Jump to content

ខេត្តសៀមរាប

ពីវិគីភីឌា

ខេត្តសៀមរាប[] (អង់គ្លេស : Siem Reap Province) គឺជាខេត្តមួយដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ទីរួមខេត្តរបស់ខេត្តសៀមរាបគឺក្រុងសៀមរាបនិងក្រុងរុនតាឯក។ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះគឺដើម្បីរំលឹកដល់ជ័យជម្នះរបស់កងទ័ពខ្មែរវាយឈ្នះលើកងទ័ពសៀមនៅសម័យលង្វែកនៅក្នុងសតវត្សរ៍ទី ១៦។សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាទីតាំងនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ខេត្តនេះគឺជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញនិងប្រាសាទបុរាណដទៃទៀតជាច្រើន។ថ្មីៗនេះក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងទៅជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញជាដើមដែលបម្រើឲ្យវិស័យទេសចរណ៍។រមណីយដ្ឋានបុរាណនិងប្រាសាទបុរាណជាច្រើនដែលស្ថិតនៅក្នុងក្រុងនិងក្រៅក្រុងនៃខេត្តសៀមរាបគឺជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ឲ្យភ្ញៀវទេសចរមកពីគ្រប់ទិសទីទស្សនានិងសិក្សាស្វែងយល់អំពីវប្បធម៌ អរិយធម៌ និង សង្គមធម៌របស់ខ្មែរតំបន់អង្គរត្រូវបានរងនូវការលុកលុយជាច្រើនដងពីពួកសៀមហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់ចោលនៅក្នុងឆ្នាំ ១៤៣១។គួររំលឹកផងដែរថារាជធានីរបស់ប្រទេសកម្ពុជាត្រូវបានប្តូរពីរាជធានីអង្គរទៅរាជធានីចតុមុខនៅក្នុងឆ្នាំ ១៤៣២ រួចបន្តទៅរាជធានីលង្វែកនិងរាជធានីឧដុង្គហើយត្រឡប់ទៅរាជធានីចតុមុខវិញនៅក្នុងឆ្នាំ ១៨៦៦។ជនជាតិបទេសដែលបានមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំងលោកហង់រី មូហូតនៅក្នុងឆ្នាំ ១៨៦០(នាសម័យលង្វែកសតវត្សរ៍ទី ១៦ ក៏មានជនបរទេសខាងបស្ចឹមលោកក៏បានមកមើលប្រាសាទអង្គរវត្តរួចមកហើយដែរ)។[]តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោកហើយក៏ជាតំបន់ដែលសម្បូរទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើនអនេកដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ។

ខេត្តសៀមរាប
Siem Reap Province
ខេត្ត
ប្រាសាទអង្គរវត្ត(ព្រះបរមវិស្ណុលោក)
ប្រាសាទអង្គរវត្ត(ព្រះបរមវិស្ណុលោក)
រហស្សនាម: ច្រកចូលទៅកាន់អង្គរ
ផែនទីនៃខេត្តសៀមរាប
ផែនទីនៃខេត្តសៀមរាប
ប្រទេស កម្ពុជា
ក្លាយជាខេត្តថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ១៩០៧[]
ទីរួមខេត្តក្រុងសៀមរាប និង ក្រុងរុនតាឯក
រដ្ឋាភិបាល
  គណៈអភិបាល​ខេត្តប្រាក់ សោភ័ណ
ផ្ទៃក្រឡា
  សរុប១០២៩៩ គម2 (៣៩៧៦ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា១០
ប្រជាជន (២០២៤)[]
  សរុប១,០៩៩,៨២៥ នាក់
  ចំណាត់ថ្នាក់០៥
  សន្ទភាព៩៨/km2 (២៥០/sq mi)
  ចំណាត់ថ្នាក់សន្ទភាព១៣
ល្វែងម៉ោងICT (ម.ស.ស.+០៧:០០)
លេខកូដប្រៃសណីយ៍១៧០១០១-១៧១២១២
លេខកូដតំបន់០៦៣
ក្រមអ.ម.អ. ៣១៦៦KH-១៧
ក្រុង និង ស្រុក១៣
សង្កាត់ និង ឃុំ១០០
ភូមិ៩១០
គេហទំព័រsiemreap.gov.kh

ខេត្តសៀមរាប គឺជា​ខេត្ត​ធំ​ទី ​១០ ​នៅក្នុង​ប្រទេសកម្ពុជា។ចំនួនប្រជាជននៅក្នុងខេត្តនេះកើនឡើងដល់ខ្ទង់លាននាក់ហើយជាប់ចំណាត់ថ្នាក់ជាខេត្តដែលមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។មួយផ្នែកធំនៃព្រំដែនភាគខាងត្បូងរបស់ខេត្តសៀមរាបគឺជាប់នឹងបឹងទន្លេសាបដូច្នេះហើយបានជាខេត្តសៀមរាបគឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង ០៩ ដែលបង្កើតបានជាតំបន់អភិរក្សជីវមណ្ឌលទន្លេសាប។នាពេលបច្ចុប្បន្នខេត្តនេះត្រូវបានគេស្គាល់ថាជាទីតាំងនៃទីក្រុងអង្គរនិងប្រាសាទអង្គរវត្តដែលជាតំបន់បេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូនិងជាអច្ឆរិយវត្ថុរបស់ពិភពលោកផងដែរ។ខេត្តនេះក៏ជាទីតាំងរបស់ប្រាសាទល្បីល្បាញជាច្រើនផ្សេងៗទៀតក្រៅពីប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ឧទ្យានជាតិភ្នំគូលែនគឺជារមណីយដ្ឋានប្រវត្តិសាស្ត្រនិងធម្មជាតិដ៏ល្បីល្បាញមួយដែលជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅទស្សនាកម្សាន្តនិងជាទីតាំងនៃព្រះពុទ្ធរូបដ៏ធំរបស់ប្រទេសកម្ពុជាផងដែរ។

បដិមាលោកតារាជ

ឈ្មោះនៃខេត្ត

[កែប្រែ]

ខេត្តសៀមរាប គឺជាអតីតខេត្តមួយឈ្មោះថាខេត្តមហានគរ។ការប្ដូរឈ្មោះមកជាខេត្តសៀមរាបនេះគឺនៅក្នុងរជ្ជកាលព្រះបាទចន្ទរាជា។បើតាមព្រះរាជពង្សាវតារខ្មែរមូលហេតុបានជាផ្លាស់ប្ដូរឈ្មោះខេត្តនេះបានបញ្ជាក់ថានៅក្នុងឆ្នាំ ១៥៣០ នៃគ្រិស្តសករាជស្ដេចនៃនគរស្រីអយុធ្យាបានបញ្ជាឲ្យកងទ័ពខ្លួនវាយលុកប្រទេសកម្ពុជានៅក្នុងខេត្តមហានគរដើម្បីបង្ក្រាបការមិនចុះញ៉មរបស់ព្រះបាទចន្ទរាជា។កងទ័ពសៀមដណ្ដើមខេត្តមហានគរបានមួយរយៈហើយមេដឹកនាំរបស់ខ្លួនបានទៅទស្សនាប្រាសាទយ៉ាងគួរឲ្យស្ងប់ស្ងែង។បន្ទាប់មកទ័ពស្ដេចសៀមនេះបានជួបនឹងទ័ពស្ដេចខ្មែរនៅតំបន់អង្គរហើយបានប្រយុទ្ធគ្នាធ្វើឲ្យកងទ័ពសៀមទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ។ក្រោយពីទទួលបានជ័យជំនះមកព្រះបាទចន្ទរាជាបានបរិញ្ញាតិ្តឲ្យប្ដូរឈ្មោះខេត្តមហានគរនេះទៅជាខេត្តសៀមរាបវិញដែលមានន័យថាទ័ពសៀមត្រូវបង្ក្រាបឲ្យរាបនៅទីនេះ[]

អ្នក​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជាបាន​ពន្យល់​ប្រហាក់​ប្រហែល​គ្នា​ថាពាក្យសៀមគឺ​ទាក់ទង​នឹង​ជាតិសាសន៍មួយដែល​បច្ចុប្បន្ន​បាន​ប្រែ​ឈ្មោះ​ទៅ​ជាថៃទៅ​ហើយ។រីឯ​ពាក្យ​ថារាបគឺ​មាន​ន័យ​ថា ចាញ់ខ្លបខ្លាច

អនុ​ប្រធាន​ផ្នែក​​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញនិង​ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជាលោកសំបូរ មាណ្ណារ៉ាបាន​ពន្យល់​ថាចាប់​ពី​សតវត្ស​រ៍ទី ​០៩ និង​ទី​ ១០ នៃគ្រិស្តសករាជខេត្ត​សៀមរាបត្រូវបានគេ​​ប្រើ​ឈ្មោះ​ជា​​ទីក្រុងយសោធបុរៈដោយសារ​តែ​ព្រះ​មហាក្សត្រ​ខ្មែរព្រះនាមព្រះបាទយសោ​វរ្ម័ន​ទី​ ១ ជាអ្នកស្ថាបនិក។ក៏ប៉ុន្តែ​ក្រោយ​មកត្រូវ​បាន​គេ​ហៅ​ថាអាណាចក្រ​អង្គរវិញ។នៅ​ក្នុង​រជ្ជកាល​នៃ​ព្រះរាជា​ក្រោយៗ​មកទៀតដែល​បានផ្លាស់​ប្ដូរ​រាជធានី​ទៅ​តាំង​នៅ​ភាគ​ខាង​ត្បូងនិង​ទួល​បាសានរហូត​ដល់​ចតុមុខជាដើមគឺ​ទីក្រុង​អង្គរត្រូវ​បាន​បោះ​បង់​ចោល​មួយ​រយៈ។ជាច្រើន​ឆ្នាំ​ក្រោយ​មកទើប​មាន​ការ​ចាប់​ផ្ដើម​គ្រប់គ្រង​​ជារាជធានី​នេះឡើង​វិញ។

លោក​សាស្ត្រាចារ្យសំបូរ មាណ្ណារ៉ាបាន​ពន្យល់​ទៀត​ថាបន្ទាប់​ពី​មាន​ការ​គ្រប់គ្រង​ជា​រដ្ឋបាល​ឡើង​វិញ​នោះគឺ​តំបន់​អង្គរ​ត្រូវ​បាន​ទ័ព​សៀមនៃ​នគរ​ស្រីអយុធ្យាចូល​មក​លុកលុយ​ជា​ច្រើន​លើកចាប់​តាំង​ពី​សតវត្ស​រ៍ទី​ ១៤ នៃគ្រិស្តសករាជ។នៅ​ក្នុង​សតវត្ស​រ៍ទី​ ១៥ ដល់ ១៦ មាន​ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ព្រះនាមព្រះបាទចន្ទរាជាបាន​ធ្វើ​ចម្បាំង​ជាមួយកង​ទ័ព​សៀមដើម្បី​បណ្ដេញឲ្យពួកសៀមចេញ​ពី​តំបន់​អង្គរ។នៅក្នុង​ការ​ធ្វើ​សង្គ្រាម​កាល​នោះគឺកងទ័ពខ្មែរទទួលបានជោគជ័យយ៉ាងធំធេងហើយ​ពាក្យ​ថាសៀមរាប(អានថា : សៀមម៉ារាប)គឺ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះបន្ទាប់​ពី​ជ័យ​ជម្នះ​របស់​កងទ័ព​ខ្មែរលើកងទ័ពសៀម។ពាក្យ​ថាសៀមរាបគឺ​មាន​ន័យ​ថាសៀមបាន​ខ្លបខ្លាច​លោក បាន​ចាញ់​លោក បាន​អស់​ឫទ្ធានុភាព ចាញ់រាបដលដី។ដូច្នេះគេ​ឲ្យឈ្មោះ​ថាតំបន់​សៀមរាបនេះ​គឺជា​ទស្សនៈ​របស់​ជាតិ​ខ្មែររបស់​អ្នក​ដែល​បាន​លើក​ឡើង​នៅក្នុងកេរតំណែល​ប្រវត្តិសាស្ត្រ​នេះ​ផង​ដែរ។ចំណុច​នេះ​ហើយបានជា​ចាប់​ផ្ដើម​មាន​ពាក្យ​ថាសៀមរាប

ការ​អធិប្បាយ​របស់​លោក​សាស្ត្រាចារ្យសំបូរ មាណ្ណារ៉ានេះគឺ​ដូច​គ្នា​នឹង​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ផ្សេង​ៗទៀតផងដែរ។

សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​សង្ខេប​មួយដែល​សរសេរ​ដោយលោកនួន សុធិមន្តដែល​បច្ចុប្បន្ន​គឺជា​មន្ត្រី​រាជការ​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រីបាន​អធិប្បាយ​ថានៅ​ក្នុងឆ្នាំ​ ១៥២៥ ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះនាមព្រះបាទចន្ទ​រាជា​បាន​វាយ​បង្ក្រាប​កងទ័ព​សៀមដែល​ឈ្លាន​ពានឲ្យបរាជ័យ​យ៉ាងអាម៉ាស់នៅ​តំបន់​អង្គរ។ដូច្នេះ​ហើយបាន​ជា​ព្រះអង្គបាន​ដាក់​ឈ្មោះ​ថាសៀមរាបគឺ​មាន​ន័យ​ថាទ័ព​សៀមចាញ់​រាប​ដូចជា​កន្ទេលឬទ័ពសៀមចាញ់រាបដល់ដី

