Jump to content

កោះជ្វា

ពីវិគីភីឌា
ទីតាំងកោះជ្វា
ផែនទីកោះជ្វា

កោះជ្វា ជាកោះមួយនៅប្រទេសឥណ្ឌូនេស៊ី ដែលរដ្ឋធានីចាការតាតាំងនៅ។ កោះជ្វាជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត (១៣០លាននាក់ក្នុងឆ្នាំ២០០៦)។ កោះជ្វាក៏ជាតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេលើលោកផងដែរ។ វាមានផ្ទៃដី ១២៦ ៧០០គ.ម ធំជាងគេលំដាប់ទី១៣។ កោះជ្វាកកើតពីពំនើងផ្នត់នៃភ្នំភ្លើង។ ជួរភ្នំភ្លើងមួយបង្កើតជាទ្រនុងពីខាងកើតទៅខាងលិចនៃកោះ។ កោះជ្វាមានភាសាសំខាន់ៗ៣ ដែលប្រជាជនភាគច្រើនអាចនិយាយ២ភាសាដោយមានភាសាឥណ្ឌូនេស៊ីជាភាសាទី២។ ប្រជាជនភាគច្រើនលើសលប់ជាមូស្លីម។ កោះជ្វាប្រជុំដោយវប្បធម៌ ជំនឿសាសនាដ៏សំបូរបែប។


ភូមិវិទ្យា

[កែប្រែ]
ភ្នំសេមេរូ និង ភ្នំប៊្រូមូ នៅកោះជ្វាភាគខាងកើត

កោះជ្វាស្ថិតនៅចន្លោះកណ្ដាលរវាងកោះស៊ូម៉ាត្រាដែលនៅខាងលិចនិងកោះបាលីដែលនៅខាងកើត។ វាជាកោះធំជាងលើលំដាប់ទី១៣លើលោក។ វាមានផ្ទៃដី ១៣២ ០០០គ.ម។ កោះជ្វាមានដើមកំនើតពីភ្នំភ្លើងស្ទើរទាំងស្រុង។ វាមានភ្នំមិនតិចជាង៣៨ទេ ដែលធ្លាប់ជាភ្នំភ្លើងរស់ បង្កើតបានជាទ្រនុងរត់ពីកើតទៅលិច។ ភ្នំភ្លើងដែលខ្ពស់ជាងគេនៅកោះជ្វាគឺភ្នំសេមេរូ (៣៦៧៦ម)។ ភ្នំភ្លើងដែលមានសកម្មភាពខ្លាំងជាងគេនៅកោះជ្វាក៏ដូចជានៅឥណ្ឌូនេស៊ីគឺភ្នំមេរ៉ាពី (២៩១៤ម)។ ភ្នំនិងខ្ពង់រាបទាំងឡាយខ័ណ្ឌចែកកោះជាតំបន់ដាច់ដោយឡែកពីគ្នាជាច្រើន ដែលអនុគ្រោះដល់ការដាំដុះស្រូវលិចទឹក។ ទន្លេដែលវែងជាងគេនៅកោះជ្វាគឺទន្លេបេងហ្គាវ៉ាន់សូឡូ (៦០០គ.ម)។ ទន្លេនេះមានប្រភពមកពីភ្នំភ្លើងឡាវូនៅភាគកណ្ដាលកោះ ហើយហូរទៅខាងជើងនិងខាងកើតចូលទៅក្នុងសមុទ្រជ្វា

ប្រជាសាស្ត្រ

[កែប្រែ]
ភាគកណ្ដាលរដ្ឋធានី ចាការតា

កោះជ្វាជាកោះដែលមានប្រជាជនច្រើនជាងគេនៅឥណ្ឌូនេស៊ី(ប្រមាណ៦២%នៃប្រជាជនសរុប) និងជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេលើពិភពលោក។ វាមានប្រជាជនរស់នៅជាង១៣០លាននាក់ និងមានដង់ស៊ីតេប្រជាជន ១០២៦នាក់/គ.ម។ ប្រហែល៤៥%នៃប្រជាជនឥណ្ឌូនេស៊ីជាជនជាតិជ្វា។

