជួយ ដោយតាំងចិត្តថា ស៊ូទ្រាំនឿយចំពោះវចនានុក្រមនេះជាថ្មីម្ដងទៀតចុះ ទោះបីខ្ញុំមានវ័យចាស់ចូលក្នុងជន្មាយុគម្រប់ ៨៤ ឆ្នាំហើយ ព្រមទាំងមានកិច្ចការផ្ទាល់ខ្លួនច្រើនស្អេកស្កះស្ទើរតែរើខ្លួនពុំរួចផងក៏ដោយ, ព្រោះវចនានុក្រមខ្មែរនេះជាការស្នាដៃថ្វីគំនិតចាស់របស់ខ្ញុំ ខ្ញុំមិនសូវភ្លេចយូរៗប៉ុន្មានចំពោះវចនានុក្រមនេះទេ កាលបើសរសេរការអ្វីៗ ខ្ញុំតែងតែនឹកដល់វចនានុក្រមខ្មែរទាំង២ ភាគនេះជាដរាប, ដោយហេតុនេះឯង បានជាខ្ញុំមិនប្រកែក ។ ក្នុងគ្រានេះ ខ្ញុំលៃពេលម៉ោងឆ្លៀតជួយពិនិត្យផ្ទៀងផ្ទាត់កែសម្រួលឲ្យបានគ្រាន់បើជាងពីមុនខ្លះដោយអន្លើៗ ខ្ញុំខំប្រឹងឆ្លៀតជ្រើសរើសយកមេពាក្យដែលខ្វះ ព្រមទាំងអត្ថន័យផង សរសេរខ្លួនឯងចុះបន្ថែមឲ្យមានមេពាក្យក្រែលជាងពីមុខ បានដកស្រង់យកកាព្យជាព្រះរាជនិពន្ធនៃព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី (ព្រះបរមកោដ្ឋ)ខ្លះ កាព្យសាស្ត្រាច្បាប់រាជនេតិជាព្រះនិពន្ធនៃ ព្រះរាជសម្ភារខ្លះ ល្បិចចៅក្រម ដែលកើតមានក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះជ័យចេស្ដាខ្លះ ចំពោះត្រង់អត្ថន័យនៃពាក្យ មន្ទលេន សេនបទ មណ្ឌុកដ សីហលោ, សុភាសិត និង ភាសិតបុរាណខ្លះ, និងកាព្យរបស់ខ្ញុំខ្លះ តម្រូវឲ្យសមតាមអត្ថន័យរបស់មេពាក្យនោះៗដោយអន្លើៗ, ក៏ឃើញថា វចនានុក្រមខ្មែរទាំង ២ ភាគដែលបោះពុម្ពគ្រាទី ៥ នេះទូលំទូលាយគ្រាន់បើបន្តិចជាងមុខ, ប៉ុន្តែបើធៀបប្រៀបទៅនឹងផ្លូវ ក៏មានឋានៈត្រឹមតែប្រហែលនឹងថ្នល់លំដែលបានចាក់រាយក្រួសបាយក្រៀមស្ដើងៗប៉ុណ្ណោះ ពុំទាន់មានឋានៈស្មើនឹងថ្នល់ដែលចាក់ជ័រយ៉ាងក្រាស់រលើបរលង់នៅឡើយទេ; ក្នុងអនាគតកាលមិនយូរឆ្នាំប៉ុន្មាន ទើបអាចនឹងឡើងឋានៈស្មើនឹងថ្នល់ចាក់ជ័ររលង់រលើបពុំខានឡើយ, គួរឲ្យខ្ញុំនឹកស្ដាយណាស់ ដោយមិនបានឃើញឋានៈខ្ពង់ខ្ពស់របស់វចនានុក្រមខ្មែរនេះ! ការពិនិត្យក្រោយនេះ, ខ្ញុំបានថ្លែងការណ៍យ៉ាងពិស្ដារ ឲ្យគណៈកម្មការទាំង ៤ រូបបានដឹងអំពីយោបល់នៃគណៈកម្មការមុនដំបូងដែលខ្ញុំបានពោលហើយខាងលើ, គណៈកម្មការទាំង ៤ រូបក៏មានយោបល់ព្រមគ្នាជាឯកច្ឆន្ទថា