ចៅហ្វាទឡ្ហៈទេព
ចៅហ្វាទឡ្ហៈទេព | |
---|---|
សម្ដេចចៅហ្វាទឡ្ហៈកម្ពុជាធិបតី | |
ក្នុងការិយាល័យ គ.ស.១៥១៦–១៥៦៧ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
មុន | ទើបបង្កើត |
បន្ទាប់ | សម្ដេចចៅហ្វាទឡ្ហៈដុង |
ព្រះទិព្វជាញជ័យនៃកម្ពុជាធិបតី | |
ក្នុងការិយាល័យ គ.ស ១៥១៦ – ១៥១៦ | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ទេព |
សម្ដេចចៅហ្វាទឡ្ហៈទេព កាន់តំណែង (គ.ស.១៥១៦-១៥៦៧) លោកជាព្រះភីលៀងផ្ទាល់របស់ព្រះបាទចន្ទរាជា កាលពីមុនមានយសសក្ដិជា ព្រះទិព្វជាញជ័យ។ ក្រោយពីឈ្នះសង្គ្រាមនៅបន្ទាយមានជ័យខែត្រពោធិ៍សាត់មកលោកក៏ត្រូវតែតាំងជាប្រមុខនៃសេនាបតីទាំងឡាយមានងារជា សម្ដេចចៅហ្វាទឡ្ហៈ មានសក្ដិ ជា សម្ដេចចៅពញា។
សមរភូមិភ្នំពេញ គ.ស. ១៥១៧-១៥១៨
[កែប្រែ]
លុះ ការបុណ្យទ្វារទសមាសចប់ហើយ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រាស់បង្គាប់ឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែ និងឧកញ៉ាក្រឡាហោមគាំឃុំពលរេហ៍ ៣០០០០ នាក់លើកទៅចោមបន្ទាយខែត្រភ្នំពេញ។ ឧកញ៉ាទាំង ៣ នាក់ក៏ថ្វាយបង្គំលាចេញទៅចាត់ចែងកងទ័ព ព្រមទាំងគ្រឿងសាស្ដ្រាវុធស្រេចហើយក៏លើកចេញទៅចោមវាយបន្ទាយនោះតាមត្រាស់បង្គាប់។ ខណៈនោះមេទ័ពខាងស្ដេចកន គឺចៅហ៊្វាកៅ ចៅពញាលំពាំង ចៅពញាស្រាល ចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទង ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញជាមេទ័ពម្ចាស់ផែនដីត្រើយខាងកើតចេញច្បាំងនឹងមេទ័ពនៃអម្ចាស់ត្រើយខាងលិចជួនឈ្នះជួនចាញ់ម្ដងម្នាក់ជាច្រើនដង។ លុះដល់រដូវភ្លៀងរាស្ដ្រអត់ឃ្លានបាយគ្មានស្រូវវេទនាណាស់ ក៏សន្យាបើកកងទ័ពទាំងសងខាងឲ្យឈប់ច្បាំងរហូតដល់ធ្វើស្រែហើយ។ លុះមកដល់ឆ្នាំខាល ទោស័ក ព.ស ២០៧៤, គ.ស ១៥១៨, ម.ស ១៤៥២, ច.ស ៨៩២ តាំងពីខែមិគសិរ បុស្ស រៀងទៅមន្ដ្រីត្រើយខាងកើត (ស្ដេចកន) ចេញកេណ្ឌមនុស្សចុះក្បួនទ័ពលើកច្បាំងគ្នាដណ្ដើមយកខែត្រត្រើយខាងលិចទៀត។ ច្បាំងគ្នាជាច្រើនគ្រា លុះផុតវេលាក៏ឲ្យទ័ពឈប់ទាំងសងខាង។ “សង្គ្រាមលើកក្រោយនេះតាំងពីឆ្នាំឆ្លូវដល់ឆ្នាំខាល មេទ័ពទាំង ៣ យកជ័យជំនះពុំបានសោះ។ ទើបទ្រង់ត្រាស់ប្រើឃុនវិជិតតរង្គពៅឲ្យទៅប្រាប់ឧកញ៉ាចក្រី និងឧកញ៉ាវង្សាអគ្គរាជថា ច្បាំងរារត់ថយក្រោយរហូតទៅជួបនឹងទ័ពឧកញ៉ាក្រឡាហោមថា ឲ្យឧកញ៉ាក្រឡាហោមក្លែងទង់ជ័យជារូបមនុស្សថាបើឃើញកងទ័ពសត្រូវបាក់រត់មកឲ្យធ្វើជាភ្ញាក់ផ្អើលរត់ទៅជាមួយនឹងកងទ័ពឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជត្រង់រហូតទៅដល់ស្រុកឧដុង្គ។ ឃុនវិជិតតរង្គពៅក៏ប្រាប់ទៅមេទ័ពទាំង ៣ កងតាមព្រះរាជបន្ទូលពិសេស។ ក្រោយព្រះរាជបំរើទៅនោះ ទ្រង់អនុញ្ញាតឲ្យឧកញ៉ាយមរាជព្រំជាមេទ័ពធំ ឧកញ៉ាមហាសេនាសុខជាមេទ័ពមុខ ឧកញ៉ាយោធាសង្គ្រាមជាប៉ែកឆ្វេង ឧកញ៉ាយោធាសង្គ្រាមទេព ជាប៉ែកស្ដាំទៅឃុំពល ២០០០០ នាក់បង្កប់នៅក្នុងព្រៃមួយខាងជើងបឹងពោងពាយ។ ទ្រង់ផ្ដាំថា បើឃើញកងទ័ពសត្រូវនៅបន្ទាយដេញកងទ័ពយើង ៣ កងទៅហើយនោះឲ្យដេញកងទ័ពយើងឲ្យលើកជណ្ដើរកាន់គប់ភ្លើងយកទៅចោមអុជបន្ទាយនោះឲ្យបាន។ ទើបទ្រង់ចាត់ឧកញ៉ាវិបុលរាជគាំ ឧកញ៉ាប្រទេសរាជសួរឲ្យកេណ្ឌទូករាស្ដ្រផ្សំនឹងទូកចំបាំងរបស់ខ្លួនទៅបោះនឹងជ្រោយពន្លាថា បើឃើញកងទ័ពសត្រូវលើកចេញមកឲ្យរាថយមកដល់ព្រែកព្នៅ។ ទ្រង់ចាត់សម្ដេចចៅហ្វាទឡ្ហៈទេព ឲ្យលើកទ័ពទូកទៅបង្កប់នៅព្រែកតាទែនដោយផ្ដាំថា បើឃើញទ័ពសត្រូវដេញតាមឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជមកឲ្យព័ទ្ធពីក្រោយព្រួតគ្នាច្បាំងដណ្ដើមយកជ័យជំនះឲ្យបាន។ មេទ័ព មេកង ទាំងជើងទឹកជើងគោក ក៏ថ្វាយបង្គំលា ឃុំកងទ័ពលើកទៅធ្វើតាមព្រះរាជបញ្ជាការ។ លុះមកដល់ថ្ងៃ ១២ កើត ខែមិគសិរ ឆ្នាំខាល ទោស័កនេះ ឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជលើកកងទ័ពចូលចោមបន្ទាយភ្នំពេញបានមួយស្របក់ក៏ថយរត់ទៅវិញ។ ចៅពញាតេជោ និងចៅពញារាជាមេត្រី ឃើញហើយពុំដឹងកល ក៏បើកទ្វារបន្ទាយនាំកងទ័ពរបស់ខ្លួន ២០០០ នាក់នោះដេញតាមទ័ពដែលចោមព័ទ្ធខ្លួនដល់អូរផ្អរ ក៏ប្រទះទង់ជ័យទ័ពហ្លួងមួយកងទៀតបែកទ័ពរត់ទៅវិញ ដូច្នេះទ័ពខាងស្ដេចកន ក៏កំរើកចិត្ដពន់ប្រមាណ។ លុះឃើញទង់រូបមេទ័ពទាំងពីរនោះ ក៏សំគាល់ថាជាទ័ពហ្លួងចាញ់បែកទ័ពរត់ទៅហើយ ទើបឲ្យលើកកងទ័ពដេញតាមទៅទៀត។ លុះទៅដល់ដំបូកមានលាក់ទ័ពសត្រូវដេញតាមឧកញ៉ាចក្រីហួសទៅ។ ខណៈនោះឧកញ៉ាក្រឡាហោម ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ានរិន្ទ្រាធិបតី (ទ័ពខាងសម្ដេចព្រះចន្ទរាជា) ត្រឡប់ទ័ពបានពីក្រោយឡោមចោមច្បាំងផ្ទប់មក។ ឧកញ៉ាចក្រី (ខាងសម្ដេចព្រះចន្ទរាជា) ក៏រាទ័ពត្រឡប់មកវិញ ចូលបាញ់ចាក់កាប់សំលាប់ទ័ពសត្រូវដែលនៅជាកណ្ដាលសត្រូវក៏បែកទ័ពរត់ទៅ មេទ័ពខាងសម្ដេចព្រះចន្ទរាជាចាប់បានចៅហ្វាយស្រុកទាំងពីរ និងក្រុមសេនាទាហានទាំង ២៣ នាក់ ព្រមទាំងគោ ក្របី ដំរី សេះ ហើយនាំខ្លួនឈ្លើយទាំងនោះទៅក្រាបបង្គំទូលថ្វាយ។ សម្ដេចព្រះមហាខត្តិយាចន្ទរាជា ទ្រង់ឲ្យដាក់ក្ដីទាំងនោះទុកចាំជួបមេទ័ពគ្រប់កង។ ឯសម្ដេចចៅហ៊្វាកៅ កាលក្រឡេកទៅឃើញកងទ័ពទូកបោះនៅជ្រោយចង្វាមានចំនួនតិចតួចស្ដួចស្ដើងណាស់ ក៏គិតថាចៅហ្វាយស្រុកទាំងពីរ (ខាងខ្លួន) ច្បាស់ជាមានជ័យជំនះហើយ ដែលដេញតាមទ័ពត្រើយខាងលិចនោះ ប្រហែលជាបានសំរេចការសង្គ្រាមក្នុងគ្រានេះហើយ ថាបើបានសំរេចហើយមុខជាចៅហ្វាយស្រុកទាំងពីរនោះនឹងបានគុណគាប់ជាងអញហើយ។ ចៅហ៊្វាកៅគិតទៀតថា “ពីមុនអញអធ្យាស្រ័យឲ្យម្ដង ពុំទាន់បានកែខ្លួន គ្រាម្ដងនេះចៅហ្វាយស្រុកទាំងពីរមានជ័យលើទ័ពត្រើយខាងលិចទៀតនោះឃើញថាមិនស្រួលដល់អញជាខ្លាំង”។ សម្ដេចចៅហ៊្វាកៅគិតឃើញដូច្នេះហើយ ទើបឲ្យចៅពញាលំពាំង ចៅពញាស្រាល ចៅពញាវៀង នៅរក្សាបន្ទាយ ឯខ្លួនចៅហ្វាដេញកងទ័ពឲ្យចុះទូកចំបាំងប្រមាណ ៦០ ទៅច្បាំងនឹងឧកញ៉ាវិបុលរាជ ឧកញ៉ាប្រទេសរាជដែលចតទូកនៅជ្រោយចង្វា។ កាលទ័ពសត្រូវមកដល់ហើយ ឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជ (មេទ័ពខាងព្រះចន្ទរាជា) ក៏ដេញពលឲ្យទទួលច្បាំងតនឹងអាវុធវែងយ៉ាងឃោរឃៅ។ មួយស្របក់ក្រោយមកឧកញ៉ាទាំងពីរនាក់ក៏ឲ្យពលថយទូករត់ទៅដល់ព្រែកព្នៅ។ ចៅហ៊្វាកៅឃើញដូច្នេះក៏ចែវទូកដេញទៅតាម។ សម្ដេចចៅពញាទេព កូនចៅពញាពេជ្រមេទ័ពម្ចាស់ផែនដីត្រើយខាងលិចកាលឃើញចៅហ៊្វាកៅដេញទ័ព ឧកញ៉ាទាំងពីរហួសទៅហើយ ក៏បង្គាប់ឲ្យនាយកងនាយទ័ពឲ្យចេញទូកចំបាំងពីក្នុងព្រែកតាទែន ហើយដេញបាញ់ពីក្រោយ។ ឯកងទ័ពឧកញ៉ាវិបុលរាជ ឧកញ៉ាទេសរាជ មេទ័ពអម្ចាស់ផែនដីត្រើយខាងលិចពេលនោះ ក៏រាបែរមកច្បាំងតាំងតជាឱឡារិក។ កងទ័ពខាងចៅហ៊្វាកៅ នៅជាកណ្ដាលនៃទ័ពសត្រូវទ័លកំលាំងណាស់ ក៏តទៅទៀតពុំបាន។ ដូច្នេះហើយក៏លោតទឹកស្លាប់ទៅ ខ្លះក៏ត្រូវនឹងអាវុធស្លាប់ ខ្លះទៀតពិការជាច្រើន។ ចំណែកឯចៅហ៊្វាកៅវិញលោតទឹកទន្លេហែលរត់ត្រាតែរួចទៅដល់ក្រុងបាសាន្ត។ កងទ័ពឧកញ៉ាយមរាជ ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលបង្កប់ទ័ពក្នុងព្រៃមួយកាលឃើញកងទ័ពក្នុងបន្ទាយសត្រូវចេញដេញ មេទ័ពត្រើយខាងលិចអស់ជាច្រើនកងហើយ យល់ថាមានមនុស្សតិចក្នុងបន្ទាយក៏ឲ្យពួកសេនារេហ៍ពលកាន់គប់ភ្លើងលីជណ្ដើរទៅព័ទ្ធឡើងបន្ទាយនោះ។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាល ដេញពលឲ្យចូលតទល់នឹងទ័ពឧកញ៉ាទាំងពីរ តែទ័ពចៅពញាទាំងពីរនេះទប់មិនឈ្នះកងទ័ពខាងព្រះចន្ទរាជា ទើបចៅពញាទាំងពីរលោតចេញពីបន្ទាយចុះរត់មកទៀត។ សេនាទាហានខាងឧកញ៉ាយមរាជ មេទ័ពហ្លួងត្រើយខាងលិចទទួលចាក់កាប់សំលាប់ទាំងពីរនាក់នោះទៅ។ កងទ័ពជើងគោក ជើងទឹករបស់ព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងលិចទ្រង់ព្រះសណ្ដាប់មេទ័ព និងនាយកងទ័ពទាំងជើងទឹក ជើងគោកក្រាបបង្គំទូលថ្វាយមនុស្សទោសក្បត់គ្រប់ប្រការហើយទ្រង់ឲ្យចៅក្រមប្រឹក្សាទៅឃើញថា អាក្បត់ដែលមានទោសធ្ងន់ ៣៥ នាក់ទ្រង់ឲ្យប្រហារជីវិតទាំងអស់ឃើញថាមនុស្សសល់ពីនោះ មានទោសស្រាលល្មមត្រាស់ឲ្យដាក់ក្ដីទាំង ៥០ នាក់។ ព្រះអង្គឈ្នះសង្គ្រាមក្នុងគ្រានេះយកបានខែត្រភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និងកំពង់សោម។ ចៅមឿងដែលឡើងខែត្រទាំងនេះនៅទិសខាងលិចទាំងប៉ុន្មាននោះ ទ័ពហ្លួងត្រើយខាងលិចចាប់បានខ្លួនទាំងអស់នៅសល់តែខែត្របាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែប៉ុណ្ណោះព្រោះចៅពញាពិស្ណុលោករត់ទៅប្រមូលចៅហ្វាយស្រុកក្រៅបន្ទាយទាំងនោះឲ្យតាំងបន្ទាយរឹងនៅឡើយមិនទាន់យកបាន។
សមរភូមិស្រឡប់ដូនតីពិជ័យព្រៃនគរ គ.ស. ១៥២៤
[កែប្រែ]
សម្ដេចព្រះបរមបពិត្រខត្តិយាចន្ទរាជាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គលើកពិជ័យសង្គ្រាមមកដល់ស្រុកឧដុង្គហើយ ស្ដេចទៅថ្វាយបង្គំព្រះចេតិយ ព្រះបដិមា ហើយស្ដេចត្រឡប់មកគង់នៅព្រះពន្លាវិញ ហើយទ្រង់ត្រាស់ចាត់កងទ័ពជាច្រើនកង៖
- ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងជាមេទ័ពមុខកាន់ពល ២០០០០ នាក់ជាទ័ពស្រួច។
- ឲ្យឧកញ៉ាមនោមេត្រី ចៅហ្វាយស្រុកខែត្របាត់ដំបង កាន់ពល ១០០០០ នាក់ជាមេទ័ពស្ដាំ។
- ឲ្យឧកញ៉ារាជាមេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ ជាមេទ័ពឆ្វេងកាន់ពល ១០០០០ នាក់។
- ឲ្យឧកញ៉ាសួគ៌ាលោក”សុខ” ចៅហ្វាយស្រុកខែត្រពោធិ៍សាត់ កូនចៅពញាមឿង កាន់ពល ៣០០០០ នាក់ជាទ័ពមុខ។
- ឲ្យសម្ដេចចៅពញាយសរាជាជាព្រះរាជភគិនេយ្យោជាមេទ័ពហ្លួងឃុំពល ៥០០០០ នាក់ឆ្លងទៅព័ទ្ធពីខែត្រព្រៃវែងស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅហ៊្វាកៅមកសួរគ្នាបាន។
ទើបទ្រង់ចាត់ទ័ពមួយផ្លូវទៀត៖
- ឲ្យឧកញ៉ាឧទ័យធិរាជ ចៅហ្វាយស្រុកខែត្រអាសន្ទុកជាមេទ័ពមុខ។
- ចៅពញាពេជតេជោ ជាមេទ័ពឆ្វេង។
- ចៅពញាស្រែន្យខាំងហ្វាជាមេកងទ័ពស្ដាំ។
- ចៅពញាមន្ដ្រីភក្ដីជាកងទ័ពក្រោយ។
ទាំង ៤ កងឃុំពល ៥០០០០ នាក់លើកជាទ័ពជើងគោកទៅខែត្រកំពង់សៀមឆ្លងទៅមាត់ឃ្មុង និងភ្នំពានជាំងស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅពញាកំហែងជាឪពុកក្មេក ព្រះស្ដេចកនលើកទៅជួយព្រះស្ដេចកនបាន។ ទើបព្រះអង្គចាត់ទ័ពមួយផ្លូវទៀត៖
- ឧកញ៉ាចក្រី“ទេព” កូនទី៣ ពញាមឿង ឃុំពល ២០០០០ នាក់ជាមេកងទ័ពមុខ។
- ឧកញ៉ាយមរាជឃុំពល ១០០០០ នាក់ជាទ័ពឆ្វេង។
