Jump to content

នរោត្តម

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី នរោត្ដម)

នរោត្តម

រជ្ជកាល ១៨៦០-១៩០៤

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៨៦០
រាជសម័យ សម័យកាលឧដុង្គ
សម័យកាលកម្ពុជាក្រោមអណានិគមបារាំង
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះមហា នរោត្តម បរមទេវតា
មរណៈនាម ព្រះ​សុវណ្ណ​កោដ្ឋ
ក្សត្រមុន រាមាធិបតីទី៤
រាជបន្ត សុីសុវត្ថិ
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ០៣ កុម្ភៈ ១៨៣៤ (បាងកក)
បុត្រ ៦២អង្គ
ចូលទីវង្គត់ ២៤ មេសា ១៩០៤
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)

នរោត្តមអង្គវតី (អង់គ្លេស: Norodom) or (Ang Votei) (ប្រ.ស|គ.ស ១៨៣៤-១៩០៤) រជ្ជកាលគ្រងរាជ (គ.ស ១៨៦០-១៩០៤) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២៤០៤ ត្រូវនិង គ.សករាជ ១៨៦០ ត្រូវនិង មហាសករាជ ១៧៨៣ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះមហា នរោត្តម បរមទេវតា ទ្រង់ជាបុត្រាទី៣ នៃព្រះរាមាធិបតី អង្គឌួង ហើយទ្រង់ឡើងសោយរាជដោយមានការជ្រោមជ្រែងគាំទ្រពីសំណាក់ពួកមហាអំណាចបារាំងផងដែរ ។[]

បរមនាម

[កែប្រែ]

Royal Name

ព្រះនរោត្តម ទ្រង់ប្រសូតនៅទីក្រុងបាងកក នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ១៨៣៤ ក្នុងព្រះនាម អង្គច្រលឹង (Ang Chraleong) ដែលជាបរមនាមក្នុងបឋមវ័យ (វ័យកុមារ) នៅពេលដែលព្រះអង្គចម្រើនចូលដល់មជ្ឈិមវ័យ (វ័យជំទង់) ព្រះបាទអង្គឌួង ថ្វាយព្រះនាមថា អង្គវតី (Ang Votei) ព្រះនរោត្តម ដែលស្ថិតក្នុងវ័យជំទង់ ទ្រង់មានឋានៈជាព្រះឧភយោរាជ អ្នកស្នងរាជបល្ល័ង្ក ដូចនេះនាមុឺនសព្វមុខមន្ត្រីត្រូវហៅបរមនាមពេញរបស់ទ្រង់ថា ព្រះអង្គរាជាវត្តី (Preah Ang Reachea Votei) នាពេលដែល ព្រះអង្គរាជាវតី បានឡើងគ្រងរាជ ទ្រង់យកព្រះនាម សម្រាប់រាជថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះមហា នរោត្តម បរមទេវតា "Preah Bath Samdech Preah Reach Angkar Preah Maha Norodom Borom Devata" ព្រះអង្គយកឈ្មោះ នរោត្តម ដែលមានន័យថា "មនុស្សដ៏ខ្ពង់ខ្ពស់" ដែលសំយោគពាក្យពីរបញ្ចូលគ្នា ពាក្យ (នរ: + ឧត្តម) ហើយពាក្យ នរោត្តម នេះផងដែរបានប្រើប្រាសជា នាមត្រកូល សម្រាប់ពូជពង្សសន្តិវង្សនៃគ្រួសាររបស់ព្រះមហាក្សត្រដែលសោយរាជក្នុងពេលបច្ចុប្បន្ននេះ ។[]

  • ពាក្យ ទេវាវតារ ជាពាក្យសរសេរក្នុងសម័យបុរាណ ដែលប្រែមកជាការសរសេរបែបសម័យទំនើប ទេវតា ជាខេមរៈភាសា កម្ពុជាបច្ចុប្បន្ននេះ បានកែប្រែរបៀបសរសេរនៃពាក្យមួយចំនួន ដើម្បីងាយស្រួលក្នុងការប្រកប និង អានពាក្យ ដូចជាពាក្យ ឧត្តុង្គ ទៅជា ឧដុង្គ ។ អ្នកជំនាន់ក្រោយ ដែលតែងតែចង់អួតបង្ហាញស្នាដៃ ពួកគេបានទៅយកពាក្យដែលធ្វើការប្រែសម្រួលរួចហើយ យកមកច្របល់ និង ខេមរៈភាសា ម្ដងហើយម្ដងទៀត យូរៗទៅពួកគេចង់យករបៀបសរសេរ ជាទម្រង់រាប់រយឆ្នាំមុន យកមកច្របល់ជាមួយភាសាខ្មែរសម័យទំនើបទាំងមិនដឹងខ្យល់ មិនដឹងសូម្បីតែការវិវត្តនៃពាក្យ ដែលសម្ដេចសង្ឃរាជជួនណាត លោកបានចងក្រងជា វចនានុក្រមជាតិ មកដល់បច្ចុប្បន្ននេះ ។

ការបះបោររាជវង្ស

[កែប្រែ]

Royal Rebellion

ព្រះនរោត្តម ក្រោយពេលឡើងសោយរាជពីព្រះបាទអង្គឌួង អស់រយៈពេល ១ឆ្នាំ បានកើតមានវិបត្តិរាជវង្សដណ្ដើមរាជ គឺព្រះអង្គម្ចាស់ សុីវត្ថា (Si Votha) ដែលជាបុត្ររបស់ព្រះអង្គអិមទី២ ដែលត្រូវបានពួកចារកម្មអណ្ណាមចាប់យកទៅឃុំឃាំង នៅទីក្រុងហ្វេ ក្នុងព្រឹត្តិការណ៍ប៉ុនប៉ងដណ្ដើមរាជ ពីព្រះមហាក្សត្រីអង្គមុី ។ ក្នុងឆ្នាំ ១៨៦១ ព្រះអង្គម្ចាស់ ស៊ីវត្ថា បានបង្កើតចលនាបះបោរមួយ ដែលហៅចលនានោះថា "ចលនាសុីវត្ថា" ដែលបង្កើតឡើងដើម្បីប៉ុនប៉ងដណ្ដើមរាជពីព្រះបាទនរោត្តម ។ ក្នុងឆ្នាំ ១៨៦១ ដដែល កងកម្លាំងរបស់ព្រះអង្គម្ចាស់ សុីវត្ថា បានវាយចូលដណ្ដើមកាន់កាប់រាជវាំងឧដុង្គ ដូចនេះហើយ ព្រះនរោត្តម បាននាំយកគ្រឿងសម្រាប់រាជ ភៀសព្រះកាយ ទៅខេត្តបាត់ដំបង រួចបន្តដំណើរទៅកាន់នគរសៀមតែម្ដង ។ ចំណែកឯព្រះអង្គម្ចាស់ស៊ីវត្ថា មិនមានគ្រឿងសម្រាប់ឡើងសោយរាជនោះទេ ដូចនេះទ្រង់ត្រូវរងចាំ គ្រឿងសម្រាប់ឡើងសោយរាជថ្មីធ្វើរួច ទើបទ្រង់អាចឡើងសោយរាជជាផ្លូវការណ៍បាន ។ ព្រះនរោត្តម ដែលបានភៀសព្រះកាយទៅដល់នគរសៀម ទ្រង់បានស្នើសុំជំនួយស្ដេចសៀមរាមាទី៤ (Rama IV) សម្រាប់សិទ្ធិជ្រកកោននយោបាយផង និង ដើម្បីជួយរកមធ្យោបាយក្នុងការណ្ដើមយករាជបល្ល័ង្កត្រឡប់មកវិញ ។ នៅខែធ្នូ ឆ្នាំ១៨៦១ សៀមបានប្រកាសគាំទ្រ ព្រះនរោត្តម នៅចំពោះមុខក្រុមមន្ត្រី នៃព្រះអង្គម្ចាស់ស៊ីវត្ថា ក្រោយមក ក្នុងខែកុម្ភៈ ឆ្នាំ១៨៦២ សៀមបានបញ្ជូន ព្រះនរោត្តម មកដល់ខេត្តកំពតជាសម្ងាត់ ដើម្បីត្រៀមត្រឡប់មកគ្រងរាជនៅរាជធានីឧដុង្គវិញ ហើយស្ដេចសៀមបានបញ្ជូនកងទ័ពមួយចំនួនដែលបង្កប់នៅខេត្តពោធិសាត់ ឱ្យចូលទៅច្បាំងបណ្ដេញព្រះអង្គម្ចាស់សុីវត្ថា ចេញពីរាជធានីឧដុង្គ ព្រះអង្គម្ចាស់ស៊ីវត្ថា ដែលច្បាំងចាញ់សៀមនៅរាជធានី ឧដុង្គ បានភៀសព្រះកាយទៅលាក់ខ្លួននៅអណ្ណាម ។ នៅខែមីនា ឆ្នាំ១៨៦២ ព្រះនរោត្តមបានចាកចេញពីខេត្តកំពត ហើយត្រឡប់មកសោយរាជនៅរាជធានីឧដុង្គម្ដងទៀត ។[]