បច្ចុប្បន្ន​នេះខេត្តសៀមរាបមិន​ត្រឹម​តែ​ជា​និមិត្តរូប​នៃ​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេក៏ប៉ុន្តែវា​ក៏​កំពុង​នាំ​ប្រទេស​កម្ពុជាឲ្យទទួល​បាន​នាម​ថ្មី​មួយ​ទៀតគឺ​ព្រះរាជាណាចក្រ​អច្ឆរិយៈដោយសារ​តែ​ភាព​ល្បីល្បាញ​ខាង​វប្បធម៌​ប្រវត្តិសាស្ត្រ។[]

ប្រវត្តិសាស្ត្រ

[កែប្រែ]

សម័យមុនអង្គរ

[កែប្រែ]
ភ្នំគូលែន(មហេន្ទ្របវ៌ត ឬ មហិន្រ្ទបព៌ត)

អ្នកស្រាវជ្រាវខាងប្រវត្តិវិទ្យានិងបុរាណវិទ្យាជាច្រើនបានអះអាងថាប្រវត្តិសាស្រ្តនៃតំបន់សៀមរាបអង្គរបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ៨០២ នៃគ្រិស្តសករាជនៅក្នុងរជ្ជកាលព្រះបាទជ័យវម្ម៌ទី ២ ក្រោយពីព្រះមហាក្សត្រអង្គនេះបានយាងមកពីប្រទេសជ្វានៅក្នុងឆ្នាំ ៨០០ នៃគ្រិស្តសករាជ។តាមឯកសារខាងលើបានឲ្យដឹងថាព្រះបាទជ័យវម៌្មទី ២ កាលនៅក្នុងដំណាក់កាលទី ០២ ទ្រង់គង់នៅទីក្រុងឥន្រ្ទបុរៈនៅខេត្តកំពង់ចាមបន្ទាប់មកទ្រង់គង់នៅលើភ្នំគូលែន(មហេន្ទ្របវ៌តឬមហិន្រ្ទបព៌ត)។និងចុងក្រោយបំផុតទ្រង់គង់នៅទីក្រុងហរិហរាល័យ(តំបន់រលួស)ដែលជារាជធានីដើមនាសម័យអង្គរ។លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងថាវប្បធម៌អង្គរបានផ្តើមឡើងនៅក្នុងឆ្នាំ ៨០២ នៃគ្រិស្តសករាជគឺនៅពេលដែលព្រះបាទជ័យវម៌្មទី ២ បានអភិសេកជាព្រះមហាក្សត្រនៅលើភ្នំគូលែន(មហេន្ទ្របវ៌តឬមហិន្រ្ទបព៌ត)។។ការអភិសេករបស់ព្រះអង្គគឺឈរនៅលើមូលដ្ឋាននៃពិធីទេវរាជដែលបានផ្តល់ចំពោះព្រះអង្គនូវមហិទ្ធិប្ញទ្ធិដើម្បីធ្វើការបង្រួបបង្រួមជាតិហើយជាឆ្នាំដែលព្រះបាទជ័យវម៌្មទី ២ ប្រារព្ធពិធីទេវរាជនៅលើភ្នំគូលែន(មហេន្ទ្របវ៌តឬមហិន្រ្ទបព៌ត)។។ព្រះអង្គបានបើកសករាជថ្មីមួយដែលធ្វើឲ្យអរិយធម៌វប្បធម៌ខ្មែររីកចម្រើនរុងរឿងនាសម័យមហានគរ។ការអះអាងបែបនេះក៏បានបង្អាញឲ្យដឹងទៀតថាវប្បធម៌‌សម័យបុរេអង្គរ(មុនអង្គរ)គឺយោងតាមឯកសារមួយចំនួនដែលផែ្អកតាមកំណត់ហេតុរបស់ចិន។ឯកសាររបស់គេបានសម្អាងលើកំណត់ត្រាផងនិងស្ថាបត្យកម្មប្រាង្គប្រាសាទមួយចំនួនផង។រីឯព្រឹត្តិការណ៍ដែលគួរឲ្យកត់សម្គាល់ជាខ្លាំងមួយទៀតគឺនៅក្នុងអំឡុងសម័យចេនឡានៅលើទឹកដីបវរនៃខេត្តសៀមរាបអង្គរ។កំណត់ហេតុចិនបានឲ្យដឹងថាទីក្រុងដំបូងបំផុតនៅខេត្តសៀមរាបមានឈ្មោះថានគរគម្ពីរដែលសិ្ថតនៅរវាងបារាយណ៍ខាងលិចនិងបារាយណ៍ខាងកើតនៃតំបន់សៀមរាបអង្គរសេ្តចខែ្មរដែលសោយរាជ្យសម្បត្តិនៅនគរគម្ពីរនេះគឺព្រះបាទចន្ទ្រវម្ម៌។លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងបនែ្ថមទៀតថាកាលពីសម័យបុរេអង្គរនាអំឡុងឆ្នាំ ៨០២ នេះសេដ្ឋកិច្ចនិងបរិយាកាសង្គមរបស់តំបន់សៀមរាបអង្គរមានការវិវត្តជាវិជ្ជមាន។គេបានឃើញមានការរៀបចំដែនដីឬនគរូបនីយកម្មដែនដីនៅក្នុងតំបន់នីមួយៗនៃខេត្តនេះយ៉ាងច្បាស់លាស់ទៅហើយចាប់តាំងពីចុងសតវត្សរ៍ទី ០៦ នៃដើមសតវត្សរ៍ទី ០៧ នៃគ្រិស្តសករាជ។ជនជាតិខែ្មរក្រោមការដឹកនាំរបស់ព្រះមហាក្សត្រនិងពួកព្រាហ្មបុរោហិតបានចាប់ផ្តើមគម្រោងការកសាងប្រាសាទឥដ្ឋដំបូងបង្អស់ជាច្រើន។រីឯវិស័យសង្គមកិច្ចវិញគេបានដឹងថាបុព្វការីជនខែ្មរចូលចិត្តកសាងទីលំនៅរបស់ខ្លួននៅកែ្បរបឹងទនេ្លសាបកែ្បរអូរស្ទឹងធម្មជាតិជាដើម។ការកសាងប្រាសាទក៏ដូច្នោះដែរគឺបុព្វការីជនខែ្មរតែងតែជ្រើសរើសរកទីតាំងណាខ្ពស់មិនលិចទឹកនៅរដូវវស្សាគំនិតរបស់ខែ្មរនៅក្នុងការជ្រើសរើសទីតាំងខ្ពស់សម្រាប់ការកសាងសំណង់ផេ្សងៗគឺជាប្រយោជន៍រួមគឺនៅតែបន្តរហូតមកទល់សព្វថៃ្ងនេះ។

សម័យអង្គរ

[កែប្រែ]
ទិដ្ឋភាពការធ្វើម្ហូបចម្អិនអាហាររបស់ប្រជាជនខ្មែរនាសម័យអង្គរ (ប្រាសាទបាយ័ន)
វិស័យសុខាភិបាលខ្មែរនាសម័យអង្គរ (ប្រាសាទបាយ័ន)
ទិដ្ឋភាពផ្សារលក់ដូររបស់ប្រជាជនខ្មែរនាសម័យអង្គរ (ប្រាសាទបាយ័ន)
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនាសម័យអង្គរ (ប្រាសាទបាយ័ន)
ចម្លាក់ស្ត្រីពានាស្បៃនាសម័យអង្គរ (ប្រាសាទបាយ័ន)

ខ្មែរបានជ្រើសរើសទីតាំងតំបន់អង្គរធ្វើជារាជធានីព្រោះស្ថិតនៅចំចំណុចកណ្ដាលនៃអាណាចក្រខ្មែរនិងជាទីប្រជុំនៃជំនួញទាំង ០២ គឺជើងគោកនិងជើងទឹកហើយសម្បូរទៅដោយធនធានធម្មជាតិសព្វគ្រប់ដូចជាត្រីនៅក្នុងបឹងទន្លេសាប ព្រៃឈើ ថ្មភក់ ថ្មបាយក្រៀម ឥដ្ឋសម្រាប់កសាងប្រាសាទនិងដីដែលមានជីវជាតិផងដែរ។ខេត្តសៀមរាបនៅក្នុងសតវត្សរ៍ទី ០៩ ដល់សតវត្សរ៍ទី ១៥ បានបម្រើការជារាជធានីនិងជាមជ្ឈមណ្ឌលដ៏សំខាន់នៃអំណាចនយោបាយ វប្បធម៌ និង សាសនារបស់អាណាចក្រខ្មែរ។ភាពថ្កើងថ្កានរបស់ទីក្រុងគឺជារាជធានីនៃអាណាចក្រខ្មែរដែលគ្រប់គ្រងដោយស្តេចដែលមានអំណាចជាបន្តបន្ទាប់។ខេត្តសៀមរាបមានទីតាំងយុទ្ធសាស្ត្រនៅចំចំណុចកណ្ដាលនៃអាណាចក្រហើយមានភាពងាយស្រួលនៅក្នុងការគ្រប់គ្រងត្រួតត្រានិងគ្រប់គ្រងទឹកដីដ៏ធំធេងមួយនេះ។ទីក្រុងនេះបានរីកចម្រើនក្លាយជាទីក្រុងដែលមានភាពអ៊ូអរបម្រើជាមជ្ឈមណ្ឌលរដ្ឋបាល សេដ្ឋកិច្ច និង សាសនានៅក្នុងតំបន់។នៅសម័យអង្គរដែលជាយុគមាសរបស់ខ្មែរៗបានអនុវត្តនយោបាយវាតទីទឹកដីពង្រឹងអរិយធម៌ឲ្យរីកចម្រើនរុងរឿងនិងកសាងសំណង់ប្រាសាទល្បីល្បាញមួយចំនួនទាំងធំទាំងតូចដែលបង្ហាញអំពីតម្លៃវប្បធម៌អរិយធម៌ខ្មែរពាសពេញអាណាចក្រខ្មែរតំបន់សៀមរាបត្រូវបានបម្រើការជារាជធានីអស់រយៈពេល ០៦ សតវត្សរ៍មកហើយ។នៅតំបន់សៀមរាបមានការអភិវឌ្ឍរីកចម្រើនលូតលាស់គ្រប់វិស័យនិងមានភាពសម្បូរសប្បាយប្រជាជនខ្មែររស់នៅតំបន់សៀមរាបអង្គរភាគច្រើនប្រកបមុខរបរកសិកម្មនិងនេសាទជាធំ។តំបន់ជុំវិញបឹងទន្លេសាបជាដីដ៏សម្បូរជីវជាតិ។គេអាចធ្វើស្រែនៅតំបន់នេះប្រហែលជាពីរទៅបីដងនៅក្នុងមួយឆ្នាំដូច្នេះហើយបានជាយើងឃើញមានប្រព័ន្ធធារាសាស្ត្រមួយចំនួនដែលបន្សល់ទុកតាំងពីសម័យអង្គរមកម្ល៉េះ។

ផែនទីចក្រភពខ្មែរ (៨០២-១៤៣១)

សម័យក្រោយអង្គរ

[កែប្រែ]
ប្រាសាទអង្គរវត្តនៅក្នុងឆ្នាំ ១៨៦៦
គំនូរប្រាសាទអង្គរវត្តនៅក្នុងឆ្នាំ ១៨៧៣
ប្រាសាទអង្គរវត្តនៅក្នុងឆ្នាំ ១៩៦៤