- ឧកញ៉ាក្រឡាហោម ឃុំពល ១០០០០ នាក់ជាទ័ពស្ដាំ។
- ព្រះអង្គឯងទ្រង់ពល ៤០០០០ នាក់ជាទ័ពហ្លួង។
- ឧកញ៉ាមហាមន្ដ្រី ឃុំពល ៥០០០ នាក់ជាទ័ពបង្កប់ ហើយទ្រង់ត្រាស់ផ្ដាំឲ្យធ្វើតាមគ្រប់ប្រការ។
ព.ស ២០៦៨, គ.ស ១៥២៤, ម.ស ១៤៤៦, ច.ស ៨៨៦ ឆ្នាំវក ឆស័ក សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា លុះទ្រង់ចាត់ទ័ពស្រេចហើយ ស្ដេចចូលស្រង់ទ្រង់គ្រឿងរង្គសង្គ្រាមយុទ្ធបរិសុទ្ធនូវគ្រឿងកកុធភណ្ឌ ព្រះហោរាថ្វាយពិជ័យឫក្សព្រះរាជគ្រូ បុរោហិត ថ្វាយទឹកស័ង្ខ ទឹកកុណ្ឌី ទឹកក្លស់ ផ្លុំត្រៃស័ង្ខ ក្រុមសុរិយាតូរ្យតន្ដ្រី វាយគង ទូងស្គរ ខ្ទ័រខ្ទារ ទាំងក្រឡាប្រឹថពី ស្ដេចគង់ព្រះរាជយានព្រមដោយនូវស្វេតច្ឆត្រស ៩ ជាន់ និងចាមរបៃមន់ សែនត្វាន់ ទង់ ឆត្រលឿង ខៀវ សព្រាតឆ្លុះសសែង ព្រះសុរិយាស្ដេចយាងគង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែត។ ឯអស់មន្ដ្រីសេនារេហ៍ពលសឹងជិះទូកហ៊ោទូក-ង មួង យោងពីមុខនៅពីក្រោយតាមអណ្ដាប់អណ្ដោយលើកចេញទៅប្រថាប់ទ័ពនៅព្រះប្រសប់ឈប់ចាំស្ដាប់សូរសព្ទគ្រប់កងដែលលើកទៅ។ ផ្លូវខាងណាទន់នឹងបានទៅជួយខាងនោះ។ រីឯសម្ដេចព្រះស្រីជេដ្ឋា ម្ចាស់ត្រើយខាងកើតដែលទ្រង់ចាត់ឲ្យចៅហ៊្វាកៅនាំគ្រប់គ្រួទៅ ហើយត្រាស់បង្គាប់ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង កេណ្ឌកងទ័ពមកឲ្យរក្សាព្រះនគរបានតែ ១០០០០ នាក់នោះនាយគយខាងពាមផ្កាយសម្រេច១ នាយគយខាងខែត្រព្រៃវែង១ នាយគយខាងពាមរ១ ទាំង ៣ មេគយនេះយល់កងទ័ពទាំងបីផ្លូវលើកមកដល់ហើយក៏ភិតភ័យឡើងសេះចូលទៅប្ដឹងសេនាបតីឲ្យយកសេចក្ដីក្រាបបង្គំទូលសម្ដេចព្រះស្រីជេដ្ឋា សម្ដេចព្រះស្រីជេដ្ឋាត្រាស់ថា យើ! ពញាចន្ទរាជាអញស្មានថាបានផែនដីតែប៉ុណ្ណោះក៏នឹងគិតនៅស្ងៀមរក្សាផែនដី ដោយខ្លួនឯងឲ្យរាស្ដ្ររកស៊ីឲ្យសុខសប្បាយទៅហើយ ឥឡូវរុករានទន្ទ្រានលើកយោធាទាហានតាមមកទៀត។ ខណៈនោះទ្រង់ត្រាស់សេនាបតីទាំង ៤ ឲ្យតឿនពលឡើងរក្សានាទីភាគបន្ទាយ តែកាលពិនិត្យរេហ៍ពលទៅឃើញបានចំនួនបានតែ ១០០០០ នាក់ទ្រង់យល់ថានឹងទប់រក្សាបន្ទាយព្រះរាជវាំងនោះពុំបាន ទើបទ្រង់ត្រាស់ឲ្យកៀរគ្រួលើកចោលបន្ទាយបាសាន្ត។ លុះធ្វើដំណើរមក ទ័ពព្រះស្រីជេដ្ឋាក៏មកជួបប្រទះនឹងកងទ័ពចៅពញាសួគ៌ាលោកសុខ កូនពញាមឿង។ ទ័ពទាំងសងខាងក៏បានច្បាំងគ្នាពីព្រឹកលុះថ្ងៃត្រង់ តែពុំទាន់ឈ្នះចាញ់។ ឧកញ៉ាចក្រីទេពកូនទី៣របស់ចៅពញាមឿង និងចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងបានដឹងថា ព្រះស្ដេចកន និងមុខមន្ដ្រីរេហ៍ពលរត់ចោលបន្ទាយដូច្នោះហើយ ព្រមទាំងឮសូរកាំភ្លើងកំពុងច្បាំងគ្នាយ៉ាងខ្លាំងណាស់ទៀត ក៏តឿនកងទ័ពស្រូតតាមទៅហើយបានទាន់កំពុងច្បាំងគ្នា។ មេទ័ពខាងលិចទាំងពីរកងក៏ដេញពលឲ្យចូលជួយច្បាំងប្រកាប់គ្នាយ៉ាង សាហាវ ពលខ្មាំងស្លាប់ជាច្រើន។ មេទ័ពត្រើយខាងលិចព្រួតគ្នាចូលទៅប្រយុទ្ធនឹងព្រះស្ដេចកនទៀត តែស្ដេចកនខំបរពលវាយទំលាយ តែពុំរួចក៏ថយទ័ព និងគ្រប់គ្រួចូលទៅក្នុងបន្ទាយស្រីសឈរវិញ ហើយឲ្យបិទទ្វារបន្ទាយឲ្យរេហ៍ពលឡើងរក្សាបន្ទាយជាមាំមួន។ ឯស្នាព្រះអង្គជាក្មួយព្រះស្ដេចកនឃុំពល ៥០០ នាក់នៅក្រៅបន្ទាយលុះឃើញព្រះស្ដេចកនជាប់ចំណងហើយនាំពល ៥០០ នាក់នោះវាយជ្រែកចូលទៅក៏ពុំបាន ទើបស្នាព្រះអង្គជិះសេះបរជាប្រញាប់ទៅជំរាបសម្ដេចចៅហ៊្វាកៅនៅ បន្ទាយពិជ័យព្រៃនគរតាមហេតុគ្រប់ប្រការ។ សម្ដេចចៅហ៊្វាកៅលុះបានដឹងហើយក៏និយាយនឹងសម្ដេចចៅពញាហែងជាបិតាក្មេកស្ដេចកន និងឧកញ៉ាចក្រីជាមាព្រះស្ដេចកន ពញាស្នងធ្នឹមព្រះនគរ“ផាលង់” ជាប្អូនថ្លៃព្រះស្ដេចកនថាឲ្យទៅត្រួតបន្ទាយឲ្យមាំមួនកុំឲ្យធ្វេសប្រហែស។ កាលមន្ដ្រីទាំង ៣ នាយទទួលពាក្យហើយ សម្ដេចចៅហ៊្វាកៅក៏ឡើងជិះសេះនាំពល ៥០០០០ នាក់លើកស្រូតទៅជួយព្រះស្ដេចកន។ លុះឃើញទ័ពខាងលិចកំពុងចោមបន្ទាយដូច្នោះ ក៏បរពលវាយជ្រែកចូលទៅ។ សម្ដេចព្រះស្រីជេដ្ឋាព្រះស្ដេចកននៅលើក្បាលបន្ទាយឃើញមានកងទ័ពវាយចូលមកអរណាស់ក៏នាំចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង វាយជ្រែកចំណោមចេញទៅ តែវាយបាន ៣ ថ្ងៃហើយក៏នៅតែចេញពុំរួច។ ឯសម្ដេចព្រះឧត្ដមបរមខត្តិយាមហាចន្ទរាជាធិរាជ ព្រះអង្គលើកទ័ពចេញទៅដល់ភូមិស្វាយឫស្សីស្រុក ហើយទ្រង់ជ្រាបថាមេទ័ពទាំងបីចោមបន្ទាយព្រះស្ដេចកន ៣ ថ្ងៃហើយពុំបែកចាប់ខ្លួនពុំបានពុំទាន់ឈ្នះចាញ់ ទើបទ្រង់ត្រាស់ប្រើសម្ដេចចៅហ៊្វាទឡ្ហៈឲ្យលើកទ័ពទៅជួយថែមទៀត ហើយព្រះអង្គលើកទ័ពទៅតាំងបន្ទាយឈប់ទ័ពនៅទន្លេបិទ ខែត្រត្បូងឃ្មុំ។ ស្រេចហើយទ្រង់ចាត់ឧកញ៉ាមហាមន្ដ្រីឲ្យឃុំពល ១០០០០ នាក់ឲ្យលើកទ័ពចេញទៅបង្កប់ក្នុងព្រៃរំលោងប្របផ្លូវចង្អៀត ទ្រង់ផ្ដាំថា បើឃើញទ័ពអាខ្មាំងលើកទៅជួយ ឬលើករត់ចេញពីបន្ទាយមកឲ្យលើកទ័ពទៅបោះស្កាត់ពីមុខវាចាប់វាឲ្យបានកុំឲ្យអាខ្មាំងរត់រួច។ ទ្រង់ត្រាស់បង្គាប់ព្រះសុទត្ដឲ្យឃុំពលកាំភ្លើងតូច ២៥០ នាក់ឲ្យទៅបង្កប់ចាំមើលឃើញកងទ័ពខ្មាំងចុះចូលក្នុងផ្លូវរំលោង ហើយទ្រង់ផ្ដាំថាឲ្យព្រួតគ្នាបាញ់កុំឲ្យអាខ្មាំងរត់រួច ទើបទ្រង់ត្រាស់បង្គាប់ឲ្យឧកញ៉ាមហាទេពឲ្យឃុំពល ៤០០ នាក់ទៅពួនចាំមើលលើភ្នំពានជាំងថា បើឃើញខ្មាំងសត្រូវចូលមកដល់ឲ្យព្រួតគ្នាបាញ់កាំភ្លើងធំ និងព្រួតគ្នាប្រមៀលដុំថ្មទំលាក់ឲ្យត្រូវពួកខ្មាំងចាប់ខ្មាំងឲ្យបាន។ មេកងទាំងបីក៏ថ្វាយបង្គំលាធ្វើតាមត្រាស់បង្គាប់។ ចៅពញាតេជោ មេទ័ពខាងលិចយល់ទ័ពខ្មាំងវាយផ្ទប់ទាំងសងខាងនឹងទ្រាំទៅមុខមិនបាន ទើបស្រែកឲ្យពលបើកផ្លូវឲ្យខ្មាំងចេញទៅ។ ឯព្រះស្ដេចកនយល់ឃើញដូច្នោះហើយ ក៏នាំរេហ៍ពលចេញពីបន្ទាយទៅទំលាយទ័ពដែលព័ទ្ធចេញទៅបាន។ ក្នុងគ្រានោះ មេទ័ពទាំងបីកងក៏ដេញពលសត្រូវចាក់កាប់សំលាប់ពលខ្មាំងសត្រូវអស់ជាង ១០០០០ នាក់។ ស្ដេចកន និងចៅហ៊្វាកៅខំបរពលស្រូតរូតឆ្លងទន្លេតូចទៅតាមផ្លូវមេសព្រះចន្ទកាត់តំរង់ទៅក្រុងពិជ័យព្រៃនគរ។ ពេលនោះ សម្ដេចចៅពញាបែន មេទ័ពខាងលិចលើកទៅប្រទះនឹងទ័ពខាងកើតដែលបែកខ្ចាត់ខ្ចាយដូច្នោះ ក៏បរពលឲ្យចូលកាប់ចាក់សត្រូវអស់ជាច្រើន ហើយសម្ដេចបែនជិះសេះរាំដាវបរដេញទៅទាន់សម្ដេចចៅហ៊្វាកៅ។ សម្ដេចចៅហ៊្វាកៅឲ្យព្រះស្ដេចកនបរសេះរត់ទៅមុន ឯចៅហ៊្វាកៅបែរមកប្រកាប់ប្រចាក់គ្នាមួយស្របក់ តែទទួលជាពេលនោះ សេះសម្ដេចចៅពញាបែនស្រុតជើងក្នុងអន្លង់ សម្ដេចបែនក៏ធ្លាក់អាវុធពីដៃ ដូច្នេះសម្ដេចចៅហ៊្វាកៅយល់បានការហើយ ក៏ពួយមួយលំពែងទៅត្រូវសម្ដេចពញាបែនធ្លាក់ពីសេះស្លាប់មួយរំពេច។ ឯមេទ័ពខាងលិចទាំងបីកងលើកទៅដល់ក៏បរពលចូលច្បាំង។ សម្ដេចចៅហ៊្វាកៅឃើញទ័ពខាងលិចច្រើនលើសលប់កំលាំងក៏បរសេះរត់ទៅតាមព្រះស្ដេចកនកំពុងរត់ក្នុងផ្លូវរំលោង លុះឃើញសម្ដេចចៅហ៊្វាកៅមកដល់ហើយក៏នាំស្រូតទៅ។ រំពេចនោះឧកញ៉ាមហាមន្ដ្រី យល់ទ័ពខ្មាំងនៅក្នុងរំលោង ហើយក៏បរពលស្កាត់ស្ទាក់ពីមុខភ្លាម។ ទ័ពខ្មាំងនឹងវាយទំលាយទៅក៏ពុំរួចនឹងងាកឆ្វេងស្ដាំក៏ពុំបាន ព្រោះទើសច្រាំងខ្ពស់ណាស់ និងថយក្រោយក៏ពុំបានឡើយ ហើយកងទ័ពពីក្រោយក៏ដេញមកដែរ។ ឃុនហ្លួងព្រះស្ដេចកនភ័យណាស់ ទើបប្រឹក្សានឹងសម្ដេចចៅហ៊្វាកៅថា យើងម្ដងនេះនឹងរត់ទៅខាងណាក៏ពុំបាន ព្រោះសងខាងមានច្រាំងខណ្ឌខាងមុខមានគេបោះស្កាត់ខាងក្រោយទ័ពគេដេញនឹងជ្រែកទៅខាងណាក៏ពុំរួចដែរ យើងមុខជាស្លាប់នៅទីនេះពុំខាន។ និយាយរួចហើយហើយស្ដេចកន ក៏ក្រាបយំលើខ្នងសេះ។ សម្ដេចកៅយល់ដូច្នោះហើយ ក៏ចាប់ដៃទាញឡើងហើយថាបើមាស្លាប់សុំក្មួយស្លាប់តាម។ បើមាមានជីវិតរស់ទេ ក្មួយនឹងភ័យខ្លាច វាថ្វីថាហើយ ចៅហ៊្វាកៅក៏បោលសេះទំលាយចេញទៅ។ ឯព្រះសុទត្តយល់ទ័ពខ្មាំងជាប់ចំណោមហើយក៏បរពលកាំភ្លើង ២៥០ នាក់ទៅឈរបាញ់ពីមាត់ច្រាំងត្រូវពលខ្មាំងស្លាប់ជាច្រើនណាស់។ សម្ដេចកៅយល់ដូច្នោះហើយក៏ស្រែកប្រកាសថា បើយើងមិនខំប្រឹងគង់នឹងស្លាប់នឹងគ្រាប់កាំភ្លើងគេទាំងអស់ជាមិនខាន យើងស៊ូចូលទៅប្រកាប់ បើស្លាប់នឹងប្រយុទ្ធគេយើងក៏មានកេរ្តិ៍ឈ្មោះដែរ បើរស់យើងក៏រស់បានរួចទៅដល់បន្ទាយជួបប្រពន្ធកូនជាមិនខាន។ ឯអស់ពួកខ្មាំងស្ដាប់ឮអស់ហើយក៏ចូលចិត្ដពួតដៃគ្នាចូលវាយទំលាយទ័ពមុខត្រាតែរួចចេញមកនៅសល់តែមនុស្ស ៥០០០ នាក់ក្រៅពីនោះស្លាប់អស់។ កងទ័ពទាំងនោះក៏ខំស្រូតរូតរត់ទៅដល់ច្រកចង្អៀតផ្លូវភ្នំពានជាំងអស់កំលាំងណាស់ក៏នាំគ្នាឈប់ដាំបាយស៊ី។ ឧកញ៉ាមហាទេពឃើញហើយក៏ប្រមៀលដុំថ្មបាញ់កាំភ្លើង ធ្នូ ស្នាត្រូវពួកស្ដេចកនស្លាប់ជាច្រើននាក់ទៀត។ ព្រះស្ដេចកន និងចៅហ៊្វាកៅព្រមទាំងពលទាហាន ៥០០០ នាក់នាំគ្នារត់ទៅទៀត។ ឧកញ៉ាមហាទេពដេញតាមទៅឃើញច្រកចង្អៀតណាស់ ក្រែងចាញ់កលឧបាយសត្រូវក៏វាយស្គរហៅពលថយមកជួបនឹងកងទ័ពទាំង ៥ កងវិញហើយនាំគ្នាទៅក្រាបបង្គំទូលសម្ដេចបរមខត្តិយាមហាចន្ទរាជាសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ត្រាស់ថា៖ សម្ដេចចៅពញាបែនស្លាប់ចាប់ខ្មាំងមិនបាន ហើយទ្រង់ស្ដាយណាស់ ទ្រង់មានព្រះបន្ទូលថា ចៅពញាបែនមិនគួរជាស្លាប់ក្នុងដៃអាខ្មាំងឡើយ។ ទ្រង់ព្រះពិរោធនឹងពួកអាខ្មាំងណាស់ ទើបទ្រង់ត្រាស់ឲ្យឧកញ៉ាយមរាជសួសឃុំពល ២០០០០ នាក់ទៅវាយបន្ទាយពិជ័យនគរ ឧកញ៉ាវាំងឃុំពល ២០០០០ នាក់ទៅវាយទិសខាងលិច ឲ្យសម្ដេចព្រះភគិយ្យោយសរាជាជាកែវនាយកមេទ័ពធំត្រួតត្រាលើមេទ័ពទាំងអស់។ មេទ័ពទាំងបីកងក៏លើកពលចោមបន្ទាយតាមត្រាស់បង្គាប់រៀងៗខ្លួនពុំមានធ្វេសប្រហែសឡើយ។ (សាស្ដ្រាទាំងប៉ុន្មាននិយាយថា ព្រះបរមខិត្ដិយាមហាចន្ទរាជាឲ្យលើកទ័ពទៅប្រាំកង តែរាប់ឈ្មោះមេទ័ពឃើញតែបីកង)។ សម្ដេចចៅហ៊្វាកៅដែល នាំព្រះស្រីជេដ្ឋាព្រះស្ដេចកនរត់ទៅនោះលុះរត់ទៅដល់បន្ទាយហើយ ក៏រួបរួមនឹងសម្ដេចចៅពញាហែង ចៅពញាចក្រី និងចៅពញាស្នងធ្នឹមព្រះនគរជាលន់នឹងចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំងតាំងឲ្យត្រួតត្រារក្សាពុំហ៊ានធ្វេសប្រហែសទាំងយប់ទាំងថ្ងៃ។ មេទ័ពទាំងបីកងខាងព្រះបរមខត្តិយាមហាចន្ទរាជា លុះលើកទៅដល់បង្គាប់ពលឲ្យឡើងក្បាលបន្ទាយខាងសត្រូវអត់មានបង្អែបង្អង់ឡើយ។ ពួកពលខ្មាំងក៏ពួយនឹងលំពែង បាញ់នឹងកាំភ្លើង ប្រមៀលដុំថ្មទំលាក់មកត្រូវអស់រេហ៍ពលមេទ័ពខាងលិចបណ្ដាលឲ្យស្លុតស្លាប់អស់ជាច្រើន។ មេទ័ពខាងលិចយល់ថា ទ្រាំពុំបានហើយក៏វាយស្គរបរពលថយមកវិញ មេទ័ពខាងលិចព្យាយាមបរពលឲ្យចូលចោមបន្ទាយព្រះស្ដេចកនឥតមានឈប់ឈរ តែឡើងបន្ទាយនោះពុំបានត្បិតបន្ទាយនោះធំហើយខ្ពស់ណាស់។
សមរភូមិមហានគរ
[កែប្រែ]
