ឝ្រីឥន្ទ្រាទិត្យ

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ស្រីឥន្ទ្រាទិត្យ)
Jump to navigation Jump to search
ពុកឃុនឝ្រីឥន្ទ្រាទិត្យ
ពញារោង
พ่อขุนศรีอินทราทิตย์
ពុកឃុននៃសុខោទ័យ

พ่อขุนศรีอินทราทิตย์.jpg
ព្រះរូបនៃឝ្រីឥន្ទ្រាទិត្យ នៅស្រុកសួគ៌លោក ចង្វាតសុខោទ័យ
ព្រះមហាក្សត្រនៃឝ្យាម
រជ្ជកាល ១២៣៨ – ១២៧០
អង្គមុន អធិរាជាណាចក្រខ្មែរ
អង្គក្រោយ បានមឿង
រាជពន្ធភាព សឿង
រាជបច្ឆាញាតិ
ពុកឃុនបានមឿង
ពុកឃុនរាមកំហែង
និងព្រះរាជបុត្របីអង្គផ្សេងទៀត
វង្ស រាជវង្សព្រះរោង
ប្រសូត ?
សុគត ១២៧០

ពុកឃុនឝ្រីឥន្ទ្រាទិត្យ រឺ ពញារោង (ថៃพ่อขุนศรีอินทราทิตย์; ព.ប.ប.ស.ថ: ស៊ីអ៊ិនថៈរ៉ាធិត; ?  – ១២៧០) បានសោយរាជ្យនៅអាណាចក្រសុខោទ័យចាប់ពីឆ្នាំ១២៣៨ ដល់រង្វង់ឆ្នាំ១២៧០។ ទ្រង់ត្រូវបានគេលើកសរសើរថាជាស្ថាបនិកនៃ រាជវង្សព្រះរោង ដែលរាជវង្សនេះខ្លួនឯងត្រូវបានចាត់ទុកថាជារាជវង្សឝ្យាមដំបូងគេក្នុងប្រវត្តិសាស្ត្រ ហើយក៏មានការអះអាងលើសពីឋានៈនេះ: ថាជាអណ្ដូងអរិយធម៌ច្បាស់លាស់មួយក្នុងតំបន់ចំណាំតែហៅដោយជនបរទេសថា "សៀម"ៗ (ខ្មែរ:ស្យាម, ចិន: សៀន, ។ល។) ហើយក៏ជារាជវង្សមួយដែលបានរំដោះមឿងថៃជាច្រើនពីច្រវាក់នឹមរបស់ខ្មែរផងដែរ។[១]

ព្រះនាម[កែប្រែ]

១. បាងក្លាងហ្វា

២. ឝ្រីឥន្ទ្រាទិត្យ

៣. អរុណរាជ

៤. ឝៃយរ័ងតរាជ រឺ ឝុរ័ងតរាជ រឺ ឝៃយមរងតរាជ រឺ រ័ងតរាជ

៥. ព្រះរោង រឺ រោចមរាជ

៦. ព្រះឥន្ទ្រា រឺ ពុកឥន្ទ្រា

ការលំបាកក្នុងការប្រែសំរួល[កែប្រែ]

ដើមឡើយគេស្គាល់ថា ពុកឃុនបាងក្លាងហ្វា พ่อขุนบางกลางหาว ប្រែថា លោកម្ចាស់គ្រងមេឃ ភាពចំរូងចំរាស់ជុំវិញព្រះនាមនេះបង្ហាញនូវភាពមានកំរិតនៃអភិលេខន៍ (ចារឹកលេខន៍ រឺ ចារឹកសាស្ត្រ)។ វិទ្យាសាស្ត្រនេះសិក្សាអំពីចារឹក រឺ អភិលេខន៍ជាសំណេរ ដើម្បីកំណត់លេខតា បញ្ជាក់អត្ថន័យ បញ្ជាក់ពីរបៀបប្រើប្រាស់តាមរយៈកាលបរិច្ឆេទ និងបរិបទវប្បធម៌។ អត្ថបទនានាដែលបានចារលើសិលាចារឹកជារឿយៗបានបាត់បង់ផ្នែកខាងលើ រឺ ខាងក្រោម ត្រង់កន្លែងមួយដែលគេគិតថាមានកាលកំណត់ ជារឿងលំបាកក្នុងការទាញសេចក្ដីសន្និដ្ឋានអំពីសំណេរ និង អ្នកនិពន្ធ។ អ្វីដែលបានទាញចេញជាពិសេសពីចារឹកលេខន៍គឺជាចំណុចសំខាន់ខាងប្រវត្តិសាស្ត្រនៃចារឹក ប្រៀបដូូចជាឯកសារមួយ ហើយវាក៏ជាតំលៃសិល្បៈនៃបទតែងសេចក្ដីខាងអក្សរសាស្ត្រ។ ភាពស្មុគស្មាញទាំងនេះនាំអោយគេយល់ថាអ្នកដឹកនាំនៅគ្រាដំបូងនៃឆាកជីវិតជាធម្មតាបានយកងារជា ហ្វា (หาว)។[ត្រូវការអំណះអំណាង]

ព្រះរាជជីវភាព[កែប្រែ]

ព្រះអង្គធ្លាប់ជាម្ចាស់នៃសាមន្តរដ្ឋបាងយាង ទឹកដីដែលជាកម្មសិទ្ធិរបស់តំបន់ចុងខាងលិចបំផុតនៃអធិរាជាណាចក្រខ្មែរ (រជ្ជកាល ព្រះបាទឥន្ទ្រវម៌្មទី២ និង ជយវម៌្មទី៩) នៅពេលនោះ។ ទឹកដីនេះនាពេលឥឡូវលាតសន្ធឹងនៅជុំវិញបរិវេណខាងជើងភាគកណ្ដាលនៃប្រទេសថៃ

