សួង អរុណ ដេវិដ

ពីវិគីភីឌា
សួង អរុណដេវិដ-Soung Arun David
ជីវប្រវត្តិសង្ខេប
នាម​ពេញ សួង អរុណដេវិដ
រហស្សនាម ឱសថសេ្នហ៍, កវីឱសថសេ្នហ៍, សុវណ្ណភូមិដេវិឌ
អាជីព ពាណិជ្ជករ
ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ....
ស្រុកកំណើត ភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅប្រទេស New Zealand
ចំណង់ចំណូលចិត្ត កវីនិពន្ធខ្មែរ និងអង់គ្លេស
ភរិយា ...
ឪពុកឈ្មោះ "អ៊ួង យួម
ម្តាយឈ្មោះ យូ សុខុម

លោកសួងអរុណដេវិដ ជាកវីនិពន្ធម្នាក់នៅលើប្រព័ន្ធអុីនធឺណែត និងនៅកម្ពុជា ចំនួន១៥ឆ្នាំកន្លងមក។ ស្នាដៃរបស់លោក បានបង្ហោះ តាមរយៈវិបសាយនានា និងតាមរយៈ សារពត៌មាន នៅកម្ពុជា ដោយមានការស្វាគមន៍ ពីសំណាក់អ្នកអាន យ៉ាងជ្រាលជ្រៅសោមនស្សរីករាយ។

ជីវប្រវត្តិសង្ខេប[កែប្រែ]

លោកអរុណដេវិដ មានកំណើត នៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកសង្កែ ខេត្តបាត់ដំបង ប្រទេសកម្ពុជា ជាបុត្រមួយរូប ក្នុងត្រកូលកសិករធូរធារ។ លោកឪពុករបស់អរុណ ជាអ្នកកាសែត និងជាទាហាន។ ចំណែកម្ដាយវិញជាអ្នកជំនួញ។ នៅអាយុ៥ឆ្នាំ អរុណ បានចូលរៀននៅសាលាបឋមសិក្សាក្ដាំងងា នៅក្នុងភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកនិងខេត្តបាត់ដំបង។

សម័យប៉ុលពត ឆ្នាំ ១៩៧៥- ១៩៧៩[កែប្រែ]

១៩៧៥ ពួកទាហានលន់ណល់ នៅខេត្តបាត់ដំបង ប្រមាណ ៨០០០ គ្រួសារ ត្រូវបានពួកខ្មែរក្រហម យកទៅចាក់ចោល បង្អត់បាយ និង បាញ់សម្លាប់ចោល នៅភូមិអូរពងមាន់ ស្រុកបាត់ដំបង ក្នុងខេត្តបាត់ដំបង។ ជីវិតក្នុងវ័យកុមារភាពរបស់អរុណ បានជួបតែសេចក្ដីទុក្ខវេទនាខ្លាំងពិបាកនឹងពណ៌នាណាស់។ មានថ្ងៃមួយ ក្នុងឆ្នាំ១៩៧៦ ដែលពួកអតីតទាហានទាំងអស់ ត្រូវគេនាំយកទៅសម្លាប់ចោល នៅជ្រលងភ្នំមួយ (មិនចាំឈ្មោះ) ពេលដែលក្រុមគ្រួសារ អតីតជំនួយ ទាហានអាមេរិកាំង កំពុងធ្វើដំណើរ ទាំងអស់សង្ឃឹម ស្រាប់តែមានពួកឈ្លប ជិះកង់មកយ៉ាងលឿន ប្រាប់ពួកឃាតករ (អ្នកទទួលការងារសម្លាប់អ្នកក្បត់អង្គការ) ថា អង្គការលើកលែងទោសអោយហើយ ដូចនេះមិនមាន [ការកំទេចចោល] ទៀតទេ ហើយអង្គការបានប្រកាសថា អ្នកណាចង់ទៅរស់នៅ ស្រុកភូមិកំណើត ដែលធ្លាប់រស់នៅ អាចត្រឡប់ទៅវិញបាន តាមចិត្តចង់ ឬក៏ចង់នៅ អូរពងមាន់នេះក៏បានដែរ។ ពេលនោះ ឪពុករបស់អរុណ ក៏សម្រេចចិត្ត វិលត្រឡប់ ទៅនៅភូមិកំណើត ឯភូមិព្រែកខ្ពបវិញ ព្រោះតាយាយទាំងសងខាង ក៏កាន់តែចាស់ជរា ណាស់ទៅហើយ។ កាលនោះ អរុណ មានអាយុ ៨ឆ្នាំ ត្រូវបានចាប់បញ្ចូល ទៅក្នុងកងកុមារឈានមុខ ហើយត្រូវអង្គការ បញ្ជូនទៅកងកុមារនៅសមរភូមិក្ដៅជានិច្ច ម៉្លោះហើយ រូបគេ ក៏ត្រូវបែកពីឪពុកម្តាយ ស្ទើរតែមិនដែល បានជួបគ្នា សោះឡើយ។