បើយោងតាមឯកសារក្រោយពីកងទ័ពរបស់ព្រះបាទចន្ទរាជាទទួលបានជ័យជម្នះលើកងទ័ពសៀមឈ្លានពានជាស្ថាពរនៅព្រះរាជនគរគឺអង្គរធំពោលគឺបានវាយកម្ទេចទ័ពសៀមរាបស្មើនឹងដីបានជាខ្មែរដាក់ឈ្មោះថាខេត្តសៀមរាប។ស្ថានការណ៍បែបនេះបានធ្វើឲ្យយើងយល់ថាជាដើមកំណើតនៃការកកើតឈ្មោះខេត្តសៀមរាបតាំងពីរជ្ជកាលរបស់ព្រះបាទចន្ទរាជាមកទល់នឹងសព្វថ្ងៃនេះបើទោះបីជាព្រះរាជពង្សាវតារខ្មែរច្បាប់ឧកញ៉ាព្រះឃ្លាំងនងមិនបាននិយាយដោយចំហក៏ដោយ។ប្រសិនជាយើងបើកច្បាប់ព្រះរាជពង្សាវតារខ្មែរខាងលើមកមើលយើងពិតជាស្លុតចិត្តដោយហេតុថាកងទ័ពសៀមបានឈ្លានពានរុករានប្រទេសកម្ពុជាឥតឈប់ឈរជាច្រើនលើក។ពួកសៀមក្រោយពីដណ្តើមបានអាណាខេត្តខ្មែរមួយចំនួនដែលសព្វថ្ងៃបានក្លាយទៅជាទឹកដីសៀមរួចទៅហើយនោះក៏បាននាំសង្គ្រាមចូលទៅយ៉ាងជ្រៅចំកណ្តាលបេះដូងនៃព្រះរាជាណាចក្រកម្ពុជាតែម្តងគឺទីក្រុងមហានគរដែលស្ថិតក្នុងខេត្តសៀមរាបតែពីមុនហៅថាស្រុកនគរវត្តដែលធ្លាប់ជាសមរភូមិក្តៅពីមុនមក។ប៉ុន្តែលើកនេះពួកសៀមត្រូវបង្ខំចិត្តរត់ត្រឡប់ទៅក្រុងអយុធ្យាវិញក្រោយពីត្រូវចាញ់សង្គ្រាមនៅចុល្លសករាជ ៩០២ ត្រូវនឹងឆ្នាំ ១៥៤១ នៃគ្រិស្តសករាជ។កាលបើពិនិត្យលើទំព័រប្រវត្តិសាស្ត្រចាស់ដែលបានកើតឡើងនៅលើទឹកដីដ៏បវរដែលជាទីតាំងនៃព្រះរាជនគរយើងបានឲ្យដឹងថានៅក្នុងរាជ្យរបស់ព្រះបាទជ័យវម្ម៌ទី ៨ និងដើមរាជ្យរបស់ព្រះបាទឥន្ទ្រវម្ម៌ទី ៣ រវាងឆ្នាំ ១២៩៦ សៀមបានបើកការវាយលុកមួយដ៏ធំសម្បើមនៅក្នុងខេត្តសៀមរាបដើម្បីយកប្រទេសកម្ពុជាធ្វើជាស្រុកឬនគរចំណុះរបស់ខ្លួនហើយមហិច្ឆតានេះពួកសៀមបានសម្រេចជាស្ថាពរព្រោះថាអាណាខេត្តមួយចំនួនដែលស្ថិតនៅក្នុងភូមិភាគកណ្តាលដូចជាខេត្តសុខោទ័យ កំពែងពេជ្រ និង ខេត្តរណបនៃខេត្តទាំងនោះព្រមទាំងអាណាខេត្តដទៃៗឯទៀតដែលស្ថិតនៅជ្រលងនៃដងទន្លេមេណាមដូចជាខេត្តអយុធ្យានិងខេត្តសុពណ៌បុរី។បន្ទាប់ពីបានទទួលជ័យជម្នះលើខេត្តទាំងឡាយនោះសៀមក៏បានពង្រឹងបណ្តាញអំណាចរបស់ខ្លួន។សង្គ្រាមឈ្លានពានមួយដែលគេត្រូវកត់សម្គាល់ដែលបានកើតឡើងជាលើកដំបូងបង្អស់នៅលើទឹកដីខ្មែរត្រូវបានធ្វើឡើងនៅក្នុងរាជ្យរបស់ព្រះបាទលំពង្សរាជានៅក្នុងឆ្នាំ ១៣៥២។ចំពោះចម្បាំងនេះច្បាប់ព្រះរាជពង្សាវតារខ្មែរបានបញ្ជាក់ថាគឺភាគីឈ្លានពានសៀមបានទទួលជ័យជម្នះលើទ័ពខ្មែរដោយពួកសៀមបានកាន់កាប់ទីក្រុងអង្គរធំនៅក្នុងឆ្នាំ ១៤៣១។មុននឹងដកថយចេញពួកវាបានកេណ្ឌឈ្លើយសឹកខ្មែរជាច្រើនម៉ឺននាក់នាំទៅកាន់ប្រទេសសៀម។នៅក្នុងឱកាសនោះផងដែរពួកសៀមក៏បានលួចប្លន់យកទ្រព្យសម្បត្តិរបស់ជាតិខ្មែរគ្រប់ប្រភេទនៅក្នុងឆ្នាំ ១៤៣១ គឺជាឆ្នាំដែលកំណត់នូវឱនភាពខ្មែរដែលប្រឈមនិងការវាតទីនិយមរបស់សៀមដែលគ្មានទីបញ្ចប់។ពិតណាស់ទោះបីជាភ្លើងសង្គ្រាមឈ្លានពានបានកន្លងផុតជាច្រើនសតវត្សរ៍មកហើយក្តីក៏ប៉ុន្តែវាបានបន្សល់ទុកនូវស្លាកស្នាមរបួសដ៏ឈឺចាប់នៅក្នុងផ្នត់គំនិតខ្មែរគ្មានថ្ងៃបំភ្លេចបាន។បើតាមច្បាប់ព្រះរាជពង្សាវតារខ្មែរគឺនៅក្នុងរាជ្យរបស់ព្រះបាទចន្ទរាជា(១៥១៦ ដល់ ១៥៥៥ នៃគ្រិស្តសករាជ)កងទ័ពសៀមមកឈ្លានពានខ្មែរហើយត្រូវបានកងទ័ពខ្មែរបង្ក្រាបរាបស្មើទល់នឹងដីនៅត្រង់ស្ទឹងអង្គរនៅក្នុងឆ្នាំ ១៥៤១ ដោយហេតុនេះហើយបានជាព្រះអង្គត្រាស់បង្គាប់ឲ្យគេហៅតំបន់នេះថាតំបន់សៀមរាបដើម្បីទុកជាការចងចាំរួមរបស់ជាតិខ្មែរអំពីជ័យជម្នះដ៏ត្រចះត្រចង់នេះមុនទីតាំងនេះបានក្លាយទៅជាស្រុកហើយបន្ទាប់មកទៀតក្លាយជាខេត្តនាសម័យអាណាព្យាបាលបារាំង។ព្រឹត្តិការណ៍មួយគួរឲ្យកត់សម្គាល់គឺស្តេចអង្គនេះបានឆ្លាក់បង្ហើយនូវចម្លាក់មួយចំនួនដែលព្រះបាទសូរ្យវម៌្មទី ២ មិនទាន់ឆ្លាក់រួច។ទោះបីជាបានទទួលបរាជ័យដ៏អាម៉ាស់មុខនេះក្តីទ័ពសៀមក៏នៅតែទន្ទ្រានមាតុភូមិខ្មែរមិនស្រាកស្រាន្តឡើយហើយអំពើនេះត្រូវបានបន្តរហូតដល់សម័យលង្វែក។នៅក្នុងឆ្នាំ ១៥៩៤ ទីក្រុងលង្វែកត្រូវបានសៀមដណ្តើមបានពីខ្មែរដោយស្តេចសៀមព្រះនាមស្ដេចនរិន្ទសួន។ចំពោះបរាជ័យនៃកងទ័ពសៀមដែលដឹកនាំដោយស្តេចសៀមដែលបានយកលេសថាដោយសារព្រះបាទចន្ទរាជាមិនបានប្រគល់ដំរីសមួយក្បាលបានជាមកវាយលុកទីក្រុងអង្គរធំ។បើតាមប្រសាសន៍របស់លោកហ្សក ហ្រ្គូសលីយេបានបញ្ជាក់ថាព្រះបាទចន្ទរាជាគឺជាព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែជាងគេបំផុតនាសម័យក្រោយអង្គរដោយហេតុថាស្តេចអង្គនេះមិនត្រឹមតែបានខិតខំស្តារប្រទេសជាតិតែប៉ុណ្ណោះនោះទេព្រះអង្គថែមទាំងមានមហិច្ឆិតាវាយដណ្តើមយកខេត្តខ្មែរមួយចំនួននៅក្នុងប្រទេសសៀមបច្ចុប្បន្នដូចជាខេត្តនគររាជសីមា ខេត្តបុរីរម្យ ខេត្តសុរិន្ទ្រ ខេត្តសង្គឹត ខេត្តគោកខ័ណ្ឌ ខេត្តសិរីសាកេត ខេត្តសុវណ្ណភូមិ ខេត្តឧប្បលរាជធានី ខេត្តច័ន្ទបុរី ខេត្តត្រាច ខេត្តស្រះកែវ ខេត្តស្ទឹងជ្រៅ ខេត្តរយ៉ង ខេត្តបស្ចឹមបុរី ខេត្តនាងរងជាដើមដែលសៀមបានឈ្លានពានដណ្តើមយកបានពីមុនៗមកវិញ។មានហេតុផលជាច្រើនដើម្បីបញ្ជាក់ថាហេតុដូចម្តេចបានជានៅក្នុងព្រះរាជពង្សាវតារសៀមដូចជាច្បាប់របស់អ្នកអង្គម្ចាស់នព្វរ័ត្នតែងឡើងនៅក្នុងពុទ្ធសករាជ ២៤២០ ត្រូវនឹងគ្រិស្ដសករាជ ១៨៧៧ បានប្រើពាក្យសៀមរ៉ាដ្ឋ(សៀម : เสียมราฐ)ជំនួសឲ្យពាក្យសៀមរាបទៅវិញ។តាមពិតទៅការប្រើពាក្យសៀមរ៉ាដ្ឋ(សៀមម៉ារ៉ាត)គឺដើម្បីហៅទីប្រជុំជនមួយដែលពីមុនគឺជាសមរភូមិឬទីលានប្រយុទ្ធស៊ីសាច់ហុតឈាមរវាងខ្មែរនិងសៀមស្ថិតនៅក្នុងស្រុកនគរវត្តគឺបណ្តាលមកពីអាជ្ញាធរសៀមនៅក្នុងរជ្ជកាលរបស់ស្ដេចរាមាទី ៣ មិនចង់រំលឹកនូវភាពបរាជ័យដ៏អាម៉ាស់មុខរបស់កងទ័ពឈ្លានពានសៀមរបស់ព្រះអង្គតែប៉ុណ្ណោះបើទោះបីជាសម័យនោះព្រះអង្គបានត្រួតត្រាប្រទេសកម្ពុជាក៏ដោយ។យ៉ាងណាមិញគឺដោយសារតែហេតុការណ៍នេះហើយទើបស្ដេចរាមាទី ៤ ដែលបានគ្រប់គ្រងប្រទេសកម្ពុជាជាមួយអាណ្ណាមព្រះអង្គក៏បានប្រើពាក្យស្រុកមឿងព្រះនគរវត្តជំនួសឲ្យពាក្យស្រុកមឿងសៀមម៉ារ៉ាតផងដែរ។គ្មានឯកសាររបស់សៀមណាមួយដែលបញ្ជាក់ឲ្យបានច្បាស់លាស់អំពីការផ្លាស់ប្តូរឈ្មោះពីមឿងព្រះនគរវត្តទៅជាសៀមរាបនោះទេហើយបើមានក៏អាចស្ថិតនៅក្នុងដើមសម័យរជ្ជកាលទី​ ០៣ ដែលជាសម័យបាងកកដែលគេហៅថារតនកោសិន្ទ្រ៍។ប៉ុន្តែចំពោះជនជាតិខ្មែរវិញឈ្មោះសៀមរាបពិតជាត្រូវបានផ្តើមឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទចន្ទរាជាយ៉ាងពិតប្រាកដឥតក្លែងក្លាយបើទោះបីជាទឡ្ហីករណ៍មានខ្វះចន្លោះយ៉ាងណាក៏ដោយព្រោះថាការតាំងឈ្មោះសៀមរាបនេះមិនមែនជារឿងចៃដន្យឬជំនឿលេងសើចនោះទេជាពិសេសនៅក្នុងសម័យកាលមួយដែលខ្មែរនិងសៀមនៅច្បាំងគ្នាមិនឈប់មិនឈរ។ដូច្នេះការចង់យល់ឲ្យលម្អិតអំពីប្រវត្តិពិតនៃឈ្មោះសៀមរាបតម្រូវឲ្យយើងស្គាល់អំពីបរិបទសង្គមនយោបាយហើយអំពើនេះគឺជាការចាំបាច់បំផុត។បើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររៀបរៀងដោយលោកនួន សុធិមន្តបានអធិប្បាយថានៅក្នុងឆ្នាំ ១៥២៥ នៃគ្រិស្ដសករាជព្រះបាទចន្ទរាជាបានវាយបង្ក្រាបកងទ័ពសៀមដែលឈ្លានពានឲ្យបរាជ័យនៅតំបន់អង្គរ។ដូច្នេះហើយបានជាព្រះអង្គបានដាក់ឈ្មោះថាសៀមរាបគឺមានន័យថាទ័ពសៀមចាញ់រាបដូចកន្ទេល[]

ឯកសាររដ្ឋបាលខេត្តសៀមរាបបានសរសេរថានៅថ្ងៃសុក្រ ០៥ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក គ្រិស្ដសករាជ ត្រូវនឹងថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិតសភាចារ្យស៊ន សំណាងដែលជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជាបានដឹកនាំសិក្ខាសាលាមួយស្ដីពីបេសកកម្មស្រាវជ្រាវចងក្រងប្រវត្តិសាស្រ្តនៃខេត្តសៀមរាបដោយបានលើកឡើងតាមឯកសារដែលឯកឧត្តមបានស្រាវជ្រាវកន្លងមកដោយសង្ខេបដូចខាងក្រោម ៖

