អាំង ជូលាន

ពីវិគីភីឌា
អាំង ជូលាន

អាំង ជូលាន ជានរវិទូខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនរវិទ្យាពីប្រទេសបារាំងនៅឆ្នាំ១៩៨២។ លោកសាស្ត្រាចារ្យ កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៤៩ នៅកំពង់ឃ្លាំង ខេត្តសៀមរាប។ លោកជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាអតីតប្រធាននាយកដ្ឋានវប្បធម៌នៃអាជ្ញាធរអប្សរា

កិច្ចសម្ភាសន៍រវាងវិទ្យុអាស៊ីសេរី និងលោកសាស្ត្រាចារ្យអាំង ជូលាន ដែលទទួលរង្វាន់ Fukuoka Prize នៅក្នុងឆ្នាំ២០១១[កែប្រែ]

[១]នរវិទូ​ខ្មែរ​ ១ ​រូប​ ទទួល​បាន​ពានរង្វាន់​ឆ្នើម​ ហ៊្វូគូអូកា ពី​​ប្រទេស​ជប៉ុន

នៅ​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ ​តែង​បាន​ធ្វើ​នូវ​អ្វី​ដែល​ជា​ប្រយោជន៍​សម្រាប់​ផ្ទាល់​ខ្លួន​ និង​ជា​ប្រយោជន៍​សម្រាប់​សង្គម ​ឬ​មនុស្ស​ផង​ទាំងពួង ទោះ​តិច​ឬ​ច្រើន។ ​កាល​បើ​នរណា​ម្នាក់​បាន​លះបង់ ​ឬ​ធ្វើ​បាន​ច្រើន ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ មិន​យូរ​មិន​ឆាប់ អ្នក​នោះ​នឹង​ទទួល​បាន​នូវ​ការ​គោរព​សរសើរ​ពី​អ្នក​ដទៃ។ យ៉ាង​ណា​មិញ តាម​រយៈ​ការ​ខិតខំ​ព្យាយាម​និង​ពុះពារ​ក្នុង​វិជ្ជាជីវៈ​នរវិទូ ឬ​អ្នក​សិក្សា​វិជ្ជា​ទាក់ទង​នឹង​វិវត្តន៍​នៃ​មនុស្ស ​ខ្មែរ​មួយ​រូប​ទទួល​បាន​ពាន់​រង្វាន់​ឆ្នើម (Grand Prize) ពី​ប្រទេស​ជប៉ុន ក្នុង​ការ​ស្រាវជ្រាវ។

នរវិទូ​ ឬ​អ្នក​សិក្សា​វិជ្ជា​ទាក់ទង​នឹង​ការ​វិវត្តន៍​នៃ​មនុស្ស ដែល​កំពុង​តែ​ផ្ទេរ​ចំណេះដឹង​ដល់​កូន​ខ្មែរ​និង​កំពុង​តែ​បន្ត​ធ្វើ​ការ​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​ខ្មែរ បាន​ឈ្នះ​ជា​ជ័យ​លាភី​ពានរង្វាន់​ឆ្នើម ក្នុង​ចំណោម​ជ័យ​លាភី​ពានរង្វាន់ ៣​រូប ​ដែល​ត្រូវ​បាន​គេ​ជ្រើស​ចេញ​ពី​បេក្ខភាព​ចំនួន​ជាង ២០០ នាក់ នោះ​គឺ​លោក បណ្ឌិត អាំង ជូលាន។

លោក អាំង ជូលាន បច្ចុប្បន្ន​ជា​អ្នកស្រាវជ្រាវ​ផង ​និង​​ជា​សាស្ត្រាចារ្យ​ផ្នែក​សិលាចារឹក​បុរាណ​ខ្មែរ​នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា​ផង។

