Jump to content

សុត្តនិបាត

ពីវិគីភីឌា

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > សុត្តនិបាត (បិដកភាគទី ៥៤)

តតិយភាគ

ឧរគវគ្គ​ទី​ ១

[កែប្រែ]

ឧរគសូត្រ​ទី​ ១

[កែប្រែ]

[១] ​ភិក្ខុ​ណា ​បន្ទោបង់​សេចក្តី​ក្រោធ ​ដែល​ឆួល​ឡើង​ហើយ​ ​ដូច​បុគ្គល​បន្សាប​ពិស​ពស់ ​ដែល​ជ្រាប​ទៅ​ដោយ​ឱសថ​ទាំងឡាយ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ [​ពាក្យ​ថា ត្រើយ​ខាង​អាយ ​បាន​ដល់​សំយោជនៈ ៥ យ៉ាង ជា​ចំណែក​ខាង​ក្រោម ​ព្រោះ​ថា សំយោជនៈ​ទាំង​នេះ​ ជាហេតុ​នាំ​សត្វ​ឲ្យ​ខក​នៅ​ក្នុង​សង្សារវដ្ត ។ អដ្ឋកថា ។] ​ដូច​ពស់​សក​សំណក​ចាស់ គ្រាំគ្រា​ចេញ​ ។​ ​ភិក្ខុ​ណា ផា្តច់បង់រាគៈ ​មិន​មាន​សេសសល់ ​ដូច​គេ​កាត់​ផ្កា​ឈូក ​ដែល​ដុះ​ក្នុង​ស្រះ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់សក​សំណក​ចាស់ គ្រំាគ្រា​ចេញ​ ។​ ​ភិក្ខុ​ណា ​បាន​ផ្តាច់បង់​តណ្ហា ​មិន​មាន​សេសសល់ ​ញ៉ាំង​តណ្ហា ​ដែល​ជា​កិលេសជាតិ ត្រាច់​ទៅ​ អន្ទោល​ទៅ​ដោយ​រហ័ស ​ឲ្យ​រីងស្ងួត ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់​សក​សំណក​ចាស់ គ្រាំគ្រា​ចេញ​ ។ ​ភិក្ខុ​ណា ​កម្ចាត់​មានះ ​មិន​មាន​សេសសល់ ​ដូច​ជំនន់​ធំ ​កម្ចាត់​បង់​នូវ​ស្ពាន​បបុស ​ដែល​ទុព្វលភាព​កៃ្រលែង ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់​សក​សំណក​ចាស់​ គ្រាំគ្រា​ចេញ​ ។ ​ភិក្ខុ​ណា កាលសែ្វង​រក​មិន​បាន​នូវ​សារៈ ​ក្នុង​ភព​ទាំងឡាយ ​ដូច​បុគ្គល​សែ្វង​រក​នូវ​ផ្កា​ឰ​ដ៏​ដើមល្វាទាំងឡាយ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់សក​សំណក​ចាស់​ គ្រំាគ្រា​ចេញ​ ។ ​សេចក្តី​ក្រោធ ​មិន​មាន​ក្នុង​សន្តាន​នៃ​ភិក្ខុ​ណា ​មួយ​ទៀត ​ភិក្ខុ​ណា ប្រព្រឹត្ត​កន្លង​នូវ​បុណ្យ ​និង​បាប ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា ​បាន​លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់​សក​សំណក​ចាស់ គ្រំាគ្រា​ចេញ​ ។ ​ភិក្ខុ​ណា ​កម្ចាត់​បង់ ផ្តាច់បង់ ​ឲ្យ​ជ្រះស្រឡះ ​នូវ​វិតក្កៈ​ទំាងឡាយ ​ខាង​ក្នុង​សន្តាន ​មិន​មាន​សេសសល់ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់​សក​សំណក​ចាស់ គ្រំាគ្រា​ចេញ​ ។ ​ភិក្ខុ​ណា ​មិន​ស្ទុះ​ទៅ​ ​មិន​ក្រាញ​នៅ​ ប្រព្រឹត្ត​កន្លង​នូវ​បបញ្ចធម៌ [ធម៌​នេះ​ ​មាន​ ៣ ​គឺ​ តណ្ហា១ មានះ១ ទិដ្ឋិ១ ជាធម៌​ញ៉ាំង​សត្វ​ឲ្យ​មាន​ដំណើរ​យឺតយូរ ​ក្នុង​សង្សារវដ្ត ។] ទំាង​អស់​នេះ​បាន​ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់​សក​សំណក​ចាស់​គ្រាំគ្រា​ចេញ​ ។ ​ភិក្ខុ​ណា ​មិន​ស្ទុះ​ទៅ​ ​មិន​ក្រាញ​នៅ​ ​ព្រោះ​ដឹង​ច្បាស់ថា ​ធម្មជាតិ​ ​មាន​ខន្ធ​ជាដើម​ទំាង​អស់​នេះ​ ​មិន​ទៀងទាត់ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់​សក​សំណក​ចាស់​គ្រំាគ្រា​ចេញ​ ។ ​ភិក្ខុ​ណា ​មិន​ស្ទុះ​ទៅ​ ​មិន​ក្រាញ​នៅ​ ជា​អ្នក​ប្រាស​ចាក​លោភៈ ​ដោយ​គិតថា ​ធម្មជាតិ​ ​មាន​ខន្ធ​ជាដើម​ទាំង​អស់​នេះ​ ​មិន​ទៀងទាត់ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់​សក​សំណក​ចាស់​គ្រាំគ្រា​ចេញ​ ។ ​ភិក្ខុ​ណា ​មិន​ស្ទុះ​ទៅ​ ​មិន​ក្រាញ​នៅ​ ជា​អ្នក​ប្រាស​ចាក​រាគៈ ​ដោយ​គិតថា ​ធម្មជាតិ​ ​មាន​ខន្ធ​ជាដើម ទាំង​អស់​នេះ​ ​មិន​ទៀង​ទាត់ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់​សក​សំណក​ចាស់ គ្រាំគ្រា​ចេញ​ ។ ​ភិក្ខុ​ណា ​មិន​ស្ទុះ​ទៅ​ ​មិន​ក្រាញ​នៅ​ ជា​អ្នក​ប្រាស​ចាក​ទោសៈ ​ដោយ​គិតថា ​ធម្មជាតិ​ ​មាន​ខន្ធ​ជាដើម​ទាំង​អស់​នេះ​ ​មិន​ទៀងទាត់ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់សក​សំណក​ចាស់​គ្រាំគ្រា​ចេញ​ ។ ​ភិក្ខុ​ណា ​មិន​ស្ទុះ​ទៅ​ ​មិន​ក្រាញ​នៅ​ ជា​អ្នក​ប្រាស​ចាក​មោហៈ ​ដោយ​គិតថា ​ធម្មជាតិ​ ​មាន​ខន្ធ​ជាដើម​ទាំង​អស់​នេះ​ ​មិន​ទៀងទាត់ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ​ ​ដូច​ពស់​សក​សំណក​ចាស់​គ្រាំគ្រា​ចេញ​ ។ អនុស្សយក្កិលេសណា​មួយ​ ​មិន​មាន​ដល់​ភិក្ខុ​ណា ឬ​អកុសលមូល ​ដែល​ភិក្ខុ​ដក​ចេញ​ហើយ​ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់​សក​សំណក​ចាស់​គ្រាំគ្រា​ចេញ​ ។ អនុស្សយក្កិលេស​ណា​មួយ​ ​ដែល​កើត​អំពី​សេចក្តី​ក្រវល់ក្រវាយ ​មិន​មាន​ដល់​ភិក្ខុ​ណា ឬ​បច្ច័យ​ដើម្បី​ដើរ​មក​កាន់​ត្រើយ​ខាង​អាយ ​មិន​មាន​ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់​សក​សំណក​ចាស់​គ្រាំគ្រា​ចេញ​ ។ អនុស្សយក្កិលេស​ណា​មួយ​ ​ដែល​កើត​អំពី​ព្រៃ​តូច ​គឺ​តណ្ហា ​មិន​មាន​ដល់​ភិក្ខុ​ណា ​សេចក្តី​សម្រេច​ដោយ​ហេតុ (តណ្ហា) ដើម្បី​ភព​ដែល​ជាប់ជំពាក់​ហើយ​ ​មិន​មាន​ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់​សក​សំណក​ចាស់​គ្រាំគ្រា​ចេញ​ ។ ​ភិក្ខុ​ណា លះបង់​នីវរណៈ ៥ ប្រការ ជា​អ្នក​មិន​តានតឹង ឆ្លង​សេចក្តី​ងឿងឆ្ងល់ ប្រាស​ចាក​សរ ​គឺ​កិលេស ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា លះបង់​ត្រើយ​ខាង​អាយ ​ដូច​ពស់​សក​សំណក​ចាស់​គ្រាំគ្រា​ចេញ​ ។

ចប់ ឧរគសូត្រ ​ទី​១ ។

ធនិយសូត្រ ​ទី​២

[កែប្រែ]

[២] (សេដ្ឋិបុត្ត ​ឈ្មោះ​ធនិយគោបៈ ​ពោល​ថា) យើង​មាន​បាយ​ចម្អិន​ហើយ​ ​មាន​ទឹក​ដោះ​រូត​ហើយ​ ជា​អ្នក​នៅ​ជា​មួយ​ជន​បរិស័ទ​ ទៀប​ឆេ្នរទនេ្លមហី ខ្ទម យើង​បាន​ប្រក់​ហើយ​ ភើ្លង​ក៏​បង្កាត់​ហើយ​ ​ម្នាល​ភ្លៀង ឥឡូវ​នេះ​ បើ​អ្នក​ចង់បង្អុរ ​ចូរ​បង្អុរ​មកចុះ ។

(ព្រះ​មាន​ព្រះភាគ​ត្រាស់​ថា​) តថាគត ​មិន​មាន​សេចក្តី​ក្រោធ បា្រស​ចាក​សេចក្តី​រឹងតឹ្អង​ហើយ​ ​នៅ​អស់​រាត្រី​មួយ​ ​ក្បែរ​ឆ្នេរទន្លេ​មហី ខ្ទម ​គឺ​អត្តភាព ​មាន​ដំបូល​បើក​ចេញ​ហើយ​ ភ្លើង [​បាន​ដល់​ភ្លើង​ទាំង ១១ កង ​មាន​ភ្លើង ​គឺ​រាគៈជាដើម ។ អដ្ឋកថា ។]​រលត់​ហើយ​ ​ម្នាល​ភ្លៀង ឥឡូវ​នេះ​ បើ​អ្នក​ចង់​បង្អុរ ​ចូរ​បង្អុរ​មកចុះ ។

(ធនិយគោបៈ ​ពោល​ថា) របោម ​ក៏​មិន​មាន​ ​គោ​ទាំងឡាយ ​ក៏​ដើរ​ទៅ​ក្នុង​ច្រក​ ​ ​ដែល​មាន​ស្មៅលូតលាស់​ល្អ​ ​គោ​ទាំងឡាយ ​ក៏​អត់ធន់​នឹង​ភ្លៀង​ដែល​បង្អុរ​មក ​ម្នាល​ភ្លៀង ឥឡូវ​នេះ​ បើ​អ្នក​ចង់បង្អុរ ​ចូរ​បង្អុរ​មកចុះ ។

(ព្រះ​មាន​ព្រះភាគ​ត្រាស់​ថា​) ក្បូន តថាគត​បាន​ចង ចាត់ចែង​ស្រេច​ហើយ​ តថាគត ​បាន​ឆ្លង​ដល់​ត្រើយ ​កម្ចាត់​បង់​នូវ​ឱឃៈ​បាន​ សេច​ក្តី​​ត្រូវ​ការ​ដោយ​ក្បូន ​មិន​មាន​ទៀតទេ ​ម្នាល​ភ្លៀង ឥឡូវ​នេះ​ បើ​អ្នក​ចង់​បង្អុរ ​ចូរ​បង្អុរ​មកចុះ ។

(ធនិយគោបៈ ​ពោល​ថា) ប្រពន្ធ​របស់​យើង ជា​អ្នក​សា្តប់បង្គាប់ ជាស្ត្រី​មិន​ឡេះឡោះ ជា​ទី​ពេញ​ចិត្ត​ ​គួរ​នៅ​រួម​អស់​កាល​ដ៏​វែង យើង​មិន​ដែល​ឮសំដី​ដ៏​អាក្រក់​តិច​តួច ​របស់​ប្រពន្ធ​នោះ​ឡើយ​ ​ម្នាល​ភ្លៀង ឥឡូវ​នេះ​ បើ​អ្នក​ចង់​បង្អុរ ​ចូរ​បង្អុរ​មកចុះ ។

(ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​) ​ចិត្ត​របស់​តថាគត ជា​ធម្មជាតិ​ស្តាប់​បង្គាប់ ជា​ចិត្ត​រួច​ស្រឡះ​ហើយ​ តថាគត ​បាន​អប់រំ​ហើយ​ ទូន្មាន​ល្អ​ហើយ​ ​អស់​កាល​ដ៏​វែង ចំណែក​បាប ​មិន​មាន​ដល់​តថាគត​ទៀតទេ ​ម្នាល​ភ្លៀង ឥឡូវ​នេះ​ បើ​អ្នក​ចង់បង្អុរ ​ចូរ​បង្អុរ​មកចុះ ។

(ធនិយគោបៈ ​ពោល​ថា) យើងជា​អ្នក​ចិញ្ចឹមជីវិត​ដោយ​ថ្លៃឈ្នួល​ចំពោះខ្លួន​ឯង​ ចំណែក​ខាង​កូន​ទាំងឡាយ​របស់​យើង ​មាន​សេចក្តី​មូលមិត្ត ឥត​មាន​រោគទេ យើង​មិន​ដែល​ឮ​ហេតុអាក្រក់​តិច​តួច ​របស់​កូន​នោះ​ឡើយ​ ​ម្នាល​ភ្លៀង ឥឡូវ​នេះ​ បើ​អ្នក​ចង់បង្អុរ ​ចូរ​បង្អុរ​មកចុះ ។

(ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​) តថាគត ​មិន​មែន​ជា​អ្នក​ស៊ីឈ្នួល​អ្នក​ណា​មួយ​ទេ តថាគត ត្រាច់​ទៅ​ដោយ​ឥត​មាន​ជាប់ចំពាក់​ក្នុង​លោក​ទាំងមូល ​សេចក្តី​​ត្រូវ​ការ​ដោយ​ថ្លៃឈ្នួល ​មិន​មាន​ទេ ​ម្នាល​ភ្លៀង ឥឡូវ​នេះ​ បើ​អ្នក​ចង់បង្អុរ ​ចូរ​បង្អុរ​មកចុះ ។

(ធនិយគោបៈ ​ពោល​ថា) ​គោ​ជំទង់​ក៏​មាន​ កូន​គោ​កំពុង​បៅ​ដោះ​ក៏​មាន​ មេ​គោ​មាន​គភ៌ ​និង​មេ​គោ​កំពុង​ដោយ​ឈ្មោល ​ក៏​មាន​ ​គោ​ឈ្មោល​ជា​គោ​បា​របស់​យើង​ក៏​មាន​ ​ម្នាល​ភ្លៀង ឥឡូវ​នេះ​ បើ​អ្នក​ចង់បង្អុរ ​ចូរ​បង្អុរ​មកចុះ ។

(ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​) ​គោ​ជំទង់​ក៏​មិន​មាន​ កូន​គោ​កំពុង​បៅដោះ ​ក៏​មិន​មាន​ មេ​គោ​មាន​គភ៌ ​និង​មេ​គោ​កំពុង​ដោយ​ឈ្មោល ​ក៏​មិន​មាន​ ​គោ​ឈ្មោល​ជា​គោ​បា ​របស់​តថាគត ​ក៏​មិន​មាន​ ​ម្នាល​ភ្លៀង ឥឡូវ​នេះ​ ​បើ​អ្នក​ចង់បង្អុរ ​ចូរ​បង្អុរ​មកចុះ ។

(ធនិយគោបៈ ​ពោល​ថា) បង្គោលស្នឹង (សម្រាប់​ចង​គោ​) យើង​បាន​បោះ​មិន​រង្កៀក​ទេ ខ្សែពួរ​ទាំងឡាយ ​ដែល​វេញ​អំពីស្មៅ​យ៉ាប្លង ​ក៏​នៅ​ថ្មី ​មាន​សណ្ឋាន​នៅ​ល្អ​ កូន​គោ​កំពុង​បៅដោះ ​មិន​អាច​ទាញផ្តាច់​បាន​ទេ ​ម្នាល​ភ្លៀង ឥឡូវ​នេះ​ បើ​អ្នក​ចង់បង្អុរ ​ចូរ​បង្អុរ​មកចុះ ។

(ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​) តថាគត ផ្តាច់ចំណង ​គឺ​សំយោជនៈ ចំណែក​ខាង​លើ​ប្រាំ ​ដូច​គោ​ឧសភៈ ផា្តច់​នូវ​ចំណង ទំលាយ​ចំណង ​គឺ​សំយោជនៈប្រាំ ​ខាង​ក្រោម ​ដូច​ដំរី​ទំលាយ​វល្លិ៍ផោម​ ​មិន​បាន​ចូល​ទៅ​កាន់​ដំណេក​ក្នុង​គភ៌ទៀត​ទេ ​ម្នាល​ភ្លៀង ឥឡូវ​នេះ​ បើ​អ្នក​ចង់​បង្អុរ ​ចូរ​បង្អុរ​មកចុះ ។

ខណៈ​នោះ​ឯង​ មហាមេឃ បង្អុរភ្លៀង​ឲ្យ​ពេញ​នូវ​ទី​ទាប ​និង​ទី​ទួល ធនិយគោបៈ ​បាន​ឮ​សូរភ្លៀង​បង្អុរ ​ក៏​ពោល​នូវ​សេចក្តី​នេះ​ថា ឱលាភ​របស់​យើង​មិន​មែន​តិច​ទេ ​ព្រោះ​យើង​បាន​ឃើញ​នូវ​ព្រះ​មាន​ព្រះភាគ បពិត្រ​ព្រះអង្គ​មាន​ចក្ខុ យើង​សូម​ដល់​ព្រះអង្គ​ជា​ទី​ពឹង ​សូម​ព្រះមហា​មុនី ជាសាស្តា​ចារ្យ​នៃ​យើង ។ យើងទាំងឡាយ ​គឺ​ប្រពន្ធ ​និង​ខ្ញុំ​ព្រះអង្គ ជា​អ្នក​ស្តាប់​បង្គាប់ ​សូម​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយធម៌ ​ក្នុង​សំណាក់​នៃ​ព្រះសុគត ​សូម​ជា​អ្នក​បាន​ដល់​ត្រើយ​នៃ​ជាតិ ​និង​មរណៈ ​ធ្វើ​ទី​បំផុត​នៃ​ទុក្ខ ។

(មារ​មាន​ចិត្ត​បាប និយាយថា) បុគ្គល​មាន​បុត្ត ​រមែង​ត្រេកអរ​នឹង​បុត្តទាំងឡាយ បុគ្គល​មាន​គោ ​រមែង​ត្រេកអរ​នឹង​គោ​ទាំងឡាយ ដូច្នោះដែរ ការត្រេកអរ​របស់​នរជន ​រមែង​មាន​ ​ព្រោះ​តែ​ឧបធិ​ទាំងឡាយ (គ្រឿងជាប់​ជំពាក់) ​បុគ្គល​ណា​ ​មិន​មាន​ឧបធិ បុគ្គល​នោះ​ ទើប​មិន​ត្រេកអរ ។

(ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​) បុគ្គល​មាន​បុត្ត ​រមែង​សោក​នឹង​បុត្ត​ទាំងឡាយ បុគ្គល​មាន​គោ ​រមែង​សោក​នឹង​គោ​ទាំងឡាយ ដូច្នោះដែរ ការសោក​របស់​នរជន ​រមែង​មាន​ព្រោះ​តែ​ឧបធិទាំងឡាយ​ ​លុះ​តែ​បុគ្គល​ណា​ ​មិន​មាន​ឧបធិ បុគ្គល​នោះ​ ទើប​មិន​សោក ។

ចប់ ធនិយសូត្រ ​ទី​២

ខគ្គវិសាណសូត្រ ​ទី​៣

[កែប្រែ]

[៣] បុគ្គលដាក់អាជ្ញា​ចោល​ចេញ​ ចំពោះ​ពួក​សត្វ​ទាំង​អស់​ ​មិន​បាន​បៀតបៀន​នូវ​សត្វ​ទាំង​នោះ​ សូម្បី​សត្វ​ណា​មួយ​ ​មិន​គប្បី​ប្រាថ្នា​នូវ​បុត្ត តើ​គប្បី​​ត្រូវ​ការសំឡាញ់​អំពីណា ​គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ​ដូច​កុយរមាស ។

សេចក្តី​ស្រឡាញ់ ​រមែង​មាន​ដល់​បុគ្គល ​ដែល​ច្រឡូក​ច្រឡំ ទុក្ខ​ដែល​ជាប់តាម​ចំពោះ​សេចក្តី​ស្រឡាញ់​នេះ​ ​ក៏​រមែង​កើត​ឡើង​ បុគ្គលឃើញ​ទោស ​ដែល​កើត​អំពី​សេចក្តី​ស្រឡាញ់​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គល​អ្នក​មាន​ចិត្ត​ប្រតិព័ទ្ធ កាល​អនុគ្រោះ​នូវ​ពួក​មិត្ត ​ដែល​មាន​ចិត្ត​ល្អ​ ​រមែង​ញ៉ាំង​ប្រយោជន៍ ​ឲ្យ​សាបសូន្យ បុគ្គលកាល​ឃើញ​នូវ​ភ័យ ​ក្នុង​ការ​មូលមិត្ត​គ្នានុ៎ះ​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។ ​សេចក្តី​ស្រឡាញ់​ចំពោះកូន ​និង​ប្រពន្ធ ​ដូច​ឫស្សី ​ដែល​បែក​គុម្ព ចាក់កណ្តាញ់ បុគ្គល កាល​មិន​ជាប់ជំពាក់ ​ដូច​ជា​ទំពាំងឫស្សី ​គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ​ដូច​កុយរមាស ។

ម្រឹគ​ក្នុង​ព្រៃ​ ជា​សត្វ​មិន​ជាប់បំណង ​ទៅ​រក​ចំណី​តាមចំណង់​ចិត្ត​បាន​ យ៉ាងណា វិញ្ញូជន កាលបើឃើញ​សេរីភាព [ការប្រព្រឹត្តិ​តាមចំណង់​ចិត្ត​ខ្លួន ​គឺ​ធ្វើ​បាន​តាម​ឥស្សរ​ចិត្ត​ ឬ​មិន​ជាប់​ក្នុង​អំណាច​អ្នក​​ដទៃ​ ។ អដ្ឋកថា ។] (យ៉ាង​នោះ​) ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

ការ​ហៅ​រក​ ​រមែង​មាន​ដល់​ជនស្ថិត​នៅ​ក្នុង​កណ្តាល​នៃ​សំឡាញ់ ​គឺ​ការ​នៅ​ ការឈរ ​និង​ការ​ត្រាច់ចារិក បុគ្គលកាល​បើឃើញ​សេរីភាព ​ដែល​ (​ពួក​ជនពាល) ​មិន​ប្រាថ្នា ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

ការលេង ការត្រេកអរ​ក្នុង​ (កាមគុណ) ​រមែង​មាន​ដល់​ជនស្ថិត​នៅ​ក្នុង​កណ្តាល​នៃ​សំឡាញ់ ​មួយ​ទៀត ​សេចក្តី​ស្រឡាញ់​ដ៏​ធំទូលាយ ​រមែង​មាន​ក្នុង​បុត្ត​ទាំងឡាយ បុគ្គល​កាលបើ​ធុញទ្រាន់​នឹង​ការ​ព្រាត់ប្រាស ​ចាក​សត្វ​ ​និង​សង្ខារ​ជា​ទី​ស្រឡាញ់​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គល ជា​អ្នក​នៅ​ជាសុខ ​ក្នុង​ទិសទាំង ៤ ​មិន​លំបាក ត្រេកអរ​ដោយ​បរិក្ខារ តាម​មាន​តាម​បាន​ ជា​អ្នក​អត់ធន់ ចំពោះ​អន្តរាយ​ទាំងឡាយ ទាំងជា​អ្នក​មិន​តក់ស្លុត ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បព្វជិត​ពួក​ខ្លះ ឬគ្រហស្ថ​អ្នក​គ្រប់គ្រងផ្ទះ ​គេ​សង្រ្គោះ​បាន​ដោយ​កម្រ បុគ្គល​មិន​មាន​សេចក្តី​ខ្វល់ខ្វាយ ចំពោះបុត្ត​នៃ​បុគ្គល​ដទៃ​ ​គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ​ដូច​កុយរមាស ។

ធីរបុរស លះបង់​នូវ​វត្ថុទាំងឡាយ ជាគ្រឿង​ប្រាកដ​នូវ​ភាពជា​គ្រហស្ថ ​កាត់​ចំណង​របស់​គ្រហស្ថ​ទាំងឡាយ ​ដូច​ជា​រលួសផ្អុង​ជំរុះ​ស្លឹក​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បើបុគ្គល​បាន​អ្នក​ប្រាជ្ញ ​មាន​ធម៌ជាគ្រឿង​នៅ​ដោយ​ប្រពៃ ជាសំឡាញ់ ​មាន​ប្រាជ្ញា​ខ្ជាប់ខ្ជួន ត្រាច់​ទៅ​ជា​មួយ​គ្នា គ្របសង្កត់​នូវ​សេចក្តី​អន្តរាយ​ទាំងពួង​បាន​ ​គប្បី​មាន​ចិត្ត​ត្រេកអរ ​មាន​ស្មារតី ត្រាច់​ទៅ​ជា​មួយ​សំឡាញ់​នោះ​ទៅ​ចុះ ។

បើបុគ្គល ​រក​អ្នក​ប្រាជ្ញ ​មាន​ធម៌ជា​គ្រឿង​នៅ​ដោយ​ប្រពៃ ជាសំឡាញ់ ​មាន​ប្រាជ្ញា​ខ្ជាប់ខ្ជួន ត្រាច់​ទៅ​ជា​មួយ​គ្នា​ពុំ​បាន​ទេ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​ព្រះរាជា​លះបង់​នូវ​ដែន ​ដែល​ព្រះអង្គ​ឈ្នះ​ហើយ​ ឬ​ដូច​ដំរី​ឈ្មោះ​មាតង្គៈ លះបង់ហ្វូង ត្រាច់​ទៅ​ក្នុង​ព្រៃ​ ។

តាមពិត យើងសសើរ​នូវ​ការបរិបូណ៌​ដោយ​សំឡាញ់​ហើយ​ តែសំឡាញ់​មាន​គុណ​ប្រសើរ​ជាង ​និង​សំឡាញ់​មាន​គុណ​ស្មើ បុគ្គល​គួរ​សេពគប់ រាប់​រក​ បើ (កុលបុត្រ​ចង់​បាន​ប្រយោជន៍) ​រក​សំឡាញ់​ទាំងនុ៎ះ​ពុំ​បាន​ទេ ​គប្បី​ជា​អ្នក​បរិភោគ​ភោជន​ដែល​មិន​មាន​ទោស ​ហើយ​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គលឃើញ​នូវ​កងមាសទាំងពីរ​ដ៏​ភ្លឺផ្លេក ​ដែល​ជាង​មាស​ធ្វើ​សម្រេច​ហើយ​ដោយ​ល្អ​ រណ្តំគ្នា ឰ​ដ៏​ដៃ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

ការចរចា​ដោយ​វាចា​ក្តី​ ការជាប់ចំពាក់​ក្តី​ ជា​មួយ​នឹង​កុមារ​ជា​គំរប់ពីរ ​មាន​ដល់​អញ យ៉ាង​នេះ​ បុគ្គលកាល​បើឃើញ​នូវ​ភ័យនុ៎ះ ត​ទៅ​ខាង​មុខ​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

ពិតណាស់ កាមទាំងឡាយ​ដ៏​វិចិត្រ ​មាន​រសផ្អែម ជា​ទី​រីក​រាយ​នៃ​ចិត្ត​ តែង​ញំាញី​នូវ​ចិត្ត​ ​ដោយ​សភាព​ដ៏​ប្លែក ៗ បុគ្គលឃើញ​ទោស ​ក្នុង​កាម​គុណទាំងឡាយ​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

ចង្រៃ បូស ឧបទ្រព រោគ កិលេស ​ដូច​សរ ​និង​ភ័យ​ទាំងនុ៎ះ ​រមែង​មាន​ដល់​យើង (​ព្រោះ​កាម) បុគ្គល​កាលបើ​ឃើញភ័យ​នុ៎ះ ​ក្នុង​កាមគុណ​ទាំងឡាយ​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គលគ្របសង្កត់​នូវ​ស​ត្រូវ​ទាំង​អស់​នុ៎ះ ​គឺ​ត្រជាក់ ក្តៅ គម្លាន សម្រេក ខ្យល់ ​និង​កំដៅថ្ងែ របោម ​និង​ពស់​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

ដំរី ​មាន​ខ្លួនសមរម្យ មាំមួន ​មាន​សម្បុរ​ដូច​ផ្កា​ឈូក កាលលះបង់​នូវ​ហ្វូង ​ហើយ​នៅ​ក្នុង​ព្រៃ​ ​គួរ​ដល់​អធ្យាស្រ័យ យ៉ាងណា បុគ្គល​គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ​ដូច​កុយរមាស (យ៉ាង​នោះ​) ។

បុគ្គល​បាន​នូវ​វិមុត្តិ ប្រព្រឹត្ត​ទៅ​ ​ក្នុង​សម័យ ​គឺ​លោកិយសមាបត្តិ ​ដោយ​ហេតុណា ហេតុ​នោះ​ ​មិន​មែន​ជា​ទី​តាំង​នៃ​បុគ្គល​អ្នក​ត្រេកអរ​ក្នុង​ពួក​ទេ បុគ្គល​ពិចារណា​ពាក្យ​ ​របស់​ព្រះពុទ្ធ ជាព្រះអាទិច្ចពន្ធុ​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គល​កន្លង​នូវ​ទិដ្ឋិអាក្រក់ ​ដល់​នូវ​ធម៌ទៀង ​មាន​មគ្គ​បាន​ហើយ​ ​មិន​បាច់​មាន​អ្នក​​ដទៃ​ដឹក​នាំ​ ​ព្រោះ​ដឹង​ថា អាត្មាអញ ​មាន​ញាណ​កើត​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គល ​មិន​ជាប់​ចិត្ត​ក្នុង​អាហារ ​មិន​កុហក ​មិន​មាន​សេចក្តី​ស្រេកឃ្លាន ជា​អ្នក​មិន​លុបគុណ​គេ​ ​កម្ចាត់​បង់​មោហៈ ​ដូច​ជា​ទឹក​ចត់​ចេញ​បាន​ ​មិន​មាន​ទី​អាស្រ័យ (​គឺ​កិលេស) ​ក្នុង​លោក​ទាំងមូល ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គល​គប្បី​វៀរ​នូវ​សំឡាញ់​ដ៏​អាក្រក់ ​ដែល​បង្ហាញ​នូវ​អំពើ​មិន​ជា​ប្រយោជន៍ អាស្រ័យ​នៅ​ក្នុង​កម្ម​មិន​ស្មើ (​គឺ​ទុច្ចរិត) ​មិន​គប្បី​សេពគប់​នូវ​សំឡាញ់​ដែល​ជាប់​ចំពាក់ ​ដែល​ស្រវឹង (​ក្នុង​កាមគុណ) ​ដោយ​ខ្លួន​ឯង​ ​គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គល​គប្បី​គប់​រក​នូវ​មិត្តជាពហុស្សូត ទ្រ​ទ្រង់​នូវ​ធម៌ ប្រកប​ដោយ​កម្ម​ដ៏​ថ្លៃថ្នូរ ​មាន​ប្រាជ្ញាវាងវៃ ​លុះ​ដឹង​ច្បាស់​នូវ​ប្រយោជន៍​ទាំងឡាយ​ហើយ​ ​គប្បី​បន្ទោបង់​ ​នូវ​សេចក្តី​សង្ស័យ​ចេញ​ ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គល ​មិន​តាក់តែង​នូវ​ការលេង​ផង​ ការត្រេកអរ​ផង​ កាមសុខ​ផង​ ​ក្នុង​លោក ​មិន​អាឡោះអាល័យ វៀរ​ចាក​ទី​ជា​ទី​ស្អិតស្អាង ​អ្នក​ពោល​ពាក្យ​ពិត ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គលលះបង់កូន​ផង​ ប្រពន្ធ​ផង​ បិតា​ផង​ មាតា​ផង​ ទ្រព្យទាំងឡាយ​ផង​ ស្រូវ​ទាំងឡាយ​ផង​ ផៅពង្ស​ទាំងឡាយ​ផង​ កាមទាំងឡាយ តាមចំណែក​រៀងខ្លួន​ផង​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

កាមគុណ​នេះ​ ជាគ្រឿងជាប់ចំពាក់ សុខ​ក្នុង​កាមគុណ​នេះ​ ​មាន​ប្រមាណ​តិច​ កាមគុណ ​មាន​សេចក្តី​ត្រេកអរ​តិច​ ទុក្ខ​ក្នុង​កាមគុណ​នេះ​ ច្រើនក្រៃលែង បុគ្គល​អ្នក​មាន​បញ្ញា ​ដឹង​ច្បាស់​ថា ការជាប់ចំពាក់​ក្នុង​កាមគុណ​នុ៎ះ ​ដូច​ជាបូស ​គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គលទំលាយ​នូវ​សំយោជនៈ ​ដូច​ត្រី​ក្នុង​ទឹក​ ទំលាយ​បង់​នូវ​បណ្តាញ ​មិន​ត្រឡប់មក (​រក​សំយោជនៈ) ​វិញ​ ​ដូច​ជា​ភ្លើង​ឆេះ​ (​មិន​ត្រឡប់​វិល​វិញ​) ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គល​មាន​ចក្ខុដាក់ចុះ ​មាន​ជើង​មិន​រពឹស [សំដៅ​យក​ការ​មិន​ដើរ​លេង ។ អដ្ឋកថា ។] ​មាន​ឥន្ទ្រិយ​គ្រប់គ្រង​ល្អ​ ​មាន​ចិត្ត​រក្សាទុក ​មិន​ជោកជាំ ​មិន​រោលរាល (​ដោយ​កិលេស) ​គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គលលះបង់​នូវ​វត្ថុជាគ្រឿងប្រាកដ ​នូវ​ភាព​ជាគ្រហស្ថ ​ដូច​ដើម​បារិច្ឆត្តព្រឹក្ស ​មាន​ស្លឹក​ជំរុះ​ហើយ​ ​គប្បី​ជា​អ្នក​មាន​សំពត់​កាសាយៈ ​ចេញ​បួស​ ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គល​មិន​ធ្វើ​សេចក្តី​ប្រាថ្នា ​ក្នុង​រស​ទាំងឡាយ ជា​អ្នក​មិន​ល្មោភ (​ក្នុង​អាហារ) ​មិន​ចិញ្ចឹម​អ្នក​​ដទៃ​ ជា​អ្នក​ត្រាច់​ទៅ​តាម​ច្រក​ ​មិន​មាន​ចិត្ត​ជាប់​ចំពាក់​ក្នុង​ត្រកូល​ផ្សេង ៗ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គលលះបង់​នូវ​នីវរណៈទាំង ៥ ​បន្ទោបង់​នូវ​ឧបក្កិលេស​នៃ​ចិត្ត​ទាំង​អស់​ចេញ​បាន​ ជា​អ្នក​មិន​អាស្រ័យ (​ដោយ​តណ្ហា) ​កាត់​បង់​នូវ​ទោស ​ដែល​កើត​អំពី​សេចក្តី​ស្រឡាញ់​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គល​បាន​ធ្វើ​នូវ​សុខទុក្ខ ​និង​សោមនស្ស ទោមនស្ស ​ក្នុង​កាលមុន​ ​ឲ្យ​នៅ​ពីក្រោយ​ខ្នង​ហើយ​ ​បាន​នូវ​ឧបេក្ខាសមថៈ (​ក្នុង​ចតុត្ថជ្ឈាន) ​ដ៏​បរិសុទ្ធ​ហើយ​ ​គប្បី​ត្រាច់​ទៅ​ តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គល ​មាន​សេចក្តី​ព្យាយាម ប្រារព្ធដើម្បី​ដល់​នូវ​ព្រះនិព្វាន ​មាន​ចិត្ត​មិន​រួញរា ​អ្នក​ប្រព្រឹត្ត​មិន​ខ្ជិល​ច្រអូស ​មាន​សេចក្តី​ប្រឹងប្រែង​ដ៏​មាំ ប្រកប​ដោយ​កម្លាំង​ប្រាជ្ញា​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គល​មិន​លះបង់​នូវ​ឈាន ជា​ធម្មជាតិ​ស្ងប់ស្ងាត់ (​ចាក​សត្វ​ ​និង​សង្ខារ) ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​សម​គួរ​ ​ក្នុង​ធម៌​ទាំងឡាយ ​អស់​កាល​ជានិច្ច ​ពិចារណា​ឃើញទោស ​ក្នុង​ភព​ទាំងឡាយ​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គលកាលប្រាថ្នា​នូវ​ការ​អស់​តណ្ហា ជា​អ្នក​មិន​ប្រហែស ​មិន​ឆ្កួត ​មិន​គ ជា​អ្នក​មាន​ការ​ចេះ​ដឹង​ ​មាន​ស្មារតី ​មាន​ធម៌​ពិចារណា​ហើយ​ ជាបុគ្គលទៀង ​មាន​សេចក្តី​ព្យាយាម ​គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គល​មិន​តក់ស្លុត (​ក្នុង​លក្ខណៈ ​មាន​មិន​ទៀង​ជាដើម) ​ដូច​សីហៈ ​មិន​តក់ស្លុត​នឹង​សំឡេង​ទាំងឡាយ ​មិន​បាន​ជាប់ជំពាក់ (​ក្នុង​ធម៌​ទាំងឡាយ ​មាន​ខន្ធ​ជាដើម) ​ដូច​ខ្យល់ ​មិន​ជាប់​នឹង​សំណាញ់ ​មិន​ជាប់ (​ដោយ​តណ្ហា ​និង​លោភៈ) ​ដូច​ឈូក​មិន​ទ​ទឹក​ដោយ​ទឹក​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គល​គប្បី​អាស្រ័យ​នូវ​សេនាសនៈ​ដ៏​ស្ងាត់ ​ដូច​ជាសីហៈ ជាសេ្តច​សត្វ​ ​មាន​កម្លាំង​ចង្កូម ត្រាច់គ្រប​សង្កត់ កំហែង​នូវ​ពួក​ម្រឹគ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គលកាល​ចម្រើន​មេត្តា​ផង​ ឧបេក្ខា​ផង​ ករុណា​ផង​ មុទិតា​ផង​ ​ដែល​ជាហេតុ​រួច​ស្រឡះ (​ចាក​កិលេស) ​ក្នុង​កាល​គួរ​ ​មិន​ថ្នាំងថ្នាក់​ចំពោះ​សត្វ​លោក​ទាំង​អស់​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

បុគ្គលលះបង់រាគៈ​ផង​ ទោសៈ​ផង​ មោហៈ​ផង​ ទំលាយ​នូវ​សំយោជនៈ​ទាំងឡាយ ​មិន​តក់ស្លុត​ក្នុង​ការ​ក្ស័យជីវិត ​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

ពួក​មនុស្ស ​មាន​ប្រយោជន៍ជាហេតុ ទើបគប់​រក​ផង​ បំរើ​ផង​ ​ពួក​មិត្ត​សំឡាញ់​ទាំងឡាយ ​ដែល​ឥតហេតុ ​រក​បាន​ដោយ​ក្រ ​ក្នុង​ថ្ងៃ​នេះ​ ​ពួក​មនុស្ស (ច្រើនតែ) ​មាន​ប្រាជ្ញា​ចំពោះ​ប្រយោជន៍​របស់​ខ្លួន ជា​អ្នក​ប្រកប​ដោយ​អំពើ​មិន​ស្អាត​ បុគ្គល​គប្បី​ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​កុយរមាស ។

ចប់ ខគ្គវិសាណសូត្រ ​ទី​៣

កសិភារទ្វាជសូត្រ ​ទី​៤

[កែប្រែ]

[៤] ​ខ្ញុំ​បាន​សា្តប់មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​ក្នុង​ទក្ខិណាគិរិ​មហាវិហារ (អាស្រ័យ) ​ក្នុង​ស្រុក​ព្រាហ្មណ៍​ឈ្មោះ​ឯកនាឡា ​ក្នុង​ដែន​មគធៈ ។ សម័យ​នោះ​ឯង​ កសិភារទ្វាជព្រាហ្មណ៍ ​មាន​នង្គ័លចំនួន ៥០០ ប្រកប​ក្នុង​កាល​សាប​ព្រោះ​ ។ គ្រា​នោះ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ស្បង់ ប្រដាប់​បាត្រ ​និង​ចីវរ ​ក្នុង​បុព្វណ្ហសម័យ ​ទ្រង់​យាង​សំដៅ​ទៅ​ត្រង់​កន្លែង​ការងារ ​របស់​កសិភារទ្វាជព្រាហ្មណ៍ ។ សម័យ​នោះ​ឯង​ ការអង្គាស​បាយ​ ​របស់​កសិភារទ្វាជ​ព្រាហ្មណ៍ ​ក៏​កំពុង​ប្រពឹត្ត​ទៅ​ ។ លំដាប់​នោះ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ឆៀង​ចូល​ទៅ​កាន់​ទី​អង្គាស​បាយ​ (​របស់​កសិភារទ្វាជ​ព្រាហ្មណ៍) ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​ក៏​ទ្រង់​ឈរ​នៅ​ក្នុង​ទី​ដ៏​សម​គួរ​ ។ កសិភារទ្វាជ​ព្រាហ្មណ៍ ​បាន​ឃើញ​ព្រះ​មាន​ព្រះភាគ ​កំពុង​ទ្រង់​ឈរ​នៅ​ ដើម្បី​បិណ្ឌបាត​ហើយ​ ​ក៏​ក្រាប​បង្គំទូល​ព្រះ​មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះសមណៈ ​ខ្ញុំ​ព្រះអង្គ ភ្ជួររាស់​ផង​ សាប​ព្រោះ​ផង​ ​លុះ​ភ្ជួររាស់ សាប​ព្រោះ​ហើយ​ ទើប​បរិភោគ ។ បពិត្រ​ព្រះសមណៈ ចំណែក​ព្រះអង្គ ​ចូរ​ភ្ជួររាស់​សាប​ព្រោះ​ ​លុះ​ព្រះអង្គ​ភ្ជួររាស់ សាប​ព្រោះ​ហើយ​ ​ចូរ​បរិភោគចុះ ។

ម្នាល​ព្រាហ្មណ៍ តថាគត​ក៏​ភ្ជួររាស់​ផង​ សាប​ព្រោះ​ផង​ ​លុះ​តថាគត​ភ្ជួររាស់ ​សាប​ព្រោះ​ហើយ​ ទើប​បរិភោគ​ដែរ ។ បពិត្រ​ព្រះសមណៈ យើង​ខ្ញុំ​មិន​បាន​ឃើញនឹម​ក្តី​ នង្គ័លក្តី្ត ផាល​ក្តី​ ជន្លួញ​ក្តី​ ​សត្វ​បំរើ​ក្តី​ ​របស់​ព្រះគោតម​ដ៏​ចម្រើន​សោះ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​ព្រះគោតម​ដ៏​ចម្រើន​និយាយ​យ៉ាង​នេះ​ថា ​ម្នាល​ព្រាហ្មណ៍ តថាគត​ភ្ជួររាស់​ផង​ សាប​ព្រោះ​ផង​ ​លុះ​ភ្ជួររាស់ ​សាប​ព្រោះ​ហើយ​ ទើប​បរិភោគ​ដែរ ។

លំដាប់​នោះ​ កសិភារទ្វាជញ្រហ្មណ៍ ​បាន​ពោល​ចំពោះ​ព្រះ​មាន​ព្រះភាគ ​ដោយ​គាថា ដូច្នេះថា

[៥] ព្រះអង្គប្តេជ្ញា​ថា​ជា​អ្នក​ភ្ជួររាស់ ប៉ុន្តែយើង​មិន​ឃើញ​នូវ​ការ​ភ្ជួររាស់​របស់​ព្រះអង្គ​សោះ យើង​សួរ​នូវ​ការ​ភ្ជួររាស់ ​សូម​ព្រះអង្គ​បា្រប់​ឲ្យ​យើង​ដឹង​នូវ​ការ​ភ្ជួររាស់​របស់​ព្រះអង្គ ។

(ព្រះអង្គ​ត្រាស់​ថា​) តថាគត ​មាន​សទ្ធាជាពូជ ​មាន​តបធម៌ [​ពាក្យ​ថា តបធម៌ ​ក្នុង​ទី​នេះ​ សំដៅ​យក​សេចក្តី​ព្យាយាម​យ៉ាងឧក្រិដ្ឋ ​ដោយ​ការ​សង្រួម​ឥន្ទ្រិយ ​និង​ការ​កាន់ធុតង្គវត្ត ។ អដ្ឋកថា ។] ជាភ្លៀង ​មាន​ប្រាជ្ញា​ជានឹម ​និង​នង្គ័ល តថាគត ​មាន​ហិរិ​ជាចន្ទោល ​មាន​ចិត្ត​ជាខ្សែ ​មាន​សតិ​ជាផាល ​និង​ជន្លួញ ។ តថាគត គ្រប់គ្រងកាយ គ្រប់គ្រង​វាចា សង្រួម​នូវ​អាហារ​ក្នុង​ផ្ទៃ ​ធ្វើ​នូវ​ការជម្រះ (​នូវ​ស្មៅ ​គឺ​កិលេស) ​ដោយ​សច្ចៈ តថាគត​ ​មាន​ការ​ស្ងប់ស្ងៀម​ជាគ្រឿង​ឈប់សម្រាក ។ វីរិយៈ​របស់​តថាគត ជាគ្រឿង​នាំ​ទៅ​នូវ​ធុរៈ ជាហេតុ​នាំ​ឲ្យ​បាន​នូវ​ព្រះនិព្វាន​ដ៏​ក្សេម​ចាក​យោគៈ ​ទៅ​កាន់​ទី​ដែល​គេ​ទៅ​ ​មិន​សោកសៅ ជា​ទី​ដែល​គេ​មិន​ត្រឡប់​វិញ​ ។ ការ​ភ្ជួររាស់​ដែល​តថាគត​ភ្ជួររាស់​ហើយ​យ៉ាង​នេះ​ ជាគុណជាតិ​មាន​ផល​មិន​ចេះ​ស្លាប់ទេ បុគ្គល​ធ្វើ​នូវ​ការ​ភ្ជួររាស់​បែបនុ៎ះ ទើប​រួច​ចាក​ទុក្ខ​ទាំងពួង ។

[៦] គ្រា​នោះ​ឯង​ កសិភារទ្វាជព្រាហ្មណ៍ ​ក៏​ដោះ​បាយ​ដាក់​ក្នុង​ភាជន៍សំរិត [ភាជន៍​មាន​តម្លៃ ១ សែន​កហាបណៈ ។ អដ្ឋកថា ។] ​ដ៏​ធំ បង្អោន​ចូល​ទៅ​ថ្វាយ​ព្រះ​មាន​ព្រះភាគ​ថា ​សូម​ព្រះគោតម​ដ៏​ចម្រើន​ សោយ​បាយាស​ចុះ ព្រះគោតម​ដ៏​ចម្រើន​ ​ក៏​ជា​អ្នក​ភ្ជួររាស់ ​ព្រោះ​ថា ព្រះគោតម​ដ៏​ចម្រើន​ ​រមែង​ភ្ជួររាស់ ចំពោះ​ការភ្ជួររាស់ ​ដែល​មាន​ផល​មិន​ចេះស្លាប់ ។

ភោជន​ដែល​តថាគត​ពោល​ហើយ​ដោយ​គា​ថា​ជា​វត្ថុ​មិន​គួរ​ដល់​ការ​បរិភោគ​ទេ ​ម្នាល​ព្រាហ្មណ៍ ​នេះ​មិន​មែន​ជាទំនៀម​របស់​ពួក​ជន​អ្នក​ឃើញច្បាស់ (​នូវ​អាជីវបារិសុទ្ធិ) ទេ ព្រះពុទ្ធ​ទាំង​ឡាយ​ តែង​បន្ទោ​បង់​នូវ​ភោជន ​ដែល​ពោល​ហើយ​ដោយ​គាថា ​ម្នាល​ព្រាហ្មណ៍ កាលបើ​ធម៌​មាន​នៅ​ ការស្វែង​រក​នេះ​ ជាការប្រព្រឹត្តិ​ចិញ្ចឹម​ជីវិត ។ ​អ្នក​ចូរ​ផ្គត់ផ្គង់ ចំពោះលោក​អ្នក​ស្វែង​នូវ​គុណធំ បរិបូណ៌​ដោយ​គុណសព្វ​គ្រប់ ​មាន​អាសវៈ​អស់​ហើយ​ ស្ងប់រម្ងាប់​ចាក​កុក្កុច្ចៈ ​ដោយ​វត្ថុ​ដទៃ​ ​និង​បាយ​ទឹក​ផង​ចុះ ​ព្រោះ​ថា ការផ្គត់ផ្គង់​នោះ​ ជាបុញ្ញក្ខេត្ត​របស់​បុគ្គល​អ្នក​ប្រាថា្ន​បុណ្យ ។

[៧] បពិត្រព្រះគោតម​ដ៏​ចម្រើន​ បើដូច្នេះ តើ​ខ្ញុំ​ព្រះអង្គ​ឲ្យ​នូវ​បាយាស​នេះ​ដល់​បុគ្គល​ណា​វិញ​ ។ ​ម្នាល​ព្រាហ្មណ៍ តថាគត ​មិន​ឃើញបុគ្គល​ដែល​បរិភោគ​បាយាស​ ​ដល់​នូវ​ការសុះ​រលាយ​ល្អ​ ​ក្នុង​លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្ម​លោក ​ក្នុង​ព​ពួក​សត្វ​ ព្រមទាំង​សមណ​ព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព ​និង​មនុស្ស​ដ៏​សេស​ទេ វៀរលែង​តែតថាគត ឬសាវ័ក​នៃ​តថាគត​ចេញ​ ​ម្នាល​ព្រាហ្មណ៍ បើដូច្នោះ ​អ្នក​ចូរ​ចាក់​បាយាស​នោះ​ ​ក្នុង​ទី​ដែល​គ្មាន​វត្ថុស្រស់ ឬទម្លាក់​ទៅ​ក្នុង​ទឹក​ ​ដែល​គ្មាន​សត្វ​ទៅ​ចុះ ។ គ្រា​នោះ​ឯង​ កសិភារទ្វាជ​ព្រាហ្មណ៍​ក៏​ទម្លាក់​បាយាស​នោះ​ ​ទៅ​ក្នុង​ទឹក​ដែល​គ្មាន​សត្វ​ ។ លំដាប់​នោះ​ បាយាស​នោះ​ ​ដែល​ព្រាហ្មណ៍​ទម្លាក់ចុះ​ទៅ​ក្នុង​ទឹក​ហើយ​ ​ក៏​ឮសំឡេង​ឆុរ ៗ ឮសំឡេង​ឆាវ ៗ ហុយផ្សែង​ទ្រុប ហុយផ្សែង​ទ្រលោម ។ ដុំដែក​ដែល​ឆេះ​ក្តៅ​អស់​មួយ​ថ្ងៃ​ ​ដែល​គេ​ដាក់ចុះ​ក្នុង​ទឹក​ ​រមែង​ឮ​សំឡេងឆុរ ៗ ឮ​សំឡេងឆាវ ៗ ហុយផ្សែង​ទ្រុប ហុយ​ផ្សែង​ទ្រលោម យ៉ាងណាមិញ បាយាស​ដែល​ព្រាហ្មណ៍​ទម្លាក់​ទៅ​ក្នុង​ទឹក​ ​ក៏​ឮសំឡេងឆុរ ៗ ឮសំឡេងឆាវ ៗ ហុយផ្សែង​ទ្រុប ហុយផ្សែង​ទ្រលោម ​ក៏​យ៉ាង​នោះ​ដែរ ។

[៨] គ្រា​នោះ​ឯង​ កសិភារទ្វាជព្រាហ្មណ៍ ​មាន​ចិត្ត​តក់ស្លុត ព្រឺរោម ចូល​ទៅ​រក​ព្រះ​មាន​ព្រះភាគ​ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​ក៏​ក្រាបសិរ្ស: ទៀបព្រះបាទ​ព្រះ​មាន​ព្រះភាគ​ សរសើរ​ព្រះ​មាន​ព្រះភាគ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ភ្លឺច្បាស់​ណាស់ ​បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ភ្លឺច្បាស់​ណាស់ ។ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ធម៌​ដែល​ព្រះគោតម​ដ៏​ចម្រើន​ ​ទ្រង់​ប្រកាស​ដោយ​អនេកបរិយាយ យ៉ាង​នេះ​ (ភ្លឺច្បាស់ណាស់) ​ដូច​មនុស្ស​ផ្ងារ​របស់​ដែល​ផ្កា​ប់ ឬ​ដូច​គេ​បើកបង្ហាញ​របស់​ដែល​បិទបាំង ឬ​ក៏​ដូច​គេ​ប្រាប់​នូវ​ផ្លូវ ​ដល់​អ្នក​វង្វេងទិស ពុំ​នោះ​សោត ​ដូច​គេ​ទ្រោលប្រ​ទី​ប​ក្នុង​ទី​ងងឹត ​ដោយ​គិតថា មនុស្ស​អ្នក​មាន​ចក្ខុទាំងឡាយ ឃើញ​នូវ​រូបទាំងឡាយ​បាន​ ។ ​ខ្ញុំ​ព្រះអង្គនុ៎ះ ​សូម​ដល់​ព្រះគោតម​មាន​ព្រះភាគ​ផង​ ព្រះធម៌​ផង​ ព្រះ​ភិក្ខុ​សង្ឃ​ផង​ ជាសរណៈ ​សូម​ព្រះគោតម​ដ៏​ចម្រើន​ ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ ​ថា​ជា​ឧបាសក ​ដល់​នូវ​សរណៈ​ស្មើ​ដោយ​ជីវិត តាំងអំពី​ថ្ងៃ​នេះ​ជាដើម​ទៅ​ ។ ​ខ្ញុំ​ព្រះអង្គ ​គប្បី​បាន​នូវ​បព្វជ្ជា ​គប្បី​បាន​នូវ​ឧបសម្បទា ​ក្នុង​សំណាក់​នៃ​ព្រះគោតម​ដ៏​ចម្រើន​ ។ កសិភារទ្វាជ​ព្រាហ្មណ៍ ​ក៏​បាន​នូវ​បព្វជ្ជា ​បាន​នូវ​ឧបសម្បទា ​ក្នុង​សំណាក់​នៃ​ព្រះ​មាន​ព្រះភាគ ។ ​លុះ​ព្រះភារទ្វាជៈ​ដ៏​មាន​អាយុ ​បាន​ឧបសម្បទា​មិន​យូរប៉ុន្មាន ​ក៏​ចៀស​ចេញ​ទៅ​តែម្នាក់​ឯង​ ​មិន​ធ្វេសប្រហែស ​មាន​សេចក្តី​ព្យាយាម ​មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះនិព្វាន ​ពួក​កុលបុត្ត​ចេញ​ចាក​ផ្ទះ ចូល​ទៅ​កាន់​ផ្នួស​ដោយ​ប្រពៃ ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា ​មិន​យូរប៉ុន្មាន ​ក៏​ធ្វើ​ឲ្យ​ជាក់ច្បាស់ សម្រេច​នូវ​អនុត្តរធម៌​នោះ​ ​ដ៏​ជា​ទី​បំផុត​នៃ​ព្រហ្មចរិយៈ ​ដោយ​ប្រាជា្ញ​ដ៏​ឧត្តម​របស់​ខ្លួន​ឯង​ ​ក្នុង​អត្តភាព​នេះ​ ​បាន​ដឹង​ច្បាស់​ថា​ជា​តិ​អស់​ហើយ​ មគ្គព្រហ្មចរិយៈ អាត្មាអញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ សោឡសកិច្ច អាត្មាអញ​បាន​ធ្វើ​ស្រេច​ហើយ​ មគ្គភាវនាកិច្ច​​ដទៃ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ច​នេះ​ទៀត ​មិន​មាន​ឡើយ​ ។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះភារទ្វាជៈ​ដ៏​មាន​អាយុ រាប់​ថា​ជា​ព្រះអរហន្ត​មួយ​អង្គដែរ ។

ចប់ កសិភារទ្វាជសូត្រ ​ទី​៤ ។

ចុន្ទសូត្រ ​ទី​៥

[កែប្រែ]

[៩] (ចុន្ទកម្មារបុត្ត ក្រាបទូល​សួរ​ព្រះ​មាន​ព្រះភាគថា) ​ខ្ញុំ​ព្រះអង្គ ​សូម​ទូល​សួរ​ព្រះអង្គ ជា​អ្នក​ប្រាជ្ញ ​មាន​បញ្ញាច្រើន ជាព្រះពុទ្ធ ជាម្ចាស់​នៃ​ធម៌ ប្រាស​ចាក​តណ្ហា​ដ៏​ឧត្តម ជាង​សត្វ​ជើងពីរ ប្រសើរ​ជាងសារថី​ទាំងឡាយ តើ​ពួក​សមណៈ​ក្នុង​លោក​នេះ​ ​មាន​ប៉ុន្មាន ​សូម​ព្រះអង្គ​សំដែង​ប្រាប់​នូវ​ពួក​សមណៈ​នោះ​ឲ្យ​ទាន ។

(ព្រះ​មាន​ព្រះភាគ​ត្រាស់​ថា​ ​ម្នាល​ចុន្ទ) សមណៈ​មាន​ត្រឹមតែ ៤ ​ពួក​ ​មិន​មាន​ដល់​គំរប់ ៥ ទេ កាលបើ​អ្នក​សួរ​បញ្ជាក់​ហើយ​ តថាគត​នឹង​ប្រាប់​នូវ​សមណៈ​ទាំង​នោះ​ដល់​អ្នក​ ​គឺ​សមណៈ​ឈ្នះកិលេស​ដោយ​មគ្គ ១ សមណៈ​សំដែងប្រាប់​នូវ​មគ្គ ១ សមណៈ​រស់​នៅ​ក្នុង​មគ្គ ១ សមណៈ​ប្រទូស្ត​នូវ​មគ្គ ១ ។

(ចុន្ទកម្មារបុត្ត ទូល​សួរ​ថា) ព្រះពុទ្ធទាំងឡាយ តែងសំដែង​នូវ​សមណៈ​ណា​ថា​ជា​សមណៈ​ឈ្នះកិលេស​ដោយ​មគ្គ សមណៈ​ដុតបំផ្លាញ​នូវ​កិលេស​ដោយ​មគ្គ ជាបុគ្គល​ថ្លឹង​មិន​បាន​ រស់​នៅ​ក្នុង​មគ្គ ​ខ្ញុំ​សួរ​ហើយ​ ​សូម​ព្រះអង្គ​សំដែងប្រាប់​ឲ្យ​ទាន ​មួយ​ទៀត ​សូម​ព្រះអង្គ​ប្រាប់​នូវ​សមណៈ​អ្នក​ប្រទូស្ត​នូវ​មគ្គ ​ដល់​ខ្ញុំ​ព្រះអង្គ ។

(ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​) សមណៈណា ​កន្លង​ផុត​នូវ​សេចក្តី​សង្ស័យ ​ប្រាស​ចាក​សរ ​គឺ​កិលេស ត្រេកអរ​ក្នុង​ព្រះនិព្វាន ​មិន​ជាប់​ចំពាក់​ដោយ​តណ្ហា​ ជា​អ្នក​ណែ​នាំ​សត្វ​លោក ព្រមទាំង​ទេវលោក ព្រះពុទ្ធ​ទាំងឡាយ សំដែង​នូវ​សមណៈ​បែប​នោះ​ ថា​ជា​អ្នក​ឈ្នះកិលេស​ដោយ​មគ្គ ។សមណៈ​ណា ​ក្នុង​សាសនា​នេះ​ ​ដឹង​នូវ​ព្រះនិព្វាន ថា​ជា​គុណជាត​ឧត្តម​ក្រៃលែង ​ហើយ​សំដែង​ចែក​នូវ​និព្វានធម៌ ​ក្នុង​លោក​នេះ​ ​អ្នក​ប្រាជ្ញ​ទាំងឡាយ ​ហៅ​សមណៈ ​ដែល​ជា​អ្នក​កាត់​បង់​នូវ​សេចក្តី​សង្ស័យ ជា​អ្នក​ប្រាជ្ញ ​មិន​មាន​សេចក្តី​ញាប់ញ័រ​នោះ​ថា​ជា​អ្នក​សំដែង​ប្រាប់មគ្គ ជាសមណៈ ​ទី​ ២ ​នៃ​ភិក្ខុ​ទាំងឡាយ ។ សមណៈ​ណា ​មាន​ស្មារតី​សង្រួម​ហើយ​ ​សេព​នូវ​គន្លង ​មិន​មាន​ទោស​ រស់​នៅ​ក្នុង​មគ្គ ជា​ផ្លូវ​នៃ​ធម៌ ​គឺ​ព្រះនិព្វាន ​ដែល​ព្រះពុទ្ធ​សំដែងប្រពៃ​ហើយ​ ​អ្នក​ប្រាជ្ញ​ទាំងទ្បាយ ​ហៅ​សមណៈ​នោះ​ ​ថា​ជា​អ្នក​រស់​នៅ​ក្នុង​មគ្គ ជាសមណៈ​ទី​ ៣ ​នៃ​ភិក្ខុ​ទាំងទ្បាយ ។ សមណៈ​ណា ​ធ្វើ​នូវ​ភេទ​របស់​ពួក​អ្នក​មាន​វត្ត​ល្អ​ ​ឲ្យ​ជា​គ្រឿង​បិទបាំង ជា​អ្នក​ស្ទុះ​ស្ទា ​អ្នក​ទ្រុស្ត​ត្រកូល​មាន​ឫកពា​ឃ្នើសឃ្នង ​មាន​កលមាយា​ ​មិន​សង្រួម ​ពោល​ពាក្យ​ [បលាបោ ប្រែ​ថា​ជា​អ្នក​ប្រហែល​នឹង​សំដីស្រូវ ​ព្រោះ​គ្មាន​សារៈ​ខាង​ក្នុង​ ។ អដ្ឋកថា ។]​ឡេះឡោះ ប្រព្រឹត្តបន្លំ សមណៈ​នោះ​ ​ឈ្មោះ​ថា​ជា​អ្នក​ទ្រុស្ត​នូវ​មគ្គ ។ គ្រហស្ថ​ណា ជា​អ្នក​ចេះ​ដឹង​ ជា​អរិយសាវ័ក ប្រកប​ដោយ​ប្រាជ្ញា ស្គាស់ច្បាស់​នូវ​សមណៈ​ទាំងនុ៎ះ សទ្ធា​របស់​គ្រហស្ថ​នោះ​ ​រមែង​មិន​សាបសូន្យ​ទេ ​ព្រោះ​ដឹង​ថា ​ពួក​សមណៈ​ទាំង​អស់​ ​មិន​ដូច្នោះទេ ​ព្រោះ​ឃើញ​ដូច្នេះ ​គប្បី​ប្រៀប​នូវ​សមណៈ​មិន​អាក្រក់ ​ឲ្យ​ស្មើ​ដោយ​សមណៈ​អាក្រក់ ឬ​គប្បី​ប្រៀប​នូវ​សមណៈ​បរិសុទ្ធ ​ឲ្យ​ស្មើ​ដោយ​សមណៈ​មិន​បរិសុទ្ធ ​ដូច​ម្តេច​កើត​ ។

ចប់ ចុន្ទសូត្រ ​ទី​៥ ។

បរាភវសូត្រ ​ទី​៦

[កែប្រែ]

[១០] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​នៅ​ក្នុង​វត្តជេតពន ​របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី ។ គ្រា​នោះ​ឯង​ ទេវតា ១ អង្គ កាល​ដែល​រាត្រី​បឋមយាម​កន្លង​ទៅ​ហើយ​ ​មាន​រស្មី​ដ៏​រុងរឿង ​ញ៉ាំង​វត្ត​ជេតពន​ជុំ​វិញ​ទាំង​អស់​ ​ឲ្យ​ភ្លឺ​ស្វាង​ហើយ​ ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ ​លុះ​ចូល​ទៅ​ដល់​ ក្រាបថ្វាយបង្គំ​ព្រះ​មាន​ព្រះភាគ ​ហើយ​ស្ថិត​ក្នុង​ទី​សម​គួរ​ ។ ​លុះ​ទេវតា​នោះ​ ស្ថិត​នៅ​ក្នុង​ទី​សម​គួរ​ហើយ​ ទើបក្រាប​បង្គំទូល​ព្រះ​មាន​ព្រះភាគ ​ដោយ​គាថា​ដូច្នេះថា ។

[១១] យើងទាំងទ្បាយ មកដើម្បី​សួរ​ព្រះគោតម​ដ៏​ចម្រើន​ (​ដោយ​គិតថា)​ យើង​ទាំងទ្បាយ ​សូម​សួរ​អំពីបុរស​បុគ្គល ​ដែល​មាន​សេចក្តី​វិនាស​ ចុះអ្វីជា​ប្រធាន​នៃ​សេចក្តី​វិនាស ។

(ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​) បុរស​ដែល​ចម្រើន​ ជាបុគ្គល ​គឺ​បណ្ឌិត​ដឹង​បាន​ដោយ​ងាយ​ បុរស​ដែល​វិនាស ជាបុគ្គល ​គឺ​បណ្ឌិត​ដឹង​បាន​ដោយ​ងាយដែរ​ បុគ្គល​អ្នក​ប្រាថ្នាធម៌ ​រមែង​ចម្រើន​ ​អ្នក​ស្អប់ធម៌ ​រមែង​វិនាស ។

យើងទាំងទ្បាយ ​ដឹង​ច្បាស់​នូវ​ហេតុនុ៎ះថា ​នោះ​ជា​សេចក្តី​វិនាស​ទី​ ១ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ២ អ្វីជា​ប្រធាន​នៃ​សេចក្តី​វិនាស ។

បុគ្គល​មាន​ពួក​អសប្បុរសជា​ទី​ស្រឡាញ់ ​មិន​ធ្វើ​សេចក្តី​ស្រឡាញ់​ចំពោះ​ពួក​សប្បុរស ពេញ​ចិត្ត​ចំពោះធម៌​របស់​ពួក​អសប្បុរស ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស ។

យើងទាំងឡាយ ​ដឹង​ច្បាស់​នូវ​ហេតុនុ៎ះថា ​នោះ​ជា​សេចក្តី​វិនាស​ទី​ ២ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ៣ អ្វីជាប្រធាន​នៃ​សេចក្តី​វិនាស ។

ជន​អ្នក​ដេកលក់ច្រើន​ក្តី​ និយាយច្រើន​ក្តី​ ​មិន​ខ្មីឃ្មាត​ក្តី​ ខិ្ជលច្រអូស​ក្តី​ ប្រាកដ​តែ​ខាង​ក្រោធ​ក្តី​ ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស ។

យើងទាំងឡាយ ​ដឹង​ច្បាស់​នូវ​ហេតុនុ៎ះថា ​នោះ​ជា​សេចក្តី​វិនាស​ទី​ ៣ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ៤ អ្វីជាប្រធាន​នៃ​សេចក្តី​វិនាស ។

បុគ្គលជា​អ្នក​ស្តុកស្តម្ភ តែ​មិន​ចិញ្ចឹមមាតា​ក្តី​ បិតា​ក្តី​ ​ដែល​ចាស់ ​មាន​វ័យ​កន្លង​ហើយ​ ​នោះ​ជាប្រធាន​នៃ​សេចក្តី​វិនាស ។

យើងទាំងឡាយ ​ដឹង​ច្បាស់​នូវ​ហេតុនុ៎ះថា ​នោះ​ជា​សេចក្តី​វិនាស​ទី​ ៤ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ៥ អ្វីជា​ប្រធាន​នៃ​សេចក្តី​វិនាស ។

បុគ្គលបញ្ឆោតព្រាហ្មណ៍​ក្តី​ សមណៈ​ក្តី​ ឬ​អ្នក​សូម​​ដទៃ​​ក្តី​ ​ដោយ​ពាក្យ​កុហក ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស ។

យើងទាំងឡាយ ​ដឹង​ច្បាស់​នូវ​ហេតុនុ៎ះថា ​នោះ​ជា​សេចក្តី​វិនាស​ទី​ ៥ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ៦ អ្វីជាប្រធាន​នៃ​សេចក្តី​វិនាស ។

បុរសបុគ្គល ​មាន​ទ្រព្យជាគ្រឿងត្រេកអរ​ច្រើន ​មាន​ប្រាក់ សម្បូណ៌​ភោជន​ បរិភោគ​នូវ​ភោជន​មាន​រសឆ្ងាញ់​តែម្នាក់​ឯង​ ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស ។

យើងទាំងឡាយ ​ដឹង​ច្បាស់​នូវ​ហេតុនុ៎ះថា ​នោះ​ជា​សេចក្តី​វិនាស​ទី​ ៦ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ៧ អ្វី​ជាប្រធាន​នៃ​សេចក្តី​វិនាស ។

ជន​ដែល​រឹងត្អឹង​ដោយ​អាងជាតិ​ក្តី​ រឹងត្អឹង​ដោយ​អាង​ទ្រព្យ​ក្តី​ រឹងត្អឹង​ដោយ​អាង​គោត្រកូល​ក្តី​ ​ហើយ​មើលងាយ​ញាតិ​របស់​ខ្លួន ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស ។

យើងទាំងឡាយ ​ដឹង​ច្បាស់​នូវ​ហេតុនុ៎ះថា ​នោះ​ជា​សេចក្តី​វិនាស ​ទី​ ៧ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ៨ អ្វី​ជាប្រធាន​នៃ​សេចក្តី​វិនាស ។

ជនជា​អ្នក​លេងស្រី​ក្តី​ លេងសុរា​ក្តី​ លេងល្បែងភ្នាល់​ក្តី​ ​រមែង​ញ៉ាំង​ទ្រព្យ ​ដែល​ខ្លួន​បាន​ហើយ​ ​បាន​ហើយ​ ​ឲ្យ​វិនាស​ទៅ​ ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស ។

យើងទាំងឡាយ ​ដឹង​ច្បាស់​នូវ​ហេតុនុ៎ះថា ​នោះ​ជា​សេចក្តី​វិនាស​ទី​ ៨ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ៩ អ្វីជា​ប្រធាន​នៃ​សេចក្តី​វិនាស ។

ជន​មិន​ត្រេកអរ​នឹង​ប្រពន្ធ​របស់​ខ្លួន ​ទៅ​ខូច​ចំពោះ​ពួក​ស្រីពេស្យា ឬខូចចំពោះ​ប្រពន្ធ​នៃ​បុគ្គល​​ដទៃ​ ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស ។

យើងទាំងឡាយ ​ដឹង​ច្បាស់​នូវ​ហេតុនុ៎ះថា ​នោះ​ជា​សេចក្តី​វិនាស​ទី​ ៩ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ១០ អ្វីជាប្រធាន​នៃ​សេចក្តី​វិនាស ។

បុរស​មាន​វ័យ​កន្លង​ហើយ​ ​នាំ​យក​ស្រ្តី (ក្មេង) ​ដែល​មាន​ដោះក្បំ ​ដូច​ជាផ្លែទន្លាប់ ​រមែង​ដេក​មិន​លក់ ​ព្រោះ​សេចក្តី​ប្រច័ណ្ឌ​ចំពោះ​ស្រ្តី​នោះ​ ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស ។

យើងទាំងឡាយ ​ដឹង​ច្បាស់​នូវ​ហេតុនុ៎ះថា ​នោះ​ជា​សេចក្តី​វិនាស​ទី​ ១០ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ១១ អ្វីជា​ប្រធាន​នៃ​សេចក្តី​វិនាស ។

បុរសបុគ្គល តាំងស្រ្តី​អ្នក​លេងខ្ជះខ្ជាយ ឬបុរស​បែប​នោះ​ដែរ ​ក្នុង​ឋានៈ​ជាធំ ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​ ។

យើងទាំងឡាយ ​ដឹង​ច្បាស់​នូវ​ហេតុនុ៎ះថា ​នោះ​ជា​សេចក្តី​វិនាស​ទី​ ១១ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ១២ អ្វីជាប្រធាន​នៃ​សេចក្តី​វិនាស ។

បុគ្គល​ដែល​កើត​ក្នុង​ខតិ្តយត្រកូល ​មាន​ភោគៈ​តិច​ តែ​មាន​សេចក្តី​ប្រាថ្នាធំ ​ទៅ​ប្រាថ្នា​រជ្ជសម្បត្តិ ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស ។

បុគ្គលជា​បណ្ឌិត​ បរិបូណ៌​ដោយ​ការឃើញ​ដ៏​ប្រសើរ ​ពិចារណា​ឃើញច្បាស់ ​នូវ​សេចក្តី​វិនាស​ទាំងនុ៎ះ​ក្នុង​លោក ​បណ្ឌិត​នោះ​ ​រមែង​គប់​រក​នូវ​លោក ​ដែល​មាន​សេចក្តី​សុខ​ដ៏​ក្សេម​ក្សាន្ត [បាលីថា សិវំ ​ក្នុង​ទី​ឯទៀតៗ ​បាន​ដល់​ព្រះនិព្វាន តែ​ក្នុង​ទី​នេះ​ អដ្ឋកថា​ប្រាប់ថា ​បាន​ដល់​សេចក្តី​សុខ​ក្សេមក្សាន្ត ​ក្នុង​មនុស្ស ​និង​ទេវតា ។] ។

ចប់ បរាភវសូត្រ ​ទី​៦ ។

វសលសូត្រ ​ទី​ ៧

[កែប្រែ]

[១២] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ​ ​ទ្រង់​គង់​នៅ​ក្នុង​វត្តជេតពន ​របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី ។ គ្រា​នោះ​ឯង​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ស្បង់ ប្រដាប់​បាត្រ ​និង​ចីវរ ​ក្នុង​បុព្វណ្ហសម័យ យាង​ទៅ​កាន់​ក្រុងសាវត្ថី ដើម្បី​បិណ្ឌបាត ។ សម័យ​នោះ​ឯង​ អគ្គិកភារទ្វាជ​ព្រាហ្មណ៍ (ព្រាហ្មណ៍​ឈ្មោះ​ភារទ្វាជៈ ​អ្នក​បង្កាត់​ភ្លើង) ​កំពុង​បង្កាត់ភ្លើង ផ្គូផ្គង​គ្រឿងបូជា​ក្នុង​លំនៅ​ ។ លំដាប់​នោះ​ ព្រះ​មាន​ព្រះភាគ ត្រាច់​ទៅ​កាន់​លំដាប់​ច្រក​ (ផ្ទះ) ដើម្បីបិណ្ឌបាត ឆៀងចូល​ទៅ​ត្រង់​លំនៅ​របស់​អគិ្គកភារទ្វាជព្រាហ្មណ៍ ។ អគ្គិកភារទ្វាជ​ព្រាហ្មណ៍ ​បាន​ឃើញ​ព្រះ​មាន​ព្រះភាគ យាង​មកអំពី​ចម្ងាយ ​លុះ​ឃើញ​ហើយ​ ​ក៏​ពោល​ទ្រគោះ​ទៅ​រក​ព្រះ​មាន​ព្រះភាគ​ថា នែ​ស្រមណ៍កំណោរ ​អ្នក​ចូរ​ឈប់​ក្នុង​ទី​នេះ​សិន ។ នែ​សមណៈ ​អ្នក​ចូរ​ឈប់​ក្នុង​ទី​នេះ​សិន នែ​អ្នក​ថោកទាប ​អ្នក​ចូរ​ឈប់​ក្នុង​ទី​នេះ​សិន ។

កាល​ដែល​អគ្គិកភារទ្វាជព្រាហ្មណ៍ និយាយយ៉ាង​នេះ​ហើយ​ ព្រះ​មាន​ព្រះភាគ ត្រាស់​តប​នឹង​អគ្គិកភារទ្វាជព្រាហ្មណ៍ថា ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ស្គាល់​បុគ្គល​ថោកទាប​ ឬធម៌​ដែល​ធ្វើ​ឲ្យ​ថោកទាប​ដែរឬ ។ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ​ខ្ញុំ​មិន​ទាន់​ស្គាល់បុគ្គល​ថោកទាប ឬធម៌​ដែល​ធ្វើ​ឲ្យ​ថោកទាបទេ ​សូម​ព្រះគោតម​ដ៏​ចម្រើន​ សំដែងធម៌​ដែល​ជា​ហេតុ​ឲ្យ​ខ្ញុំ​ស្គាល់បុគ្គល​ថោកទាប ឬធម៌​ដែល​ធ្វើ​ឲ្យ​ថោក​ទាប​ផង​ ។ ​ម្នាល​ព្រាហ្មណ៍ បើដូច្នោះ ​អ្នក​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ល្អ​ចុះ តថាគត​នឹង​សំដែង​ប្រាប់ ។ អគិ្គកភារទ្វាជ​ព្រាហ្មណ៍ ទទួល​ស្តាប់​ព្រះ​មាន​ព្រះភាគ​ថា ព្រះករុណា ​ព្រះអង្គ ។ ព្រះ​មាន​ព្រះភាគ សំដែង​សេចក្តី​នុ៎ះថា

[១៣] ​បុគ្គល​ណា​ ​មាន​សេចក្តី​ក្រោធ ចង​សេចក្តី​ក្រោធទុក (គំនុំ) ជាបុគ្គល​បាប លុបគុណ​គេ​ ប្រាស​ចាក​សម្មាទិដ្ឋិ ​មាន​មាយា ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ថា​ជា​បុគ្គល​ថោកទាប ។ ​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ បៀតបៀន​នូវ​សត្វ​ ​ដែល​មាន​កំណើតម្តង ឬ​មាន​កំណើត​ពីរដង [​សត្វ​មាន​កំណើត​ម្តង​នោះ​ ​គឺ​សត្វ​ដែល​កើត​អំពី​ញើសក្អែល អំពី​ទឹក​សុក្កសម្ភៈ ​និង​ឧបបាតិកៈ ។ ​សត្វ​មាន​កំណើត​ពីរដង​នោះ​ ​គឺ​សត្វ​ដែល​កើត​អំពី​ពង ​មាន​មាន់ ​និង​ទាជាដើម ​ហៅ​ថា​ អណ្ឌជៈ ។ អដ្ឋកថា ។] ឬបុគ្គល​ណា ​មិន​មាន​សេចក្តី​អាណិត​ចំពោះ​សត្វ​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប ។

បុគ្គល​ណា​ សម្លាប់ ឬឡោមរឹបជាន់​នូវ​អ្នក​ស្រុក ឬ​អ្នក​និគម ​ដែល​អ្នក​ផង​ដឹង​ច្បាស់ ជា​អ្នក​សង្កត់សង្កិន​គេ​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប ។

បុគ្គល​ណា​ កាន់​យក​ទ្រព្យ​ក្នុង​ស្រុក ឬ​ក្នុង​ព្រៃ​ដែល​បុគ្គល​ប្រកាន់​ថា​ជា​របស់​អញ ជាទ្រព្យ​ដែល​គេ​មិន​ឲ្យ​ ​ដោយ​អាការ​លួច ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប ។

បុគ្គល​ណា​ បុលទ្រព្យ​គេ​ ​យក​មកប្រើប្រាស់ ​ហើយ​គេ​ចកែ​ថា (អញ) ​មិន​ចំពាក់​បំណុល​អ្នក​ទេ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គលថោកទាប ។

បុគ្គល​ណា​ សម្លាប់​អ្នក​ផង​ ​ដែល​ដើរ​ក្នុង​ផ្លូវ ​ដោយ​ប្រាថ្នា​ទ្រព្យ​របស់​ណា​មួយ​ ដណើ្តម​យក​ទ្រព្យ​របស់​ណា​មួយ​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប ។

បុគ្គល​ណា​ ​គេ​សួរ​ជាបន្ទាល់ និយាយកុហក ​ព្រោះ​ហេតុ​នៃ​ខ្លួន​ក្តី​ ​ព្រោះ​ហេតុ​នៃ​បុគ្គល​​ដទៃ​​ក្តី​ ​ព្រោះ​ហេតុ​នៃ​ទ្រព្យ​ក្តី​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប ។

បុគ្គល​ណា​ ប្រព្រឹត្តខូចចំពោះប្រពន្ធ ​របស់​ពួក​ញាតិ​ ឬសម្លាញ់ ​ដោយ​ការ​កំហែង ឬ​ដោយ​ការស្រឡាញ់​ស្ម័គ្រ​ចិត្ត​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប ។

បុគ្គល​ណា​ ជា​អ្នក​ស្តុកស្តម តែ​មិន​ចិញ្ចឹម​មាតា ឬបិតា​ដែល​ចាស់​ជរា ​មាន​វ័យ​កន្លង​ហើយ​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប ។

បុគ្គល​ណា​ ប្រហារមាតា ឬបិតា បងប្អូនប្រុស បងប្អូនស្រី ឬម្តាយក្មេក ឬ​ក៏​ជេរ​ប្រទេច​ដោយ​វាចា ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គលថោកទាប ។

បុគ្គល​ណា​ កាល​ដែល​គេ​សួរ​ចំពោះហេតុ​មាន​ប្រយោជន៍ ​ហើយ​ពន្យល់​ប្រាប់​ហេតុ​ដែល​គ្មាន​ប្រយោជន៍ បង្ហាញ​ដោយ​ពាក្យ​បិទបាំង ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប ។

បុគ្គល​ណា​ ​បាន​ធ្វើ​បាបកម្ម ​ហើយ​ប្រាថ្នាថា ​អ្នក​ផង​កុំ​គប្បី​ដឹង​នូវ​អញ ​បុគ្គល​ណា​ ​មាន​ការងារ​បិទបាំង ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប ។

បុគ្គល​ណា​ ​ទៅ​កាន់ត្រកូលញាតិមិត្ត​ដទៃ​ ទាំង​បាន​បរិភោគ​ភោជន​ដ៏​ស្អាត​ ​ហើយ​មិន​បាន​បូជា​គេ​ ​ដែល​មក​កាន់ផ្ទះ​របស់​ខ្លួន​វិញ​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប ។

បុគ្គល​ណា​ បញ្ឆោតព្រាហ្មណ៏​ក្តី​ សមណៈ​ក្តី​ ឬ​អ្នក​សូម​ឯទៀត​ក្តី​ ​ដោយ​ពាក្យ​កុហក ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គលថោកទាប ។

បុគ្គល​ណា​ ជេរសមណៈ ឬព្រាហ្មណ៍​ដោយ​វាចា​ក្តី​ ​មិន​ឲ្យ​ភោជន ​ក្នុង​វេលា​ភត្តកាល ​ដែល​គួរ​ទំនុក​បម្រុង​ក្តី​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គលថោកទាប ។

បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​ត្រូវ​មោហៈរួបរឹត​ហើយ​ កាលស្វែង​រក​ចំពោះទ្រព្យ​ណា​មួយ​ ​ក៏​និយាយ​បោកប្រាស់ ​ដោយ​ពាក្យ​មិន​ពិត (​នឹង​ស្រ្តី) ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប ។

បុគ្គល​ណា​ ​លើ​កតំកើងខ្លួន​ឯង​ ឬបន្តុះបង្អាប់​ពួក​ជន​​ដទៃ​ តែខ្លួនជា​អ្នក​សាបសូន្យ (​ចាក​គុណវុឌ្ឍិ) ​ព្រោះ​ការតំកើង ​និង​ការ​បន្តុះបង្អាប់​របស់​ខ្លួន ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប ។

បុគ្គល​ណា​ កោងកាច​ក្តី​ ស្មូ​រក​ន្ទ្រឹស​ក្តី​ ​មាន​សេចក្តី​ប្រាថ្នា​អាក្រក់​ក្តី​ កំណាញ់​ក្តី​ អំនួត​ក្តី​ ​មិន​អៀនខ្មាស​ក្តី​ ​មិន​ខ្លាច​បាប​ក្តី​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គលថោទាប ។

បុគ្គល​ណា​ ជេរប្រទេចព្រះពុទ្ធ ឬសាវ័ក​របស់​ព្រះពុទ្ធ ឬបរិពា្វជក ឬ​ក៏​គ្រហស្ថ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប ។

បុគ្គល​ណា​ ​មិន​មែនជាអរហន្ត​ទេ តែប្តេជា្ញ (ខ្លួន) ​ថា​ជា​អរហន្ត បុគ្គល​នោះ​ ជាចោរ​ក្នុង​លោក ព្រមទាំង​ព្រហ្មលោក ​នេះ​ឯង​ជាបុគ្គល​ថោកទាប​បំផុត​ ។

បុគ្គលថោកទាប​ទាំង​នេះ​ឯង​ តថាគត​បាន​ប្រកាស​ហើយ​ បុគ្គល​មិន​មែនថោក​ទាប ​ព្រោះ​ជាតិ ​មិន​មែន​ជាព្រាហ្មណ៍​ព្រោះ​ជាតិទេ បុគ្គល​ថោកទាប ​ព្រោះ​កម្ម ជា​ព្រាហ្មណ៍ ​ក៏​ព្រោះ​កម្ម ។

អ្នក​ទាំងឡាយ ​ចូរ​ដឹង​នូវ​សេចក្តី​នោះ​ ​ដោយ​ពាក្យ​នេះ​ចុះ ​ដូច​ឧទាហរណ៍​នេះ​ឯង​ កូន​របស់​មនុស្សចណ្ឌាល ​មាន​ឈ្មោះ​បា្រកដថា សោបាកមាតង្គៈ មាតង្គកុមារ​នោះ​ ​បាន​នូវ​យស​ដ៏​ប្រសើរ ​ដែល​គេ​បាន​ដោយ​ក្រក្រៃលែង ​ពួក​ក្សត្រ ព្រាហ្មណ៍ជាច្រើន តែងមកកាន់​ទី​បំរើ​របស់​កុមារ​នោះ​ ។

មាតង្គកុមារ​នោះ​ ​ឡើង​កាន់យាន ​គឺ​សមាបត្តិ ៨ អាច​ឲ្យ​ទៅ​កាន់​ទេវលោក បា្រស​ចាក​ធូលី ​គឺ​កិលេស ជាផ្លូវធំ នឿយណាយ​នឹង​កាមរាគ​ហើយ​ ​ទៅ​កើត​ក្នុង​ព្រហ្មលោក ។

ជាតិ ​មិន​មែនឃាត់មាតង្គៈ​នោះ​ ​ចាក​ការ​កើត​ក្នុង​ព្រហ្មលោក​ទេ ។ ​ពួក​ព្រាហ្មណ៍ ជាផៅពង្ស​ព្រោះ​មន្ត ​កើត​ក្នុង​ត្រកូល​អ្នក​រៀនមន្ត ​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ ​រមែង​ប្រាកដ​ក្នុង​បាបកម្ម​ទាំងទ្បាយ​រឿយ ៗទុគ្គតិ​ដែល​អ្នក​ផង​គួរ​តិះដៀល ​ក្នុង​បច្ចុប្បន្ន​ក៏​មាន​ ​ក្នុង​បរលោក​ក៏​មាន​ (​ព្រោះ​បាបកម្ម​ជាបច្ច័យ) ។

ជាតិ ​មិន​មែនឃាត់​ពួក​ព្រាហ្មណ៍ទាំង​នោះ​ ​ចាក​ទុគ្គតិ ឬ​ចាក​ការតិះដៀលទេ ។ បុគ្គល​មិន​មែន​ថោកទាប ​ព្រោះ​ជាតិ ​មិន​មែន​ជាព្រាហ្មណ៍ ​ព្រោះ​ជាតិទេ បុគ្គល​ថោកទាប ​ព្រោះ​កម្ម ជាព្រាហ្មណ៍ ​ក៏​ព្រោះ​កម្មដែរ ។

[១៤] ព្រះ​មាន​ព្រះភាគ ត្រាស់យ៉ាង​នេះ​ហើយ​ អគ្គិកភារទ្វាជព្រាហ្មណ៍ ​ក៏​ក្រាប​បង្គំទូល​ព្រះ​មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ភ្លឺច្បាស់ណាស់ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ភ្លឺច្បាស់ណាស់ ធម៌​ដែល​ព្រះគោតម​ដ៏​ចម្រើន​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​អនេក​បរិយាយ​យ៉ាង​នេះ​ ​ដូច​គេ​ផ្ងារ​នូវ​របស់​ដែរ​ផ្កា​ប់ ឬ​ដូច​គេ​បើក​បង្ហាញ​របស់​ដែល​កំបាំង ពុំ​នោះ​ ​ដូច​គេ​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងផ្លូវ ពុំ​នោះ​សោត ​ដូច​គេ​បំភ្លឺ​ប្រ​ទី​បប្រេង ​ក្នុង​ទី​ងងឹត ​ដោយ​គិតថា មនុស្ស​អ្នក​មាន​ចក្ខុ មើលឃើញ​រូបទាំងឡាយ​បាន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះគោតម​ដ៏​ចម្រើន​ផង​ ព្រះធម៌​ផង​ ព្រះ​ភិក្ខុ​សង្ឃ​ផង​ ជាសរណៈ ​សូម​ព្រះគោតម​ដ៏​ចម្រើន​ ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ ​ថា​ជា​ឧបាសក ​អ្នក​ដល់​នូវ​សរណគមន៍ ស្មើ​ដោយ​ជីវិត ចាប់ដើមអំពី​ថ្ងៃ​នេះ​ទៅ​ ។

ចប់ វសលសូត្រ ​ទី​៧ ។

មេត្តសូត្រ ​ទី​៨

[កែប្រែ]

[១៥] កិច្ចណា ​ដែល​អរិយបុគ្គល ​បាន​ត្រាស់​ដឹង​នូវ​ចំណែក​នៃ​ធម៌​ដ៏​ស្ងប់រម្ងាប់ ​គឺ​ព្រះនិព្វាន (​បាន​ធ្វើ​ហើយ​) កិច្ច​នោះ​ កុលបុត្រ​អ្នក​ឈ្លាស​ក្នុង​ប្រយោជន៍ ​គួរ​ធ្វើ​ (កុលបុត្រ​នោះ​) ​គួរ​ជា​អ្នក​អាចហ៊ាន​ផង​ ​មាន​កាយវាចា​ត្រង់​ផង​ ​មាន​ចិត្ត​ត្រង់​ល្អ​ផង​ ជាបុគ្គល​ប្រដៅ​ងាយ​ផង​ ​មាន​សភាព​ទន់ភ្លន់​ផង​ ​មិន​មិន​មានះ​ដ៏​ក្រៃ​លែង​ផង​ ។ ជា​អ្នក​សន្ដោស​ផង​ ​គេ​ចិញ្ចឹម​ងាយ​ផង​ ​មិន​មាន​កិច្ចកង្វល់​ផង​ ប្រព្រឹត្ត​ស្រាលព្រម​ផង​ ​មាន​ឥន្រ្ទិយ​ស្ងប់​ផង​ ​មាន​ប្រាជ្ញា​ចាស់​ផង​ ​មិន​ឆ្គាំឆ្គង​ផង​ ​មិន​ជាប់​ចំពាក់​ក្នុង​ត្រកូល​ទាំងឡាយ​ផង​ ។ វិញ្ញូជន​ទាំងឡាយ ​គប្បី​តិះដៀល​នូវ​ជន​ទាំងឡាយ​​ដទៃ​ ​ដោយ​កម្មណា ​មិន​គួរ​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​នោះ​ ​ដែល​ជា​កម្មលាមក សូម្បី​តិច​តួច (​ ​ហើយ​គប្បី​ផ្សាយ​មេត្តា​ចិត្ត​ ចំពោះ​ពួក​សត្វ​ថា) ​សូម​ឲ្យ​ពួក​សត្វ​ទាំងពួង ​មាន​សេចក្ដីសុខ ​មាន​សេចក្ដី​កេ្សមក្សាន្ត ​មាន​ខ្លួន​ដល់​នូវ​សេចក្ដីសុខ​ចុះ ​ពួក​សត្វ​ដែល​មាន​ជីវិត​ ឥត​មាន​សេសសល់ ទោះ​សត្វ​ជា​អ្នក​មាន​សេចក្តី​តក់ស្លុត ​គឺ​នៅ​មាន​តណ្ហា​ក្តី​ ជា​អ្នក​មាំមួន ​គឺ​ឥត​មាន​តណា្ហ​ក្តី​ ​ពួក​សត្វ​ដែល​មាន​កាយ​វែង​ក្តី​ ធំ​ក្តី​ ​មាន​កាយ​យ៉ាងកណ្តាល​ក្តី​ ខ្លី​ក្តី​ ស្គម​ក្តី​ ធាត់​ក្តី​ ​ពួក​សត្វ​ដែល​យើង​ឃើញ​ក្តី​ ​មិន​ឃើញ​ក្តី​ ​ពួក​សត្វ​ដែល​នៅ​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​កើត​រួច​ហើយ​ក្តី​ ​កំពុង​ស្វែង​រក​កំណើត​ក្តី​ ​សូម​ឲ្យ​សត្វ​ទាំង​អស់​ (​នោះ​) ​មាន​ខ្លួន​ដល់​នូវ​សេចក្តី​សុខចុះ​ ។ ​សត្វ​​ដទៃ​ ​មិន​គួរ​កំហែង​បៀតបៀន​សត្វ​​ដទៃ​​ឡើយ​ ​មិន​គួរ​មើលងាយ​គេ​តិច​តួច ​ក្នុង​ទី​ណា​មួយ​ឡើយ​ ​មិន​គួរ​ប្រាថា្ន​នូវ​សេចក្តី​ទុក្ខ ​ដល់​គ្នា​នឹង​គ្នា ​ដោយ​សេចក្តី​ក្រេវក្រោធ ​ដោយ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ឡើយ​ ។ មាតាថ្នមរក្សាបុត្ត ​ដែល​កើត​អំពីខ្លួន ជាបុត្ត​តែ​មួយ​ ​ដោយ​អាយុ ​គឺ​ថា សូម្បីជីវិត​ក៏​ហ៊ានលះបង់ ​ក្នុង​ការ​រក្សា​នូវ​បុត្ត​បាន​ យ៉ាងណាមិញ បុគ្គល​គួរ​ចម្រើន​មេត្តា​ចិត្ត​ ​មិន​មាន​ប្រមាណ ចំពោះ​ពួក​សត្វ​ទាំងពួង ​ក៏​យ៉ាង​នោះ​ឯង​ បុគ្គល​គួរ​ចម្រើន​មេត្តា​ចិត្ត​ ​មិន​មាន​ប្រមាណ ជាធម៌​មិន​ចង្អៀត ​មិន​មាន​ពៀរ ​មិន​មាន​ស​ត្រូវ​ ​ទៅ​ក្នុង​លោក​ទាំង​អស់​ ទាំង​ខាង​លើ​ ​ខាង​ក្រោម ទាំងទទឹង ​គឺ​ត្រង់​កណ្តាល​ផង​ (បុគ្គល​អ្នក​ចម្រើន​មេត្តា​ចិត្ត​នោះ​) ទោះឈរ​ក្តី​ ​ដើរ​ក្តី​ អង្គុយ​ក្តី​ ដេក​ក្តី​ ជា​អ្នក​មាន​សេចក្តី​ងោកងក់​ទៅ​ប្រាស​ហើយ​ ​គឺ​ជា​អ្នក​មិន​ដេកលក់ ​អស់​កាល​ត្រឹមណា ​គួរ​ដំកល់​នូវ​មេតា្តនុស្សតិនុ៎ះ (​អស់​កាល​ត្រឹមណោះ) ។ ​បណ្ឌិត​ទាំងឡាយ ​ពោល​នូវ​ដំណើរ​នុ៎ះ ​ថា​ជា​ព្រហ្មវិហារ ​ក្នុង​សាសនា​នេះ​ ។ (បុគ្គល​ដែល​មាន​មេត្តា​ព្រហ្មវិហារ) ​មិន​អាស្រ័យ​នូវ​ទិដ្ឋិ ជា​អ្នក​មាន​សីល ប្រកប​ដោយ​ទស្សនសម្បិត្ត ​គឺ​សោតាបត្តិមគ្គ ​បន្ទោបង់​នូវ​សេចក្តី​ត្រេកអរ​ក្នុង​កាមទាំងឡាយ ​ដោយ​សកទាគាមិមគ្គ ​និង​អនាគាមិមគ្គ ​រមែង​មិន​មក​កាន់​គព្ភសេយ្យាសន៍ ​គឺ​ថា ​មិន​មក​កើត​ក្នុង​គភ៌ទៀត​ឡើយ​ ។

ចប់ មេត្តសូត្រ ​ទី​៨ ។

ហេមវតសូត្រ ​ទី​៩

[កែប្រែ]

[១៦] (សាតាគិរយក្ស ​ពោល​ថា) ​ថ្ងៃ​នេះ​ ជា​ថ្ងៃ​ឧបោសថ​ទី​ ១៥ រាត្រីទិព្វ​ប្រាកដ​ហើយ​ ណ្ហើយចុះ យើងទាំងឡាយ ​នឹង​ទៅ​គាល់​ព្រះគោតម ជាសាស្តា ​មាន​ព្រះនាម​មិន​ថោកថយ ។

(ហេមវតយក្ស ​សួរ​ថា) ព្រះហឫទ័យ (​របស់​ព្រះគោតម) តាំង​នៅ​ល្អ​ ​នឹង​ធឹង ​ក្នុង​សត្វ​ទាំង​អស់​ទេឬ តម្រិះ​របស់​ព្រះអង្គ ​បាន​ធ្វើ​ឲ្យ​ស្ទាត់​ជំនាញ ​ក្នុង​ឥដ្ឋារម្មណ៍  ​និង​អនិដ្ឋារម្មណ៍​ហើយ​ឬ ។

(សាតាគិរយក្ស ​ពោល​ថា) ព្រះហឫទ័យ ​របស់​ព្រះគោតម​នោះ​ តាំង​នៅ​ល្អ​ ​នឹង​ធឹង ​ក្នុង​ពួក​សត្វ​ទាំង​អស់​ ​មួយ​ទៀត តម្រិះ​ព្រះអង្គ ​បាន​ធ្វើ​ឲ្យ​ស្ទាត់​ជំនាញ ​ក្នុង​ឥដ្ឋារម្មណ៍ ​និង​អនិដ្ឋារម្មណ៍​ហើយ​ ។

(ហេមវតយក្ស ​សួរ​ថា) ព្រះគោតម ​មិន​កាន់​យក​វត្ថុ ​ដែល​គេ​មិន​បាន​ឲ្យ​ទេឬ ព្រះអង្គ​សង្រួម​ក្នុង​ពួក​សត្វ​ ឬឆ្ងាយ​ចាក​សេចក្តី​ប្រមាទឬ ​មិន​បោះបង់​ចោល​ឈាន​ទេឬ ។

(សាតាគិរយក្ស ​ពោល​ថា) ព្រះគោតម​នោះ​ ​មិន​កាន់​យក​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ទេ ​មួយ​ទៀត ព្រះអង្គ​សង្រួម​ក្នុង​ពួក​សត្វ​ ទាំងឆ្ងាយ​ចាក​សេចក្តី​ប្រមាទ​ហើយ​ ជាព្រះពុទ្ធ ​មិន​បោះបង់​ឈាន​ចោល​ឡើយ​ ។

(ហេមវតយក្ស ​សួរ​ថា) ព្រះសមណគោតម ​មិន​ពោល​ពាក្យ​កុហកទេឬ ​មាន​គន្លង​នៃ​ពាក្យ​មិន​អស់​ទេឬ (​មិន​ពោល​ផរុសវាចា) ​មិន​ពោល​ពាក្យ​ញុះញុង់ទេឬ ​មិន​ពោល​ពាក្យ​ឥតប្រយោជន៍ទេឬ ។

(សាតាគិរយក្ស ​ពោល​ថា) ព្រះសមណគោតម​នោះ​ ​មិន​ពោល​ពាក្យ​កុហកទេ ​មួយ​ទៀត ​មាន​គន្លង​នៃ​ពាក្យ​មិន​ចេះ​អស់​ ទាំង​មិន​ចេះ​ពោល​ពាក្យ​ញុះញង់ទេ តែង​ពោល​ពាក្យ​មាន​ប្រយោជន៍ ​ដោយ​បញ្ញា ។

(ហេមវតយក្ស ​សួរ​ថា) ព្រះពុទ្ធ​មិន​ត្រេកអរ​ក្នុង​កាមទេឬ ព្រះហឫទ័យ​មិន​ល្អ​ក់ទេឬ ព្រះអង្គ​កន្លង​បង់​នូវ​មោហៈ​ហើយ​ឬ ​មាន​បញ្ញាចក្ខុ ​ក្នុង​ធម៌​ទាំងឡាយឬ ។

(សាតាគិរយក្ស ​ពោល​ថា) ព្រះពុទ្ធ​នោះ​ ​មិន​ត្រេកអរ​ក្នុង​កាមទាំងឡាយ​ទេ ទាំងព្រះហឫទ័យ​សោត ​ក៏​មិន​ល្អ​ក់ ព្រះអង្គ​កន្លង​បង់​នូវ​មោហៈ​ទាំង​អស់​ ជាព្រះពុទ្ធ ​មាន​បញ្ញាចក្ខុ ​ក្នុង​ធម៌ទាំងឡាយ ។

(ហេមវតយក្ស ​សួរ​ថា) ព្រះពុទ្ធ បរិបូណ៌​ដោយ​វិជ្ជា​ឬ ​មាន​ចរណៈ​ដ៏​បរិសុទ្ធ ប្រពៃឬ អាសវៈ​ទាំងឡាយ ​របស់​ព្រះអង្គ​អស់​ហើយ​ឬ ការ​កើត​ក្នុង​ភពថ្មីទៀត ​មិន​មាន​ទេឬ ។

(សាតាគិយក្ស ​ពោល​ថា) ព្រះគោតមបរិបូណ៌​ដោយ​វិជា្ជ​ទាំង​មាន​ចរណៈ​ដ៏​បរិសុទ្ធ​ប្រពៃ អាសវៈ​ទាំង​អស់​ ​របស់​ព្រះអង្គ​អស់​ហើយ​ ភពថ្មី​របស់​ព្រះអង្គ ​មិន​មាន​ទៀត​ឡើយ​ ។ ព្រះហឫទ័យ ​របស់​ព្រះមុនី បរិបូណ៌​ដោយ​កម្ម​ផង​ ​ដោយ​គន្លង​នៃ​ពាក្យ​ផង​ ណ្ហើយចុះ យើង​នឹង​ទៅ​គាល់ព្រះគោតម ​ដែល​បរិបូណ៌​ដោយ​វិជា្ជ ​និង​ចរណៈ ។

អ្នក​ចូរ​មក យើង​នឹង​ទៅ​គាល់ព្រះគោតម ​ដែល​មាន​ព្រះជង្ឃា ​ដូច​ជា​ស្មង​នៃ​សត្វ​រមាំង ​មាន​ព្រះកាយ​ស្គម ជា​អ្នក​ប្រាជ្ញ ​មាន​អាហារ​តិច​ ​មិន​ឡេះឡោះ [​មិន​លោភ​ក្នុង​អាហារ​ដោយ​ឆន្ទរាគៈ ។] ជា​អ្នក​ស្ងប់ស្ងៀម ដុត​កំដៅកិលេស​ក្នុង​ព្រៃ​ ។

យើង​នឹង​ចូរ​ទៅ​គាល់ ​ហើយ​សួរ​នូវ​ការ​រួច​ចាក​អន្ទាក់​នៃ​មច្ចុ ចំពោះ​ព្រះអង្គ ជា​អ្នក​ប្រសើរ ត្រាច់​ទៅ​តែម្នាក់​ឯង​ ​ដូច​ជា​សត្វ​សីហៈ ​មិន​អាឡោះ​អាល័យ​ក្នុង​កាម​ទាំងឡាយ ។ យើង​នឹង​សួរ​នូវ​ព្រះគោតម ជា​អ្នក​ប្រាប់​ចង្អុលបង្ហាញ ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ជាព្រះពុទ្ធ ​កន្លង​បង់​នូវ​ពៀរ ​និង​ភ័យ ។

(ហេមវតយក្ស ​សួរ​ថា) ​សត្វ​លោក​កើត​ឡើង​ព្រោះ​អ្វី ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ព្រោះ​អ្វី ​សត្វ​លោក​ប្រកាន់​នូវ​អ្វី​ ​សត្វ​លោក​លំបាក​ព្រោះ​អ្វី ។

(ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​ ​ម្នាល​ហេមវតៈ) ​សត្វ​លោក​កើត​ឡើង​ព្រោះ​វត្ថុ ៦ ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ព្រោះ​វត្ថុ ៦ ​សត្វ​លោក​ប្រកាន់​មាំ​នូវ​វត្ថុ ៦ ​សត្វ​លោក​លំបាក​ព្រោះ​វត្ថុ ៦ ។

ខ្ញុំ​ព្រះអង្គ​នឹង​សួរ​នូវ​ផ្លូវជា​ទី​នាំ​ទៅ​ ​សូម​ព្រះអង្គ​ប្រាប់ ការប្រកាន់មាំ ​ដែល​នំា​ឲ្យ​សត្វ​លោកលំបាក តើ​ដូច​ម្តេច ​សត្វ​លោក តែង​រួច​ស្រឡះ​ចាក​ទុក្ខ ​ដោយ​ប្រការ​ដូច​ម្តេច ។

កាមគុណ ៥ ​មាន​មនោជាគំរប់ ៦ ​ក្នុង​លោក ​ដែល​តថាគត​សំដែង​ហើយ​ ​សត្វ​លោក​កម្ចាត់​បង់​ហើយ​ ​នូវ​ឆន្ទៈ​ក្នុង​កាមគុណនុ៎ះ តែង​រួច​ស្រឡះ​ចាក​ទុក្ខ យ៉ាង​នេះ​ឯង​ ។ ផ្លូវជា​ទី​នាំ​ទៅ​នូវ​សត្វ​លោក​នុ៎ះ តថាគត​បាន​ប្រាប់​ហើយ​ ​ដល់​អ្នក​ទាំងឡាយ តាមពិត តថាគត​នឹង​ប្រាប់​នូវ​ផ្លូវនុ៎ះ ​ដល់​អ្នក​ទាំងឡាយ​ ​សត្វ​លោក​តែង​រួច​ស្រឡះ​ចាក​ទុក្ខយ៉ាង​នេះ​ ។

ក្នុង​លោក​នេះ​ នរណាហ្ន៎ ឆ្លងអន្លង់​បួន​បាន​ ​ក្នុង​លោក​នេះ​ នរណាហ្ន៎ ឆ្លង​នូវ​សមុទ្រ ​គឺ​សង្សារ​បាន​ នរណាហ្ន៎ ​មិន​លិច​ចុះ​ក្នុង​ជំរៅ ​គឺ​សង្សារ ​ដែល​មិន​មាន​ទី​ពឹង ​មិន​មាន​ទី​តោង ។

បុគ្គលបរិបូណ៌​ដោយ​សីល ​មាន​បញ្ញា ​មាន​ចិត្ត​ជាសមាធិ ជា​អ្នក​សំគាល់​នូវ​ត្រៃ​សិក្ខា ​ក្នុង​សន្តាន ​មាន​ស្មារតី​សព្វកាល​ ​រមែង​ឆ្លង​អន្លង់ ​ដែល​ឆ្លង​បាន​ដោយ​ក្រ (​បុគ្គល​ណា​) វៀរ​ចាក​កាមសញ្ញា ​កន្លង​ផុត​សំយោជនៈ​ទាំង​អស់​ ​មាន​សេចក្តី​ត្រេកអរ ​ក្នុង​ភព​អស់​ហើយ​ បុគ្គល​នោះ​ ​មិន​លិចចុះ​ក្នុង​ទី​ជ្រៅ ​គឺ​សង្សារ ។ ​អ្នក​ទាំងឡាយ ​ចូរ​មើល​បុគ្គល​នោះ​ ​មាន​ប្រាជ្ញា​ជ្រាលជ្រៅ ឃើញ​នូវ​ប្រយោជន៍​ដ៏​ល្អិត ​មិន​មាន​កង្វល់ ​មិន​ជាប់​ចំពាក់ ​ក្នុង​កាមភព ផុតស្រឡះ​ចាក​កិលេស​ទាំងពួង ​អ្នក​ស្វែង​រក​ប្រយោជន៍​ដ៏​ធំ ចំពោះ​កុសលកម្ម​ទាំងឡាយ ​ក្នុង​ផ្លូវ​ដ៏​ជាទិព្វ ​អ្នក​ទាំងឡាយ ​ចូរ​មើល​បុគ្គល​នោះ​ ជា​អ្នក​មាន​ឈ្មោះ​មិន​ថយថោក ឃើញ​នូវ​ប្រយោជន៍​ដ៏​ល្អិត ​ឲ្យ​នូវ​ប្រាជ្ញា ​មិន​ជាប់​ក្នុង​សេចក្តី​អាឡោះអាល័យ​ក្នុង​កាម ជា​អ្នក​ប្រាជ្ញ ​ដឹង​ហេតុ​សព្វគ្រប់ ស្វែង​រក​ប្រយោជន៍​ដ៏​ធំ ចំពោះ​កុសលកម្ម​ទាំងឡាយ ​ក្នុង​ផ្លូវ​ដ៏​ប្រសើរ ។

