ជ័យជេស្ឋាទី៣
ជ័យជេស្ឋាទី៣ | ||||
រជ្ជកាល | ១៦៧៦-១៦៩៥ | |||
គ្រងរាជ |
| |||
រាជសម័យ | សម័យកាលឧដុង្គ | |||
ព្រះនាមពេញ | ព្រះបាទសម្ដេច ព្រះស្រីជ័យជេស្ឋា ព្រះបរមរាមាធិបតី | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ព្រះកែវហ្វាទី២ | |||
រាជបន្ត | រាមាធិបតីទី១ | |||
សន្តិវង្ស | រាជវង្សឧដុង្គ | |||
ប្រសូត្រ | ១៦៥៧ | |||
បុត្រ | ស្រីធម្មរាជ | |||
ចូលទីវង្គត់ | ១៧០៦ | |||
ជំនឿសាសនា | ពុទ្ធសាសនា និកាយថេរវាទ
(Buddha Theravada) |
ជ័យជេស្ឋាទី៣ ឬ អង្គស៊ូ (អង់គ្លេស: Chey Chestha III) or (Ang Suo) (ប្រ.ស|គ.ស ១៦៥៧-១៧០៦) រជ្ជកាលគ្រងរាជ (គ.ស ១៦៧៦-១៦៩៥) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២២០ ត្រូវនិង គ.សករាជ ១៦៧៦ ត្រូវនិង មហាសករាជ ១៥៩៩ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះស្រីជ័យជេស្ឋា ព្រះបរមរាមាធិបតី" ព្រះអង្គជាព្រះអនុច (ប្អូនបង្កើត) ព្រះកែវហ្វាទី២ អង្គជី ព្រះអង្គឡើងគ្រងរាជដោយការលើកទ័ពជំនួយសៀម បណ្ដេញកងទ័ពព្រះអង្គនន់ទី២ ចេញពីក្រុងឧដុង្គ ក្នុងឆ្នាំ ១៦៧៥ នៃគ.សករាជ ។[១]
ចម្បាំងដណ្ដើមរាជ
[កែប្រែ]Royal Conquest
ព្រះអង្គនន់ទី២ ដែលជាបុត្ររបស់ ព្រះអង្គអុឹម និង ត្រូវជាក្មួយរបស់ព្រះអង្គតន់ ដែលបានភៀសព្រះកាយទៅអណ្ណាម អំឡុងពេលច្បាំងចាញ់ ព្រះជ័យជេស្ឋាទី៣ នៅឧដុង្គ ទ្រង់បានប្រមែប្រមូលពួកចិនដែលជាជនជាតិហានមកពីរាជវង្សមីង ដែលរត់ចេញពីការគ្រប់គ្រងរបស់ពួកម៉ាន់ជូ នៃរាជវង្សឆេង ដែលជាជនអន្តោប្រវេសន៍ ដែលបានមកសុំសិទ្ធជ្រកកោនជាមួយអធិរាជអណ្ណាមនាម "ឡេហៃតុង" ដែលបានផ្ដល់សិទ្ធជ្រកកោនពួកគេនៅតំបន់ ដូនណៃ និង យ៉ាឌិញ ។ អង្គនន់ទី២ ដែលមានជំនួយទ័ពពីអណ្ណាមផងបានលើកទ័ពចំនួន ៣០,០០០ (៣មុឺននាក់) បើកការឈ្លានពានយកបាន ខេត្តព្រះត្រពាំង និង ខេត្តបាសាក់ និងបានរំកិលទ័ពក្នុងដំណើរយ៉ាងលឿនវាយចូលរាជធានីឧដុង្គ អំឡុងពេល អង្គនន់ទី២ វាយចូលរាជធានីឧដុង្គ ព្រះជ័យជេស្ឋា មិនបានស្នាក់នៅក្នុងរាជវាំងឧដុង្គនោះទេ ទ្រង់បានយាងទៅគង់នៅ ភូមិទ្រនំជ្រឹង ខេត្តសំរោងទង ដូចនេះ អង្គនន់ទី២ បានចាប់យកព្រះមាតារបស់ ព្រះជ័យជេស្ឋាទី៣ យកទៅឃុំទុកនៅជ្រោយពន្លា (ជ្រោយចង្វារ) ដោយខ្លាចកងទ័ពព្រះជ័យជេស្ឋាទី៣ វាយបកមកលើខ្លួន ព្រះអង្គនន់ទី២ បានថយទ័ពទៅបោះបន្ទាយនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ដើមឆ្នាំ ១៦៨៣ នៃគ.សករាជ ព្រះជ័យជេស្ឋាទី៣ បានយាងត្រឡប់ពី ខេត្តសំរោងទង មកគង់នៅរាជធានីឧដុង្គវិញ ទ្រង់បានចាត់កងឆ្នើមចំនួន ៥០០០ (៥ពាន់នាក់) ដឹកនាំដោយពញ្ញាហុក ទៅវាយរំដោះមាតាទ្រង់នៅជ្រោយពន្លាបានត្រឡប់មកវិញផងដែរ ។ ព្រះអង្គនន់ទី២ ដោយមិនអស់ចិត្ត ក្នុងឆ្នាំ ១៦៨៤ នៃគ.