Jump to content

សេទមោចនគាថា

ពីវិគីភីឌា

សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

សេទមោចនគាថា

[៣៧៩] ពួកភិក្ខុក្តី ពួកភិក្ខុនីក្តី មិនមានសំវាស [ពួកភិក្ខុក្តី ភិក្ខុនីក្តី ដែលត្រូវបារាជិក ឬមិនមែនជាបកតត្ត ឈ្មោះថា មិនមានសំវាស គឺធ្វើឧបោសថជាដើម ជាមួយនឹងសង្ឃមិនបានទេ។] សម្ភោគពួកមួយ គឺពួកភិក្ខុ ឬពួកភិក្ខុនី មិនបានក្នុងបុគ្គលនោះទេ [ការបម្រើ មានផ្ងូតទឹកជាដើម ពួកមាតុគ្រាម ធ្វើដល់ភិក្ខុមិនបាន លើកតែមាតាបង្កើត ឯភិក្ខុនី ក៏ដូចគ្នាដែរ។] ការនៅរួម មិនត្រូវអាបត្តិ [សេចក្តីនេះ ចំពោះភិក្ខុនី ដែលនៅជាមួយនឹងកូនប្រុសរបស់ខ្លួន ក្នុងទីប្រក់ ទីកំបាំងជាមួយគ្នាបាន។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨០] ព្រះមានព្រះភាគ ជាមហាឥសី (ទ្រង់ស្វែងរកនូវប្រយោជន៍ដ៏ប្រសើរ) ទ្រង់ត្រាស់ថា របស់៥យ៉ាង មិនត្រូវលះ មិនត្រូវចែក តែកាលបើភិក្ខុលះ និងប្រើប្រាស់ មិនត្រូវអាបត្តិ [មានក្នុងគរុភណ្ឌវិនិច្ឆ័យ ក្នុងសេនាសនក្ខន្ធកៈ ចុល្លវគ្គ។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨១] យើងមិនបានពោលចំពោះអវន្ទិយបុគ្គលទាំង១០ពួកទេ ទាំងអភព្វបុគ្គល១១ មានបណ្ឌកជាដើម ក៏លើកលែងដែរ តែភិក្ខុសំពះភិក្ខុចាស់ [គឺភិក្ខុថ្វាយបង្គំភិក្ខុអាក្រាត។] ត្រូវអាបត្តិ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨២] ភិក្ខុ មិនមែនជាភិក្ខុដែលសង្ឃលើកវត្ត ទាំងមិនមែនជាភិក្ខុដែលនៅបរិវាស មិនមែនជាអ្នកទំលាយសង្ឃ ទាំងមិនមែនជាអ្នកចូលពួកតិរ្ថិយ (ភិក្ខុនោះ) ឋិតនៅក្នុងភូមិនៃសមានសំវាសកៈ (ភូមិរបស់ភិក្ខុមានសំវាសស្មើគ្នា) តែភិក្ខុនោះ មិនសាធារណៈដោយសិក្ខា [អដ្ឋកថា សំដៅយកភិក្ខុដែលធ្លាប់ធ្វើជាខ្មាន់ព្រះកេសជាដើម ឯភិក្ខុបែបនេះ ព្រះអង្គ ទ្រង់បញ្ញត្តមិនឲ្យរក្សាកាំបិតកោរទុកទេ។] ដូចម្តេច ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨៣] មានបុគ្គលដែលចូលទៅសាកសួរធម៌ជាកុសល ប្រកបដោយប្រយោជន៍ បុគ្គលនោះ នឹងថារស់នៅ ក៏មិនមែន នឹងថាស្លាប់ ក៏មិនមែន នឹងថានិព្វាន ក៏មិនមែន។ ព្រះពុទ្ធទាំងឡាយ ត្រាស់ហៅបុគ្គលនោះថាដូចម្តេចទៅវិញ [បុគ្គលមានសភាពយ៉ាងនេះ គឺសំដៅយកពុទ្ធនិមិត្ត។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨៤] យើងមិនបានពោលចំពោះអវយវៈ តាំងពីដងកាំបិតឡើងទៅទេ ទាំងអវយវៈ តាំងពីផ្ចិតចុះមកក្រោម ក៏លើកលែងដែរ តែហេតុដូចម្តេច បានជាភិក្ខុត្រូវអាបត្តិបារាជិក ព្រោះមេថុនធម្ម [អដ្ឋកថា ថា សាកសពដែលគ្មានក្បាល មានតែភ្នែក និងមាត់ដុះត្រង់ទ្រូង ហើយភិក្ខុទៅសេពមេថុនធម្ម នឹងទ្វារមាត់ ត្រូវបារាជិក។] ជាបច្ច័យ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨៥] ភិក្ខុធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍គេមកដោយខ្លួនឯង