ឱហ្ន៎ ​ថ្ងៃ​នេះ​ យើង​បាន​ឃើញ​ល្អ​ ជាពេលភ្លឺស្វាង​ល្អ​ ជាពេល​នៃ​អរុណ​ល្អ​ ​ពួក​យើង​បាន​ឃើញ​ព្រះសម្ពុទ្ធ ​ដែល​ព្រះអង្គ​ឆ្លងអន្លង់​បាន​ហើយ​ ​មិន​មាន​អាសវៈ ។ ​ពួក​យក្ស​ទាំង​មួយ​ពាន់​នាក់​នេះ​ ជា​អ្នក​មាន​ឫទ្ធិ ​មាន​យស​ទាំង​អស់​គ្នា ​បាន​ដល់​នូវ​ព្រះសម្ពុទ្ធ​នោះ​ ជាសរណៈ ព្រះអង្គ​ជាសាស្តា​ដ៏​ប្រសើរ ​របស់​យើង​ខ្ញុំ​ទាំងឡាយ ។ យើង​ខ្ញុំ​ទាំង​នោះ​ ​នឹង​ត្រាច់​ទៅ​កាន់​ស្រុកតូច [ទេវគ្រាម ទេវបព៌ត ។ អដ្ឋកថា ។] ស្រុកធំ ភ្នំតូច ភ្នំធំ ក្រាបថ្វាយ​បង្គំព្រះសម្ពុទ្ធ​ផង​ ​នូវ​សភាព​ដ៏​ល្អ​របស់​ព្រះធម៌​ផង​ ។

ចប់ ហេមវតសូត្រ ​ទី​៩ ។

អាឡវកសូត្រ ​ទី​១០

[កែប្រែ]

[១៧] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​នៅ​ក្នុង​លំនៅ​របស់​អាឡវកយក្ស ​ក្បែរ​ក្រុង​អាឡវី ។ គ្រា​នោះ​ឯង​ អាឡវកយក្ស ចូល​ទៅ​រក​ព្រះ​មាន​ព្រះភាគ​ ​លុះ​ចូល​ទៅ​ដល់​ ​ក៏​ពោល​នឹង​ព្រះ​មាន​ព្រះភាគ​ដូច្នេះថា នែសមណៈ ​ចូរ​ចេញ​ទៅ​ ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ប្រពៃ​ហើយ​ អាវុសោ ​ហើយ​ក៏​ស្តេច​ចេញ​ទៅ​ ។ អាឡវកយក្ស ​ពោល​ថា នែសមណៈ ​ចូរ​ចូល​មក​វិញ​ ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា ​ប្រពៃ​ហើយ​ អាវុសោ ​ហើយ​ក៏​សេ្តច​ចូលមក ។ អាឡវកយក្ស ​ពោល​នឹង​ព្រះ​មាន​ព្រះភាគ​ដូច្នេះទៀត ជាគំរប់ ២ ដងថា នែសមណៈ ​ចូរ​ចេញ​ទៅ​ ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ប្រពៃ​ហើយ​ អាវុសោ​ ​រួច​ក៏​ស្តេច​ចេញ​ទៅ​ ។ អាឡវកយក្ស​ ​ពោល​ថា នែសមណៈ ​ចូរ​ចូល​មក​វិញ​ ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ប្រពៃ​ហើយ​ អាវុសោ​ ​ហើយ​ក៏​ស្តេចចូល​មក ។ អាឡវកយក្ស​នោះ​ ​ពោល​នឹង​ព្រះ​មាន​ព្រះភាគ ដូច្នេះ​ទៀត ជាគំរប់ ៣ ដងថា នែសមណៈ ​ចូរ​ចេញ​ទៅ​ ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ប្រពៃ​ហើយ​ អាវុសោ ​ហើយ​ក៏​ស្តេច​ចេញ​ទៅ​ ។ អាឡវកយក្ស ​ពោល​ថា នែសមណៈ ​ចូរ​ចូល​មក​វិញ​ ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា ​ប្រពៃ​ហើយ​ អាវុសោ ​ហើយ​ក៏​សេ្តច​ចូលមក​វិញ​ ។ អាឡវកយក្ស ​ពោល​នឹង​ព្រះ​មាន​ព្រះភាគ ដូច្នេះទៀត ជាគំរប់ ៤ ដងថា នែសមណៈ​ ​ចូរ​ចេញ​ទៅ​ ។ ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​ ​ម្នាល​អាវុសោ តថាគត​នឹង​មិន​ចេញ​ទៅ​ទេ អំពើណា​ដែល​អ្នក​​ត្រូវ​​ធ្វើ​ ​ចូរ​អ្នក​ធ្វើ​អំពើ​នោះ​ចុះ ។ នែសមណៈ​ខ្ញុំ​នឹង​សួរ​ប្រស្នា​ចំពោះលោក បើលោក​មិន​ដោះស្រាយ​ឲ្យ​យើងទេ យើង​នឹង​ធ្វើ​ចិត្ត​លោក​ឲ្យ​រវើរវាយ ឬហែក​ហ្ឫទ័យ​របស់​លោក ឬ​ក៏​ចាប់​ជើងគ្រវែង​ចោល​ទៅ​ត្រើយម្ខាង​ទន្លេគង្គា ។ ​ម្នាល​អាវុសោ តថាគត​មិន​ឃើញ​អ្នក​ណា ​ដែល​ធ្វើ​ចិត្ត​នៃ​តថាគត​ឲ្យ​រវើរវាយ​បាន​ ឬហែក​ហ្ឫទ័យ ឬ​ក៏​ចាប់​ជើងគ្រវែង​ចោល​ទៅ​ត្រើយ​ម្ខាងទន្លេគង្គា ​ក្នុង​មនុស្ស​លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ​ក្នុង​ព​ពួក​សត្វ​ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព ​និង​មនុស្ស​ដ៏​សេស​ឡើយ​ ​ម្នាល​អាវុសោ ​អ្នក​ប្រាថា្ន​នឹង​សួរ​យ៉ាងណា ​ចូរ​សួរ​មកចុះ ។ គ្រា​នោះ​ឯង​ អាឡវកយក្ស ​បាន​ពោល​នឹង​ព្រះ​មាន​ព្រះភាគ ​ដោយ​គាថា ដូច្នេះថា

[១៨] ​ក្នុង​លោក​នេះ​ អ្វីជាទ្រព្យ​ដ៏​ប្រសើរ ​របស់​បុរស អ្វី​ដែល​គេ​ប្រព្រឹត្ត​ល្អ​ហើយ​ ​តែង​នាំ​សេចក្តី​សុខ​មក​ឲ្យ​ អ្វី​មាន​រសឆ្ងាញ់​ពិសាជាង​រសទាំងឡាយ ​បណ្ឌិត​ហៅ​ជីវិត​នៃ​អ្នក​រស់​នៅ​បែបណា ​ថា​ជា​ជីវិតប្រសើរ ។

(ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​) ​ក្នុង​លោក​នេះ​ សទ្ធា ជាទ្រព្យ​ដ៏​ប្រសើរ​របស់​បុរស ធម៌​ដែល​គេ​ប្រព្រឹត្ត​ល្អ​ហើយ​ តែង​នាំ​សេចក្តី​សុខ​មក​ឲ្យ​ ​ពាក្យ​សត្យ​មាន​រស​ឆ្ងាញ់ពិសា​ជាងរស​ទាំងឡាយ​ ​បណ្ឌិត​ហៅ​ជីវិត​នៃ​អ្នក​រស់​នៅ​ដោយ​បញ្ញា ​ថា​ជា​ជីវិតប្រសើរ​ ។

បុគ្គលឆ្លងអន្លង់​បាន​ដោយ​អ្វី ឆ្លង​មហាសមុទ្រ​បាន​ដោយ​អ្វី ​កន្លង​សេចក្តី​ទុក្ខ​បាន​ដោយ​អ្វី បរិសុទ្ធ​បាន​ដោយ​អ្វី​ ។

បុគ្គលឆ្លងអន្លង់​បាន​ដោយ​សទ្ធា ឆ្លងមហាសមុទ្រ​បាន​ដោយ​សេចក្តី​មិន​ប្រមាទ ​កន្លង​សេចក្តី​ទុក្ខ​បាន​ដោយ​ព្យាយាម បរិសុទ្ធ​បាន​ដោយ​ប្រាជា្ញ ។

បុគ្គល​បាន​នូវ​ប្រាជា្ញ​ដោយ​អ្វី ​បាន​នូវ​ទ្រព្យ​ដោយ​អ្វី ​ដល់​នូវ​សេចក្តី​សរសើរ​ដោយ​អ្វី ចង​នូវ​មិត្ត​ទាំងឡាយ​បាន​ដោយ​អ្វី​ បុគ្គល​ចេញ​ចាក​លោក​នេះ​ ​ទៅ​កាន់​លោក​ខាង​មុខ ​ហើយ​មិន​សោយសោក​ក្នុង​លោក​ខាង​មុខ​ដោយ​អ្វី ។

បុគ្គលជឿធម៌​របស់​ព្រះអរហន្ត ​ស្តាប់​ដោយ​គោរព​ ជា​អ្នក​មិន​ប្រមាទ ​មាន​បញ្ញា​ពិចារណា​ ​រមែង​បាន​នូវ​ប្រាជ្ញ [ហេតុ​ឲ្យ​បាន​បញ្ញា ៤ យ៉ាង​គឺ​ ១. សទ្ធា, ២. ​ស្តាប់​ដោយ​គោរព, ៣. អប្បមាទ, ៤. វិចក្ខណៈ ការ​ពិចារណា​ ។] ដើម្បី​ដល់​ព្រះនិព្វាន បុគ្គល​មាន​ការងារ​ដ៏​សម​គួរ​ ​មាន​ធុរៈ [ព្យាយាម​ផ្លូវ​ចិត្ត​ ។]​ ​មាន​ព្យាយាម​ប្រឹងប្រែង [ព្យាយាម​ផ្លូវកាយ ។ អដ្ឋកថា ។] ​រមែង​បាន​នូវ​ទ្រព្យ​ បុគ្គល​ដល់​នូវ​សេចក្តី​សរសើរ ​ដោយ​សច្ចៈ បុគ្គល​កាល​ឲ្យ​ ​រមែង​ចង​នូវ​មិត្តទាំងឡាយ​បាន​ ។

ធម៌ទាំង ៤ ​នេះ​ ​គឺ​សច្ចៈ ១ ធម្មៈ (បញ្ញា) ១​ ធីតិ​ (ព្យាយាម) ១ ចាគៈ (ការបរិច្ចាគ) ១ ​របស់​បុគ្គល​ណា​មាន​សទ្ធា​ ​នៅ​គ្រប់គ្រងផ្ទះ​ ​បុគ្គល​នោះ​ឯង​ ​រមែង​មិន​សោយ​សោក​ ​ក្នុង​លោក​ខាង​មុខ ។

អញ្ជើញ​អ្នក​ទៅ​សួរ​ពួក​សមណព្រាហ្មណ៍​ជាច្រើន​​ដទៃ​​ទៀតចុះ​ បើ​មាន​ធម៌​ដទៃ​​ទៀត ​ក្នុង​លោក​នេះ​ ​ឲ្យ​ក្រៃលែង​ជាងសច្ចៈ ទមៈ ចាគៈ ខន្តិ  ​ទៅ​ទៀត ។

ឥឡូវ​នេះ​ ​ខ្ញុំ​ចាំបាច់​សួរ​ពួក​សមណព្រាហ្មណ៍​ជាច្រើន​ធ្វើ​អ្វីទៀត (​ព្រោះ​) ​ក្នុង​ថ្ងៃ​នេះ​ ​ខ្ញុំ​ដឹង​ប្រយោជន៍ ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​លោក​ខាង​មុខ​ច្បាស់​ហើយ​ ព្រះពុទ្ធ ​ទ្រង់​ស្តេចមកកាន់​ដែនអាឡវី ដើម្បីគង់​នៅ​ជា​ប្រយោជន៍​ដល់​ខ្ញុំ​ព្រះអង្គ​ហើយ​ ​ក្នុង​ថ្ងៃ​នេះ​ ​ខ្ញុំ​ព្រះអង្គ​ដឹង​ច្បាស់​ហើយ​ថា​ ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ ចំពោះ​ព្រះសម្ពុទ្ធណា ​ថា​ជា​ទាន​មាន​ផលច្រើន ​ខ្ញុំ​ព្រះអង្គ​នឹង​ត្រាច់​ទៅ​អំពីស្រុក ​ទៅ​កាន់​ស្រុក​ អំពីបុរី​ទៅ​កាន់បុរី ​សូម​ថ្វាយបង្គំ​នូវ​ព្រះសម្ពុទ្ធ (​នោះ​) ​ផង​ ​នូវ​សភាព​ដ៏​ល្អ​របស់​ព្រះធម៌​ផង​ ។

ចប់ អាឡវកសូត្រ ​ទី​១០ ។

វិជយសូត្រ ​ទី​១១

[កែប្រែ]

[១៩] ថាបើបុគ្គល​ដើរ​ក្តី​ ឈរ​ក្តី​ អង្គុយ​ក្តី​ ដេក​ក្តី​ ​រមែង​បត់ចូល លា​ចេញ​ ​នេះ​ជា​ការកំរើកកាយ ។

កាយប្រកប​ដោយ​ឆ្អឹង ​និង​សរសៃទាំងឡាយ​ គ្រប​ដណ្តប់​ដោយ​ស្បែក ​និង​សាច់ បិទបាំង​ដោយ​សម្បុរ​ថ្ងៃ​ ​មិន​ប្រាកដ​តាមពិត ។

កាយពេញ​ដោយ​ពោះវៀន​ផង​ ពេញ​ដោយ​អាហារថ្មី​ផង​ ​ដោយ​ដុំ​ថ្លើម​ផង​ ​ដោយ​ក្រពះនោម​ផង​ ​ដោយ​បេះដូង​ផង​ ​ដោយ​សួត​ផង​ ​ដោយ​ទាច​ផង​ ​ដោយ​ក្រពះ​បាយ​ផង​ ​ដោយ​ទឹក​សំបោរ​ផង​ ​ដោយ​ទឹក​មាត់​ផង​ ​ដោយ​ញើស​ផង​ ​ដោយ​ខ្លាញ់ខាប់​ផង​ ​ដោយ​ឈាម​ផង​ ​ដោយ​ទឹក​រំអិល​ផង​ ​ដោយ​ទឹក​ប្រមាត់​ផង​ ​ដោយ​ខ្លាញ់រាវ​ផង​ ។

មួយ​ទៀត វត្ថុ​មិន​ស្អាត​ ​រមែង​ហូរ​ចេញ​តាមរន្ធ​ទាំង ៩ ​របស់​កាយ​នោះ​សព្វកាល ​គឺ​ព្រៀកភ្នែក ហូរ​ចេញ​អំពីភ្នែក មូលត្រចៀក​ហូរ​ចេញ​អំពីត្រចៀក ​ទឹក​សំបោរ​ហូរ​ចេញ​អំពី​ច្រមុះ ជួនណា​ ​ចេញ​តាមមាត់ ប្រមាត់ ​និង​ស្លេស្ម ​ក៏​ខ្ពុរ​ចេញ​តាមមាត់​ដែរ ញើស ​និង​ក្អែល​ហូរ​ចេញ​អំពីកាយ ។

មួយ​ទៀត កាយ​នោះ​ ​មាន​ក្បាលប្រហោង​ ពេញ​ដោយ​ខួរ​ក្នុង​ក្បាល ជនពាល​​ត្រូវ​អវិជ្ជា​រួបរឹត​ហើយ​ ​រមែង​សំគាល់​កាយ​នោះ​ថា​ល្អ​ កាលណា​កាយ​នោះ​ស្លាប់​ទៅ​ ដេក​នៅ​ហើមប៉ោង​ ​មាន​ពណ៌ខៀវ ​ត្រូវ​​គេ​បោះ​ចោល​ទៅ​ក្នុង​ព្រៃ​ស្មសាន​ហើយ​ កាល​ណោះ ជន​ទាំងឡាយ​ជាញាតិ ​ក៏​លែង​រមិល​ ស្វាន ចចក ឆ្កែ ដង្កូវ ជញ្ជែង​ស៊ីកាយ​ស្លាប់​នោះ​ ចំណែក​ពួក​សត្វ​​ដទៃ​ ​មាន​ក្អែកត្មាត​ជាដើម ​ក៏​ចឹកស៊ី​នូវ​កាយស្លាប់​នោះ​ដែរ ។

ភិក្ខុ​ណា​ក្នុង​សាសនា​នេះ​ ជា​អ្នក​មាន​បញ្ញា ​បាន​ស្តាប់​នូវ​ពុទ្ធវចនៈ​ហើយ​ ​ភិក្ខុ​នោះ​ ​រមែង​កំណត់​ដឹង​នូវ​កាយ​នោះ​ ​ព្រោះ​ឃើញ​ច្បាស់​តាមពិត ។ សរីរៈរស់​នេះ​ យ៉ាងណា សរីរៈ​ស្លាប់នុ៎ះ ​ក៏​យ៉ាង​នោះ​ សរីរៈស្លាប់​នុ៎ះ យ៉ាងណា សរីរៈរស់​នេះ​ ​ក៏​យ៉ាង​នោះ​ ​ភិក្ខុ​គប្បី​រំសាយ​នូវ​សេចក្តី​ប្រាថ្នា​ក្នុង​កាយ​ ទាំង​ខាង​ក្នុង​ ទាំង​ខាង​ក្រៅ​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​នោះ​ ​មាន​បញ្ញា​ប្រាស​ចាក​ឆន្ទរាគ ​ដល់​នូវ​បទ ​គឺ​ព្រះនិព្វាន ជា​ធម្មជាតិ​មិន​ស្លាប់ ​ចេញ​ចាក​វានៈ ​គឺ​តណ្ហា ជា​ធម្មជាតិ​ស្ងប់ ​មិន​ច្យុត ។ កាយ ​មាន​ជើងពីរ​នេះ​ ​មិន​ស្អាត​ ​មាន​ក្លិន​អសោចិ៍ ពេញ​ដោយ​សាកសព​ផ្សេង ៗ ហូរ​ចេញ​អំពីរន្ធ​នោះ​ ៗ ។

បុគ្គល​ណា​ ​មាន​កាយ​មាន​សភាពដូច្នេះ ​ហើយ​លើ​កដំកើង​ខ្លួន​ឯង​ មើលងាយ​បុគ្គល​​ដទៃ​ (បុគ្គល​នោះ​) គ្មាន​ធម្មជាតិ​អ្វី ​ក្រៅ​អំពីការ​មិន​ឃើញ (​នូវ​អរិយសច្ចៈ​ទេ) ។

ចប់ វិជយសូត្រ ​ទី​១១ ។

មុនិសូត្រ ​ទី​១២

[កែប្រែ]

[២០] ភ័យ​កើត​អំពី​សេចក្តី​ស្និទ្ធស្នាល ធូលី ​គឺ​រាគៈ​ជាដើម ​កើត​អំពី​លំនៅ​ ​គឺ​រូបនិមិត្ត​ជាដើម ការ​មិន​មាន​លំនៅ​ ​និង​ការ​មិន​មាន​សេចក្តី​ស្និទ្ធស្នាល​នុ៎ះ​ឯង​ ជាការ​ឃើញ​របស់​មុនី (​អ្នក​ប្រាជ្ញ) ។

បុគ្គល​ណា​ ​បាន​ផ្តាច់បង់​នូវ​កិលេស​ដែល​កើត​ហើយ​ ​មិន​បណ្តុះ​ កិលេស​ដែល​កំពុង​កើត​ ​មិន​ប្រមូល​មក (​នូវ​បច្ច័យ) ​នៃ​កិលេស​នោះ​ ​អ្នក​ប្រាជ្ញ ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​មាន​ប្រយោជន៍​ប្រសើរ​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ទាំងឡាយ ​កំពុង​ប្រព្រឹត្ត បុគ្គល​នោះ​ ស្វែង​រក​ (​នូវ​ខន្ធ​ ​មាន​សីលក្ខន្ធ​ជាដើម) ​បាន​ឃើញ​ហើយ​នូវ​ចំណែក​នៃ​សន្តិភាព ។

បុគ្គល​ណា​ ​ពិចារណា​ឃើញ​ទី​កើត​ (​នៃ​កិលេស) ទាំងឡាយ​ ​ហើយ​លះបង់​ពូជ ​មិន​ប្រមូល​មក​នូវ​ជ័រ ​គឺ​តណ្ហា ​និង​ទិដ្ឋិ បុគ្គល​នោះ​ឯង​ ជាមុនី ឃើញ​នូវ​ទី​បំផុត​នៃ​ការ​អស់​ជាតិ លះបង់​នូវ​អកុសលវិតក្កៈ ​មិន​ដល់​នូវ​កិរិយារាប់ (​ថា​ជា​អ្នក​ត្រេកអរ ឬ​ប្រទូស្ត​ឡើយ​) ។

បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​លំនៅ​ ​គឺ​ភព​ទាំង​អស់​ ​មិន​ប្រាថ្នា​លំនៅ​ទាំង​នោះ​ទៀត​ សូម្បី​លំនៅ​ណា​មួយ​ បុគ្គល​នោះ​ ជាមុនី ​មាន​សេចក្តី​ប្រាថ្នា​ទៅ​ប្រាស​ហើយ​ ជា​អ្នក​លែងប្រាថ្នា ​មិន​ប្រមូល​មក (​នូវ​កម្មជា​កុសល ឬអកុសល) ​ព្រោះ​ជា​អ្នក​ដល់​នូវ​ត្រើយ​គឺ​ព្រះ​និព្វាន ។

អ្នក​ប្រាជ្ញទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​បុគ្គល​នោះ​ ​អ្នក​គ្រប​សង្កត់​នូវ​ធម៌ទាំងពួង ​ដឹង​ច្បាស់​នូវ​ធម៌​ទាំងពួង ​មាន​បញ្ញា​ល្អ​ ​មិន​ជាប់​ក្នុង​ពួក​ធម៌​ទាំងពួង លះបង់​នូវ​ធម៌​ទាំងពួង ​រួច​ស្រឡះ ​ព្រោះ​អស់​ទៅ​នៃ​តណ្ហា ​ថា​ជា​មុនី ។

អ្នក​ប្រាជ្ញទាំងឡាយ ​ដឹង​ច្បាស់​នូវ​បុគ្គល​នោះ​ ​អ្នក​មាន​កំឡាំង ​គឺ​ប្រាជ្ញា ប្រកប​ដោយ​សីលវ័ត ​មាន​ចិត្ត​ដំកល់​មាំ ត្រេកអរ​ក្នុង​ឈាន ​មាន​ស្មារតី ​រួច​ចាក​ធម៌ជាគ្រឿង​ជាប់ ​មិន​រឹងរូស ​មិន​មាន​អាសវៈ ​ថា​ជា​មុនី ។

អ្នក​ប្រាជ្ញទាំងឡាយ ​ដឹង​ច្បាស់​នូវ​បុគ្គល​នោះ​ ជាបុគ្គលឯក ត្រាច់​ទៅ​ ជា​អ្នក​ស្ងៀម [​ព្រោះ​ប្រកប​មោនេយ្យធម៌ ។] ​មិន​ប្រមាទ ​មិន​ញាប់ញ័រ ​ក្នុង​សេចក្តី​និន្ទា ​និង​សរសើរ ​ដូច​ជា​សត្វ​សីហៈ ​មិន​តក់ស្លុត​ព្រោះ​សំឡេង ​មិន​ជាប់​ក្នុង​សំណាញ់ ​គឺ​តណ្ហា ​និង​ទិដ្ឋិ ​ដូច​ជា​ខ្យល់​មិន​ជាប់​ក្នុង​សំណាញ់ ​មិន​ប្រឡាក់​ដោយ​លោក ​ព្រោះ​គ្រឿង​ប្រឡាក់ ​គឺ​តណ្ហា ​និង​ទិដ្ឋិ ​ដូច​ផ្កា​ឈូក​មិន​ប្រឡាក់​ដោយ​ទឹក​ ជា​អ្នក​ដឹក​នាំ​គេ​ មនុស្ស​ដទៃ​​មិន​គប្បី​នាំ​ទៅ​បាន​ ​ថា​ជា​មុនី ។

ជនទាំងឡាយ​ដទៃ​ តែង​ពោល​នូវ​វាចា​មាន​ទី​បំផុត​ដោយ​ជុំ​វិញ​ ចំពោះវត្ថុណា ​បុគ្គល​ណា​ (​មិន​ដល់​នូវ​សេចក្តី​ត្រេកអរ ឬ តូច​ចិត្ត​ ​ក្នុង​វត្ថុ​នោះ​) ​ដូច​ជាសសរ ​ដែល​បុគ្គល​ដាំចុះ​ក្នុង​កំពង់​សម្រាប់ងូត ​អ្នក​ប្រាជ្ញ​ទាំងឡាយ ​ដឹង​ច្បាស់​នូវ​បុគ្គល​នោះ​ ​អ្នក​មាន​រាគៈ​ទៅ​ប្រាស​ហើយ​ ​មាន​ឥន្ទ្រិយ​តម្កល់​មាំ​ល្អ​ហើយ​ ថា​ជាមុនី ។

បុគ្គល​ណា​ ​មាន​ខ្លួនស្ថិត​នៅ​ត្រង់​ដូច​ជា​ខ្នារ កាល​ពិចារណា​ឃើញ​ការពុំរាបសា ​និង​ការរាបសា តែង​ខ្ពើមកម្ម​ទាំងឡាយ​ដ៏​លាមក ​អ្នក​ប្រាជ្ញ​ទាំងឡាយ ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​មុនី ។

បុគ្គល​ណា​ ​មាន​ខ្លួនសង្រួម​ហើយ​ ​មិន​ធ្វើ​បាប ទោះ​នៅ​ក្មេង​ក្តី​ កណ្តាល​ក្តី​ ជាមុនី ​មាន​ខ្លួនវៀរ​ចាក​បាប​ហើយ​ ជាបុគ្គល​មិន​មាន​ការ​បៀតបៀន ​មិន​ប្រទូស្ត​នូវ​បុគ្គល​ណា​មួយ​ ​អ្នក​ប្រាជ្ញ​ទាំងឡាយ ​រមែង​ដឹង​ច្បាស់​នូវ​បុគ្គល​នោះ​ ​ថា​ជា​មុនី ។

បុគ្គល​ណា​ ចិញ្ចឹមជីវិត​ដោយ​បុគ្គល​ដទៃ​​ឲ្យ​ ​បាន​នូវ​ដុំ​បាយ​ណា ទោះថ្មោង​ក្តី​ កណ្តាល​ក្តី​ សេសសល់​ក្តី​ ​មិន​សរសើរ ​មិន​បន្តុះ​បង្អាប់ ​អ្នក​ប្រាជ្ញ​ទាំងឡាយ ​ដឹង​ច្បាស់​នូវ​បុគ្គល​នោះ​ ​ថា​ជា​មុនី ។

បុគ្គល​ណា​ ​មិន​ជាប់​នៅ​ក្នុង​វ័យណា​មួយ​ ​អ្នក​ប្រាជ្ញ​ទាំងឡាយ ​ដឹង​ច្បាស់​នូវ​បុគ្គល​នោះ​ ​ដែល​ជា​អ្នក​ស្ងៀម ប្រព្រឹត្ត​វៀរមេថុនធម្ម វៀរស្រឡះ​ចាក​សេចក្តី​ស្រវឹង ​និង​សេចក្តី​ប្រមាទ របូត​ចាក​ចំណង ​គឺ​កិលេស ​ថា​ជា​មុនី ។

អ្នក​ប្រាជ្ញទាំងឡាយ ​ដឹង​ច្បាស់​នូវ​បុគ្គល​នោះ​ ​អ្នក​ឃើញ​នូវ​បរមត្ថ ​ព្រោះ​ដឹង​ច្បាស់​នូវ​លោក ប្រព្រឹត្ត​កន្លង​នូវ​អន្លង់ ​និង​សមុទ្រ ​មិន​ញាប់ញ័រ ​កាត់​ផ្តាច់​នូវ​គ្រឿង​ចាក​ស្រែះ ​មិន​ស្រ័យ​នូវ​តណ្ហា ​និង​ទិដ្ឋិ ​មិន​មាន​អាសវៈ ​ថា​ជា​មុនី ។

ជនទាំងពីរនាក់ ​មាន​ការ​នៅ​ ​និង​ការ​ចិញ្ចឹមជីវិត​ឆ្ងាយគ្នា ​មិន​ស្មើគា្នទេ ​គឺ​គ្រហស្ថ​ជា​អ្នក​ចិញ្ចឹម​ប្រពន្ធ ១ ​អ្នក​បួស​មិន​ប្រកាន់​ខ្លួន ជា​អ្នក​មាន​វត្ត​ល្អ​ ១ គ្រហស្ថ​មិន​បាន​សង្រួម​ក្នុង​ការបៀតបៀន​ជីវិត​សត្វ​​ដទៃ​ មុនី​សង្រួមរក្សា​នូវ​ពួក​សត្វ​អស់​កាលជានិច្ច ។ ​ដូច​ជា​សត្វ​ក្ងោក ​មាន​កខៀវ ហើរតាម​អាកាស ​មិន​ដល់​នូវ​សន្ទុះ​របស់​ហង្ស ​ក្នុង​កាលណា ៗ ​ឡើយ​ គ្រហស្ថ ​ក៏​យ៉ាង​នោះ​ដែរ ​នឹង​ធ្វើ​តាម​ភិក្ខុ​ជា​មុនី ​អ្នក​ស្ងប់ស្ងាត់ ​អ្នក​ចម្រើន​ឈាន​ក្នុង​ព្រៃ​មិន​បាន​ ។

ចប់ មុនិសូត្រ ​ទី​១២ ។

ចប់ ឧរគវគ្គ ​ទី​១ ។

ឧទ្ទាន​នៃ​ឧរគវគ្គ​នោះ​ ​គឺ

និយាយអំពីការប្រៀប​ដោយ​សត្វ​ពស់ ១ ធនិយគោបាល ១ បុគ្គល​ប្រៀប​ដោយ​កុយរមាស ១ កសិភារទ្វាជព្រាហ្មណ៍ ១ ចុន្ទ ១ ​សេចក្តី​វិនាស​ ១ បុគ្គលថោកទាប ១ ​មេត្តា​ ១ ហេមវតយក្ស ១ អាឡវកយក្ស ១ អំពីការលះ ១ មុនី ១ រួមជា ១២ ​ហៅ​ថា​ ឧរគវគ្គ ។

ចូឡវគ្គ ​ទី​២

[កែប្រែ]

រតនសូត្រ ​ទី​១

[កែប្រែ]

[២១] ​ពួក​ភូត [​ចូរ​មើល​តាម​នយលក្ខណៈ ត្រង់​សម្មាទិដ្ឋិសូត្រ មជ្ឈិមនិកាយ មូលបណ្ណាសក បឋមភាគ ២០ ។] ណា ស្ថិត​នៅ​លើ​ផែនដី​ក្តី​ ​ពួក​ភូតណា ស្ថិត​នៅ​ឰ​ដ៏​អាកាស​ក្តី​ ​ដែល​មក​ប្រ​ជុំ​ក្នុង​ទី​នេះ​ ​សូម​ពួក​សត្វ​ទាំង​អស់​នោះ​ ​មាន​ចិត្ត​ល្អ​ ​មួយ​ទៀត ​ចូរ​ស្តាប់​នូវ​ភាសិត​ដោយ​គោរព ។ ​ព្រោះ​ហេតុ​នោះ​ ​អ្នក​ទាំងឡាយ ជាភូត​ទាំង​អស់​ ​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​នូវ​មេត្តា​ចិត្ត​ ​ក្នុង​ព​ពួក​សត្វ​ ជាមនុស្ស​ជាតិ ​ពួក​មនុស្ស​ណា ​នាំ​នូវ​ពលិកម្ម ​ក្នុង​វេលា​ថ្ងៃ​ ឬវេលាយប់ ​ព្រោះ​ហេតុ​នោះ​ ​សូម​អ្នក​ទាំងឡាយ ​កុំ​ប្រហែស ​ចូរ​រក្សា​នូវ​មនុស្ស​ទាំង​នោះ​ ។ ទ្រព្យ​ជា​ទី​គាប់​ចិត្ត​ណា​មួយ​ ​ក្នុង​លោក​នេះ​ ឬ​ក្នុង​លោក​ដទៃ​ រតនវត្ថុ​ដ៏​ឧត្តម​ណា ​ក្នុង​ស្ថានសួគ៌​ក្តី​ (ទ្រព្យ ​និង​រតនវត្ថុ​ទាំង​នោះ​) សើ្ម​ដោយ​ព្រះតថាគត ​មិន​មាន​ឡើយ​ រតនៈ ​គឺ​ព្រះពុទ្ធ​នេះ​ឯង​ ជារតនៈ​ដ៏​ឧត្តម ។ ​ដោយ​ពាក្យ​សច្ចៈ​នេះ​ ​សូម​សួស្តី​កើត​មាន​ ។

ព្រះសក្យមុនី ​មាន​ព្រះហ្ឫទ័យដម្កល់មាំ ​បាន​ត្រាស់​ដឹង​ហើយ​ ​នូវ​ព្រះធម៌​ណា ជាគ្រឿង​ក្ស័យកិលេស ប្រាស​ចាក​រាគៈ ជាធម៌​មិន​ស្លាប់ ជាធម៌ឧត្តម ​របស់​អ្វី​មួយ​ស្មើ​ដោយ​ព្រះធម៌​នោះ​ ​មិន​មាន​ឡើយ​ រតនៈ ​គឺ​ព្រះធម៌​នេះ​ឯង​ ជារតនៈ​ដ៏​ឧត្តម ។ ​ដោយ​ពាក្យ​សច្ចៈ​នេះ​ ​សូម​សួស្តី​កើត​មាន​ ។

ព្រះពុទ្ធ​ដ៏​ប្រសើរ ​ទ្រង់​សរសើរ​នូវ​សមាធិ​ណា ​ថា​ជា​សមាធិ​ស្អាត​ ​បណ្ឌិត​ទាំងឡាយ ​ពោល​នូវ​សមាធិណា ​ថា​ជា​ធម៌​ឲ្យ​នូវ​ផល​ដោយ​លំដាប់ សមាធិ​ដទៃ​ ស្មើ​ដោយ​សមាធិ​នោះ​ ​មិន​មាន​ឡើយ​ រតនៈ ​គឺ​ព្រះធម៌​នេះ​ឯង​ ជារតនៈ​ដ៏​ឧត្តម ។ ​ដោយ​ពាក្យ​សច្ចៈ​នេះ​ ​សូម​សួស្តី​កើត​មាន​ ។

បុគ្គលទាំងឡាយណា ៨ ​ពួក​ ​ដែល​សប្បុរស​ទាំងឡាយ​សរសើរ​ហើយ​ បើរាប់​ជាគូ ​បាន​ ៤ គូ បុគ្គល​ទាំងឡាយ​នោះ​ ជាសាវ័ក​របស់​ព្រះសុគត លោក​គួរ​ដល់​ទក្ខិណាទាន ទាន​ទាំងឡាយ ​ដែល​បុគ្គល​ឲ្យ​ហើយ​ ចំពោះ​បុគ្គល​ទាំង​នោះ​ ជាទាន​មាន​ផលច្រើន រតនៈ ​គឺ​ព្រះសង្ឃ​នេះ​ឯង​ ជារតនៈ​ដ៏​ឧត្តម ។ ​ដោយ​ពាក្យ​សច្ចៈ​នេះ​ ​សូម​សួស្តី​កើត​មាន​ ។

អរិយបុគ្គលទាំងឡាយណា ​ក្នុង​សាសនា​នៃ​ព្រះគោតម ​ប្រកប​​ត្រូវ​​ល្អ​ហើយ​ ​មាន​ចិត្ត​ខ្ជាប់ខ្ជួន ​មិន​មាន​សេចក្តី​ប្រាថ្នា អរិយបុគ្គល​ទាំងឡាយ​នោះ​ ​ដល់​ហើយ​នូវ​ព្រះអរហត្តផល ​ហើយ​ចូល​ទៅ​កាន់​ព្រះនិព្វាន ​បាន​នូវ​ការរលត់​កិលេស​ដោយ​ទទេ ​គឺ​ឥត​មាន​ទិញដូរ​ឡើយ​ ​ហើយ​សោយ (​នូវ​ផល) រតនៈ ​គឺ​ព្រះសង្ឃ​នេះ​ឯង​ ជារតនៈ​ដ៏​ឧត្តម ។ ​ដោយ​ពាក្យ​សច្ចៈ​នេះ​ ​សូម​សួស្តី​កើត​មាន​ ។

សសរខឿន ​ដែល​គេ​បោះភ្ជាប់​នឹង​ផែនដី ជា​របស់​មិន​កម្រើក​ដោយ​ខ្យល់ព្យុះ ​ដែល​បក់​មកអំពី​ទិសទាំង ៤ យ៉ាង​ណាមិញ ​បុគ្គល​ណា​ ​ពិចារណា​ឃើញជាក់​នូវ​អរិយសច្ចៈ​ទាំងឡាយ តថាគត​ហៅ​អ្នក​នោះ​ ​ថា​ជា​សប្បុរស (​មិន​ញាប់ញ័រ) ​ក៏​យ៉ាង​នោះ​ដែរ រតនៈ ​គឺ​ព្រះសង្ឃ​នេះ​ឯង​ ជារតនៈ​ដ៏​ឧត្តម ។ ​ដោយ​ពាក្យ​សច្ចៈ​នេះ​ ​សូម​សួស្តី​កើត​មាន​ ។

អរិយបុគ្គលទាំងឡាយណា ​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​អរិយសច្ច ​ដែល​ព្រះតថាគត​មាន​ប្រាជ្ញា​ដ៏​ជ្រៅ សំដែង​ល្អ​ហើយ​ អរិយបុគ្គល​ទាំង​នោះ​ ទុកជា​ប្រមាទ​ដ៏​លើ​សលន់​ក៏​ដោយ​ អរិយបុគ្គល​ទាំង​នោះ​ ​នឹង​មិន​កាន់​យក​នូវ​ភព ជាគំរប់ ៨ (​គឺ​មិន​កើត​ទៀត​ហួសពី ៧ ជាតិ​ឡើយ​) រតនៈ ​គឺ​ព្រះសង្ឃ​នេះ​ឯង​ ជារតនៈ​ដ៏​ឧត្តម ។ ​ដោយ​ពាក្យ​សច្ចៈ​នេះ​ ​សូម​សួស្តី​កើត​មាន​ ។

ធម៌ ៣ ​គឺ​ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស ឬការ​ប្រព្រឹត្តិតាម​ណា​មួយ​ ​ដែល​សោតាបន្ន​បុគ្គល​នោះ​ ​បាន​លះបង់​ហើយ​ ជា​មួយ​នឹង​ទស្សនសម្បត្តិ ​គឺ​សោតាបត្តិមគ្គ ​មួយ​វិញ​ទៀត​សោតាបន្នបុគ្គល ​បាន​រួច​ស្រឡះ​ចាក​អ​បាយ​ទាំង ៤ ​ហើយ​ ​មិន​គួរ​ធ្វើ​នូវ​អភិឋាន ៦ ​គឺ​អនន្តរិ​យក​ម្ម ៥ ​និង​ការងាក​ចិត្ត​ទៅ​កាន់​សាសនា​​ដទៃ​​ឡើយ​ រតនៈ ​គឺ​ព្រះសង្ឃ​នេះ​ឯង​ ជារតនៈ​ដ៏​ឧត្តម ។ ​ដោយ​ពាក្យ​សច្ចៈ​នេះ​ ​សូម​សួស្តី​កើត​មាន​ ។

ទុកជាសោតាបន្នបុគ្គល​នោះ​ ​ធ្វើ​នូវ​បាបកម្ម ​ដោយ​កាយ​វាចា​ ឬ​ក៏​ដោយ​ចិត្ត​ (​ព្រោះ​សេចក្តី​ភ្លាំងភ្លាត់) សោតាបន្ន​បុគ្គល​នោះ​ ​មិន​គួរ​បិទបាំង​នូវ​បាបកម្ម​នោះ​ឡើយ​ ​ព្រោះ​ភាព​នៃ​បុគ្គល​ដែល​ឃើញ​នូវ​ព្រះនិព្វាន​ហើយ​ ជាបុគ្គល​មិន​គួរ​បិទបាំង​នូវ​បាបកម្ម ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​សំដែង​ហើយ​ រតនៈ​ ​គឺ​ព្រះសង្ឃ​នេះ​ឯង​ ជារតនៈ​ដ៏​ឧត្តម ។ ​ដោយ​ពាក្យ​សច្ចៈ​នេះ​ ​សូម​សួស្តី​កើត​មាន​ ។

គុម្ពឈើ​ក្នុង​ព្រៃ​ ​មាន​ត្រួយលូតលាស់ ​ក្នុង​ខាង​ដើម​គិម្ហរដូវ​ ​គឺ​ខែ​ក្តៅ យ៉ាងណា​មិញ ព្រះពុទ្ធ​បាន​សំដែង​ហើយ​ ​នូវ​ធម៌​ដ៏​ប្រសើរ ជាធម៌​អាច​ញ៉ាំង​សត្វ​ទាំងឡាយ ​ឲ្យ​ដល់​នូវ​ព្រះនិព្វាន ដើម្បី​ប្រយោជន៍​ដ៏​ឧត្តម ​ក៏​យ៉ាង​នោះ​ឯង​ រតនៈ ​គឺ​ព្រះពុទ្ធ​នេះ​ឯង​ ជារតនៈ​ដ៏​ឧត្តម ។ ​ដោយ​ពាក្យ​សច្ចៈ​នេះ​ ​សូម​សួស្តី​កើត​មាន​ ។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរ ​ទ្រង់​ជ្រាប់​នូវ​ធម៌​ដ៏​ប្រសើរ ​ទ្រង់​ប្រទាន​នូវ​ធម៌​ដ៏​ប្រសើរ ​ទ្រង់​នាំ​មក​នូវ​ធម៌​ដ៏​ប្រសើរ ព្រះអង្គ​ប្រសើរ ​មិន​មាន​អ្នក​ណាជាង ​ទ្រង់​សំដែង​នូវ​ធម៌​ដ៏​ប្រសើរ រតនៈ​គឺ​ព្រះពុទ្ធ​នេះ​ឯង​ ជារតនៈ​ដ៏​ឧត្តម ។ ​ដោយ​ពាក្យ​សច្ចៈ​នេះ​ ​សូម​សួស្តី​កើត​មាន​ ។

កម្មចាស់​អស់​ហើយ​ កម្មថ្មី ​រមែង​មិន​កើត​ប្រាកដ អរិយបុគ្គល​ទាំងឡាយ​ណា ​មាន​ចិត្ត​នឿយណាយ​ក្នុង​ភព​ត​ទៅ​ អរិយបុគ្គល​ទាំង​នោះ​ ​មាន​ពូជ​អស់​ហើយ​ ​មាន​ឆន្ទៈ ​គឺ​សេចក្តី​ប៉ុនប៉ង​ក្នុង​ចិត្ត​ ​មិន​ដុះ​ឡើង​ឡើយ​ ជា​អ្នក​មាន​ប្រាជ្ញា តែងរលត់​ទៅ​ ​ដូច​ជា​ប្រ​ទី​ប (​ដែល​រលត់​) រតនៈ ​គឺ​ព្រះសង្ឃ​នេះ​ឯង​ ជារតនៈ​ដ៏​ឧត្តម ។ ​ដោយ​ពាក្យ​សច្ចៈ​នេះ​ ​សូម​សួស្តី​កើត​មាន​ ។

ពួក​ភូតណា ស្ថិត​នៅ​លើ​ផែនដី​ក្តី​ ​ពួក​ភូតណា ស្ថិត​នៅ​ឰ​ដ៏​អាកាស​ក្តី​ ​ដែល​មក​ប្រ​ជុំ​គ្នា​ក្នុង​ទី​នេះ​ យើងទាំងឡាយ​សូម​នមស្ការ​នូវ​ព្រះពុទ្ធ ​ទ្រង់​បាន​ត្រាស់មក​ហើយ​ដូច​គ្នា ​ដែល​ទេវតា ​និង​មនុស្ស​បូជា​ហើយ​ ​សូម​សួស្តី​កើត​មាន​ ។

ពួក​ភូតណា ស្ថិត​នៅ​លើ​ផែនដី​ក្តី​ ​ពួក​ភូតណា ស្ថិត​នៅ​ឰ​ដ៏​អាកាស​ក្តី​ ​ដែល​មក​ប្រ​ជុំ​គ្នា​ក្នុង​ទី​នេះ​ យើងទាំងឡាយ ​សូម​នមស្ការ​នូវ​ព្រះធម៌ ​ដែល​មាន​មក​ហើយ​ដូច​គ្នា ​ដែល​ទេវតា ​និង​មនុស្ស​បូជា​ហើយ​ ​សូម​សួស្តី​កើត​មាន​ ។

ពួក​ភូតណា ស្ថិត​នៅ​លើ​ផែនដី​ក្តី​ ​ពួក​ភូតណា ស្ថិត​នៅ​ឰ​ដ៏​អាកាស​ក្តី​ ​ដែល​មក​ប្រ​ជុំ​គ្នា​ក្នុង​ទី​នេះ​ យើងទាំងឡាយ ​សូម​នមស្ការ​នូវ​ព្រះសង្ឃ ​ដែល​មាន​មក​ហើយ​ដូច​គ្នា​ ​ដែល​ទេវតា ​និង​មនុស្ស​បូជា​ហើយ​ ​សូម​សួស្តី​កើត​មាន​ ។

ចប់ រតនសូត្រ ​ទី​១ ។

អាមគន្ធសូត្រ ​ទី​២

[កែប្រែ]

[២២] សប្បុរស កាលបរិភោគ​នូវ​ស្រូវស្រងែ ស្រូវកន្ទុយដំរី ​និង​សណ្តែក​ព្រៃ​ បត្តប្ផល [សំដៅ​យក​ផ្លែឈើខ្ចី ។] មូលប្ផល [សំដៅ​យក​មើម ​និង​ផ្លែឈើវល្លិ ។] ​និង​គវិប្ផល [សំដៅ​យក​ផ្លែឈើ​ដែល​ដុះ​ក្នុង​ទឹក​ ​មាន​ក្រចាប់​ជាដើម ។ (អដ្ឋកថា) ។] ​ដែល​បាន​មក​ដោយ​ធម៌ ​មិន​ពោល​ពាក្យ​កុហក ​ព្រោះ​សេចក្តី​ប្រាថ្នា​នូវ​កាមទេ ។

បពិត្រកស្សបៈ លោក​នោះ​ កាលបរិភោគ​នូវ​សាច់​ណា​មួយ​ ​ដែល​បុគ្គល​ធ្វើ​ហើយ​ដោយ​ល្អ​ សម្រេច​ហើយ​ដោយ​ល្អ​ តាក់តែង​ហើយ​ដ៏​ឧត្តម ​ដែល​ជន​ទាំងឡាយ​​ដទៃ​​ឲ្យ​ហើយ​ កាល​បរិភោគ​នូវ​បាយ​ស្រូវសាលី ​ឈ្មោះ​ថា បរិភោគ​នូវ​វត្ថុ​មាន​ក្លិនឆ្អាប ។

ម្នាល​ព្រហ្មពន្ធុ លោកកាល​បរិភោគ​នូវ​បាយ​នៃ​ស្រូវសាលី​ទាំងឡាយ ​ដោយ​សាច់​នៃ​សត្វ​ស្លាប ​ដែល​បុគ្គល​តាក់តែង​ល្អ​ហើយ​ ​ពោល​យ៉ាង​នេះ​ថា វត្ថុ​មាន​ក្លិនឆ្អាប ​មិន​គួរ​ដល់​អាត្មាអញ ។

បពិត្រព្រះកស្សប ​ខ្ញុំ​នឹង​សួរ​នូវ​សេចក្តី​នុ៎ះ​នឹង​លោក វត្ថុ​មាន​ក្លិនឆ្អាប​របស់​លោក ​មាន​ប្រការ​ដូច​ម្តេច ។ ការ​សម្លាប់​សត្វ​ វាយ ​កាត់​ ចង លួច ​ពោល​ពាក្យ​កុហក បោកប្រាស ​បញ្ឆោត រៀនក្បួន​ឥតប្រយោជន៍ សេព​ភរិយា​របស់​បុគ្គល​​ដទៃ​ ​នេះ​ហៅ​ថា​ វត្ថុ​មាន​ក្លិនឆ្អាប ​មិន​សំដៅ​យក​ការ​បរិភោគ​សាច់ទេ ។ ជន​ទាំងឡាយ​ណា ​ក្នុង​លោក​នេះ​ ​មិន​សង្រួម​ក្នុង​កាម​ទាំងឡាយ ជា​អ្នក​ប្រាថ្នា ញ៉ាមជ្រប់​ក្នុង​រស​ច្របូកច្របល់ ​ដោយ​ភាព​មិន​ស្អាត​ ​គឺ​មិច្ឆាជីវៈ ជានត្ថិកទិដ្ឋិ ​មាន​កា​យក​ម្ម​ជាដើម​ ​មិន​រាបសា ​ឲ្យ​ដឹង​បាន​ដោយ​ក្រ ​នេះ​ហៅ​ថា​ វត្ថុ​មាន​ក្លិនឆ្អាប ​មិន​សំដៅ​យក​ការ​បរិភោគ​សាច់ទេ ។ ជនទាំង​ឡាយណា ជា​អ្នក​ប្រាថ្នា​ចំពោះវត្ត​ដ៏​សៅហ្មង ជា​អ្នក​រឹងរូស ស៊ីសាច់ខ្នង [ចំពោះ​មុខ ​ល្អ​ កំបាំងមុខ អាក្រក់ ។] ទ្រុស្តមិត្ត ​មិន​មាន​អាណិត ប្រកាន់ខ្លួន ​មិន​ឲ្យ​ទាន​ជាប្រក្រតី ​មួយ​ទៀត ​មិន​ដែល​ឲ្យ​វត្ថុអ្វី​ដល់​អ្នក​ណា​មួយ​ ​នេះ​ហៅ​ថា​ វត្ថុ​មាន​ក្លិនឆ្អាប ​មិន​សំដៅ​យក​ការបរិភោគ​សាច់ទេ ។

សេចក្តី​ក្រោធ ស្រវឹង រឹងត្អឹង បង្កហេតុ បិទបាំងទោស ច្រណែន ​លើ​កខ្លួន ប្រកាន់​ខ្លួន មើលងាយ​គេ​ ស្និទ្ធស្នាល​ដោយ​ពួក​អសប្បុរស ​នេះ​ហៅ​ថា​ វត្ថុ​មាន​ក្លិនឆ្អាប ​មិន​សំដៅ​យក​ការ​បរិភោគ​សាច់ទេ ។ ​ពួក​ជនណា ​មាន​បាប​ជាប្រក្រតី ចំពាក់​បំណុល​គេ​ និយាយ​ចាក់ដោត​គេ​ កោង​ដោយ​វោហារ ទ្រុស្តសីល ​ក្នុង​សាសនា​នេះ​ ជាជន​អាក្រក់ ជនណា​ធ្វើ​អំពើ​អាក្រក់​ក្នុង​លោក​នេះ​ ​នេះ​ហៅ​ថា​ វត្ថុ​មាន​ក្លិនឆ្អាប ​មិន​សំដៅ​យក​ការ​បរិភោគ​សាច់ទេ ។ ​ពួក​ជនណា ​ក្នុង​លោក​នេះ​ ជា​អ្នក​មិន​សង្រួម​ក្នុង​សត្វ​ទាំងឡាយ កាន់​យក​ទ្រព្យ​នៃ​បុគ្គល​ដទៃ​ ប្រកប​ខាង​ការ​បៀតបៀន ជា​អ្នក​ទ្រុស្តសីល ជាព្រាន​សំដី​អាក្រក់​ ​មិន​អើពើ ​នេះ​ហៅ​ថា​ វត្ថុ​មាន​ក្លិនឆ្អាប ​មិន​សំដៅ​យក​ការ​បរិភោគ​សាច់ទេ ។ ​សត្វ​ទាំង​ឡាយណា ជាប់ចំពាក់​ក្នុង​ពួក​សត្វ​ទាំង​នេះ​ ជា​អ្នក​ខឹង ​អ្នក​សម្លាប់ ប្រកប​ក្នុង​អកុសល​ជានិច្ច លះលោក​នេះ​ ​នឹង​ទៅ​កាន់​លោកងងឹត ​មាន​ក្បាល​សំយុងចុះ​ទៅ​ន​រក​ ​នេះ​ហៅ​ថា​ វត្ថុ​មាន​ក្លិនឆ្អាប ​មិន​សំដៅ​យក​ការ​បរិភោគ​សាច់ទេ ។

ការ​មិន​ស៊ីត្រី ​និង​សាច់ ​មិន​ស៊ី​បាយ​ អាក្រាត (កោរសក់ បួងសក់ លាប​ដោយ​ភក់ ស្លៀក​ស្បែកខ្លាឃ្មុំ) សេព​ខាង​ការបំរើ​ភ្លើង ​មួយ​ទៀត អមរតបៈ​ទាំងឡាយ​ដ៏​ច្រើន [ការ​ប្រព្រឹត្ត​កំដៅសរីរៈ​ដ៏​ច្រើន​ប្រភេទ ​មាន​ព្យាយាម​អង្គុយ​ច្រហោង​ជាដើម ​ដែល​នាំ​ឲ្យ​លំបាកកាយ​ទទេ ប្រព្រឹត្ត​ទៅ​ព្រោះ​ប្រាថ្នា​នូវ​ភាពជា​ទេវតា ។ អដ្ឋកថា ។] ​ដែល​មាន​ក្នុង​លោក​ វេទមន្ត ការបូជាភ្លើង បូជាយញ្ញ (​មាន​អស្សមេធៈ) ជាដើម ​និង​ការសេព (​នូវ​ទី​ក្តៅ ​ក្នុង​គិម្ហ) រដូវ​ជាដើម ទាំង​នេះ​ ​ញ៉ាំង​សត្វ​ដែល​មិន​ទាន់​ឆ្លងផុត​សេចក្តី​សង្ស័យ ​ឲ្យ​ស្អាត​មិន​បាន​ទេ ។ បុគ្គល​ណា គ្រប់គ្រង​ក្នុង​ឥន្រ្ទិយទាំង ៦ ​នោះ​ ​ដឹង​ច្បាស់​ឥន្រ្ទិយទាំង ៦ ​ហើយ​គប្បី​ប្រព្រឹត្ត​តាំង​នៅ​ក្នុង​ធម៌ ត្រេកអរ​ក្នុង​ការ​ទៀងត្រង់ ​និង​សេចក្តី​ទន់ភ្លន់ ​កន្លង​ផុត​គ្រឿងចំពាក់ លះបង់ទុក្ខ​ទាំង​អស់​ ​មាន​ប្រាជា្ញ ​មិន​ជាប់​នៅ​ ​ក្នុង​អារម្មណ៍​ដែល​ខ្លួន​ឃើញ ​ដែល​ឮ ។ ព្រះ​មាន​ព្រះភាគ ​បាន​ត្រាស់​សេចក្តី​នេះ​រឿយ ៗ ដូច្នេះ​ហើយ​ តិស្សព្រាហ្មណ៍ ​អ្នក​ដល់​នូវ​ត្រើយ​នៃ​មន្ត ​ក៏​ដឹង​នូវ​សេចក្តី​នោះ​ ព្រះមុនី ជា​អ្នក​មិន​មាន​ក្លិនឆ្អាប ​គឺ​កិលេស ​មិន​អាស្រ័យ​តណ្ហា ​និង​ទិដ្ឋិ ឥត​អ្នក​ណា​មួយ​ដឹក​នាំ​ឲ្យ​អាក្រក់​បាន​ ​ទ្រង់​ប្រកាស​ដោយ​គាថា​ទាំងឡាយ​ដ៏​វិចិត្រ ។ ព្រាហ្មណ៍​បាន​ស្តាប់​បទសុភាសិត ​ដែល​មិន​មាន​ក្លិនឆ្អាប ជាគ្រឿង​បន្ទោបង់​នូវ​ទុក្ខ​ទាំងពួង ​របស់​ព្រះពុទ្ធ​ហើយ​ ​ក៏​មាន​ចិត្ត​ឱន​លំទោន ថ្វាយបង្គំ​ព្រះតថាគត ​សូម​បព្វជ្ជា ​ក្នុង​ទី​នេះ​ឯង​ ។

ចប់ អាមគន្ធសូត្រ ​ទី​២ ។

ហិរិសូត្រ ​ទី​៣

[កែប្រែ]

[២៣] ​បណ្ឌិត​បុរស ​គប្បី​ដឹង​នូវ​បុគ្គល​នោះ​ ​ដែល​មិន​មាន​សេចក្តី​អៀនខ្មាស ​មិន​មាន​សេចក្តី​ខ្ពើមរអើម និយាយ​ថា ​ខ្ញុំ​ជា​សម្លាញ់ (​របស់​អ្នក​) ​មិន​អើពើ​នឹង​ការងារ​ទាំងឡាយ (​របស់​សំឡាញ់) ​ដែល​ខ្លួន​អាច​ធ្វើ​បាន​ថា បុគ្គល​នោះ​ ​មិន​មែន​ជាមិត្ត​របស់​អញទេ ។

បុគ្គល​ណា​ ​ពោល​វាចាជា​ទី​ស្រឡាញ់ ​ដែល​ខ្លួន​មិន​ប្រព្រឹត្ត​តាមចំពោះ​មិត្ត ​បណ្ឌិត​ទាំងឡាយ កំណត់​ដឹង​ (​នូវ​បុគ្គល​នោះ​) ថា គ្រាន់តែជា​អ្នក​និយាយ តែ​មិន​ធ្វើ​ ។

បុគ្គល​ណា​ ​មិន​ប្រមាទ​សព្វកាល ​មាន​សេចក្តី​រង្កៀស​ក្នុង​ការ​បែកបាក់គ្នា ជា​អ្នក​ឃើញរឿយ ៗ ​នូវ​ទោស បុគ្គល​នោះ​ ​មិន​ហៅ​ថា​មិត្តទេ ​លុះ​តែ​បុគ្គល​ណា​ ​ដែល​បុគ្គល​​ដទៃ​ បំបែក​មិន​បាន​ ដេក​នៅ​ (ឥតរង្កៀស) ​ក្នុង​មិត្តណា បុគ្គល​នោះ​ឯង​ ទើប​ហៅ​ថា​ជា​មិត្ត ។

បុគ្គលជា​អ្នក​ប្រាថ្នា​នូវ​ផល កាល​នាំ​មក​នូវ​ធុរៈ ជា​របស់​បុរស ​រមែង​ញ៉ាំង​ឋានៈ ​គឺ​ព្យាយាម ជា​ទី​ធ្វើ​ឲ្យ​កើត​បាមោជ្ជៈ ​នាំ​មក​នូវ​សេចក្តី​សរសើរ ជាសុខ ​ឲ្យ​ចម្រើន​ បុគ្គល​ក្រេបផឹក​នូវ​រស​នៃ​សេចក្តី​ស្ងប់រម្ងាប់​ផង​ ​នូវ​រស​នៃ​ព្រះនិព្វាន ជា​ទី​ចូល​ទៅ​រម្ងាប់​ផង​ ផឹក​នូវ​រស​នៃ​បីតិ ​ដែល​កើត​អំពីអរិយធម៌​ហើយ​ ​រមែង​ជា​អ្នក​មិន​មាន​សេចក្តី​ក្រវល់ក្រវាយ ​មិន​មាន​បាប ។

ចប់ ហិរិសូត្រ ​ទី​៣ ។

មង្គលសូត្រ ​ទី​៤

[កែប្រែ]

[២៤] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ​ ​ទ្រង់​គង់​នៅ​ក្នុង​វត្តជេតពន ​របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី ។

គា្រ​នោះ​ឯង​ ទេវតាអង្គ ១ កាលវេលារាត្រី​បឋមយាម ​កន្លង​ទៅ​ហើយ​ ​មាន​រស្មី​ដ៏​រុងរឿង ​ញ៉ាំង​វត្ត​ជេតពន​ជុំ​វិញ​ទាំង​អស់​ ​ឲ្យ​ភ្លឺស្វាង ​ហើយ​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ ​លុះ​ចូល​ទៅ​ដល់​ ក្រាបថ្វាយបង្គំ​ព្រះ​មាន​ព្រះភាគ ​ហើយ​ឈរ​នៅ​ក្នុង​ទី​សម​គួរ​ ។ ​លុះ​ទេវតា​នោះ​ ឈរ​ក្នុង​ទី​សម​គួរ​ហើយ​ ក្រាបបង្គំ​ទូល​ព្រះ​មាន​ព្រះភាគ ​ដោយ​គាថាដូច្នេះ​ថា

[២៥] ទេវតា ​និង​មនុស្សទាំងឡាយជាច្រើន ប្រាថ្នា​នូវ​សួស្តី ​បាន​គិត​រក​នូវ​មង្គល​ទាំងឡាយ ​សូម​ព្រះអង្គ​ទ្រង់​សំដែ​ង​នូវ​មង្គល​ដ៏​ឧត្តម ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​សំដែងថា) ការ​មិន​សេព​គប់បុគ្គលពាល​ទាំងឡាយ ១ ការសេពគប់​បណ្ឌិត​ទាំងឡាយ ១ ការបូជា​ដល់​បុគ្គល​ដែល​គួរ​បូជា​ទាំងឡាយ ១ (ទាំង ៣) ​នេះ​ ជាមង្គល​ដ៏​ឧត្តម ។

ការ​នៅ​ក្នុង​ប្រទេស​ដ៏​សម​គួរ​ ១ ភាព​នៃ​បុគ្គល​បាន​ធ្វើ​បុណ្យ​ទុក​ក្នុង​កាលមុន ១ ការដំកល់​ខ្លួន​ដោយ​ប្រពៃ ១ (ទាំង ៣) ​នេះ​ ជាមង្គល​ដ៏​ឧត្តម ។

ពាហុសច្ចៈ ១ សិល្បសាស្រ្ត ១ វិន័យ​ដែល​សិក្សា​ដោយ​ប្រពៃ ១ វាចា​ដែល​ពោល​ត្រឹម​ត្រូវ​ ១ (ទាំង ៤) ​នេះ​ ជាមង្គល​ដ៏​ឧត្តម ។

ការបំរើមាតាបិតា ១ ​សេចក្តី​សង្រ្គោះបុត្រ​ ​និង​ភរិយា ១ ​ការងារ​ទាំងឡាយ​មិន​ច្របូកច្របល់ ១ (ទាំង៣) ​នេះ​ ជាមង្គល​ដ៏​ឧត្តម ។

ទាន ១ ការប្រព្រឹត្តិធម៌ ១ ការសង្រ្គោះ​ពួក​ញាតិ ១ ការងារ​មិន​មាន​ទោស ១ (ទាំង ៤) ​នេះ​ ជាមង្គល​ដ៏​ឧត្តម ។

ការ​មិន​ត្រេកអរ​ក្នុង​បាប ​និង​កិរិយាវៀរ​ចាក​បាប ១ ​សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​ទឹក​ស្រវឹង ១ ​សេចក្តី​មិន​ប្រមាទ​ក្នុង​ធម៌​ទាំងឡាយ ១ (ទាំង ៣) ​នេះ​ ជាមង្គល​ដ៏​ឧត្តម ។

សេចក្តី​គោរពចំពោះបុគ្គល​ដែល​គួរ​គោរព​ ១ ការប្រព្រឹត្តិ​បន្ទាបខ្លួន ១ ​សេចក្តី​ត្រេកអរ​ចំពោះ​របស់​ដែល​មាន​ ១​ ភាព​នៃ​បុគ្គល​អ្នក​ដឹង​ឧបការគុណ​ដែល​អ្នក​​ដទៃ​​ធ្វើ​ដល់​ខ្លួន ១ ការ​ស្តាប់​ធម៌​តាមកាល ​១ (ទាំង ៥) ​នេះ​ ជាមង្គល​ដ៏​ឧត្តម ។

សេចក្តី​អត់ធន់ ១ ភាព​នៃ​បុគ្គល​ដែល​ប្រដៅងាយ ១ ការ​បាន​ឃើញ ​បាន​ចួប​សមណៈ​ទាំងឡាយ ១ ធម្មសាកច្ឆា​តាមកាល ១ (ទាំង ៤) ​នេះ​ ជាមង្គល​ដ៏​ឧត្តម ។

សេចក្តី​ព្យាយាមដុតបាបធម៌ ១ ការប្រព្រឹត្តិ​នូវ​ធម៌​ដ៏​ប្រសើរ ១ ការឃើញ​នូវ​អរិយសច្ច​ទាំងឡាយ ១ ការ​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន ១ (ទាំង ៤) ​នេះ​ ជាមង្គល​ដ៏​ឧត្តម ។

ចិត្ត​នៃ​បុគ្គល​ណា​ ​ដែល​លោកធម៌​ពាល់​ត្រូវ​​ហើយ​ ​មិន​រំភើប​ញាប់ញ័រ ១ ​មិន​មាន​សេចក្តី​សោក ១ ​មាន​ធូលី ​គឺ​រាគៈ ​ទៅ​ប្រាស​ហើយ​ ១ ​ចិត្ត​ក្សេមក្សាន្ត ១ (ទាំង ៤) ​នេះ​ ជាមង្គល​ដ៏​ឧត្តម ។

ទេវតា ​និង​មនុស្សទាំងឡាយ ​ធ្វើ​នូវ​មង្គលទាំងឡាយ ប្រាកដ​ដូច្នេះ​ហើយ​ ជា​អ្នក​មិន​ចាល​ចាញ់ ​ក្នុង​ទី​ទាំង​ពួង តែង​ដល់​នូវ​សួស្តី​ក្នុង​ទី​ទាំងពួង (​ម្នាល​ទេវតា ​អ្នក​ចូរ​ប្រកាន់​ជឿថា) មង្គលទាំង​ ៣៨ ប្រការ ​មាន​ការ​មិន​សេពគប់​នូវ​បុគ្គល​ពាល​ជាដើម​នោះ​ ​របស់​ទេវតា ​និង​មនុស្ស​ទាំងអម្បាលណោះ ជាមង្គល​ដ៏​ឧត្តម ។

ចប់ មង្គលសូត្រ ​ទី​៤ ។

សូចិលោមសូត្រ ​ទី​៥

[កែប្រែ]

[២៦] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​លើ​គ្រែថ្ម ជា​លំនៅ​នៃ​សូចិលោមយក្ស ទៀប​គយាគ្រាម ។ សម័យ​នោះ​ឯង​ ខរយក្ស ​និង​សូចិលោមយក្ស ​នាំ​គ្នា​ដើរ​ទៅ​ជិត​ព្រះ​មាន​ព្រះភាគ ។ លំដាប់​នោះ​ ខរយក្ស​បាន​និយាយ​នឹង​សូចិលោមយក្ស​ថា នុ៎ះព្រះសមណៈ ។ សូចិលោមយក្ស ឆ្លើយថា នុ៎ះ​មិន​មែន​ព្រះសមណៈ​ទេ ​នុ៎ះគ្រាន់​តែប្រហែល​នឹង​ព្រះសមណៈ ចាំ​ខ្ញុំ​សង្កេត​ឲ្យ​ដឹង​ថា​ជា​ព្រះសមណៈ ឬប្រហែល​នឹង​ព្រះសមណៈ​សិន ។ វេលា​នោះ​ សូចិលោមយក្ស ​ក៏​ចូល​ទៅ​ជិត​ព្រះ​មាន​ព្រះភាគ​ ​លុះ​ចូល​ទៅ​ដល់​ហើយ​ បន្ទន់កាយ ​ទៅ​រក​ព្រះ​មាន​ព្រះភាគ ។ ចំណែក​ព្រះ​មាន​ព្រះភាគ ងាកព្រះកាយ​ចេញ​ ។ លំដាប់​នោះ​សូចិលោមយក្ស ទូល​សួរ​ព្រះ​មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះសមណៈ ខ្លាច​ខ្ញុំ​ឬ ។ ​ម្នាល​អាវុសោ តថាគត​មិន​ខ្លាច​អ្នក​ទេ តែ​សម្ផស្ស​របស់​អ្នក​ឯង​អាក្រក់ ។

ព្រះសមណៈ យើង​នឹង​សួរ​ប្រស្នា​ចំពោះលោក បើលោក​មិន​ឆ្លើយ​ប្រាប់យើង យើង​នឹង​ធ្វើ​ចិត្ត​របស់​លោក​ឲ្យ​រវើរវាយ ឬ​នឹង​ហែកហ្ឫទ័យ​លោក ឬ​ក៏​នឹង​ចាប់ជើង​បោះ​ទៅ​ត្រើយ​ម្ខាងទន្លេគង្គា ។ ​ម្នាល​អាវុសោ ​បុគ្គល​ណា​ ​គប្បី​ញ៉ាំង​ចិត្ត​តថាគត​ឲ្យ​រាយមាយ​ក្តី​ ហែកហ្ឫទ័យ​តថាគត​ក្តី​ ​គប្បី​ចាប់​ជើងតថាគត គ្រវីបោះ​ទៅ​ត្រើយ​ម្ខាងទន្លេ​គង្គា​ក្តី​ តថាគត​មិន​ឃើញ​បុគ្គល​នោះ​ ទោះបី​ក្នុង​លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ​ក្នុង​ព​ពួក​សត្វ​ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព ​និង​មនុស្ស​ដ៏​សេស​ឡើយ​ ​ម្នាល​អាវុសោ ​មួយ​ទៀត ​អ្នក​ប្រាថ្នា (​នឹង​សួរ​) ប្រស្នា​ណា ​ចូរ​សួរ​ប្រស្នា​នោះ​មកចុះ ។ លំដាប់​នោះ​ សូចិលោមយក្ស ​បាន​ពោល​ទៅ​នឹង​ព្រះ​មាន​ព្រះភាគ​ ​ដោយ​គាថា​ដូច្នេះថា

[២៧] រាគៈ ​និង​ទោសៈ ​មាន​អ្វីជាហេតុ ​សេចក្តី​មិន​ត្រេកអរ សេចកី្ត​ត្រេកអរ ​និង​ការ​ព្រឺរោម ​កើត​មក​អំពីអ្វី មនោវិតក្កៈ ​កើត​មកអំពីអ្វី ​ដែល​គួរ​លះបង់​ចោល​ ​ដូច​ជា​ពួក​ក្មេង​លែងក្អែក​ចោល​ ។

រាគៈ ទោសៈ ​មាន​អត្តភាព​នេះ​ជាហេតុ ​សេចក្តី​មិន​ត្រេកអរ ​សេចក្តី​ត្រេកអរ ​និង​ការព្រឺរោម​ ​កើត​មកអំពី​អត្តភាព​នេះ​ មនោវិតក្កៈ ​កើត​មកអំពី​អត្តភាព​នេះ​ ​ដែល​គេ​លះបង់​ចោល​ ​ដូច​ជា​ពួក​ក្មេងលែងក្អែក​ចោល​ [រាគៈ​ក្តី​ ទោសៈ​ក្តី​ អកុសលវិតក្កៈ ​មាន​កាមវិតក្កៈ​ជាដើម​ក្តី​ ​កើត​មក​អំពីអត្តភាព​ទាំង​អស់​ កាលបើធម៌​ទាំង​នោះ​កើត​ឡើង​ហើយ​ ​ក៏​លះបង់​នូវ​កុសល​ចិត្ត​ស្រឡះ ​ដូច​ជា​ពួក​ក្មេង​អ្នក​ស្រុក ​យក​ខ្សែចង​ជើងក្អែក ​ហើយ​គ្រវែង​ចោល​ទៅ​ ។ អដ្ឋកថា ។] ។

កិលេសទាំងឡាយ ​កើត​មកអំពី​សេចក្តី​ស្នេហា​ ​គឺ​តណ្ហា​ ​ក៏​កើត​អំពី​ខ្លួន ​ដូច​ជា​ពួរជ្រៃ ​ដែល​កើត​អំពីដើមជ្រៃ កិលេស​ដ៏​ច្រើន ជាប់ចំពាក់​ក្នុង​វត្ថុកាម​ទាំងឡាយ ​ដូច​ជា​ពួរឈើ​ចាក់ស្រែះ​ក្នុង​ព្រៃ​ ។

ពួក​ជនណា ​ដឹង​នូវ​កិលេស​នោះ​ ថា​កើត​អំពីហេតុ​ណា ​ពួក​ជន​នោះ​ តែង​បន្ទោបង់​នូវ​ហេតុ​នោះ​ចេញ​ ​ម្នាល​យក្ស ​ចូរ​អ្នក​ស្តាប់​ចុះ ​ពួក​ជន​ទាំង​នោះ​ តែងឆ្លង​នូវ​អន្លង់​នេះ​ ​ដែល​គេ​ឆ្លង​បាន​ដោយ​ក្រ ​ដែល​ខ្លួន​មិន​ធ្លាប់ឆ្លង ដើម្បី​ដល់​ព្រះនិព្វាន ​ដែល​ជា​ទី​មិន​កើត​ទៀត ។

ចប់ សូចិលោមសូត្រ ​ទី​៥ ។

ធម្មចរិយសូត្រ ​ទី​៦

[កែប្រែ]

[២៨] ព្រះអរិយៈទាំងឡាយ តែង​ពោល​នូវ​ធម្មចរិយៈ [​បាន​ដល់​កាយសុចរិត​ជាដើម ។] ​និង​ព្រហ្មចរិយៈ [​បាន​ដល់​មគ្គព្រហ្មចារ្យ ​គឺ​អដ្ឋង្គិកមគ្គ ។] ​នេះ​ ​ថា​ជា​រតនៈ​ដ៏​ឧត្តម ប្រសិនបើ​បុគ្គល​ចេញ​ចាក​ផ្ទះ ​ទៅ​បួស​ក្នុង​ធម្មវិន័យ ។

បើបុគ្គល​នោះ​ ជា​អ្នក​មាន​មាត់រឹង ត្រេកអរ​ក្នុង​ការ​បៀតបៀន ​ដូច​ជា​សត្វ​ម្រឹគ ជីវិត​របស់​បុគ្គល​នោះ​ ជាជីវិត​អាក្រក់​ក្រៃលែង បុគ្គល​នោះ​ តែង​ញ៉ាំង​ធូលី ​គឺ​កិលេស ​ឲ្យ​ចម្រើន​ឡើង​ដល់​ខ្លួន ។

ភិក្ខុ​អ្នក​ត្រេកអរ​ក្នុង​ជម្លោះ ​ត្រូវ​មោហធម៌​ចាក់ស្រែះ​ហើយ​ ​ក៏​លែង​ដឹង​ធម៌​ដែល​ពួក​ភិក្ខុ​បាន​ប្រាប់​ហើយ​ផង​ ​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង​ផង​ ​ភិក្ខុ​អ្នក​​ត្រូវ​អវិជា្ជ​រួបរឹត ​ហើយ​បៀតបៀន​នូវ​ព្រះខីណាស្រព​ទាំងឡាយ ​ដែល​ជា​អ្នក​មាន​ខ្លួន​អប់រំ​ហើយ​ ​រមែង​មិន​ស្គាល់​នូវ​សេចក្តី​សៅហ្មង ជាផ្លូវ​ទៅ​កាន់​ន​រក​ ​ហើយ​ចូល​ទៅ​កាន់​អ​បាយ​ ៤ ​ចេញ​ចាក​គភ៌​ទៅ​កាន់​គភ៌ ​ចេញ​ចាក​អសុរកាយ ​ទៅ​កាន់​អសុរកាយ ​ភិក្ខុ​នោះ​ ​រមែង​ដល់​នូវ​សេចក្តី​ទុក្ខ​ក្នុង​បរលោក ។ ​មួយ​ទៀត បុគ្គល​ដែល​មាន​សភាព​យ៉ាង​នេះ​ ជា​អ្នក​ប្រកប​ដោយ​កិលេស ​ដូច​ទី​ទួល លាងជំរះ​បាន​ដោយ​កម្រ ​ដូច​ជា​រណ្តៅលាមក ពេញប្រៀប​អួអាប់​រាប់ឆ្នាំ (​ដែល​គេ​លាង​សម្អាត​បាន​ដោយ​កម្រ) ។ ​ម្នាល​ភិក្ខុ​ទាំងឡាយ ​អ្នក​ទាំងឡាយ ​ចូរ​ដឹង​នូវ​បុគ្គល ​ដែល​អាស្រ័យ​នូវ​ផ្ទះ ​គឺ​កាមគុណ ជា​អ្នក​មាន​សេចក្តី​ប្រាថ្នាលាមក ​មាន​សេចក្តី​ត្រិះរិះ​អាក្រក់ ​មាន​អាចារៈ ​និង​គោចរៈ​អាក្រក់​បែប​នេះ​ ។ ​អ្នក​រាល់​គ្នា ​គប្បី​ជា​អ្នក​ព្រមព្រៀង​គ្នា ចៀសវាង​នូវ​បុគ្គល​នោះ​ចេញ​ ​ចូរ​បោះបង់​ចោល​ដូច​ជា​គេ​បោស​សំរាម​ចោល​ ​ចូរ​ទាញ​ចេញ​នូវ​បុគ្គល​អ្នក​ប្រព្រឹត្ត​ក្រខ្វក់ តពី​នោះ​ទៅ​ ​គប្បី​បណ្តេញ​នូវ​ពួក​បុគ្គល​ដែល​ដូច​ជា​សំដីស្រូវ ​មិន​មែន​ជាសមណៈ ប្រកាន់ថា ខ្លួនជា​សមណៈ​ចេញ​ ។ ​លុះ​អ្នក​ទាំងឡាយ បណ្តេញ​បុគ្គល​អ្នក​ប្រាថ្នា​អាក្រក់ ​មាន​អាចារៈ ​និង​គោចរៈ​អាក្រក់​បាន​ហើយ​ ជា​អ្នក​បរិសុទ្ធ​សម្រេចការ​នៅ​ជា​មួយ​នឹង​បុគ្គល​បរិសុទ្ធ ​អ្នក​មាន​សេចក្តី​គោរព​កោតក្រែង​គ្នា ត​ទៅ​នឹង​ជា​អ្នក​ព្រម​ព្រៀងគ្នា​ ​មាន​ប្រាជ្ញា​ចាស់ក្លា ​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​បាន​ ។

ចប់ ធម្មចរិយសូត្រ ​ទី​៦ ។

ព្រាហ្មណធម្មិកសូត្រ ​ទី​៧

[កែប្រែ]

[២៩] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន ​របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី ។ គ្រា​នោះ​ ​ពួក​ព្រាហ្មណមហាសាល ជា​ច្រើននាក់ ​នៅ​ក្នុង​ដែនកោសល ជាមនុស្ស​ចាស់គ្រាំគ្រា ជាព្រឹទ្ធាចា្យ ​មាន​អាយុច្រើន រស់​នៅ​បាន​យូរ​ឆ្នាំ​មក​ហើយ​ ​មាន​អាយុ​ក៏​ជ្រុលចូល​មក​ក្នុង​បច្ឆិមវ័យ​ហើយ​ ​បាន​នាំ​គ្នាចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​ក៏​រីករាយ​ជា​មួយ​នឹង​ព្រះ​មាន​ព្រះភាគ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​សម​គួរ​ ។ ​លុះ​ព្រាហ្មណ​មហាសាល​ទាំង​នោះ​ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ​ ​បាន​ក្រាប​បង្គំទូល​សួរ​ព្រះ​មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ឥឡូវ​នេះ​ ​ពួក​ព្រាហ្មណ៍​ប្រាកដ​ក្នុង​ព្រាហ្មណធម៌ ​របស់​ពួក​ព្រាហ្មណ៍​ជាន់ចាស់​ដែរឬ ។ ព្រះ​មាន​ព្រះភាគ​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ ឥឡូវ​នេះ​ ​ពួក​ព្រាហ្មណ៍ ​មិន​ប្រាកដ​ក្នុង​ព្រាហ្មណធម៌​ ​របស់​ពួក​ព្រាហ្មណ៍​ជាន់ចាស់​ទេ ។ បើ​ព្រះគោតម​ដ៏​ចម្រើន​មិន​ធ្ងន់​ព្រះទ័យ​ទេ ​សូម​ព្រះគោតម​ដ៏​ចម្រើន​ សំដែង​ព្រាហ្មណធម៌ ​របស់​ពួក​ព្រាហ្មណ៍​ជាន់ចាស់​ដល់​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ចុះ ។ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ បើដូច្នោះ ​អ្នក​ទាំង​ឡាយ ​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ​ដោយ​ប្រពៃចុះ តថាគត​នឹង​សំដែង ។ ព្រាហ្មណ​មហាសាល​ទាំង​នោះ​ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះ​មាន​ព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ដូច្នេះថា

[៣០] ​ពួក​ឥសីជាន់មុន ជា​អ្នក​មាន​ចិត្ត​សង្រួម​ហើយ​ ​មាន​តបៈ ​គឺ​ឥន្រ្ទិយសំវរៈ លះបង់​កាមគុណ​ទាំង ៥ ​ធ្វើ​ប្រយោជន៍​បម្រុង​ខ្លួន ។

ពួក​ព្រាហ្មណ៍ ​មិន​មាន​សត្វ​ចិញ្ចឹម ​មិន​មាន​ប្រាក់ ​មិន​មាន​ស្រូវសន្សំទុក ​មាន​តែ​ទ្រព្យ ​និង​ស្រូវ ​គឺ​ការ​ស្វាធ្យាយ រក្សាតែ​ព្រហ្មវិហារ ជាកំណប់​ទ្រព្យ ។

ពួក​ទា​យក​ តាក់តែងភត្តណា ដំកល់​ទៀប​ទ្វារ​ផ្ទះ ដើម្បី​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ ​ពួក​ទា​យក​បាន​សំគាល់​នូវ​ភត្ត​នោះ​ ដើម្បី​ឲ្យ​ដល់​ពួក​ព្រាហ្មណ៍ កាលស្វែង​រក​នូវ​ភត្ត ​ដែល​គេ​ចាត់ចែង​ដោយ​សទ្ធា ។

ពួក​អ្នក​ជនបទ ​និង​អ្នក​ដែន ជាមនុស្ស​សម្បូរ​ដោយ​សំពត់​ជ្រលក់​ដោយ​ពណ៌​ផ្សេង ៗ ​ដោយ​ទី​ដេក ​និង​ទី​នៅ​អាស្រ័យ​ទាំងឡាយ តែងថ្វាយ​បង្គំ​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ ។

ពួក​ព្រាហ្មណ៍ជា​អ្នក​មិន​​ត្រូវ​​គេ​បៀតបៀន ​មិន​​ត្រូវ​​គេ​សង្កត់​សង្កិន ​ព្រោះ​ធម៌​រក្សា ជននី​មួយ​ ​មិន​ហាមឃាត់​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ ​ក្នុង​ទ្វារ​ផ្ទះ​នៃ​ត្រកូល ​ដោយ​ប្រការ​ទាំងពួង​ឡើយ​ ។

ព្រាហ្មណ៍ទាំង​នោះ​ ​បាន​ប្រព្រឹត្តព្រហ្មចរិយៈ (តាំងអំពី​ក្មេង) ​អស់​ ៤៨ ឆ្នាំ ​ពួក​ព្រាហ្មណ៍​បាន​ប្រព្រឹត្ត​នូវ​ការស្វែង​រក​វិជ្ជា ​និង​ចរណៈ​មុន ។

ព្រាហ្មណ៍ទាំង​នោះ​ ​មិន​បាន​ទៅ​កាន់ផ្ទះ​នៃ​បុគ្គល​​ដទៃ​ ​និង​មិន​ទិញ​ភរិយា​យក​មក​នៅ​រួមសង្វាស​គ្នា ​ដោយ​សេចក្តី​ស្រឡាញ់ទេ ។

ពួក​ព្រាហ្មណ៍ ​មិន​ប្រព្រឹត្តមេថុនធម្ម ​ក្នុង​ចន្លោះ​ដែល​ដល់​នូវ​ការ​វៀរ​ចាក​រដូវ វៀរលែង​តែសម័យ​គួរ​នោះ​ ។

ពួក​ព្រាហ្មណ៍តែងសរសើរព្រហ្មចរិយៈ [មេថុនវិរតិ ។] សីល ​សេចក្តី​ទៀងត្រង់ ​សេចក្តី​ទន់ភ្លន់ តបៈ ​គឺ​ឥន្រ្ទិយសំវរៈ ​សេចក្តី​ស្លូតបូត ​សេចក្តី​មិន​បៀតបៀន ​និង​សេចក្តី​អត់ធន់ ។

ព្រាហ្មណ៍ស្មើ​ដោយ​ព្រហ្ម ជា​អ្នក​មាន​ព្យាយាម​មាំមួន ខ្ពង់​ខ្ពស់​ជាង​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ ព្រាហ្មណ៍​ស្មើ​ដោយ​ព្រហ្ម​នោះ​ សូម្បីតែ​យល់សប្តិ​ឃើញ​សេពមេថុនធម្ម ​ក៏​មិន​ដែល​មាន​ ។

មនុស្ស​មួយ​ពួក​ក្នុង​លោក​នេះ​ ជា​អ្នក​ចេះ​ដឹង​ កាលសិក្សា​តាមវត្ត​របស់​ព្រាហ្មណ៍​ស្មើ​ដោយ​ព្រហ្ម​នោះ​ ​បាន​សរសើរ​ព្រហ្មចរិយៈ សីល ​និង​ខន្តិធម៌ ។

ព្រាហ្មណ៍ទាំង​នោះ​ ​សូម​អង្ករ ​ទី​ដេក សំពត់ ​ទឹក​ដោះថ្លា ​និង​ប្រេង​ តាមធម៌ ប្រមូល​មកសម្រេច​នូវ​យញ្ញៈ​អំពីវត្ថុ​នោះ​ កាលបើ​យញ្ញៈប្រាកដ​ឡើង​ហើយ​ ​ក៏​មិន​បាន​សម្លាប់គោ​ទាំងឡាយ​ឡើយ​ ។

ឱសថ ​គឺ​បញ្ចគោរស ​កើត​ក្នុង​គោ​ទាំងឡាយ​ណា គោទាំង​នោះ​ ជាមិត្ត​ដ៏​ប្រសើរ​របស់​ពួក​យើង ​ដូច​ជា​មាតាបិតា បងប្អូន ​និង​ពួក​ញាតិ​​ដទៃ​ ៗ ។

គោទាំង​នោះ​ ជា​អ្នក​ឲ្យ​បាយ​ ​ឲ្យ​កំឡាំង ​ឲ្យ​ពណ៌សម្បុរ ​ឲ្យ​សេចក្តី​សុខ​ដូច្នោះ ព្រាហ្មណ៍​ទាំង​នោះ​ ​លុះ​បាន​ដឹង​នូវ​អំណាច​នៃ​ប្រយោជន៍​នុ៎ះ​ហើយ​ ​ក៏​មិន​ដែល​សម្លាប់​គោទាំងឡាយ​ឡើយ​ ។

ពួក​ព្រាហ្មណ៍ជា​អ្នក​មាន​អវយវៈទន់ភ្លន់ ​មាន​កាយ​ប្រសើរ ​មាន​សម្បុរ​ល្អ​ ​មាន​យស ជា​អ្នក​ខ្វល់ខ្វាយ​ក្នុង​កិច្ច​តូចធំ តាមធម៌​របស់​ខ្លួន ​បាន​ប្រព្រឹត្ត​ក្នុង​លោក​ត្រឹមណា ​ពួក​សត្វ​នេះ​ ​ក៏​បាន​សេចក្តី​សុខ (ត្រឹម​ណោះ) ។

ព្រាហ្មណ៍ទាំង​នោះ​ ​មាន​សេចក្តី​វិបលា្លស ​ព្រោះ​ឃើញ​កាមសុខ​មាន​ប្រមាណ​តិច​ ​ដែល​កើត​អំពី​កាមគុណ​មាន​ប្រមាណ​តិច​ផង​ ​នូវ​សម្បត្តិ​របស់​សេ្តច​ផង​ ​នូវ​នារី​ទាំងឡាយ តាក់តែង​គ្រឿងប្រដាប់​ផង​ ​នូវ​រថ​ដែល​ទឹម​ដោយ​សេះ​អាជានេយ្យ ​ដែល​ធ្វើ​ល្អ​ ពាស​ដោយ​ស្បែក​ដ៏​វិចិត្រ​ផង​ ​នូវ​ទី​ផ្ទះ ​និង​ផ្ទះ​ដែល​គេ​ចែករាប់​ជាចំណែក ៗ ​ផង​ ​ពួក​ព្រាហ្មណ៍​តែងចង់​បាន​នូវ​សម្បត្តិ ជា​របស់​មនុស្ស​ដ៏​លើ​សលុប ដេរដាស​ដោយ​ហ្វូងគោ ​និង​ប្រកប​ដោយ​ពួក​នារី​ដ៏​ប្រសើរ ។

ព្រាហ្មណ៍ទាំង​នោះ​ តែងមន្ត ​ព្រោះ​ចង់​បាន​ទ្រព្យ​នោះ​ ​បាន​ចូល​ទៅ​រក​ព្រះបាទ​ឱកា្កកៈ ​ក្នុង​វេលា​នោះ​ថា (ព្រះអង្គ​ចូរ​បូជា​នូវ​ទ្រព្យ​ដ៏​វិចិត្រ​ជាច្រើន​របស់​ព្រះអង្គ) ​សូម​ព្រះអង្គ​បូជា​នូវ​ធនសម្បត្តិ​ជាច្រើន​របស់​ព្រះអង្គ ​នឹង​បាន​នូវ​ទ្រព្យ ​និង​ស្រូវ​ជាច្រើន ។

គ្រា​នោះ​ ​ពួក​ព្រាហ្មណ៍​បាន​ពន្យល់ព្រះរាជា ​អ្នក​មិន​ញាប់ញ័រ ​ដូច​គោឧសភៈ​ក្នុង​រថ (​ឲ្យ​ធ្វើ​យញ្ញៈ ៥ យ៉ាង) ​គឺ​អស្សមេធៈ (យញ្ញៈ​ជា​ទី​បៀតបៀន​សេះ) ១ បុរិសមេធៈ (យញ្ញៈ​ជា​ទី​បៀតបៀន​បុរស) ១ សមា្មបាសៈ (យញ្ញៈ​ជា​ទី​បោះ​ទៅ​នូវ​កាំនឹម) ១ វាជបេយ្យៈ (យញ្ញៈ​ជា​ទី​ផឹក​នូវ​ទឹក​ដោះថ្លា ​និង​ទឹក​ឃ្មុំ ​ដែល​គេ​តាក់តែង​ឲ្យ​ជាជើង​នៃ​មន្ត) ១ និរគ្គឡៈ (យញ្ញៈ​មិន​មាន​សន្ទះ​ទ្វារ​) ១ ។

លុះ​ព្រាហ្មណ៍ទាំង​នោះ​ ​បាន​បូជា​នូវ​ការបូជា​ទាំង​នោះ​រួច​ហើយ​ ​ក៏​បាន​ឲ្យ​ទ្រព្យ​ដល់​ពួក​ព្រាហ្មណ៍ ​ឲ្យ​គោ ​ទី​ដេក សំពត់ ​និង​នារី​ដែល​មាន​គ្រឿងប្រដាប់​តាក់តែង រថទឹម​ដោយ​សេះអាជានេយ្យ​ដែល​ធ្វើ​ល្អ​ ពាស​ដោយ​ស្បែក​ដ៏​វិចិត្រ ​លំនៅ​ជា​ទី​ត្រេកអរ ​ដែល​គេ​ចាត់ចែង​ដោយ​សព្វ​គ្រប់ ផ្ទុកទ្រព្យ​ផ្សេង ៗ ពេញ​ហើយ​ឲ្យ​ទ្រព្យ​ដល់​ពួក​ព្រាហ្មណ៍ ។

លុះ​ព្រាហ្មណ៍ទាំង​នោះ​ ​បាន​ទ្រព្យ​ក្នុង​ទី​នោះ​ហើយ​ ​ក៏​សន្សំ​គរទុក ព្រាហ្មណ៍​ទាំង​នោះ​ ​ត្រូវ​​សេចក្តី​បា្រថ្នាគ្រប​សង្កត់​ហើយ​ តណ្ហា​ក៏​ចម្រើន​ឡើង​ក្រៃលែង ព្រាហ្មណ៍​ទាំង​នោះ​ តែង​មន្ត​ក្នុង​ទី​នោះ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះបាទ​ឱក្កាកៈ​ទៀត ។

ទឹក​ ដី ប្រាក់ ទ្រព្យ ​និង​ស្រូវ យ៉ាងណា គោទាំងឡាយ សម្រាប់​ប្រកប​កិច្ចការ​របស់​មនុស្ស ​ក៏​យ៉ាង​នោះ​ដែរ ​ព្រោះ​ថា វត្ថុ ​មាន​ទឹក​ជា​ដើម​នោះ​ ជាបរិក្ខារ​របស់​ពួក​សត្វ​មាន​ជីវិត ​សូម​ព្រះអង្គ​បូជា​នូវ​ទ្រព្យ​ដ៏​វិចិត្រ​ជាច្រើន​របស់​ព្រះអង្គ ​សូម​ព្រះអង្គ​បូជា​នូវ​ធនសម្បត្តិ​ដ៏​ច្រើន​របស់​ព្រះអង្គ ។

លំដាប់​នោះ​ ព្រះរាជា ​ដូច​ជា​គោឧសភៈ​ក្នុង​រថ ​ត្រូវ​​ពួក​ព្រាហ្មណ៍​ពន្យល់​ហើយ​ ​ក៏​បាន​សម្លាប់គោ​រាប់សែន​ជាច្រើន ​ក្នុង​ការ​បូជាយញ្ញៈ ។

គោស្មើគ្នា​នឹង​ចៀម ជា​សត្វ​ស្លូត រួត​ទឹក​ដោះ​ដាក់ឆ្នាំង​បាន​ ​មិន​ចេះ​បៀតបៀន​គេ​ដោយ​ជើង​ ​មិន​ចេះ​បៀតបៀន​គេ​ដោយ​ស្នែង ​និង​ដោយ​អវយវៈណា​មួយ​ឡើយ​ ព្រះរាជា​ទ្រង់​ចាប់គោ​ទាំង​នោះ​ត្រង់ស្នែង ​ហើយ​សម្លាប់​ដោយ​គ្រឿងសស្រា្ត ។

លំដាប់​នោះ​ ​ពួក​ទេវតា​ក្តី​ ​ពួក​ព្រហ្មជាបិតា​ក្តី​ ព្រះឥន្ទ​ក្តី​ អសុរ ​និង​អារ័ក្ខ​ទឹក​ក្តី​ ​ក៏​កន្ទក់​កន្ទេញ​ថា ស្តេចគ្មាន​ធម៌​ដូច្នេះ ​ព្រោះ​ព្រះរាជា​សម្លាប់គោ ​ដោយ​គ្រឿង​សស្រ្តា ។

ក្នុង​បុរី ​មាន​រោគ ៣ យ៉ាង ​គឺ​សេចក្តី​ប្រាថ្នា ១ ការគ្មានស៊ី ១ ​សេចក្តី​គ្រាំគ្រា ១ ​ចម្រើន​ឡើង​ដល់​ ៩៨ (​មាន​រោគភ្នែក​ជាដើម) ​ព្រោះ​សម្លាប់​នូវ​សត្វ​ចិញ្ចឹម ។

នេះ​ជាអធម៌​នៃ​ពួក​ទណ្ឌៈ ប្រព្រឹត្តយូរ​ហើយ​ ​អ្នក​បូជា​ទាំងឡាយ តែង​បៀតបៀន​នូវ​គោ​ទាំងឡាយ ជា​សត្វ​មិន​ប្រទូស្ត ​រមែង​សាបសូន្យ​ចាក​ធម៌ ។

នេះ​ឯង​ជាធម៌ថោកទាប ​មាន​មក​តាំងពី​កាលមុន ​ដែល​អ្នក​ប្រាជ្ញ​តិះដៀល​ហើយ​យ៉ាង​នេះ​ វិញ្ញូជន​ឃើញ​នូវ​អំពើដូច្នេះ ​ក្នុង​បុគ្គល​អ្នក​បូជា​ណា តែង​តិះដៀល​នូវ​បុគ្គល​អ្នក​បូជា​នោះ​ ។

កាលបើព្រាហ្មណធម៌វិនាសយ៉ាង​នេះ​ហើយ​ ​ពួក​សុទ្ទៈ ​និង​វេស្សៈ​ក៏​បែកគ្នា ​ពួក​ខត្តិយៈ​ជាច្រើន​ក៏​បែកគ្នា ទាំង​ភរិយា​ក៏​មើលងាយ​ប្តី ។

ពួក​ក្សត្រ​ក្តី​ ​ពួក​ជនជាផៅពង្ស​នៃ​ព្រហ្ម​ក្តី​ ​និង​ពួក​ជន​​ដទៃ​ ​អ្នក​ដែល​គោត្ររក្សា​ក្តី​ ​ក៏​លែង​ប្រកាន់​ពាក្យ​ពោល​អំពី​ជាតិ ​លុះ​ក្នុង​អំណាច​នៃ​កាម​ទាំងឡាយ ។

[៣១] កាលបើព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ​ ​ពួក​ព្រាហ្មណ​មហាសាល​ទាំង​នោះ​ ​ក៏​បាន​ក្រាបបង្គំទូល​ព្រះ​មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ច្បាស់ពេក​ណាស់ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ច្បាស់​ពេកណាស់ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​យ៉ាង​នេះ​ ​ដូច​គេ​ផ្ងារ​នូវ​របស់​ដែល​ផ្កា​ប់ ឬបើក​បង្ហាញ​របស់​ដែល​កំបាំង ពុំ​នោះ​ ​ដូច​គេ​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងទិស ឬ​ដូច​គេ​ទ្រោលប្រ​ទី​ប​ប្រេង ​ក្នុង​ទី​ងងឹត​ដោយ​គិតថា បុរស​អ្នក​មាន​ចក្ខុ ឃើញ​នូវ​រូបទាំងឡាយ​បាន​ ​ខ្ញុំ​ព្រះអង្គ​ទាំង​នេះ​ ​សូម​ដល់​នូវ​ព្រះគោតម​ដ៏​ចម្រើន​ផង​ ព្រះធម៌​ផង​ ព្រះ​ភិក្ខុ​សង្ឃ​ផង​ ជា​ទី​រឭក ​សូម​ព្រះគោតម​ដ៏​ចម្រើន​ ជា្រប​នូវ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ថា​ជា​ឧបាសក​អ្នក​ដល់​នូវ​សរណគមន៍​ស្មើ​ដោយ​ជីវិត ចាប់ដើម​អំពី​ថ្ងៃ​នេះ​ត​ទៅ​ ។

ចប់ ព្រាហ្មណធម្មិកសូត្រ ​ទី​៧ ។

នាវាសូត្រ ​ទី​៨

[កែប្រែ]

[៣២] បុរស​បាន​ដឹង​ធម៌ អំពីសំណាក់អាចារ្យណា​ ​គប្បី​បូជា​អាចារ្យ​នោះ​ ​ដូច​ជា​ទេវតា​បូជាព្រះឥន្ទ អាចារ្យ​អ្នក​ចេះ​ដឹង​ច្រើន ​ដែល​មាន​សិស្ស​បាន​បូជា​ហើយ​នោះ​ ជា​អ្នក​មាន​ចិត្ត​ជ្រះថ្លា​ក្នុង​សិស្ស​នោះ​ ​រមែង​ធ្វើ​ធម៌​ឲ្យ​ជាក់ច្បាស់ ។ សិស្ស​នោះ​ កាលបើ​បាន​ធ្វើ​ធម៌​នោះ​ ​ឲ្យ​តាំង​នៅ​ហើយ​ ​បាន​ពិចារណា​ ជាធីរជន ប្រតិបត្តិ​ធម៌​សម​គួរ​តាមធម៌ ​រមែង​ជា​អ្នក​ដឹង​ ជា​អ្នក​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ទាំងជា​អ្នក​មាន​បញ្ញាល្អិត បុគ្គល​ដែល​មិន​ប្រមាទ ​រមែង​សេពគប់​អ្នក​ប្រាជ្ញ​បែប​នោះ​ ។ សិស្សកាល​បើសេពគប់​នឹង​អាចារ្យ ជា​អ្នក​ទន់ទាប ល្ងង់ខ្លៅ ​មាន​ប្រយោជន៍​មិន​ទាន់សម្រេច ​មាន​តែ​សេចក្តី​ច្រណែន​គេ​ ​រមែង​មិន​បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ក្នុង​សាសនា​នេះ​ ​មិន​បាន​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​ដល់​នូវ​មរណៈ ។ ជនចុះ​កាន់ទន្លេ ​មាន​ទឹក​ច្រើន លំហាច​ហូរខ្លាំង ជន​នោះ​ កាល​រសាត់​អណ្តែត​ទៅ​តាម​ខ្សែ​ទឹក​ ​ធ្វើ​ម្តេច​នឹង​អាច​ចម្លង​ពួក​ជនឯទៀត​បាន​ យ៉ាង​ណាមិញ ។ ​បុគ្គល​ណា​ ​មិន​បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​ធម៌ ​មិន​បាន​ស្តាប់​សេចក្តី​ (​ក្នុង​សំណាក់) ​នៃ​ពួក​ពហុស្សូត ​មិន​ទាន់​យល់​ដោយ​ខ្លួន​ឯង​ ជា​អ្នក​មិន​ទាន់​អស់​សេចក្តី​សង្ស័យ ​ធ្វើ​ម្តេច​នឹង​អាច​ញ៉ាំង​ជន​ឯទៀត​ឲ្យ​យល់​បាន​ ​ក៏​យ៉ាង​នោះ​ដែរ ។ បុគ្គល​ឡើង​ជិះទូក​ដ៏​មាំ បរិបូណ៌​ដោយ​ចែវ ​និង​ថ្នោល ជា​អ្នក​ដឹង​ឧ​បាយ​ក្នុង​ការទូក​នោះ​ ជា​អ្នក​ឈ្លាស​វៃ ​មាន​គំនិត ​គប្បី​ចម្លង​ពួក​ជន​​ដទៃ​ជា​ច្រើន ​ក្នុង​ទូក​នោះ​បាន​យ៉ាងណាមិញ ចំណែក​បុគ្គល​ណា​ ជា​អ្នក​ដល់​នូវ​វេទ ​មាន​ចិត្ត​បាន​អប់រំ​ហើយ​ ជា​ពហុស្សូត ​មិន​ញាប់ញ័រ (​ក្នុង​លោកធម៌) បុគ្គល​នោះ​ឯង​ ជា​អ្នក​ចេះ​ដឹង​ ​ញ៉ាំង​ពួក​ជន​ដទៃ​ ​ដែល​ជា​អ្នក​បរិបូណ៌​ដោយ​ការ​ត្រងត្រាប់ ​និង​ឧបនិស្ស័យ​ឲ្យ​ចេះ​ដឹង​បាន​ ​ក៏​យ៉ាង​នោះ​ឯង​ ។

ព្រោះ​ហេតុ​នោះ​ បុគ្គល​គួរ​សេពគប់​សប្បុរស ជា​អ្នក​មាន​ប្រាជ្ញ​ ទាំងជា​ពហុស្សូត បុគ្គល​នោះ​ កាល​ដឹង​សេចក្តី​ហើយ​ ប្រតិបត្តិតាម ជា​អ្នក​ដឹង​ធម៌ច្បាស់ ​រមែង​បាន​នូវ​សេចក្តី​សុខ ។

ចប់ នាវាសូត្រ ​ទី​៨ ។

កឹសីលសូត្រ ​ទី​៩

[កែប្រែ]

[៣៣] (ព្រះសារីបុត្ត​ដ៏​មាន​អាយុ ក្រាបទូល​សួរ​ថា) នរជន​មាន​សីល​ដូច​ម្តេច ​មាន​មារយាទ​ដូច​ម្តេច ​ចម្រើន​នូវ​អំពើ​ទាំងឡាយ​ដូច​ម្តេច ​គប្បី​ជា​បុគ្គល​ប្រតិស្ឋាន​មាំ​ល្អ​ (​ក្នុង​សាសនា) ​ផង​ ​ដល់​នូវ​ប្រយោជន៍​ខ្ពង់​ខ្ពស់​ ​គឺ​អរហត្តផល​ផង​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​) បុគ្គល​ត្រូវ​ប្រព្រឹត្ត​កោតក្រែង​ចំពោះ​បុគ្គល​ដែល​ចម្រើន​ ជា​អ្នក​មិន​មាន​សេចក្តី​ច្រណែន ស្គាល់កាល​គួរ​ចួប​នឹង​គ្រូ ស្គាល់ខណៈ​ស្តាប់​ធម្មីកថា ​ដែល​លោក​ពោល​ ​គប្បី​ស្តាប់​សុភាសិត​ឯទៀត​ដោយ​គោរព ។

បុគ្គល​គួរ​ធ្វើ​ការរឹងត្អឹង ​ឲ្យ​ជ្រះស្រឡះ ប្រព្រឹត្ត​បន្ទាបខ្លួន ​ហើយ​ចូល​ទៅ​កាន់សំណាក់គ្រូ តាមកាល​គួរ​ ​គប្បី​រលឹក​រឿយ ៗ ទាំងប្រព្រឹត្ត​ដោយ​ប្រពៃ​នូវ​អត្ថ​នៃ​ (ភាសិត) ធម៌ សីល ​និង​ព្រហ្មចារ្យ (​ដ៏​សេស​ ​ដែល​គ្រូសំដែង​ហើយ​) ។

បុគ្គល​គួរ​ជា​អ្នក​មាន​ធម៌ជា​ទី​ត្រេកអរ ត្រេកអរ​ក្នុង​ធម៌ ឋិត​នៅ​ក្នុង​ធម៌ ចេះ​វិនិច្ឆ័យ​នូវ​ធម៌ ​មិន​គួរ​ប្រព្រឹត្ត​នូវ​ពាក្យ​ ​ដែល​ប្រទូស្តចំពោះ​ធម៌ ​គប្បី​ញ៉ាំង​កាល​ឲ្យ​អស់​ទៅ​ ​ដោយ​សុភាសិត​ទាំងឡាយ​ដែល​ពិត ៗ ។

បុគ្គល​គួរ​លះបង់​នូវ​ការសើច ​រីករាយ​ ការចរចា​ឥត​ប្រយោជន៍ ការ​ខ្សឹកខ្សួល ការ​ប្រទុស្ត ការ​ធ្វើ​នូវ​មាយា ការកុហក ការជាប់​ចិត្ត​ ការប្រកាន់ ការប្រណាំង​ប្រជែង សំដី​អាក្រក់ ​ទឹក​អម្ចត់ ​គឺ​រាគាទិក្កិលេស ​និង​ការជ្រប់​នៅ​ដោយ​តណ្ហា ​គប្បី​ជា​បុគ្គល​បា្រស​ចាក​សេចក្តី​ស្រវឹង ​មាន​ចិត្ត​ឋិត​នៅ​មាំ ។

សុភាសិតទាំងឡាយ (​ដែល​ប្រកប​ដោយ​សមថវិបស្សនា) ​គឺ​អ្នក​បា្រជ្ញ​ដឹង​ច្បាស់ ថា​មាន​សារៈ ឯញាណ​សំរេចអំពីសុតៈ ​គឺ​អ្នក​បា្រជ្ញ​ដឹង​ច្បាស់​ថា ​មាន​សមាធិជា​សារៈ បញ្ញា ​និង​សុតៈ ​រមែង​មិន​ចម្រើន​ដល់​នរជន ​ដែល​ជា​អ្នក​មាន​ចិត្ត​រហ័ស ជា​អ្នក​ធ្វេស​ប្រហែស ។

មួយ​ទៀត ជន​ពួក​ណា ត្រេកអរ​ក្នុង​ធម៌ ​ដែល​អរិយបុគ្គល​សំដែង​ហើយ​ ជន​ពួក​នោះ​ ​រមែង​ប្រសើរ​ដោយ​វចីកម្ម មនោកម្ម ​និង​កា​យក​ម្ម ជន​ពួក​នោះ​ ​រមែង​ឋិត​នៅ​ក្នុង​សេចក្តី​ស្ងប់ស្ងាត់ ស្ងប់ស្ងៀម ​និង​សមាធិ ​ហើយ​បាន​ដល់​នូវ​ខ្លឹម​នៃ​ការ​ស្តាប់​ផង​ ​នៃ​ប្រាជ្ញា​ផង​ ។

ចប់ កឹសីលសូត្រ ​ទី​៩ ។

ឧដ្ឋានសូត្រ ​ទី​១០

[កែប្រែ]

[៣៤] (ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​នឹង​ពួក​ភិក្ខុ​យ៉ាង​នេះ​ថា) ​អ្នក​ទាំងឡាយ ​ចូរ​ក្រោក (​ចូរ​អង្គុយ​ចម្រើន​កម្មដ្ឋាន) ប្រយោជន៍អ្វី ​ដោយ​ការ​ដេកលក់​របស់​អ្នក​ទាំងឡាយ ​ព្រោះ​ថា ​អ្នក​ទាំងឡាយ ឈឺជានិច្ច ​ត្រូវ​សរ ​គឺ​រាគាទិក្កិលេស​ចាក់ដោត​ហើយ​ ​កំពុង​តែលំបាក ម្តេច​ក៏​នៅ​ដេកលក់ ។

អ្នក​ទាំងឡាយ ​ចូរ​ក្រោកអង្គុយ ​ចូរ​សិក្សា​ឲ្យ​មាំមួន ដើម្បី​សេចក្តី​ស្ងប់ ​កុំ​ឲ្យ​មច្ចុរាជ​បាន​ដឹង​នូវ​អ្នក​ទាំងឡាយ ​ថា​ជា​អ្នក​ប្រមាទ ​ហើយ​ធ្វើ​ឲ្យ​វង្វេង ​លុះ​ក្នុង​អំណាច​នៃ​ខ្លួន​ឡើយ​ ។ ​ពួក​ទេវតា ​និង​មនុស្ស ​ត្រូវ​ការ​នឹង​អារម្មណ៍​ជាដើម​ អាស្រ័យ​ជាប់​នៅ​ (​ក្នុង​អារម្មណ៍​នោះ​) ​ព្រោះ​តណ្ហាណា ​អ្នក​ទាំងឡាយ ​ចូរ​ឆ្លង​នូវ​តណ្ហា​ជាគ្រឿង​ផ្សាយនុ៎ះ ​កុំ​ឲ្យ​ខណៈ​កន្លង​ផុត​នូវ​អ្នក​ទាំងឡាយ​ឡើយ​ ​ព្រោះ​ថា ​ពួក​ជន​ដែល​ខណៈ​កន្លង​ហើយ​ ​រមែង​សោកណែន​ណាន់​ក្នុង​ន​រក​ ។

