អធិករណភេទ
សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
អធិករណភេទ
[១២៩] អធិករណ៍មាន៤យ៉ាង គឺវិវាទធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១។ នេះហៅថា អធិករណ៍៤យ៉ាង។ អធិករណ៍ទាំង៤យ៉ាងនេះ មានការសើរើ គឺហាមឃាត់ប៉ុន្មានយ៉ាង។ អធិករណ៍ទាំង៤យ៉ាងនេះ មានការសើរើ១០យ៉ាង គឺវិវាទាធិករណ៍ មានការសើរើ២យ៉ាង អនុវាទាធិករណ៍ មានការសើរើ៤យ៉ាង អាបត្តាធិករណ៍ មានការសើរើ៣យ៉ាង កិច្ចាធិករណ៍ មានការសើរើតែ១។ អធិករណ៍ទាំង៤យ៉ាងនេះ មានការសើរើទាំង១០នេះឯង។ កាលបើសើរើវិវាទាធិករណ៍ តែងសើរើនូវសមថៈប៉ុន្មាន កាលបើសើរើអនុវាទាធិករណ៍ តែងសើរើនូវសមថៈប៉ុន្មាន កាលបើសើរើអាបត្តាធិករណ៍ តែងសើរើនូវសមថៈប៉ុន្មាន កាលបើសើរើកិច្ចាធិករណ៍ តែងសើរើនូវសមថៈប៉ុន្មាន។ កាលបើសើរើវិវាទាធិករណ៍ តែងសើរើនូវសមថៈ២យ៉ាង កាលបើសើរើអនុវាទាធិករណ៍ តែងសើរើនូវសមថៈ៤យ៉ាង កាលបើសើរើអាបត្តាធិករណ៍ តែងសើរើនូវសមថៈ៣យ៉ាង កាលបើសើរើកិច្ចាធិករណ៍ តែងសើរើនូវសមថៈ១យ៉ាង។
[១៣០] ការសើរើមានប៉ុន្មាន ភិក្ខុបាននូវការសើរើ ដោយអាការប៉ុន្មាន បុគ្គលដែលប្រកបដោយអង្គប៉ុន្មាន ទើបសើរើអធិករណ៍បាន បុគ្គលប៉ុន្មានពួក កាលសើរើអធិករណ៍ទៅហើយ ត្រូវអាបត្តិ (ខ្លួនឯង)។ ការសើរើមាន១២យ៉ាង ភិក្ខុបាននូវការសើរើ ដោយអាការ១០យ៉ាង បុគ្គលដែលប្រកបដោយអង្គ៤ ទើបសើរើនូវអធិករណ៍បាន បុគ្គល៤ពួក កាលបើសើរើអធិករណ៍ទៅហើយ តែងត្រូវអាបត្តិ (ខ្លួនឯងវិញ)។ ការសើរើទាំង១២នោះ ដូចម្តេចខ្លះ។ ការសើរើទាំង១២នោះ គឺកម្មដែលសង្ឃមិនទាន់ធ្វើ១ កម្មដែលសង្ឃធ្វើមិនត្រឹមត្រូវ១ កម្មដែលសង្ឃត្រូវធ្វើជាថ្មីទៀត១ កម្មដែលសង្ឃមិនទាន់សម្រេច១ កម្មដែលសង្ឃសម្រេចហើយមិនត្រឹមត្រូវ១ កម្មដែលសង្ឃត្រូវសម្រេចជាថ្មីទៀត១ កម្មដែលសង្ឃមិនទាន់វិនិច្ឆ័យ១ កម្មដែលសង្ឃវិនិច្ឆ័យហើយ មិនត្រឹមត្រូវ១ កម្មដែលសង្ឃត្រូវវិនិច្ឆ័យជាថ្មីទៀត១ កម្មដែលសង្ឃមិនទាន់បានរម្ងាប់១ កម្មដែលសង្ឃរម្ងាប់ហើយមិនត្រឹមត្រូវ១ កម្មដែលសង្ឃត្រូវរម្ងាប់ជាថ្មីទៀត [ការសើរើទី១.២.៣ បានចំពោះតែអនុវាទាធិករណ៍ ទី៤.៥.៦ បានចំពោះតែវិវាទាធិករណ៍ ទី៧.៨.៩ បានចំពោះតែអាបត្តាធិករណ៍ ទី១០.១១.១២ បានចំពោះតែកិច្ចាធិករណ៍។ ម្យ៉ាងទៀត ការសើរើទាំង១២ (នេះ) លោកពោលថាបានចំពោះតែអធិករណ៍មួយៗក៏បាន។ អដ្ឋកថា។]១។ ភិក្ខុបាននូវការសើរើ ដោយអាការ១០ (នោះ) ដូចម្តេចខ្លះ។ ភិក្ខុសើរើនូវអធិករណ៍ ដែលកើតក្នុងទីនោះ១ សើរើនូវអធិករណ៍ ដែលកើតក្នុងទីនោះ ហើយរម្ងាប់ទៅវិញ១ សើរើនូវអធិករណ៍ ក្នុងទីពាក់កណ្តាលផ្លូវ១ សើរើនូវអធិករណ៍ ដែលស្ងប់រម្ងាប់ហើយ ក្នុងទីពាក់កណ្តាលផ្លូវ១ សើរើនូវអធិករណ៍ ដែលដល់ហើយក្នុងទីនោះ១ សើរើនូវអធិករណ៍ ដែលដល់ក្នុងទីនោះ ហើយស្ងប់រម្ងាប់១ សើរើនូវសតិវិន័យ១ សើរើនូវអមូឡ្ហវិន័យ១ សើរើនូវតស្សបាបិយសិកា១ សើរើនូវតិណវត្ថារកៈ១។ ភិក្ខុបាននូវការសើរើដោយអាការ១០យ៉ាងនេះឯង។ បុគ្គលដែលប្រកបដោយអង្គ៤ ដូចម្តេចខ្លះ ទើបសើរើនូវអធិករណ៍។ បុគ្គលលុះឆន្ទាគតិ១ ទើបសើរើនូវអធិករណ៍ លុះទោសាគតិ១។បេ។ លុះមោហាគតិ១ លុះភយាគតិ១ ទើបសើរើនូវអធិករណ៍។ បុគ្គលដែលប្រកបដោយអង្គ៤ប្រការនេះឯង ទើបសើរើនូវអធិករណ៍។ បុគ្គល៤ពួក ដូចម្តេចខ្លះ កាលបើសើរើនូវអធិករណ៍ តែងត្រូវអាបត្តិ (ខ្លួនឯងវិញ)។ បុគ្គលទើបនឹងបានឧបសម្បទាក្នុងថ្ងៃនោះ សើរើ ត្រូវឧក្កោដនកបាចិត្តិយៈ១ បុគ្គលដែលទើបមកថ្មី សើរើ ត្រូវឧក្កោដនកបាចិត្តិយៈ១ បុគ្គលជាអ្នកធ្វើការ (រម្ងាប់អធិករណ៍នោះៗ) សើរើ ត្រូវឧក្កោដនកបាចិត្តិយៈ១ បុគ្គលអ្នកឲ្យឆន្ទៈ សើរើ ត្រូវឧក្កោដនកបាចិត្តិយៈ១។ បុគ្គលទាំង៤ពួកនេះ កាលបើសើរើអធិករណ៍ តែងត្រូវអាបត្តិ (ខ្លួនឯងវិញ)។
[១៣១] វិវាទាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អនុវាទាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អាបត្តាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ កិច្ចាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ វិវាទាធិករណ៍ មានសេចក្តីទាស់ទែង ជាគ្រឿងប្រគល់ឲ្យនូវផល មានសេចក្តីទាស់ទែង ជាហេតុឲ្យកើតឡើង មានសេចក្តីទាស់ទែង ជាកំណើត មានសេចក្តីទាស់ទែងជាដែន មានសេចក្តីទាស់ទែងជាអង្គ មានសេចក្តីទាស់ទែងជាសមុដ្ឋាន។ អនុវាទាធិករណ៍ មានការចោទជាគ្រឿងប្រគល់ឲ្យនូវផល មានការចោទ ជាហេតុឲ្យកើតឡើង មានការចោទ ជាកំណើត មានការចោទជាដែន មានការចោទជាអង្គ មានការចោទជាសមុដ្ឋាន។ អាបត្តាធិករណ៍ មានអាបត្តិ ជាគ្រឿងប្រគល់ឲ្យនូវផល មានអាបត្តិ ជាហេតុឲ្យកើតឡើង មានអាបត្តិជាកំណើត មានអាបត្តិ ជាដែន មានអាបត្តិ ជាអង្គ មានអាបត្តិ ជាសមុដ្ឋាន។ កិច្ចាធិករណ៍ មានកិច្ច ដែលសង្ឃត្រូវធ្វើ ជាគ្រឿងប្រគល់ឲ្យនូវផល មានកិច្ច ដែលសង្ឃត្រូវធ្វើ ជាហេតុឲ្យកើតឡើង មានកិច្ច ដែលសង្ឃត្រូវធ្វើ ជាកំណើត មានកិច្ចដែលសង្ឃត្រូវធ្វើជាដែន មានកិច្ច ដែលសង្ឃត្រូវធ្វើជាអង្គ មានកិច្ចដែលសង្ឃត្រូវធ្វើជាសមុដ្ឋាន។ វិវាទាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ វិវាទាធិករណ៍ មានហេតុជាគ្រឿងប្រគល់ឲ្យនូវផល មានហេតុ ជាហេតុឲ្យកើតឡើង មានហេតុជាកំណើត មានហេតុជាដែន មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានហេតុជាគ្រឿងប្រគល់ឲ្យនូវផល មានហេតុជាហេតុឲ្យកើតឡើង មានហេតុជាកំណើត មានហេតុជាដែន មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ វិវាទាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ វិវាទាធិករណ៍ មានបច្ច័យ ជាគ្រឿងប្រគល់ឲ្យនូវផល មានបច្ច័យ ជាហេតុឲ្យកើតឡើង មានបច្ច័យ ជាកំណើត មានបច្ច័យជាដែន មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានបច្ច័យ ជាគ្រឿងប្រគល់ឲ្យនូវផល មានបច្ច័យ ជាហេតុឲ្យកើតឡើង មានបច្ច័យ ជាកំណើត មានបច្ច័យជាដែន មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។
[១៣២] អធិករណ៍៤យ៉ាង មានមូលប៉ុន្មាន មានសមុដ្ឋានប៉ុន្មាន។ អធិករណ៍៤យ៉ាង មានមូល៣៣ មានសមុដ្ឋាន៣៣។ អធិករណ៍៤យ៉ាង មានមូល៣៣ដូចម្តេច។ វិវាទាធិករណ៍ មានមូល១២ អនុវាទាធិករណ៍ មានមូល១៤ អាបត្តាធិករណ៍ មានមូល៦ កិច្ចាធិករណ៍ មានមូល១ គឺសង្ឃ។ អធិករណ៍៤យ៉ាង មានមូល៣៣ (ដូចរាប់មក) នេះឯង។ អធិករណ៍៤យ៉ាង មានសមុដ្ឋាន៣៣ ដូចម្តេចខ្លះ។ វិវាទាធិករណ៍ មានភេទករវត្ថុទាំង១៨ ជាសមុដ្ឋាន អនុវាទាធិករណ៍ មានវិបត្តិទាំង៤ជាសមុដ្ឋាន អាបត្តាធិករណ៍ មានកងនៃអាបត្តិទាំង៧ ជាសមុដ្ឋាន កិច្ចាធិករណ៍ មានកម្មទាំង៤ ជាសមុដ្ឋាន។ អធិករណ៍៤យ៉ាង មានសមុដ្ឋាន ៣៣ (ដូចរាប់មក) នេះឯង។
[១៣៣] សួរថា វិវាទាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ ឆ្លើយថា វិវាទាធិករណ៍ មិនមែនជាអាបត្តិទេ។ ចុះភិក្ខុត្រូវអាបត្តិព្រោះបច្ច័យនៃវិវាទាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃវិវាទាធិករណ៍ ក៏មានដែរ។ ចុះភិក្ខុត្រូវអាបត្តិប៉ុន្មាន ព្រោះបច្ច័យនៃវិវាទាធិករណ៍។ ភិក្ខុត្រូវអាបត្តិ២យ៉ាង ព្រោះបច្ច័យនៃវិវាទាធិករណ៍ (គឺភិក្ខុ) ជេរប្រទេចឧបសម្បន្ន ត្រូវអាបត្តិបាចិត្តិយៈ១ ជេរប្រទេចអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ១។ ភិក្ខុត្រូវអាបត្តិ២យ៉ាងនេះ ព្រោះបច្ច័យនៃវិវាទាធិករណ៍។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិប៉ុន្មាន បណ្តាអធិករណ៍៤យ៉ាង (អាបត្តិទាំងនោះ) ចាត់ជាអធិករណ៍ណា បណ្តាកងនៃអាបត្តិទាំង៧ (អាបត្តិទាំងនោះ) លោកសង្គ្រោះ ដោយកងនៃអាបត្តិប៉ុន្មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន រម្ងាប់ដោយអធិករណ៍ប៉ុន្មាន រម្ងាប់ក្នុងទីដូចម្តេច រម្ងាប់ដោយសមុដ្ឋានប៉ុន្មាន។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិ១ គឺអាចារវិបត្តិ បណ្តាអធិករណ៍៤យ៉ាង (អាបត្តិទាំងនោះ) ចាត់ជា អាបត្តាធិករណ៍ បណ្តាកងនៃអាបត្តិទាំង៧ (អាបត្តិទាំងនោះ) លោកសង្គ្រោះ ដោយកងនៃអាបត្តិ២គឺ កងនៃអាបត្តិបាចិត្តិយៈ ក៏មាន កងនៃអាបត្តិទុក្កដ ក៏មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងអំពីសមុដ្ឋាន៣ រម្ងាប់ដោយអធិករណ៍១ គឺកិច្ចាធិករណ៍ រម្ងាប់ក្នុងទីទាំង៣ គឺកណ្តាលជំនុំសង្ឃ១ កណ្តាលគណៈ១ ក្នុងសំណាក់នៃបុគ្គល១ និងរម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈ ក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈ ក៏មានខ្លះ។