សម្ដេចព្រះចៅចក្រពត្រាធិរាជ សម័យថ្ងៃមួយនោះ ចេញគង់ចុងព្រះរោងរម្យជួបជុំអគ្គមហាសេនា សេនាធីបតី មន្ត្រីតូចធំ ខ្ញុំរាជការ ក្រាបបង្គំគាល់តាមតំណែងទើបព្រះអង្គទ្រង់មានព្រះរាជឱង្ការ ត្រាស់ប្រឹក្សាថា ចៅពញាចន្ទរាជាបានត្រឡប់ទៅក្រុងកម្ពុជាប្រាប់សឹកសង្គ្រាមបានជាធំនោះព្រោះដោយអំណាចរេហ៍ពល ស្បៀងអាហារ គ្រឿងសាស្ត្រាវុធ ដំរីសេះរបស់យើងឱ្យទៅ។ ឥឡូវបានសំរេចហើយ តែពុំឃើញឱ្យនាំសួយសារមកថ្វាយយើងនៅឡើយ។ ដូច្នេះ យើងគួរលើកទ័ពទៅប្រាបប្រាម ឬធ្វើដោយប្រការដូចម្ដេច ទើបអគ្គមហាសេនា សេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការ ទទួលព្រះរាជបរិហារ ប្រឹក្សាយល់ព្រម ក្រាបបង្គំទូលថា: កាលចៅពញាចន្ទរាជាទទួលព្រះរាជឱង្ការទៅទាក់ដំរីស ហើយមានពុតត្បុតរត់ទៅស្រុកនោះ យើងបានឱ្យបំរើទៅតាមយកខ្លួនមកនោះ ពញាចន្ទរាជាបានសញ្ញាថា បើខ្លួនបានសំរេចព្រះនគរកាលណានឹងនាំសួយសារមកក្រាបទូលថ្វាយ។ ឥឡូវនេះ ពញាចន្ទបានសំរេចហើយ តែកន្តើយព្រងើយទៅនេះ គួរតែយើងលើកយោធាទាហានទៅប្រាបប្រាមឱ្យដឹងថ្វីដៃ។ តែថា ធ្វើដូច្នេះ ដូចជាទាស់នឹងច្បាប់ទំនៀមទៅហើយ ព្រោះដែនដីក្រុងកម្ពុជានេះ ពីដើមជាឯករាជ្យដែរ តែក្រោយមកបានពឹងបារមីផែនដីក្រុងទេពនេះជាច្រើនដងមានទាំងខ្លួនពញាអុង សួគ៌លោកនៅជាតួយ៉ាងសព្វថ្ងៃនេះស្រាប់។ ដូច្នេះ ទូលព្រះបង្គំយល់ថាគួរតែមានព្រះរាជសារឱ្យទៅរំលឹកម្ដងសិន បើកាលណាឃើញថា ចៅពញាចន្ទរឹងទទឹងសឹមយើងលើកទៅធ្វើទោសឱ្យបានសំរេច។ ព្រះចៅចក្រពត្រាធិរាជ ទ្រង់ព្រះសណ្ដាប់អស់មន្ត្រីទៅ ទ្រង់យល់ផ្លូវត្រូវសេចក្ដីហើយ ទើបទ្រង់ត្រាស់ឱ្យតែងព្រះរាជសារ ចាត់ឱ្យចៅពញាមហាទេព មហាមន្ត្រី និង ព្រះរាជវរានុកូលជារាជទូត ឧបទូត ត្រីទូត អញ្ជើញព្រះរាជសារនោះមកដល់ក្រុងកម្ពុជាធិបតី។
ទូតទាំង ៣ នាក់មកដល់ក្រៅបន្ទាយនគរក៏ឱ្យបំរើទៅប្ដឹងសេនាបតីតាមជើងសារ ដែលចៅហ្វាយស្រុកពោធិ៍សាត់បញ្ជូនមកនោះគ្រប់ប្រការ។ ក្នុងខណៈនោះ សម្ដេចចៅហ្វាទឡ្ហៈ និងសេនាបតីទាំង ៤ សំរាប់នាំយកសេចក្ដីក្រាបបង្គំទូលព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបសព្វគ្រប់ហើយ ព្រះបរមនាថ បរមបពិត្រស្ដេចត្រាស់ថា: ជាតិអាសៀមនេះ ចិត្តវាលាមកអាក្រក់ពន់ប្រមាណណាស់បានជាកាលផែនដី ប្រឋមក្ស័ត្រ ខត្តិយាវង្សតំរងរាជ្យក្នុងមហានគរនោះរៀងមក ទ្រង់ឱ្យសាងប្រាសាទរាជដំណាក់ជាន់ក្រៅចាំទទួលព្រះរាជទូតគ្រប់ប្រទេសច្រើនតំបន់នោះ ឥឡូវសៀមវាឱ្យរាជទូតវា អញ្ជើញព្រះរាជសារវាមកនេះត្រូវយើងឱ្យធ្វើព្រះរោង ព្រះពន្លាទទួលព្រះរាជសារនោះ ក្រៅកំពែងព្រះនគរដែរ។ អគ្គមហាសេនា សេនាបតី ទទួលព្រះរាជឱង្ការហើយ ចាត់មន្ត្រីក្រុមមេការ ឱ្យកេណ្ឌរាស្ត្រធ្វើព្រះរោង ព្រះពន្លា រាយទ័ពទាហាន ឱ្យចាំរក្សា ច្រើនសង្កាត់កំណត់តែ ៣ ថ្ងៃ ៣ យប់ ក៏រួចដូចព្រះរាជបញ្ជាការ ទើបក្រុមមេការក៏យកសេចក្ដីចូលទៅប្ដឹងសេនាបតី សេនាបតីយកសេចក្ដីនាំឡើងក្រាបបង្គំទូលទ្រង់ជ្រាបគ្រប់ប្រការ។ សម័យថ្ងៃនោះ ព្រះបរមបពិត្រ ទ្រង់ព្រះចិន្តាថា: រាជទូតសៀមមកនោះយើងនឹងចេញទទួលវាឱ្យរួសរាន់ពេកហាក់ដូចជាយើងកោតខ្លាចវាខ្លាំងណាស់ ទើបទ្រង់ត្រាស់បង្គាប់លួងរាជាមាត្យ មហាមាត្យថា: ឱ្យទៅប្រាប់រាជទូតសៀមថា ឱ្យវារង់ចាំ ១៥ ថ្ងៃទៀត ព្រះករុណានឹងចេញទទួល។ តែស្ដេចបានអាយ័តរាជាមាត្យ មហាមាត្យថា: ឱ្យចាត់ស្បៀងអាហារនាំយកទៅឱ្យវាឱ្យបរិបូណ៍។ ព្រះរាជបំរើទាំងពីរ ក៏ថ្វាយបង្គំលាចេញទៅធ្វើតាមព្រះរាជបញ្ជាគ្រប់ប្រការ។ ក្រោយនោះ ១៥ ថ្ងៃ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចទ្រង់គ្រឿងអលង្ការ មហាឧត្តម ព្រមទាំងព្រះបរមវង្សានុវង្ស និង អគ្គមហាសេនា សេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការចាំដង្ហែស្ដេចព្រះរាជដំណើរទៅប្រថាប់នៅព្រះពន្លាកាក។ លង់លុះព្រឹកព្រាងហើយ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គចេញទៅគង់លើ ព្រះរាជហានុកាមាត្យមាស ឱកាសឧត្តម ព្រះបរមវង្សាសេនាបតី មន្ត្រីតូចធំ ខ្ញុំព្រះរាជការ ហែស្ដេចចេញប្រថាប់ លើព្រះពន្លាកាកខាងជើងបន្ទាយព្រះនគរ ១០ សិនប្លាយ។ រាជទូតសៀមទាំង ៣ ក៏ក្រាបថ្វាយបង្គំថ្វាយព្រះរាជសារ។ ព្រះបរមនាថ បរមបពិត្រទ្រង់ត្រាស់ឱ្យលាមប្រែសេចក្ដី អាលក្សប្រែថ្វាយថា: ព្រះរាជសារ សុន្ទរបវរសេដ្ឋា មហាវិមល ពលាការ សម្ដេចព្រះចៅចក្រពត្រាធិរាជ ព្រះចៅក្រុងមហានគរ បវរធារាវតី ស្រីអយុធ្យា មហារដ្ឋរាជធានី បុរីរម្យ ឧត្តមមហាឋាន ជាសម្ដេចព្រះបិតុលាធិរាជ។ បំរើផ្លូវព្រះរាជមេត្រីមក សម្ដេចព្រះបរមរាជា រាមាធិបតី ព្រះចៅក្រុងកម្ពុជាជាសម្ដេចព្រះអគិនេយ្យោ។ បានទ្រង់ជ្រាប។ ដ្បិតក្រុងកម្ពុជានេះ កាលពីដើមតាំងពីផែនដីព្រះលំពង្សរាជា ព្រះបាទសម្ដេចព្រះស្រីសុរិយោវង្សនោះ សៀមបានវាយបែកមហានគរ ពីរបីដង ហើយបានយកមហានគរនេះជាចំណុះទៀត។ ក្រោយមកទៀត ក្នុងផែនដីព្រះបាទសម្ដេចព្រះធម្មរាជា ព្រះធម្មរាជាក៏មានព្រះរាជសារទៅដល់យើងឱ្យសង្គ្រោះព្រះអង្គផង។ យើងក៏បានជួយបានយកទាំងសម្ដេចព្រះស្រីរាជា ព្រះសុរិយោទ័យទៅទុកក្នុងក្រុងយើង ហើយរាជសម្បត្តិខ្មែរ ក៏យើងឱ្យស្រេចជារបស់សម្ដេចព្រះធម្មរាជា ជាព្រះបិតារបស់សម្ដេចព្រះក្មួយ។ ចំពោះព្រះក្មួយទៀត កាលភិតភ័យក្នុងគ្រា អាព្រះស្ដេចកន វាយបែកព្រះនគរនោះ សម្ដេចព្រះក្មួយ ក៏បានរត់ចូលទៅពឹងបុណ្យបារមីក្រុងទេពបុរី ស្រីអយុធ្យាដែរ ក្រុងទេពបូរី ក៏ចាត់ពលថ្មើរជើង និង ពលសេះ ដំរី ឱ្យជូនសម្ដេចព្រះក្មួយត្រឡប់មកក្រុងកម្ពុជា ហើយព្រះក្មួយបានសន្មតនឹងម៉ឺនពេជ្រពិចិត្រថា: តែព្រះក្មួយបានសំរេចព្រះនគរកាលណា ព្រះក្មួយនឹងនាំសួយទៅថ្វាយយើងជាព្រះបិតុលា។ ឥឡូវព្រះក្មួយសំរេចព្រះនគរហើយ ម្ដេចឡើយក៏ពុំឃើញនាំសួយសារ ផ្កាមាសទៅថ្វាយយើងតាមទំនៀម ដូច្នេះឱ្យព្រះក្មួយ ចាត់ឱ្យនាំសួយសារ ផ្កាមាស ប្រាក់ទៅថ្វាយយើងជាព្រះបិតុលាឱ្យត្រឹមត្រូវតាមទំនៀម។ ព្រះបរមនាថ បរមខត្តិយា មហាចន្ទរាជាធិរាជ ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបសេចក្ដីក្នុងព្រះរាជសារហើយ ទ្រង់ព្រះពិរោធណាស់ តែទ្រង់ខំសង្កត់អត់ទុកក្នុងព្រះរាជហឫទ័យ ហើយក្លែងធ្វើជាទ្រង់ព្រះសំរួលក្អាកក្អាយ ទើបទ្រង់ត្រាស់ថា ក្រុងកម្ពុជាធិបតី មហាឥន្ទបត្តបុរីនេះ កាលដើមឡើយជានាយកលើនគរនានាទាំងអស់ ទាំងអាសៀមនេះ ក៏តែងនាំសួយសារ មកក្រាបទូលថ្វាយព្រះមហាក្សត្រខ្មែរ ក្នុងមហានគរនេះ ពុំដែលខាតខានមួយរដូវឡើយ។ លុះក្រោយមកដល់ផែនដី ព្រះបទុមសូរ្យវង្ស ព្រះអង្គមានព្រះនេត្រទិព្វ ទ្រង់យល់ថា: ពញារោងនោះ ជាព្រះរៀមផ្ទាល់ព្រះអង្គរួមព្រះមាតាមួយ បែកទៅនៅស្រុកសុខោទ័យ ក៏ទ្រង់តាំងឱ្យជាឯករាជ្យនៅក្នុងស្រុកនោះឱ្យសៀមទាំង ៧ ស្រុកឡើងស្ដាប់បង្គាប់សម្ដេចព្រះជេដ្ឋា។ ទ្រង់ខ័ណ្ឌព្រំបុរីត្រឹមនគររាជសីមា។ លុះឥតពីព្រះរោងទៅស្រុកសៀមក៏នៅឱ្យនាំសុវណ្ណបុប្ផា តំបារផ្កាមាសមកក្រាបទូលថ្វាយជាចំណុះស្រុកមហានគរតមកទៀត។ លុះដល់ស្រុកសៀមកើតសង្គ្រាមនឹងលាវពោះខ្មៅ លាវនោះតាំងឡើងជាព្រះមហាក្សត្រទៀត។ លុះដល់ស្រុកសៀមកើតសង្គ្រាមនឹងលាវពោះខ្មៅ លាវនោះតាំងឡើងជាព្រះមហាក្សត្រហើយបានបង្ក្រាបព្រះរាជត្រកូលពញារោងបាន ក៏តាំងខ្លួនជាឯករាជ្យ។ លុះដល់មកផែនដី សម្ដេចព្រះបរមរាជា សៀមឡើងរាជ្យជាសម្ដេចព្រះរាមាធិបតី សៀមលើកទ័ពមកធ្វើសង្គ្រាមនឹងព្រះបរមរាជា តែពុំបានធ្វើតាមទំនៀមព្រះមហាក្សត្រគឺឱ្យសំបុត្រចុតហ្មាយមកប្រាប់ជាមុនថា សុំធ្វើសង្គ្រាមទេ។ ស្រាប់តែឱ្យលបលើកជាទ័ពមកចោមបំបែកមហានគរដោយខ្មែរពុំដឹងខ្លួន។ ជ័យជំនះនឹងរាប់ថា មានរឹទ្ធីអានុភាពក៏ពុំបាន។ កាលយើងទៅនៅស្រុកសៀម ៩ ឆ្នាំនោះទៀតយើងបានសុំឱ្យកងទ័ពមកជួយយើងច្រើនដង ក៏ព្រះចៅចក្រពត្តិពុំឱ្យកងទ័ពនឹងស្បៀងអាហារយើងសោះ។ ហេតុតែ កុសលផងរបស់ក្រុងកម្ពុជាធិបតី មិនឱ្យប្រទេសយើងទាបថោក ក៏បណ្ដាលឱ្យព្រះចៅចក្រពត្តិចាញ់ឧបាយកលយើងឱ្យយើងទៅទាក់ដំរីស យើងក៏រត់មកច្បាំងបានដោយបញ្ញាធិការ និង តំរិះប្រាជ្ញាបុណ្យវាសនារបស់យើងទៅ។ តើព្រះចៅចក្រពត្តិមានឱ្យអ្វីជាកំលាំងមក ក៏បានជាឱ្យមកតាមទារសួយសារដូច្នេះ ឥឡូវនេះ បើយើងព្រមថ្វាយ ក៏ជាការឥតប្រយោជន៍ដែរ។ ទ្រង់ត្រាស់តែម៉្លោះហើយ ក៏ទ្រង់ឱ្យអាលក្សតែងព្រះរាជសារ ប្រគល់ឱ្យព្រះរាជទូតទាំង ៣ នាយនាំត្រឡប់ទៅក្រុងទេពបុរី ស្រីអយុធ្យាវិញ។ ព្រះរាជទូតទាំង ៣ នាក់បានឮព្រះបរិហារត្រាស់កណ្ដាលជំនុំ ជាសេចក្ដីផ្ទុញផ្ទាល់ដូច្នោះ ក៏នឹកក្រេវក្រោធពន់ប្រមាណ តែពុំហ៊ានឆ្លើយទាស់ព្រះរាជឱង្ការ ព្រោះសេចក្ដីដែលព្រះអង្គត្រាស់ទាំងប៉ុន្មាននោះជាសេចក្ដីសុចរិត ពិតត្រង់ប្រាកដទាំងអស់ ក៏ថ្វាយបង្គំទទួលព្រះរាជសារហើយ នាំត្រឡប់ទៅក្រាបទូលថ្វាយព្រះចៅចក្រពត្តិវិញ។
ស្ដេចសៀមឱ្យលាមប្រែព្រះរាជសារទៅមានសេចក្ដីថា: "ព្រះរាជាសុន្ទរ បវរ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមរាមា មហាចន្ទរាជាធិរាជ រាមាធិបតី សិរីយសោធរ បវរវង្សកូល កំពូលកម្ពុជា មហាឥន្ទបត្តបុរីរម្យ ឧត្តមកុរុរដ្ឋ រាជធានី។ ចំរើនផ្លូវព្រះរាជមេត្រី តបមកសម្ដេច ព្រះចៅចក្រពត្តិ ព្រះចៅក្រុងទេពបូរី ស្រីអយុធ្យាជាសម្ដេចព្រះបិតុលាបានទ្រង់ជ្រាប។ ដ្បិតយើងជាក្មួយបានឃើញព្រះរាជសារ មើលឃើញសេចក្ដីទាស់ច្រើនប្រការណាស់ ពុំត្រូវតាមប្រវេណីអំពីបុរាណរាជ្យរៀងមកទេ។ ឯក្រុងកម្ពុជាធិបតី មហានគរនេះជានគរធំ ឧត្តមប្រសើរណាស់ ក្រុងស្រីអយុធ្យាធ្លាប់តែជាចំណុះចុះចូល ថ្វាយសួយសាររៀងមកច្រើនផែនដី។ កាលយើងធ្វើសង្គ្រាមនឹងអាព្រះស្ដេចកននោះទៀត ក៏សៀមពុំបានជួយកំលាំងសឹកអ្វីសោះនឹងឱ្យនាំសួយសារមកថ្វាយសម្ដេចព្រះបិតុលានេះមិនគួរ។ យើងបានជំនុំយល់ព្រមនឹងព្រះវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតី មន្ត្រីតូចធំ ខ្ញុំព្រះរាជការទាំងប៉ុន្មានទៅយល់ថា សៀមពុំបានមានគុណជួយអ្វីសោះទេមានតែលបលើកជាទ័ពចោរទៅប្លន់រាស្ត្រយកព្រះនគរ ពុំមានព្រះរាជសារណាត់សង្គ្រាមតាមប្រវេណីក្រស័ត្រហើយកំហែងកៀរគ្រួខ្មែរប្រែទុច្ចរិតខ្លាំងណាស់ នឹងជឿស្ដាប់យកជាទីពឹងពុំគួរ។" សម្ដេចព្រះចៅចក្រពត្រាធិរាជ ទ្រង់ព្រះសណ្ដាប់ចប់ ទ្រង់ព្រះពិរោធណាស់ ទ្រង់ត្រាស់ថា: ពញាលង្វែកនិយាយតមកយើងក្នុងព្រះរាជសារនេះ ឃើញថាជាសេចក្ដីព្រហើនភ្លើនព្រះរាជអាជ្ញាខ្លាំងណាស់ ដូច្នេះមានតែយើងគិតធ្វើសង្គ្រាមនឹងពញាលង្វែកឱ្យឃើញថ្វីដៃម្ដង។ ខ្មែរធ្លាប់បែកនគរនឹងដៃសៀមពីរបីដងហើយ នៅតែពុំទាន់រៀង បើយើងឈ្នះបានព្រះនគរម្ដងនេះទៀត យើងនឹងកៀរយករាស្ត្រឱ្យអស់ពីនគរវាមកទុកក្នុងនគរយើងឱ្យស្យាមប្រទេសនេះរាងចាលថ្វីដៃយើងតទៅ។ តែអស់សេនាបតី មន្ត្រីគ្រប់ក្រសួងយល់ដូចម្ដេច សេនាបតី មន្ត្រីទាំងពួង ក៏ថ្វាយបង្គំក្រាបទូលថា ទ្រង់ព្រះតំរិះនេះ យើងខ្ញុំទូលព្រះបង្គំយល់ថាត្រូវព្រមៗគ្នា។