លោក​បាន​ឈ្នះ​ពាន់​រង្វាន់​លំដាប់ថ្នាក់​លេខ​១ (Grand Prize) ផ្នែក​ស្រាវជ្រាវ ក្នុង​ចំណោម​ជយលាភី ៣​រូប ដោយ​ពានរង្វាន់​ពីរ​ទៀត​បាន​ទៅ​ជនជាតិ​កូរ៉េ​ខាង​ត្បូង​និង​ជនជាតិ​អាល្លឺម៉ង់ ហើយ​ជយលាភី​ទាំង​បី​ត្រូវ​បាន​គេ​ជ្រើសរើស​ចេញ​ពី​ក្នុង​ចំណោម​បេក្ខជន​ជាង ២៥០​នាក់ ៖ «គេ​សម្លឹង​មើល​មក អា​នេះ​ខ្ញុំ​និយាយ​តាម​សុន្ទរកថា​គេ​និយាយ​អំពី​ខ្ញុំ​ទេ​ដែល​ខ្ញុំ​និយាយ​នេះ​ណា៎ គឺ​ថា ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​មក​វា​លើស​ពី ដូច​ថា​វា​មិនមែន​សំឡេង​មក​លើ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ។ ឧទាហរណ៍​ថា​អាជ្ញាធរ​អប្សរា ដែល​មាន​នាទី​គ្រប់គ្រង​តំបន់​អង្គរ​អី​នេះ គឺ​កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​១៩៩៥។ ណា៎ អា​ហ្នឹង​អាជ្ញាធរ​អប្សរា ប៉ុន្តែ​ចំណែក​ខ្ញុំ​នេះ​មក​ជួយ​រៀបចំ​អាជ្ញាធរ​អប្សរា​តាំង​ពី​មិន​ទាន់​មាន តាំង​ពី​ប្រហែល​ឆ្នាំ​១៩៩៣​មក ហើយ​ដល់​ឆ្នាំ​៩៥​កើត​មាន​ឡើង​ក៏​ខ្ញុំ​ជួយ​ធ្វើ​ការ​អី បំពេញ​ការងារ​នៅ​ក្នុង​ហ្នឹង​បាន​ច្រើន​ឆ្នាំ​ដែរ» ។

លោក បណ្ឌិត អាំង ជូលាន កើត​នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​១៩៤៩ នៅ​ភូមិ​កំពង់ឃ្លាំង ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ។ លោក បណ្ឌិត អាំង ជូលាន មាន​ប្រសាសន៍​ថា ឪពុក​របស់​លោក​ដែល​ជា​អ្នក​ចេះ​ដឹង​ម្នាក់ បាន​បម្រើ​ការងារ​រាជការ​ខ្លះ​ ហើយ​ប្រកបរបរ​ទទួល​ទាន​ជា​លក្ខណៈ​ឯកជន​ច្រើន​ជាង។ រីឯ​ម្ដាយ​របស់​លោក​ជា​ស្ត្រី​មេផ្ទះ។ ពេល​លោក​មាន​អាយុ ៦​ឆ្នាំ ប្រហែល​ក្នុង​ចន្លោះ​ឆ្នាំ​១៩៥៥-១៩៥៦ ក្រុម​គ្រួសារ​ឪពុក​ម្ដាយ​របស់​លោក​បាន​ផ្លាស់​មក​រស់​នៅ​រាជធានី​ភ្នំពេញ។

លោក អាំង ជូលាន បាន​បញ្ចប់​មធ្យមសិក្សា​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​និង​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​បុរាណវិទ្យា​កាល​ពី​ឆ្នាំ​១៩៧៤ ហើយ​លោក​ក៏​ទទួល​បាន​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង ៖ «ខ្ញុំ​បាន​ជាប់​បរិញ្ញាបត្រ​ខាង​បុរាណវិទ្យា​នៅ​ពេល​ហ្នឹង​ទៅ​​រដ្ឋាភិបាល​បារាំង​ឆ្នាំ​ហ្នឹង​គេ​ឲ្យ​អាហារូបករណ៍​មក​ស្រុក​ខ្មែរ ដូច​តែ​ពីរ​ទេ ហើយ​ក្នុង​ហ្នឹង​មាន​ខ្ញុំ​មួយ ហើយ​ក៏​ខ្ញុំ​ទៅ​រៀន​នៅ ប្រទេស​បារាំង​ទៅ​ណា៎ ហើយ​ពេល​ដែល​ខ្ញុំ​ទៅ​បាន​ប្រហែល​កន្លះ​ឆ្នាំ​ហ្នឹង ជាង​កន្លះ​ឆ្នាំ​ហ្នឹង​ក៏​ស្រុក​យើង​ធ្លាក់​ទៅ ឆ្នាំ​៧៥​ហ្នឹង»។

លោក បណ្ឌិត អាំង ជូលាន បញ្ជាក់​ថា អាហារូបករណ៍​ដែល​លោក​ទទួល​បាន​នោះ មាន​រយៈ​ពេល តែ ៣៣​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​នោះ លោក​ត្រូវ​រក​មធ្យោបាយ​ដើម្បី​បន្ត​ការ​សិក្សា​ដោយ​ផ្ទាល់ខ្លួន ៖ «ដូច្នេះ​ទៅ​ខ្ញុំ​អស់​អាហារូបករណ៍​ហ្នឹង​ដូច​ជា​ឆ្នាំ​៧៧​មិន​ដឹង បាទ​៧៧​អី​ហ្នឹង​ណា៎ ខែ​ណា​ខ្ញុំ​ភ្លេច​ហើយ ​ ប៉ុន្តែ​ថា ផុត​ពី​ហ្នឹង​ទៅ​ខ្ញុំ​ក៏​ទៅ​រៀន​បណ្ដើរ ធ្វើ​ការ​កំប៉ិកកំប៉ុក​បណ្ដើរ ដើម្បី​នឹង​ចិញ្ចឹម​ជីវិត​ផង​ដើម្បី​នឹង​បាន​រៀន​ផង ។ ដូច្នេះ​ទៅ​សញ្ញាប័ត្រ​បណ្ឌិត​នោះ ដែល​ខ្ញុំ​គួរ​តែ​បាន​ប្រហែល​នៅ​ឆ្នាំ​៨០​អី​ហ្នឹង​ខ្ញុំ​ប្រហែល​ឆ្នាំ​៨២​ទាល់​តែ​ឆ្នាំ​៨២ ព្រោះ​ខ្ញុំ​វា​រវល់​ធ្វើ​ការ​រក​លុយ​ផង​អី​ផង​ណា៎​បាទ!»។

នៅ​ពេល​ដែល​កម្ពុជា​បាន​ធ្វើ​កំណែ​ទម្រង់​នយោបាយ​បើក​ចំហ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ លោក អាំង ជួលាន បាន​វិល​ត្រឡប់​មក​មាតុភូមិ​វិញ ដោយ​នាំ​មក​ជាមួយ​នូវ​ធនធាន​ចំណេះដឹង​ដែល​លោក​មាន ៖ «ហើយ​ទៅ ទាល់​តែ​ប្រទេស​យើង​ដូច​ថា​ចាប់​ផ្ដើម​បើក​ទ្វារ​តិចៗ​ហើយ មិនទាន់​បោះឆ្នោត​មិន​ទាន់​អី​ទេ ខ្ញុំ​ក៏​ទៅ​ប្រទេស​ញឹកញាប់ ហើយ​ទៅ​នៅ​រហូត​តាំង​ពី​ឆ្នាំ​នែ៎​១៩៩៣​មក នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​វិញ​បាទ!»។