[១៣៤] អនុវាទាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ អនុវាទាធិករណ៍ មិនមែនជាអាបត្តិទេ។ ចុះភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃអនុវាទាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃអនុវាទាធិករណ៍ មានដែរ។ ភិក្ខុត្រូវអាបត្តិប៉ុន្មាន ព្រោះបច្ច័យនៃអនុវាទាធិករណ៍។ ភិក្ខុត្រូវអាបត្តិ៣យ៉ាង ព្រោះបច្ច័យនៃអនុវាទាធិករណ៍ (គឺភិក្ខុ) ចោទបង្កាច់ភិក្ខុផងគ្នា ដោយអាបត្តិបារាជិក មិនមានមូល ត្រូវអាបត្តិសង្ឃាទិសេស ចោទបង្កាច់ដោយអាបត្តិសង្ឃាទិសេស មិនមានមូល ត្រូវអាបត្តិបាចិត្តិយៈ ចោទបង្កាច់ដោយអាចារវិបត្តិ មិនមានមូល ត្រូវអាបត្តិទុក្កដ ភិក្ខុត្រូវអាបត្តិ៣យ៉ាងនេះឯង ព្រោះបច្ច័យនៃអនុវាទាធិករណ៍។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិប៉ុន្មាន បណ្តាអធិករណ៍៤យ៉ាង (អាបត្តិទាំងនោះ) រួមចូលនឹងអធិករណ៍ណា បណ្តាកងនៃអាបត្តិ៧យ៉ាង (អាបត្តិទាំងនោះ) លោកសង្គ្រោះដោយកងនៃអាបត្តិប៉ុន្មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន និងរម្ងាប់ដោយអធិករណ៍ប៉ុន្មាន រម្ងាប់ក្នុងទីដូចម្តេច រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិ២ គឺសីលវិបត្តិក៏មាន អាចារវិបត្តិក៏មាន បណ្តាអធិករណ៍៤យ៉ាង (អាបត្តិទាំងនោះ) ចាត់ជាអាបត្តាធិករណ៍ បណ្តាកងនៃអាបត្តិ៧យ៉ាង (អាបត្តិទាំងនោះ) លោកសង្គ្រោះដោយកងនៃអាបត្តិ៣គឺ កងនៃអាបត្តិសង្ឃាទិសេស ក៏មាន កងនៃអាបត្តិបាចិត្តិយៈ ក៏មាន កងនៃអាបត្តិទុក្កដក៏មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងដោយសមុដ្ឋាន៣ អាបត្តិណា ជាគរុកាបត្តិ អាបត្តិនោះ តែងរម្ងាប់ដោយអធិករណ៍១ គឺកិច្ចាធិករណ៍ រម្ងាប់ក្នុងទី១ គឺកណ្តាលជំនុំសង្ឃ និងរម្ងាប់ដោយសមថៈ២គឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ អាបត្តិទាំងឡាយណា ជាលហុកាបត្តិ អាបត្តិទាំងនោះ តែងរម្ងាប់ដោយអធិករណ៍១គឺ កិច្ចាធិករណ៍ រម្ងាប់ក្នុងទីទាំង៣គឺ កណ្តាលជំនុំសង្ឃ១ កណ្តាលគណៈ១ ក្នុងសំណាក់នៃបុគ្គល១ រម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណក៏មាន សម្មុខាវិន័យ និងតិណវត្ថារកៈ ក៏មានខ្លះ។
[១៣៥] អាបត្តាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ អាបត្តាធិករណ៍ មិនមែនជាអាបត្តិទេ។ ចុះភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យ នៃអាបត្តាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃអាបត្តាធិករណ៍ ក៏មានដែរ។ ភិក្ខុត្រូវអាបត្តិប៉ុន្មាន ព្រោះបច្ច័យ នៃអាបត្តាធិករណ៍។ ភិក្ខុត្រូវអាបត្តិ៤យ៉ាង ព្រោះបច្ច័យ នៃអាបត្តាធិករណ៍ គឺ ភិក្ខុនីដឹងថា (ភិក្ខុនីផងគ្នា) ត្រូវអាបត្តិបារាជិក ហើយជួយបិទបាំងទុក ត្រូវអាបត្តិបារាជិក ភិក្ខុនី មានសេចក្តីសង្ស័យ ហើយបិទបាំងទុក ត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុបិទបាំងអាបត្តិសង្ឃាទេសេស ត្រូវអាបត្តិបាចិត្តិយៈ បើបិទបាំងអាចារៈវិបត្តិទុក ត្រូវអាបត្តិទុក្កដ ភិក្ខុ និងភិក្ខុនី ត្រូវអាបត្តិទាំង៤យ៉ាងនេះ ព្រោះបច្ច័យ នៃអាបត្តាធិករណ៍។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិប៉ុន្មាន បណ្តាអធិករណ៍៤យ៉ាង (អាបត្តិទាំងនោះ) រួមចូលនឹងអធិករណ៍ណា បណ្តាកងនៃអាបត្តិទាំង៧ (អាបត្តិទាំងនោះ) លោកសង្គ្រោះដោយកងនៃអាបត្តិប៉ុន្មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងដោយសមុដ្ឋានប៉ុន្មាន រម្ងាប់ដោយអធិករណ៍ប៉ុន្មាន រម្ងាប់ក្នុងទីដូចម្តេច រម្ងាប់ដោយសមុដ្ឋានប៉ុន្មាន។ បណ្តាវិបត្តិទាំង៤ អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិ២ គឺសីលវិបត្តិក៏មាន អាចារវិបត្តិក៏មាន បណ្តាអធិករណ៍ទាំង៤យ៉ាង (អាបត្តិទាំងនោះ) រួមចូលនឹងអាបត្តាធិករណ៍ បណ្តាកងនៃអាបត្តិទាំង៧ (អាបត្តិទាំងនោះ) លោកសង្គ្រោះដោយកងនៃអាបត្តិ៤គឺ កងនៃអាបត្តិបារាជិកក៏មាន កងនៃអាបត្តិថុល្លច្ច័យ ក៏មាន កងនៃអាបត្តិបាចិត្តិយៈ ក៏មាន កងនៃអាបត្តិទុក្កដក៏មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងដោយសមុដ្ឋាន១គឺ តាំងឡើងអំពីកាយ វាចា ចិត្ត អាបត្តិណា ជាអនវសេសាបត្តិ អាបត្តិនោះ មិនរម្ងាប់ដោយអធិករណ៍ណាទេ មិនរម្ងាប់ក្នុងទីណាទេ មិនរម្ងាប់ដោយសមថៈណាទេ អាបត្តិទាំងឡាយណា ជាលហុកាបត្តិ អាបត្តិទាំងនោះ តែងរម្ងាប់ដោយអធិករណ៍១គឺ កិច្ចាធិករណ៍ រម្ងាប់ក្នុងទីទាំង៣គឺ កណ្តាលជំនុំសង្ឃ១ កណ្តាលគណៈ១ ក្នុងសំណាក់បុគ្គល១ និងរម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈ ក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈ ក៏មានខ្លះ។