សេចក្តី​ប្រមាទ ជាធូលី ធូលីធ្លាក់ចុះ​តាម​សេចក្តី​ប្រមាទ ​ព្រោះ​តែ​សេចក្តី​ប្រមាទ ​កុលបុត្រ​ដក​ចោល​នូវ​សរ ​គឺ​រាគាទិក្កិលេស​របស់​ខ្លួន​បាន​ដោយ​វិជ្ជា ​គឺ​អាសវក្ខយញ្ញាណ ​ព្រោះ​តែ​សេចក្តី​មិន​ប្រមាទ ។

ចប់ ឧដ្ឋានសូត្រ ​ទី​១០ ។

រាហុលសូត្រ ​ទី​១១

[កែប្រែ]

[៣៥] (ព្រះ​មាន​ព្រះភាគ ត្រាស់​សួរ​ថា) ​អ្នក​មិន​មើលងាយ​អ្នក​បា្រជ្ញ​ព្រោះ​តែ​នៅ​រួមគ្នា​រឿយ ៗ ទេឬ បុគ្គល​អ្នក​ទ្រោល​គប់ភ្លើង​បំភ្លឺ​ដល់​ពួក​មនុស្ស ​អ្នក​កោតក្រែង​ដែរឬ ។

(ព្រះរាហុល​ដ៏​មាន​អាយុ ក្រាបទូលថា) ​ខ្ញុំ​ព្រះអង្គ ​មិន​មើល​ងាយ​អ្នក​បា្រជ្ញ ​ព្រោះ​តែ​នៅ​រួម​គ្នារឿយ ៗ ទេ បុគ្គល​អ្នក​ទ្រោល​គប់ភ្លើង​បំភ្លឺ​ដល់​ពួក​មនុស្ស ​ខ្ញុំ​ព្រះអង្គ​កោតក្រែង​ជានិច្ច ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​) ​អ្នក​ចូរ​លះ​នូវ​កាមគុណ ៥ ​មាន​សភាព​ជា​ទី​ស្រឡាញ់ ជា​ទី​ត្រេកអរ​នៃ​ចិត្ត​ ​ចេញ​ចាក​ផ្ទះមក​បួស​ដោយ​សទ្ធា ​ហើយ​ធ្វើ​នូវ​ទី​បំផុត​ទុក្ខចុះ ។

អ្នក​ចូរ​គប់​រក​នូវ​កល្យាណមិត្ត ​និង​ទី​ដេក ​ទី​អង្គុយ​ដ៏​ឆ្ងាយ ស្ងប់ស្ងាត់ ​មិន​មាន​សំឡេង​គឹកកង ​ចូរ​ជា​អ្នក​ស្គាល់ប្រមាណ​ក្នុង​ភោជន ។

អ្នក​កុំ​ធ្វើ​បំណង ​ក្នុង​បច្ច័យទាំង​នេះ​ ​គឺ​ចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ ​និង​គិលានប្បច្ច័យ​ឡើយ​ ​កុំ​ត្រឡប់​មកកាន់​លោកទៀត​ឡើយ​ ។

អ្នក​ចូរ​សង្រួម​ក្នុង​បាតិមោក្ខ​ផង​ ​ក្នុង​ឥន្ទ្រិយ​ទាំង ៥ ​ផង​ ​ចូរ​មាន​ស្មារតី ប្រព្រឹត្ត​ទៅ​ក្នុង​កាយ ​ចូរ​ជា​បុគ្គលច្រើន​ដោយ​សេចក្តី​នឿយណាយ ។

អ្នក​ចូរ​លះ​នូវ​សុភនិមិត្ត ​ដែល​ប្រកប​ដោយ​រាគៈ ​ចូរ​ចម្រើន​ចិត្ត​ដោយ​អសុភ ​ឲ្យ​ជា​ចិត្ត​មូល​តែ​មួយ​ តាំងមាំ​ដោយ​ប្រពៃ ​មួយ​ទៀត ​ចូរ​ចម្រើន​នូវ​អនិមិត្តវិបស្សនា ​ចូរ​លះ​នូវ​អនុស័យ ​គឺ​មានះ លំដាប់ត​អំពី​នោះ​ ​អ្នក​នឹង​ប្រព្រឹត្ត​ស្ងប់រម្ងាប់ ​ព្រោះ​លះ​បង់មានះ ។

ព្រះ​មាន​ព្រះភាគ ​ទ្រង់​ទូន្មាន​ព្រះរាហុល​ដ៏​មាន​អាយុ​ជារឿយ ៗ ​ដោយ​គាថាទាំង​នេះ​ ​ដោយ​ប្រការ​យ៉ាង​នេះ​ឯង​ ។

ចប់ រាហុសូត្រ ​ទី​១១ ។

វង្គីសសូត្រ ​ទី​១២

[កែប្រែ]

[៣៦] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​នៅ​ក្នុង​អគ្គាឡវចេតិយវិហារ ជិតក្រុង​អាឡវី ។ សម័យ​នោះ​ឯង​ ព្រះថេរៈ​ឈ្មោះ​និគ្រោធកប្បៈ ជា​ឧបជ្ឈាយ៍​របស់​ព្រះវង្គីសៈ​មាន​អាយុ ទើបតែ​បរិនិព្វាន​ថ្មី ៗ ​ក្នុង​អគ្គាឡវចេតិយវិហារ ។ គ្រា​នោះ​ ព្រះវង្គីសៈ​ដ៏​មាន​អាយុ ​ទៅ​ក្នុង​ទី​ស្ងាត់ ​គេ​ច​ចេញ​ចាក​អារម្មណ៍ សម្ងំ​នៅ​ ​កើត​មាន​សេចក្តី​ត្រិះរិះ​ក្នុង​ចិត្ត​យ៉ាង​នេះ​ថា ព្រះឧបជ្ឈាយ៍​របស់​អាត្មាអញ បរិនិព្វាន​ហើយ​ ឬ​មិន​ទាន់​បរិនិព្វាន​ទេ ។ លំដាប់​នោះ​ ព្រះវង្គីសៈ​ដ៏​មាន​អាយុ ​ចេញ​ចាក​ទី​សម្ងំ ​ក្នុង​សាយណ្ហ​សម័យ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ ​លុះ​ចូល​ទៅ​ដល់​ ថ្វាយបង្គំ​ព្រះ​មាន​ព្រះភាគ ​ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ​ ។ ព្រះវង្គីសៈ​ដ៏​មាន​អាយុ ​លុះ​អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ​ ក្រាបបង្គំ​ទូល​ព្រះ​មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ កាល​ដែល​ខ្ញុំ​ព្រះអង្គ ​ទៅ​ក្នុង​ទី​ស្ងាត់ ពួន​សម្ងំ​នៅ​ក្នុង​អគ្គាឡវចេតិយវិហារ​នេះ​ ​កើត​មាន​សេចក្តី​ត្រិះរិះ​ក្នុង​ចិត្ត​ យ៉ាង​នេះ​ថា ព្រះឧបជ្ឈាយ៍​របស់​អាត្មាអញ បរិនិព្វាន​ហើយ​ ឬ​មិន​ទាន់​បរិនិព្វាន​ទេ ។

លំដាប់​នោះ​ ព្រះវង្គីសៈ​ដ៏​មាន​អាយុ ក្រោក​ចាក​អាសនៈ ​ធ្វើ​ចីវរ​ឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី ចំពោះ​ព្រះ​មាន​ព្រះភាគ ​ហើយ​ក្រាបបង្គំ​ទូល​សួរ​ចំពោះ​ព្រះ​មាន​ព្រះភាគ ​ដោយ​គាថាថា

[៣៧] ​ពួក​ខ្ញុំ​ព្រះអង្គ ​សូម​សួរ​ព្រះសាស្តា ព្រះអង្គ​មាន​បញ្ញា​មិន​ខ្សោយ​ខ្សោក​ថោកទាប ​ភិក្ខុ​ណា ជា​អ្នក​កាត់​ផ្តាច់​នូវ​សេចក្តី​សង្ស័យ​ក្នុង​បច្ចុប្បន្ន ​មាន​កេរ្តិ៍​ឈ្មោះ​ ​មាន​យស ​មាន​ចិត្ត​ត្រជាក់ ​បាន​ធ្វើ​មរណកាល​ក្នុង​អគ្គាឡវចេតិយវិហារ ។ បពិត្រ​ព្រះ​មាន​ព្រះភាគ ​ឈ្មោះ​របស់​ភិក្ខុ​ជាព្រាហ្មណ៍​នោះ​ ព្រះអង្គ​ទ្រង់​ប្រោស​ប្រទាន​ហើយ​ថា និគ្រោធកប្ប​ ​ភិក្ខុ​នោះ​ កាល​នមស្ការ​នូវ​ព្រះអង្គ ជា​អ្នក​បា្រថ្នា​នូវ​ការផុត​ស្រឡះ (​ចាក​កិលេស) ​បាន​ប្រារព្ធ​ព្យាយាម ឃើញ​នូវ​ធម៌​ដ៏​មាំ ។ បពិត្រ​ព្រះសក្យៈ ​មាន​ចក្ខុ​ជុំ​វិញ​ ​គឺ​សព្វញ្ញុតញ្ញាណ ​ពួក​ខ្ញុំ​ព្រះអង្គ​ទាំង​អស់​គ្នា ចង់​ដឹង​នូវ​សាវ័ក​នោះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​បាន​ប្រុង​ត្រចៀក​នឹង​ស្តាប់​ជាស្រេច​ហើយ​ ព្រះអង្គ​ជាគ្រូ​របស់​ពួក​ខ្ញុំ​ព្រះអង្គ ព្រះអង្គ​ជាបុគ្គល​ប្រសើរ​លើ​ស ។ បពិត្រ​ព្រះអង្គ ​អ្នក​មាន​បា្រជ្ញា​ក្រាស់​ដូច​ជា​ផែនដី ​សូម​ព្រះអង្គ​កាត់​បង់​នូវ​សេចក្តី​សង្ស័យ ​របស់​ពួក​ខ្ញុំ​ព្រះអង្គ ​សូម​ទ្រង់​សំដែង​នូវ​សេចក្តី​នុ៎ះ ​ដល់​ខ្ញុំ​ព្រះអង្គ ​សូម​ទ្រង់​ត្រាស់ប្រាប់​នូវ​ភិក្ខុ​ដែល​បរិនិព្វាន​ហើយ​ ។ បពិត្រ​ព្រះអង្គ​អ្នក​មាន​ចក្ខុ​ជុំ​វិញ​ ​សូម​ព្រះអង្គ​ទ្រង់​ប្រកាស​ក្នុង​កណ្តាល​ពួក​ខ្ញុំ​ព្រះអង្គ ​ដូច​ជា​ព្រះឥន្ទ ជា​សហស្សនេត្រ (​ទ្រង់​ប្រកាស​ក្នុង​កណ្តាល) ​ពួក​ទេវតា ។ គន្ថក្កិលេស​ណា​មួយ​ ​ដែល​ជា​ផ្លូវ​នៃ​មោហៈ ជា​ពួក​នៃ​កិរិយា​មិន​ដឹង​ ជា​ទី​តាំង​នៃ​សេចក្តី​សង្ស័យ ​ក្នុង​លោក​នេះ​ គន្ថក្កិលេស​ទាំង​នោះ​ ​មាន​ដល់​នូវ​ព្រះតថាគត ​រមែង​មិន​មាន​ ​ព្រោះ​ព្រះអង្គ​មាន​ភ្នែក​ដ៏​ឧត្តម ជាង​នរជន​ទាំងឡាយ ។ ​ក៏​ប្រសិន​បើ ព្រះ​មាន​ព្រះភាគ ជាវិញ្ញុបុរស ​មិន​កម្ចាត់​បង់កិលេស ​ដូច​ជា​ខ្យល់​កម្ចាត់​នូវ​ពពក​ទេ លោក​ទាំង​អស់​ ​ដែល​មោហៈ​រួបរឹត​ហើយ​ ​ក៏​ទៅ​ជាងងឹត​សូន្យ សូម្បី​ពួក​នរជន​ដែល​មាន​ពន្លឺ ​ក៏​មិន​គប្បី​ភ្លឺ​ច្បាស់​បាន​ ។ ​មួយ​ទៀត ​ពួក​អ្នក​បា្រជ្ញ ជា​អ្នក​ធ្វើ​នូវ​ពន្លឺរុងរឿង ​គឺ​បញ្ញា បពិត្រ​ព្រះអង្គ ជា​អ្នក​បា្រជ្ញ ​ព្រោះ​ហេតុ​នោះ​ ​បាន​ជា​ខ្ញុំ​ព្រះអង្គ សំគាល់​នូវ​ព្រះអង្គ​ថា​ជាយ៉ាង​នោះ​ឯង​ ​ពួក​ខ្ញុំ​ព្រះអង្គ​ដឹង​ថា ព្រះអង្គ​ជា​អ្នក​ឃើញ​តាមពិត ទើប​នាំ​គ្នាចូលមក​គាល់ព្រះអង្គ ​សូម​ព្រះអង្គ​ទ្រង់​សំដែង​ឲ្យ​ប្រាកដ ​នូវ​និគ្រោធកប្បត្ថេរ ចំពោះ​ពួក​ខ្ញុំ​ព្រះអង្គ ​ក្នុង​ពួក​បរិស័ទ​ បពិត្រ​ព្រះអង្គ​មាន​ព្រះសូរសៀង​ដ៏​ពីរោះ ​សូម​ព្រះអង្គ​ទ្រង់​ត្រាស់​នូវ​ព្រះវាចា​ជា​ទី​គាប់​ចិត្ត​ជាឆាប់ ​សូម​ព្រះអង្គ​ទ្រង់​បញ្ចេញ​ព្រះសូរសៀង​សន្សឹម ៗ ​ដោយ​ព្រះសូរសៀង​មូលពីរោះ ​ដែល​សង្ខារ​តាក់តែង​ទុក​ដោយ​ល្អ​ ​ដូច​ហង្ស ផ្គងស្រែក​សម្រែក​បន្តិច ៗ ​ខ្ញុំ​ព្រះអង្គ​ទាំង​អស់​គ្នា តាំង​ចិត្ត​ត្រង់​នឹង​ប្រុង​ស្តាប់​ព្រះអង្គ ។ ​ខ្ញុំ​ព្រះអង្គ ​នឹង​សូម​ទទូច​អារាធនា​ព្រះអង្គ ​អ្នក​មាន​ជាតិ ​និង​មរណៈ លះបង់​ហើយ​មិន​សេសសល់ ​កម្ចាត់​បង់ (​នូវ​បាប​ទាំងពួង) ​ឲ្យ​ទ្រង់​សំដែង​នូវ​ធម៌ ​ព្រោះ​ថា ការ​ធ្វើ​បាន​តាម​ប្រាថ្នា ​មិន​មាន​ដល់​បុថុជ្ជន​ឡើយ​ ចំណែក​ខាង​ការ​ពិចារណា​ ​ហើយ​ធ្វើ​បាន​តាម​ប្រាថ្នា ​រមែង​មាន​ដល់​ព្រះតថាគត​ទាំងឡាយ ។

សម្បន្នវេយ្យាករណ៍ (ការព្យាករណ៍​ដ៏​ត្រឹម​ត្រូវ​) ​នេះ​ ​គឺ​ព្រះអង្គ​មាន​បញ្ញា​រុងរឿង ​បាន​ត្រាស់​ប្រពៃ​ហើយ​ អញ្ជលី​ជា​ទី​បំផុត​នេះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ប្រណម្យ​ហើយ​ ​ដោយ​ប្រពៃ បពិត្រ​ព្រះអង្គ​មាន​ប្រាជ្ញា​មិន​ទន់ទាប កាល​ព្រះអង្គ​ទ្រង់​ជ្រាប (​នូវ​គតិ​នៃ​ព្រះនិគ្រោធកប្បៈ) ​កុំ​ឲ្យ​ខ្ញុំ​ព្រះអង្គ​វង្វេង​ឡើយ​ ។ បពិត្រ​ព្រះអង្គ ​មាន​ព្យាយាម​មិន​ទន់ទាប ព្រះអង្គ​បាន​ជ្រាប​ច្បាស់​នូវ​អរិយសច្ចធម៌​ដ៏​ប្រសើរ​ក្រៃលែង កាល​ព្រះអង្គ​ទ្រង់​ជា្រប​នូវ​ញេយ្យធម៌​ទាំងពួង ​កុំ​ឲ្យ​ខ្ញុំ​ព្រះអង្គ​វង្វេង​ឡើយ​ ​ខ្ញុំ​ព្រះអង្គ ប្រាថ្នា​នូវ​ព្រះវាចា (​របស់​ព្រះអង្គ) ​ដូច​ជា​បុគ្គលក្តៅ ​ដោយ​កំដៅ​ថ្ងៃ​ក្នុង​រដូវក្តៅ ប្រាថ្នា​រក​ទឹក​ ​សូម​ព្រះអង្គ​បង្អុរ​នូវ​ព្រះសូរសៀង ។ និគ្រោធកប្ប​ភិក្ខុ​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ដ៏​មាន​ប្រយោជន៍​ណា ព្រហ្មចរិយធម៌​នោះ​របស់​លោក ​មិន​ឥត​ប្រយោជន៍​តិច​តួច​ឡើយ​ លោក​នោះ​ ​បាន​និព្វាន ​ដូច​ជា​អសេក្ខបុគ្គល ​ដែល​មាន​ចិត្ត​ផុត​ហើយ​ ឬជា​សឧបាទិសេសៈ (​ដូច​ជា​សេក្ខបុគ្គល) ​ពួក​ខ្ញុំ​ព្រះអង្គ ប្រុង​ស្តាប់​នូវ​ព្រះបន្ទូល​របស់​ព្រះអង្គ​នោះ​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ព្យាករថា) និគ្រោធកប្ប​ភិក្ខុ​ ​បាន​កាត់​ផ្តាច់​នូវ​តណ្ហា​ក្នុង​នាម ​និង​រូប​នេះ​ ជាខ្សែ​ធម៌ខ្មៅ ​គឺ​កិលេសមារ​ដែល​ដេកត្រាំ​អស់​រាត្រី​ជាអង្វែង ​បាន​ឆ្លង​ផុតការ​កើត​ ​និង​ការស្លាប់ ​មិន​មាន​សេសសល់ ព្រះ​មាន​ព្រះភាគ​ប្រសើរ​ជាង​បញ្ចវគ្គិយ​ភិក្ខុ​ ​បាន​ត្រាស់​ព្យាករ​ដោយ​ប្រការ​ដូច្នេះ ។ បពិត្រ​ព្រះអង្គ​ជាឥសីគំរប់ ៧ [​យក​ឥសី ៦ ​គឺ​វិបស្សី សិខី វេស្សភូ កកុសន្ធៈ កោនាគមនៈ កស្សបៈ រួម​នឹង​ព្រះអង្គ ​ត្រូវ​ជា ឥសី ៧ ​គឺ​ព្រះអង្គ​ជាឥសី​ទី​៧ ។ អដ្ឋកថា ។] ​ខ្ញុំ​ព្រះអង្គ​នោះ​ ​បាន​ស្តាប់​ព្រះបន្ទូល​ព្រះអង្គ​ហើយ​ជ្រះថ្លា ​ព្រោះ​ប្រស្នា​ដែល​ខ្ញុំ​ព្រះអង្គ​ក្រាបទូល​សួរ​ ​មិន​ឥត​អំពើ​ឡើយ​ ព្រះអង្គ​ជាព្រាហ្មណ៍ ​មិន​បាន​បញ្ឆោត​ខ្ញុំ​ព្រះអង្គ​ឡើយ​ ។ សាវ័ក​របស់​ព្រះពុទ្ធ និយាយ​យ៉ាងណា ​ធ្វើ​យ៉ាង​នោះ​ ​បាន​កាត់​ផ្តាច់​នូវ​បណ្តាញ ​គឺ​តណ្ហា​ដ៏​មាំ​របស់​មច្ចុមារ ​ដែល​មាន​មាយា​ច្រើន ​ដែល​ផ្សាយ​ទៅ​ (​ក្នុង​តេភូមិកវដ្តៈ) ​នោះ​ ។ បពិត្រ​ព្រះ​មាន​ព្រះភាគ និគ្រោធកប្ប​ភិក្ខុ​ ​បាន​ឃើញ​ហេតុជា​ខាង​ដើម​នៃ​ឧបាទាន ឱហ្ន៎ និគ្រោធកប្ប​ភិក្ខុ​ ​បាន​ប្រព្រឹត្ត​កន្លង​នូវ​ (តេភូមិកវដ្តៈ) ជា​ទី​ទ្រ​ទ្រង់​នៅ​នៃ​មច្ចុមារ ​ដែល​គេ​ឆ្លង​បាន​ដោយ​កម្រ​ក្រៃពេក ។

ចប់ វង្គីសសូត្រ ​ទី​១២ ។

សម្មាបរិព្វាជនិយសូត្រ ​ទី​១៣

[កែប្រែ]

[៣៨] (ព្រះពុទ្ធនិមិ្មត ​ទ្រង់​សួរ​ថា) ​ខ្ញុំ​សូម​សួរ​នូវ​ព្រះមុនី ​ដែល​មាន​បា្រជ្ញាច្រើន ​បាន​ឆ្លង​ចាក​ឱឃៈ (​ដល់​នូវ​ត្រើយ ​គឺ​ព្រះនិព្វាន) ​បាន​រំលត់​ហើយ​ ​មាន​ព្រះទ័យ​តាំង​នៅ​មាំ ​ភិក្ខុ​បន្ទោបង់​នូវ​កាម​ទាំងឡាយ ​ហើយ​ចេញ​ចាក​ផ្ទះ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក តើ​ដោយ​ប្រការ​ដូច​ម្តេច ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​) ​ភិក្ខុ​ណា ​បាន​គាស់​រំ​លើ​ង​នូវ​មង្គល​ផង​ ​នូវ​ការ​ប្រកាន់​ឧប្បាត [ការបណ្តាល​ធម្មជាតិ​ ​ដូច​ជា​ដុំភ្លើង​ហោះ រន្ទះបាញ់ ។] (​មាន​រន្ទះបាញ់​ជាដើម) ​ផង​ ​នូវ​ការ​ប្រកាន់​យល់សប្តិ​ផង​ ​នូវ​ការ​ប្រកាន់​លក្ខណៈ​ផង​ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា ​បាន​លះបង់​ស្រឡះ​នូវ​មង្គល​ជាទោស ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

ភិក្ខុ​បន្ទោបង់​នូវ​តម្រេក​ក្នុង​កាមទាំងឡាយ ជា​របស់​មនុស្ស​ផង​ ​របស់​ទេវតា​ផង​ ​កន្លង​នូវ​ភព ​បាន​ត្រាស់​ដឹង​នូវ​ធម៌ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

ភិក្ខុ​ធ្វើ​ចិត្ត​មិន​ឲ្យ​ត្រេកអរ លះ​នូវ​ពាក្យ​ញុះញង់​ទាំងឡាយ ​នូវ​សេចក្តី​ក្រោធ ​និង​សេចក្តី​កំណាញ់ លះ​នូវ​រាគៈ ​និង​ទោសៈ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

ភិក្ខុ​លះបង់​នូវ​សេចក្តី​ស្រឡាញ់ ​និង​ស្អប់ ​មិន​ប្រកាន់មាំ ​មិន​អាស្រ័យ​ក្នុង​សភាវៈ​តិច​តួច (​ដោយ​តណ្ហា ​និង​ទិដ្ឋិ) ​ឡើយ​ ​មាន​ចិត្ត​ផុតស្រឡះ​ហើយ​ ​ចាក​សំយោជនិយធម៌​ទាំង​ឡាយ (ធម៌ជា​អារម្មណ៍​នៃ​សំយោជនៈ) ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

ភិក្ខុ​នោះ​ ​បន្ទោបង់​នូវ​ឆន្ទរាគ ​ក្នុង​ខន្ធ​ជា​គ្រឿង​ប្រកាន់ ​មិន​ដល់​ (​នូវ​ការ​ឃើញ) ថា​មាន​ខ្លឹម​ក្នុង​ឧបធិ ​គឺ​ខន្ធ​ទាំង​ឡាយ​នោះ​ ជាបុគ្គល​មិន​អាស្រ័យ (​ដោយ​ឆន្ទៈ ​និង​រាគៈ) ​មិន​បាច់​មាន​បុគ្គល​​ដទៃ​ណែ​នាំ​ឡើយ​ ​ភិក្ខុ​នោះ​ឈ្មោះ​ថា វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

ភិក្ខុ​មិន​ភ្លាត់ខុស​ដោយ​កាយ វាចា ​និង​ចិត្ត​ ​ដឹង​ច្បាស់​នូវ​ធម៌​ដោយ​ប្រពៃ ប្រាថ្នា​យក​នូវ​បទ ​គឺ​ព្រះនិព្វាន ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

ភិក្ខុ​ណា ​មិន​ក្រអឺតក្រឱង ​ដោយ​គិតថា ​គេ​ថ្វាយ​បង្គំអញ សូម្បី​គេ​ជេរ​ក៏​មិន​តបត ​បាន​នូវ​ភោជន​របស់​អ្នក​​ដទៃ​​ឲ្យ​ ​ក៏​មិន​ស្រវឹង ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

ភិក្ខុ​លះបង់​សេចក្តី​លោភ ​និង​ភព វៀរ​ចាក​ការកាប់​កាត់​ ​និង​ការចង (​សត្វ​​ដទៃ​) ​ភិក្ខុ​នោះ​ ជា​អ្នក​ឆ្លង​ផុត​ចាក​សេចក្តី​ងឿងឆ្ងល់ ប្រាស​ចាក​សរ ​គឺ​សេចក្តី​សោក ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

ភិក្ខុ​ណា ​បាន​ដឹង​ច្បាស់​នូវ​សេចក្តី​ប្រព្រឹត្ត​ដ៏​សម​គួរ​របស់​ខ្លួន​ផង​ ​មិន​បៀតបៀន​ជន​ដទៃ​​ណា​មួយ​ក្នុង​លោក​ផង​ ​ដឹង​ច្បាស់​នូវ​ធម៌តាម​សេចក្តី​ពិត ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

អនុស័យទាំងឡាយណា​មួយ​ ​មិន​មាន​ដល់​ភិក្ខុ​ណា អកុសលមូល​ទាំងឡាយ ​ភិក្ខុ​ណា ​បាន​ដក​ចោល​ហើយ​ ​ភិក្ខុ​នោះ​ ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា ​មិន​មាន​សេចក្តី​អាឡោះអាល័យ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

ភិក្ខុ​អ្នក​អស់​អាសវៈ​ហើយ​ លះបង់​នូវ​មានះ ​កន្លង​ផុត​នូវ​ធម៌ ជាគន្លង​នៃ​រាគៈ​ទាំង​អស់​ ទូន្មានខ្លួន សម្រេច​នូវ​ព្រះនិព្វាន ​មាន​ចិត្ត​តាំង​នៅ​មាំ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

ភិក្ខុ​អ្នក​មាន​សទ្ធា ប្រកប​ដោយ​សុតៈ ប្រព្រឹត្ត​ទៅ​ក្នុង​បរមត្ថ ​បាន​ឃើញ​សម្មត្តនិយាម ​គឺ​មគ្គ កាល​ពួក​សត្វ​ប្រព្រឹត្ត​ទៅ​ដោយ​ទិដ្ឋិ ៦២ ​ក៏​មិន​ប្រព្រឹត្ត​ទៅ​ដោយ​ពួក​ ជា​អ្នក​ប្រាជ្ញា អាច​បន្ទោបង់​នូវ​លោភៈ ទោសៈ ​និង​សេចក្តី​ថ្នាំងថ្នាក់ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

ភិក្ខុ​បាន​ឈ្នះកិលេស ​ដោយ​អរហត្តមគ្គ​ដ៏​បរិសុទ្ធ បើក​ចេញ​នូវ​កិលេស​ជាគ្រឿង​ប្រក់ ជា​អ្នក​ស្ទាត់​ក្នុង​ចតុស្សច្ចធម៌ ​ដល់​នូវ​ត្រើយ ​គឺ​ព្រះនិព្វាន ​មាន​សន្តាន​មិន​រំភើប​ដោយ​តណ្ហា ជា​អ្នក​ឈ្លាសវៃ​ក្នុង​អរិយមគ្គ គ្រឿង​ដឹង​នូវ​ធម៌ជា​ទី​រលត់​នៃ​សង្ខារ ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

ភិក្ខុ​កន្លង​នូវ​កប្បៈ [ការប្រកាន់​ផ្តាច់ថា អញ ​របស់​អញ ​ក៏​បាន​ ។] ​គឺ​តណ្ហា ​និង​ទិដ្ឋិ ​ក្នុង​ខន្ធ​ទាំងឡាយ ​ដែល​ជាអតីត ​និង​អនាគត ជា​អ្នក​មាន​ប្រាជ្ញា​ដ៏​បរិសុទ្ធ ​ព្រោះ​កន្លង​ផុត (​នូវ​អទ្ធា ៣ [អទ្ធា ៣ ​គឺ​ អតីតទ្ធា ​បាន​ដល់​អវិជ្ជាសង្ខារ, អនាគតទ្ធា ​បាន​ដល់​ ជាតិ ជរា មរណៈ, បច្ចុប្បន្នទ្ធា ​បាន​ដល់​ វិញ្ញាណ ជា​ខាង​ដើម ភវៈ ជា​ទី​បំផុត​ ។ អដ្ឋកថា ។]) ​មាន​ចិត្ត​ផុតស្រឡះ​ចាក​អាយតនៈ​ទាំងពួង ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

ភិក្ខុ​កំណត់​ដឹង​នូវ​បទ ​គឺ​សច្ចៈ​មួយ​ ៗ ​ហើយ​ត្រាស់​ដឹង​នូវ​សច្ចៈ​ធម៌ ឃើញ​នូវ​ព្រះនិព្វាន ​មិន​មាន​គ្រឿងដោត​ក្រង ជា​ទី​លះបង់​នូវ​អាសវៈ​ទាំងឡាយ ​ព្រោះ​អស់​ទៅ​នៃ​ឧបធិក្កិលេស​ទាំងពួង ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

(ព្រះនិម្មិតពុទ្ធ ​ពោល​សរសើរថា) ​សេចក្តី​ពិតថា ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ព្រះពុទ្ធដីកា​យ៉ាង​នេះ​ ​មាន​សេចក្តី​បែប​នោះ​ដ​ដែល​ថា ​ភិក្ខុ​ណា ​មាន​ការ​នៅ​យ៉ាង​នេះ​ ជា​អ្នក​ទូន្មានខ្លួន ប្រព្រឹត្ត​កន្លង​នូវ​សំយោជនធម៌​ទាំងពួង ​ភិក្ខុ​នោះ​ ​ឈ្មោះ​ថា វៀរ​ដោយ​ប្រពៃ​ក្នុង​លោក ។

ចប់ សម្មាបរិព្វាជនិយសូត្រ ​ទី​១៣ ។

ធម្មិកសូត្រ ​ទី​១៤

[កែប្រែ]

[៣៩] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​នៅ​ក្នុង​វត្តជេតពន ​របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី ។ គ្រា​នោះ​ ធម្មិកឧបាសក ​បាន​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ ជា​មួយ​នឹង​ពួក​ឧបាសក ប្រមាណ ៥០០ នាក់ ​លុះ​ចូល​ទៅ​ដល់​ ក្រាបថ្វាយ​បង្គំ​ព្រះ​មាន​ព្រះភាគ ​ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ​ ។ ធម្មិកឧបាសក ​លុះ​អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ​ ​ក៏​ក្រាប​បង្គំទូល​សួរ​ព្រះ​មាន​ព្រះភាគ ​ដោយ​គាថា​ដូច្នេះថា

[៤០] បពិត្រព្រះគោតម ​ទ្រង់​មាន​ព្រះបញ្ញា​ដូច​ផែនដី ​ខ្ញុំ​សូម​ក្រាបទូល​សួរ​ព្រះអង្គ បុគ្គល​ដែល​ចេញ​ចាក​ផ្ទះ ចូលមក​កាន់ផ្នួស​ក្តី​ ឬ​ក៏​ពួក​ឧបាសក​មាន​ផ្ទះ​ក្តី​ ប្រតិបត្តិ​ដូច​ម្តេច ទើប​ហៅ​ថាសាវ័ក​ល្អ​ ។

ព្រោះ​ព្រះអង្គជ្រាបច្បាស់​នូវ​គតិ​ផង​ ​នូវ​ដំណើរ​ទៅ​ខាង​នាយ (​ចាក​គតិ) ​ផង​ ​របស់​សត្វ​លោក ព្រមទាំង​ទេវលោក បុគ្គល​ជា​អ្នក​ឃើញ​សេចក្តី​ល្អិត ស្មើ​ដោយ​ព្រះអង្គ ​មិន​មាន​ឡើយ​ ​អ្នក​ប្រាជ្ញ​ទាំងឡាយ តែង​ពោល​សរសើរ​ព្រះអង្គ ​ថា​ជា​ព្រះពុទ្ធ​ដ៏​ប្រសើរ ។

ព្រះអង្គ​បាន​ត្រាស់​ដឹង​ហើយ​ ​ទ្រង់​អនុគ្រោះ​ពួក​សត្វ​ ​ទ្រង់​ប្រកាស​ញាណ ​និង​ធម៌​ទាំងពួង បពិត្រ​ព្រះអង្គ​ទ្រង់​មាន​ចក្ខុ ​គឺ​ប្រាជ្ញា​ជុំ​វិញ​ ព្រះអង្គ​ជាបុគ្គល​មាន​កិលេស​គ្រឿង​ប្រក់បើក​ចេញ​ហើយ​ ​មិន​មាន​មន្ទិល រុងរឿង​ក្នុង​លោក​ទាំងពួង ។

សេ្តចដំរី​ឈ្មោះ​ឯរាវ័ណ ​បាន​ឮថា ព្រះ​មាន​ព្រះភាគ ​ទ្រង់​ឈ្នះ​នូវ​បាបធម៌​ហើយ​ ​ក៏​ទៅ​ក្នុង​សំណាក់​នៃ​ព្រះអង្គ ស្តេចដំរី​នោះ​ ប្រឹក្សា​នឹង​ព្រះអង្គ ​ហើយ​បាន​សម្រេច​មគ្គផល ​បាន​ស្តាប់​ធម៌ ​មាន​ចិត្ត​ត្រេកអរ (អនុមោទនា) ថា សាធុ ។

សូម្បីស្តេច​ឈ្មោះ​វេស្សវណកុវេរៈ ចូល​ទៅ​រក​ព្រះអង្គ ​ក៏​សាក​សួរ​នូវ​ធម៌ ​លុះ​ស្តេច​នោះ​សួរ​ហើយ​ ព្រះអង្គ​ក៏​បាន​ព្យាករ​ ស្តេច​នោះ​ ​លុះ​បាន​ស្តាប់​ ​ក៏​មាន​ចិត្ត​ត្រេកអរ ។ ​ពួក​តិរិ្ថយ​ណា​មួយ​ ទោះបី​ជាអាជីវក ឬនិគ្រន្ថ ​មាន​ការ​ពោល​ (អួត) ជាប្រក្រតី ​ពួក​តិរិ្ថយ​ទាំង​អស់​នោះ​ ​ក៏​មិន​កន្លង​ព្រះអង្គ ​ដោយ​ប្រាជ្ញា​បាន​ ​ដូច​ជា​បុគ្គលឈរ ​មិន​អាច​នឹង​កន្លង​នូវ​បុរស​ដែល​កំពុង​ស្ទុះ​ទៅ​យ៉ាងរហ័ស​បាន​ដូច្នោះដែរ ។ ​ពួក​ព្រាហ្មណ៍​ណា​មួយ​ ​ដែល​មាន​ការ (អួត) ជា​ប្រក្រតី ឬ​ពួក​ព្រាហ្មណ៍​ណា​មួយ​ ទោះបី​ជា​ព្រឹទ្ធាចារ្យ ពុំ​នោះ​សោត​ ​ពួក​ជន​​ដទៃ​ណា ​ដែល​មាន​សេចក្តី​សំគាល់ថា ​ពួក​យើង​ក៏​ជា​អ្នក​មាន​វាទៈដែរ ​ពួក​ព្រាហ្មណ៍​ជាដើម​ទាំង​អស់​នោះ​ សុទ្ធតែ​ជា​អ្នក​ជាប់​ជំពាក់​ដោយ​សេចក្តី​ ចំពោះព្រះអង្គ ​គឺ​ប្រាថ្នា​ឲ្យ​ព្រះអង្គ​កាត់​សេចក្តី​ឲ្យ​ ។

បពិត្រព្រះ​មាន​ព្រះភាគ ​ធម៌​ណា​ដែល​ព្រះអង្គ​សំដែង​ដោយ​ប្រពៃ​ហើយ​ ធម៌​នេះ​ឯង​ ជាធម៌​ដ៏​ល្អិត​ផង​ ជាធម៌​នាំ​មក​នូវ​សេចក្តី​សុខ​ផង​ ​ពួក​ខ្ញុំ​ព្រះអង្គ​ទាំង​អស់​គ្នា ចង់​ស្តាប់​នូវ​ធម៌​នោះ​ឯង​ បពិត្រ​ព្រះអង្គ​ជាព្រះពុទ្ធ​ដ៏​ប្រសើរ កាលបើ​ពួក​ខ្ញុំ​ព្រះអង្គ ទូល​សួរ​ហើយ​ ​សូម​ព្រះអង្គ​សំដែង​នូវ​ធម៌​នោះ​ ​ឲ្យ​ទាន ។

ពួក​ភិក្ខុ​ ​និង​ពួក​ឧបាសក​ទាំង​អស់​នេះ​ ​ក៏​បាន​អង្គុយប្រ​ជុំ​គ្នា ដើម្បី​បាន​ស្តាប់​ក្នុង​ទី​នោះ​ដែរ ​បាន​ស្តាប់​នូវ​ធម៌​ដែល​ព្រះពុទ្ធ​មិន​មាន​មន្ទិល ត្រាស់​ដឹង​ហើយ​ ​ដូច​ជា​ពួក​ទេវតា (អង្គុយ​ប្រ​ជុំ​គ្នា​ដើម្បី​ស្តាប់​) ​នូវ​សុភាសិត​របស់​ព្រះឥន្ទ ។

(ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​) ​ម្នាល​ភិក្ខុ​ទាំងឡាយ ​អ្នក​ទាំងឡាយ ​ចូរ​ស្តាប់​ពាក្យ​តថាគត​ចុះ តថាគត​នឹង​ញ៉ាំង​អ្នក​ទាំងឡាយ ​ឲ្យ​ស្តាប់​នូវ​ធម៌​ជាគ្រឿង​កម្ចាត់​បង់​នូវ​កិលេស ​អ្នក​ទាំង​អស់​គ្នា ​ចូរ​ប្រព្រឹត្ត​ធម៌​ជាគ្រឿង​កម្ចាត់​បង់​នូវ​កិលេស​នោះ​ បុគ្គល​អ្នក​មាន​ប្រាជ្ញា ឃើញ​នូវ​ប្រយោជន៍ ​គប្បី​សេពគប់​នូវ​ឥរិយាបថ ​ដ៏​សម​គួរ​ដល់​ឋានៈ​បព្វជិត​នោះ​ ។

ភិក្ខុ​មិន​គប្បី​ត្រាច់​ទៅ​ក្នុង​កាលខុស ​ត្រូវ​តែ​ត្រាច់​ទៅ​បិណ្ឌបាត​ក្នុង​ស្រុក ​ក្នុង​កាល​គួរ​ ​គឺ​ពេល​ព្រឹកទល់​ថ្ងៃ​ត្រង់ ​ព្រោះ​ថា កិលេស​ជាគ្រឿង​ជាប់ចំពាក់​ទាំងឡាយ ​រមែង​ជាប់​នូវ​បុគ្គល​អ្នក​ត្រាច់​ទៅ​ ​ក្នុង​កាល​មិន​គួរ​ ​ព្រោះ​ហេតុ​នោះ​ ព្រះពុទ្ធ​ទាំងឡាយ ​មិន​ទៅ​ក្នុង​កាលខុស​ឡើយ​ ។

ធម៌ទាំងឡាយណា ​គឺ​រូប សំឡេង ក្លិន រស ផ្សព្វ តែង​ញ៉ាំង​ពួក​សត្វ​ឲ្យ​ស្រវឹង ​ភិក្ខុ​នោះ​ ​បន្ទោបង់​នូវ​សេចក្តី​ពេញ​ចិត្ត​ ​ក្នុង​ធម៌​ទាំងឡាយ​នុ៎ះ​ហើយ​ ​គប្បី​ចូល​ទៅ​បិណ្ឌបាត​ក្នុង​កាល​គួរ​ ​លុះ​បាន​បិណ្ឌបាត​ក្នុង​កាល​គួរ​ហើយ​ ​ត្រូវ​ចៀស​ចេញ​ទៅ​តែម្នាក់​ឯង​ អង្គុយសម្ងំ​ក្នុង​ទី​ស្ងាត់ គិត​នូវ​ខន្ធ​សន្តាន​ខាង​ក្នុង​ គ្រប់គ្រង​ចិត្ត​បាន​ល្អ​ហើយ​ ​មិន​គប្បី​នាំ​ចិត្ត​ចេញ​ទៅ​ខាង​ក្រៅ​ឡើយ​ ។ បើ​ភិក្ខុ​នោះ​ ចរចា​ជា​មួយ​នឹង​សាវ័ក​ក្តី​ អន្យតិរិ្ថយ​ណា​មួយ​ក្តី​ ​ភិក្ខុ​ក្តី​ ​គួរ​ពោល​ឡើង​នូវ​ធម៌​ដ៏​ឧត្តម​នោះ​ ​មិន​គួរ​ពោល​ពាក្យ​ញុះញង់​ផង​ ​មិន​គួរ​ពោល​ពាក្យ​តិះដៀល​អ្នក​​ដទៃ​​ផង​ ។

ព្រោះ​មោឃបុរស​ពួក​មួយ​ តែង​ពោល​ភ្លាត់​នូវ​ការនិយាយ (ប្រណាំង​ប្រជែង) តថាគត​មិន​សរសើរ​នូវ​ពួក​ជន ​ដែល​មាន​ប្រាជ្ញា​តិច​ទាំង​នោះ​ឡើយ​ ការជាប់​ចំពាក់ (​ដោយ​វិវាទ តាំង​ឡើង​) អំពី​គន្លង​នៃ​ពាក្យ​នោះ​ ៗ តែងជាប់​ចំពាក់​នឹង​ជន​ទាំង​នោះ​ ដ្បិត​ជនទាំង​នោះ​ ​រមែង​ញ៉ាំង​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ការ​និយាយ​នោះ​ដ៏​ឆ្ងាយ (អំពីសមថៈ ​និង​វិបស្សនា) ។ សាវ័ក​អ្នក​មាន​ប្រាជ្ញា​ដ៏​ប្រសើរ ​ស្តាប់​ធម៌​ដែល​ព្រះសុគត​ទ្រង់​សំដែង​ហើយ​ ​គប្បី​ពិចារណា​ហើយ​សឹមសេព​នូវ​បិណ្ឌបាត​ផង​ វិហារ​ផង​ ​ទី​ដេក ​ទី​អង្គុយ​ផង​ ​ទឹក​សម្រាប់​លាងធូលី​ជាប់​នឹង​សង្ឃាដិ​ផង​ ។ ​ព្រោះ​ហេតុ​នោះ​ ​ភិក្ខុ​មិន​ជាប់​ចិត្ត​ក្នុង​ធម៌​ទាំងនុ៎ះ ​គឺ​បិណ្ឌបាត សេនាសនៈ ​និង​ទឹក​សម្រាប់​លាងធូលី​ជាប់​នឹង​សង្ឃាដិ ​ដូច​តំណក់​ទឹក​មិន​ជាប់​លើ​ស្លឹក​ឈូក ។ ម្យ៉ាងទៀត តថាគត​សំដែង​នូវ​វត្ត​របស់​គ្រហស្ថ ​ដល់​អ្នក​ទាំងឡាយ សាវ័ក​អ្នក​ធ្វើ​យ៉ាងណា ទើប​ឈ្មោះ​ថា​ជា​អ្នក​ល្អ​ ​ព្រោះ​ថា ធម៌​របស់​ភិក្ខុ​ទាំង​អស់​ណា (​ដែល​តថាគត​ពោល​ក្នុង​កាលមុន) ធម៌នុ៎ះ ​គឺ​បុគ្គល​ប្រកប​ដោយ​សេចក្តី​ហួងហែង​មិន​បាន​សម្រេច​ឡើយ​ ។ បុគ្គល​មិន​គប្បី​សម្លាប់​សត្វ​ដោយ​ខ្លួន​ឯង​ ​មិន​គប្បី​ប្រើ​អ្នក​​ដទៃ​​ឲ្យ​សម្លាប់ ​មិន​គប្បី​ពេញ​ចិត្ត​នឹង​ពួក​ជន​ដទៃ​​ដែល​សម្លាប់ ​ពួក​សត្វ​ណា ​មាន​សន្តាន​ចិត្ត​ខ្ជាប់​ខ្ជួន​ក្តី​ ​ពួក​សត្វ​ណា ​មាន​ចិត្ត​តក់ស្លុត​ក្តី​ តែង​មាន​នៅ​ក្នុង​លោក បុគ្គល​គប្បី​ដាក់​ចុះ​នូវ​អាជ្ញា​ក្នុង​សត្វ​ទាំង​អស់​នោះ​ ។ លំដាប់​ពី​នោះ​ សាវ័ក​កាល​ដឹង​ ​គប្បី​វៀរ​បង់​នូវ​ទ្រព្យ ​ដែល​គេ​មិន​បាន​ឲ្យ​ ​មិន​គប្បី​លួច​យក​ទ្រព្យ​តិច​តួច ​ក្នុង​ទី​ណា​មួយ​ឡើយ​ ​មិន​គប្បី​ពេញ​ចិត្ត​នឹង​ពួក​ជន ​ដែល​លួច​ទ្រព្យ​គេ​ឡើយ​ ​គប្បី​វៀរបង់​នូវ​ទ្រព្យ​ទាំងពួង ​ដែល​គេ​មិន​បាន​ឲ្យ​ ។ វិញ្ញូជន ​គួរ​វៀរបង់​នូវ​អព្រហ្មចរិយៈ ​ដូច​ជា​បុគ្គលវៀរ​រណ្តៅរងើក​ភ្លើង​កំពុង​ឆេះ​រន្ទាល កាលបើ​មិន​អាច​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ទេ ​ក៏​កុំ​គប្បី​ប្រព្រឹត្ត​កន្លង​នូវ​ប្រពន្ធ​របស់​ជន​​ដទៃ​ ។ ​បុគ្គល​ណា​មួយ​ ចូល​ទៅ​ក្នុង​រោង​ប្រ​ជុំ​ក្តី​ ចូល​ទៅ​ក្នុង​កណ្តាល​បរិស័ទ​ក្តី​ ​មិន​គប្បី​ពោល​ពាក្យ​កុហក​ចំពោះជន​ណា​មួយ​ ​មិន​គប្បី​ឲ្យ​អ្នក​​ដទៃ​​និយាយ​កុហក ​មិន​គប្បី​ពេញ​ចិត្ត​នឹង​ពួក​ជន​ដែល​និយាយ​កុហក​ឡើយ​ ​គប្បី​វៀរ​នូវ​ពាក្យ​មិន​ពិត​ទាំងពួង ។ បុគ្គល​មិន​គប្បី​ប្រព្រឹត្ត​ផឹក​នូវ​ទឹក​ស្រវឹង ​គប្បី​ពេញ​ចិត្ត​នឹង​ធម៌​ ​គឺ​កិរិយា​វៀរ​ចាក​ការផឹក​នោះ​ គ្រហស្ថ​ណា ​បាន​ដឹង​នូវ​កិរិយា​ផឹក​នោះ​ ថា​មាន​ភាពឆ្កួត​ជា​បំផុត​ គ្រហស្ថ​នោះ​ ​មិន​គប្បី​ផឹក ​មិន​គប្បី​ពេញ​ចិត្ត​នឹង​បុគ្គល​ដែល​ផឹក​ឡើយ​ ។ បុគ្គលពាល​ទាំងឡាយ ​ធ្វើ​នូវ​អំពើបាប​ដោយ​ខ្លួន​ឯង​ក្តី​ ​ឲ្យ​ជន​ដែល​មាន​សេចក្តី​ប្រមាទ​ឯទៀត​ធ្វើ​ក្តី​ ​ក៏​ព្រោះ​តែ​សេចក្តី​ស្រវឹង (ហេតុ​នោះ​) បុគ្គល​គួរ​លះ​នូវ​ការផឹក​នូវ​ទឹក​ស្រវឹង ជា​គ្រឿង​បណ្តាល​ឲ្យ​កើត​បាប ​នាំ​ឲ្យ​ឆ្កួត ​នាំ​ឲ្យ​វង្វេង ទាំង​នាំ​ឲ្យ​ល្ងង់​នុ៎ះ​ចេញ​ ។ បុគ្គល​មិន​គប្បី​សម្លាប់​សត្វ​ផង​ ​មិន​គប្បី​កាន់​យក​ទ្រព្យ ​ដែល​គេ​មិន​បាន​ឲ្យ​ផង​ ​មិន​គប្បី​និយាយ​ពាក្យ​កុហក​ផង​ ​មិន​គប្បី​ផឹក​នូវ​ទឹក​ស្រវឹង​ផង​ ​គប្បី​វៀរ​ចាក​ការ​ប្រព្រឹត្តិ​មិន​ប្រសើរ ​គឺ​សេព​មេថុនធម្ម​ផង​ ​មិន​គប្បី​បរិភោគ​ភោជន ​ក្នុង​វេលា​យប់ ​មិន​គប្បី​បរិភោគ​ភោជន ​ក្នុង​កាល​ខុស ​គឺ​ថ្ងៃ​រសៀល​ផង​ ​មិន​គប្បី​ទ្រ​ទ្រង់​នូវ​កម្រង​ផ្កា​ផង​ ​មិន​គប្បី​លាប​នូវ​គ្រឿង​ក្រអូប​ផង​ ។ ​គប្បី​ដេក​លើ​គ្រែ​ដ៏​គួរ​ ឬកម្រាល​ដែល​ក្រាល​លើ​ផែនដី​ផង​ ​ព្រោះ​អ្នក​ប្រាជ្ញ​បាន​ពោល​នូវ​ឧបោសថ​ប្រកប​ដោយ​អង្គ​ប្រាំបី​នុ៎ះ ​ថា​ជា​ឧបោសថ ​ដែល​ព្រះពុទ្ធ ព្រះអង្គ​ទ្រង់​ដល់​នូវ​ទី​បំផុត​នៃ​ទុក្ខ ប្រកាស​ហើយ​ ។ ​ព្រោះ​ហេតុ​នោះ​ ជន​អ្នក​មាន​ចិត្ត​ជ្រះថ្លា រក្សា​ហើយ​ ​នូវ​ឧបោសថ ​ដែល​ប្រកប​ដោយ​អង្គ​ប្រាំបី ​ឲ្យ​មាន​សភាព​ពេញលេញ​ល្អ​ ​អស់​ថ្ងៃ​ទី​ ១៤ ​ទី​ ១៥ ​និង​ថ្ងៃ​ទី​ ៨ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិកបក្ខ​ផង​ [រវាង​៥​ខែ​ ​គឺ​តាំង​ពី​ខែ​អាសាធ ​ដល់​ខែ​កត្តិក ​ហៅ​ថា​ បាដិហារិកបក្ខ ។ អដ្ឋកថា ។] ។

ន័យ​មួយ​ទៀត វិញ្ញូជន​ដែល​បាន​រក្សា​ឧបោសថ អំពី​ព្រឹក​ហើយ​ ​គួរ​មាន​ចិត្ត​ជ្រះថ្លា​រីករាយ​ អង្គាស​ភិក្ខុ​សង្ឃ​ដោយ​បាយ​ ​និង​ទឹក​តាមសម​គួរ​ ។

វិញ្ញូជន​នោះ​ ​គួរ​ចិញ្ចឹមមាតាបិតា​ដោយ​ធម៌​ ​គួរ​ប្រកប​ជំនួញ​ដែល​ប្រកប​ដោយ​ធម៌ គ្រហស្ថ​អ្នក​មិន​ប្រមាទ ប្រព្រឹត្ត​វត្តបែប​នេះ​ ​រមែង​ទៅ​កើត​ ​ក្នុង​ពួក​ទេវតា​ ​ឈ្មោះ​ថា​សយម្បភា (ទេវតា​មាន​ពន្លឺ​ផ្សាយ​ចេញ​អំពីខ្លួន) ។

ចប់ ធម្មិកសូត្រ ​ទី​១៤ ។

ចប់ ចូឡវគ្គ ​ទី​២ ។

ឧទាន​នៃ​ចូឡវគ្គ​នោះ​គឺ

រតនសូត្រ ១ អាមគន្ធសូត្រ ១ ហិរិសូត្រ ១ មង្គលសូត្រ ១ សូចិលោមសូត្រ ១ កបិលសូត្រ ឬ​ធម្មចរិយសូត្រ ១ ព្រាហ្មណធម្មិកសូត្រ ១ នាវាសូត្រ ១ កឹសីលសូត្រ ១ ឧដ្ឋានសូត្រ ១ រាហុលសូត្រ ១ វង្គីសសូត្រ ១ សម្មាបរិព្វាជនិយសូត្រ ១ ធម្មិកសូត្រ ១ ​អ្នក​ប្រាជ្ញ​ទាំងឡាយ ​បាន​ពោល​នូវ​ចូឡវគ្គ​ថា ​មាន​សូត្រ ១៤ ដូច្នេះ​ឯង​ ។

មហាវគ្គ ​ទី​៣

[កែប្រែ]

បព្វជ្ជាសូត្រ ​ទី​១

[កែប្រែ]

[៤១] (ព្រះអានន្ទ​ដ៏​មាន​អាយុ ​ពោល​ថា) ​ខ្ញុំ​នឹង​សំដែង​នូវ​បព្វជា្ជ​ដែល​ព្រះពុទ្ធ​មាន​ចក្ខុ​នោះ​ ​បាន​ទ្រង់​ព្រះ​ផ្នួស​ហើយ​ ​ដោយ​ប្រការ​យ៉ាងណា ​ទ្រង់​ពិចារណា​ឃើញ​យ៉ាងណា ទើប​ទ្រង់​ពេញ​ព្រះហ្ឫទ័យ​នឹង​បព្វជ្ជា ។ ព្រះអង្គ​ទ្រង់​ឃើញ​ថា ឃរាវាស​នេះ​ ចង្អៀត​ចង្អល់ ជា​ទី​កើត​នៃ​ធូលី ​គឺ​កិលេស ​មួយ​ទៀត ​ទ្រង់​ឃើញ​ថា បព្វជ្ជា​មាន​ឱកាស​ទូលាយ ទើប​ទ្រង់​ព្រះផ្នួស ។ ​លុះ​ព្រះអង្គ​ទ្រង់​ព្រះផ្នួស​ហើយ​ វៀរ​ចាក​បាបកម្ម​ដោយ​កាយ លះបង់​ការប្រព្រឹត្តិអាក្រក់​ដោយ​វាចា ជំរះអាជីវៈ​ឲ្យ​បរិសុទ្ធ ។ ព្រះពុទ្ធ​មាន​ព្រះលក្ខណៈ​ដ៏​ប្រសើរ​បរិបូណ៌ ​ទ្រង់​យាង​ទៅ​កាន់​ក្រុង​រាជគ្រឹះ ​មាន​ភ្នំ​ព័ទ្ធ​ជុំ​វិញ​ ​ដូច​ជា​ក្រោល​របស់​ពួក​អ្នក​មគធៈ ​ទ្រង់​យាង​បិណ្ឌបាត ។ ព្រះរាជា​ពិម្ពិសារ ​ទ្រង់​ឋិត​លើ​ប្រាសាទ ​បាន​ទត​ឃើញ​នូវ​ព្រះពុទ្ធ​នោះ​ ​លុះ​ទ្រង់​ឃើញ​ព្រះពុទ្ធ​បរិបូណ៌​ដោយ​លក្ខណៈ​ហើយ​ ទើបត្រាស់​សេចក្តី​នេះ​ (ចំពោះ​អាមាត្យ​ទាំងឡាយ) ថា នែ​អ្នក​ទាំងឡាយ​ដ៏​ចម្រើន​ ​អ្នក​ទាំងឡាយ ​ចូរ​មើល​សមណៈ​នេះ​ (សមណៈ​នេះ​) ​មាន​រូប​ល្អ​បរិបូណ៌​ដោយ​កម្ពស់​ ​និង​ទំហំ ​មាន​សម្បុរ​ស្អាត​ ទាំង​បរិបូណ៌​ដោយ​ដំណើរ​ដ៏​សមរម្យ ក្រឡេក​មៀងមើល​ត្រឹម​មួយ​ជួរនឹម ​មាន​ចក្ខុ​ក្រឡេក​ចុះក្រោម ​មាន​ស្មារតី សមណៈ​នេះ​ ​ដូច​ជា​មិន​មែន​ចេញ​ចាក​ត្រកូល​ថោកទាប​មក (​បួស​) ទេ ​ពួក​រាជទូត ​ចូរ​ស្ទុះ​តាម​ទៅ​ (​ឲ្យ​ដឹង​ថា) ​ភិក្ខុ​ (​នេះ​) ​នឹង​ទៅ​ក្នុង​ទី​ណា ។ រាជទូត​ទាំង​នោះ​ ​ដែល​ព្រះរាជា​ទ្រង់​បញ្ជូន​ទៅ​ហើយ​ ​ក៏​ដើរ​ប្រកិត​ទៅ​តាម​ក្រោយ (ដើម្បី​ឲ្យ​ដឹង​ថា) ​ភិក្ខុ​ (​នេះ​) ​នឹង​ទៅ​ក្នុង​ទី​ណា ការ​នៅ​ ​នឹង​មាន​ក្នុង​ទី​ណា ។ (ព្រះពោធិ​សត្វ​) ​ទ្រង់​ត្រាច់​ទៅ​កាន់​ទី​សព្វ​ច្រក​ ​ទ្រង់​គ្រប់​គ្រង​ទ្វារ​ សង្រួម​ល្អ​ ព្រះអង្គ​មាន​សម្បជញ្ញៈ ​មាន​សា្មរតី ​បាន​ញ៉ាំង​បាត្រ​ឲ្យ​ពេញ​ជាឆាប់ ​គឺ​ទ្រង់​ទទួល​តែល្មម ។ ព្រះពោធិ​សត្វ​ ជា​អ្នក​ប្រាជ្ញ​នោះ​ ​លុះ​ទ្រង់​ត្រាច់បិណ្ឌបាត​ហើយ​ ​ក៏​ស្តេច​ចេញ​អំពី​នគរ យាង​ឡើង​កាន់ភ្នំ​បណ្ឌវៈ ​ដោយ​គិតថា​ ការ​នៅ​ ​នឹង​មាន​ក្នុង​ទី​នុ៎ះ ។

ពួក​ទូត ៣ នាក់ ​លុះ​បាន​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះអង្គ​ដែល​ទៅ​គង់​ក្នុង​ទី​នោះ​ ចំណែក​ទូតម្នាក់ ​បាន​មក​ក្រាបទូល​ស្តេចថា បពិត្រ​មហារាជ​ ​ភិក្ខុ​នោះ​ អង្គុយ​ក្នុង​ញកភ្នំ​បណ្ឌវៈ បែរមុខ​ទៅ​ខាង​កើត​ (ឥតរន្ធត់) ​ដូច​ខ្លាធំ គោឧសភៈ ​និង​សីហៈ ។ ​លុះ​ព្រះមហាក្សត្រិយ៍ ​ទ្រង់​ព្រះសណ្តាប់​ពាក្យ​រាជទូត​ហើយ​ ​ទ្រង់​ប្រញាប់​រួសរាន់ យាង​ចេញ​ទៅ​កាន់​ភ្នំបណ្ឌវៈ​ដោយ​ព្រះរាជយាន​ដ៏​ប្រសើរ ។ ព្រះមហាក្សត្រិយ៍​នោះ​ ​លុះ​ទ្រង់​យាង​ផុត​ទី​ដែល​ទៅ​ដោយ​យាន​ហើយ​ ​ក៏​ចុះ​ចាក​យាន ស្តេចចូល​ទៅ​ដោយ​ព្រះបាទ ​បាន​ដល់​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះពោធិ​សត្វ​ ។ ព្រះរាជា ​ទ្រង់​គង់​ហើយ​ ​ទ្រង់​ថ្លែង​សំណេះសំណាល ​ដោយ​ព្រះបន្ទូល​គួរ​រឭក ​លុះ​ទ្រង់​បញ្ចប់​ព្រះបន្ទូល​នោះ​ហើយ​ ត្រាស់​សេចក្តី​នេះ​ថា ខ្លួនលោក​នៅ​កំពុង​ពេញវ័យ ​នៅ​ក្មេង កំលោះជំទង់ ទើប​កើត​ឡើង​បាន​ត្រឹមតែ​បឋមវ័យ ​នៅ​ជំទង់​បរិបូណ៌​ដោយ​សម្បុរ ​និង​កម្ពស់​ ​ដូច​ជា​មាន​ជាតិ​ជាក្សត្រិយ៍ លោក​ចូរ​ញ៉ាំង​ជនជា​ប្រធាន​នៃ​សេនា (មេទាហាន) ​ឲ្យ​រុងរឿង ​ហើយ​ចូរ​ជា​បុគ្គល​មាន​ពួក​ជន ​អ្នក​មិន​ធ្វើ​អំពើអាក្រក់​ជាបរិវារ ​ចូរ​បរិភោគ​នូវ​ភោគៈ​ទាំងឡាយ​ចុះ ​ខ្ញុំ​ឲ្យ​ដល់​លោក កាលបើ​ខ្ញុំ​សួរ​ហើយ​ លោក​ចូរ​ប្រាប់ជាតិ​ដល់​ខ្ញុំ​ ។

(ព្រះពោធិ​សត្វ​ត្រាស់​ថា​) បពិត្រមហារាជ ត្រង់​ទៅ​មាន​ជនបទ​មួយ​ ​នៅ​ប្របភ្នំ​ហិមវន្ត ជា​ជនបទ បរិបូណ៌​ដោយ​ទ្រព្យ ​និង​ជន​អ្នក​មាន​ព្យាយាម​ អាស្រ័យ​នៅ​នឹង​ដែន​កោសល (​មាន​ជន​មួយ​ពួក​) ​មាន​គោត្រ​ជា​អាទិច្ចគោត្រ ​មាន​ជាតិ​ជាសាកិយៈ អាត្មាភាព ​បាន​ចេញ​ចាក​ត្រកូល​នោះ​ មក​បួស​ អាត្មាភាព​មិន​​ត្រូវ​​ការ​ដោយ​កាមទាំងឡាយ​ឡើយ​ អាត្មាភាព​បាន​ឃើញ​ទោស​ក្នុង​កាមទាំង​ឡាយ ​បាន​ឃើញ​នូវ​ការ​ចេញ​ចាក​កាម ​ថា​ជា​គ្រឿង​ក្សេម ​នឹង​ទៅ​ប្រឹងប្រកប​ព្យាយាម ​ចិត្ត​របស់​អាត្មាភាព ត្រេកអរ​ក្នុង​ព្យាយាម​នុ៎ះ ។

ចប់ បព្វជ្ជាសូត្រ ​ទី​១ ។

បធានសូត្រ ​ទី​២

[កែប្រែ]

[៤២] (ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​) មារ កាល​ពោល​នូវ​វាចា​ប្រកប​ដោយ​សេចក្តី​អាណិត ចូល​ទៅ​ជិត​តថាគត​នោះ​ ​ដែល​មាន​ចិត្ត​ស្លុង​ទៅ​រក​ព្យាយាម ​បាន​ទៅ​ដល់​ស្ទឹង​នេរញ្ជរា ​កំពុង​តែ​សង្វាត​ដុតបំផ្លាញ​កិលេស ដើម្បី​សម្រេច​នូវ​ធម៌ជា​ទី​ក្សេម​ចាក​យោគៈ​ថា ​អ្នក​ស្គាំងស្គម ​ហើយ​មាន​សម្បុរអាក្រក់ ​សេចក្តី​ស្លាប់​កាន់តែជិត​អ្នក​ហើយ​ ។

អ្នក​មាន​សេចក្តី​ស្លាប់​មួយ​ពាន់ភាគ​ហើយ​ ​នៅ​រស់​តែ​មួយ​ភាគទេ បើ​អ្នក​មាន​ជីវិត​រស់​នៅ​ ប្រសើរជាង ​ព្រោះ​កាល​អ្នក​រស់​នៅ​ គង់​នឹង​បាន​ធ្វើ​បុណ្យ​ទាំងឡាយ ។

កាល​អ្នក​ប្រព្រឹត្ត​ព្រហ្មចារ្យ ​និង​បូជាភ្លើង គង់សន្សំ​បុណ្យ​បាន​ច្រើន ​អ្នក​នឹង​ធ្វើ​អ្វី​កើត​ ​ដោយ​ការ​ព្យាយាម ។

ផ្លូវ​ទៅ​រក​ព្យាយាម ជាផ្លូវ​ទៅ​បាន​ដោយ​ក្រ ​ធ្វើ​បាន​ក៏​ដោយ​ក្រ ​ឲ្យ​សម្រេច​បាន​ដោយ​ក្រ មារ ​បាន​ឈរ​ពោល​គាថា​ទាំងឡាយ​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ ។

ព្រះ​មាន​ព្រះភាគ ​បាន​ត្រាស់​នឹង​មារ​នោះ​ ​ដែល​មក​និយាយ​ដូច្នោះ​យ៉ាង​នេះ​ថា ​ម្នាល​មារ​មាន​ចិត្ត​បាប ​អ្នក​មាន​សេចក្តី​ប្រមាទ​ជាផៅពង្ស តថាគត​មក​ក្នុង​ទី​នេះ​ ​ព្រោះ​សេចក្តី​​ត្រូវ​ការ (​ដោយ​បុណ្យ) ណា ​សេចក្តី​​ត្រូវ​​ការ​ដោយ​បុណ្យ​នោះ​ សូម្បី​បន្តិចបន្តួច ​មិន​មាន​ដល់​តថាគត​ឡើយ​ បើ​ពួក​ជនណា ​ត្រូវ​ការ​ដោយ​បុណ្យ ទើបមារ​គួរ​និយាយ (យ៉ាង​នេះ​) ​នឹង​ពួក​ជន​នោះ​ចុះ ។

សទ្ធា​ផង​ តបៈ​ផង​ វីរិយៈ​ផង​ បញ្ញា​ផង​ ​រមែង​មាន​ដល់​តថាគត កាលបើ​យ៉ាង​នេះ​ ហេតុអ្វី​ក៏​អ្នក​មក​សួរ​នូវ​ការ​រស់​នៅ​នឹង​តថាគត ​ដែល​មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះនិព្វាន ។

សូម្បីខ្យល់​នេះ​ ​ដែល​អាច​ញ៉ាំង​ខ្សែ​ទឹក​ស្ទឹង​ទាំងឡាយ ​ឲ្យ​រីងស្ងួត​បាន​ ​ក៏​មិន​អាច​ញ៉ាំង​ឈាម​របស់​តថាគត ​ដែល​មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះនិព្វាន ​ឲ្យ​រីងស្ងួត​បាន​តិច​តួច​ឡើយ​ ។

កាលបើឈាមរីងស្ងួត​ហើយ​ ប្រមាត់ ​និង​ស្លេស្ម​ក៏​រីងស្ងួត កាល​បើសាច់​អស់​ហើយ​ ​ចិត្ត​តថាគត​រឹងរឹត​តែជ្រះថ្លា សតិ​ផង​ បញ្ញា​ផង​ សមាធិ​ផង​ ​របស់​តថាគត រឹងរឹត​តែតាំង​នៅ​មាំ ។ ​ចិត្ត​របស់​តថាគត​នោះ​ កាលសម្រាក​សម្រាន្ត​នៅ​យ៉ាង​នេះ​ ​ដល់​នូវ​ទុក្ខ​វេទនា​ដ៏​ក្លៀវក្លា ​ក៏​មិន​នឹកនា​នូវ​កាម​ទាំងឡាយ​ឡើយ​ ​អ្នក​ចូរ​មើល​សេចក្តី​បរិសុទ្ធ​របស់​សត្វ​ចុះ ។

កាមទាំងឡាយ ជាសេនា​ទី​ ១ ​របស់​អ្នក​ ​សេចក្តី​អផ្សុក ជាសេនា​ទី​ ២ ​សេចក្តី​ឃ្លាន ​និង​ស្រេក ជាសេនា​ទី​ ៣ ​របស់​អ្នក​ តណ្ហា ជាសេនា​ទី​ ៤ ថីនមិទ្ធៈ ជាសេនា​ទី​ ៥ ​សេចក្តី​តក់ស្លុត់ ជាសេនា​ទី​ ៦ ​សេចក្តី​សង្ស័យ ជាសេនា​ទី​ ៧ ​របស់​អ្នក​ ការរមិលគុណ ​និង​សេចក្តី​រឹងត្អឹង ជាសេនា​ទី​ ៨ ​របស់​អ្នក​ លាភ ​សេចក្តី​សរសើរ សក្ការៈ ​និង​យស ​ដែល​បាន​ដោយ​អំពើ​ខុស ​បុគ្គល​ណា​ ​លើ​កដំកើង​ខ្លួន​ឯង​ផង​ បង្អាប់បង្អោន​ពួក​ជន​ដទៃ​​ផង​ ​ម្នាល​មារ ​នេះ​ជា​សេនា​របស់​អ្នក​ ជាសេនា​សម្រាប់ប្រហារ​របស់​មារ បុគ្គល​មិន​ក្លៀវក្លា ​មិន​ឈ្នះ​នូវ​សេនា​នោះ​ទេ ​លុះ​តែឈ្នះ​សេនា​នោះ​ ទើប​បាន​នូវ​សេចក្តី​សុខ ។

តថាគតនុ៎ះ ​គួរ​រក្សា​ទុក​នូវ​ស្មៅយ៉ាប្លង (​ដូច​ទង់ជ័យ) តថាគត​ខ្ពើមជីវិត​របស់​តថាគត (​ដែល​ចាញ់​សេនាមារ) ការស្លាប់​របស់​តថាគត ​ក្នុង​សង្រ្គាម​ប្រសើរជាង តថាគត​ចាញ់​សេនាមារ ​ហើយ​រស់​នៅ​មិន​ប្រសើរ​សោះ​ឡើយ​ ។

សមណព្រាហ្មណ៍​ពួក​មួយ​ ​ដែល​លិចលង់​ក្នុង​កាម​ទាំងនុ៎ះ ​រមែង​មិន​ប្រាកដ​ដោយ​ (សីលាទិគុណ) ​ឡើយ​ ​ពួក​ជន​អ្នក​មាន​វត្ត​ល្អ​ ​រមែង​ទៅ​ (កាន់​ព្រះនិព្វាន) តាមផ្លូវ​ណា មារ​ក៏​មិន​ដឹង​នូវ​ផ្លូវ​នោះ​ទេ ។

តថាគត​បាន​ឃើញ​នូវ​សេនាព័ទ្ធ​ជុំ​វិញ​ ​ហើយ​ក៏​បែរ​មុខឆ្ពោះ​ទៅ​ដើម្បី​តយុទ្ធ​នឹង​មារ ​ដែល​លើ​ក​ចូលមក ព្រមទាំង​វាហនៈ ​ដោយ​វាចាថា ​អ្នក​កុំ​ញ៉ាំង​តថាគត ​ឲ្យ​ឃ្លាត​ចាក​ទី​ឡើយ​ លោក ព្រម​ទាំងទេវលោក ​មិន​អាច​គ្របសង្កត់​នូវ​សេនា​របស់​អ្នក​ណា តថាគត អាចគ្រប​សង្កត់​នូវ​សេនា​របស់​អ្នក​នោះ​ ​ដោយ​ប្រាជ្ញា ​ដូច​ជា​យក​ថ្មមក​សង្កត់​នូវ​ភាជន៍ដី​ឆ្អិន​បាន​ ។

តថាគត ​នឹង​ធ្វើ​នូវ​សម្មាសង្កប្បៈ ​ឲ្យ​ស្ទាត់​ផង​ ​ធ្វើ​ស្មារតី​ឲ្យ​តាំង​នៅ​មាំ​ផង​ ​និង​ទូន្មាន​ពួក​សាវ័ក​ជាច្រើន ​ចេញ​អំពីដែន​មួយ​ ​ទៅ​កាន់​ដែន​មួយ​ ។

ពួក​សាវ័ក​នោះ​ ​មិន​ប្រមាទ ​មាន​ចិត្ត​ស្លុង​ទៅ​កាន់​ព្រះនិព្វាន ជា​អ្នក​ធ្វើ​តាម​ពាក្យ​ប្រដៅ​តថាគត ​អ្នក​មិន​ប្រាថ្នា (​នូវ​កាម) ​ពួក​សាវ័ក​នោះ​ ​នឹង​ទៅ​ក្នុង​ទី​ណា​ហើយ​មិន​សោក ​ក៏​ទៅ​ក្នុង​ទី​នោះ​ ។

(មារ ​បាន​បន្លឺឧទានថា) អាត្មាអញ ​បាន​ជាប់ប្រកិតតាម​ព្រះ​មាន​ព្រះភាគ​ ​អស់​ ៧ ឆ្នាំ​ហើយ​ ​មិន​បាន​នូវ​ចន្លោះ ​គឺ​ទោស​របស់​ព្រះសម្ពុទ្ធ​អ្នក​មាន​សិរីសោះ ។

ដូច​សត្វ​ក្អែក ​បាន​ហើរចឹក​ជុំ​វិញ​ថ្ម ​ដែល​មាន​ពណ៌​ដូច​ខ្លាញ់​ខាប់ ​ដោយ​គិតថា អត្មាអញ គង់​បាន​របស់​ទន់​ក្នុង​កន្លែង​នុ៎ះខ្លះ គ្រឿងឆ្ងាញ់​ពិសា គង់​មាន​ក្នុង​កន្លែង​នុ៎ះខ្លះ ​មិន​លែង ។

អាត្មាអញ តាមយាយីព្រះសមណគោតម ​ដូច​គ្នា​នឹង​ក្អែក (​ដែល​ប្រឹងចឹក) ថ្មភ្នំ ​ហើយ​មិន​បាន​វត្ថុឆ្ងាញ់​ពិសា ​ក៏​ហើរ​ចេញ​ទៅ​ ។

កាលមារ​នោះ​ ​ត្រូវ​​សេចក្តី​សោកគ្របសង្កត់​ហើយ​ ពិណ​ក៏​របូត​ចេញ​ចាក​ក្លៀក តពី​នោះ​មក មារ​នោះ​ ​មាន​ចិត្ត​អាក់អន់​ ​ហើយ​ក៏​បាត់​ទៅ​ចាក​ទី​នោះ​ឯង​ ។

ចប់ បធានសូត្រ ​ទី​២ ។

សុភាសិតសូត្រ ​ទី​៣

[កែប្រែ]

[៤៣] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេតពន ​របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី ។ គ្រា​នោះ​ឯង​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា ​ម្នាល​ភិក្ខុ​ទាំងឡាយ ។ ​ភិក្ខុ​ទាំង​នោះ​ ទទួល​ព្រះពុទ្ធដីកា ​នៃ​ព្រះ​មាន​ព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ដូច្នេះថា ​ម្នាល​ភិក្ខុ​ទាំងឡាយ វាចា​ដែល​ប្រកប​ដោយ​អង្គ ៤ ​ឈ្មោះ​ថា​ជា​សុភាសិត ​មិន​មែន​ជា​ទុព្ភាសិត​ឡើយ​ ជាវាចា​មិន​មាន​ទោស​ផង​ ​ដែល​ពួក​វិញ្ញូជន​មិន​គប្បី​តិះដៀល​ផង​ ។ ប្រកប​ដោយ​អង្គ ៤ តើ​ដូច​ម្តេច ។ ​គឺ​បុគ្គល​ក្នុង​លោក​នេះ​ និយាយ​តែវាចា​ជា​សុភាសិត ​មិន​និយាយ​វាចាជា​ទុព្ភាសិត ១ និយាយ​វាចាជាធម៌​តែម្យ៉ាង ​មិន​និយាយ​វាចា​មិន​មែន​ជាធម៌ ១ និយាយ​តែវាចា​គួរ​ស្រឡាញ់ ​មិន​និយាយ​វាចា​ដែល​មិន​គួរ​ស្រឡាញ់ ១ និយាយ​តែវាចាពិត ​មិន​និយាយ​វាចាឡេះឡោះ១ ។ ​ម្នាល​ភិក្ខុ​ទាំងឡាយ វាចា​ប្រកប​ដោយ​អង្គ ៤ ​នេះ​ឯង​ ​ឈ្មោះ​ថា​ជា​សុភាសិត ​មិន​មែនជា​ទុព្ភាសិត​ឡើយ​ ជាវាចា​មិន​មាន​ទោស​ផង​ ​ដែល​ពួក​វិញ្ញូជន​មិន​គប្បី​តិះដៀល​ផង​ ។

ព្រះ​មាន​ព្រះភាគ ​បាន​ត្រាស់​នូវ​សូត្រ​នេះ​ ​លុះ​ព្រះសុគត​ជាសាស្តា ​ទ្រង់​ត្រាស់​នូវ​សូត្រ​នេះ​ហើយ​ ​ទ្រង់​ត្រាស់​នូវ​គាថាព័ន្ធ​នេះ​ ​ក្នុង​លំដាប់​ត​ទៅ​ថា

ពួក​សប្បុរស​បាន​ពោល​នូវ​វាចាជាសុភាសិត​ដ៏​ឧត្តម (​នោះ​ជា​ទី​ ១) ​ពោល​នូវ​វាចា​ជាធម៌ ​មិន​ពោល​នូវ​វាចា​មិន​មែន​ជាធម៌ ​នោះ​ជា​ទី​ ២ ​ពោល​វាចា​គួរ​ស្រឡាញ់ ​មិន​ពោល​វាចា​ដែល​មិន​គួរ​ស្រឡាញ់ ​នោះ​ជា​ទី​ ៣ ​ពោល​ពាក្យ​ពិត ​មិន​ពោល​ពាក្យ​ឡេះឡោះ ​នោះ​ជា​ទី​ ៤ ។

[៤៤] លំដាប់​នោះ​ឯង​ ព្រះវង្គីសៈ​ដ៏​មាន​អាយុ ក្រោក​ចាក​អាសនៈ ព័ទ្ធចីវរ​ឆៀងស្មា​ម្ខាង ​ហើយ​ប្រណម្យ​អញ្ជលី ចំពោះ​ព្រះ​មាន​ព្រះភាគ ​រួច​ក្រាប​បង្គំទូល​ព្រះ​មាន​ព្រះភាគ​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​មាន​ព្រះភាគ ​ខ្ញុំ​ព្រះអង្គ​សូម​សំដែង​ធម៌ បពិត្រ​ព្រះសុគត ​ខ្ញុំ​ព្រះអង្គ​សូម​សំដែង​ធម៌ ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​វង្គីសៈ ​អ្នក​ចូរ​សំដែង​ធម៌ចុះ ។ លំដាប់​នោះ​ ព្រះវង្គីសៈ​ដ៏​មាន​អាយុ ​បាន​សរសើរ​ដោយ​គាថា​ទាំងឡាយ​ដ៏​សម​គួរ​ ​ក្នុង​ទី​ចំពោះ​ព្រះភក្រ្ត​ថា

បុគ្គល​មិន​ញ៉ាំង​ខ្លួន​ឲ្យ​ក្តៅក្រហាយ ​មិន​បៀតបៀន​ពួក​ជន​​ដទៃ​ ​ដោយ​វាចាណា បុគ្គល​គួរ​ពោល​វាចា​នោះ​ឯង​ វាចា​នោះ​ ​ឈ្មោះ​ថា​ជា​សុភាសិត ។ វាចាណា ​ដែល​គួរ​ត្រេកត្រអាល (ឬ) បុគ្គល​មិន​ប្រកាន់​នូវ​ពាក្យ​អាក្រក់ ​ហើយ​ពោល​វាចាណា​ ជា​ទី​ស្រឡាញ់​នៃ​ពួក​ជន​ដទៃ​ បុគ្គល​គួរ​ពោល​វាចា​ជា​ទី​ស្រឡាញ់​នោះ​ឯង​ ។ វាចាពិត ជាវាចា​មិន​ស្លាប់ ​នេះ​ជាធម៌​មាន​មកយូរ​ហើយ​ ​ពួក​សប្បុរស​បាន​តាំង​នៅ​ក្នុង​អត្ថ​ផង​ ​ក្នុង​ធម៌​ផង​ ​ព្រោះ​សច្ចៈ ។ ព្រះពុទ្ធ ​ទ្រង់​ត្រាស់​នូវ​ព្រះវាចា​ណា ជាគ្រឿងក្សេម​ដើម្បី​ដល់​នូវ​ព្រះនិព្វាន ដើម្បី​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ វាចា​នោះ​ឯង​ឈ្មោះ​ថា​ជា​វាចា​ដ៏​ឧត្តម ។

ចប់ សុភាសិតសូត្រ ​ទី​៣ ។

សុន្ទរិកសូត្រ ​ទី​៤

[កែប្រែ]

[៤៥] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​នៅ​ប្របឆ្នេរ​ស្ទឹង​ឈ្មោះ​សុន្ទរិកា ​ក្នុង​កោសល​ជនបទ ។ សម័យ​នោះ​ឯង​ សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ បូជាភ្លើង បំរើការ​បូជា​ភ្លើង ប្របឆ្នេរស្ទឹង​សុន្ទរិកា ។ សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ ​លុះ​បូជា​ភ្លើង បំរើ​ការបូជា​ភ្លើង​រួច​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ ក្រឡេក​មើល​សព្វទិស​ទាំង ៤ ​ជុំ​វិញ​ ​ដោយ​គិតថា ​អ្នក​ណា​ហ្ន៎ ​គួរ​បរិភោគ​របស់​ជា​សំណល់ ​អំពី​យញ្ញ​នេះ​ ។ សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ ​បាន​ឃើញ​ព្រះ​មាន​ព្រះភាគ គង់ដណ្តប់​ព្រះកាយ ​ព្រមទាំង​ព្រះសិរ្ស ប្របគល់​ឈើ​មួយ​ដើម​ក្នុង​ទី​ជិត ​លុះ​ឃើញ​ហើយ​ ​ក៏​កាន់​យក​របស់​ជា​សំណល់​អំពីយ័ញ្ញ ​ដោយ​ដៃ​ឆ្វេង កាន់​យក​ល័ក្កចាន់​ដោយ​ដៃ​ស្តាំ ចូល​ទៅ​រក​ព្រះ​មាន​ព្រះភាគ ។ លំដាប់​នោះ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​បើក​ព្រះសិរ្ស ​ដោយ​ (ឮ) សូរជើង​នៃ​សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ ។ លំដាប់​នោះ​ សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ ​មាន​ប្រាថ្នា​ត្រឡប់អំពី​ទី​នោះ​មក​វិញ​ ​ដោយ​គិតថា យីអើ ​អ្នក​ដ៏​ចម្រើន​នេះ​ ជា​អ្នក​កំណោរ​ទេតើ យីអើ ​អ្នក​ដ៏​ចម្រើន​នេះ​ ជា​អ្នក​កំណោរ​ទេតើ ។ លំដាប់​នោះ​ សុន្ទរិក​ភារទ្វាជ​ព្រាហ្មណ៍ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា ព្រាហ្មណ៍​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ សូម្បី​ជា​អ្នក​កំណោរ ​ក៏​មាន​ បើដូច្នោះ ​មាន​តែ​អាត្មាអញ ចូល​ទៅ​សួរ​នូវ​ជាតិចុះ ។ លំដាប់​នោះ​ សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ ​បាន​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ក្រាបបង្គំ​ទូល​សួរ​ព្រះ​មាន​ព្រះភាគ ដូច្នេះថា ​អ្នក​ដ៏​ចម្រើន​ ​មាន​ជាតិ​ជាអ្វី ។ លំដាប់​នោះ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​នឹង​សុន្ទរិក​ភារទ្វាជ​ព្រាហ្មណ៍ ​ដោយ​គាថា​ដូច្នេះថា

[៤៦] តថាគត​មិន​មែនជាព្រាហ្មណ៍ ​មិន​មែនជា​រាជបុត្ត ​មិន​មែន​ជា​វេស្សៈ ឬជា​វណ្ណៈ​ណា​មួយ​ ​ក៏​មិន​មែន តថាគត​បាន​កំណត់​ដឹង​នូវ​គោត្រ​របស់​ពួក​បុថុជ្ជន​ ​ហើយ​ជា​អ្នក​មិន​មាន​កង្វល់ ប្រព្រឹត្ត​ទៅ​ដោយ​ប្រាជ្ញា​ក្នុង​លោក តថាគត ជា​អ្នក​អាស្រ័យ​នៅ​នឹង​សង្ឃាដិ ​មិន​មាន​សេចក្តី​ប្រកាន់ ប្រាស​ចាក​សក់ ​មាន​ចិត្ត​ត្រជាក់ ​មិន​ជាប់​ចំពាក់​នឹង​ពួក​មនុស្ស​ក្នុង​លោក (​ម្នាល​ព្រាហ្មណ៍ ថ្វី​ក៏​) ​អ្នក​មក​សាក​សួរ​ប្រស្នា​ចំពោះគោត្រ ​ដ៏​មិន​សម​គួរ​នឹង​តថាគត ។

(ព្រាហ្មណ៍ក្រាបទូលថា) បពិត្រ​អ្នក​ដ៏​ចម្រើន​ ​ពួក​ព្រាហ្មណ៍​តែងសាក​សួរ​ជា​មួយ​នឹង​ពួក​ព្រាហ្មណ៍​ថា ​អ្នក​ដ៏​ចម្រើន​ ជាព្រាហ្មណ៍ ឬ​មិន​មែន​ទេ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​) បើ​អ្នក​និយាយថា ខ្លួន​អ្នក​ជា​ព្រាហ្មណ៍ ​ហើយ​និយាយ​ថា តថាគត ​មិន​មែន​ជាព្រាហ្មណ៍​ទេ ។ ​ព្រោះ​ហេតុ​នោះ​ តថាគត ​សូម​សួរ​នូវ​សាវិត្តិសាស្រ្ត​ ​ដែល​មាន​បទ ៣ ​មាន​អក្ខរៈ ២៤ ​នឹង​អ្នក​ ។

(ព្រាហ្មណ៍ក្រាបទូល​សួរ​ថា) ​ពួក​ឥសី មនុស្ស ក្សត្រិយ៍ ​និង​ព្រាហ្មណ៍​ជាច្រើន ​ក្នុង​លោក​នេះ​ អាស្រ័យ​ហេតុ​ដូច​ម្តេច ទើបតាក់​តែង​នូវ​គ្រឿងយ័ញ្ញ ចំពោះ​ពួក​ទេវតា ។

(ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​) តថាគត​ពោល​ថា ​បុគ្គល​ណា​ ​ដល់​នូវ​ទី​បំផុត​នៃ​វដ្តទុក្ខ ​ដល់​នូវ​វេទ (បុគ្គល​នោះ​) ​គប្បី​បាន​នូវ​គ្រឿងបូជា​របស់​ជន​ណា ​ក្នុង​កាល​ជា​ទី​បូជា គ្រឿងបូជា​របស់​ជន​នោះ​ ​រមែង​សម្រេច ​គឺ​មាន​ផល​ច្រើន ។

(ព្រាហ្មណ៍ ក្រាបទូលថា) ​ខ្ញុំ​ព្រះអង្គ ​បើឃើញ​បុគ្គល​ណា​មួយ​ ជា​អ្នក​ដល់​នូវ​វេទ ប្រហែល​នឹង​ព្រះអង្គ គ្រឿងបូជា​របស់​ខ្ញុំ​ព្រះអង្គ​នោះ​ គង់សម្រេច​ដោយ​ពិត ​ព្រោះ​មក​ពី​ខ្ញុំ​ព្រះអង្គ ​មិន​បាន​ជួបប្រទះ​នឹង​ពួក​ជន​ប្រហែល​នឹង​ព្រះអង្គ ទើបជន​ឯទៀត បរិភោគ​នូវ​នំ​ឈ្មោះ​បូរឡាសៈ​របស់​ខ្ញុំ​ព្រះអង្គ ។

(ព្រះ​មាន​ព្រះភាគ​ត្រាស់​ថា​) ​ម្នាល​ព្រាហ្មណ៍ ​ព្រោះ​ហេតុ​នោះ​ឯង​ ​អ្នក​​ត្រូវ​ការ​ដោយ​ប្រយោជន៍ ​គួរ​អ្នក​ចូល​ទៅ​សួរ​នូវ​បុគ្គល​អ្នក​ស្ងប់រម្ងាប់ ប្រាស​ចាក​ផ្សែង ​គឺ​សេចក្តី​ក្រោធ ​មិន​មាន​ទុក្ខ ​មិន​មាន​សេចក្តី​ប្រាថ្នា ​អ្នក​មុខ​ជា​នឹង​បាន​លោក​អ្នក​មាន​ប្រាជ្ញា​ល្អ​ក្នុង​សាសនា​នេះ​មិន​ខាន ។

(ព្រាហ្មណ៍ ក្រាបទូលថា) បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ត្រេកអរ​នឹង​គ្រឿង​យ័ញ្ញ ចង់បូជា​គ្រឿងយ័ញ្ញ ​ខ្ញុំ​ព្រះអង្គ​មិន​ដឹង​ ​សូម​ព្រះអង្គ​ដ៏​ចម្រើន​ ប្រៀន​ប្រដៅ​ខ្ញុំ​ ការបូជា​ចំពោះ​បុគ្គល​ណា​ ​មាន​ផល​ច្រើន ​សូម​ព្រះអង្គ​ប្រាប់បុគ្គល​នុ៎ះ​ ​ដល់​ខ្ញុំ​ព្រះអង្គ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​) ​ម្នាល​ព្រាហ្មណ៍ បើដូច្នោះ ​អ្នក​ចូរ​ប្រុង​សោតប្បសាទ តថាគត​នឹង​សំដែង​ធម៌​ដល់​អ្នក​ ​អ្នក​កុំ​សួរ​ជាតិ ​សួរ​តែ​ក្រិត្យ​គ្រឿង​ប្រព្រឹត្តចុះ ភ្លើងតែង​កើត​អំពី​អុស ព្រះខីណា​សវមុនិ សូម្បីជា​អ្នក​មាន​ត្រកូល​ថោកទាប ​រមែង​ជា​អ្នក​ទ្រ​ទ្រង់​គុណជា​អាជានិយៈ ហាមឃាត់​ទោស ​ដោយ​ហិរិ​បាន​ដែរ ។ (​បុគ្គល​ណា​) ​បាន​ទូន្មានខ្លួន ​ដោយ​បរមត្ថសច្ចៈ ប្រកប​ដោយ​ការ​ទូន្មានឥន្រ្ទិយ ជា​អ្នក​ដល់​នូវ​មគ្គញ្ញាណ​ទី​ ៤ ជា​ទី​បំផុត​នៃ​វេទ ​បាន​ប្រព្រឹត្ត​មគ្គព្រហ្មចរិយៈ​ចប់​ហើយ​ ព្រាហ្មណ៍​ណា ប្រាថ្នាបុណ្យ ​ហើយ​បូជា (ព្រាហ្មណ៍​នោះ​) ​គួរ​ឲ្យ​ទេយ្យធម៌ ចំពោះបុគ្គល​នោះ​ តាមកាល​គួរ​ ។ ​ពួក​ជនណា ​បាន​លះបង់​កាមទាំងឡាយ ​មិន​មាន​សេចក្តី​ប្រកាន់ ​មាន​ចិត្ត​សង្រួម​ត្រង់​ល្អ​ដូច​ខ្នារ ព្រាហ្មណ៍​ណា ប្រាថ្នាបុណ្យ ​ហើយ​បូជា ​គួរ​ឲ្យ​ទក្ខិណាទាន ចំពោះ​ពួក​ជន​នោះ​ ​ក្នុង​កាល​គួរ​ ។ ​ពួក​ជនណា ប្រាស​ចាក​តម្រេក ​មាន​ឥន្រ្ទិយ​តាំងមាំ​ល្អ​ ​ដូច​ជាព្រះចន្រ្ទ ផុត​ចាក​រាហុគ្រាះ ព្រាហ្មណ៍​គួរ​ឲ្យ​ទក្ខិណាទាន ចំពោះ​ពួក​ជន​នោះ​ ​ក្នុង​កាល​គួរ​ ។ ​ពួក​ជនណា ​មិន​ជាប់​ចំពាក់ ត្រាច់​ទៅ​ក្នុង​លោក ​មាន​ស្មារតី​សព្វកាល លះបង់​នូវ​សេចក្តី​ប្រកាន់ ព្រាហ្មណ៍​គួរ​ឲ្យ​ទក្ខិណាទាន ចំពោះ​ពួក​ជន​នោះ​ ​ក្នុង​កាល​គួរ​ ។ ព្រះតថាគត​ណា ​បាន​លះបង់​នូវ​កិលេសកាម ជា​អ្នក​ប្រព្រឹត្ត​គ្របសង្កត់​នូវ​វត្ថុកាម ឬ​ក៏​ព្រះតថាគត​ណា ​ដឹង​ច្បាស់​នូវ​ទី​បំផុត​នៃ​ជាតិ មរណៈ ​បាន​បរិនិព្វាន ​មាន​ចិត្ត​ត្រជាក់​ដូច​អន្លង់​ទឹក​ ព្រះតថាគត​នោះ​ ទើប​គួរ​ទទួល​គ្រឿងបូជា ​ឈ្មោះ​បូរឡាសៈ ។ ព្រះតថាគត ស្មើ​ដោយ​ព្រះសម្ពុទ្ធ​ទាំងឡាយ ​ដែល​មាន​គុណ​ស្មើគ្នា ឆ្ងាយអំពី​ពួក​ជន ​ដែល​មាន​គុណ​មិន​ស្មើ ​ទ្រង់​មាន​ប្រាជ្ញា​មិន​មាន​ទី​បំផុត​ ​មាន​ព្រះទ័យ​មិន​ជាប់ចំពាក់​ក្នុង​លោក​នេះ​ ​និង​លោក​ខាង​មុខ ព្រះតថាគត ទើប​គួរ​ទទួលគ្រឿង​បូជា​ឈ្មោះ​បូរឡាសៈ ។ មាយា ​និង​មានះ ​មិន​មាន​នៅ​ក្នុង​ព្រះតថាគត​ណា ព្រះតថាគត​ណា ប្រាស​ចាក​សេចក្តី​លោភ ​មិន​មាន​សេចក្តី​ប្រកាន់ ​មិន​មាន​សេចក្តី​ប្រាថ្នា ​បាន​បន្ទោបង់​នូវ​សេចក្តី​ក្រោធ ​មាន​ចិត្ត​ត្រជាក់ ឬថា​ព្រះតថាគត​ណា ជា​អ្នក​បណ្តែត​ចោល​នូវ​បាប ​បាន​លះបង់​មន្ទិល ​គឺ​សេចក្តី​សោក ព្រះតថាគត​នោះ​ ទើប​គួរ​ទទួល​នូវ​គ្រឿងបូជា ​ឈ្មោះ​បូរឡាសៈ ។ ព្រះតថាគតណា ​បាន​លះបង់​នូវ​កិលេស ជាគ្រឿង​អាស្រ័យ​នៅ​នៃ​ចិត្ត​ ​គឺ​តណ្ហា ​និង​ទិដ្ឋិ ឬថា​សេចក្តី​ប្រកាន់​ណា​មួយ​ ​ក៏​មិន​មាន​ដល់​ព្រះតថាគត​ណា ព្រះតថាគត​នោះ​ ជា​អ្នក​មិន​មាន​សេចក្តី​ប្រកាន់​ក្នុង​លោក​នេះ​ ​និង​លោក​ខាង​មុខ ទើប​គួរ​ទទួលគ្រឿង​បូជា ​ឈ្មោះ​បូរឡាសៈ ។ ព្រះតថាគត​ណា ជា​អ្នក​មាន​ចិត្ត​តាំងមាំ ​បាន​ឆ្លងឱឃៈ ​បាន​ដឹង​ធម៌​ដោយ​ទិដ្ឋិ​ដ៏​ឧត្តម ជា​អ្នក​អស់​អាសវៈ ទ្រ​ទ្រង់​រាងកាយ​ជា​ទី​បំផុត​ ព្រះតថាគត​នោះ​ ទើប​គួរ​ទទួល​គ្រឿងបូជា ​ឈ្មោះ​បូរឡាសៈ ។ ភវាសវៈ​ទាំងឡាយ​ផង​ វាចា​អាក្រក់​ផង​ ​ដែល​ព្រះតថាគត​ណា ​កម្ចាត់​បង់​ហើយ​ ​ដល់​នូវ​ការតាំង​នៅ​មិន​បាន​ ​គឺ​ថា​ ​មិន​មាន​ព្រះតថាគត​នោះ​ ជា​អ្នក​បាន​នូវ​វេទ ​មាន​ចិត្ត​ផុត​ចាក​ធម៌ ​មាន​ខន្ធ​ជាដើម​ទាំង​អស់​ ទើប​គួរ​ទទួល​គ្រឿងបូជា ​ឈ្មោះ​បូរឡាសៈ ។ កិលេស​ជា​គ្រឿងជាប់​ចំពាក់ទាំងឡាយ ​មិន​មាន​ដល់​ព្រះតថាគត​ណា ព្រះតថាគត​ណា ​កន្លង​ផុត​នូវ​កិលេស​ជាគ្រឿង​ជាប់ចំពាក់ កាល​ពួក​សត្វ​ជាប់​ដោយ​មានះ ព្រះអង្គ​ក៏​មិន​ជាប់​ដោយ​មានះ ​បាន​កំណត់​ដឹង​នូវ​ទុក្ខ ព្រមទាំង​ខេត្តវត្ថុ ​គឺ​ហេតុ ​និង​បច្ច័យ ព្រះតថាគត​នោះ​ ទើប​គួរ​ទទួល​គ្រឿងបូជា ​ឈ្មោះ​បូរឡាសៈ ។ ព្រះតថាគត​ណា ​មិន​អាស្រ័យ​នូវ​សេចក្តី​ប្រាថ្នា ឃើញ​នូវ​ព្រះនិព្វាន ជាធម៌​ស្ងប់ស្ងាត់ ប្រព្រឹត្ត​កន្លង​នូវ​មិច្ឆាទិដ្ឋិ ​ដែល​ជន​ឯទៀត​គប្បី​ឲ្យ​ដឹង​ ធម៌ទាំងឡាយ​ណា​មួយ​ ជាអារម្មណ៍ ​គឺ​ជាបច្ច័យ ​មិន​មាន​ដល់​ព្រះតថាគត​ណា ព្រះតថាគត​នោះ​ ទើប​គួរ​ទទួលគ្រឿង​បូជា​ឈ្មោះ​ បូរឡាសៈ ។ ធម៌​ទាំងឡាយ ទាំង​ខាង​ក្នុង​ ​និង​ខាង​ក្រៅ​មិន​មាន​ ​ដែល​ព្រះតថាគត​ណា ​បាន​ត្រាស់​ដឹង​ ​កម្ចាត់​បង់​ហើយ​ ជាធម៌​ដល់​នូវ​កិរិយាតាំង​នៅ​មិន​បាន​ ​គឺ​ថា​មិន​មាន​ ព្រះតថាគត​នោះ​ ជា​អ្នក​មាន​ចិត្ត​ស្ងប់ ​មាន​ចិត្ត​ផុតស្រឡះ ​ព្រោះ​អស់​ទៅ​នៃ​ឧបាទាន ទើប​គួរ​ទទួល​គ្រឿង​បូជា ​ឈ្មោះ​បូរឡាសៈ ។ ព្រះតថាគត​ណា ​បាន​ឃើញ​នូវ​ធម៌​ជា​ទី​អស់​ទៅ​នៃ​សំយោជនៈ​ផង​ ឃើញ​នូវ​ធម៌ជា​ទី​អស់​ទៅ​នៃ​ជាតិ​ផង​ ​បាន​បន្ទោបង់​នូវ​គន្លង​នៃ​រាគៈ ​មិន​មាន​សេសសល់ ជា​អ្នក​បរិសុទ្ធ ​មិន​មាន​ទោស ប្រាស​ចាក​មន្ទិល ទាំង​មិន​មាន​សេចក្តី​ប្រាថ្នា ព្រះតថាគត​នោះ​ ទើប​គួរ​ទទួល​គ្រឿងបូជា ​ឈ្មោះ​បូរឡាសៈ ។ ព្រះតថាគត​ណា ​មិន​ឃើញខ្លួន [ឃើញតែ​ត្រឹម​ខន្ធ​តែប៉ុណ្ណេះ ។] ​ដោយ​ខ្លួន​ឯង​ ជា​អ្នក​មាន​ចិត្ត​តាំងមាំ ​មាន​ចិត្ត​ប្រព្រឹត្ត​ទៅ​ត្រង់ ​មាន​ចិត្ត​នឹង​ធឹង ព្រះតថាគត​នោះ​ ​មាន​ព្រះទ័យ​មិន​រំភើប ​មិន​រឹងរូស ​មិន​សង្ស័យ ទើប​គួរ​ទទួល​គ្រឿងបូជា​ឈ្មោះ​ បូរឡាសៈ ។ សភាវធម៌ទាំងឡាយ ​ដែល​មាន​មោហៈ ជាហេតុ​ណា​មួយ​ ​មិន​មាន​ដល់​ព្រះតថាគត​ណា ព្រះតថាគត​ណា ​បាន​ឃើញ​ដោយ​ប្រាជ្ញា ​ក្នុង​ធម៌​ទាំងឡាយ​ទាំងពួង ​ហើយ​ទ្រ​ទ្រង់​នូវ​សរីរៈ​ជា​ទី​បំផុត​ ទាំង​សម្រេច​នូវ​សម្ពោធិញ្ញាណ ជាគ្រឿង​ក្សេមយ៉ាង​ប្រសើរ ព្រះអង្គ​មាន​សេចក្តី​បរិសុទ្ធិ​យ៉ាង​អស់​ជើង ត្រឹមប៉ុណ្ណេះ (ព្រះតថាគត​នោះ​ ទើប​គួរ​ទទួល​នូវ​គ្រឿងបូជា ​ឈ្មោះ​បូរឡាសៈ) ។

(ព្រាហ្មណ៍ក្រាបទូលថា) ការបូជា​របស់​ខ្ញុំ​ព្រះអង្គ ជាការ​បូជា​មាន​ផលពិត ៗ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​បាន​បុគ្គល​អ្នក​ដល់​នូវ​វេទ ប្រហែល​នឹង​ព្រះអង្គ ហេតុ​នេះ​ ​សូម​ព្រះ​មាន​ព្រះភាគ ជាបន្ទាល់​ដ៏​ប្រសើរ ទទួលគ្រឿង​បូជា​របស់​ខ្ញុំ​ព្រះអង្គ ​សូម​ព្រះ​មាន​ព្រះភាគ សោយ​គ្រឿង​បូជា ​ឈ្មោះ​បូរឡាសៈ​របស់​ខ្ញុំ​ព្រះអង្គ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​) តថាគត ​មិន​គួរ​បរិភោគ​ភោជន ​ដែល​បាន​មកអំពី​ការ​ពោល​គាថាទេ ​ម្នាល​ព្រាហ្មណ៍ ​នេះ​មិន​មែន​ជាធម្មតា ​របស់​ពួក​បុគ្គល​អ្នក​ឃើញ (ធម៌) ទេ ព្រះពុទ្ធ​ទាំងឡាយ តែង​បន្ទោបង់​នូវ​អាហារ ​ដែល​ពោល​គាថា ​ម្នាល​ព្រាហ្មណ៍ កាលបើ​ធម៌​មាន​ហើយ​ ​នេះ​ឯង​ ជាគ្រឿង​ចិញ្ចឹមជីវិត ។ ​អ្នក​ចូរ​ទំនុកបំរុង បុគ្គល​ជា​ខីណាស្រព ​មាន​គុណ​ដ៏​បរិបូណ៌ ​អ្នក​ស្វែង​រក​នូវ​គុណ​ដ៏​ធំ ​អ្នក​រម្ងាប់​សេចក្តី​រពឹស​ដោយ​បាយ​ ​និង​ទឹក​​ដទៃ​ ​ព្រោះ​ថា​ ​នោះ​ជា​ខេត្ត​របស់​បុគ្គល​អ្នក​ប្រាថ្នាបុណ្យ ។

(ព្រាហ្មណ៍ក្រាបទូលថា) បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ទក្ខិណេយ្យ​បុគ្គល​ណា​ ​គួរ​បរិភោគ​ទក្ខិណាទាន​របស់​បុគ្គល​ដូច​ជា​ខ្ញុំ​ព្រះអង្គ ​ខ្ញុំ​ព្រះអង្គ​បាន​ដល់​នូវ​សាសនា​នៃ​ព្រះអង្គ ស្វែង​រក​ទក្ខិណេយ្យ​បុគ្គល​ណា​ ​និង​ទំនុក​បម្រុង​ក្នុង​កាល​ដែល​បូជា ​ខ្ញុំ​ព្រះអង្គ​ដឹង​ច្បាស់ (​នូវ​ទក្ខិណេយ្យ​បុគ្គល​នោះ​) ​ដោយ​ប្រការដូច្នោះ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​) ​សេចក្តី​ប្រណាំង​ប្រជែង ​របស់​បុគ្គល​ណា ​ទៅ​ប្រាស​ហើយ​ផង​ ឬ​ចិត្ត​របស់​បុគ្គល​ណា​ ​មិន​ល្អ​ក់​ផង​ ​បុគ្គល​ណា​ ផុតស្រឡះ​ចាក​កាម​ទាំងឡាយ​ផង​ ​សេចក្តី​ងោកងក់ ​ដែល​បុគ្គល​ណា ​បន្ទោបង់​ហើយ​ផង​ ​អ្នក​ទាំងឡាយ ​ចូរ​បំបាត់​នូវ​ការក្រញូវ​មុខ ​ហើយ​ផ្គង​អញ្ជលីនមស្ការ បូជា​បុគ្គល ​អ្នក​ទូន្មាន​នូវ​ពួក​បុថុជ្ជន ​និង​សេក្ខបុគ្គល ​អ្នក​ដឹង​ច្បាស់​នូវ​ជាតិ ​និង​មរណៈ ជា​អ្នក​ប្រាជ្ញ បរិបូណ៌​ដោយ​ប្រាជ្ញា ប្រាកដ​ដូច្នោះ មកកាន់​ទី​ជា​ទី​បូជា​នោះ​ ​ដោយ​ម្ហូប​ចំណី ​និង​ទឹក​ កាលបើ​យ៉ាង​នេះ​ ទក្ខិណាទាន​ទាំងឡាយ ​រមែង​សម្រេច ។

(ព្រាហ្មណ៍ក្រាបទូលថា) ព្រះពុទ្ធ​ដ៏​ចម្រើន​ ព្រះអង្គ​ជាបុញ្ញក្ខេត្ត​ដ៏​ប្រសើរ ​គួរ​ទទួល​គ្រឿងបូជា ​ឈ្មោះ​បូរឡាសៈ ជាការ​បូជា​ក្នុង​លោក​ទាំង​អស់​ ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ ចំពោះ​ព្រះពុទ្ធ​ដ៏​ចម្រើន​ ​មាន​ផល​ច្រើន ។

[៤៧] លំដាប់​នោះ​ សុន្ទរិកភារទ្វាជព្រាហ្មណ៍ ​បាន​ក្រាប​ទូល​ព្រះ​មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ច្បាស់​ពេកណាស់ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ច្បាស់​ពេកណាស់ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ធម៌​ដែល​ព្រះគោតម​ដ៏​ចម្រើន​ សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ ​ដូច​ជា​គេ​ផ្ងារ​នូវ​របស់​ដែល​ផ្កា​ប់ ឬបើក​បង្ហាញ​នូវ​របស់​ដែល​កំបាំង ពុំ​នោះ​សោត ​ដូច​គេ​ប្រាប់ផ្លូវ​ដល់​មនុស្ស​វង្វេងផ្លូវ ឬ​ដូច​ជា​គេ​ទ្រោលប្រ​ទី​ប​ប្រេង​បំភ្លឺ​ក្នុង​ទី​ងងឹត ​ដោយ​គិតថា ​ឲ្យ​ពួក​មនុស្ស​មាន​ភ្នែកមើល​ឃើញរូប​ទាំងឡាយ​បាន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​សូម​ដល់​ព្រះគោតម​ដ៏​ចម្រើន​ផង​ ព្រះធម៌​ផង​ ព្រះ​ភិក្ខុ​សង្ឃ​ផង​ ជា​សរណៈ​ ​ខ្ញុំ​ព្រះអង្គ​គួរ​បាន​នូវ​បព្វជ្ជា ​គួរ​បាន​នូវ​ឧបសម្បទា ​ក្នុង​សំណាក់​ព្រះគោតម​ដ៏​ចម្រើន​ ។ សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ ​បាន​បព្វជ្ជា ​បាន​ឧបសម្បទា​ក្នុង​សំណាក់​ព្រះ​មាន​ព្រះភាគ ។បេ។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះសុន្ទរិកភារទ្វាជៈ​ដ៏​មាន​អាយុ ​ក៏​ជា​ព្រះអរហន្ត​មួយ​ដែរ ។

ចប់ សុន្ទរិកភារទ្វាជសូត្រ ​ទី​៤ ។

មាឃសូត្រ ​ទី​៥

[កែប្រែ]

