ចក្រព័ត្រ

ពីវិគីភីឌា
Jump to navigation Jump to search
ចក្រព័ត្រ
ព្រះបាទ
រជ្ជកាលគ.ស ៩៧២-១០០១
រាជ្យមុនព្រះបាទស័ង្ខចក្រ
រាជ្យបន្តព្រះបាទគោត្តមអមរទេវរាជ
ស្វាមី/មហេសីអ្នកម្នាងកែវ អ្នកម្នាងទង
បុត្រព្រះបទុមកុមារ ព្រះសិរីកុមារ ពញាពេជ្រ បក្សីចាំក្រុង
ព្រះនាមពេញ
​​ព្រះបាទ​សម្ដេច​ព្រះ​ចក្រព័ត្រាធិរាជ​ ​បរមបពិត្រ
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទស័ង្ខចក្រ
មាតាព្រះនាងកើត
ប្រសូតគ.ស​ ៩៥១
មហានគរ
សុគតគ.ស ១០០១
មហានគរ នគរគោកធ្លក
ព្រះសុសាន​ភ្នំក្រោម

ព្រះបាទចក្រព័ត្រ (សំស្ក្រឹត: ចក្រវរ្តិ​ន៑) (គ.ស ៩៥១-១០០១) រជ្ជកាល (គ.ស ៩៧២-១០០១) កាលដែល​ព្រះបាទស័ង្ខចក្រ​ ​ឬស្ដេច​គម្លង់ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៥​ ​ចូល​ទិវង្គត​ ​ព្រះ​ចក្រព័ត្រ​ ​ព្រះរាជបុត្រ​ព្រះ​អង្គ​ ​បាន​ឡើង​សោយរាជសម្បត្ដិ​ប្រទេស​កម្ពុជា​ជា​បន្ដ​ពី​ព្រះ​បិតា។​ ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​ ​២១​ វស្សា។

ពិធី​អភិសេកព្រះ​ចក្រព័ត្រ​ជា​ព្រះមហាក្សត្រ​ ​បាន​ប្រារព្ធ​យ៉ាង​ឱឡារិក​នៅ​ថ្ងៃ ​៣​កើត ខែចេត្រ​ ​ឆ្នាំវក​ ​ព.ស ​១៥១៦ ត្រូវជា​ ​ម.ស ​៨៩៤ ច.ស​ ៣៣៤ និង​ត្រូវជា​ ​គ.ស​ ៩៧២ ព្រះ​អង្គជា​ស្ដេច​ខ្មែរ​ទី​១៦​ ​ហើយ​មាន​ព្រះ​បរម​នាម ​ព្រះបាទ​សម្ដេច​ព្រះ​ចក្រព័ត្រាធិរាជ​ ​បរមបពិត្រ។​ ​ព្រះ​អង្គ​គង់​ ​និង​មាន​បរមរាជវាំង​ ​នៅ​មហានគរ​ដដែល។​

ព្រះរាជបុត្រ និង រាជវង្ស[កែប្រែ]

ព្រះបាទ​ចក្រព័ត្រ​មាន​ព្រះរាជបុត្រ​ពីរ​ព្រះ​អង្គ។​ ​បុត្រ​ច្បង​ព្រះ​នាមបទុមកុមារ​ ​ប្រសូត​នៅ​ឆ្នាំឆ្លូវ។​ ​ព្រះរាជបុត្រ​បន្ទាប់​ព្រះ​នាម​សិរីកុមារ​ ​ប្រសូត​នៅ​ឆ្នាំរកា​ ​ច.ស ​៣៥៩។ ជាមួយ​គ្នា​នោះ​ អ្នក​ម្នាង​កែវ ​មហេសី​មួយទៀត​របស់​ព្រះ​ចក្រព័ត្រ​ក៏​មានគភ៌​ដែរ​ ​គឺ​នៅ​ក្នុង​ឆ្នាំជូត​ ​ព.ស ​១៥៤៤ ត្រូវជា​គ.ស ​១០០០។

ព្រឹត្តិការណ៍ក្នុងរាជ្យ[កែប្រែ]

