Jump to content

ឧកញ៉ាត្រាច

ពីវិគីភីឌា
ឧកញ៉ាត្រាច
ឧកញ៉ានៃកម្ពុជាធិបតី
ក្នុងការិយាល័យ
គ.ស. ប្រហែល១៥១៦
ព្រះមហាក្សត្រចន្ទរាជា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ត្រាច

ឧកញ៉ាត្រាច (កាន់.ប្រ.១៥១៦) ជាមេទ័ពជើងទឹកក្នុងរជ្ជកាល ព្រះបាទចន្ទរាជា។

សមរភូមិកំពង់សៀម គស.១៥១៩

[កែប្រែ]

សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ទ្រង់​ជ្រាប​ថា សម្ដេចចៅពញា​ចន្ទរាជា​យក​បាន​ផែនដី​ខែត្រ​ខាងលិច​ទាំង​អស់ហើយ ចៅពញា​លំពាំង ចៅពញា​ស្រាល​ ក៏​ស្លាប់​ក្នុង​សង្គ្រាម​អស់ ចៅពញា​វៀង ចៅពញាវាំង ក៏​មាន​រោគ​អនិច្ចកម្ម​ទៅ​ទាំងអស់​គ្នា​ទៀត ទ្រង់​ព្រះ​ពិរោធ​ណាស់ ទើប​ទ្រង់​រើស​ព្រះ​ញាតិ​ខាង​ព្រះ​អង្គ​មក​តែងតាំង​ថ្មី៖

  • ឈ្មោះព្រំ តាំង​ជា​ចៅពញា​វៀង “ទី​យមរាជ”
  • ឈ្មោះ​ជុំ តាំង​ជា​ចៅពញា​វាំង “ទី​វាំង”
  • ឈ្មោះ​ផាត់ តាំង​ជា​ចៅពញា​ស្រាល “ទី​ក្រឡាហោម”
  • ឈ្មោះ​ពេញ តាំង​ជា​ចៅពញា​លំពាំង “ទី​ចក្រី”

ហើយទ្រង់​បង្គាប់​សេនា​ទាំង​ ៤ ​នេះ​ឲ្យ​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក​គ្រប់ខែត្រ​ដែល​ឡើង​ព្រះ​អង្គ​ទិស​ខាងកើត ទិសអាគ្នេយ៍​ទាំង​ប៉ុន្មានកេណ្ឌ​កងទ័ព​ឲ្យ​បាន​ច្រើន។ ចៅហ្វាយស្រុក​ទាំងនោះ​ទទួល​ព្រះរាជ​បង្គាប់​ហើយ ក៏​កេណ្ឌ​បាន ​៨០០០០​ នាក់មក​ជួបជុំ​តាម​ព្រះរាជ​កំណត់​គ្រប់​ប្រការ។ ខណៈនោះ​ព្រះស្រីជេដ្ឋា​ស្ដេច​ចាត់​សម្ដេចចៅហ៊្វា​កៅជា​មាឲ្យ​នៅ​ចាំ​រក្សា​ព្រះ​នគរ​ជាមួយនិង​ចៅពញា​វាំងចាត់​ចៅពញា​វៀង (ព្រំ) និង​សេនា​ទាហាន​រេហ៍ពល ​១៥០០០​ នាក់ជា​ទ័ព​មុខចាត់​ចៅពញា​លំពាំង​ឲ្យ​ឃុំ​ពល​១០០០០​ នាក់​ជា​ប៉ែក​ឆ្វេង ចាត់​ចៅពញាយោធាធិបតីនួនឃុំ​រេហ៍ពល ​១០០០០ ​នាក់​ជា​ប៉ែក​ស្ដាំ ចាត់​ចៅពញាមហាសេនាទន់ ឃុំ​រេហ៍ពល​ ១០០០០ ​នាក់ជា​ទ័ព​ក្រោយ។ ចំណែក​ព្រះ​អង្គ​ឯង​ឡើង​គង់​ព្រះ​ទីនាំង ព្រម​ដោយ​ស្វេតច្ឆត្រ ចាមរបៃមនសែន​ក្វាន់​អភិរម្យ ឃុំ​រេហ៍ពល​ ២០០០០ ​នាក់លើក​ចេញ​ជា​ទ័ព​ហ្លួង។ ទ្រង់​ចាត់​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជឃុំ​រេហ៍ពល​ ២០០០០ ​នាក់​ចុះ​ទូកចំបាំង​ ​៣០០ ​លើក​ចេញ​ទៅ​ទាំង​ជើង​គោក ជើង​ទឹក។ ខណៈនោះ​កងទ័ព​ជើងទឹក​ក៏​ចតទូក​បោះ​នៅ​កំពង់​ព្រែកពោធិ៍។ ទ័ពជើងទឹក​ជើង​គោក​បោះទ័ព​ហ្លួង​នៅ​ភូមិ​មាត់​ឃ្មុង​ក្នុង​ខែត្រ​ត្បូងឃ្មុំ។ ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងកើតក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​ត្រាស់​បង្គាប់​ចៅពញា​វៀង​ ចៅពញា​លំពាំងឲ្យ​លើកទ័ព​ឆ្លង​ទៅ​ចោម​វាយ​បន្ទាយ​កំពង់សៀម។ ចៅពញា​មន្ដ្រី​ភក្ដី ចៅហ្វាយស្រុក និង​ក្រមការ​ខែត្រ​កំពង់សៀម​ដឹង​ហើយ ក៏​ឲ្យ​កេណ្ឌ​កងទ័ព​រក្សា​នាទី​បន្ទាយ​យ៉ាង​មាំមួន ទើប​ធ្វើ​សំបុត្រ​ចាត់​បម្រើ​ឲ្យ​នាំ​ទៅ​ជូន​សេនាបតី​ត្រើយ​ខាងលិច សេនាបតី​នាំ​សេចក្ដី​ក្រាប​បង្គំ​ទូល​ទ្រង់​ជ្រាប​គ្រប់​ប្រការ។ ព្រះ​បរមបពិត្រ​ចៅពញា​ចន្ទរាជាជា​អម្ចាស់​ផែនដី​ទ្រង់​ជ្រាប​ហើយ​ក៏​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ា​ធម្មាធិរាជ​ឈឹម ឧកញ៉ា​ពិភ័ក្ដិ​និវេសន៍​កោឲ្យ​នាំ​ព្រះ​អគ្គមហេសី ស្រីស្នំ ក្រុម​បរិពារ និង​គ្រប់​គ្រួ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ថយ​ទៅ​នៅ​ក្នុង​បន្ទាយ​ខែត្រពោធិ៍សាត់​សិន ហើយ​ព្រះ​អង្គ​ឲ្យ​សេនាបតី​មន្ដ្រី​តាម​ក្រសួងចំលង​រេហ៍ពល​ ៥០០០០ ​នាក់ដាក់​នៅ​ត្រើយ​ខាងកើត​ចុង​ខែត្រ​អាសន្ទុក ព្រម​ដោយ​សេះ​ដំរី។ ព្រះ​អង្គ​ស្ដេច​ព្រះរាជ​ដំណើរ​ចុះ​ព្រះ​ទីនាំង​នាវា​ឆ្លង​ទៅ​ដល់​ហើយ ទ្រង់​ឡើង​ប្រថាប់​លើ​ព្រះ​ពន្លា​ស្រេច ទើប​ទ្រង់​ចាត់​កងទ័ព​ជើងទឹក​ដូច្នោះ៖

