Jump to content

នាងនាគទី២

ពីវិគីភីឌា
នាងនាគទី២
អគ្គមហេសី
រជ្ជកាលគ.ស ៥៦០-៦២១
រាជ្យមុនបទុមកេសរ, ​ព្រះ​ម្នាង​ស្វាយ, ​ពៅពិសី
រាជ្យបន្តមិនស្គាល់
ស្វាមី/មហេសីបទុមវរវង្ស
បុត្រព្រះបទុមសុរិយវង្ស ពញារោង
ព្រះនាមពេញ
​ព្រះ​ទេវត្តីសេរីរតន៍​កញ្ញា​មហាក្សត្រី
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាស្ដេចភុជង្គនាគ
សុគតមហានគរ នគរគោកធ្លក

ព្រះនាងនាគទី២ រជ្ជកាល (គ.ស ៥៦០-៦២១) ​ទ្រង់មានស្វាមីគឺព្រះបាទបទុមវរវង្ស បាន​ទទួល​ព្រះ​នាម​ថា​ ​ព្រះ​ទេវត្តីសេរីរតន៍​កញ្ញា​មហាក្សត្រី

ព្រះជីវប្រវត្តិ

[កែប្រែ]

ថ្ងៃមួយ ​ ​ព្រះបាទ​បទុមវរវង្ស​បាន​នាំ​អស់​ពលរេហ៍​សេនាមុខ​មន្ដ្រី​តូច​ធំ​ ​យាង​ទៅ​ប្រពាត​ព្រៃ​កំសាន្ដ​នៅ​តាម​ដង​ទន្លេ​ក្នុង​តំបន់​បាសាន្ត​ ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ស្រីសន្ធរ​សព្វថ្ងៃ​ ​ត្រង់​ចន្លោះ​ទន្លេមេគង្គ​ ​និង​ទន្លេតូច។​ ​ទីនោះ​មាន​ទេសភាព​ ​និង​ដីខ្សាច់​សក្បុស​ល្អ​ណាស់។​ ​ខណៈនោះ​ព្រះ​អង្គ​បាន​ជួប​ប្រទះ​ឃើញ​នាង​នាគ​មួយ​អង្គ​ ​ដែល​ដំណែង​ខ្លួន​ជា​នារី​យ៉ាង​ល្អ​ឥត​ខ្ចោះ​ស្រស់ប្រិមប្រិយ​ ​មាន​សម្ផស្ស​សោភ័ណភាព​ ​លើស​ផុត​អស់​ស្រី​ទាំងពួង​ ​នាង​មាន​សាច់​សម្បុរ​ពណ៌​ស​ស្អាត។​ នាងនាគ​បាន​ធ្វើ​ដំណើរ​ចេញពី​ ស្ថាន​ភុជង្គនាគ​ ​មក​កំសាន្ដ​លេង​ត្រង់​ឆ្នេរ​ខ្សាច់​នោះ​ដែរ​ ​គ្រាន់តែ​បាន​យល់​ឃើញ​នាងនាគ​ភ្លាម​ ​ព្រះបាទ​បទុមវរវង្ស​ពុំ​អាច​ទប់ចិត្ដ​ ​មិន​ប្រតិព័ទ្ធ​ស្នេហា​ព្រះ​នាង​បាន​ឡើយ​ ​ព្រះ​អង្គ​ក៏​ស្ទុះ​យាង​ចូល​ទៅ​សុំ​សេចក្ដី​ស្នេហា​ ​ហើយ​សួរ​ស្ដីដណ្ដឹង​រៀបចំ​អភិសេក​ព្រះ​នាង​ជា​អគ្គមហេសី។​ ​នាងនាគ​ក៏​យល់ព្រម​ ​សុខចិត្ដ​សុខកាយ​ ​លុះ​ទៅ​ដោយ​សេចក្ដី​ស្នេហា​លួងលោម​របស់​ព្រះមហាក្សត្រ។​ ​បន្ទាប់​មក​ ​ព្រះ​អង្គ​ក៏​នាំ​នាម៉ឺន​មន្ដ្រី​បរិវារ​ពល​សេនា​ ​វិល​ត្រលប់​ចូល​ព្រះ​មហានគរ​វិញ​ ​ព្រះ​អង្គ​បាន​ប្រទាន​ឋានៈ​ជា​ព្រះ​អគ្គមហេសី​ ​ធំ​ខ្ពស់​លើស​អស់​ស្រីស្នំ​ទាំងពួង។​ ​នាងនាគ​បាន​ទទួល​ព្រះ​នាម​ថា​ ​ព្រះ​ទេវត្តីសេរីរតន៍​កញ្ញា​មហាក្សត្រី។​មិនតែប៉ុណ្ណោះ​ ​ព្រះ​បទុមវរវង្ស​បាន​ចេញ​បញ្ជា​ឲ្យ​រាជការ​មុខមន្ដ្រី​ ​និង​ប្រជានុរាស្ដ្រ​ទាំងអស់​ក្នុង​ព្រះរាជ​អាណាចក្រ​ ​ដាក់​ឈ្មោះ​ ​និង​ហៅ​កន្លែង​ដែល​ព្រះ​អង្គ​បាន​ជួប​ស្នេហា​នាងនាគ​ថា​ ​ស្រីសឈរ។ ឈ្មោះ​កន្លែង​នេះ​បាន​ក្លាយ​បន្ដិច​ម្ដងៗ​ទៅ​ជា​ ​ស្រីសន្ធរ​ ​រហូត​មក​ដល់​សព្វថ្ងៃ។ ​ក្នុង​កាយវិការ​នេះ​ ​ព្រះ​បទុមវរវង្ស​ចង់​លើកទុក​អនុស្សាវរីយ៍​ស្នេហា​ព្រះ​អង្គ​ចំពោះ​នាងនាគ​ ឲ្យ​ស្ថិត​នៅ​ជា​អមតៈ​ជា​និច្ច។​ បើតាមពង្សាវតារសម្ដេចវាំងជួន គឺក្មួយស្រីរបស់ព្រះកេតុមាលាទេ។

