អធិបតីសេនាពេជ្រ

ពីវិគីភីឌា
Jump to navigation Jump to search
អធិបតីសេនាពេជ្រ

ចៅពញាអធិបតីសេនានៃកម្ពុជាធិបតី
កាន់តំណែង
តំណែងបានកាន់​ 
គ.ស. ប្រហែល១៥១៦
អង្គក្សត្រ ចន្ទរាជា
ព័ត៌មានលំអិត
កើត ពេជ្រ
សាសនា ពុទ្ធសាសនាថេរវាទ

ចៅពញាអធិបតីសេនាពេជ្រ (កាន់.ប្រ.១៥១៦) គឺជាមន្ត្រីក្នុងរាជ្យព្រះបាទចន្ទរាជា។

សមរភូមិទន្លេសាប[កែប្រែ]

ចៅហ្វាយស្រុកខែត្រអាសន្ទុក​លុះ​ដឹង​ថា “សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​លើកទ័ព​ហួស​រហូត​ទៅ​ដល់​ខែត្រ​រលាប្អៀរ លង្វែក ហើយ” ក៏​តាំង​កេណ្ឌ​កងទ័ព​គ្រប់​ខែត្រ​ដែល​ឡើង​ខែត្រ​អាសន្ទុក​នោះគឺ​ មឿងជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប់ មឿង​ទាំង​ ២៥ ​នេះ​កេណ្ឌ​បាន​ពល​ ៨០០០០ នាក់ ហើយ​ឲ្យ​កេណ្ឌ​ទូក​រាស្ដ្រសំរាប់ចំលង​​កងទ័ព​ឆ្លង​ទៅ​ខែត្រ​ក្រគរដើម្បី​វាយ​កងទ័ព​សត្រូវ​ផ្ទប់​ពី​ខាងក្រោយ​កុំ​ឲ្យ​សម្ដេចចៅពញា​ចន្ទរាជា​រត់គេច​ខ្លួន​បាន។ ឯ​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់ ព្រះ​អង្គ​ប្រថាប់​ទ័ព​នៅ​បន្ទាយ​ស្រុក​បរិបូរណ៍ (អម្រិន្ទបូរី)។ ក្នុង​​ថ្ងៃ​នោះ​ព្រះ​អង្គ​ជ្រាប​ថា “កង​ល្បាត​នៃ​ចៅពញា​ឧទ័យធិរាជ​កំពុង​ឲ្យ​កងទ័ព​ឆ្លងទន្លេ​សាប​មក​ខែត្រ​ក្រគរ​ហើយ” ទ្រង់​ឈ្វេងយល់​គ្រប់​ប្រការ​ស្រេច ទើប​ស្ដេច​ត្រាស់​បង្គាប់បំរើសេះ​ឲ្យទៅ​ទូល​ចៅពញា​យសរាជាដែល​នៅ​រក្សា​ខែត្រ​ពោធិ៍សាត់​ថា ឲ្យ​លើក​កងទ័ព​ទៅ​ស្ទាក់​ចាំ​នៅ​កំពង់​ដៃទន្លេ​សាបកុំ​ឲ្យ​កងទ័ព​សត្រូវ​ឡើងគោក​រួច។ ឯ​ចៅពញា​យសរាជា​ជា​ស្ដេច​ព្រះ​ភាគិនេយ្យោ (របស់​ព្រះ​ចន្ទរាជា) ទ្រង់​ជ្រាប​ហើយ​ទ្រង់​ឲ្យ​នាយកង​ទ័ព​នាំ​រេហ៍ពល ​១០០០០ ​នាក់កាន់​កាំភ្លើង​ធំ​តូច​ទៅ​បង្កប់​ចាំ​នៅ​មាត់ព្រៃ​ទន្លេសាប​ពីរ​អន្លើ ហើយ​ឲ្យ​កេណ្ឌ​ទូក​បាន​ជា​ច្រើន។ ទ្រង់​ត្រាស់​កំណត់​ថាបើ​កងទ័ព​សត្រូវ​វា​ថយ​រត់​ទៅ​ត្រូវ​ឲ្យ​តាម​បាញ់​តាម​ចាប់​យកជ័យ​ជំនះ​ឲ្យ​បាន។ សម្ដេចចៅពញា​ចន្ទរាជា កាល​ឲ្យ​បំរើ​ទៅ​ទូល​សម្ដេចព្រះ​ភាគិនេយ្យោ​ចៅពញា​យសរាជា​រួច​ហើយ ស្ដេច​ត្រាស់​បង្គាប់​ចៅពញា​អធិបតី​សេនាពេជ្រ និង​ចៅពញា​យោធា​សង្គ្រាម​ពៅឲ្យ​នាំ​រេហ៍ពល​ ២០០០០ ​នាក់​ទៅ​បង្កប់​ចាំ​នៅ​មាត់​ព្រែក​ទន្លេសាប​ត្រើយ​ខាងកើត ហើយ​ទ្រង់​ផ្ដាំ​ថា “បើ​ឮ​កាំភ្លើង​សន្យា​ទ័ព​ហើយឲ្យ​លើក​កងទ័ព​ចូល​ច្បាំង​ឲ្យ​បាន​សំរេច​ចុះ” ។ ចៅពញា​ទាំង​ពីរ​ក៏​ក្រាប​បង្គំ​ថ្វាយ​លា​ចេញ​ទៅ​តាម​ព្រះរាជ​បញ្ជា។ ឯ​សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ស្ដេច​ឡើង​គង់​លើ​ព្រះ​ទីនាំង​ចក្រពត្ដិគឺ​ទូក​-ង​សារាយអណ្ដែត​នោះ ព្រម​ដោយ​ទូក-​ង​ផ្សេងៗ​ ២៥ ​ទៀត​ចេញ​ទៅ​បង្កប់​ស្ទាក់​នៅ​មាត់​ព្រែក​ទន្លេសាបចាំ​ទ័ព​សត្រូវ។ ចៅពញា​ឧទ័យធិរាជ​ ចៅហ្វាយស្រុក​ខែត្រអាសន្ទុក (ខាង​ស្ដេច​កន) កាល​បាន​ទូក និង​ទ័ព​មក​ជួបជុំ​ហើយ​ក៏​ដេញ​ពល​ឲ្យ​ចុះទូក​ទៅ​ដល់​ជិត​ព្រៃ​ត្រើយ​ ខាងលិច។ ខណៈនោះ​កងទ័ព​ចៅពញា​យសរាជា​ដែល​បង្កប់ខ្លួន​នោះ​ក៏​តាំង​ហ៊ោរ​បាញ់កាំភ្លើង​ ធំ​តូច​រំពង​ឡើង។ កងទ័ព​ចៅពញា​ឧទ័យធិរាជ​ជិះទូក​កំណែន គ្មាន​ចំណាប់​នឹង​បាញ់ ក៏​បែក​កងទ័ព​រត់​ទៅ​ពួន​ក្នុង​ព្រៃ​មួយអន្លើ​ក្នុង​ខែត្របរិបូរណ៍។ នៅ​ទីនោះ​កងទ័ព​ចៅពញា​ឧទ័យធិរាជ​ទាំងនោះ​រត់ទៅ​ជួបនឹង​កងទ័ព​ចៅពញា​សេនា​សង្គ្រាម។ ខាង​កងទ័ព​ចៅពញា​សេនា​សង្គ្រាម​ក៏​ទទួល​បាញ់​កាប់​ចាក់​កងទ័ព​សត្រូវ​ឥត​ត្រា​ប្រណី​ឡើយធ្វើ​ឲ្យ​កងទ័ព​សត្រូវ​ទ្រាំ​មិន​បាន​ក៏​រត់​ឆ្លង​ទៅ​ត្រើយ​ខាងកើត​វិញ។ ទ័ព​ដែល​ស្លាប់​ដោយ​ធ្លាក់ទឹក​ទន្លេសាប​នោះ​ប្រមាណ​ជា​ពីរ​ ឬ​ បី​ពាន់​នាក់។ ឯ​សម្ដេចចៅពញា​ចន្ទរាជា​ដែល​បង្កប់​ក្នុង​ព្រៃ លុះ​ឮ​សូរកាំភ្លើង​ហើយ​ឃើញ​ទ័ព​នៃ​ចៅពញា​ឧទ័យធិរាជ​រារង់​ថយ​មក​នោះ ទ្រង់​ក៏​ឲ្យ​ទូក​ង​ទាំង​ ២៥ និង​ទូក​ព្រះ​ទីនាំង​ព្រះ​ចក្រពត្ដិ​អុំ​សំរុកចូល​ទៅ​ចាប់ ហើយ​ចាប់​បាន​ទាំង​ពល​ទាំង​ពញា​ឧទ័យធិរាជ និង​ចៅ​មឿង​ ១០ ​នាក់​ទៀត។ ឯ​ចៅ​មឿង ​១១ ​នាក់​ទៀត​លោត​រត់​ដោះ​ខ្លួន​ទៅ​ដល់​ច្រាំង​ត្រើយ​ខាង​កើតជា​មុន។ ឯ​ចៅពញា​អធិបតី​សេនា និង​ចៅពញា​យោធា​សង្គ្រាម​ដែល​នៅ​បង្កប់ទ័ព​នៅ​មាត់ទន្លេ​ត្រើយ​ខាងកើត​នោះ លុះ​ឃើញ​ចៅ​មឿង​ទាំង​ ១១​ នាក់​រត់ទៅ​ដល់​ហើយ ក៏​ឲ្យ​ទ័ព​ខ្លួន​ដេញចាប់​បាន​ទាំងអស់ ហើយ​ឲ្យ​ដាក់​ក្ដី​ប្រចាំការ​ទំរាំ​ស្ដេច​យាង​ទៅ​ដល់។ លុះដល់​ថ្ងៃរសៀល​សម្ដេចចៅពញា​ចន្ទរាជា​ព្រះ​អង្គ​ចេញ​ព្រះរាជ​ដំណើរ​ទៅ​ដល់​ព្រះ​ពន្លា​នៅ​ត្រើយ​ខាងកើត​នោះ​ហើយ ចៅពញា​អធិបតី​សេនា​ពេជ្រ និង​ចៅពញា​យោធា​សង្គ្រាម​ពៅនាំ​ចៅហ្វាយស្រុក​ចៅ​មឿង​ទាំង​ ២២​ នាក់ និង​ឈ្លើយ​ទាំង ​៦០០០០​ នាក់​ដែល​ចាប់​បាន​នោះនាំ​មក​ក្រាប​បង្គំ​ទូល​ថ្វាយ។ ខណៈនោះ​ចៅហ្វាយស្រុក ចៅ​មឿង ចៅ​បាន សេនា​ទាហាន ឯក ទោ ត្រី ដែល​ចាប់​បាន​ជាប់​ទាំង​រេហ៍ពល​ ៦០០០០​ នាក់ក៏​កោតខ្លាច​អំណាច​បុណ្យ​បារមី​នៃ​សម្ដេចចៅពញា​ចន្ទរាជា ហើយ​សន្មត​សញ្ញា​សូម​នៅ​ជា​ខ្ញុំ​រាជការ​ត្រា​អស់​មួយ​ជីវិត។ សម្ដេច​ចៅពញា​ចន្ទរាជា​ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​តាម​សុំ។ តែ​ក្នុង​គ្រានោះ​ព្រះ​អង្គ​ពុំ​ទាន់​រក​ឃើញ​នូវ​ក្រុម​ព្រះ​បុរោហិត​នៅឡើយនឹង​ឲ្យធ្វើ​សច្ចាប្រណិធាន​តាម​ច្បាប់​ប្រពៃណី​ពុំ​កើត ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ក្រុម​ទាំងនេះ​ទទួល​ថា​តាម​ព្រះ​អង្គ ​៣ ​ដង​ម្នាក់ៗ ហើយ​ឲ្យ​ក្រុម​ទាំងនោះ​ទទួលទាន​ទឹកពិភទ្ទសច្ចា​ទុកជា​ការ​ស្រេច។

ឯកសារយោង[កែប្រែ]

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ចៅពញាអធិបតីសេនានៃកម្ពុជាធិបតី
ប្រ.គស.១៥១៦
តដោយ
មិនស្គាល់