ឧកញ៉ាព្រះឃ្លាំងនង
ឧកញ៉ា ព្រះឃ្លាំងនង អ្នកនិពន្ធខ្មែរ ស.វទី១៨ (ឧកញ៉ា គឺជាស័ក ព្រះឃ្លាំង គឺជាងារ (តំណែង) និង នង គឺជាឈ្មោះគាត់ ) ។
ប្រវត្តិ
[កែប្រែ]តាមឯកសារខ្លះ មានព្រះរាជពង្សាវតារនៃប្រទេសកម្ពុជា និងឯកសារបរទេសខ្លះបានពោលត្រួសៗនូវជីវប្រវត្តិនៃអ្នកនិពន្ធរូបនេះ។ អ្នកឧកញ៉ា ពិទូឈឹមក្រសេមបានពោលថា ឧកញ៉ាវង្សា ពេជ្ញ នង ជាប្អូនបង្កើតរបស់ព្រះមាតានៃព្រះបាទនរោត្ដម។
ប្រវត្តិសិក្សា
[កែប្រែ]ឧកញ៉ា ព្រះឃ្លាំងនង បានបួសរៀនបរិយត្តិធម៌ដែរ តែមិនឃើញមានឯកសារណានិយាយបញ្ជាក់ឲច្បាស់ថាលោកបានសិក្សាដល់ថ្នាក់ណានោះទេ។ ព្រះឃ្លាំងនងដែលស្ថិតក្នុងភាពជាភិក្ខុ បានធ្វើជាចៅអធិការវត្តចតុទិសក្រុងឧត្តុង្គ។ លោកបានទទួលសមណសក្តិជា មហាព្រហ្មមុនី។ នៅពេលដែលលោកបានទទួលសមណសក្តិ លោកបានធ្វើជាព្រះរាជគ្រូនៃព្រះរាជបុត្ររបស់ សម្តេចព្រះនរាយណ៍រាមាធិបតី ៤ព្រះអង្គគឺ ព្រះអង្គចន្ទ ព្រះអង្គស្ងូន ព្រះអង្គអឹម និងព្រះអង្គឌួង។ លោកមិនត្រឹមតែជាគ្រូប៉ុណ្ណោះទេ ថែមទាំងបានធ្វើជាព្រះរាជឧបជ្ឈាយ៍បំបួសព្រះអង្គឌួង ជាសាមណេរនៅឆ្នាំមមែ ត្រីស័ក គ.ស១៨១០។ នៅឆ្នាំវក ចត្វាស័ក គ.ស១៨១១ ព្រះអង្គអឹម និងព្រះអង្គឌួងយាងទៅបាងកក ព្រះមហាព្រហ្មមុនីនង បាននិមន្តជូនដំណើរព្រះរាជបុត្រា ទាំង២ ហើយគង់នៅបាងកកជាមួយព្រះបុត្រាទាំង២រហូតដល់ត្រលប់មកវិញ លោកក៏និមន្តត្រលប់មកវិញដែរ។ លោកមកគង់នៅស្រុកមង្គលបុរី ខេត្តបាត់ដំបង។ លោកមិនដឹងជាចាក សិក្ខាបទនៅឆ្នាំណានោះទេ តែនៅក្នុងពង្សាវតារក្រុងកម្ពុជាធិបតី ឃើញមានងារ មហាព្រហ្មមុនី បានទៅលើភិក្ខុ១អង្គផ្សេងទៀតព្រះនាម ភិក្ខុ ម៉ា(ម៉ាង?)នៅឆ្នាំខាល ឆស័ក គ.ស១៨៥៤។
- ដូចនេះ យើងអាចសន្និដ្ឋានបានថា ព្រះមហាព្រហ្មមុនីនង បានលាចាកសិក្ខាបទមុនឆ្នាំ១៨៥៤។ ឧកញ៉ា ព្រះឃ្លាំងនង លាចាកសិក្ខាបទមករៀបការជាមួយនាង មាស ហើយបានកូនប្រុស ២នាក់ ស្រី៤នាក់។ លុះក្រោយមកព្រះហរិរក្សរាមា បានប្រទានអ្នកម្នាងតូច ឲធើ្វជាភរិយា១ទៀត ហើយអ្នកម្នាងនេះមានកូនប្រុស ២នាក់ ស្រី១នាក់។