[១៣៦] កិច្ចាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ កិច្ចាធិករណ៍ មិនមែនជាអាបត្តិទេ។ ចុះភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃកិច្ចាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃកិច្ចាធិករណ៍ ក៏មានដែរ។ ភិក្ខុត្រូវអាបត្តិប៉ុន្មានយ៉ាង ព្រោះបច្ច័យនៃកិច្ចាធិករណ៍។ ភិក្ខុ និងភិក្ខុនី ត្រូវអាបត្តិ៥យ៉ាង ព្រោះបច្ច័យនៃកិច្ចាធិករណ៍ គឺភិក្ខុនី ប្រព្រឹត្តតាមភិក្ខុនី ដែលភិក្ខុនីសង្ឃលើកវត្ត កាលបើសង្ឃសូត្រសមនុភាសនកម្ម ចប់ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (កម្មនោះចេញ) ត្រូវអាបត្តិទុក្កដ ក្នុងខណៈដែលចប់ញត្តិ ត្រូវអាបត្តិថុល្លច្ច័យទាំងឡាយ ក្នុងខណៈដែលចប់កម្មវាចាពីរលើក ត្រូវអាបត្តិបារាជិក ក្នុងខណៈដែលចប់កម្មវាចាស្រេច ភិក្ខុទាំងឡាយ ដែលប្រព្រឹត្តតាមភិក្ខុអ្នកបំបែកសង្ឃ កាលបើសង្ឃសូត្រសមនុភាសនកម្មចប់ជាគំរប់៣ដងហើយ នៅតែមិនលះបង់ (កម្មនោះចេញ) ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងឡាយ ដែលប្រកាន់ទិដ្ឋិអាក្រក់ កាលបើសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដងហើយ នៅតែមិនលះបង់ទិដ្ឋិអាក្រក់ចេញ ត្រូវអាបត្តិបាចិត្តិយៈ ភិក្ខុត្រូវអាបត្តិ៥យ៉ាងនេះ ព្រោះបច្ច័យនៃកិច្ចាធិករណ៍។ បណ្តាវិបត្តិទាំង៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិប៉ុន្មាន បណ្តាអធិករណ៍ទាំង៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងអធិករណ៍ណា បណ្តាកងនៃអាបត្តិទាំង៧ អាបត្តិទាំងនោះ លោកសង្គ្រោះដោយកងនៃអាបត្តិណា បណ្តាសមុដ្ឋាននៃអាបត្តិទាំង៦យ៉ាង អាបត្តិទាំងនោះ តាំងឡើងអំពីសមុដ្ឋានប៉ុន្មានយ៉ាង រម្ងាប់ដោយអធិករណ៍ប៉ុន្មាន រម្ងាប់ក្នុងទីដូចម្តេច រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្តាវិបត្តិទាំង៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិ២យ៉ាង គឺ សីលវិបត្តិក៏មាន អាចារវិបត្តិក៏មាន បណ្តាអធិករណ៍ទាំង៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងអាបត្តាធិករណ៍ បណ្តាកងនៃអាបត្តិទាំង៧ អាបត្តិទាំងនោះ សង្គ្រោះដោយកងនៃអាបត្តិ៥គឺ កងនៃអាបត្តិបារាជិក ក៏មាន កងនៃអាបត្តិសង្ឃាទិសេស ក៏មាន កងនៃអាបត្តិថុល្លច្ច័យក៏មាន កងនៃអាបត្តិបាចិត្តិយៈក៏មាន កងនៃអាបត្តិទុក្កដក៏មាន បណ្តាសមុដ្ឋាននៃអាបត្តិទាំង៦យ៉ាង អាបត្តិទាំងនោះ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ វាចា ចិត្ត អាបត្តិណា ជាអនវសេសាបត្តិ អាបត្តិនោះមិនរម្ងាប់ដោយអធិករណ៍ណាទេ មិនរម្ងាប់ក្នុងទីណាមួយទេ មិនរម្ងាប់ដោយសមថៈណាទេ អាបត្តិណាជាគរុកាបត្តិ អាបត្តិនោះតែងរម្ងាប់ដោយអធិករណ៍១ គឺកិច្ចាធិករណ៍ រម្ងាប់ក្នុងទី១ គឺក្នុងកណ្តាលជំនុំសង្ឃ រម្ងាប់ដោយសមថៈ២គឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ អាបត្តិទាំងឡាយណា ជាលហុកាបត្តិ អាបត្តិទាំងឡាយនោះ តែងរម្ងាប់ដោយអធិករណ៍១គឺ កិច្ចាធិករណ៍រម្ងាប់ក្នុងទីទាំង៣គឺ កណ្តាលជំនុំសង្ឃ១ កណ្តាលគណៈ១ ក្នុងសំណាក់នៃបុគ្គល១ រម្ងាប់ដោយសមថៈ៣យ៉ាងគឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈ ក៏មានខ្លះ។
[១៣៧] វិវាទាធិករណ៍ ទៅជាអនុវាទាធិករណ៍ ទៅជាអាបត្តាធិករណ៍ ទៅជាកិច្ចាធិករណ៍ មានដែរឬទេ។ វិវាទាធិករណ៍ មិនទៅជាអនុវាទាធិករណ៍ទេ មិនទៅជាអាបត្តាធិករណ៍ទេ មិនទៅជាកិច្ចាធិករណ៍ទេ។ ប៉ុន្តែអនុវាទាធិករណ៍ អាបត្តាធិករណ៍ និងកិច្ចាធិករណ៍ មានឡើង ព្រោះបច្ច័យនៃវិវាទាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មានសេចក្តីអធិប្បាយថា) ភិក្ខុទាំងឡាយ ក្នុងសាសនានេះ ជជែកគ្នាថា សភាវៈនេះជាធម៌ក្តី ថាសភាវៈនេះ មិនមែនជាធម៌ក្តី។បេ។ ថាទុដ្ឋុល្លាបត្តិក្តី ថាអទុដ្ឋុល្លាបត្តិក្តី សេចក្តីប្រកួតប្រកាន់ ជម្លោះ សេចក្តីប្រកាន់ខុស សេចក្តីជជែក ការនិយាយបែកផ្សេងពីគ្នា ការនិយាយផ្តេសផ្តាស ការនិយាយដើម្បីឲ្យគេព្រួយចិត្ត សេចក្តីប្រកែកប្រណាំងណា ក្នុងសភាវៈទាំងនោះ នេះដែលព្រះសាស្តាត្រាស់ហៅថា វិវាទាធិករណ៍។ សង្ឃជជែកគ្នា ព្រោះវិវាទាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលដែលសង្ឃជជែកគ្នាទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលដែលសង្ឃចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តាធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ អនុវាទាធិករណ៍ អាបត្តាធិករណ៍ និងកិច្ចាធិករណ៍ កើតមាន ព្រោះតែបច្ច័យនៃវិវាទាធិករណ៍ ដូចបានអធិប្បាយមកនេះ។