សម័យមួយ ​ ​ព្រះរាជា​បាន​ចេញ​បញ្ជា​ឲ្យ​នាម៉ឺន​មុខមន្ដ្រី​កេណ្ឌ​ប្រជានុរាស្ដ្រ​ ​គ្រប់​ខេត្ដខណ្ឌ​សម្រាប់​យក​មក​កាប់​ឈើ​សាងសង់​ព្រះ​បរមរាជវាំង​ ​និង​បាចទឹក​សំអាត ស្រះ​ អូរ​ ប្រឡាយ​ តូច​ធំ​ក្នុង​ព្រះ​នគរ។​ ​ព្រឹត្ដិការណ៍​កំណែន​នេះ​ ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ទាំងស្រី​ទាំងប្រុស​ ​ខឹងសម្បា​ក្ដៅក្រហាយ​គ្រប់ៗ​គ្នា ។​ ​ដោយសារ​ខ្លាច​អំណាច​ស្ដេច​ ​ខ្លាច​ទទួល​ទោសពៃរ៍​ ម្នាក់ៗ​ចេះ​តែ​ខំ​ខាំមាត់​សង្កត់​ធ្មេញ​គោរព​ធ្វើ​តាមតែ​បញ្ជា ។​

ក្នុង ​ចំណោម​ប្រជាជន​កំណែន​ទាំងនោះ​ ​មាន​បុរស​កំលោះ​ម្នាក់​ ​មាឌ​មាំ​ធំ​សម្បុរ​ខ្មៅ​ ​ឈ្មោះ​នាយ​គ្រញូង។​ ​ថ្ងៃមួយ​ ​នាយ​ញូង​ត្រូវ​ដល់​វេន​នៅ​ចាំ​ជំរុំ​ ​ហើយ​មាន​ភារកិច្ច​ដាំ​ស្ល​ចម្អិនម្ហូប​អាហារ​សម្រាប់​ក្រុម​កំណែន​ឯទៀត​ដែល ​ចេញ​ទៅ​បំពេញការងារ។​ ​ដាំបាយ​ឆ្អិន​កាលណា​ ​នាយ​ញូង​រក​អ្វី​មក​ជ្រួយបាយ​មិន​បាន​ ​នាយ​ងាកឆ្វេង​ងាកស្ដាំ​ ​ស្រាប់តែ​ក្រឡេក​ទៅ​ប្រទះ​ឃើញ​មែក​ដើម​រកា​ខ្មៅ​ ​នាយ​ក៏​ឈោង​ចាប់​យក​មែក​ដើម​រកា​ខ្មៅ​នោះ​ ​មក​ជ្រួយបាយ។​ ​រំពេច​ភ្លាម​នោះ​ ​បាយ​សស្គុស​ក៏​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ។​ ​ដោយ​ក្ដី​ហេវ​ហត់​ ​និង​ឃ្លាន​ផង​ ​នាយ​ញូង​ក៏​កាយ​ញាត់ៗ​ ​បរិភោគ​បាយ​ពណ៌​ខ្មៅ​នោះ​ទាល់តែ​អស់រលីង​ពី​ខ្ទះ។​ ​បន្ទាប់​មក​ ​នាយ​ញូង​ក៏​ចាប់ផ្ដើម​ដាំបាយ​ថ្មី​សម្រាប់​សមាជិក​កំណែន​ឯទៀត។​ ​តែ​ម្ដងនេះ​ ​ដល់​នាយ​រក​មែកឈើ​ដើម​រកា​ខ្មៅ​នោះ​មក​ជ្រួយបាយ​ ​ស្រាប់តែ​មែក​នោះ​បាត់​ស្រមោល​រក​មិនឃើញ​ ​មែក​ដើម​រកា​ខ្មៅ​ដែល​បាត់​ទៅ​នោះ​ ​គេ​មិនដឹង​ឡើយ​ថា​ជា​អន្ដរាគមន៍​ទេព្តា​ ​ឬ​ខ្មោច​អារក្ស​ ​យក​មក​ដាក់​ ​ហើយ​លាក់​បំបាំង​យក​ទៅ​វិញ? ពង្សាវតារ​វត្ដ​ទឹកវិល​ ​ក្នុងស្រុកស្អាង ខេត្តកណ្ដាល​ បាន​កត់ត្រា​ទុក​មក​ថា​ ​ដោយ​គុណបុណ្យ​បារមី​នាយ​ញូង​ត្រូវ​ឡើង​ធ្វើ​ជា​ស្ដេច​ទើប​បានជា​ទេវតា​ចុះ​ មក​ជប​បណ្ដុះ​ឲ្យ​មាន​ដើម​រកា​ខ្មៅ​ ​ដុះ​នៅ​ចំ​កណ្ដាល​កន្លែង​ដែល​ពួក​កំណែន​របស់​នាយ​បោះជំរុំតាំងទី។​ ​ហើយ​នាយ​ញូង​ធ្លាប់​បាន​បង្គាប់​ឲ្យ​កូនចៅ​ក្រោម​បង្គាប់​ ​កាប់​ដើម​រកា​នោះ​ធ្វើ​ជា​ឧស​ដុត ​នៅ​សល់​តែ​ខ្លឹម​ដើម​រកា​ខ្មៅ​ទេ​ ​ដែល​គេ​មិន​ទាន់​ដុត។ ​ហេតុ​ដូច្នេះ​ហើយ​បានជា​នៅ​ពេល​ខ្វះ​វែក​ជ្រួយបាយ​ ​នាយ​ញូង​លូកដៃ​ចាប់​យក​ខ្លឹម​រកា​ខ្មៅ។​ ​គ្រានោះ​នាយ​ញូង​អាយុ​ ២១ ​ឆ្នាំ។​