នៅឆ្នាំ ១៩៧៧ ឪពុករបស់អរុណ ត្រូវបានពួកទមិឡចាប់យក ទៅសម្លាប់ចោល នៅវត្តសំរោងក្នុង ក្នុងរវាងថ្ងៃទី១៧​ ខែកក្កដា ។ ក្រុមគ្រួសារ របស់អរុណ បានបាត់បង់ ឪពុកមា ៣នាក់ ឪពុកធំម្នាក់ និង ឪពុករបស់អរុណ ផងដែរ។ ក្រោយពីបានដំណឹងនេះ ក្រុមគ្រួសាររបស់អរុណ បានទទួលនូវ ក្ដីសោកសង្រែង យ៉ាងខ្លាំង ក្រៃលែង។ កុមារអរុណផ្ទាល់ ធ្លាប់ត្រូវបានមេកងកុមារឈានមុខ នាំយក ទៅសម្លាប់ចោល នៅព្រៃសំបុកសត្វ ជិតទន្លេសាប។ កាលនោះ ពួកខ្មែរអោយកងកុមារមួយក្រុម ទៅចាំចំការពោត។ ដោយអស់កម្លាំងខ្លាំងពេក កុមារនាំគ្នាដេកលក់ បណ្តាលអោយ ហ្វូងស្វានាំគ្នា ឆ្លៀតឱកាស ចូលមកកាច់ពោត ក្នុងចំការស៊ី រប៉ាត់រប៉ាយ ទើបមេកងឈ្លបកុមារ បាននាំយកពួកកុមារជាង៣០នាក់ ទៅសម្លាប់ចោល។ សំណាងល្អ កុមារអរុណ មានប្រាជ្ញា រកមធ្យោបាយ រត់គេចខ្លួនផុត ពីការសម្លាប់នោះតែម្នាក់ឯងមក។