  • ឧកញ៉ា​វិបុលរាជជា​ទ័ព​មុខឃុំ​ទូកចំបាំង ១០០ មាន​រេហ៍ពល​ ១០០០ ​នាក់។
  • ឧកញ៉ា​បរទេសរាជជា​ប៉ែក​ឆ្វេងឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០ ​នាក់។
  • ឧកញ៉ា​រាជា​បវេរ​រាជឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០ ​នាក់​ជា​ប៉ែក​ស្ដាំ។
  • ឧកញ៉ា​ត្រាចឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០​ នាក់​ជា​ទ័ព​ក្រោយ។
  • ឧកញ៉ា​ក្រឡាហោម​ជា​ទ័ព​ហ្លួងឃុំ​ទូក​ចំបាំង ​១០០ មាន​រេហ៍ពល​ ១០០០​ នាក់។

ព្រម​ដោយ​គ្រឿងសាស្ដ្រាវុធ​លើក​ទៅ​បោះទ័ព​នៅ​ភូមិ​ព្រៃ​រកាកោង។ ទើប​ទ្រង់​ចាត់​ទ័ពជើងគោកតទៅ​ទៀត៖

  • ឧកញ៉ា​ចក្រីឃុំ​រេហ៍ពល ​១០០០០ ​នាក់លើក​ទៅ​ជា​ទ័ព​មុខ។
  • ឧកញ៉ា​វង្សាអគ្គរាជឃុំ​រេហ៍ពល​ ៦០០០​ នាក់ជា​ប៉ែក​ស្ដាំ។
  • ឧកញ៉ា​រាជតេជៈឃុំ​រេហ៍ពល​ ៦០០០​ នាក់ជា​ប៉ែក​ឆ្វេង។
  • ឧកញ៉ា​នរិន្ទ្រាធិបតីឃុំ​ពល ៦០០០​ នាក់ជា​ទ័ព​ក្រោយ។

ព្រះ​អង្គ​ឯង ទ្រង់​ជា​ទ័ព​ហ្លួងនាំ​រេហ៍ពល​ ២០០០​ នាក់ព្រម​ដោយ​សេនា​ទាហានរេហ៍ពល ​ដំរី សេះ និង​ស្វេតច្ឆត្រ អភិរម សែនក្វាន់​ត្រៀបត្រា។ ឲ្យ​ឧកញ៉ា​យមរាជជា​មេទ័ព​ធំ​មួយ​កង​ផ្សេង​ឃុំ​រេហ៍ពល​ ១០០០០ ​នាក់លើក​ទៅ​ព័ទ្ធ​ដី​ព្រៃចំការលើ​ចុះ​មក។ សម្ដេចចៅពញាយោធា​នរិន្ទឃុំ​ពល ​១០០០០​ នាក់លើក​ទៅ​តាម​ផ្លូវ​ក្រោម គឺ​តាម​មាត់ព្រៃ​ខាងលិច កំណត់​ឲ្យ​ជួបជុំ​នៅ​បន្ទាយ​ខែត្រកំពង់សៀម។ ឯ​ទ្រង់​ព្រះករុណា​ពិសេស ព្រះ​បរមបពិត្រព្រម​ដោយ​សេនា​ទាហាននាយកង​ទ័ព​មុខក្រោយ ឆ្វេង ស្ដាំ លើក​តាម​ផ្លូវ​កណ្ដាល​ចេញ​ទៅ។ តែ ​ដោយហេតុ​ថាផ្លូវ​នោះ​មានទឹក​ច្រើន​ពេករេហ៍ពល​ធ្វើ​ដំណើរ​យឺតយូរ ក៏​ចាត់​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី មេទ័ព​ស្ដេច​ខាងកើត​ដែល​ចោម​វាយ​បន្ទាយ​ខែត្រ​កំពង់សៀម​នោះ​វាយ​បែក​បន្ទាយ​នោះ​មួយ​ថ្ងៃមុន។ លុះ​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ដល់​ហើយ ស្ដេច​ឲ្យ​រេហ៍ពល​ឡើង​រក្សា​នាទី​បន្ទាយ​មាំមួន។ ក្នុង​គ្រា​ដែល​ស្ដេច​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ប្រថាប់​នៅ​ប្រាសាទ​គុហ៍ពង្រ​នោះ ក៏​ស្រាប់តែ​ឃើញ​ចៅពញា​មន្ដ្រី​ភក្ដី និង​ក្រមការ​ខែត្រកំពង់សៀម​ចូល​ទៅ​ក្រាប​បង្គំ​យំ​ថ្វាយ​ទោស​ថា ស្ដេច​កន​ឲ្យ​ចៅពញា​លំពាំង និង​ចៅពញា​យោធាធិបតី​លើក​កងទ័ព ​៤០០០០ ​នាក់មក​ចោម​វាយ​បន្ទាយ​នោះ​ ១៦ ​ថ្ងៃ​យ៉ាង​សាហាវ​ក្រៃពេកកងទ័ព​ក្នុង​បន្ទាយ​តែ ​១០០០០​ នាក់ ហើយ​ខ្វះ​ស្បៀងអាហារ​ផង ទ្រាំ​ពុំ​បាន​ទើប​បានជា​បែក​ទ័ព​រត់​ជ្រក​ក្រោម​បុណ្យ​បារមី​នេះ។ ព្រះបាទ​បរមនាថ​ បរមបពិត្រ​ជា​អម្ចាស់ ទ្រង់​ត្រាស់​សណ្ដាប់​ហើយ ទ្រង់មាន​ព្រះ​បន្ទូល​ពិសេស​ថា ការ​ណ៍ដែល​យើង​យឺតយូរ​ក្រ​មក​ជួយ​អ្នក​នេះ ពីព្រោះ​តាម​ផ្លូវ​មាន​ទឹក​ច្រើន​ណាស់ ហេតុនេះ​ហើយ​បានជា​សត្រូវ​វាយ​បែក​បន្ទាយ​អ្នក​ទាំងអស់​គ្នា។ ការ​បាត់បង់​ជោគជ័យ​នេះ​មិនមែន​ជា​កំហុស​ឧកញ៉ា និង​ក្រមការ​ខែត្រ​ធ្វេសប្រហែស​ទេ គឺជា​កំហុស​ពី​យើង​ដើរ​កាត់​យឺតយូរ​មក​ពុំ​ទាន់ ពុំ​ត្រូវ​ឲ្យ​អ្នក​រាល់គ្នា​មានទោស​ទេ។ ស្អែក​នេះ​យើង​នឹង​វាយ​បន្ទាយ​នេះ​ឲ្យ​បាន​វិញចូល​កុំ​បារម្ភ​ឡើយ។