គ្រាន់តែ​ បរិភោគ​បាយ​នោះ​ឆ្អែត​ ​នាយ​ញូង​ក៏​ចាប់ផ្ដើម​មាន​កម្លាំង​ខ្លាំងក្លា​ ​កើនឡើង​ប្រឹសៗ​ជា​លំដាប់​ ​ដោយ​មិនដឹង​ខ្លួន។​ ​គឺ​នៅ​ពេល​ដែល​នាយ​ញូង​ចាប់​ទាញ​ពត់​មែក​ដើមឈើ​ទាល​ ​យក​មក​ដាក់​ព្យួរ​សង្រែក​បាយ​ ​ទើប​នាយ​ដឹង​ថា​មានកម្លាំង​ខ្លាំង​អស្ចារ្យ​ស្មើនឹង​ដំរីសារប្រាំពីរ។​ ​នាយ​ញូង​អាច​ពត់​កាច់​ ​និង​ដក​ដើមឈើ​ទាល​បាន​យ៉ាង​ស្រួល​មិនបាច់​ខំ។​ ​ក្រុម​កំណែន​ទាំងអស់​ កាលបើ​បានឃើញ​មហិទ្ធិឫទ្ធិ​បារមី​នាយ​ញូង​ ​ក៏​នាំ​គ្នា​បាក់បប​ខ្លបខ្លាច​ ​កោតស្ញប់ស្ញែង​ ​គោរព​បូជា​ទុកជា​អ្នកមាន​បុណ្យ។​ ​ម្នាក់ៗ​យល់​ ​និង​ជឿ​ថា​នាយ​ញូង​ជា​តួអង្គ​ព្រះបាទ​ធម្មិក​ ​ដែល​យាងចុះ​មក​ចាប់កំណើត​ជា​មនុស្សលោក​ ​ដើម្បី​ស្រោចស្រង់​ ​និង​លើក​ស្ទួយ​ដង្ហែ​ព្រះពុទ្ធ​សាសនា។​ ​ប្រជាជន​កំណែន​ទាំងនោះ​នាំ​គ្នា​សុំ​ចុះចូល​ ​បម្រើ​នាយ​ញូង​ ​ហើយ​សុំ​តែងតាំង​ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច។​