[១៣៨] អនុវាទាធិករណ៍ ទៅជាអាបត្តាធិករណ៍ ទៅជាកិច្ចាធិករណ៍ ទៅជាវិវាទាធិករណ៍ មានដែរឬទេ។ អនុវាទាធិករណ៍ មិនទៅជាអាបត្តាធិករណ៍ មិនទៅជាកិច្ចាធិករណ៍ មិនទៅជាវិវាទាធិករណ៍ទេ។ ប៉ុន្តែអាបត្តាធិករណ៍ កិច្ចាធិករណ៍ និងវិវាទាធិករណ៍ តែងកើតមាន ព្រោះបច្ច័យនៃអនុវាទាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មានសេចក្តីអធិប្បាយថា) ភិក្ខុទាំងឡាយ ក្នុងសាសនានេះ ចោទភិក្ខុផងគ្នាដោយសីលវិបត្តិក្តី [ភិក្ខុត្រូវអាបត្តិពីរកង គឺបារាជិក១ សង្ឃាទិសេស១ ចាត់ជាសីលវិបត្តិ។] ដោយអាចារវិបត្តិក្តី [ភិក្ខុត្រូវអាបត្តិ៥កង គឺថុល្លច្ច័យ១ បាចិត្តិយៈ១ បាដិទេសនីយៈ១ ទុក្កដ១ ទុព្ភាសិត១ ចាត់ជាអាចារវិបត្តិ។] ដោយទិដ្ឋិវិបត្តិក្តី [ភិក្ខុប្រកាន់ទិដ្ឋិអាក្រក់ ចាត់ជាទិដ្ឋិវិបត្តិ] ដោយអាជីវវិបត្តិក្តី [ភិក្ខុចិញ្ចឹមជីវិតដោយអនេសនៈ ចាត់ជាអាជីវវិបត្តិ។] ការចោទ សេចក្តីប្រកាន់ ការពោលជជែក ការពោលតវ៉ា ការពោលបង្កាច់ ការខំពោលបង្ខូច ការបន្ថែមកម្លាំងណា ក្នុងវិបត្តិទាំងនោះ នេះដែលព្រះសាស្តាត្រាស់ហៅថា អនុវាទាធិករណ៍។ សង្ឃជជែកគ្នា ព្រោះអនុវាទាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលដែលជជែកទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលដែលចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តាធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ និងវិវាទាធិករណ៍ តែងកើតមាន ព្រោះបច្ច័យនៃអនុវាទាធិករណ៍ ដូចបានអធិប្បាយមកនេះឯង។
[១៣៩] អាបត្តាធិករណ៍ ទៅជាកិច្ចាធិករណ៍ ទៅជាវិវាទាធិករណ៍ ទៅជាអនុវាទាធិករណ៍ មានដែរឬទេ។ អាបត្តាធិករណ៍ មិនទៅជាកិច្ចាធិករណ៍ មិនទៅជាវិវាទាធិករណ៍ មិនទៅជាអនុវាទាធិករណ៍ទេ។ ប៉ុន្តែកិច្ចាធិករណ៍ វិវាទាធិករណ៍ និងអនុវាទាធិករណ៍ តែងកើតមាន ព្រោះតែបច្ច័យនៃអាបត្តាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មានសេចក្តីអធិប្បាយថា) កងនៃអាបត្តិទាំង៥ ក៏ហៅថា អាបត្តាធិករណ៍ កងនៃអាបត្តិទាំង៧ ក៏ហៅថា អាបត្តាធិករណ៍ នេះដែលព្រះសាស្តា ត្រាស់ហៅថា អាបត្តាធិករណ៍។ សង្ឃជជែកគ្នា ព្រោះអាបត្តាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលដែលជជែកទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលដែលចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តាធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ កិច្ចាធិករណ៍ វិវាទាធិករណ៍ និងអនុវាទាធិករណ៍ តែងកើតមាន ព្រោះបច្ច័យនៃអាបត្តាធិករណ៍ ដូចបានអធិប្បាយមកយ៉ាងនេះ។
[១៤០] កិច្ចាធិករណ៍ ទៅជាវិវាទាធិករណ៍ ទៅជាអនុវាទាធិករណ៍ ទៅជាអាបត្តាធិករណ៍ មានដែរឬទេ។ កិច្ចាធិករណ៍ មិនទៅជាវិវាទាធិករណ៍ មិនទៅជាអនុវាទាធិករណ៍ មិនទៅជាអាបត្តាធិករណ៍ទេ។ ប៉ុន្តែវិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្តាធិករណ៍ តែងកើតមាន ព្រោះតែបច្ច័យនៃអាបត្តាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មានសេចក្តីអធិប្បាយថា) កិច្ចរបស់សង្ឃ ឬកម្មដែលសង្ឃត្រូវធ្វើណា គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១ នេះដែលព្រះសាស្តា ត្រាស់ហៅថា កិច្ចាធិករណ៍។ សង្ឃជជែកគ្នា ព្រោះកិច្ចាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលដែលជជែកទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលដែលចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តាធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ វិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្តាធិករណ៍ តែងកើតមាន ព្រោះបច្ច័យនៃកិច្ចាធិករណ៍ ដូចបានអធិប្បាយមកយ៉ាងនេះ។