  • នៅក្នុងឆ្នាំ ១៩១៧ មានខេត្តសៀមរាបនិងខេត្តជីក្រែងដែលស្ថិតនៅក្នុងខេត្តសៀមរាបបច្ចុប្បន្ននេះ។ពេលនោះបារាំងបានរៀបចំជនជាតិបារាំងជាចៅហ្វាយខេត្តហើយឲ្យខ្មែរដែលមាននាមស្មើចៅហ្វាយខេត្តនោះដោយបារាំងហៅយើងថាជាចៅហ្វាយស្រុកខេត្តជីក្រែង ចៅហ្វាយស្រុកខេត្តសៀមរាប។ល។
  • នៅក្នុងឆ្នាំ ១៩២១ មានកំណែទម្រង់ធំមួយដោយបង្កើតរចនាសម្ព័ន្ធរដ្ឋបាលខេត្តដែលមានថ្នាក់ស្រុកនិងខណ្ឌនៅក្នុងខេត្តដោយខេត្តមួយចំនួនដូចជាខេត្តជីក្រែងប្ដូរមកជាស្រុកជីក្រែងវិញ
  • នៅក្នុងឆ្នាំ ១៩៣៣ បារាំងបានបង្កើតសុរិយោដីដើម្បីយកពន្ធដី
  • នៅក្នុងឆ្នាំ ១៩៣៤ បានលុបខណ្ឌចោលវិញដោយសារគេបង្កើតខណ្ឌដើម្បីងាយស្រួលប្រមូលពន្ធហើយនៅពេលគេគ្រប់គ្រងការយកពន្ធបានល្អហើយក៏លុបថ្នាក់ខណ្ឌចោលវិញ
  • នៅក្នុងឆ្នាំ ១៩០៣ បង្កើតក្រុមប្រឹក្សាដោយបារាំងកាន់អំណាចហើយឲ្យខ្មែរចូលក្រុមប្រឹក្សាដើម្បីផ្តល់ប្រឹក្សា
  • មាន ០២ ក្រុមសរសេរប្រវត្តិខេត្តមានក្រុមទី ០១ ចៅហ្វាយខេត្តនិងមន្ត្រីខេត្ត និង ក្រុមទី ០២ ក្រុមស្រាវជ្រាវឥណ្ឌូចិនវិទ្យានៅក្នុងឆ្នាំ ១៩០៣

សាសនា

[កែប្រែ]

សាសនានៅក្នុងខេត្តសៀមរាប (ជំរឿនឆ្នាំ ២០១៩)[១០]

  សាសនាព្រះពុទ្ធ (99.3%)
  សាសនាគ្រិស្ត (0.4%)
  សាសនាអុីស្លាម (0.2%)
  សាសនាផ្សេងៗ (0.1%)

សាសនារបស់រដ្ឋគឺសាសនាព្រះពុទ្ធថេរវាទ។ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបជាង ៩៩.៣% ជាអ្នកកាន់សាសនាព្រះពុទ្ធប្រមាណជា ០.៤% ជាអ្នកកាន់សាសនាគ្រិស្តនិងសាសនាអុីស្លាមដែលភាគច្រើនកាន់ដោយជនជាតិចាមគឺ ០.២%។

ព្រះរាជដំណាក់ ឬ វាំងចាស់

[កែប្រែ]
ព្រះរាជដំណាក់ ឬ វាំងចាស់
សួនបឹងកាឡូ ឬ ហ្គ្រេនហូថែល

ព្រះរាជដំណាក់ ឬ វាំងចាស់នៅក្នុងក្រុងសៀមរាប គឺជាទីកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់អតីតព្រះមហាក្សត្រនៃយើងគឺព្រះបាទនរោត្តម សីហនុ និង ព្រះរាជអគ្គមហេសី។ព្រះរាជដំណាក់នេះគឺជាទីដែលព្រះអង្គស្នាក់នៅអាស្រ័យពេលស្ដេចយាងមកកាន់ក្រុងសៀមរាប។បើយើងធ្វើដំណើរពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ០៦ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបមើលមកខាងស្ដាំដៃយើងនឹងឃើញអគារពណ៌សមួយអមដោយរបងនិងដើមឈើត្រឈឹងត្រឈៃនិងបរិវេណស្រស់ស្រាយដែលមានសួនច្បារធំនៅខាងមុខ(សួនហ្គ្រង់ឬបឹងកាឡូ)នោះហើយគឺជាព្រះរាជដំណាក់ព្រះរាជដំណាក់នេះត្រូវបានសាងសង់ឡើងនៅក្នុងសម័យបារាំងដាក់អាណានិគមមកលើប្រទេសកម្ពុជាអំឡុងឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៥៣។ព្រះរាជដំណាក់នៅក្នុងសម័យព្រះបាទស៊ីសុវត្ថិគឺស្ថិតនៅក្នុងវត្តដំណាក់ហើយវត្តដំណាក់គឺជាវត្តមួយដែលស្ថិតនៅខាងកើតដងស្ទឹងសៀមរាបចំកណ្ដាលបេះដូងនៃក្រុងសៀមរាបតែម្ដង។វត្តដំណាក់ពីមុនគឺជាទីតាំងព្រះរាជដំណាក់របស់ព្រះបាទស៊ីសុវត្ថិនៅក្នុងអំឡុងឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩២៧។លុះក្រោយមកព្រះរាជដំណាក់របស់ព្រះមហាក្សត្រត្រូវបានប្ដូរទីតាំងទៅនៅជិតអាស្រមព្រះអង្គចេក ព្រះអង្គចមវិញ។ក្រោយពីព្រះរាជដំណាក់ត្រូវបានផ្លាស់ប្ដូរទីតាំងទីធ្លាបរិវេណព្រះរាជដំណាក់ចាស់ត្រូវបានប្រែក្លាយជាទីវត្តអារាមព្រះពុទ្ធសាសនាវិញ។ជាអកុសលវត្តដំណាក់នៅក្នុងរបបខ្មែរក្រហមត្រូវបានកងទ័ពខ្មែរក្រហមប្រើប្រាស់ជាមូលដ្ឋានយោធារបស់ពួកគេ។បច្ចុប្បន្ននេះមិនត្រឹមតែជាទីអារាមរបស់ព្រះពុទ្ធសាសនាសម្រាប់ព្រះសង្ឃគង់នៅបដិបត្តិធម៌និងសម្រាប់ឲ្យពុទ្ធបរិស័ទធ្វើបុណ្យទានប៉ុណ្ណោះទេតែវត្តនេះក៏ជាថ្នាលបណ្ដុះបណ្ដាលចំណេះវិជ្ជាដល់ព្រះសង្ឃផងដែរដោយសារតែនៅក្នុងវត្តមានពុទ្ធិកបឋមសិក្សាសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រភាសាបាលី ភាសាសំស្ក្រឹត និង ព្រះធម៌នានា។លើសពីនេះនៅក្នុងបរិវេណវត្តក៏មានសាលាបឋមសិក្សាសម្រាប់ឲ្យកុមារសិក្សារៀនសូត្រផងដែរ។បន្ថែមពីលើនេះជារៀងរាល់ថ្ងៃតែងតែមានជនានុជនជាច្រើនបានអានសៀវភៅឬធ្វើកិច្ចការសាលានៅទីនោះ។ដោយឡែកនៅក្នុងវត្តក៏មានបណ្ណាល័យមួយហៅថាបណ្ណាល័យខេមរសិក្សាដែលបម្រើឲ្យសាធារណជនចូលធ្វើការសិក្សាស្រាវជ្រាវឯកសារនិងអានសៀវភៅនានាយ៉ាងសម្បូរបែប។នៅតាមដងផ្លូវនៅក្នុងវត្តមានរៀបចំពាក្យស្លោកនិងសុភាសិតជាច្រើនសម្រាប់ដាស់តឿនដល់សាធារណជនទាំងឡាយនិងជាថ្នាលបណ្ដុះបណ្ដាលចំណេះវិជ្ជា។វត្តនេះក៏បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាផងដែរ។ថ្មីៗនេះមានហេតុការណ៍ដ៏គួរឲ្យរន្ធត់និងសោកស្ដាយជាពន់ពេកដោយកាលពីវេលាម៉ោងប្រមាណជា ១០ និង ០៥ នាទីយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ អគ្គិភ័យបានឆាបឆេះអគារមួយនៃព្រះរាជដំណាក់សៀមរាបដែលជាកន្លែងទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។[១១]