ប្រវត្តិការងារ
[កែប្រែ]បេសកកម្ម
[កែប្រែ]នៅឆ្នាំវក ទោស័ក គ.ស១៨៦០ ស្តេចនរោត្ដមបានបញ្ជាឲឧកញ៉ាព្រះឃ្លាំងនង ដែលក្នុងងារជាឧកញ៉ាធិរាជមន្ត្រី។ ធើ្វជាប្រតិភូជាមួយឧកញ៉ាស្រីធម្មរាជ ហែម និងឧកញ៉ាសន្ធររចនា សៅ ឲទៅបាងកក ដើម្បីនាំរាជសារក្រាបបង្គំទូលព្រះចៅ ចមក្លាវ អំពីការចូលទីវង្គតនៃព្រះអង្គឌួង។
ងារស័ក
[កែប្រែ]កាលនៅភិក្ខុ ឧកញ៉ា ព្រះឃ្លាំងនងបានធើ្វជាចៅអធិការវត្តចតុទិស, ឧត្តុង្គ។
- ធើ្វជាព្រះឧបជ្ឈាយ៍បំបួសព្រះអង្គឌួង
- មានសមណស័កជា ព្រះមហាព្រហ្មមុនី
កាលនៅជាគ្រហស្ថ មានងារស័ក៖
- ឧកញ៉ាវង្សាក្សត្រិយ
- ឧកញ៉ាធិរាជមន្រ្តី
- ឧកញ៉ាព្រះឃ្លាំង
- ឧកញ៉ាវង្សាពេជ្ញ
ស្នាដៃ
[កែប្រែ]ឧកញ៉ា ព្រះឃាំ្លងនង ជាកវីឯកនៅក្នុងរាជព្រះអង្គអេង និងព្រះអង្គចន្ទ។ ពិតមែនតែលោកជាកវីនៅសម័យនោះ តែស្នាដៃរបស់លោកមានកេរ្តិ៍ឈ្មោះល្បីសុះសាយមកក្នុងរាជកាលស្តេច ហរិរក្សរាមាឥស្សារាធិបតីព្រះអង្គឌួង។ លោកបានផ្ចិតផ្ចង់រៀបរៀងខាងអក្សរសាស្រ្តជាច្រើនរហូតដល់បានឡើងងារជាឧកញ៉ា ព្រះឃ្លាំង គឺងារជាក្រុមព្រះរាជបណ្ឌិត ហើយលោកក៏ជាកវី របស់ស្តេចផងដែរ។ ស្នាដៃរបស់លោកដែលឆើតខាងអក្សរសាស្ត្រមានច្រើន។ ឧកញ៉ា ព្រះឃ្លាំងនង បានបន្សល់ទុកនូវស្នាដៃរបស់លោកដែលយើងបានរកឃើញគឺ៖
ច្បាប់សុភាសិត គ.ស១៧៩០ លោបនេយ្យជាត៌ក គ.ស១៧៩៤ ប៉ុញ្ញាសាសិរសារ គ.ស១៧៩៧ ភោគកុលកុមារ គ.ស១៨០៤ វរនុជវរនេត្រ គ.ស១៨០៦ ព្រះសមុទ្រ គ.ស១៨០៨ ពង្សាវតារ គ.ស១៨១៨
ឯកសារពិគ្រោះក្នុងអត្ថបទ
[កែប្រែ]ស្រង់ចេញពីសៀវភៅ ឧកញ៉ាព្រះឃាំ្លងនង អ្នកនិពន្ធខ្មែរ ជីវប្រវត្តិនិងស្នាដៃ បោះពុម្ពដោយបណ្ណាគារ សេង ងួនហួត
ឯកសារយោង
[កែប្រែ]សៀងភៅ ជីវប្រវត្តិអ្នកនិពន្ធខ្មែរ, ជ័យ ចាប, ១៩៨៨