សម្ដេចព្រះមហាឃោសានន្ទ
មហាឃោសានន្ទ (ព្រះនាមពេញ សម្តេចព្រះមហាឃោសានន្ទ) (២៣ ឧសភា ១៩១៣ - ១២ មីនា ២០០៧) ជាសម្តេចសង្ឃរាជដែលទទួលស្គាល់ដោយប្រជាជនកម្ពុជានិរទេស ដោយព្រះអង្គបានគង់នៅក្រៅប្រទេសកម្ពុជា ក្នុងអំឡុងពេលសម័យខ្មែរក្រហម និងសម័យកុម្មុយនិស្តនៅប្រទេសកម្ពុជា ។
ព្រះនាមរបស់ព្រះអង្គជាភាសាបាលី គឺ « ឃោសានន្ទ » ដែលមានន័យថា ជា « អ្នកឃោសនាដោយរីករាយ » (ឃោស ៖ សំឡេងប្រកូក, សម្រែកខ្លាំង, ការបន្លឺសំឡេង + អានន្ទ ៖ សេចក្តីសប្បាយ, សេចក្តីរីករាយ, សេចក្តីសុខសាន្ត, ប្រាមោទ្យ[១]) ។ ព្រះអង្គប្រសូតនៅខេត្តតាកែវ នៅប្រទេសកម្ពុជានាឆ្នាំ ១៩១៣ នៅក្នុងគ្រួសារអ្នកស្រែនៅទន្លេចតុមុខ ។ កាលនៅពីក្មេង ព្រះអង្គមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើព្រះពុទ្ធសាសនា និងបានចូលបម្រើជាក្មេងវត្ត កាលពីអាយុ ៨ ឆ្នាំ ។ ព្រះសង្ឃក្នុងវត្តស្ងើចក្មេងវត្តរូបនោះណាស់ ហើយនៅអាយុ ១៤ ឆ្នាំ ព្រះអង្គបានបួសជាលោកនេន[២] ។ ព្រះអង្គបានសិក្សាភាសាបាលីនៅពុទ្ធិកសាលាក្នុងវត្ត ហើយបន្ទាប់មកទៀត បាននិមន្តទៅបំពេញការសិក្សានៅពុទ្ធិកវិទ្យាល័យ នៅភ្នំពេញនិងខេត្តបាត់ដំបង មុននឹងនិមន្តទៅប្រទេសឥណ្ឌា ដើម្បីស្វែងរកការសិក្សាបន្ថែមទៅលើភាសាបាលីនៅវិទ្យស្ថាន « នវនាលន្ទាមហាវិហារ » ឯរដ្ឋពិហារ ប្រទេសឥណ្ឌា[៣] ។
ការអប់រំ
[កែប្រែ]ព្រះមហាឃោសានន្ទ បានទទួលការហ្វឹកហាត់ពីគ្រូជាច្រើនអង្គក្នុងសាសនាព្រះពុទ្ធ ដូចជាព្រះសង្ឃ ១ អង្គពីប្រទេសជប៉ុន ព្រះនាម ហ៊្វូជិអ៊ិ និឈិដាត់ស៊ឺ (藤井 日達)[៤] និងសម្តេចព្រះសង្ឃរាជ ជួន ណាត ជាដើម ។
នៅឆ្នាំ ១៩៦៥ ព្រះមហាឃោសានន្ទ បានចាកចេញពីប្រទេសកម្ពុជា ទៅភាវនាធម៌នៅក្នុងវត្តរបស់ព្រះអាចារ្យ ប៉ែន ធម្មធរោ (พระอาจารย์แป้น ธมฺมธโร) គឺ វត្តឆាយណា (วัดชายนา) នៅក្នុងព្រៃមួយ ជិតទីរួមខេត្តនគរស្រីធម្មរាជ នៅភាគខាងត្បូងនៃប្រទេសថៃ[៥] ។ បួនឆ្នាំក្រោយមក ពោលគឺក្នុងអំឡុងពេលដែលព្រះអង្គនៅតែកំពុងសិក្សានៅក្នុងវត្តព្រៃរបស់ព្រះអាចារ្យធម្មធរោនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់ផ្តើមទម្លាក់គ្រាប់បែកនៅប្រទេសកម្ពុជា ក្នុងគោលបំណងកាត់ផ្ដាច់ផ្លូវលំហូជីមិញ និងបញ្ចប់សង្គ្រាមវៀតណាម ។ ប្រទេសកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី ហើយប្រជាជនត្រូវបែកខ្ញែកព្រាត់ប្រាសគ្នា ។