ត្រូវយើងយកយោបល់របស់គណៈកម្មការដំបូងនោះមកអនុវត្ត កុំទុកវចនានុក្រមនេះឲ្យនៅរសេមរសាមច្រើនពេក នាំឲ្យពិបាកប្រើ ពិបាកដោះស្រាយណាស់ ប៉ុន្តែត្រង់សញ្ញាដែលហៅថា អឌ្ឍចន្ទ នោះត្រូវលើកទុកទៅចុះ ព្រោះវិនាសបាត់រូបបាត់ឈ្មោះទៅហើយ បើទុកជាយើងបង្កើតក្នុងសម័យនេះឲ្យមានរូបសណ្ឋានផ្សេងជាជំនួស សម្រាប់ប្រើដាក់លើពាក្យកំញ្រ ទាំងប៉ុន្មាននោះក៏ពុំកើតដែរ ។ ឯយោបល់ក្រៅពីនោះ យើងត្រូវអនុវត្តតាមខ្លះ ដើម្បីបើកផ្លូវឲ្យមានឱកាសច្រហទូលំទូលាយ ឲ្យអស់លោកអ្នកអក្សរសាស្ត្រខ្មែរនាអនាគតងាយដើរ ដ្បិតក្នុងសម័យសង្គមរាស្ត្រនិយម ដែលមាន សម្តេចព្រះនរោត្តម សីហនុ ឧបយុវរាជ ព្រះប្រមុខរដ្ឋ ជាព្រះបិតាអក្សរសាស្ត្រជាតិ ព្រះអង្គសព្វព្រះរាជហ្ឫទ័យឲ្យអក្សរសាស្ត្រខ្មែរយើងលូតលាស់ចម្រើននេះ ផ្ទុយគ្នាស្រឡះពីសម័យមុន ឆ្ងាយពីគ្នាដាច់ស្រយាលទៅហើយ, យើងគួរសម្រេចតាមយោបល់របស់គណៈកម្មការដំបូងបង្អស់នោះបានខ្លះហើយ ព្រោះមិនដូចសម័យ គ. ស. ១៩១៥ នោះទេ ។ ខ្ញុំនិងគណៈកម្មការទាំង ៤ រូបក៏បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ តាមយោបល់របស់គណៈកម្មការដំបូងបង្អស់នោះ, មិនទាំងអស់ទេ គ្រាន់តែអនុវត្តតាមខ្លះទុកឲ្យគង់តាមទម្លាប់ខ្លះដើម្បីគោរពអធ្យាស្រ័យនៃអស់លោកអ្នកធ្លាប់សរសេររត់គំនិតរត់ដៃទៅហើយ" ។

វចនានុក្រមអេឡិចត្រូនិច[កែប្រែ]

Khmer electronic-dictionary.jpg

វចនានុក្រមខ្មែរ ក៏ត្រូវបានគេរៀបចំ ដាក់ក្នុងប្រព័ន្ធកំព្យូទ័រផងដែរ។ ចំពោះការរៀបចំគឺមានពីរកំណែប្រែ៖

  • កំណែប្រែទី១៖ មានឈ្មោះថា វចនានុក្រម អង្គរ - ខ្មែរ ដែលបានរៀបចំដោយមានការចូលរួមពី លោក ប៉ុក លក្សមុនី លោក ទ្រី សុជាតិ លោក សុស ច័ន្ទតារា និងលោក ស៊ុយ ចាន់ថារ៉ុង ។
  • កំណែប្រែទី២៖ មានឈ្មោះថា វចនានុក្រម ខ្មែរ ត្រូវបានរៀបចំ ដោយក្រុមការងារនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ វចនានុក្រមនេះ លោកអ្នកទាញយកទៅប្រើប្រាស់បាននៅគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

តំណភ្ជាប់[កែប្រែ]