[៤៨] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​នៅ​នា​ភ្នំគិជ្ឈកូដ ជិតក្រុង​រាជគ្រឹះ ។ គ្រា​នោះ​ មាឃមាណព ​បាន​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ ​លុះ​ចូល​ទៅ​ដល់​ ក្រាបបង្គំ​ទូល​សំណេះ​សំណាល ជា​មួយ​នឹង​ព្រះ​មាន​ព្រះភាគ ​លុះ​បញ្ចប់​ពាក្យ​គួរ​រីករាយ​ ​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​សម​គួរ​ ។ មាឃមាណព ​លុះ​អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ​ ​បាន​ក្រាប​បង្គំទូល​ព្រះ​មាន​ព្រះភាគ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ជាទា​យក​ ជា​ទានបតី ​អ្នក​ដឹង​នូវ​ពាក្យ​ពេចន៍ (​របស់​ស្មូម) ​អ្នក​គួរ​គេ​សូម​បាន​ ស្វែង​រក​នូវ​ភោគៈ​ទាំងឡាយ តាមធម៌ ​លុះ​ខ្ញុំ​ព្រះអង្គ​ស្វែង​រក​ភោគៈ​ទាំងឡាយ តាមធម៌​បាន​ហើយ​ (​ក៏​យក​) ​នូវ​ភោគៈ​ទាំងឡាយ ​ដែល​បាន​មកតាមធម៌ សម្រេច​មកតាម​ធម៌​នោះ​ ​ឲ្យ​ដល់​បុគ្គល​ម្នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល​ពីរនាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល ​៣ នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល ៤ នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល ៥ នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល ៦ នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល ៧ នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល ៨ នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល ៩ នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល ១០ នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល ២០ នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល ៣០ នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល ៤០ នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល ៥០ នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល​មួយ​រយ​នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល​ច្រើនជាង​នោះ​ខ្លះ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ កាល​ខ្ញុំ​ព្រះអង្គ​ឲ្យ​យ៉ាង​នេះ​ បូជាយ៉ាង​នេះ​ តើ​បាន​បុណ្យ​ច្រើន​ដែរឬ ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ អើមាណព កាល​បើ​អ្នក​ឲ្យ​យ៉ាង​នេះ​ បូជា​យ៉ាង​នេះ​ ​រមែង​បាន​បុណ្យច្រើន ។ ​ម្នាល​មាណព បើទា​យក​ ទានបតី ​អ្នក​ដឹង​នូវ​ពាក្យ​ពេចន៍ (​របស់​ស្មូម) ​អ្នក​គួរ​គេ​សូម​បាន​ ​ដែល​ស្វែង​រក​ភោគៈ​ទាំងឡាយ​តាមធម៌ ​លុះ​ស្វែង​រក​ភោគៈ​ទាំងឡាយ តាមធម៌​ហើយ​ (​ក៏​យក​) ភោគៈ​ទាំងឡាយ​តាមធម៌ សម្រេច​មកតាម​ធម៌​នោះ​ ​ឲ្យ​ដល់​បុគ្គលម្នាក់​ខ្លះ ។បេ។ ​ឲ្យ​ដល់​បុគ្គល​មួយ​រយ​នាក់ខ្លះ ​ឲ្យ​ដល់​បុគ្គល​ច្រើនជាង​នោះ​ខ្លះ ទា​យក​នោះ​ ​រមែង​បាន​បុណ្យ​ច្រើន ។ លំដាប់​នោះ​ មាឃមាណព ​បាន​ក្រាប​បង្គំទូល​ព្រះ​មាន​ព្រះភាគ ​ដោយ​គាថា​ដូច្នេះថា

[៤៩] ​ខ្ញុំ​សូម​ទូល​សួរ​ព្រះគោតម ព្រះអង្គ​ទ្រង់​ជ្រាប​នូវ​ពាក្យ​ពេចន៍​ ​ទ្រង់​អាស្រ័យ​នៅ​ដោយ​សំពត់​កាសាយៈ ​មិន​មាន​ផ្ទះ ត្រាច់​ទៅ​ផ្សេង ៗ គ្រហស្ថណា ជាម្ចាស់ទាន ​គួរ​គេ​សូម​បាន​ ជា​អ្នក​​ត្រូវ​ការ​ដោយ​បុណ្យ ប្រាថ្នា​បុណ្យ កាល​ឲ្យ​នូវ​បាយ​ទឹក​ បូជា​ដល់​ពួក​ជន​ដទៃ​​ក្នុង​លោក​នេះ​ ការបូជា​របស់​បុគ្គល​ដែល​បូជា​នោះ​ តើបរិសុទ្ធ​ដូច​ម្តេច ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​) ​ម្នាល​មាណព គ្រហស្ថ (ណា) ជាម្ចាស់ទាន ​គួរ​គេ​សូម​បាន​ ជា​អ្នក​​ត្រូវ​ការ​ដោយ​បុណ្យ ប្រាថ្នា​បុណ្យ កាល​ឲ្យ​នូវ​បាយ​ ​និង​ទឹក​ បូជា​ដល់​ពួក​ជន​​ដទៃ​​ក្នុង​លោក​នេះ​ គ្រហស្ថ​ប្រាកដ​ដូច្នោះ ​គប្បី​ញ៉ាំង​ទក្ខិណេយ្យបុគ្គល​ទាំងឡាយ​ឲ្យ​ត្រេកអរ​បាន​ ។

(មាឃមាណព ក្រាបទូលថា) គ្រហស្ថ (ណា) ជាម្ចាស់ទាន ​គួរ​គេ​សូម​បាន​ ជា​អ្នក​​ត្រូវ​ការ​ដោយ​បុណ្យ ប្រាថ្នាបុណ្យ កាល​ឲ្យ​នូវ​បាយ​ ​និង​ទឹក​ បូជា​ដល់​ពួក​ជន​ដទៃ​ ​ក្នុង​លោក​នេះ​ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ​ប្រាប់​នូវ​ទក្ខិណេយ្យបុគ្គល​ទាំងឡាយ (​របស់​គ្រហស្ថ​នោះ​) ចំពោះ​ខ្ញុំ​ព្រះអង្គ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​) ​ពួក​ជនណា ​មិន​មាន​ចិត្ត​ជាប់ចំពាក់​ក្នុង​លោក ​មិន​មាន​កង្វល់ ​មាន​កិច្ច​សម្រេច​ហើយ​ ជា​អ្នក​គ្រប់គ្រង​ចិត្ត​ ព្រាហ្មណ៍ណា ប្រាថ្នាបុណ្យ ​ហើយ​បូជា​ ព្រាហ្មណ៍​នោះ​ ​គួរ​បរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួក​ជន​នោះ​ តាម​កាល​គួរ​ ។

ពួក​ជនណា ​បាន​ផ្តាច់ចំណង ​គឺ​សំយោជនៈ​ទាំងពួង ជា​អ្នក​បាន​ទូន្មាន​នូវ​ឥន្ទ្រិយ ​មាន​ចិត្ត​ផុតស្រឡះ ​មិន​មាន​ទុក្ខ ​មិន​មាន​សេចក្តី​ប្រាថ្នា ព្រាហ្មណ៍​ណា ប្រាថ្នា​នូវ​បុណ្យ ​ហើយ​បូជា​ ព្រាហ្មណ៍​នោះ​ ​គប្បី​បរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួក​ជន​នោះ​ តាមកាល​គួរ​ ។

ពួក​ជន​ណា ផុតស្រឡះ​ចាក​សំយោជនៈ​ទាំងពួង ជា​អ្នក​ទូន្មាន​នូវ​ឥន្រ្ទិយ ​មាន​ចិត្ត​ផុតស្រឡះ ​មិន​មាន​ទុក្ខ ​មិន​មាន​សេចក្តី​ប្រាថ្នា ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួក​ជន​នោះ​ តាមកាល​គួរ​ ។ (​ពួក​ជនណា) ​បាន​លះបង់​រាគៈ​ផង​ ទោសៈ​ផង​ មោហៈ​ផង​ ​មាន​អាសវៈ​អស់​ហើយ​ ​មាន​មគ្គ​ព្រហ្មចារ្យ​ប្រព្រឹត្ត​រួច​ហើយ​ ព្រាហ្មណ៍ ​គួរ​បរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួក​ជន​នោះ​ តាមកាល​គួរ​ ។

ការបិទបាំងទោសខ្លួន ​និង​ការប្រកាន់​ ​មិន​មាន​នៅ​ក្នុង​ពួក​ជនណា​ដែល​មាន​អាសវៈ​អស់​ហើយ​ ​មាន​មគ្គ​ព្រហ្មចារ្យ​ប្រព្រឹត្ត​រួច​ហើយ​ ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួក​ជន​នោះ​តាមកាល​គួរ​ ។

ពួក​ជនណា ប្រាស​ចាក​សេចក្តី​លោភ ​មិន​ប្រកាន់ ​មិន​មាន​សេចក្តី​ប្រាថ្នា ​មាន​អាសវៈ​អស់​ហើយ​ ​មាន​មគ្គ​ព្រហ្មចារ្យ​ប្រព្រឹត្ត​រួច​ហើយ​ ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួក​ជន​នោះ​ តាមកាល​គួរ​ ។

ពួក​ជនណា ​មិន​ដល់​នូវ​ការធ្លាក់ចុះ ​ក្នុង​តណ្ហា​ទាំងឡាយ ​មិន​ប្រកាន់​ ​ហើយ​ឆ្លង​អន្លង់​បាន​ ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួក​ជន​នោះ​ តាមកាល​គួរ​ ។

តណ្ហា​របស់​ពួក​ជនណា ដើម្បី​កើត​មាន​ទៅ​ទៀត​ក្នុង​លោក​នេះ​ ឬលោក​ខាង​មុខ​ណា​មួយ​ ​មិន​មាន​ទេ ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួក​ជន​នោះ​ តាម​កាល​គួរ​ ។

ពួក​ជនណា ​បាន​លះបង់កាមទាំងឡាយ ជា​អ្នក​មិន​មាន​សេចក្តី​ប្រកាន់​ សង្រួម​ចិត្ត​ត្រង់​ល្អ​ដូច​ខ្នារ ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន​ ចំពោះ​ពួក​ជន​នោះ​ តាមកាល​គួរ​ ។

ពួក​ជនណា ប្រាស​ចាក​រាគៈ ​មាន​ឥន្រ្ទិយ​តម្កល់​មាំ​ល្អ​ ​ដូច​ព្រះចន្រ្ទ​ដែល​ផុត​ស្រឡះ​ចាក​រាហុគ្រាះ ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួក​ជន​នោះ​ តាម​កាល​គួរ​ ។

ពួក​ជនណា ជា​អ្នក​ស្ងប់​ចាក​កិលេស ប្រាស​ចាក​រាគៈ ​មិន​មាន​សេចក្តី​ក្រោធ គតិ​របស់​ជនណា ​មិន​មាន​ ​ព្រោះ​លះបង់ (​នូវ​ខន្ធ​) ​ក្នុង​លោក​នេះ​ ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន ចំពោះ​ជន​នោះ​ តាមកាល​គួរ​ ។

ពួក​ជនណា លះបង់ជាតិ ​និង​មរណៈ​មិន​មាន​សេសសល់ ឆ្លងផុត​សេចក្តី​ងឿង​ឆ្ងល់គ្រប់​យ៉ាង ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន​ចំពោះ​ពួក​ជន​នោះ​ តាមកាល​គួរ​ ។

ពួក​ជនណា ​មាន​ខ្លួនជា​ទី​ពឹង ត្រាច់​ទៅ​ក្នុង​លោក ​មិន​មាន​កង្វល់ ផុត​ស្រឡះ​ចាក​សភាវធម៌​ទាំងពួង ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន​ ចំពោះ​ពួក​ជន​នោះ​ តាមកាល​គួរ​ ។

ពួក​ជនណា ​ដឹង​ក្នុង​សភាវធម៌នុ៎ះ តាម​សេចក្តី​ពិត​ថា​ជា​តិ​នេះ​ជា​ជាតិ​បំផុត​ហើយ​ ភពថ្មី​មិន​មាន​ត​ទៅ​ទៀត​ឡើយ​ ព្រាហ្មណ៍​គួរ​បរិចា្ចគ​ទក្ខិណាទាន ចំពោះ​ពួក​ជន​នោះ​ តាមកាល​គួរ​ ។

ជនណា​បាន​ដល់​នូវ​វេទ ត្រេកអរ​ក្នុង​ឈាន ជា​អ្នក​មាន​ស្មារតី ​បាន​សម្រេច​នូវ​សម្ពោធិញាណ ជា​ទី​ពឹង​របស់​ជន​ច្រើន ព្រាហ្មណ៍ណា​ ជា​អ្នក​ប្រាថ្នា​នូវ​បុណ្យ​ហើយ​បូជា ព្រាហ្មណ៍​នោះ​ ​គួរ​បរិចា្ចគ​ទក្ខិណាទាន ចំពោះ​ពួក​ជន​នោះ​ តាមកាល​គួរ​ ។

(មាឃមាណព ក្រាបបង្គំទូលថា) បពិត្រ​ព្រះ​មាន​ព្រះភាគ ការ​ក្រាបទូល​សួរ​របស់​ខ្ញុំ​ព្រះអង្គ ​មិន​មែន​ជាការឥត​អំពើ ​ដោយ​ពិត ព្រះអង្គ​បាន​សំដែង​ប្រាប់​ទក្ខិណេយ្យបុគ្គល​ទាំងឡាយ ចំពោះ​ខ្ញុំ​ព្រះអង្គ ទើប​ខ្ញុំ​ព្រះអង្គ ​បាន​ដឹង​សេចក្តី​នុ៎ះ តាមពិត ធម៌ ព្រះអង្គ ​ទ្រង់​ជ្រាបពិត យ៉ាង​នោះ​ហើយ​ ។

(មាឃមាណព ក្រាបទូលថា) គ្រហស្ថ (ណា) ជាម្ចាស់ទាន ​អ្នក​គួរ​គេ​សូម​បាន​ ជា​អ្នក​​ត្រូវ​​ការ​ដោយ​បុណ្យ ប្រាថ្នា​នូវ​បុណ្យ កាល​ឲ្យ​បាយ​ ​និង​ទឹក​ បូជា​ដល់​ពួក​ជន​ដទៃ​ ​ក្នុង​លោក​នេះ​ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ ​ទ្រង់​សំដែង​ប្រាប់​នូវ​យញ្ញសម្បទា (​របស់​គ្រហស្ថ​នោះ​) ​ដល់​ខ្ញុំ​ព្រះអង្គ ។

ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មាឃៈ ​អ្នក​ចូរ​បូជា​ចុះ កាល​ដែល​អ្នក​បូជា ​ចូរ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា ​ក្នុង​កាល​ទាំងពួង (​ព្រោះ​) គ្រឿងយ័ញ្ញ ជាអារម្មណ៍​របស់​អ្នក​បូជា បុគ្គល​ដែល​បាន​ប្រតិស្ឋាន ​ក្នុង​គ្រឿង​យ័ញ្ញនុ៎ះ​ហើយ​ ​រមែង​លះបង់​នូវ​ទោស​បាន​ ​លុះ​បុគ្គល​នោះ​ ប្រាស​ចាក​រាគៈ ​បន្ទោបង់​នូវ​ទោសៈ​ហើយ​ ​រមែង​ចម្រើន​នូវ​មេត្តា​ចិត្ត​ ​មិន​មាន​ប្រមាណ ជាបុគ្គល​មិន​ធ្វេស​ប្រហែស​ជានិច្ច ​អស់​យប់ ​និង​ថ្ងៃ​ ផ្សាយ​នូវ​មេត្តា​ចិត្ត​ ​មិន​មាន​ប្រមាណ ​ក្នុង​ទិស​ទាំងពួង ។

(មាឃមាណព ក្រាបទូលថា) បុគ្គល​ដូច​ម្តេច បរិសុទ្ធ បុគ្គល​ដូច​ម្តេច ​រួច​ បុគ្គល​ដូច​ម្តេច ជាប់​នៅ​ បុគ្គល​ទៅ​កាន់​ព្រហ្មលោក​បាន​ ​ដោយ​ហេតុ​ដូច​ម្តេច បពិត្រ​ព្រះអង្គ​ជា​អ្នក​ប្រាជ្ញ កាលបើ​ខ្ញុំ​ព្រះអង្គ​ជា​អ្នក​មិន​ដឹង​ ក្រាបទូល​សួរ​ហើយ​ ​សូម​ព្រះអង្គ​ទ្រង់​សំដែង បពិត្រ​ព្រះអង្គ​ជាព្រហ្ម ដ្បិត​ក្នុង​ថ្ងៃ​នេះ​ ​ខ្ញុំ​ព្រះអង្គ ​បាន​ឃើញ​ព្រះអង្គ​ជាបន្ទាល់​ហើយ​ ​ព្រោះ​ព្រះអង្គ​ពិតជា​ស្មើគ្នា​នឹង​ព្រហ្ម​របស់​ខ្ញុំ​ព្រះអង្គ បពិត្រ​ព្រះអង្គ ​ទ្រង់​មាន​សេចក្តី​រុងរឿង បុគ្គល​ទៅ​កាន់​ព្រហ្មលោក​បាន​ ​ដោយ​ប្រការ​ដូច​ម្តេច ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មាឃៈ) តថាគត​ពោល​ថា ​បុគ្គល​ណា​ បូជា​នូវ​យញ្ញសម្បទា ៣ ប្រការ បុគ្គលបែប​នោះ​ ញ៉ាំ​ង​ពួក​ទក្ខិណេយ្យ​បុគ្គល ​ឲ្យ​ត្រេកអរ​បាន​ ​លុះ​បូជា​យ៉ាង​នេះ​ហើយ​ ជា​អ្នក​គួរ​គេ​សូម​បាន​ ​ដោយ​ប្រពៃ ​រមែង​ចូល​ទៅ​កាន់​ព្រហ្មលោក ។

[៥០] កាលបើព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ​ មាឃមាណព​ក៏​បាន​ក្រាបបង្គំ​ទូល ព្រះ​មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ច្បាស់​ពេក​ណាស់ ។បេ។ ​ថា​ជា​អ្នក​ដល់​នូវ​ព្រះគោតម​ដ៏​ចម្រើន​ ជាសរណៈ​ស្មើ​ដោយ​ជីវិត ចាប់​ដើម​អំពី​ថ្ងៃ​នេះ​ត​ទៅ​ ។

ចប់ មាឃសូត្រ ​ទី​៥ ។

សភិយសូត្រ ​ទី​៦

[កែប្រែ]

[៥១] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​នៅ​ក្នុង​វត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ជិត​ក្រុង​រាជគ្រឹះ ។ សម័យ​នោះ​ឯង​ ទេវតា​ជា​សាលោហិត​ពីដើម ​របស់​បរិព្វាជក ​ឈ្មោះ​សភិយៈ ​បាន​សំដែង​ឡើង​នូវ​ប្រស្នា​ទាំងឡាយ​ថា ​ម្នាល​សភិយៈ សមណៈ ឬព្រាហ្មណ៍​ណា ​ដែល​អ្នក​សួរ​ប្រស្នា​ទាំង​នេះ​ហើយ​ ឆ្លើយ​រួច​ ​អ្នក​​ត្រូវ​​ប្រព្រឹត្ត​ព្រហ្មចារ្យ ​ក្នុង​សំណាក់​នៃ​សមណៈ ឬព្រាហ្មណ៍​នោះ​ចុះ ។ គ្រា​នោះ​ សភិយ​បរិព្វាជក រៀន​ប្រស្នាទាំង​ឡាយ ​ក្នុង​សំណាក់​ទេវតា​នោះ​ ទើប​ចូល​ទៅ​រក​ពួក​សមណ​ព្រាហ្មណ៍ ជា​អ្នក​មាន​ពួក​ ​មាន​ក្រុម (ប្តេជ្ញា​ខ្លួន​ថា​ជា​សព្វញ្ញុសាស្តា) ជា​គណាចារ្យ [ជាអាចារ្យ​នៃ​ពួក​បរិព្វាជក ​និង​គ្រហស្ថ ​ដោយ​អំណាច​នៃ​ឧទ្ទេស ​និង​បរិបុច្ឆា ។] ​ដែល​អ្នក​ផង​ធ្លាប់​ស្គាល់ ជា​អ្នក​មាន​យស [បរិបូណ៌​ដោយ​លាភ ​និង​បរិវារ ។ អដ្ឋកថា ។] ​ធ្វើ​នូវ​កំពង់ ​គឺ​ទិដ្ឋិ ​ដែល​ជន​ច្រើនគ្នា​សន្មត​ថា​ជា​សប្បុរស ​គឺ​គ្រូ​ឈ្មោះ​បូរណកស្សប ​ឈ្មោះ​មក្ខលិគោសាល ​ឈ្មោះ​អជិតកេសកម្ពល ​ឈ្មោះ​បកុទ្ធកច្ចាយនៈ ​ឈ្មោះ​សញ្ជយវេឡដ្ឋបុត្ត ​ឈ្មោះ​និគន្ថនាដបុត្ត ​ហើយ​សួរ​ប្រស្នា​ទាំង​នោះ​ ។ គ្រូទាំង​នោះ​ ​លុះ​​ត្រូវ​​សភិយ​បរិព្វាជក ​សួរ​ប្រស្នា​ទាំងឡាយ ​ក៏​ឆ្លើយ​មិន​រួច​ កាលបើ​ឆ្លើយ​មិន​រួច​ ​ក៏​ធ្វើ​នូវ​សេចក្តី​ក្រោធ ប្រទូស្ត អាក់អន់​ចិត្ត​ឲ្យ​ប្រាកដ​ឡើង​ ​រួច​ក៏​សួរ​ត្រឡប់​ទៅ​រក​សភិយ​បរិព្វាជក​វិញ​ ។ គ្រា​នោះ​ សភិយបរិព្វាជក​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា សមណ​ព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចម្រើន​ណា ជា​អ្នក​មាន​ពួក​ ​មាន​ក្រុម ជា​គណាចារ្យ ​ដែល​អ្នក​ផង​ធ្លាប់​ស្គាល់​ជា​អ្នក​មាន​យស ​ធ្វើ​នូវ​កំពង់ ​គឺ​ទិដ្ឋិ ​ដែល​ជន​ច្រើនគ្នា​សន្មត​ថា​ជា​សប្បុរស ​គឺ​គ្រូ​ឈ្មោះ​បូរណកស្សប ។បេ។ ​ឈ្មោះ​និគន្ថនាដបុត្ត ​សមណ​ព្រាហ្មណ៍​ទាំង​នោះ​ ​លុះ​​ត្រូវ​​អញ​សួរ​ប្រស្នា​ទាំងឡាយ​ហើយ​ ​ក៏​ឆ្លើយ​មិន​រួច​ កាលបើ​ឆ្លើយ​មិន​រួច​ ​ក៏​ធ្វើ​នូវ​សេចក្តី​ក្រោធ ប្រទូស្ត អាក់អន់​ចិត្ត​ ​ឲ្យ​ប្រាកដ​ឡើង​ ​រួច​ក៏​សួរ​ត្រឡប់​មក​រក​អញ​ក្នុង​ប្រស្នា​ទាំងនុ៎ះ​វិញ​ បើដូច្នោះ ​គួរ​តែ​អាត្មាអញ ត្រឡប់​មកកាន់​ភេទ​ថោកទាប ​គឺ​ភេទ​គ្រហស្ថ បរិភោគ​កាម​វិញ​ចុះ ។ លំដាប់​នោះ​ សភិយបរិពា្វជក ​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា ព្រះសមណ​គោតម​នេះ​ឯង​ ​ក៏​ជា​អ្នក​មាន​ពួក​ ​មាន​ក្រុម ជាគណាចារ្យ ​ដែល​អ្នក​ផង​ធ្លាប់​ស្គាល់ ជា​អ្នក​មាន​យស ​ធ្វើ​នូវ​កំពង់ ​គឺ​ទិដ្ឋិ ​ដែល​ជន​ច្រើនគ្នា​សន្មត​ថា​ជា​សប្បុរស​ដែរ បើដូច្នោះ ​គួរ​តែ​អាត្មាអញ ចូល​ទៅ​រក​ព្រះសមណគោតម ​ហើយ​សួរ​ប្រស្នាទាំង​នេះ​ ។ លំដាប់​នោះ​ សភិយបរិព្វាជក ​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ទៀតថា សមណ​ព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចម្រើន​ណា ​ដែល​ចាស់​គ្រាំគ្រា ជាព្រឹទ្ធាចារ្យ ​មាន​អាយុ​ច្រើន រស់​នៅ​យូរឆ្នាំ​មក​ហើយ​ ​មាន​អាយុ​ក៏​ជ្រុល​ចូលមក​ក្នុង​បច្ឆិមវ័យ​ហើយ​ ជា​អ្នក​ខ្ជាប់ខ្ជួន (​ក្នុង​សមណធម៌) ស្គាល់​រាត្រីច្រើន ​បួស​យូរយារ​ហើយ​ ជា​អ្នក​មាន​ពួក​ ​មាន​ក្រុម ជា​គណាចារ្យ ​ដែល​អ្នក​ផង​ធ្លាប់​ស្គាល់ ជា​អ្នក​មាន​យស ​ធ្វើ​នូវ​កំពង់ ​គឺ​ទិដ្ឋិ ​ដែល​ជន​ច្រើនគ្នា​សន្មត​ថា​ជា​សប្បុរស ​គឺ​គ្រូ​ឈ្មោះ​បូរណកស្សប ។បេ។ ​ឈ្មោះ​និគន្ថនាដបុត្ត សមណ​ព្រាហ្មណ៍​ទាំង​នោះ​សោត ​លុះ​​ត្រូវ​អញ​សួរ​ប្រស្នា​ទាំងឡាយ​ហើយ​ ​ក៏​ឆ្លើយ​មិន​រួច​ កាល​បើ​ឆ្លើយ​មិន​រួច​ ​ក៏​ធ្វើ​នូវ​សេចក្តី​ក្រោធ ប្រទូស្ត​ អាក់អន់​ចិត្ត​ឲ្យ​ប្រាកដ​ឡើង​ ​រួច​ក៏​សួរ​ត្រឡប់មក​អញ ​ក្នុង​ប្រស្នា​ទាំងនុ៎ះ​វិញ​ ។ ចុះ​ព្រះសមណ​គោតម កាលបើ​​ត្រូវ​អញ​សួរ​ប្រស្នា​ទាំង​នេះ​ហើយ​ តើ​នឹង​ឆ្លើយ​យ៉ាងណា​ទៅ​អេះ ។ ​ព្រោះ​ថា ព្រះសមណគោតម ក្មេង​ដោយ​ជាតិ​ផង​ ថ្មី​ដោយ​ផ្នួស​ផង​ ។ លំដាប់​នោះ​ សភិយបរិព្វាជក ​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា ព្រះសមណ​គោតម អញ​មិន​​ត្រូវ​​មើលងាយ ​មិន​​ត្រូវ​​ពេបជ្រាយ​ថា​ក្មេងទេ ទោះបី​ព្រះអង្គ​ជាសមណៈ​ក្មេង​ក៏​ពិត ប៉ុន្តែ​ព្រះអង្គ​ជា​អ្នក​មាន​ឫទិ្ធច្រើន ​មាន​អានុភាព​ច្រើន ។ បើដូច្នោះ ​គួរ​តែអញ​ចូល​ទៅ​រក​ព្រះ​សមណ​គោតម ​ហើយ​សួរ​ប្រស្នាទាំង​នេះ​ ។ គ្រា​នោះ​ សភិយ​បរិព្វាជក ​ក៏​ចៀស​ចេញ​ទៅ​កាន់ចារិក សំដៅ​ទៅ​ក្រុង​រាជគ្រឹះ កាល​ដើរ​ទៅ​កាន់​ចារិក​តាមលំដាប់​ ​ក៏​បាន​ចូល​ទៅ​រក​ព្រះ​មាន​ព្រះភាគ ឯ​វត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ​ក្នុង​ក្រុង​រាជគ្រឹះ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រីករាយ​ស្មោះសរ ជា​មួយ​នឹង​ព្រះ​មាន​ព្រះភាគ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​គួរ​ឲ្យ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ ។ សភិយ​បរិព្វាជក ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ​ ​បាន​ពោល​ចំពោះ​ព្រះ​មាន​ព្រះភាគ ​ដោយ​គាថា

[៥២] (សភិយបរិព្វាជក ​ពោល​ថា) ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្តី​ងឿង​ឆ្ងល់ សង្ស័យ ទើបមក​ប៉ុនប៉ង​នឹង​សួរ​ប្រស្នា​ទាំងឡាយ (ហេតុ​នេះ​) ព្រះអង្គ​ កាលបើ​ខ្ញុំ​ព្រះអង្គ​សួរ​ប្រស្នា​ទាំងឡាយ​ហើយ​ ​សូម​ធ្វើ​នូវ​ទី​បំផុត​នៃ​ប្រស្នា​ទាំង​នោះ​ ​សូម​ព្រះអង្គ​សំដែង​ធម៌តាមសម​គួរ​ដល់​សេចក្តី​ ជាលំដាប់​លំ​ដោយ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សភិយៈ) ​អ្នក​មក​អំពីចម្ងាយ ប៉ុនប៉ង​នឹង​សួរ​ប្រស្នា​ទាំងឡាយ តថាគត កាលបើ​អ្នក​សួរ​ប្រស្នា​ទាំងឡាយ​ហើយ​ ​នឹង​ធ្វើ​នូវ​ទី​បំផុត​នៃ​ប្រស្នា​ទាំង​នោះ​ តថាគត​នឹង​ដោះ​ស្រាយ​នូវ​ធម៌​ដ៏​សម​គួរ​ដល់​សេចក្តី​ ជាលំដាប់​លំ​ដោយ​ដល់​អ្នក​ ។ ​ម្នាល​សភិយៈ​ ​អ្នក​ប៉ង​ក្នុង​ចិត្ត​ចំពោះ​ប្រស្នាណា​មួយ​ ​ចូរ​សួរ​ប្រស្នា​នោះ​ មក​តថាគត​ចុះ តថាគត​នឹង​ធ្វើ​នូវ​ទី​បំផុត​នៃ​ប្រស្នា​នោះ​ ៗ ​ដល់​អ្នក​ ។

[៥៣] គ្រា​នោះ​ សភិយបរិព្វាជក នឹកយ៉ាង​នេះ​ថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែក​ណាស់ អញ​មិន​ដែល​បាន​សូម្បីត្រឹម​តែកម្ម ​គឺ​ឱកាស ​ក្នុង​សំណាក់​នៃ​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ដទៃ​ ​ដោយ​ហេតុណា ហេតុ​នោះ​ ព្រះសមណ​គោតម ​បាន​ធ្វើ​កម្ម​គឺ​ឱកាស​នោះ​ ​ដល់​អញ​ហើយ​ ៗ ​ក៏​ត្រេកអរ ​រីករាយ​ ​មាន​ចិត្ត​អណ្តែត​ឡើង​ ​កើត​បីតិ​សោមនស្ស​ ​ហើយ​សួរ​ប្រស្នា​នឹង​ព្រះ​មាន​ព្រះភាគ

(សភិយបរិពា្វជក ​សួរ​ថា) ​បណ្ឌិត​ទាំងឡាយ ​ហៅ​បុគ្គល​អ្នក​បាន​គុណវិសេស​ដូច​ម្ដេច ​ថា​ជា​ភិក្ខុ​ ​បណ្ឌិត​ទាំងឡាយ ​ហៅ​បុគ្គល​អ្នក​ស្ងប់រម្ងាប់ ​ដោយ​ធម៌​ល្អ​ ​ដោយ​ហេតុ​ដូច​ម្តេច បុគ្គល​ដែល​មាន​ខ្លួនទូន្មាន​ហើយ​ ​ដោយ​ប្រការ​ដូច​ម្តេច ​អ្នក​ផង​តែង​ហៅ​ថា​ ព្រះពុទ្ធ តើ​ដោយ​ប្រការ​ដូច​ម្តេច បពិត្រ​ព្រះ​មាន​ព្រះភាគ​ ព្រះអង្គ​ កាលបើ​ខ្ញុំ​ព្រះអង្គ​សួរ​ហើយ​ ​សូម​ឆ្លើយ​ឲ្យ​ទាន ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សភិយៈ) ​បុគ្គល​ណា​ ​បាន​ដល់​នូវ​ការ​រំលត់ទុក្ខ ​ដោយ​មគ្គ​ដែល​ខ្លួន​បាន​ចម្រើន​ហើយ​ ឆ្លងផុត​សេចក្តី​សង្ស័យ ​ហើយ​លះបង់​នូវ​សេចក្តី​វិនាស ​និង​សេចក្តី​ចម្រើន​ ​មាន​មគ្គ​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​មាន​ភពថ្មី​អស់​ហើយ​ បុគ្គល​នោះ​ ​ឈ្មោះ​ថា​ជា​ភិក្ខុ​ ។ ​បុគ្គល​ណា​ ជា​អ្នក​ព្រងើយ​កន្តើយ ​ក្នុង​អារម្មណ៍​ទាំងពួង ​មាន​ស្មារតី បុគ្គល​នោះ​ ​មិន​បៀតបៀន (​សត្វ​ណា​មួយ​) ​ក្នុង​លោក​ទាំងពួង ជា​អ្នក​ឆ្លង​អន្លង់​រួច​ហើយ​ ជា​អ្នក​រម្ងាប់បាប ​មាន​ចិត្ត​មិន​ល្អ​ក់​ ចំហាយ ​គឺ​កិលេស ​មិន​មាន​ដល់​បុគ្គល​ណា បុគ្គល​នោះ​ ​ឈ្មោះ​ថា ​អ្នក​ស្ងប់​រម្ងាប់​ដោយ​ល្អ​ ​បុគ្គល​ណា​ ​បាន​ចម្រើន​នូវ​ឥន្ទ្រិយ​ទាំង​ឡាយ ទាំង​ខាង​ក្នុង​ ​និង​ខាង​ក្រៅ​ ​ក្នុង​លោក​ទាំង​អស់​ ​ដឹង​ច្បាស់​នូវ​លោក​នេះ​ ​និង​លោក​​ដទៃ​ ទន្ទឹង​តែមរណកាល បុគ្គល​នោះ​ ​មាន​ឥន្រ្ទិយ​អប់រំ​ហើយ​ (យ៉ាង​នេះ​) ​ឈ្មោះ​ថា ​មាន​ខ្លួន​ទូន្មាន​ហើយ​ ។ ​បុគ្គល​ណា​ ​ពិចារណា​នូវ​កប្បៈ [តណ្ហា ​និង​ទិដ្ឋិ ​ហៅ​ថា​ កប្បៈ ​ព្រោះ​សម្រេច​ដូច្នោះ ៗ ​បាន​ ។ អដ្ឋកថា ។] ទាំង​អស់​ ​និង​សង្សារ [លំដាប់​ខន្ធ​ ធាតុ អាយតនៈ ។ ន័យ​មួយ​ទៀតថា ​ពិចារណា​កប្ប ​គឺ​សំវដ្តកប្ប វិវដ្តកប្ប​នេះ​ ជាបុព្វេនិវាសានុស្សតិញ្ញាណ សំសារ ​គឺ​ចុតិ បដិសន្ធិ​សត្វ​ ​នេះ​ជា​ចុតូបបាតញ្ញាណ ​អស់​ធូលី ​គឺ​ទី​ទួល ​អស់​ជាតិ ​នេះ​ជា​អាសវក្ខយញ្ញាណ ។] ចុតិ ​និង​បដិសន្ធិ​ទាំងពីរ ​បណ្ឌិត​ទាំងឡាយ ​ហៅ​បុគ្គល​ដែល​មាន​ធូលី ​គឺ​កិលេស​ទៅ​ប្រាស​ហើយ​ ​អ្នក​មិន​មាន​ទី​ទួល ​គឺ​កិលេស ​ស្អាត​ដោយ​វិសេស ​ដល់​នូវ​ព្រះនិព្វាន ជាគ្រឿង​ក្ស័យ​នៃ​ជាតិ​នោះ​ ​ថា​ជា​ព្រះពុទ្ធ ។

[៥៤] គ្រា​នោះ​ សភិយបរិព្វាជក ​មាន​ចិត្ត​ត្រេកអរ​ខ្ពស់​ឡើង​ ​កើត​បីតិ​សោមនស្ស ត្រេកអរ ​រីករាយ​ ចំពោះ​ភាសិត​ព្រះ​មាន​ព្រះភាគ ​ហើយ​សួរ​ប្រស្នា​នឹង​ព្រះ​មាន​ព្រះភាគ​ត​ទៅ

(សភិយបរិព្វាជក ​សួរ​ថា) ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​បុគ្គល​អ្នក​បាន​គុណវិសេស​ដូច​ម្តេច ​ថា​ជា​ព្រាហ្មណ៍ ​ថា​ជា​សមណៈ ​ដោយ​ហេតុ​ដូច​ម្តេច ​អ្នក​ផង​តែង​ហៅ​ថា​ ជា​អ្នក​ងូតលាង (កិលេស) ​ដោយ​ប្រការ​ដូច​ម្តេច ​ហៅ​ថា​ ​នាគ តើ​ដោយ​ប្រការ​ដូច​ម្តេច បពិត្រ​ព្រះ​មាន​ព្រះភាគ ព្រះអង្គ កាលបើ​ខ្ញុំ​ព្រះអង្គ​សួរ​ហើយ​ ​សូម​ឆ្លើយ​ឲ្យ​ទាន ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សភិយៈ) ​បុគ្គល​ណា​ បន្សាត់បង់​នូវ​បាប​ទាំងពួង ប្រាស​ចាក​មន្ទិល ​មាន​ចិត្ត​តាំង​នៅ​ល្អ​ ​មាន​ចិត្ត​ខ្ជាប់ខ្ជួន ​កន្លង​ផុត​នូវ​សង្សា ​មាន​កិច្ច​សម្រេច​ហើយ​ បុគ្គល​នោះ​ ជា​អ្នក​មិន​អាស្រ័យ (​ដោយ​តណ្ហា ​និង​ទិដ្ឋិ) ជា​អ្នក​នឹង​ធឹង បុគ្គល​នោះ​ តថាគត​ហៅ​ថា​ ព្រាហ្មណ៍ ។ ​បុគ្គល​ណា​ រម្ងាប់ (កិលេស ​ដោយ​អរិយមគ្គ) លះបុណ្យ ​និង​បាប ប្រាស​ចាក​ធូលី ​គឺ​កិលេស ​ដឹង​ច្បាស់​នូវ​លោក​នេះ​ ​និង​លោក​ខាង​មុខ ប្រព្រឹត្ត​កន្លង​នូវ​ជាតិ ​និង​មរណៈ បុគ្គល​នោះ​ ជា​អ្នក​នឹង​ធឹង ​មាន​សភាព​ដូច្នោះ តថាគត ​ហៅ​ថា​សមណៈ ។ ​បុគ្គល​ណា​ លាងបាប​ទាំងពួង ទាំង​ខាង​ក្នុង​ ​និង​ខាង​ក្រៅ​ ​ក្នុង​លោក​ទាំងមូល ​មិន​ដល់​នូវ​កប្បៈ ​គឺ​តណ្ហា ​និង​ទិដ្ឋិ ​ក្នុង​ពួក​ទេវតា ​និង​មនុស្ស ​ដែល​គួរ​ដល់​កប្បៈ ​បណ្ឌិត​ទាំងឡាយ ​ហៅ​បុគ្គល​នោះ​ថា​ជា​អ្នក​ងូតលាង​នូវ​កិលេស ។

បុគ្គល​ណា​ ​មិន​បាន​ធ្វើ​បាប​ណា​មួយ​ក្នុង​លោក លះបង់​នូវ​គ្រឿង​ប្រកប​សត្វ​ទុក​ទាំងពួង ​នូវ​កិលេស​ជាគ្រឿង​ចង ​មិន​ជាប់​ក្នុង​គ្រឿង​ជាប់​ទាំងពួង (​មាន​ខន្ធ​ជាដើម) ជា​អ្នក​រួច​ស្រឡះ បុគ្គល​ជា​អ្នក​នឹង​ធឹង ​មាន​សភាព​ដូច្នោះ​នោះ​ តថាគត​ហៅ​ថា​ ​នាគ ។

[៥៥] គ្រា​នោះ​ សភិយបរិព្វាជក ។បេ។ ​សួរ​នូវ​ប្រស្នា​នឹង​ព្រះ​មាន​ព្រះភាគ​ត​ទៅ

(សភិយបរិព្វាជក ​សួរ​ថា) ព្រះពុទ្ធទាំងឡាយ ​ហៅ​បុគ្គល​ណា​ថា​ជា​អ្នក​ឈ្នះ​នូវ​ខេត្ត ​គឺ​អាយតនៈ ​ហៅ​បុគ្គល​អ្នក​ច្រូត​កាត់​នូវ​ស្រោម ​គឺ​កម្ម ​ដោយ​ហេតុ​ដូច​ម្តេច ​ហៅ​ថា​ ​បណ្ឌិត​ តើ​ដោយ​ហេតុ​ដូច​ម្តេច ​ហៅ​ថា​មុនី តើ​ដោយ​ហេតុ​ដូច​ម្តេច បពិត្រ​ព្រះ​មាន​ព្រះភាគ ព្រះអង្គ​ កាលបើ​ខ្ញុំ​ព្រះអង្គ​សួរ​ហើយ​ ​សូម​ឆ្លើយ​ឲ្យ​ទាន ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សភិយៈ) ​បុគ្គល​ណា​ ​ពិចារណា​នូវ​ខេត្ត ​គឺ​អាយតនៈទាំង​អស់​ ​គឺ​ខេត្ត​ជា​ទិព្វ ​ខេត្ត​ជា​របស់​មនុស្ស ​ខេត្ត​ជា​របស់​ព្រហ្ម ​រួច​ស្រឡះ​ចាក​ចំណង (​គឺ​អវិជ្ជា ភវតណ្ហា​ជាដើម) ជា​ឫស​គល់​នៃ​ខេត្ត (ទាំង​អស់​) បុគ្គល​នឹង​ធឹង ​មាន​សភាព​ដូច្នោះ​នោះ​ ​ឈ្មោះ​ថា ​អ្នក​ឈ្នះ​នូវ​ខេត្ត ​គឺ​អាយតនៈ ​ព្រោះ​មាន​ចិត្ត​ទៀង​ទាត់ ។ ​បុគ្គល​ណា​ ​ពិចារណា​ឃើញ​នូវ​ស្រោម ​គឺ​កម្មទាំង​អស់​ ​គឺ​ស្រោម​ជាទិព្វ ជា​របស់​មនុស្ស ​និង​ស្រោម​ជា​របស់​ព្រហ្ម ​រួច​ស្រឡះ​ចាក​ចំណង (​គឺ​អវិជ្ជា​ ភវតណ្ហា ជាដើម) ជា​ឫស​គល់​នៃ​ស្រោម​ទាំង​អស់​ បុគ្គល​នឹង​ធឹង ​មាន​សភាព​ដូច្នោះ​នោះ​ ​ឈ្មោះ​ថា​ជា​អ្នក​ច្រូត​កាត់​នូវ​ស្រោម ​គឺ​កម្ម ។ ​បុគ្គល​ណា​ ​មាន​បញ្ញា​ស្អាត​ ​ពិចារណា​ឃើញ ​នូវ​ធម្មជាតិ​ស្អាត​ ​គឺ​អាយតៈ​ទាំងពីរ ទាំង​ខាង​ក្នុង​ខាង​ក្រៅ​ ​កន្លង​នូវ​ធម៌ខ្មៅ ​និង​ធម៌ស ​គឺ​បាប ​និង​បុណ្យ បុគ្គល​នឹង​ធឹង​មាន​សភាព​ដូច្នោះ​នោះ​ ​ឈ្មោះ​ថា​ជា​បណ្ឌិត​ ។ ​បុគ្គល​ណា​ ​ដឹង​ច្បាស់​ធម៌​របស់​ពួក​អសប្បុរស ​និង​សប្បុរស ​ក្នុង​លោក​ទាំងមូល ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ​ ​កន្លង​បង់​នូវ​គ្រឿង​ជាប់ចំពាក់​ដោយ​បណ្តាញ បុគ្គល​នោះ​ ​គួរ​ទេវតា ​និង​មនុស្ស​បូជា បុគ្គល​នោះ​ ​ឈ្មោះ​ថា មុនី ។

[៥៦] គ្រា​នោះ​ សភិយបរិព្វាជក ។បេ។ ​បាន​សួរ​ប្រស្នា​នឹង​ព្រះ​មាន​ព្រះភាគ ត​ទៅ

(សភិយបរិព្វាជក ​សួរ​ថា) ​បណ្ឌិត​ទាំងឡាយ ​ហៅ​បុគ្គល ​អ្នក​បាន​គុណ​វិសេស​ដូច​ម្តេច ​ថា​ជា​អ្នក​ដល់​នូវេទ ​ហៅ​ថា​អ្នក​ត្រាស់​ដឹង​តាម តើ​ដោយ​ហេតុ​ដូច​ម្តេច ​ហៅ​ថា​ ​អ្នក​មាន​ព្យាយាម តើ​ដោយ​ប្រការ​ដូច​ម្តេច ​ហៅ​ថា​អាជានេយ្យ តើ​ព្រោះ​ហេតុ​ដូច​ម្តេច បពិត្រ​ព្រះ​មាន​ភាគ ព្រះអង្គ កាល​បើ​ខ្ញុំ​ព្រះអង្គ​សួរ​ហើយ​ ​សូម​ឆ្លើយ​ឲ្យ​ទាន ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សភិយៈ)​ ​បុគ្គល​ណា​ ​ពិចារណា​ឃើញ​នូវ​វេទ​ទាំង​អស់​ ​ដែល​ជា​វេទ​របស់​ពួក​សមណព្រាហ្មណ៍ ប្រាស​ចាក​តម្រេក ​ក្នុង​វេទនា​ទាំងពួង ​កន្លង​បង់​នូវ​វេទ​ទាំង​អស់​ បុគ្គល​នោះ​ ​ឈ្មោះ​ថា ​ដល់​នូវ​វេទ ។

បុគ្គល​ណា​ ​ពិចារណា​រឿយ ៗ ​នូវ​បបញ្ចធម៌ ​និង​នាមរូប ជា​ឫស​គល់​នៃ​រោគ ទាំង​ខាង​ក្នុង​ ទាំង​ខាង​ក្រៅ​ ​រួច​ស្រឡះ​ចាក​ចំណង ​គឺ​អវិជ្ជា ភវតណ្ហា​ជាដើម ជា​ឫស​គល់​នៃ​រោគ​ទាំង​អស់​ បុគ្គល​អ្នក​នឹង​ធឹង​មាន​សភាព​ដូច្នោះ​នោះ​ហៅ​ថា​ ​អ្នក​ត្រាស់​ដឹង​តាម ។

បុគ្គល​ណា​ វៀរ​ចាក​បាប​ទាំងពួង ​កន្លង​បង់​និរយទុក្ខ បុគ្គល​នោះ​ ​ឈ្មោះ​ថា ​អ្នក​មាន​ព្យាយាម បុគ្គល​អ្នក​មាន​ព្យាយាម​មាំ ជាធីរជន (អាច​កម្ចាត់​បង់​កិលេស ជាដើម) ជា​អ្នក​នឹង​ធឹង ​មាន​សភាព​ដូច្នោះ​នោះ​ ​ហៅ​ថា​ ​អ្នក​មាន​ព្យាយាម ។

បុគ្គល​ណា​ ច្រូត​កាត់​នូវ​ចំណង (​គឺ​សំយោជនៈ) ​និង​ឫស​គល់​ ​នៃ​គ្រឿង​ជាប់ចំពាក់ ទាំង​ខាង​ក្នុង​ ទាំង​ខាង​ក្រៅ​ ជា​អ្នក​រួច​ស្រឡះ​ចាក​ឫស​គល់​នៃ​គ្រឿង​ជាប់ចំពាក់​ដោយ​ចំណង (​គឺ​សំយោជនៈ) ទាំង​អស់​ បុគ្គល​អ្នក​នឹង​ធឹង ​មាន​សភាព​ដូច្នោះ​នោះ​ ​ហៅ​ថា​អាជានេយ្យបុរស ។

[៥៧] គ្រា​នោះ​ សភិយបរិព្វាជក ។បេ។ ​បាន​សួរ​ប្រស្នា​នឹង​ព្រះ​មាន​ព្រះភាគ​ត​ទៅ

(សភិយបរិព្វាជក ​សួរ​ថា) ​បណ្ឌិត​ទាំងឡាយ ​ហៅ​បុគ្គល​អ្នក​បាន​នូវ​គុណវិសេស​ដូច​ម្តេច ​ថា​ជា​សោត្ថិយបុគ្គល ​ហៅ​ថា​ អរិយៈ ​ដោយ​ហេតុ​ដូច​ម្តេច ​ហៅ​ថា​ ​អ្នក​មាន​ចរណៈ ​ដោយ​ប្រការ​ដូច​ម្តេច ​ហៅ​ថា​ ​បរិព្វាជក ​ព្រោះ​ហេតុ​ដូច​ម្តេច បពិត្រ​ព្រះ​មាន​ព្រះភាគ ព្រះអង្គ ​កាលបើ​ខ្ញុំ​ព្រះអង្គ​សួរ​ហើយ​ ​សូម​ឆ្លើយ​ឲ្យ​ទាន ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សភិយៈ) ​បុគ្គល​ណា​ ​បាន​ស្តាប់​ ​ហើយ​ដឹង​ច្បាស់​នូវ​ធម៌​ទាំងពួង ​នូវ​អំពើ​មាន​ទោស ​និង​មិន​មាន​ទោស​ណា​មួយ​ ​ក្នុង​លោក ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​បុគ្គល​អ្នក​គ្របសង្កត់ (ធម៌ជា​ទី​តាំង​នៃ​កិលេស) ​មិន​មាន​សេចក្តី​ងឿងឆ្ងល់ ​រួច​ស្រឡះ (​ចាក​ចំណង ​គឺ​កិលេស) ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់ ​ក្នុង​ធម៌​ទាំងពួង​នោះ​ ថា​ជា​សោត្ថិយបុគ្គល ។

បុគ្គល​ណា​ ​កាត់​បង់​នូវ​អាល័យ ​និង​អាសវៈ ជា​អ្នក​ប្រាជ្ញ បុគ្គល​នោះ​ ​មិន​ចូល​ទៅ​កាន់​ដំណេក​ក្នុង​គភ៌ ​បុគ្គល​ណា​ ​បន្ទោបង់​នូវ​សញ្ញា ៣ ប្រការ [កាមសញ្ញា ១ អាហារសញ្ញា ១ ជីវិតសញ្ញា ១ ។ អដ្ឋកថា ។] ​និង​ភក់ (​គឺ​កាម) ​មិន​ដល់​នូវ​កប្បៈ ​គឺ​តណ្ហា ​និង​ទិដ្ឋិ ​បណ្ឌិត​ទាំងឡាយ ​ហៅ​បុគ្គល​នោះ​ថា អរិយៈ ។

បុគ្គល​ណា​ ​ក្នុង​សាសនា​នេះ​ ​បាន​ដល់​នូវ​អរហត្ត ​ដែល​គេ​គប្បី​ដល់​ ​ព្រោះ​ចរណធម៌​ទាំងឡាយ បុគ្គល​នោះ​ ជា​អ្នក​ឈ្លាសវៃ ​បាន​ដឹង​ធម៌គ្រប់​កាលទាំង​ពួង ​មិន​ជាប់​នៅ​ក្នុង​ធម៌​ទាំងពួង ​មាន​ចិត្ត​រួច​ស្រឡះ​ហើយ​ បុគ្គល​ណា ​មិន​មាន​សេចក្តី​ថ្នាំងថ្នាក់​ចិត្ត​ បុគ្គល​នោះ​ ​ឈ្មោះ​ថា ​មាន​ចរណធម៌ ។

បុគ្គល​ណា​ ​កម្ចាត់​បង់​នូវ​កម្ម ​ដែល​ឲ្យ​ផល​ជាទុក្ខ ទាំងអតីត ទាំងអនាគត ទាំង​បច្ចុប្បន្ន ទាំងកម្ម​ជាចន្លោះ​កណ្តាល​នៃ​កាល ជា​អ្នក​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា ​មួយ​ទៀត ​គេ​បាន​ (លះបង់) មាយា មានះ លោភៈ កោធៈ ​និង​ធ្វើ​នាមរូប ​ឲ្យ​មាន​ទី​បំផុត​ ​បណ្ឌិត​ទាំងឡាយ ​ហៅ​បុគ្គល​អ្នក​ដល់​នូវ​គុណសម្បិត្ត ​ដែល​គេ​គប្បី​ដល់​នោះ​ថា​ជា​បរិព្វាជក ។

[៥៨] គ្រា​នោះ​ សភិយបរិព្វាជក ត្រេកអរ​រីករាយ​ចំពោះ​ភាសិត​ ​របស់​ព្រះ​មាន​ព្រះភាគ ជា​អ្នក​មាន​ចិត្ត​ត្រេកអរ ​មាន​ចិត្ត​អណ្តែត​ឡើង​ ​រីករាយ​ ​កើត​បីតិ ​និង​សោមនស្ស ​ហើយ​ក្រោក​ចាក​អាសនៈ ​ធ្វើ​ឧត្តរាសង្គៈ ឆៀង​ស្មាម្ខាង ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះ​មាន​ព្រះភាគ សរសើរ​ព្រះ​មាន​ព្រះភាគ ចំពោះ​ព្រះភក្រ្ត​ ​ដោយ​គាថា​ទាំង​ឡាយ​ដ៏​សម​គួរ​ថា

បពិត្រព្រះអង្គ ជាបុគ្គល​មាន​ប្រាជ្ញា​ស្មើ​ដោយ​ផែនដី ទិដ្ឋិទាំងឡាយ ៣ ណា ​និង​ទិដ្ឋិ​ទាំងឡាយ ៦០ ណា ​ដែល​អាស្រ័យ​នៅ​ដោយ​វាទសាស្រ្ត​របស់​សមណៈ (ជាអន្យតិរិ្ថយ) អាស្រ័យ​នៅ​នឹង​ពាក្យ​ (ថាស្រ្តី – បុរស) ​និង​សញ្ញា (ខុស​របស់​មនុស្សពាល) ជា​កំពង់ ជា​ទី​ចុះ​របស់​សត្វ​ ព្រះ​មាន​ព្រះភាគ ​បាន​កម្ចាត់​ចោល​ (​នូវ​ទិដ្ឋិ​ទាំង​នោះ​) ​បាន​កន្លង​ផុត​នូវ​ងងឹត ​គឺ​ឱឃៈ ។ ព្រះអង្គ​ជា​អ្នក​ដល់​នូវ​ទី​បំផុត​ ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ ​គឺ​ព្រះនិព្វាន ព្រះអង្គ​ជាអរហន្ត (សម្មាសម្ពុទ្ធ) ​ខ្ញុំ​ព្រះអង្គ​សំគាល់​ព្រះអង្គ​ថា​ជា​ព្រះខីណាស្រព ព្រះអង្គ​មាន​សេចក្តី​រុងរឿង ​មាន​យោបល់ ​មាន​ប្រាជ្ញាច្រើន ​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ ​បាន​ចំឡង​ខ្ញុំ​ព្រះអង្គ (​ចាក​សេចក្តី​សង្ស័យ) ។

ព្រះអង្គជ្រាប​នូវ​សេចក្តី​សង្ស័យណា ​ដែល​ខ្ញុំ​ព្រះអង្គ​សង្ស័យ​ហើយ​ ​បាន​ចំឡង​ខ្ញុំ​ព្រះអង្គ ​ឲ្យ​រួច​ចាក​សង្ស័យ (​នោះ​) (បពិត្រ​ព្រះអង្គ ជា​អ្នក​ប្រាជ្ញ) ​ខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ ជា​អ្នក​ដល់​នូវ​គុណ​សម្បិត្ត ​ដែល​គួរ​ដល់​ ​ដោយ​គន្លង​នៃ​អ្នក​ប្រាជ្ញ​ទាំងឡាយ ព្រះអង្គ​ជាអាទិច្ចពង្ស ​មិន​រឹងត្អឹង ជា​អ្នក​ស្លូតបូត ។ ​សេចក្តី​សង្ស័យណា ​របស់​ខ្ញុំ​ ​មាន​មក​ក្នុង​កាល​មុន ព្រះអង្គ​ជា​អ្នក​មាន​ចក្ខុ ​បាន​ដោះ​ស្រាយ​ហើយ​ ​នូវ​សេចក្តី​សង្ស័យ​របស់​ខ្ញុំ​ព្រះអង្គ​នោះ​ ព្រះអង្គ​ជា​អ្នក​ប្រាជ្ញ ត្រាស់​ដឹង​ហើយ​ដោយ​ពិត ព្រះអង្គ​មិន​មាន​នីវរណៈ​ទាំងឡាយ​ឡើយ​ ។

សេចក្តី​ចង្អៀតចង្អល់ទាំង​អស់​ ​ដែល​ព្រះអង្គ​កម្ចាត់​បង់​ហើយ​ ​បាន​ធ្វើ​ឲ្យ​ជ្រះ​ស្រឡះ​ហើយ​ ព្រះអង្គ​ជាបុគ្គល​ត្រជាក់ ​ដល់​នូ​វការទូន្មាន​ឥន្រ្ទិយ ​មាន​ប្រាជ្ញា ​មាន​ព្យាយាម ​ដោយ​ទៀង​ទាត់ ។

កាលព្រះអង្គ ជាមហាវីរបុរស​ដ៏​ប្រសើរក្រៃលែង​នោះ​ ​កំពុង​សំដែង ​ពួក​ទេវតា​ទាំងពួង ​រមែង​អនុមោទនា ទាំង​ទេវតា​ពីរ​ពួក​ ​គឺ​នារទៈ​ ​និង​បព្វតៈ ​ក៏​អនុមោទនា ។

បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ​ខ្ញុំ​ព្រះអង្គ ​សូម​នមស្ការ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជាបុរស​ឧត្តម ​ខ្ញុំ​ព្រះអង្គ ​សូម​នមស្ការ​ព្រះអង្គ ព្រះអង្គ​មិន​មាន​បុគ្គល​ប្រៀបផ្ទឹម​ក្នុង​លោក ព្រមទាំង​ទេវលោក ។

ព្រះអង្គជា​អ្នក​ត្រាស់​ដឹង​ ព្រះអង្គជា​សាស្តាចារ្យ ព្រះអង្គ​ជា​អ្នក​ប្រាជ្ញ គ្របសង្កត់​នូវ​មារ (ទាំងបួន) ព្រះអង្គ​កាត់​បង់​នូវ​អនុសយក្កិលេស ឆ្លង​បាន​ហើយ​ ទើប​ចំឡង​ព​ពួក​សត្វ​ទាំង​នេះ​ ។

ព្រះអង្គ​បាន​កន្លង​ឧបធិ​ហើយ​ ព្រះអង្គ​បាន​ទំលាយ​អាសវៈ​ហើយ​ ព្រះអង្គ​ជា​បុគ្គល​ដូច​សីហៈ ​មិន​មាន​ឧបាទាន ​បាន​លះភ័យ ​និង​សេចក្តី​ស្ញប់ស្ញែង​ហើយ​ ។

ផ្កា​ឈូកស​ដ៏​ល្អ​ ​មិន​ជាប់​ក្នុង​ទឹក​ យ៉ាងណា​មិញ ព្រះអង្គ​មិន​ជាប់​ក្នុង​អំពើ​ទាំងពីរ ​គឺ​បុណ្យ ​និង​បាប ​ក៏​យ៉ាង​នោះ​ដែរ បពិត្រ​ព្រះអង្គ​ជាវីរបុរស ​សូម​ព្រះអង្គ​សណ្តូក​ព្រះបាទ សភិយបរិព្វាជក ថ្វាយបង្គំ (ព្រះបាទ) ព្រះសាស្តា ។

[៥៩] គ្រា​នោះ​ សភិយបរិព្វាជក ឱនសិរ្សៈ ទៀបព្រះបាទ​ទាំងគូ ​របស់​ព្រះ​មាន​ព្រះភាគ ​ហើយ​សរសើរ​ព្រះ​មាន​ព្រះភាគ​យ៉ាង​នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ច្បាស់​ណាស់ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ច្បាស់​ណាស់ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ធម៌​ដែល​ព្រះ​មាន​ព្រះភាគ​សំដែង​ហើយ​ ​ដោយ​អនេក​បរិយាយ យ៉ាង​នេះ​ (ភ្លឺច្បាស់​ណាស់) ​ដូច​ជា​គេ​ផ្ងារ​របស់​ដែល​ផ្កា​ប់ចុះ ពុំ​នោះ​ ​ដូច​ជា​គេ​បើក​បង្ហាញ ​របស់​ដែល​កំបាំង ពុំ​នោះ​សោត ​ដូច​ជា​គេ​ប្រាប់​ផ្លូវ​ដល់​អ្នក​វង្វេងទិស ឬ​ក៏​ដូច​ជា​គេ​ទ្រោល​ប្រ​ទី​បប្រេង បំភ្លឺ​ក្នុង​ទី​ងងឹត ​ឲ្យ​មនុស្ស​មាន​ចក្ខុ មើលឃើញ​នូវ​រូប​ទាំងឡាយ​បាន​ ​ខ្ញុំ​ព្រះអង្គនុ៎ះ ​សូម​ដល់​នូវ​ព្រះ​មាន​ព្រះភាគ​ផង​ ព្រះធម៌​ផង​ ព្រះ​ភិក្ខុ​សង្ឃ​ផង​ ជាសរណៈ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ ​គួរ​បាន​បព្វជ្ជា ​គួរ​បាន​ឧបសម្បទា ​ក្នុង​សំណាក់​ព្រះ​មាន​ព្រះភាគ ។ ​ម្នាល​សភិយៈ ​អ្នក​ណា ធ្លាប់ជា​អន្យតិរិ្ថយ ប្រាថ្នា​បព្វជ្ជា ប្រាថ្នា​ឧបសម្បទា ​ក្នុង​ធម្មវិន័យ​នេះ​ ​អ្នក​នោះ​នៅ​បរិវាស​អស់​ ៤ ​ខែ​សិន ​លុះ​អំណើះ ៤ ​ខែ​ ​ហើយ​ ​ភិក្ខុ​ទាំងឡាយ ​អ្នក​មាន​ចិត្ត​ប្រោស​ប្រាណ ទើប​ញ៉ាំង​បុគ្គល​អ្នក​នៅ​បរិវាស​ហើយ​ ​ឲ្យ​បព្វជ្ជា ​ឲ្យ​ឧបសម្បទា ​ដើម្បី​ឲ្យ​បាន​ជា​ភិក្ខុ​ តែថា​សេចក្តី​ផ្សេង​នៃ​បុគ្គល​ក្នុង​កិច្ច​បរិវាស​នោះ​ តថាគត​ដឹង​ច្បាស់​ហើយ​ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ បើ​ពួក​ជន​ដែល​ធ្លាប់​ជា​អន្យតិរិ្ថយ ប្រាថ្នាបព្វជ្ជា ​ប្រាថ្នា​ឧបសម្បទា ​ក្នុង​ធម្មវិន័យ​នេះ​ ​នៅ​បរិវាស​អស់​ ៤ ​ខែ​សិន ​លុះ​អំណើះ ៤ ​ខែ​ហើយ​ ​ភិក្ខុ​ទាំងឡាយ ​អ្នក​មាន​ចិត្ត​ប្រោស​ប្រាណ ​ញ៉ាំង​ពួក​កុលបុត្ត​អ្នក​នៅ​បរិវាស​រួច​ហើយ​ ​ឲ្យ​បព្វជ្ជា ​ឲ្យ​ឧបសម្បទា ដើម្បី​ឲ្យ​បាន​ជា​ភិក្ខុ​ ។ ​ខ្ញុំ​ព្រះអង្គ ​សូម​នៅ​បរិវាស​អស់​ ៤ ឆ្នាំ ​លុះ​កន្លង​ ៤ ឆ្នាំ​ហើយ​ ​សូម​ឲ្យ​ភិក្ខុ​ទាំង​ឡាយ ​អ្នក​មាន​ចិត្ត​ប្រោស​ប្រាណ ​ញ៉ាំង​ខ្ញុំ​ព្រះអង្គ​អ្នក​នៅ​បរិវាស​រួច​ហើយ​ ​ឲ្យ​បព្វជ្ជា ​ឲ្យ​ឧបសម្បទា ដើម្បី​ឲ្យ​បាន​ជា​ភិក្ខុ​ ។ សភិយ​បរិព្វាជក ​ក៏​បាន​បព្វជ្ជា ​បាន​ឧបសម្បទា ​ក្នុង​សំណាក់​ព្រះ​មាន​ព្រះភាគ ។ ព្រះសភិយៈ​ដ៏​មាន​អាយុ ​បាន​ឧបសម្បទា ​មិន​យូរ​ប៉ុន្មាន ​ក៏​ចៀស​ចេញ​ទៅ​តែម្នាក់​ឯង​ ​មិន​ធ្វេស​ប្រហែស ​មាន​ព្យាយាម​ដុតកំដៅ​កិលេស ​មាន​ចិត្ត​ស្លុង​ទៅ​ (កាន់ព្រះនិព្វាន) កុលបុត្រ​ទាំងឡាយ ​ចេញ​ចាក​ផ្ទះ​ ចូល​កាន់ផ្នួស ​ដោយ​ត្រឹម​ត្រូវ​ ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា ​មិន​យូរ​ប៉ុន្មាន (លោក) ​ក៏​បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់ សម្រេច​នូវ​អនុត្តរធម៌​នោះ​ ​មាន​ព្រហ្មចរិយធម៌​ជា​ទី​បំផុត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រសើរ​របស់​ខ្លួន​ឯង​ ​ក្នុង​បច្ចុប្បន្ន ​បាន​ដឹង​ថា​ជា​តិ​អស់​ហើយ​ ព្រហ្មចរិយ​ធម៌ អាត្មាអញ ប្រព្រឹត្ត​ចប់​ហើយ​ កិច្ច​ដែល​គួរ​ធ្វើ​ ​បាន​ធ្វើ​រួច​ហើយ​ មគ្គភាវនាកិច្ច​​ដទៃ​​ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ច​នេះ​ទៀត ​មិន​មាន​ឡើយ​ ។​ បណ្តា​ព្រះ​អរហន្តទាំងឡាយ សភិយៈ​ដ៏​មាន​អាយុ​ ​បាន​ជា​ព្រះអរហន្ត ១ អង្គ​ដែរ ។

ចប់ សភិយសូត្រ ​ទី​៦ ។

សេលសូត្រ ​ទី​៧

[កែប្រែ]

[៦០] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ពុទ្ធ​ដំណើរ​ទៅ​កាន់​ចារិក ​ក្នុង​អង្គុត្តរាបជនបទ ជា​មួយ​នឹង​ភិក្ខុ​សង្ឃ​ច្រើនរូប ​គឺ​ភិក្ខុ​មួយ​ពាន់ពីរ​រយហាសិប (១២៥០) យាងសំដៅ​ទៅ​និគម​ឈ្មោះ​អាបណៈ ​របស់​ពួក​អ្នក​អង្គុត្តរាប​ជនបទ ។ កេណិយជដិល ​បាន​ឮ​ដំណឹងថា ព្រះសមណ​គោតម ជាសក្យបុត្រ ​ចេញ​ចាក​សក្យត្រកូល ​ទ្រង់​ព្រះផ្នួស ​កំពុង​ធ្វើ​ពុទ្ធដំណើរ​មកកាន់​ចារិក ​ក្នុង​អង្គុត្តរាប​ជនបទ ជា​មួយ​នឹង​ភិក្ខុ​សង្ឃ​ច្រើនរូប ​គឺ​ភិក្ខុ​មួយ​ពាន់​ពីររយហាសិប មក​ដល់​និគម​ឈ្មោះ​អាបណៈ​ហើយ​ ។ កិតិ្តសព្ទ​ដ៏​ពីរោះ ​របស់​ព្រះគោតម​ដ៏​ចម្រើន​នោះ​ ឮខ្ចរខ្ចាយ​សុះសាយ​យ៉ាង​នេះ​ថា ព្រះ​មាន​ព្រះភាគ​នោះ​ ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ដោយ​ប្រពៃ ចំពោះ​ព្រះអង្គ ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា ​និង​ចរណៈ ​គឺ​សេចក្តី​ចេះ​ដឹង​ ​និង​ក្រិត្យ ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត ព្រះអង្គ​មាន​ដំណើរ​ល្អ​ទៅ​កាន់​ព្រះនិព្វាន ព្រះអង្គ​ជ្រាបច្បាស់​នូវ​ត្រៃលោក ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ ​រក​បុគ្គល​ណា​មួយ​ស្មើគ្មាន ព្រះអង្គ​ជា​អ្នក​ទូន្មាន​នូវ​បុរស ​ដែល​គួរ​ទូន្មាន​បាន​ ព្រះអង្គជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​សច្ចធម៌ ព្រះអង្គ​លែងវិល​ត្រឡប់​មកកាន់​ភពថ្មីទៀត ព្រះ​មាន​ព្រះភាគ​នោះ​ ព្រះអង្គ ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម ​ដោយ​ព្រះអង្គ ​ហើយ​ញ៉ាំង​លោក​នេះ​ ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ​ញ៉ាំង​ព​ពួក​សត្វ​ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព ​និង​មនុស្ស​ដ៏​សេស ​ឲ្យ​ត្រាស់​ដឹង​ផង​ ព្រះអង្គ​ទ្រង់​សំដែង​ធម៌ ពីរោះ​បទដើម បទកណ្តាល ​និង​បទចុង ព្រះអង្គ​ប្រកាស​នូវ​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ ​និង​ព្យព្ជានៈ ពេញបរិបូណ៌​ បរិសុទ្ធ​ទាំង​អស់​ ​ក៏​ដំណើរ​បាន​ឃើញ ​បាន​ជួប​នឹង​ព្រះអរហន្ត​ទាំង​ឡាយ ​មាន​សភាព​យ៉ាង​នោះ​ ជាការ​ប្រពៃពេក ។ គ្រា​នោះ​ កេណិយជដិល ចូល​សំដៅ​ទៅ​ត្រង់​ទី​ដែល​ព្រះ​មាន​ព្រះភាគ​គង់ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីក​រាយ​ជា​មួយ​នឹង​ព្រះ​មាន​ព្រះភាគ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​សម​គួរ​ ។ ​លុះ​កេណិយជដិល អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​សំដែង​ពន្យល់​ណែ​នាំ​ ​ធ្វើ​ឲ្យ​អាចហាន ​ឲ្យ​រីករាយ​ដោយ​ធម្មីកថា​ ។ លំដាប់​នោះ​ កេណិយជដិល ​ដែល​ព្រះ​មាន​ព្រះភាគ ពន្យល់​ណែ​នាំ​ ​ធ្វើ​ឲ្យ​អាចហាន ​ឲ្យ​រីករាយ​ដោយ​ធម្មីកថា​ហើយ​ ​ក៏​ក្រាប​ទូលនិមន្ត​ព្រះ​មាន​ព្រះភាគ​យ៉ាង​នេះ​ថា ​សូម​ព្រះគោតម​ដ៏​ចម្រើន​ ព្រមទាំង​ភិក្ខុ​សង្ឃ ទទួល​ចង្ហាន់​របស់​ខ្ញុំ​ព្រះអង្គ​ក្នុង​ថ្ងៃ​ស្អែក ​ឲ្យ​ទាន ។

[៦១] កាល​ដែល​កេណិយជដិល ក្រាបទូលយ៉ាង​នេះ​ហើយ​ ព្រះអង្គ​ទ្រង់​ត្រាស់​នឹង​កេណិយជដិល​ដូច្នេះថា ​ម្នាល​កេណិយៈ ​ភិក្ខុ​សង្ឃ​ច្រើនណាស់​ ​គឺ​ភិក្ខុ​មួយ​ពាន់ពីរ​រយហាសិប ​អ្នក​សោត ​ក៏​ធ្លាប់​ជ្រះថ្លា​ក្នុង​ពួក​ព្រាហ្មណ៍​ហើយ​ ។ កេណិយជដិល ទូល​ព្រះ​មាន​ព្រះភាគ ​អស់​វារៈ​ពីរដង យ៉ាង​នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ​ភិក្ខុ​សង្ឃ​ច្រើនរូប​ ​គឺ​ភិក្ខុ​មួយ​ពាន់ពីរ​រយហាសិប ​ខ្ញុំ​ព្រះអង្គ​សោត ជា​អ្នក​ធ្លាប់​ជ្រះថ្លា​ក្នុង​ព​ពួក​ព្រាហ្មណ៍​ក៏​ពិតមែន តែថា ​សូម​ព្រះគោតម​ដ៏​ចម្រើន​ ព្រមទាំង​ភិក្ខុ​សង្ឃ ទទួលចង្ហាន់​របស់​ខ្ញុំ​ព្រះអង្គ​ក្នុង​ថ្ងៃ​ស្អែក​ឲ្យ​ទាន ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​នឹង​កេណិយជដិល​អស់​វារៈពីរ​ដង​យ៉ាង​នេះ​ថា ​ម្នាល​កេណិយៈ ​ភិក្ខុ​សង្ឃច្រើន ​គឺ​ភិក្ខុ​មួយ​ពាន់ពីរ​រយ​ហាសិប ​អ្នក​សោត ​អ្នក​ជាធ្លាប់​ជ្រះថ្លា​ក្នុង​ពួក​ព្រាហ្មណ៍​ហើយ​ ។ កេណិយជដិល ទូល​ព្រះ​មាន​ព្រះភាគ​អស់​វារៈ ៣ ដង​យ៉ាង​នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ​ភិក្ខុ​សង្ឃ​ច្រើន​រូប ​គឺ​ភិក្ខុ​មួយ​ពាន់ពីររយហាសិប ​ខ្ញុំ​ព្រះអង្គ​សោត ជា​អ្នក​ធ្លាប់ជ្រះថ្លា​ក្នុង​ពួក​ព្រាហ្មណ៍​ក៏​ពិត​មែន តែថា ​សូម​ព្រះគោតម​ដ៏​ចម្រើន​ ព្រមទាំង​ភិក្ខុ​សង្ឃ ទទួល​ចង្ហាន់​របស់​ខ្ញុំ​ព្រះអង្គ​ក្នុង​ថ្ងៃ​ស្អែក​ឲ្យ​ទាន ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព ។ លំដាប់​នោះ​ កេណិយជដិល ​ដឹង​ច្បាស់​នូវ​ការទទួល​និមន្តន៍ ​របស់​ព្រះ​មាន​ព្រះភាគ​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ ចូលសំដៅ​ទៅ​ត្រង់​អាស្រម​របស់​ខ្លួន ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​ក៏​ប្រាប់​ពួក​មិត្រ​អមាត្យ ​និង​ញាតិ​សាលោហិត​ថា ​ពួក​មិត្រ​អមាត្យ ​និង​ញាតិសា​លោហិត​ដ៏​ចម្រើន​ ​ចូរ​ស្តាប់​ពាក្យ​ខ្ញុំ​ ​ព្រោះ​ខ្ញុំ​បាន​និមន្ត​ព្រះសមណ​គោតម ព្រមទាំង​ភិក្ខុ​សង្ឃ ដើម្បី​ចង្ហាន់​ក្នុង​ថ្ងៃ​ស្អែក ​អ្នក​ទាំងឡាយ ​ត្រូវ​​ជួយ​ធ្វើ​ការខ្វល់​ខ្វាយ​ដោយ​កាយ​ដល់​ខ្ញុំ​ ។ ​ពួក​មិត្រអមាត្យ ​និង​ញាតិ​សាលោហិត​របស់​កេណិយជដិល ​ក៏​ទទួល​ស្តាប់​ពាក្យ​កេណិយជដិល​ថា អើ​លោក ​ពួក​ខ្លះ​ជីកចង្ក្រាន ​ជីកគុក ​ពួក​ខ្លះពុះ​ឧស ​ពួក​ខ្លះ​លាងភាជន៍ ​ពួក​ខ្លះដម្កល់​ពាង​ទឹក​ ​ពួក​ខ្លះ​ក្រាល​អាសនៈ ឯ​កេណិយជដិល ​ក៏​ចាត់ចែង​បារាំ ​ដោយ​ខ្លួន​ឯង​ ។

[៦២] សម័យ​នោះ​ឯង​ សេលព្រាហ្មណ៍ ​នៅ​អាស្រ័យ​ក្នុង​និគម​ឈ្មោះ​អាបណៈ ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​វេទ ៣ ព្រមទាំង​គម្ពីរ​ឈ្មោះ​និឃណ្ឌុ ​និង​គម្ពីរ​ឈ្មោះ​កេដុភៈ ​និង​អក្ខរប្បភេទ ​មាន​គម្ពីរ​ឈ្មោះ​ឥតិហាស ជាគំរប់ ៥ ជា​អ្នក​រៀន​នូវ​បទ ចេះ​ព្យាករណ៍ ​មិន​ទើស​ទាល់ ​ក្នុង​លោកាយតសាស្រ្ត ​និង​មហាបុរិសលក្ខណសាស្ត្រ​ បង្រៀន​មន្ត​ទាំង​ឡាយ ​ដល់​មាណព​បីរយនាក់ ។ សម័យ​នោះ​ឯង​ កេណិយជដិល ​ក៏​ជា​អ្នក​ធ្លាប់ជ្រះថ្លា ​ក្នុង​សេលព្រាហ្មណ៍​ដែរ ។ គ្រា​នោះ​ឯង​ សេលព្រាហ្មណ៍ ​មាន​មាណព​បីរយចោមរោម ត្រាច់​ដើរ​ទៅ​មក​សម្រាក​ស្មង ​រួច​ក៏​ចូល​សំដៅ​ទៅ​ត្រង់​អាស្រម​កេណិយជដិល ។ សេលព្រាហ្មណ៍ ​បាន​ឃើញ​មនុស្ស​ពួក​ខ្លះ ​កំពុង​ជីកចង្រ្កាន ជីកគុក ទៀបអាស្រម​កេណិយជដិល ។បេ។ មនុស្ស​ពួក​ខ្លះ ​កំពុង​ក្រាលអាសនៈ ទាំង​កេណិយជដិល ​ក៏​កំពុង​ចាត់ចែង​បារាំ​ដោយ​ខ្លួន​ឯង​ ​លុះ​ឃើញ​ហើយ​ ​ក៏​សួរ​កេណិយជដិល​យ៉ាង​នេះ​ថា កេណិយៈ​ដ៏​ចម្រើន​ ​នឹង​មាន​កិច្ច​អាវាហៈ ឬវិវាហៈ ឬរៀបចំ​មហាយ័ញ្ញ ឬ​ក៏​អញ្ជើញ​ព្រះបាទ​ពិម្ពិសារ មាគធសេនិយ ព្រមទាំង​ពួក​ពល ដើម្បីជប់​លៀង​ក្នុង​ថ្ងៃ​ស្អែកឬហ្ន៎ ។ បពិត្រ​សេលព្រាហ្មណ៍​ដ៏​ចម្រើន​ អាត្មា​មិន​មាន​កិច្ចអាវាហៈ ​មិន​មាន​កិច្ចវិវាហៈទេ ទាំង​មិន​បាន​អញ្ជើញ​ព្រះបាទពិម្ពិសារ​ មាគធសេនិយៈ ព្រមទាំង​ពួក​ពល ដើម្បី​ជប់លៀង​ក្នុង​ថ្ងៃ​ស្អែក​ទេ ។ ប៉ុន្តែ​អាត្មា​មាន​ការរៀបចំ​មហាយ័ញ្ញ ព្រះសមណ​គោតម ជា​សក្យបុត្រ ​ចេញ​ចាក​សក្យត្រកូល ​ទ្រង់​ព្រះផ្នួស ​ធ្វើ​ពុទ្ធ​ដំណើរ​មកកាន់​ចារិក​ក្នុង​អង្គុត្តរាបជនបទ ជា​មួយ​នឹង​ភិក្ខុ​សង្ឃ​ជាច្រើនរូប ​គឺ​ភិក្ខុ​មួយ​ពាន់ពីររយហាសិប យាងមក​ដល់​អាបណនិគម​ហើយ​ កិត្តិសព្ទ​ដ៏​ពីរោះ ​របស់​ព្រះគោតម​ដ៏​ចម្រើន​នោះ​ ឮខ្ចរខ្ចាយ សុះសាយ​យ៉ាង​នេះ​ថា ព្រះ​មាន​ព្រះភាគ​នោះ​ ។បេ។ ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​សច្ចធម៌ ព្រះអង្គ​លែងវិល​ត្រឡប់​មកកាន់​ភពថ្មីទៀត ។ អាត្មា​បាន​និមន្ត​ព្រះសមណ​គោតម​នោះ​ ព្រមទាំង​ភិក្ខុ​សង្ឃ ដើម្បចង្ហាន់​ក្នុង​ថ្ងៃ​ស្អែក ។ បពិត្រ​កេណិយៈ​ដ៏​ចម្រើន​ លោក​និយាយ​ថា ព្រះពុទ្ធឬ ។ ​ម្នាល​សេលព្រាហ្មណ៍​ដ៏​ចម្រើន​ អាត្មា​និយាយថា ព្រះពុទ្ធ ។ បពិត្រ​កេណិយៈ​ដ៏​ចម្រើន​ លោក​និយាយ​ថា ព្រះពុទ្ធឬ ។ ​ម្នាល​សេលព្រាហ្មណ៍​ដ៏​ចម្រើន​ អាត្មា​និយាយ​ថា ព្រះពុទ្ធ ។ គ្រា​នោះ​ សេលព្រាហ្មណ៍ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា សំឡេង​គឹកកង​ថា ពុទ្ធៈ​នេះ​ ​គេ​រក​បាន​ដោយ​ក្រ​ក្នុង​លោក ។ មហាបុរិសលក្ខណៈ ៣២ ប្រការ ​មាន​មក​ហើយ​ ​ក្នុង​មន្ត​ទាំងឡាយ​របស់​យើង មហាបុរស ​ដែល​ប្រកប​ដោយ​មហាបុរិស​លក្ខណៈ​ទាំង​នោះ​ ​រមែង​មាន​គតិ​ពីរយ៉ាង ​មិន​ប្លែក​អំពី​នេះ​ទេ ​គឺ​នៅ​គ្រប់​គ្រងផ្ទះ ​នឹង​បាន​ជា​ស្តេចចក្រពត្តិ ព្រះអង្គ​ជាធម្មិកធម្មរាជ ជាឥស្សរៈ​លើ​ផែនដី ប្រដាប់​ដោយ​ទ្វីប ៤ ​មាន​សមុទ្រទាំង ៤ ជា​ទី​បំផុត​ ​ទ្រង់​មាន​ជ័យជំនះ​ខាង​ក្នុង​ ​និង​ខាង​ក្រៅ​ ​ដល់​នូវ​ភាព​មាំមួន​ក្នុង​ជនបទ ​ទ្រង់​បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ ឯរតនៈ ៧ ប្រការ​របស់​ស្តេច​ចក្រពត្តិ​នោះ​ ​គឺ​ចក្ករតនៈ ១ ហត្ថិរតនៈ ១ អស្សរតនៈ ១ មណិរតនៈ ១ ឥត្ថីរតនៈ ១ គហបតិរតនៈ ១ បរិនា​យក​រតនៈ ១ រួម​ត្រូវ​​ជា ៧ ប្រការ​ ឯស្តេច​ចក្រពត្តិ​នោះ​ ​មាន​ព្រះរាជបុត្រ​ច្រើន​ពាន់ ប្រកប​ដោយ​ជាតិ​ដ៏​ថ្លៃថ្លា សុទ្ធសឹង​តែក្លៀវក្លា ​មាន​រូបឆោម​ល្អ​ អាចសង្កត់​សង្កិន​នូវ​សេនា​របស់​ស្តេច​​ដទៃ​​បាន​ ។ ស្តេច​ចក្រពត្តិ​នោះ​ ​ទ្រង់​ត្រួត​ត្រាគ្រប់​គ្រងផែនដី​នេះ​ ​មាន​សាគរ​ជាព្រំ​ប្រទល់​ដោយ​ធម៌ ​មិន​បាច់​ប្រើអាជ្ញា ​មិន​បាច់​ប្រើគ្រឿង​សស្ត្រាវុធ (​នេះ​ ១) ។ ប្រសិនបើ​ចេញ​ចាក​រាជដំណាក់ ​ទៅ​ទ្រង់​ព្រះផ្នួស ​នឹង​បាន​ជា​អរហន្តសម្មាសម្ពុទ្ធ​ក្នុង​លោក ​មាន​ដម្បូល​ផ្ទះ ​គឺ​កិលេស​បើក​ហើយ​ (១) ។ សេលព្រាហ្មណ៍​បាន​សួរ​ថា ​ម្នាល​កេណិយៈ​ដ៏​ចម្រើន​ ចុះឥឡូវ​នេះ​ ព្រះគោតម​ដ៏​ចម្រើន​ ជាអរហន្ត​សម្មាសម្ពុទ្ធ​នោះ​ ព្រះអង្គ​គង់​នៅ​ក្នុង​ទី​ណា ។

[៦៣] កាលសេលព្រាហ្មណ៍ និយាយយ៉ាង​នេះ​ កេណិយជដិល ​ក៏​ផ្គង​ដៃ​ខាង​ស្តាំ​និយាយ​នឹង​សេលព្រាហ្មណ៍​យ៉ាង​នេះ​ថា ​ម្នាល​សេលព្រាហ្មណ៍​ដ៏​ចម្រើន​ ជួរ​នៃ​ព្រៃ​ខៀវ ៗ នុ៎ះ ​មាន​ក្នុង​ចំណែក​ទិសណា (ព្រះអង្គ​គង់​ក្នុង​ចំណែក​ទិស​នោះ​) ។ លំដាប់​នោះ​ សេលព្រាហ្មណ៍ ព្រមទាំង​មាណព ៣០០ នាក់ ចូលសំដៅ​ទៅ​ត្រង់កន្លែង​ដែល​ព្រះ​មាន​ព្រះភាគ​គង់ ។ លំដាប់​នោះ​ សេលព្រាហ្មណ៍ ប្រាប់​ពួក​មាណព​ទាំង​នោះ​ថា ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ ​ចូរ​និយាយ​គ្នា​តិច​ ៗ ​ចូរ​ដើរ​ដាក់ជើង​ជិតជើង (​ដើរ​សន្សឹម) ​ព្រោះ​លោក​ដ៏​ចម្រើន​ទាំង​នោះ​ មកអំពី​ចម្ងាយ ​ដើរ​តែ​ម្នាក់​ឯង​ ​ដូច​សីហៈ ​ម្នាល​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ ទម្រាំអញ​ប្រឹក្សា​នឹង​ព្រះសមណ​គោតម​សិន ​ម្នាល​អ្នក​ដ៏​ចម្រើន​ទាំងឡាយ ​អ្នក​ទាំងឡាយ ​កុំ​ស្កាត់​សំដីអញ​ត្រង់​ចន្លោះ ៗ ​ឡើយ​ ​អ្នក​ដ៏​ចម្រើន​ទាំងឡាយ ​ចូរ​រង់​ចាំ​នូវ​ទី​បំផុត​នៃ​ពាក្យ​អញ​សិន ។ លំដាប់​នោះ​ សេលព្រាហ្មណ៍ ចូលសំដៅ​ទៅ​ត្រង់​កន្លែង​ដែល​ព្រះ​មាន​ព្រះភាគ​គង់ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ជា​មួយ​នឹង​ព្រះ​មាន​ព្រះភាគ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​សម​គួរ​ ។ សេលព្រាហ្មណ៍ ​លុះ​អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ​ ​ក៏​ពិនិត្យមើល​មហាបុរិសលក្ខណៈ ៣២ ប្រការ ​ក្នុង​ព្រះកាយ​របស់​ព្រះ​មាន​ព្រះភាគ ។ សេលព្រាហ្មណ៍ ​បាន​ឃើញ​នូវ​មហាបុរិសលក្ខណៈ ៣២ ប្រការ ​ក្នុង​ព្រះកាយ​របស់​ព្រះ​មាន​ព្រះភាគ ​ដោយ​ច្រើន ​លើ​កលែង​តែ​មហាបុរិសលក្ខណៈ​ពីរប្រការ ​ក៏​សង្ស័យ​ងឿងឆ្ងល់ ​មិន​ចុះ​ចិត្ត​ស៊ប់ ​មិន​យល់​ច្បាស់ ​ក្នុង​មហាបុរិសលក្ខណៈ ២ ប្រការ ​គឺ​វត្ថគុយ្ហប្រទេស ​ដែល​ស្រោប​ដោយ​ស្រោម ១ ព្រះជិវ្ហាល្វន់ល្វៃ ១ ។ គ្រា​នោះ​ ព្រះ​មាន​ព្រះភាគ ​មាន​ព្រះតម្រិះ​យ៉ាង​នេះ​ថា សេលព្រាហ្មណ៍ ឃើញតែ​មហាបុរិសលក្ខណៈ ៣២ ប្រការ ​របស់​តថាគត ​ដោយ​ច្រើន ​លើ​កលែង​តែ​មហាបុរិសលក្ខណៈ ២ ប្រការ ​ក៏​សង្ស័យ​ងឿងឆ្ងល់ ​មិន​ចុះ​ចិត្ត​ស៊ប់ ​មិន​យល់ច្បាស់ ​ក្នុង​មហាបុរិសលក្ខណៈ ២ ប្រការ ​គឺ​វត្ថគុយ្ហប្រទេស ​ដែល​ស្រោប​ដោយ​ស្រោម ១ ព្រះជិវ្ហា​ល្វន់ល្វៃ ១ ។ គ្រា​នោះ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​និម្មិតរូប ​ដែល​តាក់តែង​ដោយ​ឫទ្ធិ ​មាន​ទំនង​ល្មម​ឲ្យ​សេលព្រាហ្មណ៍​ឃើញ​បាន​នូវ​គុយ្ហប្រទេស ​ដែល​ស្រោប​ដោយ​ស្រោម​របស់​ព្រះអង្គ ។ គ្រា​នោះ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​លៀន​ព្រះ​ជិវ្ហា ​ហើយ​មូរស៊ក​តាមរន្ធ​នៃ​ព្រះកាណ៌​ទាំងពីរ​ផង​ មូរស៊ក​តាមរន្ធ​នៃ​ព្រះនាសិក​ទាំង​ពីរ​ផង​ បិទបាំង​នូវ​មណ្ឌល ​នៃ​នលាដ​ទាំង​អស់​ដោយ​ព្រះជិវ្ហា​ផង​ ។ លំដាប់​នោះ​ សេលព្រាហ្មណ៍ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា ព្រះសមណ​គោតម ប្រកប​ដោយ​មហា​បុរិសលក្ខណៈ ៣២ ប្រការ គ្រប់គ្រាន់ ​មិន​មែន​មិន​គ្រប់គ្រាន់​ទេ ប៉ុន្តែ អញ​មិន​ទាន់ស្គាល់ ​នូវ​លោក​ថា​ជា​ព្រះពុទ្ធ ឬ​មិន​មែន​ព្រះពុទ្ធ ។ ប៉ុន្តែ​អញ​បាន​ឮ​ពាក្យ​របស់​ព្រាហ្មណ៍​ចាស់ទុំ ​មាន​អាយុ​ច្រើន ជាអាចារ្យ ប្រធាន​លើ​អាចារ្យ និយាយថា ​ពួក​ជនណា ជាអរហន្ត​សម្មាសម្ពុទ្ធ​ដ៏​មាន​ព្រះភាគ ​ពួក​ជន​នោះ​ កាលបើ​​ត្រូវ​​គេ​ថ្លែង​គុណជា​របស់​ខ្លួន ​រមែង​សំដែងខ្លួន​ឲ្យ​ប្រាកដ បើដូច្នោះ ​គួរ​តែអញ​សរសើរ​ព្រះសមណ​គោតម ​ក្នុង​ទី​ចំពោះ​ព្រះភក្រ្ត ​ដោយ​សារុប្បគាថា​ចុះ ។ លំដាប់​នោះ​ សេលព្រាហ្មណ៍ សរសើរ​ព្រះ​មាន​ព្រះភាគ​ ​ក្នុង​ទី​ចំពោះ​ព្រះភក្រ្ត ​ដោយ​សារុប្បគាថា ដូច្នេះថា

ព្រះអង្គជាបុគ្គល​មាន​ព្រះកាយបរិបូណ៌ ​មាន​ពន្លឺសរីរៈ​ល្អ​ ​មាន​ព្រះជាតិ​ល្អ​ [​កើត​មក​ល្អ​ស្រាប់ ​ដោយ​ការ​ដល់​ព្រម​ដោយ​កម្ពស់​ ទំហំ ​និង​សណ្ឋាន ។] ​មាន​ការមៀង​មើល​ល្អ​ [អាចារ្យ​ខ្លះថា ព្រះអង្គ​មាន​ព្រះនេត្រ​ល្អ​ ។ អដ្ឋកថា ។] ព្រះ​មាន​ព្រះភាគ ​មាន​សម្បុរ​ដូច​ជាមាស ​មាន​ព្រះទាឋា សសុទ្ធ ​មាន​ព្យាយាម ​ព្រោះ​ថា​មហា​បុរិសលក្ខណៈ​ទាំង​អស់​នោះ​ ​មាន​ប្រាកដ​ក្នុង​ព្រះកាយ​របស់​ព្រះអង្គ ​ដែល​ជាជន​មាន​កំណើត​ល្អ​ ។ ព្រះអង្គ​មាន​ព្រះនេត្រថ្លា ​មាន​ព្រះភក្រ្ត​ល្អ​ ​មាន​ព្រះកាយ​សមរម្យ (ទាំងកម្ពស់ ​និង​ទំហំ) ​មាន​ព្រះកាយត្រង់ ​មាន​រស្មី​រុងរឿង ​ក្នុង​កណ្តាល​នៃ​ពួក​សមណៈ​ដូច​ព្រះអាទិត្យ ។ ព្រះអង្គ ជា​ភិក្ខុ​អ្នក​មៀងមើល​ល្អ​ ​មាន​ព្រះតចោ​ភ្លឺថ្លា​ដូច​មាស ប្រយោជន៍​អ្វី​ដោយ​ភាព​ជាសមណៈ​ដល់​ព្រះអង្គ ​ដែល​មាន​សម្បុរ​ដ៏​ឧត្តមយ៉ាង​នេះ​ ។ ព្រះអង្គ​គួរ​ជាស្តេច​ចក្រពត្តិ​ដូច​ជា​ឧសភ​ក្នុង​រថ ជាឥស្សរៈ​លើ​ផែនដី ប្រដាប់​ដោយ​ទ្វីប​ ៤ ​មាន​សមុទ្រទាំង ៤ ជា​ទី​បំផុត​ ​មាន​ជ័យជំនះ ទាំង​ខាង​ក្នុង​ ​និង​ខាង​ក្រៅ​ ជាឥស្សរៈ​របស់​ជម្ពូទ្វីប ក្សត្រ​ទាំងឡាយ ជាស្តេច​បំរើចុះចូល​ព្រះអង្គ បពិត្រ​ព្រះគោតម ព្រះអង្គ​ជាស្តេច​ដែល​ពួក​ស្តេច​គោរពបូជា ជាធំ​ជាង​ពួក​មនុស្ស ​សូម​សោយរាជ្យ​ទៅ​វិញ​ ។

[៦៤] (ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​) ​ម្នាល​សេលៈ តថាគត​ជាស្តេចធម្មរាជ ជាបុគ្គល​ប្រសើរ ​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ធម៌ ជាចក្រ​ដែល​អ្នក​ណា​មួយ​ឲ្យ​ប្រព្រឹត្ត​ទៅ​មិន​បាន​ ។

(សេលព្រាហ្មណ៍ និយាយថា) ព្រះអង្គប្តេជ្ញា​ជាព្រះសម្ពុទ្ធ ជា​ធម្មរាជ ជាបុគ្គល​ប្រសើរ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ព្រះអង្គ​ត្រាស់​ថា​ តថាគត​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​ ​ដោយ​ធម៌​ចុះ សាវ័ក​ណា ជាសេនាបតី ជា​អ្នក​ប្រព្រឹត្តតាម​ព្រះសាស្តា​ដ៏​ចម្រើន​ សាវ័កណា ​ញ៉ាំង​ធម្មចក្រ​ជាកេរ្តិ៍ដំណែល​របស់​ព្រះអង្គ​នេះ​ ​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សេលៈ) សារីបុត្ត ជាអនុជាត ​ញ៉ាំង​ធម្មចក្រ ជាចក្រ​ដ៏​ប្រសើរ ​ដែល​តថាគត​ឲ្យ​ប្រព្រឹត្ត​ទៅ​ហើយ​ (​នោះ​) ​ឲ្យ​ប្រព្រឹត្ត​តាម​តថាគត ។ វិជ្ជា ​និង​វិមុត្តិ​ដែល​គប្បី​ដឹង​ច្បាស់ តថាគត​ដឹង​ច្បាស់​ហើយ​ មគ្គសច្ច​ដែល​គប្បី​ចម្រើន​ តថាគត​បាន​ចម្រើន​ហើយ​ សមុទយសច្ច​ដែល​គប្បី​លះ តថាគត​លះបង់​ហើយ​ ​ម្នាល​ព្រាហ្មណ៍ ​ព្រោះ​ហេតុ​នោះ​ ទើបតថាគត ​ឈ្មោះ​ថាពុទ្ធៈ ​ម្នាល​ព្រាហ្មណ៍ ​អ្នក​ចូរ​កម្ចាត់​សេចក្តី​សង្ស័យ ​ចូរ​ជឿស៊ប់​ចំពោះ​តថាគតចុះ ការ​បាន​ជួបប្រទះ​នឹង​ព្រះសម្ពុទ្ធ​ទាំង​ឡាយ​រឿយ ៗ ជាការ​បាន​ដោយ​ក្រ ។

ការ​កើត​ឡើង​នៃ​ព្រះសម្ពុទ្ធ​ក្នុង​លោករឿយ ៗ ជាការ​បាន​ដោយ​ក្រ ​ម្នាល​ព្រាហ្មណ៍ តថាគត​នោះ​ ជា​អ្នក​ត្រាស់​ដឹង​ ជា​អ្នក​កាត់​នូវ​សរ ​គឺ​រាគាទិក្កិលេស ជាបុគ្គល​ប្រសើរ ។

តថាគត ជាបុគ្គលប្រសើរ ​កន្លង​នូវ​សេចក្តី​ប្រៀបផ្ទឹម ញាំញី​នូវ​មារសេនា ឥត​មាន​ភ័យអំពី​ទី​ណា​ឡើយ​ ​រមែង​រីករាយ​ ​ព្រោះ​បាន​ធ្វើ​ស​ត្រូវ​​ទាំង​អស់​ ​ឲ្យ​លុះ​ក្នុង​អំណាច ។

(សេលព្រាហ្មណ៍ និយាយថា) ​ម្នាល​អ្នក​ដ៏​ចម្រើន​ទាំងឡាយ ព្រះពុទ្ធ​អ្នក​មាន​ចក្ខុ ​ទ្រង់​កាត់​នូវ​សរ ​គឺ​រាគាទិក្កិលេស ជា​មហាវីរបុរស ​ដូច​ជា​សីហៈ​បន្លឺ​ក្នុង​ព្រៃ​ សំដែង​យ៉ាងណា ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ពាក្យ​នេះ​ យ៉ាង​នោះ​ចុះ ។

បុគ្គល​ណា​ ឃើញព្រះសម្ពុទ្ធ ជាបុគ្គលប្រសើរ ​កន្លង​នូវ​សេចក្តី​ប្រៀបផ្ទឹម ញាំញី​នូវ​មារសេនា ​ហើយ​មិន​គប្បី​ជ្រះថ្លា សូម្បី​កណ្ហាភិជាតិកជន (ជន​កើត​ក្នុង​ត្រកូល​ថោកទាប ​មាន​ត្រកូល​ចណ្ឌាល​ជាដើម ​ក៏​ជ្រះថ្លាដែរ) ។

អ្នក​ណាចង់ (​បួស​) ​ចូរ​មកតាម​ខ្ញុំ​ ​អ្នក​ណា​មិន​ចង់ ​ចូរ​ទៅ​វិញ​ចុះ ​ខ្ញុំ​នឹង​បួស​ក្នុង​សំណាក់​ព្រះពុទ្ធ ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ ​ក្នុង​ទី​នេះ​ ។

(​ពួក​មាណព និយាយថា) បើលោក​ដ៏​ចម្រើន​គាប់​ចិត្ត​នឹង​សាសនា ​របស់​ព្រះសម្មាសម្ពុទ្ធ​យ៉ាង​នេះ​ ​ពួក​យើង​ក៏​នឹង​បួស​ក្នុង​សំណាក់ព្រះពុទ្ធ ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ដែរ ។

(សេលព្រាហ្មណ៍ និយាយថា) ​ពួក​ព្រាហ្មណ៍​ទាំង ៣ រយនាក់​ទាំង​នេះ​ ប្រណម្យ​អព្ជាលី ​សូម​ (ផ្នួស) បពិត្រ​ព្រះ​មាន​ព្រះភាគ ​ពួក​យើង​នឹង​ប្រពឹត្ត​ព្រហ្មចារ្យ​ក្នុង​សំណាក់​ព្រះអង្គ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សេលៈ) បព្វជ្ជា​របស់​កុលបុត្ត ​អ្នក​មិន​ធ្វេស​ប្រហែស កាលសិក្សា​ជាគុណជាតិ ​មិន​ឥតអំពើ​ក្នុង​ព្រហ្មចរិយធម៌​ណា ព្រហ្មចរិយធម៌​នោះ​ តថាគត សំដែងទុក​ល្អ​ហើយ​ ជាគុណ​ឲ្យ​ផល​ជាក់ច្បាស់ ​មិន​កំណត់​កាល ។

[៦៥] សេលព្រាហ្មណ៍ ព្រមទាំង​បរិស័ទ​ ​ក៏​បាន​បព្វជ្ជា ​បាន​ឧបសម្បទា ​ក្នុង​សំណាក់​នៃ​ព្រះ​មាន​ព្រះភាគ ។ លំដាប់​នោះ​ ​លុះ​កន្លង​រាត្រី​នោះ​ហើយ​ កេណិយជដិល ​ក៏​ឲ្យ​តាក់​តែង​ខាទនីយ​ភោជនីយាហារ​ដ៏​ផ្ចិតផ្ចង់ ​ក្នុង​អាស្រម​របស់​ខ្លួន ​ហើយ​ឲ្យ​ក្រាប​ទូល​ភត្តកាល​ដល់​ព្រះ​មាន​ព្រះភាគ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ កាល​គួរ​ហើយ​ ភត្ត​សម្រេច​ហើយ​ ។ គ្រា​នោះ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ស្បង់ ប្រដាប់បាត្រ ចីវរ ​ក្នុង​បុព្វណ្ហ​សម័យ ​ហើយ​ទ្រង់​យាងសំដៅ​ចូល​ទៅ​ឯ​អាស្រម​កេណិយជដិល ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ដែល​គេ​ក្រាលថ្វាយ ព្រមទាំង​ភិក្ខុ​សង្ឃ ។ គ្រា​នោះ​ កេណិយ​ជដិល ​បាន​អង្គាស​ភិក្ខុ​សង្ឃ ​មាន​ព្រះពុទ្ធ​ជាប្រធាន ​ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏​ផ្ចិត​ផ្ចង់​ ​ដោយ​ដៃ​ខ្លួន​ឯង​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់ ទាល់តែ​ហាមឃាត់ ។ លំដាប់​នោះ​ កេណិយ​ជដិល (​បាន​ចូល​ទៅ​គាល់) ព្រះ​មាន​ព្រះភាគ ​ដែល​ទ្រង់​សោយភត្ត​រួច​ហើយ​ ​មាន​ព្រះហស្ត ដាក់​ចេញ​ពីបាត្រ​ហើយ​ ​រួច​ក៏​កាន់​យក​អាសនៈ ១ ​ដ៏​ទាប អង្គុយ​ក្នុង​ទី​សម​គួរ​ ។ កាល​ដែល​កេណិយជដិល អង្គុយស៊ប់​ក្នុង​ទី​សម​គួរ​ហើយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​អនុមោទនា​ដោយ​គាថា​ទាំង​នេះ​ថា

ការបូជាទាំងឡាយ ​មាន​ការបូជាភ្លើង​ជាប្រធាន គម្ពីរ​សាវិត្តិសាស្រ្ត​ជាប្រធាន ​នៃ​គម្ពីរ​ឆន្ទសាស្រ្ត ព្រះរាជា​ជាប្រធាន​នៃ​មនុស្ស​ទាំងឡាយ សាគរ​ជាប្រធាន​នៃ​ទន្លេ​ទាំងឡាយ ។ ព្រះចន្រ្ទ​ជាប្រធាន​នៃ​ផ្កា​យទាំងឡា​យ ព្រះអាទិត្យ​ជាប្រធាន​នៃ​កំដៅ​ទាំងឡាយ (យ៉ាងណា​មិញ) ព្រះសង្ឃ​ជាប្រធាន​នៃ​ជន​ទាំងឡាយ កាលបូជា​ប្រាថ្នា​នូវ​បុណ្យ ​ក៏​យ៉ាង​នោះ​ដែរ ។

[៦៦] គ្រា​នោះ​ ព្រះ​មាន​ព្រះភាគ ​លុះ​ទ្រង់​អនុមោទនា​ចំពោះ​កេណិយជដិល​ដោយ​គាថា​យ៉ាង​នេះ​ហើយ​ ​ទ្រង់​ក្រោក​ចាក​អាសនៈ យាងចៀស​ចេញ​ទៅ​ ។ លំដាប់​នោះ​ ​ព្រះសេលៈ​ដ៏​មាន​អាយុ ព្រមទាំង​បរិស័ទ​ ​គេ​ច​ចេញ​ទៅ​ (​ចាក​ពួក​) តែម្នាក់​ឯង​ ៗ ជា​អ្នក​មិន​ប្រមាទ ​មាន​ព្យាយាម ​មាន​ចិត្ត​ស្លុង​ទៅ​ (កាន់ព្រះនិព្វាន) កុលបុត្រ​ទាំងឡាយ ​ចេញ​ចាក​ផ្ទះ ចូលកាន់ផ្នួស​ដោយ​ប្រពៃ ដើម្បីប្រយោជន៍​ដល់​អនុត្តរធម៌​ណា ​មិន​យូរ​យារ​ប៉ុន្មាន ​ក៏​បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់ សម្រេច​នូវ​អនុត្តរ​ធម៌​នោះ​ ជា​ទី​បំផុត​នៃ​ព្រហ្មចរិយៈ ​ដោយ​ប្រាជ្ញា​ដ៏​ប្រសើរ​ដោយ​ខ្លួន​ឯង​ ​ក្នុង​បច្ចុប្បន្ន ​ដឹង​ច្បាស់​ថា​ជា​តិ​អស់​ហើយ​ ព្រហ្មចរិយៈ ​អាត្មាអញ​ប្រព្រឹត្ត​ចប់​ហើយ​ សោឡសកិច្ច ​ដែល​គួរ​ធ្វើ​ អាត្មាអញ​បាន​ធ្វើ​ស្រេច​ហើយ​ មគ្គភាវនា​កិច្ច​ដទៃ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​សោឡសកិច្ច​នេះ​ទៀត ​មិន​មាន​ឡើយ​ ។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះសេលៈ​ដ៏​មាន​អាយុ ព្រមទាំង​បរិស័ទ​ ​ក៏​រាប់​ថា​ជា​ព្រះអរហន្ត​មួយ​រូប​ដែរ ។ គ្រា​នោះ​ ព្រះសេលៈ​ដ៏​មាន​អាយុ ព្រមទាំង​បរិស័ទ​ ចូលសំដៅ​ទៅ​ត្រង់​ទី​ដែល​ព្រះ​មាន​ព្រះភាគ​គង់ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​ធ្វើ​ចីវរ​ឆៀងស្មា​ម្ខាង ​រួច​ប្រណម្យ​អញ្ជលី​ទៅ​ត្រង់​ទី​ដែល​ព្រះ​មាន​ព្រះភាគ​គង់ ​ហើយ​បាន​ទូល​ព្រះ​មាន​ព្រះភាគ​ដោយ​គាថា​ដូច្នេះថា

បពិត្រព្រះ​មាន​ព្រះភាគ ​ទ្រង់​មាន​ចក្ខុ ​ពួក​យើង​បាន​ដល់​នូវ​ព្រះអង្គ​ជា​ទី​ពឹង ​ក្នុង​ថ្ងៃ​ទី​ ៨ អំពី​ថ្ងៃ​នេះ​ ជាបុគ្គល​រៀបរយ​ហើយ​ក្នុង​សាសនា​របស់​ព្រះអង្គ ​ដោយ​កាល​ត្រឹម​តែ ៧ រាត្រី ។ ព្រះអង្គ​ជា​អ្នក​ត្រាស់​ដឹង​ ព្រះអង្គ​ជាសាស្តាចារ្យ ព្រះអង្គ​ជា​អ្នក​គ្រប​សង្កត់​នូវ​មារ ជា​អ្នក​ប្រាជ្ញ ព្រះអង្គ​កាត់​បង់​អនុសយក្កិលេស ឆ្លង​ចាក​កិលេស​បាន​ហើយ​ ចំឡង​ពួក​សត្វ​នេះ​ ព្រះអង្គ​បាន​កន្លង​ផុតឧបធិ​ហើយ​ ព្រះអង្គ​បាន​ទំលាយ​អាសវៈ​ហើយ​ ព្រះអង្គ​ជាបុគ្គល​ដូច​សីហៈ ​មិន​មាន​ឧបាទាន ​បាន​លះបង់​ភ័យ ​និង​សេចក្តី​ស្ញប់ស្ញែង​ហើយ​ បពិត្រ​ព្រះអង្គ​ជាវីរបុរស ​ពួក​ភិក្ខុ​ទាំង ៣០០ រូប​នេះ​ ​ធ្វើ​អញ្ជលី (ចំពោះ​ព្រះអង្គ) ​សូម​ព្រះអង្គ​សណ្តូក​ព្រះបាទ​ទាំងគូ ​ពួក​ភិក្ខុ​ដ៏​ប្រសើរ ​សូម​ថ្វាយ​បង្គំព្រះបាទ​ទាំងគូ ​របស់​ព្រះសាស្តា ។

ចប់ សេលសូត្រ ​ទី​៧ ។

សល្លសូត្រ ​ទី​៨

[កែប្រែ]