បុត្រ

[កែប្រែ]

យូរ​ថ្ងៃខែ​កន្លង​មក​ ​ព្រះ​នាងនាគ​ក៏​ទ្រង់​គភ៌​ ​គម្រប់​គ្រប់​ ១០ ​ខែ ព្រះ​នាង​ប្រសូត​បាន​ពង​មួយ។​ ​ដោយ​ភ័យ​ខ្លាច​មានការ​អាម៉ាស់​មុខ​អាប់​កិត្ដិយស​ ​និង​ខ្លាច​មាន​ចលាចល​ក្នុង​ព្រះ​នគរ​ ព្រះមហាក្សត្រ​ ​និង​ព្រះ​អគ្គមហេសី​ក៏​សម្រេច​ចិត្ដ​យក​ពង​នោះ​ទៅ​កប់​ចោល​ក្នុង​ឆ្នេរ​ខ្សាច់​​នា​តំបន់​គីរិន្ដបូរ​ ​គឺ​ស្រុក​បរិបូណ៌​ ​ក្នុង​ខេត្ដកំពង់ឆ្នាំង (កាលពីមុនស្រុកបរិបូណ៌គឺជាស្រុកចំណុះខេត្តពោធិ៍សាត់)​ សព្វថ្ងៃ។​

នា​សម័យ​កាលនោះ​នៅ​ ក្នុងស្រុក​ខ្មែរ​ ​មាន​សៀម​ម្នាក់​ឈ្មោះ​គង់​ ​ដោយ​គាត់​មាន​ពុកចង្កា​ស្រមូវ​ ​អ្នកផង​ទាំងពួង​នាំ​គ្នា​ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា​ ​គង់​ស្រមូវ​ (បើ​តាម​ពង្សាវតារ​វត្ដ​កោកកាក​ ​សៀម​មេក្រុម​កំណែន​មានឈ្មោះ​ ​គង់​ដែរ​ ​តែ​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា​គង់​ពុកចង្កា​អង្កាញ់។​ ​ពង្សាវតារ​ព្រះ​អង្គ​ម្ចាស់​នព្វរតន៍​ ​បាន​សរសេរ​ថា​ ​គង់​នេះ​ត្រូវ​ហៅ​គង់​ស្រមូវ​ ​ឬ​គង់​ក្រៅ)។ គាត់​ជា​មេក្រុម​ពួក​កំណែន​សៀម​ ​ដែល​រៀង​រាល់​ឆ្នាំ​ ​ត្រូវ​តែ​ដឹកនាំ​សួយសារអាករ​ ​តាម​រទេះ​ ​មានទឹក​ ​និង​ត្រី​កន្ធរ​ហាល​មក​ថ្វាយ​ស្ដេច​ខ្មែរ។​ ​ថ្ងៃមួយ​ ​បំពេញភារកិច្ច​ផ្នែក​កំណែន​រួច​ហើយ​ ​គង់​ស្រមូវ​រៀបចំ​ឥវ៉ែឥវ៉ាន់​គ្រប់​បែប​យ៉ាង​សព្វសារពើរ​ ​ផ្ទុក​ដាក់​ក្នុង​រទេះ​ ​សម្រាប់​យក​ទៅ​លក់ដូរ​ឯ​ស្រុកភូមិ​វិញ​ ​ក្បួន​រទេះ​សៀម​គង់​ស្រមូវ​ ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​តំបន់​បរិបូណ៌​ ​នៅ​តាម​ផ្លូវ​ ​កន្លែង​មួយ​ដែល​មាន​ដី​ទួល​ខ្ពស់​ខុស​អំពី​ធម្មតា​ ​បាន​ធ្វើ​ឲ្យ​គាត់​មានការ​មន្ទិល​សង្ស័យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។​ ​គាត់​ក៏​ចុះ​ពី​រទេះ​ស្ទុះ​ទៅ​ជីកដី​ទួល​នោះ។​ ​ជីក​បាន​មួយសន្ទុះ​គាត់​សង្កេត​ក្រឡេក​មើលទៅ​ ​ឃើញច្បាស់​ជា​ពង​មួយ​ដ៏​ធំ​អស្ចារ្យ​ខុស​ប្លែក​ពី​ធម្មតា​ ​គង់​ស្រមូវ​ខំ​លើក​បី​ពង​នោះ​ដោយ​ថ្នមៗ​ ​ហើយ​លើកដាក់​រទេះដឹក​ជញ្ជូន​យក​ទៅ​ស្រុកភូមិ​ជាមួយ​ ​គាត់​ថែរក្សា​ទុកដាក់​ពង​នោះ​ដោយ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត​ (បើ​តាម​ពង្សាវតារ​វត្ដ​កោកកាក​ ​នៅ​ពេល​ទៅ​ដល់​ម្ដុំ​ស្រុក​បរិបូណ៌​ ​គង់​ស្រមូវ​បានឃើញ​ពង​នោះ​កំពុង​តែ​ញាស់​រួច​ស្រេច​ទៅ​ហើយ)។

គ្រប់ ​កាល​គ្រប់​វេលា​កាលណា​ ​ពង​នោះ​ញាស់​ចេញ​ជា​ទារក​ប្រុស​មួយ​ ​មាន​រូបរាង​ស្រស់​ល្អ​ស្អាត​សក្ដិ​សម​ ​ដែល​គង់​ស្រមូវ​ដាក់​ឈ្មោះ​ឲ្យ​ថានាយរង។​ ​គាត់​ស្រឡាញ់​ថ្នាក់ថ្នម​បីបាច់​ថែរក្សា​ចិញ្ចឹម​ទំនុកបម្រុង​ទារក​នោះ​ ដូចជា​កូនបង្កើត។

នឹង​ថ្លែង​អំពី​ព្រះបាទ​បទុមវរវង្ស ​ ​និង​ព្រះ​អគ្គមហេសី​នាគ​វិញ​ ​ដែល​គង់នៅ​ព្រះ​មហានគរ​ព្រះ​អង្គ​បាន​ព្រះរាជបុត្រ​មួយ​អង្គ​ទៀត​ ​ព្រះ​នាម​ព្រះ​បទុមសុរិយវង្ស ​(ឯកសារ​ពង្សាវតារ​ខ្លះ​ទៀត​ ​បាន​បញ្ជាក់​ថា​ ​ព្រះ​បទុមសូរ្យវង្ស​ត្រូវជា​បង​ពញា​រោង) គឺ​នៅ​ក្នុង​ឆ្នាំខាល​ ​ព.ស​១១៥០ ត្រូវជា​ ​គ.ស​៦០៦ ។

មុនដោយ
បទុមកេសរ
ព្រះម្នាងស្វាយ
ពៅពិសី
មហានគរ តដោយ
មិនស្គាល់