នាយញូង​មាន​ដើម​កំណើត​នៅ​ស្រុក​សួនមង្ឃុត។​ ​ឪពុក​ឈ្មោះ​សួន​ ​ម្ដាយ​ឈ្មោះ​សែន។​ ​មុន​នឹង​នាយ​ញូង​មក​ទំ​ពោះ​ម្ដាយ​ បុរស​ជា​ឪពុក​បាន​សុបិន​ឃើញ​ព្រះ​កាល​ (ជា​ព្រះ​អាទិទេព​ផ្នែក​កាល​វេលា ឬ​ក៏​ជា​មច្ចុរាជ) យក​ដាវ​មក​ហុច​ប្រគល់​ឲ្យ។​ ​លោកគ្រូ​ចៅអធិការ​វត្ដភ្នំ​ ​បាន​ទស្សន៍​ទាយ​ថា​ ​ប្ដី​ប្រពន្ធ​គាត់​នឹង​បានកូន​ប្រុស។​ ​កូនប្រុស​នោះ​នឹង​បាន​ឡើង​សោយរាជ្យ​ ​តែ​មិន​បាន​អាយុ​វែង​ទេ។​ នៅ​ពេល​ដែល​គាត់​មាន​ផ្ទៃពោះ​ ​នាង​សែន​តែង​ចង់​បរិភោគ​ប្រមាត់ដី​ (ជា​រុក្ខជាតិ​ម្យ៉ាង​តូច​ទាប​ដូច​ស្មៅ​ ​ពណ៌​បៃតង​ ​គ្មាន​ផ្កា​ទេ​ ​ហើយ​ដែល​តែងតែ​យក​មក​ដាំ​ជាប់​គ្នា​រដឹក​លំអតាម​សួនច្បារ​ ជា​ស្មៅ​ពួក​ប្រមាត់​កង្កែប មាន​រស​ល្វីងឆ្អិត​ស្រដៀង​នឹង​រស​ទឹក​ប្រមាត់ ប្រើ​ជា​បន្លែ​ស្ល​ស្រឡក់​បាន រាប់​អាន​ថា​ជា​សម្ល​កែ​រោគ​គ្រុន​ស្រៀវ) នាយ​សួន​ជា​ប្ដី​តែងតែ​ទៅ​កាត់​បះ​យក​មក​ចម្អិន​ធ្វើ​អាហារ​ឲ្យ​ប្រពន្ធបរិភោគ​តាម​ចំណង់​ជា​ប្រក្រតី។​ ​គ្រប់​ថ្ងៃខែ​ពេលវេលា​កាលណា​ ​ថ្ងៃ​ ៦​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំថោះ​ ព.ស ​១១៥៤​ ​និង​ត្រូវជា ​គ.ស​ ៦១២​ ​នាង​សែន​សម្រាល​បាន​កូន​ប្រុស​មួយ​ឈ្មោះ​ញូង។​ ​ទារក​នោះ​មាន​សម្បុរ​ខ្មៅ​ស្រអែម​ស្វាយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ម្ដាយ​ឪពុក​ ដាក់​ឈ្មោះ​ថា​ ​«អា​ញូង»។ ធំ​បន្ដិច​នាយ​ញូង​បាន​ទៅ​រៀនសូត្រ​ស្វាធ្យាយ​​នៅ​វត្តភ្នំ​ជាមួយនឹង​ លោកគ្រូ​ចៅអធិការ។​

ក្នុង​ឆ្នាំ​ដែល​ ព្រះមហាក្សត្រ​តម្រូវ​ឲ្យ​កេណ្ឌ​កៀរប្រជារាស្ដ្រ​មក​កាប់​ឈើ​ជញ្ជូន​ថ្ម​ ​នាយ​ញូង​ត្រូវ​បាន​ចៅហ្វាយខេត្ដ​ចាត់​ឲ្យធ្វើ​ជា​មេ​រយ​ពួក​កំណែន​ ​ហើយ​បញ្ជូន​ទៅ​បំពេញ​ការងារ​ឯ​មហានគរ។​ ​នាយ​ត្រូវ​គេ​បង្គាប់​ឲ្យ​ទៅ​កាប់​ឈើ​ ​និង​ជញ្ជូន​ថ្ម​នៅ​ជើងភ្នំ​ដងរែក​ ​ក្រុម​កំណែន​ខ្លះ​ទៀត​ក៏​មាន​ទៅ​ធ្វើការ​ឯ​ភ្នំ​គូលែន​ដែរ។​

នៅ ​ពេល​ដែល​នាយ​ញូង​កំពុង​តែ​មានកម្លាំងង​កើន​មហិមា​ដូច​ដំរីសារ​ទាំង​ប្រាំពីរ​ ​ស្រាប់តែ​មាន​ដំបង​មួយ​បាន​លេច​ចេញ​មក​យ៉ាង​អស្ចារ្យ។​ ​នាយ​ញូង​រើស​យក​ដំបង​នោះ​មក​ធ្វើ​ជា​អាវុធ​ ​គឺជា​ដំបង​ឈើ​គ្រញូង​ ​មាន​ប្រវែង​ប្រាំ​ហត្ថ​មួយ​ចំអាម។ នាយ​ញូង​ចាប់​យក​ដំបងគ្រញូង​មក​គ្រវី​ ​វិល​ញាប់​ស្មេ​ដូច​កងចក្រ​ ​ហើយ​នាយ​ក៏​អាច​ហក់លោត​បាន​កម្ពស់​ដល់​ទៅ​ ១៥​ ហត្ថ​ដែរ។​ ​មនុស្ស​ម្នា​ទាំងឡាយ​ដែល​បានឃើញ​ឫទ្ធិ​ចេស្ដា​នាយ​ញូង​ខ្លាំង​អស្ចារ្យ​ ដូច្នេះ​ ​បាន​នាំ​គ្នា​ដាក់​ឈ្មោះ​ឲ្យ​ថា​ ​«ដំបងគ្រញូង» ជាប់​រៀង​រហូត​មក។​ ​ដឹង​ច្បាស់​ថា​ខ្លួន​មានកម្លាំង​ខ្លាំងក្លា​ ​ពូកែ​លើស​អស់​មនុស្ស​ធម្មតា​ ​ហើយ​មាន​ឫទ្ធិ​បុណ្យ​អំណាច​ ​នាយ​ញូង​ក៏​ចាប់ផ្ដើម​បែកគំនិត​ ​ចង់​សោយរាជ្យ​ធ្វើ​ជា​ស្ដេច​ ​ដូចដែល​ក្រុម​ជន​កំណែន​បាន​ស្នើ​សុំ។​ ​នាយ​ញូង​ស្រែក​ប្រកាសប្រាប់​ពួក​កំណែន​ទាំងអស់​ឲ្យ​ឈប់​កាប់​ឈើ​ ដែល​សម្រាប់​យក​ទៅ​សង់​ព្រះរាជវាំង​ស្ដេច។​ ​ក្រុម​កំណែន​ទាំងអស់​ត្រូវ​កាប់​ឈើ​ធ្វើ​ដំបង​ព្រនង់​ ​នាំ​គ្នា​ប្រដាប់​អាវុធ​មានកាំបិត​ ដាវលំពែង​ពូថៅ​ ​ព្រួញ ​ធ្នូ​ ស្នា​ ​ហើយ​នាំ​គ្នា​រៀបចំ​ហ្វឹកហ្វឺន​ជា​កងទ័ព​ ​ដើម្បី​ចេញដំណើរ​ទៅ​ព័ទ្ធ​​វាយ​វាំង​ប្រហារ​ស្ដេច​ចក្រព័ត្រ។​ ​ប្រជាជន​ទាំងអស់​បាន​ស្មោះស្ម័គ្រ​នាំ​គ្នា​មូលមី​ដើរ​តាម​ ដំបងគ្រញូង។​ ​ដូច្នេះ​ ​គេ​អាច​រួច​ពី​កំណែន​ ​លែង​ហត់នឿយ​កាប់​ឈើ​ជញ្ជូន​ថ្ម​បម្រើ​ស្ដេច​ទៀត។​

