សិលាចារឹក

ពីវិគីភីឌា

សិលាចារឹកខ្មែរ[កែប្រែ]

ប្រទេសកម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនជាច្រើនប៉ុន្មាន នៅលើពិភពលោក ដែលអាចមានអំនួតអំពីបរិមាណសិលាចារឹកបុរាណច្រើនជាងគេ ១០០០ផ្ទាំង បណ្ឌិត ឡុង សៀម ស្ថាននាមវិទ្យា ឆ្នាំ១៩៩៧ ទំព័រទីកថាមុខ។ ប្រទេសកម្ពុជាក៏ជាប្រទេសមួយផងដែរ ក្នុងប្រទេសតិចតួចក្នុងពិភពលោក ដែលអាចមានមោទនភាពពីសិលាចារឹកសរសេរជាច្រើនភាសារហូតដល់បីភាសាពោលគឺភាសាខ្មែរ សំស្រ្តឹត និងបាលី។ សិលាចារឹកទាំងនោះ លាតសន្ធឹងអស់រយៈពេលជាច្រើនសតវត្សរ៍ចាប់ពិសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី២០។ សិលាចារឹកនេះជាប្រភពព័ត៌មានដ៏សំខាន់ សម្រាប់ការសិក្សាប្រវត្តិសាស្រ្តបុរាណរបស់ប្រទេសកម្ពុជា។ សិលាចារឹកទាំងនេះគឺជាឃ្លាំងរតនសម្បត្តិដ៏ពិតប្រាកដសម្រាប់អ្នកស្រាវជ្រាវ អំពីប្រវត្តិសាស្រ្តសម័យបុរាណ។

សិលាចារឹកវត្តផ្គាំ ខេត្តតាកែវ សិលាចារឹកលេខ K-២៨ សរសេរជាភាសាខ្មែរ បញ្ជាក់ឱ្យយើងឃើញថាភាសាខ្មែរឡើងឋានៈជាភាសាប្រកបដោយលាយលក្សណ៍អក្សរ គឺនៅសតវត្សរ៍ទី៦ ហើយសិលាចារឹកនៅអង្គរបូរី សិលាចារឹកលេខ K-៦០០ មានកាលបរិច្ឆេទពិតប្រាកដ នាឆ្នាំ៥៣៣នៃមហាសករាជ ត្រូវនឹងឆ្នាំ៦១១នៃគ.ស គឺជាសិលាចារឹកដែលមានលក្ខណៈជាឯកសារខាងរដ្ឋការចារជាភាសាខ្មែរសុទ្ធសាធគឺនៅក្នុងរជ្ជកាលព្រះបាទមហេន្ទ្រវរ្ម័នដ៏ល្បីល្បាញដែលជាស្តេចនៃនគរភ្នំដ៏ធំធេង។ ក្រៅពីនេះសិលាចារឹកមួយចំនួនអង្គរបូរីដូចជាសិលាចារឹកវត្តថ្លែង(កូសាំងស៊ីន)សិលាចារឹកលេខK-១១ សិលាចារឹកអង្គរបូរីគឺសិលាចារឹកលេខK-១ សិលាចារឹកវត្តវិាហរធំ(ខេត្តកំពង់ចាម)គឺសិលាចារឹកលេខK-៥២០ សិលាចារឹកវត្តទួលគំនូរ(តាកែវ)គឺសិលាចារឹកលេខK-៥៥៧ សិលាចារឹកវត្តទួលអង្គ(តាកែវ)គឺសិលាចារឹកលេខK-៥៥៩ ដែលបានបាត់កាលបរិច្ឆេទ មានអក្ខរាវិរុទ្ធចាស់ជាងសិលាចារឹកលេខK-៦០០ទៅទៀត។

លោក ហ៊្សក សឺដេស បានបោះពុម្ពសៀវភៅសិលាចារឹកកម្ពុជា គេប្រទះឃើញមានសិលាចារឹកខ្មែរសរុបទាំងអស់មានចំនួន ១០០៥ប៉ុណ្ណោះ[១]។ បន្ទាប់មកឆ្នាំ១៩៧១ លោក ក្លូដ ហ៊្យាក់ ជាអ្នកសិក្សាស្រាវជ្រាវសិលាចារឹកខ្មែរបន្តពីលោក ហ៊្សក សឺដេស បានចុះផ្សាយក្នុងអត្តបទ ដោយបញ្ជាក់លោកបានរកឃើញសិលាចារឹក ៥៤បន្ថែមលើសិលាចារឹកដែលលោក ហ៊្សក សឺដេសរកឃើញ[២]។ លោកបានបញ្ជាក់ថ្មីមួយទៀតថា សិលាចារឹកប្រទេសកម្ពុជាសរុបមានចំនួន ១១៥០ នៅអំឡុងឆ្នាំ ១៩៨៨[៣]។ បើតាមនរវិទូ អាំង ជូលាន គូសបញ្ជាក់ចុងក្រោយថា រហូតដល់ពេលបច្ចុប្បន្ននេះគេបានរកឃើញសិលាចារឹកខ្មែរសរុបទាំងអស់មានចំនួន ១៣២០[៤]។ សិលាចារឹកចាស់ជាងគេ សរសេរជាភាសាខ្មែរផ្តល់កាលបរិច្ឆេទដំបូងបំផុតគឺសិលាចារឹកអង្គរបូរី(វត្តទួលគំនូរ) ចុះបញ្ជីសារពើភណ្ឌលេខ K-៦០០ បានចារក្នុងឆ្នាំ៦១២នៃគ.ស មុនសម័យអង្គរ(សតវត្សរ៍ទី៦-៨) សិលាចារឹកទួលអង្គ K-៥៥៩ រលប់កាលបរិច្ឆេទត្រូវបានរលប់។

តាមគំនូរផែនទីផ្សេងៗរៀបចំឡើងដោយលោក ហង់រី ប៉ារម៉ង់ទីយេរ[៥] ដែលមានឈ្មោះថា ផែនទីនៃចក្រភពខ្មែរ រៀបចំឡើងតាមទីកន្លែងនៃសិលាចារឹក ដែលបានចុះកាលបរិច្ឆេទ។ គេអាចយល់ឃើញថា ទឹកដីគ្រប់ដណ្តប់ដោយសិលាចារឹក សរសេរជាភាសាខ្មែរ និងសំស្រ្តឹតមានវិសាលភាពធំធេង។ ទឹកដីនេះលាតសន្ធឹងលើប្រទេសកម្ពុជាបច្ចុន្បន្នលើកូសាំងស៊ីន លើប្រទេសសៀម និងប្រទេសលាវ។

សិលាចារឹកនៅខេត្តស្ទឹងត្រែង[កែប្រែ]

សិលាចារឹកនៅប្រទេសកម្ពុជាគឺជាប្រភពឯកសារប្រវត្តិសាស្រ្តបុរាណតែមួយគត់។ រហូតដល់សព្វថ្ងៃគេនៅតែរកឃើញសិលាចារឹកថ្មីៗទៀតជារៀងរាលឆ្នាំពីអតីតបូជយដ្ឋាននានា។ អត្តបទនេះនិងបើកបង្ហាញអំពីអត្ថន័យនៃសិលាចារឹកថ្មីមុនសម័យអង្គរចំនួន៤ផ្ទាំង ដែលគេរកឃើញនៅក្នុងខេត្តស្ទឹងត្រែងនៅអំឡុងទសវត្សរ៍ចុងក្រោយនេះ។ បន្ទះស្តម្ភទី១ K.២០១ គេរកឃើញនៅក្នុងដីនៅទីទួលបុរាណបាក់បែកឈ្មោះថលាបរិវ៉ាត់ និងផ្ទាំងទី២នៅលើមេទ្វារលេខ K.១៩៣ គេរកឃើញនៅលើទីតាំងប្រាសាទបាក់បែកឈ្មោះ ប្រាសាទបួនល្វែង ហើយកន្លែងដែលរកឃើញសិលាចារឹកទាំងពីរនេះស្ថតនៅត្រើយខាងស្តាំនៃទន្លេមេគង្គដូចគ្នា ដែលទីតាំងមានចម្ងាយប្រមាណ២គីឡូម៉េត្រពីគ្នា។ ផ្ទាំងស្តម្ភទី៣ លេខK. ១២៥៧ គេរកឃើញក្នុងដីត្រង់គំនរប្រាសាទឥដ្ឋបាក់បែកជាប់របងវត្តបាដឹម ហើយសិលាចារឹកទី៤ លេខK.១២៨៩ គេប្រទះឃើញនៅលើថ្មដុលមួយដុំធំក្នុងបាតទន្លេនៅត្រង់ចំណុចប្រសព្វនៃទន្លេសេកុង និងទន្លរមេគង្គ។ គេអាចមើលឃើញថ្មចារឹកនេះបាន តែនៅចុងរដូវប្រាំង វេលានៅពេលទឹករាក់បំផុត[៦]

អត្ថន័យសិលាចារឹក[កែប្រែ]

