សង្គ្រាម ប្រាំមួយ ថ្ងៃ

ដោយវិគីភីឌា

សង្គ្រាម​ប្រាំមួយ​ថ្ងៃ (ជា​ភាសាអង់គ្លេស: Six-Day War, ភាសាអារ៉ាប់: حرب الأيام الستة‎, ភាសាហេប្រឺ: מלחמת ששת הימים) ត្រូវ​បាន​គេ​ស្គាល់​ថា​ជា សង្គ្រាម​អារ៉ាប់-អ៊ីស្រាអែល​ឆ្នាំ​១៩៦៧, សង្គ្រាម​អារ៉ាប់-អ៊ីស្រាអែល​លើក​ទី​បី ឬ សង្គ្រាម​ខែ​មិថុនា គឺជា​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង អ៊ីស្រាអែល និង​បណ្ដា​រដ្ឋ​អារ៉ាប់​ជិតខាង​មាន អេហ្សីប (Egypt) ហ្សកដានី (Jordan) និង ស៊ីរី (Syria) ។ ប្រជាជាតិ​អារ៉ាប់​ដទៃ​ទៀត​ដូចជា អ៊ីរ៉ាក់ (Iraq), អារ៉ាប៊ីសាអ៊ូឌី (Saudi Arabia), ស៊ូដង់ (Sudan) ទុយនីស៊ី (Tunisia), ម៉ារុក (Morocco) និង អាល់ហ្សេរី (Algeria) ក៏​បាន​ផ្ដល់​កងទ័ព​ដល់​កងកម្លាំង​សម្ពន្ធមិត្ត​អារ៉ាប់​ផង​ដែរ​។

នៅ​ខែ ឧសភា ឆ្នាំ ១៩៦៧ ប្រធានាធិបតី​អេហ្សីប ណាស៊ែរ (Nasser) បាន​បណ្ដេញ​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ចេញពី​ឧបទ្វីប​ស៊ីណាយ (Sinai Peninsula) ដែល​បាន​ដាក់​តាំងតែពី​ឆ្នាំ ១៩៦៧ មក​ម្ល៉េះ​បន្ទាប់ពី​ផ្ទុះ​វិបត្តិ​ព្រែកជីក​ស៊ុយអេ (Suez Crisis) ឆ្នាំ ១៩៥៦​។ អេហ្សីប​ក៏​បាន​កេណ្ឌ​រថក្រោះ ១,០០០ គ្រឿង និង​ទាហាន ១០០,០០០ នាក់​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​អ៊ីស្រាអែល ដើម្បី​បិទ​ច្រកសមុទ្រ​ទីរ៉ាន (Tiran) រារាំង​មិន​ឲ្យ​នាវា​អ៊ីស្រាអែល​ដឹក​ប្រភព​ថាមពល​ចូល​អ៊ីស្រាអែល​បាន ហើយ​បាន​ប្រកាស​ឲ្យ​បណ្ដា​ប្រទេស​អារ៉ាប់​រួបរួមគ្នា​ប្រឆាំង​អ៊ីស្រាអែល​។ នៅ​ថ្ងៃ​ទី ០៥ មិថុនា ១៩៦៧ អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​មុន​ប្រឆាំង​នឹង​កងទ័ព​អាកាស​អេហ្សីប​។ ប្រទេស​ហ្សកដានី ដែល​បាន​ចុះសន្ធិសញ្ញា​ការពារ​រួមគ្នា​ជាមួយ​អេហ្សីប​កាលពី​ថ្ងៃ​ទី ៣០ ឧសភា ក្រោយមក​បាន​បើក​ការវាយប្រហារ​លើ​ភាគ​ខាងលិច​ក្រុង​ហ្សេរូសាឡឹម (Jerusalem) និង​ណេតានយ៉ា (Netanya) ។ នៅ​ពេល​បញ្ចប់​សង្គ្រាម អ៊ីស្រាអែល​បាន​ពង្រីក​ការ​កាន់កាប់ ឧបទ្វីប​ស៊ីណាយ តំបន់​ហ្កាសាស្ត្រីប (Gaza Strip) តំបន់​វេសប៊ែង (West Bank) ទីក្រុង​ហ្សេរូសាឡឹម​ខាងកើត និង​ខ្ពង់រាប​ហ្គូឡាន (Golan Heights) ។ ជា​លទ្ធផល​នៃ​សង្គ្រាម​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ភូមិសាស្ត្រនយោបាយ​នៃ​តំបន់​រហូតដល់​សព្វថ្ងៃនេះ​។