ដំបងគ្រញូង ​លើកទ័ព ​១០​ ម៉ឺន​នាក់​ច្បាំង​ឡោម​ព័ទ្ធ​ព្រះមហានគរ​ (ចំនួន​កងទ័ព​ដំបងគ្រញូង ​ ​ដែល​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​ផ្ដល់)។ ព្រះមហាក្សត្រ​ព្រះ​ចក្រព័ត្រ​ ​គ្រានោះ​ដែល​កំពុង​តែ​មាន​ជំងឺរោគាព្យាធិ​ជា​ទម្ងន់​ ​បាន​ចែក​ទ័ព​ជា​ពីរ​ឲ្យ​ចេញ​ទៅ​ទប់ទល់​នឹង​ដំបងគ្រញូង។​ ​ទ័ព​ផ្នែក​ទី​មួយ​ ត្រូវ​ចេញ​ទៅ​ក្រៅ​ទីក្រុង​ ​វាយ​ប្រយុទ្ធ​ប្រឈម​មុខ​ផ្ទាល់​នឹង​សត្រូវ​ ​ឯ​ទ័ព​ផ្នែក​ទី​ពីរ​វិញ​ ត្រូវ​នៅ​ប្រចាំការ​ ​ការពារ​រាជធានី​ ​ការ​បះ​ទង្គិច​រាំងជល​គ្នា​រវាង​កងទ័ព​ទាំង​ពីរ​មាន​សភាព​ខ្លាំងក្លា​គួរ​ ឲ្យ​រន្ធត់។​ ​ទាហាន​ពល​សេនា​ទាំង​សងខាង​ស្លាប់​ ​និង​របួស​ជា​ច្រើន​មី​ដេរដាស។​ ​ប៉ុន្ដែ​មិនយូរ​ប៉ុន្មាន​ទ័ព​ដំបងគ្រញូង​ក៏​ចាប់ផ្ដើម​មាន​ប្រៀប​ជាង​ ​ហើយ​ក៏​យក​បាន​ជោគជ័យ​កម្ទេច​អស់​ទ័ព​ទី​១​របស់​ស្ដេច។​ ​ដំបងគ្រញូង​វាយ​សម្រុក​រុល​តទៅ​មុខ​ទៀត​ ​រហូត​ដល់​ទៅ​ព័ទ្ធ​ជុំ​ជិត​ព្រះ​មហានគរ។​ ​ខាង​ព្រះមហាក្សត្រ​ ​នៅ​សល់​តែ​កងទ័ព​ទុក​សម្រាប់​ការពារ​ទីក្រុង​តែ​ប៉ុណ្ណោះ។​ ​ទោះបី​ដូច្នេះ​ក៏​ដោយ​ ​ក៏​កងទ័ព​របស់​ដំបងគ្រញូង​នៅ​តែ​ពុំ​ទាន់​វាយ​ដណ្ដើម​យក​រាជធានី​បាន​ជ័យ​ ជំនះ​ផ្ដាច់​ព្រ័ត​ទៀត។​ ​ក្នុង​ឱកាស​នោះ​ ​ដំបងគ្រញូង​ចាត់​ពល​សេនា​គ្រប់​រូប​ឲ្យ​ប្រដាប់​មាន​ជាប់​នឹង​ខ្លួន​នូវ​ ចន្លុះ​ ​និង​ជ័រ​ឈើ។ ​យប់​ជ្រៅ​កណ្ដាល​អាធ្រាត្រ​ឈាន​ចូល​មក​ដល់​កាលណា​ ​ដំបង​គ្រញូង​ក៏​បញ្ជា​ឲ្យ​រេហ៍ពល​ទាំងអស់​វាយប្រហារ​សន្ធប់​សន្ធាប់​យ៉ាង​ គគ្រឹកគគ្រេង​ ​ដាក់​ជណ្ដើរ​លោត​ផ្លោះ​ឡើង​កំពែង​មហានគរ​យ៉ាង​រហ័ស​រហួន​ ​ហើយ​ចាក់​ស្រោចស្រព​គប់​ដុត​ជ័រ​ឈើ​បោះ​ចូល​ទៅ​លើ​ផ្ទះសម្បែង​ក្នុង​បរិវេណ ​ក្រុង​ ​មិនយូរ​ប៉ុន្មាន​ ​កងទ័ព​ព្រៃ​របស់​ដំបងគ្រញូង​ក៏​វាយ​កម្ទេច​ទ្វារ​មហានគរ​បាន​ដោយ​ជោគជ័យ​ ​ហើយ​ក៏​រត់​ស្រ​សម្រុកចូល​វាយលុក​រុល​ប្រហារ​កាប់​ចាក់​សម្លាប់​យ៉ាង​សាហាវ ​ឥត​ត្រា​ប្រណី​ ​កងទ័ព​ព្រះរាជា​ ​និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​ ​ទាំងស្រី​ទាំងប្រុស​ទាំងចាស់​ទាំងក្មេង។​ ​គ្រានោះ​ ​ព្រះមហាក្សត្រ​ព្រះ​ចក្រព័ត្រ​ ​ដែល​កំពុង​តែ​មាន​ជំងឺ​យ៉ាងធ្ងន់ធ្ងរ​ផ្ទំ​នៅ​លើ​ព្រះ​ទែន​ កាលបើ​ឮ​សូរ​អាវុធ​ប៉ះ​ទង្គិច​គ្នា​ ​ឮ​សូរ​ភ្លើង​កំពុង​ឆាបឆេះ​ព្រះ​បរមរាជវាំង​ ​ឮ​សូរ​សំឡេងសម្រែក​ហ៊ោកញ្ជ្រៀវ​អឺងកង​លាយឡំ​ទៅ​ដោយ​ការ​យំយែក​ស្រែក​ឈឺ​ ចុកចាប់​ ​ព្រះ​អង្គ​ខំប្រឹង​ងើបឈរ​ ​ដក​ព្រះ​ខ័ន​រក​ចេញ​ទៅ​តស៊ូ​តែ​ព្រះ​អង្គ​ត្រូវ​ដួល​ធ្លាក់​មក​លើ​ព្រះ​ ក្រឡាបន្ទំ​សុគត​ក្នុង​គ្រានោះ​ទៅ។​