[១៤១] សតិវិន័យ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា សតិវិន័យ (ក៏មាន) ក្នុងទីនោះដែរ។ អមូឡ្ហវិន័យ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា អមូឡ្ហវិន័យ (ក៏មាន) ក្នុងទីនោះដែរ។ បដិញ្ញាតករណៈ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា បដិញ្ញាតករណៈ (ក៏មាន) ក្នុងទីនោះដែរ។ យេភុយ្យសិកា (មាន)ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា យេភុយ្យសិកា (ក៏មាន) ក្នុងទីនោះដែរ។ តស្សបាបិយសិកា (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា តស្សបាបិយសិកា (ក៏មាន) ក្នុងទីនោះដែរ។ តិណវត្ថារកៈ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា តិណវត្ថារកៈ (ក៏មាន) ក្នុងទីនោះដែរ។
[១៤២] ក្នុងសម័យណា អធិករណ៍រម្ងាប់ដោយសម្មុខាវិន័យ និងសតិវិន័យ សតិវិន័យ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះ សម្មុខាវិន័យ (មាន) ក្នុងទីណា សតិវិន័យ (ក៏មាន) ក្នុងទីនោះដែរ អមូឡ្ហវិន័យ មិនមានក្នុងទីនោះទេ បដិញ្ញាតករណៈ មិនមានក្នុងទីនោះទេ យេភុយ្យសិកា មិនមានក្នុងទីនោះទេ តស្សបាបិយសិកា មិនមានក្នុងទីនោះទេ តិណវត្ថារកៈ មិនមានក្នុងទីនោះទេ។ សម័យណា អធិករណ៍រម្ងាប់ដោយសម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ។បេ។ ដោយសម្មុខាវិន័យ និងយេភុយ្យសិកា។បេ។ ដោយសម្មុខាវិន័យ និងតស្សបាបិយសិកា។បេ។ ដោយសម្មុខាវិន័យ និងតិណវត្ថារកៈ តិណវត្ថារកៈ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះ សម្មុខាវិន័យ (មាន) ក្នុងទីណា តិណវត្ថារកៈ (ក៏មាន) ក្នុងទីនោះ សតិវិន័យ មិនមានក្នុងទីនោះទេ អមូឡ្ហវិន័យ មិនមានក្នុងទីនោះទេ បដិញ្ញាតករណៈ មិនមានក្នុងទីនោះទេ យេភុយ្យសិកាមិនមានក្នុងទីនោះទេ តស្សបាបិយសិកា មិនមានក្នុងទីនោះទេ។
[១៤៣] សួរថា សម្មុខាវិន័យ និងសតិវិន័យ ធម៌ទាំងនេះលាយច្រឡំគ្នា ឬមិនច្រឡំគ្នាទេ មួយទៀត លោកចែករំលែកធម៌ទាំងឡាយនេះ ហើយបញ្ញត្តឲ្យផ្សេងពីគ្នាបានឬទេ។ សម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និងបដិញ្ញាតករណៈ សម្មុខាវិន័យ និងយេភុយ្យសិកា សម្មុខាវិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និងតិណវត្ថារកៈ ធម៌ទាំងនេះ លាយច្រឡំគ្នា ឬមិនលាយច្រឡំគ្នាទេ មួយទៀត លោកចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្តឲ្យផ្សេងគ្នាបានឬទេ។ ឆ្លើយថា សម្មុខាវិន័យ និងសតិវិន័យ ធម៌ទាំងនេះ លាយច្រឡំគ្នា មិនមែនផ្សេងគ្នាទេ មួយទៀត លោកមិនបានចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្តឲ្យផ្សេងពីគ្នាទេ។ សម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និងបដិញ្ញាតករណៈ សម្មុខាវិន័យ និងយេភុយ្យសិកា សម្មុខាវិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និងតិណវត្ថារកៈ ធម៌ទាំងនេះ លាយច្រឡំគ្នា មិនមែនមិនលាយច្រឡំគ្នាទេ មួយទៀត លោកមិនបានចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្តឲ្យផ្សេងពីគ្នាទេ។
[១៤៤] សម្មុខាវិន័យ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សម្មុខាវិន័យ មាននិទានជាគ្រឿងប្រគល់ឲ្យនូវផល មាននិទានជាហេតុឲ្យកើតឡើង មាននិទានជាកំណើត មាននិទានជាដែន មាននិទានជាអង្គ មាននិទានជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មាននិទានជាគ្រឿងប្រគល់ឲ្យនូវផល មាននិទានជាហេតុឲ្យកើតឡើង មាននិទានជាកំណើត មាននិទានជាដែន មាននិទានជាអង្គ មាននិទានជាសមុដ្ឋាន។ សម្មុខាវិន័យ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សម្មុខាវិន័យ មានហេតុជាគ្រឿងប្រគល់ឲ្យនូវផល មានហេតុជាហេតុឲ្យកើតឡើង មានហេតុជាកំណើត មានហេតុជាដែន មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានហេតុជាគ្រឿងប្រគល់ឲ្យនូវផល មានហេតុជាហេតុឲ្យកើតឡើង មានហេតុជាកំណើត មានហេតុជាដែន មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ សម្មុខាវិន័យ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សម្មុខាវិន័យ មានបច្ច័យជាគ្រឿងប្រគល់ឲ្យនូវផល មានបច្ច័យជាហេតុឲ្យកើតឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែន មានបច្ច័យជាអង្គ មានបច្ច័យ ជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានបច្ច័យ ជាគ្រឿងប្រគល់ឲ្យនូវផល មានបច្ច័យជាហេតុឲ្យកើតឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែន មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។