ទីសក្ការៈបូជាព្រះអង្គចេក ព្រះអង្គចម

ព្រះអង្គចេក ព្រះអង្គចម គឺជាព្រះពុទ្ធរូបភេទស្រីហើយក៏ត្រូវបានមតិខ្លះគិតថារូបសំណាកទាំង ០២ អង្គនេះគឺជាបងប្អូនបង្កើតជាមួយនឹងគ្នាផងដែរ។រូបធំនិងខ្ពស់គឺជាព្រះអង្គចេកនិងរូបតូចនិងទាបគឺជាព្រះអង្គចម។រូបសំណាកទាំង ០២ អង្គនេះត្រូវបានគេគិតថាសាងអំពីមាសនិងលង្ហិននិងខ្លះថាពីសំរិទ្ធហើយមានទម្ងន់ប្រមាណ ១៥០ គីឡូក្រាម។បើយោងទៅតាមការតំណាលតៗគ្នាដោយមិនមានប្រភពច្បាស់លាស់បានលើកឡើងថាព្រះអង្គចេក ព្រះអង្គចមគឺជាទេពធីតាដែលជាអតីតព្រះរាជបុត្រីរបស់ព្រះបាទសូរ្យវម៌្មទី ២ ដែលជាស្ថាបនិកកសាងប្រាសាទអង្គរវត្ត។គេជឿថាព្រះអង្គចេក ព្រះអង្គចមគឺទ្រង់មានភាពសុច្ចរិតទៀងត្រង់ទន់ភ្លន់និងប្រកបដោយក្ដីមេត្តាករុណាយ៉ាងខ្ពង់ខ្ពស់ដែលព្រះអង្គទាំង ០២ តែងតែអាណិតអាសូរធ្វើបុណ្យដាក់ទានដល់អស់ប្រជានុរាស្រ្តដែលត្រូវការព្រះនាងទាំង ០២ អង្គជួយ។ពិសេសជាងនេះទៅទៀតព្រះនាងទាំង ០២ អង្គបានអប់រំអ្នកទោសទាំងឡាយឲ្យដើរតាមគន្លងទូន្មានរបស់ព្រះពុទ្ធសាសនានិងបានដោះលែងពួកគេឲ្យមានសេរីភាពថែមទៀត។ព្រះនាងទាំង ០២ អង្គគឺជាអ្នកដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនដែលប្រជានុរាស្រ្តទូទាំងនគរបានដឹងអំពីចរិតលក្ខណៈដ៏ប្រពៃរបស់ទ្រង់ម្លោះហើយពីមួយជំនាន់ទៅមួយជំនាន់រហូតដល់រជ្ជកាលព្រះបាទចន្ទរាជាឡើងគ្រងរាជ្យសម្បត្តិនាសតវត្សរ៍ទី ១៦ ព្រះអង្គក៏បានអនុញ្ញាតឲ្យគេកសាងរូបសំណាកព្រះអង្គចេក ព្រះអង្គចមសម្រាប់ប្រជារាស្ត្រទូទៅគោរពបូជា។តំណតៗមកទៀតរូបសំណាកទាំង ០២ អង្គនេះតែងតែធ្វើឲ្យប្រជារាស្រ្តរស់នៅប្រកបដោយសេចក្ដីសុខចម្រើនទើបប្រជារាស្រ្តបានចាត់ទុករូបសំណាកទាំង ០២ អង្គនេះគឺជាព្រះពុទ្ធរូបដ៏ស័ក្ដិសិទ្ធិនិងមានកិត្តិនាមល្បីរន្ទឺទូទាំងប្រទេស។មិនត្រឹមតែប៉ុណ្ណោះរូបសំណាកទាំង ០២ នេះបានក្លាយជាភាពទាក់ទាញសម្រាប់បុគ្គលមានអំណាចនិងឈ្មួញទុច្ចរិតដោយពួកគេចាប់ផ្ដើមរៀបផែនការលួចសម្រាប់ទុកធ្វើជាកម្មសិទ្ធិនិងលក់ដូរហេតុនេះហើយបានជារូបសំណាកព្រះអង្គចេក ព្រះអង្គចមបានបាត់មួយរយៈនៅក្នុងអំឡុងពេលដែលតំបន់អង្គរត្រូវបានគេបោះបង់ចោល។ក្រោយមកនាឆ្នាំ ១៩៥០ រូបសំណាកទាំង ០២ អង្គនេះត្រូវបានរកឃើញឡើងវិញនៅក្នុងព្រៃម្ដុំក្រុងអង្គរធំដោយក្រុមមន្ត្រីអភិរក្សដ្ឋានអង្គរខេត្តសៀមរាបដែលគេជឿថារូបសំណាកព្រះអង្គចេក ព្រះអង្គចមកាលពីដើមត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្តដែលជាសម័យកាលដ៏រុងរឿង។រូបសំណាកទាំង ០២ អង្គនេះធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់លោកឧត្តមសេនីយ៍ដាប ឈួនដែលជាសមាជិកកងទ័ពខ្មែរឥស្សរៈប្រឆាំងជាមួយបារាំងហើយបានទទួលតំណែងនិងងារជាដាប ឈួន ម្ជុលពេជ្រពីព្រះបាទនរោត្តម សីហនុក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យនៅក្នុងឆ្នាំ ១៩៥៣ ហើយព្រះអង្គក៏បានប្រទានតំណែងឲ្យលោកដាប ឈួនគ្រប់គ្រងខេត្តសៀមរាបនិងខេត្តកំពង់ធំ។មានពេលមួយបន្ទាប់ពីបានទទួលដំណឹងពីការរកឃើញរូបសំណាកទាំង ០២ អង្គនេះហើយលោកដាប ឈួនជាមួយនឹងកងការពាររបស់លោកបានទៅយករូបសំណាកពីការិយាល័យអភិរក្សដ្ឋានអង្គរហើយដឹកតាមឡានទៅកាន់បន្ទាយដែលមានឈ្មោះថាបន្ទាយជើងក្រហមសព្វថ្ងៃទីតាំងនោះក្លាយជាសណ្ឋាគារ Angkor Century Hotel នៅក្នុងក្រុងសៀមរាប។ថ្ងៃមួយលោកដាប ឈួនបានយករូបសំណាកទាំង ០២ អង្គនេះដាក់ក្នុងរថយន្តរបស់លោកហើយយកមកតម្កល់ទុកនៅក្នុងផ្ទះ(គេបានឲ្យដឹងថារូបសំណាកមួយត្រូវសែងដោយទាហានចំនួន ០៥ នាក់ទើបអាចលើករួច)។រូបសំណាកទាំង ០២ អង្គនេះបានធ្វើឲ្យលោកដាប ឈួនមានកម្លាំងលើសអស់មនុស្សលោកធម្មតាដោយលោកអាចលីដាក់លើស្មាទាំងសងខាងនៅក្នុងពេលតែមួយដោយប្រើដៃតែម្ខាងប៉ុណ្ណោះរួមទាំងអាចដឹងគ្រប់ហេតុការណ៍មុនដែលគ្រប់គ្នាហៅថាវិញ្ញាណទីប្រាំមួយផងដែរ។លោកដាប ឈួននិងទាហានរបស់លោកពិតជាមានជំនឿយ៉ាងខ្លាំងចំពោះរូបសំណាកព្រះអង្គចេក ព្រះអង្គចមដោយពួកគេតែងតែសូត្រធម៌នៅមុខរូបសំណាកយ៉ាងហោចណាស់កន្លះម៉ោងនៅក្នុងមួយថ្ងៃនៅរៀងរាល់ព្រឹកនិងល្ងាចមិនដែលខានឡើយរហូតបានរយៈពេល ០២ ឆ្នាំជាពេលដែលលោកអស់លក្ខណ៍។នៅក្នុងឆ្នាំ ១៩៥៧ ព្រះបាទនរោត្តម សីហនុបានបញ្ជូនទ័ពពីរាជធានីភ្នំពេញឲ្យទៅចាប់ខ្លួនចៅហ្វាយខេត្តលោកដាប ឈួនដោយព្រះអង្គសង្ស័យថាលោកដាប ឈួនក្បត់ជាតិពីព្រោះលោកដាប ឈួនជាប់ទាក់ទងជាមួយនឹងគម្រោងការ Bangkok Plot នៅក្នុងបំណងទម្លាក់ព្រះអង្គចេញពីរាជបល្ល័ង្កដែលគម្រោងក្បត់នេះផ្តួចផ្តើមឡើងដោយអ្នកនយោបាយស្តាំនិយមមួយចំនួន។បើទោះបីជាលោកដាប ឈួនបានក្បត់ប៉ុន្តែបារមីព្រះអង្គចេក ព្រះអង្គចមនៅតែតាមជួយលោកដោយឲ្យលោកដឹងខ្លួនជាមុនអំពីគម្រោងការចាប់ខ្លួននេះនិងបានរត់គេចខ្លួនទៅព្រំដែនសៀមដោយប៉ងយករូបសំណាកទាំង ០២ អង្គនេះទៅជាមួយផង។នៅពេលដែលកម្លាំងខ្លាំងដូចដំរីសាបានបាត់បង់លោកដាប ឈួនបានកាច់ម្រាមចំនួន ០៥ ពីរូបសំណាកព្រះអង្គចេករួចគេចខ្លួនទៅកាន់ចម្ការលោកមួយនៅក្នុងភូមិត្បែងកើតតម្រង់ទៅកាន់ព្រំដែន។ពេលនោះហើយដែលលោកដាប ឈួនត្រូវបានភរិយារបស់លោកជួយពាំងគ្រាប់កាំភ្លើងដែលទាហានបាញ់សង្គ្រប់ទៅលើរូបលោក។បន្ទាប់ពីបាញ់ជាច្រើនគ្រាប់លោកដាប ឈួនមិនស្លាប់ដោយសារតែភរិយាលោកចេះវិជ្ជាពិសេសដែលបញ្ចៀសគ្រាប់និងបាញ់មិនមុត។ទាហានទាំងនោះក៏ចាប់ពួកគេដាក់ឡានយកទៅដាក់ពន្ធនាគារប៉ុន្តែយោងទៅតាមឯកសារមួយចំនួនបានបង្ហាញថាលោកដាប ឈួនត្រូវបាននាំទៅកន្លែងមួយហើយត្រូវបានសម្លាប់នៅទីនោះ។លោកដាប ឈួនត្រូវបានសម្លាប់និងកប់នៅក្នុងព្រៃគោកប្រមាដែលសាកសពជាប់ខ្នោះដៃនិងបាញ់សុសដោយគ្រាប់កាំភ្លើងព្រោះត្រូវអ្នកភូមិរកឃើញប៉ុន្មានថ្ងៃក្រោយមក។គេនិយាយតៗគ្នាថាលោកស្លាប់ដោយសារបាបកម្មរបស់លោកព្រោះលោកធ្វើអំពើអាក្រក់ច្រើនណាស់។ក្រោយពីលោកដាប ឈួនបានស្លាប់មន្ទីរធម្មការនិងសាសនាខេត្តសៀមរាបបានយករូបសំណាកព្រះអង្គចេក ព្រះអង្គចមទៅថែរក្សាទុកនៅក្នុងឆ្នាំ ១៩៥៨។១៥ ឆ្នាំក្រោយមករូបសំណាកទាំង ០២ អង្គនេះបានធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយម្តងទៀតនៅក្នុងអំឡុងសង្រ្គាមស៊ីវិលនៅកម្ពុជាបានផ្ទុះឡើងនៅពេលដែលទាហានខ្មែរក្រហមចាប់ផ្តើមវាយប្រហារទាហានរដ្ឋាភិបាលលន់ នល់នៅក្នុងខេត្តសៀមរាបនាឆ្នាំ ១៩៧៣។មន្រ្តីធម្មការនិងសាសនាខេត្តបានព្យាយាមផ្លាស់ប្តូរទីតាំងរបស់រូបសំណាកដើម្បីបញ្ចៀសពីការបំផ្លាញប៉ុន្តែត្រូវទាហានខ្មែរក្រហមរកឃើញពេលពួកគេគ្រប់គ្រងទីក្រុងនេះនៅក្នុងឆ្នាំ ១៩៧៤។បើតាមគោលការណ៍របស់ខ្មែរក្រហមគឺតម្រូវឲ្យលុបបំបាត់សាសនានៅក្នុងប្រទេសដូច្នេះមេបញ្ជាការទាហានខ្មែរក្រហមនៅក្នុងខេត្តសៀមរាបបានបញ្ជាឲ្យកូនទាហានយករូបសំណាកព្រះអង្គចេក ព្រះអង្គចមទៅទម្លាក់នៅក្នុងទឹកស្ទឹងសៀមរាប។ក្រោយប្រព្រឹត្តមេបញ្ជាការនិងទាហានខ្មែរក្រហមជាច្រើននាក់ស្លាប់ដោយសារជំងឺបន្ទាប់ពីបានទម្លាក់រូបសំណាកទាំង ០២ អង្គនេះទៅក្នុងស្ទឹង។រូបសំណាកទាំង ០២ អង្គនេះត្រូវត្រាំទុកក្នុងទឹករហូតដល់ឆ្នាំ ១៩៧៩ ដែលទាហានខ្មែរក្រហមបានដកថយចេញពីខេត្តសៀមរាប។ក្រោយពីរបបខ្មែរក្រហមបានដួលរលំប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបដែលបានដឹងអំពីរឿងនេះក៏បាននាំគ្នាទៅស្រង់រូបសំណាកព្រះអង្គចេក ព្រះអង្គចមពីបាតស្ទឹងមកតម្កល់ទុកនៅក្នុងវត្តព្រះរាជដំណាក់ប៉ុន្តែនៅក្នុងឆ្នាំ ១៩៨២ ព្រះមេគណៈខេត្តសៀមរាបព្រះនាមពុត ពននិងអតីតអភិបាលខេត្តសៀមរាបលោកនៅ សំបានកសាងស្តូបដាក់តម្កល់រូបសំណាកដែលមានបារមីទាំង ០២ អង្គនេះនៅក្នុងទីតាំងសព្វថ្ងៃនេះ។សូមជម្រាបថាបច្ចុប្បន្នរូបសំណាកព្រះអង្គចេក ព្រះអង្គចមដែលស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបគឺជាទីកន្លែងសម្រាប់គោរពបូជារបស់អ្នកខេត្តសៀមរាបនិងមហាជនទូទៅដែលគេជឿថាមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។ទីតាំងសក្ការៈបូជានេះគឺជាទីតាំងស័ក្តិសិទ្ធិនិងមានប្រវត្តិបែបអច្ឆរិយៈតែមួយគត់ដែលប្រជាជនខ្មែរនៅពេលទៅដល់ទីនោះមិនអាចរំលងដោយមិនចូលគោរពបូជាបានឡើយ។[១២]

រូបសំណាកមេទ័ពពីសម័យអង្គរចំនួន ១២ រូបត្រូវបានដាក់តាំងជានិមិត្ដរូបនៅក្នុងសួនព្រះរាជដំណាក់នៅក្រុងសៀមរាបដែលសុទ្ធតែជាមេទ័ពនិងរាជវង្សសានុវង្សដ៏អង់អាចក្លាហាននិងមានស្នាព្រះហស្ថយ៉ាងធំធេងចំពោះព្រះនគរកម្ពុជាដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយគ្រប់ៗរូបបានស្គាល់។រូបចម្លាក់ចំនួន ១២ រូបនេះធ្វើអំពីលោហៈស្ពាន់សុទ្ធមានកម្ពស់ជាង ០២ ម៉ែត្រ ០១ តឹកដូចៗគ្នាដោយមិនគិតពីជើងទម្រនិងមានទម្ងន់ពី ២០០ ទៅ ៣០០ គីឡូក្រាមទាំងរូបរាង សម្លៀកបំពាក់ ម៉ូដសក់ និង អាវុធបរិក្ខានៃមេទ័ពទាំង ១២ រូបនេះត្រូវបានស្មូនរចនាតុបតែងឡើងទៅតាមលំនាំសម័យកាលនីមួយៗនៃមេទ័ពនោះហើយទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះគឺសូននិងច្នៃឡើងតាមទម្រង់មុខអត្តចរិតខ្មែរបុរាណទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅនិងបម្រើការរាជការតាមរយ:រូបភាពនិងចម្លាក់នៅលើជញ្ជាំងប្រាសាទ។លោកស្រីគង់ បញ្ញារដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំងមានប្រសាសន៍ថារូបសំណាកមេទ័ពខ្មែរនៅក្នុងសម័យអង្គរទាំង ១២ រូបនេះត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវអំពីប្រវត្តិស្នាដៃរួមទាំងរចនាបថដោយដកស្រង់ចេញពីសិលាចារឹកផ្ទាំងចម្លាក់នៅតាមបណ្តាប្រាសាទនានាជាច្រើនមុននឹងត្រូវបានសាងសង់ចេញជារូបសំណាកនៅក្នុងនោះមានមេទ័ពជាង ៣០ រូបដែលបានបម្រើរាជការនៅក្នុងរជ្ជកាលនៃសម័យអង្គរត្រូវបានក្រុមការងារកំណត់និងប្រមូលទិន្នន័យ។លោកជំទាវក៏បានឲ្យដឹងទៀតថាការកំណត់យកចំនួនមេទ័ពទាំង ១២ រូបនេះគឺជាលេខដែលខ្មែរតែងប្រើញឹកញាប់និងតំណាងឲ្យនគរទាំង ១២ នៅក្នុងសម័យបាពួន សម័យអង្គរ និង សម័យបាយ័ន។បើទោះបីនេះជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មីប៉ុន្តែស្នាដៃដែលលេចឡើងនេះត្រូវបានរក្សានិងអនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ចដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រនោះឡើយ។រូបសំណាកមេទ័ពខ្មែរទាំង ១២ រូបដែលបានស្ថាបនាឡើងនោះរួមមាន ៖