ជាទូទៅសិលាចារឹកសរសេរឡើងជាកំណាព្យ(កាវ្យ) ហើយតែងចារឹកជាភាសាសំស្ក្រឹត ត្រូវបានចងក្រងឡើងតាមរចនាបទខ្ពង់ខ្ពស់ គគ្រឹកគគ្រេង ពោរពេញដោយពាក្យប្រៀបធៀបសំនួនវោហារ បុគ្គលាធិដ្ឋាន ប្រកប រូបារម្មណ៍ដ៏រស់រវើក តាមរបៀបរៀបចំសង្វាក់ចាប់ចុងចួន តាមលក្ខណៈរណ្តំព្យាងដ៏ពិរោះ និងចាប់ផ្តើមប្រារព្ធដោយការបួងសួងដល់ទេវៈមួយអង្គ ឬច្រើនអង្គនៃព្រហ្មញ្ញសាសនា តាមកំណាព្យកាព្យឃ្លោងពោរពេញដោយទស្សនៈទេវនិយម និងទស្សនវិជ្ជាស្រង់ចេញមកពីគម្ពីរវេទ តាមកំណាព្យស្លុតិសរសើរដល់ព្រះមហាក្សត្រសោយរាជ្យ ដោយរៀបរាប់អំពីប្រវត្តិនៃរាជវង្សានុវង្ស អំពីបុព្វកិច្ចនៅក្នុងសមរភូមិប្រឆាំងពួកខ្មាំងសត្រូវពី ប្រទេសជិតខាង អំពីការកោតសរសើរដល់ព្រះកិត្តិនាម និងប្រាជ្ញាល្បីខ្ទ័រខ្ទារដល់សម័យកាលនៃរាជសម្បត្តិ ដែលបានផ្តល់ភាពចំរើនរុងរឿង និងមហិទ្ធិរិទ្ធិដល់ព្រះនគរកម្ពុជទេស។ មានកំណាព្យខ្លះពណ៌នាសរសើរដល់ឥស្សរជនជាន់ខ្ពស់ជាបព្វជិត ឬជាគ្រហស្ថដែលមានសន្តានចិត្តជ្រះថ្លាចំពោះសាសនា ដោយការកសាងប្រាសាទ វត្តអារាម ស្រុកភូមិ សួនឧទ្យាន បារាយណ៍ និងទំនប់ទឹក។ ភាគច្រើននៃសិលាចារឹកពណ៌នាបញ្ជាក់អំពីនាមស្ថាបករប្រាសាទ ព្រះវិហារ រូបបដិមា ព្រមទាំងកាលបរិច្ឆេទនៃស្ថាបនកម្ម។ កំណាព្យខ្លះទៀត រៀបរាប់ ព្រឹត្តិការណ៍តាមបែបប្រវត្តិសាស្រ្ត ស្តីអំពីការប្រយុទ្ធស្លាប់រស់រវាងមេទ័ពប្រឆាំង និងមេទ័ពមានភក្តីភាពចំពោះ រាជានិយម។ មានកំណាព្យប្រកបដោយសោកនាដ្យកម្មដែលសរសេរអំពីពិធីបួងសួង ធ្វើភាវនាធម៌ជារៀងរាល់ ថ្ងៃរបស់ព្រះនាងឥន្រ្ទទេវី ដើម្បីជ័យជំនះរបស់ព្រះស្វាមី គឺព្រះបាទជ័យវរ្ម័នទី៧ ដែលបានធ្វើចម្បាំងប្រឆាំង ប្រទេសចម៉្បា។ មានអត្ថបទកំណាព្យពីរដ៏វែងមួយ និងនិទានអំពីព្រំប្រទល់កម្ពុជទេសសម័យអង្គរ (ខាងឧត្តរទល់ ប្រទេសចិនខាងបស្ចិមទល់សមុទ្រ) និងសន្តតិវង្សព្រះបាទរាជេន្រ្ទវរ្ម័ន មួយទៀតធ្វើអត្ថាធិប្បាយអំពីទ្រឹស្តីពុទ្ធនិយម