នៅពាក់កណ្ដាលឆ្នាំ១៩៧៨ កុមារអរុណ បានធ្លាក់ខ្លួនឈឹធ្ងន់ ហើយត្រូវគេបញ្ជូនមកដេកពេទ្យ នៅសាលាក្ដាំងងា។ ពេលកំពុងធ្វើដំណើរទៅពេទ្យ មីងជីដូនមួយ របស់កុមារអរុណ បានប្រទះឃើញ ក្មួយរបស់ខ្លួន ត្រូវគេដឹកទៅពេទ្យ ក៏លួចរត់ទៅជម្រាបម្តាយ របស់អរុណ។ ពេលនោះ ម្ដាយរបស់កុមារ បានយកមាស ចំនួនមួយតម្លឹង ដូរបានបារី៥ដើម យកទៅសូក មេកងកាន់កាប់មន្ទីរអ្នកឈឺ ដែលគ្រាន់តែជា រោងស្បូវ កញ្ចាស់ គ្មានគ្រឿងឬថ្នាំព្យាបាលទេ ក្រៅអំពី ទឹកដូងខ្ចី សម្រាប់ចាក់អ្នកជម្ងឺ។ ម្តាយអរុណ បានទទួចអង្វរ សុំយក អរុណ មកនៅព្យាបាលខ្លួន នៅផ្ទះមួយរយៈ ទម្រាំបានជាស្រួលបួល ទើបអោយ អរុណ ត្រឡប់មកកងកុមារវិញ។ ពេលនោះ មេកងកាន់កាប់មន្ទីររក្សាអ្នកជម្ងឺ បានទទួលបារីហើយ ក៏អនុញាតិ អោយកុមារអរុណ មកនៅផ្ទះជាមួយម្តាយវិញ។ ក្រោយមក ម្តាយអរុណ បានទាក់ទង អ៊ំម្នាក់ ឈ្មោះ ឃឿន ដែលធ្លាប់ស្គាល់គ្នា ជាមួយម្តាយរបស់អរុណ តាំងពីក្មេងៗ។ អ៊ំឃឿន ក៏បានជួយសម្រួល ជាមួយមេកងកម្មាភិបាលនិរតី ដែលមិនចេះ អានអក្សរ នោះ អោយអនុញាតិ អរុណ រស់នៅលាក់ខ្លួន ក្នុងភូមិ មួយរយៈតូច ព្រោះម្តាយអរុណ មិនចង់អោយកូន ត្រឡប់ទៅកងកុមារវិញ ព្រោះឃើញស្គមខ្លាំងពេក នៅសល់តែស្បែកនិងឆ្អឹង ជង្គង់ធំជាងក្បាល ម៉្យាងព្រោះភិតភ័យខ្លាច កុមារត្រូវស្លាប់ក្នុងពេលឆាប់ៗ គាត់មិនបាន ទាន់ដង្ហើម។ ម្តាយរបស់អរុណ ក៏បានជីកដី នៅក្រោមគ្រែ ដែលគាត់សម្រាន្ត ដែលមានរាងបណ្ដោយមួយម៉ែត្រជាង និងទទឹងកន្លះម៉ែត្រ ហើយជម្រៅកន្លះម៉ែត្រ ទាំងយប់ទាំងថ្ងៃ រហូតដល់ហើយ រួចហើយ គាត់បានប្រាប់ កុមារថា "ទីនេះជាឋានសួគ៌របស់កូនហើយ! បើកូនចង់រស់ កុំដើរទៅណាអោយសោះ ចាំម៉ែយក បបរចំណែកម៉ែ មកផ្ញើ។ ម្តាយរបស់អរុណ តែងតែលួចទុកបបរចំណែកគាត់ យកមកអោយ កុមារបរិភោគ ជារៀងរាល់ថ្ងៃ។ ថ្ងៃខ្លះទោះជារបបបបរ របស់គាត់ មានតិចតួចយ៉ាងណាក្ដី ក៏គាត់នៅឆ្លៀតចែករំលែកជានិច្ច។ ជួនកាល គាត់បេះផ្លែឈើព្រៃ មកផ្ញើ ពេលណាបបរមានតិច។

សំណាងល្អ! កំឡុងចុងឆ្នាំ១៩៧៨នោះ ម្តាយរបស់កុមារអរុណ មិនត្រូវបានគេបញ្ជូន អោយទៅធ្វើការឆ្ងាយពីភូមិឡើយ ទើបគាត់អាចនៅរក្សាកូន ក្រោមគ្រែ បានសុខសប្បាយ។ ពេលយប់ ម្តាយអរុណ មកសម្រានក្នុងខ្ទម ដែលប្រក់ស្លឹកដូង ប្រហែលពីរមែត្រ គុណបីមែត្រ ដែលមានប្អូនរបស់អរុណម្នាក់ គេងជាមួយ។ ចំណែកអរុណ ត្រូវគេងនៅក្រោមគ្រែ ក្នុងវិមានលុងដី រៀងរាល់ថ្ងៃ ជាទម្លាប់។ នៅរៀងរាល់យប់ ម្តាយរបស់អរុណ តែងតែនិទានប្រវត្តិជីវិត អោយកូនស្តាប់ ជានិច្ច។ ចំពោះអរុណ ចម្ងាយពីក្រោមគ្រែ ទៅម្តាយ នៅខាងលើគ្រែ ប្រហែលបីតឹក តែកុមារមានអារម្មណ៍ ហាក់ដូចជា មានចម្ងាយ រាប់សិបម៉ឺន គីឡូមែត្រពីគ្នា ទៅវិញ ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ កុមារតែងតែ លួងលោមខ្លួនឯងជានិច្ចថា ទោះជាគេរស់នៅក្នុង រណ្ដៅដ៏តូចចង្អៀតក៏ពិតមែន តែគេមាន សេចក្តីសុខ សុវត្ថិភាព និង​ មានសេរីភាព ពីការកៀបសង្កត់ របស់បក្សកុម្មុយនិស្ត ខ្មែរក្រហម ជាងកេ្មងៗទាំងឡាយ ក្នុងជំនាន់នោះ ម៉្យាងក៏ជាពិភពលោកមួយ ដែលរូបគេ មានឧិកាស បាននៅក្បែរម្តាយ ពេលគាត់ត្រឡប់មកផ្ទះវិញ​ ពីពលកម្មការងារ នៅពេលយប់។ មានកាលខ្លះ​កុមារត្រូវដាច់របប អត់បាយក្រហាយទឹក ព្រោះម្តាយ ត្រូវគេបង្ខំ អោយធ្វើការងារបន្ថែម តែពុំបានដល់កម្រិត ដែលអង្គការបានកំណត់ ម៉្លោះហើយ ត្រូវគេកាត់របប ប្រចាំថ្ងៃ មិនបាន ទទួលបបរគ្រប់ តាមចំណែកឡើយ។ កុមារអរុណ រស់នៅជាក្មេង ខ្វះជីវជាតិ ខ្វះពន្លឺថ្ងៃ មានជម្ងឺជាប្រចាំ ស្គាំងស្គមស្លេកស្លាំង ពិបាកនឹងពណ៌នា។