ចៅពញាមន្ដ្រី​ភក្ដី និង​ក្រមការ​ទាំងអស់ ឮ​ព្រះ​បន្ទូល​ទ្រង់​ព្រះ​មេត្ដាប្រោស​លើកទោស​ដូច្នោះ​ក៏​ត្រេកអរ​ណាស់។ លុះ​ព្រឹក​ឡើង​ ព្រះ​បរមបពិត្រ​ទ្រង់​ចាត់​កលឧបាយ​ប្រាប់​នាយ​ទ័ព នាយកង​ឲ្យ​ដឹង​ឲ្យ​ធ្វើ​តាម​គ្រប់ៗ​គ្នា ហើយ​ទ្រង់​ចាត់​ឲ្យ​បំរើសេះ​ចេញ​ទៅ​ជា​ពីរ​ផ្លូវទៅ​ប្រាប់​សម្ដេច​យោធា​នរិន្ទ​មួយ​ផ្លូវ ទៅ​ប្រាប់​ឧកញ៉ា​យមរាជ​មួយ​ផ្លូវឲ្យ​លើកទ័ព​វាយ​ប្រសព្វ​ចូល​មក។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​រាជតេជៈឃុំ​រេហ៍ពល​របស់​ខ្លួន​ហើយ​ក៏​លើក​ទៅ​ចោម​បន្ទាយ​កំពង់សៀម​តាម​ត្រាស់​បង្គាប់។ ខណៈនោះ ចៅពញា​លំពាំង​យោធាធិបតី មេទ័ព​សម្ដេច​ស្រីជេដ្ឋា​ឃើញ​ហើយ ក៏​លើកទ័ព​ចេញ​មក​ច្បាំង​គ្នា​យូរ​បន្ដិច​មក ឧកញ៉ា​វង្សាអគ្គរាជ ​ឧកញ៉ា​តេជៈ ក៏​ក្លែង​ធ្វើ​ជា​ចាញ់ ហើយ​លើក​កងទ័ព​រត់ទៅ​ដល់​ភូមិ​សៀមបោយ ឧកញ៉ា​ចក្រី ឧកញ៉ា​នរិន្ទ​នាយក​ដែល​បង្កប់ទ័ព​នៅ​ទីនោះ​ឃើញ​ទ័ព​សត្រូវ​មក​ដល់​ហើយ ក៏​ដេញ​កងទ័ព​របស់​ខ្លួន​ស្ទាក់​ព័ទ្ធ​ពីឆ្វេង​ពីស្ដាំ។ ឧកញ៉ា​វង្សាអគ្គរាជ ​ឧកញ៉ា​រាជតេជៈ ក៏​ដេញ​ពល​ទ័ព​ឲ្យ​រា​-មកត​វិញ។ ទ័ព​សត្រូវ​ទាំង​ពីរ​កង​ដែល​ដេញ​ទៅ​នោះ​ក៏​ត្រឡប់​ជា​នៅ​កណ្ដាល​កងទ័ព​ហ្លួង​ខាងលិច។ លុះ​ឃើញ​ថា ទ័ព​នេះ​ច្រើន​លើស​កំលាំង​តស៊ូ​ពុំ​បាន មេទ័ព​សត្រូវ​នោះ​ក៏​នាំ​កងទ័ព​របស់​ខ្លួន​វាយ​បំបែក​ការ​ឡោម​ព័ទ្ធ ហើយ​ចេញ​មក​ដល់​ព្រៃ​មួយអន្លើ​សិន ផ្នែក​ខាងកើត​ភូមិ​សៀមបោយ​ប្រមាណ​ ៣៥ ​សិន។ ខណៈនោះ​ព្រះ​បរមបពិត្រ ព្រះ​អង្គ​ទ្រង់​បរ​ព្រះ​ទីនាំង​ពិជ័យ​គជេន្ទ្រ​នាំ​យោធា​ចេញពី​ព្រៃ​ស្ទាក់​ទ័ព​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី​ជាប់។ មេទ័ព​សត្រូវ​ក៏​ទទួល​ច្បាំង​គ្នា​ជា​មាំមួន​ដោយ​អាវុធ​វែង​ខ្លី។ ឯ​អស់​ពល​ខាង​ទ័ព​ចៅពញា​លំពាំង និង​យោធាធិបតី​កាល​ឃើញ​សម្ដេច​ព្រះ​ចន្ទរាជា​គង់​លើ​ដំរី​ស​សុទ្ធ​ហើយ​នោះ​ ក៏​ចេះ​តែ​នឹក​ថាព្រះ​បរមបពិត្រ​អង្គ​នេះ​ហើយ​ដែល​គេ​ហៅ​ថា​អ្នកមាន​បុណ្យ​មាន​តេជៈ។ មិនយូរ​ប៉ុន្មាន​ពួក​ពល​ទាំងនោះ ​ក៏​បោះចោល​គ្រឿងសាស្ដ្រាវុធ​ពី​ដៃ ហើយ​រត់​ចូល​ទៅ​ថ្វាយបង្គំ​សុំ​ព្រះ​រាជទាន​ឲ្យ​អភ័យទោស។ ព្រះ​អង្គ​ក៏​ទ្រង់​លើកទោស​ឲ្យ​ទាំងអស់ ឯ​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី ទ័លគំនិត​នឹង​ច្បាំង​តទៅ​ទៀត​ពុំ​កើត​ក៏​គេច​ចូល​ព្រៃ​អារ​ក​ខ្លួនឯង​ស្លាប់ ​ទាំង​ពីរ​នាក់​ទៅ។ ព្រះ​បរមបពិត្រ​ខត្តិយាមហា​ចន្ទរាជា​ទ្រង់​យល់​បាត់​មេទ័ព​ខាង​សត្រូវ​ទាំង​ពីរ​នាក់​ហើយ​ឲ្យ​សេនា​ទាហាន​ដេញ​តាម​រក​សព្វ​ព្រៃ។ លុះ​ឃើញ​ថា​ស្លាប់​ហើយ​សេនា​ទាហាន​ក៏​កាត់​ក្បាល​យក​ទៅ​ថ្វាយបង្គំ​ទូល​ព្រះបរម​បពិត្រ។ គ្រានោះ​ទ្រង់​ត្រាស់​ឲ្យ​ដោត​ក្បាល​មេទ័ព​សត្រូវ​ទាំង​ពីរ​ទុកជា​បំរាម។ ឯ​សម្ដេចចៅពញា​យោធា​នរិន្ទ​១ ឧកញ៉ា​យមរាជ​១ ជា​មេទ័ព​ដែល​ចេញ​ទៅ​ទាំង​ពីរ​ផ្លូវ​លុះ​ដឹង​សេចក្ដី​ដោយ​ព្រះរាជ​បំរើ​ជិះសេះ​ទៅ​ប្រាប់​ហើយ ក៏​លើក​កងទ័ព​ស្រូត​ទៅ​ដល់​ទីណាត់ ហើយ​ចោម​បន្ទាយ​កំពង់សៀម។ ខណៈនោះ​ចៅពញា​មហា​សេនា​មេទ័ព​ខាង​ស្ដេច​ត្រើយ​ខាងកើត​ដែល​នៅ​រក្សា​បន្ទាយ​នោះ លុះ​ឃើញ​ហើយ​ក៏​ដេញ​រេហ៍ពល​ឲ្យ​ឡើង​រក្សា​នាទី​បន្ទាយ តែ​ដោយ​ពល​ខ្លួន​តិច​ពេក​យល់​ថានឹង​ស៊ូ​ពុំ​បាន​ក៏​នាំ​ពួក​ពល​ចេញពី​បន្ទាយ​ទៅ​ចុះទូក តែ​ចុះ​ជា​បន្ទាន់​ពេក​ទូក​ភ្លូក​លិច​អស់​ជា​ច្រើន​ទៅ ពល​រេហ៍​ធ្លាក់​ស្លាប់​ក៏​ច្រើន រួម​ទាំង​ចៅពញា​មហា​សេនា​ផង។

