Jump to content

ឧកញ៉ាវៀត

ពីវិគីភីឌា
ឧកញ៉ាវៀត
ព្រះពិលៀងនៃកម្ពុជាធិបតី
ក្នុងការិយាល័យ
ប្រ.១៥១៦–ប្រ.ចុងសតវត្សទី១៦
ព្រះមហាក្សត្រចន្ទរាជា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
វៀត

ឧកញ៉ាវៀតជាព្រះពិលៀង ជាមេទ័ពនៃក្រុងមានជ័យ ឆ្នាំគ.ស ១៥១៦ ហើយបន្តចូលសម័យលង្វែក។ ក្នុងសមរភូមិនៅឯពោធិ៍សាត់បានប្រឡូកក្នុងសង្គ្រាមជាមួយព្រះចន្ទរាជា និងព្រះភាគិនេយ្យយសរាជារបស់ទ្រង់។ ក្នុងឯកសារមហាបុរសខ្មែរលោកជាមេទ័ពរក្សាបន្ទាយមានជ័យនៅឯពោធិ៍សាត់ជាមួយសម្ដេចព្រះភាគិនេយ្យយសរាជា

ការពារបន្ទាយពោធិ៍សាត់

[កែប្រែ]

ឯសម្ដេចចៅពញាចន្ទរាជា តាំងពីបានឈ្នះសង្គ្រាម សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវមក ទ្រង់ក៏តាំងឱ្យផ្ដើមកេណ្ឌប្រមូលកងទ័ពថែមទៀត។ ថ្ងៃមួយនោះ ទ្រង់ជ្រាបថា សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកបោះចោមបន្ទាយម្ដងទៀត តែពុំទាន់ឃើញចូលវាយ។ យប់នោះ ទ្រង់ចាត់ចែងតែងនាយកង នាយទ័ព តាមចំនួនដែលត្រូវការ ទ្រង់តាំងចៅពញាតេជៈសុខ កូនពៅនៃពញាពេជ្រឱ្យគ្រងងារជា "សេនាបតី" ធ្វើជាទ័ពមុខ ឃុំពល ៥០០០ នាក់ ឱ្យចៅពញាសួគ៌ាលោកទេពជាកូនទី៣ របស់ពញាពេជ្រធ្វើជាមេទ័ពឃុំពល ៥០០០ នាក់ ទៅនៅទល់មុខទ័ពនៃចៅពញាចក្រីកែវ និង នៃសម្ដេចចៅហ៊្វាកៅ ដែលមានពល ៣០០០០ នាក់ ជាទ័ពមុខ។ ព្រះចន្ទរាជាទ្រង់ពល ១៥០០០ នាក់ ជាទ័ពហ្លួង លើកតាមទៅជាក្រោយ រួចទ្រង់ឱ្យចៅពញាយសរាជា ជាព្រះភាគិនេយ្យ និង ឧកញ៉ាវៀត ជាព្រះពិលៀង ឃុំពល ៣០០០ នាក់ នៅរក្សាបន្ទាយ។ លុះចាត់ទ័ពស្រេច ហើយល្មមពេលព្រះចន្ទចរត្រង់ចំពីលើទ្រង់ហើយ សម្ដេចចៅពញាចន្ទរាជាក៏អុជ ទៀន ធូប ភ្ញី ផ្កា តាំងធ្វើនមស្ការ ទ្រង់ប្រតិស្ថានដល់គុណព្រះរតនត្រ័យ និង ព្រះព្រហ្ម បរមឥន្ទ្រាធិរាជ ព្រមទាំងទេវតាទាំងឆកាមាសួគ៌ ដែលមានឫទ្ធីសក្ដិសិទ្ធិ និង អ្នកតាឃ្លាំងមឿងថា: "ឱ្យយើងខ្ញុំមានជ័យជំនះឈ្នះបានសេចក្ដីសុខ ទាំងរេហ៍ពលសកលយោធា" ។ ទ្រង់បួងសួងស្រេចហើយ ស្ដេចឡើងគ្រងព្រះទីនាំងពិជ័យគជេន្ទ្របវរសសុទ្ធដ៏ប្រពៃ។ ខណៈនោះស្រាប់តែឮសូរហ៊ោក្រោមប្រថពីលើអាកាសដាសកក្រើករំពើកទាំងផែនដី។ សូរសព្ទទាំងនោះ អស្ចារ្យពន់ប្រមាណណាស់។ ព្រះបរមក្សត្រក្សាន្តទ្រង់ឱ្យវាយគង ទូងភេរី លើកយោធាចេញទៅទាំង ៤ កង តំរង់ទៅបន្ទាយសម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ

សម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវបានដឹងហើយ ក៏ដេញកងទ័ពឱ្យបាញ់ត។ ក្នុងពេលដែលកងទ័ពកំពុងតែបាញ់ចាក់កាប់គ្នានោះ កងទ័ពខាងសត្រូវគឺខាងលោកកៅ និងលោកកែវទាំងប៉ុន្មាននោះ ក៏ស្រាប់តែឮសូរសន្ធឹកនៃទ័ពជាច្រើនកងព័ទ្ធពីក្រោយខ្នងខ្លួន។ សូរសព្ទហ៊ោនោះលាន់ឮកក្រើករំពើកទាំងក្រឡាប្រឹថពីដូចជាស្នូររន្ទះ ឬ ដូចជាភ្នំរលំមកលើទ័ពរបស់ខ្លួន។ សូរសព្ទនេះកើតឡើង ដោយសារខ្មោចពញាពេជ្រ កេណ្ឌបិសាចមកជួយ។ ខណៈនោះ នាយកងទ័ព សេះ ដំរី ខាងសត្រូវក៏ផ្អើលវឹកវរជាន់ជល់ដួលអស់សេនាទាហានខាងខ្លួនឯង។ រេហ៍ពលខាងសត្រូវ ក៏បែកទ័ពរត់យកតែអាយុជីវិតគ្រប់ខ្លួនទីទៃៗគ្នា។

ចៅពញាសួគ៌ាលោកកែវ (ទេព) និង ចៅពញាមហាសេនាសង្គ្រាមសុខ ក៏ដេញរេហ៍ពលឱ្យចូលចោមកងទ័ពចៅពញាចក្រីជិតជុំវិញ។ ចៅពញាចក្រីកែវឃើញដូច្នោះ ក៏លោតឡើងជិះដំរីបរចូលទៅតទល់ជាមួយនិងចៅពញាសួគ៌ាលោកកែវ (កែវតទល់នឹងកែវ) លុះទៅជិតទៀបនឹងបានប្រកាប់ជាមួយ និងចៅពញាសួគ៌ាលោកទៅហើយ ក៏ស្រាប់តែដំរីជំនិះនៃចៅពញាចក្រីកែវនោះភ្ញាក់ផ្អើលបោលពេញទំហឹងបណ្ដាលឱ្យដូចគេគ្រវាត់ធ្លាក់ខ្លួនចៅពញាចក្រីទៅលើភ្លុកដំរីជាជំនិះនៃចៅពញាសួគ៌ាលោក។ ភ្លាមនោះ ចៅពញាសួគ៌ាលោក ក៏កាប់ពញាចក្រីនឹងដាវដាច់កស្លាប់មួយរំពេច។ រេហ៍ពលខាងចៅពញាចក្រីកែវឃើញនាយស្លាប់ហើយមិនហ៊ានតទល់ទៅទៀតទេ ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយទៅទីទៃៗអស់។

ពញាសួគ៌ាលោកកែវ (ទេព) និងចៅពញាសេនាសង្គ្រាមសុខ កាលបានជ័យជំនះហើយ ក៏នាំយកក្បាលចៅពញាចក្រីកែវ ទៅក្រាបបង្គំទូលសម្ដេចពញាចន្ទរាជាសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចចៅពញាចន្ទរាជា ទ្រង់មានព្រះអំណរណាស់។

ឯកសារយោង

[កែប្រែ]
យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ព្រះពិលៀងនៃក្រុងកម្ពុជាធិបតី
ប្រ.១៥១៦-ប្រ.ចុងសតវត្សទី១៦
តដោយ
មិនស្គាល់