ឃុនបាងក្លាងហ្វារួមជាមួយឃុនផាមឿង ដែលជាព្រះចៅនៃរ៉ាដ បានសំរេចចិត្តបះបោរ និង ប្រកាសឯករាជ្យពីអង្គរ។ ការត្រួតត្រា និងការយកពន្ធដារហួសហេតុពេករបស់ខ្មែរគឺជាកត្តាជំរុញយ៉ាងខ្លាំងនាំឱ្យមានការបះបោរ។ ភាពមហាវក់វីរបស់ខ្មែរជាមួយសំណង់ស្ថាបត្យកម្មធំៗ បានបន្សោយសមត្ថភាព និង ការប្រុងជើងការការពាររបស់ខ្មែរ ដែលជួយនាំឱ្យមានការបះបោរនេះឡើង។ ឃុនបាងក្លាងហ្វាបានកាន់កាប់បានឝ្រីសជនាល័យ ហើយប្រគល់ទឹកដីនេះឱ្យទៅផាមឿង។ ផាមឿងក៏បានប្រគល់សុខោទ័យអោយទៅទ្រង់ជាការតបស្នងវិញ។

ឃុនបាងក្លាងហ្វា ក្រោយមកបានប្រកាសអង្គឯងជាក្សត្រនៅសុខោទ័យ ដោយយកព្រះនាមចេញពីសំស្ក្រឹតថា ឝ្រីឥន្ទ្រាទិត្យ ដែលប្រែថា "អ្នកធំលើព្រះអាទិត្យ ខ្មែរ ហៅថា ម្ចាស់នៃថ្ងៃ"។ មន្តវិជ្ជាការ និង ភាពក្លាហានរបស់ទ្រង់មានការចាប់ចិត្តយ៉ាងខ្លាំងដោយប្រជារាស្ត្រក្នុងព្រះនគរ ដែលបានចាត់ទ្រង់ដូច្នោះថា ព្រះរោង (ព្រះអង្គម្ចាស់នៃភាពរុងរឿង)។ គោរម្យងារនេះត្រូវបានផ្ដល់ដោយក្សត្រចំណុះនៃសុខោទ័យ ដូចនោះហើយវាក៏ផ្ដល់ជាកំណើតដល់រាជវង្សសៀមដំបូងគេឡើង ហៅថា រាជវង្សព្រះរោង។

ឝ្រីឥន្ទ្រាទិត្យ និង ព្រះមហេសី ព្រះនាងសឿង មានព្រះរាជបុត្រាបីអង្គ។ បុត្រច្បងសុគតនៅវ័យកុមារ បុត្រទីពីរមានព្រះនាមថាបានមឿង និង បុត្រទីបីបានបង្ក្រាបព្រះអង្គម្ចាស់ខ្មែរមួយអង្គក្នុងចំបាំងលើខ្នងដំរី ទ្រង់បានថ្វាយព្រះនាមដល់បុត្រពៅថា រាមកំហែង ជាតឹកតាងនៃភាពអង់អាចក្លាហានរបស់ទ្រង់។ ឝ្រីឥន្ទ្រាទិត្យបានសោយទិវង្គតប្រហែលឆ្នាំ១២៧០ ហើយត្រូវស្នងរាជ្យបន្តដោយព្រះរាជបុត្ររបស់ទ្រង់ បានមឿង។

ពង្សាវលី[កែប្រែ]

និទានក្នុងពង្សាវតារខ្មែរ[កែប្រែ]

ប្រសូត[កែប្រែ]