ពង្សាវតារសម្ដេច​វាំង​ជួន​បាន​សរសេរ​ថា​ ​ព្រះបាទ​ចក្រព័ត្រ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៦​ ​បាន​សុគត​នៅ​ឆ្នាំជូត​ ​ក្នុង​ព្រះ​ជន្ម ​៤៩​ វស្សា។​ ​ព្រះ​អង្គ​សោយរាជ្យ​បាន​២៩​ឆ្នាំ។ ពង្សាវតារ​វត្ដ​ទឹកវិល​បាន​បញ្ជាក់​ថា​ ​ដំបងគ្រញូង​ ​កាល​បាន​ជ័យ​ជំនះ​ត្រួតត្រា​នគរ​ហើយ​ ​បាន​រៀបចំ​ធ្វើបុណ្យ​បូជាព្រះសព​ព្រះ​ចក្រព័ត្រ​ ​ហើយ​យក​ព្រះ​អដ្ឋិធាតុ​ព្រះ​អង្គ​ទៅ​បញ្ចុះ​តម្កល់​ទុក​ឯ​ភ្នំក្រោម។ ​

កាលនោះ ​ព្រះ​បទុមកុមារ​ ​បុត្រ​ច្បង​ព្រះបាទ​ចក្រព័ត្រ​ ​ដែល​ទើបតែ​បាន​អាយុ​​ ១៣​ វស្សា​ភ័យភិត​ឥត​ឧបមា ហើយ​បាន​គេច​លួច​រត់​ផុត​ពី​កណ្ដាប់ដៃ​ពួក​ស្ដេច​ដំបងគ្រញូង​ ​ព្រះ​អង្គ​បាន​ទៅ​សាង​ផ្នួស​ជា​សង្ឃ​ក្នុង​ព្រៃ​ភ្នំ​ក្រម​ថ្ម ​ចាប់តាំងពី​ថ្ងៃ​នោះ​មក។ ​គេ​បានដឹង​ថា​ព្រះ​អង្គ​មិន​ដែល​ទាក់ទង​ ​ឬ​និមន្ដ​ចេញចូល​ស្រុកភូមិ​អ្នកស្រុក​ឡើយ។​ ​គេ​បានដឹង​ទៀត​ថា​ ​ព្រះ​អង្គ​បាន​រៀន​ចេះ​ចង​ចាំ​គ្រប់​សិល្ប៍សាស្ដ្រ​ ​វេទមន្ដ​វិជ្ជាការ​ខ្លាំងពូកែ​អស្ចារ្យ។​