ព្រះបាទចក្រពត្តិរាជាធិរាជបានទ្រង់ព្រះសណ្ដាប់អស់មុខមន្ត្រីយកសេចក្ដីក្រាបបង្គំត្រូវនឹងព្រះតំរិះនោះ ពេញព្រះរាជហឫទ័យណាស់ ទើបទ្រង់ត្រាស់ឱ្យកេណ្ឌកងទ័ព។ លុះបានរេហ៍ពលមកជួបជុំហើយ នៅព.ស. ២០៧៤, គ.ស. ១៥៣០, ម.ស. ១៤៥២, ច.ស. ៨៩២ ឆ្នាំខាល ទោស័ក សម្ដេចព្រះចៅចក្រពត្តិ រាជាធិរាជ ត្រាស់ចាត់មេកងទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ ស្រេច សម្ដេចព្រះចៅចក្រពត្រាធិរាជ ទ្រង់គ្រឿងសំរាប់ពិជ័យយុទ្ធនាស្រេច ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រឈ្មោះ ប្លាយមង្គលទ្វីប ហើយក៏ឱ្យគោះគង ទូងភេរី លើកយោធាមុខ ក្រោយ ឆ្វេង ស្ដាំតាមក្បួនពិជ័យសង្គ្រាមដើរ។ ទ័ពធំមកត្រូវនគររាជសីមា និង មហានគរ។ ឯព្រះបាទបរមបពិត្រ ឧត្តមបរមខត្តិយា មហាចន្ទរាជាធិរាជ ក្រោយរាជទូតសៀមត្រឡប់ទៅវិញនោះ ស្ដេចមានព្រះរាជឱង្ការនឹងអស់មុខមន្ត្រីថា: កាលមុន ពញាដែកទាយថា: ពីរឆ្នាំទៀត សៀមនឹងលើកទ័ពនោះ ឃើញហេតុថាត្រូវនឹងទំនាយដែកហើយ។ ពញាដែកនោះ ដូចជាមានទេវតាសណ្ឋិតមាត់ ប្រសិនណាបើគាត់នៅរស់ យើងនឹងតាំងគាត់ជាហោរាក៏បាន។ ឧកញ៉ាចក្រីទេពក្រាបទូលថា: ពញាដែកនោះ កាលទ្រង់ប្រោសព្រះរាជទានរង្វាន់ឱ្យធ្វើជាចៅហ្វាយស្រុកលង្វែក និងប្រាក់មួយហាប ហើយនិងសំពត់អាវ ១០០ មួយមុខនោះគាត់មិនទទួលទេ។ គាត់ថាឱ្យទុកចែកសេនាទាហានចុះ សំដីនេះ ឃើញថាគាត់គ្មានចិត្តលោភសោះ បើទុកជាគាត់រស់នៅក៏ពុំព្រមចូលធ្វើរាជការដែរ ដែលគាត់ទៅជាបិសាចបានជាគូនឹងបិតាទូលព្រះបង្គំជាខ្ញុំនេះ ឃើញប្រសើរជាង។ ព្រះបរមនាថ បរមបពិត្រ ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទើបទ្រង់ត្រាស់បញ្ញត្តមុខងារថែមទៀតថា: ឱ្យព្លីការ ឱ្យគ្រប់រដូវចូលឆ្នាំ និង ចេញចូលវស្សា ហើយនិងភ្ជុំបិណ្ឌនៅកន្លែងពញាពេជ្រ និង ពញាដែកនោះ កុំឱ្យខ្វះខាតឡើយ ហើយទ្រង់ត្រាស់បង្គាប់ឱ្យសមហាត់ សេនាទាហានទុកបំរុងរាជការកុំឱ្យធ្វេសប្រហែស។ ឯបំរើសេះ ខាងក្រុងកម្ពុជា ដែលឱ្យទៅស៊ើបកិច្ចរាជការ ក្នុងក្រុងទេពនោះដឹងថា សៀមឱ្យកេណ្ឌរេហ៍ពលមកត្រៀមទ័ពហើយ ក៏ប្រញាប់មកប្ដឹងសេនាបតី សេនាបតី នាំយកសេចក្ដីក្រាបបង្គំទូលព្រះបាទជាអម្ចាស់។ ស្ដេចទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឱ្យកេណ្ឌកងទ័ពតាមជនបទតូចធំថែមទៀត។ លុះមកជួបជុំហើយ ទ្រង់ត្រាស់បង្គាប់ សម្ដេចព្រះរាមា ជាព្រះឱរសាធិរាជ និង សម្ដេចចៅហ្វាទឡ្ហៈ នៅចាំក្រោយព្រះមហានគរ ចាត់ដូច្នេះរួចហើយ ទើបទ្រង់ត្រាស់អស់មុខមន្ត្រីតូចធំថា បើយើងចាំទទួលទ័ពសៀមក្នុងព្រះនគរនោះឃើញថាអស់រាស្ត្រ ដែលនៅតាមផ្លូវមុខសឹកនឹងទៅជាឈ្លើយសៀមប្រាសវិនាសពីភូមិលំនៅអស់ពុំខាន។ ដូច្នេះ អញយល់ថា យើងត្រូវលើកទ័ពទៅទទួលទ័ពសៀម នៅទីប្រទល់ដែនទើបជា។ នោះអស់មុខមន្ត្រី ក៏ក្រាបទូលថា ទ្រង់ព្រះតំរិះយល់សេចក្ដី ទ្រង់ព្រះមហាករុណាដល់ប្រជានុរាស្ត្រនេះជាត្រឹមត្រូវណាស់។ ទើបព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ត្រាស់ឱ្យក្រុមព្រះរាជគ្រូបុរោហិត និង ក្រុមពិជ័យរាជហោរាតាំងព្រះរាជពិធីប្រក់ពលស្រេច លុះបានឫក្សជាពេលាល្អហើយ សម្ដេចព្រះបរមនាថ បរមបពិត្រ ជាអម្ចាស់ផែនដី ស្ដេចទ្រង់គ្រឿងអលង្ការសំរាប់រាជ្យ ចេញរណយុទ្ធឡើងគង់លើព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធកុញ្ចរក្លាខ្លាំងបាំងនូវបវរស្វេត្រច្ឆ័ត្រមានជាន់ ៧ ដោយពុំទាន់ប្រាប្ដាភិសេកនៅឡើយ ហើយទ្រង់ចាត់ឱ្យអស់អគ្គសេនាចតុរង្គជាទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ ព្រមដោយគ្រឿងអភិរម្យរាជនានា និង ដាវ កាំភ្លើង គ្រឿងប្រដាប់សំរាប់យុទ្ធទង់ជ័យ ប្រពៃថ្លៃថ្លា និងសេះសឹក សន្ធឹកមហិមា។ នោះព្រះពិជ័យរាជហោរាគោះគង ទូងភេរី ព្រះរាជគ្រូបុរោហិត ថ្វាយទឹកស័ង្ខ ប្រាប្ដាភិសេកហែទង់ជ័យផ្លុំត្រែស័ង្ខ សុរិយាតន្ត្រី ដំណើរក្បួនទ័ពចេញអំពីព្រះនគរ តាមរយៈផ្លូវទៅដល់ស្រុកពោធិ៍សាត់។ ឯទ័ពសៀម លុះមកដល់ស្រុកនាងរង ក៏រំលងមកដល់ស្រុកមហានគរវត្ត។ ចៅហ្វាយស្រុកខែត្រមហានគរ កេណ្ឌបានពល ៥០០០ នាក់ ចេញទទួលច្បាំងនឹងទ័ពមុខ។ សៀមបានច្បាំងដោយអាវុធវែងខ្លី ពលស្លុតស្លាប់ទាំងសងខាង តែពលខ្មែរឃើញពលសៀមច្រើនណាស់លប់កំលាំងនឹងទប់ទល់ពុំបានក៏រត់បែកទ័ពចេញទៅទីទៃ។ ទើបចៅហ្វាយស្រុកខែត្រមហានគរឃើញកងទ័ពខ្លួនបែកទ័ពរត់ចោលខ្លួនដូច្នោះក៏នាំតែទាហានរួមចិត្តចំនួន ៥០ នាក់រត់ទៅដល់ខែត្រពោធិ៍សាត់ជួបនឹងទ័ពហ្លួងត្រេកអរណាស់ ក៏ចូលទៅក្រាបថ្វាយបង្គំគាល់ ក្រាបទូលតាមហេតុសព្វសេចក្ដី ហើយថាដែលទូលព្រះបង្គំជាខ្ញុំរត់ចោលស្រុកនេះមានទោសដល់ជីវិត ស្រេចនៅព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាប្រោស។ ព្រះបាទបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ហើយ យល់ថាទ័ពសៀមជាទ័ពក្រស័ត្រ ពលក៏ច្រើនត្រាស់តែម៉្លោះហើយ ក៏តឿនឱ្យគ្រប់នាយកងទ័ពឱ្យលើកចេញពីខែត្រពោធិ៍សាត់ទៅទល់ដែនស្រុកនគរវត្ត។ ទ្រង់ត្រាស់ឱ្យតាំងទ័ពនៅមាត់វាលខាងលិចរង់ចាំស្ដាប់ជើងសឹកព្រះចៅចក្រពត្តិ។ ឯព្រះចៅចក្រពត្តិ លុះចៅហ្វាយស្រុកមហានគររត់ទៅហើយ ក៏ឱ្យលើកកងទ័ពចូលទៅក្នុងបន្ទាយមហានគរ ហើយទ្រង់ទតអស់ប្រាសាទរាជរដ្ឋខ្មែរ។ ទ្រង់យល់ល្អត្រកាលណាស់ទ្រង់ត្រាស់សរសើរថា: ស្រុកនេះគប្បីជាស្រុក សម្ដេចអម្រិន្ទ្រាធិរាជសាងថ្វាយព្រះបាទអរិដ្ឋពលពាហនោជាព្រះបុត្រមែន សមជាស្រុកមហានគរមានក្សត្រាធិរាជ ១២១ ជាចំណុះមែន។ ស្ដេចកំពុងតែត្រាស់សរសើរ ដូច្នេះកងល្បាតសេះចូលទៅក្រាបទូលថា ទ័ពស្ដេចខ្មែរលើកមកតាំងបន្ទាយនៅមាត់វាលខាងលិចចំងាយប្រមាណ ៥០ សិន។ ឯព្រះចៅចក្រពត្រាធិរាជ ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រាស់បង្គាប់អស់នាយកងទ័ពឱ្យប្រុងខ្លួនគ្រប់គ្នា។ លុះព្រឹកឡើងទ្រង់ត្រាស់បង្គាប់ឱ្យរៀបក្បួនទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ និង ដំរី សេះសឹកជាសន្ធឹកពន្លឹកមហិមាឱ្យទាហានពាក់អាវក្រហម មួកក្រហម ដែលមានចៅពញាមហាសេនាជាមេកងទ័ពមុខ។ ឯទ័ពឆ្វេងឱ្យព្រះសន្ធរសង្គ្រាមជាមេកងរេហ៍ពលពាក់អាវខៀវ មួកខៀវ ប៉ែកស្ដាំឱ្យចៅពញាព្រះឃ្លាំងធិបតីជាមេកងរេហ៍ពលពាក់អាវបៃតង មួកបៃតង។ ឯទ័ពក្រោយ ឱ្យចៅពញាចក្រីជាមេកងរេហ៍ពល ពាក់អាវខ្មៅ មួកខ្មៅ។ ឯទ័ពហ្លួង រេហ៍ពលពាក់អាវលឿង មួកលឿង។ លុះបាននពឫក្សហើយ សម្ដេចព្រះចៅចក្រពត្រាធិរាជ ទ្រង់គ្រឿងសុវណ្ណរាជភូសា ព្រះមណីរតន៍ សង្វារប្រដាប់ដោយមណីរតន៍ សំរាប់រាជសង្គ្រាម ស្រេចស្ដេចឡើងគង់ព្រះទីនាំង ប្លាយមង្គលទ្វីបចុះប្រេងបាំងនូវស្វេត្រច្ឆ័ត្រ ៩ ជាន់គង់នៅលើរយាងបិទមាសឱភាសសោភា ហើយឱ្យមន្ត្រីម្នាក់នៅជិះជាកណ្ដាល កាន់កន្ទុយក្ងោកឱ្យមន្ត្រីម្នាក់ទៀតជិះកន្សៃ វាយខ្ជែងឱ្យអស់នាយកង នាយទ័ពជិះដំរី សេះ សឹក ហើយវាយគងទូងស្គរសុរិយាតន្ត្រី ប្រគុំរងំរអើកកក្រើកលើកទ័ពតំរង់ទៅទ័ពស្ដេចខ្មែរ។ ឯព្រះចៅក្រុងខេមរាប្រទេស វិសេសខត្តិយា មហាចន្ទរាជាធិរាជក្នុងវេលាយប់នោះ ព្រះអង្គត្រាស់ប្រាប់ឱ្យប្រុងខ្លួនគ្រប់នាយកងទ័ព។ លុះព្រឹកឡើង ទ្រង់ចាត់សម្ដេចព្រះរាមាជាព្រះរាជបុត្រាច្បងឱ្យធ្វើជាមេទ័ពមុខគង់ព្រះទីនាំងពិជ័យកុញ្ជរបវរហត្ថីឱ្យចៅពញាសួគ៌ាលោកសុខ កូនពញាពេជ្រ (មឿង) ទី៣ ជាមេទ័ពមុខបង្អស់ឧកញ៉ាចក្រីទេព កូនពញាពេជ្រ (មឿង) ទី៤ ជាមេកងទ័ពប៉ែកស្ដាំឱ្យឧកញ៉ាយមរាជសួសជាមេកងទ័ព ប៉ែកឆ្វេងឱ្យសម្ដេចព្រះសុទត្តជាមេកងក្រវែលក្រោយ។ លុះបានដល់ឫក្សល្អហើយ ព្រះរាជគ្រូហោរាចារ្យ អញ្ជើញសម្ដេចចៅពញាចន្ទរាជា បរមនាថ បរមបពិត្រជាអម្ចាស់ព្រះអង្គចូលស្រង់ទឹកមន្តភិសេកហើយ ព្រាហ្មណ៍ថ្វាយទឹកស័ង្ខ រួចទ្រង់គ្រឿងសិរីរាជ្យ អលង្ការបវរពិចិត្រ ពិភិតភូសា សំរាប់ទ្រង់រាជរណយុទ្ធ ស្ដេចឡើងគង់ព្រះទីនាំងកុញ្ជរគជសារសឹកពន្លឹកចុះប្រេងមហិមា គង់នៅលើរយាងទិព្វមាស បោះបាំងនូវស្វេត្រច្ឆ័ត្រមានមន្ត្រីជិះកណ្ដាលកាន់កន្ទុយមយូរាសំរាប់ឱ្យសញ្ញាទ័ព ហើយបង្គាប់ឱ្យមន្ត្រីម្នាក់ជិះកន្សៃសំរាប់វាយខ្ជែ។ ឯអស់មន្ត្រីខ្ញុំរាជការដែលជាសេនាទាហានធំ តូច ក៏ជិះដំរី សេះសឹករាល់ខ្លួនតាមពួកតាមកងជាអធិកពន្លឹកដោយក្លស់ក្លំអភិរម្យ សែនត្វាន់កាន់នូវទង់ជ័យ ប្រពៃថ្លៃថ្លា សស្ត្រាវុធ។ លុះព្រះសុរិយារឿងរះ ស្រឡះនភាកាសស្ដេចត្រាស់ឱ្យសម្ដេចព្រះរាជបុត្រាគឺសម្ដេចព្រះរាមធិបតីចេញទ័ពមុខ ទាហានក៏តគោះគង ទូងភេរីតាំងហ៊ោ ដំណើរពេលទៅជាមុន ឯព្រះទីនាំង គជេន្ទ្រក៏ស្រែក។
"សាស្ត្រាវត្តកំពង់ត្រឡាចក្រោម ដែលយើងបានចំលងតាំងពីដើមរហូតមកដល់ត្រឹមនេះបាត់អស់មួយកណ្ឌគឺកណ្ឌទី១៧ កណ្ឌដែលសំដែងអំពីសង្គ្រាមរវាងព្រះបរមខត្តិយា មហាចន្ទរាជា នឹងព្រះចៅចក្រពត្តិ (ស្ដេចសៀម) និងដែលសំដែងអំពីសង្គ្រាមរវាងសម្ដេចព្រះបរមខត្តិយា មហាចន្ទរាជានិងចៅពញាអុង ដែលជាព្រះរាជបុត្រធម៌ស្ដេចសៀមទៀត។ ឯព្រះរាជពង្សាវតាររបស់ព្រះរាជបណ្ណាល័យមាននិយាយត្រង់នេះដែរ តែខ្លីណាស់ គឺគ្រាន់តែនិយាយថា ស្ដេចស្រុកសៀមឱ្យរាជសារមកសុំដំរី ទ្រង់ពុំព្រមថ្វាយ។ ស្ដេចសៀមខ្ញាល់ណាស់ លើកកងទ័ពមកច្រើន។ សម្ដេចព្រះបរមបពិត្រ ទ្រង់លើកសេនាទាហានទៅទទួលច្បាំងនៅមហានគរវត្ត។ ទ័ពសៀមបរាជ័យ រត់ខ្ចាត់ខ្ចាយអស់។ ទ័ពខ្មែរដេញតាមទាល់តែផុតដែនហើយ ទ្រង់លើកទ័ពត្រឡប់មកបន្ទាយមានជ័យវិញ។
ព្រះបាទចន្ទរាជាទ្រង់កែនទ័ពហើយលើកទៅវាយតទល់គ្នាត្រង់ ‘’ស្ទឹងអង្គរ’’ ត្រង់ភូមិមួយដែលជាប់ឈ្មោះថា‘’សៀមរាប” រហូតដល់សព្វថ្ងៃដែលជាអនុស្សាវរីយ៍នៃជោគជ័យរបស់ខ្មែរទៅលើសត្រូវសៀម។ នៅក្នុងសង្គ្រាមនេះខ្មែរចាប់បានឈ្លើយសឹកបានជាច្រើន។
ឯកសារយោង
[កែប្រែ]យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ ចៅហ្វាកៅ ចៅហ្វាទឡ្ហៈ (ឝ្រីឝៅគន្ធបទ) |
ចៅហ្វាទឡ្ហៈនៃក្រុងមានជ័យ និង កម្ពុជាធិបតី គ.ស.១៥១៦-ប្រ.១៥៦៧ |
តដោយ មិនស្គាល់ |
មុនដោយ មិនស្គាល់ |
ព្រះទិព្វជាញជ័យនៃក្រុងមានជ័យ គ.ស.១៥១៦ |
តដោយ មិនស្គាល់ |