វាំងជុំ
វាំងជុំ | |
---|---|
ចៅពញាវៀងនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ | |
ក្នុងការិយាល័យ ១៥១៩–ដើមសតវត្សទី១៦ | |
ព្រះមហាក្សត្រ | ស្រីជេដ្ឋា |
មុន | ឧកញ៉ាវាំងនៅ |
បន្ទាប់ | ចៅពញាវាំង (ចន្ទរាជា) |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ជុំ |
ចៅពញាវាំងជុំ (ចៅពញា ជាសក្ដិ, វាំង ជាងារ, ជុំ ជាឈ្មោះ) លោកជាញាតិនៃព្រះស្ដេចកន ហើយក៏ជាមេទ័ពរបស់ទ្រង់ដែរ។ លោកត្រូវបានតែងតាំងកាលសង្គ្រាមនៅបន្ទាយកំពង់សៀម។
លើកទៅវាយបន្ទាយកំពង់សៀម
[កែប្រែ]ឯសម្ដេចព្រះស្រីជេដ្ឋាជាម្ចាស់ផែនដីត្រើយខាងកើតទ្រង់ជ្រាបថា សម្ដេចចៅពញាចន្ទរាជាយកបានផែនដីខែត្រខាងលិចទាំងអស់ហើយ ចៅពញាលំពាំង ចៅពញាស្រាល ក៏ស្លាប់ក្នុងសង្គ្រាមអស់ ចៅពញាវៀង ចៅពញាវាំង ក៏មានរោគអនិច្ចកម្មទៅទាំងអស់គ្នាទៀត ទ្រង់ព្រះពិរោធណាស់ ទើបទ្រង់រើសព្រះញាតិខាងព្រះអង្គមកតែងតាំងថ្មី៖
- ឈ្មោះព្រំ តាំងជាចៅពញាវៀង “ទីយមរាជ”
- ឈ្មោះជុំ តាំងជាចៅពញាវាំង “ទីវាំង”
- ឈ្មោះផាត់ តាំងជាចៅពញាស្រាល “ទីក្រឡាហោម”
- ឈ្មោះពេញ តាំងជាចៅពញាលំពាំង “ទីចក្រី”
ហើយទ្រង់បង្គាប់សេនាទាំង ៤ នេះឲ្យចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុកគ្រប់ខែត្រដែលឡើងព្រះអង្គទិសខាងកើត ទិសអាគ្នេយ៍ទាំងប៉ុន្មានកេណ្ឌកងទ័ពឲ្យបានច្រើន។ ចៅហ្វាយស្រុកទាំងនោះទទួលព្រះរាជបង្គាប់ហើយ ក៏កេណ្ឌបាន ៨០០០០ នាក់មកជួបជុំតាមព្រះរាជកំណត់គ្រប់ប្រការ។ ខណៈនោះព្រះស្រីជេដ្ឋាស្ដេចចាត់សម្ដេចចៅហ៊្វាកៅជាមាឲ្យនៅចាំរក្សាព្រះនគរជាមួយនិងចៅពញាវាំងចាត់ចៅពញាវៀង (ព្រំ) និងសេនាទាហានរេហ៍ពល ១៥០០០ នាក់ជាទ័ពមុខចាត់ចៅពញាលំពាំងឲ្យឃុំពល១០០០០ នាក់ជាប៉ែកឆ្វេង ចាត់ចៅពញាយោធាធិបតីនួនឃុំរេហ៍ពល ១០០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាមហាសេនាទន់ ឃុំរេហ៍ពល ១០០០០ នាក់ជាទ័ពក្រោយ។ ចំណែកព្រះអង្គឯងឡើងគង់ព្រះទីនាំង ព្រមដោយស្វេតច្ឆត្រ ចាមរបៃមនសែនក្វាន់អភិរម្យ ឃុំរេហ៍ពល ២០០០០ នាក់លើកចេញជាទ័ពហ្លួង។ ទ្រង់ចាត់ចៅពញាស្រាល និងចៅពញាវិបុលរាជឃុំរេហ៍ពល ២០០០០ នាក់ចុះទូកចំបាំង ៣០០ លើកចេញទៅទាំងជើងគោក ជើងទឹក។ ខណៈនោះកងទ័ពជើងទឹកក៏ចតទូកបោះនៅកំពង់ព្រែកពោធិ៍។ ទ័ពជើងទឹកជើងគោកបោះទ័ពហ្លួងនៅភូមិមាត់ឃ្មុងក្នុងខែត្រត្បូងឃ្មុំ។ ទើបសម្ដេចព្រះស្រីជេដ្ឋាជាអម្ចាស់ផែនដីត្រើយខាងកើតក្រុងស្រឡប់ពិជ័យព្រៃនគរត្រាស់បង្គាប់ចៅពញាវៀង ចៅពញាលំពាំង ឲ្យលើកទ័ពឆ្លងទៅចោមវាយបន្ទាយកំពង់សៀម។ ចៅពញាមន្ដ្រីភក្ដី ចៅហ្វាយស្រុក និងក្រមការខែត្រកំពង់សៀមដឹងហើយ ក៏ឲ្យកេណ្ឌកងទ័ពរក្សានាទីបន្ទាយយ៉ាងមាំមួន ទើបធ្វើសំបុត្រចាត់បម្រើឲ្យនាំទៅជូនសេនាបតីត្រើយខាងលិច សេនាបតីនាំសេចក្ដីក្រាបបង្គំទូលទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រចៅពញាចន្ទរាជាជាអម្ចាស់ផែនដីទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ឲ្យឧកញ៉ាធម្មាធិរាជឈឹម ឧកញ៉ាពិភ័ក្ដិនិវេសន៍កោឲ្យនាំព្រះអគ្គមហេសី ស្រីស្នំ ក្រុមបរិពារ និងគ្រប់គ្រួនាម៉ឺនសព្វមុខមន្ដ្រីថយទៅនៅក្នុងបន្ទាយខែត្រពោធិ៍សាត់សិន ហើយព្រះអង្គឲ្យសេនាបតីមន្ដ្រីតាមក្រសួងចំលងរេហ៍ពល ៥០០០០ នាក់ដាក់នៅត្រើយខាងកើតចុងខែត្រអាសន្ទុក ព្រមដោយសេះដំរី។ ព្រះអង្គស្ដេចព្រះរាជដំណើរចុះព្រះទីនាំងនាវាឆ្លងទៅដល់ហើយ ទ្រង់ឡើងប្រថាប់លើព្រះពន្លាស្រេច ទើបទ្រង់ចាត់កងទ័ពជើងទឹកដូច្នោះ៖
- ឧកញ៉ាវិបុលរាជជាទ័ពមុខឃុំទូកចំបាំង ១០០ មានរេហ៍ពល ១០០០ នាក់។
- ឧកញ៉ាបរទេសរាជជាប៉ែកឆ្វេងឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់។
- ឧកញ៉ារាជាបវេររាជឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាប៉ែកស្ដាំ។
- ឧកញ៉ាត្រាចឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាទ័ពក្រោយ។
- ឧកញ៉ាក្រឡាហោមជាទ័ពហ្លួងឃុំទូកចំបាំង ១០០ មានរេហ៍ពល ១០០០ នាក់។
ព្រមដោយគ្រឿងសាស្ដ្រាវុធលើកទៅបោះទ័ពនៅភូមិព្រៃរកាកោង។ ទើបទ្រង់ចាត់ទ័ពជើងគោកតទៅទៀត៖
- ឧកញ៉ាចក្រីឃុំរេហ៍ពល ១០០០០ នាក់លើកទៅជាទ័ពមុខ។
- ឧកញ៉ាវង្សាអគ្គរាជឃុំរេហ៍ពល ៦០០០ នាក់ជាប៉ែកស្ដាំ។
- ឧកញ៉ារាជតេជៈឃុំរេហ៍ពល ៦០០០ នាក់ជាប៉ែកឆ្វេង។
- ឧកញ៉ានរិន្ទ្រាធិបតីឃុំពល ៦០០០ នាក់ជាទ័ពក្រោយ។