ថ្ងៃមួយ ​ ​ព្រះបាទ​បទុមវរវង្សបាន​នាំ​អស់​ពលរេហ៍​សេនាមុខ​មន្ដ្រី​តូច​ធំ​ ​យាង​ទៅ​ប្រពាត​ព្រៃ​កំសាន្ដ​នៅ​តាម​ដង​ទន្លេ​ក្នុង​តំបន់​បាសាន្ត​ ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ស្រីសន្ធរ​សព្វថ្ងៃ​ ​ត្រង់​ចន្លោះ​ទន្លេមេគង្គ​ ​និង​ទន្លេតូច។​ ​ទីនោះ​មាន​ទេសភាព​ ​និង​ដីខ្សាច់​សក្បុស​ល្អ​ណាស់ ។​ ​ខណៈនោះ​ព្រះ​អង្គ​បាន​ជួប​ប្រទះ​ឃើញ​នាង​នាគ​មួយ​អង្គ​ ​ដែល​ដំណែង​ខ្លួន​ជា​នារី​យ៉ាង​ល្អ​ឥត​ខ្ចោះ​ស្រស់ប្រិមប្រិយ​ ​មាន​សម្ផស្ស​សោភ័ណភាព​ ​លើស​ផុត​អស់​ស្រី​ទាំងពួង​ ​នាង​មាន​សាច់​សម្បុរ​ពណ៌​ស​ស្អាត។​ នាងនាគ​បាន​ធ្វើ​ដំណើរ​ចេញពី​ ស្ថាន​ភុជង្គនាគ​ ​មក​កំសាន្ដ​លេង​ត្រង់​ឆ្នេរ​ខ្សាច់​នោះ​ដែរ​ ​គ្រាន់តែ​បាន​យល់​ឃើញ​នាងនាគ​ភ្លាម​ ​ព្រះបាទ​បទុមវរវង្ស​ពុំ​អាច​ទប់ចិត្ដ​ ​មិន​ប្រតិព័ទ្ធ​ស្នេហា​ព្រះ​នាង​បាន​ឡើយ​ ​ព្រះ​អង្គ​ក៏​ស្ទុះ​យាង​ចូល​ទៅ​សុំ​សេចក្ដី​ស្នេហា​ ​ហើយ​សួរ​ស្ដីដណ្ដឹង​រៀបចំ​អភិសេក​ព្រះ​នាង​ជា​អគ្គមហេសី។​ ​នាងនាគ​ក៏​យល់ព្រម​ ​សុខចិត្ដ​សុខកាយ​ ​លុះ​ទៅ​ដោយ​សេចក្ដី​ស្នេហា​លួងលោម​របស់​ព្រះមហាក្សត្រ។​ ​បន្ទាប់​មក​ ​ព្រះ​អង្គ​ក៏​នាំ​នាម៉ឺន​មន្ដ្រី​បរិវារ​ពល​សេនា​ ​វិល​ត្រលប់​ចូល​ព្រះ​មហានគរ​វិញ​ ​ព្រះ​អង្គ​បាន​ប្រទាន​ឋានៈ​ជា​ព្រះ​អគ្គមហេសី​ ​ធំ​ខ្ពស់​លើស​អស់​ស្រីស្នំ​ទាំងពួង។​ ​នាងនាគ​បាន​ទទួល​ព្រះ​នាម​ថា​ ​ព្រះ​ទេវត្តីសេរីរតន៍​កញ្ញា​មហាក្សត្រី។ ​មិនតែប៉ុណ្ណោះ​ ​ព្រះ​បទុមវរវង្ស​បាន​ចេញ​បញ្ជា​ឲ្យ​រាជការ​មុខមន្ដ្រី​ ​និង​ប្រជានុរាស្ដ្រ​ទាំងអស់​ក្នុង​ព្រះរាជ​អាណាចក្រ​​ដាក់​ឈ្មោះ​ ​និង​ហៅ​កន្លែង​ដែល​ព្រះ​អង្គ​បាន​ជួប​ស្នេហា​នាងនាគ​ថា​ ​ស្រីសឈរ។ ឈ្មោះ​កន្លែង​នេះ​បាន​ក្លាយ​បន្ដិច​ម្ដងៗ​ទៅ​ជា​ ​ស្រីសន្ធរ​ ​រហូត​មក​ដល់​សព្វថ្ងៃ។ ​ក្នុង​កាយវិការ​នេះ​ ​ព្រះ​បទុមវរវង្ស​ចង់​លើកទុក​អនុស្សាវរីយ៍​ស្នេហា​ព្រះ​អង្គ​ចំពោះ​នាងនាគ​ឲ្យ​ស្ថិត​នៅ​ជា​អមតៈ​ជា​និច្ច។​

យូរ​ថ្ងៃខែ​កន្លង​មក​ ​ព្រះ​នាងនាគ​ក៏​ទ្រង់​គភ៌​ គំរប់គ្រប់​១០​ខែ ព្រះ​នាង​ប្រសូត​បាន​ពង​មួយ។​ ​ដោយ​ភ័យ​ខ្លាច​មានការ​អាម៉ាស់​មុខ​អាប់​កិត្ដិយស​ ​និង​ខ្លាច​មាន​ចលាចល​ក្នុង​ព្រះ​នគរ​ព្រះមហាក្សត្រ​ ​និង​ព្រះ​អគ្គមហេសី​ក៏​សម្រេច​ចិត្ដ​យក​ពង​នោះ​ទៅ​កប់​ចោល​ក្នុង​ឆ្នេរ​ខ្សាច់​​នា​តំបន់​គីរិន្ដបូរ​ ​គឺ​ស្រុក​បរិបូណ៌​ ​ក្នុង​ខេត្ដពោធិសាត់​សព្វថ្ងៃ។​

នា​សម័យ​កាលនោះ​នៅ​ក្នុងស្រុក​ខ្មែរ​មាន​សៀម​ម្នាក់​ឈ្មោះ​គង់​ ​ដោយ​គាត់​មាន​ពុកចង្កាស្រមូវ​ ​អ្នកផង​ទាំងពួង​នាំ​គ្នា​ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា​ ​គង់​ស្រមូវ​ (បើ​តាម​ពង្សាវតារ​វត្ដ​កោកកាក​ ​សៀម​មេក្រុម​កំណែន​មានឈ្មោះ​ ​គង់​ដែរ​ ​តែ​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា​គង់​ពុកចង្កា​អង្កាញ់។​ ​ពង្សាវតារ​ព្រះ​អង្គ​ម្ចាស់​នព្វរតន៍​​បាន​សរសេរ​ថា​ ​គង់​នេះ​ត្រូវ​ហៅ​គង់​ស្រមូវ​ ​ឬ​គង់​ក្រៅ)។ គាត់​ជា​មេក្រុម​ពួក​កំណែន​សៀម​ ​ដែល​រៀង​រាល់​ឆ្នាំ​ ​ត្រូវ​តែ​ដឹកនាំ​សួយសារអាករ​ ​តាម​រទេះ​ ​មានទឹក​ ​និង​ត្រី​កន្ធរ​ហាល​មក​ថ្វាយ​ស្ដេច​ខ្មែរ។​ ​ថ្ងៃមួយ​ ​បំពេញភារៈកិច្ច​ផ្នែក​កំណែន​រួច​ហើយ​ ​គង់​ស្រមូវ​រៀបចំ​ឥវ៉ែឥវ៉ាន់​គ្រប់​បែប​យ៉ាង​សព្វសារពើរ​ ​ផ្ទុក​ដាក់​ក្នុង​រទេះ​ ​សំរាប់​យក​ទៅ​លក់ដូរ​ឯ​ស្រុកភូមិ​វិញ​ ​ក្បួន​រទេះ​សៀម​គង់​ស្រមូវ​ ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​តំបន់​បរិបូណ៌​ ​នៅ​តាម​ផ្លូវ​ ​កន្លែង​មួយ​ដែល​មាន​ដី​ទួល​ខ្ពស់​ខុស​អំពី​ធម្មតា​ ​បាន​ធ្វើ​ឲ្យ​គាត់​មានការ​មន្ទិល​សង្ស័យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។​ ​គាត់​ក៏​ចុះ​ពី​រទេះ​ស្ទុះ​ទៅ​ជីកដី​ទួល​នោះ។​ ​ជីក​បាន​មួយសន្ទុះ​គាត់​សង្កេត​ក្រឡេក​មើលទៅ​​ឃើញច្បាស់​ជា​ពង​មួយ​ដ៏​ធំ​អស្ចារ្យ​ខុស​ប្លែក​ពី​ធម្មតា​ ​គង់​ស្រមូវ​ខំ​លើក​បី​ពង​នោះ​ដោយ​ថ្មមៗ​ ​ហើយ​លើកដាក់​រទេះដឹក​ជញ្ជូន​យក​ទៅ​ស្រុកភូមិ​ជាមួយ​ ​គាត់​ថែរក្សា​ទុកដាក់​ពង​នោះ​ដោយ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត​ (បើ​តាម​ពង្សាវតារ​វត្ដ​កោកកាក​ ​នៅ​ពេល​ទៅ​ដល់​ម្ដុំ​ស្រុក​បរិបូណ៌​ ​គង់​ស្រមូវ​បានឃើញ​ពង​នោះ​កំពុង​តែ​ញាស់​រួច​ស្រេច​ទៅ​ហើយ)។

គ្រប់ ​កាល​គ្រប់​វេលា​កាលណា​ ​ពង​នោះ​ញាស់​ចេញ​ជា​ទារក​ប្រុស​មួយ​ ​មាន​រូបរាង​ស្រស់​ល្អ​ស្អាត​សក្ដិ​សម​ ​ដែល​គង់​ស្រមូវ​ដាក់​ឈ្មោះ​ឲ្យ​ថា​នាយ​រង។​ ​គាត់​ស្រឡាញ់​ថ្នាក់ថ្នម​បីបាច់​ថែរក្សា​ចិញ្ចឹម​ទំនុកបំរុងទារក​នោះ​ដូចជា​កូនបង្កើត

ពេញវ័យ[កែប្រែ]

ចំណែកឯ​នាយ​រោង​ វិញ​ក៏​បាន​ពេញវ័យ​ដែរ​ ​ក្រោយ​ដែល​គង់​ស្រមូវ​បាន​ចូល​មរណៈកាល​ទៅ​ ​នាយ​រោង​បាន​ឡើង​ឋានៈ​ជំនួស​ឪពុក​ ​ជា​មេក្រុម​កង​កំណែន​ដឹក​ជញ្ជូន​ទឹក​ ​និង​ត្រី​កន្ធរ​ ​យក​មក​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ។​ ​ថ្ងៃមួយ ដល់​ពេលវេលា​ដែល​ត្រូវ​តែ​នាំ​ពល​កំណែន​ទៅ​ដងទឹក​យក​ទៅ​ថ្វាយ​ស្ដេច​ខ្មែរ​ ​នាយ​រោង​បាន​បញ្ជា​ឲ្យ​ក្រុម​កំណែន​ទាំងនោះ​ ​ត្បាញ​កញ្ជើ​ឲ្យ​ញឹក​ល្អិត​ជាទី​បំផុត​ ​ហើយ​ឲ្យ​នាំ​គ្នា​ដងទឹក​យក​ទៅ​ចាក់​ដាក់​ក្នុង​កញ្ជើ​ទាំងនោះ​ ​កញ្ជើ​នោះ​មានឈ្មោះ​ជាប់​មក​ថា​ ​ជាល​ភ្នែក​ក្រួច។​ ​បន្ទាប់​មក នាយ​រោង​និយាយ​បង្គាប់​ទៅ​កាន់​ជាល​ទាំងនោះ​ឲ្យធ្វើ​ដូច​ម្ដេច​កុំឲ្យ​ទឹក​លេច​ចេញ​សោះ។​ ​ទិព្វ​ដូច​មាត់​មែន​ ​ទឹក​ឥត​មាន​ជ្រាប​លេច​បន្ដិច​ឡើយ។​ ​ទឹក​ទាំង​ប៉ុន្មាន​ត្រូវ​បាន​នាយ​រោង​ដឹក​ជញ្ជូន​យក​ទៅ​ថ្វាយ​ព្រះ​ បទុមសូរ្យវង្ស​នៅ​ឯ​ព្រះ​មហានគរ ។​