[៦៧] (​សេចក្តី​ថា ព្រះ​មាន​ព្រះភាគ ​ទ្រង់​សំដែង​សល្លសូត្រ​នេះ​) ថា ជីវិត​របស់​សត្វ​ទាំងឡាយ ​ក្នុង​លោក​នេះ​ ​មិន​មាន​កំណត់ ​មិន​មាន​អ្នក​ណា​មួយ​អាច​ដឹង​បាន​ ជីវិត​នោះ​ ជា​របស់​ក្រ​ផង​ ​តិច​ផង​ ប្រកប​ដោយ​សេចក្តី​ទុក្ខ​ផង​ ។ ​ពួក​សត្វ​ដែល​កើត​ហើយ​ ​រមែង​មិន​ស្លាប់ ​ដោយ​សេចក្តី​ព្យាយាម​ណា ​សេចក្តី​ព្យាយាម​នោះ​ ​មិន​មាន​ឡើយ​ កាល​ដល់​នូវ​សេចក្តី​គ្រាំគ្រា​ហើយ​ស្លាប់ តែង​មាន​ ​ព្រោះ​ពួក​សត្វ​ទាំងឡាយ ​មាន​យ៉ាង​នេះ​ ជាធម្មតា ។ ផ្លែឈើ​ទាំងឡាយ​ដែល​ទុំ​ហើយ​ តែង​មាន​ភ័យ​អំពីការជ្រុះ ​ក្នុង​ពេលព្រឹក យ៉ាង​ណា​មិញ ​សត្វ​ទាំងឡាយ​ដែល​កើត​ហើយ​ តែង​មាន​សេចក្តី​ភ័យ​អំពី​សេចក្តី​ស្លាប់ ​អស់​កាល​ជានិច្ច យ៉ាង​នោះ​ដែរ ។ ភាជន៍ដី​ទាំងឡាយ ​ដែល​ស្មូនឆ្នាំង​ធ្វើ​ហើយ​ ភាជន៍​ទាំង​អស់​នោះ​ សុទ្ធតែ​មាន​កិរិយា​បែកជា​ទី​បំផុត​ យ៉ាង​ណាមិញ ជីវិត​របស់​សត្វ​ទាំង​ឡាយ ​ក៏​យ៉ាង​នោះ​ដែរ ។ ​ពួក​ជនណា ក្មេង​ក្តី​ ចាស់​ក្តី​ ពាល​ក្តី​ ​បណ្ឌិត​ក្តី​ ​ពួក​ជន​ទាំង​អស់​នោះ​ តែង​លុះ​ក្នុង​អំណាច​នៃ​មច្ចុ ​ពួក​ជន​ទាំង​អស់​ ​មាន​មច្ចុ​នៅ​ស្ទាក់​ខាង​មុខ ។ កាល​ពួក​ជនទាំង​នោះ​ ​ត្រូវ​មច្ចុគ្រប​សង្កត់​ហើយ​ កាល​ទៅ​ក្នុង​បរលោក បិតាការពារ​បុត្រ​មិន​បាន​ ឬ​ពួក​ញាតិ ​ក៏​ការពារ​ញាតិ​មិន​បាន​ ។ ​អ្នក​ចូរ​មើល​នូវ​ការរៀប​រាប់ជាច្រើន ​របស់​ពួក​ញាតិ​ដែល​កំពុង​អាឡោះអាល័យ បណ្តា​សត្វ​ទាំងឡាយ ​សត្វ​តែម្នាក់ ៗ ​ដែល​​ត្រូវ​​មច្ចុ​នាំ​ទៅ​ ​ដូច​ជាគោ ​ត្រូវ​​គេ​សម្លាប់ ​សត្វ​លោក​ ​ត្រូវ​មច្ចុ ​និង​ជរា​គ្របសង្កត់​ហើយ​យ៉ាង​នេះ​ ​ព្រោះ​ហេតុ​នោះ​ ​អ្នក​ប្រាជ្ញា​ទាំងឡាយ ​រមែង​មិន​សោក​ស្តាយ​ឡើយ​ ​ព្រោះ​ដឹង​ច្បាស់​នូវ​បរិយាយ​នៃ​សត្វ​លោក ។ ​អ្នក​មិន​ស្គាល់ផ្លូវ​របស់​សត្វ​ណា ​ដែល​មក ឬ​ទៅ​ ​មិន​ឃើញ​ជាក់លាក់​នូវ​ចំណែក​ទាំងពីរ ​របស់​សត្វ​នោះ​ ​អ្នក​ខ្សឹក​ខ្សួលឥត​អំពើរទេ បើបុគ្គល​វង្វេង​វង្វាន់ ខ្សឹកខ្សួល ផ្តួលខ្លួន​ហើយ​ ​បាន​នូវ​ប្រយោជន៍​តិច​តួច ម្ល៉េះសម​អ្នក​ប្រាជ្ញ​ឈ្លាសវៃ ​គប្បី​ធ្វើ​នូវ​សេចក្តី​ខ្សឹកខ្សួល​នោះ​ដែរ ។ បុគ្គល​មិន​មែន​ដល់​នូវ​ការ​ស្ងប់រម្ងាប់​ចិត្ត​ ​ព្រោះ​ការយំ ការសោកទេ ទុក្ខ​កើត​ឡើង​ដោយ​ក្រៃងលែង ​ដល់​បុគ្គល​កាលយំ​សោក​នោះ​ ទាំងសរីរៈ​ក៏​លំបាក ។ បុគ្គល​ដែល​ផ្តួលខ្លួន​ដោយ​ខ្លួន​ឯង​ តែងជា​អ្នក​ស្គម អាប់សម្បុរ ​អ្នក​ចែក​ឋានទាំងឡាយ ​រមែង​មិន​រស់​វិញ​បាន​ ​ដោយ​ការ​ខ្សឹកខ្សួល​នោះ​ទេ ការខ្សឹកខ្សួល​ជាការ​ឥតអំពើ ។ ​សត្វ​កាលថ្ងូរ​ស្តាយបុគ្គល ​ដែល​ធ្វើ​មរណកាល ​លុះ​អំណាច​សេចក្តី​សោក ​មិន​លះបង់​សេចក្តី​សោក​ចេញ​ទេ ​រមែង​ដល់​នូវ​ទុក្ខ​ជាយ៉ាង​ក្រៃលែង ។ ​អ្នក​ចូរ​មើល​សត្វ​ទាំងឡាយ ​មាន​ជីវិត​ឯទៀត ​ក្នុង​លោក​នេះ​ ​ដែល​អន្ទោល​ទៅ​តាមកម្ម ហៀប​នឹង​ទៅ​ (កាន់បរលោក) បម្រះននៀល ​ព្រោះ​លុះ​អំណាច​នៃ​មច្ចុ ។ ​ពួក​សត្វ​តែងសំគាល់ (ថា ​នឹង​មាន​អាយុវែង) ​ដោយ​អាការណា​ៗ ការសំគាល់​នោះ​ ​រមែង​ផ្សេង​អំពីអាការ​នោះ​ ៗ ការព្រាត់​និរាសប្រាកដ​ដូច្នោះ ​អ្នក​ចូរ​មើល​បរិយាយ ​របស់​សត្វ​លោកចុះ ។ ទោះបី​សត្វ​ដែល​រស់​នៅ​អស់​មួយ​រយឆ្នាំ ឬ​លើ​សជាង ​សេចក្តី​ព្រាត់​ប្រាស​ចាក​ពួក​ញាតិ ​រមែង​មាន​ (​ព្រោះ​ថា) ​សត្វ​ក្នុង​លោក​នេះ​ ​រមែង​លះ​ចោល​ជីវិត ។ ​ព្រោះ​ហេតុ​នោះ​ បុគ្គល​បាន​ស្តាប់​ (ធម្មទេសនា) ​របស់​ព្រះអរហន្ត​ហើយ​ ឃើញ​អ្នក​ដែល​ចែកឋាន ​ធ្វើ​មរណកាល​ទៅ​ហើយ​ ​គប្បី​បន្ទោបង់​សេចក្តី​ខ្សឹកខ្សួលថា ​អ្នក​ចែក​ឋាន​ទៅ​នុ៎ះ អាត្មាអញ​ឃាត់​មិន​បាន​ទេ ។ បុគ្គល​គប្បី​លត់ផ្ទះ ​ដែល​ភ្លើង​ឆេះ​ដោយ​ទឹក​ យ៉ាងណា​មិញ នរជន​ជា​អ្នក​ប្រាជ្ញ ប្រកប​ដោយ​ប្រាជ្ញ ជា​បណ្ឌិត​ឆ្លៀវឆ្លាស ​គប្បី​កម្ចាត់​បង់ ​ឲ្យ​ឆាប់​រហ័ស​នូវ​សេចក្តី​សោក​ដែល​កើត​ឡើង​ ​ដូច​ខ្យល់​បំប៉ើងប៉ុយគរ ​ក៏​យ៉ាង​នោះ​ដែរ ។ បុគ្គលកាល​ស្វែង​រក​សេចក្តី​សុខបម្រុង​ខ្លួន ​គប្បី​ដក​ចេញ​នូវ​សរ ​គឺ​សេចក្តី​ខ្សឹកខ្សួល​របស់​ខ្លួន ទាំង​តណ្ហា ​និង​ទោមនស្ស​របស់​ខ្លួន​ចេញ​ បុគ្គល​មាន​សរ​ដក​ហើយ​ ​មិន​អាស្រ័យ (​ដោយ​តណ្ហា ​និង​ទិដ្ឋិ) ​គប្បី​ដល់​នូវ​សេចក្តី​ស្ងប់​នៃ​ចិត្ត​ ​កន្លង​ផុត​សេចក្តី​សោកទាំង​អស់​ ​ហើយ​ជា​អ្នក​មិន​មាន​សោក ជា​អ្នក​រលត់ទុក្ខ ។

ចប់ សល្លសូត្រ ​ទី​៨ ។

វាសេដ្ឋសូត្រ ​ទី​៩

[កែប្រែ]

[៦៨] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​នៅ​ក្នុង​ដង​ព្រៃ​ ​ឈ្មោះ​ឥច្ឆានង្គលៈ ជិតស្រុក​ឈ្មោះ​ឥច្ឆានង្គលៈ ។ សម័យ​នោះ​ឯង​ ​ពួក​ព្រាហ្មណ​មហាសាល​ជាច្រើន ​មាន​ឈ្មោះ​ល្បីល្បាញ អាស្រ័យ​នៅ​ក្នុង​ស្រុក ​ឈ្មោះ​ឥច្ឆានង្គលៈ ​គឺ​ចង្កីព្រាហ្មណ៍ តារុក្ខព្រាហ្មណ៍ បោក្ខរសាតិព្រាហ្មណ៍ ជាណុស្សោណិ​ព្រាហ្មណ៍ តោទេយ្យព្រាហ្មណ៍ ​និង​ពួក​ព្រាហ្មណ​មហាសាល​ឯទៀត ​ដែល​មាន​ឈ្មោះ​ល្បីល្បាញ ។ គ្រា​នោះ​ វាសេដ្ឋមាណព ​និង​ភារទ្វាជមាណព ​កំពុង​ដើរ​ទៅ​ដើរ​មក​សម្រាកស្មង ​ក៏​កើត​អន្តរា​កថា​នេះ​ឡើង​ថា ​ម្នាល​គ្នាយើង បុគ្គល​ឈ្មោះ​ថា​ជា​ព្រាហ្មណ៍ តើ​ដោយ​ប្រការ​ដូច​ម្តេច ។ ភារទ្វាជមាណព និយាយ​យ៉ាង​នេះ​ថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ បុគ្គល​ដែល​មាន​កំណើត​ល្អ​ទាំងពីរ​ចំណែក ​គឺ​ខាង​មាតា ​និង​ខាង​បិតា ជា​អ្នក​កើត​ក្នុង​ផ្ទៃ​របស់​ព្រាហ្មណី​ដែល​បរិសុទ្ធ ដរាបអំពី​គូ​នៃ​ជីដូន​ជីតា ៧ តំណមក ​មិន​មាន​អ្នក​ណា​ពោល​ទោស​តិះដៀល ​ដោយ​ការ​ពោល​អំពី​ជាតិ​បាន​ ​ម្នាល​អ្នក​ដ៏​ចម្រើន​ បុគ្គល​បាន​ឈ្មោះ​ថា​ព្រាហ្មណ៍ ​ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង​ ។ វាសេដ្ឋមាណព និយាយ​យ៉ាង​នេះ​ថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ ​លុះ​តែបុគ្គល​មាន​សីល​ផង​ បរិបូណ៌​ដោយ​វត្ត​ផង​ ​ម្នាល​អ្នក​ដ៏​ចម្រើន​ បុគ្គល​នោះ​ ទើប​ហៅ​ថា​ព្រាហ្មណ៍ ​ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង​ ។ ភារទ្វាជមាណព ​មិន​អាច​ញ៉ាំង​វាសេដ្ឋមាណព ​ឲ្យ​យល់ឃើញ​បាន​ ទាំងវាសេដ្ឋមាណព​ ​ក៏​មិន​អាច​ញ៉ាំង​ភារទ្វាជ​មាណព​ឲ្យ​យល់​ឃើញ​បាន​ ។ គ្រា​នោះ​ វាសេដ្ឋមាណព ​ហៅ​ភារទ្វាជ​មាណព​ថា ​ម្នាល​ភារទ្វាជៈ​ដ៏​ចម្រើន​ ព្រះសមណ​គោតម​នេះ​ ជាសក្យបុត្រ ​ចេញ​ចាក​សក្យ​ត្រកូល ​ទ្រង់​ព្រះផ្នួស (ឥឡូវ​នេះ​) គង់​នៅ​ក្នុង​ដង​ព្រៃ​ឥច្ឆានង្គលៈ ជិតស្រុក​ឈ្មោះ​ឥច្ឆានង្គលៈ កិតិ្តស័ព្ទ​ដ៏​ពីរោះ​របស់​ព្រះគោតម​ដ៏​ចម្រើន​នោះ​ ខ្ចរខ្ចាយ​សុះសាយ​ទៅ​ យ៉ាង​នេះ​ថា ព្រះ​មាន​ព្រះភាគ​អង្គ​នោះ​ ។បេ។ ព្រះអង្គត្រាស់​ដឹង​ចតុរារិយសច្ច ព្រះអង្គលែង​ត្រឡប់​មក​កើត​ក្នុង​ភពថ្មី​ទៀត ​ម្នាល​ភារទ្វាជៈ មក​ទៅ​ យើង​នឹង​ចូល​សំដៅ​ទៅ​ត្រង់​ទី​ដែល​ព្រះសមណគោតម​គង់ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​នឹង​សួរ​សេចក្តី​នេះ​ ព្រះសមណ​គោតម ​នឹង​ដោះ​ស្រាយ​ឲ្យ​យើងយ៉ាងណា យើង​នឹង​ចាំទុក​នូវ​សេចក្តី​នោះ​យ៉ាង​នោះ​ ។ ភារទ្វាជមាណព ទទួល​ស្តាប់​ពាក្យ​របស់​វាសេដ្ឋមាណព​ថា អើ​អ្នក​ ។ គ្រា​នោះ​ វាសេដ្ឋមាណព ​និង​ភារទ្វាជមាណព ចូលសំដៅ​ទៅ​ត្រង់​កន្លែង​ដែល​ព្រះ​មាន​ព្រះភាគ​គង់ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ជា​មួយ​នឹង​ព្រះ​មាន​ព្រះភាគ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​ឲ្យ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​សម​គួរ​ ។ វាសេដ្ឋ​មាណព ​លុះ​អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ​ ក្រាបទូល​ព្រះ​មាន​ព្រះភាគ ​ដោយ​គាថា​ទាំង​ឡាយថា

[៦៩] បពិត្រព្រះអង្គ​ដ៏​ចម្រើន​ យើងជា​អ្នក​មាន​ត្រៃវិជ្ជា ​ដែល​អាចារ្យ​អនុញ្ញាត ​និង​ប្តេជ្ញា​ហើយ​ដោយ​ពិត ​ខ្ញុំ​ព្រះអង្គជា​សិស្ស​បោក្ខរសាតិព្រាហ្មណ៍ មាណព​នេះ​ ជាសិស្ស​របស់​តារុក្ខព្រាហ្មណ៍ ។ ​ពាក្យ​ណា ​របស់​អ្នក​មាន​ត្រៃវិជ្ជា​ទាំងឡាយ ​ដែល​អាចារ្យ​បាន​ប្រាប់​ហើយ​ ​ពួក​យើងជា​អ្នក​សម្រេច​ក្នុង​ពាក្យ​នោះ​ហើយ​ យើងទាំង​ឡាយ ជា​អ្នក​ចេះ​បទ ចេះ​វេយ្យាករណ៍​ក្នុង​វេទ​ប្រហែល​នឹង​អាចារ្យ ។ បពិត្រ​ព្រះគោតម ​ពួក​យើង​នោះ​ ​មាន​ការ​ជជែកគ្នា ​ក្នុង​ការ​ពោល​អំពីជាតិ ភារទ្វាជមាណព​និយាយថា បុគ្គល​ជា​ព្រាហ្មណ៍ ​ព្រោះ​ជាតិ ។ ឯ​ខ្ញុំ​ព្រះអង្គ​និយាយថា បុគ្គល​ដែល​ឈ្មោះ​ថាព្រាហ្មណ៍ ​ព្រោះ​កម្ម បពិត្រ​ព្រះអង្គ ជាបុគ្គល​មាន​ចក្ខុ ​សូម​ព្រះអង្គ​ជ្រាបយ៉ាង​នេះ​ ។ យើងទាំង​ពីរនាក់​នោះ​ ​មិន​អាច​ញ៉ាំង​គ្នា​នឹង​គ្នា ​ឲ្យ​យល់​ឃើញ​បាន​ទេ (​ព្រោះ​ហេតុ​នោះ​) ទើបយើង​ទាំងឡាយ​មក ដើម្បី​សួរ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដែល​ល្បី​ល្បាញ​ថា​ជា​អ្នក​ត្រាស់​ដឹង​ឯង​ បពិត្រ​ព្រះគោតម ​ពួក​ជន​ផ្គងអញ្ជលី​ចូល​ទៅ​ កាលថ្វាយ​បង្គំ ​ក៏​ថ្វាយបង្គំ​ព្រះចន្រ្ទ ​ដែល​កន្លង​នូវ​ការ​អស់​ទៅ​នៃ​ងងឹត (ព្រះចន្ទ​ពេញវង់) យ៉ាងណាមិញ ​ពួក​ជន​ក្នុង​លោក (​ក៏​ថ្វាយបង្គំ​ព្រះអង្គ) យ៉ាង​នោះ​ដែរ ។

ពួក​យើង ​សូម​សួរ​ព្រះគោតម ​ដែល​មាន​ចក្ខុ​កើត​ហើយ​ក្នុង​លោក បុគ្គល​ឈ្មោះ​ថា​ព្រាហ្មណ៍ ​ព្រោះ​ជាតិ ឬ​ព្រោះ​កម្ម ​សូម​ព្រះអង្គ​សំដែង​ប្រាប់​ពួក​យើង ​ដែល​ជា​អ្នក​មិន​ទាន់​ស្គាល់ ​ឲ្យ​ទាល់តែ​ពួក​យើង​ស្គាល់ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​វាសេដ្ឋៈ) បើដូច្នោះ ​តថាគត​នឹង​សំដែង​ឲ្យ​ពិស្តារ​អំពីជាតិ​របស់​សត្វ​ទាំងឡាយ​តាមពិត ​ដោយ​លំដាប់ ​ដល់​អ្នក​ទាំងឡាយ​នោះ​ ធម្មតា​សត្វ​ទាំងឡាយ ​រមែង​មាន​ជាតិផ្សេង ៗ គ្នា ។ ​អ្នក​ទាំងឡាយ ​ស្គាល់ស្មៅ ​និង​ឈើ (ឬទេ) ឬ​ក៏​មិន​ដែល​ប្តេជ្ញា​ថា ស្មៅ ​និង​ឈើទេ លិង្គ ​គឺ​ភេទ​របស់​ស្មៅ ​និង​ឈើ​ទាំង​នោះ​ តែងសម្រេច​អំពី​ជាតិ ​ព្រោះ​ថា ​សត្វ​ទាំងឡាយ ​មាន​ជាតិ​ផ្សេង ៗ គ្នា ។ លិង្គ ​គឺ​ភេទ​តាំង​អំពី​កណ្តូប ​និង​មមង់ រហូត​ដល់​ស្រមោចខ្មៅ ​និង​ស្រមោចក្រហម​ទាំង​នោះ​ តែងសម្រេច​អំពីជាតិ ​ព្រោះ​ថា ​សត្វ​ទាំងឡាយ ​មាន​ជាតិផ្សេង ៗ គ្នា ។ ​អ្នក​ទាំងឡាយ ស្គាល់​ពួក​សត្វ​មាន​ជើងបួន ទាំងតូច ទាំងធំ (ឬទេ) លិង្គ ​គឺ​ភេទ​របស់​សត្វ​ទាំង​នោះ​ តែងសម្រេច​អំពីជាតិ ​ព្រោះ​ថា ​សត្វ​ទាំងឡាយ ​មាន​ជាតិ​ផ្សេង ៗ គ្នា ។

អ្នក​ទាំងឡាយ ស្គាល់ពស់ ​មាន​ទ្រូងជាជើង ​មាន​ខ្នងវែង (ឬទេ) លិង្គ ​គឺ​ភេទ​របស់​ពស់​ទាំង​នោះ​ តែងសម្រេច​អំពីជាតិ ​ព្រោះ​ថា ​សត្វ​ទាំងឡាយ ​មាន​ជាតិ​ផ្សេង ៗ គ្នា ។

លំដាប់អំពី​នោះ​ ​អ្នក​ទាំងឡាយ ស្គាល់​ពួក​ត្រី​ក្នុង​ទឹក​ ​មាន​ទឹក​ ជាគោចរ (ឬទេ) លិង្គ ​គឺ​ភេទ​របស់​ត្រីទាំង​នោះ​ តែងសម្រេច​អំពីជាតិ ​ព្រោះ​ថា ​សត្វ​ទាំងឡាយ ​មាន​ជាតិ​ផ្សេងៗ គ្នា ។

លំដាប់អំពី​នោះ​ ​អ្នក​ទាំងឡាយ ស្គាល់​ពួក​សត្វ​ស្លាប ​មាន​ស្លាបជាយាន ​ដែល​ហើរ​ឯអាកាស (ឬទេ) លិង្គ ​គឺ​ភេទ​របស់​សត្វ​ស្លាបទាំង​នោះ​ តែងសម្រេច​អំពីជាតិ ​ព្រោះ​ថា ​សត្វ​ទាំង​ឡាយ ​មាន​ជាតិ​ផ្សេង ៗ គ្នា ។

លិង្គ ​គឺ​ភេទ ​ក្នុង​ជាតិទាំងឡាយ​នោះ​ សម្រេចអំពី​ជាតិជាច្រើន ​យ៉ាងណាមិញ លិង្គ ​គឺ​ភេទ​ ​ក្នុង​មនុស្ស​ទាំងឡាយ សម្រេច​អំពីជាតិ ​មិន​ច្រើន​យ៉ាង​នោះ​ទេ ។ លិង្គ ​គឺ​ភេទ ​មិន​ហៅ​ព្រោះ​សក់​ទាំងឡាយ ​មិន​ហៅ​ព្រោះ​ក្បាល​ទាំងឡាយ ​មិន​ហៅ​ព្រោះ​ត្រចៀក​ទាំង​ឡាយ ​មិន​ហៅ​ព្រោះ​ភ្នែក​ទាំងឡាយ ​មិន​ហៅ​ព្រោះ​ប្រមាត់ ​មិន​ហៅ​ព្រោះ​ច្រមុះ ​មិន​ហៅ​ព្រោះ​បបូរមាត់​ទាំងឡាយ ​មិន​ហៅ​ ​ព្រោះ​ចិញ្ចើម​ទាំងឡាយ ​មិន​ហៅ​ព្រោះ​ក ​មិន​ហៅ​ព្រោះ​ស្មា​ទាំងឡាយ ​មិន​ហៅ​ព្រោះ​ពោះ ​មិន​ហៅ​ ​ព្រោះ​ខ្នង ​មិន​ហៅ​ព្រោះ​ត្រគាក ​មិន​ហៅ​ព្រោះ​ទ្រូង ​មិន​ហៅ​ព្រោះ​ទី​ចង្អៀត ​មិន​ហៅ​ព្រោះ​មេថុន ​មិន​ហៅ​ព្រោះ​ដៃទាំង​ឡាយ ​មិន​ហៅ​ ​ព្រោះ​ជើង​ទាំងឡាយ ​មិន​ហៅ​ព្រោះ​ស្រោម​ទាំងឡាយ ​មិន​ហៅ​ ​ព្រោះ​ក្រចក​ទាំងឡាយ ​មិន​ហៅ​ព្រោះ​ស្មង​ទាំងឡាយ ​មិន​ហៅ​ ​ព្រោះ​ភ្លៅ​ទាំង​ឡាយ ​មិន​ហៅ​ ​ព្រោះ​ពណ៌​ ​មិន​ហៅ​ ​ព្រោះ​សំឡេងទេ ​លិង្គ ​គឺ​ភេទ​របស់​មនុស្ស សម្រេច​អំពីជាតិ ​មិន​ដូច​ជា​ភេទ​ក្នុង​ជាតិ​ទាំងឡាយ​ឯទៀត ៗ ទេ ។​ លិង្គ ​គឺ​ភេទ ផ្សេង​ដោយ​សណ្ឋាន ​មាន​សក់​ជាដើម ​ដូច​ជាលិង្គ ​គឺ​ភេទតិរច្ឆាន​នុ៎ះ ​មិន​មាន​ប្រាកដ​ក្នុង​សរីរៈ​របស់​ខ្លួន​ទាំងឡាយ ​ក្នុង​ពួក​មនុស្សទេ ​ពាក្យ​សម្រាប់​ហៅ​ (ថាព្រាហ្មណ៍​ជាដើម)​គេ​តែង​ហៅ​តាម​ឈ្មោះ​ ​ក្នុង​មនុស្ស​ទាំងឡាយ​ ។ បណ្តា​មនុស្ស​ទាំងឡាយ នរណា​មួយ​ចិញ្ចឹមជីវិត ​ដោយ​ការ​រក្សា​ស្រែចម្ការ ​ម្នាល​វាសេដ្ឋៈ ​អ្នក​ចូរ​ដឹង​យ៉ាង​នេះ​ចុះ ​អ្នក​នោះ​ ជា​អ្នក​ភ្ជួររាស់ ​មិន​មែន​ព្រាហ្មណ៍ទេ ។ បណ្តាមនុស្ស​ទាំងឡាយ នរណា​មួយ​ចិញ្ចឹម​ជីវិត​ដោយ​សិល្បៈ​ច្រើនយ៉ាង ​ម្នាល​វាសេដ្ឋៈ ​អ្នក​ចូរ​ដឹង​យ៉ាង​នេះ​ចុះ ​អ្នក​នោះ​ ជា​អ្នក​ចិញ្ចឹម​ជីវិត​ដោយ​សិល្បៈ ​មិន​មែន​ព្រាហ្មណ៍ទេ ។ បណ្តា​មនុស្ស​ទាំងឡាយ នរណា​មួយ​ចិញ្ចឹមជីវិត​ដោយ​ការ​ជួញប្រែ ​ម្នាល​វាសេដ្ឋៈ ​អ្នក​ចូរ​ដឹង​យ៉ាង​នេះ​ចុះ ​អ្នក​នោះ​ ជាពាណិជ ​មិន​មែន​ព្រាហ្មណ៍​ទេ ។ បណ្តា​មនុស្ស​ទាំងឡាយ នរណា​មួយ​ចិញ្ចឹម​ជីវិត​ដោយ​ការបំរើ​អ្នក​​ដទៃ​ ​ម្នាល​វាសេដ្ឋៈ ​អ្នក​ចូរ​ដឹង​យ៉ាង​នេះ​ចុះ ​អ្នក​នោះ​ ជា​អ្នក​បំរើ ​មិន​មែន​ព្រាហ្មណ៍ទេ ។ បណ្តា​មនុស្ស​ទាំងឡាយ នរណា​មួយ​ ចិញ្ចឹម​ជីវិត​ដោយ​ការ​លួចទ្រព្យ​គេ​ ​ម្នាល​វាសេដ្ឋៈ ​អ្នក​ចូរ​ដឹង​យ៉ាង​នេះ​ចុះ ​អ្នក​នោះ​ ជាចោរ ​មិន​មែន​ព្រាហ្មណ៍ទេ ។ បណ្តា​មនុស្ស​ទាំងឡាយ នរណា​មួយ​ ចិញ្ចឹមជីវិត​ដោយ​ភាព​ជា​អ្នក​កាន់​អាវុធ (ទាហាន) ​ម្នាល​វាសេដ្ឋៈ ​អ្នក​ចូរ​ដឹង​យ៉ាង​នេះ​ចុះ ​អ្នក​នោះ​ ជា​អ្នក​ចិញ្ចឹមជីវិត​ដោយ​ភាព​ជាទាហាន ​មិន​មែន​ព្រាហ្មណ៍ទេ ។ បណ្តា​មនុស្ស​ទាំងឡាយ នរណា​មួយ​ ចិញ្ចឹមជីវិត​ដោយ​ភាពជា​បុរោហិត ​ម្នាល​វាសេដ្ឋៈ ​អ្នក​ចូរ​ដឹង​យ៉ាង​នេះ​ចុះ ​អ្នក​នោះ​ ជា​អ្នក​បូជា ​មិន​មែន​ព្រាហ្មណ៍ទេ ។ បណ្តា​មនុស្ស​ទាំងឡាយ នរណា​មួយ​ បរិភោគ​នូវ​ធរណីផល ​ដែល​កើត​អំពីស្រុក ឬដែន (ស្តេច) ប្រើប្រាស់ ​ម្នាល​វាសេដ្ឋៈ ​អ្នក​ចូរ​ដឹង​យ៉ាង​នេះ​ចុះ ​អ្នក​នោះ​ ជាស្តេច ​មិន​មែន​ព្រាហ្មណ៍​ទេ ។ តថាគត ​មិន​ហៅ​បុគ្គល​ដែល​មាន​កំណើត​កើត​អំពីមាតា ​ថា​ជា​ព្រាហ្មណ៍ទេ បុគ្គល​នោះ​ ​ឈ្មោះ​ថា ភោវា​ទី​ បុគ្គល​នោះ​ ប្រកប​ដោយ​គ្រឿងកង្វល់ តថាគត​ហៅ​បុគ្គល​ដែល​មិន​មាន​គ្រឿង​កង្វល់ ​មិន​មាន​កំណាន់​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​កាត់​សំយោជនៈទាំង​អស់​ហើយ​ ​មិន​តក់ស្លុត់ តថាគត ​ហៅ​បុគ្គល​អ្នក​កន្លង​សង្គហធម៌ ប្រាស​ចាក​យោគៈ ទាំង ៤ ​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​កាត់​ខ្សែជ្រាម ​គឺ​សេចក្តី​ក្រោធ​ផង​ ព្រ័ត្រ​ ​គឺ​តណ្ហា​ផង​ ​ទី​ត ​គឺ​មិច្ឆាទិដ្ឋិ ព្រមទាំង​អនុសយក្កិលេស​ផង​ ជា​អ្នក​បាន​ដករនុក ​គឺ​អវិជ្ជា ត្រាស់​ដឹង​សច្ចធម៌ ៤ តថាគត ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​មិន​ប្រទូស្ត ចេះអត់ធ្មត់ ចំពោះ​ពាក្យ​ជេរ​ផង​ ការ​វាយ ​និង​ការ​ចង​ផង​ តថាគត ​ហៅ​បុគ្គល​អ្នក​មាន​ខន្តិធម៌​ជាកំឡាំង ​មាន​ខន្តិធម៌​ជារេហ៍ពល​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

តថាគត ​ហៅ​បុគ្គល​មិន​ខឹង ជា​អ្នក​មាន​វត្ត ​មាន​សីលធម៌​ ​មិន​មាន​ចំហាយ ​គឺ​តណ្ហា ​មាន​ឥន្រ្ទិយ​បាន​ទូន្មាន ​មាន​សរីរៈ​កើត​ក្នុង​ទី​បំផុត​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​មិន​ជាប់​ក្នុង​កាមទាំងឡាយ ​ដូច​ទឹក​លើ​ស្លឹក​ឈូក ឬ​ដូច​គ្រាប់ស្ពៃ​លើ​ចុង​នៃ​ដែកស្រួច តថាគត ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​ការ​អស់​ទៅ​នៃ​សេចក្តី​ទុក្ខ​របស់​ខ្លួន​ក្នុង​លោក​នេះ​ តថាគត ​ហៅ​បុគ្គល​អ្នក​ដាក់ភារៈ​ចុះ​ហើយ​ ប្រាស​ចាក​យោគៈ​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

តថាគត ​ហៅ​បុគ្គល ​មាន​ប្រាជ្ញា​ជ្រាលជ្រៅ ​មាន​ប្រាជ្ញា​ធ្លុះធ្លាយ ឆ្លៀវឆ្លាស​ក្នុង​មគ្គ ​និង​មិន​មែនមគ្គ ​បាន​សម្រេច​ប្រយោជន៍ខ្ពង់​ខ្ពស់​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

តថាគត ​ហៅ​បុគ្គល​អ្នក​មិន​ច្រឡូក​ច្រឡំ ​ដោយ​បុគ្គល​ពីរ​ពួក​ ​គឺ​គ្រហស្ថ ១ បព្វជិត ១ ​ដែល​ត្រាច់​ទៅ​ដោយ​មិន​ប្រកាន់​លំនៅ​ ​មិន​មាន​សេចក្តី​ប្រាថ្នា​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ដាក់​ចេញ​នូវ​អាជ្ញា​ក្នុង​ពួក​សត្វ​ ​អ្នក​តក់ស្លុត​ ​និង​ពួក​សត្វ​នឹង​នួន ​មិន​សម្លាប់ ​មិន​បៀតបៀន​សត្វ​ តថាគត​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

តថាគត ​ហៅ​បុគ្គល​អ្នក​មិន​មាន​គំនុំ ​ក្នុង​ពួក​ជន​ដែល​មាន​គំនុំ ​អ្នក​មាន​ចិត្ត​ត្រជាក់ ចំពោះ​អាជ្ញា​របស់​ខ្លួន ជា​អ្នក​មិន​ប្រកាន់​ក្នុង​ពួក​ជន ​ដែល​ប្រកប​ដោយ​អំពើ​គួរ​ប្រកាន់​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​បាន​ទំលាក់​ចោល​ចេញ​នូវ​រាគៈ ទោសៈ មានះ ​និង​មក្ខៈ ​ដូច​គ្រាប់ស្ពៃ ​ដែល​ធ្លាក់​អំពីចុង​ដែកស្រួច តថាគត​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​ពោល​វាចា​មិន​ទ្រគោះ វាចា​ញ៉ាំង​គេ​ឲ្យ​ស្គាល់​ច្បាស់​នូវ​ប្រយោជន៍ ជា​សំដីពិត ​ដែល​មិន​ញ៉ាំង​គេ​ឲ្យ​ចំពាក់​ចិត្ត​តិច​តួច (​ដោយ​អំណាច​ញ៉ាំង​គេ​ឲ្យ​ខឹង) តថាគត ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​មិន​កាន់​យក​ទ្រព្យ​ដែល​គេ​មិន​បាន​ឲ្យ​ ទោះជា​ទ្រព្យវែង​ក្តី​ ខ្លី​ក្តី​ តូច​ក្តី​ ធំ​ក្តី​ ​ល្អ​ ​និង​មិន​ល្អ​ក្តី​ ​ក្នុង​លោក​ តថាគត ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​មិន​មាន​សេចក្តី​ប៉ុនប៉ង​ក្នុង​លោក​នេះ​ក្តី​ ​ក្នុង​លោក​ខាង​មុខ​ក្តី​ តថាគត ​ហៅ​បុគ្គល ​អ្នក​មិន​មាន​សេចក្តី​ប៉ុនប៉ង ប្រាស​ចាក​កិលេស​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​មិន​មាន​សេចក្តី​អាល័យ ​មិន​មាន​ការងឿងឆ្ងល់ ​ព្រោះ​ដឹង​ច្បាស់ តថាគត ​ហៅ​បុគ្គល ​អ្នក​ដល់​នូវ​ធម៌ជា​គ្រឿងឈម​ទៅ​រក​ព្រះនិព្វាន ​ឈ្មោះ​អមតៈ​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ (​កាត់​បង់) អំពើទាំងពីរ ​គឺ​បុណ្យ ១ បាប ១ ​កន្លង​ផុត​នូវ​សង្គធម៌ តថាគត ​ហៅ​បុគ្គល ​អ្នក​មិន​មាន​សេចក្តី​សោក ប្រាស​ចាក​ធូលី ​គឺ​រាគៈ​ជាដើម ជាបុគ្គល​បរិសុទ្ធ​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

តថាគត ​ហៅ​អ្នក​ស្អាត​ដូច​ព្រះចន្ទ្រ ប្រាស​ចាក​មន្ទិល ​មាន​ចិត្ត​ថ្លា ​មិន​ល្អ​ក់​ដោយ​កិលេស ​មាន​តណ្ហា​ក្នុង​ភព​អស់​ហើយ​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​កន្លង​នូវ​ផ្លូវវាង ​គឺ​រាគៈ ​នូវ​ផ្លូវទុគ៌ម ​គឺ​កិលេស ​នូវ​សង្សារវដ្ត ​នូវ​មោហៈ​ជា​អ្នក​ឆ្លង (​នូវ​ឱឃៈ​ទាំង ៤) ​បាន​ដល់​ត្រើយ ​គឺ​ព្រះនិព្វាន ជា​អ្នក​មាន​ឈាន ​មិន​មាន​សេចក្តី​ញាប់ញ័រ ​មិន​មាន​សេចក្តី​សង្ស័យ ​មិន​ប្រកាន់មាំ  ជា​អ្នក​រលត់កិលេស តថាគត ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ លះកាមទាំងឡាយ​ក្នុង​លោក​នេះ​ ជា​អ្នក​មិន​មាន​ផ្ទះ ​បួស​ តថាគត ​ហៅ​បុគ្គល​អ្នក​មាន​កាមរាគៈ​អស់​ហើយ​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​បាន​លះតណ្ហា​ក្នុង​លោក​នេះ​ ជា​អ្នក​មិន​មាន​ផ្ទះ តថាគត ​ហៅ​បុគ្គល​ដែល​មាន​តណ្ហា ​និង​ភព​អស់​ហើយ​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ លះយោគៈ [អាយុ ​និង​កាមគុណប្រាំ ។ អដ្ឋកថា ។] ជា​របស់​មនុស្ស ​កន្លង​ផុត​នូវ​យោគៈ [អាយុ ​និង​កាមគុណប្រាំ ។ អដ្ឋកថា ។] ​របស់​ទិព្វ តថាគត ​ហៅ​បុគ្គល​ដែល​ប្រាស​ចាក​យោគៈ​ទាំង​អស់​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

តថាគត ​ហៅ​បុគ្គល​អ្នក​លះ​សេចក្តី​ត្រេកអរ (​ក្នុង​កាមគុណ) ​និង​សេចក្តី​អផ្សុក ​មាន​ចិត្ត​ត្រជាក់ ​មិន​មាន​ឧបធិ គ្របសង្កត់​នូវ​លោក​ទាំង​អស់​ ជា​អ្នក​មាន​ព្យាយាម​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​បាន​ដឹង​ច្បាស់​នូវ​ចុតិ ​និង​បដិសន្ធិ​របស់​សត្វ​ទាំងឡាយ ​ដោយ​សព្វគ្រប់ តថាគត​ហៅ​បុគ្គល​អ្នក​មិន​ជាប់​ចំពាក់ ​មាន​ដំណើរ​ល្អ​ ត្រាស់​ដឹង​សច្ចៈធម៌​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

ទេវតា គន្ធព ​និង​មនុស្សទាំងឡាយ ​មិន​ដឹង​គតិ​របស់​បុគ្គល​ណា​ តថាគត ​ហៅ​បុគ្គល​ដែល​អស់​អាសវៈ​ហើយ​ ឆ្ងាយ​ចាក​កិលេស​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​មិន​មាន​សេចក្តី​កង្វល់ ​គឺ​កិលេស ​មាន​រាគៈ​ជាដើម ​ក្នុង​អតីតក្ខន្ធ អនាគតក្ខន្ធ ​និង​បច្ចុប្បន្នក្ខន្ធ តថាគត ​ហៅ​បុគ្គល ​ដែល​មិន​មាន​គ្រឿង​កង្វល់ ​មិន​មាន​ការប្រកាន់​ស្អិត​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

តថាគត ​ហៅ​បុគ្គល​អ្នក​អង់អាច ​ដូច​គោឧសភ ​អ្នក​ប្រសើរ ​មាន​ប្រាជ្ញា ស្វែង​រក​គុណ​ដ៏​ធំ ​មាន​ជ័យ​ជំនះ​មិន​មាន​សេចក្តី​ញាប់ញ័រ ងូតលាង (​នូវ​កិលេស) ត្រាស់​ដឹង​សច្ចៈធម៌​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​បុព្វេនិវាស​ផង​ ឃើញឋានសួគ៌ ​និង​អ​បាយ​ផង​ ទាំង​ដល់​នូវ​ធម៌​ជា​ទី​ក្ស័យ​នៃ​ជាតិ តថាគត​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍ ។

នាម ​និង​គោត្រណា ​ដែល​គេ​បាន​កំណត់ទុក​ហើយ​ (ថាព្រាហ្មណ៍ ក្សត្រិយ៍) ​នេះ​គ្រាន់​តែជា​ឈ្មោះ​ (ជាបញ្ញត្តិវោហារ) ​ក្នុង​លោក (​ព្រោះ​នាម ​និង​គោត្រ​នោះ​) ​គឺ​ពួក​ញាតិ​សាលោហិត​ ​បាន​ផ្សំផ្គុំ​កំណត់​ទុក​ហើយ​ ​ក្នុង​កាល​ដែល​កើត​មក​នោះ​ ៗ ។

ទិដ្ឋិ​របស់​ពួក​ជន​ដែល​មិន​ដឹង​ តែងដេកត្រាំ​អស់​កាល​អង្វែង ​ពួក​ជន​ដែល​មិន​ដឹង​ហឹ្នង​ឯង​ តែង​នាំ​គ្នានិយាយ​ថា បុគ្គល​ឈ្មោះ​ថាព្រាហ្មណ៍ ​ព្រោះ​ជាតិ ។ បុគ្គល​មិន​មែន​ឈ្មោះ​ថា​ព្រាហ្មណ៍​ព្រោះ​ជាតិទេ បុគ្គល​មិន​មែន​ព្រាហ្មណ៍ ​ក៏​មិន​មែន​ព្រោះ​ជាតិដែរ បុគ្គល​ឈ្មោះ​ថាព្រាហ្មណ៍ ​ព្រោះ​កម្ម (ការងារ) ​ឈ្មោះ​ថា ​មិន​មែន​ព្រាហ្មណ៍ ​ក៏​ព្រោះ​កម្ម ។

បុគ្គល​ឈ្មោះ​ថា ​អ្នក​ភ្ជួររាស់ ​ព្រោះ​កម្ម ​ឈ្មោះ​ថា ​អ្នក​មាន​សិល្បសាស្រ្ត ​ក៏​ព្រោះ​កម្ម ​ឈ្មោះ​ថា ​អ្នក​ជំនួញ ​ក៏​ព្រោះ​កម្ម ​ឈ្មោះ​ថា ​អ្នក​បំរើ ​ក៏​ព្រោះ​កម្ម ។

បុគ្គល​ឈ្មោះ​ថាចោរ ​ព្រោះ​កម្ម ​ឈ្មោះ​ថា​យោធាជីវៈ ​ក៏​ព្រោះ​កម្ម ​ឈ្មោះ​ថា​យាជកៈ (​អ្នក​បូជា) ​ក៏​ព្រោះ​កម្ម ​ឈ្មោះ​ថា​ស្តេច ​ក៏​ព្រោះ​កម្ម ។

បណ្ឌិត​ទាំងឡាយ ​អ្នក​ឃើញ​បដិច្ចសមុប្បាទ (ថាវត្ថុ​យ៉ាង​នេះ​ ​កើត​ឡើង​ដោយ​បច្ច័យ​នេះ​) ឈ្លាសវៃ​ក្នុង​កម្ម ​និង​វិបាក ​រមែង​ឃើញ​កម្មនុ៎ះ តាម​សេចក្តី​ពិតយ៉ាង​នេះ​ ។

លោក​រមែង​ប្រព្រឹត្ត​ទៅ​ព្រោះ​កម្ម ប្រជាជន ​ក៏​ប្រព្រឹត្ត​ទៅ​ ​ព្រោះ​កម្ម ​ពួក​សត្វ​ជាប់ចំពាក់​ដោយ​កម្ម (ទើបប្រព្រឹត្ត​ទៅ​បាន​) ​ដូច​ភ្លៅ​នៃ​រថ​ដែល​វិល​ទៅ​ ។

បុគ្គល​ឈ្មោះ​ថាព្រាហ្មណ៍​បាន​ ​ដោយ​កម្ម​នេះ​ ​គឺ​តបធម៌ (ការសង្រួម​ឥន្រ្ទិយ) ១ ព្រហ្មចរិយៈ (ការប្រព្រឹត្តិ​ប្រសើរ) ១ សញ្ញមៈ (ការសង្រួម​ក្នុង​សីល) ១ ទមៈ (ការទូន្មាន) ១ កម្ម​ដ៏​ឧត្តម​នេះ​ឯង​ ​ដែល​ធ្វើ​ឲ្យ​ទៅ​ជា​ព្រាហ្មណ៍ បុគ្គល​អ្នក​បរិបូណ៌​ដោយ​វិជ្ជា ៣ ប្រការ ជា​អ្នក​ស្ងប់ ​មាន​ភពថ្មី​អស់​ហើយ​ ទើប​ឈ្មោះ​ថាព្រះព្រហ្ម ​ឈ្មោះ​ថា​ព្រះឥន្ទ ​របស់​អ្នក​ប្រាជ្ញ​ទាំងឡាយ ​ម្នាល​វាសេដ្ឋៈ ​អ្នក​ចូរ​ដឹង​យ៉ាង​នេះ​ចុះ ។

[៧០] កាល​ដែល​ព្រះ​មាន​ព្រះភាគ សំដែងយ៉ាង​នេះ​ហើយ​ វាសេដ្ឋមាណព ​និង​ភារទ្វាជមាណព ​ក៏​សរសើរ​ព្រះ​មាន​ព្រះភាគ​យ៉ាង​នេះ​ថា​ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន​ ច្បាស់​ណាស់ ។បេ។ ​សូម​ព្រះ​គោតម​ដ៏​ចម្រើន​ ចំណាំ​នូវ​ពួក​យើង ​ថា​ជា​ឧ​បាសក ​អ្នក​ដល់​សរណគមន៍​សើ្ម​ដោយ​ជីវិត ​ក្នុង​កាល​តាំងអំពី​ថ្ងៃ​នេះ​ ជា​ដើមតរៀង​ទៅ​ ។

ចប់ វាសេដ្ឋសូត្រ ​ទី​៩ ។

កោកាលិកសូត្រ ​ទី​១០

[កែប្រែ]

[៧១] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេតពន ​របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី ។ គ្រា​នោះ​ កោកាលិក​ភិក្ខុ​ ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ ​លុះ​ចូល​ទៅ​ដល់​ ក្រាបថ្វាយបង្គំ​ព្រះ​មាន​ព្រះភាគ ​ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ​ ។ កោកាលិក​ភិក្ខុ​ ​លុះ​អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ​ ក្រាបបង្គំទូល​ព្រះ​មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ សារីបុត្ត ​និង​មោគ្គល្លាន ជា​អ្នក​មាន​សេចក្តី​ប្រាថ្នាលាមក ​លុះ​ក្នុង​អំណាច​នៃ​សេចក្តី​ប្រាថ្នាលាមក ។

[៧២] ​លុះ​កោកាលិក​ភិក្ខុ​ ក្រាបបង្គំទូលយ៉ាង​នេះ​ហើយ​ ទើប​ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​នឹង​កោកាលិក​ភិក្ខុ​ដូច្នេះថា នែ​កោកាលិក ​អ្នក​កុំ​ពោល​យ៉ាង​នេះ​ឡើយ​ នែ​កោកាលិក ​អ្នក​កុំ​ពោល​យ៉ាង​នេះ​ឡើយ​ នែ​កោកាលិក ​អ្នក​ចូរ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថា្ល ​ក្នុង​សារីបុត្ត ​និង​មោគ្គល្លាន​ចុះ ដ្បិតសារីបុត្ត ​និង​មោគ្គល្លាន ​មាន​សីល​ជា​ទី​ស្រឡាញ់ ។ កោកាលិក​ភិក្ខុ​ ក្រាបបង្គំ​ទូល​ព្រះ​មាន​ព្រះភាគ ជាគំរប់ពីរ​ដងទៀត ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ព្រះ​មាន​ព្រះភាគ ​គួរ​ខ្ញុំ​ព្រះអង្គជឿ ​គួរ​ខ្ញុំ​ព្រះអង្គ​ចូល​ចិត្ត​ ពិតមែន តែថា សារីបុត្ត ​និង​មោគ្គល្លាន ជា​អ្នក​មាន​សេចក្តី​ប្រាថ្នាលាមក ​លុះ​អំណាច​នៃ​សេចក្តី​ប្រាថ្នា​លាមក ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​នឹង​កោ​កាលិក​ភិក្ខុ​ ជាគំរប់ពីរ​ដងទៀត ដូច្នេះថា នែ​កោកាលិក ​អ្នក​កុំ​ពោល​យ៉ាង​នេះ​ឡើយ​ នែ​កោកាលិក ​អ្នក​កុំ​ពោល​យ៉ាង​នេះ​ឡើយ​ នែ​កោកាលិក ​អ្នក​ចូរ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា ​ក្នុង​សារីបុត្ត ​និង​មោគ្គល្លាន​ចុះ ដ្បិតសារីបុត្ត ​និង​មោគ្គល្លាន ​មាន​សីល​ជា​ទី​ស្រឡាញ់ ។ កោកាលិក​ភិក្ខុ​ ក្រាបបង្គំទូល​ព្រះ​មាន​ព្រះភាគ ជាគំរប់​បីដង​ទៀត ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ព្រះ​មាន​ព្រះភាគ ​គួរ​ខ្ញុំ​ព្រះអង្គ​ជឿ ​គួរ​ខ្ញុំ​ព្រះអង្គ​ចូល​ចិត្ត​ ពិតមែន តែថា​សារីបុត្ត ​និង​មោគ្គល្លាន ជា​អ្នក​មាន​សេចក្តី​ប្រាថ្នាលាមក ​លុះ​អំណាច​នៃ​សេចក្តី​ប្រាថ្នាលាមក ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​នឹង​កោកាលិក​ភិក្ខុ​ ជាគំរប់​បីដងទៀត ដូច្នេះថា នែ​កោកាលិក ​អ្នក​កុំ​ពោល​យ៉ាង​នេះ​ឡើយ​ នែកោកាលិក ​អ្នក​កុំ​ពោល​យ៉ាង​នេះ​ឡើយ​ នែ​កោកាលិក ​ចូរ​អ្នក​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​សារីបុត្ត​ ​និង​មោគ្គល្លាន​ចុះ ដ្បិតសារីបុត្ត​ ​និង​មោគ្គល្លាន ​មាន​សីល​ជា​ទី​ស្រឡាញ់​ ។ គ្រា​នោះ​ កោកាលិក​ភិក្ខុ​ ក្រោក​ចាក​អាសនៈ ក្រាបថ្វាយ​បង្គំ​ព្រះ​មាន​ព្រះភាគ ​ធ្វើ​ប្រទក្សិណ ​ហើយ​ចៀស​ចេញ​ទៅ​ ។ កាល​កោកាលិក​ភិក្ខុ​ ចៀស​ចេញ​ទៅ​មិន​យូរប៉ុន្មាន ស្រាប់តែ​រាងកាយ​ទាំងមូល ​មាន​ពក​ប្រមាណប៉ុន​គ្រាប់ស្ពៃ ដុះ​ដោរ​ឡើង​ ។ ពកប្រមាណ​ប៉ុន​គ្រាប់ស្ពៃ ​ក៏​ធំ​ឡើង​ប៉ុនគ្រាប់​សណ្តែក​បាយ​ ។ ពក​ប្រមាណ​ប៉ុនគ្រាប់​សណ្តែក​បាយ​ ​ក៏​ធំ​ឡើង​ប៉ុនគ្រាប់​សណ្តែកខ្មៅ ។ ពក​ប្រមាណប៉ុន​គ្រាប់​សណ្តែកខ្មៅ ​ក៏​ធំ​ឡើង​ប៉ុនគ្រាប់​ផ្លែពុទ្រា ។ ពក​ប្រមាណ​ប៉ុនគ្រាប់​ផ្លែពុទ្រា ​ក៏​ធំ​ឡើង​ប៉ុនផ្លែពុទ្រា ។ ពក​ប្រមាណ​ប៉ុនផ្លែពុទ្រា ​ក៏​ធំ​ឡើង​ប៉ុនផ្លែសម៉ ។ ពកប្រមាណ​ប៉ុនផ្លែសម៉ ​ក៏​ធំ​ឡើង​ប៉ុនក្តឹបព្នៅ ។ ពកប្រមាណ​ប៉ុនក្តឹបព្នៅ ​ក៏​ធំ​ឡើង​ប៉ុនផ្លែព្នៅ ។​ ពកប្រមាណ​ប៉ុនផ្លែព្នៅ ​ក៏​បែក (ពេញ​ទាំងសរីរៈ) ។ ខ្ទុះ ​និង​ឈាម ​ក៏​ហូរហៀរ​ចេញ​ ។ លំដាប់​នោះ​ កោកាលិក​ភិក្ខុ​ ​ក៏​ធ្វើ​មរណៈ​ដោយ​អាពាធ​នោះ​ឯង​ ។ កោកាលិក​ភិក្ខុ​ ​លុះ​ធ្វើ​មរណកាល​ហើយ​ ​ក៏​ទៅ​កើត​ក្នុង​បទុមន​រក​ ​ព្រោះ​ចង​ចិត្ត​អាឃាត​ក្នុង​ព្រះសារីបុត្ត​ ​និង​ព្រះមោគ្គល្លាន ។ គ្រា​នោះ​ រាត្រី​បឋមយាម​កន្លង​ទៅ​ សហម្បតីព្រហ្ម ​មាន​រស្មី​រុងរឿង បណ្តាល​វត្តជេតពន​ជុំ​វិញ​ទាំង​អស់​ ​ឲ្យ​ភ្លឺច្រាល ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ ​លុះ​ចូល​ទៅ​ដល់​ ក្រាបថ្វាយបង្គំ​ព្រះ​មាន​ព្រះភាគ ​ហើយ​ឋិត​នៅ​ក្នុង​ទី​សម​គួរ​ ។ សហម្បតីព្រហ្ម ​លុះ​ឋិត​នៅ​ក្នុង​ទី​សម​គួរ​ហើយ​ ក្រាបបង្គំ​ទូល​ព្រះ​មាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏​ចម្រើន​ កោកាលិក​ភិក្ខុ​ ​ធ្វើ​មរណកាល​ហើយ​ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ កោកាលិក​ភិក្ខុ​ ​លុះ​ធ្វើ​មរណកាល​ហើយ​ ​ក៏​ទៅ​កើត​ក្នុង​បទុមន​រក​ ​ព្រោះ​ចង​ចិត្ត​អាឃាត ​ក្នុង​ព្រះសារីបុត្ត ​និង​ព្រះមោគ្គល្លាន ។ សហម្បតីព្រហ្ម ក្រាបបង្គំ​ទូល​សេចក្តី​នេះ​រួច​ហើយ​ ​លុះ​ពោល​ពាក្យ​នេះ​ហើយ​ ​ធ្វើ​ប្រទក្សិណ ​រួច​ក៏​បាត់​ទៅ​ក្នុង​ទី​នោះ​ឯង​ ។ គ្រា​នោះ​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ព្រះ​មាន​ព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា ​ម្នាល​ភិក្ខុ​ទាំងឡាយ យប់មិញ​នេះ​ នារាត្រី​បឋមយាម​កន្លង​ទៅ​ហើយ​ សហម្បតីព្រហ្ម ។បេ។ ​ម្នាល​ភិក្ខុ​ទាំងឡាយ សហម្បតីព្រហ្ម ​បាន​ពោល​ពាក្យ​នេះ​ ​លុះ​ពោល​ពាក្យ​នេះ​ហើយ​ ​ធ្វើ​ប្រទក្សិណ ​រួច​ក៏​បាត់​ទៅ​ក្នុង​ទី​នោះ​ឯង​ ។

[៧៣] កាលព្រះ​មាន​ព្រះភាគ ត្រាស់យ៉ាង​នេះ​ហើយ​ ​ភិក្ខុ​ ១ រូប ក្រាបបង្គំ​ទូល​ព្រះ​មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ប្រមាណ​នៃ​អាយុ​ក្នុង​បទុមន​រក​ តើយូរ​អង្វែងយ៉ាង​ណា​ទៅ​ ។ ​ម្នាល​ភិក្ខុ​ ប្រមាណ​នៃ​អាយុ​ក្នុង​បទុមន​រក​ យូរអង្វែង​ណាស់ ប្រមាណ​នោះ​ បុគ្គល​មិន​ងាយ​នឹង​រាប់​បាន​ថា ប៉ុណ្ណេះឆ្នាំ ឬប៉ុណ្ណោះ​រយឆ្នាំ ប៉ុណ្ណេះ​ពាន់ឆ្នាំ ឬប៉ុណ្ណេះ​សែនឆ្នាំ​ឡើយ​ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ព្រះអង្គ​អាច​នឹង​ធ្វើ​សេចក្តី​ឧបមា​បាន​ដែរឬ ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ តថាគត​អាច​នឹង​ធ្វើ​បាន​ ​ម្នាល​ភិក្ខុ​ ​ដូច​រទេះ​សម្រាប់ផ្ទុក​គ្រាប់ល្ង​របស់​អ្នក​ដែនកោសល ​មាន​ចំណុះ ២០ ខារី [រាប់​តាមលំដាប់​យ៉ាង​នេះ​ ៤ នាឡិ​អ្នក​ស្រុក​មគធៈ ជា ១នាឡិ​នៃ​អ្នក​ស្រុក​កោសល, ៤នាឡិ​អ្នក​ស្រុក​កោសល ជា ១អាឡ្ហក, ៤អាឡ្ហក ​គឺ​១៦នាឡិ ជា១ទោណ, ៤ទោណ ​គឺ​៦៤នាឡិ ជា១មានិកា, ៤មានិកា ​គឺ​២៥៦នាឡិ ជា១ខារី ១អម្រែក, ២០ខារី ​គឺ​ ៥១២០នាឡិ ជា១តិសវាហៈ(១រទេះ) ។] ​មាន​បុរសម្នាក់ ​លុះ​កន្លង​ទៅ​ ១ រយឆ្នាំ ១ ពាន់ឆ្នាំ ១ សែនឆ្នាំ ទើបរើស​គ្រាប់ល្ង ម្តង​មួយ​គ្រាប់ ៗ អំពីរទេះ​នោះ​ ​ម្នាល​ភិក្ខុ​ រទេះសម្រាប់​ផ្ទុកគ្រាប់ល្ង ​របស់​អ្នក​ដែន​កោសល ចំណុះ ២០ ខារី​នោះ​ ​ដល់​នូវ​ការ​អស់​ទៅ​ដោយ​ព្យាយាម​នេះ​ ឆាប់ជាង​ ឯកាលយូរ​អង្វែង​របស់​អព្វុទន​រក​មួយ​ [ជា​ឈ្មោះ​របស់​ន​រក​១រណ្តៅ ​ដែល​សត្វ​​ត្រូវ​​រងទុក្ខយូរអង្វែង​ រាប់​ដោយ​រយសែន​ពិន្ទុ (ឆ្នាំ) បើរាប់តាម​សំខ្យា ​មាន​ចំនួន ៥៦ពិន្ទុ ទើបជាអព្វុទៈ១ (ប្រហែល ៨កោដិឆ្នាំ) ។ អដ្ឋកថា អភិធាន កច្ចាយនូបត្ថម្ភកៈ (តទ្ធិត) ។] ​មិន​ងាយ​នឹង​ដល់​នូវ​ការ​អស់​បាន​ឡើយ​ ​ម្នាល​ភិក្ខុ​ អព្វុទន​រក​ [តាំងអំពី​ត្រឹមអព្វុទៈ​រៀង​ទៅ​ ​យក​២០គុណ ដរាប​ដល់​ន​រក​ឈ្មោះ​បទុម​នោះ​ ។ (បាលីទាំង​អដ្ឋកថា កច្ចាយនូបត្ថម្ភកៈ) ។] ២០ ដង (យូរ) យ៉ាងណា និរព្វុទន​រក​តែ​មួយ​ ​ក៏​យ៉ាង​នោះ​ដែរ​ ​ម្នាល​ភិក្ខុ​ ​និរព្វុទន​រក​ ២០ ដង យូរ​យ៉ាងណា អពពន​រក​តែ​មួយ​ ​ក៏​យ៉ាង​នោះ​ដែរ ​ម្នាល​ភិក្ខុ​ អពពន​រក​ ២០ ដង យូរយ៉ាងណា អហហន​រក​តែ​មួយ​ ​ក៏​យូរ​យ៉ាង​នោះ​ដែរ ​ម្នាល​ភិក្ខុ​ អហហន​រក​ ២០ ដង (យូរ) យ៉ាងណា អដដន​រក​តែ​មួយ​ ​ក៏​យូរយ៉ាង​នោះ​ដែរ ​ម្នាល​ភិក្ខុ​ អដដន​រក​ ២០ ដង (យូរ) យ៉ាងណា កុមុទន​រក​តែ​មួយ​ ​ក៏​យូរយ៉ាង​នោះ​ដែរ ​ម្នាល​ភិក្ខុ​ កុមុទន​រក​ ២០ ដង (យូរ) យ៉ាងណា សោគន្ធិកន​រក​តែ​មួយ​ ​ក៏​យូរ​យ៉ាង​នោះ​ដែរ ​ម្នាល​ភិក្ខុ​ សោគន្ធិកន​រក​ ២០ ដង (យូរ) យ៉ា់ងណា ឧប្បលន​រក​តែ​មួយ​ ​ក៏​យូរ​យ៉ាង​នោះ​ដែរ ​ម្នាល​ភិក្ខុ​ ឧប្បលន​រក​ ២០ ដង (យូរ) យ៉ាងណា បុណ្ឌរីកន​រក​តែ​មួយ​ ​ក៏​យូរ​យ៉ាង​នោះ​ដែរ ​ម្នាល​ភិក្ខុ​ បុណ្ឌរីកន​រក​ ២០ ដង (យូរ) យ៉ាងណា បទុមន​រក​តែ​មួយ​ ​ក៏​យូរ​យ៉ាង​នោះ​ដែរ ​ម្នាល​ភិក្ខុ​ ឯកោកាលិក​ភិក្ខុ​ ចូល​ទៅ​កើត​ក្នុង​បទុមន​រក​ (​នោះ​) ​ព្រោះ​ចង​ចិត្ត​អាឃាត​ ​ក្នុង​សារីបុត្ត ​និង​មោគ្គលា្លន ។

ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់ព្រះពុទ្ធដីការ​នេះ​ ព្រះសុគត​ជាសាស្តា ​លុះ​ទ្រង់​ត្រាស់​ព្រះពុទ្ធដីកា​នេះ​រួច​ហើយ​ ទើប​ទ្រង់​ត្រាស់​គាថាព័ន្ធ ត​ទៅ​ទៀតថា

[៧៤] បុគ្គលពាល ​ពោល​ពាក្យ​ទុព្ភាសិត ​រមែង​កាត់​នូវ​ឫស​គល់​នៃ​ខ្លួន (កុសលមូល) ​ដោយ​ផរុស​វាចាណា វាចា (​នោះ​) ​ដូច​ជា​ដឹង​ចាំង ​កើត​ក្នុង​មាត់​នៃ​បុរស (​នោះ​) ។ ​បុគ្គល​ណា​ សរសើរ​នូវ​បុគ្គល​ដែល​គួរ​និន្ទា ឬនិន្ទា​នូវ​បុគ្គល​ដែល​គួរ​សរសើរ​វិញ​ បុគ្គល​នោះ​ ​ឈ្មោះ​ថា​សន្សំ​នូវ​ទោស​កំហុស​ដោយ​មាត់ ​មិន​បាន​នូវ​សេចក្តី​សុខ ​ដោយ​ទោស​កំហុស​នោះ​ទេ ។​ កិរិយា​ចាញ់​ដោយ​ទ្រព្យទាំង​អស់​ ឬជា​មួយ​នឹង​ខ្លួន​ផង​ ​ព្រោះ​ល្បែង​ភ្នាល់ទាំងឡាយ​ណា ការចាញ់​នេះ​ ជាទោស​កំហុស ​មាន​ប្រមាណ​តិច​ទេ ​បុគ្គល​ណា​ ​ធ្វើ​ចិត្ត​ប្រទូស្ត​ក្នុង​ព្រះសុគត ​គឺ​ព្រះសម្មាសម្ពុទ្ធ បច្ចេកពុទ្ធ ពុទ្ធសាវ័ក ការ​ប្រទូស្ត​នេះ​ឯង​ ជាទោស​កំហុសធំជាង ។

បុគ្គលតិះដៀលព្រះអរិយៈ ដំកល់​វាចា​ចិត្ត​លាមក ​រមែង​ចូល​ទៅ​កាន់​បទុមន​រក​ ​អស់​កាល​ណា កាល​នោះ​ កំណត់ ១ សែននិរព្វុទៈ​ ៣៦ ​និង​ ៥ អព្វុទន​រក​ទៀត ។

បុគ្គល​ណា​ ​ពោល​ពាក្យ​មិន​ពិត ឬ​បុគ្គល​ណា​ធ្វើ​ហើយ​ និយាយថា អាត្មាអញ​មិន​ធ្វើ​វិញ​ ​រមែង​ទៅ​ន​រក​ បុគ្គលទាំងពីរ​ពួក​នោះ​ ជាមនុស្ស​មាន​កម្ម​ដ៏​ថោកទាប ​លុះ​លះ​អត្តភាព​នេះ​ទៅ​ ​រមែង​ស្មើគ្នា ​ក្នុង​លោក​ខាង​មុខ ។

បុគ្គល​ណា​ ប្រទូស្តចំពោះជន​ដែល​មិន​ប្រទូស្ត ជាបុរស​បរិសុទ្ធ ​មិន​មាន​កិលេស បាប​រមែង​ត្រឡប់​​ត្រូវ​បុគ្គល​ពាល​នោះ​វិញ​ ​ដូច​ជាធូលី​ដ៏​ល្អិត ​ដែល​បុគ្គល​បាច​ទៅ​កាន់​ទី​ច្រាសខ្យល់ ។

បុគ្គល​ណា​ ប្រកបរឿយ ៗ ​ក្នុង​លោភគុណ (តណ្ហា) បុគ្គល​នោះ​ ​មិន​មាន​សទ្ធា ​មាន​តែ​សេចក្តី​កំណាញ់​ស្វិតស្វាញ ​មិន​ស្គាល់​ពាក្យ​ឱវាទ ជា​អ្នក​កំណាញ់ ប្រកបរឿយ ៗ ​ក្នុង​បិសុណាវាចា ​រមែង​តិះ​ដៀល​នូវ​បុគ្គល​​ដទៃ​​ដោយ​ពាក្យ​ ។

ម្នាល​អ្នក​មាន​មាត់អាក្រក់ ​ពោល​ពាក្យ​គ្មានពិត ​មិន​ប្រសើរ​ បំផ្លាញ​នូវ​សេចក្តី​ចម្រើន​ ជាមនុស្ស​លាមក ​ធ្វើ​អំពើ​អាក្រក់ ជាបុរស​ថោកទាប បុរស​ឥតបុណ្យ ​មាន​កំណើត​ថោកទាប ​អ្នក​ឯង​ដូច​ជា​សត្វ​ន​រក​ ​អ្នក​កុំ​និយាយ​ច្រើន​ក្នុង​ទី​នេះ​ឡើយ​ ។ ​អ្នក​រោយ​ចុះ​នូវ​ធូលី​លើ​ខ្លួន ដើម្បី​មិន​ជាប្រយោជន៍ ​អ្នក​តិះដៀល​ពួក​សប្បុរស​ ​ធ្វើ​អំពើអាក្រក់ ប្រព្រឹត្ត​ទុច្ចរិតច្រើន​ប្រការ ​អ្នក​នឹង​ទៅ​កាន់ន​រក​ ​អស់​កាល​យូរអង្វែង ។ កម្ម​របស់​សត្វ​នី​មួយ​ ៗ ​មិន​វិនាសទេ ​សត្វ​ជាម្ចាស់ ​រមែង​បាន​នូវ​កម្ម​នោះ​ ​សត្វ​ល្ងង់ខ្លៅ ​អ្នក​ធ្វើ​កម្ម​អាក្រក់ ឃើញ​នូវ​ទុក្ខចំពោះ​ខ្លួន​ក្នុង​លោក​ខាង​មុខ ។ ​អ្នក​ធ្វើ​អំពើ​អាក្រក់ តែងចូល​ទៅ​កាន់​ចម្រូង​ដែក​ដ៏​មុត ជា​ទី​ដែល​នាយនិរយបាល ចាក់​នឹង​ដែកស្រួច ទាំងដុំដែក​មាន​សណ្ឋាន​ប្រហែល​ផ្លែព្នៅ​ដ៏​ក្តៅ សម​គួរ​ដល់​កម្ម​នោះ​ ជាភោជន (​របស់​សត្វ​ទាំង​នោះ​) ។ ​ពួក​នាយ​និរយបាល កាល​នឹង​ពោល​ ​មិន​ពោល​ពាក្យ​ពីរោះ​ឡើយ​ ​មិន​ស្ទុះ​ទៅ​ដោយ​មុខ​រីករាយ​ ​មិន​មែន​ចូល​ទៅ​ឲ្យ​ជា​ទី​ពឹង​បាន​ទេ ​ឲ្យ​ដេក​លើ​កម្រាល​រងើកភ្លើង បញ្ចូល​ទៅ​កាន់​អណ្តាត​ភ្លើង ​ដែល​ឆេះ​សន្ធោសន្ធៅ ។ ​ពួក​នាយ​និរយបាល ព័ទ្ធ​ដោយ​សំណាញ់ វាយ​ដោយ​ញញួរដែក ​ក្នុង​ទី​នោះ​ ​សត្វ​ន​រក​ ​ដើរ​ទៅ​កាន់ន​រក​ (​ឈ្មោះ​ធូមរោរុព) ងងឹត​ឈ្លប់ ​ដែល​ធ្វើ​ឲ្យ​ខ្វាក់ ន​រក​នោះ​ ធំទូលាយ​ដូច​ជាផ្ទៃ​ផែនដី ។ ​មួយ​វិញ​ទៀត ​សត្វ​ន​រក​ ចូល​ទៅ​កាន់​លោហកុម្ភីន​រក​ ​ដែល​មាន​អណ្តាត​ភ្លើង​ឆេះ​សន្ធោសន្ធៅ ជា​សត្វ​លិច​អណ្តែត ៗ ​ឆេះ​នៅ​ក្នុង​លោហកុម្ភី​នោះ​ ​ដែល​មាន​ភ្លើង​ឆេះ​ជុំ​វិញ​ ​អស់​កាល​យូរអង្វែង ។ បុគ្គល​ធ្វើ​កម្មអាក្រក់ តែង​ឆេះ​នៅ​ក្នុង​លោហកុម្ភីន​រក​នោះ​ ច្រឡំ​ដោយ​ខ្ទុះ​ ​និង​ឈាម តើ​ដូច​ម្តេច ​សត្វ​ន​រក​ទៅ​កាន់​ទិសណាៗ សឹងប៉ះពាល់​ដោយ​ខ្ទុះ ​និង​ឈាម ប្រឡូក​ប្រឡាក់ ​ក្នុង​ទិស​នោះ​ ៗ ។ បុគ្គល​ធ្វើ​កម្មអាក្រក់ តែងរង​ផលកម្ម ​ក្នុង​ទឹក​ (ទង់ដែង) ជា​ទី​នៅ​របស់​ដង្កូវ ​ក្នុង​គូថន​រក​នោះ​ តើ​ដូច​ម្តេច ​ទី​ជម្រាល ​គឺ​ច្រាំង អាច​នឹង​ឡើង​ចុះ​បាន​ ពុំ​មាន​ឡើយ​ ​ព្រោះ​ថា រណ្តៅន​រក​ (​នោះ​) ​មាន​អំបែង​ចោតស្មើ​ជុំ​វិញ​ទាំង​អស់​ ។ ​មួយ​វិញ​ទៀត ​សត្វ​ន​រក​ ចូល​ទៅ​កាន់​ព្រៃ​ឈើ ​មាន​ស្លឹក​ជាដាវ​ដ៏​មុត ​មាន​ខ្លួន​មុតជាប់​សព្វ​អន្លើ​ដោយ​ដាវ​នោះ​ នាយ​និរយបាល ​ក៏​ថ្ពក់ទាញ​អណ្តាត​ដោយ​ផ្លែសន្ទូច ​ហើយ​កាប់​សំឡាប់​ហើយ​ សំឡាប់ទៀត ។ តពី​នោះ​ ​សត្វ​ន​រក​ស្ទុះ​ចូល​ទៅ​កាន់ស្ទឹង​ទឹក​ផ្សា (​ទឹក​ក្រុត) ​ដែល​សត្វ​ហែល​ទៅ​បាន​ដោយ​កម្រ ឬ​ស្ទុះ​ចូល​ទៅ​កាន់​មុខកាំបិតកោរ ​មាន​មុខ​ដ៏​មុត ​សត្វ​ល្ងង់ខ្លៅ ជា​អ្នក​ធ្វើ​អំពើលាមក ​លុះ​ធ្វើ​អំពើ​លាមក​ទាំងឡាយ​ហើយ​ ​រមែង​ធ្លាក់​ទៅ​ក្នុង​ន​រក​នោះ​ ។​ ហ្វូងក្អែកខ្មៅ ហ្វូងឆ្កែ​សម្បុរលឿង សម្បុរ​ពព្រុះ ហ្វូងចចក ហ្វូងត្មាត ហ្វូងតាដក់ ហ្វូងក្អែកស តែងចឹក​ជញ្ជែងស៊ីរូង (​នូវ​សត្វ​ន​រក​) ​ដែល​កំពុង​ស្រែកយំ ​ក្នុង​ន​រក​នោះ​ ។ ជន​អ្នក​ធ្វើ​នូវ​កម្មអាក្រក់ ឃើញ​នូវ​សេចក្តី​ប្រព្រឹត្តណា ​សេចក្តី​ប្រព្រឹត្ត​ក្នុង​ន​រក​នេះ​ ជាការ​លំបាកមែន ​ព្រោះ​ហេតុ​នោះ​ កាលបើ​មាន​ជីវិតរស់​នៅ​ក្នុង​លោក​នេះ​ នរជន ​គប្បី​ធ្វើ​កិច្ច​កុំ​ប្រមាទ​ឡើយ​ ។ ​ពួក​សត្វ​ណា ចូល​ទៅ​កើត​ក្នុង​បទុមន​រក​ ​អស់​ ១ នហុត (​មួយ​រយសែន​កោដិប្បកោដិ) ​និង​ ៥ កោដិឆ្នាំ​ទៀត ឬ​អស់​ ១២ រយកោដិ​​ដទៃ​ទៀត ​ពួក​សត្វ​ន​រក​ទាំង​នោះ​ ​អ្នក​ប្រាជ្ញ​ទាំងឡាយ រាប់​ហើយ​ដោយ​រទេះល្ង ។ ​សេចក្តី​ទុក្ខ​ក្នុង​ន​រក​ ​ដែល​លោក​ពោល​ហើយ​ក្នុង​ទី​នេះ​ យូរត្រឹមណា កោកាលិក​ភិក្ខុ​ ​គប្បី​នៅ​ក្នុង​ន​រក​នោះ​ ​អស់​កាល​យូរត្រឹម​នោះ​ ​ព្រោះ​ហេតុ​នោះ​ បុគ្គល​គប្បី​រក្សា​វាចា​ចិត្ត​ឲ្យ​ល្អ​ជា​ប្រក្រតី ​ក្នុង​គុណ​ដ៏​ប្រពៃ ​គឺ​សេចក្តី​ស្អាត​ ​និង​សីល​ជា​ទី​ស្រឡាញ់ចុះ ។

ចប់ កោកាលិកសូត្រ ​ទី​១០ ។

នាឡកសូត្រ ​ទី​១១

[កែប្រែ]

[៧៥] អសិតឥសី សម្រាក​នៅ​ក្នុង​ទិវាវិហារ ​បាន​ឃើញ​នូវ​ពួក​ទេវតា​ជាន់​តាវត្តិង្ស ​មាន​សេចក្តី​សោមនស្ស​រីករាយ​ផង​ ​នូវ​សក្កទេវរាជ ជាធំជាង​ទេវតា​ផង​ ​នូវ​ពួក​ទេវតា​ដែល​ស្លៀក​សំពត់​ស្អាត​ផង​ កាន់​នូវ​សំពត់ ​ហើយ​សរសើរ​ក្រៃពេក ។ ​លុះ​ឃើញ​ទេវតា (ទាំង​នោះ​) ​មាន​ចិត្ត​រីករាយ​ ​មាន​ចិត្ត​ខ្ពស់​ឡើង​ ​ក៏​ធ្វើ​នូវ​សេចក្តី​អើពើ ​សួរ​ដូច្នេះ​ថា ​ពួក​ទេវតា​ក្នុង​ជាន់​តាវត្តិង្ស​នោះ​ ​មាន​សភាព​រីករាយ​ក្រៃពេក ​ព្រោះ​ហេតុអ្វី ​អ្នក​ទាំងឡាយ កាន់​សំពត់ ​ត្រេកអរ ​ព្រោះ​អាស្រ័យ​ហេតុអ្វី ។ (អសិតឥសី ​ដឹង​ថា) ​ក្នុង​វេលា​ណា ​មាន​សង្គ្រាម​ជា​មួយ​ពួក​អសុរ ជ័យ​ជំនះ​មាន​ដល់​ពួក​ទេវតា ​ពួក​អសុរចាញ់ ​ក្នុង​វេលា​នោះ​ ​ពួក​ទេវតា​ក៏​មិន​មាន​ការ​ព្រឺរោម​ប្រាកដ​ដូច្នោះ​ឡើយ​ ​ពួក​ទេវតា​ត្រេកអរ​រីករាយ​ ​ព្រោះ​ឃើញ​នូវ​ហេតុ​ចំឡែក​ដូច​ម្តេច ។ ​ពួក​ទេវតា​ហួច​ផង​ ច្រៀង​ផង​ ប្រគំ​ផង​ ទះដៃ​ទាំងសង​ខាង​ផង​ រាំ​ផង​ ថា នែទេវតា​ទាំងឡាយ ជាបុគ្គល​និរទុក្ខ ​ខ្ញុំ​សួរ​អ្នក​ទាំងឡាយ​ដែល​នៅ​លើ​កំពូល​ភ្នំមេរុ ​គឺ​ជាន់​តាវត្តិង្ស (​នេះ​) ​សូម​អ្នក​ទាំងឡាយ ​បន្ទោបង់​សេចក្តី​សង្ស័យ​របស់​ខ្ញុំ​ដោយ​ឆាប់ ។ (​ពួក​ទេវតា តបថា) ពោធិ​សត្វ​នោះ​ ​ដូច​ជា​កែវ​ដ៏​ប្រសើរ ឥត​មាន​អ្វី​នឹង​ផ្ទឹម​បាន​ ​ទ្រង់​កើត​ក្នុង​ព្រៃ​លុម្ពិនីវ័ន ​ក្នុង​ជនបទ ជាស្រុក​របស់​ពួក​សក្យៈ ​ក្នុង​មនុស្ស​លោក ដើម្បីជា​ប្រយោជន៍ ​និង​សេចក្តី​សុខ ​ព្រោះ​ហេតុ​នោះ​ ​បាន​ជា​យើង​ខ្ញុំ​មាន​សេចក្តី​ត្រេកអរ ​មាន​សភាព​រីករាយ​ក្រៃពេក ។ ពោធិ​សត្វ​នោះ​ ប្រសើរ​ជាង​សព្វ​សត្វ​ (ទេវតា ​និង​មនុស្ស) ជា​អគ្គបុគ្គល ជានរៈ​អង់អាច ឧត្តម​ជាង​ពួក​សត្វ​ទាំង​អស់​ អាច​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​ ​ក្នុង​ព្រៃ​ឥសិបតនមិគទាយវ័ន ​ដូច​សត្វ​សីហៈ ជា​សត្វ​មាន​កំឡាំង គ្របសង្កត់​នូវ​ពួក​ម្រឹគ បន្លឺ​សីហនាទ​ដែរ ។ អសិតឥសី​នោះ​ ​លុះ​ឮ​សំឡេង​នោះ​ហើយ​ ទើបចុះ​មក​ដោយ​រួសរាន់ ចូលសំដៅ​ទៅ​កាន់​ព្រះដំណាក់​របស់​ព្រះបាទ​សុទ្ធោទនៈ ​ក្នុង​កាល​ណោះ ​លុះ​អង្គុយ​នៅ​ក្នុង​ព្រះដំណាក់​ហើយ​ ​ក៏​សួរ​ពួក​សក្យៈ​ដូច្នេះ​ថា ព្រះរាជកុមារ​នៅ​ឯណា អាត្មាភាព ​ត្រូវ​ការចង់​ឃើញ ។ គ្រា​នោះ​ ​ពួក​សក្យៈ​បង្ហាញ​ព្រះរាជ​កុមារ ជា​រាជឱរស ​មាន​សម្បុរ​រុងរឿង​ដូច​មាស ត្រង់មុខ​បាវ​ដែល​ជាង​មាស​អ្នក​ឈ្លាសវៃ ​ឲ្យ​ដី​ហើយ​ថ្មី ៗ ​មាន​សម្បុរ​ស ​ដ៏​រុងរឿង​ដោយ​សិរី ​មាន​សម្បុរ​មិន​ឱនថយ ​ដល់​អសិតឥសី ។ អសិតឥសី ​លុះ​ឃើញ​ព្រះរាជកុមារ​មាន​សម្បុរ​រុងរឿង​ដូច​អណ្តាត​ភ្លើង ​ដូច​ព្រះចន្ទ្រ​ដ៏​រុងរឿង​ក្នុង​កណ្តាល​ហ្វូង​ផ្កា​យ ឋិត​នៅ​ឰ​ដ៏​អាកាស បរិសុទ្ធ​ដូច​ព្រះអាទិត្យ ផុត​អំពី​ពពក រុងរឿង​ក្នុង​សរទរដូវ ​មាន​សេចក្តី​រីករាយ​ ​បាន​នូវ​បីតិធំ​ទូលាយ ។ ​ពួក​ទេវតា​បាំងឆ័ត្រ​ស ​មាន​ឆ្អឹង​ច្រើន ​មាន​មណ្ឌល​មួយ​ពាន់ (សំរេច​អំពី​មាសឆ្អិន) នា​កណ្តាល​អាកាស ចាមរ​ទាំងឡាយ ​មាន​ដង​ជាវិការៈ​នៃ​មាស សំយុងចុះ ​ពួក​ទេវតា​អ្នក​កាន់​ចាមរ ​និង​ឆ័ត្រ​ក៏​មិន​បា្រកដ​ឡើយ​ ។ ជដិល​ជាឥសី​ឈ្មោះ​កណ្ហសិរី ​លុះ​ឃើញ​ព្រះរាជកុមារ​មាន​រស្មី​រុងរឿង​ដូច​ដុំមាស​លើ​កម្រាល​សំពត់​បណ្ឌុកម្ពល ​ដែល​ពួក​ទេវតា​បាំង​ស្វេតឆ័ត្រ​លើ​ព្រះសិរ្ស​ហើយ​ ​ក៏​មាន​ចិត្ត​អណ្តែត​ខ្ពស់​ឡើង​ ​មាន​ចិត្ត​រីករាយ​ ​ហើយ​ទទួល​យក​ (ព្រះរាជកុមារ​នោះ​) ។ តាបស​នោះ​ ជា​អ្នក​ត្រិះរិះ រំពឹង​នូវ​កាល​ជាអនាគត ជា​អ្នក​ចេះចប់​នូវ​មន្ត​សម្រាប់​ស្គាល់​នូវ​លក្ខណៈ ​លុះ​ទទួល​ព្រះរាជកុមារ​ដ៏​ប្រសើរ ​របស់​ពួក​សក្យៈ​ហើយ​ ​មាន​ចិត្ត​រីករាយ​ បញ្ចេញ​សំណើច​ថា ព្រះរាជកុមារ​នេះ​ ប្រសើរ​ឧត្តមជាង​ពួក​សត្វ​មាន​ជើងពីរ ​គឺ​ទេវតា ​និង​មនុស្ស ។ លំដាប់​នោះ​ កណ្ហសិរី រឭក​ឃើញដំណើរ​របស់​ខ្លួន ​ក៏​មាន​សភាព​មិន​រីករាយ​ ទើបយំ​សម្រក់​ទឹក​ភ្នែក​វិញ​ ​ពួក​សក្យៈ​ឃើញ​ហើយ​ ​ក៏​សួរ​ឥសី ​ដែល​កំពុង​យំថា ​សេចក្តី​អន្តរាយ ​នឹង​មាន​ដល់​ព្រះរាជកុមារ​នៃ​យើង​ឬ ។ ឥសី ​លុះ​ឃើញ​ពួក​សក្យៈ​មិន​រីករាយ​ហើយ​ ទើប​ពោល​ថា អាត្មា​មិន​បាន​រឭក​នូវ​អំពើ​មិន​មែន​ជាប្រយោជន៍​ចំពោះ​ព្រះរាជកុមារ​ឡើយ​ ​មួយ​ទៀត ​សេចក្តី​អន្តរាយ ​នឹង​មិន​មាន​ដល់​ព្រះរាជ​កុមារទេ ព្រះរាជ​កុមារ​នេះ​ ​មិន​ថោក​ថយ​ឡើយ​ ​សូម​អ្នក​ទាំងឡាយ ​មាន​ចិត្ត​រីករាយ​ចុះ ។ ព្រះរាជ​កុមារ​នេះ​ ​នឹង​បាន​ត្រាស់​ដឹង​នូវ​សម្ពោធិញ្ញាណ​ដ៏​ប្រសើរ ព្រះរាជ​កុមារ​នេះ​ ជា​អ្នក​ឃើញ​នូវ​ព្រះនិព្វាន​ដ៏​បរិសុទ្ធ​ក្រៃលែង ព្រះរាជ​កុមារ​នេះ​ ជា​អ្នក​អនុគ្រោះ​នូវ​ប្រយោជន៍​ដល់​ជន​ច្រើន ​នឹង​ញ៉ាំង​ព្រះធម្មចក្រ ​ឲ្យ​ប្រព្រឹត្ត​ទៅ​ ព្រហ្មចរិយៈ ​គឺ​សាសនា​របស់​ព្រះរាជកុមារ​នេះ​ ​នឹង​សាយ​ភាយ​ទៅ​ ។ ឯអាយុ​របស់​អាត្មា ​មិន​បាន​តាំង​នៅ​យូរ ​ក្នុង​មនុស្ស​នេះ​ទេ កាល​កិរិយា​របស់​អាត្មា ​នឹង​មាន​ក្នុង​រវាង (​នេះ​) ​ឯង​ អាត្មា​នឹង​មិន​បាន​ស្តាប់​ធម៌​របស់​ព្រះរាជកុមារ​អ្នក​មាន​ព្យាយាម ​មិន​មាន​អ្នក​ណា​ស្មើ​ឡើយ​ ​ព្រោះ​ហេតុ​នោះ​ ​បាន​ជា​អាត្មាស្តាយ​ក្រោយ ព្រួយ​ចិត្ត​កើត​ទុក្ខ ។ តាបស​អ្នក​មាន​ព្រហ្មចរិយ​ធម៌​នោះ​ ​ញ៉ាំង​បីតិ​ដ៏​ធំទូលាយ ​ឲ្យ​កើត​ឡើង​ដល់​ពួក​សក្យៈ ​ហើយ​ក៏​ចៀស​ចេញ​ អំពី​បរមរាជ​វាំង​ទៅ​ តាបស​នោះ​ ​មាន​សេចក្តី​អនុគ្រោះ​ចំពោះ​ក្មួយ​របស់​ខ្លួន ​ក៏​បបួល​ឲ្យ​កាន់​យក​ធម៌​របស់​មហាបុរស ​អ្នក​មាន​ព្យាយាម ​មិន​មាន​អ្នក​ណាស្មើ ថាបើ​អ្នក​បាន​ឮ​សំឡេងថា ពុទ្ធោ អំពី​សំណាក់​បុគ្គល​ដទៃ​​ហើយ​ (​ត្រូវ​​ដឹង​ថា) មហាបុរស ​ដល់​នូវ​ការ​ត្រាស់​ដឹង​ហើយ​ បើកផ្លូវ​ទៅ​កាន់​ព្រះនិព្វាន​ហើយ​ ​អ្នក​គប្បី​ចូល​ទៅ​សាក​សួរ​លទ្ធិ ​ក្នុង​សំណាក់​នៃ​មហា​បុរស​នោះ​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ​ក្នុង​សំណាក់​ព្រះ​មាន​ព្រះភាគ​នោះ​ចុះ ។ នាឡកកុមារ​នោះ​ ជាបុគ្គល​មាន​បុណ្យ​សន្សំទុក​ហើយ​ ​ដែល​ឥសី​នោះ​ ​មាន​ចិត្ត​ប្រកប​ដោយ​ប្រយោជន៍ ​មិន​ញាប់ញ័រ ឃើញថា ព្រះនិព្វាន​បរិសុទ្ធ​ក្រៃលែង ​ក្នុង​អនាគត ប្រៀនប្រដៅ​ហើយ​ ​ក៏​នៅ​រង់ចាំ​ព្រះជិនស្រី រក្សា​សោតិន្ទ្រិយ ​បួស​ដោយ​ភេទ​នៃ​ខ្លួន​ជាតាបស ។ នាឡកតាបស ​លុះ​ឮ​សំឡេង​គឹកកង (​ដែល​ទេវតា​ទាំងឡាយ ​ធ្វើ​ហើយ​) ​ក្នុង​កាល​ដែល​ព្រះជិនស្រី ​ញ៉ាំង​ចក្រ​ដ៏​ប្រសើរ ​ឲ្យ​ប្រព្រឹត្ត​ទៅ​ ​ក៏​ទៅ​ (កាន់​ទី​នោះ​) ​លុះ​ទៅ​ដល់​ហើយ​ ឃើញ​ព្រះ​មាន​ព្រះភាគ ​ដូច​ឥសី ​ក៏​មាន​ចិត្ត​ជ្រះថ្លា ​បាន​សាក​សួរ​នូវ​មោនេយ្យវត្ត ​គឺ​មគ្គញាណ​ដ៏​ប្រសើរ ​នឹង​ព្រះពុទ្ធ​ជាមុនី​វិសេស តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​អសិតឥសី​ទូន្មាន​ហើយ​ ។

ចប់ វត្ថុកថា ។

[៧៦] នាឡកតាបស ​សួរ​ថា បពិត្រព្រះគោតម ​នេះ​ជា​ពាក្យ​ពិត​របស់​អសិត​តាបស ​ដែល​ខ្ញុំ​ព្រះអង្គ​ដឹង​ហើយ​ ​ព្រោះ​ហេតុ​នោះ​ ​ខ្ញុំ​ព្រះអង្គ​សូម​សួរ​ព្រះអង្គ ​អ្នក​ដល់​ត្រើយ​នៃ​ធម៌ទាំង​ពួង កាលបើ​ខ្ញុំ​ព្រះអង្គ​សួរ​ហើយ​ ​សូម​ព្រះអង្គ​សំដែង​បា្រប់​នូវ​មោនេយ្យប្បដិបទា ជាវត្ត​ដ៏​ឧត្តម​របស់​អ្នក​បា្រជ្ញ (ដើម្បីជាវត្ត) ​របស់​អ្នក​បួស​ស្វែង​រក​ភិក្ខាចារ (​ដល់​ខ្ញុំ​ព្រះអង្គ) ។

(ព្រះ​មាន​ព្រះភាគ) ​ទ្រង់​ត្រាស់​ថា​ តថាគត​នឹង​បញ្ញត្ត​មោនេយ្យប្បដិបទា ​ដែល​ជាវត្ត​ធ្វើ​បាន​ដោយ​កម្រ អត់​ធន់​បាន​ដោយ​កម្រ​ដល់​អ្នក​ បើដូច្នោះ តថាគត​នឹង​សំដែង​មោនេយ្យប្បដិបទា​នោះ​ដល់​អ្នក​ ​ត្រូវ​​អ្នក​ផ្គងព្យាយាម​ឲ្យ​មាំមួន​ចុះ ។ បុគ្គល​​ត្រូវ​​ធ្វើ​ខ្លួន​ឲ្យ​មាន​ភាពស្មើ ចំពោះបុគ្គល​អ្នក​ជេរ ​និង​អ្នក​ថ្វាយបង្គំ ​ក្នុង​ស្រុក បុគ្គល (បើ​គេ​ជេរ) ​ត្រូវ​រក្សា​សេចក្តី​ប្រទូស្ត​ក្នុង​ចិត្ត​ (បើ​គេ​ថ្វាយបង្គំ) ​ត្រូវ​ស្ងប់ ​កុំ​ប៉ោង​តាម​អារម្មណ៍ ។ អារម្មណ៍​ខ្ពស់​ ​និង​ទាប​ទាំងឡាយ (អារម្មណ៍​ល្អ​ ​និង​អាក្រក់) តែងផ្សាយ​ចេញ​មក (កាន់វង់​ចក្ខុជា​ដើម) ឧបមា​ដូច​អណ្តាត​ភ្លើង​ដែល​ឆេះ​ក្នុង​ព្រៃ​ នារី​ទាំងឡាយ តែង​ប្រលោម​នូវ​អ្នក​បា្រជ្ញ នារី​ទាំងឡាយ​នោះ​ ​កុំ​គប្បី​ប្រលោម​អ្នក​បាន​ឡើយ​ ។ បុគ្គល​វៀរ​ហើយ​ចាក​មេថុនធម្ម លះកាម​ដែល​ល្អ​ ​និង​អាក្រក់​ទាំងឡាយ ​កុំ​ទោមនស្ស ​កុំ​ត្រេកអរ ចំពោះ​សត្វ​ដែល​តក់​ស្លុត ​និង​សត្វ​ដែល​មាំមួន (​មិន​តក់ស្លុត) ​ក្នុង​សត្វ​ទាំង​ឡាយ ។ ​គប្បី​ប្រៀប​ខ្លួន​ឯង​ថា អាត្មាអញ​យ៉ាងណា ​សត្វ​ទាំង​ឡាយនុ៎ះ ​ក៏​យ៉ាង​នោះ​ដែរ ​សត្វ​ទាំងឡាយ​នុ៎ះ យ៉ាងណា អាត្មាអញ ​ក៏​យ៉ាង​នោះ​ដែរ ​ហើយ​មិន​​ត្រូវ​​សំឡាប់ ​មិន​​ត្រូវ​ប្រើ​គេ​ឲ្យ​សំឡាប់​ឡើយ​ ។ បុថុជ្ជន ជាប់ចំពាក់​ក្នុង​បច្ច័យណា បុរស​អ្នក​មាន​បញ្ញាចក្ខុ ​ត្រូវ​តែ​លះ​ចោល​នូវ​សេចក្តី​ប្រាថ្នា​ផង​ ​នូវ​សេចក្តី​លោភ​ផង​ (​ក្នុង​បច្ច័យ​នោះ​) ​ហើយ​ប្រតិបត្តិ​នូវ​មោនេយ្យប្បដិបទា ​ត្រូវ​តែ​ប្រឆាំង​នូវ​តណ្ហា ​ដែល​បំពេញ​បាន​ដោយ​កម្រ​នេះ​ ។ បុគ្គល​គួរ​មាន​ពោះធូរ ​មាន​អាហារ​កំណត់ ​មាន​ប្រាថ្នា​តិច​ ​មិន​ល្មោភ បុគ្គល​មិន​ឃ្លាន​ដោយ​សេចក្តី​ប្រាថ្នា​សព្វ ៗ កាល ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា ​រមែង​រលត់​សេចក្តី​ក្តៅក្រហាយ ​ព្រោះ​កិលេស (​ដោយ​មិន​មាន​សេចក្តី​ប្រាថ្នា) ។ ​ភិក្ខុ​អ្នក​ប្រតិបត្តិ​មោនេយ្យប្បដិបទា​នោះ​ ប្រព្រឹត្ត​នូវ​បិណ្ឌបាត​ចារិកវត្ត​រួច​ហើយ​ ​គប្បី​ប្រញាប់​ចូល​ទៅ​កាន់​ព្រៃ​ហើយ​ ​ចូរ​ឋិត​នៅ​ក្រោម​ម្លប់ឈើ ​រួច​ចូល​ទៅ​កាន់​អាសនៈ ។ ​អ្នក​ប្រាជ្ញ​នោះ​ ​គួរ​ខ្វល់​ខ្វាយ​ក្នុង​ឈាន ​គួរ​ត្រេកអរ​ក្នុង​ព្រៃ​ ​គួរ​ត្រេកអរ​នឹង​ខ្លួន​ឯង​ ​ហើយ​គប្បី​ចម្រើន​ឈាន ក្រោម​ម្លប់ឈើ ។ តអំពី​នោះ​ ​លុះ​កន្លង​រាត្រី​ទៅ​ ​គប្បី​ចូល​ទៅ​កាន់ស្រុក ​មិន​គួរ​ត្រេកអរ​នឹង​ការ​និមន្តន៍​ផង​ ​មិន​គួរ​ទទួល​នូវ​ភោជន​ដែល​គេ​នាំ​ចេញ​អំពី​ស្រុក​ផង​ ។ មុនីចូល​ទៅ​កាន់​ស្រុក ​មិន​គួរ​ត្រាច់​ទៅ​ដោយ​ការ​រួសរាន់ ​ក្នុង​ត្រកូល​ទាំងឡាយ​ឡើយ​ ​គួរ​ជា​អ្នក​កាត់​បង់​នូវ​កថា (​ពាក្យ​ពោល​) ​មិន​គួរ​ពោល​ពាក្យ​ផ្សែផ្សំ ស្វែង​រក​ស៊ី​ឡើយ​ ។ មុនី​នោះ​ ជា​តាទិបុគ្គល ​ដោយ​ហេតុទាំងពីរ​ប្រការ​ ​គឺ​អាត្មាអញ​បាន​នេះ​ ជាការ​ប្រពៃ អាត្មាអញ​មិន​បាន​ ​ក៏​ជា​ការ​ល្អ​ ​ហើយ​ក៏​ចូល​ទៅ​កាន់​ត្រកូល ​ដូច​អ្នក​រក​ផ្លែឈើ ចូល​ទៅ​កាន់ឈើ ។ មុនី ​មាន​បាត្រ​ក្នុង​ដៃ​ត្រាច់​ទៅ​ ​មិន​គ សន្មតថា ​ដូច​គ ​មិន​គួរ​ពេបជ្រាយ​នឹង​ទាន​ដែល​មាន​ប្រមាណ​តិច​ ​មិន​គួរ​មើលងាយ​នូវ​បុគ្គល​អ្នក​ឲ្យ​ទាន ។ ឯបដិបទា​ដែល​ខ្ពស់​ ​និង​ទាប សមណៈ​បាន​ប្រកាស​ហើយ​ ធម្មតា ព្រះអរិយបុគ្គល ​មិន​ដែល​ទៅ​កាន់ត្រើយ​ខាង​នាយ ​គឺ​ព្រះនិព្វាន​ដល់​ពីរ​ដង​ឡើយ​ ព្រះនិព្វាន​នេះ​ ​មិន​គួរ​បាន​ដោយ​គុណតែ​មួយ​ទេ ។ ​ភិក្ខុ​ណា ​មិន​មាន​តណ្ហា ​សេចក្តី​ក្រហល់​ក្រហាយ ​នឹង​មិន​មាន​ដល់​ភិក្ខុ​នោះ​ ជា​អ្នក​មាន​ខ្សែ​កិលេស​កាត់​ហើយ​ ​អ្នក​លះ​ចោល​នូវ​កិច្ច​តូច ​និង​កិច្ច​ធំ​ហើយ​ ។

(ព្រះ​មាន​ព្រះភាគ) ​ទ្រង់​ត្រាស់​ថា​ តថាគត​នឹង​បញ្ញត្ត​នូវ​មោនេយ្យប្បដិបទា​ដល់​អ្នក​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​នូវ​មោនេយ្យប្បដិបទា ​គប្បី​ប្រៀបធៀប​ខ្លួន​ដូច​មុខកាំបិត​កោរ ​គប្បី​ទល់ពិតាន​ដោយ​អណ្តាត ​ហើយ​សង្រួម​ផ្ទៃ (​ដោយ​ការ​មិន​សេព​បច្ច័យ​ដែល​កើត​ឡើង​ដោយ​ផ្លូវសៅហ្មង) ។ ​ភិក្ខុ​នោះ​ ​មិន​មាន​ចិត្ត​ខ្ជិល​ផង​ ​កុំ​គិត​ច្រើន​ផង​ ជា​អ្នក​មិន​មាន​កិលេស​ផង​ ​មិន​អាស្រ័យ​តណ្ហា​ផង​ ​មាន​សាសន​ព្រហ្មចរិយៈ​ជា​ខាង​មុខ​ផង​ ​គួរ​សិក្សា​បម្រុង​នឹង​សេព​នូវ​អាសនៈ​ស្ងាត់ម្នាក់​ឯង​ផង​ បម្រុង​សេពអារម្មណ៍ ​ដែល​សមណៈ​គប្បី​ចូល​ទៅ​ជិត​ផង​ ​អ្នក​ជា​បុគ្គល​ម្នាក់​ឯង​ ទាំងត្រេកអរ​នូវ​មោនេយ្យប្បដិបទា ជាចំណែក​មួយ​ ​ដែល​តថាគត​សំដែង​ហើយ​ដោយ​ពិត ។ (​អ្នក​នឹង​ល្បីឮខ្ចរខ្ចាយ​ទៅ​ក្នុង​ទិសទាំង ១០ ​ក្នុង​កាល​ជា​ខាង​ក្រោយ) ​អ្នក​ឮ​សំឡេងល្បី (អំពី​សំណាក់) ​អ្នក​ប្រាជ្ញ​ទាំងឡាយ ជា​អ្នក​មាន​ឈាន លះបង់កាម ​គប្បី​ធ្វើ​ដោយ​ក្រៃលែង​នូវ​ហិរិ​ផង​ ​នូវ​សទ្ធា​ផង​ ​ក្នុង​កាល​នោះ​ ទើប​ឈ្មោះ​ថា​ជា​សាវ័ក​របស់​តថាគត ។ ​អ្នក​​ត្រូវ​​ដឹង​បរិយាយ​នោះ​ ​ដោយ​សេចក្តី​ឧបមា ​ដោយ​ទន្លេ​ទាំងឡាយ (​ត្រូវ​​ដឹង​បរិយាយ​ផ្សេងទៀត) ចំពោះ​បឹង ​និង​ស្ទឹង​ទាំងឡាយថា ស្ទឹងតូច​ទាំង​ឡាយ តែង​ធ្វើ​សំឡេង​ហូរ​ទៅ​ ឯស្ទឹងធំ តែងហូរ​ទៅ​ស្ងៀម ៗ ។ ​ទឹក​ណា ​ដែល​កន្លះ ​ទឹក​នោះ​ តែងឮសូរ ​ទឹក​ណា ​ដែល​ពេញ ​ទឹក​នោះ​តែងស្ងប់ ជនពាល​មាន​ឧបមា​ដូច​ទឹក​កន្លះក្អម ជន​បណ្ឌិត​ ​មាន​ឧបមា​ដូច​អន្លង់​ទឹក​ដ៏​ពេញ ។ សមណៈ ​គឺ​ព្រះពុទ្ធ តែង​សំដែង​នូវ​ធម៌​ដែល​ប្រកប​ដោយ​ប្រយោជន៍​ដ៏​ច្រើន សមណៈ​នោះ​ ជ្រាបប្រាកដ ទើប​សំដែង​នូវ​ធម៌ សមណៈ​នោះ​ ជ្រាបប្រាកដ ទើបសំដែង​ដោយ​ច្រើន ។ ​មួយ​ទៀត មុនីណា ជ្រាបប្រាកដ​នូវ​ធម៌ ​មាន​ចិត្ត​សង្រួម​ហើយ​ ជ្រាបប្រាកដ​នូវ​ធម៌ ​មិន​និយាយ​ច្រើន មុនី​នោះ​ ​គួរ​ដល់​មោនេយ្យប្បដិបទា មុនី​នោះ​ ​បាន​ដល់​នូវ​អរហត្តមគ្គញ្ញាណ ។

ចប់ នាឡកសូត្រ ​ទី​១១ ។

ទ្វយតានុបស្សនាសូត្រ ​ទី​១២

[កែប្រែ]

[៧៧] ​ខ្ញុំ​បាន​ស្តាប់​មកយ៉ាង​នេះ​ ។ សម័យ​មួយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​ក្នុង​បុព្វារាម មិគារមាតុ​ប្រាសាទ ជិតក្រុង​សាវត្ថី ។ សម័យ​នោះ​ឯង​ ព្រះ​មាន​ព្រះភាគ ​មាន​ភិក្ខុ​សង្ឃ​ចោមរោម គង់​ក្នុង​ទី​វាល​ នារាត្រី​ពេញបូណ៌មី ​ក្នុង​ថ្ងៃ​ឧបោសថ​ទី​ ១៥ ​នោះ​ ។ គ្រា​នោះ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ឈ្មៀង​មើល​នូវ​ភិក្ខុ​សង្ឃ ​ដែល​ស្ងៀមស្ងាត់ ​ហើយ​ទ្រង់​ហៅ​ពួក​ភិក្ខុ​ថា ​ម្នាល​ភិក្ខុ​ទាំងឡាយ កុសលធម៌​ទាំងឡាយ​ណា ជា​អរិយធម៌ ជា​និយ្យានិកធម៌ ជាធម៌​ប្រព្រឹត្ត​ទៅ​ដើម្បី​សម្ពោធិញ្ញាណ ​ម្នាល​ភិក្ខុ​ទាំងឡាយ ប្រសិនបើ ​មាន​គេ​សួរ​អ្នក​ទាំងឡាយ​ថា “ប្រយោជន៍អ្វី​ដល់​អ្នក​ទាំងឡាយ ​ក្នុង​កិរិយា​ស្តាប់​នូវ​កុសលធម៌​ទាំងឡាយ​នោះ​ ​ដែល​ជា​អរិយធម៌ ជា​និយ្យានិកធម៌ ជាធម៌​ប្រព្រឹត្ត​ទៅ​ដើម្បី​សម្ពោធិញ្ញាណ” ​ម្នាល​ភិក្ខុ​ទាំងឡាយ ​អ្នក​រាល់គ្នា ​គួរ​ពោល​យ៉ាង​នេះ​ ​ទៅ​នឹង​ជន​ទាំង​នោះ​វិញ​ថា “ប្រយោជន៍​ដើម្បី​ដឹង​តាមពិត​នូវ​សភាព​នៃ​ធម៌​ជាគូ​នឹង​គ្នា ជាកំណត់ ​អ្នក​រាល់​គ្នា​ពោល​នូវ​សភាព​នៃ​ធម៌​ដែល​គូ​នឹង​គ្នា”​ តើ​ដូច​ម្តេច (​គប្បី​ពោល​) ថា ​នេះ​ជាទុក្ខ ​នេះ​ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ ​នេះ​ជា​អនុបស្សនា ​ទី​ ១ ​នេះ​ជា​ទី​រំលត់​ទុក្ខ ​នេះ​ជា​បដិបទា​ទៅ​កាន់​ទី​រំលត់​ទុក្ខ ​នេះ​ជា​អនុបស្សនា ​ទី​ ២ ​ម្នាល​ភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុ​ពិចារណា​ឃើញ​រឿយ ៗ ​នូវ​សភាព​នៃ​ធម៌ជា​គូ​នឹង​គ្នា ​ដោយ​ប្រពៃ​យ៉ាង​នេះ​ហើយ​ ជា​អ្នក​មិន​ប្រមាទ ​មាន​ព្យាយាម​ជាគ្រឿងដុត​កំដៅ​កិលេស ​មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះនិព្វាន បណ្តាផល​ទាំងពីរ​ប្រការ ផលណា​មួយ​នឹង​ប្រាកដ ​គឺ​នឹង​បាន​នូវ​អរហត្ត​ផល ​ក្នុង​បច្ចុប្បន្ន ឬ​មួយ​បើ​ខន្ធ​ដ៏​សេស ​ដែល​គប្បី​កើត​ត​ទៅ​ទៀត​នៅ​មាន​ ​នឹង​បាន​ដល់​នូវ​អនាគាមិផល ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ ​លុះ​ព្រះសុគត ជាសាស្តា ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ហើយ​ ទើប​ទ្រង់​ត្រាស់​គាថាព័ន្ធ ត​ទៅ​ទៀតថា

[៧៨] ​“ពួក​ជនណា ​មិន​ដឹង​ច្បាស់​នូវ​ទុក្ខ ទាំង​នូវ​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ ​នូវ​ព្រះ​និព្វាន​ជា​ទី​រំលត់ទុក្ខ ​មិន​សេសសល់​ដោយ​សព្វ​គ្រប់ ទាំង​មិន​ដឹង​នូវ​ផ្លូវ​ទៅ​កាន់​ទី​រម្ងាប់ទុក្ខ​នោះ​ ​ពួក​ជន​នោះ​ សាបសូន្យ​ហើយ​ ​ចាក​ចេតោវិមុត្តិ ​និង​បញ្ញាវិមុត្តិ ​ពួក​ជន​នោះ​ ​មិន​គួរ​ដើម្បី​នឹង​ធ្វើ​នូវ​ព្រះនិព្វាន ជា​ទី​បំផុត​នៃ​វដ្តទុក្ខ​បាន​ ​ពួក​ជន​នោះ​ ចូល​ទៅ​កាន់ជាតិ ​និង​ជរា​តែម្យ៉ាង ។ ​ពួក​ជនណា ​ដឹង​ច្បាស់​នូវ​ទុក្ខ ​នូវ​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ ​នូវ​ព្រះនិព្វាន ជា​ទី​រំលត់ទុក្ខ ឥត​សេសសល់ ​ដោយ​សព្វ​គ្រប់ ទាំង​ដឹង​ច្បាស់​នូវផ្លូវ​ដែល​ទៅ​កាន់​ទី​រម្ងាប់ទុក្ខ​នោះ​ ​ពួក​ជន​នោះ​ បរិបូណ៌​ដោយ​ចេតាវិមុត្តិ ​និង​បញ្ញាវិមុត្តិ​ ​ពួក​ជន​នោះ​ ទើប​គួរ​នឹង​ធ្វើ​នូវ​ព្រះនិព្វាន ជា​ទី​បំផុត​នៃ​វដ្តទុក្ខ​បាន​ ​ពួក​ជន​នោះ​ ​មិន​ចូល​ទៅ​កាន់ជាតិ ​និង​ជរា​ឡើយ​ ។”