ព្រះអង្គឯង ទ្រង់ជាទ័ពហ្លួងនាំរេហ៍ពល ២០០០ នាក់ព្រមដោយសេនាទាហានរេហ៍ពល ដំរី សេះ និងស្វេតច្ឆត្រ អភិរម សែនក្វាន់ត្រៀបត្រា។ ឲ្យឧកញ៉ាយមរាជជាមេទ័ពធំមួយកងផ្សេងឃុំរេហ៍ពល ១០០០០ នាក់លើកទៅព័ទ្ធដីព្រៃចំការលើចុះមក។ សម្ដេចចៅពញាយោធានរិន្ទឃុំពល ១០០០០ នាក់លើកទៅតាមផ្លូវក្រោម គឺតាមមាត់ព្រៃខាងលិច កំណត់ឲ្យជួបជុំនៅបន្ទាយខែត្រកំពង់សៀម។ ឯទ្រង់ព្រះករុណាពិសេស ព្រះបរមបពិត្រព្រមដោយសេនាទាហាននាយកងទ័ពមុខក្រោយ ឆ្វេង ស្ដាំ លើកតាមផ្លូវកណ្ដាលចេញទៅ។ តែ ដោយហេតុថាផ្លូវនោះមានទឹកច្រើនពេករេហ៍ពលធ្វើដំណើរយឺតយូរ ក៏ចាត់ចៅពញាលំពាំង ចៅពញាយោធាធិបតី មេទ័ពស្ដេចខាងកើតដែលចោមវាយបន្ទាយខែត្រកំពង់សៀមនោះវាយបែកបន្ទាយនោះមួយថ្ងៃមុន។ លុះព្រះរាជដំណើរទ័ពទៅដល់ហើយ ស្ដេចឲ្យរេហ៍ពលឡើងរក្សានាទីបន្ទាយមាំមួន។ ក្នុងគ្រាដែលស្ដេចព្រះរាជដំណើរទ័ពទៅប្រថាប់នៅប្រាសាទគុហ៍ពង្រនោះ ក៏ស្រាប់តែឃើញចៅពញាមន្ដ្រីភក្ដី និងក្រមការខេត្ដកំពង់សៀមចូលទៅក្រាបបង្គំយំថ្វាយទោសថា ស្ដេចកនឲ្យចៅពញាលំពាំង និងចៅពញាយោធាធិបតីលើកកងទ័ព ៤០០០០ នាក់មកចោមវាយបន្ទាយនោះ ១៦ ថ្ងៃយ៉ាងសាហាវក្រៃពេកកងទ័ពក្នុងបន្ទាយតែ ១០០០០ នាក់ ហើយខ្វះស្បៀងអាហារផង ទ្រាំពុំបានទើបបានជាបែកទ័ពរត់ជ្រកក្រោមបុណ្យបារមីនេះ។ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ ទ្រង់ត្រាស់សណ្ដាប់ហើយ ទ្រង់មានព្រះបន្ទូលពិសេសថា ការណ៍ដែលយើងយឺតយូរក្រមកជួយអ្នកនេះ ពីព្រោះតាមផ្លូវមានទឹកច្រើនណាស់ ហេតុនេះហើយបានជាសត្រូវវាយបែកបន្ទាយអ្នកទាំងអស់គ្នា។ ការបាត់បង់ជោគជ័យនេះមិនមែនជាកំហុសឧកញ៉ា និងក្រមការខេត្ដធ្វេសប្រហែសទេ គឺជាកំហុសពីយើងដើរកាត់យឺតយូរមកពុំទាន់ ពុំត្រូវឲ្យអ្នករាល់គ្នាមានទោសទេ។ ស្អែកនេះយើងនឹងវាយបន្ទាយនេះឲ្យបានវិញចូលកុំបារម្ភឡើយ។ ចៅពញាមន្ដ្រីភក្ដី និងក្រមការទាំងអស់ ឮព្រះបន្ទូលទ្រង់ព្រះមេត្ដាប្រោសលើកទោសដូច្នោះក៏ត្រេកអរណាស់។ លុះព្រឹកឡើង ព្រះបរមបពិត្រទ្រង់ចាត់កលឧបាយប្រាប់នាយទ័ព នាយកងឲ្យដឹងឲ្យធ្វើតាមគ្រប់ៗគ្នា ហើយទ្រង់ចាត់ឲ្យបំរើសេះចេញទៅជាពីរផ្លូវទៅប្រាប់សម្ដេចយោធានរិន្ទមួយផ្លូវ ទៅប្រាប់ឧកញ៉ាយមរាជមួយផ្លូវឲ្យលើកទ័ពវាយប្រសព្វចូលមក។ ឯឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈឃុំរេហ៍ពលរបស់ខ្លួនហើយក៏លើកទៅចោមបន្ទាយកំពង់សៀមតាមត្រាស់បង្គាប់។ ខណៈនោះ ចៅពញាលំពាំងយោធាធិបតី មេទ័ពសម្ដេចស្រីជេដ្ឋាឃើញហើយ ក៏លើកទ័ពចេញមកច្បាំងគ្នាយូរបន្ដិចមក ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ាតេជៈ ក៏ក្លែងធ្វើជាចាញ់ ហើយលើកកងទ័ពរត់ទៅដល់ភូមិសៀមបោយ ឧកញ៉ាចក្រី ឧកញ៉ានរិន្ទនាយកដែលបង្កប់ទ័ពនៅទីនោះឃើញទ័ពសត្រូវមកដល់ហើយ ក៏ដេញកងទ័ពរបស់ខ្លួនស្ទាក់ព័ទ្ធពីឆ្វេងពីស្ដាំ។ ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈ ក៏ដេញពលទ័ពឲ្យរាមកតវិញ។ ទ័ពសត្រូវទាំងពីរកងដែលដេញទៅនោះក៏ត្រឡប់ជានៅកណ្ដាលកងទ័ពហ្លួង ខាងលិច។ លុះឃើញថា ទ័ពនេះច្រើនលើសកំលាំងតស៊ូពុំបាន មេទ័ពសត្រូវនោះក៏នាំកងទ័ពរបស់ខ្លួនវាយបំបែកការឡោមព័ទ្ធ ហើយចេញមកដល់ព្រៃមួយអន្លើសិន ផ្នែកខាងកើតភូមិសៀមបោយប្រមាណ ៣៥ សិន។ ខណៈនោះព្រះបរមបពិត្រ ព្រះអង្គទ្រង់បរព្រះទីនាំងពិជ័យគជេន្ទ្រនាំយោធាចេញពីព្រៃស្ទាក់ទ័ពចៅពញាលំពាំង ចៅពញាយោធាធិបតីជាប់។ មេទ័ពសត្រូវក៏ទទួលច្បាំងគ្នាជាមាំមួនដោយអាវុធវែងខ្លី។ ឯអស់ពលខាងទ័ពចៅពញាលំពាំង និងយោធាធិបតីកាលឃើញសម្ដេចព្រះចន្ទរាជាគង់លើដំរីសសុទ្ធហើយនោះ ក៏ចេះតែនឹកថាព្រះបរមបពិត្រអង្គនេះហើយដែលគេហៅថាអ្នកមានបុណ្យមានតេជៈ។ មិនយូរប៉ុន្មានពួកពលទាំងនោះក៏បោះចោលគ្រឿងសាស្ដ្រាវុធពីដៃ ហើយរត់ចូលទៅថ្វាយបង្គំសុំព្រះរាជទានឲ្យអភ័យទោស។ ព្រះអង្គក៏ទ្រង់លើកទោសឲ្យទាំងអស់ ឯចៅពញាលំពាំង ចៅពញាយោធាធិបតី ទ័លគំនិតនឹងច្បាំងតទៅទៀតពុំកើតក៏គេចចូលព្រៃអារកខ្លួនឯងស្លាប់ ទាំងពីរនាក់ទៅ។ ព្រះបរមបពិត្រខត្តិយាមហាចន្ទរាជាទ្រង់យល់បាត់មេទ័ពខាងសត្រូវទាំងពីរនាក់ហើយឲ្យសេនាទាហានដេញតាមរកសព្វព្រៃ។ លុះឃើញថាស្លាប់ហើយសេនាទាហានក៏កាត់ក្បាលយកទៅថ្វាយបង្គំទូលព្រះបរមបពិត្រ។ គ្រានោះទ្រង់ត្រាស់ឲ្យដោតក្បាលមេទ័ពសត្រូវទាំងពីរទុកជាបំរាម។ ឯសម្ដេចចៅពញាយោធានរិន្ទ១ ឧកញ៉ាយមរាជ១ ជាមេទ័ពដែលចេញទៅទាំងពីរផ្លូវលុះដឹងសេចក្ដីដោយព្រះរាជបំរើ ជិះសេះទៅប្រាប់ហើយ ក៏លើកកងទ័ពស្រូតទៅដល់ទីណាត់ ហើយចោមបន្ទាយកំពង់សៀម។ ខណៈនោះចៅពញាមហាសេនាមេទ័ពខាងស្ដេចត្រើយខាងកើតដែលនៅរក្សាបន្ទាយនោះ លុះឃើញហើយក៏ដេញរេហ៍ពលឲ្យឡើងរក្សានាទីបន្ទាយ តែដោយពលខ្លួនតិចពេកយល់ថានឹងស៊ូពុំបានក៏នាំពួកពលចេញពីបន្ទាយទៅចុះទូក តែចុះជាបន្ទាន់ពេកទូកភ្លូកលិចអស់ជាច្រើនទៅ ពលរេហ៍ធ្លាក់ស្លាប់ក៏ច្រើន រួមទាំងចៅពញាមហាសេនាផង។ ឯព្រះបរមបពិត្រ ព្រះអង្គធ្វើសង្គ្រាមមានជ័យហើយ ព្រះអង្គត្រឡប់មកបន្ទាយកំពង់សៀមវិញ។ សម្ដេចចៅពញាយោធានរិន្ទ និងឧកញ៉ាយមរាជឃើញស្ដេចព្រះរាជដំណើរមកដល់ ក៏ចេញមកទទួលស្ដេចចូលទៅប្រថាប់ក្នុងបន្ទាយ។ នៅទីនោះ ព្រះបរមបពិត្រស្ដេចត្រាស់បញ្ចុះបញ្ចូលសេនាទាហាន រេហ៍ពលដែលមេទ័ពព្រះអង្គទាំងពីរចាប់បានមកថ្វាយនោះជាសេចក្ដីស្រុះស្រួល ហើយកងទ័ពទាំងនេះក៏ទទួលខ្លបខ្លាចអំណាចព្រះបារមីថ្វាយខ្លួនជាខ្ញុំរាជការទាំងអស់គ្នា។ ព្រះស្រីជេដ្ឋា ព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរបានទ្រង់ជ្រាបថា បែកបន្ទាយកំពង់សៀមដូច្នោះហើយ ទ្រង់ត្រាស់ឲ្យបំរើទៅប្រាប់ចៅពញាស្រាល ចៅពញាវិបុលរាជឲ្យលើកកងទ័ពជើងទឹកមកជួយទ័ពជើងគោកទៀត។ គ្រានោះចៅពញាស្រាល និងចៅពញាវិបុលរាជជាសេនាបតីសំរាប់ឯកភូសម្រេចរាជការខាងជើងទឹកបានដឹងហើយ ក៏លើកទ័ពទៅដល់រួចក៏ដេញកងទ័ពជើងទឹកឲ្យឡើងចោមបន្ទាយខែត្រកំពង់សៀម។ ខណៈនោះ កងទ័ពហ្លួងគ្រប់កងដេញពួកពលឲ្យចេញច្បាំងបាញ់គ្នាដោយកាំភ្លើងតូចធំសូរសន្ធឹកកក្រើករំពើកទាំងប្រឹថពី។ ឯឧកញ៉ាក្រឡាហោម ឧកញ៉ាវិបុលរាជសេនាបតី សម្រេចរាជការហ្លួងត្រើយខាងលិចដែលបោះទីតាំងនៅរកាកោងនោះ ចែវទូកទៅដល់ភូមិអង្គរបាន ស្រាប់តែឮសូរកាំភ្លើងធំតូចជាខ្លាំងណាស់ ក៏ស្រូតទៅដល់កំពង់ចាម។ លុះឃើញទូកចំបាំងខាងហ្លួងត្រើយខាងកើត ហើយដែលទូកនីមួយៗមានតែពល ៥ ឬ ៦ នាក់នៅរក្សា។ ក្នុង ១៥០ ទូកនោះមានរេហ៍ពលតែ ១៥០០ នាក់ក៏ឲ្យសេនាទាហានចោមបាញ់ចាក់កាប់សត្រូវទាំងនោះឥតសំចៃឡើយ ហើយកងទ័ពទាំងនោះបែកបាក់ទៅអស់។ មេទ័ពខាងព្រះបរមបពិត្រចាប់យកទូកចំបាំងងទាំងអស់មកក្រាបបង្គំទូលថ្វាយយកថ្វីដៃ។ ខណៈនោះ រេហ៍ពលដែលរត់បែកពីទូកចំបាំងនោះ ខ្លះក៏បែកផ្លូវទៅទីទៃៗ កងទ័ពខាងសម្ដេចចៅពញាយោធានរិន្ទ និងកងទ័ពឧកញ៉ាយមរាជចាប់បានសត្រូវចំនួន ៨០០ នាក់ ហើយក៏នាំមកក្រាបបង្គំទូលដែរ។ កងទ័ពដែលចាំទូកសត្រូវនោះខ្លះក៏រត់ទៅពឹងចៅពញាស្រាល និងចៅពញាវិបុលរាជរាយការណ៍តាមដំណើរ។ ចៅពញាទាំងពីរជាមេទ័ពស្ដេចត្រើយខាងកើតឮហើយក៏ស្លុតចិត្ដ អស់គំនិតភិតភ័យបណ្ដាលឲ្យដឹងដល់នាយកងនាយទ័ពគ្រប់កង។ នាយទាំងនោះក៏អស់ទឹកចិត្ដនឹងចូលច្បាំងទៀត ហើយក៏តាំងបែកទ័ពរត់ខ្ចាត់ខ្ចាយទៅ ខ្លះក៏លោតទឹកស្លាប់។
លើកទៅវាយខែត្របរិបូរណ៍ម្ដងទៀត
[កែប្រែ]សម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើត ស្ដេចគង់នៅព្រះរាជវាំងស្រីសឈរ ទ្រង់ត្រាស់ឲ្យកេណ្ឌកងទ័ព ១៤០០០០ នាក់ ទ្រង់ឲ្យចៅហ៊្វាទឡ្ហៈកៅ និងចៅពញាមោងនៅរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរ ហើយទ្រង់ចាត់ឲ្យចៅពញាចក្រីឃុំពល ៣០០០០ នាក់ជាទ័ពមុខ ចៅពញាក្រឡាហោម ឃុំពល ២០០០០ នាក់ជាទ័ពស្ដាំ ចៅពញាវៀងឃុំពល ២០០០០ នាក់ជាទ័ពឆ្វេង ចៅពញាវាំងឃុំពល ២០០០០ នាក់ជាទ័ពក្រោយ ចៅពញាស្រាលឃុំពល ១០០០០ នាក់ជាទ័ពក្រវែលខាងស្ដាំ ចៅពញាលំពាំងឃុំពល ១០០០០ នាក់ ជាទ័ពក្រវែលខាងឆ្វេង ចៅពញាស្នងធ្នឹមព្រះនគរឃុំពល ១០០០០ នាក់ជាទ័ពក្រវែលខាងមុខ ព្រះអង្គស្រីជេដ្ឋាឯងឃុំពល ៣០០០០ នាក់ជាទ័ពហ្លួងឆ្លងមកដល់ស្រុកភ្នំពេញ ហើយលើកទ័ពគ្រប់កង ព្រមដោយនូវស្វេតច្ឆត្រអភិរម្យ សែនត្វាន់ឡើងគង់ព្រះទីនាំងស័ង្ខរស្មីលើកទ័ពតំរង់ទៅខែត្របរិបូណ៌។ ឯសេះល្បាតខាងព្រះបរមខត្តិយាចន្ទរាជាឃើញហើយ ក៏ឃ្មាតខ្មីយកសេចក្ដីទៅក្រាបបង្គំទូលព្រះបរមបពិត្រ។ លុះទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឲ្យសម្ដេចព្រះភិគនេយ្យាយសរាជឡើងជាទីនាយក និងមន្ដ្រីខាងជើងទឹកលើកទ័ពទូកគង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតនាំទូកចំបាំង ៤០០ ហើយទ្រង់ចាត់ទ័ពជើងគោកថែមទៀត។ ទ្រង់ត្រាស់ឲ្យឧកញ៉ាចក្រីទេព កូនពញាមឿងឃុំពល ២០០០ នាក់ជាមេទ័ពមុខឲ្យចៅពញាសួគ៌ាលោក “សុខ” កូនពញាមឿងឃុំពល ១០០០០ នាក់ជាទ័ពស្ដាំឲ្យចៅពញាឧទ័យធិរាជសូរ ឃុំពល ១០០០០ នាក់ជាទ័ពឆ្វេងឲ្យឧកញ៉ារាជតេជៈ ឃុំពល ១០០០០ នាក់ជាទ័ពក្រោយឲ្យឧកញ៉ាវង្សាអគ្គរាជឃុំពល ១០០០០ នាក់ជាកងជន្លឲ្យឧកញ៉ានរិន្ទ្រាធិបតី ចៅពញាមនោមេត្រី ចៅពញាស្រែន្យាធិបតី ចៅពញាស្រែន្យសេនាឃុំពលម្នាក់ៗ ៣០០០ នាក់ទៅបង្កប់សងខាងផ្លូវឲ្យសម្ដេចព្រះសុខត្ដ ឃុំពលដំរី ៣០០០ ទៅបង្កប់ក្នុងព្រៃខាងលិចវាលស្រាបអង្កាមឲ្យឧកញ៉ាដ៏រុងសេនា ឃុំពលសេះ ៥០០ ជាកងជន្លទី២។ លុះបានឫកជាពេលាល្អហើយ បុរោហិតក៏តាំងផ្លុំត្រែស័ង្ខហោរាថ្វាយឫក្សរួចហើយ ព្រះបរមបពិត្រមហាខត្តិយាចន្ទរាជាទ្រង់គ្រឿងកកុធភ័ណ្ឌសំរាប់ រាជយុទ្ធឡើងគង់ព្រះទីនាំងពិជ័យរាជកុញ្ជរ លើកអស់និករចេញទៅ។ ឯឧកញ៉ាវង្សាអគ្គរាជជាកងជន្លទី១ លើកទ័ពទៅដល់ស្ទឹងក្រាំងពន្លៃជួបនឹងទ័ពព្រះស្រីជេដ្ឋា (ព្រះស្ដេចកន) ហើយបានតតាំងច្បាំងគ្នានៅទីនោះយូរបន្ដិច ឧកញ៉ាវង្សាអគ្គរាជក៏នាំពលរត់ថយក្រោយមកដល់ខាងលិចភូមិឈូកស ខែត្រលង្វែក។ ខណៈនោះឧកញ៉ានរិន្ទសេនាឃុំពលទាហានសេះ ៤០ នាក់កាល់ពលខ្លួន និងពលឧកញ៉ាវង្សាអគ្គរាជឲ្យចូលតតាំងច្បាំងគ្នាទៀត ហើយបណ្ដែតទូកថយក្រោយ។ មេទ័ពខាងព្រះស្ដេចកនឃើញហើយយល់ថា