សករាជ ទ្រង់បានលើកទ័ពចំនួន ១០,០០០ (១មុឺននាក់) វាយយកតំបន់ចតុមុខ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ ត្រូវបានកងទ័ពរបស់ ព្រះជ័យជេស្ឋាទី៣ ធ្វើការទប់ទល់ជាប់និងបានវាយបករុញច្រានកងទ័ពរបស់ព្រះអង្គនន់ទី២ ឱ្យបរាជ័យដកថយទៅវិញផងដែរ ។ ដោយមើលឃើញថា កងទ័ពរបស់ព្រះអង្គស៊ូ នៅមានកម្លាំងគ្រប់គ្រាន់ ព្រះអង្គនន់ទី២ មិនមានគម្រោងលើកទ័ពមកវាយប្រហារទ្រង់ទៀតនោះទេ ការផ្អាកចម្បាំងនេះបានអូសបន្លាយរហូតដល់ ព្រះជ័យជេស្ឋាទី៣ មានប្រឈួនជាទម្ងន់ដោយកើតនូវជំងឺអុធស្វាយធំ ដោយបណ្ដាល់ឱ្យទ្រង់ដាក់រាជទៅឱ្យព្រះមាតា ឡើងកាន់ព្រះរាជកិច្ចនគរចំនួន ៣ខែ ក្នុងឆ្នាំ ១៦៨៨ នៃគ.សករាជ មាតារបស់ទ្រង់ ដែលមាននាមក្នុងរាជថា "សម្ដេចព្រះភគវតីសិរីចក្រពត្ដិមហាក្សត្រី" ដែលមានឋានៈនាមជាស្ដេចស្រី រហូតដល់ព្រះជ័យជេស្ឋាបានជាសះស្បើយពីជំងឺទើបទ្រង់ឡើងមកកាន់តំណែងជាអង្គព្រះមហាក្សត្រវិញ ។[២]
សង្គ្រាមកម្ពុជា-អណ្ណាម គ.ស ១៦៨៩
[កែប្រែ]Cambodia-Annam War 1689 AD
ចុងឆ្នាំ ១៦៨៨ នៃគ.សករាជ ព្រះអង្គនន់ទី២ បានចាត់ឱ្យមេទ័ពរបស់ខ្លួននាម "គ័នអ៊ូ" ដែលមានឋានៈជា ចៅពញ្ញា និង "តាន់ចុងអៀ" ដែលជាចិនអន្តោរប្រវេស មកពីរាជវង្សមីង ឱ្យដឹកនាំទ័ពជើងទឹកចំនួន ២០,០០០ (២មុឺននាក់) ចេញពីបន្ទាយស្រីសន្ធរ វាយចូលបន្ទាយទ័ព ព្រះជ័យជេស្ឋាទី៣ នៅភ្នំពេញម្ដងទៀត អំឡុងពេលច្បាំងចូលលុកបន្ទាយភ្នំពេញ ព្រះជ័យជេស្ឋាទី៣ បានដឹកនាំទ័ពចំនួន ៤០,០០០ (៤មុឺននាក់) វាយឡោមព័ទកងទ័ពរបស់ព្រះអង្គនន់ទី២ និង ចាប់បានមេទ័ពទាំងពីរ យកទៅប្រហារជីវិតផងដែរ ដោយដឹងថាបន្ទាយស្រីសន្ធរអស់កងទ័ពការពារ ព្រះជ័យជេស្ឋាទី៣ ក៏បានដឹកនាំទ័ពវាយបែកបន្ទាយស្រីសន្ធរ ព្រះអង្គនន់ទី២ ក៏ភៀសព្រះកាយទៅតំបន់ហាទៀង ក៏ធ្លាក់ខ្លួនប្រឈួនជាទម្ងន់ (ឈឺធ្ងន់) ហើយក៏ចូលទីវង្គត់ ក្នុងជន្មាយុ ៣៧ ព្រះវស្សារ ចំណែកឯ ខេត្តព្រះត្រពាំង និង ខេត្តបាសាក់ ដែលទ្រង់ដណ្ដើមបានពី ព្រះជ័យជេស្ឋាទី៣ ត្រូវបានធ្លាក់ក្នុងកណ្ដាប់ដៃរបស់ពួកអណ្ណាម ។ ក្រោយពេលព្រះអង្គនន់ទី២ សោយទីវង្គត់ ក្នុងឆ្នាំ ១៦៨៩ នៃគ.សករាជ អណ្ណាមបានលើកទ័ពចំនួន ៣០,០០០ (៣មុឺននាក់) មកឈ្លានពានកម្ពុជាម្ដងទៀត ព្រះជ័យជេស្ឋាទី៣ បានទទួលច្បាំងជាមួយកងទ័ពអណ្ណាមនៅព្រំដែនកម្ពុជាក្រោម កងទ័ពទាំងពីរប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែមិនអាចយកឈ្នះគ្នាបាន មេទ័ពអណ្ណាមនាម "វ៉ាន់ឡុង" បាន ដកថយទៅបោះជំរុំទ័ពនៅ "បៀនហោ" (Bien Hoa) និងត្រៀមចរចារផ្អាកសង្គ្រាមជាមួយ ព្រះចៅក្រុងកម្ពុជា ។ ក្រោយពេលចរចារបញ្ចប់ចម្បាំងនិង ពួកអណ្ណាម ព្រះជ័យជេស្ឋាទី៣ ដែលបានគ្រងរាជអស់រយៈពេល ១៣ឆ្នាំមកហើយ ទ្រង់បានលើកពួកព្រាហ្មណ៍បាគូ ឱ្យមានឋានៈជាក្រុមមន្ត្រីបរាហិតឡើងវិញ និង បញ្ចូលព្រហ្មញ្ញសាសានា ទៅក្នុងរាជពិធីរបស់រាជវាំងឡើងវិញ ហើយទ្រង់ធ្វើរាជពិធីគ្រងរាជសម្បត្តិ ដោយយកនាមសំរាប់រាជថា "សម្ដេចព្រះជ័យជេស្ឋាបរមសុរិន្ទរាជាធិរាជរាមាឥសូរ" ហើយទ្រង់ញ្ជាអោយសើរើច្បាប់សំរាប់រដ្ឋ ដោយបង្កើតឱ្យមានស្ថាប័នតុលាការ សម្រាប់ការវិនិច្ឆ័យទោស ហើយឱ្យរៀបចំឡើងវិញនៅនិតិវិធីច្បាប់ ដោយមានការបន្ធូរបន្ថយទណ្ឌកម្មដែលមានលក្ខណៈធ្ងន់ធ្ងរហួសប្រមាណ និង បញ្ជារឱ្យលុបបំបាត់ចោលនូវទោសប្រហារជីវិតដែលមានជារួមផង ម្យ៉ាងវិញទៀតព្រះអង្គក៏ទ្រង់បានរៀបចំអោយមានរូបមន្ដសំរាប់ធ្វើសច្ចាប្រណិធានខាងនយោបាយ និងខាងតុលាការផងដែរ ដោយបង្កើតឱ្យមានការផឹកទឹកសម្បថមុន និង កាន់តំណែងជាមន្ត្រី ។[៣] [៤]
ការដាក់រាជ្យ
[កែប្រែ]Abdicate the throne
ក្នុងឆ្នាំ ១៦៩០ នៃគ.សករាជ ព្រះជ័យជេស្ឋាទី៣ បានរាជាភិសេកជាមួយអគ្គមហេសីនាម "អង្គអុី" ហើយទ្រង់បានប្រសូតបុត្រាមួយអង្គនាម "ស្រីធម្មរាជ" និង បានតែងតាំង ពញ្ញាយ៉ង ដែលជាបុត្ររបស ព្រះកែវហ្វាទី២ ឱ្យមានឋានៈនាមជា សម្ដេចព្រះឧទ័យ ។ ព្រះជ័យជេស្ឋាទី៣ ដែលនឿយហត់ក្នុងព្រះរាជកិច្ចពេក ហើយទ្រង់ ដែលមានបុត្រនៅតូចពេកមិនអាចដឹកនាំរាជកិច្ចបាន ទ្រង់ក៏សម្រេចព្រះទ័យ (ចិត្ត) ផ្ទេររាជបល្ល័ង្កទៅឱ្យ ពញ្ញាយ៉ង ដែលជាក្មួយ ក្នុងឆ្នាំ ១៦៩៥ នៃគ.សករាជ ហើយពញ្ញាយ៉ង ដែលមានឋានៈនាមជា សម្ដេចព្រះឧទ័យ បានឡើងគ្រងរាជដោយយកព្រះនាមក្នុងរាជហៅថា "ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះរាមាធិបតី" ហើយទ្រង់ត្រូវបានក្រុមប្រវត្តិវិទូរសម្គាល់ហៅថា រាមាធិបតីទី១ ។[៥]
ចំណារពន្យល់
[កែប្រែ]នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
តំណភ្ជាប់ រជ្ជកាលគ្រងរាជ
[កែប្រែ]ជ័យជេស្ឋាទី៣ (គ.ស ១៦៥៧-១៧០៦)
| ||
មុនដោយ ព្រះកែវហ្វាទី២ |
រាជាណាចក្រកម្ពុជា ១៦៧៦-១៦៩៥ |
តដោយ រាមាធិបតីទី១ |
ឯកសារយោង
[កែប្រែ]- ↑ Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
- ↑ Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands
- ↑ Eng Soth (1969) Document of the great Khmer man (Khmer royal genealogy) Volume 3, Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
- ↑ Société asiatique (Paris, France), Centre national de la recherche (1871) Journal asiatique, Publisher: Société asiatique., Original from Harvard University
- ↑ Treng Nga (1973) Khmer History Volume 2, Publisher: Khmer Mon Institute, Publication: Center for Khmer Studies Library p.198 ISBN: 9995059959, 9789995059958