សម័យខ្មែរក្រហម
[កែប្រែ]ពួកខ្មែរក្រហមបានរឹបអូសយកប្រទេសទាំងមូល ហើយវាសនានៃព្រះពុទ្ធសាសនាខ្មែរ ត្រូវស្ថិតក្នុងភាពមិនទៀង ។ ប៉ុល ពត ដែលធ្លាប់រស់នៅក្នុងវត្តអារាមកាលនៅក្មេង បានប្រកាសថា ព្រះសង្ឃ ជាបញ្ញើក្អែគ គ្មានប្រយោជន៍អ្វីនោះទេ ហើយជាវណ្ណៈមួយក្នុងរបបសក្តិភូមិចាស់ ។ ដោយសារការឃោសនាដ៏គួរឲ្យរន្ធត់បែបនោះ ពួកខ្មែរក្រហមបានផ្សឹកព្រះសង្ឃ ហើយបញ្ជូនទៅធ្វើស្រែចម្ការដូចប្រជាជនដទៃទៀតដែរ ឬក៏ពួកខ្មែរក្រហមបានធ្វើទារុណកម្មលើព្រះសង្ឃ ឬបញ្ជូនទៅរៀនសូត្រ និងធ្វើគត់ចោលទៀតផង ។ ព្រះសង្ឃខ្លះទៀត ត្រូវបានបង្ខំឲ្យប្រព្រឹត្តខុសនឹងវិន័យរបស់ព្រះសង្ឃ ដោយត្រូវបានគេភ្ជង់កាំភ្លើង ។ ចាប់តាំងពីពេលនោះមក រហូតដល់ពេលរបបខ្មែរក្រហមត្រូវរលំ លែងមានព្រះសង្ឃនៅក្នុងប្រទេសកម្ពុជា ហើយនិងវត្តជាច្រើន បានត្រូវគេកម្ទេចចោល ។
នៅគ្រានោះ មានជនជាតិខ្មែរជាច្រើន បានចាប់ផ្តើមរត់ចេញពីប្រទេសកម្ពុជា ទៅផ្តុំគ្នាតាមបណ្តោយព្រំប្រទល់ប្រទេសថៃ ដោយតំណាលទាំងរឿងរ៉ាវដែលអ្នកក្រៅ ពិបាកជឿ ស្តីពីរបបប្រល័យពូជសាសន៍ដ៏គួរឲ្យភ័យរន្ធត់នោះ ។
នៅឆ្នាំ ១៩៧៨ ព្រះមហាឃោសានន្ទ បានចាកចេញពីអាស្រមបទក្នុងព្រៃ ហើយបាននិមន្តទៅដល់ជំរំជនភៀសខ្លួននៅតាមព្រំប្រទល់ប្រទេសថៃនិងខ្មែរ និងបានចាប់ផ្តើមជួយផ្គត់ផ្គង់ដល់ជនភៀសខ្លួនដែលរត់មកប្រទេសថៃនោះ ។ នៅតាមជំរំនានា ជនភៀសខ្លួន ដែលខានបានជួបព្រះសង្ឃជាច្រើនឆ្នាំមកនោះ ពេលឃើញមុខព្រះមហាឃោសានន្ទ ក៏រំភើបចិត្តយ៉ាងក្រៃលែង ហើយក៏ស្រក់ទឹកភ្នែកស្រែកយំ កាលណាព្រះមហាឃោសានន្ទសូត្រមន្ត្រ ដែលជនជាតិខ្មែរធ្លាប់ឮធ្លាប់សូត្រជាច្រើនជំនាន់ច្រើនតំណមុនឆ្នាំសូន្យនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម ។ ព្រះអង្គបានចែករំលែកនូវអត្ថបទព្រះធម៌ដល់ជនភៀសខ្លួនជាធម្មទាន សម្រាប់ចម្រើនព្រះបរិត្ត និងបំផុសគំនិត ដើម្បីលើកទឹកចិត្តរបស់ជនភៀសខ្លួនដ៏វេទនាទាំងនោះ[៦] ។
ការស្ថាបនាឡើងវិញ
[កែប្រែ]ព្រះមហាឃោសានន្ទ បានជួយដល់ប្រទេសជាតិ និងជួយឲ្យព្រះពុទ្ធសាសនាខ្មែរ កើតឡើងវិញ នៅឆ្នាំ ១៩៨០ ។ ព្រះអង្គបានធ្វើជាអ្នកតំណាងប្រជាជនខ្មែរក្នុងជំរំជនភៀសខ្លួន និងតំណាងរដ្ឋាភិបាលខ្មែរនិរទេសកម្ពុជា នៅឯអង្គការសហប្រជាជាតិ ។