ខ្លួនមានជ័យជំនះក្នុងសង្គ្រាមពីរដងហើយ ក៏បរពលសំរុកគ្រលុកតាមដល់ស្ទឹងជ្រៃ។ ឧកញ៉ាចក្រីទេពជាកងជន្លទី៣ ក៏ចេញពីក្នុងព្រៃបរពលចូលមួយស្របក់ ក៏នាំពលគេចរត់ថយក្រោយទៅទៀត។ ខណៈនោះនាយកងនាយទ័ពខាងព្រះស្ដេចកនស្រែកក្រាបទូលថា ចក្រីបាក់ទ័ពទៀតហើយ ឯកងទ័ពគ្រប់កងខាងព្រះស្ដេចកនឮថាចក្រីបាក់ទ័ពទៀត ហើយក៏រឹតតែមានចិត្ដជោរឡើង ក៏ដេញតាមទៅត្រាតែជួបនឹងទ័ពក្រឡាហោមដែលបង្កប់ចាំនៅវាលស្រាបអង្កាមនោះ។ ឧកញ៉ាក្រឡាហោម ក៏ទទួលច្បាំងជាមាំមួន សម្ដេចព្រះសុទត្ដដែលឃុំពលដំរីច្បាំង ៣០០ នោះបានឫកហើយ ក៏បរដំរីជល់ជាន់ពីក្រោយ។ ឯកងទ័ពដែលបង្កប់សងខាងនោះ ក៏ប្រសព្វពីឆ្វេងពីស្ដាំទាំងព្រះបរមបពិត្រក៏បែរព្រះទីនាំងរាជកុញ្ជរចូលលុកលុយកាប់ចាក់ប្រសព្វគ្នាមកបណ្ដាលឲ្យស្លាប់ពលខាងព្រះស្ដេចកនប្រមាណ២០០០០ នាក់។ លុះមកដល់មុខព្រះស្ដេចកន ព្រះទីនាំងពិជ័យរាជកញ្ជរដែលចេះកាន់នូវអាវុធគ្រវែងចាក់សំលាប់ពលព្រះស្ដេចកនបណ្ដាលឲ្យស្លាប់ជាច្រើន។ ព្រះស្ដេចកនទ្រាំមិនបានក៏បែកទ័ពរត់កាត់ព្រៃមកដល់ចុងព្រែករលាប្អៀរខាងស្ដាំ ចោលទ័ពអស់ជាប់តែខាងទាហានស្ម័គ្រចិត្ដប្រមាណ ១០០ នាក់ ហើយមកជួបជុំនឹងទ័ពឧកញ៉ាសួគ៌ាលោក ឧកញ៉ាមនោមេត្រី ឧកញ៉ាឧទ័យធិរាជដែលបង្កប់ក្នុងព្រៃ។ ទ័ពទាំងនោះក៏ស្ទុះចេញមកក៏តាំងហ៊ោដេញទ័ពព្រះស្ដេចកនខ្ចាត់ខ្ចាយទៅទៀត។ ស្ដេចកននៅសល់តែទាហាន១០០ នាក់រត់តាមលុះទៅដល់ចុងភូមិតាជេស ខែត្រលង្វែក កងទ័ពទាំង ១០០ នាក់នោះពុំចេះហែលទឹកទាំងអស់គ្នាទេចេះតែ ២០ នាក់ប៉ុណ្ណោះ។ អ្នកចេះហែលទឹកក៏រត់ទៅលើកោះតូចនាំគ្នាតោងសេះព្រះទីនាំងស័ង្ខរស្មីនោះឆ្លងទៅស្ទឹងស្ងួតជើងព្រៃជាត្រើយខាងកើត។ លុះកងទ័ពឧកញ៉ាយមរាជ ឧកញ៉ាសួគ៌ាលោកដេញទៅដល់ឃើញទ័ពសត្រូវកំពុងហែល ក៏ស្រែកហៅកងទ័ពជើងទឹកឲ្យតាមចាប់។ សូរសព្ទដែលបង្កូកហៅទ័ពជើងទឹកតែមួយម៉ាត់ម្នាក់ក៏លាន់ដូចគេស្រែក ហ៊ោ (ព្រោះហេតុនេះហើយបានជាកោះតូចនោះ ប្រែឈ្មោះថា កោះហ៊ោ រៀងមក)។ ឯម៉ឺនពិភក្ដីលិខិត ម៉ឺនជំនិតស ទ្រង់ម៉ឺនបំរុងអក្ខរាទាំង ៣ នាយជាអាល័ក្ស ជាមន្ត្រីព្រះស្ដេចកនជាប់បាវប្រាំមួយប្រាំពីរនាក់ស្ពាយត្រាជាសំរាប់រាជ្យរបស់សម្ដេចកននោះរត់បែកទៅដល់ចុងភូមិកំពង់ម្ដា ខែត្ររលាប្អៀរ ក៏ចាប់យកកូនទូកអ្នកស្រុកនោះចុះចែវតាមស្ដេចកនទៅ។ ខណៈនោះមានខ្យល់ព្យុះរលកបោកបក់ខ្លាំងទូកលិចលង់ទាំងត្រាសំរាប់រាជ្យនោះបាត់នៅក្នុងព្រះធរណីបាតទន្លេ នៅទីនោះក៏ស្រុតទៅជ្រៅពន់ប្រមាណ។ នាយអាល័ក្សទាំង ៣ យកផ្ដៅពីរបន្ទះមកតតែមួយសំយុងទៅត្រង់កន្លែងដែលលិចត្រានោះក៏ពុំដល់នឹងរកមនុស្សឲ្យមុជទៅតាមមនុស្សផងឃើញជ្រៅណាស់ពុំហ៊ានមុជតាម។ នាយទាំង ៣ នាក់ខ្លាចខុសនឹងព្រះស្ដេចកនក៏នាំគ្នាមុជទឹកទៅតាមត្រានោះលុះដល់ស្លាប់ទាំង ៣ នាក់ “ព្រោះហេតុនោះបានជាទីនោះហៅអន្លង់ត្រារាជ្យយារៗមកហៅតំបន់អន្លង់រាជ្យ ទ្រង់ស្រូតព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតជ្រួសតាមទៅដល់កៀនតាធឹង។ ឯសម្ដេចព្រះស្រីជេដ្ឋាទតពីលើខ្នងសេះព្រះទីនាំងទៅឃើញ ក៏បរសេះព្រះទីនាំងនោះនាំទាហានរួមចិត្ដមកដល់ចុងភូមិកំពង់ចាម ក៏បរសេះព្រះទីនាំងនោះហែលឆ្លងទឹកតំរង់ទៅតំបន់ដូនម៉ៅត្រើយខាងកើត ព្រមទាំងទាហានរួមចិត្ដ ២០ នាក់ក៏ហែលតោងសេះនោះទៅដល់ច្រាំងទន្លេម្ខាង សេះនោះក្លាយជានាគមុជទឹកបាត់ទៅ។
ម្ចាស់ត្រើយខាងកើតទ្រង់ចាត់ឲ្យចៅហ៊្វាកៅនាំគ្រប់គ្រួទៅ ហើយត្រាស់បង្គាប់ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង កេណ្ឌកងទ័ពមកឲ្យរក្សាព្រះនគរបានតែ ១០០០០ នាក់នោះនាយគយខាងពាមផ្កាយសម្រេច១ នាយគយខាងខែត្រព្រៃវែង១ នាយគយខាងពាមរ១ ទាំង ៣ មេគយនេះយល់កងទ័ពទាំងបីផ្លូវលើកមកដល់ហើយក៏ភិតភ័យឡើងសេះចូលទៅប្ដឹងសេនាបតីឲ្យយកសេចក្ដីក្រាបបង្គំទូលសម្ដេចព្រះស្រីជេដ្ឋា សម្ដេចព្រះស្រីជេដ្ឋាត្រាស់ថា យើ! ពញាចន្ទរាជាអញស្មានថាបានផែនដីតែប៉ុណ្ណោះក៏នឹងគិតនៅស្ងៀមរក្សាផែនដី ដោយខ្លួនឯងឲ្យរាស្ដ្ររកស៊ីឲ្យសុខសប្បាយទៅហើយ ឥឡូវរុករានទន្ទ្រានលើកយោធាទាហានតាមមកទៀត។ ខណៈនោះទ្រង់ត្រាស់សេនាបតីទាំង ៤ ឲ្យតឿនពលឡើងរក្សានាទីភាគបន្ទាយ តែកាលពិនិត្យរេហ៍ពលទៅឃើញបានចំនួនបានតែ ១០០០០ នាក់ទ្រង់យល់ថានឹងទប់រក្សាបន្ទាយព្រះរាជវាំងនោះពុំបាន ទើបទ្រង់ត្រាស់ឲ្យកៀរគ្រួលើកចោលបន្ទាយបាសាន្ត។ លុះធ្វើដំណើរមក ទ័ពព្រះស្រីជេដ្ឋាក៏មកជួបប្រទះនឹងកងទ័ពចៅពញាសួគ៌ាលោកសុខ កូនពញាមឿង។ ទ័ពទាំងសងខាងក៏បានច្បាំងគ្នាពីព្រឹកលុះថ្ងៃត្រង់ តែពុំទាន់ឈ្នះចាញ់។ ឧកញ៉ាចក្រីទេពកូនទី៣របស់ចៅពញាមឿង និងចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងបានដឹងថា ព្រះស្ដេចកន និងមុខមន្ដ្រីរេហ៍ពលរត់ចោលបន្ទាយដូច្នោះហើយ ព្រមទាំងឮសូរកាំភ្លើងកំពុងច្បាំងគ្នាយ៉ាងខ្លាំងណាស់ទៀត