ពញា​រោង​ ​កាល​អាយុ​១១​ឆ្នាំ បើ​តាម​ពង្សាវតារ​ ​របស់​ព្រះ​អង្គ​ម្ចាស់​នុព្វរតន៍​កូន​ព្រះបាទ​អង្គឌួង​នា​ឱកាស​អុំទូក​លេង​កំសាន្ដ​នៅ​ជិត​ផ្ទះ​ ​ធ្លាប់​ត្រូវ​បាន​ខ្សែទឹក​ហូរ​យ៉ាង​ខ្លាំង​ ​ទាញ​នាំ​ទូក​រក​អុំ​បញ្ច្រាស​ទឹក​ឡើង​ត្រលប់​មក​ផ្ទះ​វិញ​មិន​រួច។​ ​គ្រានោះ​ដោយ​អស់កំលាំងកំហែង​ ​ពញា​រោង​ក៏​ស្រែក​បញ្ជា​ឲ្យ​ទឹក​ហូរ​បញ្ច្រាស​ត្រលប់​ឡើង​លើ​វិញ​ ​ដើម្បី​នាំ​ទូក​ខ្លួន​យក​ទៅ​ដាក់​ឲ្យ​ដល់​ផ្ទះ។​ ​រំពេច​នោះ ទឹក​ក៏​ហូរ​បញ្ច្រាស​ឡើង​ទៅ​លើ​វិញ​មែន​ ​ហើយ​នាំ​ទូក​ពញា​រោង​ទៅ​ដល់​ផ្ទះ​ដូច​សេចក្ដី​ប្រាថ្នា​ ​យស់​ឃើញ​ភាព​អច្ឆរិយៈ​អស្ចារ្យ​ដូច្នេះ​ ​ពញា​រោង​ដឹង​ច្បាស់​ថា​ខ្លួន​មាន​ឫទ្ធានុភាព​មានបុណ្យ​បារមី​មាន​មាត់ទិព្វ​ ​ពី​ថ្ងៃ​នោះ​មក​ ​ពញា​រោង​ខំ​ចិញ្ចឹម​លាក់​អាថ៌​កំបាំង​នេះ​ជា​រៀង​រហូត។​

ចំណែក ​ព្រះបាទបទុមសុរិយវង្សដោយសារ​មាន​ព្រះ​នេត្រ​ទិព្វ​ ​ព្រះ​អង្គ​បានដឹង​បាន​យល់​នូវ​អស់​ព្រឹត្ដិការណ៍​ ​ព្រះ​អង្គ​បានដឹង​ថា​ ​អ្នកមាន​បុណ្យ​មាត់ទិព្វ​បាន​កើតឡើង​ហើយ​ ​ព្រះ​អង្គ​នឹកគិត​ឃើញ​ថា​ ​មិន​ងាយ​នឹង​ចាប់​ពញា​រោង​នេះ​ឡើយ។​ ​ព្រះ​អង្គ​កោះ​ប្រជុំ​អស់​នាម៉ឺន​មុខមន្ដ្រី​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ធំ​នេះ។​ ​ព្រះ​អង្គ​យល់​ឃើញ​ថា​តទៅ​អនាគត​ ​ប្រទេស​សៀម​នឹង​មាន​ស្ដេច​មួយ​អង្គ​ ​ដែល​គេ​ពុំ​អាច​កំទេច​បាន​ឡើយ។​ ​ដូច្នេះ​គេ​ត្រូវ​តែ​ចាត់​ទុក​ស្រុក​សៀម​ដោយ​ឡែក​ ​ដោយ​មិន​ចាំ​នាំ​សួយសារអាករ​មក​ថ្វាយ​ស្ដេច​ស្រុក​ខ្មែរ​ដូច​សព្វ​ដងនោះ​ទៀត​ទេ។​

ទំនាស់ជាមួយស្ដេចខ្មែរ[កែប្រែ]

បើ​យោល​ទៅ​តាម​ឯកសារ​ខ្លះ​ទៀត​ ​បុព្វហេតុ​ដែល​បណ្ដាល​ឲ្យ​ព្រះរាជា​ខឹង​ខ្ញាល់​ចេញ​បញ្ជា​ចាប់​ពញា​រោង​នោះ ​គឺ​មក​អំពី​នាយ​រោង​បាន​ប្រមាថ​មាក់ងាយ​ចេស្ដា​ព្រះ​អង្គ​ ​ដោយ​គ្មាន​ញញើតញញើម​ហ៊ាន​ចូល​មក​ឈរ​បង់​ជំទែង​កណ្ដាល​សាល​ជំនុំ​ ​ចំ​ពីមុខ​ព្រះ​ភ័ក្ត្រ​ព្រះ​អង្គ​ ​ពេល​ដែល​ចូល​មក​នាយ​រោង​បាន​បំបាំង​ខ្លួន​ ​មិន​ឲ្យ​នាម៉ឺន​មន្ត្រី​ពល​សេនា​ម្នាក់​មើលឃើញ​ឡើយ។​ ​មាន​តែ​ព្រះមហាក្សត្រ​ព្រះ​បទុមសូរ្យវង្ស​មួយ​អង្គ​គត់​ ដែល​យាង​ចូល​មក​ដល់​ទើប​មើលឃើញ។ ​អាកប្បកិរិយា​ព្រហើន​ច្រលោង​ខាម​នេះ​ ហើយ​ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ខ្ញាល់​​ចេញ​បញ្ជា​រក​ចាប់​នាយ​រោង។​ ​ឃើញច្បាស់​ជាក់​នឹង​ភ្នែក​ ​ថា​ព្រះមហាក្សត្រ​ខ្មែរ​មាន​មហិទ្ធិឫទ្ធិ​តេជៈ​បារមី​ ​មិន​អន់​ខ្សោយ​ដូចដែល​ខ្លួន​នឹក​ស្មាន​ ​ពញា​រោង​ក៏​រត់​ភៀសខ្លួន​បាត់​ស្រមោល​ទៅ។​ ​ឧកញ៉ា​មន្ដ្រី​ចៅពញា​តេជោតំឌិន​ត្រូវ​នាំ​ពល​សេនា​ចំនួន​៣០០​នាក់​ ​ជ្រែក​ដី​ទៅ​ចាប់​ពញា​រោង​នៅ​ឯ​ស្រុក​សុខោទ័យ។​ ​កងទ័ព​តេជោដាំដី​វិញ​ដេញ​តាម​ចាប់​ប្រកិត​ពីក្រោយ​ពញា​រោងរ​ត់ទៅ​ដល់​ស្រុក​ពីជិត​ ​ហើយ​ឡើង​កាត់​សំដៅ​ទៅ​តំបន់​ស្រុក​សុខោទ័យ​មក​ដល់ទី​នេះ​ ​ពញា​រោង​រត់​ចូល​ទៅពួន​លាក់ខ្លួន​ក្នុង​វត្ដ​ពុទ្ធថៃ​សុំ​លោក​ចៅអធិការ​សាង​ផ្នួស​បួស​ជា​សាមណេរ។​

