អ៊ុន អឿង
រូបថតលោកតា អ៊ុន អឿង | ||||
---|---|---|---|---|
ឈ្មោះ | ៖ អ៊ុន អឿង | |||
ថ្ងៃខែឆ្នាំកំណើត | ៖ ០១ មីនា ១៩៥២ | |||
ទីកន្លែងកំណើត | ៖ ព្រៃភ្ញី ព្រៃផ្តៅ ព្រៃកប្បាស តាកែវ | |||
សញ្ជាតិ | ៖ ខ្មែរ | |||
ឪពុក | ៖ កែ អូក ជនជាតិខ្មែរ | |||
ម្តាយ | ៖ គង់ ជឿង ជនជាតិខ្មែរ | |||
កម្រិតវប្បធម៌ | ៖ សាលាបាលីជាន់ខ្ពស់ | |||
ភរិយា | ៖ មួ១/កូនសរុប ៧ កូនស្រី៣ | |||
សាសនា | ៖ ព្រះពុទ្ធសាសនា | |||
មុខរបរ | ៖ កសិករ | |||
មរណៈភាព | ៖ សៅរ៍ ៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក.ព.ស ២៥៦៧ ៣០ ធ្នូ ២០២៣ គ.ស |
លោកអ៊ុន អឿង កើតនៅថ្ងៃសៅរ៍ ៦កើត ខែផល្គុន ឆ្នាំថោះ ត្រីស័ក ព.ស ២៤៩៥ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៥២ នៃគ.ស នៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ និង ជាកូនទី១ ក្នុងចំណោម កូនប្រុស-ស្រី៥នាក់ របស់ លោកតា កែ អូក និង លោកយាយ គង់ ជឿង នៃបងប្អូនរួមផ្ទៃទាំង៥នាក់។ លោកជាជនរងគ្រោះ និងសាក្សី១រូប ដែលឆ្លងកាត់របបគ្រប់គ្រង និងផ្លាស់ប្តូរសង្គមចំនួន៧ រួមមាន៖ ១. របបអាណានិគមបារាំង(១៨៦៣-១៩៥៣) ២. របបសង្គមរាស្រ្តនិយម(១៩៥៣-១៩៧០) ៣. របបសាធារណៈរដ្ឋខ្មែរ ឬ របបលន់ ណុល (១៩៧០-១៩៧៥) ៤. របបកម្ពុជាប្រជាធិបតេយ្យ ឬប៉ុលពត (១៩៧៥-១៩៧៩) ៥. របបសាធារណរដ្ឋប្រជាមានិតកម្ពុជា(១៩៧៩-១៩៨៩) ៦. របបរដ្ឋកម្ពុជា(១៩៨៩-១៩៩៣) និង ៧. របបព្រះរាជាណាចក្រកម្ពុជា (១៩៩៣ ដល់បច្ចុប្បន្ន)។ លោក ទទួលអនិច្ចកម្ម ថ្ងៃទី៣០ ខែធ្នូ គ.ស ២០២៣ ដោយរោគាពាធ ក្នុងជន្មាយុ ៧២ ឆ្នាំ។
I. ព័ត៌មានផ្ទាល់ខ្លួន
[កែប្រែ]លោកតាឧបាសក អ៊ុន អឿង កើតនៅថ្ងៃសៅរ៍ ៦កើត ខែផល្គុន ឆ្នាំថោះ ត្រីស័ក ព.ស ២៤៩៥ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៥២ នៃគ.ស ជាកូនទី១ ក្នុងចំណោម កូនប្រុស-ស្រី៥នាក់ របស់ លោកតា កែ អូក និង លោកយាយ គង់ ជឿង នៃបងប្អូនរួមផ្ទៃទាំង៥នាក់រួមមាន៖ 1. ឧបាសក អ៊ុន អឿង កូនច្បង 2. ឧបាសិកា កែ ជីម 3. ឧបាសក កែ ហាក់ 4. យុវជន កែ ហ៊ាង (បាត់ខ្លួនក្នុងសម័យសង្រ្គាមខ្មែរក្រហម) 5. ឧបាសិកា កែ ស៊ីម
II. ប្រវត្តិសិក្សា