ក៏តឿនកងទ័ពស្រូតតាមទៅហើយបានទាន់កំពុងច្បាំងគ្នា។ មេទ័ពខាងលិចទាំងពីរកងក៏ដេញពលឲ្យចូលជួយច្បាំងប្រកាប់គ្នាយ៉ាង សាហាវ ពលខ្មាំងស្លាប់ជាច្រើន។ មេទ័ពត្រើយខាងលិចព្រួតគ្នាចូលទៅប្រយុទ្ធនឹងព្រះស្ដេចកនទៀត តែស្ដេចកនខំបរពលវាយទំលាយ តែពុំរួចក៏ថយទ័ព និងគ្រប់គ្រួចូលទៅក្នុងបន្ទាយស្រីសឈរវិញ ហើយឲ្យបិទទ្វារបន្ទាយឲ្យរេហ៍ពលឡើងរក្សាបន្ទាយជាមាំមួន។ ឯស្នាព្រះអង្គជាក្មួយព្រះស្ដេចកនឃុំពល ៥០០ នាក់នៅក្រៅបន្ទាយលុះឃើញព្រះស្ដេចកនជាប់ចំណងហើយនាំពល ៥០០ នាក់នោះវាយជ្រែកចូលទៅក៏ពុំបាន ទើបស្នាព្រះអង្គជិះសេះបរជាប្រញាប់ទៅជំរាបសម្ដេចចៅហ៊្វាកៅនៅ បន្ទាយពិជ័យព្រៃនគរតាមហេតុគ្រប់ប្រការ។ សម្ដេចចៅហ៊្វាកៅលុះបានដឹងហើយក៏និយាយនឹងសម្ដេចចៅពញាហែងជាបិតាក្មេកស្ដេចកន និងឧកញ៉ាចក្រីជាមាព្រះស្ដេចកន ពញាស្នងធ្នឹមព្រះនគរ “ជាលន់” ជាប្អូនថ្លៃព្រះស្ដេចកនថាឲ្យទៅត្រួតបន្ទាយឲ្យមាំមួនកុំឲ្យធ្វេសប្រហែស។ កាលមន្ដ្រីទាំង ៣ នាយទទួលពាក្យហើយ សម្ដេចចៅហ៊្វាកៅក៏ឡើងជិះសេះនាំពល ៥០០០០ នាក់លើកស្រូតទៅជួយព្រះស្ដេចកន។ លុះឃើញទ័ពខាងលិចកំពុងចោមបន្ទាយដូច្នោះ ក៏បរពលវាយជ្រែកចូលទៅ។ សម្ដេចព្រះស្រីជេដ្ឋាព្រះស្ដេចកននៅលើក្បាលបន្ទាយឃើញមានកងទ័ពវាយចូលមកអរណាស់ក៏នាំចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង វាយជ្រែកចំណោមចេញទៅ តែវាយបាន ៣ ថ្ងៃហើយក៏នៅតែចេញពុំរួច។ ឯសម្ដេចព្រះឧត្ដមបរមខត្តិយាមហាចន្ទរាជាធិរាជ ព្រះអង្គលើកទ័ពចេញទៅដល់ភូមិស្វាយឫស្សីស្រុក ហើយទ្រង់ជ្រាបថា មេទ័ពទាំងបីចោមបន្ទាយព្រះស្ដេចកន ៣ ថ្ងៃហើយពុំបែកចាប់ខ្លួនពុំបានពុំទាន់ឈ្នះចាញ់ ទើបទ្រង់ត្រាស់ប្រើសម្ដេចចៅហ៊្វាទឡ្ហៈឲ្យលើកទ័ពទៅជួយថែមទៀត ហើយព្រះអង្គលើកទ័ពទៅតាំងបន្ទាយឈប់ទ័ពនៅទន្លេបិទ ខែត្រត្បូងឃ្មុំ។ ស្រេចហើយទ្រង់ចាត់ឧកញ៉ាមហាមន្ដ្រីឲ្យឃុំពល ១០០០០ នាក់ឲ្យលើកទ័ពចេញទៅបង្កប់ក្នុងព្រៃរំលោងប្របផ្លូវចង្អៀត ទ្រង់ផ្ដាំថា បើឃើញទ័ពអាខ្មាំងលើកទៅជួយ ឬលើករត់ចេញពីបន្ទាយមកឲ្យលើកទ័ពទៅបោះស្កាត់ពីមុខវាចាប់វាឲ្យបានកុំឲ្យអាខ្មាំងរត់រួច។ ទ្រង់ត្រាស់បង្គាប់ព្រះសុទត្ដឲ្យឃុំពលកាំភ្លើងតូច ២៥០ នាក់ឲ្យទៅបង្កប់ចាំមើលឃើញកងទ័ពខ្មាំងចុះចូលក្នុងផ្លូវរំលោង ហើយទ្រង់ផ្ដាំថាឲ្យព្រួតគ្នាបាញ់កុំឲ្យអាខ្មាំងរត់រួច ទើបទ្រង់ត្រាស់បង្គាប់ឲ្យឧកញ៉ាមហាទេពឲ្យឃុំពល ៤០០ នាក់ទៅពួនចាំមើលលើភ្នំពានជាំងថា បើឃើញខ្មាំងសត្រូវចូលមកដល់ឲ្យព្រួតគ្នាបាញ់កាំភ្លើងធំ និងព្រួតគ្នាប្រមៀលដុំថ្មទំលាក់ឲ្យត្រូវពួកខ្មាំងចាប់ខ្មាំងឲ្យបាន។ មេកងទាំងបីក៏ថ្វាយបង្គំលាធ្វើតាមត្រាស់បង្គាប់។ ចៅពញាតេជោ មេទ័ពខាងលិចយល់ទ័ពខ្មាំងវាយផ្ទប់ទាំងសងខាងនឹងទ្រាំទៅមុខមិនបាន ទើបស្រែកឲ្យពលបើកផ្លូវឲ្យខ្មាំងចេញទៅ។ ឯព្រះស្ដេចកនយល់ឃើញដូច្នោះហើយ ក៏នាំរេហ៍ពលចេញពីបន្ទាយទៅទំលាយទ័ពដែលព័ទ្ធចេញទៅបាន។ ក្នុងគ្រានោះ មេទ័ពទាំងបីកងក៏ដេញពលសត្រូវចាក់កាប់សំលាប់ពលខ្មាំងសត្រូវអស់ជាង ១០០០០ នាក់។ ស្ដេចកន និងចៅហ៊្វាកៅខំបរពលស្រូតរូតឆ្លងទន្លេតូចទៅតាមផ្លូវមេសព្រះចន្ទកាត់តំរង់ទៅក្រុងពិជ័យព្រៃនគរ។ ពេលនោះ សម្ដេចចៅពញាបែន មេទ័ពខាងលិចលើកទៅប្រទះនឹងទ័ពខាងកើតដែលបែកខ្ចាត់ខ្ចាយដូច្នោះ ក៏បរពលឲ្យចូលកាប់ចាក់សត្រូវអស់ជាច្រើន ហើយសម្ដេចបែនជិះសេះរាំដាវបរដេញទៅទាន់សម្ដេចចៅហ៊្វាកៅ។ សម្ដេចចៅហ៊្វាកៅឲ្យព្រះស្ដេចកនបរសេះរត់ទៅមុន ឯចៅហ៊្វាកៅបែរមកប្រកាប់ប្រចាក់គ្នាមួយស្របក់ តែទទួលជាពេលនោះ សេះសម្ដេចចៅពញាបែនស្រុតជើងក្នុងអន្លង់ សម្ដេចបែនក៏ធ្លាក់អាវុធពីដៃ ដូច្នេះសម្ដេចចៅហ៊្វាកៅយល់បានការហើយ ក៏ពួយមួយលំពែងទៅត្រូវសម្ដេចពញាបែនធ្លាក់ពីសេះស្លាប់មួយរំពេច។ ឯមេទ័ពខាងលិចទាំងបីកងលើកទៅដល់ក៏បរពលចូលច្បាំង។ សម្ដេចចៅហ៊្វាកៅឃើញទ័ពខាងលិចច្រើនលើសលប់កំលាំងក៏បរសេះរត់ទៅតាមព្រះស្ដេចកនកំពុងរត់ក្នុងផ្លូវរំលោង លុះឃើញសម្ដេចចៅហ៊្វាកៅមកដល់ហើយក៏នាំស្រូតទៅ។ រំពេចនោះឧកញ៉ាមហាមន្ដ្រី យល់ទ័ពខ្មាំងនៅក្នុងរំលោង ហើយក៏បរពលស្កាត់ស្ទាក់ពីមុខភ្លាម។ ទ័ពខ្មាំងនឹងវាយទំលាយទៅក៏ពុំរួចនឹងងាកឆ្វេងស្ដាំក៏ពុំបាន ព្រោះទើសច្រាំងខ្ពស់ណាស់ និងថយក្រោយក៏ពុំបានឡើយ ហើយកងទ័ពពីក្រោយក៏ដេញមកដែរ។ ឃុនហ្លួងព្រះស្ដេចកនភ័យណាស់ ទើបប្រឹក្សានឹងសម្ដេចចៅហ៊្វាកៅថា យើងម្ដងនេះនឹងរត់ទៅខាងណាក៏ពុំបាន ព្រោះសងខាងមានច្រាំងខណ្ឌខាងមុខមានគេបោះស្កាត់ខាងក្រោយទ័ពគេដេញនឹងជ្រែកទៅខាងណាក៏ពុំរួចដែរ យើងមុខជាស្លាប់នៅទីនេះពុំខាន។ និយាយរួចហើយហើយស្ដេចកន ក៏ក្រាបយំលើខ្នងសេះ។ សម្ដេចកៅយល់ដូច្នោះហើយ ក៏ចាប់ដៃទាញឡើងហើយថាបើមាស្លាប់សុំក្មួយស្លាប់តាម។ បើមាមានជីវិតរស់ទេ ក្មួយនឹងភ័យខ្លាច វាថ្វីថាហើយចៅហ៊្វាកៅក៏បោលសេះទំលាយចេញទៅ។ ឯព្រះសុទត្តយល់ទ័ពខ្មាំងជាប់ចំណោមហើយក៏បរពលកាំភ្លើង ២៥០ នាក់ទៅឈរបាញ់ពីមាត់ច្រាំងត្រូវពលខ្មាំងស្លាប់ជាច្រើនណាស់។ សម្ដេចកៅយល់ដូច្នោះហើយក៏ស្រែកប្រកាសថា បើយើងមិនខំប្រឹងគង់នឹងស្លាប់គ្រាប់កាំភ្លើងគេទាំងអស់ជាមិនខាន យើងស៊ូចូលទៅប្រកាប់ បើស្លាប់នឹងប្រយុទ្ធគេយើងក៏មានកេរ្តិ៍ឈ្មោះដែរ បើរស់យើងក៏រស់បានរួចទៅដល់បន្ទាយជួបប្រពន្ធកូនជាមិនខាន។ ឯអស់ពួកខ្មាំងស្ដាប់ឮអស់ហើយក៏ចូលចិត្ដពួតដៃគ្នាចូលវាយទំលាយទ័ពមុខត្រាតែរួចចេញមកនៅសល់តែមនុស្ស ៥០០០ នាក់ក្រៅពីនោះស្លាប់អស់។ កងទ័ពទាំងនោះក៏ខំស្រូតរូតរត់ទៅដល់ច្រកចង្អៀតផ្លូវភ្នំពានជាំងអស់កំលាំងណាស់ក៏នាំគ្នាឈប់ដាំបាយស៊ី។ ឧកញ៉ាមហាទេពឃើញហើយក៏ប្រមៀលដុំថ្មបាញ់កាំភ្លើង ធ្នូ ស្នាត្រូវពួកស្ដេចកនស្លាប់ជាច្រើននាក់ទៀត។ ព្រះស្ដេចកន និងចៅហ៊្វាកៅព្រមទាំងពលទាហាន ៥០០០ នាក់នាំគ្នារត់ទៅទៀត។ ឧកញ៉ាមហាទេពដេញតាមទៅឃើញច្រកចង្អៀតណាស់ ក្រែងចាញ់កលឧបាយសត្រូវក៏វាយស្គរហៅពលថយមកជួបនឹងកងទ័ពទាំង ៥ កងវិញហើយនាំគ្នាទៅក្រាបបង្គំទូលសម្ដេចបរមខត្តិយាមហាចន្ទរាជាសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ត្រាស់ថា៖ សម្ដេចចៅពញាបែនស្លាប់ចាប់ខ្មាំងមិនបាន ហើយទ្រង់ស្ដាយណាស់ ទ្រង់មានព្រះបន្ទូលថា ចៅពញាបែនមិនគួរជាស្លាប់ក្នុងដៃអាខ្មាំងឡើយ។ ទ្រង់ព្រះពិរោធនឹងពួកអាខ្មាំងណាស់ ទើបទ្រង់ត្រាស់ឲ្យឧកញ៉ាយមរាជសួសឃុំពល២០០០០ នាក់ទៅវាយបន្ទាយពិជ័យនគរ ឧកញ៉ាវាំងឃុំពល ២០០០០ នាក់ទៅវាយទិសខាងលិច ឲ្យសម្ដេចព្រះភាគិយ្យយសរាជាជាកែវនាយកមេទ័ពធំត្រួតត្រាលើមេទ័ពទាំងអស់។ មេទ័ពទាំងបីកងក៏លើកពលចោមបន្ទាយតាមត្រាស់បង្គាប់រៀងៗខ្លួនពុំមានធ្វេសប្រហែសឡើយ។ (សាស្ដ្រាទាំងប៉ុន្មាននិយាយថា ព្រះបរមខិត្ដិយាមហាចន្ទរាជាឲ្យលើកទ័ពទៅប្រាំកង តែរាប់ឈ្មោះមេទ័ពឃើញតែបីកង)។ សម្ដេចចៅហ៊្វាកៅដែល នាំព្រះស្រីជេដ្ឋាព្រះស្ដេចកនរត់ទៅនោះលុះរត់ទៅដល់បន្ទាយហើយ ក៏រួបរួមនឹងសម្ដេចចៅពញាហែង ចៅពញាចក្រី និងចៅពញាស្នងធ្នឹមព្រះនគរជាលន់នឹងចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំងតាំងឲ្យត្រួតត្រារក្សាពុំហ៊ានធ្វេសប្រហែសទាំងយប់ទាំងថ្ងៃ។ មេទ័ពទាំងបីកងខាងព្រះបរមខត្តិយាមហាចន្ទរាជា លុះលើកទៅដល់បង្គាប់ពលឲ្យឡើងក្បាលបន្ទាយខាងសត្រូវអត់មានបង្អែបង្អង់ឡើយ។ ពួកពលខ្មាំងក៏ពួយនឹងលំពែង បាញ់នឹងកាំភ្លើង ប្រមៀលដុំថ្មទំលាក់មកត្រូវអស់រេហ៍ពលមេទ័ពខាងលិចបណ្ដាលឲ្យស្លុតស្លាប់អស់ជាច្រើន។ មេទ័ពខាងលិចយល់ថា ទ្រាំពុំបានហើយក៏វាយស្គរបរពលថយមកវិញ មេទ័ពខាងលិចព្យាយាមបរពលឲ្យចូលចោមបន្ទាយព្រះស្ដេចកនឥតមានឈប់ឈរ តែឡើងបន្ទាយនោះពុំបានត្បិតបន្ទាយនោះធំហើយខ្ពស់ណាស់។ ក្នុងខណៈនោះ ចូលក្នុងឆ្នាំមមី ចត្វាស័ក ព.ស ២០៦៦, គ.ស ១៥២២, ម.ស ១៤៤៤, ច.ស ៨៨៤ ខែជេស្ឋ ដែលគួរទុកឱកាសឲ្យរាស្ដ្រធ្វើស្រែចំការច្បារដំណាំ ទើបសម្ដេចព្រះស្រីជេដ្ឋា ម្ចាស់ផែនដីគ្រប់គ្រងពិជ័យនគរមានព្រះរាជសារចាត់ឲ្យចៅពញាមន្ដ្រីជារាជទូតនាំទៅថ្វាយព្រះបរមខត្តិយាមហាបពិត្រជាអម្ចាស់ជីវិតលើត្បូងផែនដីត្រើយខាងលិច ដែលមានសេចក្ដីថា៖ ព្រះរាជសារមហាទ័ពវិសេស ព្រះបាទសម្ដេច ស្ដេចព្រះរាជឱង្ការ ព្រះស្រីជេដ្ឋា បរមខត្តិយាមហាធិបតីសិរីយសោធរ គ្រងពិជ័យនគរបវររាជធានីជាអម្ចាស់លើត្បូង។ ចំរើនផ្លូវព្រះរាជមេត្រីមកព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះមហាចន្ទរាជារាមាធិបតីទិសខាងលិចបានទ្រង់ជ្រាប។ យើងធ្វើមហាពិជ័យសង្គ្រាមនឹងគ្នាជាអង្វែងឆ្នាំមកហើយ អស់អាណាប្រជានុរាស្ដ្រ ទាសកម្មករ បវររាជធានី ក៏នឿយព្រួយព្រាត់ប្រាស់បុត្រភរិយាជាច្រើន។ ឥឡូវនេះរដូវដែលត្រូវឲ្យរាស្ដ្រធ្វើស្រែក៏មកដល់ហើយ។ យើងជាម្ចាស់ផែនដីទិសខាងកើតយល់ថា គួរឈប់ធ្វើសង្គ្រាមមួយវេលា បង្អង់ឲ្យរាស្ដ្រធ្វើស្រែចំការសិន លុះរាស្ដ្រធ្វើរួចកាលណាសុំយើងធ្វើសង្គ្រាមល្បងព្រះបារមីតទៅ ទៀត។ ព្រះអង្គជាអម្ចាស់ទិសខាងលិចយល់ដូចម្ដេច? ថាបើយល់ព្រមហើយ ឲ្យរំសាយកងទ័ពទៅធ្វើស្រែចំការយកប្រយោជន៍ចិញ្ចឹមបុត្រភរិយាតាមប្រវេណីចុះ។ ព្រះបាទសម្ដេចព្រះបរមខត្តិយាមហាចន្ទរាជាធិរាជជាអម្ចាស់លើត្បូង ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រាស់ និងព្រះរាជទូតថា ម្ចាស់ឯងគិតនេះក៏ត្រឹមត្រូវតាមផ្លូវច្បាប់ហើយ។ សេចក្ដីនេះអញយល់ព្រមតាមហើយ តែឲ្យម្ចាស់ឯងរំលាយកងទ័ពទៅជាមុនចុះចាំអញរំសាយកងទ័ពទៅតាមក្រោយ។ វេលានោះ ចៅពញាមន្ដ្រីរាជទូតក៏ថ្វាយបង្គំត្រឡប់ទៅក្រាបទូលសម្ដេចព្រះស្រីជេដ្ឋាវិញ។ សម្ដេចព្រះស្រីជេដ្ឋាគឺព្រះស្ដេចកន បានទ្រង់ជ្រាបហើយក៏ឲ្យរំសាយកងទ័ពទៅធ្វើស្រែចំការតាមភូមិលំនៅទីទៃៗ។