និងពិធីសក្ការបូជាក្នុងជំនឿពុទ្ថសាសនា។ ខុសពីសិលាចារឹកភាសាសំស្ក្រឹត សិលាចារឹកជាភាសាខ្មែរទាំងអស់ត្រូវបានរៀបរៀងឡើងជាពាក្យសម្រាយប្រកបដោយរចនាបទធម្មតា ច្បាស់លាស់ គ្មានលក្ខណៈអច្ឆរិយភាព។ គឺជាអត្ថបទប្រកបដោយតថភាព ដែលគេបានចារឡើងសម្រាប់សម្រួលដល់ការយល់ដឹងនៃបណ្តាជនភាគច្រើន ដែលគ្មានចំណេះដឹងខាងភាសា សំស្រ្កឹត។ ក្រៅពីអត្ថបទមួយចំនួនដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត អត្ថបទសិលាចារឹកខ្មែរភាគច្រើន អាចចាត់ទុកបានថាជាឯកសាររដ្ឋការ តុលាការ និងព័ត៌មាន។ ការអានអត្ថបទសិលាចារឹកជាភាសាខ្មែរ អាចអោយ យើងទទួលចំណេះដឹង និងព័ត៌មានអំពីទម្រង់ និងរបបគ្រប់គ្រងនៃសង្គមខ្មែរ តាមបញ្ហានានា ដូចតទៅ៖ គឺ ស្ថាបនកម្មប្រាសាទ និងព្រះវិហារ ស្រុកភូមិស្ថាននៅលើដែនដីថ្មីៗ សកម្មភាពខាងសាសនា និងខាងសង្គមកិច្ច ពីសំណាក់អភិជន និងព្រាហ្មណាចារ្យព្រះសង្ឃគ្រប់ជាន់ថ្នាក់ក្នុងកិច្ចការអភិវឌ្ឍន៍ស្រុកទេស និងក្នុងកិច្ចការ រដ្ឋបាល អំណោយទានដ៏ធំធេង មានតាំងពីដីធ្លី ច្បារដំណាំ ស្រេចំការ ទាសាទាសី សត្វពាហនៈ គ្រឿងបូជាធ្វើពី មាសប្រាក់ ដល់វត្តអារាម និងអាទិទេពនៃពិធីសក្ការបូជាទេវរាជ ព្រះរាជអាជ្ញា និងព្រះសាសនៈ ជាលាយលក្សណ៍ អក្សរផ្ញើរតាមរយៈព្រះគ្រូ ឬព្រាហ្មណាចារ្យ ដល់ប្រធានតុលាការ ដល់ខ្លោញពលខេត្ត ឬដល់បុរសប្រធាន និង ប្រធានស្រុកនានា ដើម្បីការអនុវត្តកិច្ចការរាជការគ្រប់បែបយ៉ាង មានជាពិសេស ការកាប់គាស់ដីថ្មី ដើម្បីចាត់ ស្រុក សាងវត្ត ជីកស្រះ ជីកត្រពាំង សង់ទំនប់ទឹកសំរាប់ជាទីតាំងលំនៅនៃបណ្តាជនគ្រប់ជាន់ថ្នាក់ ចាប់តាំងពី អភិជន ដល់សាមញ្ញជន និងពលក្ញុំ ដែលបំពេញងារតាមចំណាប់ពេលវេលាខាងរនោច ឬខាងខ្នើត។ ការប្រព្រឹត្តិ ទៅនៃទំនាក់ទំនងខាងពាណិជ្ជកម្ម មិនមែនដោយសារតែការប្រើមាស ប្រាក់ប៉ុណ្ណោះទេ តែដោយសារការប្រើ គ្រឿងវត្ថុ ផលដំណាំគ្រប់ជំពូក (មានកប្បាស ស្រូវ) ព្រមទាំងសត្វពាហនៈ ដីធ្លី និងទាសាទាសីទៀតផង[៧]