ចំណែក ​ព្រះរាជបុត្រ​ទី​២​ ​ព្រះ​សិរិកុមារ ​ដែល​ទើបតែ​បាន​ព្រះ​ជន្ម​ ៥ ​វស្សា​ ​ជាមួយនឹង​មេដោះ​ខំ​រត់​ពួន​គេច​វាស​វាង​យករួចខ្លួន​ដែរ​ ​តែ​រត់​មិន​ផុត​ ​ត្រូវ​ក្រុម​សេនា​ដំបងគ្រញូង​ចាប់​បាន។ ​ព្រះ​សិរិកុមារ​ត្រូវ​ពល​សេនា​ទាំងនោះ​ចាប់​ក្រវាត់​បោះ​ចូល​ទៅ​ក្នុង​ ភ្នក់ភ្លើង​ដុត​សម្លាប់។​ ​នាកាល​នោះ​ពេល​ល្ងាច​ព្រលប់​យប់​បន្តិច​ទៅ​ហើយ​ ​ហេតុតែ​សំណាងបុណ្យ​បារមី​មក​ជួយ​ទាន់​ ​ស្រាប់តែ​ពល​ទាហាន​មួយ​ក្រុម​មក​ដល់​ ​មើលឃើញ​ប្រទះ​នឹង​ភ្នែក​ ​ក៏​កើត​មានចិត្ដ​សង្វេគ​អាណិតអាសូរ​ ​នាំ​គ្នា​លួច​ទាញ​អូស​ព្រះ​សិរិកុមារ​ចេញពី​ភ្លើង​យក​មក​លាក់​ទុក​ក្នុង​ គុម្ពោតព្រៃ​ ​ហើយ​ក៏​នាំ​គ្នា​រត់​បាត់ទៅ។​ ​ព្រះ​អង្គ​មិន​សុគត​ទេ​ ​គ្រាន់តែ​ត្រូវ​ភ្លើង​ឆាបឆេះ​ ​រលេះរលួយ​ ​មាន​ដំបៅ​ស្លាកស្នាម​ពាសពេញ​រាង​កាយ​តែ​ប៉ុណ្ណោះ។​

បន្ទាប់ ​មក​ចៃដន្យ​អ្វី​ ​មាន​ព្រះសង្ឃ​មួយ​ក្រុម​និមន្ដ​កាត់​មក​តាម​នោះ​ទៀត​ ​បាន​យល់​បានឃើញ​ព្រះ​សិរិកុមារ​ក្នុង​សភាព​ដ៏​សែន​ខ្លោចផ្សារ​ដូច្នេះ​ ​ព្រះសង្ឃ​ក៏​កើត​មានចិត្ដមេត្ដាករុណា ​រើស​យក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា។​ ​អស់​កាល​យូរ​បន្ដិច​មក​ ​ដំបៅ​រាជកុមារ​ក៏​បានជា​សះស្បើយ។​ ​តែដៃជើង​របស់​ព្រះ​អង្គ​ត្រូវ​ឡើង​ក្រញីង​ក្រញង់​ ​រួញ​ជាប់​គ្នា​រក​ងើប​ដើរ​មិនកើត​ ​ដើម្បី​នឹង​ធ្វើ​ចលនា​ទៅ​មុខ​ទៅ​ក្រោយ​ ​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ ​ព្រះ​អង្គ​ត្រូវ​តែ​ខំប្រឹង​រំកិល​ដោយ​គូទ​ ​ហេតុ​នោះ​ហើយ​បានជា​អ្នកផង​ទាំងពួង​ដាក់​ឈ្មោះ​ឲ្យ​ថា​ ព្រហ្មកិល ​អ្នកខ្លះ​ទៀត​និយម​ហៅ​ថា​ ពញាក្រែក។​

ឯកសារយោង[កែប្រែ]

មុនដោយ
ព្រះបាទស័ង្ខចក្រ
មហានគរ តដោយ
ព្រះបាទគោត្តមអមរទេវរាជ