ព័ទ្ធក្រុងស្រឡប់ដូនតី
[កែប្រែ]សម្ដេចស្រីជេដ្ឋា ព្រះអង្គគ្រងពិជ័យព្រៃនគរ លុះដល់ខែមិគសិរ បុស្ស ហើយទ្រង់គិតថា ទ្រង់នឹងធ្វើសង្គ្រាមយកជ័យជំនះលើសម្ដេចចៅពញាចន្ទរាជាក្នុងគ្រានេះឲ្យខាងតែបាន ទើបទ្រង់ត្រាស់បង្គាប់ចៅហ៊្វាកៅ សម្ដេចចៅពញាហែង ចៅពញាស្នងធ្នឹមព្រះនគរ ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល និងចៅពញាលំពាំងជាសេនាបតីឲ្យកេណ្ឌរេហ៍ពលបាន ១៥០០០ នាក់មកសមហាត់ឲ្យស្ទាត់ ហើយនឹងយកទៅវាយបន្ទាយក្ដុលវិញ។ បើមានជ័យជំនះហើយ ទ្រង់នឹងលើករហូតដល់បន្ទាយមានជ័យ (ពោធិ៍សាត់) សំរេចផែនដីក្នុងឆ្នាំនេះឲ្យបាន។ សេនាបតីទាំងប្រាំមួយនាក់ ក៏ថ្វាយបង្គំលាចេញទៅចាត់សំបុត្រឲ្យកេណ្ឌមកគ្រប់គ្រាន់តាមព្រះបន្ទូលពិសេស។ សេចក្ដីដែលកេណ្ឌរេហ៍ពលមកសមហាត់នេះឮសូរសព្ទទៅដល់សម្ដេចព្រះភគិនេយ្យោយសរាជាជាកែវនាយកទើបទ្រង់ត្រាស់ប្រឹក្សានឹងឧកញ៉ាចក្រីទេព ឧកញ៉ាសួគ៌ាលោកសុខ កូនពញាមឿង និងសម្ដេចចៅពញាកែវ ចៅពញាឧទ័យធិរាជ ចៅពញាតេជោនោះអស់នាយកងទ័ពថា ពលគេដល់ទៅ១៥០០០០ នាក់ ពលយើងមានតែ ៤០០០ នាក់ដូច្នោះនឹងគិតដូចម្ដេចកើត។ វេលានោះ ឧកញ៉ាចក្រីកែវ ចៅពញាសួគ៌ាលោកសុខ កូនពញាមឿងយកសេចក្ដីក្រាបទូលពលយើងសម្ដេចព្រះបរមបពិត្រជាអម្ចាស់ ទ្រង់ឲ្យបន្ថយអស់ទៅហើយ បើយើងនឹងទៅកេណ្ឌថែមទៀត ក្រែងពុំទាន់ តែកាលបិតាទូលព្រះបង្គំលោតអន្លង់សំលាប់ខ្លួនទៅកេណ្ឌទ័ពបិសាចឲ្យជួយធ្វើការនោះ បានផ្ដាំទុកនឹងចៅពញាចន្ទ មេស្មឹងជាភឿនថា បើម្ចាស់ផែនដីមានសេចក្ដីទ័លធុរៈដូចម្ដេច កុំឲ្យស្ដេចមានបន្ទូលផ្ទាល់ថាឲ្យមេស្មឹងនិយាយឆ្លងព្រះបន្ទូល លោកនឹងកេណ្ឌទ័ពបិសាចមកជួយឲ្យបានសំរេច។ ឥឡូវការណ៍យើងក៏ប្រទាលខ្លួនណាស់ហើយ គួរយើងធ្វើតាមបណ្ដាំនោះល្បងមើល សម្ដេចព្រះភគិនេយ្យោយសរាជាជាកែវនាយកទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យចៅពញាចន្ទ មេស្មឹង ចូលមកត្រាស់ប្រាប់ដូនកូនពញាមឿងពីរនាក់យកសេចក្ដីក្រាបបង្គំទូល។ ខណៈនោះ ពញាចន្ទ មេស្មឹងទទួលព្រះបន្ទូលពិសេសហើយក៏ឲ្យធ្វើរោងរាជវ័តិ និងឆត្រ គ្រឿងសក្ការៈបូជា ស្លៀកសស្រេចហើយ ក៏ចូលទៅក្នុងរោងរាជពិធីឧទ្ទិសដល់ខ្មោចពញាមឿងថាសុំឲ្យពញាជួយឲ្យបានសំរេចដូចជួយការណ៍ក្នុងខែត្រពោធិ៍សាត់។ ក្នុងគ្រានោះបិសាចពញាមឿងចូលសណ្ឋិតនឹងមេស្មឹង ហើយប្រាប់កូនទាំងពីរថាឲ្យយកចំបើងចងជារូបមនុស្សឲ្យកាន់ប្រឆេះឲ្យពួកពលចេះតែតាំងហ៊ោបាញ់កាំភ្លើងពីចំងាយទៅសុំយើងកេណ្ឌទ័ពបិសាចទៅជួយឲ្យសំរេច។ វេលានោះកូនពញាមឿងទាំងពីរនាក់ លុះដល់ពេលយប់ហើយឲ្យរេហ៍ពលយកចំបើងចងជារូបមនុស្សរួចចងប្រឆេះនៅរូបចំបើងនោះយកទៅដាក់នៅក្បាលត្រោកជុំវិញបន្ទាយព្រះស្ដេចកន។ ឯបិសាចពញាមឿងក៏កេណ្ឌឲ្យតាំងហ៊ោបីដូចគេប្លន់យកបន្ទាយ។ ទ័ពស្ដេចកនឮហើយ ក៏តាំងតែបាញ់កាំភ្លើង ធ្នូ ស្នាចោលដុំថ្មពីក្នុងបន្ទាយមកជាច្រើនរាត្រី។ សម្ដេចចៅហ៊្វាកៅធ្វើតែដូច្នោះ ១៥ រាត្រី។ កងទ័ពក្នុងបន្ទាយបាញ់អស់ព្រួញ ធ្នូ ស្នា នឹងជិតអស់ទាំងគ្រាប់រំសេវលុះដល់យប់គំរប់ ១៥ នោះស្រាប់តែឮតាំងហ៊ោទូងស្គរក្រោមដី និងលើអាកាសដូចរន្ទះ កក្រើកទាំងព្រះធរណី ធូលីក៏បក់បោកចូលភ្នែក។ អស់សេនាទាហានទ្រាំពុំបានក៏បើកទ្វារបន្ទាយខាងកើត ហើយរត់ទៅទិសអាគ្នេយ៍ប៉ងទៅខែត្ររោងដំរីដើម្បីទៅពឹងប្រទេសចាមឲ្យជួយ។ កងទ័ពបិសាចបណ្ដាលអាត្មាឲ្យឃើញកងទ័ពឈរតាំងហ៊ោតាមផ្លូវថ្នល់ដល់ទៅខែត្ររោងដំរីនោះ។ ឯព្រះស្ដេចកន សម្ដេចចៅហ៊្វាកៅ ចក្រី និងស្នងធ្នឹមព្រះនគរជាលន់នាំអ្នកម្នាងជាលែងរត់ចេញតាមទ្វារប៉មទិសឦសានដើម្បីទៅទិសខាងជើងកាត់ស្រុកលាវ។ លុះទៅដល់ព្រៃមួយអន្លើឲ្យបោះទ័ពបង្អង់នៅទីនោះ យូរទៅជាប់ឈ្មោះបង្អង់យារៗមក ហៅហូរជើងវាំង។ ទីនោះជាព្រៃគគីរមានដើមគគីរជាច្រើន ព្រះស្ដេចកនឃើញដើមគគីរមួយធំក្រៃលែងឲ្យបាំងស្រមោលវាស់លមើលឃើញ ២៤ ព្យាម សំណុំ ៩ ព្យាម ទើបព្រះស្ដេចកនប្រឹក្សានឹងអស់មន្ដ្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមានទូកសារាយអណ្ដែតវែងតែ ១៨ ព្យាម ទើបព្រះស្ដេចកននឹងអស់មន្ដ្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមានទូកសារាយអណ្ដែតវែងតែ ១៨ ព្យាម។ ដូច្នោះគួរយើងឲ្យកាប់ដើមគគីរធ្វើទូកឲ្យបានជាស្រេច ហើយនឹងឲ្យរាជសារទៅបបួលចៅពញាចន្ទរាជាអុំភ្នាល់ដាក់ព្រះនគរ។ បើមិនភ្នាល់ យើងនឹងឲ្យរេហ៍ពលតាំងហ៊ោចំអកចំអន់ឲ្យឈឺចិត្ដ។ បើហ៊ានអុំភ្នាល់ទូកយើងវែងជាងដល់ទៅ ៧ ព្យាមនោះគង់មានជ័យជំនះដោយងាយបាន។ គិតព្រមព្រៀងគ្នាហើយ ស្ដេចកនក៏ឲ្យរេហ៍ពលកាប់ដើមគគីរនោះចាំងលុងបានជាទូក-ងមួយវែង ២៥ ព្យាម ទទឹង ១២ ហត្ថទើបឲ្យឈ្មោះព្រៃគគីរនោះហៅថា ព្រៃគគីររៀងមក។ ឯទូកដែលកាប់បាននោះសិតពុំទាន់រួច ហើយស្ដេចកនឲ្យអូសយកទៅធ្វើនៅឯបន្ទាយសង់រោង