ប្រវត្តិ[កែប្រែ]

លទ្ធផល​នៃ​វិបត្តិ​ព្រែកជីក​ស៊ុយអេ[កែប្រែ]

វិបត្តិ​ព្រែកជីក​ស៊ុយអេ ឆ្នាំ ១៩៥៦ បាន​តំណាង​នូវ​បរាជ័យ​ផ្នែក​យោធា ប៉ុន្តែ​ជា​ជ័យជម្នះ​ផ្នែក​នយោបាយ​សម្រាប់​អេហ្សីប​។ នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ការ​ឈានទៅរក​សង្គ្រាម​ប្រាំមួយ​ថ្ងៃ​។ ដោយ​មាន​សម្ពាធ​ផ្នែក​ការទូត​ពីសំណាក់​សហរដ្ឋអាមេរិក និង​សហភាពសូវៀត បាន​បង្ខំ​ឲ្យ​អ៊ីស្រាអែល​ដក​កងទ័ព​ចេញពី​ឧបទ្វីប​ស៊ីណាយ​។

ក្រោយ​សង្គ្រាម​ឆ្នាំ ១៩៥៦ អេហ្សីប​បាន​យល់ព្រម​ឲ្យ​ដាក់​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​នៅ​ឧបទ្វីប​ស៊ីណាយ ដើម្បី​ការពារ​កុំឲ្យ​កងកម្លាំង​ទព័ព្រៃ​ប៉ាឡេស្ទីន (Palestinian fedayeen) ឆ្លងកាត់​ព្រំដែន​ចូលទៅ​អ៊ីស្រាអែល​។

ក្រោយ​សង្គ្រាម​ឆ្នាំ ១៩៥៦ អេហ្សីប​ក៏​បាន​យល់ព្រម​បើក​ច្រកសមុទ្រ​ទីរ៉ាន​ឡើងវិញ ដើម្បីឲ្យ​នាវា​អ៊ីស្រាអែល​អាច​ចរាចរ​វិញ​បាន ដែល​ត្រូវ​បាន​ខ្ទប់​មិន​ឲ្យ​ឆ្លងកាត់​ជាហេតុ​នាំឲ្យ​ផ្ទុះ​វិបត្តិ​ព្រែកជីក​ស៊ុយអេ​។ ជា​លទ្ធផល ព្រំដែន​រវាង​អេហ្សីប និង​អ៊ីស្រាអែល​នៅតែ​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​មួយរយៈពេល​។

ក្រោយ​សង្គ្រាម​ឆ្នាំ ១៩៥៦ តំបន់​មជ្ឈិមបូព៌ា​បាន​ត្រឡប់​ទៅរក​អតុល្យភាព​ដោយ​គ្មាន​ដំណោះស្រាយ​ណាមួយ​អាច​បញ្ចៀស​នូវ​ជម្លោះ ដែល​ញាំញី​នៅ​ក្នុង​តំបន់​បាន​ឡើយ​។ នៅពេលលនោះ ពុំ​មាន​រដ្ឋ​អារ៉ាប់​ណាមួយ​បាន​ទទួលស្គាល់​អ៊ីស្រាអែល​ទេ​។ ប្រទេស​ស៊ីរី បាន​ចូលរួម​ជាមួយ​ប្លុក​សូវៀត ចាប់ផ្ដើម​វាយប្រហារ​សង្គ្រាមឈ្លប​លើ​អ៊ីស្រាអែល​នៅ​ដើម​ទសវត្ស​ឆ្នាំ ១៩៦០ ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​រំដោះ​ប្រជាជន ​។