ឥតមានពួកភិក្ខុសំដែងទីឲ្យ ធ្វើឲ្យកន្លងហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារៈ តែភិក្ខុនោះ មិនត្រូវអាបត្តិ [ព្រោះកុដិនោះ ភិក្ខុធ្វើប្រក់ដោយស្មៅ បានជាមិនត្រូវអាបត្តិ។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨៦] ភិក្ខុធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍គេមកដោយខ្លួនឯង ដែលមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ មិនមានហេតុទាស់ មានទីឧបចារៈ តែភិក្ខុនោះ ត្រូវអាបត្តិ [សំដៅយកកុដិ ដែលភិក្ខុធ្វើដោយដីសុទ្ធ (កុដិការសិក្ខាបទទី៦)។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨៧] ឧបសម្បន្ន មិនបានប្រព្រឹត្តប្រយោគអ្វីមួយ ប្រកបដោយកាយ ទាំងមិនបានពោលនឹងអ្នកដទៃ ដោយវាចា តែឧបសម្បន្ននោះ ត្រូវគរុកាបត្តិ ជាវត្ថុដាច់ចាកភិក្ខុនីភាវៈ [អដ្ឋកថា សំដៅយកភិក្ខុនី ដែលជួយបិទបាំងទោសភិក្ខុនីផងគ្នា។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨៨] បុគ្គលមានចិត្តស្ងប់រម្ងាប់ មិនបានធ្វើបាបបន្តិចបន្តួចដោយកាយក្តី វាចាក្តី ចិត្តក្តី បុគ្គលនោះ សង្ឃត្រូវឲ្យវិនាសចេញ ចុះធ្វើដូចម្តេច ទើបឈ្មោះថា ឲ្យវិនាសចេញដោយស្រួល [គឺបុគ្គលដែលជាអភព្វបុគ្គល១១ពួក ចូលមកបួស ទោះបីឥតប្រព្រឹត្តអាក្រក់សោះ ក៏ត្រូវតែឲ្យវិនាសគឺបណ្តេញចេញ។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៨៩] ភិក្ខុ កាលមិនចរចានឹងមនុស្សណាមួយ មួយទៀត កាលនឹងបញ្ចេញវាចា ក៏មិនបានពោលចំពោះអ្នកដទៃឡើយ តែភិក្ខុ (នោះ) ត្រឡប់ត្រូវអាបត្តិ ប្រកបដោយវាចា [គឺភិក្ខុដែលអង្គុយស្តាប់ព្រះបាតិមោក្ខ កាលបើគេសួរចំពោះអាបត្តិ មានពាក្យថា បើលោកមានអាបត្តិ ចូរប្រាប់ដោយច្បាស់លាស់មក ឯភិក្ខុនោះ ទុកជាមានអាបត្តិ ក៏នៅតែស្ងៀមយ៉ាងនោះ ត្រូវសម្បជានមុសាវាទ ព្រោះស្ងៀម។] មិនត្រូវអាបត្តិប្រកបដោយកាយ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩០] សិក្ខាបទទាំងឡាយ ដែលព្រះពុទ្ធដ៏ប្រសើរ ទ្រង់ពណ៌នាទុកថា សង្ឃាទិសេស៤សិក្ខាបទ ភិក្ខុនីត្រូវអាបត្តិទាំងអស់នោះ ដោយប្រយោគតែមួយ [អដ្ឋកថា ថា ភិក្ខុនីមួយរូប ចេញពីស្រុករបស់ខ្លួន ក្នុងបច្ចូសសម័យ គ្រាន់តែដល់ទៅត្រើយស្ទឹង អរុណក៏រះឡើង ភិក្ខុនីនោះ ត្រូវអាបត្តិ៤គឺ ១ត្រូវព្រោះនៅប្រាសចាករាត្រី ២ត្រូវព្រោះទៅកាន់ចន្លោះស្រុក ៣ត្រូវព្រោះឆ្លងស្ទឹង ៤ត្រូវព្រោះនៅប្រាសចាកគណៈ ទាំង៤នេះ ត្រូវដោយប្រយោគតែ១។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩១] ភិក្ខុនីពីររូប បានឧបសម្បទាក្នុងទីជាមួយគ្នា ភិក្ខុទទួលចីវរអំពីដៃនៃភិក្ខុនីទាំងពីររូប ត្រូវអាបត្តិផ្សេងៗគ្នា [ភិក្ខុទទួលចីវរ អំពីដៃភិក្ខុនី ដែលបានឧបសម្បទាតែខាងសំណាក់ភិក្ខុ ត្រូវបាចិត្តិយៈ ទទួលចីវរអំពីដៃភិក្ខុនី