ជ័យ​លាភី​ពានរង្វាន់​ឆ្នើម (Grand Prize) លោក បណ្ឌិត អាំង ជូលាន មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក​ទទួល​បាន​គឺ​ជា​ការ​មើល​ឃើញ​និង​ការ​ឲ្យ​តម្លៃ​ពី​ខាង​ក្រៅ ដោយ​រូប​លោក​មិន​បាន​ស្វះស្វែង​ដាក់​ពាក្យ​សុំ​ចូលរួម​ប្រកួតប្រជែង​ឬ​ស្នើ​សុំ​បេក្ខភាព​អ្វី​ឡើយ ហើយ​លោក​ក៏​មិន​អះអាង​ថា រូប​លោក​មាន​គុណសម្បត្តិ​កម្រិត​ណា​នោះ​ដែរ ដោយ​លោក​គ្រាន់​តែ​អះអាង​​ថា រូប​លោក​បាន​ខិតខំ​ពុះពារ​នៅ​ក្នុង​អាជីព ដើម្បី​សង្គម​ខ្មែរ​និង​មនុស្សជាតិ​ទូទៅ ៖ «សព្វ​ថ្ងៃ​នេះ​ខ្ញុំ​បង្រៀន​វិជ្ជា​នែ៎​សិលាចារឹក​ខ្មែរ​បុរាណ​នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា​ណា៎ ។ ដូច​ជា​រឿង​អស់ហ្នឹង​ជា​ដើម​វា​មិន​មែន​ជា​រឿង​អី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​វា​គ្មាន​ទាំង​ក្របខ័ណ្ឌ​រដ្ឋបាល​នឹង​គេ​ផង បើ​និយាយ​តាម​ពិត​ណា៎ ! ដូច្នេះ​ទៅ​ខ្ញុំ​វា​គ្មាន​ផល​ប្រយោជន៍​នឹង នឹង​ត្រូវ​ទៅ​ពិបាក​អ៊ីចឹង ក៏​ប៉ុន្តែ​ខ្ញុំ​ធ្វើ»។

បន្ថែម​ពី​លើ​ការ​បង្ហាត់​បង្រៀន​ដល់​ក្រុម​និស្សិត​នៅ​មហាវិទ្យាល័យ ក្នុង​បំណង​ផ្ទេរ​ឬ​ចែក​រំលែក​ជូន​ចំពោះ​មនុស្ស​ផង​ទាំងពួង​នូវ​ព័ត៌មាន​និង​ចំណេះដឹង​ដែល​លោក​និង​ក្រុម​ការងារ​របស់​លោក​មាន លោក អាំង ជូលាន បាន​បង្កើត​គេហទំព័រ​មួយ​បាន​ ៦​​ឆ្នាំ​កន្លង​ទៅ​ហើយ ហើយ​គេហទំព័រ​នោះ​ឈ្មោះ​ថា បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ «ឈ្មោះ​ខ្មែរ​រ៉ឺនេសង់ស៍

(http://www.yosothor.org/yosothor2016/publications/khmerenaissance/content-header.html)។ ខ្ញុំ​ធ្វើ​ជាមួយ​សហសេវឹក​ក្មេង​ៗ​ជាង​ខ្ញុំ ជួយ​ជ្រោមជ្រែង​គ្នា ការងារ​ហ្នឹង​វា​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដែរ​ក្នុង​មួយ​អាទិត្យ​មួយ​អាទិត្យ​ៗ​នោះ។ ធ្វើ​ចេញ​ជា​ស្អី​អ៊ីចឹង​ៗ​ទៅ​សុទ្ធ​តែ​រឿង​ដែល​វា​អត់​មាន​បាន​ជា ជា​កម្រៃ​ជា​អី​មក​ផ្ទាល់​ខ្លួន​យើង​ខ្ញុំ​ម្នាក់​ៗ​នេះ​ទេ គឺ​ថា​ធ្វើ​ដោយ ដោយ​យល់​ថា​វា​មាន​ប្រយោជន៍​ដល់​អ្ហឺ ដល់​វប្បធម៌​ខ្មែរ​ដល់​អី​នោះ ព្រោះ​វ៉ឹបសាយ​ហ្នឹង​ជា​វ៉ឹបសាយ​វប្បធម៌​សុទ្ធ អត់​មាន​រឿង​អី​ក្រៅ​ពី​វប្បធម៌​ទេ ហើយ​ខ្មែរ ហើយ​ជា​ពិសេស​ខ្មែរ។ អា​អ៊ីចឹង​ៗ​បើ​គេ​យក​ទៅ​បូក​សរុប​ទៅ បាន​ជា​គេ​ឲ្យ​រង្វាន់​ហ្នឹង​មក​ខ្ញុំ​នោះ។ បាទ! មិន​មែន​ដូច​ថា​ខ្ញុំ​ហ្នឹង​វា​អស្ចារ្យ​ឯណា​ខាង​ចំណេះ​វិជ្ជា​សម្បើម​លើស​គេ​លើស​ឯង​ហ្នឹង​អត់​ទេ មិន​មែន​អ៊ីចឹង​ទេ បាទ !»។