[១៤៥] សមថៈទាំង៧ មានមូលប៉ុន្មាន មានសមុដ្ឋានប៉ុន្មាន។ សមថៈទាំង៧ មានមូល២៦ មានសមុដ្ឋាន៣៦។ សមថៈ ទាំង៧ មានមូល២៦ (នោះ) ដូចម្តេច។ សម្មុខាវិន័យ មានមូល៤ គឺចំពោះមុខសង្ឃ១ ចំពោះមុខធម៌១ ចំពោះមុខវិន័យ១ ចំពោះមុខបុគ្គល១។ សតិវិន័យមានមូល៤។ អមូឡ្ហវិន័យ មានមូល៤។ បដិញ្ញាតករណៈ មានមូល២ គឺបុគ្គលណាសំដែង១ សំដែងចំពោះបុគ្គលណា១។ យេភុយ្យសិកា មានមូល៤ តស្សបាបិយសិកា មានមូល៤។ តិណវត្ថារកៈ មានមូល៤ គឺចំពោះមុខសង្ឃ១ ចំពោះមុខធម៌១ ចំពោះមុខវិន័យ១ ចំពោះមុខបុគ្គល១។ នេះជាមូល២៦ របស់សមថៈទាំង៧។ សមថៈទាំង [អដ្ឋកថាពន្យល់ថា ត្រង់ពាក្យបុច្ឆាអំពីសមុដ្ឋាន ដែលលោកពោលថា សមថៈទាំង៧ មានសមុដ្ឋាន៣៦ នោះតើដូចម្តេច ដូច្នេះ ក៏មែនពិតហើយ តែបានជាលោកចែកតែសមថៈ៦ ក្នុងសមថៈមួយៗ មានសមុដ្ឋានប្រាំមួយៗ ដូច្នេះវិញ ព្រោះសម្មុខាវិន័យ មិនមានសមុដ្ឋានទេ ដោយមិនបានសង្គ្រោះចូលក្នុងកម្ម។]៧ មានសមុដ្ឋាន៣៦ (នោះ) ដូចម្តេចខ្លះ។ ការធ្វើញត្តិ ការបញ្ឈប់ញត្តិ ការចូលទៅធ្វើដោយខ្លួនឯង ការបង្គាប់ឲ្យគេចូលទៅធ្វើ ការទទួលបង្គាប់ ការមិនហាមឃាត់នូវសង្ឃកម្ម គឺសតិវិន័យ។ នូវសង្ឃកម្ម គឺអមូឡ្ហវិន័យ។បេ។ នូវសង្ឃកម្ម គឺបដិញ្ញាតករណៈ។បេ។ នូវសង្ឃកម្ម គឺយេភុយ្យសិកា។បេ។ នូវសង្ឃកម្ម គឺតស្សបាបិយសិកា។បេ។ ការធ្វើញត្តិ ការបញ្ឈប់ញត្តិ ការចូលទៅធ្វើដោយខ្លួនឯង ការបង្គាប់ឲ្យគេចូលទៅធ្វើ ការទទួលបង្គាប់ ការមិនហាមឃាត់នូវសង្ឃកម្ម គឺតិណវត្ថារកៈ។ នេះជាសមុដ្ឋាន៣៦ របស់សមថៈ៧។
[១៤៦] សម្មុខាវិន័យ និងសតិវិន័យ ធម៌ទាំងនេះ មានអត្ថផ្សេងៗគ្នា មានព្យញ្ជនៈផ្សេងៗគ្នា ឬក៏មានអត្ថជាមួយគ្នា ផ្សេងគ្នាតែព្យញ្ជនៈប៉ុណ្ណោះទេ។ សម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និងបដិញ្ញាតករណៈ សម្មុខាវិន័យ និងយេភុយ្យសិកា សម្មុខាវិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និងតិណវត្ថារកៈ ធម៌ទាំងនេះ មានអត្ថផ្សេងៗគ្នា មានព្យញ្ជនៈផ្សេងៗគ្នា ឬក៏មានអត្ថជាមួយគ្នា ផ្សេងគ្នាតែព្យញ្ជនៈប៉ុណ្ណោះទេ។ សម្មុខាវិន័យ និងសតិវិន័យ ធម៌ទាំងនេះ មានអត្ថក៏ផ្សេងៗគ្នា មានព្យញ្ជនៈក៏ផ្សេងៗគ្នាដែរ។ សម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និងបដិញ្ញាតករណៈ សម្មុខាវិន័យ និងយេភុយ្យសិកា សម្មុខាវិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និងតិណវត្ថារកៈ ធម៌ទាំងនេះ មានអត្ថផ្សេងៗគ្នា មានព្យញ្ជនៈក៏ផ្សេងៗគ្នាដែរ។
[១៤៧] វិវាទ ចាត់ជាវិវាទាធិករណ៍ វិវាទ មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាវិវាទ ចាត់ជាអធិករណ៍ផង ជាវិវាទផង វិវាទ ចាត់ជាវិវាទាធិករណ៍ក៏មាន វិវាទ មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាវិវាទក៏មាន ចាត់ជាអធិករណ៍ផង វិវាទផងក៏មាន។ បណ្តាធម៌ទាំងនោះ វិវាទដូចម្តេច ដែលចាត់ជាវិវាទាធិករណ៍។ ភិក្ខុទាំងឡាយក្នុងសាសនានេះ ជជែកគ្នា ថាសភាវៈនេះ ជាធម៌ក្តី មិនមែនជាធម៌ក្តី។បេ។ ជាទុដ្ឋុល្លាបត្តិក្តី ជាអទុដ្ឋុល្លាបត្តិក្តី សេចក្តីប្រកួតប្រកាន់ ជម្លោះ សេចក្តីប្រកាន់ខុស សេចក្តីជជែក ការនិយាយបែកផ្សេងពីគ្នា ការនិយាយផ្តេសផ្តាស ការនិយាយដើម្បីឲ្យគេព្រួយចិត្ត សេចក្តីប្រកែកប្រណាំងណា ក្នុងសភាវៈទាំងនោះ វិវាទនេះ ចាត់ជាវិវាទាធិករណ៍។ បណ្តាធម៌ទាំងនោះ វិវាទដូចម្តេច ដែលមិនចាត់ជាអធិករណ៍។ មាតាទាស់ទែងនឹងបុត្តក្តី បុត្តទាស់ទែងនឹងមាតាក្តី បិតាទាស់ទែងនឹងបុត្តក្តី បុត្តទាស់ទែងនឹងបិតាក្តី បងប្អូនប្រុសទាស់ទែងនឹងបងប្អូនប្រុសក្តី បងប្អូនប្រុសទាស់ទែងនឹងបងប្អូនស្រីក្តី បងប្អូនស្រីទាស់ទែងនឹងបងប្អូនប្រុសក្តី សំឡាញ់ទាស់ទែងនឹងសំឡាញ់ផងគ្នាក្តី វិវាទនេះ មិនចាត់ជាអធិករណ៍ទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលមិនចាត់ជាវិវាទ។ អនុវាទាធិករណ៍ អាបត្តាធិករណ៍ និងកិច្ចាធិករណ៍ អធិករណ៍នេះ មិនចាត់ជាវិវាទទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលចាត់ជាអធិករណ៍ផង ជាវិវាទផង។ វិវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ជាវិវាទផង។