រសៀល​ថ្ងៃមួយ នៅ​ពេល​ដែល​នេន​រោង​កំពុង​តែ​បោសសំអាតទីធ្លា​មុខ​ព្រះ​វិហារ​ ​ស្រាប់តែ​ចៅពញា​តេជោដាំដី​ជ្រែក​ដី​លេច​ចេញ​មក​ពាក់កណ្ដាល​ខ្លួន​ចំ​ពីមុខ​ តែ​ម្ដង​ ​ដោយ​មិន​បានដឹង​ថា​នេន​នេះ​ជា​ពញា​រោង​ ​តេជោដាំដី​ក៏​ទូល​សុំ​សួរ​លោក​រក​ពញា​រោង។​ ​នេន​រោង​ស្គាល់​ច្បាស់​ថា​គេ​មក​រក​ចាប់ខ្លួន​​បាន​មាន​ពុទ្ធ​ដីកា​ឆ្លើយ​តប​ទៅ​វិញ​ ​សូម​ឧបាសក​រង់ចាំ​នូវ​ទី​នេះ​សិន​ចុះ​ចាំ​អាត្មា​ទៅ​រក​ជូន​​ភ្លាម​នោះ​ដែរ​ ​រូបរាង​កាយ​តេជោដាំដី​ប្រែ​ទៅ​ជា​រឹង​បន្ដិចៗ​ម្ដង ​ហើយ​ក្លាយ​ទៅ​ជា​ថ្ម​រហូត​មក​ដល់​សព្វថ្ងៃ។​ ​មេទ័ព​ពល​សេនា​នៅ​សល់​ប៉ុន្មាន​ ​ដែល​ដើរ​តាម​ផ្លូវ​ជ្រែក​ដី​ដោយ​តេជោដាំដីបាន​នាំ​គ្នា​ដកថយ​ត្រលប់​ចូល​នគរ​ទៅ​រាយការណ៍​ថ្វាយ​ព្រះរាជា​តាម​ហេតុការណ៍។​

ក្រោយ ​ដែល​ស្ដេច​សៀម​នៅ​សុខោទ័យ​ចូល​ទិវង្គត​ ​នេន​រោង​បាន​ចាក​សិក្ខាបទ​ ​ហើយ​បាន​ឡើង​គ្រប់គ្រង​ស្រុក​សៀម​ពី​ពេល​នោះ​មក។​ ​ពញា​រោង​បាន​ប្ដូរ​ឈ្មោះ​មាន​ព្រះ​បរម​នាម​ជា​ព្រះមហាក្សត្រ​ថា​​ព្រះបាទ​ចន្ទ្រាធិបតី​ ​ស្ដេច​សៀម​ថ្មី​អង្គ​នេះ​ ​ដែល​គេ​និយម​ហៅ​តែ​ពញា​រោងៗ​ ​បាន​ប៉ុនប៉ង​ធ្វើ​គត់​ព្រះ​បទុមសូរ្យវង្ស​ ​ព្រះមហាក្សត្រ​ខ្មែរ​ចំនួន​ពីរ​លើក​ទៀត។

លើក​ទី​មួយ ពញា​រោង​បាន​ធ្វើ​ដំណើរ​លួច​មក​ស្រុក​ខ្មែរ​ ​ដោយ​មាន​នាំ​មក​ជាមួយ​នូវ​ពល​រេហ៍​ចំណានៗ​ ​និង​មាន​លាក់​ដាវ​ពីរ​ដាក់​ជាប់​ក្នុង​ខ្លួន​ផង​ ​មក​ដល់​ព្រះ​មហានគរ​ ​ពញា​រោង​បាន​នាំ​គ្នា​បន្លំ​ខ្លួន​ដើរ​សំដៅតំរង់​ចូល​ទៅ​ក្នុង​ព្រះ​បរមរាជវាំង។ ​ពេល​នោះ​​នាម៉ឺន​សព្វ​មុខមន្ដ្រី​ទាំងអស់​ទាំង​តូច​ទាំង​ធំ​ ​ទាំង​មនុស្ស​ទាំង​នាគ​ ​កំពុង​តែ​នាំ​គ្នា​មក​ប្រជុំ​ក្នុង​ព្រះ​បរមរាជវាំង​រង់ចាំ​ទទួល​គោរព​ ​និង​គាល់​ព្រះមហាក្សត្រ​ព្រះបាទ​បទុមសូរិយវង្ស​ ​ព្រះរាជា​យាង​គង់​លើ​បល្លង្ក​រាជ្យ​ ​ហើយ​ទ្រង់​ត្រាស់​មាន​បន្ទូល​ថា​ ​«តើ​មាន​មនុស្ស​ក្រៅ​ឯណា​ចូល​មក​ក្នុង​ទី​នេះ​ឬទេ?» នាម៉ឺន​សព្វ​មុខមន្ដ្រី​ទាំងអស់​ឆ្លើយ​តប​ទូល​ព្រម​គ្នា​ទៅ​វិញ​ថា​ ​គ្មាន​បាន​ឃើញ​មនុស្ស​ចំលែកឯណា​ទេ​ ​ព្រះរាជា​ក៏​មាន​បន្ទូល​តទៅ​ទៀត​យ៉ាង​ខ្លាំងៗ​ថា​ ​ជនជាតិ​សៀម​ឯង​ ​ដែល​មានចិត្ដ​ថ្លើមធំ​ចូល​មក​ដល់ទី​នេះ​តើ​ឯង​មាន​គោលបំណង​ដូច​ម្ដេច​ដែរ?