[កែប្រែ]កាលនៅជាកុមារភាព និងដល់អាយុចូលសិក្សា កុមារាអ៊ុន អឿង ត្រូវបានឪពុកម្តាយបញ្ជូនឱ្យចូលរៀននៅសាលាបឋមសិក្សាព្រៃភ្ញី នៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ដោយឧបនិស្ស័យ និងជាទំនៀមទម្លាប់ប្រពៃណីខ្មែរ ក្នុងវិស័យពុទ្ធចក្រផង មាតាបិតារបស់លោកបាន បញ្ជូន និង បំបួស កុមារា អ៊ុន អឿង ជាសាមណេរជាមួយព្រះធម្មាចារ្យ គ្រូចៅអធិការវត្តព្រៃភ្ញី នាព្រះជន្មាយុ ១៣ វស្សា(ខ្ទង់ឆ្នាំ១៩៦៥ នៃគ.ស) ដោយត្រូវបញ្ចប់ការសិក្សាផ្នែកអាណាចក្រត្រឹមថ្នាក់ទី៣ (ចាស់)។ ក្នុងភេទជាព្រះសង្ឃ សាមណេរ អ៊ុន អឿង ខិតខំប្រតិបត្តិធម៌ វិន័យ និងសិក្សាពីព្រះធម៌ បាលីយ៉ាងយកចិត្តទុកដាក់ និងដោយបានឆ្លងកាត់រៀនសាលាបាលីផងដែរ។ ក្រោយមក ក្នុងឆ្នាំ១៩៦៩ នៃគ.ស ដោយអស់និស្ស័យជាព្រះសង្ឃ លោក បានសុំញ៉ោមប្រុស-ស្រី និង ព្រះគ្រូធម្មាចារ្យរបស់លោក លាចាកសិក្ខាពីភេទជាព្រះសង្ឃវិញ ដើម្បីជួយសម្រាលការងារ មាតា បិតា និង ប្អូនៗ វិញ។
III. ស្ថានភាព និងទំនាក់ទំនងគ្រួសារ
[កែប្រែ]នៅឆ្នាំចុងឆ្នាំ១៩៦៩ ឈានចូលឆ្នាំ១៩៧០ លោក អ៊ុន អឿង ត្រូវបានឪពុកម្តាយផ្សំផ្គុំ រៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ ជាមួយ លោកស្រី អ៊ុន ណន ដែលត្រូវជា បុត្រីទី២ របស់ លោកតា កែ អ៊ន និងលោកយាយ នឹង ក្នុងវ័យអាយុ១៧ឆ្នាំ ។ ក្រោយរៀបពាហ៍ពិពាហ៍ ក្លាយជាស្វាមីភរិយាបានប្រមាណជា៥ឆ្នាំ របបខ្មែរក្រហម ឬប៉ុលពត(សម័យកម្ពុជាប្រជាធិបតេយ្យ)ក៏ចូលឈានចូលមកដល់ ដោយលោក និងភរិយា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវរស់បែកប្រពន្ធ និងត្រូវបង្ខំជម្លៀស និងធ្វើការយ៉ាងធ្ងន់ធ្ងរទាំងថ្ងៃយប់ ហើយត្រូវតស៊ូដើម្បីរស់ឆ្លងផុតរបបអាវខ្មៅមួយនេះ។ យ៉ាងណាក្តី គូស្វាមីភរិយាដ៏កំសត់នេះបានរួមរស់ជាមួយគ្នា និងមានកូនប្រុសស្រីចំនួន៧នាក់រួមមាន៖
- លោក អូក សំអុល
- លោក អូក សំអាត
- ទារិកា អូក ស្រីមុំ
- លោកស្រី អូក ស្រី
- លោក អូក អុី
- លោកស្រី អូក ស្រ៊ីម និង
- លោក អូក អុីម
ថ្វីត្បិតគ្រួសារជីវភាពមធ្យម ក្រោយពីឆ្លងកាត់ការផ្លាស់ប្តូររបបសង្គមជាច្រើនដង លោក អ៊ុន អឿង និងលោកស្រី អ៊ុន ណន បានតស៊ូក្នុងជីវិតគ្រួសារ ដោយខិតខំប្រកបរបរជួញដូរ ធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់គ្រួសារ ជាពិសេសចិញ្ចឹមបីបាច់កូននៅបន្ទុកទាំងពីរនាក់។ ប៉ុន្តែ ក្រោយមក ខ្ទង់នៅឆ្នាំ១៩៨៧ ភរិយាជាទីស្រលាញ់ គឺលោកស្រី អ៊ុន ណន បានធ្លាក់ខ្លួនឈឺ(ស្ទើរតែពិការភាពទាងស្រុង) ដោយជម្ងឺទាស់សរសៃ។ បន្ទុកនៃការរកចំណូលចិញ្ចឹមគ្រួសារត្រូវធ្លាក់លើ លោក អ៊ុន អឿង ទាំងស្រុង។ លោកបានខិតខំ រកទទួលទានផ្គត់ផ្គង់ចិញ្ចឹមកូនផង និងស្វែងរកវិធីព្យាបាលភរិយាជាទីស្រលាញ់ផង នៅគ្រប់ទិសទី ទាំងអស់ ដោយអស់រយៈពេល និងទ្រព្យសម្បត្តិយ៉ាងច្រើន។ បើទោះបីមិនអាចព្យាបាលភរិយាបានជាសះស្បើយក្តី យ៉ាងហោចណាស់លោកស្រី អ៊ុន ណន បាន