ឯព្រះ​បរមបពិត្រ ព្រះ​អង្គ​ធ្វើសង្គ្រាម​មាន​ជ័យ​ហើយ ព្រះ​អង្គ​ត្រឡប់​មក​បន្ទាយ​កំពង់សៀម​វិញ។ សម្ដេច​ចៅពញា​យោធា​នរិន្ទ និង​ឧកញ៉ា​យមរាជ​ឃើញ​ស្ដេច​ព្រះរាជ​ដំណើរ​មក​ដល់ ក៏​ចេញ​មក​ទទួល​ស្ដេច​ចូល​ទៅ​ប្រថាប់​ក្នុង​បន្ទាយ។ នៅ​ទីនោះ​ ព្រះ​បរមបពិត្រ​ស្ដេច​ត្រាស់​បញ្ចុះបញ្ចូល​សេនា​ទាហាន រេហ៍ពល​ដែល​មេទ័ព​ព្រះ​អង្គ​ទាំង​ពីរ​ចាប់​បាន​មក​ថ្វាយ​នោះ​ជា​សេចក្ដី​ស្រុះស្រួល ហើយ​កងទ័ព​ទាំងនេះ​ក៏​ទទួល​ខ្លបខ្លាច​អំណាច​ព្រះ​បារមី​ថ្វាយខ្លួន​ជា​ខ្ញុំ​រាជការ​ទាំងអស់​គ្នា។ ព្រះ​ស្រីជេដ្ឋា ព្រះចៅ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​បាន​ទ្រង់​ជ្រាប​ថា បែក​បន្ទាយ​កំពង់សៀម​ដូច្នោះ​ហើយ ទ្រង់​ត្រាស់​ឲ្យ​បំរើ​ទៅ​ប្រាប់​ចៅពញា​ស្រាល ចៅពញាវិបុលរាជ​ឲ្យ​លើក​កងទ័ព​ជើងទឹក​មក​ជួយ​ទ័ព​ជើងគោក​ទៀត។ គ្រានោះ​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជជា​សេនាបតី​សំរាប់​ឯក​ភូ​សម្រេច​រាជការ​ខាងជើង​ទឹកបាន​ដឹង​ហើយ ក៏​លើកទ័ព​ទៅ​ដល់រួច​ក៏​ដេញ​កងទ័ព​ជើងទឹក​ឲ្យ​ឡើង​ចោម​បន្ទាយ​ខែត្រ​កំពង់សៀម។ ខណៈនោះ ​កងទ័ព​ហ្លួង​គ្រប់​កង​ដេញ​ពួក​ពល​ឲ្យ​ចេញ​ច្បាំង​បាញ់​គ្នា​ដោយ​កាំភ្លើង​តូច​ធំ​សូរ​សន្ធឹក​កក្រើករំពើក​ទាំង​ប្រឹថពី។ ឯ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វិបុលរាជ​សេនាបតី សម្រេច​រាជការ​ហ្លួង​ត្រើយ​ខាងលិច​ដែល​បោះទីតាំង​នៅ​រកាកោង​នោះ ចែវ​ទូក​ទៅ​ដល់​ភូមិ​អង្គរបាន ស្រាប់តែ​ឮ​សូរ​កាំភ្លើង​ធំ​តូច​ជា​ខ្លាំង​ណាស់ ក៏​ស្រូត​ទៅ​ដល់​កំពង់ចាម។ លុះ​ឃើញ​ទូក​ចំបាំងខាង​ហ្លួង​ត្រើយ​ខាងកើត ហើយ​ដែល​ទូក​នីមួយៗ​មាន​តែ​ពល ​៥​ ឬ​ ៦ ​នាក់​នៅ​រក្សា។ ក្នុង​ ១៥០ ​ទូក​នោះ​មាន​រេហ៍ពល​តែ ​១៥០០​ នាក់ក៏​ឲ្យ​សេនា​ទាហាន​ចោម​បាញ់​ចាក់​កាប់​សត្រូវ​ទាំងនោះ​ឥត​សំចៃ​ឡើយ ហើយ​កងទ័ព​ទាំងនោះ​បែកបាក់​ទៅអស់។ មេទ័ព​ខាង​ព្រះ​បរមបពិត្រ​ចាប់​យក​ទូក​ចំបាំងង​ទាំងអស់​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​យក​ថ្វីដៃ។ ខណៈនោះ រេហ៍ពល​ដែល​រត់​បែក​ពី​ទូក​ចំបាំង​នោះ ខ្លះ​ក៏​បែកផ្លូវ​ទៅ​ទីទៃៗ កងទ័ព​ខាង​សម្ដេចចៅពញា​យោធា​នរិន្ទ និង​កងទ័ព​ឧកញ៉ា​យមរាជចាប់​បាន​សត្រូវ​ចំនួន ​៨០០​ នាក់ ហើយ​ក៏​នាំ​មក​ក្រាប​បង្គំ​ទូល​ដែរ។ កងទ័ព​ដែល​ចាំ​ទូក​សត្រូវ​នោះ​ខ្លះ​ក៏​រត់​ទៅ​ពឹង​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជរាយការណ៍​តាម​ដំណើរ។ ចៅពញា​ទាំង​ពីរ​ជា​មេទ័ព​ស្ដេច​ត្រើយ​ខាងកើត​ឮ​ហើយ​ក៏​ស្លុតចិត្ដ អស់​គំនិត​ភិតភ័យ​បណ្ដាល​ឲ្យ​ដឹង​ដល់​នាយកង​នាយ​ទ័ព​គ្រប់​កង។ នាយ​ទាំងនោះ​ក៏​អស់​ទឹកចិត្ដ​នឹង​ចូល​ច្បាំង​ទៀត ហើយ​ក៏​តាំង​បែក​ទ័ព​រត់​ខ្ចាត់ខ្ចាយ​ទៅ ខ្លះ​ក៏​លោតទឹក​ស្លាប់។