  • មហាសេនាបតី សង្គ្រាម គឺជាមេទ័ពដ៏ឆ្នើមមួយរូបនៅក្នុងរាជ្យព្រះបាទឧទ័យាទិត្យវម្ម៌ទី ២(១០៥០-១០៦៦ នៃគ្រិស្តសករាជ)ដែលបានទទួលគោរម្យងារជាមហាសេនាបតីពីព្រះរាជា។ដូនតាវង្សត្រកូលរបស់លោកក៏ជាអ្នកបម្រើរាជការនិងកងទ័ពច្រើនជំនាន់មកហើយពោលគឺតាំងពីរាជ្យព្រះបាទជ័យវម៌្មទី ២(៨០២-៨៣៤ នៃគ្រិស្តសករាជ)មកម្ល៉េះ។គួរជម្រាបថាមហាសេនាបតីគឺជាឋារន្តរនាមខ្ពស់បំផុតនៃមន្ត្រីទ័ពនាសម័យអង្គរ
  • ព្រះកម្រតេងអញមហាសេនាបតី ស្រីវីរេន្ទ្រវម៌្ម គឺជាអ្នកសញ្ជកកវីស្វរៈនិងជាមេទ័ពដែលមានតួនាទីនិងឋានៈខ្ពស់បំផុតនៅក្នុងចំណោមមន្ត្រីកងទ័ពនារជ្ជកាលព្រះបាទសូរ្យវម៌្មទី ២(១១១៣-១១៥០ នៃគ្រិស្តសករាជ)។គួរជម្រាបថាព្រះកម្រតេងអញគឺជាឋានន្តរនាមសម្រាប់រាជវង្សានុវង្ស អភិជន មហាមន្ត្រីដែលមានន័យថាព្រះបាទ។ពាក្យកម្រតេងអញគឺជាពាក្យខ្មែរបុរាណដោយពាក្យកម្រតេងមានន័យថាម្ចាស់រីឯពាក្យអញមានន័យថាខ្ញុំដូច្នេះពាក្យកម្រតេងអញគឺមានន័យថាម្ចាស់របស់ខ្ញុំឬលោកម្ចាស់របស់ខ្ញុំ
  • ព្រះកម្រតេងអញ ស្រីនរបតីន្ទ្រវម៌្ម គឺជាមេទ័ពជាប់ខ្សែព្រះរាជវង្សមកពីតំបន់អ្នកចិះ(?)និងជាមន្ត្រីបម្រើរាជការតាំងពីរាជ្យព្រះបាទសូរ្យវម៌្មទី ២(១១១៣-១១៥០ នៃគ្រិស្តសករាជ)រហូតដល់រាជ្យព្រះបាទជ័យវម៌្មទី ៧(១១៨១-១២១៨ នៃគ្រិស្តសករាជ)
  • ព្រះកម្រតេងអញ ធនញ្ជ័យ គេហៅលោកម្យ៉ាងទៀតថាអ្នកសញ្ជក អជ៌ន គឺជាមេទ័ពជំនិតរបស់ព្រះបាទសូរ្យវម៌្មទី ២(១១១៣-១១៥០ នៃគ្រិស្តសករាជ)។អ្នកសញ្ជក អជ៌នបានចេញច្បាំងការពារព្រះរាជបល្ល័ង្កព្រះបាទយសោវម៌្មទី ២(១១៦០-១១៦៥ នៃគ្រិស្តសករាជ)ទប់ទល់នឹងពួកក្បត់ដឹកនាំដោយរាហូរហូតដល់ពលីបាត់បង់ជីវិត។ដោយសារការពលីការពារព្រះនគរនេះហើយទើបព្រះបាទជ័យវម៌្មទី ៧(១១៨១-១២១៨ នៃគ្រិស្តសករាជ)បានប្រទានងារដល់លោកជាអំតេងនិងបានកសាងរូបបដិមាទេពនាមព្រះកម្រតេងជគតអជ៌នទេវៈតម្កល់ទុកនៅក្នុងប្រាង្គអាគ្នេយ៍នៃប្រាសាទបន្ទាយឆ្មារនិងមួយទៀតនៅក្នុងប្រាសាទព្រះខ័ន។គេក៏ឃើញមានចម្លាក់ព្រះកម្រតេងអញ ធនញ្ជ័យអ្នកសញ្ជក អជ៌ននេះនៅក្នុងក្បួនព្យុះហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវម៌្មទី ២ ត្រង់របៀងខាងត្បូងនៃប្រាសាទអង្គរវត្តនេះបញ្ជាក់ថាលោកក៏ធ្លាប់ជាមេទ័ពដ៏សំខាន់នៅក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី ២ ផងដែរ។គួរជម្រាបថាអំតេងគឺជាឋានន្តរនាមរបស់វរជន យុទ្ធជន សេនាបតីដែលមានភក្តីភាពចំពោះព្រះមហាក្សត្រខណៈឋានន្តរនាមនេះគឺឃើញមានប្រើនៅក្នុងរាជ្យព្រះបាទជ័យវម៌្មទី ៧ សតវត្សរ៍ទី ១២ ដែលព្រះអង្គប្រោសប្រទានគោរម្យងារនេះចំពោះមេទ័ពដែលបានច្បាំងស្លាប់នៅក្នុងសមរភូមិការពារព្រះនគរនិងរាជបល្ល័ង្កស្របច្បាប់
  • អ្នកសញ្ជក ស្រីទេវៈ គឺជាមេទ័ពនិងជាបងប្អូនរបស់មេទ័ពស្រីវទ៌្ធនដែលបានចេញច្បាំងជួយព្រះរាជបុត្រស្រីស្រិន្ទ្រកុមារទប់ទល់នឹងកងទ័ពចាមនៅប្រទេសចាម្ប៉ារហូតដល់ពលីបាត់បង់ជីវិត។ព្រះបាទជ័យវម៌្មទី ៧ បានប្រទានគោរម្យងារដល់លោកជាអំតេងដូចបងប្អូនរបស់លោកដែរនិងបានកសាងរូបបដិមាទេពនាមព្រះកម្រតេងអញជគតស្រីទេវៈជាតំណាងតម្កល់ទុកនៅក្នុងប្រាង្គនិរតីនៃប្រាសាទបន្ទាយឆ្មារ
  • អ្នកសញ្ជក ស្រីធរទេវបុរៈ គឺជាមេទ័ពដែលបម្រើការពារព្រះនគរក្រុងយសោធរបុរៈដោយបានរួមកម្លាំងគ្នាជាមួយអ្នកសញ្ជក អជ៌នចេញច្បាំងទប់ទល់នឹងពួកក្បត់រាហូដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះបាទយសោវម៌្មទី ២។នៅក្នុងសង្គ្រាមការពារព្រះនគរនេះអ្នកសញ្ជក ស្រីធរទេវបុរៈបានពលីជីវិតជាមួយព្រះរាជបុត្រស្រីស្រិន្ទ្រកុមារ។ដោយសារស្នាដៃនិងការលះបង់ចំពោះជាតិយ៉ាងដូច្នេះហើយទើបព្រះបាទជ័យវម៌្មទី ៧ បានប្រទានគោរម្យងារដល់លោកជាអំតេងនិងបានកសាងបដិមាទេពនាមព្រះកម្រតេងជគតស្រីធរទេវបុរៈជាតំណាងតម្កល់ទុកនៅក្នុងប្រាង្គឦសាននៃប្រាសាទបន្ទាយឆ្មារ។គួរជម្រាបថាអ្នកសញ្ជកគឺជាឋានន្តរនាមសម្រាប់មន្ត្រីកងទ័ពដែលព្រះរាជាទុកព្រះទ័យជាជំនិតរបស់ព្រះរាជាដោយសារពួកគេមានភក្តីភាពរហូតដល់ហ៊ានពលីបូជាជីវិតដើម្បីការពារព្រះរាជាតួយ៉ាងដូចជាអ្នកសញ្ជកនាសម័យអង្គរទាំងឡាយនេះជាដើម
  • ព្រះកម្រតេងអញ ស្រីជ័យសិង្ហវម៌្ម គឺជាមេទ័ពជាប់ខ្សែស្រឡាយព្រះរាជវង្សនិងមានគោរម្យងារជាខ្លោញវលល្វោដែលជាមេទ័ពស្រួចមានជំនាញដឹកនាំទ័ពលុកព្រៃមកពីតំបន់ល្វោ(ទ្វារវតី្ត)
  • ព្រះកម្រតេងអញ ស្រីរាជេន្ទ្រវម៌្ម[១៣]

ប្រាសាទ

[កែប្រែ]

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

[កែប្រែ]

ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត គឺជាព្រឹត្តិការណ៍មួយដែលត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាបដោយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។ព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងនៅក្នុងគោលបំណងប្រមូលផ្តុំយុវជននិងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមហាគ្រួសារខ្មែរតែមួយដោយរំលឹកនិងធ្វើឲ្យរស់រវើកឡើងនៃមរតកបេតិកភ័ណ្ឌអរូបីខ្មែរចូលរួមថែរក្សា អភិវឌ្ឍវប្បធម៌ជាតិ និង លើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិក៏ដូចជាផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង អន្តរជាតិបានសិក្សាអំពីកិត្តិនាមនូវភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និង សាសនា។ទន្ទឹមនឹងនេះគឺដើម្បីបំផុសស្មារតីប្រជាជនខ្មែរជាពិសេសយុវជនកូនចៅខ្មែរជំនាន់ក្រោយឲ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និង ទំនៀមទម្លាប់រួមទាំងបំផុសគំនិតឲ្យមានការរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយនិងជាគ្រួសារតែមួយព្រមទាំងបណ្តុះស្មារតីអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹងជាតិ និង អត្តសញ្ញាណជាតិខ្មែររួមទាំងផ្តល់ឱកាសសម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និង សេវាកម្មនានាព្រមទាំងចូលរួមចំណែកនៅក្នុងការជំរុញទេសចរណ៍ជាតិនិងអន្តរជាតិដែលជាមាសបៃតងរបស់ប្រទេសកម្ពុជា[១៤]

