ឝ្រីមារញ
ឝ្រីមារញ | |||||
---|---|---|---|---|---|
កុរុង | |||||
រជ្ជកាល | គ.ស ២២០-២២៨ | ||||
រាជ្យមុន | កុរុងផានផាន | ||||
រាជ្យបន្ត | កុរុងផ្វានជិនឝឹង | ||||
ស្វាមី/មហេសី | ត្រូវជាប្អូនស្ដេចឝ្រីមារ៍ (ចាម្ប៍) | ||||
បុត្រ | ផ្វានជិនឝឹង ផ្វានឆាង | ||||
| |||||
សន្តតិវង្ស | ឝ្រីមារញ | ||||
មាតា | មិនស្គាល់ | ||||
ប្រសូត | ? នគរភ្វូណាន | ||||
សុគត | គ.ស ២២៨ នគរភ្វូណាន |
កុរុងឝ្រីមារញ ឬស្រីមារញ (ចិន:范師蔓 [ផ្វានឝ៊ឺម៉ាន], ភិងអ៊ិង:Fàn Shīmàn រឺ យ៉ាត់ផេង:faan6si1maan6 រឺ ផ្វានស៊ីម៉ាន ជាកន្តាំង) (គ.ស ?-២២៨) រជ្ជកាល (គ.ស ២២០-២២៨) ព្រះអង្គ ឝ្រីមារញ គឺជាព្រះរាជាខ្មែរដំបូងបំផុតដែលទ្រង់យកព្រះនាម "វម៌្ម" ប្រើដំបូងគេបង្អស់ ហើយព្រះនាម វម៌្ម នេះ បានត្រូវព្រះមហាក្សត្រខ្មែរទ្រង់ប្រើប្រាស់ជារៀងរហូត។ ការបានទទួលរាជសម្បត្តិរបស់កុរុងឝ្រីមារញ បើនិយាយតាមច្បាប់រាជសន្តតិវង្សឈ្មោះថា ទម្លាយសិទ្ធិរបស់ព្រះរាជកុមាររជ្ជទាយាទបង់ តែនេះប្រហែលជាដោយហេតុព្រះរជ្ជទាយាទនៅកុមារតូចពេក ទាំងដោយហេតុព្រះឝ្រីមារញសេនាបតីមានសមត្ថភាព ធ្លាប់បានទទួលអំណាចសម្រេចការផែនដីតាំងពីដំបូងមកជាទីនិយមរបស់ប្រជាជនទូទៅ គណៈកម្មការរាជសន្តតិវង្ស ទើបព្រមព្រៀងអញ្ជើញឝ្រីមារញសេនាបតីឲ្យឡើងសោយរាជ្យ។ ព្រះអង្គត្រូវបាននាម៉ឺនសព្វមុខមន្ត្រីតូចធំ ជ្រើសរើសជាព្រះមហាក្សត្រ។ ការតែងតាំងនេះប្រហែលជាមិនបានធ្វើឲ្យស្ដេចត្រាញ់តូចធំជិតឆ្ងាយសប្បាយចិត្តទេ។ ដូច្នេះហើយ ទើបបានជាកុរុងឝ្រីមារញ ត្រូវលើកទ័ពទៅវាយបង្ក្រាបស្ដេចទាំងនោះជាមុន។ កុរុងឝ្រីមារញ ជាស្ដេចសឹកដ៏ខ្លាំងពូកែ។ ព្រះអង្គបានធ្វើសង្គ្រាមតាមផ្លូវគោកផង តាមផ្លូវទឹកផង ហើយពង្រឹងអំណាចរបស់ព្រះអង្គ លើដែនដីភាគខាងក្រោម "កម្ពុជាក្រោមសព្វថ្ងៃ" លើភាគកណ្ដាលនៃទន្លេមេគង្គ ហើយរឹបដាក់ជាចំណុះនូវរដ្ឋតូចៗនៅភាគខាងជើង ជ្រោយម៉ាឡាយូ ដើម្បីត្រួតពិនិត្យលើផ្លូវគោក និងទីសំចតទាំងឡាយចន្លោះឈូងសមុទ្របេងកាល់ និងឈូងសមុទ្រសៀម។ ព្រះអង្គទ្រង់សោយទិវង្គតក្នុងពេលដែលទ្រង់បំពេញបេសកកម្មមួយនៅប្រទេសម៉ាឡេស៊ី។ ឯកសារប្រវត្តិសាស្ត្រចិនបានសរសេរកត់បន្តទៀតថា ព្រះអង្គជាអ្នកចម្បាំងម្នាក់ដ៏ក្លាហានអង់អាចអស្ចារ្យ។ ព្រះអង្គធ្លាប់បានបញ្ជាឲ្យធ្វើទូកសំពៅធំៗសម្រាប់ធ្វើដំណើរឆ្លងកាត់ចុះឡើងតាមសមុទ្រទន្លេនានា។ ទូកសំពៅទាំងនោះ អាចផ្ទុកមនុស្សបានប្រហែលជា៧០០នាក់។ ព្រះអង្គបានធ្វើសង្គ្រាមច្បាំងវាតទឹកដីទៅគ្រប់ទិសទីរហូតទៅដល់ ជ្រោយមល្លកា យកនគរជាច្រើនមកដាក់ជាចំណុះ។ ព្រះអង្គឝ្រីមារញ បានធ្វើសង្គ្រាមទាំងតាមផ្លូវទឹកទាំងតាមផ្លូវគោក ដើម្បីកាន់កាប់តំបន់ទឹកដី និងសមុទ្រ ពីឈូងសមុទ្របេងកាល់ មកឈូងសមុទ្រសៀម សព្វថ្ងៃ។ គឺក្នុងគោលបំណងក្ដោបត្រួតត្រាគ្រប់គ្រងផ្លូវទាក់ទងធ្វើដំណើរទាំងប៉ុន្មាន តាមសមុទ្រក៏ដូចជាតាមដីគោក។ ក្នុងពេលប្រតិបត្តិការមួយ ដោយព្រះអង្គចាប់ផ្ដើមមានជំងឺ ព្រះអង្គបានបញ្ជូនកូនឈ្មោះ ជិនឝឹង ឲ្យដឹកនាំទ័ពចេញច្បាំងជំនួសព្រះអង្គ។ ព្រះអង្គឝ្រីមារញ បានទុកក្មួយឈ្មោះ ធរណីន្ទ្រវម៌្ម ដែលមានកងពលប្រមាណ២០០នាក់ នៅជិតសម្រាប់ការពារ។ ធរណីន្ទ្រវម៌្ម ជាកូនប្រុសរបស់បងស្រីព្រះអង្គ។ តែ មេទ័ពធរណីន្ទ្របែរជាឆ្លៀតឱកាសដ៏ល្អនេះ ធ្វើរដ្ឋប្រហារ សម្លាប់កុរុងឝ្រីមារញ ជាមា ហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរភ្វូណាន។ កាលបើឡើងសោយរាជ្យភ្លាម ក៏ចាត់កងទ័ពឲ្យចេញទៅធ្វើឃាតកូនកុរុងឝ្រីមារញ ជិនឝឹង ដើម្បីបំបាត់កុំឲ្យមានគូប្រជែងត្រឹមត្រូវតាមច្បាប់ដែលអាចនាំមកនូវការសៅហ្មងទៅថ្ងៃក្រោយ។ ព្រឹត្តិការណ៍នេះ បានកើតនៅក្នុងគ្រិស្តសករាជ ២៣០។ អ្នកប្រវត្តិវិទូខ្លះមានជំនឿថា កុរុងផ្វានចាន កាលបើបានក្លាយទៅជាព្រះមហាក្សត្រមានព្រះនាម ធរណីន្ទ្រវម៌្ម។
សង្គ្រាមវាតទឹកដី
[កែប្រែ]ការផែនដី - ដំបូងទ្រង់ឲ្យរួបរួមទាហានជើងគោក ជើងទឹកនឹងទ្រង់ឲ្យសាងទូកចម្បាំងជាច្រើន ស្ដេចបានលើកទ័ពជើងទឹកទៅកម្រាបស្រុកផ្សេងៗ ដ៏តាំងនៅតាមជួរមាត់សមុទ្រសៀមសមុទ្រសព្វថ្ងៃនេះ រហូតទៅដល់ពាក់កណ្ដាលដែនម៉ាលយូ បានស្រុកជាង ១០ រួមបញ្ចូលជាព្រះរាជអាណាខែត្ររបស់ព្រះអង្គ ស្រុកដែលប្រាកដឈ្មោះក្នុងសេចក្ដីកត់ហេតុ ៩ គឺស្រុក ត្យូទូតន់ (k'iu-tou-k'ouen) គិវឆេ (Kieou-tche) ទៀនស៊ុន (Tien-Souen) ឡង់យ៉ាស៊ីវ តម្ព្រលិង្គ តាន់អិវលៀង កោះក្រៈ នដាស និង ប៉េរ័ក។ តម្ព្រលិង្គ គឺជាមណ្ឌលស្រីធម្មនគរ (នគរស្រីធម្មរាជ)។ ចំណែកភាគប៉ែកខាងកើត ទ្រង់បានលើកទ័ពទៅពង្រីក ដល់ទៅវោក័ន គឺស្រុកញ៉ាត្រាងសព្វថ្ងៃនេះ។ ក្រោយបំផុត ស្ដេចបានលើកទ័ពជើងគោកទៅវាយប្រទេស ១ នៅទិសខាងលិច ចិនហៅ កិងលិង ឬ គិមលិង ត្រូវនឹងខ្មែរថា កំពែងមាស ប្រែថាព្រំប្រទល់ដែនមាស ធៀបនឹងនឹងភាសាមគធៈ ត្រូវនឹងសុវណ្ណភូមិ សុវណ៌កុដ្យ (កំពែងមាសក្នុងអត្ថបទសំស្ក្រឹត.នៅប្រទេសភូមាខាងត្បូង រឺ លើជ្រោយម៉ាឡេយូ) អ្នកប្រវត្តិសាស្ត្រកំណត់ថា កិងលិង គឺប្រទេសមន តែទ្រង់វាយបានសម្រេច ឬពុំបានទេ មិនប្រាកដ មានតែសេចក្ដីថា ស្ដេចសោយទិវង្គតក្នុងគ្រាទៅធ្វើព្រះរាជសង្គ្រាមនោះ។ ដោយហេតុទ្រង់បានបំពេញព្រះរាជករណីយកិច្ចពង្រីកព្រះរាជអាណាខែត្រឲ្យធំទូលាយយ៉ាងនេះ តាមឋានៈនៃព្រះអង្គជាខត្តិយៈ (អ្នកចំបាំង) ក៏ប្រាកដព្រះកិត្តិយសជារាជាធិរាជនឹងជាក្សត្រិយ៍សឹក ១ អង្គក្នុងប្រវត្តិសាស្ត្រ។
រាជវង្ស
[កែប្រែ]- ទ្រង់ក៏ជាព្រះញាតិវង្សនៃព្រះបាទហ៊ុនទៀន និងព្រះនាងលីវយីដែរ
- ព្រះអគ្គមហេសីត្រូវជាកនិដ្ឋភគិនីរបស់ក្សត្រិយ៍ឝ្រីមារ (ចាម្ប៍) នៅវោក័ន ទ្រង់មានព្រះរាជឱរស ២ អង្គ៖
- ផ្វានជិនឝឹង។
- ផ្វានឆាង។
- ព្រះបាទធរណីន្ទ្រវម៌្មនៃនគរភ្វូណាន ព្រះរាជភាគិនេយ្យរបស់ព្រះឝ្រីមារញ ដែលជាបុត្ររបស់ព្រះភគិនីរបស់ព្រះអង្គ
- ព្រះបាទអស្សាជយ ជាញាតិនៃព្រះបាទឝ្រីមារញ
- ព្រះអគ្គមហេសីត្រូវជាកនិដ្ឋភគិនីរបស់ក្សត្រិយ៍ឝ្រីមារ (ចាម្ប៍) នៅវោក័ន ទ្រង់មានព្រះរាជឱរស ២ អង្គ៖
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរដោយលោក រស់ ចន្ត្រាបុត្រ។
- ព្រះរាជពង្សាវតារភាគទី ១ សម័យនគរភ្នំ ដោយ ក្រសេម-ទេពពិទូរ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ កុរុងផានផាន |
កុរុងភ្វូណាន រឺ វ្យាធបុរ គ.ស ២២០-២២៨ |
តដោយ កុរុងផ្វានជិនឝឹង |