តាំងពីទសវត្សរ៍ឆ្នាំ៧០ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានដំនើរការកម្មវិធីប្ដូរទីលំនៅប្រជាជនកោះជ្វាទៅកាន់កោះផ្សេងៗទៀត​ដែលមិនសូវមានមនុស្សរស់នៅ។ កម្មវិធីផ្ដល់លទ្ឋផលចំរុះ រួមមានជំលោះរវាងអ្នកស្រុកនិងអ្នកចូលមកតាំងទីលំនៅថ្មីផងដែរ។

ជាតិសាសន៍និងភាសា

[កែប្រែ]

ខុសពីកោះធំៗដទៃទៀតនៅឥណ្ឌូនេស៊ី ទោះបីជាវាមានប្រជាជនច្រើនកុះករក្ដី កោះជ្វាហាក់ដូចជាមានភាពស្មើសាច់នៃជាតិសាសន៍។ មានតែជនជាតិ២ទេដែលជាជនជាតិដើមរបស់កោះនេះ គឺជនជាតិជ្វានិងជនជាតិស៊ុនដា។ ជនជាតិទី៣ដែលមករស់នៅកោះជ្វាភាគខាងកើតតាំងពីសតវត្សរ៍ទី១៨គឺជនជាតិម៉ាឌូរ៉ា ដែលដើមឡើយរស់នៅកោះម៉ាឌូរ៉ានៅទិសឦសានកោះជ្វា។ ជនជាតិជ្វាមានប្រមាណ២ភាគ៣នៃប្រជាជនលើកោះ ខណៈជនជាតិស៊ុនដាមាន២០% និងជនជាតិម៉ាឌូរ៉ាមាន១០%។

ភាសាដែលគេនិយាយនៅកោះជ្វា (ភាសាជ្វាត្រូវបានបង្ហាញជាពណ៌ស)

ភាសាសំខាន់ៗទាំង៣គឺ ភាសាជ្វា ភាសាស៊ុនដា និង ភាសាម៉ាឌូរ៉ា។ ភាសារាយរងដទៃទៀតមាន ភាសាបេតាវី (ជាគ្រាមភាសាម៉ាឡេមួយ) ភាសាអូស៊ីងនិងភាសាតេងហ្គើ (ប្រហាក់ប្រហែលនឹងភាសាជ្វា) ភាសាបាឌ្វី(ប្រហាក់ប្រហែលនឹងភាសាស៊ុនដា) ភាសាកាងហ្គៀន(ប្រហាក់ប្រហែលនឹងភាសាម៉ាឌូរ៉ា) និង ភាសាបាលី។ ប្រជាជនមួយភាគធំក៏និយាយភាសាឥណ្ឌូនេស៊ីជាភាសាទី២ផងដែរ។

សាសនា

[កែប្រែ]

ច្រើនជាង៩០%នៃប្រជាជនកោះជ្វាជាមូស្លីម។ មានក្រុមអ្នកកាន់ព្រហ្មញ្ញសាសនាតូចៗនៅទូទាំងកោះផងដែរ ដែលសហគមន៍ធំរបស់ពួកគេមាននៅឆ្នេរភាគខាងកើតក្បែរកោះបាលី។ ក្រុមអ្នកកាន់គ្រឹស្តសាសនាច្រើនមាននៅទីក្រុងធំៗ។ អ្នកកាន់គ្រឹស្តសាសនានិកាយរ៉ូម៉ាន់កាតូលិកតឹងរឹងមាននៅភាគខាងត្បូងនៃកោះ។ អ្នកកាន់ព្រះពុទ្ឋសាសនាមាននៅទីក្រុងធំៗផងដែរ ដែលភាគច្រើនជាជនជាតិឥណ្ឌូនេស៊ីដើមកំនើតចិន។ រដ្ឋធម្មនុញ្ញរបស់ឥណ្ឌូនេស៊ីបានទទួលស្គាល់សាសនាផ្លូវការចំនួន៦។

កោះជ្វាធ្លាប់ជាទីប្រជុំនៃសាសនានិងវប្បធម៌។ ឥទ្ឋិពលពីឥណ្ឌា បាននាំមកនូវព្រហ្មញ្ញសាសនានិកាយសិវៈ និងព្រះពុទ្ឋសាសនា ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងសង្គមកោះជ្វា លាយឡំជាមួយប្រពៃណីនិងវប្បធម៌ដ៏សំបូរបែប។ ឥស្លាមសាសនាដែលមកក្រោយជាបណ្ដើរៗបានជំនួយទីកន្លែងរបស់សាសនា​ទាំង២មុននេះ។