សន្ធិសញ្ញា កម្ពុជា-បារាំង ១៨៦៣

[កែប្រែ]

Cambodia-France Treaty 1863

Bonard Louis Adolphe , French governor of Cochinchina 1861-1863

សន្ធិសញ្ញា កម្ពុជា-បារាំង ត្រូវបានផ្ដួចផ្ដើមដោយព្រះបាទ នរោត្តម អំឡុងពេលដែលទ្រង់ត្រូវបានសៀមបញ្ជូនជាសម្ងាត់មកដល់ខេត្តកំពត ហើយទ្រង់បានចាត់បេសកជនជាសម្ងាត់ឱ្យនាំយកសំបុត្រមួយច្បាប់ មកជូនលោក "បូណាត លូហ្វីស អាលដុលហ្វេ" (Bonard Louis Adolphe) ដែលជាទេសាភិបាលបារាំង ប្រចាំដែនដីកូសាំងស៊ីន (Cochinchina) ដែលបារាំងបានច្បាំងដណ្ដើមពីពួកយួនតៃវៀតមុននេះ លោកបូណាត បានកាន់ដំណែងជាទេសាភិបាលនេះ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៨៦១ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៨៦៣ ។ លោកបូណាត កើតនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៨០៥ នៅឯឆឺប៊ួក (Cherbourg) ប្រទេសបារាំង លោកបានចូលសិក្សានៅសាលាពហុបច្ចេកទេស ក្រោយមកលោកបានចូលធ្វីជាកងទ័ពជើងទឹកបារាំងក្នុងឆ្នាំ ១៨២៥ ដែលពេលនោះរូបលោកផ្ទាល់បានវាយចូលកាន់កាប់ប្រទរស "អាល់ហ្សេរី" (Algeria) ។ នៅខែកញ្ញា ឆ្នាំ១៨៦២ លោកបូណាត បានចាកចេញពីកូសាំងស៊ីន មកដល់កម្ពុជា ដើម្បីចូលគាល់ព្រះបាទ នរោត្តម តបតាមការអញ្ជើញររបស់ព្រះមហាក្សត្រកម្ពុជា កិច្ចពិភាក្សាលើរបៀបវារៈរវាង ព្រះនរោត្តម និង ទេសាភិបាលបារាំងបានសម្រេចជាផ្លូវការណ៍ក្នុងការដាក់ប្រទេសកម្ពុជា ក្រោមកិច្ចការពាររបស់ប្រទេសបារាំង ចុះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ភាគីកម្ពុជាត្រូវផ្តល់សួយសារអាករទៅកាន់ប្រទេសបារាំង ចំណែកឯបារាំងធានាការពារកម្ពុជា មិនឱ្យប្រទេសណាមួយចូលឈ្លានពានកម្ពុជាបានឡើយ ។[]

សន្ធិសញ្ញា បារាំង-សៀម ១៨៦៤

[កែប្រែ]

France-Siam Treaty 1864

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. The "United States Joint Publications Research Service (JPRS) (1962) Translations on South and East Asia Volumes 153-173, Publisher: Joint Publications Research Service Original from the University of Wisconsin - Madison
  2. Centre national de la recherche scientifique (France) (1872) Journal asiatique, Publisher: Société asiatique. Original from the University of Michigan p.113
  3. Daniel George Edward Hall (1961) A History of South-East Asia, Publisher: Macmillan, Original from the University of California p.807
  4. Henri Russier (1914) Histoire sommaire du royaume de Cambodge des origines à nos jours, Language: French, Publisher: C. Ardin Original from Cornell University p.159