នៅពេលដែលរបប ប៉ុល ពត រលំនាឆ្នាំ ១៩៧៩ ព្រះមហាឃោសានន្ទ គឺជាព្រះសង្ឃ ១ អង្គ ក្នុងចំណោមព្រះសង្ឃខ្មែរ ៣០០០ អង្គ ដែលបានផុតពីស្លាប់ ក្នុងចំណោមព្រះសង្ឃចំនួន ៦ ម៉ឺនអង្គនៅប្រទេសកម្ពុជាមុនឆ្នាំ ១៩៧៦ ។ ក្នុងឆ្នាំ ១៩៧៩ នៅតាមជាយដែនខ្មែរ-ថៃ ព្រះអង្គបានកសាងវត្តក្នុងជំរំជនភៀសខ្លួនទាំងឡាយ ហើយបានបំបួសព្រះសង្ឃជាតិខ្មែរ ទោះបីជាមានការហាមប្រាមពីអាជ្ញាធរយោធាថៃក៏ដោយ[៧] ។
នៅឆ្នាំ ១៩៨០ ព្រះមហាឃោសានន្ទ និងបព្វជិតសាសនាគ្រីស្ទាន ១ រូប គឺគ្រូគង្វាល ភីធ័រ ឡរ៉ែន្ស ផនដ៍ (Peter L. Pond) បានបង្កើត « បេសកកម្មអន្តរសាសនាដើម្បីសន្តិភាពនៅកម្ពុជា » ។ លោកទាំងពីរ បានរកឃើញអតីតព្រះសង្ឃនិងដូនជី រាប់រយអង្គ និងរាប់រយនាក់ ដែលបានរួចពីស្លាប់ ដើម្បីឲ្យពួកអតីតសង្ឃនិងដូនជីទាំងនោះ អាចបួសឬកាន់សីល ១០ ឡើងវិញ និងកាន់កាប់មុខងារឡើងវិញ ក្នុងវត្តអារាមខ្មែរទូទាំងពិភពលោកផងដែរ ។ នៅខែមិថុនា ឆ្នាំ ១៩៨០ រដ្ឋាភិបាលថៃសម្រេចចិត្តបង្ខំជនភៀសខ្លួនរាប់ពាន់នាក់ឲ្យធ្វើមាតុភូមិនិវត្តន៍ ។ លោកគ្រូគង្វាល ផនដ៍ និងព្រះមហាឃោសានន្ទ ក៏បានរៀបចំការតវ៉ាប្រឆាំងនឹងការធ្វើមាតុភូមិនិវត្តន៍ទាំងបង្ខំនូវជនភៀសខ្លួនពីជំរំស្រះកែវ (សាកែវ)[៨] ។
នៅឆ្នាំ ១៩៨៨ ព្រះសង្ឃខ្មែរមួយក្រុម ដែលបាននិរទេសខ្លួនចាកចេញពីប្រទេសកម្ពុជា បានជ្រើសតាំងព្រះមហាឃោសានន្ទ ជាសង្ឃរាជ ។ ព្រះមហាឃោសានន្ទ បានយល់ព្រមទទួលឋានៈនេះជាបណ្តោះអាសន្ន ដរាបដល់ប្រទេសកម្ពុជានឹងមានសន្តិភាពឡើងវិញ[៩] ។ នៅជំនាន់នោះ គឺនៅទសវត្សរ៍ឆ្នាំ ១៩៨០ សម្តេចព្រះមហាសង្ឃរាជនៅប្រទេសកម្ពុជា គឺ សម្តេច ទេព វង្ស ដែលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមការគាំទ្រពីសាធារណរដ្ឋសង្គមនិយមវៀតណាម បានតែងតាំងកាលពីឆ្នាំ ១៩៨១[១០] ។
ធម្មយាត្រា
[កែប្រែ]នៅឆ្នាំ ១៩៩២ ជាឆ្នាំដំបូង ដែលអង្គការសហប្រជាជាតិបានអនុវត្តសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនៃឆ្នាំ ១៩៩១ ទើបព្រះមហាឃោសានន្ទ ដឹកនាំធម្មយាត្រានៅថ្នាក់ជាតិជាលើកដំបូង សម្រាប់ផ្តល់នូវសន្តិភាពដល់ប្រទេសខ្មែរទាំងមូល ដើម្បីឲ្យជនជាតិខ្មែរមានសេចក្តីសង្ឃឹមនិងសន្តិភាពឡើងវិញ[១១] ។ ធម្មយាត្រានេះ បានធ្វើដំណើរនិងចំណាយពេលអស់រយៈពេល ១៦ ថ្ងៃ និង ២០០ គ.