ពញា​រោង ដែល​អាង​ទៅ​លើ​មន្ដ​វិជ្ជាការ​សិល្ប៍​សាស្ដ្របំបាំង​ខ្លួន​ ​លុះ​ព្រះមហាក្សត្រ​ខ្មែរ​មើលឃើញ​​ដឹង​ស្គាល់​យល់​អំពើ​អស់​គ្រប់​សកម្មភាព​កាយវិការ​របស់​ខ្លួន​ ​ក៏​កើត​ភ័យ​ស្លន់ស្លោ​តក់ស្លុត​របូត​ដាវ​ទាំង​ពីរ​ធ្លាក់​ពី​ដៃ​ ​ពញា​រោង​ខំ​ប្រើ​មាត់ទិព្វ​ដែរ​ ​តែ​គ្មាន​ប្រសិទ្ធភាព​ ​ប្រើ​មិនកើត។​ ​គ្រានោះ​ ​ពញា​រោង​ដឹង​ច្បាស់​ណាស់​ថា​មហិទ្ធិឫទ្ធិ​តេជៈ​របស់​ខ្លួន​មិន​អាច​នឹង​យកជ័យ​ជំនះ​លើ​ព្រះ​បទុមសុរិយវង្ស​បាន​ឡើយ​ ​ភ្លាម​នោះ​ដែរ​ ​ព្រះមហាក្សត្រ​យាងចុះ​ពីលើ​រាជបល្លង្ក​​ដក​ដាវ​ដើរ​សំដៅ​ទៅ​រក​ប្រហារជីវិត​ពញា​រោង​ ​ពញា​រោង​ដឹង​ថា​ខ្លួន​អស់​ផ្លូវ​អស់​ច្រកចេញ​ ​ក៏​លុតជង្គង់​គ្រឹប​ក្រាបថ្វាយបង្គំ​សុំ​ខមាទាន​ទោស​ព្រះ​បទុមសុរិយវង្ស​ ​ព្រះ​អង្គ​យល់ព្រម​លើក​លែង​ទោស​​ឲ្យ​រួច​រស់រាន​មានជីវិត​ដោយ​ព្រមទាំង​មាន​បន្ទូល​ថា​ «មិន​ពិតប្រាកដ​ច្បាស់​ជាមហិទ្ធិឫទ្ធិ​ឯង​ខ្លាំងពូកែ​នោះ​ទេ​!»។

បន្ទាប់មក​ ​ពញា​រោង​ក៏​ក្រាប​ថ្វាយបង្គំ​លា​ព្រះមហាក្សត្រ​ខ្មែរ​ដើម្បី​វិល​ត្រលប់​ទៅ​ស្រុក​សៀម​វិញ​ ​ប៉ុន្ដែ​ក្នុង​ចិត្ដ​ពញា​រោង​មិន​ដែល​ព្រម​ដាក់ខ្លួន​ចុះចាញ់​ស្ដេច​ខ្មែរ​ឡើយ​ ​ពញា​រោង​គុំ​ទុក​ជាប់​ក្នុង​ក្រឳបេះដូង​ថា​ថ្ងៃ​ល្អ​ណាមួយ​នឹង​ធ្វើឃាត​សំលាប់​ស្ដេច​ខ្មែរ​ដណ្ដើម​យក​រាជសម្បត្ដិ​ឲ្យ​ទាស់​តែ​បាន។​

លើ​ទី​២​ ​ឆ្លៀត​ឱកាស​ល្អ​ពញា​រោង​បាន​រៀ​បចំ​ខ្លួន​ ​និង​ក្រុម​បក្សពួក​ធ្វើ​ដំណើរ​ចូល​មក​មហានគរ​​ក្នុង​គោលបំណង​លួច​ប្រហារជីវិត​ស្ដេច​ខ្មែរ​ ​ថ្ងៃ​នោះ ព្រះ​បទុមសុរិយវង្ស​ដោយ​មាន​ព្រះ​ខ័ន​ជាប់​នឹង​ខ្លួន​​បាន​យាងចុះ​មក​ក្រសាល​លេង​នៅ​ទីធ្លា​ក្នុង​បរមរាជវាំង។​ ​ពញា​រោង​ ​ដែល​អាង​ទៅ​លើ​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​របស់​ខ្លួន​ ​ជិះ​លើ​ដំរីសារ​មួយ​យ៉ាង​ធំ​ បំបាំង​ខ្លួន​ហើយ​បំបោល​ដំរី​នោះ​លឿន​ស្លេវ​សំដៅ​ចូល​ទៅ​ក្នុង​វាំង​ ​ដើម្បី​ជាន់ឈ្លី​សំលាប់​ព្រះមហាក្សត្រ​​នៅ​ចំពោះ​មុខ​ហេតុភេទ​ដូច្នេះ គ្មាន​នាម៉ឺន​មន្ដ្រី​ពល​សេនា​ណា​ម្នាក់​មើលឃើញ​ពញា​រោង​ឡើយ។​ ​តែ​ព្រះ​បទុមសូរ្យវង្ស​ដែល​មាន​ភ្នែក​ទិព្វ​​បាន​ក្រឡេក​មើលឃើញ​ទាន់​ ​ព្រះ​អង្គ​ខឹង​ខ្ញាល់​ខ្លាំង​ណាស់​ហើយ​ស្រែ​កសន្ធាប់​ថា​ ​«អា​សៀម​នេះ​ ​វា​ប្រមាថ​មាក់ងាយ​យើង​ជ្រុល​ពេក​ហើយ​! វា​គិត​អាង​មហិទ្ធិឫទ្ធិ​របស់​វា​ខ្លាំងពូកែ​ម្ដងនេះ​ ​យើង​លែង​អត់ឱន​លើកទោស​ឲ្យ​ទៀត​ហើយ​!»។