១៩៧៩-១៩៨៣[កែប្រែ]

ថ្ងៃ៧មករា១៩៧៩ គ្រួសាររបស់អរុណ បានបន្តការរស់នៅ ក្នុងភូមិដដែល ព្រោះទីនេះជាស្រុកកំណើតរបស់ពួកគេ តាំងពីសម័យដូនតាមក។ ពេលនោះ ម្តាយអរុណ បានប្រកបរបរ ជាអ្នកជួញដូរ ចុះឡើងទន្លេសាប ទិញប្រហុក ត្រីឆ្អើរ ត្រីងៀត មកលក់នៅភូមិព្រែកខ្ពបវិញ។ រីឯកុមារអរុណត្រូវនៅផ្ទះ គឺមើលប្អូនប្រុស និងទៅរៀន។ ពួកគេបានចូលរៀនវិញ បណ្តើរ តាមដែលអង្គការថ្មីបានរៀបចំ នៅសាលាបឋមសិក្សាក្ដាំងងា។ នៅឆ្នាំ ១៩៨២ កុមារអរុណ ក៏បានមកចូលរៀន នៅសាលាកំរិត២ វត្ដក្ដុល ភូមិវត្តក្ដុល ស្រុកបាត់ដំបង ដូចនេះ គេត្រូវជិះកង់ ហើយឆ្លងទូកដរ នៅវត្តកែវ ទៅរៀន រៀងរាល់ថ្ងៃ ។ កុមារបានចូលរៀន នៅថ្នាក់ទី៦ខ ក្នុងឆ្នាំ១៩៨២ និងថ្នាក់ទី៧ ក្នុងឆ្នាំ ១៩៨៣។ កុមារចងបានចងចាំ គ្រូគណិតវិទ្យា មួយរូប ឈ្មោះ គង់ គាន មានផ្ទះនៅជិតវត្តក្ដុល។

១៩៨៣-២០១២[កែប្រែ]

នៅដើមឆ្នាំ១៩៨៣ ម្តាយរបស់អរុណ បាននាំកូនប្រុសទាំងពីរ ភៀសខ្លួនចេញពីប្រទេសកម្ពុជា។ ដំបូង ម្តាយអរុណ គិថា​ ចង់មកស្វែងរក ឪពុក នៅទល់ដែន ក្រែងលោ លោកបានរត់គេចខ្លួន ផុតពីការសម្លាប់ របស់ខ្មែរក្រហម ព្រោះមានល្បីដំណឹង ថាមានជំរុំខ្មែរតស៊ូ នៅតាមជាយដែនជាច្រើន ។ ក្រោយពី ចំណាយពេល អស់ជាង៣ខែ នៅជំរុំណងចាន់ ដោយគ្មានបានដំណឹងពីឪពុក ម្តាយរបស់អរុណ បានសម្រេចចិត្ត នាំកូនៗភៀសខ្លួន​ ទៅជំរុំខៅអ៊ីដាង ដែលតាំងនៅក្នុង ស្រុកអារញ្ញ ខេត្រប្រាជីនបុរី ប្រទេសថៃ។ ពេលនោះ ពួកគេ បានដើរកាត់ព្រៃមួយយប់ ប្រកបដោយគ្រោះថ្នាក់ ស្លាប់និងរស់ស្មើគ្នា ប្រៀបដូចជា ការឆ្លងទៅយក ផ្ការាំទឹករាំ ដែលមានទាហានថៃ រំពៃលើប៉ម ចាំបាញ់សម្លាប់ជនភៀសខ្លួនខ្មែរ ដែលរត់ចូលជំរុំ ស្វែងរកសេចក្ដីសុខសន្តិភាព និងសេរីភាព ពីការកាប់សម្លាប់ របស់ខ្មែរក្រហម។