និងសិតទូកនោះ ហើយឲ្យសាងព្រះចេតិយមួយគិតនឹងយកបន្ទាយសាងថ្មីនេះជាមហានគរ។ កំពុងតែសាងព្រះចេតិយធ្វើបន្ទាយ នឹងសិតទូកនោះ កងទ័ពបិសាចក៏តាមទៅសំដែងឫទ្ធិតាំងហ៊ោឮសូរសព្ទដូចជាស្គររន្ទះទាំងផែនប្រឹថពី។ ស្ដេចកន ចៅហ៊្វាកៅ និងអស់នាយកងទ័ពមើលមិនឃើញច្បាំងពុំកើត ឃើញប្លែកអស្ចារ្យណាស់ទ្រាំពុំបានក៏នាំគ្នារត់ពីទីនោះទៅទៀត។ ស្ដេចកន សម្ដេចកៅ សម្ដេចចៅពញាហែងរត់បែកគ្នាទៅចុងម្ខាង ឯអ្នកម្នាងជាលែង និងចក្រីនីរត់បែកផ្លូវទៅទិសខាងត្បូងទៅដល់ភូមិគោកស្រុក ហើយទីដែលបែកផ្លូវនោះជាប់ហៅភូមិនាងឃ្វាងផ្លូវយារៗមកហៅថាភូមិស៊ាងឃ្វាង។ ក្រោយមកអ្នកម្នាងជាលែងរត់ទៅទៀតចូលព្រៃលេចវាលគិតថា ក្រែងស្ដេចកនតាមរកខ្លួនពុំឃើញក៏កាត់សក់ចងនឹងមែកឈើនោះប្រាថ្នាឲ្យស្ដេចកនឃើញហើយតាមរកបានជាជាប់ហៅវាលចងសក់ដល់សព្វថ្ងៃនេះ។ តមកទៀតនាងដើរហួសទៅទៀតត្រូវថ្ងៃក្ដៅណាស់ ខណៈនោះមានសត្វខ្លែងមួយហ្វូងចំកាងស្លាប ហើរបាំងពីលើមិនឲ្យក្ដៅ លុះមានគេទៅនៅភូមិនោះក៏ជាប់ឈ្មោះហៅថា ភូមិបង្ហើរខ្លែង។ នាងដើរហួសទៅទៀត ឃើញត្រពាំងមួយទឹកថ្លាល្អ នាងក៏ចូលទៅកក់ក្បាលនៅទីនោះ លុះមានគេទៅនៅភូមិបានជាប់ឈ្មោះហៅថា ភូមិស្រែកក់រៀងមក។ នាងដើរទៅទៀតមានអូរមួយនឹងដើរឆ្លងមិនរួចនាងបន់ដល់អ្នកតាបង់បត់សុំឲ្យមានទូកឆ្លង ពេលនោះអ្នកតាបង់បត់តំណែងជាក្រពើមួយឲ្យនាងដើរជាន់ឆ្លងទៅក្រពើនោះប្រែក្លាយទៅជាក្រពើថ្មរហូតដល់សព្វថ្ងៃនេះ គេហៅថាភូមិភាគក្រពើរៀងមក។ នាងដើរហួសទៅទៀតរោយជើងដើរពុំរួចអស់កងទ័ពសុំពរនាងនៅទួលនោះ សព្វថ្ងៃនេះជាប់ហៅថា ទួលសុំពរ។ លុះដើរទៅទៀត នាងសួសជាមាតានាងជាលែង រោយជើងដើរមិនរួច ចៅពញាចក្រីនីឲ្យយកសំពត់ធ្វើអង្រឹង ហើយយកដងផ្គាក់ធ្វើស្នែង សព្វថ្ងៃនេះជាប់ឈ្មោះហៅថា ព្រែកដងផ្គាក់។ តពីនេះទៅទៀតដល់វាលមួយអន្លើ ធ្លាក់ខ្នើយនាងសួសពីអង្រឹងបានជាជាប់ឈ្មោះហៅថា វាលជ្រុះខ្នើយ។ លុះទៅដល់អូរមួយអន្លើ ចោលស្នែងដែលសែងនាងសួសនោះទៅក្នុងអូរនោះសព្វថ្ងៃគេហៅថា អូរចោលស្នែង។ ក្នុងស្រុកត្បូងឃ្មុំនោះមានអុងម៉ុងពីរ (ដូចដែលយើងបានពណ៌នារួចមកហើយក្នុងដើមនេះ) អ្នកស្រុកសន្មតហៅថា អុងម៉ុងព្រះមហោសថ។ អុងម៉ុងតូចនោះមានទំហំ ៧ ហត្ថបួនជ្រុង អុងម៉ុងធំនោះ មានទំហំ ១៣ ហត្ថបួនជ្រុង។ ទឹកដែលហូរលើអុងម៉ុងនោះធ្លាក់ទៅលើព្រែកឆ្លូងឆ្ពោះត្រង់ទៅស្រុកយួន។ លុះពេលសែងនាងទៅដល់អុងម៉ុងនោះសំរាកមួយសន្ទុះ នាងទៅពួនក្នុងហោងតូច សព្វថ្ងៃនេះគេហៅ អុងម៉ុងតូចនោះថា ហោងពលសែង។ លុះឃើញថាស្ងប់ស្ងាត់គ្មានកងទ័ពលើកតាមទេ នាងនាំបក្សពួកទៅដល់ហោងអុងម៉ុងធំនោះ នាងសួសទាំងកូន និងម្ដាយចូលទៅពួនក្នុងអុងម៉ុងនោះ សព្វថ្ងៃគេហៅថា ហោងពួន។ ពួកនេះហួសទៅខាងកើតបានជួបជុំព្រះស្ដេចកន សម្ដេចកៅ។ ស្ដេចកនជំនុំគ្នានឹងធ្វើបន្ទាយទៀត តែធ្វើមិនកើត លុះមានគេទៅនៅភូមិនោះជាប់ឈ្មោះថាភូមិស្រែបន្ទាយ។ រត់ពីនោះទៅទៀតដល់វាលមួយវែងបណ្ដោយទៅខាងកើត ក្រោយមកមានគេទៅនៅស្រែ សព្វថ្ងៃនេះជាប់ហៅឈ្មោះភូមិស្រែវែង។ រត់ទៅទៀតច្រឡំផ្លូវលោជាគេចទៅឦសានព្រៃដែលមក។ ក្រោយមកមានគេទៅនៅសព្វថ្ងៃនេះហៅថា ភូមិរលា រៀងមក។ បក្សពួកស្ដេចកននាំគ្នារត់ទៅទិសខាងកើតទៀតជួបនឹងស្វាសមួយ ស្វានោះ ក៏បេះផល្លានុផលទំលាក់មកឲ្យក្រោយមកគេទៅរានភូមិនៅសព្វថ្ងៃនេះជាប់ជាភូមិស្វាស។ រត់ទៅឯកើតទៅទៀត ដល់ចំការពោតមួយអន្លើ ម្ចាស់ចំការឈ្មោះថៅកែ យកពោតមកថ្វាយស្ដេចកន ហើយស្ដេចកនឲ្យពរថាឲ្យរកស៊ីកើតកាលវាលគុម្ព។ លុះក្រោយមកមានគេទៅនៅគេហៅថា ភូមិជីកែ រៀងមក។ រត់ទៅទិសខាងកើតស្ដេចនឹងនាងអស់កំលាំងណាស់ អស់ពួកពលឃើញថ្មមួយដុំចាំងធ្វើជាគ្រែ បណ្ដោយ ៦ ហត្ថ កំពស់ ១ ហត្ថ ទទឹង ៣ ហត្ថថ្វាយស្ដេចផ្ទុំលុះក្រោយមកមានគេទៅរាន ភូមិនៅគេហៅ ភូមិថ្មគ្រែ។ ឯសម្ដេចចៅហ៊្វាកៅ ចៅពញាចក្រីនី ចៅពញាវៀង ចៅពញាវាំង ៤ នាយនេះកាលភ័យពេកក៏រត់បែកគ្នា ចូលទៅខែត្របាភ្នំ មឿងរមាសហែកមានស្ម័គ្របក្សពួក ២០០ នាក់។ វេលានោះកងទ័ពនាយទាំង ៤ បានប្រទះនឹងចៅពញាសួគ៌ាលោកសុខ កូនពញាមឿង កងទ័ពទៅដេញរត់ទៅទៀត។ ឯស្ដេចកនឃ្លានបាយណាស់ ក៏ឈប់ឲ្យដាំបាយ តែដាំពុំទាន់ឆ្អិន ទ័ពគេទៅដល់ក៏រត់ទៅចោលបាយនៅទីនោះទាំងបាយឆៅផង។ លុះកងទ័ពចៅពញាសួគ៌ាលោកទៅដល់ក៏យកបាយឆៅនោះស៊ី ក្រោយមកទៀតមានគេទៅរានភូមិនៅគេ ហៅ ភូមិបាយឆៅរៀងមក។ ឯនាយកងទ័ពខ្មាំងទាំង ៤ នាក់ឃើញត្រឡាចផ្លែក្នុងព្រៃក៏បបួលគ្នាបេះ។ កំពុងតែបេះនោះទ័ពគេទៅដល់ចាក់កាប់សំលាប់ចៅពញាវៀង ចៅពញាវាំង ហើយទ័ពដែលនៅសល់ក៏បែករត់ទៅទៀត។
ឯកសារយោង
[កែប្រែ]- ឯកសារមហាបុរសខ្មែរ
យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ វាំងនៅ |
ចៅពញាវាំងនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ ១៥១៩-ដើមសតវត្សទី១៦ |
តដោយ វាំង (ចន្ទរាជា) |