អ្នកម្នាងទេព ជាមហេសីរបស់ ពញាពេជ្រដែលត្រូវជាបុត្ររបស់ព្រះបាទចក្រព័ត្រ និង អ្នកម្នាងទង។ តែបើយោងទៅតាមពង្សាវតារវត្ដកោកកាកវិញ គេអាចដឹងថា មហេសីរបស់ព្រះបាទចក្រព័ត្រទ្រង់មានគភ៌ នៅពេលដែលដំបងគ្រញូង លើកទ័ពមកវាយប្រហារដណ្ដើមរាជ្យ។ ព្រះនាងបានរត់រួចទៅលាក់ខ្លួនពួនអាត្មា នៅតាមភូមិស្ថាន តំបន់ឆ្ងាយដាច់ស្រយាល។ បន្ទាប់មកព្រះនាងប្រសូតបានបុត្រមួយព្រះអង្គ។ តែគេមិនបាស្គាល់ឈ្មោះព្រះរាជបុត្រអង្គនេះទេ ធំឡើងពេញវ័យកាលណាព្រះរាជបុត្របានមានមហេសី ព្រះមហេសីទ្រង់គភ៌បាន ១០ ខែ កាលក្នុងរាជ្យ និងសម័យដែលស្ដេចពញាក្រែក ឬព្រហ្មកិល ឬព្រះបាទសន្ធពអនុរាជ កោះហៅហោរាឲ្យមក ទស្សន៍ទាយមើលរកអ្នកមានបុណ្យ។ គ្រានោះព្រះរាជបុត្រក៏បានសុគតដែរ តែគេមិនបានដឹងដោយប្រការណាមួយឡើយទេ។ ព្រះរាជបុត្រអង្គនេះ បើតាមពង្សាវតារវត្ដទឹកវិល មានឈ្មោះថាពញាពេជ្រ។ ព្រះមាតា ដែលជាមហេសីព្រះបាទចក្រព័ត្រ មានឈ្មោះថា អ្នកម្នាងទង។ ឯមហេសីរបស់ពញាពេជ្រឈ្មោះ អ្នកម្នាងទេព ដោយក្រោយមកអ្នកម្នាងបានបង្កើតបានបក្សីចាំក្រុង។ ស្ដេចពញាក្រែក ឬព្រហ្មកិល ឬសិន្ធពអមរិន្ទ កាលបើបានព្យាករទាយថា អ្នកមានបុណ្យ បានមកចាប់កំណើតបាន ១០ខែ ក្នុងត្រកូលក្សត្រហើយ ក៏ចេញបញ្ជាឲ្យនាម៉ឺនពលទ័ពសេនាគ្រប់ទិសទី ចាប់ប្រមូលស្ដ្រីទាំងអស់ក្នុងនគរ ដែលមានផ្ទៃពោះចំនួន ១០ ខែ យកទៅប្រហារជីវិតកុំឲ្យមានសល់។ ពេជ្ឈឃាតត្រូវកាប់ស្ដ្រីទាំងនោះជាបីកង់ គឺត្រង់ក និងពោះ។ អ្នកម្នាងទេព ដែលកាលនោះ បានមកលាក់ខ្លួនរស់នៅក្នុងស្រុកស្ទោង មិនបានគេចផុតពីគ្រោះកំណាចនោះទេ។ ព្រះនាងត្រូវស្ដេចចាមសេន្ទ្រា ជាស្ដេចចាមចំណុះខ្មែរ តាំងតែពីសម័យរាជ្យ ព្រះថោងនាងនាគ ឬស្ដេចកុម៉ែរាជ ព្រះមហាក្សត្រខ្មែរទី១ នៅស្រុកស្ទោង ចាប់យកទៅថ្វាយព្រះរាជា។ ព្រះសិន្ធពអមរិន្ទក៏បង្គាប់ឲ្យក្រុមពេជ្ឈឃាតស្ដេចចាមយកទៅ ប្រហារជីវិតដោយគ្មានស្រណោះប្រោសប្រណី។ កន្លែងពិឃាតអ្នកម្នាងទេពស្ថិតនៅខាងត្បូងកំពង់ព្រះជិន (ប្រហែលជា កំពង់ចិន ក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ) ហើយនៅខាងលិចវាំងស្ដេចចាមសេន្ទ្រា។ នៅពេលដែលពួកពេជ្ឈឃាត កាប់ប្រហារត្រង់ពោះ ព្រះនាងទេពទារកនោះរត់ឡើងទៅនៅទ្រូងម្ដាយ ហើយដល់ពួកពេជ្ឈឃាដចេញទៅបាត់ទារកក៏ធ្លាក់ចេញមកក្រៅ។ គឺនៅពេលនោះហើយដែលទេពឥន្ទ្រី និងហ្វូងបក្សាបក្សីជាច្រើនបានហោះកុះករ កកកុំចុះមករោមក្រុងការពារ ព័ទ្ធជុំវិញ។ សត្វខ្លះទៀតត្រដាងស្លាបដាក់ក្រោមទារក ការពារកុំឲ្យប៉ះប្រឡាក់នឹងដី។ តាគហេដែលឃ្វាលគោនៅជិតនោះ ឃើញហ្វូងសត្វបក្សាបក្សីជាច្រើនហោះក្រវែល ក្រឡឹងចុះក្រឡឹងឡើង ឆ្វាត់ឆ្វែងច្រើនពេកក្នុងមេឃ កើតក្ដីឆ្ងល់សង្ស័យ ហើយក៏ដើរតំរង់ទៅមើលដល់កន្លែង។ ស្រាប់តែគាត់ភ្ញាក់ព្រើត នឹកគិតទៅអស្ចារ្យខ្លាំងពេក កាលបើឃើញទារកមួយ ត្រូវបានហ្វូងបក្សាបក្សីចោមរោម ក្រុងការពារ គាត់ក៏លើកបីទារកយកមកចិញ្ចឹមបីបាច់ថែរក្សា ថ្នាក់ថ្នមយ៉ាងប្រុងប្រយ័ត្ន និងស្រឡាញ់ជាទីបំផុត។ តាគហេបានដាក់ឈ្មោះ បក្សីចាំក្រុង ឲ្យទារកនោះជាប់រៀងរហូតមក។