ពញា​រោង​ខំ​បំបោល​ដំរី​ឲ្យ​សំរុក​រឹង​រឹត​តែ​លឿន​ឡើង​ទៅ​ជាន់​សំលាប់​ព្រះមហាក្សត្រ​ខ្មែរ​ ​ក៏​ប៉ុន្តែ​មក​ដល់​មុខ​ព្រះ​បទុមសុរិយវង្ស​កាលណា​ដំរី​នោះ​ទប់​ជើង​ឈប់​ងក់​ហើយ​បែរជា​លុតជង្គង់​ថ្វាយបង្គំ​សំពះ​ព្រះ​អង្គ​ទៅ​វិញ​​ដោយ​មិន​បាន​សំរេច​ជោគជ័យ​ដូចដែល​ប៉ង​ ​ពញា​រោង​ភ័យ​ណាស់​លោត​ចុះ​ពីលើ​ខ្នង​ដំរី​​មក​ក្រាបថ្វាយបង្គំ​ព្រះមហាក្សត្រ​ខ្មែរ​សុំ​ឲ្យ​ព្រះ​អង្គ​លើកលែងទោស​ពៃ​​ឲ្យ​រួច​រស់រាន​មានជីវិត​បន្ដ​ទៅ​ទៀត។​ ​ពញា​រោង​ប្រកាស​ជា​ឧឡារិក​ថា​ ​អំណឹះ​តទៅ​លែង​ហ៊ាន​ប្រមាថកាតទាន​លើ​រូប​ព្រះ​អង្គ​ទៀត​ហើយ​ ​ព្រះ​បទុមសុរិយវង្ស​ ​ដែល​ដឹង​អំពី​ប្រវត្ដិ​ពញា​រោង​មាន​ជាប់​សាច់ឈាម​ជា​បងប្អូន​បង្កើត​ ​ព្រះ​អង្គ​ក៏​សុខចិត្ដ​សន្ដោស​ប្រោសប្រណី​លើកលែងទោស​ ​ហើយ​ថែម​ទាំង​កាត់​ផ្ដាច់​ទឹកដី​មួយ​ចំណែក​ប្រគល់​ឲ្យ​ទៀត។​

ក្នុងសម័យ​នោះ​ ​ព្រំប្រទល់​ដែនទឹក​ដី​ខ្មែរ​នៅ​ទិស​ខាងលិច​​ត្រូវ​ថយ​រួញ​មក​នៅ​ត្រឹម​​បស្ចិម​បុរី​ (បឝ្ចិមបុរ) ​ដែល​សព្វថ្ងៃ​សៀម​ដាក់​ឈ្មោះ​ថា​ ​ប្រជិនបុរី​ ​ឬ​ខេត្ដ​ខាងកើត​ ​និង​ខាងជើង​ត្រឹម​នគររាជ​សីមា​ ​ដែល​សៀម​កាឡៃ​ប្ដូរ​ឈ្មោះ​ដាក់​ជា​ ​កូរ៉ាត (គោរាជ)​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​ព្រះ​បទុមសុរិយវង្ស​បាន​ដាក់​កំណត់​លក្ខខណ្ឌ​ឲ្យ​គ្រប់​ស្ដេច​សៀម​ត្រូវ​តែនាំ​ផ្កា​មាស​មក​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​មួយ​ឆ្នាំ​ម្ដង​ ​បន្ទាប់​មក​ពញា​រោង​ក្រាប​ថ្វាយបង្គំ​ព្រះរាជា​សុំ​អនុញ្ញាត​វិល​ត្រលប់​ទៅសុខោទ័យ​វិញ។​ ​ពញា​រោង​បាន​ទស្សទ៍​ទាយ​ ​ដាក់​ទំនាយ​ស្រុក​ខ្មែរ​ថា​ ​នឹង​រលត់​រលាយ​វិនាស​ខ្ចាត់ខ្ចាយ​ ​នៅ​ថ្ងៃ​ដែល​រូបសំណាក​ចៅពញា​តេជោដាំដី​ត្រូវ​បាក់បែក​ខ្ទេចខ្ទី​អស់។ ​

ឯកសារយោង[កែប្រែ]

  1. Cœdès, G. (1921). "The Origins of the Sukhodaya Dynasty" (PDF). Journal of the Siam Society. Siam Heritage Trust. 14.1. Retrieved March 17, 2013. (1) The translation of this paper, which has been read at a joint session of the Royal Asiatic Society of Great Britain and Ireland, Société Asiatique, and American Oriental Society, and published in the Journal asiatique (April–June 1920), is the work of Mr. J. Crosby, to whom the author begs to tend his heartfelt thanks.

អំណានបន្ថែម[កែប្រែ]

ឝ្រីឥន្ទ្រាទិត្យ
ប្រសូត/កើត: ? សុគត/ស្លាប់: ១២៧០
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ផាមឿង
ក្សត្រនៃសុខោទ័យ
១២៣៨–១២៧០
តដោយ
បានមឿង