[៧៩] ​ម្នាល​ភិក្ខុ​ទាំងឡាយ ប្រសិនបើ​គេ​សួរ​ថា​ ការ​ពិចារណា​នូវ​សភាព​នៃ​ធម៌​ដែល​ជាគូ​នឹង​គ្នា​ដោយ​ប្រពៃ ​ដោយ​បរិយាយ​​ដទៃ​ទៀត ​មាន​ដែរ​ឬ? ​អ្នក​រាល់គ្នា​គួរ​ប្រាប់ថា​ ​មាន​ តើ​មាន​ដូច​ម្តេច (​ត្រូវ​ប្រាប់ថា) ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ ​ព្រោះ​ឧបធិ​ជា​បច្ច័យ ​នេះ​ជា​អនុបស្សនា​ទី​ ១ ​មួយ​ទៀត ការ​កើត​ឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាស​ចាក​តម្រេក ​មិន​សេសសល់​នៃ​ពួក​ឧបធិធម៌ ​គឺ​កម្ម ​នេះ​ជា​អនុបស្សនា ​ទី​ ២ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញ​នូវ​សភាព​នៃ​ធម៌ ​ដែល​ជា​គូ​នឹង​គ្នា ​ដោយ​ប្រពៃ​យ៉ាង​នេះ​ ។បេ។ ព្រះសាស្តា ​ទ្រង់​ត្រាស់​គាថាព័ន្ធ​ដទៃ​ ត​ទៅ​ទៀតថា

ទុក្ខទាំងឡាយ ​រមែង​កើត​ឡើង​ ​ព្រោះ​មាន​ឧបធិ (កម្ម) ជាបច្ច័យ ​ពួក​សត្វ​ណានី​មួយ​ក្នុង​លោក ​មាន​រូប​ច្រើនប្រការ (​រមែង​ទទួល​នូវ​ទុក្ខ​នោះ​) បុគ្គល​ពាលណា ​មិន​ស្គាល់​ច្បាស់ ​ហើយ​ធ្វើ​នូវ​ឧបធិ បុគ្គលពាល (​នោះ​) តែង​បាន​នូវ​ទុក្ខរឿយ ៗ ​ព្រោះ​ហេតុ​នោះ​ ​អ្នក​ប្រាជ្ញ​ពិចារណា​ឃើញ​នូវ​ឧបធិ ជាហេតុ​ឲ្យ​កើត​ទុក្ខ កាលស្គាល់​ច្បាស់ ​មិន​គប្បី​ធ្វើ​នូវ​ឧបធិ​ឡើយ​ ។

[៨០] ​ម្នាល​ភិក្ខុ​ទាំងឡាយ ប្រសិនបើ​មាន​គេ​សួរ​ថា ការ​ពិចារណា​នូវ​សភាព​នៃ​ធម៌ ​ដែល​ជា​គូ​នឹង​គ្នា​ដោយ​ប្រពៃ ​ដោយ​បរិយាយ​​ដទៃ​ទៀត ​មាន​ដែរ​ឬ ​អ្នក​រាល់​គ្នា ​គប្បី​តបថា ​មាន​ តើ​មាន​ដូច​ម្តេច (​ត្រូវ​ប្រាប់​ថា) ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ ​ព្រោះ​អវិជ្ជា​ជាបច្ច័យ ​នេះ​ជា​អនុបស្សនា​ទី​ ១ ​មួយ​ទៀត ការ​កើត​ឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាស​ចាក​តម្រេក ​មិន​មាន​សេសសល់​នៃ​អវិជ្ជា ​នេះ​ជា​អនុបស្សនា​ទី​ ២ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​សភាព​នៃ​ធម៌ ​ដែល​ជា​គូ​នឹង​គ្នា​ដោយ​ប្រពៃយ៉ាង​នេះ​ ។បេ។​ព្រះសាស្តា ​ទ្រង់​ត្រាស់​គាថាព័ន្ធ​ដទៃ​ ត​ទៅ​ទៀត​ថា

ពួក​សត្វ​ ​រមែង​ទៅ​កាន់ជាតិមរណៈ​ ​និង​ការអន្ទោល​ទៅ​ក្នុង​ភព​ថ្មីរឿយ ៗ (​ដោយ​អវិជ្ជាគតិ​ណា) អវិជ្ជាគតិ​នោះ​ ​មិន​ដឹង​នូវ​សភាព​ជាមនុស្ស​នេះ​ផង​ ​និង​ភាព​នៃ​និកាយ​​ដទៃ​​ផង​ ។​ ការអន្ទោល​ទៅ​ (​ក្នុង​ភព) ​អស់​កាល​ដ៏​វែង​នេះ​ ​ក៏​ព្រោះ​តែអវិជ្ជា ​គឺ​មោហៈ​ធំ​នេះ​ឯង​ ​ពួក​សត្វ​ណា ​ដែល​មាន​វិជ្ជាគតិ ​ពួក​សត្វ​នោះ​ ​រមែង​មិន​ទៅ​កាន់ភព​ថ្មី​ទៀត​ឡើយ​ ។

[៨១] ​ដោយ​បរិយាយ ​ដទៃ​ទៀត ​មាន​ដែរឬ ។បេ។ តើ​មាន​ដូច​ម្តេច (​ត្រូវ​ប្រាប់ថា) ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ ​ព្រោះ​សង្ខារ​ជាបច្ច័យ ​នេះ​ជា​អនុបស្សនា ​ទី​ ១ ការ​កើត​ឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាស​ចាក​តម្រេក ​មិន​មាន​សេសសល់​នៃ​សង្ខារ ​នេះ​ជា​អនុបស្សនា​ទី​ ២ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញ​នូវ​សភាព​នៃ​ធម៌​ដែល​ជាគូ​នឹង​គ្នា​ដោយ​ប្រពៃយ៉ាង​នេះ​ឯង​ ។បេ។ ព្រះសាស្តា ​ទ្រង់​ត្រាស់​គាថាព័ន្ធ​​ដទៃ​ ត​ទៅ​ទៀតថា

ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ ​ព្រោះ​សង្ខារ​ជាបច្ច័យ ការ​កើត​ឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ទៅ​នៃ​សង្ខារ​ទាំងឡាយ ។ ​អ្នក​ប្រាជ្ញ ជ្រាប​នូវ​ទោសនុ៎ះថា​ ទុក្ខ​កើត​ឡើង​ព្រោះ​សង្ខារ​ជាបច្ច័យ ​ព្រោះ​រម្ងាប់​នូវ​សង្ខារ​ទាំងពួង ​ព្រោះ​រំលត់​ទៅ​នៃ​កាមសញ្ញា​ជាដើម​បាន​ ​ព្រោះ​ជ្រាប​នូវ​កងទុក្ខ​នុ៎ះ តាមពិត ។ ​បណ្ឌិត​ទាំងឡាយ ​អ្នក​ដល់​នូវ​វេទ ឃើញ​ដោយ​ប្រពៃ ជ្រាប​ដោយ​ប្រពៃ គ្របសង្កត់​នូវ​មារសំយោគ ​គឺ​វដ្តៈ​ក្នុង​ភូមិ​ទាំង ៣ ​ហើយ​ ​រមែង​មិន​ត្រឡប់មក​កាន់ភពថ្មី​ទៀត​ឡើយ​ ។

[៨២] ​ដោយ​បរិយាយ​ដទៃ​ទៀត ​មាន​ដែរឬ ។បេ។ តើ​មាន​ដូច​ម្តេច (​ត្រូវ​​ប្រាប់ថា​) ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ព្រោះ​វិញ្ញាណ​ជាបច្ច័យ​ ​នេះ​ជា​អនុបស្សនា ​ទី​ ១ ការ​កើត​ឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់ ​ដោយ​ប្រាស​ចាក​តម្រេក ​មិន​មាន​សេសសល់​នៃ​វិញ្ញាណ ​នេះ​ជា​អនុបស្សនា​ទី​ ២ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញរឿយ ៗ ​នូវ​សភាព​នៃ​ធម៌ ​ដែល​ជាគូ​នឹង​គ្នា ​ដោយ​ប្រពៃ​យ៉ាង​នេះ​ឯង​ ។បេ។ ព្រះសាស្តា ​ទ្រង់​ត្រាស់​គាថាព័ន្ធ​​ដទៃ​ ត​ទៅ​ទៀតថា

ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ ​ព្រោះ​វិញ្ញាណ​ជាបច្ច័យ ការ​កើត​ឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់វិញ្ញាណ ។ ​អ្នក​ប្រាជ្ញ​ដឹង​នូវ​ទោស​នេះ​ថា ទុក្ខ (​កើត​ឡើង​) ​ព្រោះ​វិញ្ញាណ​ជាបច្ច័យ ​ភិក្ខុ​មិន​មាន​តណ្ហា ​បាន​បរិនិព្វាន ​ព្រោះ​រម្ងាប់​បង់​នូវ​វិញ្ញាណ ។

[៨៣] ​ដោយ​បរិយាយ​ដទៃ​ទៀត ​មាន​ដែរឬ ។បេ។ តើ​មាន​ដូច​ម្តេច (​ត្រូវ​បា្រប់ថា) ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ ​ព្រោះ​ផស្សៈ​ជាបច្ច័យ ​នេះ​ជា​អនុបស្សនា​ទី​ ១ ការ​កើត​ឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាស​ចាក​តម្រេក ​មិន​មាន​សេសសល់​នៃ​ផស្សៈ ​នេះ​ជា​អនុបស្សនា​ទី​ ២ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញ​រឿយ ៗ ​នូវ​សភាព​ធម៌​ដែល​ជាគូ​នឹង​គ្នា​យ៉ាង​នេះ​ឯង​ ។បេ។ ព្រះសាស្តា ​ទ្រង់​ត្រាស់គាថា​ព័ន្ធ​ដទៃ​ ត​ទៅ​ទៀតថា

ការ​អស់​សំយោជនៈ ជាធម៌ឃ្វាង​របស់​ពួក​ជនទាំង​នោះ​ដែល​មាន​ផស្សៈ​គ្របសង្កត់​ហើយ​ ប្រព្រឹត្ត​តាមខ្សែ​តណ្ហា​ក្នុង​ភព ជា​អ្នក​ប្រតិបត្តិ​តាមផ្លូវខុស ។ ​ពួក​ជនណា កំណត់​ដឹង​នូវ​ផស្សៈ ត្រេកអរ​ក្នុង​ព្រះនិព្វាន ជា​ទី​រម្ងាប់ (សង្ខារ​ទាំងពួង) ​ដោយ​បញ្ញា ​ពួក​ជន​នោះ​ ​មិន​មាន​តណ្ហា ​រមែង​បរិនិព្វាន ​ព្រោះ​រំលត់​បង់​នូវ​ផស្សៈ ។

[៨៤] ​ដោយ​បរិយាយ​ដទៃ​ទៀត ​មាន​ដែរឬ ។បេ។ តើ​មាន​ដូច​ម្តេច (​ត្រូវ​បា្រប់ថា) ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ព្រោះ​វេទនា​ជាបច្ច័យ ​នេះ​ជា​អនុបស្សនា​ទី​ ១ ការ​កើត​ឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាស​ចាក​តម្រេក ​មិន​មាន​សេសសល់​នៃ​វេទនា ​នេះ​ជា​អនុបស្សនា​ទី​ ២ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញរឿយ ៗ​ ​នូវ​សភាពធម៌​ដែល​ជាគូ​នឹង​គ្នា ​ដោយ​ប្រពៃយ៉ាង​នេះ​ឯង​ ។បេ។ ព្រះសាស្តា ​ទ្រង់​ត្រាស់​គាថាព័ន្ធ​ដទៃ​ ត​ទៅ​ទៀតថា

អ្នក​ប្រាជ្ញជា្របថា ​ធម្មជាតិ​នី​មួយ​ ទោះបី​ជាសុខ ឬជាទុក្ខ ព្រមទាំង​មិន​ទុក្ខ​មិន​សុខ ​ដែល​មាន​ខាង​ក្នុង​ក្តី​ ​ខាង​ក្រៅ​ក្តី​ ​ដែល​សត្វ​ទទួល​ហើយ​ ​ធម្មជាតិ​នុ៎ះ សុទ្ធតែ​ជាទុក្ខ ​បាន​ពាល់​​ត្រូវ​ សម្រេច​នូវ​ធម៌​សម្រាប់វិនាស ​និង​ធម៌​សម្រាប់​ទ្រុឌទ្រោម​ (​ដោយ​ឧទយពយញ្ញាណ) ឃើញ​នូវ​ការសូន្យ​ទៅ​ ​ដឹង​ច្បាស់​វេទនា​នោះ​ ​ដោយ​ប្រការដូច្នេះ ។ ​ការ​កើត​ឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​អស់​ទៅ​នៃ​វេទនា​ទាំងឡាយ ។

[៨៥] ​ដោយ​បរិយាយ ​ដទៃ​ទៀត ​មាន​ដែរឬ ។បេ។ តើ​មាន​ដូច​ម្តេច (ត្រូ​វ​ប្រាប់​ថា) ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ ​ព្រោះ​តណ្ហា​ជាបច្ច័យ ​នេះ​ជា​អនុបស្សនា​ទី​ ១ ការ​កើត​ឡើង​នៃ​ទុក្ខ ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាស​ចាក​តម្រេក ​មិន​មាន​សេស​សល់​នៃ​តណ្ហា ​នេះ​ជា​អនុបស្សនា ​ទី​ ២ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញរឿយ ៗ ​នូវ​សភាព​ធម៌ ​ដែល​ជា​គូ​នឹង​គ្នា ​ដោយ​ប្រពៃ​យ៉ាង​នេះ​ឯង​ ។បេ។ ព្រះសាស្តា ​ទ្រង់​ត្រាស់​គាថាព័ន្ធ​ដទៃ​ ត​ទៅ​ទៀតថា

បុរស​ដែល​មាន​តណ្ហាជាគំរប់ពីរ (​នឹង​ខ្លួន) ​រមែង​អន្ទោល​ទៅ​កាន់​អត្តភាព​នេះ​ ​និង​អត្តភាព​​ដទៃ​ ​អស់​កាល​យូរអង្វែង ​មិន​ងាយ​នឹង​ប្រព្រឹត្ត​កន្លង​សង្សារ​បាន​ឡើយ​ ។ ​ភិក្ខុ​លុះ​ដឹង​ទោស​នៃ​តណ្ហានុ៎ះ​ដ៏​ជា​ហេតុ​ឲ្យ​កើត​ទុក្ខ ​គប្បី​ជា​អ្នក​ប្រាស​ចាក​តណ្ហា ​មិន​មាន​សេចក្តី​ប្រកាន់ ​មាន​សតិ​វៀរ​ចេញ​ (​ចាក​តណ្ហា ឧបាទាន) ។

[៨៦] ​ដោយ​បរិយាយ​​ដទៃ​ទៀត ​មាន​ដែរឬ ។បេ។ តើ​មាន​ដូច​ម្តេច (​ត្រូវ​​ប្រាប់​ថា) ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ ​ព្រោះ​ឧបាទាន​ជាបច្ច័យ ​នេះ​ជា​អនុបស្សនា​ទី​ ១ ការ​កើត​ឡើត​នៃ​ទុក្ខ ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាស​ចាក​តម្រេក ​មិន​សេសសល់​នៃ​ឧបាទាន ​នេះ​ជា​អនុបស្សនា​ទី​ ២ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញរឿយ ៗ ​នូវ​សភាពធម៌ ​ដែល​ជាគូ​នឹង​គ្នា ​ដោយ​ប្រពៃ​យ៉ាង​នេះ​ឯង​ ។បេ។ ព្រះសាស្តា ​ទ្រង់​ត្រាស់​គាថាព័ន្ធ​ដទៃ​ ត​ទៅ​ទៀតថា

ភព​កើត​ឡើង​ ​ព្រោះ​ឧបាទាន​ជាបច្ច័យ ​សត្វ​ដែល​កើត​ហើយ​ ​រមែង​បាន​នូវ​ទុក្ខ មរណៈ​ក៏​កើត​មាន​ដល់​សត្វ​ដែល​កើត​ហើយ​ដែរ ​នេះ​ជា​សភាវៈ ​កើត​ឡើង​ព្រម​នៃ​ទុក្ខ ។ ​ព្រោះ​ហេតុ​នោះ​ ​អ្នក​ប្រាជ្ញ​ទាំងឡាយ ​មិន​ត្រឡប់​មកកាន់​ភពថ្មី​វិញ​ទៀត ​ព្រោះ​អស់​ឧបាទាន ​ព្រោះ​ដឹង​​ត្រូវ​ ​ព្រោះ​ជា្រប​ច្បាស់​នូវ​ព្រះនិពា្វន ជា​ទី​អស់​ទៅ​នៃ​ជាតិ ។

[៨៧] ​ដោយ​បរិយាយ​​ដទៃ​ទៀត ​មាន​ដែរឬ ។បេ។ តើ​មាន​ដូច​ម្តេច (​ត្រូវ​ប្រាប់​ថា) ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ព្រោះ​ព្យាយាម (​ដ៏​សម្បយុត្ត​ដោយ​កម្ម) ជា​បច្ច័យ ​នេះ​ជា​អនុបស្សនា​ទី​ ១ ការ​កើត​ឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាស​ចាក​តម្រេក ​មិន​មាន​សេសសល់​នៃ​ព្យាយាម ​នេះ​ជា​អនុបស្សនា​ទី​ ២ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញរឿយ ៗ ​នូវ​សភាពធម៌​ដែល​ជា​គូ​នឹង​គ្នា ​ដោយ​ប្រពៃ​យ៉ាង​នេះ​ឯង​ ។បេ។ ព្រះសាស្តា ​ទ្រង់​ត្រាស់​គាថាព័ន្ធ​ដទៃ​ ត​ទៅ​ទៀតថា

ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ ​ព្រោះ​ព្យាយាម​ជាបច្ច័យ ​ការ​មិន​កើត​ឡើង​នៃ​ទុក្ខ ​ព្រោះ​រលត់​នូវ​ព្យាយាម ។ ​អ្នក​ប្រាជ្ញ​ជ្រាប​នូវ​ទោស​នុ៎ះថា ទុក្ខ​កើត​ឡើង​ ​ព្រោះ​ព្យាយាម​ជាបច្ច័យ ​ហើយ​ក៏​លះ​ចោល​នូវ​ព្យាយាម​ទាំងពួង​ចេញ​ កាល​ភិក្ខុ​ជឿស៊ប់​ក្នុង​ព្រះនិព្វាន ជាដែន​មិន​មាន​ព្យាយាម ​បាន​ផ្តាច់ផ្តិល​នូវ​តណ្ហា​ក្នុង​ភព ​មាន​ចិត្ត​ស្ងប់រម្ងាប់​ហើយ​ ការអន្ទោល​ទៅ​កាន់ជាតិ​ក៏​អស់​រលីង ​ភិក្ខុ​នោះ​ ​មិន​មាន​ភពថ្មី​ទៀត​ឡើយ​ ។

[៨៨] ​ដោយ​បរិយាយ​ដទៃ​ទៀត ​មាន​ដែរឬ ។​បេ ។ តើ​មាន​ដូច​ម្តេច (​ត្រូវ​​បា្រប់​ថា) ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ព្រោះ​អាហារ​ជាបច្ច័យ ​នេះ​ជា​អនុបស្សនា ​ទី​ ១ ការ​កើត​ឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាស​ចាក​តម្រេក ​មិន​មាន​សេសសល់​នៃ​អាហារ ​នេះ​ជា​អនុបស្សនា ​ទី​ ២ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញរឿយ ៗ ​នូវ​សភាពធម៌​ដែល​ជាគូ​នឹង​គ្នា ​ដោយ​ប្រពៃ​យ៉ាង​នេះ​ឯង​ ។បេ។ ព្រះសាស្តា ​ទ្រង់​ត្រាស់​គាថាព័ន្ធ​ដទៃ​ ត​ទៅ​ទៀតថា

ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ ​ព្រោះ​អាហារ​ជាបច្ច័យ ការ​កើត​ឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​អាហារ ។ ​អ្នក​ប្រាជ្ញ​លុះ​ជា្រប​នូវ​ទោសនុ៎ះថា ទុក្ខ (​កើត​ឡើង​) ​ព្រោះ​អាហារ​ជាបច្ច័យ​ ​ហើយ​មិន​អាស្រ័យ​នូវ​អាហារ​ទាំងពួង ​ព្រោះ​កំណត់​ដឹង​នូវ​អាហារ​ទាំងពួង ជា​អ្នក​ពិចារណា​ហើយ​ ទើបសេព (បច្ច័យ ៤) តាំង​នៅ​ក្នុង​សច្ចធម៌ ​មិន​ដល់​នូវ​ការរាប់ (​ថា​ជា​មនុស្ស ឬទេវតា) ​ព្រោះ​ជ្រាប​ច្បាស់​ដោយ​ប្រពៃ​នូវ​ព្រះនិព្វាន ជាដែន​មិន​មាន​រោគ ​ព្រោះ​អស់​នៃ​អាសវៈ​ទាំងឡាយ ។

[៨៩] ​ដោយ​បរិយាយ​ដទៃ​ទៀត ​មាន​ដែរឬ ។បេ។ តើ​មាន​ដូច​ម្តេច (​ត្រូវ​ប្រាប់ថា) ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ ​ព្រោះ​ធម៌​ជាគ្រឿង​ញាប់ញ័រ​ជាបច្ច័យ ​នេះ​ជា​អនុបស្សនា​ ​ទី​ ១ ការ​កើត​ឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​ដោយ​ប្រាស​ចាក​តម្រេក ​មិន​មាន​សេសសល់​នៃ​ធម៌​ជាគ្រឿង​ញាប់ញ័រ ​នេះ​ជា​អនុបស្សនា​ទី​ ២ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញរឿយ ៗ ​នូវ​សភាពធម៌​ដែល​ជាគូ​នឹង​គ្នា ​ដោយ​ប្រពៃ​យ៉ាង​នេះ​ឯង​ ។បេ។ ព្រះសាស្តា ​ទ្រង់​ត្រាស់​គាថាព័ន្ធ​​ដទៃ​ ត​ទៅ​ទៀតថា

ទុក្ខនី​មួយ​ទាំង​អស់​ តែង​កើត​ឡើង​ ​ព្រោះ​សេចក្តី​ញាប់ញ័រ​ជាបច្ច័យ ការ​កើត​ឡើង​នៃ​ទុក្ខ​មិន​មាន​ ​ព្រោះ​រលត់​នៃ​សេចក្តី​ញាប់ញ័រ ។ ​ភិក្ខុ​ដឹង​នូវ​ទោស​នុ៎ះថា ទុក្ខ (​កើត​ឡើង​) ​ព្រោះ​សេចក្តី​ញាប់ញ័រ​ជាបច្ច័យ ​ព្រោះ​ហេតុ​នោះ​ ​ភិក្ខុ​គប្បី​លះបង់តណ្ហា រំលត់សង្ខារ​ទាំងឡាយ ជា​អ្នក​មិន​មាន​តណ្ហា ​មិន​មាន​ឧបាទាន វៀរស្រឡះ​ចាក​សេចក្តី​ញាប់ញ័រ​នោះ​ ។

[៩០] ​ដោយ​បរិយាយ​ដទៃ​ទៀត ​មាន​ដែរឬ ។បេ។​ តើ​មាន​ដូច​ម្តេច (​ត្រូវ​ប្រាប់ថា) សភាព​ញ័ររន្ធត់ តែង​មាន​ដល់​បុគ្គល​ដែល​អាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) ​នេះ​ជា​អនុបស្សនា ​ទី​ ១ បុគ្គល​ដែល​មិន​អាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) ​រមែង​មិន​រន្ធត់​ឡើយ​ ​នេះ​ជា​អនុបស្សនា​ទី​ ២ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញរឿយ ៗ ​នូវ​សភាព​ធម៌​ដែល​ជាគូ​នឹង​គ្នា​ដោយ​ប្រពៃ​យ៉ាង​នេះ​ឯង​ ។បេ។ ព្រះសាស្តា ​ទ្រង់​ត្រាស់​គាថាព័ន្ធ​ដទៃ​ ត​ទៅ​ទៀតថា

បុគ្គល​មិន​អាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) ​រមែង​មិន​រន្ធត់ បុគ្គល​អ្នក​អាស្រ័យ​នូវ​ការ​ប្រកាន់ ​រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​ការ​អន្ទោល​ទៅ​កាន់​អត្តភាព​នេះ​ ​និង​អត្តភាព​​ដទៃ​ ។ ​ភិក្ខុ​ដឹង​នូវ​ទោស​នុ៎ះ​ថា​ជា​ភ័យធំ ​ព្រោះ​ការ​អាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) ​គប្បី​ជា​បុគ្គល​មិន​អាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) ​មិន​មាន​ឧបាទាន ​មាន​សតិ​វៀរស្រឡះ ។

[៩១] ​ដោយ​បរិយាយ​ដទៃ​ទៀត ​មាន​ដែរឬ ។បេ។ តើ​មាន​ដូច​ម្តេច ​ម្នាល​ភិក្ខុ​ទាំងឡាយ ​ពួក​អរូប​ល្អិត​ជាង​ពួក​រូប ​នេះ​ជា​អនុបស្សនា ​ទី​ ១ ព្រះនិព្វាន​ជាធម៌ល្អិតជាង​ពួក​អរូប ​នេះ​ជា​អនុបស្សនា ​ទី​ ២ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញរឿយ ៗ ​នូវ​សភាព​ធម៌ ​ដែល​ជាគូ​នឹង​គ្នា ​ដោយ​ប្រពៃ​យ៉ាង​នេះ​ឯង​ ។បេ។ ព្រះសាស្តា ​ទ្រង់​ត្រាស់​គាថាព័ន្ធ​ដទៃ​ ត​ទៅ​ទៀតថា

ពួក​សត្វ​ណា តាំង​នៅ​ក្នុង​រូបភព​ក្តី​ ​ពួក​សត្វ​ណា តាំង​នៅ​ក្នុង​អរូបភព​ក្តី​ ​ពួក​សត្វ​ទាំង​នោះ​ ​មិន​ស្គាល់​ច្បាស់​នូវ​ព្រះនិព្វាន ជា​អ្នក​ត្រឡប់​មកកាន់​ភពថ្មីទៀត ​មួយ​ទៀត ​ពួក​ជនណា កំណត់​ដឹង​ក្នុង​រូប ឋិត​នៅ​ក្នុង​អរូប ​មាន​ចិត្ត​ជឿស៊ប់​ក្នុង​ព្រះនិព្វាន ជន​ទាំង​នោះ​ ​ឈ្មោះ​ថា ​មាន​មច្ចុសាបសូន្យ​ហើយ​ ។

[៩២] ​ដោយ​បរិយាយ​ដទៃ​ទៀត ​មាន​ដែរឬ ។បេ។ តើ​មាន​ដូច​ម្តេច ​ម្នាល​ភិក្ខុ​ទាំងឡាយ នាម ​និង​រូបណា ​ដែល​លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ព​ពួក​សត្វ​ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្សជា​សម្មតិទេព ​និង​មនុស្ស​ដ៏​សេស ពិនិត្យ​ឃើញថា ​នេះ​ជា​របស់​ពិត តែនាម ​និង​រូប​នោះ​ ព្រះអរិយៈ​ទាំងឡាយ ឃើញច្បាស់​ដោយ​បញ្ញា​ដ៏​ប្រពៃ តាមពិតថា ​នេះ​ជា​របស់​មិន​ពិត ​នេះ​ជា​អនុបស្សនា​ទី​ ១ ​ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះនិព្វាន​ណា ​ដែល​លោក ព្រមទាំង​ទេវលោក ។បេ។ ទាំងមនុស្ស​ជា​សម្មតិទេព ​និង​មនុស្ស​ដ៏​សេស ពិនិត្យ​ឃើញថា ​នេះ​ជា​របស់​មិន​ពិត តែព្រះនិព្វាន​នោះ​ ព្រះអរិយៈ​ទាំងឡាយ ឃើ់ញច្បាស់​ដោយ​ចក្ខុ​ដ៏​ប្រពៃ តាមពិតថា នុ៎ះជា​របស់​ពិត ​នេះ​ជា​អនុបស្សនា ​ទី​ ២ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញរឿយ ៗ ​នូវ​សភាពធម៌​ដែល​ជាគូ​នឹង​គ្នា ​ដោយ​ប្រពៃ​យ៉ាង​នេះ​ឯង​ ។បេ។ ព្រះសាស្តា​ ​ទ្រង់​ត្រាស់​គាថាព័ន្ធ​ត​ទៅ​ទៀតថា

អ្នក​ចូរ​មើល​នូវ​លោក ព្រមទាំងទេវលោក ​ដែល​តាំង​នៅ​ក្នុង​នាម ​និង​រូប បុគ្គល​មាន​សេចក្តី​សំគាល់ថា ខ្លួន​ក្នុង​របស់​ដែល​មិន​មែន​ខ្លួន តែង​សំគាល់ថា ​នេះ​ទៀង ។ ​ពួក​សត្វ​តែងសំគាល់​ដោយ​រូប​ជាដើម​ណា ៗ ថា (រូប​របស់​អញ វេទនា​របស់​អញ) នាម ​និង​រូប​នោះ​ ​ទៅ​ជា​របស់​​ដទៃ​​អំពីការ​សំគាល់​នោះ​ ​ព្រោះ​នាម ​និង​រូប​នោះ​ ​របស់​សត្វ​នោះ​ ជា​របស់​មិន​ពិត ជាធម៌​សោះសូន្យ​ទទេ ។ ព្រះអរិយៈ​ទាំងឡាយ ​ដឹង​ច្បាស់​នូវ​ព្រះនិព្វាន​នោះ​ ​ដែល​ជាធម៌​មិន​សោះសូន្យ​ដោយ​ពិត ទើបព្រះអរិយៈ​ទាំង​នោះ​ ​មិន​មាន​តណ្ហា ​បាន​ដល់​ព្រះនិព្វាន ​ព្រោះ​បាន​ត្រាស់​ដឹង​នូវ​សច្ចធម៌ ។

[៩៣] ​ម្នាល​ភិក្ខុ​ទាំងឡាយ ប្រសិនបើ​គេ​សួរ​ថា ការ​ពិចារណា​ឃើញរឿយ ៗ ​នូវ​សភាពធម៌ ​ដែល​ជាគូ​នឹង​គ្នា ​ដោយ​ប្រពៃ​​ដទៃ​ទៀត ​មាន​ដែរឬ ​ត្រូវ​បា្រប់ថា ​មាន​ តើ​មាន​ដូច​ម្តេច ​ម្នាល​ភិក្ខុ​ទាំងឡាយ អារម្មណ៍​ទាំង ៦ ប្រការ ​មាន​រូបារម្មណ៍​ជាដើមណា ​ដែល​លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ព​ពួក​សត្វ​ ព្រមទាំង​សមណ​ព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព ​និង​មនុស្ស​ដ៏​សេស ពិនិត្យ​ឃើញថា ​នេះ​ជាសុខ ឯអារម្មណ៍​នោះ​ ព្រះអរិយៈ​ទាំងឡាយ ឃើញច្បាស់​ដោយ​បញ្ញា​ដ៏​ប្រពៃតាមពិត​ថា ​នេះ​ជា​ទុក្ខ​វិញ​ ​នេះ​ជា​អនុបស្សនា​ទី​ ១ ​ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះនិព្វានណា ​ដែល​លោក ព្រមទាំង​ទេវលោក ។បេ។ ទាំងមនុស្ស​ជាសម្មតិទេព ​និង​មនុស្ស​ដ៏​សេស ពិនិត្យ​ឃើញថា ​នេះ​ជាទុក្ខ ឯព្រះនិព្វាន​នោះ​ ព្រះអរិយៈ​ទាំងឡាយ ឃើញច្បាស់​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាម​ពិតថា ​នេះ​ជាសុខ​វិញ​ ​នេះ​ជា​អនុបស្សនា ​ទី​ ២ ​ម្នាល​ភិក្ខុ​ទាំងឡាយ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញរឿយ ៗ ​នូវ​សភាពធម៌​ដែល​ជាគូគ្នា ​ដោយ​ប្រពៃយ៉ាង​នេះ​ហើយ​ ជា​អ្នក​មិន​ប្រមាទ ​មាន​ព្យាយាម​ជាគ្រឿង​ដុតកិលេស ​មាន​ចិត្ត​បញ្ជូន​ទៅ​កាន់ព្រះ​និព្វាន បណ្តា​ផលទាំងពីរ ផលណា​មួយ​ ​នឹង​កើត​ប្រាកដ ​គឺ​នឹង​បាន​នូវ​អរហត្តផល ​ក្នុង​បច្ចុប្បន្ន ឬ​មួយ​បើ​ខន្ធ​ដ៏​សេស​ដែល​គប្បី​កើត​ត​ទៅ​ទៀត​នៅ​មាន​ ​នឹង​បាន​ដល់​នូវ​អនាគាមិផល ។​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ ​លុះ​ព្រះសុគត​ជាសាស្តា ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ហើយ​ ទើប​ទ្រង់​ត្រាស់គាថា​ព័ន្ធ ត​ទៅ​ទៀតថា

រូប សំឡេង ក្លិន រស ផស្សៈ ធម្មារម្មណ៍​ទាំង​អស់​ ជា​ទី​ប្រាថ្នា ជា​ទី​ស្រឡាញ់ ​និង​ជា​ទី​ពេញ​ចិត្ត​ លោក​ពោល​ថា ​មាន​នៅ​ដរាប​ណា អារម្មណ៍​ទាំងនុ៎ះ ​សត្វ​លោក​ ព្រមទាំង​ទេវលោក សន្មត​ថា​ជា​សុខ (ដរាប​នោះ​) អារម្មណ៍​ទាំង​នោះ​ តែង​រលត់​ទៅ​ក្នុង​ព្រះនិព្វាន​ណា ព្រះនិព្វាន​នោះ​ ​ពួក​សត្វ​លោកទាំង​នោះ​ សន្មត​ថា​ជា​ទុក្ខ​វិញ​ ។ ការរលត់​នូវ​សក្កាយ ​គឺ​ខន្ធ​ទាំង ៥ ព្រះអរិយៈ​ទាំងឡាយ ឃើញ​ថា​ជា​សុខពិត ការឃើញ (​របស់​ព្រះអរិយៈ) ​អ្នក​យល់​នេះ​ ជាទំនាស់​នឹង​សត្វ​លោក​ទាំងពួង ។ ​ពួក​ជន​ពាល​ដទៃ​ ​ពោល​នូវ​វត្ថុកាម​ណាថា​ជាសុខ ព្រះអរិយៈ​ទាំងឡាយ ​ពោល​នូវ​វត្ថុកាម​នោះ​ ​ថា​ជា​ទុក្ខ ​ពួក​ជន​ពាល​ដទៃ​ ​ពោល​នូវ​ព្រះនិព្វាន​ណា ថាទុក្ខ ព្រះអរិយៈ​ទាំងឡាយ ​ដឹង​ច្បាស់​នូវ​ព្រះ​និព្វាន​នោះ​ ​ថា​ជា​សុខ ​អ្នក​ចូរ​ឃើញ​នូវ​និព្វានធម៌ ​ដែល​ដឹង​បាន​ដោយ​ក្រ ​ពួក​អ្នក​មិន​ដឹង​ វង្វេង​ហើយ​ក្នុង​ធម៌នុ៎ះ ។ ​សេចក្តី​ងងឹត​ធ្វើ​នូវ​ភាពខ្វាក់ តែងប្រាកដ​ដល់​ពួក​ជនពាល ​ដែល​អវិជ្ជាបិទបាំង ​មិន​ឃើញ​នូវ​ព្រះនិពា្វន ឯព្រះនិព្វាន​ដូច​ជា​ពន្លឺ ​រមែង​បើកបង្ហាញ​ដល់​ពួក​សប្បុរស​អ្នក​ឃើញ ​ពួក​ជន​អ្នក​មិន​ឈ្លាសវៃ​នូវ​ធម៌ ​គឺ​ព្រះនិព្វាន ​រមែង​មិន​ដឹង​ច្បាស់ (​នូវ​ព្រះនិព្វាន សូម្បី​មាន​) ​ក្នុង​ទី​ជិត​ឡើយ​ ។ ព្រះនិព្វាន​នេះ​ ​ពួក​ជនពាល​ដែល​មាន​ភវរាគៈ​គ្របសង្កត់​ហើយ​ ​កំពុង​អន្ទោល​ទៅ​តាមខ្សែ​ក្នុង​ភព ​កើត​ហើយ​ក្នុង​កន្លែង​របស់​មារ ​មិន​ងាយ​នឹង​ត្រាស់​ដឹង​បាន​ឡើយ​ ។ នរណាហ្ន៎ វៀរលែងតែ​ព្រះអរិយៈ​ចេញ​ ​គួរ​នឹង​ត្រាស់​ដឹង​នូវ​ព្រះនិព្វាន​បាន​ ព្រះអរហន្ត​ទាំងឡាយ ​មិន​មាន​អាសវធម៌ បរិនិព្វាន​ហើយ​ ​ព្រោះ​បាន​ត្រាស់​ដឹង​ដោយ​ប្រពៃ​នូវ​ព្រះនិព្វាន ។

[៩៤] ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់សូត្រ​នេះ​រួច​ហើយ​ ។ ​ភិក្ខុ​ទាំង​នោះ​ ​ក៏​មាន​ចិត្ត​ត្រេកអរ ​រីករាយ​នឹង​ភាសិត​របស់​ព្រះ​មាន​ព្រះភាគ ។ កាល​ដែល​ព្រះ​មាន​ព្រះភាគ​ទ្រង់​ពោល​វេយ្យាករណ៍​នេះ​ ​ពួក​ភិក្ខុ​ប្រមាណ ៦០ រូប ​មាន​ចិត្ត​រួច​ស្រឡះ​ចាក​អាសវធម៌ ​ព្រោះ​មិន​មាន​ឧបាទាន ។

ចប់ ទ្វយតានុបស្សនាសូត្រ​ទី​ ១២ ។

ឧទ្ទាន​ក្នុង​ទ្វយតានុបស្សនាសូត្រ​នោះ​គឺ

និយាយអំពីចតុរារិយសច្ច ១ ឧបធិ ១ អវិជ្ជា ១ សង្ខារ ១ វិញ្ញាណ ១ ជាគំរប់ប្រាំ ផស្សៈ ១ វេទនា ១ តណ្ហា ១ ឧបាទាន ១ អារម្ភៈ (ព្យាយាម) ១ អាហារ ១ ​សេចក្តី​ញាប់ញ័រ ១ ការរន្ធត់ ១ រូប ១ សច្ច ១ ទុក្ខ ១ ជា ១៦ ។

ចប់ មហាវគ្គ ​ទី​៣ ។

ឧទ្ទាន​នៃ​មហាវគ្គ​នោះ​គឺ

និយាយអំពីបព្វជ្ជាសូត្រ ១ បធានសូត្រ ១ សុភាសិតសូត្រ ១ សុន្ទរិកភារទ្វាជសូត្រ ១ មាឃសូត្រ ១ សភិយសូត្រ ១ សេលសូត្រ ១ សល្លសូត្រ ១ សេដ្ឋសូត្រ ១ កោកាលិកសូត្រ ១ នាឡកសូត្រ ១ ទ្វយតានុបស្សនាសូត្រ ១ សូត្រទាំង ១២ នុ៎ះ ​ហៅ​ថា​ មហាវគ្គ ។

អដ្ឋកវគ្គ ​ទី​៤

[កែប្រែ]

កាមសូត្រ ​ទី​១

[កែប្រែ]

[៩៥] កាល​សត្វ​ប្រាថ្នាកាមណា បើកាម​នោះ​សម្រេច​ដល់​សត្វ​នោះ​ ​លុះ​សត្វ​ (​នោះ​) ​បាន​តាម​ប្រាថ្នា​ហើយ​ ​រមែង​មាន​ចិត្ត​ប្រកប​ដោយ​បីតិ​ដោយ​ពិត ។ កាលបើ​សត្វ​នោះ​ប្រាថ្នា​ ​មាន​ឆន្ទៈ​កើត​ហើយ​ កាម​នោះ​ សាបសូន្យ​ទៅ​ ​សត្វ​ក៏​សុបសៅ​ទៅ​ ​ដូច​ជា​មុត​ដោយ​សរ ។ ​សត្វ​ណា​វៀរស្រឡះ​ចាក​កាម​ទាំងឡាយ ​ដូច​ជា​បុរស​គេ​ច​នឹង​ក្បាលពស់ ​ដោយ​ជើង​របស់​ខ្លួន ​សត្វ​នោះ​ ជា​អ្នក​មាន​សតិ ប្រព្រឹត្ត​កន្លង​នូវ​តណ្ហា​ជាគ្រឿង​ផ្សាយ​ទៅ​នេះ​ ​ក្នុង​លោក​បាន​ ។ ​មួយ​ទៀត ជន​ណា ជាប់ចំពាក់​នឹង​ស្រែ ចំការ កន្លែង ប្រាក់ គោ សេះ ​និង​បុរស​ជា​ខ្ញុំ​ ​ពួក​ស្រ្តី ​ពួក​ផៅពង្ស ​និង​កាម​ដ៏​ច្រើន ​ពួក​កិលេស​យ៉ាងខ្សោយ ​រមែង​គ្របសង្កត់​ជន​នោះ​ អន្តរាយ​ទាំងឡាយ ញាំញី​ជន​នោះ​ តពី​នេះ​ទៅ​ ទុក្ខ​នឹង​ជាប់ជន​នោះ​ ​ដូច​ជា​ទឹក​ហូរចូល​ទូក​ដែល​បែកធ្លាយ ។ ​ព្រោះ​ហេតុ​នោះ​ ​សត្វ​អ្នក​មាន​សតិ​សព្វ​កាល ​គួរ​វៀរ​ចាក​កាម​ទាំងឡាយ ​លុះ​លះ​កាមទាំង​នោះ​ហើយ​ ទើបឆ្លង​អន្លង់​បាន​ ​ដូច​ជា​បុរស​ស្តារទូក ​ហើយ​ទៅ​ដល់​ត្រើយ​ខាង​នាយ ។

ចប់ កាមសូត្រ ​ទី​១ ។

គុហដ្ឋកសូត្រ ​ទី​២

[កែប្រែ]

[៩៦] ជនជាប់ចំពាក់​ក្នុង​គុហា ​គឺ​រាងកាយ ស្រោប​ដោយ​កិលេស​ច្រើនប្រការ ធ្លាក់ចុះ​ក្នុង​មោហៈ ​គឺ​កាមគុណ​ ​ហើយ​ឋិត​នៅ​ ជន​មាន​សភាព​ដូច្នោះ ​ឈ្មោះ​ថា ឆ្ងាយ​អំពីវិវេក ​ព្រោះ​ថា កាមទាំងឡាយ​ក្នុង​លោក បុគ្គល​មិន​ងាយ​នឹង​លះ​បាន​ឡើយ​ ។ ​សត្វ​ទាំង​នោះ​ ជាប់ចំពាក់​ដោយ​រស​ឆ្ងាញ់​ក្នុង​ភព ​ព្រោះ​សេចក្តី​ប្រាថ្នា​ជាហេតុ​អាឡោះ​អាល័យ​នូវ​កាម​ទាំងឡាយ ​ក្នុង​អនាគត​ផង​ ​ក្នុង​អតីត​ផង​ ប្រាថ្នា​នូវ​កាម​ទាំងឡាយ​ ជា​បច្ចុប្បន្ន​នេះ​ ​និង​អតីត អនាគត ជា​សត្វ​រួច​បាន​ដោយ​ក្រ ​មិន​រួច​ដោយ​ហេតុ​​ដទៃ​​បាន​ ។ ​សត្វ​ទាំង​នោះ​ ជាប់​ចំពាក់​ ខ្វល់ខ្វាយ​វង្វេង​ក្នុង​កាម​ទាំងឡាយ ​មិន​កាន់​យក​ពុទ្ធវចនៈ​តាំង​នៅ​មាំ​ក្នុង​ធម៌​មិន​សើ្ម ​គឺ​កាយទុច្ចរិត​ ​ដល់​នូវ​សេចក្តី​ទុក្ខ តែង​ខ្សឹកខ្សួលថា​ ឱហ្ន៎ អាត្មាអញ​ច្យុតអំពី​អត្តភាព​នេះ​ ​នឹង​ទៅ​កើត​ក្នុង​ទី​ណាអេះ ។ ​ព្រោះ​ហេតុ​នោះ​ ​សត្វ​គប្បី​សិក្សា​ក្នុង​សាសនា​នេះ​ ​អ្នក​ប្រាជ្ញ​គប្បី​ដឹង​នូវ​កម្មនី​មួយ​ ​ថា​ជា​កម្ម​មិន​រាប​ទាប​ក្នុង​លោក ​មិន​គប្បី​ប្រព្រឹត្ត​ធម៌​មិន​រាបទាប ​ព្រោះ​ហេតុ​នៃ​កម្ម​នោះ​ ​អ្នក​ប្រាជ្ញ​ទាំងឡាយ​ តែង​ពោល​នូវ​ជីវិត​នោះ​ ​ថា​ជា​របស់​មាន​ប្រមាណ​តិច​ ។ តថាគត​ឃើញ​នូវ​ព​ពួក​សត្វ​នេះ​ ​ដែល​កំពុង​អន្ទះអន្ទែង​ក្នុង​លោក ​លុះ​ក្នុង​អំណាច​តណ្ហា​ក្នុង​ភព​ទាំងឡាយ ​ពួក​ជន​អ្នក​ថោកថយ ​មិន​ប្រាស​ចាក​តណ្ហា ​ក្នុង​ភព​តូចភពធំ​ទាំងឡាយ ​រមែង​ខ្សឹកខ្សួល​ក្នុង​មាត់​នៃ​មច្ចុ ។ ​អ្នក​ទាំងឡាយ ​ចូរ​មើល​ពួក​សត្វ​កំពុង​អន្ទះអន្ទែង ​ក្នុង​វត្ថុ​ជាកំណាន់ ​ដូច​ជាមច្ឆាជាតិ​ដែល​កំពុង​អន្ទះអន្ទែង ​ក្នុង​ទី​មាន​ទឹក​តិច​ ​មាន​ខ្សែ​ទឹក​រីង​អស់​ហើយ​ ​អ្នក​ប្រាជ្ញ​មិន​មាន​សេចក្តី​ប្រកាន់ ​លុះ​ឃើញ​ទោសនុ៎ះ​ហើយ​ ​មិន​គប្បី​សន្សំ​នូវ​តណ្ហា​គ្រឿងជាប់​ចំពាក់​ក្នុង​ភព ​ហើយ​ត្រាច់​ទៅ​ ។ ​អ្នក​ប្រាជ្ញ​កំណត់​ដឹង​នូវ​ផស្សៈ ​ហើយ​លះបង់​នូវ​ឆន្ទរាគៈ​ក្នុង​ផស្សៈ​ទាំងពីរប្រការ​ ​គឺ​ផស្សៈ​ដែល​កើត​ហើយ​ ​និង​ហេតុ​ដែល​នាំ​ឲ្យ​កើត​ផស្សៈ​ដ៏​លាមក ​មិន​ជាប់​ចំពាក់ (​ក្នុង​ផស្សៈ​ទាំង​នោះ​) ​អ្នក​ប្រាជ្ញ​មិន​តិះដៀល​អាត្មា​ឯង​ ​ដោយ​កម្មណា ​មិន​ធ្វើ​នូវ​កម្ម​នោះ​ ​មិន​ជាប់​នៅ​ក្នុង​អារម្មណ៍​ដែល​បាន​ឃើញ​បាន​ឮ ។ ​អ្នក​ប្រាជ្ញ​កំណត់​ដឹង​នូវ​កាមសញ្ញា ​ហើយ​ឆ្លង​ចាក​អន្លង់ ​មាន​ចិត្ត​មិន​ជាប់​ចំពាក់ ​ក្នុង​បរិគ្គហធម៌ ​គឺ​តណ្ហា ​និង​ទិដ្ឋិ​ទាំងឡាយ​ឡើយ​ ដក​ចោល​នូវ​សរ ​គឺ​រាគាទិក្កិលេស ​មិន​មាន​សេចក្តី​ប្រមាទ ត្រាច់​ទៅ​ទាំង​មិន​មាន​សេចក្តី​ប្រាថ្នា​ក្នុង​លោក​នេះ​ ​និង​លោក​ខាង​មុខ ។

ចប់ គុហដ្ឋកសូត្រ ​ទី​២ ។

ទុដ្ឋដ្ឋកសូត្រ ​ទី​៣

[កែប្រែ]

[៩៧] តិរ្ថិយ ១ ​ពួក​ ​មាន​ចិត្ត​ប្រទូស្ត ​ពោល​តិះដៀល (ព្រះ​មាន​ព្រះភាគ ​និង​ភិក្ខុ​សង្ឃ) ​មិន​តែ​ប៉ុណ្ណោះ ​តិរិ្ថយ​ដទៃ​​ទៀត ​ដែល​មាន​សេចក្តី​សំគាល់​ថាមែន ​ក៏​ពោល​តិះដៀល​ដែរ ឯ​អក្កោសវាទ ​ដែល​កើត​ហើយ​ ​មិន​ចូល​ទៅ​ដល់​ព្រះមុនី ​ព្រោះ​ហេតុ​នោះ​ ​ត្រូវ​​ដឹង​ថា ព្រះមុនី​មិន​មាន​សសរខឿន ​គឺ​រាគាទិក្កិលេស ​ក្នុង​សន្តាន​តិច​តួច​សោះ​ឡើយ​ ។ បុគ្គល​កន្លង​នូវ​ទិដ្ឋិ​របស់​ខ្លួន​ដូច​ម្តេច​បាន​ បុគ្គល​​ត្រូវ​ឆន្ទៈ​ដឹក​នាំ​ហើយ​ តាំង​នៅ​មាំ​ហើយ​ តាម​គាប់​ចិត្ត​ ​ធ្វើ​នូវ​ទិដ្ឋិ​ឲ្យ​ពេញ​ដោយ​ខ្លួន​ឯង​ ​ដឹង​យ៉ាង​ណា ​ពោល​យ៉ាង​នោះ​ ។ ​សត្វ​ណា ​គេ​មិន​ទាន់​សាក​សួរ​ ស្រាប់តែ​សំដែង​ប្រាប់​នូវ​សីល ​និង​វត្ត​របស់​ខ្លួន ​ដល់​ជន​​ដទៃ​ ​សត្វ​ណា ​ពោល​សរសើរ​ខ្លួន​ដោយ​ខ្លួន​ឯង​ ​អ្នក​ឈ្លាស​វៃ​ទាំងឡាយ ​ពោល​នូវ​វាទៈ​របស់​សត្វ​នោះ​ ​ថា​ជា​ធម៌​មិន​ប្រសើរ​ឡើយ​ ។ ​មួយ​ទៀត ​ភិក្ខុ​អ្នក​ស្ងប់​រម្ងាប់​ហើយ​ ​មាន​ខ្លួន​រលត់​ហើយ​ ​មិន​ពោល​អួត​ព្រោះ​សីល (ទប់ខ្លួន) ថា អាត្មាអញ​មាន​សីល​ដូច្នេះ ៗ ឬ​មួយ​ធម៌​ជាចំហាយ ​គឺ​រាគាទិក្កិលេស​ក្នុង​លោក​នី​មួយ​ ​មិន​មាន​ដល់​ភិក្ខុ​ណា ​អ្នក​ឈ្លាសវៃ​ទាំងឡាយ ​ពោល​នូវ​ការ​មិន​ពោល​អួត​របស់​ភិក្ខុ​នោះ​ ​ថា​ជា​ធម៌​ដ៏​ប្រសើរ ។ ធម៌ ​គឺ​ទិដ្ឋិ ៦២ ​ដែល​បច្ច័យ​កំណត់​តាក់តែង​ធ្វើ​ខាង​មុខ ​មិន​ផូរផង់ ​មាន​ដល់​សត្វ​ណា​មួយ​ (ជា​ទិដ្ឋិគតិកៈ) បុគ្គល​នោះ​ ឃើញ​អានិសង្ស​ណា​ក្នុង​ខ្លួន ​ក៏​អាស្រ័យ​អានិសង្ស​នោះ​ ​និង​កុប្បបដិច្ចសន្តិទិដ្ឋិ [ទិដ្ឋិ ​បាន​ដល់​កិរិយា​កំរើក ការអាស្រ័យ​ហើយ​កើត​ឡើង​ កិរិយា​ស្ងប់​ដោយ​ការសន្មតិ ។ អដ្ឋកថា ។] ។ ​សេចក្តី​ប្រកាន់ទិដ្ឋិ ​គឺ​សត្វ​មិន​ងាយ​ប្រព្រឹត្ត​កន្លង​បាន​ ​ព្រោះ​ចូល​ចិត្ត​នូវ​ទិដ្ឋិ​ដែល​ខ្លួនប្រកាន់​ហើយ​ ​ក្នុង​ទិដ្ឋិធម៌ ៦២ ​ព្រោះ​ហេតុ​នោះ​ ជនរលាស់​ចោល​ខ្លះ កាន់​យក​ខ្លះ​នូវ​ធម៌ ​គឺ​ទិដ្ឋិ ​ក្នុង​ការ​ប្រកាន់​យក​នូវ​ទិដ្ឋិ​ទាំង​នោះ​ ។ ព្រះអរហន្ត​ក្នុង​លោក ​មិន​មាន​ទិដ្ឋិ​ដែល​បុគ្គល​កំណត់ ​ក្នុង​ភព​តូចភពធំ ​ក្នុង​លោក​តិច​តួច​ឡើយ​ ព្រះអរហន្ត​នោះ​ លះបង់​មាយា​ផង​ មានះ​ផង​ ​គប្បី​ទៅ​ដោយ​គតិវិសេស​ដូច​ម្តេច ព្រះអរហន្ត​នោះ​ ​មិន​ផ្តេកផ្តិត​នូវ​តណ្ហា ​និង​ទិដ្ឋិទៀត​ទេ ។ ​ព្រោះ​បុគ្គល​អ្នក​ផ្តេកផ្តិត​នូវ​តណ្ហា ​និង​ទិដ្ឋិ តែងចូល​ទៅ​ជិត​កាន់វាទៈ ​ក្នុង​ទិដ្ឋិធម៌​ទាំងឡាយ បុគ្គល​គប្បី​ពោល​ទោស ចំពោះ​បុគ្គល​អ្នក​មិន​ផ្តេកផ្តិត​នូវ​តណ្ហា ​និង​ទិដ្ឋិ ​ដោយ​រាគាទិទោស ​ដូច​ម្តេច​បាន​ ឯ​អត្តទិដ្ឋិ ​និង​ឧច្ឆេទទិដ្ឋិ ​របស់​ព្រះអរហន្ត​នោះ​ ​មិន​មាន​ឡើយ​ ព្រះអរហន្ត​នោះ​ ​កម្ចាត់​បង់​ហើយ​នូវ​ទិដ្ឋិ​ទាំង​អស់​ក្នុង​លោក ។

ចប់ ទុដ្ឋដ្ឋកសូត្រ ​ទី​៣ ។

សុទ្ធដ្ឋកសូត្រ ​ទី​៤

[កែប្រែ]

[៩៨] ជនពាលតែង​ដឹង​ថា អាត្មាអញ​ឃើញ (​នូវ​រូប) ​ស្អាត​ប្រសើរ ​មិន​មាន​រោគ ការ​ស្អាត​ តែង​មាន​ដល់​សត្វ​ ​ដោយ​រូប​ដែល​ឃើញ​ហើយ​ ការ​ដឹង​យ៉ាង​នេះ​ថា ប្រសើរ​ដូច្នេះ ​ហើយ​ជា​អ្នក​ពិចារណា​ឃើញ​រឿយ ៗ ថា ​ស្អាត​ ​រមែង​ជឿថា​ជាញាណ​ ។ ប្រសិន​បើការ​ស្អាត​ ​មាន​ដល់​សត្វ​ព្រោះ​រូប​ដែល​ឃើញ​ហើយ​មែន ​សត្វ​នោះ​ គង់​នឹង​លះបង់​នូវ​កងទុក្ខ ​ដោយ​ញាណ​បាន​ ឬ​សត្វ​ដែល​ប្រកប​ដោយ​ឧបធិ​នោះ​ គង់​នឹង​ស្អាត​ដោយ​មគ្គ ​មិន​ស្អាត​ដោយ​គុណ​​ដទៃ​ ​ព្រោះ​ទិដ្ឋិ ​រមែង​ប្រាប់បុគ្គល​អ្នក​មាន​ទិដ្ឋិ​នោះ​ កាល​ពោល​យ៉ាង​នោះ​ ។ ខីណាសវ​ព្រាហ្មណ៍ ​មិន​ពោល​សរសើរ​នូវ​ការ​ស្អាត​ ត្រង់​អារម្មណ៍ ​ដែល​បាន​ឃើញ ​បាន​ឮ ​បាន​ប៉ះពាល់ ឬ​ត្រង់សីល ​និង​វ័ត ជា​អរិយមគ្គញ្ញាណ​ទេ (លោក) ​មិន​ប្រឡាក់​នឹង​បុណ្យ​បាប លះបង់​នូវ​សេចក្តី​យល់ថា ខ្លួន​មាន​ធ្វើ​នូវ​កម្ម​ក្នុង​លោក​នេះ​ ។ ​ពួក​អ្នក​សុទ្ធិវាទៈ ​អ្នក​លុះ​ក្នុង​អំណាច​តណ្ហា លះបង់​នូវ​លទ្ធិ​មុន​ហើយ​ អាស្រ័យ​នូវ​លទ្ធិ​ខាង​ក្រោយ​ទៀត ​ពួក​សុទ្ធិវាទៈ​នោះ​ ​រមែង​ឆ្លង​នូវ​កិលេស គ្រឿងជាប់​មិន​រួច​ឡើយ​ សុទ្ធិវាទៈ​ទាំង​នោះ​ តែងកាន់​យក​ខ្លះ លះ​ចោល​វិញ​ខ្លះ ​ដូច​ពានរ ចាប់​យក​មែកឈើ ​ដែល​នៅ​ចំពោះមុខ ។ ​សត្វ​កាន់​យក​នូវ​វ័ត​ទាំងឡាយ ​ដោយ​ខ្លួន​ឯង​ ជា​សត្វ​ជាប់ល្អិត​ក្នុង​កាមសញ្ញា​ហើយ​ តែង​ទៅ​គប់​រក​គ្រូ​ខ្ពស់​ ​និង​ទាប ​អ្នក​ប្រាជ្ញ ​មាន​បញ្ញា​ក្រាស់​ដូច​ផែនដី ត្រាស់​ដឹង​នូវ​សច្ចធម៌​ដោយ​វេទ ​គឺ​មគ្គញ្ញាណ​ទាំង ៤ ​មិន​បាន​ទៅ​គប់​រក​គ្រូ​ខ្ពស់​ ​និង​ទាប​ឡើយ​ ។ ​អ្នក​ប្រាជ្ញ​នោះ​ ​កម្ចាត់​បង់​មារសេនា​ហើយ​ ឋិត​នៅ​នឹង​នួន ​ក្នុង​អារម្មណ៍​ទាំងពួង ទោះអារម្មណ៍​ដែល​ឃើញ ​ដែល​ឮ ​ដែល​ប៉ះពាល់​ណា​មួយ​ក្តី​ (​អ្នក​ណា​មួយ​) ​គប្បី​កំណត់​នូវ​អ្នក​ប្រាជ្ញ ​អ្នក​ឃើញ (​ដ៏​បរិសុទ្ធ) ​មាន​គ្រឿង​ប្រក់ ​គឺ​កិលេស​បើក​ហើយ​នោះ​ឯង​ ​ដោយ​គ្រឿង​កំណត់​ណា ​ក្នុង​លោក​បាន​ ។ ​អ្នក​ប្រាជ្ញ​ទាំងឡាយ​បែប​នោះ​ ​មិន​កំណត់ ​មិន​ធ្វើ​តណ្ហា ​និង​ទិដ្ឋិ ​ឲ្យ​ជា​ប្រធាន ទាំង​មិន​ពោល​សរសើរ​នូវ​ទិដ្ឋិ ​ថា​ជា​របស់​ស្អាត​ម៉ត់ចត់​ទេ តែងផ្តាច់​ចោល​នូវ​ចំណង ​គឺ​សេចក្តី​ប្រកាន់ ​ដែល​ចង​ក្នុង​ចិត្ត​សន្តាន​របស់​ខ្លួន តែង​មិន​ធ្វើ​សេចក្តី​ប្រាថ្នា ​ក្នុង​សន្តាន​ឯណានី​មួយ​ ​ក្នុង​លោកទេ ។ (​អ្នក​ប្រាជ្ញ​នោះ​) ប្រព្រឹត្ត​កន្លង​នូវ​ខេត្រដែន (កិលេស) បន្សាត់​បង់បាប លោក​មិន​មាន​សេចក្តី​ប្រកាន់ ​ព្រោះ​ជ្រាប ​ព្រោះ​ឃើញទេ លោក​មិន​ត្រេកអរ​ក្នុង​កាមរាគៈ ​មិន​រីករាយ​ក្នុង​រូបភព ​និង​អរូបភព ​អ្នក​ប្រាជ្ញ​នោះ​ ​មិន​មាន​សេចក្តី​ប្រកាន់ថា ​នេះ​ជា​របស់​ប្រសើរ​ក្នុង​លោក​នេះ​ឡើយ​ ។

ចប់ សុទ្ធដ្ឋកសូត្រ ​ទី​៤ ។

បរមដ្ឋសូត្រ ​ទី​៥

[កែប្រែ]

[៩៩] ​សត្វ​នៅ​ត្រាំ​ក្នុង​ទិដ្ឋិទាំងឡាយថា​ ​នេះ​ប្រសើរ តែង​លើ​ក (គោរព) គ្រូណាថា វិសេស​ផុត​ក្នុង​លោក ​បាន​ពោល​បង្អាប់​ពួក​គ្រូ​ទាំង​អស់​​ដទៃ​អំពី​គ្រូខ្លួន​នោះ​ថា ថោកទាប ​ព្រោះ​ហេតុ​នោះ​ ​បាន​ជា​សត្វ​ប្រព្រឹត្ត​កន្លង​នូវ​វិវាទ​ទាំងឡាយ​មិន​រួច​ ។ ​សត្វ​ឃើញ​នូវ​អានិសង្ស​ណា​ក្នុង​ខ្លួន ត្រង់អារម្មណ៍​ដែល​បាន​ឃើញ ​បាន​ឮ ​បាន​ប៉ះពាល់ ឬត្រង់សីល ​និង​វ័ត ​សត្វ​នោះ​ ប្រកាន់​ភ្ជាប់​នូវ​អានិសង្ស​នោះ​ ​ក្នុង​សក្កាយទិដ្ឋិ​នោះ​ ​ហើយ​ឃើញ​នូវ​គ្រូ​​ដទៃ​​ទាំង​អស់​ថា ថោកថយ ។ ​សត្វ​អាស្រ័យ​គ្រូ​របស់​ខ្លួន ​ហើយ​ឃើញ​គ្រូ​ដទៃ​ថា ថោកថយ ​អ្នក​ប្រាជ្ញ​ទាំងឡាយ ​ពោល​នូវ​ការឃើញ​នោះ​ ​ថា​ជា​ចំណងពិត ​ព្រោះ​ហេតុ​នោះ​ ​ភិក្ខុ​មិន​គប្បី​អាស្រ័យ​អារម្មណ៍ ​ដែល​បាន​ឃើញ ​បាន​ឮ ​បាន​ប៉ះពាល់ ឬសីល ​និង​វ័ត​ឡើយ​ ។ ​ភិក្ខុ​មិន​គប្បី​ធ្វើ​ទិដ្ឋិ​ឲ្យ​កើត​ឡើង​ក្នុង​លោក ​ដោយ​ញាណ ឬ​ដោយ​សីល ​និង​វ័តទេ ​មិន​គប្បី​ប្រៀបធៀប​ខ្លួនថា អាត្មាអញ ជា​អ្នក​ស្មើ (​នឹង​គេ​) ទេ ​មិន​គប្បី​សំគាល់​ខ្លួនថា អាត្មាអញ​ជា​អ្នក​ថោកថយ​ទេ ឬថា​អាត្មាអញ​ជា​អ្នក​វិសេស​ជាង​គេ​ទេ ។ កាល​ភិក្ខុ​នោះ​ លះបង់​នូវ​អត្តទិដ្ឋិ​ហើយ​ ​មិន​ប្រកាន់មាំ ទាំង​មិន​សន្សំ​នូវ​និស្ស័យ​ក្នុង​ញាណ កាលបើ​សត្វ​បែក​ផ្សេងគ្នា ​ភិក្ខុ​នោះ​ ​ក៏​មិន​ប្រព្រឹត្ត​ជា​ពួក​ ​ភិក្ខុ​នោះ​ ​មិន​ត្រឡប់​មកកាន់​ទិដ្ឋិនី​មួយ​ទេ ។ ​ព្រះខីណាស្រព​ណា ​មិន​មាន​តណ្ហា ដើម្បី​នឹង​កើត​រឿយ ៗ ​ក្នុង​លោក​នេះ​ ឬលោក​ខាង​មុខ ត្រង់​ទី​បំផុត​ទាំងពីរ [​ទី​បំផុត​ខាង​ដើម​តណ្ហា ​មាន​ផស្សៈ​ជាដើម ​ទី​បំផុត​ខាង​ចុង​តណ្ហា ​គឺ​ឧបាទាន ។ អដ្ឋកថា ។] ទៀតទេ ព្រះខីណាស្រព​ណា ​មិន​មាន​ទី​អាស្រ័យ​នៅ​នី​មួយ​ឡើយ​ ព្រះខីណាស្រព​នោះ​ (​មិន​មាន​) ​សេចក្តី​ប្រកាន់ ​ព្រោះ​ពិចារណា​ឃើញ​ក្នុង​ពួក​ទិដ្ឋិធម៌​ទាំងឡាយ សូម្បី​សញ្ញា​តិច​តួច ​ដែល​កំណត់​ក្នុង​អារម្មណ៍ ​បាន​ឃើញ ​បាន​ឮ ​បាន​ប៉ះពាល់ ​ក្នុង​លោក​នេះ​ ​របស់​ព្រះខីណាស្រព​នោះ​ ​ក៏​មិន​មាន​ឡើយ​ បុគ្គល​ណា ​គប្បី​កំណត់​នូវ​ខីណាសវ​ព្រាហ្មណ៍​នោះ​ ​អ្នក​មិន​ប្រកាន់​នូវ​ទិដ្ឋិ​ដោយ​សេចក្តី​កំណត់​ដូច​ម្តេច ​ក្នុង​លោក​នេះ​បាន​ ។ ព្រះខីណាស្រព​ទាំងឡាយ ​មិន​កំណត់ ​មិន​ធ្វើ​តណ្ហា ​និង​ទិដ្ឋិ ​ឲ្យ​ជា​ប្រធានទេ ធម៌ទាំង​ឡាយ ​គឺ​ទិដ្ឋិ​មិន​បិទបាំង (បញ្ញា) ​របស់​ព្រះខីណាស្រព​ទាំងអម្បាល​នោះ​បាន​ឡើយ​ ព្រះខីណាសវ​ព្រាហ្មណ៍ ​មិន​ប្រព្រឹត្ត​ទៅ​តាម​សីល ​និង​វ័ត (​ដទៃ​) ទេ ​បាន​ដល់​ត្រើយ ​គឺ​ព្រះនិព្វាន ​មាន​សភាព​ជា​តាទិបុគ្គល ​មិន​ត្រឡប់​មកកាន់​ភព (ថ្មី) ទៀត​ឡើយ​ ។

ចប់ បរមដ្ឋកសូត្រ ​ទី​៥ ។

ជរាសូត្រ ​ទី​៦

[កែប្រែ]

[១០០] ជីវិត​នេះ​ ​មាន​ប្រមាណ​តិច​ហ្ន៎ ​សត្វ​តែង​ស្លាប់ថយ​អំពី ១០០ ឆ្នាំ ប្រសិន​បើរស់​ហួសពី ១០០ ឆ្នាំ ​សត្វ​នោះ​ ​នឹង​ស្លាប់​ដោយ​ជរា​ជាប្រាកដ ។ ជន​ទាំងឡាយ​តែងសោក ​ព្រោះ​វត្ថុ​ដែល​ប្រកាន់​ថា ​របស់​យើង ​សេចក្តី​ប្រកាន់ជា​របស់​ទៀងទាត់​មិន​មាន​ឡើយ​ ជីវិត​នេះ​ ​មាន​ការ​ព្រាត់ប្រាស​ចាក​របស់​ដែល​មាន​ជាធម្មតា ​អ្នក​ប្រាជ្ញ​លុះ​ឃើញ​ដូច្នេះ​ហើយ​ ​រមែង​មិន​នៅ​គ្រប់គ្រងផ្ទះ​ឡើយ​ ។ បុរស​សំគាល់​របស់​ណាថា ​នេះ​ជា​របស់​អញ ​រមែង​លះ​របស់​នោះ​ដោយ​មរណៈ ឯ​អ្នក​ប្រាជ្ញរាប់​អាន​ព្រះរតនត្រ័យ ជ្រាបច្បាស់​នូវ​ទោស​នុ៎ះ ​ហើយ​មិន​បង្អោន (​ចិត្ត​) ​ទៅ​ដើម្បី​សេចក្តី​ប្រកាន់ថា ​របស់​យើង​ឡើយ​ ។ បុរស​អ្នក​ភ្ញាក់ (ពីដេក) ​រមែង​មិន​ឃើញ​រូបារម្មណ៍​ជាដើម ​ដែល​មកជួប​ប្រទះ ​ដោយ​យល់សប្តិ យ៉ាង​ណាមិញ បុគ្គល​មិន​ឃើញ​ជន​ជា​ទី​ស្រឡាញ់ ​ដែល​ធ្វើ​កាល​កិរិយា​ទៅ​កាន់​លោក​ខាង​មុខ ​ក៏​យ៉ាង​នោះ​ដែរ ។ ជនទាំង​នោះ​ ​ដែល​គេ​ឃើញ​ហើយ​ ឮ​ហើយ​ ​គេ​តែង​ហៅ​ឈ្មោះ​ កាលលះ​លោក​នេះ​ទៅ​ ​នៅ​សល់តែ​ឈ្មោះ​សម្រាប់​ហៅ​ប៉ុណ្ណោះ ។ ​ពួក​សត្វ​មាន​សេចក្តី​លោភ តែង​មិន​លះបង់​នូវ​សេចក្តី​សោកខ្សឹកខ្សួល ​និង​សេចក្តី​កំណាញ់ ​ក្នុង​វត្ថុ​ដែល​ជា​ទី​រាប់​អាន​បាន​ឡើយ​ ​ព្រោះ​ហេតុ​នោះ​ ​អ្នក​ប្រាជ្ញ​ទាំងឡាយ​ ​ដែល​ឃើញ​ព្រះនិព្វាន ​ថា​ជា​ទី​ក្សេម​ហើយ​ ​រមែង​លះបង់​សេចក្តី​ប្រកាន់​បាន​ ។ ​ភិក្ខុ​ណា​មិន​សំដែង​ខ្លួន​ក្នុង​ភព (ថ្មីទៀត) ​អ្នក​ប្រាជ្ញ​ទាំងឡាយ ​ហៅ​អំពើ​នោះ​ ​របស់​ភិក្ខុ​នោះ​ ​អ្នក​ប្រព្រឹត្ត​រួញរា ​អ្នក​ភប់​ប្រសព្វ​អាសនៈ​ស្ងាត់ ​ថា​ជា​សភាព​សមរម្យ​ហើយ​ ។ ​អ្នក​ប្រាជ្ញ​មិន​បាន​អាស្រ័យ​ក្នុង​អាយតនៈ​ទាំង​អស់​ឡើយ​ ​មិន​ធ្វើ​សត្វ​ ​និង​សង្ខារ​ឲ្យ​ជា​ទី​ស្រឡាញ់ ទាំង​មិន​ធ្វើ​សត្វ​ ​និង​សង្ខារ​ឲ្យ​មិន​ជា​ទី​ស្រឡាញ់ ​សេចក្តី​ខ្សឹកខ្សួល ​និង​សេចក្តី​កំណាញ់ ​មិន​ជាប់​ក្នុង​សន្តាន​របស់​ព្រះខីណាស្រព​នោះ​ ​ដូច​ទឹក​មិន​ប្រឡាក់​លើ​ស្លឹក​ឈូក​ដូច្នោះ​ដែរ ។ តំណក់​ទឹក​មិន​ដក់​នៅ​លើ​ស្លឹក​ឈូក ​ដូច​ម្តេច​ក្តី​ ​ទឹក​មិន​ទ​ទឹក​នា​ផ្កា​ឈូក​ដូច​ម្តេច​ក្តី​ ​អ្នក​ប្រាជ្ញ​មិន​ជាប់​នៅ​ក្នុង​អារម្មណ៍​នី​មួយ​ សូម្បី​អារម្មណ៍​បាន​ឃើញ ​បាន​ប៉ះ​ពាល់ ​ក៏​ដូច្នោះ​ដែរ ។ ​មួយ​ទៀត ព្រះអរហន្ត ​មិន​សំគាល់​ក្នុង​អារម្មណ៍​នី​មួយ​ សូម្បី​អារម្មណ៍​ដែល​ឃើញ ​ដែល​ឮ ​ដែល​ប៉ះ​ពាល់​ដោយ​វត្ថុ​នោះ​ ៗ ​ឡើយ​ ទាំង​មិន​ប្រាថ្នា​ការ​ស្អាត​ដោយ​វត្ថុ​​ដទៃ​ទេ ​ព្រោះ​ព្រះអរហន្ត​នោះ​ ​មិន​ត្រេក​ត្រអាល ​មិន​ប្រាសតម្រេក (​ដូច​កល្យាណបុថុជ្ជន ​និង​សេក្ខៈ) ។

ចប់ ជរាសូត្រ ​ទី​៦ ។

តិស្សមេត្តេយ្យសូត្រ ​ទី​៧

[កែប្រែ]

[១០១] ព្រះតិស្សមេត្តេយ្យ​ដ៏​មាន​អាយុ (អារាធនាថា) បពិត្រ​ព្រះអង្គ​និរទុក្ខ ​សូម​ព្រះអង្គ សំដែង​សេចក្តី​ចង្អៀតចង្អល់ ​របស់​បុគ្គល​អ្នក​ប្រកប​មេថុនធម្ម​រឿយ ៗ យើង​ខ្ញុំ​បាន​ស្តាប់​ពាក្យ​ប្រដៅ​ព្រះអង្គ​ហើយ​ ​នឹង​សិក្សា​នូវ​វិវេក​ទាំងឡាយ ។

(ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​ ​ម្នាល​មេត្តេយ្យ) បុគ្គល​អ្នក​ប្រកប​មេថុន​រឿយ ៗ ​រមែង​ភ្លេច​ពាក្យ​ប្រដៅ​ផង​ ប្រតិបត្តិ​ខុស​ផង​ ការប្រព្រឹត្តិ​ខុសនុ៎ះ ជា​អំពើ​មិន​ប្រសើរ ចំពោះ​បុគ្គល​នោះ​ទេ ។ ​បុគ្គល​ណា​ ប្រព្រឹត្ត​ម្នាក់​ឯង​ ​គឺ​ទ្រង់​ភេទបព្វជិត​ក្នុង​កាល​ពីមុន (​លុះ​ខាង​ក្រោយ) ត្រឡប់​សេពមេថុនធម្ម​វិញ​ ​អ្នក​ប្រាជ្ញ​ហៅ​បុគ្គល​នោះ​ថា​ជា​បុថុជ្ជន ​អ្នក​ថោកថយ​ក្នុង​លោក ​ដូច​ជា​យាន​លឿន​ទៅ​ដូច្នោះ​ឯង​ ។ យស ​និង​សេចក្តី​សរសើរ​ណា​ក្នុង​កាលពីមុន យស ​និង​សេចក្តី​សរសើរ​នោះ​ ​របស់​បុគ្គល​នោះ​ ​រមែង​សាប​សូន្យ​ទៅ​ បុគ្គល​ឃើញ​ការ​ចម្រើន​ ​និង​ការ​សាបសូន្យ​យស សរសើរ​នុ៎ះ​ហើយ​ ​គប្បី​សិក្សាដើម្បី​លះបង់​នូវ​មេថុនធម្ម​ចេញ​ ។ បុគ្គល​នោះ​ ​ត្រូវ​សង្កប្បៈ​ទាំងឡាយ គ្រប​សង្កត់​ហើយ​ ​រមែង​ជ្រប់​នៅ​ ​ដូច​មនុស្ស​កំព្រា បុគ្គល​បែប​នោះ​ ឮ​ពាក្យ​ជន​ដទៃ​​ហើយ​ ​រមែង​អៀនខ្មាស ។ ​មួយ​ទៀត បុគ្គល​នោះ​ ​ត្រូវ​វាទៈ​អ្នក​​ដទៃ​​ដាស់តឿន​ហើយ​ ​រមែង​ធ្វើ​គ្រឿងសស្រ្តា ​គឺ​មុសាវាទ ​សេចក្តី​សាំញុំា​ធំ​នោះ​ឯង​ ​របស់​បុគ្គល​នោះ​ ​រមែង​ធ្លាក់ចុះ​កាន់​មុសាវាទ ។ បុគ្គល​ដែល​គេ​ដឹង​សុះសាយ​ថា​ជា​បណ្ឌិត​ តាំងផ្តើម​ការប្រព្រឹត្តិ​ម្នាក់​ឯង​ ​លុះ​កាល​ខាង​ក្រោយ​មក បែរ​ទៅ​ជាប្រកប​ក្នុង​មេថុនធម្ម​វិញ​ ​បណ្ឌិត​នោះ​ ​នឹង​សៅហ្មង​ដូច​ជន​ពាលដែរ ។ ​អ្នក​ប្រាជ្ញ ​លុះ​ជ្រាបទោស​នុ៎ះ​ហើយ​ ​គួរ​ធ្វើ​នូវ​ការប្រព្រឹត្តិម្នាក់​ឯង​ ​ឲ្យ​មាំ ​ក្នុង​សាសនា​នេះ​ ទាំងមុន​ទាំងក្រោយ ​កុំ​គប្បី​សេព​នូវ​មេថុន​ឡើយ​ ។ បុគ្គល​គប្បី​សិក្សា​នូវ​វិវេក​តែម្យ៉ាង ​ព្រោះ​វិវេកនុ៎ះ ប្រសើរផុត​របស់​ព្រះអរិយៈ​ទាំង​ឡាយ ប៉ុន្តែបុគ្គល​មិន​គប្បី​សំគាល់ថា អាត្មាអញ​ប្រសើរ​ដោយ​វិវេក​នោះ​ទេ បុគ្គល​នោះ​ឯង​ ​ឈ្មោះ​ថា ប្រតិស្ឋាន​នៅ​ក្នុង​ទី​ជិត​នៃ​ព្រះនិព្វាន ។ ​ពួក​សត្វ​អ្នក​ជាប់​នៅ​ក្នុង​កាម​ទាំងឡាយ តែងស្រឡាញ់​អ្នក​ប្រាជ្ញ​ ​ដែល​មាន​សេចក្តី​ស្ងប់ស្ងាត់ ​មិន​អាឡោះ​អាល័យ​ក្នុង​កាម​ទាំងឡាយ ឆ្លង​នូវ​អន្លង់​បាន​ ។

ចប់ តិស្សមេត្តេយ្យសូត្រ ​ទី​៧ ។

បសូរសូត្រ ​ទី​៨

[កែប្រែ]

[១០២] ​ពួក​សមណព្រាហ្មណ៍​ដទៃ​​ក្នុង​លោក​នេះ​ តែង​ពោល​សរសើរថា បរិសុទ្ធិ (សំដៅ​ទិដ្ឋិ​របស់​ខ្លួន) តែ​មិន​ពោល​ថា បរិសុទ្ធិ​ចំពោះ​លទ្ធិ​ដទៃ​ (​ក្រៅ​អំពីគ្រូ​របស់​ខ្លួន) សមណព្រាហ្មណ៍​ជាច្រើន អាស្រ័យ​នឹង​លទ្ធិណា តែង​សរសើរ​ថា ​ល្អ​ក្នុង​លទ្ធិ​នោះ​ តាំង​នៅ​ក្នុង​បច្ចេកសច្ចៈ (​សេចក្តី​ពិត​ដោយ​ឡែក) ។ សមណព្រាហ្មណ៍​ទាំង​នោះ​ ប្រាថ្នា​នូវ​វាទៈ ចូល​ទៅ​កាន់​បរិស័ទ​ហើយ​ ទាំង ២ នាក់ ឃើញគ្នា​នឹង​គ្នា​ថា​ជា​ពាល​ទាំង​អស់​ សមណព្រាហ្មណ៍​ទាំង​នោះ​ អាស្រ័យ​នឹង​គ្រូ​ដទៃ​ ​ក៏​ពោល​ជម្លោះ ប្រាថ្នា​នូវ​ការសរសើរ​ ​ក៏​សំគាល់ថា យើងវាង​វៃ​ក្នុង​វាទៈ ។ បុគ្គល​អ្នក​ខ្វល់ខ្វាយ ​ក្នុង​ការនិយាយ​ជជែក ប្រាថ្នា​នូវ​ការ​សរសើរ ​ក្នុង​កណ្តាល​បរិស័ទ​ ​រមែង​ទញ់តុះ ​និង​ជា​បុគ្គល​អៀនខ្មាស​ក្នុង​វាទៈ (​របស់​ខ្លួន) ​ដែល​គេ​ផាត់​ចោល​ បុគ្គល​ស្វែង​រក​ទោស​នោះ​ ​រមែង​ខឹង ​ព្រោះ​ពាក្យ​និន្ទា ។ ​អ្នក​ពិចារណា​នូវ​បញ្ហា​ទាំងឡាយ ​ពោល​នូវ​វាទៈ​របស់​បុគ្គល​នោះ​ ​ថា​ជា​វាទៈ​ថោកទាប ថា​គេ​ផាត់​ចោល​ហើយ​ បុគ្គល​អ្នក​មាន​វាទៈ​ថោកទាប តែងខ្សឹក​ខ្សួល សោក ថ្ងូរថា ​អ្នក​នោះ​ ​កន្លង​អាត្មាអញ (​ដោយ​វាទៈ) ។ វិវេក​ទាំងនុ៎ះ ​កើត​ឡើង​ក្នុង​ពួក​សមណៈ សភាព​ត្រេកអរ​នឹង​ការអាក់​អន់​ចិត្ត​ ​រមែង​កើត​ឡើង​ ​ព្រោះ​វាទៈ​ទាំងនុ៎ះ ​អ្នក​ប្រាជ្ញ​ឃើញទោសនុ៎ះ​ហើយ​ ​គប្បី​ចៀស​វាង​នូវ​ការ​ជម្លោះ​ចេញ​ ប្រយោជន៍​ជន​ដទៃ​ អំពីការ​សរសើរ ​និង​លាភ​មិន​មាន​ឡើយ​ ។ ​មួយ​ទៀត បុគ្គល​ដែល​គេ​សរសើរ​ក្នុង​រឿង​នោះ​ហើយ​ ​ក៏​ពោល​នូវ​វាទៈ (​របស់​ខ្លួន) ​ក្នុង​កណ្តាល​បរិស័ទ​ បុគ្គល​នោះ​ ​រីករាយ​ផង​ ​ឡើង​ជោរ​ផង​ ​ព្រោះ​សម្រេច​ប្រយោជន៍ ​គឺ​ជ័យជំនះ​ដូច​ចិត្ត​ ។ ការ​ឡើង​ជោរ ជា​ហេតុ​នៃ​សេចក្តី​ចង្អៀតចង្អល់ ​របស់​បុគ្គល បុគ្គល​នុ៎ះ តែង​ពោល​នូវ​មានះ ​និង​អតិមានះ បុគ្គលឃើញ​ទោស​នេះ​ហើយ​ ​គប្បី​ចៀសវាង​ការជម្លោះ ​អ្នក​ឈ្លាសវៃ​ទាំងឡាយ ​មិន​ពោល​សរសើរ​ថា បរិសុទ្ធ​ដោយ​ជម្លោះ​នោះ​ឡើយ​ ។ ប្រៀប​ដូច​បុគ្គល​អ្នក​អង់អាច​ដែល​ស្តេចចិញ្ចឹម​ហើយ​ដោយ​រាជ​រង្វាន់ កាលប្រាថ្នា​គំរាម​ទៅ​រក​បុគ្គល​អ្នក​អង់​អាចតប ​អ្នក​អង់​អាចតប​នោះ​ ​មាន​ក្នុង​ទី​ណា នែ​អ្នក​អង់​អាច ​អ្នក​ចូរ​ទៅ​ក្នុង​ទី​នោះ​ចុះ កិលេស​គប្បី​មាន​ដោយ​ចម្បាំង ​មិន​មាន​តាំងពី​មុនមក ។ ជន​ទាំងឡាយ ​ដែល​ប្រកាន់ទិដ្ឋិ ​ហើយ​ពោល​ជជែក​ផង​ ​ពោល​ថា ​នេះ​ឯង​ជា​របស់​ពិត​ផង​ ​អ្នក​ចូរ​ជជែក​នឹង​ជនទាំង​នោះ​ចុះ ជន​អ្នក​ធ្វើ​ទំនាស់ ​ក្នុង​វាទៈ​ដែល​កើត​ហើយ​ក្នុង​ទី​នេះ​ ​មិន​មាន​ដល់​អ្នក​ទេ ។ បុគ្គល​ទាំងឡាយណា​ ​ធ្វើ​សេនា​របស់​កិលេស​ឲ្យ​វិនាស ​មិន​ថ្នាំង​ថ្នាក់​នឹង​ទិដ្ឋិ ​ដោយ​ទិដ្ឋិទាំងឡាយ​ឡើយ​ ការប្រកាន់​ទិដ្ឋិ​ដ៏​ក្រៃលែង ​មិន​មាន​ក្នុង​បុគ្គល​ណា ​ក្នុង​លោក​នេះ​ ​ម្នាល​បសូរៈ ​អ្នក​គប្បី​បាន​នូវ​ការតប​ត​ដូច​ម្តេច ​ក្នុង​បុគ្គល​ទាំង​នោះ​ ។ ​មួយ​ទៀត ​អ្នក​កាល​ត្រិះរិះគិត​នូវ​ទិដ្ឋិទាំងឡាយ ​ដោយ​ចិត្ត​ ​ហើយ​មក​ប្រណាំង​ប្រជែង (​នឹង​ព្រះសម្មាសម្ពុទ្ធ) ​ដែល​មាន​កិលេស​លាង​ហើយ​ ​អ្នក​មិន​អាច​នឹង​ជជែក​បាន​ឡើយ​ ។

ចប់ បសូរសូត្រ ​ទី​៨ ។

មាគន្ទិយសូត្រ ​ទី​៩

[កែប្រែ]

[១០៣] (ព្រះសម្ពុទ្ធ ​ទ្រង់​ត្រាស់​នឹង​មាគន្ទិយព្រាហ្មណ៍​ថា) អើ ​ក៏​សេចក្តី​ប្រាថ្នា​ក្នុង​មេថុន​ ​មិន​មាន​ (​ដល់​តថាគត) ​ព្រោះ​ឃើញ​នាងតណ្ហា នាងអរតី ​និង​នាងរាគា (​ដែល​ជា​ធីតា​នៃ​មារ) សោះ​ទៅ​ហើយ​ ​ធ្វើ​ម្តេច​ឡើយ​ តថាគត​នឹង​មាន​សេចក្តី​ប្រាថ្នា​ក្នុង​មេថុន ​ព្រោះ​ឃើញ​រូប​របស់​ទារិកា ​ដែល​ពោរពេញ​ដោយ​មូត្រ ​និង​ករីស​នេះ​ តថាគត ​មិន​គួរ​​ត្រូវ​​ការ​ដើម្បីប៉ះ​ពាល់​នូវ​ធីតា​របស់​អ្នក​នោះ​ សូម្បី​តែ​ដោយ​ជើង​ឡើយ​ ។

(មាគន្ទិយព្រាហ្មណ៍ ទូលតបថា) បើព្រះអង្គ​មិន​​ត្រូវ​​ការនារីរតន៍​បែប​នេះ​ ​ដែល​ពួក​ក្សត្រធំ​ជាងនរៈ​ច្រើនគ្នា​ប្រាថ្នា​ទេ តើព្រះអង្គ​នឹង​ពោល​នូវ​ទិដ្ឋិ​ផង​ សីល​ផង​ វ័ត​ផង​ ជីវិត​ផង​ ការ​កើត​ឡើង​ក្នុង​ភព (​របស់​ព្រះអង្គ) ​ផង​ ថា​ដូច​ម្តេច ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មាគន្ទិយៈ) តថាគត​នោះ​ ​មិន​ប្រកាន់​ថា តថាគត​វិនិច្ឆ័យ​ក្នុង​ធម៌ទាំងឡាយ ​គឺ​ទិដ្ឋិ ៦២ ​ហើយ​នឹង​សំដែង​នូវ​ពាក្យ​នេះ​ដូច្នេះ​ទេ ​ព្រោះ​តថាគត​ឃើញ (ទោស) ​ក្នុង​ទិដ្ឋិទាំង​ឡាយ​ផង​ ​មិន​ប្រកាន់មាំ (​នូវ​ទិដ្ឋិ​ណា​មួយ​) ​ផង​ ​ពិចារណា​ (​នូវ​សច្ចៈ​ទាំងឡាយ) ​ផង​ ​ក៏​បាន​ឃើញ​នូវ​សេចក្តី​ស្ងប់​ក្នុង​សន្តាន ​គឺ​ព្រះនិព្វាន ។

(មាគន្ទិយព្រាហ្មណ៍ ទូល​សួរ​ថា) បពិត្រ​ព្រះមុនី ទិដ្ឋិ​ទាំងឡាយណា ​ដែល​សត្វ​បាន​វិនិច្ឆ័យ កំណត់​ទុក​ហើយ​ ព្រះអង្គ​មិន​ប្រកាន់​មាំ​នូវ​ទិដ្ឋិ​ទាំង​នោះ​ សំដែង​នូវ​បរមត្ថធម៌​ណា ​មាន​សេចក្តី​ស្ងប់​ក្នុង​សន្តាន​ដូច្នេះ បរមត្ថធម៌​នោះ​ តើ​អ្នក​ប្រាជ្ញ​ទាំងឡាយ សំដែង​ដោយ​ប្រការ​ដូច​ម្តេច ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់តបថា ​ម្នាល​មាគន្ទិយៈ) ​អ្នក​ប្រាជ្ញ ​មិន​ពោល​ថា ​សេចក្តី​បរិសុទ្ធិ ​ព្រោះ​ការយល់​ឃើញ ​ព្រោះ​ការ​ស្តាប់​ឮ ​ព្រោះ​ការ​ដឹង​ច្បាស់ ​ព្រោះ​សីល ​និង​វ័តទេ ទាំង​មិន​ពោល​ថា ​សេចក្តី​បរិសុទ្ធិ ​ព្រោះ​មិន​មាន​ការយល់​ឃើញ ​ព្រោះ​មិន​មាន​ការ​ស្តាប់​ឮ ​ព្រោះ​មិន​មាន​ការ​ដឹង​ច្បាស់ ​ព្រោះ​មិន​មាន​សីល ​ព្រោះ​មិន​មាន​វ័តទាំង​នោះ​ទេ ចំណែក​បុគ្គលជា​សប្បុរស តែង​លះ​នូវ​ធម៌ ​មាន​ទិដ្ឋិជា​ដើមនុ៎ះ ​ហើយ​មិន​ប្រកាន់ ​មិន​អាស្រ័យ (​នូវ​ធម៌​ណា​មួយ​) ​រមែង​មិន​ប្រាថ្នា​ទៅ​កើត​ក្នុង​ភព​ទៀត​ឡើយ​ ។

(មាគន្ទិយព្រាហ្មណ៍ កា្របទូលថា) បើ​អ្នក​ប្រាជ្ញ​មិន​ពោល​ថា ​សេចក្តី​បរិសុទ្ធិ ​ព្រោះ​ការ​យល់ឃើញ ​ព្រោះ​ការ​ស្តាប់​ឮ ​ព្រោះ​ការ​ដឹង​ច្បាស់ ​ព្រោះ​សីល​ ​និង​វ័តទេ ទាំង​មិន​ពោល​ថា ​សេចក្តី​បរិសុទ្ធិ ​ព្រោះ​មិន​មាន​ការ​យល់​ឃើញ ​ព្រោះ​មិន​មាន​ការ​ស្តាប់​ឮ ​ព្រោះ​មិន​មាន​ការ​ដឹង​ច្បាស់ ​ព្រោះ​មិន​មាន​សីល ​ព្រោះ​មិន​មាន​វ័តទាំង​នោះ​ទេ ​ខ្ញុំ​ព្រះអង្គ​សំគាល់​នូវ​ធម៌ ​នាំ​សត្វ​ឲ្យ​វង្វេង​ក្រៃពេក ​មាន​សមណព្រាហ្មណ៍​ពួក​ខ្លះ ​ដឹង​នូវ​សេចក្តី​បរិសុទ្ធិ ​ព្រោះ​ការយល់​ឃើញដែរ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មាគន្ទិយៈ) ​អ្នក​អាស្រ័យ​នូវ​ទិដ្ឋិ​ ​បាន​ជា​ខំ​ជជីក​សួរ​ (តថាគត) ​អ្នក​ដល់​នូវ​សេចក្តី​ភាន់ច្រឡំ​ ​ក្នុង​ទិដ្ឋិ​ទាំង​ឡាយ​ ​ដែល​អ្នក​ប្រកាន់មាំ​ហើយ​ ​ហើយ​មិន​បាន​ឃើញ​នូវ​សេចក្តី​សំគាល់​សូម្បី​បន្តិច​បន្តួច អំពី​ធម្មទេសនា ​ដែល​តថាគត​សំដែង​នេះ​ឡើយ​ ​ព្រោះ​ហេតុ​នោះ​ ​អ្នក​ទើបយល់​ឃើញ​នូវ​ធម៌​នេះ​ ​ថា​ជា​ធម៌​នាំ​សត្វ​ឲ្យ​វង្វេងក្រៃពេក ​បុគ្គល​ណា​សំគាល់ខ្លួន​ថា​ជា​បុគ្គល​ស្មើ​នឹង​គេ​ ជាបុគ្គល​វិសេស​ជាង​គេ​ ឬជា​បុគ្គលថោក​ទាបជាង​គេ​ បុគ្គល​នោះ​ ​នឹង​និយាយ​ទទឹងទាស់ ​ដោយ​សេចក្តី​សំគាល់​នោះ​ (បើ​បុគ្គល​ណា​) ​មិន​ញាប់​ញ័រ​ក្នុង​មានះ ៣ ទេ ​សេចក្តី​សំគាល់​ខ្លួនថា អញ​ជា​បុគ្គលស្មើ​នឹង​គេ​ អញជា​បុគ្គលវិសេស​ជាង​គេ​ (ឬ​ថា អញជា​បុគ្គល​ថោក​ទាប​ជាង​គេ​) ​មិន​មាន​ដល់​បុគ្គល​នោះ​ឡើយ​ ។ បុគ្គល​ដែល​មាន​បាប​ ​គឺ​មានះ ​និង​ទិដ្ឋិ លះបង់​ហើយ​នោះ​ ​នឹង​និយាយ​ថា ​សេចក្តី​យល់​នោះ​ឯង​ ជា​សេចក្តី​យល់​ត្រូវ​ពិត ​ដូច​ម្តេច​កើត​ ឬបុគ្គល​នោះ​ ​នឹង​និយាយ​ទទឹងទាស់ថា (​ពាក្យ​ខ្ញុំ​ពិត ​ពាក្យ​អ្នក​ឯង​មិន​ពិត ដូច្នេះ ជា​មួយ​នឹង​បុគ្គល​ណា​បាន​ ​មួយ​ទៀត ​សេចក្តី​សំគាល់ថា ស្មើ ឬ​មិន​ស្មើ ​មិន​មាន​ក្នុង​បុគ្គល​ណា បុគ្គល​នោះ​ ​នឹង​ផ្សាយវាទៈ​ជា​មួយ​អ្នក​ណា​បាន​ ។ ​អ្នក​ប្រាជ្ញ​បាន​លះបង់​ឱកៈ [ឱកៈ សព្ទ​នេះ​ សំដៅ​យក​រូប ​និង​វត្ថុ​ជាដើម ​ដែល​ជាកន្លែង​សម្រាប់​វិញ្ញាណជ្រក ។ អដ្ឋកថា ។] ​ហើយ​ ជា​អ្នក​មិន​រឭក​នូវ​អារម្មណ៍​ជាគ្រឿង​កំណត់ ​មិន​ធ្វើ​សេចក្តី​ស្និទ្ធស្នាល (​នឹង​គ្រហស្ថ) ​ក្នុង​ស្រុក ជា​អ្នក​វៀរ​ចាក​កាម​ទាំងឡាយ ​មិន​ធ្វើ​អត្តភាព​ឲ្យ​កើត​ត​ទៅ​ទៀត ​អ្នក​ប្រាជ្ញ​នោះ​ ​មិន​គប្បី​ធ្វើ​ពាក្យ​ពោល​ជំទាស់​នឹង​ជន (ណា) ​ឡើយ​ ។ បុគ្គលប្រសើរ ជា​អ្នក​ស្ងប់​ស្ងាត់​ចាក​បាបធម៌ (​មាន​ការយល់​ខុសជាដើម) ណា ​ហើយ​ត្រាច់​ទៅ​ក្នុង​លោក ​មិន​គប្បី​លើ​ក​ឡើង​នូវ​បាបធម៌​ទាំង​នោះ​មក ​ហើយ​និយាយ​ជជែកទេ ​ផ្កា​ឈូក​ដុះ​នៅ​ក្នុង​ទឹក​ ​មិន​ប្រឡាក់​ដោយ​ទឹក​ផង​ ​ដោយ​ភក់​ផង​ យ៉ាងណាមិញ ​អ្នក​ប្រាជ្ញជា​អ្នក​ពោល​នូវ​សេចក្តី​ស្ងប់ ​មាន​សន្តាន​មិន​ជាប់ចំពាក់ ​រមែង​ជា​អ្នក​មិន​ជក់ជាប់​នៅ​ក្នុង​កាម​ផង​ ​ក្នុង​លោក​ផង​ យ៉ាង​នោះ​ឯង​ ។ បុគ្គល​អ្នក​ដល់​នូវ​វេទ ​គឺ​មគ្គ ៤ តែង​មិន​ប្រព្រឹត្ត​ទៅ​តាមទិដ្ឋិទេ បុគ្គល​នោះ​ ​មិន​ត្រឡប់​មក​កាន់​មានះ ​ដោយ​ការប៉ះ​ពាល់ទេ បុគ្គល​នោះ​ ​មិន​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​តណ្ហា ទិដ្ឋិ​នោះ​ទេ បុគ្គល​នោះ​ ​មិន​ងាយ​អ្នក​ណា​ដឹក​នាំ​ដោយ​កម្ម ឬ​ដោយ​អារម្មណ៍​ដែល​ឮ​បាន​ឡើយ​ បុគ្គល​នោះ​ ​មិន​ចូល​ទៅ​នៅ​អាស្រ័យ​ក្នុង​និវេសនៈ ​គឺ​តណ្ហា ​និង​ទិដ្ឋិទេ ។ កិលេស​គ្រឿងរួបរឹត​ទាំងឡាយ តែង​មិន​មាន​ដល់​បុគ្គល​អ្នក​ប្រាស​ចាក​កាម​សញ្ញា (ជាដើម) មោហៈ (​សេចក្តី​ភាន់​ច្រឡំ) តែង​មិន​មាន​ដល់​បុគ្គល​អ្នក​ផុតស្រឡះ (​ចាក​កិលេស​ទាំងពួង) ​ព្រោះ​វិបស្សនាបញ្ញា បុគ្គល​ទាំងឡាយ​ណា ប្រកាន់មាំ​នូវ​កាមសញ្ញា​ជាដើម​ក្តី​ ប្រកាន់មាំ​នូវ​ទិដ្ឋិ​ក្តី​ បុគ្គល​ពួក​នោះ​ ​រមែង​ព្យាយាម​ប្រព្រឹត្ត​នូវ​កាមាធិករណ៍ ឬធម្មាធិករណ៍ ​នូវ​គ្នា​នឹង​គ្នា​ក្នុង​លោក ។

ចប់ មាគន្ទិយសូត្រ ​ទី​៩ ។

បុរាភេទសូត្រ ​ទី​១០

[កែប្រែ]

[១០៤] (ព្រះពុទ្ធនិម្មិត ត្រាស់​សួរ​ព្រះសម្ពុទ្ធថា) បុគ្គល​អ្នក​មាន​ទស្សនៈ​ដូច​ម្តេច ​មាន​សីល​ដូច​ម្តេច ​ដែល​ព្រះអង្គ​ត្រាស់​ហៅ​ថា​ ​អ្នក​ស្ងប់រម្ងាប់ បពិត្រ​ព្រះគោតម ព្រះអង្គ ​ដែល​ខ្ញុំ​សួរ​ហើយ​ ​សូម​បា្រប់​នូវ​ឧត្តម​ជន​នោះ​ ។

(ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​) មុន​នឹង​បែកធ្លាយ​រាងកាយ​ទៅ​ ​បុគ្គល​ណា​ បា្រស​ចាក​តណ្ហា ​មិន​អាស្រ័យ​នូវ​កាល​ខាង​ដើម ​និង​ទី​បំផុត​ ​គឺ​កាលជា​អតីត ​និង​អនាគត ជា​បុគ្គល​ដែល​អ្នក​ប្រាជ្ញ ​មិន​គប្បី​ពោល​ថា​ជា​អ្នក​ត្រេកអរ​ក្នុង​បច្ចុប្បន្ន ការ​ធ្វើ​នូវ​តណ្ហា ​និង​ទិដ្ឋិ​ឲ្យ​ជាប្រធាន​នៃ​បុគ្គល​នោះ​ ​មិន​មាន​ឡើយ​ ។ បុគ្គល​នោះ​ឯង​ ​មិន​ក្រោធ ​មិន​តក់ស្លុត ​មិន​ពោល​អួត ​មិន​រពឹស ជា​អ្នក​ពោល​ដោយ​បញ្ញា ​មិន​រាយមាយ សង្រួម​ដោយ​វាចា ជា​អ្នក​ប្រាជ្ញ ។ បុគ្គល​មិន​មាន​តណ្ហា​ក្នុង​អារម្មណ៍​ជាអនាគត ​មិន​សោក​ស្តាយ​នូវ​អារម្មណ៍​អតីត ជា​អ្នក​ឃើញ​សេចក្តី​ស្ងប់ស្ងាត់ ​ក្នុង​ផស្សៈ​ទាំងឡាយ ​មិន​បង្អោន​ចិត្ត​ទៅ​ក្នុង​មិច្ឆាទិដ្ឋិ​ទាំងឡាយ ជា​អ្នក​ពួនសម្ងំ ​មិន​បំភាន់​គេ​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ជា​ប្រក្រតី ​មិន​មាន​សេចក្តី​កំណាញ់ ​មិន​ឃ្នើសឃ្នង ជាបុគ្គល​ដែល​គេ​មិន​ស្អប់ខ្ពើម ជា​អ្នក​មិន​ប្រកប​ក្នុង​ការ​ញុះ​ញង់ ​មិន​នឹកនា​ទៅ​រក​វត្ថុ​ជា​ទី​ត្រេកអរ ​មិន​ប្រកប​ក្នុង​ការ​មើលងាយ​គេ​ ជា​អ្នក​មាន​ការងារ​ល្អិត​ល្អ​ ​មាន​បដិភាណ ​មិន​ជឿ​អ្នក​​ដទៃ​ ​មិន​ត្រេកអរ ​មិន​សិក្សា ​ព្រោះ​ប្រាថ្នាលាភ ​មិន​ក្រេវ​ក្រោធ ​ព្រោះ​មិន​មាន​លាភ ជា​អ្នក​មិន​ខឹង ​មិន​ជាប់​ចិត្ត​ក្នុង​រស ​ព្រោះ​តណ្ហា ជាបុគ្គល​មាន​ឧបេក្ខា ​មាន​ស្មារតី​សព្វពេល ​មិន​សំគាល់ថា ស្មើ​នឹង​គេ​ក្នុង​លោក ​មិន​លើ​ក​ខ្លួនថា វិសេស​ជាង​គេ​ ​មិន​ដាក់​ខ្លួនថា​ថោកទាប​ជាង​គេ​ កិលេស​គ្រឿង​ពុះពោរ ​មិន​មាន​ដល់​បុគ្គល​នោះ​ឡើយ​ ។ ​បុគ្គល​ណា​ ​មិន​មាន​និស្សយ​ធម៌ ​គឺ​តណ្ហា ​និង​ទិដ្ឋិ​ក្តី​ ​បុគ្គល​ណា​ ​ដឹង​នូវ​ធម៌ ​ហើយ​មិន​អាស្រ័យ​នូវ​តណ្ហា ​និង​ទិដ្ឋិ​ក្តី​ បុគ្គល​មិន​មាន​តណ្ហា​ក្នុង​សេចក្តី​ចម្រើន​ ​និង​សេចក្តី​វិនាស [សស្សតៈ ប្រព្រឹត្ត​ទៅ​ក្នុង​រូបភព, ឧច្ឆេទ ប្រព្រឹត្ត​ទៅ​ក្នុង​អរូបភព ។ អដ្ឋកថា ។] តថាគត​ហៅ​បុគ្គល​អ្នក​មិន​អាឡោះ​អាល័យ​ក្នុង​កាមទាំង​ឡាយ​នោះ​ ​ថា​ជា​អ្នក​ស្ងប់រម្ងាប់ កិលេស​គ្រឿងចាក់ស្រែះ​របស់​បុគ្គល​នោះ​ ​មិន​មាន​ បុគ្គល​នោះ​ ​បាន​ឆ្លង​នូវ​តណ្ហា​ដែល​ផ្សាយ​ទៅ​ហើយ​ ។ កូន​ទាំងឡាយ ​សត្វ​ចិញ្ចឹមទាំង​ឡាយ ​និង​ស្រែចម្ការ ​ទី​លំនៅ​របស់​បុគ្គល​នោះ​ ​មិន​មាន​ឡើយ​ ​សេចក្តី​ប្រកាន់​ថា ​ជា​របស់​ខ្លួន ​គឺ​សស្សតទិដ្ឋិ​ក្តី​ ​សេចក្តី​ប្រកាន់ថា ​មិន​មែន​ជា​របស់​ខ្លួន ​គឺ​ឧច្ឆេទទិដ្ឋិ​ក្តី​ ​មិន​មាន​ក្នុង​បុគ្គល​នោះ​ទេ ។ ​ពួក​ទេវតា ​និង​មនុស្ស ជាបុថុជ្ជន ឬ​ពួក​សមណ​ព្រាហ្មណ៍ ​គប្បី​ពោល​ទោសចំពោះ​បុគ្គល​នោះ​ ​ដោយ​កិលេស ​មាន​រាគៈជា​ដើមណា កិលេស ​មាន​រាគៈជាដើម​នោះ​ បុគ្គល​នោះ​ ​មិន​ធ្វើ​ឲ្យ​ជា​ប្រធាន​ឡើយ​ ​ព្រោះ​ហេតុ​នោះ​ បុគ្គល​មិន​ញាប់ញ័រ ​ព្រោះ​ពាក្យ​ពោល​ទាំង​ឡាយ​ឡើយ​ ។ ​អ្នក​ប្រាជ្ញ​ប្រាស​ចាក​សេចក្តី​ជាប់​ចំពាក់ (​ក្នុង​រូប​ជាដើម) ​មិន​មាន​សេចក្តី​កំណាញ់ ​មិន​និយាយ​លើ​កខ្លួន ​ក្នុង​គុណ​ដ៏​ខ្ពង់​ខ្ពស់​ ​មិន​និយាយ​ប្រកបខ្លួន ​ក្នុង​គុណ​ដ៏​ស្មើ ៗ ​មិន​និយាយ​បន្ទាបខ្លួន ​ក្នុង​គុណ​ដ៏​ថោកទាប ​មិន​ដល់​នូវ​កប្បៈ ​គឺ​មិន​មាន​តណ្ហា ​និង​ទិដ្ឋិ ​ព្រោះ​ជា​បុគ្គល​មិន​មាន​កប្បៈ ។ បុគ្គល​ណា ​មិន​មាន​សេចក្តី​ប្រកាន់ថា ​របស់​ខ្លួន​ក្នុង​លោក បុគ្គល​នោះ​ ​មិន​សោក​ព្រោះ​របស់​ដែល​មិន​មាន​ ​មិន​លុះ​ក្នុង​អគតិធម៌​ទាំង​ឡាយ បុគ្គល​នោះ​ឯង​ ​ហៅ​ថា​ ​អ្នក​ស្ងប់រម្ងាប់ ។

ចប់ បុរាភេទសូត្រ ​ទី​១០ ។

កលហវិវាទសូត្រ ​ទី​១១

[កែប្រែ]