ដែលបានឧបសម្បទាតែខាងសំណាក់ភិក្ខុនី ត្រូវទុក្កដ។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩២] ជន គឺភិក្ខុ៤រូប បបួលគ្នាលួចគរុភណ្ឌ ឯភិក្ខុ៣រូប ត្រូវអាបត្តិបារាជិក ភិក្ខុ១រូប មិនត្រូវអាបត្តិបារាជិកទេ [ជន៤នាក់ គឺអាចារ្យ១រូប កូនសិស្ស៣រូប ប្រាថ្នានឹងលួចយកគរុភណ្ឌចំនួន៦មាសក ចំណែកអាចារ្យ បង្គាប់កូនសិស្សទាំង៣រូបថា អ្នកទាំងអស់គ្នាចូរយក១មាសកៗម្នាក់ៗ ចំណែកខាងខ្ញុះឯង យក៣មាសក ឯកូនសិស្សទី១ និយាយថា លោកអាចារ្យចូរយក៣មាសកចុះ លោកឯណោះយក១មាសក លោកឯណោះទៀត យក១មាសក ឯខ្លួនខ្ញុំក៏យក១មាសកដែរ កូនសិស្សទី២ ទី៣ ក៏និយាយដូចកូនសិស្សទី១ កូនសិស្សទាំង៣រូប ត្រូវអាបត្តិបារាជិកទាំងអស់គ្នា លោកអាចារ្យត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ កូនសិស្សទាំង៣រូប បានជាត្រូវអាបត្តិបារាជិក ព្រោះបង្គាប់ឲ្យគេយកដល់៥មាសក តែក្នុងអាណត្តិកបយោគ១ ឯអាចារ្យដែលជាអ្នកបង្គាប់ឲ្យសិស្សយកមួយៗមាសកម្នាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ ជាអាណត្តិកបយោគ ដែលយកចំពោះខ្លួន៣មាសកនោះ ក៏ត្រូវអាបត្តិថុល្លច្ច័យដែរ តែជាសហត្ថិកបយោគ។ ឯសាហត្ថិកបយោគ និងអាណត្តិកបយោគនេះ រាប់បញ្ចូលគ្នាមិនបានទេ ដូចជាភិក្ខុលួចដោយសាហត្ថិកបយោគ៣មាសក លួចដោយអាណត្តិកបយោគ៣មាសក ត្រូវជា៣មាសកពីរដង ភិក្ខុនោះត្រូវទោសតែត្រឹមអាបត្តិថុល្លច្ច័យ ព្រោះក្នុងបយោគមួយៗ មិនគ្រប់ចំនួន៥មាសក។ បើលួចដោយសាហត្ថិកៈ១មាសក លួចដោយអាណត្តិកៈ៥មាសក ទើបត្រូវអាបត្តិបារាជិក ព្រោះក្នុងអាណត្តិកបយោគ១នោះ គ្រប់ចំនួន៥មាសក។ ឯលួចដោយសាហត្ថិកបយោគ១មាសកនោះ ត្រូវតែត្រឹមអាបត្តិទុក្កដ។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩៣] ស្រីនៅខាងក្នុង ភិក្ខុនៅខាងក្រៅ ក្នុងផ្ទះនោះ ឥតប្រហោងសោះ ដូចម្តេចបានជាភិក្ខុត្រូវអាបត្តិបារាជិក [បានជាត្រូវបារាជិក ព្រោះផ្ទះក្នុងទីនេះ លោកសំដៅយកសំពត់ទេ ព្រោះថាភិក្ខុអាចប្រព្រឹត្តធ្វើមេថុនធម្មទាំងសំពត់បាន។] ព្រោះសេពមេថុនធម្មជាបច្ច័យ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩៤] ឧបសម្បន្ន ទទួលប្រេង ទឹកឃ្មុំ ទឹកអំពៅ និងទឹកដោះរាវ ហើយទុកដាក់ដោយខ្លួនឯង ទុកជាមិនទាន់កន្លង៧ថ្ងៃនៅឡើយ កាលបើមានបច្ច័យហើយឆាន់ ត្រូវអាបត្តិ [ភិក្ខុនី បើគ្មានជម្ងឺ ហើយសូមភេសជ្ជៈ មានប្រេងជាដើម យកមកឆាន់ ត្រូវអាបត្តិបាដិទេសនីយៈ បើសូមបានមក មិនទាន់បានឆាន់នៅឡើយ ហើយភេទក៏ក្លាយទៅជាភិក្ខុទៅ ឯភេសជ្ជៈនោះ ទុកជាមិនទាន់កន្លងហួស៧ថ្ងៃ បើភិក្ខុនោះយកមកឆាន់ ក៏នៅតែត្រូវអាបត្តិបាដិទេសនីយៈដែរ។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩៥] ភិក្ខុត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយៈ និងសុទ្ធកបាចិត្តិយៈ ក្នុងខណៈជាមួយគ្នា [ភិក្ខុបង្អោនចីវរជាសង្ឃលាភពីរ គឺចីវរ១ ដើម្បីខ្លួន ត្រូវនិស្សគ្គិយបាចិត្តិយ ចីវរ១ទៀត ដើម្បីបុគ្គលដទៃវិញ ត្រូវបាចិត្តិយៈ។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩៦] ភិក្ខុ២០រូបមកប្រជុំគ្នា មានសេចក្តីសំគាល់ថា ព្រមព្រៀងគ្នា ហើយធ្វើសង្ឃកម្មទៅ មានភិក្ខុ១រូប ឋិតនៅក្នុងទីឆ្ងាយ មានប្រមាណ១២យោជន៍ក៏មាន ចុះហេតុដូចម្តេច បានជាសង្ឃកម្មនោះកម្រើក [អដ្ឋកថា ថា កម្មនេះបានជាកម្រើក ព្រោះភិក្ខុដែលនៅចម្ងាយ១២យោជន៍នោះ ឋិតនៅក្នុងគាមសីមាជាមួយគ្នា។] ព្រោះបច្ច័យ គឺកម្មនោះជាពួក ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩៧] ភិក្ខុត្រូវគរុកាបត្តិទាំងអស់៦៤ ជាអាបត្តិដែលខ្លួនកែបាន ក្នុងខណៈជាមួយគ្នា ដោយគ្រាន់តែឈានជំហានទៅ និងពោលដោយវាចា [អដ្ឋកថា ថា សំដៅយកភិក្ខុដែលទទួលពាក្យបណ្តាំរបស់បុរស ទៅប្រាប់ដំណឹងដល់ពួកស្ត្រីចំនួន៦៤នាក់ ដើម្បីឲ្យបានជាប្រពន្ធរបស់បុរសនោះ បានជាត្រូវគរុកាបត្តិដល់៦៤តាមចំនួនស្ត្រីទាំងនោះ។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩៨] ភិក្ខុស្លៀកស្បង់ គ្រងសង្ឃាដិមានជាន់ពីរ តែចីវរទាំងអស់នោះ ជានិស្សគ្គិយៈ [សំដៅយកចីវរ ដែលភិក្ខុប្រើភិក្ខុនីឲ្យលាង។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៣៩៩] ញត្តិ (របស់បុគ្គលនោះ) ក៏មិនមាន ទាំងកម្មវាចាសោត ក៏មិនមាន សូម្បីព្រះជិនស្រី ក៏មិនបានត្រាស់ហៅថា ឯហិភិក្ខុទេ ម្យ៉ាងទៀត សរណគមន៍ របស់បុគ្គលនោះ ក៏មិនមាន (ចុះហេតុអ្វីបានជា) ឧបសម្បទា របស់បុគ្គលនោះ មិនកម្រើក [សំដៅយកឧបសម្បទារបស់នាងមហាបជាបតិ ដែលគ្រាន់តែទទួលគរុធម៌៨ប្រការ មិនបាច់តាំងញត្តិ និងសូត្រកម្មវាចា ក៏បានឡើងជាភិក្ខុនីភាវៈ (ហៅថាអដ្ឋគរុធម្មប្បដិគ្គហណឧបសម្បទា)។] (គឺបានឧបសម្បទាពេញបរិបូណ៌) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០០] បុគ្គលល្ងង់ សម្លាប់ស្ត្រីមិនមែនជាមាតា សម្លាប់បុរសមិនមែនជាបិតា សម្លាប់បុគ្គលមិនមែនជាព្រះអរិយៈ បុគ្គលនោះ ត្រូវអនន្តរិយកម្ម ព្រោះការសម្លាប់នោះ [អដ្ឋកថា បុគ្គលនោះ គឺជាមាតា និងបិតាពិត គ្រាន់តែមាតាក្លាយភេទជាបិតា បិតាក្លាយភេទជាមាតាវិញ សម្លាប់បុគ្គលមិនមែនជាព្រះអរិយៈនោះ គឺសម្លាប់មាតា និងបិតា។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០១] បុគ្គលសម្លាប់ស្ត្រីដែលជាមាតាពិត សម្លាប់បុរសដែលជាបិតាពិត លុះសម្លាប់មាតាបិតាហើយ ក៏មិនត្រូវអនន្តរិយកម្ម ព្រោះការសម្លាប់នោះ [សំដៅយកកូនជាមនុស្ស មាតា និងបិតាជាសត្វតិរច្ឆាន បើសម្លាប់មាតា និងបិតាជាសត្វតិរច្ឆានយ៉ាងនេះ មិនត្រូវអនន្តរិយកម្មទេ។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០២] ភិក្ខុមិនបានចោទ មិនបានរំលឹក ហើយធ្វើកម្មដល់បុគ្គលដែលមាននៅក្នុងទីកំបាំងមុខ កម្មដែលភិក្ខុធ្វើនោះ ឈ្មោះថា ធ្វើប្រពៃហើយ ទាំងការកសង្ឃ ក៏មិនត្រូវអាបត្តិ [សំដៅយក ទូតេន ឧបសម្បទា ដែលព្រះអង្គ ទ្រង់អនុញ្ញាតឲ្យនាងអឌ្ឍកាសីគណិកា ព្រោះនាងនោះចង់មកបួសក្នុងសំណាក់ព្រះអង្គ តែមកមិនរួច ព្រោះពួកបុរស ចាំស្កាត់ពាក់កណ្តាលផ្លូវ បានជាព្រះអង្គ ទ្រង់អនុញ្ញាតឲ្យឧបសម្បទាដោយទូតបាន។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០៣] ភិក្ខុបានចោទ បានរំលឹក ហើយធ្វើកម្មដល់បុគ្គលដែលមាននៅក្នុងទីចំពោះមុខ ឯកម្មដែលភិក្ខុនោះធ្វើហើយ ឈ្មោះថា មិនបានធ្វើទៅវិញ ទាំងការកសង្ឃ ក៏ត្រូវអាបត្តិ [អដ្ឋកថា ថា សំដៅយក ភិក្ខុឲ្យឧបសម្បទា ដល់អភព្វបុគ្គល មានបណ្ឌកជាដើម។ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០៤] ភិក្ខុកាត់ ត្រូវអាបត្តិក៏មាន [កាត់វត្ថុមានដើមឈើជាដើម។] ភិក្ខុកាត់ មិនត្រូវអាបត្តិក៏មាន [កាត់ក្រចក ឬកាត់សក់។] ភិក្ខុបិទបាំង ត្រូវអាបត្តិក៏មាន [បិទបាំងអាបត្តិទុក។] ភិក្ខុបិទបាំង មិនត្រូវអាបត្តិក៏មាន [បិទបាំងទីលំនៅ មានផ្ទះជាដើម។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០៥] ភិក្ខុពោលពាក្យពិត ត្រូវគរុកាបត្តិក៏មាន [ភិក្ខុពោលពាក្យចំពោះទ្វារមគ្គជាដើម របស់ស្រី។] ពោលពាក្យកុហក ត្រូវលហុកាបត្តិក៏មាន [ពោលសម្បជានមុសាវាទ។] ពោលពាក្យកុហក ត្រូវគរុកាបត្តិក៏មាន [ពោលប្រាប់ឧត្តរិមនុស្សធម្ម។] ពោលពាក្យពិត ត្រូវលហុកាបត្តិក៏មាន [ប្រាប់ឧត្តរិមនុស្សធម្ម ដែលមានក្នុងសន្តានពិត ដល់អនុប្បសម្បន្ន។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០៦] ចីវរភិក្ខុបានអធិដ្ឋាន បានជ្រលក់ដោយគ្រឿងជ្រលក់ បានធ្វើពិន្ទុកប្បៈ ត្រឹមត្រូវហើយ តែភិក្ខុនោះប្រើប្រាស់ ត្រូវអាបត្តិ [អដ្ឋកថា ថា ចីវរដែលជានិស្សគ្គិយៈ ភិក្ខុមិនលះបង់ជាវិនយកម្មសិន ហើយប្រើប្រាស់។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០៧] កាលបើព្រះអាទិត្យអស្តង្គតហើយ ភិក្ខុឆាន់សាច់ ភិក្ខុនោះមិនមែនជាភិក្ខុឆ្កួត ទាំងមិនមែនជាភិក្ខុមានចិត្តរវើរវាយ ទាំងមិនមែនជាភិក្ខុមានវេទនាគ្របសង្កត់ តែភិក្ខុនោះ មិនត្រូវអាបត្តិ [សំដៅយករោមដ្ឋកភិក្ខុ គឺភិក្ខុជាអ្នកទំពាអៀង ព្រះអង្គ ទ្រង់អនុញ្ញាតឲ្យទំពាអៀងបាន ព្រោះភិក្ខុនោះធ្លាប់យោនយកកំណើតជាគោ (មានក្នុងខុទ្ទកវត្ថុក្ខន្ធកៈទី៥ ចុល្លវគ្គ)។] ទាំងធម៌នោះសោត ក៏ព្រះសុគត ទ្រង់បានសំដែងហើយ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០៨] ភិក្ខុនោះមិនមានតម្រេក មិនមានថេយ្យចិត្ត ទាំងមិនបានគិត ដើម្បីសម្លាប់អ្នកដទៃ កាលភិក្ខុនោះឲ្យស្លាក រមែងដាច់ចាកភិក្ខុភាវៈ [សំដៅយកភិក្ខុអ្នកបំបែកសង្ឃ កាលភិក្ខុនោះចែកស្លាកឲ្យពួកភិក្ខុ ដែលចូលដៃនឹងខ្លួន ត្រូវអាបត្តិបារាជិក។] ភិក្ខុអ្នកទទួលស្លាក ត្រូវថុល្លច្ច័យ [ឯភិក្ខុដែលប្រព្រឹត្តតាមភិក្ខុអ្នកបំបែកសង្ឃនោះ ត្រូវថុល្លច្ច័យ។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤០៩] ទីនោះ មិនមែនជាសេនាសនៈនៅក្នុងព្រៃ ដែលគេសន្មតថា ប្រកបដោយសេចក្តីរង្កៀសទេ ទាំងសង្ឃ ក៏មិនបានឲ្យសម្មតិ ទាំងភិក្ខុនោះ ក៏មិនបានក្រាលកឋិន (បើភិក្ខុនោះ) ទុកចីវរក្នុងទីនោះ ហើយទៅកាន់ទីមានប្រមាណកន្លះយោជន៍ លុះអរុណរះឡើង ភិក្ខុនោះ ក៏មិនត្រូវអាបត្តិឡើយ [អដ្ឋកថា ថា បានជាមិនត្រូវអាបត្តិ ព្រោះភិក្ខុនោះ ទៅនៅអាស្រ័យក្រោមម្លប់ឈើរបស់ត្រកូល១ មានមែកធំ ហើយវែង ចំនួន១យោជន៍ ឬ២យោជន៍ ទោះបីភិក្ខុនោះទុកដាក់ចីវរក្រោមម្លប់ឈើនោះ ហើយដើរទៅចម្ងាយកន្លះយោជន៍ ហើយអរុណរះឡើង ក៏មិនត្រូវអាបត្តិ ដ្បិតមិនផុតពីម្លប់នៅឡើយ។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១០] ភិក្ខុត្រូវអាបត្តិទាំងពួង មានវត្ថុផ្សេងៗគ្នា ប្រកបដោយកាយ មិនប្រកបដោយវាចា ក្នុងខណៈជាមួយគ្នា មិនមុនមិនក្រោយ [សំដៅយកភិក្ខុដែលចាប់សក់ ឬម្រាមដៃជាដើម របស់ស្ត្រីច្រើននាក់ ក្នុងវេលាជាមួយគ្នា។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១១] ភិក្ខុត្រូវអាបត្តិទាំងពួង មានវត្ថុផ្សេងៗគ្នា ប្រកបដោយវាចា មិនប្រកបដោយកាយ ក្នុងខណៈជាមួយគ្នា មិនមុនមិនក្រោយ [គឺភិក្ខុពោលពាក្យអាក្រក់ ចំពោះទ្វារមគ្គជាដើម របស់ស្ត្រីច្រើននាក់ ក្នុងវេលាជាមួយគ្នា។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១២] ឧបសម្បន្ន មិនសេពមេថុននឹងស្រី៣ពួកនោះ និងបុរស៣ពួក មួយទៀត មិនសេពមេថុននឹងអនរិយជន គឺឧភតោព្យញ្ជនក៣ពួក និងបណ្ឌក៣ពួក មួយទៀត មិនបានប្រព្រឹត្តមេថុនក្នុងព្យញ្ជនៈ គឺដោយអំណាចនៃអនុលោមបារាជិកសោះឡើយ តែឧបសម្បន្ននោះ ត្រូវឆេជ្ជវត្ថុ ព្រោះមេថុនធម្មជាបច្ច័យ [អដ្ឋកថា ថា សំដៅយកអដ្ឋវត្ថុកបារាជិករបស់ភិក្ខុនី។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១៣] ភិក្ខុសូមចីវរនឹងមាតា តែមិនមែនជាចីវរ ដែលមាតាបង្អោនទៅដើម្បីសង្ឃ ភិក្ខុនោះត្រូវអាបត្តិ ព្រោះហេតុអ្វី [សំដៅយកភិក្ខុសូមសំពត់វស្សិកសាដក អំពីមាតា ក្នុងបិដ្ឋិសម័យ គឺសម័យខាងខ្នងរដូវ រាប់តាំងអំពី១រោច ខែកត្តិក រហូតដល់១៥កើត ខែជេស្ឋ។] មួយទៀត ភិក្ខុមិនត្រូវអាបត្តិ ព្រោះសូមចីវរនឹងពួកញាតិ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១៤] បុគ្គលក្រោធខឹង ហើយត្រឡប់ទៅជាត្រេកអរវិញ [បានដល់ពួកតិរ្ថីយ៍ដែលកំពុងបំពេញវត្ត កាលបើឮគេសរសើរគុណពួកតិរ្ថីយ៍ ទុកជាខឹងហើយ ក៏ត្រឡប់ទៅជាត្រេកអរវិញ។] បុគ្គលក្រោធខឹងហើយ គួរនឹងតិះដៀល [កាលបើគេសរសើរគុណព្រះរតនត្រ័យ បើបុគ្គលណាខឹង បុគ្គលនោះ ឈ្មោះថា គួរនឹងតិះដៀល។] បុគ្គលក្រោធខឹងហើយ គួរនឹងសរសើរ ដោយធម៌ណា ធម៌នោះ តើឈ្មោះដូចម្តេច ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១៥] បុគ្គលដែលត្រេកអរ ហើយក៏ត្រេកអរថែមទៀត បុគ្គលដែលត្រេកអរហើយ តែគួរនឹងតិះដៀល បុគ្គលដែលត្រេកអរហើយ តែគួរនឹងតិះដៀល ដោយធម៌ណា ធម៌នោះ តើឈ្មោះដូចម្តេច ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១៦] ឧបសម្បន្ន ត្រូវអាបត្តិសង្ឃាទិសេស (លាយដោយអាបត្តិ) ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ និងទុក្កដ ក្នុងខណៈជាមួយគ្នា [អដ្ឋកថា ថា ភិក្ខុនីមានតម្រេក ទទួលបិណ្ឌបាតអំពីដៃបុរស ដែលមានតម្រេកដែរ យកមកលាយគ្នានឹងសាច់មនុស្ស ខ្ទឹម បណីតភោជន និងសាច់ជាអកប្បិយៈដ៏សេស ហើយយកមកឆាន់ ត្រូវអាបត្តិទាំងនោះ គឺត្រូវថុល្លច្ច័យ ព្រោះឆាន់សាច់មនុស្ស ត្រូវបាចិត្តិយៈ ព្រោះឆាន់ខ្ទឹម ត្រូវបាដិទេសនីយៈ ព្រោះឆាន់បណីតភោជន មានទឹកដោះរាវជាដើម ត្រូវទុក្កដ ព្រោះឆាន់សាច់ជាអកប្បិយៈដ៏សេស បានជាត្រូវអាបត្តិទាំងនោះជាមួយគ្នា ព្រោះយករបស់ទាំងអស់នេះ មកលាយចូលគ្នា ហើយឆាន់។] ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១៧] កុលបុត្រ២រូប មានឆ្នាំ២០គ្រប់គ្រាន់ហើយ ឯកុលបុត្រទាំង២រូបនោះ សឹងមានឧបជ្ឈាយ៍ជាមួយគ្នា អាចារ្យជាមួយគ្នា កម្មវាចាជាមួយគ្នា តែកុលបុត្រមួយរូប ជាឧបសម្បន្ន គឺបានឡើងជាភិក្ខុ មួយរូបទៀត ជាអនុបសម្បន្ន [អដ្ឋកថា ថា សាមណេរមានឫទ្ធិ ហោះទៅឯអាកាស ឬមុជជ្រែក ទៅអង្គុយក្នុងផែនដីសូម្បីប៉ុនចុងចំរៀកសក់ ក៏មិនឡើងឧបសម្បទាជាភិក្ខុឡើយ ម្យ៉ាងទៀត ចំណែកខាងសង្ឃ បើឋិតនៅឯអាកាស ក៏កម្មនោះ កម្រើកដែរ។] គឺនៅជាសាមណេរ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១៨] សំពត់ដែលភិក្ខុមិនបានធ្វើកប្បពិន្ទុ ទាំងមិនបានជ្រលក់ដោយគ្រឿងជ្រលក់ ភិក្ខុស្លៀកពាក់សំពត់នោះហើយ ដើរទៅដោយគួរតាមប្រាថ្នា ភិក្ខុនោះមិនត្រូវអាបត្តិ [ភិក្ខុដែលចោរដណ្តើមយកចីវរ ទុកជាស្លៀកពាក់សំពត់យ៉ាងនោះ ក៏មិនត្រូវអាបត្តិ។] ទាំងធម៌នោះសោត ក៏ព្រះសុគត ទ្រង់សំដែងហើយ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤១៩] ឧបសម្បន្ន១ មិនបានឲ្យ ឧបសម្បន្ន១ មិនបានទទួល ព្រោះហេតុនោះ ការទទួលមិនមានទេ តែឧបសម្បន្ននោះ ត្រូវគរុកាបត្តិ [ភិក្ខុនីជាអ្នកបញ្ជូន ក៏មិនឲ្យ ភិក្ខុនីដែលត្រូវគេបញ្ជូន ក៏មិនបានទទួលអំពីដៃភិក្ខុនីដែលជាអ្នកបញ្ជូននោះ តែភិក្ខុនីជាអ្នកបញ្ជូន ត្រូវអាបត្តិសង្ឃាទិសេស ក្នុងពេលដែលភិក្ខុនីត្រូវគេបញ្ជូនថាទទួលបិណ្ឌបាតអំពីដៃបុរស ដែលមានសេចក្តីត្រេកអរ តាមពិតនោះ គឺត្រូវក្នុងពេលដែលភិក្ខុនីត្រូវគេបញ្ជូនបរិភោគរួចជាស្រេច។ មានពិស្តារក្នុងភិក្ខុនីវិភង្គ បច្ចេកភាគទី៥ ត្រង់សង្ឃាទិសេសសិក្ខាបទទី៦ ទំព័រ ៦៤ អដ្ឋកថា ក៏មានដូចគ្នា។] មិនមែនជាលហុកាបត្តិ កាលដែលនឹងត្រូវអាបត្តិនោះ ក៏ត្រូវព្រោះការបរិភោគ ជាបច្ច័យ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤២០] ឧបសម្បន្ន១ មិនបានឲ្យ ឧបសម្បន្ន១ មិនបានទទួល ព្រោះហេតុនោះ ការទទួលមិនមានទេ តែឧបសម្បន្ននោះ ត្រូវលហុកាបត្តិ [ត្រង់គាថាទី២នេះ គឺភិក្ខុនីនោះដដែល បានជាត្រូវលហុកាបត្តិ ព្រោះវត្ថុនោះជាទឹក និងឈើស្ទន់ ឯកិច្ចដែលត្រូវអាបត្តិនោះ មានវិធីដូចគ្នានឹងគាថាទី១។] មិនមែនជាគរុកាបត្តិទេ កាលដែលត្រូវអាបត្តិនោះ ក៏ត្រូវព្រោះការបរិភោគ ជាបច្ច័យ ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

[៤២១] ឧបសម្បន្នមិនមែនជាភិក្ខុនី ត្រូវគរុកាបត្តិ ជាសាវសេសាបត្តិ ហើយបិទបាំងទុក ព្រោះអាស្រ័យសេចក្តីមិនអើពើ [សំដៅយកឧក្ខិត្តកភិក្ខុ គឺភិក្ខុដែលសង្ឃលើកវត្ត ព្រោះភិក្ខុនោះ មិនត្រូវមានវិនយកម្មជាមួយនឹងសង្ឃទេ ព្រោះហេតុនោះ បានជាត្រូវអាបត្តិសង្ឃាទិសេស ហើយបិទបាំងទុក មិនត្រូវទោសព្រោះបិទបាំង។] តែមិនត្រូវទោស ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។

ចប់ សេទមោចនគាថា ។

ឧទ្ទាន គឺបញ្ជីរឿងនៃសេទមោចនគាថានោះដូច្នេះ

[៤២២] និយាយអំពីមិនមានសំវាស១ គរុភណ្ឌ៥ ដែលភិក្ខុលះមិនបាន១ អវន្ទិយបុគ្គល១០ពួក១ ភិក្ខុដែលសង្ឃមិនបានលើកវត្ត១ បុគ្គលដែលចូលទៅសាកសួរធម៌១ អវយវៈត្រឹមដងកាំបិតទៅលើ១ ភិក្ខុធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍គេមកដោយខ្លួនឯង មាន២ប្រស្នា១ ភិក្ខុនីប្រព្រឹត្តប្រយោគ មិនប្រកបដោយកាយ ត្រូវគរុកាបត្តិ១ ភិក្ខុមិនធ្វើបាបប្រកបដោយកាយ ដែលសង្ឃត្រូវឲ្យវិនាសដោយល្អ១ ភិក្ខុមិនចរចា១ សិក្ខាដែលព្រះអង្គទ្រង់សំដែង១ ភិក្ខុនីពីររូប បានឧបសម្បទាជាមួយគ្នា១ ជន គឺភិក្ខុ៤រូប បបួលគ្នាទៅលួចគរុភណ្ឌ១ ស្រីនៅក្នុង ភិក្ខុនៅក្រៅ១ ភិក្ខុទទួលប្រេងជាដើម១ ភិក្ខុត្រូវអាបត្តិនិស្សគ្គិយៈ និងបាចិត្តិយៈ ក្នុងខណៈជាមួយ១ ភិក្ខុ២០រូប មកប្រជុំគ្នា១ ភិក្ខុត្រូវគរុកាបត្តិ ដោយគ្រាន់តែឈានជំហាន១ ភិក្ខុស្លៀកស្បង់ជាដើម១ ឧបសម្បទាមិនមានញត្តិជាដើម១ បុគ្គលសម្លាប់មាតាបិតា តែមិនត្រូវអនន្តរិយកម្ម១ ភិក្ខុមិនបានចោទ១ ភិក្ខុបានចោទ១ ភិក្ខុកាត់១ ភិក្ខុពោលពាក្យពិត១ ចីវរដែលភិក្ខុបានអធិដ្ឋានហើយ១ ភិក្ខុឆាន់សាច់ក្នុងវេលាព្រះអាទិត្យអស្តង្គត១ ភិក្ខុមិនមានចិត្តត្រេកអរ១ ទីសេនាសនៈ ដែលមិនបានតាំងនៅក្នុងព្រៃ១ ភិក្ខុត្រូវអាបត្តិ មិនប្រកបដោយកាយ ប្រកបតែដោយវាចា១ ស្រី៣ពួក១ ភិក្ខុសូមចីវរនឹងមាតា១ បុគ្គលក្រោធខឹង ហើយត្រឡប់ជាត្រេកអរ១ បុគ្គលត្រេកអរ ហើយក៏ត្រេកអរថែមទៀត១ ឧបសម្បន្ន ត្រូវអាបត្តិសង្ឃាទិសេសជាដើម១ កុលបុត្រ២រូប១ សំពត់ដែលភិក្ខុមិនបានធ្វើពិន្ទុកប្បជាដើម១ ឧបសម្បន្នមួយរូប មិនបានឲ្យ១ ឧបសម្បន្នមួយរូប បានឲ្យ១ ឧបសម្បន្នត្រូវគរុកាបត្តិ១ ចប់សេទមោចនិកាគាថា ប្រស្នាដែលលោកអ្នកប្រាជ្ញ បានសំដែងឲ្យច្បាស់លាស់ហើយ។


ឯកសារ​យោង

[កែប្រែ]
  1. ព្រះត្រៃបិដក > វិន័យបិដក > បរិវារវគ្គ