ឯកងទ័ព ​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ចេញពី​បន្ទាយ​មក​ចាប់​បាន​ខ្លួន​សត្រូវ​ប្រមាណ ​៥០០ ​នាក់។ លុះ​ជួបជុំ​នាយកង​ទ័ពជើងទឹក ជើង​គោក​គ្រប់​គ្នា ព្រមទាំង​ឈ្លើយ និង​ស្បៀង​អាហារ សាស្ត្រាវុធ និង​ទូក​ចំបាំង​ ១៥០ ​នោះហើយ​ក៏​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ​បរមបពិត្រ​ជា​អម្ចាស់ជីវិតលើត្បូង។ ព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ជ្រាប​គ្រប់​ប្រការ ទ្រង់​ព្រះ​អំណរ​ណាស់បាន​ប្រោស​ព្រះ​រាជទាន​រង្វាន់​ដល់​សេនា​ទាហាន​តាម​សមគួរ។ សម្ដេច​ព្រះបាទ​ស្រីជេដ្ឋា​អម្ចាស់​ផែនដី​ទិស​ខាងកើត​កាល​ទ្រង់​ជ្រាប​ថា ចៅពញា​ស្រាល ចៅពញា​លំពាំង ជា​ក្មួយ​បរាជ័យ​រហូត​ដល់​ស្លាប់ ខូច​ទាំង​ទូកចំបាំង​​ដូច្នោះ​ហើយ​ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​រើស​យក​កូន​សម្ដេចចៅហ៊្វា​កៅ​ពីរ​នាក់​មក​គឺ​ឈ្មោះ​ពេជ​១ តាំង​ជា​ចៅពញា​ស្រាល (ទី​ក្រឡាហោម) ឈ្មោះ​ក្រេះ​១ តាំង​ជា​ចៅពញា​លំពាំង (ទី​ចក្រី) និង​ចៅពញា​វៀង ទី​យមរាជ (កុយ) រួម​ជា ​៣ នាយ​ឲ្យ​លើកទ័ព​ទៅ​ច្បាំង​នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជជា​ទ័ព​អម្ចាស់​ត្រើយ​ខាងលិច។ សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​ទ្រង់​ផ្ដាំ​ថា បើ​សម្ដេចចៅ​ពញា និង ឧកញ៉ា​យមរាជ​បែក​ទៅ​ហើយឲ្យ​ឃុំ​ពល ​២០០០០ ​នាក់ទៅ​ចោម​បន្ទាយ​ខែត្រ​កំពង់សៀម​ទៀត។ មេកង​ធំ​ទាំង ​៣ ​នាក់​ទទួល​ព្រះរាជ​តំរាស់​ហើយ​ក៏​ថ្វាយបង្គំ​លា​លើកទ័ព​ឆ្លង​ទៅ​ចោម​បន្ទាយ​រាយ​ទ័ព​ច្បាំង នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជ តាម​ត្រាស់​បង្គាប់។ ទ័ព​ទាំង​សងខាង​ច្បាំង​គ្នា​ជា​ច្រើន​ដង ច្រើន​គ្រាម្ដង​ចាញ់​ម្ដង​ឈ្នះ ពុំ​បាន​សំរេច​ជ័យ​ជំនះ​ទៅ​ខាង​ណាៗ​ឡើយ។

ឯកសារយោង

[កែប្រែ]
យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ឧកញ៉ាត្រាចនៃកម្ពុជាធិបតី
ប្រ.គស.១៥១៦
តដោយ
មិនស្គាល់