[១០៥] (ព្រះពុទ្ធនិម្មិត ត្រាស់​សួរ​ព្រះសម្ពុទ្ធ​ថា បពិត្រព្រះអង្គ) ការឈ្លោះ ការ​ទាស់​ទែងគ្នា ការខ្សឹកខ្សួល ការសោកស្តាយ ​និង​សេចក្តី​កំណាញ់ ការ​ប្រកាន់ ការមើល​ងាយ ​និង​ការញុះញង់ ​កើត​មក​អំពីណា កិលេសធម៌​ទាំង​នោះ​ បណ្តាល​មក​អំពីណា ​សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ​ ​ឲ្យ​ទាន ។ (ព្រះសម្ពុទ្ធ ​ទ្រង់​ត្រាស់​ថា) ការឈ្លោះ ការទាស់​ទែង​គ្នា ការខ្សឹកខ្សួល ការ​សោកស្តាយ ​និង​សេចក្តី​កំណាញ់ ការប្រកាន់ ការមើល​ងាយ ​និង​ការ​ញុះញង់ ​កើត​មក​អំពី​របស់​ជា​ទី​ស្រឡាញ់ ឯ​កិលេសធម៌ ​មាន​ការឈ្លោះ ​និង​ការ​ជជែក​គ្នា (ជាដើម) ប្រកប​ក្នុង​សេចក្តី​កំណាញ់ កាលបើ​សេចក្តី​ទាស់​ទែងគ្នា​កើត​ឡើង​ហើយ​ ​ពាក្យ​ញុះ​ញង់​ក៏​កើត​ឡើង​ដែរ ។ (ព្រះពុទ្ធ​និម្មិត ​សួរ​ថា) ​សេចក្តី​ស្រឡាញ់​ក្នុង​លោក ឬលោភៈ​របស់​ពួក​សត្វ​ដែល​​ត្រូវ​​លោភៈ​គ្របសង្កត់ រង្គាត់​ទៅ​ក្នុង​លោក ​កើត​មក​អំពីអ្វី ​សេចក្តី​ប៉ុនប៉ង ​និង​ការសម្រេច (​នៃ​សេចក្តី​ប៉ុនប៉ង) ​និង​ធម៌​ដែល​មាន​ក្នុង​បរលោក​របស់​សត្វ​ ​កើត​មក​អំពីអ្វី ។ (ព្រះសម្ពុទ្ធ ​ទ្រង់​ត្រាស់​ថា​) ​សេចក្តី​ស្រឡាញ់​ក្នុង​លោក​ ឬ​លោភៈ​របស់​ពួក​សត្វ​ដែល​​ត្រូវ​លោភៈ​គ្របសង្កត់ ​កើត​មក​អំពី​ឆន្ទៈ ​សេចក្តី​ប៉ុនប៉ង ​និង​ការ​សម្រេច (​នៃ​សេចក្តី​ប៉ុនប៉ង) ​និង​ធម៌​ដែល​មាន​ក្នុង​បរលោក​របស់​ពួក​សត្វ​ ​ក៏​កើត​អំពី​ឆន្ទៈ​នេះ​ដែរ ។ (ព្រះពុទ្ធនិមិ្មត ​សួរ​ថា) ​ឆន្ទៈ​ក្នុង​លោក ​កើត​មក​អំពីអ្វី ​មួយ​ទៀត វិនិច្ឆ័យ (ការ​ចូល​ចិត្ត​ក្នុង​តណ្ហា ​និង​ទិដ្ឋិ) ​កើត​មក​អំពីអ្វី ការ​ក្រេវក្រោធ ការ​និយាយ​មោសា ​និង​សេចក្តី​សង្ស័យ ឬ​អកុសលធម៌​ទាំងឡាយ ​ដែល​ ​(ប្រកប​ដោយ​ការក្រេវក្រោធ​ជាដើម) តើ​ព្រះសមណៈ​សំដែង​ហើយ​ថា ​កើត​អំពីអ្វី ។ (ព្រះសម្ពុទ្ធ ​ទ្រង់​ត្រាស់​ថា​) ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ ​ក្នុង​លោក ​បាន​សំដែង​ហើយ​នូវ​អារម្មណ៍​ណា​ថា​ជា​ទី​ត្រេកអរ [​បាន​ដល់​សុខវេទនា ​និង​វត្ថុ​ដែល​គួរ​ប្រាថ្នា ។] ​និង​មិន​ជា​ទី​ត្រេកអរ [​បាន​ដល់​ទុក្ខវេទនា ​និង​វត្ថុ​ដែល​មិន​គួរ​ប្រាថ្នា ។ អដ្ឋកថា ។] ឆន្ទៈ​តែង​កើត​ឡើង​ ​ព្រោះ​អាស្រ័យ​អារម្មណ៍​នោះ​ ​សត្វ​ក្នុង​លោក ឃើញ​សេចក្តី​វិនាស ​និង​សេចក្តី​ចម្រើន​ ​ក្នុង​រូប​ទាំង​ឡាយ ទើប​ធ្វើ​នូវ​វិនិច្ឆ័យ (​ក្នុង​តណ្ហា ​និង​ទិដ្ឋិ) ។ ការក្រេវក្រោធ ការ​ពោល​ពាក្យ​មោសា ​សេចក្តី​សង្ស័យ ធម៌ទាំង ៣ ​នេះ​ឯង​ កាលបើ​អារម្មណ៍​ជា​ទី​ត្រេកអរ ​និង​មិន​ជា​ទី​ត្រេកអរ​ទាំង ២ ប្រការ​នោះ​ ​នៅ​មាន​ ទើប​កើត​មាន​ឡើង​បាន​ បុគ្គល​អ្នក​មាន​សេចក្តី​សង្ស័យ ​គប្បី​សិក្សា​ក្នុង​គន្លង​នៃ​ការ​ដឹង​ ឯ​ធម៌​ទាំងឡាយ ព្រះសមណៈ​សំដែង​ហើយ​ ​ព្រោះ​ដឹង​ ។  (ព្រះពុទ្ធនិមិ្មត​សួរ​ថា) អារម្មណ៍​ជា​ទី​ត្រេកអរ ​និង​មិន​ជា​ទី​ត្រេកអរ ​កើត​មក​អំពីអ្វី កាល​បើអ្វី​មិន​មាន​ ទើបអារម្មណ៍​ទាំង​នុ៎ះ​ ​មិន​មាន​ដែរ អត្ថ ​គឺ​សេចក្តី​វិនាស ​និង​សេចក្តី​ចម្រើន​ (​នៃ​អារម្មណ៍ជា​ទី​ត្រេកអរ ​និង​មិន​ជា​ទី​ត្រេកអរ) ណា អត្ថ​នោះ​ តើ​កើត​មកអំពី​ធម៌​ណា​ ​សូម​ព្រះអង្គ​សំដែង​ប្រាប់​ដល់​ខ្ញុំ​ឲ្យ​ទាន ។ (ព្រះសម្ពុទ្ធ ត្រាស់តបថា) អារម្មណ៍​ជា​ទី​ត្រេកអរ​ ​និង​មិន​ជា​ទី​ត្រេកអរ ​កើត​មក​អំពី​ផស្សៈ កាលបើផស្សៈ​មិន​មាន​ ទើបអារម្មណ៍​ទាំងនុ៎ះ ​មិន​មាន​ អត្ថ ​គឺ​សេចក្តី​វិនាស ​និង​សេចក្តី​ចម្រើន​ (​នៃ​អារម្មណ៍​ជា​ទី​ត្រេកអរ ​និង​មិន​ជា​ទី​ត្រេកអរ) ណា អត្ថ​នោះ​ ​កើត​មកអំពី​ផស្សៈ​នេះ​ តថាគត​សំដែងប្រាប់​ដល់​អ្នក​ (ដូច្នេះ) ។ (ព្រះពុទ្ធនិម្មិត ​សួរ​ថា) ចុះ​ផស្សៈ​ក្នុង​លោក ​កើត​មក​អំពីអ្វី ​មួយ​ទៀត ​សេចក្តី​ហួងហែង​ ​កើត​មក​អំពីអ្វី កាលបើអ្វី​មិន​មាន​ ​សេចក្តី​ប្រកាន់ថា ​របស់​អញ ៗ ទើប​មិន​មាន​ កាល​បើ​អ្វី​មិន​មាន​ ​ផស្សៈ​ទាំងឡាយ ទើប​មិន​ពាល់​ត្រូវ​ ។ (ព្រះសម្ពុទ្ធ ត្រាស់តបថា) ផស្សៈ (​កើត​ឡើង​) ​ព្រោះ​អាស្រ័យនាម ​និង​រូប ​សេចក្តី​ហួងហែង ​កើត​មក​អំពីឥច្ឆា កាលបើឥច្ឆា ​មិន​មាន​ ​សេចក្តី​ប្រកាន់​ថា ​របស់​អញ ៗ ​ក៏​មិន​មាន​ កាលបើរូប​មិន​មាន​ ផស្សៈទាំងឡាយ ​ក៏​មិន​ពាល់​ត្រូវ​​ ។ (ព្រះពុទ្ធនិមិ្មត ​សួរ​ថា) កាលបុគ្គល​ប្រតិបត្តិ​ដូច​ម្តេច ទើបរូប​វិនាស​ទៅ​ ​មួយ​ទៀត រូបជា​សុខ (រូប​គួរ​ប្រាថ្នា) ​និង​រូប​ជាទុក្ខ (រូប​ដែល​មិន​ជា​ទី​ប្រាថ្នា) វិនាស​ទៅ​វិញ​ ​ដោយ​ប្រការ​ដូច​ម្តេច ​សូម​ព្រះអង្គ​សំដែង​នូវ​រូប​ដែល​ជាសុខ ​និង​ជាទុក្ខ​នោះ​ដល់​ខ្ញុំ​ រូប​ដែល​ជា​សុខ ​និង​ជាទុក្ខ​វិនាស​ទៅ​ដោយ​ហេតុណា ​ខ្ញុំ​ដឹង​នូវ​ហេតុ​នោះ​ ​ខ្ញុំ​មាន​ចិត្ត​ត្រិះរិះ​ដូច្នេះ ។ (ព្រះសម្ពុទ្ធ ត្រាស់តបថា) បុគ្គល​មិន​មែនជា​សញ្ញាសញ្ញី [បុគ្គល​មាន​សញ្ញា​ដោយ​សញ្ញាជា​ប្រក្រតី ​គឺ​បុគ្គល​មាន​សញ្ញាជា​ធម្មតា ​ហៅ​ថា​ សញ្ញាសញ្ញីបុគ្គល ។] បុគ្គល​មិន​មែន ជា​វិសញ្ញាសញ្ញី [បុគ្គល​មាន​សញ្ញា​ដោយ​ខុសសញ្ញា ​គឺ​បុគ្គលឆ្កួត ឬ​មាន​ចិត្ត​រាយមាយ ​ហៅ​ថា​ វិសញ្ញាសញ្ញីបុគ្គល ។] បុគ្គល​មិន​មែន​ជាអសញ្ញី [បុគ្គល​មិន​មែន​ជា​មិន​មាន​សញ្ញា ​គឺ​បុគ្គល​ដែល​ចូល​និរោធសមាបត្តិ ឬអសញ្ញី​សត្វ​ ​ហៅ​ថា​ អសញ្ញីបុគ្គល ។] បុគ្គល​មិន​មែនជា​វិភូតសញ្ញី [បុគ្គល​ដែល​មាន​សញ្ញា​ក្នុង​រូប​ដែល​សូន្យ ​គឺ​បុគ្គល​ដែល​មាន​អរូបជ្ឈាន ​ហៅ​ថា​ វិភូតសញ្ញីបុគ្គល ។ អដ្ឋកថា ។] កាលបុគ្គល​ប្រតិបត្តិ​យ៉ាង​នេះ​ រូបទើប​វិនាស​បាន​ ​ព្រោះ​ធម៌ជា​ចំណែក​នៃ​សេចក្តី​យឺត​យូរទាំងឡាយ ​មាន​សញ្ញា​ជាហេតុ ។ (ព្រះពុទ្ធនិម្មិត ​ពោល​ថា) ​ខ្ញុំ​បាន​សួរ​នូវ​ធម៌​ណា​ ព្រះអង្គ​ក៏​បាន​សំដែង​ធម៌​នោះ​ ​ដល់​ខ្ញុំ​រួច​ហើយ​ ​ខ្ញុំ​សូម​សួរ​ធម៌​ផ្សេងទៀត ​សូម​ព្រះអង្គ​សំដែង​ធម៌​នោះ​ដល់​ខ្ញុំ​ ​ឲ្យ​ទាន (បពិត្រ​ព្រះអង្គ) ចុះ​សមណ​ព្រាហ្មណ៍ ជា​បណ្ឌិត​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ សំដែង​នូវ​សេចក្តី​បរិសុទ្ធិ​ដ៏​ប្រសើរ ​របស់​សត្វ​ថា ​បំផុត​ត្រឹម​ប៉ុណ្ណោះឬ ឬ​ក៏​សំដែង​នូវ​សេចក្តី​បរិសុទ្ធិ​​ដទៃ​ ជាង​អរូប​សមាបត្តិ​នេះ​ទៅ​ទៀត ។ (ព្រះសម្ពុទ្ធ ​ត្រាស់​តបថា) ​ពួក​សមណ​ព្រាហ្មណ៍​ជា​បណ្ឌិត​ពួក​ខ្លះ សំដែង​នូវ​អរូបសមាបត្តិ​ទាំង​ឡាយ​នោះ​ ថា​ជាធម៌​ដ៏​បរិសុទ្ធិ​ប្រសើរ ​របស់​សត្វ​តែ​ប៉ុណ្ណោះ បណ្តា​សមណ​ព្រាហ្មណ៍​ទាំង​នោះ​ សមណព្រាហ្មណ៍​ពួក​ខ្លះទៀត (ជាឧច្ឆេទវាទ) ជា​អ្នក​ពោល​លើ​ក​ខ្លួនថា ឆ្លៀវឆ្លាស​ក្នុង​អនុបាទិសេស​និព្វាន តែងប្រកាន់​ពោល​នូវ​លទ្ធិ ​គឺ​សេចក្តី​ដាច់សូន្យថា (ជាធម៌​ដ៏​បរិសុទ្ធប្រសើរ​របស់​សត្វ​) ។ ព្រះ​ពុទ្ធ​ជាវីមំសី​បណ្ឌិត​ ​ទ្រង់​ជ្រាប​នូវ​ពួក​សមណ​ព្រាហ្មណ៍​ទាំង​នោះ​ថា​ជា​អ្នក​អាស្រ័យ​នូវ​សស្សតទិដ្ឋិ ​និង​ឧច្ឆេទទិដ្ឋិ​ផង​ ​ទ្រង់​ជ្រាប​នូវ​ធម៌គ្រឿង​អាស្រ័យ​នៅ​ (​របស់​ពួក​សមណ​ព្រាហ្មណ៍​ទាំង​នោះ​) ​ផង​ ជ្រាប (​នូវ​ធម៌​ទាំងឡាយ ថា​ជាទុក្ខ​ ​មិន​ទៀង​ជាដើម) ​ហើយ​បាន​រួច​ស្រឡះ​ផង​ ទើប​មិន​ដល់​នូវ​ការ​ទាស់​ទែង ​អ្នក​ប្រាជ្ញតែង​មិន​មក ដើម្បី​កើត​រឿយ ៗ ​ឡើយ​ ។

ចប់ កលហវិវាទសូត្រ ​ទី​១១ ។

ចូឡវិយូហសូត្រ ​ទី​១២

[កែប្រែ]

[១០៦] (ព្រះពុទ្ធនិម្មិត ត្រាស់​សួរ​ព្រះសម្ពុទ្ធថា) សមណព្រាហ្មណ៍​ទាំងឡាយ កាលដំអក់​នៅ​ក្នុង​ទិដ្ឋិ (​សេចក្តី​យល់ឃើញ) ​របស់​ខ្លួន ៗ ​រមែង​ប្រកាន់មាំ ប្តេជ្ញាថា ខ្លួនជា​អ្នក​ឆ្លៀវឆ្លាស (​ក្នុង​ទិដ្ឋិ​នោះ​) ​ហើយ​និយាយ​ផ្សេង ៗ​ គ្នា ​បុគ្គល​ណា​ ​ដឹង​យ៉ាង​នេះ​ បុគ្គល​នោះ​ឈ្មោះ​ថា ​ដឹង​នូវ​ធម៌ពិត ​បុគ្គល​ណា​ បដិសេធ​ធម៌​នេះ​ បុគ្គល​នោះ​ ​ឈ្មោះ​ថា ​មិន​មាន​គុណបរិបូណ៌​ឡើយ​ ។ ​លុះ​សមណ​ព្រាហ្មណ៍​ទាំង​ឡាយ ប្រកាន់មាំ​យ៉ាង​នេះ​ហើយ​ តែង​ទាស់ទែងគ្នា ទាំង​ពោល​តិះដៀលថា បុគ្គល​ដទៃ​ ៗ ជាបុគ្គល​ពាល ជាបុគ្គល ​មិន​ឈ្លាសវៃ វាទៈ​របស់​សមណព្រាហ្មណ៍​ទាំងឡាយ​នេះ​បែបណា ​ជាវាទៈពិត ​ព្រោះ​សមណ​ព្រាហ្មណ៍​ទាំង​នេះ​ ជា​អ្នក​ពោល​លើ​ក​ខ្លួនថា ឆ្លៀវឆ្លាស ។ (ព្រះសម្ពុទ្ធ ​ត្រាស់​ថា​) សមណព្រាហ្មណ៍ កាលបើ​មិន​យល់ឃើញ​នូវ​ធម៌​របស់​ជន​​ដទៃ​ ​ឈ្មោះ​ថា​ជា​បុគ្គលពាល ជាបុគ្គល​ថោកទាប ​មាន​ប្រាជ្ញា​ទន់​ទាប សមណព្រាហ្មណ៍​ទាំង​អស់​ សុទ្ធតែជា​បុគ្គល​ពាល ​មាន​ប្រាជ្ញា​ថោកទាប ​ឈ្មោះ​ថា សមណ​ព្រាហ្មណ៍​ទាំង​នេះ​ ជា​អ្នក​ដំអក់​នៅ​ក្នុង​ទិដ្ឋិ ។ ​មួយ​ទៀត បើ​សមណ​ព្រាហ្មណ៍​ទាំងឡាយ ជា​អ្នក​ផូរផង់​ក្នុង​ទិដ្ឋិ​របស់​ខ្លួន ជា​អ្នក​មាន​បា្រជ្ញា​ដ៏​បរិសុទ្ធ ជា​អ្នក​ឈ្លាសវៃ ជា​អ្នក​មាន​បា្រជ្ញា បណ្តា​សមណ​ព្រាហ្មណ៍​ទាំង​នោះ​ ​រក​អ្នក​ណា​មួយ​ ​មាន​បា្រជ្ញា​ថោកទាប​ គ្មានទេ ​ព្រោះ​ថា​ សមណព្រាហ្មណ៍​ទាំង​នោះ​ ​មាន​ទិដ្ឋិស្មើ ៗ គ្នា ។ ជន​ទាំងឡាយ (​អ្នក​ធ្វើ​នូវ​ជំលោះ) ផ្ទឹមគ្នា​ជាគូ ៗ ​បាន​ពោល​សង្កត់សង្កិន​នូវ​គ្នា​នឹង​គ្នា​ដោយ​ពាក្យ​ណា​ថា ​អ្នក​នេះ​ ជាបុគ្គល​ពាល ដូច្នេះ តថាគត ​មិន​បាន​ពោល​នូវ​ពាក្យ​នុ៎ះ​ថា ​ជា​ពាក្យ​ពិត​ឡើយ​ ​ព្រោះ​ថា ជនទាំង​នោះ​ ​បាន​ធ្វើ​នូវ​សេចក្តី​យល់ឃើញ​របស់​ខ្លួន ៗ ​ថា​ជា​របស់​ពិត ​ព្រោះ​ហេតុ​នោះ​ ​បាន​ជាជន​ទាំង​នោះ​ ដុតកំដៅ​បុគ្គល​​ដទៃ​​ដោយ​ពាក្យ​ថា បុគ្គលពាល ។ (ព្រះពុទ្ធនិមិ្មត ​សួរ​ថា) សមណ​ព្រាហ្មណ៍​ពួក​ខ្លះ ​បាន​សរសើរ​ទិដ្ឋិណា ​ថា​ជា​របស់​ពិត​ទៀងទាត់ ចំណែក​សមណ​ព្រាហ្មណ៍​ពួក​​ដទៃ​ តិះ​ដៀល​ទិដ្ឋិ​នោះ​ ​ថា​ជា​របស់​ទទេ កុហក​វិញ​ ​លុះ​សមណ​ព្រាហ្មណ៍​ទាំង​នោះ​ ប្រកាន់ផ្សេង ៗ យ៉ាង​នេះ​ហើយ​ ​ក៏​ទាស់ទែងគ្នា ចុះ​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ ​មិន​និយាយ​មូល​មាត់​គ្នា​តែបែប​មួយ​ តើ​ព្រោះ​ហេតុអ្វី ។ (ព្រះសម្ពុទ្ធ ​ត្រាស់​ថា​) ​ព្រោះ​ថា បុគ្គលកាល​ដឹង​ច្បាស់​ក្នុង​សច្ចៈ​ណា ទើប​មិន​ទាស់ទែងគ្នា ឯសច្ចៈ​នោះ​ ​មាន​តែ​មួយ​ ​មិន​មែន​មាន​ពីរ​ឡើយ​ ប៉ុន្តែ​ជន​ទាំងឡាយ តែង​សរសើរ​សច្ចៈ​របស់​ខ្លួនផ្សេង ៗ គ្នា ហេតុ​នោះ​ ​បាន​ជា​ពួក​សមណ​ព្រាហ្មណ៍ ​មិន​និយាយ​មូលមាត់គ្នា​តែបែប​មួយ​ ។ (ព្រះពុទ្ធ​និមិ្មត​សួរ​ថា) ​ព្រោះ​ហេតុអ្វីហ្ន៎ ​បាន​ជា​សមណព្រាហ្មណ៍​ទាំងឡាយ ​ដែល​ពោល​លើ​កខ្លួន​ថា​ជា​អ្នក​ឆ្លៀវ​ឆ្លាស ជា​អ្នក​ពោល​តាមបំណង​របស់​ខ្លួន តែង​ពោល​សច្ចៈផ្សេង ៗ គ្នា ចុះសមណ​ព្រាហ្មណ៍​ទាំង​នោះ​ ​បាន​ឮមកថា សច្ចៈ​មាន​ច្រើនផ្សេង ៗ គ្នាឬ ឬ​ក៏​សមណ​ព្រាហ្មណ៍​ទាំង​នោះ​ នឹក​រក​ដោយ​សេចក្តី​ត្រិះរិះ​របស់​ខ្លួនទេ ។ (ព្រះសម្ពុទ្ធ ​ទ្រង់​ត្រាស់​ថា​) សច្ចៈ​ទាំង​ឡាយ​ច្រើន​ផ្សេង ៗ គ្នា​ក្នុង​លោក​ ​មិន​មាន​ទេ ​លើ​កលែង​តែ​សេចក្តី​ប្រកាន់ថា ទៀង​ដោយ​សញ្ញា​ចេញ​ ​គឺ​មាន​តែ​បរមត្ថសច្ចៈ​មួយ​ប៉ុណ្ណោះ ​មួយ​ទៀត សមណ​ព្រាហ្មណ៍​ទាំងឡាយ កំណត់ទុក​នូវ​សេចក្តី​ត្រិះរិះ ​ឲ្យ​ប្រ​ជុំ​ចុះ​ក្នុង​ទិដ្ឋិ​ទាំងឡាយ ​ហើយ​និយាយ​នូវ​ហេតុ​មួយ​គូជា​ធម្មតា ​គឺ​សេចក្តី​ពិត ១ មុសា ១ ។ បុគ្គល​ពួក​មួយ​ អាស្រ័យ​នូវ​ទិដ្ឋិធម៌​ទាំង​នេះ​ ​គឺ​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ហើយ​ ឬ​ឮ​ហើយ​ ​ដែល​ខ្លួន​ពាល់​ត្រូវ​​ហើយ​ ឬសីលវ័ត ជា​អ្នក​ឃើញ​នូវ​សេចក្តី​ប្រកាន់ធំ ​គឺ​សន្តិភាព ​លុះ​ឋិត​នៅ​ក្នុង​វិនិច្ឆ័យធម៌ ​គឺ​ទិដ្ឋិ ៦២ ​ហើយ​រីករាយ​ក៏​ពោល​តិះដៀលថា បុគ្គល​​ដទៃ​ជាបុគ្គល​ពោល​មិន​ឆ្លៀវឆ្លាស ។ ​មួយ​ទៀត​ បុគ្គល​នោះ​ តែងដុត​កំដៅ​បុគ្គល​​ដទៃ​​ថា​ជា​បុគ្គលពាល ៗ ដូច្នេះ ​ដោយ​ហេតុ​ណា ​ក៏​បាន​ពោល​លើ​ក​ខ្លួន​ឯង​ ​ថា​ជា​អ្នក​ឆ្លៀវឆ្លាស ​ដោយ​ហេតុ​នោះ​ បុគ្គល​នោះ​ ​ពោល​លើ​ក​ខ្លួន​ឯង​ថា​ជា​អ្នក​ឆ្លៀវឆ្លាស ចំពោះខ្លួន​ដោយ​ខ្លួន​ឯង​ ​រមែង​តិះ​ដៀលបុគ្គល​​ដទៃ​ ​ហើយ​ពោល​ប្រកាន់ទិដ្ឋិ​នោះ​ ។ បុគ្គល​នោះ​ ​បរិបូណ៌​ហើយ​ដោយ​ទិដ្ឋិ ​គឺ​ការយល់​ឃើញថា ​មាន​ខ្លឹមសារ​ក្រៃពេក ​និង​ដោយ​មានះ ​មាន​មានះ​ដ៏​បរិបូណ៌ ប្រស់ព្រំ​សន្តានខ្លួន​ដោយ​មានះ ​គឺ​ប្រកាន់ថា​ ខ្លួន​ជា​បណ្ឌិត​ ទិដ្ឋិ​នោះ​ ​របស់​បុគ្គល​នោះ​ បរិបូណ៌​ហើយ​ដោយ​ប្រការ​ដូច្នោះ ។ ប្រសិនបើ​មាន​បុគ្គល​អ្នក​ថោកទាប ​ដោយ​សារ​វាចា​ពាក្យ​តិះដៀល​របស់​បុគ្គល​ដទៃ​ បុគ្គល​ដែល​តិះដៀល​គេ​នោះ​ ​នឹង​ទៅ​ជាបុគ្គល​មាន​បា្រជ្ញា​ថោកទាប ស្មើ​នឹង​បុគ្គល​ថោកទាប​នោះ​ ​មួយ​ទៀត បើបុគ្គល​នោះ​ ជា​អ្នក​ដល់​នូវ​វេទ ជា​អ្នក​បា្រជ្ញ ​មាន​ប្រាជ្ញា​ខ្ជាប់ខ្ជួន​ចំពោះខ្លួន​ឯង​ ​ក៏​រក​បុគ្គល​ណា​មួយ​ ជា​មនុស្ស​ល្ងង់ ​ក្នុង​ពួក​សមណៈ ​មិន​មាន​ ។ ​ពួក​បុគ្គល​ណា​ សរសើធម៌ ​គឺ​ទិដ្ឋិ​ដទៃ​​ក្រៅ​ពី​នេះ​ ​ពួក​បុគ្គល​នោះ​ ជា​អ្នក​មាន​គុណ​មិន​បរិបូណ៌ ​ឈ្មោះ​ថា ប្រទូស្តចំពោះ​ផ្លូវ​ដ៏​បរិសុទ្ធ ​ពួក​តិរិ្ថយតែង​និយាយ​តិះដៀល​គ្នា ​ដោយ​ច្រើន​យ៉ាង​នេះ​ឯង​ ​ព្រោះ​ថា តិរ្ថិយទាំង​នោះ​ ត្រេកអរ​ស៊ប់​ហើយ​ដោយ​តម្រេក ​ក្នុង​ទិដ្ឋិ​របស់​ខ្លួន ។ ​លុះ​ពួក​តិរិ្ថយ (ត្រេកអរ​យ៉ាង​នេះ​ហើយ​) ទើប​នាំ​គ្នា​និយាយសរសើរ​សេចក្តី​បរិសុទ្ធិ ​ក្នុង​ធម៌ (​របស់​ខ្លួន) ​នេះ​តែម្យ៉ាង ​មិន​និយាយ​សរសើរ​សេចក្តី​បរិសុទ្ធិ ​ក្នុង​ធម៌​ទាំងឡាយ​​ដទៃ​​ឡើយ​ ​ពួក​តិរិ្ថយ​ តែងចូល​ចិត្ត​ដោយ​ច្រើន​យ៉ាង​នេះ​ ​ហើយ​ពោល​ប្រកាន់​មាំ ​ក្នុង​ផ្លូវ​នៃ​ទិដ្ឋិ​របស់​ខ្លួន​នោះ​ ។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឡើយ​ ​ពួក​តិរិ្ថយ​ទាំង​នោះ​ សូម្បី​តែ​មួយ​នាក់ កាល​ពោល​ប្រកាន់មាំ ​ក្នុង​ផ្លូវ​នៃ​ទិដ្ឋិ​របស់​ខ្លួន​ហើយ​ មុខជាដុតកំដៅ​បុគ្គល​​ដទៃ​ ថា​ជាមនុស្ស​ពាល ​ព្រោះ​ទិដ្ឋិ​របស់​ខ្លួនដូច្នេះ ​លុះ​តិរិ្ថយ​ពោល​នូវ​បុគ្គល​ដទៃ​​ថា​ជា​មនុស្ស​ពាល ​ថា​ជា​អ្នក​មាន​ធម៌​មិន​បរិសុទ្ធិ​ហើយ​ ​គប្បី​នាំ​មក​នូវ​ជម្លោះ​ចំពោះខ្លួន​ឯង​ ។ តិរិ្ថយ​នោះ​ តាំង​នៅ​ក្នុង​វិនិច្ឆយធម៌ (​ដោយ​តណ្ហា ​និង​ទិដ្ឋិ)​ តាំងលទ្ធិ​ដោយ​ខ្លួន​ឯង​ហើយ​ ​រមែង​ដល់​នូវ​ការទាស់​ទែងគ្នា ​ដ៏​ក្រៃលែង​លើ​សលុប​ក្នុង​លោក ចំណែក​សត្វ​ ​ដែល​លះបង់​នូវ​វិនិច្ឆយធម៌​ទាំង​អស់​ (​ដោយ​អរិយមគ្គ) ​រមែង​មិន​ធ្វើ​នូវ​ជម្លោះ​ក្នុង​លោក​ឡើយ​ ។

ចប់ ចូឡវិយូហសូត្រ ​ទី​១២ ។

មហាវិយូហសូត្រ ​ទី​១៣

[កែប្រែ]

[១០៧] (ព្រះពុទ្ធនិមិ្មត ​សួរ​ថា) សមណព្រាហ្មណ៍ណា​មួយ​ ត្រាំ​នៅ​ក្នុង​ទិដ្ឋិ (​របស់​ខ្លួន) តែង​ជជែកគ្នាថា ​នេះ​ឯង​ជា​របស់​ពិត តើ​ពួក​សមណព្រាហ្មណ៍​ទាំង​អស់​នោះ​ ​នឹង​នាំ​មក​រឿយ ៗ ​នូវ​ពាក្យ​និន្ទា ឬ​បាន​នូវ​ពាក្យ​សរសើរ ​ព្រោះ​ទិដ្ឋិ​របស់​ខ្លួន​នោះ​ ដែរឬ ។ (ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​) ផល​នៃ​វាទៈ ​គឺ​សេចក្តី​សរសើរនុ៎ះ ​មាន​បន្តិច​បន្តួចទេ ​មិន​គួរ​ដើម្បី​សេចក្តី​ស្ងប់រម្ងាប់ (រាគៈជាដើម) ​បាន​ឡើយ​ តថាគត​ពោល​នូវ​ផល​នៃ​ការ​ជជែក​គ្នា ​ព្រោះ​ទិដ្ឋិ​មាន​ពីរប្រការ ​គឺ​និន្ទា ​និង​សរសើរ ចំណែក​ជនជា​បណ្ឌិត​ ឃើញ​ទោស​ក្នុង​ការជជែកគ្នានុ៎ះ ​ហើយ​ឃើញ​ច្បាស់​នូវ​ព្រះនិពា្វន ជាភូមិ​មិន​ទាស់​ទែងគ្នា ​ថា​ជា​ទី​ដ៏​ក្សេមក្សាន្ត ទើប​មិន​ទាស់​ទែងគ្នា ។ ទិដ្ឋិទាំងឡាយ​ឯណា​មួយ​ ​ដែល​កើត​ច្រើន ​អ្នក​បា្រជ្ញ​រមែង​មិន​ប្រកាន់​នូវ​ទិដ្ឋិទាំងនុ៎ះ បើលោក​មិន​មាន​សេចក្តី​ប្រកាន់ (​នូវ​ទិដ្ឋិ) ​មិន​ធ្វើ​សេចក្តី​ស្រឡាញ់ អារម្មណ៍​ដែល​ឃើញ​ហើយ​ ឮ​ហើយ​ ​ធ្វើ​ម្តេច​ឡើយ​នឹង​ប្រកាន់​នូវ​អារម្មណ៍​ដែល​គួរ​ប្រកាន់ ។ សមណ​ពា្រហ្មណ៍​ពួក​មួយ​ ​ប្រកាន់​ពោល​ថា សីលជា​គុណ​ដ៏​ខ្ពង់​ខ្ពស់​ ​ហើយ​សំដែង​នូវ​សេចក្តី​បរិសុទ្ធិ ​ដោយ​គុណត្រឹម​តែការសង្រួម ជនទាំង​ឡាយ​នោះ​ សមាទាន​នូវ​វត្ត​ហើយ​ ប្រកាន់មាំ (​ក្នុង​វត្ត​ដែល​ខ្លួន​សមាទាន​នោះ​) ​ដោយ​គិត​ឃើញ​ថា យើងទាំង​ឡាយ ​នឹង​សិក្សា​នូវ​សេចក្តី​បរិសុទ្ធិ​របស់​វត្ត​នោះ​ ​ក្នុង​ទិដ្ឋិ​របស់​ខ្លួន​នេះ​ តែម្យ៉ាង ​ព្រោះ​ជន​ទាំងឡាយ​នោះ​ ​មាន​ភព ​គឺ​កម្ម​នាំ​ចូល​ទៅ​ជិត​ហើយ​ តែង​ពោល​នូវ​ខ្លួន​ថា​ជា​អ្នក​ឈ្លាស ។ បើ​បុគ្គល​ណា​ ឃ្លាត​ចាក​សីល ​និង​វ័ត​ហើយ​ បុគ្គល​នោះ​ ​រមែង​ញាប់ញ័រ​ព្រោះ​ខុស​ចាក​កម្ម បុគ្គល​នោះ​ឯង​ តែងចង់​បាន​ផង​ បា្រថ្នា​ផង​ ​នូវ​សេចក្តី​បរិសុទ្ធិ ​ដូច​បុគ្គល​កាលព្រាត់បា្រស​ចាក​ផ្ទះ ​ហើយ​សាបសូន្យ​ចាក​ពួក​ ។ ​មួយ​ទៀត អរិយសាវ័ក លះបង់​សីល ​និង​វ័ត (​ដ៏​បរិសុទ្ធិ) ទាំង​អស់​ផង​ កម្ម​មាន​ទោស​ផង​ ​មិន​មាន​ទោសនុ៎ះ​ផង​ចេញ​ហើយ​ ​មិន​បា្រថ្នា​នូវ​សេចក្តី​បរិសុទ្ធិ ​និង​សេចក្តី​មិន​បរិសុទ្ធិ​ផង​ ​ឈ្មោះ​ថា​ជា​អ្នក​វៀរ​ស្រឡះ ​ព្រោះ​មិន​ប្រកាន់​នូវ​ទិដ្ឋិ ។ ​មាន​សមណ​ព្រាហ្មណ៍​ពួក​មួយ​ តែងអាស្រ័យ​ទិដ្ឋិ​នោះ​ ​ដែល​គួរ​ខ្ពើម ​មួយ​ទៀត តែង​អាស្រ័យទិដ្ឋិ (​សេចក្តី​យល់ឃើញ) ថា បរិសុទ្ធិ​ព្រោះ​ឃើញ បរិសុទ្ធិ​ព្រោះ​ស្តាប់​ បរិសុទ្ធិ​ព្រោះ​ពាល់​​ត្រូវ​ ជា​ឧទ្ធំស​រវាទ ជា​អ្នក​មាន​តណ្ហា​ក្នុង​ភពតូច​ភពធំ ​មិន​ទាន់​ទៅ​ប្រាស ​រមែង​ពោល​នូវ​សេចក្តី​បរិសុទ្ធិ ។ ជប្បនៈ ​គឺ​តណ្ហា​ទាំងឡាយ ​ក៏​កើត​ឡើង​ដល់​បុគ្គល​អ្នក​បា្រថ្នា ឬ​សេចក្តី​រន្ធត់ញាប់ញ័រ ​ក៏​កើត​ឡើង​ក្នុង​ធម៌​ទាំងឡាយ ​ដែល​ខ្លួន​កំណត់​ហើយ​ ការច្យុតិ ​និង​ការ​កើត​ឡើង​ ​របស់​បុគ្គល​ណា ​មិន​មាន​ក្នុង​លោក​នេះ​ បុគ្គល​នោះ​ ​គប្បី​ញាប់ញ័រ​ដោយ​ហេតុអ្វី ​គប្បី​បា្រថ្នា​ក្នុង​អ្វីទៀត ។ (ព្រះពុទ្ធនិមិ្មត​សួរ​ថា) សមណ​ព្រាហ្មណ៍​ពួក​មួយ​ ​បាន​និយាយ​ធម៌​ណា​ ​ថា​ជា​ធម៌​ដ៏​ឧត្តម សមណព្រាហ្មណ៍​ពួក​ឯទៀត ​បាន​និយាយ​ធម៌​នោះ​ ​ថា​ជា​ធម៌​ថោកទាប​វិញ​ ចុះ​ពាក្យ​របស់​សមណ​ព្រាហ្មណ៍ទាំង​ពីរ​ពួក​ តើ​ពាក្យ​ណា​ ជា​ពាក្យ​ពិតត្រង់ ​ព្រោះ​សមណ​ព្រាហ្មណ៍ទាំង​អស់​នេះ​ តែង​ពោល​លើ​កខ្លួន​ថា​ជា​អ្នក​ឈ្លាស ។ (ព្រះសម្ពុទ្ធ ​ត្រាស់​ថា​)​ សមណព្រាហ្មណ៍​ពួក​មួយ​ ​បាន​ពោល​ធម៌​របស់​ខ្លួន​ថា​ជា​ធម៌​បរិបូណ៌ (​ល្អ​ពេញ​ទី​) ​ពោល​ធម៌​របស់​ជន​​ដទៃ​ ​ថា​ជា​ធម៌​ថោកទាប សមណ​ព្រាហ្មណ៍​ទាំងឡាយ ប្រកាន់​យ៉ាង​នេះ​ ​រមែង​បង្កជម្លោះ ​ឲ្យ​កើត​ឡើង​ ​បាន​សរសើរ​ទិដ្ឋិ​របស់​ខ្លួន ៗ ​ថា​ជា​ធម៌ពិត ។ បើ​បុគ្គល​នោះ​ ​នឹង​ទៅ​ជា​អ្នក​ថោក​ទាប ​ព្រោះ​ដំនៀល​របស់​បុគ្គល​​ដទៃ​ ​មិន​មាន​អ្នក​ណា​មួយ​ ​ដែល​វិសេស​ក្នុង​ធម៌​ទាំងឡាយ​បាន​ទេ ​ព្រោះ​ថា បុគ្គល​ច្រើននាក់ ជា​អ្នក​ប្រកាន់​មាំ​ក្នុង​ធម៌​របស់​ខ្លួន តែង​តិះដៀល​ធម៌​របស់​ជន​​ដទៃ​ ​ថា​ជា​ធម៌ថោកទាប ។ ជន​ទាំងឡាយ តែង​សរសើរ​នូវ​ផ្លូវជា​គ្រឿងប្រព្រឹត្ត​ទៅ​នៃ​សេចក្តី​ប្រតិបត្តិ​ ​គឺ​ធម៌​របស់​ខ្លួន យ៉ាង​ណា ការ​បូជា​ធម៌​របស់​ខ្លួន ​ក៏​យ៉ាង​នោះ​ (កាលបើ​យ៉ាង​នេះ​) ​ពាក្យ​ទាំង​ពួង ​គប្បី​ជា​របស់​ពិតមែន ​សេចក្តី​បរិសុទ្ធិ ​នឹង​មាន​ចំពោះខ្លួន​នៃ​សមណ​ព្រាហ្មណ៍​ទាំង​នោះ​ពិត ។ ញាណ​ដែល​បុគ្គល​​ដទៃ​​គប្បី​ដឹក​នាំ​ ​និង​សេចក្តី​ប្រកាន់​ព្រោះ​វិនិច្ឆ័យ​ក្នុង​ទិដ្ឋិធម៌​ទាំង​ឡាយ ​មិន​មាន​ដល់​ខីណាសវ​ពា្រហ្មណ៍ ​ព្រោះ​ហេតុ​នោះ​ ខីណាសវ​ព្រាហ្មណ៍​នោះ​ ទើបឆ្លង​ពាក្យ​វិវាទ​ទាំងឡាយ​បាន​ ទាំង​មិន​យល់ឃើញ​ធម៌​ដទៃ​ថា ប្រសើរទេ ។ សមណ​ព្រាហ្មណ៍​ពួក​មួយ​ ​ពោល​អាង​បរិសុទ្ធិ ​ដោយ​ទិដ្ឋិ​ ថា​ខ្ញុំ​ដឹង​ ​ខ្ញុំ​ឃើញ ​របស់​នុ៎ះ​ពិតមែន បើទុក​ជា​មាន​សមណ​ព្រាហ្មណ៍ខ្លះ ​បាន​ឃើញ​ដោយ​បរ​ចិត្ត​ញ្ញាណ​ជាដើម ​នឹង​មាន​ប្រយោជន៍​អ្វី ​ដោយ​ការ​ឃើញ​របស់​សមណព្រាហ្មណ៍​នោះ​ (​បាន​ជា) ​ពួក​សមណ​ព្រាហ្មណ៍​ខ្លះ ​កន្លង​ (​នូវ​អរិយមគ្គ) ​ហើយ​សំដែង​នូវ​សេចក្តី​បរិសុទ្ធិ ​ដោយ​ឧ​បាយ​​ដទៃ​​វិញ​ ។ នរជន កាលឃើញ ​រមែង​ឃើញ​តែនាមរូប ​លុះ​ឃើញ​ហើយ​ ​រមែង​ដឹង​នូវ​នាមរូប​នោះ​ប៉ុណ្ណោះ កាលបើឃើញ​ដោយ​វិបល្លាសសញ្ញា​យ៉ាង​នេះ​ ចង់ឃើញ​ច្រើន ឬ​តិច​ក៏​ដោយ​ ​អ្នក​បា្រជ្ញ​ទាំងឡាយ ​មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ ​ដោយ​ការ​ឃើញ​ត្រឹម​ប៉ុណ្ណោះ​ទេ ។ បុគ្គល​អ្នក​ពោល​ប្រកាន់មាំ ​មិន​ងាយ​គេ​ប្រដៅ​បាន​ទេ បុគ្គល​អ្នក​ធ្វើ​ទិដ្ឋិ​ដែល​ខ្លួន​កំណត់​ហើយ​ ​ឲ្យ​ជាប្រធាន អាស្រ័យ​នូវ​សាស្តា​ណា ​រមែង​ជា​អ្នក​ពោល​សរសើរថា ​ល្អ​ក្នុង​សាស្តា​នោះ​ បុគ្គល​នោះ​ ជា​អ្នក​ពោល​នូវ​សេចក្តី​បរិសុទ្ធិ ​បាន​ឃើញ​ថា​ជា​ធម៌ពិត ​ក្នុង​វាទៈ​របស់​សាស្តា​នោះ​ ។ ខីណាសវព្រាហ្មណ៍ ​ដឹង​ច្បាស់ (​នូវ​សង្ខារធម៌​ទាំងពួង) ​រមែង​មិន​ប្រកាន់​នូវ​ការ​កំណត់ ​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ ជា​អ្នក​មិន​ប្រព្រឹត្ត​ទៅ​ក្នុង​ទិដ្ឋិ ទាំង​មិន​មាន​ផៅពង្ស ​គឺ​តណ្ហា ​និង​ទិដ្ឋិ ​ដោយ​មិច្ឆាញាណទេ ​មួយ​ទៀត ខីណាសវ​ព្រាហ្មណ៍​នោះ​ ​បាន​ដឹង​ហើយ​នូវ​ទិដ្ឋិ​ទាំងឡាយ ​ដែល​កើត​ហើយ​អំពីជន​ច្រើននាក់ ​ក៏​ព្រងើយ​កន្តើយ ​គឺ​មិន​ប្រកាន់មាំ​ដោយ​អំណាច​តណ្ហា ​និង​ទិដ្ឋិ ចំណែក​ជនទាំងឡាយ​​ដទៃ​ ​រមែង​ប្រកាន់​ស្អិត ។ ​អ្នក​បា្រជ្ញ​ក្នុង​លោក​នេះ​ លះបង់​នូវ​កិលេស​គ្រឿងចងក្រង កាលជន​ទាំងឡាយ ​មាន​ការ​ទាស់​ទែង​កើត​ហើយ​ លោកជា​អ្នក​មិន​ប្រព្រឹត្ត​ជា​ពួក​ កាលជន​ទាំងឡាយ ​មិន​ស្ងប់ លោកជា​អ្នក​ស្ងប់ លោកជា​អ្នក​ប្រងើយ​កន្តើយ ​មិន​ប្រកាន់ ចំណែកជន​ទាំង​ឡាយ​​ដទៃ​ ​រមែង​ប្រកាន់ស្អិត ។ ខីណាសវ​ព្រាហ្មណ៍ លះបង់​នូវ​អាសវៈមុន ​មិន​ធ្វើ​អាសវៈថ្មី ជា​អ្នក​មិន​លុះ​ក្នុង​ឆន្ទាគតិ (ជាដើម) ទាំង​មិន​ចរចាតាម​សេចក្តី​ប្រកាន់ស្អិត ខីណាសវ​ព្រាហ្មណ៍​នោះ​ ជា​អ្នក​ប្រាជ្ញ ​រួច​ស្រឡះ​ចាក​ទិដ្ឋិ​ទាំងឡាយ ជា​អ្នក​មិន​តិះ​ដៀល​ខ្លួន​ឯង​ ​មិន​ជាប់​នៅ​ក្នុង​លោក ។ ខីណាសវ​ព្រាហ្មណ៍​នោះ​ លោក​ជា​អ្នក​មិន​មាន​មារសេនា ​ក្នុង​ធម៌​ទាំងពួង ​មិន​មាន​មារសេនា ​ក្នុង​អារម្មណ៍​ណា​មួយ​ ​ដែល​ឃើញ​ហើយ​ ឮ​ហើយ​ ប៉ះពាល់​ហើយ​ ខីណាសវ​ព្រាហ្មណ៍​នោះ​ ជា​អ្នក​ប្រាជ្ញ ​មាន​ភារៈ​ដាក់ចុះ​ហើយ​ ​រួច​ស្រឡះ​ចាក​រាគាទិក្កិលេស​ ​មិន​មាន​គ្រឿងកំណត់​ដោយ​តណ្ហា ​និង​ទិដ្ឋិ ​មិន​ត្រេកអរ ​មិន​មាន​កិលេសជាតិ​គ្រឿងប្រាថ្នា​ឡើយ​ ។

ចប់ មហាវិយូហសូត្រ ​ទី​១៣ ។

តុវដកសូត្រ ​ទី​១៤

[កែប្រែ]

[១០៨] (ព្រះពុទ្ធនិមិ្មត ​សួរ​ថា) ​ខ្ញុំ​សូម​សួរ​នូវ​សេចក្តី​ស្ងាត់​ផង​ ​នូវ​ចំណែក​នៃ​សេចក្តី​ស្ងប់​ផង​ ​នឹង​ព្រះអង្គ ជាផៅពង្ស​នៃ​ព្រះអាទិត្យ ​អ្នក​ស្វែង​រក​គុណ​ដ៏​ធំ ចុះ​ភិក្ខុ​ឃើញ​ដោយ​ប្រការ​ដូច​ម្តេច ​មិន​ប្រកាន់​មាំ​នូវ​អ្វី​មួយ​ក្នុង​លោក ទើបរំលត់​កិលេស​បាន​ ។ (ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់តបថា) ​ភិក្ខុ​គប្បី​បិទ​នូវ​ឫស​នៃ​បបញ្ចសង្ខារ (ធម៌ជាគ្រឿង​ធ្វើ​សត្វ​ឲ្យ​យឺតយូរ ​គឺ​តណ្ហាទិដ្ឋិ) ​ផង​ ​នូវ​អស្មិមានះ​ទាំងពួង​ផង​ ​ដោយ​បា្រជ្ញា តណ្ហា​ទាំងឡាយ​ណា​មួយ​ ​មាន​ខាង​ក្នុង​សន្តាន​សត្វ​ ​ភិក្ខុ​ជា​អ្នក​មាន​ស្មារតី​គ្រប់ពេល ​គប្បី​សិក្សា​ដើម្បី​កម្ចាត់​បង់​តណ្ហា​ទាំង​នោះ​ចេញ​ ។ ​ភិក្ខុ​គប្បី​ដឹង​នូវ​គុណធម៌​ណា​មួយ​ ជា​ខាង​ក្នុង​ ឬ​ខាង​ក្រៅ​ ​មិន​គប្បី​ធ្វើ​នូវ​កម្លាំង (ការ​លើ​កដំកើង) ​ដោយ​គុណធម៌​នោះ​ ​ព្រោះ​ការ​រំលត់​នោះ​ សប្បុរស​ទាំងឡាយ ​មិន​បាន​ប្រកាស​ឡើយ​ ។ ​ភិក្ខុ​មិន​គប្បី​សំគាល់ថា អញ​ជាបុគ្គល​ប្រសើរជាង​គេ​ អញជាបុគ្គល​ថោកទាប​ជាង​គេ​ ឬថា​ជា​បុគ្គលស្មើ ៗ ​នឹង​គេ​ ​ដោយ​សារ​គុណធម៌​នោះ​ឡើយ​ ​ភិក្ខុ​ប្រកប​ដោយ​គុណធម៌ ​មាន​សភាព​ច្រើនយ៉ាង ​មិន​គប្បី​តាំងខ្លួន ដំកើង​ខ្លួន​ទេ ។ ​ភិក្ខុ​គប្បី​រម្ងាប់ (រាគាទិកិ្កលេស) ​ក្នុង​សន្តាន ​ភិក្ខុ​មិន​គប្បី​ស្វែង​រក​សេចក្តី​ស្ងប់ ​ដោយ​ឧ​បាយ​​ដទៃ​ទេ កាល​បើ​លោករម្ងាប់​នូវ​រាគាទិកិ្កលេស ​ក្នុង​សន្តាន​ហើយ​ ​សេចក្តី​យល់​ឃើញថា ខ្លួន​គឺ​សស្សតទិដ្ឋិ ​រមែង​មិន​មាន​ ​សេចក្តី​យល់​ឃើញថា ​មិន​មែន​ខ្លួន ​គឺ​ឧច្ឆេទទិដ្ឋិ ​នឹង​មាន​មកអំពីណា ។ រលក​រមែង​មិន​កើត​ឡើង​ត្រង់​ជំរៅពាក់​កណ្តាល​សមុទ្ទ ​ទឹក​ត្រង់ក​ណ្តាល​នោះ​ ​រមែង​តាំង​នៅ​នឹង​ ​មាន​ឧបមា​យ៉ាងណា​មិញ ​មាន​ឧបមេយ្យ ​ដូច​ភិក្ខុ​អ្នក​តាំង​នៅ​នឹង​នួន ជា​អ្នក​មិន​មាន​តណ្ហា​ជា​គ្រឿងញាប់​ញ័រ​ដូច្នោះ​ឯង​ ​មិន​គប្បី​ធ្វើ​កិលេស​ឲ្យ​ពុះពោរ​ក្នុង​ទី​ណា​មួយ​ ។ (ព្រះពុទ្ធនិមិ្មត ​សួរ​ថា) ព្រះអង្គ​មាន​ចក្ខុ​បើក​ហើយ​ ​បាន​សំដែង​ធម៌ ចំពោះ​ភ្នែក ​គឺ​ធម៌ ​ដែល​ព្រះអង្គ​ឃើញច្បាស់​ហើយ​ ​ដោយ​ព្រះអង្គ​ឯង​ ជា​ធម៌​កម្ចាត់​នូវ​សេចក្តី​អន្តរាយ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះអង្គ​សំដែង​នូវ​បដិបទា​ផង​ ​នូវ​បាតិមោក្ខសីល​ផង​ ​នូវ​សមាធិ​ចិត្ត​ផង​ ។ (ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​) ​ភិក្ខុ​គប្បី​ជា​អ្នក​មិន​រឡេមរឡាម​ដោយ​ចក្ខុ​ទាំង​ឡាយ​ផង​ ​គប្បី​បិទ​ខ្ទប់​នូវ​ត្រចៀក ​ក្នុង​ពាក្យ​នៃ​អ្នក​ស្រុក​ផង​ ​មិន​គប្បី​ជាប់​នៅ​ក្នុង​រស​ផង​ ​មិន​គប្បី​ប្រកាន់​នូវ​របស់​ណា​មួយ​ក្នុង​លោក​ផង​ ។ កាលណា​ភិក្ខុ​​ត្រូវ​ផស្សៈ​ប៉ះពាល់​ហើយ​ ​ភិក្ខុ​មិន​គប្បី​ធ្វើ​នូវ​សេចក្តី​ខ្សឹកខ្សួល​ផង​ ​មិន​គប្បី​បា្រថ្នា​នូវ​ភពណា​មួយ​ផង​ ​មិន​គប្បី​ញាប់ញ័រ​ក្នុង​សត្វ​សាហាវ ​ដែល​គួរ​ស្ញប់ស្ញែង​ផង​ ។ ​មួយ​ទៀត ​ភិក្ខុ​បើ​បាន​នូវ​បាយ​ ​ទឹក​ ខាទនីយៈ ឬសំពត់​ទាំង​ឡាយ​ហើយ​ ​មិន​គប្បី​ធ្វើ​នូវ​សន្និធិ (ការសន្សំទុក) ​ឡើយ​ កាល​បើ​មិន​បាន​វត្ថុទាំង​នោះ​ទេ ​ក៏​មិន​គប្បី​អន្ទះសារ ។ ​ភិក្ខុ​គប្បី​ជា​អ្នក​អភិរម្យ​ក្នុង​ឈាន ​គប្បី​ជា​អ្នក​មិន​រពឹស​ជើង ​គប្បី​វៀរ​ចាក​សេចក្តី​រពឹស (​មាន​រពឹស​ដៃជាដើម) ​មិន​គប្បី​ធ្វេស​ប្រហែស ​មួយ​ទៀត ​គប្បី​នៅ​ក្នុង​ទី​អង្គុយ ​ទី​ដេក ​ដែល​មាន​សំឡេង​តិច​ ។ ​ភិក្ខុ​មាន​សេចក្តី​ព្យាយាម ​មិន​គប្បី​ធ្វើ​ការ​ដេកលក់​ឲ្យ​ច្រើន​ទេ ​គប្បី​គប់​រក​នូវ​សេចក្តី​ភ្ញាក់​រឭក ​គប្បី​លះបង់​សេចក្តី​ខ្ជិល​ច្រអូស មាយា ល្បែង​សើច ល្បែងលេង​មេថុន ព្រមទាំង​ការស្អិតស្អាង​ខ្លួន​ចេញ​ ។ ​ភិក្ខុ​អ្នក​រាប់អាន​ព្រះ​រតនត្រ័យ ​មិន​គប្បី​ប្រកប​អាថព្វណមន្ត (មន្ត​សម្រាប់​ឲ្យ​ឧបទ្ទវៈ​កើត​ឡើង​ ​ក្នុង​បច្ចាមិត្ត) មន្ត​សម្រាប់​ទាយសុបិន មន្តសម្រាប់​ទាយ​លក្ខណៈ មន្ត​សម្រាប់សំដែង​ឫក្សមង្គល ​មិន​គប្បី​សេពគប់​មន្តសម្រាប់​ទាយសម្រែក​សត្វ​ផង​ ថ្នាំ​សម្រាប់​ធ្វើ​គភ៌​ឲ្យ​តាំង​នៅ​ផង​ ការរក្សា​រោគ​ផង​ ។ ​ភិក្ខុ​មិន​គប្បី​ញាប់ញ័រ​នឹង​ពាក្យ​និន្ទា បើ​មាន​គេ​សរសើរ ​ក៏​មិន​គប្បី​ឡើង​ជោរ​ផង​ ​គប្បី​បន្ទោ​បង់លោភៈ មច្ឆរិយៈ ​សេចក្តី​ក្រេវក្រោធ ​និង​ពាក្យ​ញុះញង់ ។ ​ភិក្ខុ​មិន​គប្បី​តាំង​នៅ​ក្នុង​ការលក់​ចេញ​ ទិញចូល ​មិន​គប្បី​ធ្វើ​ការ​ពោល​តិះ​ដៀល​ក្នុង​ទី​ណា​មួយ​ ​មិន​គប្បី​ជាប់​ចិត្ត​ក្នុង​ស្រុក ​មិន​គប្បី​ចរចា​នឹង​ជន ​ព្រោះ​បា្រថ្នា​លាភ ។ ​មួយ​ទៀត ​ភិក្ខុ​មិន​គប្បី​ពោល​វាចា​លើ​កខ្លួន ​មិន​គប្បី​ពោល​វាចា​ផ្សែផ្សំ ​មិន​គប្បី​សិក្សា​នូវ​សេចក្តី​ឃ្នើសឃ្នង កាយ វាចា ​ចិត្ត​ ​មិន​គប្បី​ពោល​ពាក្យ​ប្រណាំប្រជែង ។ ​ភិក្ខុ​មិន​គប្បី​ដឹក​នាំ​ ​ក្នុង​ពាក្យ​មុសាវាទ ​មិន​គប្បី​ធ្វើ​ការ​អួតអាង​ទាំង​ដឹង​ខ្លួន ​មួយ​ទៀត ​មិន​គប្បី​មើលងាយ​អ្នក​​ដទៃ​ ​ដោយ​អាជីវៈ (ការចិញ្ចឹម​ជីវិត) ​និង​បញ្ញា ​និង​សីលវ័ត ។ ​ភិក្ខុ​កាល​បើ​បាន​ឮ​ពាក្យ​ (​មិន​ជា​ទី​គាប់​ចិត្ត​) ​ដ៏​ច្រើន ​របស់​សមណៈ​ទាំងឡាយ ឬ​របស់​បុថុជ្ជនទាំង​ឡាយ ​មិន​គប្បី​ប្រទូស្ត​ទៅ​រក​ ​មិន​គប្បី​ពោល​តប ​ដោយ​ពាក្យ​អាក្រក់ ​ព្រោះ​ថា លោក​អ្នក​ស្ងប់រម្ងាប់​ទាំងឡាយ ​រមែង​មិន​ធ្វើ​ការ​ឈ្លោះតប​ត​ឡើយ​ ។ ​ភិក្ខុ​ កាល​បាន​ដឹង​ ​បាន​ពិចារណា​ធម៌នុ៎ះ ​គប្បី​ជា​អ្នក​រឭកសិក្សា​សព្វកាល បើ​បាន​ដឹង​សេចក្តី​រំលត់​រាគាទិកិ្កលេស ថា​ជា​សេចក្តី​ស្ងប់​ហើយ​ ​មិន​គប្បី​ប្រហែស​ធ្វេស ​ក្នុង​សាសនា​នៃ​ព្រះគោតម​ឡើយ​ ។ ​ភិក្ខុ​នោះ​ ជា​អ្នក​គ្រប​សង្កត់​រូប​ជា​ដើម ជា​អ្នក​ដែល​រូប​ជាដើម គ្របសង្កត់​មិន​បាន​ ជា​អ្នក​ឃើញ​ធម៌ ចំពោះ​ភ្នែក​ឯង​ ​មិន​អាង​គេ​ថា ដូច្នេះ ៗ ​ព្រោះ​ហេតុ​នោះ​ ​ភិក្ខុ​គប្បី​ជា​អ្នក​មិន​ប្រហែស ​គប្បី​នមស្ការសិក្សា​ក្នុង​សាសនា​នៃ​ព្រះ​មាន​ព្រះភាគ​នោះ​ សព្វ ៗ កាល ។

ចប់ តុវដកសូត្រ ​ទី​១៤ ។

អត្តទណ្ឌសូត្រ ​ទី​១៥

[កែប្រែ]

[១០៩] (ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​) ភ័យ​កើត​មកពី​អាជ្ញា​របស់​ខ្លួន (​សេចក្តី​ប្រព្រឹត្តិ​កាចអាក្រក់​របស់​ខ្លួន) ​អ្នក​ទាំងឡាយ ​ចូរ​មើលជន​អ្នក​ទាស់​ទែង​គ្នា តថាគត (កាល​នៅ​ជាពោធិ​សត្វ​) ​បាន​តក់​ស្លុត​ហើយ​ យ៉ាងណា តថាគត​នឹង​សំដែង​នូវ​សេចក្តី​តក់ស្លុត យ៉ាង​នោះ​ (​ដល់​អ្នក​ទាំងឡាយ) ។ ភ័យ​មកកាន់​តថាគត ​ព្រោះ​ឃើញ​នូវ​ពួក​សត្វ​ ​កំពុង​ញាប់ញ័រ (​ដោយ​តណ្ហា​ជាដើម) ​ដូច​ពួក​មច្ឆជាតិ ​ក្នុង​ទី​មាន​ទឹក​តិច​ ​ព្រោះ​ឃើញ​សត្វ​លោក​បៀត​បៀនគ្នា​នឹង​គ្នា ។ លោក​មិន​មាន​ខ្លឹមសារ​ដោយ​ជុំ​វិញ​ ទិសទាំងពួង ​រមែង​ញាប់ញ័រ តថាគត​កាលបា្រថ្នា​នូវ​ភព (ជា​ទី​ពឹង) ​របស់​ខ្លួន ​ក៏​មិន​បាន​ឃើញ​ភព​ណា​មួយ​ ​ដែល​ជរាធម៌​ជាដើម ជិះជាន់​មិន​បាន​ ​សេចក្តី​មិន​រីករាយ​ ​បាន​កើត​មាន​ដល់​តថាគត​ហើយ​ ​ព្រោះ​បាន​ឃើញ​សត្វ​ទាំងឡាយ ​ត្រូវ​​ជរាធម៌​ជាដើម បៀតបៀន​ហើយ​ ​ក្នុង​កាល​ជា​ទី​បំផុត​ តពី​នោះ​មក តថាគត​បាន​ឃើញ​សរ ​ដែល​គេ​ឃើញ​បាន​ដោយ​កម្រ អាស្រ័យ​នៅ​ក្នុង​ហ្ឫទ័យ ​ក្នុង​សត្វ​ទាំងឡាយ​នោះ​ ។ ​សត្វ​លោក​ដែល​សរ​ដោតជាប់​ហើយ​ ​រមែង​ស្ទុះ​ទៅ​កាន់​ទិសផ្សេង ៗ បុគ្គលជា​បណ្ឌិត​ ដកសរ​នោះ​បាន​ ទើប​មិន​ស្ទុះ​ទៅ​ ​មិន​លិចចុះ ។ (អារម្មណ៍​ជា​ទី​ស្រឡាញ់ ​គឺ​បញ្ចកាមគុណ​ណា ​មាន​ក្នុង​លោក) ប្រ​ជុំ​ជន តែងសំដែង​នូវ​ភាសិត ជាគ្រឿង​សិក្សា​ (​មាន​ការសិក្សា​ដំរីជាដើម) ដើម្បី​ឲ្យ​បាន​អារម្មណ៍​ជា​ទី​ស្រឡាញ់​នោះ​ ​បណ្ឌិត​មិន​គួរ​ខ្វល់ខ្វាយ ​ក្នុង​បញ្ចកាមគុណ ឬ​ក្នុង​កិច្ច​សិក្សា​នោះ​ឡើយ​ ​គប្បី​នឿយ​ណាយ​ក្នុង​កាមារម្មណ៍ ​ដោយ​ប្រការ​ទាំងពួង ​គប្បី​សិក្សា​នូវ​ព្រះនិព្វាន​បម្រុង​ខ្លួន ។ បុគ្គល​ជា​អ្នក​ប្រាជ្ញ ​គប្បី​ជា​អ្នក​មាន​សច្ចៈ [សច្ចៈ ៣យ៉ាង​គឺ​ វាចាសច្ចៈ ញាណសច្ចៈ មគ្គសច្ចៈ ។ អដ្ឋកថា ។] ជាបុគ្គល​មិន​ឃ្នើសឃ្នង ​មិន​មាន​មាយា លះបង់​ពាក្យ​ញុះញង់ ​មិន​ក្រេវក្រោធ ឆ្លង​ឲ្យ​រួច​នូវ​លោភៈ​ដ៏​លាមក ​និង​មច្ឆរិយ ។ នរជន ​មាន​ចិត្ត​ឱន​ទៅ​រក​ព្រះនិព្វាន ​គប្បី​គ្រប​សង្កត់​នូវ​ការ​ដេកលក់ ​សេចក្តី​ខ្ជិល​ច្រអូស ការ​រួញរា ​មិន​គប្បី​ដំអក់​នៅ​ដោយ​សេចក្តី​ប្រហែស​ធ្វេស ​មិន​គប្បី​តាំងខ្លួន​ក្នុង​មានះ​ដ៏​ក្រៃលែង ។ បុគ្គល​អ្នក​បង្អោន​ចិត្ត​ទៅ​រក​ព្រះនិព្វាន ​មិន​គប្បី​ដឹក​នាំ​ ​ក្នុង​ពាក្យ​មុសាវាទ ​មិន​គប្បី​ធ្វើ​សេចក្តី​ស្នេហា​ក្នុង​រូប ​ត្រូវ​​កំណត់​ដឹង​នូវ​មានះ ​ហើយ​គប្បី​វៀរ​ចេញ​ចាក​អំពើ​ដ៏​រួសរាន់ ។ ​មិន​គប្បី​ស្រើបស្រាល​ទៅ​រក​បញ្ចក្ខន្ធ ​ដែល​ជា​របស់​ចាស់ ​គឺ​ជាអតីត ​មិន​គប្បី​ធ្វើ​សេចក្តី​ពេញ​ចិត្ត​នឹង​បញ្ចក្ខន្ធ ​ដែល​ជា​របស់​ថ្មី ​គឺ​ជាបច្ចុប្បន្ន ​មិន​​ត្រូវ​​សោកស្តាយ​នឹង​បញ្ចក្ខន្ធ ​ដែល​សាប​រលាប​ទៅ​ហើយ​ ​មិន​​ត្រូវ​ជាប់​ស្អិត​នៅ​ក្នុង​តណ្ហា ។ តថាគត​ពោល​នូវ​សេចក្តី​ជាប់​ចិត្ត​ ​គឺ​តណ្ហា​ ​ថា​ជា​អន្លង់ធំ តថាគត​ពោល​នូវ​សេចក្តី​ជក់​ចិត្ត​ ​គឺ​តណ្ហា ​ថា​ជា​គ្រឿងលឿន​ទៅ​នៃ​ចិត្ត​ ​ថា​ជា​គ្រឿង​ជាប់​ញ៉ាម​នៅ​នៃ​ចិត្ត​ ថា​ជាអារម្មណ៍​នៃ​ចិត្ត​ ​ថា​ជា​គ្រឿង​ត្រិះរិះ (​ព្រោះ​) កាមតណ្ហា ​ដូច​ជា​ភក់ ​សត្វ​ទាំង​ឡាយ អាចឆ្លង​បាន​ដោយ​លំបាក ។ ​អ្នក​បា្រជ្ញ​ ជាព្រាហ្មណ៍​ ​មិន​គេ​ច​ចេញ​ចាក​សច្ចៈ ​រមែង​តាំង​នៅ​លើ​ទី​ទួល​ ​គឺ​ព្រះនិព្វាន តថាគត​ហៅ​បុគ្គល​នោះ​ថា​ជា​អ្នក​ស្ងប់ ​ព្រោះ​លះអាយតនៈ​ទាំង​អស់​ ។ បុគ្គល​នោះ​ ជា​អ្នក​បា្រជ្ញ បុគ្គល​នោះ​ ជា​អ្នក​ដល់​នូវ​វេទ ជា​បុគ្គល​ដែល​តណ្ហា ​និង​ទិដ្ឋិ ​មិន​អាស្រ័យ​នៅ​ហើយ​ ​ព្រោះ​ឃើញ​សង្ខារធម៌ (​ថា​ជា​របស់​មិន​ទៀង ជាទុក្ខ ​មិន​មែនខ្លួន) បុគ្គល​នោះ​ ​រមែង​ប្រព្រឹត្ត​នៅ​ក្នុង​លោក​ដោយ​ប្រពៃ ​មិន​ជាប់​ចិត្ត​នឹង​បុគ្គល​ណា​មួយ​ឡើយ​ ។ ​បុគ្គល​ណា​ ​បាន​ឆ្លង​ផុត​នូវ​កាម​ផង​ ​នូវ​កិលេស​គ្រឿង​ជាប់ ​ដែល​ឆ្លង​បាន​ដោយ​កម្រ ​ក្នុង​លោក​ផង​ បុគ្គល​នោះ​ ​ឈ្មោះ​ថា ​កាត់​ខ្សែតណ្ហា ​មិន​មាន​ចំណង ​រមែង​មិន​សោក ​មិន​សុបសៅ ។ កិលេស​ជាតណា ​កើត​ឡើង​ (​ព្រោះ​ប្រារព្ធ) សង្ខារ​ជា​អតីត ​អ្នក​ចូរ​ធ្វើ​កិលេស​នោះ​ ​ឲ្យ​រីងស្ងួត​ទៅ​ ​កិលេស​គ្រឿងកង្វល់ (​មាន​រាគៈជា​ដើម ​កើត​ឡើង​ព្រោះ​ប្រារព្ធ) សង្ខារ​ដែល​នឹង​មាន​ទៅ​ខាង​ក្រោយ ​ចូរ​កុំ​មាន​ដល់​អ្នក​ឡើយ​ បើ​អ្នក​មិន​ប្រកាន់​ក្នុង​ធម៌ជា​កណ្តាល (​មាន​រូប​ជាដើម ​ដែល​ជាបច្ចុប្បន្ន) ​អ្នក​នឹង​ទៅ​ជាបុគ្គល​ស្ងប់ ។ ​បុគ្គល​ណា​ ​មិន​មាន​សេចក្តី​ប្រកាន់​ក្នុង​នាម ​និង​រូប ​ថា​ជា​របស់​អញ សព្វ​កន្លែងទេ បុគ្គល​នោះ​ឯង​ ​រមែង​មិន​សោក ​ព្រោះ​នាមរូប​ដែល​មិន​មាន​ផង​ ​មិន​ទ្រុឌ​ទ្រោម​ទៅ​ក្នុង​លោក​ផង​ ។ កង្វល់ថា ​នេះ​របស់​អញ នុ៎ះ​ជា​របស់​ជន​​ដទៃ​ ​មិន​មាន​ដល់​បុគ្គល​ណា​ បុគ្គល​នោះ​ កាល​មិន​បាន​នូវ​វត្ថុ​ដែល​ប្រកាន់ថា ​របស់​អញ ​រមែង​មិន​សោកថា អញគ្មាន​ដូច្នេះ​ឡើយ​ ។ បុគ្គល​ដែល​មិន​មាន​ឫស្យា ​មិន​មាន​សេចក្តី​ត្រេកអរ ជា​អ្នក​មិន​ញាប់ញ័រ ជា​អ្នក​ស្ងប់រម្ងាប់ ​ក្នុង​អាយតនៈ​ខាង​ក្នុង​ ​ខាង​ក្រៅ​ទាំង​អស់​ តថាគត កាល​បើ​មាន​បុគ្គលចូល​មក​សួរ​អានិសង្ស ​របស់​បុគ្គល​អ្នក​មិន​ញាប់​ញ័រ​នោះ​ ​ក៏​នឹង​សំដែង (អានិសង្ស​ទាំង ៤ ​មាន​មិន​ឫស្យា​ជាដើម​នោះ​) ។ បណ្តា​សង្ខារទាំង ៣ ​មាន​បុញ្ញាភិសង្ខារ​ជាដើម) សង្ខារ​ណា​មួយ​ ​មិន​មាន​ដល់​បុគ្គល​អ្នក​មិន​ញាប់ញ័រ ​អ្នក​ដឹង​ច្បាស់ (​នូវ​ត្រៃលក្ខណ៍) បុគ្គល​នោះ​ វៀរស្រឡះ​ចាក​សង្ខារ​ទាំង ៣ ​នោះ​ ​រមែង​ឃើញ​សេចក្តី​ក្សេម​ក្នុង​ទី​ទាំង​ពួង ។ ​អ្នក​បា្រជ្ញ ​រមែង​មិន​និយាយអួតខ្លួន (​ដោយ​មានះថា អញជា​បុគ្គល​ស្មើគ្នា) ​ក្នុង​ពួក​បុគ្គល​ស្មើគ្នា (ថាអញ​ជា​បុគ្គល​ថោកទាប) ​ក្នុង​ពួក​បុគ្គល​ដែល​ថោក​ទាប (ថាអញ​ជា​បុគ្គលប្រសើរ) ​ក្នុង​ពួក​បុគ្គល​ដែល​ប្រសើរ បុគ្គល​នោះ​ ជា​អ្នក​ស្ងប់បា្រស​ចាក​សេចក្តី​កំណាញ់ ​រមែង​មិន​ប្រកាន់ ​មិន​អន្ទះសារ ។

ចប់ អត្តទណ្ឌសូត្រ ​ទី​១៥ ។

សារីបុត្តសូត្រ ​ទី​១៦

[កែប្រែ]

[១១០] (ព្រះសារីបុត្ត​ដ៏​មាន​អាយុ ​បាន​ពោល​ថា) ព្រះ​មាន​ព្រះភាគ ជា​សាស្តាចារ្យ ព្រះអង្គ​ចុះ​ចាក​តុសិត មកជា​គណាចារ្យ ព្រះអង្គ​មាន​ព្រះវាចា​ពីរោះយ៉ាង​នេះ​ ​ខ្ញុំ​ព្រះអង្គ ​មិន​ដែល​ឃើញ ​មិន​ដែល​ឮ អំពីសំណាក់​អ្នក​ណា​មួយ​ ​ក្នុង​កាលមុន​អំពីកាល​ដែល​ព្រះអង្គ​ស្តេចចុះមក​កាន់ក្រុង​សង្កស្សៈ​សោះ​ឡើយ​ ។ ព្រះសាស្តា ព្រះអង្គ​មាន​ចក្ខុ (​ដ៏​ឧត្តម) ​រមែង​បា្រកដ​ដល់​មនុស្ស​លោក ព្រម​ទាំង​ទេវលោក ព្រះអង្គ​ជាបុគ្គលឯក ​បាន​បន្ទោបង់​នូវ​ងងឹត​ទាំង​អស់​ហើយ​ ​បាន​លុះ​ធម៌​ដ៏​វិសេស ​ដែល​ជា​ទី​ត្រេកអរ ។ ​ខ្ញុំ​ព្រះអង្គ ​មាន​សេចក្តី​​ត្រូវ​ការ​នឹង​សួរ​ប្រស្នា ដើម្បី​សាវ័ក​ទាំងឡាយ​ច្រើន​នាក់ ទើប​មក​គាល់​ព្រះអង្គ​ជា​ព្រះពុទ្ធ ​មាន​សន្តាន​បរិសុទ្ធ បា្រស​ចាក​តណ្ហានិស្ស័យ ​និង​ទិដ្ឋិនិស្ស័យ ព្រះអង្គ​ជា​បុគ្គល​មិន​ញាប់ញ័រ ជាបុគ្គល​មិន​កុហក ជា​គណាចារ្យ ស្តេច​មក​ក្នុង​ក្រុង​សង្កស្សៈ​នេះ​ កាល​បើ​ភិក្ខុ​ខ្ពើម (អំពីជាតិ​ជាដើម) ជា​អ្នក​គប់​រក​នូវ​សេនាសនៈ​ស្ងាត់​ក្តី​ ​នៅ​ទី​ជិត​នៃ​ដើមឈើ​ក្តី​ ​នូវ​ព្រៃ​ស្មសាន​ក្តី​ ឬ​ជា​អ្នក​នៅ​អាស្រ័យ​ក្នុង​ល្អាងភ្នំ​ទាំងឡាយ​ក្តី​ ​ភិក្ខុ​កាល​នៅ​ក្នុង​សេនាសនៈ​ស្ងាត់ បា្រស​ចាក​សំឡេង​គឹកកង ​មិន​គប្បី​ញាប់ញ័រ ​ដោយ​ហេតុ​គួរ​ឲ្យ​ភ័យ​ណា ហេតុ​គួរ​ឲ្យ​ភ័យ​ក្នុង​សេនាសនៈ​ថោកទាប ​និង​ឧត្តម​នោះ​ ​មាន​ប៉ុន្មាន ​ភិក្ខុ​នៅ​ក្នុង​សេនាសនៈស្ងាត់ ​គប្បី​គ្រប​សង្កត់​សេចក្តី​អន្តរាយ​ទាំងឡាយណា ​សេចក្តី​អន្តរាយ​ទាំង​ឡាយ​នោះ​ ​មាន​ប៉ុន្មាន ​ដែល​នឹង​មាន​ដល់​ភិក្ខុ​ កាល​ទៅ​កាន់ទិស ​ដែល​គេ​មិន​ធ្លាប់​ទៅ​ ​គឺ​ព្រះនិព្វាន ​ក្នុង​លោក​នេះ​ ។ ​ពាក្យ​ពេចន៍​របស់​ភិក្ខុ​អ្នក​មាន​ខ្លួន​បញ្ជូន​ទៅ​ ​គឺ​ជា​អ្នក​មាន​ព្យាយាម​តឹងតែង តើ​ដូច​ម្តេច គោចរ​ទាំងឡាយ ​ក្នុង​លោក​នេះ​ ​របស់​លោក តើ​ដូច​ម្តេច សីល ​និង​វ័ត​ទាំងឡាយ ​របស់​លោក តើ​ដូច​ម្តេច ​ភិក្ខុ​នោះ​ ​គប្បី​សមាទាន ​នូវ​សិក្ខា​ដូច​ម្តេច ទើបជា​អ្នក​មាន​សតិ ​មាន​ចិត្ត​មូល​ក្នុង​អារម្មណ៍​តែ​មួយ​ ជា​អ្នក​មាន​ប្រាជ្ញា​គប្បី​បន្ទោបង់​កិលេស ជា​មន្ទិល​របស់​ខ្លួន​បាន​ ​ដូច​ជាងមាស ដេញអាចម៍​មាស​ឲ្យ​អស់​ចេញ​បាន​ ។ (ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត) ផាសុវិហារធម៌ (គ្រឿង​នៅ​សុខ​សម្រាន្ត) ណា ​របស់​ភិក្ខុ​អ្នក​ខ្ពើម (អំពី​ជាតិជាដើម) ​អ្នក​បា្រថ្នា​នូវ​ការ​ត្រាស់​ដឹង​ សេព​នូវ​សេនាសនៈ​ស្ងាត់ តថាគត​នឹង​ពោល​នូវ​ផាសុវិហារធម៌​នោះ​ ធម៌​ដ៏​សម​គួរ​ដល់​អ្នក​តាម​ដឹង​ ។ ​ភិក្ខុ​ជា​អ្នក​ប្រាជ្ញ ​មាន​ស្មារតី ប្រព្រឹត្ត​ក្នុង​គុណ​មាន​ទី​បំផុត​ដោយ​ជុំ​វិញ​ [សំដៅ​យក​បារិសុទ្ធិសីល ៤ ។ ខុទ្ទកនិកាយ មហានិទ្ទេស ។] ​មិន​គប្បី​ខ្លាច​នូវ​ភ័យ​ទាំង ៥ យ៉ាង ​គឺ​មិន​ខ្លាច​សត្វ​របោម ១ ស្រួយ ១ ពស់តូច​ពស់ធំ ១ ផស្សៈ​នៃ​មនុស្ស​ជាចោរ ១ ​ពួក​សត្វ​ជើងបួន ១​ ​ភិក្ខុ​អ្នក​បា្រជ្ញ​នោះ​ ជា​អ្នក​ស្វះស្វែង​រក​កុសលធម៌ សូម្បី​បាន​ឃើញជន​ដែល​ក្រៅ​អំពី​សហធម្មិកៈ ឬ​បាន​ឮសំឡេង​ដែល​ខ្លួន​គួរ​ខ្លាច​ដ៏​ច្រើន ​របស់​ជន​ទាំង​នោះ​ ឬ​អន្តរាយ​យ៉ាង​​ដទៃ​ ៗ ​គប្បី​គ្រប​សង្កត់ ​មិន​គប្បី​តក់ស្លុតរន្ធត់​ឡើយ​ ។ ​ភិក្ខុ​អ្នក​បា្រជ្ញ​នោះ​ បើផស្សៈ​នៃ​រោគ ឬ​សេចក្តី​ស្រេកឃ្លាន ឬ​ក៏​ត្រជាក់ ​និង​ក្តៅពាល់​​ត្រូវ​​ហើយ​ ​គប្បី​ខំអត់​សង្កត់ ​ភិក្ខុ​នោះ​ ​ដែល​ផស្សៈ​នៃ​រោគ ​និង​សេចក្តី​ស្រេកឃ្លាន (ជា​ដើម​នោះ​) ពាល់​ត្រូវ​​ហើយ​ (​ដោយ​អាការ​ផ្សេង ៗ) សូម្បីច្រើន​យ៉ាងណា ​ក៏​មិន​បាន​ធ្វើ​ឱកាស (​ឲ្យ​ដល់​វិញ្ញាណ ​ដែល​ប្រកប​ដោយ​សង្ខារ ​គឺ​ចិត្ត​ដែល​សម្បយុត្ត​ដោយ​កុសលាកុសលចេតនា) ​គប្បី​ធ្វើ​សេចក្តី​ព្យាយាម​ប្រឹងប្រែង​មុតមាំ ។ ​ភិក្ខុ​មិន​គប្បី​ធ្វើ​ការលួច ​មិន​គប្បី​ពោល​ពាក្យ​កុហក ​គប្បី​ផ្សាយ​មេត្តា​ចិត្ត​ ចំពោះ​ពួក​សត្វ​ ​ដែល​មាន​ចិត្ត​តក់ស្លុត ​និង​មាន​ចិត្ត​រឹងប៉ឹង ​គឺ​ពួក​សត្វ​ ​ដែល​មាន​ចិត្ត​ប្រកប​ដោយ​តណ្ហា ​និង​ប្រាស​ចាក​តណ្ហា ​ក្នុង​កាល​ណា ​ភិក្ខុ​បើ​ដឹង​នូវ​ភាព​នៃ​ចិត្ត​កករ​ល្អ​ក់ ​ក្នុង​កាល​នោះ​ ​គប្បី​បន្ទោបង់​នូវ​ភាព​នៃ​ចិត្ត​កករ​ល្អ​ក់​នោះ​ចេញ​ ​ដោយ​គិតថា ​នោះ​ជា​ពួក​ប័ក្ខ​នៃ​ធម៌ខ្មៅ ។ ​ភិក្ខុ​មិន​គួរ​លុះ​អំណាច​នៃ​សេចក្តី​ក្រោធ ​និង​សេចក្តី​ប្រកាន់ខ្លួន​ហួសហេតុ ​មួយ​ទៀត ​គប្បី​គាស់​រំ​លើ​ង​ឫស​នៃ​សេចក្តី​ក្រោធ ​និង​សេចក្តី​ប្រកាន់ហួស​ហេតុទាំង​នោះ​ចេញ​ ​មួយ​វិញ​ទៀត ​គប្បី​ទម្រុឌទម្រោម​គ្របសង្កត់​សេចក្តី​ស្រឡាញ់ ​និង​សេចក្តី​ស្អប់ ​ឲ្យ​ជ្រះស្រឡះ ។ ​ភិក្ខុ​អ្នក​មាន​បីតិ​ដ៏​ល្អ​ ​គប្បី​ធ្វើ​បា្រជ្ញា​ឲ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ ​ហើយ​គប្បី​សង្កត់សង្កិន​សេចក្តី​អន្តរាយ​នោះ​ ​គប្បី​អត់សង្កត់​សេចក្តី​មិន​ត្រេកអរ ​ក្នុង​សេនាសនៈ​ស្ងាត់ ​គប្បី​អត់​សង្កត់ធម៌​ជា​ទី​តាំង​នៃ​សេចក្តី​ខ្សឹកខ្សួល ៤ យ៉ាង ​ភិក្ខុ​អ្នក​សិក្សា​ក្នុង​ត្រៃសិក្ខា ជា​អ្នក​មិន​មាន​កង្វល់ ត្រាច់​ទៅ​ ​គប្បី​បន្ទោបង់​សេចក្តី​ត្រិះរិះ ៤ យ៉ាង ​ដែល​ជា​ទី​តាំង​នៃ​សេចក្តី​ខ្សឹកខ្សួល ​គឺ​ត្រិះរិះថា អញ​នឹង​បាន​របស់​អ្វី​បរិភោគ ១ ថា​អញ​នឹង​បរិភោគ​ក្នុង​ទី​ណា ១ ថា​អញ​ដេកជាទុក្ខ​ក្នុង​រាត្រី​នេះ​ ១ ថា​អញ​នឹង​ដេក​ក្នុង​ទី​ណា (ទើប​ជា​សុខសប្បាយ) ១ ។ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​បាន​នូវ​បាយ​ផង​ ​នូវ​សំពត់​ស្លៀកដណ្តប់​ផង​ ​ក្នុង​កាល​គួរ​ ​ភិក្ខុ​នោះ​ ​គប្បី​ដឹង​ប្រមាណ (​ក្នុង​ការ​ទទួល ​ឬការប្រើបា្រស់​នូវ​បច្ច័យ ៤) ដើម្បី​សន្តោស ​ភិក្ខុ​នោះ​ ​គប្បី​ជា​អ្នក​គ្រប់គ្រង​ក្នុង​បច្ច័យ​ទាំង ៤ ​នោះ​ ​គប្បី​ជា​អ្នក​មាន​ការ​ប្រព្រឹត្តិសង្រួម ​ក្នុង​ស្រុកទេស សូម្បី​ត្រូវ​​អ្នក​ណា ៗ ប្រទូស្ត​ហើយ​ ​ក៏​មិន​គប្បី​ពោល​ពាក្យ​អាក្រក់ (​ទៅ​រក​អ្នក​នោះ​) ។ ​ភិក្ខុ​គប្បី​ជា​អ្នក​មាន​ចក្ខុ​ដាក់ចុះ ​មួយ​ទៀត ​មិន​គប្បី​ជា​អ្នក​រពឹសជើង ​គប្បី​ជា​អ្នក​ប្រកបរឿយ ៗ ​ក្នុង​ឈាន ជា​អ្នក​ភ្ញាក់​រឭកច្រើន ជា​អ្នក​ប្រារព្ធ​ឧបេក្ខា ​ហើយ​មាន​ចិត្ត​ដំកល់មាំ ​គប្បី​កាត់​អកុសលវិតក្កៈ ​និង​ធម៌ជា​ទី​អាស្រ័យ​នៅ​នៃ​អកុសលវិតក្កៈ ​និង​ការ​រពឹស (​មាន​រពឹស​ដៃជាដើម) ។ ​ភិក្ខុ​ កាល​គេ​ដាស់តឿន ​ដោយ​ពាក្យ​ទាំងឡាយ ​គប្បី​ជា​អ្នក​មាន​ស្មារតី ទទួល​ត្រេកអរ ​គប្បី​ជា​អ្នក​ទំលាយ​ចិត្ត​រឹងរូស ​ក្នុង​សព្រហ្មចារី​ទាំងឡាយ​ចេញ​ ​គប្បី​បញ្ចេញ​វាចាជា​កុសល ​មិន​គប្បី​បញ្ចេញ​វាចាហួស​កំណត់ ​កុំ​គិតគូរ​ក្នុង​ពាក្យ​គរហានិន្ទា​របស់​ពួក​ជន ។ ​មួយ​ទៀត ​ភិក្ខុ​អ្នក​មាន​ស្មារតី ​គប្បី​សិក្សា​ក្នុង​ត្រៃសិក្ខា ដើម្បី​កម្ចាត់​បង់ធូលី​ណា ធូលី​នោះ​ ​មាន​នៅ​ក្នុង​លោក ៥ យ៉ាង ​គឺ​រូបរាគៈ ១ សទ្ទរាគៈ ១ គន្ធរាគៈ ១ រសរាគៈ ១ ផស្សរាគៈ ១ ​ភិក្ខុ​នោះ​ ​គប្បី​អត់​សង្កត់​នូវ​សេចក្តី​ត្រេកអរ​ក្នុង​រូប សំឡេង ក្លិន រស ផស្សៈ​ទាំង​នោះ​ចេញ​ ។ ​ភិក្ខុ​ជា​អ្នក​មាន​ស្មារតី ​មាន​ចិត្ត​ផុតស្រឡះ​ហើយ​ដោយ​ប្រពៃ ​គប្បី​កម្ចាត់​បង់​សេចក្តី​ប៉ុនប៉ង ​ក្នុង​កាមារម្មណ៍​ទាំងឡាយ​នោះ​ចេញ​ (គ្រា​សមាធិ​ចិត្ត​កើត​ឡើង​ហើយ​) ​ភិក្ខុ​នោះ​ (​មិន​បាន​ឈប់​នៅ​ត្រឹម​ប៉ុណ្ណោះ) ខំត្រិះរិះ​ពិចារណា​ធម៌ ​ដោយ​ត្រឹម​​ត្រូវ​​តាមកាល​ត​ទៅ​ទៀត ​ភិក្ខុ​នោះ​ ​គប្បី​ជា​អ្នក​មាន​ចិត្ត​ជា​ឯកគ្គតា ​កម្ចាត់​បង់​ងងឹត ​គឺ​កិលេស​ចេញ​ ។

ចប់ សារីបុត្តសូត្រ ​ទី​១៦ ។

ចប់ អដ្ឋកវគ្គ ​ទី​៤ ។

ឧទ្ទាន​នៃ​អដ្ឋកវគ្គទី​៤នោះ​គឺ

និយាយអំពីកាមសូត្រ ១ គុហដ្ឋកសូត្រ ១ ទុដ្ឋដ្ឋកសូត្រ ១ សុទ្ធដ្ឋកសូត្រ ១ បរមដ្ឋកសូត្រ ១ ជរាសូត្រ ១ តិស្សមេតេ្តយ្យសូត្រ ១ បសូរសូត្រ ១ មាគន្ទិយសូត្រ ១ បុរាភេទសូត្រ ១ កលហវិវាទសូត្រ ១ វិយូហសូត្រ ២ តុវដកសូត្រ ១ អត្តទណ្ឌសូត្រ ១ សារីបុត្តសូត្រ ១ សូត្រទំាង ១៦ នុ៎ះ ​មាន​ក្នុង​អដ្ឋកវគ្គ​ទំាំង​អស់​ ​ដោយ​ប្រការ​ដូចេ្នះ ។

បារាយនវគ្គ ​ទី​៥

[កែប្រែ]

វត្ថុកថា

[កែប្រែ]

[១១១] (ព្រះអានន្ទ​ដ៏​មាន​អាយុ ​បាន​លើ​ករឿង​នេះ​ មកកាន់​ទី​ប្រ​ជុំ​ ​ក្នុង​កាល​ធ្វើ​សង្គាយនា​ថា ព្រាហ្មណ៍​ឈ្មោះ​ពាវរី) ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​មន្ត បា្រថ្នា​នូវ​ភាពជា​អ្នក​មិន​កង្វល់ ​បាន​ចេញ​អំពីបុរី​នៃ​ដែន​កោសល ជាបុរី​ដ៏​សប្បាយ​រីករាយ​ ​ទៅ​កាន់​ទក្ខិណាបថជនបទ ។ ពាវរីព្រាហ្មណ៍​នោះ​ ​នៅ​អាស្រ័យទៀប​ច្រាំងស្ទឹង​គោធាវរី ជិតដែន​អស្សកៈ ​និង​ជិត​ដែនមុឡកៈ ចិញ្ចឹមជីវិត​ដោយ​ការ​ស្វះស្វែង​រក​ (​សូម​គេ​) ​ផង​ ​ដោយ​មើម​ឈើ ​និង​ផ្លែឈើ​ផង​ ។ ស្រុក​នោះ​ ​បាន​រីក​ធំទូលាយ ​ព្រោះ​អាស្រ័យ​ពាវរីព្រាហ្មណ៍​នោះ​ឯង​ ឯពាវរីព្រាហ្មណ៍​នោះ​ ​បាន​បរិច្ចាគ​នូវ​មហាយ័ញ្ញ ​ដោយ​សារ​អាករ​សួយរៃ ​ដែល​កើត​ឡើង​អំពី​ស្រុក​នោះ​ ​លុះ​ពាវរីព្រាហ្មណ៍​បាន​បូជា​នូវ​មហាយ័ញ្ញ​រួច​ហើយ​ ​ក៏​ចូល​ទៅ​កាន់អាស្រម​វិញ​ ។ កាលពាវរី​ព្រាហ្មណ៍​នោះ​ ចូល​ទៅ​កាន់​អាស្រម​វិញ​ហើយ​ ​មាន​ព្រាហ្មណ៍​​ដទៃ​ទៀត ​មាន​ជើង​ញាប់រន្ថាន់ សស្លើតសស្លក់ ​មាន​ធ្មេញ​ពណ៌​ដូច​ភក់ ​មាន​ក្បាល​ប្រឡាក់​ដោយ​ធូលី ព្រាហ្មណ៍​នោះ​ ​បាន​ដើរ​ចូល​ទៅ​រក​ពាវរីព្រាហ្មណ៍​នោះ​ ​ហើយ​សូម​វត្ថុ ៥០០ ។

ពាវរីព្រាហ្មណ៍ ​បាន​ឃើញព្រាហ្មណ៍​នោះ​ហើយ​ ​ក៏​អញ្ជើញ​ដោយ​អាសនៈ សាក​សួរ​សេចក្តី​សុខ​ផង​ កុសល​ផង​ ​ហើយ​បាន​ពោល​ពាក្យ​នេះ​ថា ទេយ្យធម៌​ណា​របស់​ខ្ញុំ​ ទេយ្យធម៌​ទាំង​អស់​នោះ​ ​ខ្ញុំ​បាន​បរិច្ចាគ​អស់​ហើយ​ ​ម្នាល​ព្រាហ្មណ៍ ​អ្នក​ចូរ​ជឿ​ខ្ញុំ​ចុះ ​ខ្ញុំ​មិន​មាន​វត្ថុ ៥០០ ទេ ។

(ព្រាហ្មណ៍​នោះ​ និយាយថា) កាល​ខ្ញុំ​សូម​ហើយ​ បើ​អ្នក​ដ៏​ចម្រើន​មិន​ឲ្យ​ទេ ក្បាល​របស់​អ្នក​ ​ចូរ​បែក ៧ ភាគ ​ក្នុង​ថ្ងៃ​ទី​ ៧ ។ ព្រាហ្មណ៍​កុហក​នោះ​ ​បាន​ធ្វើ​កលឧ​បាយ​ ​ហើយ​សំដែង​នូវ​ហេតុ​ដែល​គួរ​ខ្លាច​ដ៏​ពន្លឹក ​ដល់​ពាវរីព្រាហ្មណ៍​នោះ​ ​លុះ​ពាវរីព្រាហ្មណ៍ ឮ​ពាក្យ​ព្រាហ្មណ៍​នោះ​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​ទុក្ខ​ព្រួយ ​មិន​បរិភោគអាហារ ​ទៅ​ជា​ស្គាំង​ស្គម ចុកណែន​ដោយ​សរ ​គឺ​សេចក្តី​សោក កាលបើ​ពាវរីព្រាហ្មណ៍​មាន​ចិត្ត​យ៉ាង​នេះ​ ​ចិត្ត​ក៏​មិន​ត្រេកអរ​ក្នុង​ឈាន ។ ទេវតា​អ្នក​បា្រថ្នា​ប្រយោជន៍ ​បាន​ឃើញ​ពាវរីពា្រហ្មណ៍ ​មាន​សេចក្តី​តក់ស្លុត ​ដល់​នូវ​សេចក្តី​ទុក្ខ​ព្រួយ ដូច្នោះ​ហើយ​ ​ក៏​ចូល​ទៅ​រក​ពាវរីព្រាហ្មណ៍ និយាយ​ដូច្នេះថា ព្រាហ្មណ៍​នោះ​ ​មិន​ដឹង​ក្បាលទេ ​គាត់ជា​អ្នក​កុហក ជា​អ្នក​​ត្រូវ​ការ​ដោយ​ទ្រព្យ គាត់​មិន​មាន​ការ​ដឹង​នូវ​ក្បាល ​និង​ការធ្លាក់ចុះ​នៃ​ក្បាលទេ ។

(ពាវរីព្រាហ្មណ៍ ​សួរ​ថា) ​ម្នាល​អ្នក​ដ៏​ចម្រើន​ ឥឡូវ​នេះ​ ​អ្នក​ណា​ដឹង​នូវ​ក្បាល​ ​និង​ការធ្លាក់​ចុះ​នៃ​ក្បាល​ ​ខ្ញុំ​សូម​សួរ​អ្នក​ ​ចូរ​អ្នក​ប្រាប់​នូវ​អ្នក​ដែល​ដឹង​នោះ​ ​ដល់​ខ្ញុំ​ចុះ ​ខ្ញុំ​នឹង​ចាំ​ស្តាប់​ពាក្យ​របស់​អ្នក​នោះ​ ។

(ទេវតា តបថា) ​ខ្ញុំ​មិន​ដឹង​នូវ​ក្បាល ​និង​ការធ្លាក់ចុះ​នៃ​ក្បាល​នុ៎ះទេ ​ខ្ញុំ​មិន​មាន​ការ​ដឹង​ក្នុង​ហេតុ​ទាំងពីរ​នោះ​ឡើយ​ ក្បាល​ក្តី​ ការធ្លាក់ចុះ​នៃ​ក្បាល​ក្តី​ ​មាន​តែ​ព្រះជិនស្រីទេ ទើប​ឃើញ​បាន​ ។

(ពាវរីព្រាហ្មណ៍ ​សួរ​ថា) ​លើ​មណ្ឌល​ប្រឋពី​នោះ​ តើឥឡូវ​នេះ​ ​មាន​អ្នក​ណា អាច​ដឹង​នូវ​ក្បាល ​និង​ការធ្លាក់ចុះ​នៃ​ក្បាល ​ម្នាល​ទេវតា ​អ្នក​ចូរ​បា្រប់​នូវ​អ្នក​នោះ​ ​ដល់​ខ្ញុំ​ ។

(ទេវតា ប្រាប់ថា) ព្រះលោកនា​យក​ ព្រះអង្គជា​ពូជពង្ស​នៃ​ព្រះបាទ​ឱក្កាកៈ ជា​សក្យ​បុត្រ ព្រះអង្គ​មាន​ពន្លឺរស្មី ​ទ្រង់​ចេញ​ចាក​មហាបុរី ​ឈ្មោះ​កបិលព័ស្តុ (​ទៅ​ទ្រង់​ព្រះផ្នួស) ។ ​ម្នាល​ព្រាហ្មណ៍ ​ព្រោះ​ព្រះ​លោកនា​យក​នោះ​ ព្រះអង្គ​ត្រាស់​ដឹង​ឯង​ ​ទ្រង់​ដល់​ត្រើយ​នៃ​ធម៌ទាំងពួង បរិបូណ៌​ដោយ​កំឡាំង​នៃ​អភិញ្ញាទាំង​ពួង ​មាន​ចក្ខុ​ក្នុង​ធម៌​ទាំងពួង ​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​កម្ម​ទាំង​អស់​ ​មាន​ហឫទ័យ​ចុះស៊ប់ ​ក្នុង​ធម៌ជា​គ្រឿង​អស់​ទៅ​ ​នៃ​ឧបធិក្កិលេស ព្រះសម្ពុទ្ធ​មាន​ជោគ​អង្គ​នោះ​ ​មាន​ចក្ខុ សំដែងធម៌​ក្នុង​លោក ​អ្នក​ចូរ​អញ្ជើញ​ទៅ​សួរ​ព្រះអង្គចុះ ព្រះអង្គ​នឹង​សំដែងហេតុ​នោះ​ដល់​អ្នក​ ។ ពាវរីព្រាហ្មណ៍ គ្រាន់តែ​ឮ​ពាក្យ​ថា ព្រះសម្ពុទ្ធ ​ក៏​មាន​ចិត្ត​រីករាយ​ ​មាន​សេចក្តី​សោកស្រាល​ស្តើង ទាំង​បាន​នូវ​បីតិ​ដ៏​ធំ​ទូលាយ ។

លុះ​ពាវរីព្រាហ្មណ៍​នោះ​ ពេញ​ចិត្ត​ ​មាន​ចិត្ត​ត្រេកអរ ​មាន​ចិត្ត​រីករាយ​ហើយ​ ​ក៏​សួរ​ទេវតា​នោះ​ថា ព្រះលោកនាថ ព្រះអង្គគង់​នៅ​ក្នុង​ស្រុកណា និគមណា ឬជនបទ​ណា យើង​នឹង​ទៅ​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ឧត្តមជាង​សត្វ​មាន​ជើងពីរ ​ក្នុង​ទី​ណា ។

(ទេវតា បា្រប់ថា​) ព្រះជិនស្រី ​មាន​ប្រាជ្ញាច្រើន ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ ​ដូច​ផែនដី គង់​នៅ​ក្នុង​កោសលមន្ទីរ ​ក្នុង​ក្រុង​សាវត្ថី ព្រះ​មាន​បុណ្យ​នោះ​ ជា​សក្យបុត្រ ​មាន​ធុរៈ​ដាក់​ចោល​អស់​ហើយ​ ​មិន​មាន​អាសវៈទេ ប្រសើរជាង​នរជន ទើប​ដឹង​នូវ​ក្បាល ​និង​ការ​ធ្លាក់​ចុះ​នៃ​ក្បាល ។ លំដាប់​នោះ​ ពាវរីព្រាហ្មណ៍​ ​បាន​ហៅ​ពួក​ព្រាហ្មណ៍​ជា​សិស្ស ​ដែល​ដល់​នូវ​ត្រើយ​នៃ​មន្ត (ចេះ​ចប់​មន្ត) មកថា ​ម្នាល​មាណព​ទាំងឡាយ ​អ្នក​រាល់គ្នា​ចូរ​មក​នេះ​ យើង​នឹង​ប្រាប់ ​ចូរ​អ្នក​ទាំង​ឡាយ ​ស្តាប់​ពាក្យ​យើងចុះ ការ​កើត​ឡើង​ប្រាកដរឿយ ៗ ​នៃ​ព្រះសម្ពុទ្ធ​ណា ​ដែល​គេ​បាន​ដោយ​ក្រ​ក្នុង​លោក ​ថ្ងៃ​នេះ​ ព្រះសម្ពុទ្ធ​អង្គ​នោះ​ ​ខ្ញុំ​បាន​ឮ​ប្រាកដ​ហើយ​ថា ព្រះសម្ពុទ្ធ​កើត​ឡើង​ហើយ​ក្នុង​លោក ​អ្នក​ទាំងឡាយ ​ចូរ​នាំ​គ្នា​ទៅ​កាន់​ក្រុង​សាវត្ថី ​ឲ្យ​ឆាប់ ៗ ​ហើយ​ចូល​ទៅ​គាល់​ព្រះអង្គ ​ដែល​ឧត្តមជាង​សត្វ​មាន​ជើងពីរ ។​ ​ពួក​ព្រាហ្មណ៍​ជាសិស្ស​សួរ​ថា បពិត្រ​ព្រាហ្មណ៍ ​ពួក​យើងឃើញ​ហើយ​គប្បី​ស្គាល់ថា ​អ្នក​នោះ​ ជាព្រះពុទ្ធ​បាន​ដោយ​ប្រការ​ដូច​ម្តេច ​សូម​លោកប្រាប់​ដល់​យើងទាំង​ឡាយ ​ដែល​ជា​អ្នក​មិន​ស្គាល់ ​ឲ្យ​ទាល់​តែយើង​ទាំងឡាយ ស្គាល់ព្រះអង្គ ។​ ពាវរីព្រាហ្មណ៍​និយាយថា មហាបុរិសលក្ខណៈ​ទាំង ៣២ ប្រការ ​មាន​មក​ក្នុង​មន្ត​ទាំងឡាយ ​ដែល​ពួក​ហោរ​បាន​ព្យាករ​បរិបូណ៌​ហើយ​ ​ដោយ​លំដាប់ ។ មហាបុរិសលក្ខណៈ​ទាំង​នោះ​ ​មាន​ក្នុង​ខ្លួន​នៃ​បុគ្គល​ណា​ បុគ្គល​នោះ​ ​មាន​គតិ​តែពីរគត់ គតិ​ជាគំរប់ ៣ ​មិន​មាន​ឡើយ​ ​គឺ​បើ​នៅ​គ្រប់​គ្រង​គេ​ហដ្ឋាន ​នឹង​គប្បី​ឈ្នះ​នូវ​ផែន​ដី​នេះ​ ​ដោយ​មិន​បាច់​ប្រើអាជ្ញា ​មិន​បាច់​ប្រើគ្រឿង​សស្ត្រាវុធ​ទេ គ្រាន់តែ​ប្រៀនប្រដៅ​ដោយ​ធម៌ បើបុគ្គល​នោះ​ ​ចេញ​ចាក​ផ្ទះ ចូល​ទៅ​កាន់​ផ្នួស ​រមែង​ជាបុគ្គល​មាន​ដំបូល ​គឺ​កិលេស​បើក​ហើយ​ ​បាន​ជា​ព្រះអរហន្តសម្ពុទ្ធ​ដ៏​ប្រសើរ ។ ​អ្នក​ទាំងឡាយ​ ​ចូរ​សួរ​ដោយ​ចិត្ត​ ​នូវ​ជាតិ​ផង​ ​នូវ​គោត្រ​ផង​ ​នូវ​លក្ខណៈ​ផង​ (​របស់​យើង)​ ​នូវ​មន្ត​ដែល​យើង​បាន​និយាយ​ផង​ ​នូវ​ពួក​សិស្ស (​របស់​យើង) ​ដទៃ​ទៀត​ផង​ ​នូវ​ក្បាល​ផង​ ​នូវ​ការធ្លាក់ចុះ​នៃ​ក្បាល​ផង​ ។ បើបុគ្គល​នោះ​ ប្រាកដជា​ព្រះពុទ្ធ ​អ្នក​ឃើញ​កាលទាំងពួង ​ដោយ​អនាវរណញ្ញាណ​មែន កាល​បើ​ប្រស្នា​ដែល​អ្នក​ទាំងឡាយ​សួរ​ហើយ​ដោយ​ចិត្ត​ ព្រះអង្គ​នឹង​ដោះ​ស្រាយ​ដោយ​វាចា ។ ឯ​ពួក​ព្រាហ្មណ៍​ជាសិស្ស​ទាំង​អស់​ ១៦ នាក់ ​គឺ​ អជិតមាណព ១ តិស្សមេត្តេយ្យ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ តោទេយ្យ ​និង​កប្បៈ​ជា​ពីរនាក់ ជតុកណ្ណី​បណ្ឌិត​ ១ ភទ្រាវុធៈ ១ ឧទយៈ ១ បោសាលព្រាហ្មណ៍ ១ មោឃរាជមេធាវី ១ បិង្គិយមហាឥសី ១ ព្រាហ្មណ៍​ទាំង​អស់​នេះ​ សុទ្ធតែ​ជាមេគណៈ​ផ្សេង ៗ គ្នា ល្បីល្បាញ​ពាសពេញ​ក្នុង​លោក ជា​អ្នក​មាន​ឈាន ត្រេកអរ​ក្នុង​ឈាន ​មាន​ប្រាជ្ញា​មុតមាំ ​បាន​អប់រំ​វាសនា​ទុកមក ពី​ក្នុង​ជាតិមុន ៗ ​លុះ​បាន​ស្តាប់​ពាក្យ​ពាវរីព្រាហ្មណ៍​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ពាវរីព្រាហ្មណ៍ ​រួច​ធ្វើ​ប្រទក្សិណ​ពាវរីព្រាហ្មណ៍​នោះ​ ទាំង​អស់​គ្នា សុទ្ធតែ​ទ្រ​ទ្រង់​នូវ​ភ្នួង​សក់ ​និង​ស្បែកខ្លា ឈមមុខ​ទៅ​ទិស​ខាង​ជើង ​ហើយ​ដើរ​ចេញ​ទៅ​កាន់​ទី​ប្រតិស្ឋាន​នៃ​ក្រុងមុឡកៈ កាន់ក្រុង​មាហិស្សតី ក្រុង​ឧជ្ជេនី ក្រុង​គោនទ្ធា ក្រុង​វេទិសៈ ក្រុង​វនសៈ ក្រុង​កោសម្ពី ក្រុង​សាកេត ក្រុង​សាវត្ថី​ដ៏​ឧត្តម ក្រុង​សេតព្យៈ ក្រុង​កបិលវត្ថុ ក្រុង​កុសិនារា ក្រុង​បាវា ក្រុង​ភោគៈ ក្រុង​វេសាលី ក្រុង​មគធៈ ​និង​បាសាណកចេតិយ ​ដែល​ជា​ទី​សប្បាយ​រីករាយ​ចិត្ត​ ​ពួក​ព្រាហ្មណ៍​ទាំង​អស់​នោះ​ ​បាន​ឡើង​ទៅ​កាន់​ភ្នំ ​គឺ​ចេតិយ ​ដោយ​ប្រញាប់ប្រញាល់ ​ដូច​បុរស​ស្រេក​ទឹក​ ​ដើរ​ទៅ​រក​ទឹក​ត្រជាក់ ឬ​ដូច​ពាណិជ ​ដើរ​ទៅ​រក​លាភធំ ពុំ​នោះ​សោត ​ដូច​បុរស​​ត្រូវ​រដូវក្តៅ​គ្រប​សង្កត់ ​ដើរ​ទៅ​រក​ម្លប់ឈើ ​ដោយ​ប្រញាប់​ប្រញាល់​ដូច្នោះ​ឯង​ ។ គាប់​ជួន​សម័យ​នោះ​ ព្រះ​មាន​ព្រះភាគ ​មាន​ភិក្ខុ​សង្ឃចោមរោម ​កំពុង​សំដែងធម៌ ​ដល់​ភិក្ខុ​ទាំងឡាយ ​ដូច​ជាសីហៈ​បន្លឺ​ក្នុង​ព្រៃ​ ។ អជិតមាណព (ជា​សិស្សច្បង) ​បាន​ឃើញ​ព្រះសម្ពុទ្ធ (​មាន​រស្មី​ដ៏​រុង​រឿង) ​ដូច​ព្រះអាទិត្យ ​មាន​រស្មី​ផ្សាយ​ចេញ​ ពុំ​នោះ​សោត ​ដូច​ព្រះចន្រ្ទ​ពេញវង់ រះ​ឡើង​ក្នុង​ថ្ងៃ​ ១៥ ​កើត​ ។ បន្ទាប់​ពី​នោះ​មក អជិតមាណព ​បាន​ឃើញ​ព្យញ្ជនៈ​ដ៏​បរិបូណ៌ ​ក្នុង​សរីរៈ​របស់​ព្រះអង្គ​ ​ហើយ​ឋិត​នៅ​ក្នុង​ទី​ដ៏​សម​គួរ​ ​មាន​ចិត្ត​រីករាយ​ ​បាន​សួរ​នូវ​ប្រស្នា​ទាំងឡាយ ​ក្នុង​ចិត្ត​ថា ​សូម​ព្រះអង្គ​សំដែងប្រាប់​នូវ​ជន្មាយុ (​របស់​អាចារ្យ​នៃ​ខ្ញុំ​) ​សូម​ព្រះអង្គ​សំដែង​ប្រាប់​នូវ​គោត្រ ព្រមទាំង​លក្ខណៈ ​សូម​ព្រះអង្គ​សំដែង​នូវ​បារមី (ការសម្រេច) ​ក្នុង​មន្ត​ទាំងឡាយ ព្រាហ្មណ៍​ជាអាចារ្យ​របស់​ខ្ញុំ​ ប្រៀនប្រដៅ​សិស្ស ​មាន​ប៉ុន្មាន​នាក់ ។ ព្រះសម្ពុទ្ធ ​ទ្រង់​ត្រាស់​ថា​ អាចារ្យ​របស់​អ្នក​នោះ​ ​មាន​អាយុ ១២០ ឆ្នាំ ​ឈ្មោះ​ពាវរី​តាមគោត្រ លក្ខណៈ​ក្នុង​ខ្លួន​របស់​គាត់​មាន​ ៣ ប្រការ គាត់ចេះចប់​នូវ​ត្រៃវេទ គាត់​បង្រៀន​នូវ​មហាបុរិស​លក្ខណៈ​ផង​ ​នូវ​គម្ពីរ​ឥតិហាសៈ ព្រមទាំង​គម្ពីរនិឃណ្ឌុ ​និង​គម្ពីរ​សកេដុភៈ​ផង​ ​នូវ​មន្ត ៥០០ ​ផង​ ​ដល់​នូវ​បារមី ​គឺ​ការ​សម្រេច​ក្នុង​ព្រាហ្មណធម៌​របស់​ខ្លួន ។ អជិតមាណព ក្រាបទូលថា បពិត្រព្រះអង្គជា​បុគ្គល​ឧត្តមជាង​នរជន ​អ្នក​កាត់​ផ្តាច់​នូវ​តណ្ហា ​សូម​ព្រះអង្គ​ពិចារណា​នូ​វ​លក្ខណៈ​របស់​ពាវរីព្រាហ្មណ៍ ​រួច​សំដែង​កុំ​ឲ្យ​យើង​ខ្ញុំ​មាន​សេចក្តី​សង្ស័យ ។ ព្រះសម្ពុទ្ធ ​ទ្រង់​ត្រាស់​ថា​ ពាវរីព្រាហ្មណ៍ ​យក​អណ្តាត​បាំង​មុខ​បាន​ ​មាន​ឧណ្ណាលោម ​នៅ​ត្រង់ចន្លោះ​ចិញ្ចើម វត្ថគុយ្ហៈ (លិង្គ) ​របស់​គាត់​បិទបាំង​ដោយ​ស្រោម ​ម្នាល​មាណព ​អ្នក​ចូរ​ដឹង​យ៉ាង​នេះ​ចុះ ។ មែនពិត ​ពួក​ជន​ទាំង​អស់​គ្នា ​មិន​ដែល​បាន​ឮ​ពាក្យ​បុច្ឆាណា​មួយ​ ​លុះ​ឮ​ប្រស្នា​ទាំងឡាយ ​ដែល​ព្រះអង្គ​ឆ្លើយ​ហើយ​ ​ក៏​កើត​សេចក្តី​រីករាយ​ ​ធ្វើ​ប្រណម្យ​អញ្ជលី ​ហើយ​ត្រិះរិះ ដូច្នេះ​ថា នរណាហ្ន៎ ទោះទេវតា​ក្តី​ ព្រហ្ម​ក្តី​ ឬ​ក៏​ព្រះឥន្ទ​ឈ្មោះ​សុជម្បតី​ក្តី​ កាល​គេ​សួរ​ប្រស្នា​ដោយ​ចិត្ត​ហើយ​ ​នឹង​ដោះស្រាយ​ប្រស្នា​ដូច​ម្តេច​បាន​ ។ អជិតមាណព ទូលថា ពាវរី​ព្រាហ្មណ៍ សាក​សួរ​នូវ​ក្បាល​ផង​ ​នូវ​ការ​ធ្លាក់ចុះ​នៃ​ក្បាល​ផង​ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ​ឆ្លើយ​នូវ​ប្រស្នានុ៎ះ​ឲ្យ​ទាន បពិត្រព្រះអង្គ​ជា​អ្នក​ស្វះ​ស្វែងគុណ ​សូម​ព្រះអង្គ​កម្ចាត់​បង់​នូវ​សេចក្តី​សង្ស័យ ​របស់​យើង​ខ្ញុំ​ទាំងឡាយ ។ ព្រះសម្ពុទ្ធ ​ត្រាស់​ថា​ ​អ្នក​ចូរ​ដឹង​ចុះ​ថា អវិជ្ជា ទុកជា​ក្បាល វិជ្ជា​ដែល​ប្រកប​ដោយ​សទ្ធា សតិ សមាធិ ឆន្ទៈ ​និង​វីរិយៈ ទុកជា​ការ​ធ្លាក់ចុះ​នៃ​ក្បាល ។ លំដាប់​នោះ​ អជិតមាណព​ ខំទប់ទល់ ​ដោយ​សេចក្តី​ត្រេកអរច្រើន ​ហើយ​យក​ស្បែកខ្លា​ព័ទ្ធឆៀង​ស្មាម្ខាង ​រួច​ក្រាប​សិរ្សៈ ទៀបព្រះបាទ​ទាំងគូ ក្រាបទូលថា បពិត្រ​ព្រះអង្គ​និទ៌ុក្ខ ព្រះអង្គ​មាន​ចក្ខុ ពាវរីព្រាហ្មណ៍​ដ៏​ចម្រើន​ ព្រមទាំង​ពួក​សិស្ស ​មាន​ចិត្ត​រីករាយ​ ស្រោះ​ស្រាយ ថ្វាយបង្គំ​ព្រះបាទា (​របស់​ព្រះ​អង្គ) ។ ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​ ​ម្នាល​មាណព ​សូម​ឲ្យ​ពាវរី​ព្រាហ្មណ៍ ព្រមទាំង​ពួក​សិស្ស ​បាន​ដល់​នូវ​សេចក្តី​សុខ​ចុះ​ ទាំងរូប​អ្នក​សោត ​ក៏​ចូរ​ជាបុគ្គល​ដល់​នូវ​សេចក្តី​សុខ រស់​នៅ​អស់​កាល​យូរចុះ ។ ​អ្នក​ទាំងឡាយ តថាគតបើក​ឱកាស​ឲ្យ​ហើយ​ ​ចូរ​សួរ​នូវ​សេចក្តី​សង្ស័យ​ទាំង​អស់​ ​របស់​ពាវរី​ព្រាហ្មណ៍​ផង​ ​របស់​អ្នក​ផង​ ​របស់​ពួក​ជន​ទាំង​អស់​ផង​ ​ចូរ​ប្រាថ្នា​ទុក​ក្នុង​ចិត្ត​នូវ​ហេតុណា​មួយ​ចុះ ។ ​លុះ​ព្រះសម្ពុទ្ធ​បើកឱកាស​ឲ្យ​ហើយ​ អជិតមាណព អង្គុយ​ប្រណម្យ​អញ្ជលី ​សួរ​ប្រស្នា​ទី​ ១ ​នឹង​ព្រះតថាគត ​ក្នុង​ទី​នោះ​ឯង​ ។