សិលាចារឹកទើបរកឃើញ[៨][កែប្រែ]

មានសិលាចារឹកទើបរកឃើញថ្មីប្រាំពីរទៀត នៅតំបន់អង្គរបូរីជាមួយគ្នា ដែលភាគច្រើនបង្ហាញពីអត្ថិភាពនៃការគោរពបូជាចំពោះព្រហ្មញ្ញសាសនា ក្នុងចំណោមនោះមានមួយអត្តបទប៉ណ្ណោះគឺសិលាចារឹកលេខK-៧ ដែលបង្ហាញវត្តមាននៃព្រះវិហារនៃព្រះពុទ្ធសាសនានៅអង្គរបូរីនៅសម័យមុនអង្គរនិងមួយអត្តបទទៀតបញ្ជាក់ពីមរណនាមរបស់ព្រះរាជាមួយអង្គគឺ វ្រះកម្រតាងអញត(ទៅ)ស្រូរុទ្រលោក(K-៣២) ដែលគេសង្ស័យថាអាចត្រូវនឹងព្រះបាទរុទ្រវរ្ម័ន ស្តេចចុងក្រោយនៃនគរភ្នំ។ សិលាចារឹករកឃើញថ្មីនៅស្រុគងពិសីខេត្តកំពង់ស្ពឺ មានខ្លឹមសារទាក់ទងនឹងការធ្វើអំណោយរបស់សប្បុរសជន ចំពោះព្រះនៅក្នុងព្រហ្មញ្ញសាសនា ដែលគោរបូជានៅទីនោះ ដូចមានសំណង់ប្រាសាទបាក់បែកធ្វើអំពីឥន្ធនៅទីនោះស្រាប់។ ចំណែកអត្តបទមួយក្នុងចំណោមនោះ សិលាចារឹកអំពីព្រះរាជបញ្ជារបស់ប្រះមហាក្សត្រ ដែលបានប្រទានសិទ្ធិគ្រប់គ្រងស្របច្បាប់លើដែនដីនោះ ទៅឱ្យមន្ត្រីជាន់ខ្ពស់មួយរូបនាមម្រតាញកម្រតាង ច្រង្គោស។ រីឯសិលាចារឹកពីរចុងក្រោយគេ ដែលយើងបានមកពីស្រុកថរាបរិវ៉ាត់ ខេត្តស្ទឹងត្រែងជាអត្តបទបញ្ជីឈ្មោះខ្ញុំបម្រើ របស់អ្នកប្រើប្រាស់និងភស្តុភាផ្សេងៗ ដែលគេបានថ្វាយចំពោះព្រះឥសូរ។ ក្នុងនោះមានព្រះនាមឥសូរពីរអង្គ ដែលគេមិនធ្លាប់ឃើញមានពីមុនមកនោះគឺ វ្រះកម្រតាងអញស្រីចណ្ឌីស្វរៈ និទង្គេស្វរៈ។

សិលាចារឹកនៅវ៉ូកាញ់[កែប្រែ]

សិលាចារឹកនេះជាសិលាចារឹក ដែលចាស់ជាងគេនៅតំបន់អាសុីអាគ្នេយ៍។ គេអាចប្រដូចអកក្សរនៅក្នុងសិលាចារឹកនេះទៅនឹងសិលាចារឹករុទ្រនៅគីនា ឬសាគករណិវាសិស្ធិបុត្រៈ នៅកាន់ហេរឺ ក្បែរទន្លេគោទាវរី និងទន្លេក្រិស្នាៈក្នុងប្រទេសឥណ្ឌាប៉ែកខាងត្បូង។ សិលាចារឹកនេះថ្លែងអំពី ព្រះបាទហ្វាន់ ឆេម៉ាន់ ឬស្រីមារៈទ្រង់ជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។ សិលាចារឹកនេះ នាំឱ្យអ្នកប្រាជ្ញជាន់មុនច្រឡំថាជារបស់ចាម ពីព្រោះស្រុកវ៉ូកាញ់នេះពីដើមក្នុងដែនដីចាមសម័យបុរាណ។ លោក ឡូស ហ្វីណូត យល់ថាស្រុកវ៉ូក្រាញ់កាលពីអតីតកាលជាដែនចំណុះរបស់ប្រទេសនគរភ្នំទេ[៩]

ឯកសារយោង[កែប្រែ]

  1. George Coedés. 1966. Inscription du Cambodge.pp.73-255
  2. Claude Jacques, 1971, Supplément au Tome VIII des inscriptions du Cambodge
  3. Claude Jacques, 1988, in revue Dossier et Archéology
  4. បណ្ឌិត អាំង ជូលាន ឆ្នាំ២០១៣ មូលដ្ឋាន ខ្មែរបុរាណ យសោធរ ទំព័រទី៨
  5. Henri Parmentier "Cartes de I'Empire Khmer d'aprés la situation des inscriptions datées"BEFEO,t.XVI,3,1916
  6. https://www.academia.edu/14918747/The_Four_Recently_New_Discovered_Inscription_from_Stung_Treng_Province
  7. http://khmerinscription.blogspot.com/p/blog-page_05.html
  8. វង់ សុធារ៉ា ឆ្នាំ២០០៣ សិលាចារឹកមុនសម័យអង្គរ ភាគ១
  9. សិក្សាប្រវត្តិអក្សរសាស្រ្តខ្មែរ សម័យនគរភ្នំដល់សម័យឧដុង្គ (សតវត្សរ៍ទី១ ដល់ឆ្នាំ១៨៥៩) ដោយលោក លាង ហាប់អាន ឆ្នាំ១៩៦៧ ទំព័រទី២០