ម. ឆ្ពោះទៅកាន់តំបន់ខ្មែរក្រហម ដោយឆ្លងកាត់ដី ដែលពួកខ្មែរក្រហមបានបង្កប់គ្រាប់មីន ។ បន្ទាប់មក ព្រះអង្គនាំធម្មយាត្រាជាច្រើន ឆ្ពោះមកប្រទេសកម្ពុជាទាំងមូល ជាមួយមនុស្សចំនួនប្រមាណ ២០០ ទៅ ៣០០ នាក់រៀងរាល់ឆ្នាំ (មានទាំងព្រះសង្ឃ ដូនជី និងឧបាសកឧបាសិកា) ។ នៅឆ្នាំ ១៩៩៥ មានរហូតដល់ ៥០០ នាក់ ដែលធ្វើធម្មយាត្រា ។ នៅឆ្នាំ ១៩៩៥ នោះ មានពួកខាង « បូជនីយេសចរណ៍អន្តរជំនឿដើម្បីសន្តិភាពនិងជីវិត » បានទៅជួបនិងរួបរួមគ្នាជាមួយពួកអ្នកធ្វើធម្មយាត្រានោះ ។ ក្រុមទាំង ២ បានដើរឆ្លងកាត់ប្រទេសកម្ពុជា ពីព្រំប្រទល់ថៃ រហូតដល់ព្រំប្រទល់វៀតណាម ដោយបានដើរកាត់តំបន់ដែលពួកខ្មែរក្រហមកាន់កាប់ អស់រយៈពេលច្រើនថ្ងៃ ។ ដោយហេតុតែបានបង្រៀននូវភាពអហិង្សា និងកសាងវត្តអារាមខាងពុទ្ធសាសនាទូទាំងពិភពលោក ដើម្បីជួយជ្រោមជ្រែងដល់ជនជាតិខ្មែរ ដែលត្រូវនិរទេស ឲ្យឋិតនៅក្នុងសាសនាប្រកបដោយសន្តិភាពរបស់ខ្លួននេះ បានជាព្រះមហាឃោសានន្ទ បានទទួល « រង្វាន់នៃសេចក្តីក្លាហាននិងមនសិការ ពីមូលនីធិ ភីស អាប្បេយ៍ (អាស្រមបទសន្តិភាព) » (Peace Abbey Courage of Conscience Award) ។
គេបានដាក់ឈ្មោះព្រះអង្គថា ជា « មហាត្មៈគន្ធី នៃប្រទសកម្ពុជា »[១២] ។ លោកស្រី ឃ្លែរប៊ន ផិល្ល (Claiborne Pell) ដែលជាប្រធានគណៈកម្មាធិការការបរទេសនៃព្រឹទ្ធសភាអាមេរិកាំង បានស្នើឈ្មោះរបស់ព្រះអង្គ ចំពោះរង្វាន់សន្តិភាពណូបែល[១៣] ។ គេក៏បានស្នើព្រះនាមព្រះអង្គ ចំពោះរង្វាន់នេះ នៅឆ្នាំ ១៩៩៥, ១៩៩៦ និង ១៩៩៧ ដោយយល់ឃើញសកម្មភាពរបស់ព្រះអង្គក្នុងការនាំសន្តិភាពដល់ប្រទេសកម្ពុជា ។ ព្រះមហាឃោសានន្ទ ក៏មានតួនាទីជាទីប្រឹក្សាឲ្យ « ពុទ្ធសាសនិកសម្ព័ន្ធដើម្បីសន្តិភាព » (Buddhist Peace Fellowship) ហើយព្រះអង្គគង់ម្តងម្កាលនៅវត្តអារាមបាលិលេយ្យ ដែលកសាងដោយជនភៀសខ្លួនខ្មែរ នៅទីក្រុងហ្វ៊ីឡាឌែលហ៊្វីយ៉ា រដ្ឋផេនស៊ីលវ៉ានីញ៉ា ស.រ.អា. ។
សម្តេចព្រះមហាឃោសានន្ទ បានទទួលអនិច្ចធម្មនៅក្រុងន័រធ៍ហាំប៍តុន រដ្ឋម៉ាស្សាឈូសេត្តស៍ នៃសហរដ្ឋអាមេរិក នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០០៧[១៤] ៕
- ជីវប្រវត្តិសម្តេចព្រះមហាឃោសានន្ទជាខេមរភាសា ៖ [១] Archived 2011-07-16 at the វេយប៊ែខ ម៉ាស៊ីន. [២]
- ↑ វចនានុក្រមបាលី-ខ្មែរ-អង់គ្លេស ដោយបណ្ឌិត សួន ឱសថ, ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, បោះពុម្ពលើកទី ១, ព.ស. ២៥៥៥ គ.ស. ២០១១, ទំព័រ ៣២, ៣១៦ ។