ចប់ វត្ថុកថា ។

អជិតប្បញ្ហា ​ទី​១

[កែប្រែ]

[១១២] (អជិតមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) ​សត្វ​លោក​​ត្រូវ​អ្វីបិទ​បាំង ​រមែង​មិន​ជាក់ច្បាស់​ព្រោះ​អ្វី ព្រះអង្គ​ត្រាស់​ថា​ អ្វីជាគ្រឿង​ប្រឡាក់ អ្វីជា​ភ័យធំ ​របស់​សត្វ​លោក​នោះ​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​អជិតៈ) ​សត្វ​លោក​​ត្រូវ​​អវិជ្ជាបិទបាំង ​រមែង​មិន​ជាក់ច្បាស់ ​ព្រោះ​សេចក្តី​កំណាញ់ ​និង​ (​សេចក្តី​ប្រមាទ) តថាគត​ពោល​ថា តណ្ហាជា​គ្រឿងប្រឡាក់ ទុក្ខជា​ភ័យធំ ​របស់​សត្វ​លោក​នោះ​ ។

(អជិតមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) ខ្សែតណ្ហា​ទាំងឡាយ ​រមែង​ហូរ​ទៅ​ក្នុង​អាយតនៈ​ទាំង​ពួង​ អ្វីជាគ្រឿង​ទប់ខ្សែតណ្ហា​ទាំងឡាយ ​សូម​ព្រះអង្គ​ត្រាស់ប្រាប់​នូវ​ធម៌ជា​គ្រឿងរាំង​នូវ​ខ្សែ​តណ្ហាទាំងឡាយ​ ខ្សែតណ្ហា​ទាំងឡាយ ​ត្រូវ​បិទ​ដោយ​អ្វី ។

(ព្រះ​មាន​ព្រះភាគ ដោះស្រាយថា ​ម្នាល​អជិតៈ) សតិជា​គ្រឿងទប់ខ្សែ​តណ្ហា​ទាំងឡាយ​នោះ​ ​ដែល​មាន​នៅ​ក្នុង​លោក តថាគត​ពោល​ថា សតិជា​គ្រឿង​រាំងខ្សែ​តណ្ហាទាំង​ឡាយ បុគ្គល​គប្បី​បិទខ្សែ​តណ្ហាទាំង​នោះ​ ​ដោយ​បញ្ញា ។

(អជិតមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) បពិត្រព្រះអង្គ​និទ៌ុក្ខ បញ្ញា​ផង​ សតិ​ផង​ នាម ​និង​រូប​ផង​ ធម៌នុ៎ះ ​ដែល​ខ្ញុំ​ព្រះអង្គ​សួរ​ហើយ​ ​សូម​ព្រះអង្គ​សំដែង តើធម៌នុ៎ះ រលត់​ទៅ​ក្នុង​ទី​ណា ។

ម្នាល​អជិតៈ ​អ្នក​បាន​សួរ​នូវ​បញ្ហាណា ចំពោះ​តថាគត តថាគត​នឹង​សំដែង​នូវ​បញ្ហា​នោះ​ ​ដល់​អ្នក​ នាម ​និង​រូប រលត់​មិន​សល់​ក្នុង​ទី​ណា សតិ ​និង​បញ្ញា​នេះ​ ​ក៏​រលត់​ទៅ​ក្នុង​ទី​នោះ​ ​ព្រោះ​រលត់វិញ្ញាណ ។

ពួក​អសេក្ខបុគ្គល ​អ្នក​មាន​ធម៌​ពិចារណា​ហើយ​ ​និង​ពួក​សេក្ខបុគ្គល​ជា​ច្រើនណា ​ក្នុង​សាសនា​នេះ​ បពិត្រ​ព្រះអង្គ​និទ៌ុក្ខ ​ខ្ញុំ​ព្រះអង្គ​សួរ​នូវ​សេចក្តី​ប្រព្រឹត្តិ​ទៅ​នៃ​បុគ្គល​ទាំង​នោះ​ ព្រះអង្គ​មាន​បញ្ញា​ចាស់ក្លា ​សូម​សំដែង​ប្រាប់​ដល់​ខ្ញុំ​ព្រះអង្គ ។

បុគ្គល​មិន​គប្បី​ជាប់​ជំពាក់ ​ក្នុង​កាម​ទាំងឡាយ ​គប្បី​ជា​អ្នក​មាន​ចិត្ត​មិន​ល្អ​ក់ ជា​អ្នក​ឈ្លាសវៃ ចំពោះ​ធម៌ទាំង​អស់​ ជា​ភិក្ខុ​មាន​សតិ ​គប្បី​វៀរ​ស្រឡះ (​ចាក​កាម​ទាំង​ឡាយ) ។

ចប់ អជិតមាណវកប្បញ្ហា ​ទី​១ ។

តិស្សមេត្តេយ្យប្បញ្ហា ​ទី​២

[កែប្រែ]

[១១៣] (តិស្សមេត្តេយ្យមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា​) ​អ្នក​ណា ​ឈ្មោះ​ថា​ជា​អ្នក​សន្តោស​ក្នុង​លោក​នេះ​ ​សេចក្តី​ញាប់ញ័រ ​រមែង​មិន​មាន​ដល់​បុគ្គល​ណា​ ​អ្នក​ណា​ដឹង​នូវ​ចំណែក​នៃ​ខន្ធ​ទាំងពីរ (​ខន្ធ​អតីត ​និង​អនាគត) ​ដោយ​បញ្ញា ​ហើយ​រមែង​មិន​ជាប់​នៅ​ក្នុង​ខន្ធ​កណ្តាល (​ខន្ធ​បច្ចុប្បន្ន) ព្រះអង្គ​ត្រាស់​ថា​ ​អ្នក​ណា​ជាមហាបុរស ​អ្នក​ណា​ឆ្លងតណ្ហា​ជាគ្រឿងចាក់​ស្រែះ ​ក្នុង​លោក​នេះ​បាន​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​មេត្តេយ្យ) ​ភិក្ខុ​មាន​ព្រហ្មចរិយៈ (សង្រួម) ​ក្នុង​កាមទាំងឡាយ ប្រាស​ចាក​សេចក្តី​ប្រាថ្នា ​មាន​សតិរលឹក​ឃើញសព្វកាល ​ភិក្ខុ​ជា​អ្នក​រលត់ទុក្ខ ​ព្រោះ​ពិចារណា​ឃើញ​ច្បាស់ (​ឈ្មោះ​ថា​ជា​អ្នក​សន្តោស) ​សេចក្តី​ញាប់ញ័រ ​រមែង​មិន​មាន​ដល់​ភិក្ខុ​នោះ​ឡើយ​ ​ភិក្ខុ​នោះ​ ​ដឹង​នូវ​ចំណែក​នៃ​ខន្ធ​ទាំងពីរ ​ដោយ​បញ្ញា​ហើយ​ ​រមែង​មិន​ជាប់​នៅ​ក្នុង​ខន្ធ​កណ្តាល តថាគត​ពោល​នូវ​ភិក្ខុ​នោះ​ ​ថា​ជា​មហាបុរស ​ភិក្ខុ​នោះ​ឈ្មោះ​ថា ឆ្លង​នូវ​តណ្ហា​គ្រឿងចាក់ស្រែះ​ក្នុង​លោក​នេះ​បាន​ ។

ចប់ តិស្សមេត្តេយ្យមាណវកប្បញ្ហា ​ទី​២ ។

បុណ្ណកប្បបញ្ហា ​ទី​៣

[កែប្រែ]

[១១៤] (បុណ្ណកមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) ​ខ្ញុំ​ព្រះអង្គ ជា​អ្នក​​ត្រូវ​​ការ​ដោយ​បញ្ហា ទើបមក​សួរ​ព្រះអង្គ ​អ្នក​មិន​ញាប់ញ័រ ​ទ្រង់​ឃើញ​នូវ​ធម៌​ជា​ឫស​គល់ ​ពួក​មនុស្ស​ជាច្រើន​ក្នុង​លោក​នេះ​ ​គឺ​ឥសី ក្សត្រិយ៍ ព្រាហ្មណ៍ អាស្រ័យ​នូវ​អ្វី ទើបរៀប​ចំ​នូវ​យ័ញ្ញ ​ដល់​ពួក​ទេវតា ​ខ្ញុំ​ព្រះអង្គ​ទូល​សួរ​នូវ​ដំណើរ​នោះ​ ​សូម​ព្រះអង្គ​ត្រាស់ប្រាប់​សេចក្តី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​បុណ្ណកៈ) ​ពួក​មនុស្ស​ទាំង​នេះ​ជាច្រើន ​ក្នុង​លោក​នេះ​ ​គឺ​ឥសី ក្សត្រិយ៍ ព្រាហ្មណ៍ ​បាន​រៀបចំ​នូវ​យ័ញ្ញ ​ដល់​ពួក​ទេវតា ​ម្នាល​បុណ្ណកៈ ​ពួក​មនុស្ស​ទាំង​នេះ​ កាលប្រាថ្នា​នូវ​ភាព​នៃ​ហេតុ​នេះ​ ៗ សុទ្ធតែ​អាស្រ័យ​នូវ​ធម៌ ​ដែល​ទ្រុឌទ្រោម ទើប​បាន​រៀបចំយ័ញ្ញ ។

(បុណ្ណកមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) ​ពួក​មនុស្ស​ចំពូកខ្លះ​ជាច្រើន ​ក្នុង​លោក​នេះ​ ​គឺ​ឥសី ក្សត្រិយ៍ ព្រាហ្មណ៍ ​បាន​រៀប​ចំ​នូវ​យ័ញ្ញ ​ដល់​ពួក​ទេវតា បពិត្រព្រះអង្គ​និទ៌ុក្ខ ​ពួក​មនុស្ស​អម្បាល​នោះ​ បើ​មិន​ប្រមាទ (​ក្នុង​គន្លង​នៃ​យ័ញ្ញ) តើ​បាន​ឆ្លង​ផុតជាតិ ​និង​ជរា​ដែរឬ ​ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ដំណើរ​នោះ​ ​សូម​ព្រះ​អង្គត្រាស់​ប្រាប់​សេចក្តី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​បុណ្ណកៈ) ​ពួក​មនុស្ស​អម្បាល​នោះ​ ប្រកប​ក្នុង​ការបូជា ត្រេកអរ​ដោយ​អំណាច​នៃ​ភវរាគៈ ទើប​ប៉ុនប៉ង សរសើរ (ជាប់ចំពាក់) បូជា ជ្រុលជ្រប់​ក្នុង​កាម ​ព្រោះ​អាស្រ័យ​លាភ តថាគត​ពោល​ថា ​អ្នក​បូជាយ័ញ្ញ​អម្បាល​នោះ​ ​មិន​បាន​ឆ្លងជាតិ​ ​និង​ជរា​ទៅ​បាន​ឡើយ​ ។

(បុណ្ណកមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) បពិត្រព្រះអង្គ​និទ៌ុក្ខ បើ​ពួក​អ្នក​បូជាយ័ញ្ញ​ទាំង​នោះ​ ឆ្លងជាតិ​ជរា​ដោយ​យ័ញ្ញទាំងឡាយ​មិន​រួច​ទេ ដូច្នេះ តើនរណា​ក្នុង​ទេវលោក មនុស្សលោក ទើបឆ្លងជាតិ ​និង​ជរា​ទៅ​បាន​ បពិត្រ​ព្រះ​មាន​ព្រះភាគ ​ខ្ញុំ​ព្រះអង្គ​ទូល​សួរ​ដំណើរ​នោះ​ ​សូម​ព្រះអង្គ​ត្រាស់​សេចក្តី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​បុណ្ណកៈ) ​បុគ្គល​ណា​ ​មិន​មាន​កិលេស​ជាតិគ្រឿង​ញាប់ញ័រ ​ក្នុង​លោក​ណា​មួយ​ ​ព្រោះ​ពិចារណា​ឃើញ​នូវ​ធម៌​ដ៏​ខ្ពស់​ ​និង​ទាប ​ក្នុង​លោក តថាគត​ពោល​ថា ​បុគ្គល​នោះ​ ជា​អ្នក​ស្ងប់ បា្រស​ចាក​ផ្សែង ​គឺ​ទុច្ចរិត ​មិន​មាន​សេចក្តី​តានតឹង ​មិន​មាន​សេចក្តី​ប្រាថ្នា តែងឆ្លង​ជាតិ ​និង​ជរា​ផុត​បាន​ ។

ចប់ បុណ្ណកមាណវកប្បញ្ហា ​ទី​៣ ។

មេត្តគូបញ្ហា ​ទី​៤

[កែប្រែ]

[១១៥] (មេត្តគូមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) បពិត្រ​ព្រះ​មាន​ព្រះភាគ ​ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ ​សូម​ព្រះអង្គ​ត្រាស់ប្រាប់​សេចក្តី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន ​ខ្ញុំ​ព្រះអង្គ​សំគាល់​ឃើញថា ព្រះអង្គជា​អ្នក​ដល់​វេទ ជា​អ្នក​មាន​ខ្លួន​បាន​អប់រំ​ហើយ​ ​សេចក្តី​ទុក្ខ​ទាំងឡាយ​ណា​មួយ​ ជាច្រើន​ប្រការ ​ក្នុង​លោក​នេះ​ ​កើត​មកអំពីអ្វី ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​មេត្តគូ) ​អ្នក​បាន​សួរ​អំពី​ដែន​កើត​នៃ​ទុក្ខ ចំពោះ​តថាគត តថាគត​នឹង​បា្រប់ដែន​កើត​នៃ​ទុក្ខ​នោះ​ដល់​អ្នក​ តាម​ដែល​បាន​ដឹង​ច្បាស់ ​សេចក្តី​ទុក្ខ​ទាំងឡាយណា​មួយ​ច្រើន​ប្រការ ​ក្នុង​លោក​នេះ​ ​រមែង​កើត​ឡើង​ព្រោះ​ឧបធិ ​បុគ្គល​ណា​ ជា​អ្នក​ល្ងង់ខ្លៅ ​មិន​ចេះ​ដឹង​ តែង​ធ្វើ​ឧបធិ​ឲ្យ​កើត​ឡើង​ បុគ្គល​នោះ​ ​រមែង​បាន​ទុក្ខរឿយ ៗ ​ព្រោះ​ហេតុ​នោះ​ បុគ្គលកាល​ដឹង​ច្បាស់ ​ពិចារណា​ឃើញរឿយ ៗ ​នូវ​កំណើត​ជាដែន​កើត​នៃ​ទុក្ខ ​មិន​​ត្រូវ​​ធ្វើ​ឧបធិ​ឡើយ​ ។

ពួក​ខ្ញុំ​ព្រះអង្គ​បាន​ទូល​សួរ​បទណា ព្រះអង្គ​ក៏​បាន​ដោះស្រាយ​បទ​នោះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​បទ​​ដទៃ​ទៀត ​សូម​ព្រះអង្គ​សំដែង ​អ្នក​ប្រាជ្ញ​ទាំងឡាយ ​រមែង​ឆ្លង​ផុត​ឱឃៈ​ផង​ ជាតិ ​និង​ជរា​ផង​ សោក ​និង​សេចក្តី​ខ្សឹក​ខ្សួល​ផង​ ​ដោយ​ហេតុ​ដូច​ម្តេច ​សូម​ព្រះអង្គ​ជាព្រះមុនី ដោះស្រាយ​បទ​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ ​ព្រោះ​ថា ធម៌នុ៎ះ ព្រះអង្គ​ជ្រាបច្បាស់​ហើយ​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​មេត្តគូ) បុគ្គល​មាន​សតិ ​គួរ​ដឹង​ច្បាស់​នូវ​ធម៌​ណា​ ​ហើយ​ឆ្លង​តណ្ហា ​ដែល​ផ្សាយ​ទៅ​ផ្សេង ៗ ​ក្នុង​លោក​បាន​ តថាគត​នឹង​សំដែង​នូវ​ធម៌​នោះ​ ​ដែល​តថាគត​ជាក់ច្បាស់​ក្នុង​ខ្លួន ​ក្នុង​បច្ចុប្បន្ន​នេះ​ដល់​អ្នក​ ។

បពិត្រព្រះអង្គ​អ្នក​ស្វែង​រក​នូវ​គុណ​ដ៏​ធំ បុគ្គល​អ្នក​មាន​សតិ ​គួរ​ដឹង​ច្បាស់​នូ​វធម៌​ណា ​ហើយ​ឆ្លង​តណ្ហា​ដែល​ផ្សាយ​ទៅ​ផ្សេង ៗ ​ក្នុង​លោក​បាន​ ​ខ្ញុំ​ព្រះអង្គ​ត្រេកអរ​ចំពោះ​ធម៌​ដ៏​ឧត្តម​នោះ​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​មេត្តគូ) ​អ្នក​ដឹង​នូវ​ហេតុ​ណា​នី​មួយ​ ​ក្នុង​ចំណែក​ខាង​លើ​ (អនាគត) ​ក្នុង​ចំណែក​ខាង​ក្រោម (អតីត) ​ក្នុង​ចំណែកទទឹង ឬ​កណ្តាល (បច្ចុប្បន្ន) ​អ្នក​ចូរ​បន្ទោ​បង់​សេចក្តី​ត្រេកអរ​ ​និង​សេចក្តី​ប្រកាន់មាំ ​ក្នុង​ចំណែក​នៃ​ហេតុ​នោះ​ចេញ​ ទើប​វិញ្ញាណ (​របស់​អ្នក​) ​មិន​តាំង​នៅ​ក្នុង​ភព ​ភិក្ខុ​មាន​ធម៌ជា​គ្រឿង​នៅ​យ៉ាង​នេះ​ ​មាន​សតិ ​មិន​ធ្វេស​ប្រហែស លះបង់​កិលេស​ដែល​ប្រកាន់​ថា​ជា​របស់​អញ ​ដឹង​ច្បាស់​ក្នុង​អត្តភាព​នេះ​ហើយ​ ទើបលះបង់​នូវ​ទុក្ខ ​គឺ​ជាតិ ជរា ​និង​សោកខ្សឹក​ខ្សួល​បាន​ ។

បពិត្រព្រះគោតម ​ខ្ញុំ​ព្រះអង្គត្រេកអរ​នឹង​ព្រះវាចា​នោះ​ ​របស់​ព្រះអង្គ ជា​អ្នក​ស្វែង​រក​នូវ​គុណ​ដ៏​ធំ ព្រះ​និព្វាន ​ដែល​មិន​មាន​ឧបធិ ព្រះអង្គ​ទ្រង់​សំដែង​ប្រពៃ​ហើយ​ បពិត្រ​ព្រះ​មាន​ព្រះភាគ ព្រះអង្គលះ​ទុក្ខ​បាន​ដោយ​ពិត ​ព្រោះ​ធម៌​នោះ​ ព្រះអង្គ​ជ្រាបច្បាស់​ហើយ​ ។ បពិត្រ​ព្រះមុនី ព្រះអង្គប្រដៅ​ពួក​ជន​ណា ​ដោយ​មាំមួន សូម្បី​ពួក​ជនទាំង​នោះ​ ​ក៏​លះទុក្ខ​នោះ​ ​បាន​ដោយ​ពិត បពិត្រ​ព្រះពុទ្ធនាគ ​ព្រោះ​ហេតុ​នោះ​ ​ខ្ញុំ​ព្រះអង្គ​ទើប​បាន​មកនមស្ការ​ចំពោះ​ព្រះអង្គ ​សូម​ (ព្រះ​មាន​ព្រះភាគ) ប្រដៅ​ខ្ញុំ​ព្រះអង្គ ​ដោយ​មាំមួនចុះ ។

អ្នក​ស្គាល់ច្បាស់​នូវ​ព្រាហ្មណ៍ណា ​ដល់​នូវ​វេទ ​មិន​មាន​កិលេសគ្រឿង​កង្វល់ ​មិន​ជាប់​ចំពាក់​ក្នុង​កាមភព ព្រាហ្មណ៍​នោះ​ ​ឈ្មោះ​ថា ​បាន​ឆ្លងឱឃៈ​នេះ​ ​ដោយ​ពិត ជនណា​មិន​មាន​សេចក្តី​រឹងឆ្អឹង ​មិន​មាន​សេចក្តី​សង្ស័យ ​បាន​ឆ្លង​នូវ​ត្រើយ ​គឺ​កិលេស ជន​នោះ​ ​ឈ្មោះ​ថា​ជា​អ្នក​ដឹង​ច្បាស់ ​អ្នក​ដល់​នូវ​វេទ ​ក្នុង​អត្តភាព​នេះ​ ​ឈ្មោះ​ថា លះធម៌​ដែល​ជា​ហេតុ​ជាប់ចំពាក់​ក្នុង​ភពតូចភពធំ ជា​អ្នក​ប្រាស​ចាក​តណ្ហា ​មិន​មាន​សេចក្តី​តានតឹង ​មិន​មាន​សេចក្តី​ប្រាថ្នា តថាគត​ពោល​ថា ​អ្នក​នោះ​ ​បាន​ឆ្លង​ផុតជាតិ​ជរា​ហើយ​ ។

ចប់ មេត្តគូមាណវកប្បញ្ហា ​ទី​៤ ។

ធោតកប្បញ្ហា ​ទី​៥

[កែប្រែ]

[១១៦] (ធោតកមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) បពិត្រ​ព្រះ​មាន​ព្រះភាគ ​ខ្ញុំ​ព្រះអង្គ​ក្រាបទូល​សួរ​ព្រះអង្គ ​សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ស្វែង​រក​គុណ​ដ៏​ធំ ​ខ្ញុំ​ព្រះអង្គប្រាថ្នា (​ស្តាប់​) ព្រះវាចា​របស់​ព្រះអង្គ បុគ្គល​បាន​ស្តាប់​ព្រះពុទ្ធ​ដីកា ជាសូរ​សីហនាទ​របស់​ព្រះអង្គ​ហើយ​ ​នឹង​សិក្សាធម៌​ជាគ្រឿង​រំលត់​កិលេស​របស់​ខ្លួន ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​ធោតកៈ) បើដូច្នោះ​ ​អ្នក​ចូរ​ជាបុគ្គល​មាន​បញ្ញា​ខ្ជាប់ខ្ជួន ​មាន​សតិ ​ធ្វើ​សេចក្តី​ព្យាយាម​ក្នុង​សាសនា​នេះ​ចុះ បុគ្គល​បាន​ស្តាប់​ពាក្យ​អំពីសំណាក់​នៃ​តថាគត​នេះ​ហើយ​ ​គប្បី​សិក្សាធម៌ជា​គ្រឿង​រំលត់កិលេស​របស់​ខ្លួន ។

ខ្ញុំ​ព្រះអង្គ ​បាន​ឃើញព្រះអង្គជាព្រាហ្មណ៍ ឥត​មាន​កង្វល់ ត្រាច់​ទៅ​ក្នុង​ទេវលោក ​និង​មនុស្ស​លោក បពិត្រ​ព្រះអង្គ​មាន​ចក្ខុ​ជុំ​វិញ​ ​ខ្ញុំ​ព្រះអង្គ​សូម​នមស្ការ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជាសក្យពង្ស ​សូម​ព្រះអង្គ​ដោះ​ខ្ញុំ​ព្រះអង្គ​ចេញ​ចាក​សេចក្តី​សង្ស័យ​ទាំងឡាយ ។

ម្នាល​ធោតកៈ តថាគត​មិន​អាចដើម្បី​នឹង​ដោះ​អ្នក​ណា​មួយ​ក្នុង​លោក ​ដែល​មាន​សេចក្តី​សង្ស័យ​បាន​ទេ ប៉ុន្តែ កាលបើ​អ្នក​ដឹង​ធម៌​ដ៏​ប្រសើរយ៉ាង​នេះ​ ​នឹង​ឆ្លង​ឱឃៈ​នេះ​បាន​ ។

បពិត្រព្រះអង្គជាព្រហ្ម ​សូម​ព្រះអង្គ​ទ្រង់​ព្រះករុណា​ប្រៀនប្រដៅ​វិវេកធម៌​ឲ្យ​ខ្ញុំ​ព្រះអង្គ​ដឹង​ច្បាស់ ដើម្បី​ខ្ញុំ​ព្រះអង្គ​មិន​ទើសទាល់​ដូច​អាកាស ជា​អ្នក​ស្ងប់ ​មិន​អាស្រ័យ​ដោយ​កិលេស ​ក្នុង​ពេល​នេះ​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ធោតកៈ) បុគ្គល​មាន​សតិ ​គួរ​ដឹង​ច្បាស់​នូវ​សន្តិបទណា ​ហើយ​ឆ្លងតណ្ហា ​ដែល​ផ្សាយ​ទៅ​ក្នុង​លោក​បាន​ តថាគត ​នឹង​សំដែង​នូវ​សន្តិបទ​នោះ​ ​ដែល​តថាគត​ជាក់ច្បាស់​ក្នុង​ខ្លួន ​ក្នុង​បច្ចុប្បន្ន ​ដល់​អ្នក​ ។

បពិត្រព្រះអង្គ​អ្នក​ស្វែង​រក​នូវ​គុណ​ដ៏​ធំ បុគ្គល​មាន​សតិ ​គួរ​ដឹង​ច្បាស់​នូវ​សន្តិបទ​ណា ​ហើយ​ឆ្លង​តណ្ហា ​ដែល​ផ្សាយ​ទៅ​ផ្សេង ៗ ​ក្នុង​លោក​បាន​ ​ខ្ញុំ​ព្រះអង្គ​ត្រេកអរ ចំពោះ​សន្តិបទ​ដ៏​ស្ងប់ឧត្តម​នោះ​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​ធោតកៈ) ​អ្នក​ដឹង​ច្បាស់​អារម្មណ៍​ណានី​មួយ​ ​ក្នុង​ចំណែក​ខាង​លើ​ (អនាគត) ​ក្នុង​ចំណែក​ខាង​ក្រោម (អតីត) ​និង​ក្នុង​ចំណែក​ទទឹង ឬកណ្តាល (បច្ចុប្បន្ន) ​ដឹង​ច្បាស់​ថា​ជាអារម្មណ៍​ជាប់ចំពាក់​នៅ​ក្នុង​លោក យ៉ាង​នេះ​ហើយ​ ​អ្នក​កុំ​ធ្វើ​តណ្ហា​ក្នុង​ភពតូចភព​ធំទៀត​ឡើយ​ ។

ចប់ ធោតកមាណវកប្បញ្ហា ​ទី​៥ ។

ឧបសីវប្បញ្ហា ​ទី​៦

[កែប្រែ]

[១១៧] (ឧបសីវមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) បពិត្រ​ព្រះអង្គជា​សក្យពង្ស ​ខ្ញុំ​ព្រះអង្គ​ម្នាក់​ឯង​ ​មិន​អាស្រ័យ (ធម៌ ឬបុគ្គល) ទើប​មិន​អាច​ឆ្លងឱឃៈ​ដ៏​ធំ​បាន​ បពិត្រ​ព្រះអង្គ​មាន​ចក្ខុ​ជុំ​វិញ​ ​សូម​ព្រះអង្គ​សំដែង​នូវ​អារម្មណ៍ ​គឺ​និស្ស័យ ​ដែល​នាំ​ឲ្យ​ខ្ញុំ​ព្រះអង្គ​អាស្រ័យ​ហើយ​ឆ្លងឱឃៈ​នេះ​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​ឧបសីវៈ) ​អ្នក​ចូរ​មាន​សតិ សម្លឹង​អាកិញ្ចញ្ញាយតនជ្ឈាន អាស្រ័យ​ដោយ​បរិកម្មថា ​មិន​មាន​ ៗ ​ហើយ​ឆ្លងឱឃៈចុះ ​អ្នក​ចូរ​លះ​កាមទាំងឡាយ ​វៀរ​ចាក​សេចក្តី​សង្ស័យ​ចេញ​ ​ចូរ​ពិចារណា​ធម៌ជា​ទី​អស់​ទៅ​នៃ​តណា្ហ ទាំងយប់​ទាំង​ថ្ងៃ​ចុះ ។

(ឧបសីវមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) ​អ្នក​ណា​ប្រាស​ចាក​តម្រេក ​ក្នុង​កាម​ទាំងឡាយ​ទាំងពួង លះបង់​ឈាន​ដទៃ​ អាស្រ័យ​អាកិញ្ចញ្ញាយតនជ្ឈាន ចុះ​ចិត្ត​ស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏​ប្រសើរ ​អ្នក​នោះ​ ​មិន​សាបសូន្យ ឋិត​នៅ​ក្នុង​អាកិញ្ចញ្ញាយតនៈ​នោះ​ ​បាន​ដែរ​ឬ ។

(ព្រះ​មាន​ព្រះភាគ ​ត្រាស់​ថា​ ​ម្នាល​ឧបសីវៈ) ​អ្នក​ណា​ប្រាស​ចាក​តម្រេក​ក្នុង​កាម​ទាំងឡាយ​ទាំងពួង លះ​ឈាន​​ដទៃ​ អាស្រ័យ​អាកិញ្ចញ្ញាយតនជ្ឈាន ចុះ​ចិត្ត​ស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏​ប្រសើរ បុគ្គល​នោះ​ ជា​អ្នក​មិន​សាបសូន្យ ​គប្បី​ឋិត​នៅ​ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​បាន​ ។

បពិត្រព្រះអង្គ​មាន​ចក្ខុ​ជុំ​វិញ​ បើ​អ្នក​នោះ​ ជា​អ្នក​មិន​សាបសូន្យ ​គប្បី​ឋិត​នៅ​ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះ​ ​អស់​ប្រ​ជុំ​នៃ​ឆ្នាំជា​ច្រើន ​អ្នក​នោះ​ ជា​អ្នក​មាន​ចិត្ត​ចុះ​ស៊ប់​ត្រជាក់ ​ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន ឬវិញ្ញាណ ​របស់​បុគ្គល​មាន​សភាពដូច្នោះ ​គប្បី​ឃ្លាត​ទៅ​ឬ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​ឧបសីវៈ) អណ្តាតភ្លើង​ដែល​​ត្រូវ​​កំឡាំង​ខ្យល់បក់ ​រមែង​រលត់​ទៅ​ ​មិន​ដល់​នូវ​ការរាប់ (ថា​នៅ​ក្នុង​ទី​ណា​ទេ) យ៉ាងណា​មិញ មុនី​រួច​ស្រឡះ​ហើយ​ ​ចាក​នាម​កាយ ​រមែង​រលត់​ទៅ​ ​មិន​ដល់​នូវ​ការរាប់ (ថា​ទៅ​ក្នុង​ទី​ណា) យ៉ាង​នោះ​ដែរ ។

បុគ្គល​នោះ​ រលត់​ទៅ​ លែង​មាន​ ឬថាឥត​មាន​មោះមៃ ​ដោយ​ការតាំង​នៅ​ទៀង​ទាត់ ​សូម​ព្រះមុនី សំដែង​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ ​ព្រោះ​ថា ធម៌​នោះ​ ព្រះអង្គ​ជ្រាប​ច្បាស់​ហើយ​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយ​ថា ​ម្នាល​ឧបសីវៈ) បុគ្គល​ដែល​រលត់​ទៅ​ហើយ​ ​នឹង​ប្រមាណ​ពុំ​បាន​ទេ ​ពួក​ជន​ពោល​ចំពោះ​បុគ្គល​នោះ​ ​ព្រោះ​កិលេស​ណា កិលេស​នោះ​ ​របស់​បុគ្គល​នោះ​ ​មិន​មាន​ទេ កាលធម៌​ទាំងឡាយ ​ដែល​បុគ្គល​នោះ​ ​កម្ចាត់​អស់​ហើយ​ សូម្បី​គន្លង​នៃ​ពាក្យ​ទាំង​អស់​ ​ក៏​បុគ្គល​នោះ​ ​កម្ចាត់​អស់​ហើយ​ ។

ចប់ ឧបសីវមាណវកប្បញ្ហា ​ទី​៦ ។

នន្ទប្បញ្ហា ​ទី​៧

[កែប្រែ]

[១១៨] (នន្ទមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) ជនទាំងឡាយ ​តែង​ពោល​ថា ​ពួក​មុនី ​រមែង​មាន​នៅ​ក្នុង​លោក ដំណើរ​នោះ​ តើយ៉ាងណា ជនទាំង​នោះ​ ​ហៅ​បុគ្គល​ដែល​ប្រកប​ដោយ​ញាណ​ថា មុនី ឬ​ហៅ​បុគ្គល​ដែល​ប្រកប​ដោយ​ការចិញ្ចឹម​ជីវិត ​ថា​ជា​មុនី ។

(ព្រះ​មាន​ព្រះភាគ ដោះស្រាយថា ​ម្នាល​នន្ទ) ​ពួក​ជន​អ្នក​ឈ្លាសវៃ ​ក្នុង​លោក​នេះ​ ​មិន​ហៅ​ថា មុនី ​ព្រោះ​ការឃើញ ​ព្រោះ​ការ​ស្តាប់​ ​ព្រោះ​ការ​ដឹង​ ឬ​ព្រោះ​សីល ​និង​វ័ត) តែ​ប៉ុណ្ណោះ​ទេ ជនទាំងឡាយ​ណា ​ធ្វើ​ខ្លួន​ឲ្យ​ប្រាស​ចាក​មារសេនា ជា​អ្នក​មិន​តានតឹង ​មិន​មាន​សេចក្តី​ប្រាថ្នា តថាគត​ហៅ​ជនទាំង​នោះ​ថា មុនី ។

(នន្ទមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) សមណព្រាហ្មណ៍​ពួក​ខ្លះ​ទាំង​នេះ​ តែង​ពោល​សេចក្តី​បរិសុទ្ធិ ​ព្រោះ​អារម្មណ៍​ដែល​ឃើញខ្លះ ​ដែល​ស្តាប់​ខ្លះ ​ពោល​សេចក្តី​បរិសុទ្ធិ ​ព្រោះ​សីលវ័តខ្លះ ​ពោល​សេចក្តី​បរិសុទ្ធិ ​ព្រោះ​វិធី​ច្រើន​យ៉ាងខ្លះ ។ (បពិត្រ​ព្រះ​មាន​ព្រះភាគ) ​អ្នក​និទ៌ុក្ខ ​ពួក​សមណ​ព្រាហ្មណ៍​ទាំង​នោះ​ កាលបើ​ប្រព្រឹត្ត​ក្នុង​វ័ត ​ដែល​ឃើញ​ថា​ជា​គ្រឿង​បរិសុទ្ធិ​នោះ​ តើ​បាន​ឆ្លងផុត​ជាតិ ​និង​ជរា​បាន​ដែរឬ បពិត្រ​ព្រះ​មាន​ព្រះភាគ ​ខ្ញុំ​ព្រះអង្គ​សូម​សួរ​ព្រះអង្គ ​សូម​ព្រះអង្គ​សំដែងប្រាប់​សេចក្តី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​នន្ទ) សមណព្រាហ្មណ៍​ទាំងឡាយ​ពួក​ខ្លះ​ទាំង​នេះ​ ​ពោល​ថា ​សេចក្តី​បរិសុទ្ធិ​ព្រោះ​អារម្មណ៍​ដែល​ឃើញ ​និង​អារម្មណ៍​ដែល​ស្តាប់​ខ្លះ ​ពោល​ថា ​សេចក្តី​បរិសុទ្ធិ ​ព្រោះ​សីល​និង​វ័តខ្លះ ​ពោល​ថា ​សេចក្តី​បរិសុទ្ធិ ​ព្រោះ​វិធី​ជាច្រើន​យ៉ាងខ្លះ សមណ​ព្រាហ្មណ៍ទាំង​នោះ​ ​រមែង​ប្រព្រឹត្ត​ក្នុង​វ័ត ​ដែល​ឃើញ​ថា​ជា​គ្រឿង​បរិសុទ្ធិ​នោះ​ ​ក៏​មែនពិត​ហើយ​ ប៉ុន្តែ​តថាគត​ពោល​ថា សមណ​ព្រាហ្មណ៍​ទាំង​នោះ​ ​មិន​បាន​ឆ្លងផុត​ជាតិ ​និង​ជរា​បាន​ឡើយ​ ។

(នន្ទមាណព​ដ៏​មាន​អាយុ ទូល​សួរ​ទៀតថា) សមណព្រាហ្មណ៍​ទាំងឡាយ ​ពួក​ខ្លះ ទាំង​នេះ​ ​ពោល​ថា ​សេចក្តី​បរិសុទ្ធិ ​ព្រោះ​អារម្មណ៍​ដែល​ឃើញ ​និង​អារម្មណ៍​ដែល​ស្តាប់​ខ្លះ ​ពោល​ថា ​សេចក្តី​បរិសុទ្ធិ ​ព្រោះ​សីល ​និង​វ័តខ្លះ ​ពោល​ថា ​សេចក្តី​បរិសុទ្ធិ ​ព្រោះ​វិធី​ជា​ច្រើន​យ៉ាង​នេះ​ បពិត្រ​ព្រះអង្គ​ជាព្រះមុនី បើព្រះ​អង្គត្រាស់​ថា សមណ​ព្រាហ្មណ៍​ទាំង​នោះ​ ឆ្លងឱឃៈ​មិន​បាន​ទេ បពិត្រ​ព្រះអង្គនិទ៌ុក្ខ កាល​បើ​ដូច្នេះ តើ​នរណា​ក្នុង​ទេវលោក ឬមនុស្ស​លោក ទើប​ឆ្លងផុត​ជាតិ ​និង​ជរា​ទៅ​បាន​ បពិត្រ​ព្រះ​មាន​ព្រះភាគ ​ខ្ញុំ​ព្រះ​អង្គ​សូម​ទូល​សួរ​ព្រះអង្គ ​សូម​ព្រះអង្គ​សំដែងប្រាប់​សេចក្តី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា​ ​ម្នាល​នន្ទ) តថាគត​មិន​បាន​ពោល​ថា ​ពួក​សមណ​ព្រាហ្មណ៍​ទាំង​អស់​ ​ត្រូវ​ជាតិ ជរាគ្របសង្កត់​ទេ តថាគត​ពោល​ថា ​ពួក​សមណ​ព្រាហ្មណ៍ណា ​ក្នុង​លោក​នេះ​ លះ​អារម្មណ៍​ដែល​ខ្លួន​បាន​ឃើញ ​បាន​ឮ ​បាន​ប៉ះពាល់ ​និង​សីលវ័ត លះបង់វិធី​ជាច្រើន​ទាំង​អស់​ចេញ​ ឬ​ពួក​សមណ​ព្រាហ្មណ៍​ណា កំណត់​ដឹង​នូវ​តណ្ហា ​មិន​មាន​អាសវៈ ​ពួក​ជន​នោះ​ឯង​ ​ឈ្មោះ​ថា ​ឆ្លងផុតឱឃៈ​បាន​ ។

ខ្ញុំ​ព្រះអង្គ ត្រេកអរចំពោះព្រះវាចានុ៎ះ​របស់​ព្រះអង្គ ​អ្នក​ស្វែង​រក​គុណ​ដ៏​ធំ បពិត្រ​ព្រះគោតម ព្រះ​និព្វាន​ដែល​មិន​មាន​ឧបធិ ​ដែល​ព្រះអង្គ​បាន​សំដែងទុក​ល្អ​ហើយ​ ព្រះអង្គ​ពោល​ថា កាល​ពួក​សមណ​ព្រាហ្មណ៍​ណា លះអារម្មណ៍​ដែល​ខ្លួន​បាន​ឃើញ ​បាន​ឮ ​បាន​ប៉ះ​ពាល់ ​និង​សីលវ័ត លះបង់​វិធីជា​ច្រើនយ៉ាង​ទាំង​អស់​ចេញ​ ឬ​ពួក​ជនណា កំណត់​ដឹង​នូវ​តណ្ហា ​មិន​មាន​អាសវៈ ទើប​តថាគត ​ពោល​ថា ជនទាំង​នោះ​ ឆ្លងផុត​ឱឃៈ​បាន​ ។

ចប់ នន្ទមាណវកប្បញ្ហា ​ទី​៧ ។

ហេមកប្បញ្ហា ​ទី​៨

[កែប្រែ]

[១១៩] (ហេមកមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) ​ក្នុង​កាល​ពីដើម មុន​សាសនា​នៃ​ព្រះគោតម អាចារ្យ​ទាំងឡាយ ​បាន​ពោល​យ៉ាងជាក់​ច្បាស់ថា ​ពាក្យ​នោះ​ ធ្លាប់​មាន​មក​ហើយ​យ៉ាង​នេះ​ ​ពាក្យ​នោះ​ ​នឹង​មាន​ត​ទៅ​ ​ពាក្យ​ទាំង​អស់​នោះ​ ជា​ពាក្យ​មិន​ជាក់​ច្បាស់ ​ពាក្យ​ទាំង​អស់​នោះ​ ជាគ្រឿង​ចម្រើន​នៃ​សេចក្តី​ត្រិះរិះ (​ខ្ញុំ​ព្រះអង្គ​មិន​ទាន់​ពេញ​ចិត្ត​ក្នុង​ពាក្យ​នោះ​ឡើយ​) បពិត្រ​ព្រះអង្គ​ជាព្រះមុនី ​សូម​ព្រះអង្គ​សំដែងធម៌ សម្រាប់​ដក​ចេញ​នូវ​តណ្ហា ​ដែល​នាំ​ឲ្យ​ខ្ញុំ​ព្រះអង្គ​ដឹង​ច្បាស់ ​មាន​សតិ ឆ្លងតណ្ហា​ដែល​ផ្សាយ​ទៅ​ផ្សេង ៗ ​ដល់​ខ្ញុំ​ព្រះ​អង្គ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា) មា្នលហេមកៈ ជនទាំងឡាយ​ណា ​ដឹង​ច្បាស់​នូវ​ព្រះនិព្វាន ជា​ទី​បន្ទោបង់​នូវ​ឆន្ទរាគ ជាគុណជាត​មិន​ច្យុត ​ដែល​បាន​ឃើញ ​បាន​ស្តាប់​ ​បាន​ប៉ះពាល់​ហើយ​ ចំពោះ​រូបជា​ទី​ស្រឡាញ់ (​ដែល​គេ​ដឹង​ច្បាស់​ហើយ​) ជា​អ្នក​មាន​សតិ រលត់​កិលេស​ក្នុង​បច្ចុប្បន្ន​ហើយ​ ជន​អ្នក​មាន​សតិ​ស្ងប់កិលេស​ទាំង​នោះ​ ​ឈ្មោះ​ថា ឆ្លងតណ្ហា​ដែល​ផ្សាយ​ទៅ​ផ្សេង ៗ​ ​ក្នុង​លោក​បាន​ហើយ​ ។

ចប់ ហេមកមាណវកប្បញ្ហា ​ទី​៨ ។

តោទេយ្យប្បញ្ហា ​ទី​៩

[កែប្រែ]

[១២០] (តោទេយ្យមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា​) កាមារម្មណ៍​ទាំងឡាយ ​មិន​មាន​នៅ​ក្នុង​បុគ្គល​ណា​ តណ្ហា​របស់​បុគ្គល​ណា​ ​មិន​មាន​ ទាំងបុគ្គល​ណា ឆ្លង​សេចក្តី​សង្ស័យ​បាន​ វិមោក្ខធម៌ (ការ​រួច​ផុត) ​របស់​បុគ្គល​នោះ​ តើ​ដូច​ម្តេច ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​តោទេយ្យ) កាមារម្មណ៍​ទាំងឡាយ ​មិន​មាន​នៅ​ក្នុង​បុគ្គល​ណា​ តណ្ហា​របស់​បុគ្គល​ណា ​មិន​មាន​ ទាំង​បុគ្គល​ណា​ ឆ្លង​សេចក្តី​សង្ស័យ​បាន​ វិមោក្ខធម៌​របស់​បុគ្គល​នោះ​ ​មិន​មែន​ទៅ​ជាយ៉ាង​​ដទៃ​ទេ ។

(បុគ្គល​នោះ​ ​នឹង​​ត្រូវ​ព្យាយាម ដើម្បី​ធ្វើ​ខ្លួន​ឲ្យ​រួច​ផុត​ទៅ​ ​ក្រៅ​អំពី​នេះ​ទៀត​មិន​មាន​ទេ) បុគ្គល​នោះ​ ជា​អ្នក​ប្រាស​ចាក​សេចក្តី​ប្រាថ្នា ឬ​នៅ​ប្រកប​ដោយ​សេចក្តី​ប្រាថ្នា ជាបុគ្គល​មាន​ប្រាជ្ញា ឬជា​អ្នក​គ្រាន់តែ​កំណត់ថា ​មាន​បញ្ញា បពិត្រ​ព្រះអង្គ​ជាសក្យពង្ស ​ខ្ញុំ​ព្រះអង្គ​គប្បី​ស្គាល់​បាន​នូវ​មុនី ​ដោយ​ប្រការ​ដូច​ម្តេច បពិត្រ​ព្រះអង្គ​មាន​បញ្ញា​ចក្ខុ ឃើញ​ធម៌​ដោយ​ជុំ​វិញ​ ​សូម​ព្រះអង្គត្រាស់​ប្រាប់​នូវ​មុនី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ ។

(ព្រះអង្គ ​ទ្រង់​ដោះស្រាយថា​) បុគ្គល​នោះ​ ប្រាស​ចាក​សេចក្តី​ប្រាថ្នា ទាំងជា​អ្នក​ប្រកប​ដោយ​សេចក្តី​ប្រាថ្នា​ក៏​ទេ ជា​អ្នក​មាន​បញ្ញា ទាំងជា​អ្នក​គ្រាន់​តែកំណត់​ថា ​មាន​បញ្ញា​ក៏​ទេ ​ម្នាល​តោទេយ្យ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​មុនី ជា​អ្នក​មិន​មាន​កង្វល់ ​មិន​ជាប់​នៅ​ក្នុង​កាមភព យ៉ាង​នេះ​ចុះ ។

ចប់ តោទេយ្យមាណវកប្បញ្ហា ​ទី​៩ ។

កប្បប្បញ្ហា ​ទី​១០

[កែប្រែ]

[១២១] (កប្បមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា​) ​ពួក​សត្វ​ឋិត​នៅ​ក្នុង​កណ្តាល​នៃ​សង្សារវដ្ដ ​ត្រូវ​ជរា​ ​និង​មច្ចុ​គ្របសង្កត់ ​ក្នុង​កាល​ដែល​ឱឃៈ ជាភ័យ​ធំ​កើត​ឡើង​ហើយ​ បពិត្រ​ព្រះអង្គ​និទ៌ុក្ខ ​សូម​ព្រះអង្គ​ត្រាស់ប្រាប់​នូវ​ទី​ពឹង​ឲ្យ​ទាន ​សេចក្តី​ទុក្ខ​ក្នុង​សង្សារវដ្ត​នេះ​ ​មិន​គប្បី​មាន​ត​ទៅ​ទៀត ​ដោយ​ប្រការណា ​សូម​ព្រះអង្គ​ត្រាស់ប្រាប់​នូវ​ទី​ពឹង​ដល់​ខ្ញុំ​ព្រះអង្គ (ដើម្បី​វៀរ​ចាក​ទុក្ខ) ​ដោយ​ប្រការ​នោះ​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​កប្បៈ) ​ពួក​សត្វ​ឋិត​នៅ​ក្នុង​កណ្តាល​នៃ​សង្សារវដ្ត ​ត្រូវ​ជរា ​និង​មច្ចុគ្រប​សង្កត់ ​ក្នុង​កាល​ដែល​ឱឃៈ​ជាភ័យ​ធំ​កើត​ឡើង​ ​ម្នាល​កប្បៈ តថាគត​នឹង​សំដែង​ប្រាប់​នូវ​ទី​ពឹង​ដល់​អ្នក​ ។ ការ​មិន​កង្វល់ (​ដោយ​កិលេស) ការ​មិន​ប្រកាន់​មាំនុ៎ះ​ឯង​ ​ឈ្មោះ​ថា​ជា​ទី​ពឹង​ពំនាក់ ​មិន​មាន​ទី​ពឹង​ដទៃ​​លើ​សជាងទេ តថាគត​ហៅ​ទី​ពឹង​នោះ​ថា ព្រះនិព្វាន ជា​ទី​ក្ស័យ​នៃ​ជរា ​និង​មច្ចុ ។ ជនទាំង​ឡាយណា ​ដឹង​ច្បាស់​នូវ​ព្រះនិព្វាន​នោះ​ ជា​អ្នក​មាន​សតិ រំលត់​ទុក្ខ​ក្នុង​បច្ចុប្បន្ន​នេះ​ ជនទាំង​នោះ​ ជា​អ្នក​មិន​លុះ​អំណាច​នៃ​មារ ជនទាំង​នោះ​ ​មិន​ដល់​នូវ​ភាពជា​អ្នក​បំរើ​នៃ​មារ​ឡើយ​ ។

ចប់ កប្បមាណវកប្បញ្ហា ​ទី​១០ ។

ជតុកណ្ណីបញ្ហា ​ទី​១១

[កែប្រែ]

[១២២] (ជតុកណ្ណីមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) បពិត្រ​ព្រះអង្គ​ជាវីរបុរស ​ខ្ញុំ​ព្រះអង្គ​បាន​ឮថា ព្រះអង្គ​មិន​មាន​សេចក្តី​ប្រាថ្នា​ក្នុង​កាម ឆ្លង​អន្លង់ ​គឺ​កិលេស​បាន​ហើយ​ ទើបមក​ដើម្បីទូល​សួរ​ព្រះអង្គ ​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា បពិត្រ​ព្រះ​មាន​ព្រះភាគ ព្រះអង្គ​មាន​ដួងព្រះនេត្រ​ឃើញ​នូវ​ធម្មតាលោក ​ដែល​កើត​ឡើង​ព្រម ​សូម​ព្រះអង្គ​សំដែង​នូវ​សន្តិបទ ​គឺ​ធម៌​ស្ងប់ បពិត្រ​ព្រះ​មាន​ព្រះភាគ ​សូម​ព្រះអង្គ​សំដែង​នូវ​សន្តិ​បទនុ៎ះ តាម​សេចក្តី​ពិត ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន ។ ​ព្រោះ​ថា ព្រះ​មាន​ព្រះភាគ ​តែង​ប្រព្រឹត្តគ្រប​សង្កត់​នូវ​កាម (​ដូច​ព្រះអាទិត្យ ​មាន​តេជះ ​គឺ​រស្មី គ្របសង្កត់​នូវ​ប្រឹថពី​មណ្ឌល ​ដោយ​តេជះ​ដូច្នោះ) បពិត្រ​ព្រះអង្គ​មាន​ព្រះ​បញ្ញាធំ​ទូលាយ​ដូច​ផ្ទៃ​ផែនដី ​សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​ធម៌​ដែល​ខ្ញុំ​ព្រះអង្គ​គួរ​ដឹង​ ជាធម៌សម្រាប់​លះជាតិ​ ​និង​ជរា ​ក្នុង​អត្តភាព​នេះ​ ​ដល់​ខ្ញុំ​ព្រះអង្គ ជា​អ្នក​មាន​បញ្ញាស្តួចស្តើង​ឲ្យ​ទាន ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​ជតុកណ្ណី) ​អ្នក​ចូរ​កម្ចាត់​បង់​នូវ​តម្រេក​ក្នុង​កាមទាំង​ឡាយ​ចេញ​ ​ចូរ​ឃើញ​នូវ​នេក្ខម្មៈ ​ដោយ​សេចក្តី​ក្សេម​ក្សាន្ត កិលេស​ជាតិគ្រឿង​ខ្វល់ ​ដែល​អ្នក​ប្រកាន់មាំ (​ដោយ​តណ្ហា ​និង​ទិដ្ឋិ) ឬ​ដែល​គួរ​លះបង់ ​កុំ​មាន​ដល់​អ្នក​ឡើយ​ គ្រឿងខ្វល់​ណា ​ដែល​មាន​ហើយ​ ​ក្នុង​កាល​មុន ​អ្នក​ចូរ​ឲ្យ​គ្រឿងខ្វល់​នោះ​ រីងស្ងួត​ចុះ គ្រឿងខ្វល់ ​មាន​ក្នុង​ខាង​ក្រោយ ​កុំ​មាន​ដល់​អ្នក​ឡើយ​ បើ​អ្នក​មិន​កាន់​យក​នូវ​គ្រឿង​ខ្វល់​ក្នុង​កណ្តាល ​អ្នក​នឹង​ជា​មនុស្សស្ងប់​គ្រឿងខ្វល់​បាន​ ។ ​ម្នាល​ព្រាហ្មណ៍ បុគ្គល​តែង​លុះ​ក្នុង​អំណាច​នៃ​មច្ចុ ​ដោយ​អាសវៈ​ទាំងឡាយ​ណា អាសវៈ​ទាំង​នោះ​ ​រមែង​មិន​មាន​ដល់​បុគ្គល​ដែល​ប្រាស​ចាក​តម្រេក ​ក្នុង​នាមរូប​ដោយ​សព្វគ្រប់ ។

ចប់ ជតុកណ្ណីមាណវកប្បញ្ហា ​ទី​១១ ។

ភទ្រាវុធប្បញ្ហា ​ទី​១២

[កែប្រែ]

[១២៣] (ភទ្រាវុធមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) ​ខ្ញុំ​ព្រះអង្គ ​សូម​អារាធនា​ព្រះអង្គ ​អ្នក​លះ​អាល័យ ​កាត់​តណ្ហា ​មិន​រំភើប (​ព្រោះ​លោកធម៌) លះ​សេចក្តី​ត្រេកអរ ឆ្លងអន្លង់​ហើយ​ ​រួច​ផុតស្រឡះ​ហើយ​ លះធម៌​គ្រឿងកំណត់ (​ដោយ​តណ្ហា ​និង​ទិដ្ឋិ) ព្រះអង្គ​មាន​ព្រះ​ប្រាជ្ញាញាណ បពិត្រ​ព្រះអង្គជា​វីរបុរស ​ពួក​ជន​អ្នក​នៅ​ក្នុង​ជនបទផ្សេង ៗ ចង់​ស្តាប់​ព្រះវាចា​របស់​ព្រះអង្គ ​បាន​មកព្រមគ្នា​ហើយ​ អំពី​ជនបទ​នោះ​ ៗ បើ​បាន​ស្តាប់​ព្រះវាចា​របស់​ព្រះអង្គ​ហើយ​ ​នឹង​ត្រឡប់​អំពី​ទី​នេះ​វិញ​ ​សូម​ព្រះអង្គ​ទ្រង់​ដោះ​ស្រាយ​បញ្ហា ដើម្បី​ជន​ទាំងអម្បាល​នោះ​ ​ព្រោះ​ធម៌​នោះ​ ព្រះអង្គ​បាន​ជ្រាប​ហើយ​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​ភទ្រាវុធ) បុគ្គល​គួរ​កម្ចាត់​បង់​នូវ​តណ្ហា ជាគ្រឿង​ប្រកាន់​មាំ ​ក្នុង​ចំណែក​ខាង​លើ​ ​ក្នុង​ចំណែក​ខាង​ក្រោម ​និង​ក្នុង​ចំណែក​ទទឹង ​គឺ​ត្រង់​កណ្តាល ​ឲ្យ​អស់​ទៅ​ ​ព្រោះ​ថា ជន​ទាំង​អម្បាល​នោះ​ ប្រកាន់មាំ​នូវ​របស់​ណា ៗ ​ក្នុង​លោក មារ​រមែង​ជាប់​តាម​សត្វ​ ​ដោយ​របស់​នោះ​ ៗ ​វិញ​ដែរ ហេតុ​នោះ​ ​ភិក្ខុ​កាល​ដឹង​ ឃើញ​នូវ​ពួក​សត្វ​អ្នក​ជាប់​នៅ​ក្នុង​អារម្មណ៍​ផ្សេង ៗ ជា​ទី​តាំង​នៃ​មច្ចុមារ​នេះ​ថា ​សត្វ​ជាប់​នៅ​ព្រោះ​សេចក្តី​ប្រកាន់​មាំ​ដូច្នេះ ​គប្បី​ជា​អ្នក​មាន​សតិ ​មិន​ប្រកាន់​មាំ​នូវ​គ្រឿងខ្វល់​ក្នុង​លោក​ទាំងពួង ។

ចប់ ភទ្រាវុធមាណវកប្បញ្ហា ​ទី​១២ ។

ឧទយប្បញ្ហា ​ទី​១៣

[កែប្រែ]

[១២៤] (ឧទយមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) ​ខ្ញុំ​ព្រះអង្គជា​អ្នក​​ត្រូវ​​ការ​ដោយ​បញ្ហា ទើបមក​គាល់ (ដើម្បី​សួរ​) ព្រះអង្គ​ជា​អ្នក​បំពេញឈាន ​មាន​ព្រះសន្តាន​ប្រាស​ចាក​ធូលី ​គឺ​កិលេស ​មិន​មាន​អាសវៈ ​បាន​ទ្រង់​ធ្វើ​កិច្ច ​ដែល​គួរ​ធ្វើ​ស្រេច​ហើយ​ ​ដល់​នូវ​ត្រើយ​នៃ​ធម៌ទាំង​ពួង ​សូម​ព្រះអង្គ​ទ្រង់​សំដែង​នូវ​វិមោក្ខធម៌ ​គឺ​ព្រះអរហត្ត ជាគ្រឿង​ទំលាយ​អវិជ្ជា​ចេញ​បាន​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​ឧទយៈ) តថាគត​ពោល​នូវ​ការលះ​នូវ​កាមច្ឆន្ទៈ ​និង​ទោមនស្ស​ទាំងពីរ​យ៉ាង​ផង​ ការ​បន្ទោបង់​នូវ​សេចក្តី​រួញរា​ផង​ ការឃាត់​បង់​នូវ​កុក្កុច្ចៈ​ផង​ ​មាន​ឧបេក្ខា ​និង​សតិ​ដ៏​បរិសុទ្ធ​ ​មាន​សេចក្តី​ត្រិះរិះ​ក្នុង​ធម៌​ជាប្រធាន​ថា​ជា​វិមោក្ខធម៌ ​គឺ​ព្រះអរហត្ត ជាគ្រឿង​ទំលាយ​នូវ​អវិជ្ជា​ចេញ​បាន​ ។

សត្វ​លោក​មាន​អ្វីជាគ្រឿងចងទុក អ្វីជាគ្រឿង​សញ្ចរ​ទៅ​នៃ​សត្វ​លោក​នោះ​ លោក​ពោល​ថា និព្វាន​ ៗ ដូច្នេះ តើ​ព្រោះ​លះអ្វី​បាន​ ។

សត្វ​លោក ​មាន​សេចក្តី​ត្រេកត្រអាល ជាគ្រឿងចងទុក ​មាន​សេចក្តី​គិតជញ្ជឹង ជា​គ្រឿង​សញ្ចរ​ទៅ​នៃ​សត្វ​លោក​នោះ​ ​ដែល​លោក​ពោល​ថា និព្វាន ​ព្រោះ​លះតណ្ហា​ចេញ​បាន​ ។

កាលបុគ្គល​មាន​សតិត្រាច់​ទៅ​ដូច​ម្តេច វិញ្ញាណ​ទើបរលត់ យើង​ខ្ញុំ​មក​គាល់ដើម្បី​នឹង​ទូល​សួរ​ព្រះអង្គ ​នឹង​បាន​ស្តាប់​ព្រះវាចា​របស់​ព្រះអង្គ ។

កាលបុគ្គល​មិន​ត្រេកត្រអាលចំពោះវេទនា​ទាំង​ខាង​ក្នុង​ ទាំង​ខាង​ក្រៅ​ ​មាន​សតិ ត្រាច់​ទៅ​យ៉ាង​នេះ​ វិញ្ញាណ​ទើបរលត់​ទៅ​ ។

ចប់ ឧទយមាណវកប្បញ្ហា ​ទី​១៣ ។

បោសាលប្បញ្ហា ​ទី​១៤

[កែប្រែ]

[១២៥] (បោសាលមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) ​ខ្ញុំ​ព្រះអង្គ​ជា​អ្នក​​ត្រូវ​ការ​ដោយ​បញ្ហា ទើបមក​គាល់ដើម្បី​សួរ​ ព្រះអង្គ​សំដែងព្រះ​ប្រាជ្ញាញាណ​ក្នុង​កាល​ជាអតីត ​មិន​ញាប់ញ័រ (ចំពោះសុខទុក្ខ) ​មាន​សេចក្តី​សង្ស័យ​កាត់​បង់​ហើយ​ ​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំង​ពួង បពិត្រ​ព្រះអង្គ​ជាសក្សពង្ស ​ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ ញាណ​របស់​បុគ្គល ​មាន​សេចក្តី​កំណត់ កត់សំគាល់​ក្នុង​រូប ​បាន​ជាក់​ច្បាស់ (​បាន​សម្រេច​ដល់​រូបជ្ឈាន​ហើយ​) លះបង់​រូបារម្មណ៍​ទាំង​អស់​បាន​ហើយ​ (​កន្លង​រូបជ្ឈាន​ហើយ​) ឃើញទាំង​ខាង​ក្នុង​ ទាំង​ខាង​ក្រៅ​ថា វត្ថុបន្តិច​បន្តួច​មិន​មាន​ (សម្រេច​អរូបជ្ឈាន ​ដែល​ហៅ​ថា​ អាកិព្ចាញ្ញាយតនៈ) បុគ្គល​មាន​សភាព​ដូច្នោះ តើ​ព្រះអង្គ​គប្បី​ប្រៀនប្រដៅ​ដោយ​ប្រការ​ដូច​ម្តេច​ទៀត ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​បោសាលៈ) តថាគតជ្រាប​វិញ្ញាណដិ្ឋតិ (ភូមិជា​ទី​តាំង​នៃ​វិញ្ញាណ) ទាំង​អស់​ ទើបជ្រាប​បុគ្គល​នោះ​ ​កំពុង​ឋិត​នៅ​ ​មាន​ចិត្ត​ចុះស៊ប់​ក្នុង​ (អាកិញ្ចញ្ញាយតនៈ) ​មាន​អាកិញ្ចញ្ញាយតនៈ​នោះ​ ប្រព្រឹត្ត​ទៅ​ខាង​មុខ ​មាន​អាកិញ្ចញ្ញាយតនៈ​ជាដែន​កើត​ ​មាន​សេចក្តី​ត្រេកត្រអាល​ជា​គ្រឿងប្រកប​ដូច្នេះ ​លុះ​តថាគត​ជ្រាបច្បាស់​យ៉ាង​នេះ​ហើយ​ លំដាប់​អំពី​អាកិញ្ចញ្ញាយតនជ្ឈាន​នោះ​ ​ក៏​រមែង​ពិចារណា​ឃើញ​ច្បាស់ ​ក្នុង​សហជាតធម៌​នោះ​ ​នេះ​ឯង​ជាញាណ​ដ៏​ពិតបា្រកដ​របស់​ព្រាហ្មណ៍​នោះ​ ជា​អ្នក​ប្រព្រឹត្ត​ចប់​ព្រហ្មចរិយធម៌ ។

ចប់ បោសាលមាណវកប្បញ្ហា ​ទី​១៤ ។

មោឃរាជប្បញ្ហា ​ទី​១៥

[កែប្រែ]

[១២៦] (មោឃរាជមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) បពិត្រ​ព្រះអង្គ​ជាសក្យពង្ស ​ខ្ញុំ​ព្រះអង្គ​ទូល​សួរ​អស់​វារៈ ២ ដង​ហើយ​ ព្រះអង្គ​មាន​ដួង​ចក្ខុ ​ក៏​មិន​ទាន់​បាន​ដោះស្រាយ ​ដល់​ខ្ញុំ​ព្រះអង្គ​នៅ​ឡើយ​ បពិត្រ​ព្រះអង្គ​ជាទេពឥសី ​ខ្ញុំ​ព្រះអង្គ​បាន​ឮថា បើ​គេ​ទូល​សួរ​អស់​វារៈ ៣ ដង ព្រះ​មាន​ព្រះភាគ​គង់ដោះ​ស្រាយ លោក​នេះ​ លោក​ដទៃ​ ព្រហ្មលោក ព្រមទាំង​ទេវលោក ​រមែង​មិន​ទាន់​ដឹង​នូវ​សេចក្តី​យល់​របស់​ព្រះអង្គ ជា​ព្រះគោតម​ដ៏​ទ្រង់​យសទេ ​ខ្ញុំ​ព្រះអង្គ​ជា​អ្នក​​ត្រូវ​​ការ​ដោយ​បញ្ហា ទើប​មកគាល់ (ដើម្បី​សួរ​) ព្រះអង្គ ជា​អ្នក​ឃើញ​ដ៏​លើ​សលុប​យ៉ាង​នេះ​ បុគ្គលកាល​ពិចារណា​នូវ​ខន្ធ​លោក​ដូច​ម្តេច មច្ចុរាជ​ទើប​មិន​ឃើញ ។

ម្នាល​មោឃរាជ ​អ្នក​ចូរ​ជា​អ្នក​មាន​សតិ​សព្វកាល ​ចូរ​ពិចារណា​លោក ​ដោយ​សភាព​ជា​របស់​សូន្យ បុគ្គលដក​អត្តានុទិដ្ឋិ ​គឺ​សេចក្តី​ឃើញ​ថា​ជា​ខ្លួន​ប្រាណ​ចេញ​ ទើប​ឆ្លង​មច្ចុរាជ​ចេញ​បាន​យ៉ាង​នេះ​ បុគ្គលកាល​ពិចារណា​លោកយ៉ាង​នេះ​ មច្ចុរាជ​ទើប​មិន​ឃើញ ។

ចប់ មោឃរាជមាណវកប្បញ្ហា ​ទី​១៥ ។

បិង្គិយប្បញ្ហា ​ទី​១៦

[កែប្រែ]

[១២៧] (បិង្គិយមាណព​ដ៏​មាន​អាយុ ទូល​សួរ​ថា) ​ខ្ញុំ​ព្រះអង្គ​ជា​មនុស្ស​ចាស់ ​មិន​សូវ​មាន​កំឡាំង ​មាន​ពណ៌​សម្បុរ​អាប់អន់ ភ្នែក​ក៏​មិន​សូវភ្លឺ ត្រចៀក​សម្រាប់​ស្តាប់​ ​ក៏​មិន​សូវ​ឮ ​សូម​កុំ​ឲ្យ​ព្រះអង្គ​វង្វេងវង្វាន់​វិនាស​ក្នុង​ចន្លោះ ​សូម​ព្រះអង្គ​ត្រាស់ប្រាប់ធម៌ ​ដែល​ខ្ញុំ​ព្រះអង្គ​គួរ​ដឹង​ ជាគ្រឿង​លះជាតិ ​និង​ជរា ​ក្នុង​អត្តភាព​នេះ​ឲ្យ​ទាន ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​បិងិ្គយៈ) ​អ្នក​ចូរ​ឃើញថា ជនទាំង​ឡាយ ជា​អ្នក​ប្រមាថ ​រមែង​លំបាក​ព្រោះ​រូប​ជាហេតុ ​រមែង​ឈឺចាប់ ​ក៏​ព្រោះ​រូបជាហេតុ ​ម្នាល​បិងិ្គយៈ ​ព្រោះ​ដូច្នោះ ​អ្នក​កុំ​ប្រមាទ ​ចូរ​លះរូប​ចោល​ចេញ​ ដើម្បី​មិន​កើត​ត​ទៅ​ទៀត ។

ទិសទាំងឡាយ​នេះ​ ​គឺ​ទិសធំ ៤ ទិសតូច ៤ ទាំងទិស​ខាង​លើ​ ១ ​និង​ទិស​ខាង​ក្រោម ១ រួម​ត្រូវ​ជា ១០ ទិស វត្ថុណា​មួយ​ក្នុង​លោក ​ដែល​ព្រះអង្គ​មិន​ធ្លាប់ឃើញ ​មិន​ធ្លាប់​ឮ ​មិន​ធ្លាប់​ប៉ះពាល់ ឬ​មិន​ធ្លាប់ជ្រាប ​មិន​មាន​ទេ ​សូម​ព្រះអង្គ​ត្រាស់បា្រប់ធម៌ ​ដែល​ខ្ញុំ​ព្រះអង្គ​គួរ​ដឹង​ សម្រាប់លះ​ជាតិ ​និង​ជរា ​ក្នុង​អត្តភាព​នេះ​ ។

(ព្រះ​មាន​ព្រះភាគ ​ទ្រង់​ដោះស្រាយថា ​ម្នាល​បិងិ្គយៈ) កាលបើ​អ្នក​ឃើញ​នូវ​ពួក​មនុស្ស ​ដែល​​ត្រូវ​​តណ្ហា​កំពុង​គ្របសង្កត់ ជា​សត្វ​មាន​សេចក្តី​ក្តៅ​ក្រហាយ​កើត​ឡើង​ហើយ​ ​ត្រូវ​ជរា​រួបរឹត​ហើយ​ ​ម្នាល​បិង្គិយៈ ហេតុដូច្នោះ​ ​អ្នក​កុំ​ប្រមាទ ​ចូរ​លះតណ្ហា​ចោល​ចេញ​ ដើម្បី​មិន​ឲ្យ​កើត​ត​ទៅ​ទៀត ។

ចប់ បិង្គិយមាណវកប្បញ្ហា ​ទី​១៦ ។

[១២៨] កាលព្រះ​មាន​ព្រះភាគ ​ទ្រង់​គង់​នៅ​នា​បាសាណចេតិយ ​ក្នុង​ដែនមគធៈ ​ទ្រង់​បាន​សំដែង​សូត្រ​នេះ​ កាល​ពួក​ព្រាហ្មណ៍ ១៦ នាក់ ជា​អ្នក​បំរើ (​របស់​ពាវរី​ព្រាហ្មណ៍) អារាធនា​ហើយ​ ទើបព្រះអង្គ​ទ្រង់​ដោះ​ស្រាយ​បញ្ហា ។ បើ​បុគ្គល​បាន​ដឹង​នូវ​អត្ថ ​បាន​ដឹង​នូវ​ធម៌​នៃ​បញ្ហា​មួយ​ ៗ ​ហើយ​ ​គប្បី​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សម​គួរ​តាមធម៌ បុគ្គល​នោះ​ មុខជា​ដល់​នូវ​ត្រើយ​នៃ​ជរា ​និង​មរណៈ​ពុំខាន ធម៌​ទាំង​នេះ​ ជាធម៌​គួរ​នាំ​សត្វ​ទៅ​ (កាន់​ត្រើយ​ ​គឺ​ព្រះនិព្វាន) ​ព្រោះ​ហេតុ​នោះ​ ​ពាក្យ​ថា បារាយនៈ (ការប្រព្រឹត្តិ​ទៅ​កាន់​ត្រើយ) ​នេះ​ ជា​ឈ្មោះ​នៃ​ធម្មបរិយាយ​នេះ​ឯង​ ។

[១២៩] (ព្រាហ្មណមាណព ១៦ ​នាក់​ ​ដែល​បាន​ក្រាប​ទូល​សួរ​បញ្ហា) នុ៎ះ​គឺ​មាណព​ឈ្មោះ​អជិត ១ តិស្សមេត្តេយ្យ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ តោទេយ្យ ១ កប្បៈ ១ ជតុកណ្ណីមាណព​ជា​បណ្ឌិត​ ១ ភទ្រាវុធ ១ ឧទយៈ ១ ព្រាហ្មណ៍បោសាល ១ មោឃរាជ ជា​អ្នក​បា្រជ្ញ ១ បិង្គិយៈ​ជា​មហាឥសី ១ ព្រាហ្មណ៍​ទាំង ១៦ នាក់នុ៎ះ ​បាន​ទៅ​គាល់ព្រះពុទ្ធ ជា​អ្នក​ស្វែង​រក​នូវ​គុណ ​មាន​ចរណៈ​ ​គឺ​ធម៌​ជាគ្រឿង​ប្រព្រឹត្ត​ដ៏​បរិបូណ៌ ​បាន​ចូល​ទៅ​ក្រាបទូល​សួរ​បញ្ហា​ដ៏​ល្អិត ចំពោះ​ព្រះពុទ្ធ ជាបុគ្គល​ប្រសើរ ។ ព្រះពុទ្ធជា​ព្រះមុនី ​បាន​ដោះ​ស្រាយ​នូវ​បញ្ហាទាំងឡាយ ​ដែល​ពួក​ព្រាហ្មណ៍​ទូល​សួរ​ តាម​សេចក្តី​ពិត ​បាន​ញ៉ាំង​ពួក​ព្រាហ្មណ៍ ​ឲ្យ​ត្រេកអរ​ដោយ​ការ​ដោះ​ស្រាយ​បញ្ហា ។ ពា្រហ្មណ៍ទាំង ១៦ នាក់​នោះ​ កាល​បើ​ព្រះពុទ្ធ ជា​អាទិច្ចវង្ស ​មាន​ចក្ខុ ​គឺ​បា្រជ្ញាញាណ ​បាន​ឲ្យ​ត្រេកអរ​ហើយ​ ​ក៏​បាន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ​ក្នុង​សំណាក់​នៃ​ព្រះសាស្តា ​មាន​បញ្ញា​ដ៏​ប្រសើរ ។ ព្រះពុទ្ធវចនៈ ​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង​ហើយ​ ចំពោះ​បញ្ហា​មួយ​ ៗ ​ដោយ​ប្រការ​យ៉ាងណា ។ បើបុគ្គល​ណា ប្រតិបត្តិ​តាមដូច្នោះ បុគ្គល​នោះ​ ​គប្បី​ទៅ​អំពី​ទី​មិន​មែន​ជាត្រើយ កាន់ត្រើយ​បាន​ ​ព្រោះ​ហេតុ​នោះ​ បុគ្គលកាល​ចម្រើន​មគ្គ​ដ៏​ឧត្តម​ ​គឺ​អដ្ឋង្គិកមគ្គ ​គប្បី​ចេញ​ចាក​ទី​មិន​មែនត្រើយ ​ទៅ​កាន់​ត្រើយ ​គឺ​ព្រះនិពា្វន ។ មគ្គ​នោះ​ តែងប្រព្រឹត្ត​ទៅ​ ដើម្បី​ទៅ​កាន់​ត្រើយ ​គឺ​ព្រះនិព្វាន ​ព្រោះ​ហេតុ​នោះ​ ទើប​ឈ្មោះ​ថា បារាយនៈ​ ​ដោយ​ប្រការ​ដូច្នេះ ។

[១៣០] (បិង្គិយៈ​ដ៏​មាន​អាយុ ​ពោល​សរសើរ​ព្រះ​មាន​ព្រះភាគ ​ក្នុង​ទី​ជិត​ពាវរី​ព្រាហ្មណ៍​ដូច្នេះថា) ​ខ្ញុំ​នឹង​ច្រៀង​តាម​បារាយនធម៌ (ព្រះ​មាន​ព្រះភាគ ​បាន​ឃើញ​យ៉ាង​ណា ​ទ្រង់​សំដែង​យ៉ាង​នោះ​) ព្រះ​មាន​ព្រះភាគ បា្រស​ចាក​មន្ទិល ព្រះអង្គ​មាន​បា្រជ្ញា​ញាណ​ដូច​ជាដែនដី ព្រះអង្គ​មាន​សេចក្តី​បា្រថ្នាលះ​ចេញ​ហើយ​ ​មាន​ទុក្ខ​រលត់​ហើយ​ ព្រះអង្គ​ជាបុគ្គល​ប្រសើរ ​គប្បី​ពោល​ពាក្យ​មុសាវាទ ​ដោយ​ហេតុ​ដូច​ម្តេច​កើត​ ។ បើដូច្នោះ ​ខ្ញុំ​នឹង​សូម​សំដែង​វាចា ​ដែល​ប្រកប​ដោយ​គុណ ​គួរ​សរសើរ​របស់​ព្រះ​មាន​ព្រះភាគ ព្រះអង្គ​មាន​មន្ទិល ​និង​មោហៈ​លះបង់​ហើយ​ ទាំងមានះ ​និង​មក្ខៈ ​ក៏​ព្រះអង្គ​លះបង់​បាន​ដាច់​ស្រឡះ​ហើយ​ ។ ព្រះពុទ្ធ​មាន​ចក្ខុ​ជុំ​វិញ​ ​គឺ​សព្វញ្ញុតញ្ញាណ​ ​បន្ទោបង់​នូវ​សេចក្តី​ងងឹត ​ដល់​នូវ​ទី​បំផុត​នៃ​លោក ​កន្លង​ផុត​នូវ​ភព​ទាំងពួង ព្រះអង្គ​មិន​មាន​អាសវៈ​ លះបង់​នូវ​ទុក្ខទាំងពួង ​មាន​ព្រះនាម​ជា​សច្ចបុគ្គល ​ខ្ញុំ​ក៏​បាន​ចូល​ទៅ​រក​ព្រះ​មាន​ព្រះភាគ​ដ៏​ប្រសើរ​រួច​ហើយ​ ។ បក្សី​លះបង់​ព្រៃ​តូច (​មាន​ផ្លែឈើ​តិច​) មក​អាស្រ័យ​ព្រៃ​ធំ ​មាន​ផ្លែ​ឈើច្រើន ​ដូច​ម្តេច​មិញ ​ខ្ញុំ​លះបង់​គណាចារ្យ​ដែល​មាន​សេចក្តី​ឃើញ​តិច​ (មក​ប្រសព្វ​ព្រះ​មាន​ព្រះភាគ) ​មាន​ព្រះប្រាជ្ញា​ដ៏​ច្រើន ​ដូច​ហង្ស​ហើរមកចុះ​ក្នុង​ស្រះ​ធំ ។ ​ពួក​អាចារ្យ​ណា​មុន (សាសនា​ព្រះគោតម) អាចារ្យ​ទាំង​នោះ​ ​បាន​ព្យាករ​ហើយ​ ​ដោយ​អាង​គោល​ការណ៍​ថា ដំណើរ​នោះ​ តែង​មាន​មក​ហើយ​ដូច្នោះ ៗ ​នឹង​មាន​ត​ទៅ​ខាង​មុខ​ដូច្នេះ ៗ (​នេះ​ជា​ពាក្យ​ប្រដៅ ​ក្រៅ​ចាក​ពាក្យ​ប្រដៅព្រះ​គោតម) ​សេចក្តី​ព្យាករណ៍​ទាំង​អស់​នោះ​ (​មិន​ទាន់​ប្រាកដទេ) គ្រាន់​តែ​ពោល​ថា​ដូច្នេះ ៗ ​សេចក្តី​ព្យាករណ៍​ទាំង​អស់​នោះ​ ជា​គ្រឿង​ធ្វើ​សេចក្តី​ត្រិះរិះ​ឲ្យ​ចម្រើន​ឡើង​ (​ខ្ញុំ​មិន​ពេញ​ចិត្ត​ក្នុង​ពាក្យ​នោះ​ឡើយ​) ព្រះ​មាន​ព្រះភាគ​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ​ទ្រង់​បន្ទោបង់​នូវ​ងងឹត គង់​នៅ​ជាសុខ ព្រះអង្គ​មាន​រស្មី​រុងរឿង ​ទ្រង់​ធ្វើ​នូវ​ពន្លឺ (​ដល់​លោក) ។ ព្រះគោតម​មាន​ញាណ​ដ៏​ក្រាស់​ដូច​ផែនដី ព្រះគោតម ព្រះអង្គ​ប្រកប​ដោយ​ប្រាជ្ញា​ក្រាស់​ដូច​ផែនដី ​ទ្រង់​សំដែងធម៌ (ជា​ដំណើរ​ទៅ​កាន់ព្រះនិព្វាន) ប្រកប​ដោយ​ផល​គួរ​ឃើញជាក់​ច្បាស់ ​មិន​មាន​កំណត់​កាល ជា​គ្រឿង​អស់​តណ្ហា ​មិន​មាន​ឧបទ្ទវៈ ​គឺ​កិលេស​ដល់​ខ្ញុំ​ ​នឹង​រក​សេចក្តី​ឧបមា​ចំពោះ​ព្រះនិព្វាន ​ក្នុង​ទី​ណា​មួយ​ ​មិន​បាន​ឡើយ​ ។

(ពាវរីព្រាហ្មណ៍ ​សួរ​បិង្គិយមាណពថា) ​ម្នាល​បិង្គិយៈ ​អ្នក​ដែល​នៅ​ឃ្លាត អំពី​ព្រះគោតម ​មាន​ញាណ​ក្រាស់​ដូច​ផែនដី អំពី​ព្រះគោតម ប្រកប​ដោយ​ប្រាជ្ញា​ក្រាស់​ដូច​ផែនដី​នោះ​ សូម្បី​មួយ​រំពេច​ដែរឬ ព្រះគោតម ​ដែល​បាន​សំដែង​ធម៌ ប្រកប​ដោយ​ផល​គួរ​ឃើញ​ជាក់ច្បាស់ ​មិន​មាន​កំណត់កាល ជា​គ្រឿង​អស់​ទៅ​នៃ​តណ្ហា ​មិន​មាន​ឧបទ្ទវៈ ​ដល់​អ្នក​ ​នឹង​រក​សេចក្តី​ឧបមា​ចំពោះ​ព្រះនិព្វាន ​ក្នុង​ទី​ណា​មួយ​ ​មិន​មាន​មែនទេឬ ។

(បិង្គិយមាណព តបថា) បពិត្រ​ពាវរីព្រាហ្មណ៍ ​ខ្ញុំ​មិន​ដែល​ឃ្លាត​អំពីព្រះគោតម ​អ្នក​មាន​ញាណក្រាស់​ដូច​ផែនដី អំពី​ព្រះគោតម ​អ្នក​ប្រកប​ដោយ​ប្រាជ្ញា​ក្រាស់​ដូច​ផែនដី​នោះ​ សូម្បី​មួយ​រំពេច​ទេ ព្រះគោតម​សំដែងធម៌ ប្រកប​ដោយ​ផល​គួរ​ឃើញ​ជាក់ច្បាស់ ​មិន​មាន​កំណត់​កាល ជាគ្រឿង​អស់​ទៅ​នៃ​តណ្ហា ​មិន​មាន​ឧបទ្ទវៈ ​ដល់​ខ្ញុំ​ ​នឹង​រក​សេចក្តី​ឧបមា​ចំពោះ​ព្រះ​និព្វាន ​ក្នុង​ទី​ណា​មួយ​ ​មិន​មាន​ពិតមែន ។ បពិត្រ​ពាវរីព្រាហ្មណ៍ ​ខ្ញុំ​មិន​ប្រមាទ ទាំងយប់​ទាំង​ថ្ងៃ​ ឃើញព្រះ​គោតម​មាន​ព្រះភាគ​អង្គ​នោះ​ដោយ​ចិត្ត​ ហាក់​បី​ដូច​ជា​ឃើញ​ដោយ​ចក្ខុ ​ខ្ញុំ​នមស្ការ (ព្រះគោតម) ​នៅ​រហូតរាត្រី ​ខ្ញុំ​សំគាល់​ឃើញ​នូវ​ការ​មិន​នៅ​ប្រាស​ចាក​ព្រះគោតម​នោះ​ឯង​ ។ ធម៌ ៤ យ៉ាង​នេះ​ ​គឺ​សទ្ធា ១ បីតិ ១ មនៈ ១ សតិ ១ (​ដែល​មាន​ក្នុង​សន្តាន​របស់​ខ្ញុំ​) ​រមែង​មិន​ប្រាស​ចាក​សាសនា​នៃ​ព្រះគោតម​ទេ ព្រះគោតម​អ្នក​មាន​បញ្ញា​ដូច​ផ្ទៃផែនដី ស្តេច​ទៅ​កាន់ទិសណា ៗ ​ខ្ញុំ​នោះ​ ​ក៏​ជា​អ្នក​បង្អោន​ចិត្ត​ទៅ​ហើយ​ ​ដោយ​ទិសាភាគ​នោះ​ ៗ ​ឯង​ ។ បពិត្រ​ពាវរីព្រាហ្មណ៍ ​ខ្ញុំ​ជា​បុគ្គល​ចាស់ ​មាន​កំឡាំង​ថយ​ហើយ​ ហេតុ​នោះ​ កាយ​ទៅ​ក្នុង​ទី​នោះ​ ​មិន​បាន​ទេ ​ខ្ញុំ​ទៅ​អស់​កាល​ជានិច្ច ​ដោយ​ដំណើរ ​គឺ​សេចក្តី​ត្រិះរិះ ​ព្រោះ​ថា ​ចិត្ត​ខ្ញុំ​ប្រកប​ហើយ​ដោយ​ការរលឹក​ព្រះគោតម​នោះ​ ។

(ពាវរីព្រាហ្មណ៍ តបថា) ​ខ្ញុំ​ (ដេក​នៅ​) ​ក្នុង​ភក់​ ​គឺ​កាម អន្ទះអន្ទែង (​ព្រោះ​តណ្ហា) សាត់​អណ្តែត​ទៅ​អំពី​កោះ ​ទៅ​កាន់កោះ ​គឺ​ចេញ​អំពីសំណាក់​សាស្តា​មួយ​ ​ទៅ​កាន់​សំណាក់​សាស្តា​មួយ​ ​ខ្ញុំ​ក៏​បាន​ជួប​ប្រទះ​នឹង​ព្រះសម្ពុទ្ធ ព្រះអង្គ​មិន​មាន​អាសវៈ ឆ្លងផុត​ឱឃៈ​ហើយ​ ។ ព្រះ​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា វក្កលិ ១ ភទ្រាវុធ ១ ​និង​អាឡវិគោតម ១ សុទ្ធ​តែ​ជា​អ្នក​មាន​សទ្ធាចុះស៊ប់ យ៉ាងណាមិញ សូម្បី​អ្នក​ ​ក៏​ចូរ​បញ្ចេញ​នូវ​សទ្ធាមក​ចុះ ​ក៏​យ៉ាង​នោះ​ដែរ ​ម្នាល​បិង្គិយៈ ​អ្នក​នឹង​ដល់​នូវ​ត្រើយ​នៃ​សង្សារ ជា​ទី​តាំង​នៃ​មច្ចុមារ ។

(ព្រះបិង្គិយៈ ទូលសរសើរព្រះ​មាន​ព្រះភាគ​ថា) ​ខ្ញុំ​ព្រះអង្គ​នេះ​ ជ្រះថ្លា​ដោយ​ក្រៃ​ពេក ​ព្រោះ​បាន​ស្តាប់​ព្រះវាចា​នៃ​ព្រះអង្គ​ជាព្រះមុនី ព្រះអង្គ​ត្រាស់​ដឹង​ហើយ​ ​ដោយ​ព្រះអង្គ​ឯង​ ព្រះអង្គ​មាន​ដំបូល​គ្រឿងប្រក់​បើក​ហើយ​ ​មិន​មាន​កិលេស​គ្រឿងរឹងត្អឹង ​ទ្រង់​មាន​បដិភាណ ​ទ្រង់​ជ្រាប​នូវ​អធិទេវៈ​ទាំងឡាយ ​គឺ​ធម៌​សម្រាប់​ធ្វើ​សត្វ​ឲ្យ​ជាទេវតា​ដ៏​ក្រៃ​លែង ​ទ្រង់​ជ្រាប​នូវ​ធម្មជាតិ​ទាំងពួង ជាធម៌​ដ៏​ប្រសើរ ​និង​ថោកទាប (​ដល់​ខ្លួន ​និង​អ្នក​​ដទៃ​) ។ ព្រះសាស្តា ​ទ្រង់​ធ្វើ​នូវ​ទី​បំផុត​នៃ​បញ្ហា​ទាំងឡាយ ​ដល់​ពួក​ជន​ដែល​ប្តេជ្ញា​ថា​ជា​អ្នក​មាន​សេចក្តី​សង្ស័យ ព្រះនិព្វាន ជាគុណជាត​មិន​កក្រើក ​មិន​ញាប់ញ័រ ​សេចក្តី​ឧបមា ចំពោះ​ព្រះនិព្វាន ​ក្នុង​ទី​ណា​មួយ​ ​មិន​មាន​ឡើយ​ ។ ​ខ្ញុំ​ព្រះអង្គ​នឹង​ដល់​ (​នូវ​អនុបាទិសេសនិព្វានធាតុ) ​ដោយ​ពិត ​សេចក្តី​សង្ស័យ ​ក្នុង​ព្រះនិព្វាន​នោះ​ ​មិន​មាន​ដល់​ខ្ញុំ​ព្រះអង្គទេ ​សូម​ព្រះ​មាន​ព្រះភាគ ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​អ្នក​មាន​ចិត្ត​ជឿស៊ប់ (​ក្នុង​ព្រះនិព្វាន) ​ដោយ​ប្រការ​ដូច្នេះ ។

ចប់ បារាយនវគ្គ ​ទី​៥ ។

ឧទ្ទាន​នៃ​សូត្រក្នុង​សុត្តនិបាត

[១៣១] ឧរគសូត្រ ១ ធនិយសូត្រ ១ ខគ្គវិសាណសូត្រ ១ កសិភារទ្វាជសូត្រ ១ ចុន្ទសូត្រ ១ បរាភវសូត្រ ១ វសលសូត្រ ១ ករណីយមេត្តសូត្រ ១ ហេមវតសូត្រ ១ អាឡវកយក្ខសូត្រ ១ វិជយសូត្រ ១ មុនិសូត្រ ជាសូត្រ​ដ៏​ប្រសើរ ១ ។

វគ្គ​ដ៏​ប្រសើរថ្លៃថ្លា តាំង​នៅ​ជាដំបូង ជាវគ្គ​ទ្រ​ទ្រង់​នូវ​សូត្រ ១២ លោកចែក​ទុក​ល្អ​ហើយ​ ព្រះ​មាន​ព្រះភាគ ​ទ្រង់​មាន​ចក្ខុប្រាស​ចាក​មន្ទិល ​ទ្រង់​សំដែង​ទុក​ហើយ​ យើង​ឮ​មកថា ឧរគវគ្គ ជាវគ្គ​ដ៏​ប្រសើរ ។

រតនសូត្រ ១ អាមគន្ធសូត្រ ១ ហិរិសូត្រ ១ មង្គលសូត្រ ១ សូចិលោមសូត្រ ១ កបិលសូត្រ ឬ​ធម្មចរិយសូត្រ ១ ព្រាហ្មណធមិ្មកសូត្រ ១ នាវាសូត្រ ១ កឹសីលសូត្រ ១ ឧដ្ឋានសូត្រ ១ រាហុលសូត្រ ១ វង្គីសសូត្រ ១ សម្មាបរិព្វាជនីយសូត្រ ១ ធម្មិកសូត្រ​ដ៏​ប្រសើរ ១ លោកចែក​ទុក​ល្អ​ហើយ​ ​ក្នុង​វគ្គ​នោះ​ ​បណ្ឌិត​ទាំងឡាយ ​ពោល​នូវ​វគ្គ​នោះ​ ​ថា​ជា​ចូឡកវគ្គ​ដ៏​ប្រសើរ ទ្រ​ទ្រង់​នូវ​សូត្រ ១៤ ​ក្នុង​លើ​ក​ទី​ ២ ។

បព្វជ្ជាសូត្រ ១ បធានសូត្រ ១ សុភាសិតសូត្រ ១ បុរឡាស ឬ​សុន្ទរិកសូត្រ ១ មាឃសូត្រ ១ សភិយសូត្រ ១ កេណិយសូត្រ ឬ​សេលសូត្រ ១ សល្លសូត្រ ១ វាសេដ្ឋសូត្រ​ដ៏​ប្រសើរ ១ កោកាលិកសូត្រ ១ នាឡកសូត្រ​ដ៏​ប្រសើរ ១ លោកចែក​ទុក​ល្អ​ហើយ​ ទ្វយតានុបស្សនាសូត្រ ១ យើង​ឮមកថា មហាវគ្គ ជាវគ្គ​ដ៏​ប្រសើរ ទ្រ​ទ្រង់​នូវ​សូត្រ ១២ ​ក្នុង​លើ​ក​ទី​ ៣ ។

កាមសូត្រ ១ គុហដ្ឋកសូត្រ ១ ទុដ្ឋដ្ឋកសូត្រ ១ សុទ្ធដ្ឋកសូត្រ​ដ៏​ប្រសើរ ១ បរមដ្ឋកសូត្រ ១ ជរាសូត្រ ១ តិស្សមេត្តេយ្យសូត្រ​ដ៏​ប្រសើរ លោកចែក​ទុក​ល្អ​ហើយ​ ១ បសូរសូត្រ ១ មាគន្ទិយសូត្រ ១ បុរាភេទសូត្រ ១ កលហវិវាទសូត្រ ១ វិយូហសូត្រ ២ ​គឺ​ចុឡវិយូហសូត្រ ​និង​មហាវិយូហសូត្រ តុវដ្តកសូត្រ ១ អត្តទណ្ឌសូត្រ ១ សារីបុត្តសូត្រ ១ ​បណ្ឌិត​ទាំងឡាយ ​ពោល​នូវ​វគ្គ​នោះ​ថា អដ្ឋកវគ្គ ជាវគ្គ​ដ៏​ប្រសើរ ទ្រ​ទ្រង់​នូវ​សូត្រ ១៦ ​ក្នុង​លើ​ក​ទី​ ៤ ។

ដូច​បាន​ឮថា ព្រះ​មាន​ព្រះភាគ ជាបុគ្គល​ប្រសើរ​ក្នុង​គណៈ ​ទ្រង់​គង់​ក្នុង​បាសាណកចេតិយ​ដ៏​ប្រសើរ ​ដែល​បុគ្គលចាត់​ចែង​ល្អ​ហើយ​ ​ក្នុង​ប្រទេស​ដ៏​ប្រសើរ ជា​ប្រទេស​ជា​ទី​នៅ​នៃ​បុគ្គល​អ្នក​មាន​បុណ្យ​បាន​ធ្វើ​ហើយ​ ​ក្នុង​មគធជនបទ ជា​រមណីយដ្ឋាន ​ដែល​ព្រាហ្មណ៍​ទាំង ១៦ នាក់ ទូល​សួរ​ហើយ​ ​នូវ​ធម៌​ណាទាំង​ពីរ​ដ៏​បរិបូណ៌​គ្រប់គ្រាន់​ក្នុង​បរិសទ្យ ​មាន​យោជន៍​ ១២ ​ទ្រង់​ប្រកាស​ប្រទាន​នូវ​ធម៌ តាម​ពាក្យ​បុច្ឆា ​គួរ​ដល់​បញ្ហាកម្ម ១៦ ព្រះជិនស្រី ជាបុគ្គល​ប្រសើរ​ជាង​សត្វ​មាន​ជើងពីរ ​ទ្រង់​ប្រកាស​នូវ​អត្ថ បរិបូណ៌​ដោយ​ព្យញ្ជនៈ ជា​ទី​កើត​នៃ​សេចក្តី​ក្សេមក្សាន្ត ​ដល់​សត្វ​​ដទៃ​ ។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាង​សត្វ​មាន​ជើងពីរ ​ទ្រង់​សំដែង​នូវ​សូត្រ​ដ៏​ប្រសើរ ​ដ៏​វិចិត្រ​ដោយ​ធម៌​ច្រើន​យ៉ាង ​ទ្រង់​សំដែង​សូត្រ​ដ៏​ប្រសើរ ជាហេតុ​រួច​ចាក​កិលេស​ទាំង​ពួង ។

ព្រះសម្មាសម្ពុទ្ធ ប្រសើរជាង​សត្វ​មាន​ជើង​ពីរ ​ទ្រង់​សំដែង​សូត្រ​ដ៏​ប្រសើរ ប្រកប​ព្រម​ដោយ​ព្យញ្ជនៈ ​និង​អត្ថ ​និង​បទ ​ដែល​គួរ​សំគាល់​បាន​ដោយ​អក្ខរៈ​ដែល​ចុះ​កាន់​សេចក្តី​ឧបមា ជាពន្លឺ​ដ៏​ប្រសើរ​ ​គឺ​ញាណ ជាគ្រឿង​ពិចារណា​នូវ​លោក ។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាង​សត្វ​មាន​ជើងពីរ ​ទ្រង់​សំដែង​សូត្រ​ដ៏​ប្រសើរ ​មិន​មាន​មន្ទិល បា្រស​ចាក​មន្ទិល​ដ៏​ប្រសើរ​ក្នុង​មន្ទិល ​គឺ​រាគៈ ​មិន​មាន​មន្ទិល ប្រាស​ចាក​មន្ទិល​ដ៏​ប្រសើរ​ក្នុង​មន្ទិល ​គឺ​ទោសៈ ​មិន​មាន​មន្ទិល ប្រាស​ចាក​មន្ទិល​ដ៏​ប្រសើរ​ក្នុង​មន្ទិល ​គឺ​មោហៈ ជាពន្លឺ​ដ៏​ប្រសើរ ​គឺ​ញាណ​ជាគ្រឿង​ពិចារណា​នូវ​លោក ។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គល​ដ៏​ប្រសើរជាង​សត្វ​មាន​ជើងពីរ ​ទ្រង់​សំដែង​សូត្រ​ដ៏​ប្រសើរ ​មិន​មាន​មន្ទិល ​ប្រាស​ចាក​មន្ទិល​ដ៏​ប្រសើរ​ក្នុង​មន្ទិល ​គឺ​កិលេស ប្រាស​ចាក​មន្ទិល​ដ៏​ប្រសើរ​ក្នុង​មន្ទិល ​គឺ​ទុច្ចរិត ជាពន្លឺ​ដ៏​ប្រសើរ ​គឺ​ញាណ​ជាគ្រឿង​ពិចារណា​នូវ​លោក ។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាង​សត្វ​មាន​ជើងពីរ ​ទ្រង់​សំដែង​នូវ​កិលេស ជា​គ្រឿង​ត្រាំ គ្រឿងចង គ្រឿងប្រកប​ផង​ ​នូវ​នីវរណៈ​ទាំងឡាយ​ផង​ ​នូវ​មន្ទិល ៣ ​ផង​ ​នូវ​សូត្រ​ដ៏​ប្រសើរ ជាហេតុ​នៃ​កិរិយា​រួច​ចាក​កិលេស​ផង​ ។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាង​សត្វ​មាន​ជើងពីរ ​ទ្រង់​សំដែង​សូត្រ​ដ៏​ប្រសើរ ជាគ្រឿង​បន្ទោ​បង់​នូវ​កិលេស​ទាំងពួង ​មិន​ឲ្យ​មាន​មន្ទិល ប្រាស​ចាក​កិលេស​គ្រឿង​ត្រេកអរ ​មិន​ញាប់​ញ័រ ​មិន​សោកស្តាយ ជាធម៌ល្អិត​សុខុម​ដែល​បុគ្គល​ឃើញ​បាន​ដោយ​កម្រ​ក្រៃលែង ។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាង​សត្វ​មាន​ជើងពីរ ​ទ្រង់​សំដែង​នូវ​សូត្រ​ដ៏​ប្រសើរ ជាប្រធាន​នៃ​ទី​ពឹង ជា​ទី​កាត់​បង់​នូវ​ផ្ទៃ​នៃ​តណ្ហា ​និង​តម្រេក ​ដែល​បំបាក់​បង់​នូវ​រាគៈ ​និង​ទោសៈ ​ឲ្យ​ស្ងប់​រម្ងាប់ ​និង​កំណើត​ទុគ្គតិ វិញ្ញាណ ៥ ។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាង​សត្វ​មាន​ជើងពីរ ​ទ្រង់​សំដែងសូត្រ​ដ៏​ប្រសើរ គ្រប់គ្រាន់​ដោយ​អត្ថ​ដ៏​ជ្រាលជ្រៅ ​និង​អត្ថ​ដ៏​ល្អិត ​ដែល​បុគ្គល​ឃើញ​បាន​ដោយ​ក្រ ​មាន​អត្ថ​ដ៏​ល្អិត ​ដែល​បណ្ឌិត​គប្បី​ដឹង​បាន​ ជាពន្លឺ​ដ៏​ប្រសើរ​ ​គឺ​ញាណ​ជាគ្រឿង​ពិចារណា​នូវ​លោក ។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាង​សត្វ​មាន​ជើងពីរ ​ទ្រង់​សំដែង​សូត្រ​ដ៏​ប្រសើរ ចែក​នូវ​ឥន្ទ្រិយ ឈាន ​និង​វិមោក្ខ ប្រកប​ដោយ​មគ្គ​មាន​អង្គ ៨ ​ដ៏​ប្រសើរ ជាយាន​ដ៏​ប្រសើរ ​ដូច​គ្រឿង​ប្រដាប់​នៃ​ផ្កា​ឈើ​មាន​ពណ៌​ស ​គឺ​នវង្គសត្ថុសាសនា ។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាង​សត្វ​មាន​ជើងពីរ ​ទ្រង់​សំដែង​សូត្រ​ដ៏​ប្រសើរ ​ដ៏​បរិសុទ្ធ ឥត​មាន​មន្ទិល ​មាន​ឧបមា​ដូច​ព្រះចន្រ្ទវិចិត្រ​ល្អ​ដោយ​រតនៈ ​មាន​ឧបមា​ដូច​មហា​សមុទ្រ ឧបមា​ដូច​បុប្ផជាតិ ​មាន​តេជះ ឧបមា​ដូច​ព្រះអាទិត្យ ។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាង​សត្វ​មាន​ជើងពីរ ​ទ្រង់​សំដែងសូត្រ​ដ៏​ប្រសើរ ជា​ទី​ដល់​នូវ​ព្រះនិព្វាន​ដ៏​ក្សេម ជាសុខ​ដ៏​ត្រជាក់ ស្ងប់រម្ងាប់ ​មាន​អត្ថ​ដ៏​ប្រសើរ ជា​ទី​ការពារ​នូវ​មច្ចុរាជ ជាហេតុ​ឃើញ​នូវ​សេចក្តី​ស្ងប់​ដ៏​ប្រពៃ ​នៃ​អ្នក​ប្រតិបត្តិតាម ។

ចប់ សុត្តនិបាត ។

ចប់ ភាគ៥៤ ។

ឯកសារ​យោង

[កែប្រែ]
  1. ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > សុត្តនិបាត (សៀវភៅ​ភាគ៥៤)
  2. http://www.accesstoinsight.org/tipitaka/kn/snp/snp.3.11.than.html