Jump to content

សេចក្តីវិនាស ៥

ពីវិគីភីឌា

និយមន័យ

[កែប្រែ]


ពាក្យ​ថា វិនាស គឺ​ជា នាមសព្ទ ខ្ចី​មក​ពី​​ភាសា​បាលី និង សំស្ក្រឹត ប្រែ​ថា សេចក្ដី​ខូច​បង់, ការ​បាត់, បាត់បង់, ការ​ខូច​ខាត, សេចក្ដី​អន្តរាយ, ដំណើរ​លាញ, សូន្យ ឧទាហរណ៍ មាន​វិនាស ឬ មាន​សេចក្ដី​វិនាស ។ ខ្មែរ​ក៏​​ប្រើ​​ពាក្យ "វិនាស" ធ្វើ​ជា​កិរិយាសព្ទ​ផង​ដែរ ឧទាហរណ៍ ខ្ញុំ​ឆ្នាំ​នេះ​វិនាស​ទ្រព្យ​អស់​ច្រើន​ណាស់ ។ រីឯ​នាមសព្ទ​ថា "វិនាស​ការណ៍" គឺ​ជា​ ហេតុ, ដំណើរ​ដែល​នាំ​ឲ្យ​វិនាស ហើយ​ពាក្យ​ថា "វិនាសន្ត​រាយ" ដែល​ផ្សំ​ពី​ពាក្យ "វិនាស" និង "អន្តរាយ" ប្រែ​ថា អន្តរាយ​បាត់​ទៅ, អន្តរាយ​យ៉ាង​សម្បើម, អន្តរាយ​ធំ ។
ក្នុង​គម្ពីរព្រះត្រៃបិដក ពាក្យ "ព្យសនៈ" ឬ "ព្យសន៍" (អានថា ព្យស់) ត្រូវ​បាន​ជ្រើស​យក​មក​ប្រើ​សំដៅ​ន័យ​ថា ទុក្ខ, អំពើ​អាក្រក់, សេចក្ដី​វិនាស, ពុត​ត្បុត, ពុត​កំណាច ឧទាហរណ៍ ទូន្មាន​ប្រដៅ​ឲ្យ​អស់​ព្យសន៍ ឬ មាន​ពុត​ព្យសន៍ និង មាន​ពាក្យ​កាព្យ​ថា ជន​មាន​ពុត​ព្យសន៍ តែង​រំលស់ នូវ​សុខ​សួស្ដី នៅ​ក្នុង​ទី​ណា ទី​នោះ​អប្រិយ នាំ​ឲ្យ​មាន​ក្ដី ព្រួយ​ខ្វល់​ជានិច្ច ។ ​

សេចក្តីសង្ខេប

[កែប្រែ]

យោង​តាម​​គម្ពីរ​ទីឃនិកាយ ត្រង់​បាដិកវគ្គ (សៀវភៅ​លេខ ១៩ ទំព័រ​ទី ១៧៦) សេចក្តី​វិនាស​មាន​ ៥ ប្រការ គឺ ៖

  1. សេចក្តី​វិនាស​ញាតិ
  2. សេចក្តី​វិនាស​ភោគ​សម្បត្តិ​
  3. សេចក្តី​វិនាស​ព្រោះ​រោគ
  4. សេចក្តី​វិនាស​សីល
  5. សេចក្តី​វិនាស​ទិដ្ឋិ (គឺ​សម្មាទិដ្ឋិ)

សម្រង់​ពី​គម្ពីរព្រះត្រៃបិដក

[កែប្រែ]

[១៥៩] សេចក្តី​វិនាស ៥ យ៉ាង​ គឺ សេចក្តី​វិនាស​ញាតិ ១ សេចក្តី​វិនាស​ភោគសម្បត្តិ ១ សេចក្តី​វិនាស​ព្រោះ​រោគ ១ សេចក្តី​វិនាស​សីល ១ សេចក្តី​វិនាស​ទិដ្ឋិ ១ ។ ម្នាល​អាវុសោ​ទាំង​ឡាយ ពួក​សត្វ​លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិន​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​ហេតុ​តែ​សេចក្តី​វិនាស​ញាតិ​ក្តី ព្រោះ​ហេតុ​តែ​សេចក្តី​វិនាស​ភោគៈ​ក្តី ព្រោះ​ហេតុ​តែ​សេចក្តី​វិនាស​ដោយ​រោគ​ក្តី (នោះ​ទេ) ។ ម្នាល​អាវុសោ​ទាំង​ឡាយ ពួក​សត្វ​លុះ​បែក​ធ្លាយ​រាង​កាយ​ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ៗ កើត​ក្នុង​អបាយ​ ទុគ្គតិ វិនិបាត នរក ព្រោះ​ហេតុ​តែ​សេចក្តី​វិនាស​សីល ឬ ព្រោះ​តែ​សេចក្តី​វិនាស​ទិដ្ឋិ ។ ​

ឯកសារយោង

[កែប្រែ]
  1. វចនានុក្រម​ខ្មែរ របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត
  2. សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ សៀវភៅ​លេខ​១៩ ទំព័រ​ទី ១៧៦