ត្រឹមជាម្លប់សម្រាប់កូន និងជួយមើលថែផ្ទះ ចំណែកប្តី ឬឪពុកជាអ្នករ៉ាប់រងការងារខាងក្រៅ និងជួយប្រពន្ធពេលចប់ការងារខាងក្រៅ ។ លោក អ៊ុន អឿង បានជាដើរតួជាមេផ្ទះនៅពេលខ្លះ និងជាមេគ្រួសារ ជាអ្នកទទួលបន្ទុករ៉ាប់រងគ្រួសារទាំងមូលក្តី លោក គឺជាស្វាមី ជាឪពុក ដែលមានមេត្តា ករុណា ចំពោះកូន និងភរិយាជាទីស្រលាញ់ ហើយបានចិញ្ចឹមបីបាច់ថែរក្សាកូនទាំង៦ ឱ្យធំលូតលាស់ និងបញ្ជូនឱ្យកូនបានសិក្សាគ្រប់គ្នា រហូតកូនខ្លះបានរៀនចប់ថ្នាក់ឧត្តមសិក្សា និងខ្លះចប់ថ្នាក់ក្រោយឧត្តមសិក្សា និងមានការងារសមរម្យទៅតាមឧបនិស្ស័យផងដែរ។ លោកបានអប់រំទូន្មានកូនៗ ឱ្យប្រព្រឹត្តតែអំពើល្អ មានគុណធម៌ គោរពច្បាប់ និងជាពលរដ្ឋល្អនៅក្នុងសង្គមជាដើម។ លោក និងភរិយា បានរៀបចំគូអនាគត ឱ្យកូនប្រុស-ស្រី និងព្រមទាំងផ្តល់ជាដើមទន់ខ្លះៗទៅកូនតាមលទ្ធភាពរបស់លោកទៀតផង។ បច្ចុប្បន្នកូនប្រុស-ស្រី ៥ នាក់របស់លោក មានគ្រួសារ (ប្តី-ប្រពន្ធ)រួចហើយ ចំណែកកូនប្រុសពៅស្ថិតនៅក្នុងបន្ទុកនៅឡើយ គិតត្រឹមឆ្នាំ២០២៣ លោកមានចៅប្រុស-ស្រី ចំនួន ១០នាក់ ក្នុងនោះស្រី ៤នាក់ ។
III. ទំនាក់ទងក្នុងសង្គម និងសាសនា
[កែប្រែ]ជាប្រជាពលរដ្ឋសាមញ្ញ និងជាពុទ្ធបរិស័ទ ឧបាសក អ៊ុន អឿង ប្របករបរសុច្ចរិត ទៀងត្រង់ ជាបុគ្គលគោរពប្រតិបត្តិច្បាប់ ហើយមានទំនងល្អជាមួយញាតិមិត្ត អ្នកជិតខាង និងតែងតែយកអាសា និងជាទីពឹងដល់ញាតិមិត្តជិតឆ្ងាយ ជាពិសេសបង ប្អូន ទើបទទួលបានការស្រលាញ់រាប់អានពីបងប្អូន ញាតិមិត្ត អ្នកជិតខាង និងមាតា បិតារបស់លោក។ ចំពោះសាសនា លោក ជាពុទ្ធបរិស័ទម្នាក់ ដែលលោកតែងតែប្រកាន់ខ្ជាប់នូវឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃព្រះពុទ្ធសាសនា ដោយលោកប្រកាន់ខ្ជាប់ជានិច្ចនូវសីល៥ ចាំសីល៨។ លោកតា អ៊ុន អឿង បានថ្វាយខ្លួន(សុំសីល)ចំពោះព្រះពុទ្ធសាសនាជាផ្លូវការ នៅក្នុងឱកាសនៃពិធីបុណ្យបច្ច័យ៤ របស់លោក ដែលកូនចៅបានរៀបចំធ្វើជូនមាតាបិតា នៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០១៣។ ក្នុងនាមជាពុទ្ធបរិស័ទឥតងាករេ លោកតា អ៊ុន អឿង និងក្រុមគ្រួសារ បានចូលរួមយ៉ាងសកម្មក្នុងការចូលរួមកសាងសមិទ្ធផលនានា និងជាហូរហែឥតឈប់នៅតាមវត្តអារាម និងសង្គម ជាពិសេសវត្តចំណោមនិងភូមិចំណោមរបស់យើង ហើយលោកក៏ជាសមាជិកមេក្រុមវេនប្រចាំវត្តចំណោមម្នាក់ផងដែរ។ ហែលឆ្លងរបបនយោបាយសំខាន់ៗ លោកបានឆ្លងកាត់ភ្លើងសង្រ្គាមស៊ីវិល (១៩៧០-១៩៨៩) និងការបង្ខំឱ្យធ្វើការយ៉ាងខ្លាំងក្លា រួមទាំងការបង្អត់អាហារ មិនឱ្យទទួលទានគ្រប់គ្រាន់ និងចុងក្រោយលោកត្រូវបានជម្លៀសបង្ខំឱ្យទៅធ្វើទាហាន(ក៥)នៅតាមបណ្តោយព្រំដែនខ្មែរ-សៀម សម្រាប់ការច្បាំងរវាងទ័ពខ្មែរក្រហមនិងកងទ័ពវៀតណាមជាដើម។ ក្រោយកិច្ចព្រមព្រៀងសន្តិភាព ៩១ តុលា ១៩៩១ លោកបានចូលរួមចលនាតស៊ូនយោបាយក្រោមរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុបញ្ចប់សង្រ្គាម និងលើកស្ទួយវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរី ដូចទៅហ្នឹងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពនៅក្រុងប៉ារីសន៍។ ដូច្នេះជារួម លោកបានឆ្លងកាត់របបនយោបាយសំខាន់ៗ ដូចនឹងពលរដ្ឋអាយុស្របាលៗ ឯទៀតដែរ គឺ
- របបអាណានិគមបារាំង(១៨៦៣-១៩៥៣)
- របបសង្គមរាស្រ្តនិយម(១៩៥៣-១៩៧០)
- របបសាធារណៈរដ្ឋខ្មែរ ឬលន់ ណុល (១៩៧០-១៩៧៥)
- របបកម្ពុជាប្រជាធិបតេយ្យ ឬប៉ុលពត (១៩៧៥-១៩៧៩)
- របបសាធារណរដ្ឋប្រជាមានិតកម្ពុជា(១៩៧៩-១៩៨៩)
- របបរដ្ឋកម្ពុជា(១៩៨៩-១៩៩៣)
- របបព្រះរាជាណាចក្រកម្ពុជា (១៩៩៣ ដល់បច្ចុប្បន្ន)
IV. ប្រវត្តិនៃរោគា និងជីវិតចុងក្រោយ
[កែប្រែ]ជាជនរងគ្រោះម្នាក់ក្នុងចំណោមពលរដ្ឋរាប់លាននាក់ ដែលរងគ្រោះដោយសារសង្គ្រាម វិបត្តិសង្គម លោកតា អ៊ុន អឿង ឆ្លងការទារុណកម្មសង្រ្គាម បង្អត់អាហារ និងបន្សល់ទុកនូវជម្ងឺប្រចាំកាយ។ ដោយឆ្លងកាត់សង្រ្គាម និងការងារធ្ងន់ធ្ងរពីរបបប៉ុលពតផងនោះលោក អ៊ុន អឿង បានចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់ ស្រាលជាបន្តបន្ទាប់។ ជាពិសេសក្រោយចូលរួមក្នុងផែនការក៥ ឆ្នាំ១៩៨៥-១៩៨៩(ការប្រើពលរដ្ឋឱ្យធ្វើកិច្ចការពលកម្មធ្ងន់ៗច្រើន ការដាក់គ្រាប់មីន ការជីកលេណដ្ឋានប្រយុទ្ធ និងការកាប់ព្រៃឈើជាដើម) ម្យ៉ាងទើបតែរួចផុតពីរបបបង្អត់អាហារ(ប៉ុលពត)ផង លោកត្រូវបានធ្លាក់ខ្លួនឈឺជាទម្ងន់ គឺជម្ងឺគ្រុនចាញ់។ លោកត្រូវបានបញ្ជូនមកស្រុកវិញហើយត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុក បច្ចុប្បន្នជាមន្ទីរពេទ្យបង្អែកព្រៃកប្បាស។ នៅពេលនោះលោកស្ទើរតែបាត់បង់ជីវិត នេះគឺជាការឈឺធ្ងន់បំផុតលើកទី១នៃជីវិតរបស់លោក។ នៅក្នុងចុងឆ្នាំ២០២៣ អំឡុងចុងខែវិច្ឆិកា ជម្ងឺចាប់ផ្តើមធ្វើទុក្ខបន្តបន្ទាប់ រាងកាយលោកចាប់ផ្តើមចុះខ្សោយ កូនចៅបានបញ្ជូនទៅព្យាបាល យ៉ាងយកចិត្តទុកដាក់ និងបានធូរស្រាលខ្លះដោយពេល ប៉ុន្តែក៏រើឡើងវិញ ដោយប្រែប្រួលពី១ថ្ងៃទៅ១ថ្ងៃ។ នៅវេលាម៉ោង១០ ព្រឹក ថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក.ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២៣ នៃ គ.ស លោកតា អ៊ុន អឿង ទទួលអនិច្ចកម្មក្នុងជន្មាយុ ៧២ ឆ្នាំ។