ដើម្បី​ជា​ជំនួយ​គំនិត​ចំពោះ អ្នក​ជំនាន់​ក្រោយ លោក បណ្ឌិត អាំង ជូលាន ធ្វើ​ការ​ផ្ដាំ​ផ្ញើ​ខ្លះ​ៗ ដូចតទៅ៖ «បើ​យក​ទៅ​គិត​ពិចារណា គិត​ពិចារណា​ទៅ​ថា យើង​ធ្វើ​អី​ម្នាក់​ៗ ជា​ការ​ធម្មតា​ទេ ​ដែល​យើង​សម្លឹង​ឃើញ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ណា៎ បើ​មិន​អ៊ីចឹង​យើង​រស់​ម៉េច​នឹង​កើត ។ ជា​ការ​ធម្មតា​ទេ ប៉ុន្តែ​បើ​សិន​ជា​យើង​បាន​ធ្វើ​អី​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​ដទៃ អា​ហ្នឹង​យើង​ធ្វើ​បាន​ត្រឹម​ណា យើង​វា​គួរ​តែ​ធ្វើ​អ៊ីចឹង​ទៅ​ណា៎ ព្រោះ​ភ្នែក​គេ​ពី​ក្រៅ​គេ​មើល​មក​វា​ឃើញ​អ៊ីចឹង ហើយ​ប្រទេស​ជាតិ​ក៏​វា​ត្រូវ​ការ​របៀប​ហ្នឹង»។

លោក បណ្ឌិត អាំង ជូលាន មាន​ប្រសាសន៍​បន្ថែម​ថា លទ្ធផល​ជ័យ​លាភី ដែល​លោក​ទទួល ត្រូវ​បាន​គេ​ប្រកាស​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១។ នៅ​ក្នុង​ពិធី​មួយ​នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១១ លោក​បាន​ទទួល​លិខិត​បញ្ជាក់​ពី​ប្រទេស​ជប៉ុន​ស្ដី​ពី​ការ​ទទួល​បាន​ពានរង្វាន់ ហើយ​លោក​នឹង​ត្រូវ​អញ្ជើញ​ទៅ​ទទួល​ពានរង្វាន់​ក្នុង​ពិធី​ប្រទាន​ជា​ផ្លូវ​ការ​នៅ​ទីក្រុង ហ៊្វូគូអូកា (Fukuoka) ពី​ព្រះរាជបុត្រ​នៃ​ព្រះចៅអធិរាជ​ជប៉ុន​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១១៕

  • បញ្ជាក់៖ លោកសាស្រ្តាចារ្យអាំង ជូលាន ជាបុគ្គលខ្មែរទី២ ដែលទទួលរង្វាន់នេះ បន្ទាប់ពីលោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលទទួលបាននៅឆ្នាំ១៩៩៧។

ឯកសារយោង[កែប្រែ]

  1. គេហទំព័រអាស៊ីសេរី