អង្គរសង្ក្រាន្តឆ្នាំ ២០២៣

ស្ទឹងសៀមរាប

[កែប្រែ]
ស្ទឹងសៀមរាបនាពេលរសៀល
ស្ទឹងសៀមរាបនាពេលរាត្រី

ស្ទឹងសៀមរាប ត្រូវបានគេចាត់ទុកជាស្ទឹងប្រវត្តិសាស្ត្រមួយដ៏សំខាន់សម្រាប់ខេត្តសៀមរាប។តាមពិតទៅស្ទឹងសៀមរាបគឺជាស្ទឹងសិប្បនិមិត្តដែលកកើតឡើងដោយស្នាដៃរបស់មនុស្ស។គ្មានឯកសារបញ្ជាក់ពីឆ្នាំនៃការបង្កើតស្ទឹងសៀមរាបឲ្យជាក់លាក់នោះទេប៉ុន្តែអ្នកស្រាវជ្រាវបានបញ្ជាក់ថាវាត្រូវបានគេបង្កើតនិងកែច្នៃជាច្រើនសារតម្រូវតាមការរៀបចំដែនដីនៅក្នុងសម័យអង្គរស្ទឹងសៀមរាបកកើតឡើងដោយសារការប្រសព្វគ្នារវាងអូរធំៗចំនួន ០២ គឺអូរធំនិងអូរក្បាលស្ពានស្ទឹងសៀមរាបស្ថិតនៅក្នុងចំណោមស្ទឹងសំខាន់ៗទាំង ០៣ ដែលហូរកាត់តំបន់អង្គរដោយធ្វើដំណើរពីជើងទៅត្បូង។ស្ទឹងនេះស្ថិតនៅខាងកើតស្ទឹងពួកនិងខាងលិចស្ទឹងរលួស។យោងតាមឯកសាររបស់លោកអ៊ឹម សុខរិទ្ធីអនុប្រធាននាយកដ្ឋានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាបានសរសេរថាស្ទឹងសៀមរាបដែលគេឃើញសព្វថ្ងៃចាប់ពីចំណុចបំពេញរាជមកជាសមិទ្ធិផលនៃស្នាដៃមនុស្សបង្កើតឡើងនៅក្នុងសម័យអង្គរ។ស្ទឹងនេះកើតពីអូរតូចៗដែលហូរពីភ្នំផ្សេងៗដែលស្ថិតនៅខាងជើងវាលរាបអង្គរបន្ទាប់មកវាជួបគ្នានៅច្រកមួយមុននឹងហូរធ្លាក់ទៅកាន់វាលរាប។ក្នុងនោះក៏មានដៃអូរតូចៗជាច្រើនបានហូរមកភ្ជាប់បន្ថែមទៀតដែលប្រភព ០២ សំខាន់ៗដែលគេស្គាល់ច្បាស់នោះគឺអូរធំនិងអូរក្បាលស្ពាន។អូរធំមានប្រភពពីភ្នំគូលែនដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីទិសឦសាននៃរមណីយដ្ឋានអង្គរ។លោកអ៊ឹម សុខរិទ្ធីបានលម្អិតនៅក្នុងឯកសាររបស់លោកបន្ថែមទៀតថាភ្នំគូលែនដែលមានលក្ខណៈខ្ពង់រាបមានបណ្តោយ ២៥ គីឡូម៉ែត្រលាតសន្ធឹងពីទិសពាយ័ព្យមកទិសអាគ្នេយ៍និងមានទទឹង ១៥ គីឡូម៉ែត្រពីទិសនិរតីមកឦសាននិងមានកម្ពស់ ៣០០ ម៉ែត្រទៅ ៤៥០ ម៉ែត្រប្រៀបនឹងវាលទំនាបជុំវិញ។ជ្រលងចុងខាងកើតនៃខ្ពង់រាបគូលែនមានជប់ធំមួយដែលឲ្យកំណើតទៅផ្លូវទឹកសំខាន់ៗ ០២ គឺអូរថ្មដាប់និងអូរធំ។ចេញពីជប់អូរធំហូរធ្លាក់ចុះមកពីទិសពាយ័ព្យដោយទទួលទឹកពីអូរតូចៗជាច្រើនបត់បែនតាមជ្រលងថ្មហើយប្រមាណ ១៥ គីឡូម៉ែត្រពីប្រភពទើបទៅដល់ទឹកធ្លាក់ម្តុំព្រះអង្គធំ។ជាបន្តបន្ទាប់វាបន្តដំណើរហូរទៅមុខហូរចុះយ៉ាងឆ្ងាយទើបទៅដល់ជើងភ្នំហប់ផ្នែកខាងកើត។ចុងក្រោយអូរធំហូរចុះមកខាងលិច ប្រសព្វនឹងស្ទឹងឬស្សីហើយហូរចុះមកត្បូងរួមគ្នាបង្កើតជាស្ទឹងសៀមរាប។ចំណែកអូរក្បាលស្ពានវិញអូរនេះមានប្រភពពីភ្នំក្បាលស្ពាននិងភ្នំក្រោលក្បាលស្ពានស្ថិតនៅក្នុងភូមិឃុនរាម ស្រុកបន្ទាយស្រីមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រទិសឦសានពីប្រាសាទបន្ទាយស្រី។ឯកសាររបស់លោកអ៊ឹម សុខរិទ្ធីបានលម្អិតទៀតថាអូរក្បាលស្ពានស្ថិតនៅលើកម្ពស់ប្រមាណ ២០០ ម៉ែត្រពីផ្ទៃទឹកសមុទ្រហូរចុះពីទិសពាយ័ព្យមកអាគ្នេយ៍បង្កើតជាទឹកធ្លាក់មួយមានកម្ពស់ពី ០៥ ទៅ ០៦ ម៉ែត្ររួចចូលទៅក្នុងអូរឬស្សីនិងបន្តហូរទៅជួបអូរធំស្ថិតនៅជើងភ្នំហប់អូរធំនិងអូរឬស្សីក៏ហូរចូលគ្នាបង្កើតជាស្ទឹងតែមួយគឺស្ទឹងសៀមរាបដែលហូរចុះទៅខាងត្បូងស្រោចស្រពតំបន់អង្គរមុននឹងហូរចាក់ទៅបឹងទន្លេសាប។ទឹកដែលហូរតាមអូរធំនិងអូរក្បាលស្ពានទទួលមន្តពីចម្លាក់ជាច្រើនមានដូចជាលិង្គមួយពាន់ដែលត្រូវបានឆ្លាក់នៅក្នុងឆ្នាំ ១០៥៤ នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី ១។ទឹកនេះហូរធ្លាក់ចូលទៅស្ទឹងសៀមរាបបន្តកាត់តាមអង្គរនិងធ្លាក់ចូលបឹងទន្លេសាប។តាមអ្នកមានជំនឿទឹកនេះគឺជាប្រភពនៃសេចក្តីចម្រុងចម្រើននិងត្រជាក់ត្រជុំ។

ស្ទឹងសៀមរាបប្រៀបដូចជាទន្លេគង្គានៅក្នុងទីក្រុងពារាណសី ប្រទេសឥណ្ឌាទន្លេគង្គាមានប្រភពពីភ្នំហិមពាន្ត។តាមសាសនាព្រាហ្មណ៍ទន្លេនេះមានកំណើតនៅឋានសួគ៌។ទន្លេគង្គាហូរធ្លាក់មកលើដីមានរូបរាងជាភ្លៀងរួចជ្រាបចូលទៅក្នុងដីនិងចុងបញ្ចប់ហូរចេញមកវិញផ្តល់ជាប្រភពទឹកទៅស្ទឹងទន្លេទាំងឡាយ។ភ្នំនៅក្បែរវាលនិងភ្នំហិមពាន្តទទួលទឹកភ្លៀងនៅរដូវវស្សាជាមួយគ្នាគឺរដូវមូសុងវស្សាភ្នំទាំងនោះជាអាងទឹកធម្មជាតិនិងជាប្រភពនៃស្ទឹងនិងទន្លេទាំងពូងដែលហូរមកកាន់តំបន់ទំនាប។បន្ទាប់មកមនុស្សបានចាត់ចែងរៀបចំយកទឹកស្ទឹងទន្លេទាំងនោះមកប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែងរបស់ខ្លួន។នៅស្រុកខ្មែរគ្មានទន្លេគង្គាដូចឥណ្ឌាទេ។ដូច្នេះហើយខ្មែរបានកែច្នៃរៀបចំប្រភពស្ទឹងដើម្បីប្រដូចទៅនឹងទន្លេគង្គា។ដូចជានៅភ្នំគូលែននិងក្បាលស្ពានជាក់ស្ដែងខ្មែរបានឆ្លាក់លិង្គនិងរូបទេពផ្សេងៗនៅតាមបណ្តោយអូរធំនិងអូរក្បាលស្ពាន។អូរទាំង ០២ នេះគឺជាប្រភពនៃស្ទឹងសៀមរាប។ទឹកហូរកាត់តាមលិង្គប្រៀបដូចជាភ្លៀងធ្លាក់មកពីភ្នួងព្រះកេសាព្រះសិវៈ។ហេតុនេះហើយដែលគេថាស្ទឹងសៀមរាបប្រៀបដូចនឹងទន្លេគង្គា[១៥]

ទន្លេគង្គានៅទីក្រុងពារាណសី

លក្ខណៈភូមិសាស្ត្រ

[កែប្រែ]
ភ្នំគូលែន
ភ្នំបូក

ខេត្តសៀមរាប គឺជាខេត្តមួយស្ថិតនៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជាតាមបណ្តោយផ្លូវជាតិលេខ ០៦ ដែលមានចម្ងាយ ៣១៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញមានពំ្រប្រទល់ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យខាងកើតជាប់នឹងខេត្តកំពង់ធំនិងខេត្តព្រះវិហារខាងជើងជាប់នឹងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារនិងខាងត្បូងជាប់នឹងខេត្តបាត់ដំបងនិងបឹងទន្លេសាប។ខេត្តនេះមានព្រំប្រទល់ជាប់បឹងទន្លេសាបប្រវែង ៨២ គីឡូម៉ែត្រដែលស្ថិតជាប់នឹងស្រុកជីក្រែង ស្រុកសូត្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និង ស្រុកក្រឡាញ់។ខេត្តសៀមរាបមានផ្ទៃក្រឡាសរុបប្រមាណ ១០២៩៩.៤៣ គីឡូម៉ែត្រការ៉េចែកចេញជា ១៣ ក្រុងនិងស្រុកដែលនៅក្នុងនោះមាន ០២ ក្រុង ១៤ សង្កាត់ និង ១១ ស្រុក ៨៦ ឃុំ និង ៩១០ ភូមិ។ខេត្តនេះមានសណ្ឋានដីចែកជា ០៣ តំបន់សំខាន់ៗដោយតំបន់ខ្ពស់(តំបន់ខ្ពង់រាបឬតំបន់ព្រៃភ្នំ)គឺជាតំបន់ចម្ការ ឈើហូបផ្លែ និង ដំណាំឧស្សាហកម្មស្ថិតនៅភាគពាយ័ព្យ ភាគឧត្តរ និង ភាគឦសាននៃខេត្តសៀមរាបនៅក្នុងនោះមានស្រុកស្រីស្នំ ស្រុកវ៉ារិន ស្រុកបន្ទាយស្រី ស្រុកអង្គរជុំ និង ស្រុកស្វាយលើ។តំបន់វាលទំនាប(តំបន់វាលស្រែ)ដែលលាតសន្ធឹងតាមដងផ្លូវជាតិលេខ ០៦ នៅក្នុងនោះមានស្រុកជីក្រែង ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និង ស្រុកក្រឡាញ់។តំបន់ទំនាបគឺជាតំបន់ជាប់នឹងបឹងទន្លេសាបដែលស្ថិតនៅប៉ែកខាងកើតនៃខេត្តសៀមរាបមានស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និង ស្រុកជីក្រែង។នៅរដូវវស្សាតំបន់នេះទទួលរងនូវការលិចទឹកជារៀងរាល់ឆ្នាំមួយភាគគឺជាតំបន់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូនចំណែកខាងលើនៃតំបន់នេះគឺជាកន្លែងធ្វើស្រូវឡើងទឹកនៅរដូវវស្សានិងដាំដំណាំបន្លែធ្វើនៅរដូវប្រាំង។ក្រៅពីផ្ទៃដីកសិកម្មនៅក្នុងនោះមានផ្ទៃដីព្រៃភ្នំ ដីព្រៃលិចទឹក ស្ទឹង បឹងបួរ និង អាងទឹក។[១៦][១៧]

ផែនទីនៃបឹងទន្លេសាប
កំពង់ភ្លុក

រដ្ឋបាល

[កែប្រែ]

ខេត្តសៀមរាប ចែកចេញជា ១៣​ ក្រុង/ស្រុក ១០០ សង្កាត់/ឃុំ និង ៩១០ ភូមិ[១៨][១៩]

លេខកូដ(ISO

code)

ក្រុងនិងស្រុក អក្សរឡាតាំង ផែនទីក្រុងនិងស្រុក
១៧០១ ស្រុកអង្គរជុំ Angkor Chum
១៧០២ ស្រុកអង្គរធំ Angkor Thum
១៧០៣ ស្រុកបន្ទាយស្រី Banteay Srei
១៧០៤ ស្រុកជីក្រែង Chi Kraeng
១៧០៦ ស្រុកក្រឡាញ់ Kralanh
១៧០៧ ស្រុកពួក Puok
១៧០៩ ស្រុកប្រាសាទបាគង Prasat Bakong
១៧១០ ក្រុងសៀមរាប Siem Reap
១៧១១ ស្រុកសូទ្រនិគម Soutr Nikom
១៧១២ ស្រុកស្រីស្នំ Srei Snam
១៧១៣ ស្រុកស្វាយលើ Svay Leu
១៧១៤ ស្រុកវ៉ារិន Varin
១៧១៥ ក្រុងរុនតាឯក Run Ta Aek

មធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូន

[កែប្រែ]
អាកាសយានដ្ឋានអន្តរជាតិសៀមរាប (Siem Reap International Airport)

អាកាសយានដ្ឋានអន្តរជាតិសៀមរាប គឺជាអតីតអាកាសយានដ្ឋានអន្តរជាតិស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបដែលបម្រើសេវាកម្មដឹកជញ្ជូនសម្រាប់ក្រុងសៀមរាបនិងតំបន់អង្គរអាកាសយានដ្ឋានអន្តរជាតិសៀមរាបបានបើកដំណើរការនៅក្នុងឆ្នាំ ១៩៣២ និងបានបិទទៅវិញនៅក្នុងឆ្នាំ ២០២៣ នៅពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរជាផ្លូវការ។អាកាសយានដ្ឋានអន្តរជាតិសៀមរាបគឺជាអាកាសយានដ្ឋានដែលមមាញឹកជាងគេទី ០២ នៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ[២០][២១][២២][២៣]

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបដែលបម្រើសេវាកម្មដឹកជញ្ជូនសម្រាប់ក្រុងសៀមរាបអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១៨ គីឡូម៉ែត្រខាងជើងឈៀងខាងកើតឃុំដំដែក ស្រុកសូទ្រនិគម ៤០ គីឡូម៉ែត្រខាងកើតប្រាសាទអង្គរវត្ត និង ៥០ គីឡូម៉ែត្រខាងកើតក្រុងសៀមរាបអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរគឺជាអាកាសយានដ្ឋានដែលធំជាងគេបង្អស់ទី ០២ នៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ[២១][២៤]

មធ្យោបាយធ្វើដំណើរតាមផ្លូវទឹកពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប

ភ្ញៀវទេសចរអន្តរជាតិអាចធ្វើដំណើរពីក្រុងបាងកក(ខេត្តបឹងកក់)ទៅកាន់ខេត្តសៀមរាបបានតាមរយៈច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ប្រសិនបើភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរតាមឡានតាក់ស៊ីពីក្រុងបាងកក(ខេត្តបឹងកក់)ទៅកាន់ក្រុងប៉ោយប៉ែតនិងពីក្រុងប៉ោយប៉ែតទៅកាន់ទីក្រុងសៀមរាបគឺត្រូវចំណាយពេលពី ០៦ ទៅ ១០ ម៉ោងអាស្រ័យលើពេលវេលាឆ្លងកាត់ព្រំដែន។ការធ្វើដំណើរទៅកាន់ក្រុងសៀមរាបដោយចេញពីក្រុងបាងកក(ខេត្តបឹងកក់)ទៅភ្ញៀវទេសចរអន្តរជាតិអាចធ្វើដំណើរតាមរយៈឡានក្រុងឬធ្វើដំណើរតាមរយៈរថភ្លើងទៅកាន់ស្ថានីយ៍ព្រំដែនផ្សាររ៉ុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវហើយបន្តដំណើរតាមរយៈឡានក្រុងឬតាក់ស៊ីទៅកាន់ក្រុងសៀមរាប[២៥]

តំបន់ទេសចរណ៍ខេត្តសៀមរាប

[កែប្រែ]

បើតាមប្រវត្តិសាស្ដ្រទឹកដីខេត្តសៀមរាបៗគឺជាតំបន់រាជធានីរបស់ចក្រភពខ្មែរនៅក្នុងអំឡុងសតវត្សរ៍ទី ០៩ ដល់សតវត្សរ៍ទី ១៣។ដោយសារមូលហេតុខាងលើនេះហើយទើបរហូតមកទល់បច្ចុប្បន្ននេះគេនៅឃើញមានសំណង់ប្រាសាទបុរាណយ៉ាងច្រើននៅពាសពេញទឹកដីដ៏បវរនៃខេត្តសៀមរាបនេះ។[២៦]ប្រាសាទទាំងឡាយនៅក្នុងតំបន់អង្គរដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជានៅក្នុងខេត្តសៀមរាបដែលគ្របដណ្តប់លើផ្ទៃក្រឡា ៦០០ គីឡូម៉ែត្រការ៉េ។សព្វថ្ងៃប្រាសាទមួយចំនួនត្រូវបានរកឃើញជាបន្តបន្ទាប់។ប្រាសាទទាំងឡាយត្រូវបានកសាងឡើងនៅរវាងសតវត្សរ៍ទី ០៩ និងទី ១៣។កម្មវិធីកសាងឥតឈប់ឈរត្រូវបានប្រកាន់ខ្ជាប់ដោយព្រះរាជាខ្មែរជាបន្តបន្ទាប់ដែលអាចប្រៀបធៀបបានទៅនឹងសំណង់ប្រាសាទមហាពីរ៉ាមីតនៃជីហ្សាដែលកសាងឡើងនៅក្នុងរាជវង្សទី ០៤ នៃអេហ្ស៊ីបបុរាណនិងសំណង់ប្រាសាទដទៃទៀតនៅក្នុងប្រទេសអេហ្ស៊ីបព្រះរាជាខ្មែរបានកសាងប្រាសាទទាំងនេះដោយប្រើកម្លាំងកម្មករយ៉ាងច្រើនតាមការប៉ាន់ស្មានការធ្វើសំណង់ថ្មីនីមួយៗអាចប្រើមនុស្សប្រហែល ៧៥០០០០ នាក់នៅក្នុងអំឡុងសតវត្សរ៍ទី ១២ និង ១៣។ទោះបីជាបានបន្សល់ទុកនូវប្រាសាទជាច្រើនក៏ដោយសព្វថ្ងៃនេះគឺមានភស្តុតាងបន្តិចបន្តួចប៉ុណ្ណោះចំពោះមនុស្សដែលមករស់នៅពិតប្រាកដនៅទីក្រុងដ៏ចំណាស់មួយនេះកាលពីអតីតកាល។អ្នកធ្វើដំណើរជនជាតិព័រទុយហ្គាល់ត្រូវបានគេជឿថាគឺជាជនជាតិបស្ចឹមប្រទេសដំបូងគេដែលបានសម្លឹងមិនដាក់ភ្នែកទៅលើភាពអស្ចារ្យនៃប្រាសាទអង្គរវត្តនៅពេលទៅទស្សនានៅក្នុងអំឡុងសតវត្សរ៍ទី ១៦។ទោះបីជាយ៉ាងណាក៏ដោយកិត្តិយសធំបំផុតចំពោះការរកឃើញប្រាសាទអង្គរវត្តដ៏អស្ចារ្យបានធ្លាក់ទៅលើអ្នកភូមិសាស្ដ្រជនជាតិបារាំងឈ្មោះហង់រី មូហូតដែលបានមកទស្សនាប្រាសាទអង្គរវត្តនៅក្នុងឆ្នាំ ១៨៦០ ហើយបានតម្កល់ទុកនូវឯកសារនៅឯទីក្រុងប៉ារីសក្រោយមរណភាពរបស់លោកនៅក្នុងឆ្នាំ ១៨៦៨។នៅក្នុងសតវត្សរ៍ទី ១៩ និង ២០ បេសកកម្មរបស់បារាំងជាច្រើនបានមកទស្សនាប្រាសាទបុរាណនិងធ្វើការកាប់ឆ្ការសម្អាតព្រៃពីប្រាសាទហើយបានប្រមូលនូវឯកសារបានយ៉ាងច្រើន។នៅក្នុងឆ្នាំ ១៩០៧ សៀមបានប្រគល់ទឹកដីអង្គរមកឲ្យខ្មែរគ្រប់គ្រងវិញដោយសារបារាំងគាបសង្កត់ខ្លាំងពេកហើយនៅក្នុងនោះបាននាំមកនូវភ្ញៀវទេសចរឲ្យមកទស្សនាប្រទេសកម្ពុជាជាលើកដំបូងនៅលើទឹកដីអង្គរ។ភ្ញៀវទេសចរអាចជ្រើសរើសទស្សនាតាមវង់តូចដែលរួមមានទីក្រុងដ៏ល្បីល្បាញរបស់ព្រះរាជាគឺអង្គរធំនិងអង្គរតូចដែលមានប្រាសាទជាច្រើននៅទីនោះរួមទាំងរមណីយដ្ឋានជាច្រើនទៀត។ភ្ញៀវទេសចរអាចបន្តដំណើរទៅទស្សនានៅវង់ធំនោះគេនឹងបានឃើញប្រាសាទមួយចំនួនផ្សេងទៀតនិងបារាយណ៍នៅសម័យអង្គរ។ប្រសិនបើមានពេលវេលាភ្ញៀវទេសចរអាចទៅទស្សនាប្រាសាទល្បីល្បាញផ្សេងៗទៀតដែលស្ថិតនៅឆ្ងាយពីប្រាសាទនៅតំបន់អង្គរ

ឯកសារយោង

[កែប្រែ]
  1. "Geographical Names of the Kingdom of Cambodia" (PDF). UNSTATS. Eighth United Nations Conference on the Standardization of Geographical Names. 29 August 2002. Retrieved 7 June 2019.
  2. ដកស្រង់ចេញពីសៀវភៅជនជាតិខ្មែរសតវត្សរ៍ទី ១៥-១៩៥៣ (ភាគទី ០២)
  3. "History of Siem Reap". siemreap.gov.kh. Archived from the original on 18 July 2019. Retrieved 17 August 2019. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  4. "General Population Census of the Kingdom of Cambodia 2019 – Final Results" (PDF). National Institute of Statistics. Ministry of Planning. 26 January 2021. Archived from the original (PDF) on 26 តុលា 2022. Retrieved 3 February 2021.
  5. "តើឈ្មោះខេត្តសៀមរាប ជាអតីតខេត្តឈ្មោះអ្វី? បានប្តូរមកខេត្តសៀមរ". Khmernokor. Retrieved 2025-07-30.
  6. "អត្ថន័យ​នៃ​ឈ្មោះ​ខេត្ត​សៀមរាប". www-rfa-org.cdn.ampproject.org. Archived from the original on 2023-03-16. Retrieved 2023-03-16. {{cite web}}: zero width space character in |title= at position 8 (help)
  7. "ខេត្តសៀមរាប ៖ ប្រវត្តិ​សាវតារ និង​ប្រវត្តិ​ឈ្មោះខេត្ត​". Koh Santepheap Daily. 2020-08-09. Retrieved 2025-12-14. {{cite web}}: zero width space character in |title= at position 23 (help)
  8. "ក្រុងសៀមរាប". krongsiemreap.gov.kh. Retrieved 2025-12-14.
  9. Kakada, Thap. "ប្រវត្តិខេត្តសៀមរាប - រដ្ឋបាលខេត្តសៀមរាប" (ជាen-US). រដ្ឋបាលខេត្តសៀមរាប. https://siemreap.gov.kh/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%9F%E1%9F%80%E1%9E%98%E1%9E%9A%E1%9E%B6%E1%9E%94.
  10. "General Population census of the Kingdom of Cambodia 2019" (PDF). National Institute of Statistics Ministry of planning. October 2020. Archived from the original (PDF) on 2022-10-26. Retrieved 2025-04-09.
  11. ពិសី, អ៊ិន (2023-03-13). "ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប". Kampuchea Thmey Daily (in American English). Retrieved 2025-06-16.
  12. Radio, VAYO FM. "ប្រវត្តិនិងជំនឿលើព្រះអង្គចេក ព្រះអង្គចម - វិទ្យុវាយោ". VAYO FM Radio (in អង់គ្លេស). Retrieved 2025-06-19.
  13. "មកស្គាល់ឈ្មោះ និងស្នាដៃរបស់មេទ័ពខ្មែរសម័យអង្គរ ១២រូប ត្រូវបានសង់រូបសំណាកនៅសួនព្រះរាជដំណាក់ក្រុងសៀមរាប". m.freshnews.com.kh (in អង់គ្លេស). Retrieved 2026-01-05.
  14. "ក្រសួងព័ត៌មាន". www.information.gov.kh. Retrieved 2025-10-04.
  15. "ស្ទឹង​សៀមរាប​ប្រដូច​ទៅនឹង​ទន្លេ​គង្គា​របស់​ឥណ្ឌា​". thmeythmey.com (in អង់គ្លេស). Retrieved 2025-06-16. {{cite web}}: zero width space character in |title= at position 6 (help)
  16. intocambodia.org (2022-07-27). "Siem Reap Province - IntoCambodia.org" (in American English). Retrieved 2025-12-15.
  17. Kakada, Thap. "សក្កានុពលអភិវឌ្ឍន៍ក្នុងខេត្តសៀមរាបឆ្នាំ២០២៤ - រដ្ឋបាលខេត្តសៀមរាប" (ជាen-US). រដ្ឋបាលខេត្តសៀមរាប. https://siemreap.gov.kh/%E1%9E%9F%E1%9E%80%E1%9F%92%E1%9E%80%E1%9E%B6%E1%9E%93%E1%9E%BB%E1%9E%96%E1%9E%9B%E1%9E%A2%E1%9E%97%E1%9E%B7%E1%9E%9C%E1%9E%8C%E1%9F%92%E1%9E%8D%E1%9E%93%E1%9F%8D%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB.
  18. "Administration; Siem Reap". Kingdom of Cambodia. Archived from the original on 27 ខែឧសភា 2009. Retrieved 27 ខែមិថុនា 2010. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  19. "Siem Reap Province postcodes - Cambodia Postal Code". www.cambodiapostalcode.com (in American English). Retrieved 2026-01-09.
  20. "Cambodia Airports Traffic Data". Cambodia-airports.com. Archived from the original on 2009-09-11. Retrieved 2025-06-16.
  21. 1 2 "New Siem Reap-Angkor International Airport New Airport Profile | CAPA". centreforaviation.com. Retrieved 2022-12-06.
  22. "New Siem Reap International Airport to begin operations in October". TIG Asia. 31 July 2023. Archived from the original on 29 កញ្ញា 2023. Retrieved 20 September 2023.
  23. "New Siem Reap International Airport to begin operations in October". TIG Asia. 31 July 2023. Archived from the original on 29 កញ្ញា 2023. Retrieved 20 September 2023.
  24. "Cambodia's newest and biggest airport opens in Siem Reap, the gateway to UNESCO-listed Angkor". CNN. 18 October 2023. Retrieved 24 October 2023.
  25. "How to get from Siem Reap to Bangkok?". tripsget.com. Archived from the original on 27 May 2016. Retrieved 31 May 2016. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  26. Bunnara, Dy (2025-04-21). "តើដឹងថា ខេត្តក្រុងទាំង ២៥ មានសេសសល់សំណង់ប្រាសាទបុរាណ​អីខ្លះ?". Kampuchea Thmey Daily (in American English). Retrieved 2025-11-08. {{cite web}}: zero width space character in |title= at position 53 (help)