- ↑ http://www.mahaghosananda.com/biography.html Archived 2007-06-26 at the វេយប៊ែខ ម៉ាស៊ីន. ។
- ↑ http://www.nnm.ac.in/ ។
- ↑ https://ja.wikipedia.org/wiki/%E8%97%A4%E4%BA%95%E6%97%A5%E9%81%94 និង https://en.wikipedia.org/wiki/Nichidatsu_Fujii ។
- ↑ http://www.watchaina.com/home/index.php/2014-12-05-14-50-19[តំណភ្ជាប់ខូច] ។
- ↑ http://www.ghosananda.org/bio_book.html Archived 2016-01-17 at the វេយប៊ែខ ម៉ាស៊ីន. ។
- ↑ John Amos Marston, Elizabeth Guthrie, History, Buddhism, and new religious movements in Cambodia, គ្រឹះស្ថានបោះពុម្ពផ្សាយសាកលវិទ្យាល័យហាវ៉ៃ (University of Hawaii Press), គ.ស. ២០០៤ ISBN 0-8248-2868-2, ទំព័រ ២០១ ។
- ↑ Brian Peter Harvey , An introduction to Buddhist ethics: foundations, values, and issues. គ្រឹះស្ថានបោះពុម្ពផ្សាយសាកលវិទ្យាល័យខេមប្រ៊ិដហ្សិ៍ (Cambridge University Press), គ.ស. ២០០០, ISBN 0-521-55640-6, ទំព័រ ២៨១ ។
- ↑ Harris, Ian (August 2001), "Sangha Groupings in Cambodia", Buddhist Studies Review (UK Association for Buddhist Studies) 18 (I): 70 ។
- ↑ Harris, Ian (August 2001), "Sangha Groupings in Cambodia", Buddhist Studies Review (UK Association for Buddhist Studies) 18 (I): 75 ។
- ↑ http://www.buddhanet.net/masters/maha-gosanada.htm ។
- ↑ http://www.economist.com/node/8881498 ។
- ↑ http://www.mahaghosananda.com/biography.html Archived 2007-06-26 at the វេយប៊ែខ ម៉ាស៊ីន. ។
- ↑ http://www.mahaghosananda.com/biography.html Archived 2007-06-26 at the វេយប៊ែខ ម៉ាស៊ីន. ។
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- អ្នកល្បីឈ្មោះរបស់ខ្មែរ
- ព្រះពុទ្ធសាសនា
- ព្រះសង្ឃខ្មែរ
- ព្រះសង្ឃ
- ព្រះពុទ្ធសាសនាថេរវាទក្នុងប្រទេសកម្ពុជា
- ព្រះសង្ឃក្នុងព្រះពុទ្ធសាសនាថេរវាទ
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីធ្នូ 2022
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- Pages using ISBN magic links