ពេលទៅដល់ជំរុំថ្មីនេះភ្លាម អរុណ បានបន្ដការរៀនសូត្រ នៅវិទ្យាល័យអង្គរវត្ត ពេលព្រឹក និង ចូលរៀន នៅ សាលាវិជ្ជាស្ថានអប់រំ ព្រះពុទ្ធសាសនានិងវប្បធម៌ខ្មែរ (វអពវខ) ពេលល្ងាច ដោយមានលោកគ្រូ ថាច់ អ៊ួងវារា ជានាយកសាលា ។ នៅឆ្នាំ១៩៨៥ យុវជនយើង បានរៀនចប់សញ្ញាបត្រទុទិយភូមិ ជំនាន់ទី១ ហើយបានរៀនភាសាអង់គ្លេស បារាំង ចិន និង ថៃ ហើយនៅឆ្នាំដដែល ព្រមទាំងបាន ចូលធ្វើការជា គលានុប្បដ្ឋយិកា (Nurse) និង ជាអ្នកបកប្រែភាសា ទាំងនេះនៅមន្ទីពេទ្យអន្តរជាតិ O.H.I ។ លុះធ្វើការ បានជាងមួយឆ្នាំ លោកអរុណ ក៏មានឈ្មោះ ត្រូវគេហៅ សម្ភាសន៍ ដើម្បីចូលទៅស្នាក់នៅ ប្រទេសញូស៊ីឡិនដ៏។ លោកអរុណ និងក្រុមគ្រួសាររបស់លោក បានចេញទៅនៅ ជំរុំឈុនបុរី មួយកំឡុងពេល ដើម្បីត្រៀមឯកសារជូន អន្តោប្រវេសន៍ ប្រទេសញូស៊ីឡិនដ៍ ហើយលោកបានឆ្លៀត ឧិកាស ប៉ុន្មានខែនោះ ចូលបង្រៀនគណិតវិទ្យា នៅសាលាវិទ្យាល័យ ជំរុំជនភៀសខ្លួន និង ធ្វើការជាអ្នក បកប្រែនៅ UN Resettlement ពេលល្ងាច។

១៩៨៧-១៩៨៨[កែប្រែ]

លោកអរុណ មានសេចក្ដីប្រាថ្នា ចង់រៀនខាង វិជ្ជសាស្រ្ត និង ចង់ក្លាយជាវិជ្ជបណ្ឌិត ដូច្នេះ ក៏បាន ចុះឈ្មោះចូលរៀននៅ មធ្យមសិក្សាថ្នាក់ 6th Form (Bac I) និង 7th Form (BacII) នូវមុខវិជ្ជាទាំងនេះ។ នៅចុងឆ្នាំ ១៩៨៨ លោកអរុណ ប្រឡងជាប់ Higher School Certificate នៅប្រទេសញូស៊ីឡិនដ៍សាជាថ្មី ម្តងទៀត។

១៩៨៩-១៩៩២[កែប្រែ]

នៅឆ្នាំ ១៩៨៩ លោកអរុណ បានចុះឈ្មោះរៀនខាង វិស្វករឧស្សាហកម្ម (Manufacturing and Industrial Technology) ហើយចំណាយពេល៤ឆ្នាំនៅទីនោះ និង New Zealand Diploma in Business Managements បានទទួលបរិញ្ញាបត្រ ២មុខ ផ្សេងទៀត។

១៩៩៩-២០១២[កែប្រែ]