[១៤៨] ការចោទ ចាត់ជាអនុវាទាធិករណ៍ ការចោទ មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាការចោទ ចាត់ជាអធិករណ៍ផង ជាការចោទផង ការចោទ ចាត់ជាអនុវាទាធិករណ៍ក៏មាន ការចោទ មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាការចោទក៏មាន ចាត់ជាអធិករណ៍ផង ជាការចោទផងក៏មាន។ បណ្តាធម៌ទាំងនោះ ការចោទដូចម្តេច ដែលចាត់ជាអនុវាទាធិករណ៍។ ភិក្ខុទាំងឡាយក្នុងសាសនានេះ ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ សេចក្តីប្រកាន់ ការពោលជជែក ការពោលតវ៉ា ការពោលបង្កាច់ ការខំពោលបង្ខូច ការបន្ថែមកម្លាំងណា ក្នុងវិបត្តិទាំងនោះ ការចោទនេះ ចាត់ជាអនុវាទាធិករណ៍។ បណ្តាធម៌ទាំងនោះ ការចោទដូចម្តេច ដែលមិនចាត់ជាអធិករណ៍។ មាតាចោទបុត្តក្តី បុត្តចោទមាតាក្តី បិតាចោទបុត្តក្តី បុត្តចោទបិតាក្តី បងប្អូនប្រុសចោទបងប្អូនប្រុសផងគ្នាក្តី បងប្អូនប្រុសចោទបងប្អូនស្រីក្តី បងប្អូនស្រីចោទបងប្អូនប្រុសក្តី សំឡាញ់ចោទសំឡាញ់ផងគ្នាក្តី ការចោទនេះ មិនចាត់ជាអធិករណ៍ទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលមិនចាត់ជាការចោទ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ និងវិវាទាធិករណ៍ អធិករណ៍នេះ មិនចាត់ជាការចោទទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលចាត់ជាអធិករណ៍ផង ជាការចោទផង។ អនុវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ជាការចោទផង។
[១៤៩] អាបត្តិ ចាត់ជាអាបត្តាធិករណ៍ អាបត្តិ មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាអាបត្តិ ចាត់ជាអធិករណ៍ផង ជាអាបត្តិផង អាបត្តិ ចាត់ជាអាបត្តាធិករណ៍ក៏មាន អាបត្តិ មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាអាបត្តិក៏មាន ចាត់ជាអធិករណ៍ផង ជាអាបត្តិផងក៏មាន។ បណ្តាធម៌ទាំងនោះ អាបត្តិដូចម្តេច ដែលចាត់ជាអាបត្តាធិករណ៍។ កងនៃអាបត្តិទាំង៥ ក៏ចាត់ជាអាបត្តាធិករណ៍ កងនៃអាបត្តិទាំង៧ ក៏ចាត់ជាអាបត្តាធិករណ៍ អាបត្តិទាំងនេះ ទើបចាត់ជាអាបត្តាធិករណ៍។ បណ្តាធម៌ទាំងនោះ អាបត្តិដូចម្តេច ដែលមិនចាត់ជាអធិករណ៍។ សោតាបត្តិ និងសមាបត្តិ អាបត្តិ [ប្រែថា កិរិយាដល់ មិនប្រែថា កិរិយាត្រូវនូវអាបត្តិ ដូចក្នុងសិក្ខាបទនោះទេ។] នេះ មិនចាត់ជាអធិករណ៍ទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលមិនចាត់ជាអាបត្តិ។ កិច្ចាធិករណ៍ វិវាទាធិករណ៍ និងអនុវាទាធិករណ៍ អធិករណ៍នេះ មិនចាត់ជាអាបត្តិទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលចាត់ជាអធិករណ៍ផង ជាអាបត្តិផង។ អាបត្តាធិករណ៍ ចាត់ជាអធិករណ៍ផង ជាអាបត្តិផង។
[១៥០] កិច្ច ចាត់ជាកិច្ចាធិករណ៍ កិច្ច មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាកិច្ច ចាត់ជាកិច្ចផង ជាអធិករណ៍ផង កិច្ច ចាត់ជាកិច្ចាធិករណ៍ក៏មាន កិច្ច មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាកិច្ចក៏មាន ចាត់ជាអធិករណ៍ផង ជាកិច្ចផងក៏មាន។ បណ្តាធម៌ទាំងនោះ កិច្ចដូចម្តេច ដែលចាត់ជាកិច្ចាធិករណ៍។ កិច្ចរបស់សង្ឃ ឬកម្មដែលសង្ឃត្រូវធ្វើណា គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១ កិច្ចនេះ ទើបចាត់ជាកិច្ចាធិករណ៍បាន។ បណ្តាធម៌ទាំងនោះ កិច្ចដូចម្តេច ដែលមិនចាត់ជាអធិករណ៍។ កិច្ចដែលអន្តេវាសិក ត្រូវធ្វើដល់អាចារ្យ កិច្ចដែលសទ្ធិវិហារិក ត្រូវធ្វើដល់ឧបជ្ឈាយ៍ កិច្ចដែលភិក្ខុត្រូវធ្វើដល់ភិក្ខុដែលមានឧបជ្ឈាយ៍ស្មើគ្នា កិច្ចដែលភិក្ខុត្រូវធ្វើដល់ភិក្ខុដែលមានអាចារ្យស្មើគ្នា កិច្ចនេះ មិនចាត់ជាអធិករណ៍ទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលមិនចាត់ជាកិច្ច។ វិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្តាធិករណ៍ អធិករណ៍នេះ មិនចាត់ជាកិច្ចទេ។ បណ្តាធម៌ទាំងនោះ កិច្ចដូចម្តេច ដែលចាត់ជាអធិករណ៍ផង ជាកិច្ចផង។ កិច្ចាធិករណ៍ ចាត់ជាអធិករណ៍ផង ជាកិច្ចផង។
ចប់ អធិករណ៍ភេទ។
ឧទ្ទាន គឺបញ្ជីរឿង នៃអធិករណ៍ភេទនោះដូច្នេះ
[១៥១] និយាយអំពីការសើរើអធិករណ៍១ ភិក្ខុបាននូវការសើរើដោយអាការ១០យ៉ាង១ បុគ្គល គឺភិក្ខុដែលប្រកបដោយអង្គ៤ ទើបសើរើអធិករណ៍បាន១ និទាន ហេតុ បច្ច័យ មូល និងសមុដ្ឋាន (នៃអធិករណ៍)១ អធិករណ៍ដែលចាត់ជាអាបត្តិ និងអនាបត្តិ១ សមថៈទាំង៧ មានសតិវិន័យជាដើម កើតក្នុងទីណា១ សមថៈទាំង៧ មានសម្មុខាវិន័យជាដើម លាយច្រឡំគ្នា ឬមិនច្រឡំគ្នា១ និទាន ហេតុ បច្ច័យ មូល និងសមុដ្ឋាន (នៃសមថៈទាំង៧ប្រការ)១ សមថៈទាំង៧ប្រការ មានអត្ថ និងព្យញ្ជនៈ (ផ្សេងៗគ្នា)១ ធម៌ទាំងឡាយ មានវិវាទជាដើម ដែលចាត់ជាអធិករណ៍ និងមិនចាត់ជាអធិករណ៍១ នេះជាឧទ្ទាន ក្នុងអធិករណភេទ។