នៅឆ្នាំ ១៩៩៩ លោកអរុណ មានឱកាសរៀនប្រើ Internet ហើយបានចុះឈ្មោះចូល ជាសមាជិកនៅ camweb.org ជាដំបូង ដោយបានចាប់ផ្តើម សរសេរកំណាព្យខ្មែរ នៅក្នុងគេហទំព័រនេះ មុនគេ។ លោកអរុណ ចូលចិត្តតែងកំណាព្យ តាំងពីនៅរៀន នៅវិជ្ជាស្ថានអប់អប់រំព្រះពុទ្ធសាសនាខ្មែរ (នៅជំរុំខៅអ៊ីដាង) ហើយបានចំណាត់ថ្នាក់លេខ១ ខាងមុខវិជ្ចានេះ រៀងរហូត។ ក្រោយពីបានចូល វែបសាយត៍ camweb.org លោកអរុណ បានប្រើរហស្សនាម ឱសថសេ្នហ៍ (Osothsnaeh) ហើយបានប្រើឈ្មោះប៉ាកា សុវណ្ណភូមិដេវិដ(Sovanndaphoum David) នៅទស្សនាវដ្ដីអង្គរធំ។ ក្រោយមកទៀត​ លោកបានចូលសរសេរ ចែកចាយកំណាព្យ នៅ វិបសាយ khmerbusiness.com របស់ លោក Piscasso ។ កំណាព្យទាំងឡាយនេះ ក៏ត្រូវបានគេយកទៅ ផ្សព្វផ្សាយបន្ត នៅវិបសាយដទៃទៀត ដូជា​ khmer.org, sopheapneary.com Sokhotey.com , lovekhmer.com, khmer.be, khmercc.com,cambodianview.com និងវិបសាយជាច្រើនទៀត ដែលបានក្ស័យទុន បិទអស់ទៅ។ ភាពល្បីល្បាញរបស់លោក មិនមែនមាននៅត្រឹមទំព័រវិបសាយ ប៉ុណ្ណោះទេ តែបានធ្លាយទៅផ្សព្វផ្សាយ នៅកម្ពុជា តាមរយៈ កាសែតកោះសន្តិភាព ទស្សនាវដ្ដីអង្គរធំ ទស្សនាវដ្ដីតារា និង ទស្សនាវដ្ដីប្រជាប្រិយ ជាប្រចាំ តាំងពីឆ្នាំ២០០៧ តរៀងមក។

មិនតែប៉ុណ្ណោះ លោកអរុណ ធ្លាប់បានចែករំលែកចំណេះតែងកាព្យ ដល់កូនខ្មែរដទៃទៀត មានទាំងព្រះសង្ឃ និងសិស្សទូទៅ រហូតដល់ចេះតែងកាព្យ បានយ៉ាងឆ្នើមចំណានៗជាទីបំផុត រួមទាំង កុលបុត្រខ្មែរដែលស្គាល់គ្នា តាមអនឡាញទៀតផង។ លោកអរុណ បានសរសេរកំណាព្យ រាប់ពាន់កំណាព្យ គ្រប់រសជាតិ ទាំងសេ្នហាក្រៀមក្រំ ផ្អែមល្ហែម អប់រំ ព្រះពុទ្ធសាសនា កំប្លែង បកស្រាយសុភាសិត ជាដើម។

ស្នាដៃកំណាព្យ[កែប្រែ]

ក្រៅពី ការផ្សាយស្នាដៃ ផ្នែកកំណាព្យ នៅវិបសាយនានា តាមកាសែត និងនៅតាមទស្សនាវដ្ដី លោកអរុណ បានបោះពុម្ភកូនសៀវភៅធម៌កំណាព្យ ១ក្បាល ដែលមាន ចំណងជើងថា ពេជ្ឃឃាតខន្ធ៥ បានបោះពុម្ភជាច្រើនលើក បន្ដិចម្ដងៗ នៅវត្ដគន្ធកុដ របស់លោកគ្រូប៊ុតសាវង្ស ដើម្បីចែកចាយ ជាធម្មទាន។ ក្រៅពីកំណាព្យខ្មែរ លោកបានសរសេរកំណាព្យ​ ជាភាសាអង់គ្លេស បានដាក់ផ្សាយនៅវិបសាយasianamericanpoetry.com មួយចំនួនផ្សេងទៀត និង មានកំណាព្យខ្លះ បានជាប់ចំណាត់លេខពិសេសទៀតផង។

ទស្សនវិស្ស័យរបស់លោកអរុណ គឺ -ខំរៀន -ខំរក -ខំសន្សំ -សេពគប់កល្យាណមិត្ត -ចែករំលែកចំណេះដឹង មិនកំណាញ់