កម្មបថ១០
ផ្នែកមួយនៃ |
ព្រះពុទ្ធសាសនា |
កិរិយាតំកល់ចិត្តក្នុងសីល |
កម្មបថ
[កែប្រែ]កម្មបថ មានន័យថា ផ្លូវ ឬ គន្លងនៃកម្ម គឺដំណើររបស់អំពើអាក្រក់ ឬល្អដែលសត្វលោកធ្វើដោយកាយ វាចា ចិត្ត។ ដែលត្រូវបានបែងចែកជា ២ គឺ អកុសលកម្មបថ និងកុសលកម្មបថ។
កម្មដែលប្រព្រឹត្តទៅជាកុសលកម្មក្ដី អកុសលកម្មក្ដី បើគ្រប់អង្គនោះនឹងមានផលអាចអោយបដិសន្ធិទៅជា ទេវតា មនុស្ស សត្វ ឬនរក ជាដើមបាន ទៅតាមអំណាចនៃកម្មបថដែលខ្លួនបានធ្វើ តែប្រសិនបើមិនគ្រប់អង្គរបស់កម្មបថនោះទេវាមានផលតិចអាចអោយផលបានតែក្នុងបវត្តិកាល(ពេលបច្ចុប្បន្នដែលកំពុងរស់នៅ)ប៉ុណ្ណោះ ។
កម្មបថចែកទៅតាមទ្វា ៣ គឺ
១. កាយទ្វា = កើតទៅតាមកាយ
២. វចីទ្វា = កើតទៅតាមវាចា
៣. មនោទ្វា = កើតទៅតាមចិត្ត
កុសលកម្មបថ ១០
[កែប្រែ]កាយសុចរិត ៣
[កែប្រែ]១- បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
២- អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចា។
៣- កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
វចីសុចរិត ៤
[កែប្រែ]១- មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក។
២- បិសុណាវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ។
៣- ផរុសវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។
៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរោយរាយឥតប្រយោជន៍។
មនោសុចរិត ៣
[កែប្រែ]១- អនភិជ្ឈា មិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។
២- អព្យាបាទោ មិនមានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។
៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវពិត ហើយប្រកាន់ឡើងថាត្រូវមែន។
អកុសលកម្មបថ ១០
[កែប្រែ]កាយទុច្ចរិត ៣
[កែប្រែ]១- បាណាតិបាតា កិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
២- អទិន្នាទានា កិរិយាកាន់យកវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
៣- កាមេសុមិច្ឆាចារា កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
វចីទុច្ចរិត ៤
[កែប្រែ]១- មុសាវាទា កិរិយាពោលនូវពាក្យកុហក។
២- បិសុណាវាចា កិរិយាពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ។
៣- ផរុសវាចា កិរិយាពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។
៤- សម្ផប្បលាបា កិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍។
មនោទុច្ចរិត ៣
[កែប្រែ]១- អភិជ្ឈា មានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួន។
២- ព្យាបាទោ មានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស។
៣- មិច្ឆាទិដ្ឋិ គំនិតយល់ឃើញខុស ហើយប្រកាន់ថាត្រូវ។
អង្គនៃកម្មបថ
[កែប្រែ]បាណាតិបាត មានអង្គ៥
1. បាណោ សត្វមានជីវិត។
2. បាណសញ្ញិតោ សេចក្តីដឹងថា សត្វមានជីវិត។
3. វធកចិត្តំ គិតនឹងសម្លាប់។
4. ឧបក្កមោ ព្យាយាមនឹងសម្លាប់។
5. តេនមរណំ សត្វស្លាប់ដោយព្យាយាមនោះ។
អទិន្នាទាន មានអង្គ ៥
1. បរបរិគ្គហិតំ ទ្រព្យដែលម្ចាស់គេហួងហែងរក្សា។
2. បរបរិគ្គហិតសញ្ញិតា សេចក្តីដឹងថា ទ្រព្យមានម្ចាស់គេហួងហែងរក្សា។
3. ថេយ្យចិត្តំ គិតនឹងលួច។
4. ឧបក្កមោ ព្យាយាមនឹងលួច។
5. តេនហរណំ លួចបានមកដោយព្យាយាមនោះ។
កាមេសុមិច្ឆាចារ មានអង្គ ៤
1. អគមនីយដ្ឋានំ ស្ត្រីដែលមិនគួរនឹងគប់រក គឺស្ត្រីដែលមានគេហួងហែងរក្សា(*)។
2. តស្មឹសេវនចិត្តំ គិតនឹងសេពនូវមេថុនធម្ម។
3. ឧបក្កមោ ព្យាយាមនឹងសេពនូវមេថុនធម្ម។
4. មគ្គេនមគ្គប្បដិបាទនំ ញុំាងមគ្គនឹងមគ្គឲ្យដល់គ្នា។
មុសាវាទ មានអង្គ ៤
1. អតថំវត្ថុ វត្ថុមិនពិត។
2. វិសំវាទនចិត្តំ គិតនឹងពោលឲ្យខុស។
3. តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុស។
4. បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ។
បិសុណាវាចា មានអង្គ៤គឺៈ
1. ភិន្ទិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីញុះញង់បំបែក។
2. ភេទនបុរេក្ខាតោ គិតនឹងញុះញង់បំបែកបំបាក់អ្នកដទៃនោះ។
3. តជ្ជោវាយាមោ ព្យាយាមបំបែកបំបាក់អ្នកដទៃនោះ។
4. តស្សតទត្ថវិជ្ជាទនំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវដំណើរដែលញុះញង់នោះ។
ផរុសវាចា មានអង្គ៣គឺៈ
1. អក្កោសិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីជេរប្រទេច។
2. កុប្បិតចិត្តំ ចិត្តខឹងរន្ធត់។
3. អក្កោសនា បានជេរប្រទេច។
សម្ផប្បលាប មានអង្គ២គឺៈ
1. ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍ មានរឿងចម្បាំងនៃភារត និងរឿងរាពណ៍លួចនាងសេតាយកទៅជាដើម ។
2. តថារូបឹកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នេះ ។
អភិជ្ឈា មានអង្គ២គឺៈ
1. បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ។
2. អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះ ឲ្យមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេងៗ។
ព្យាបាទ មានអង្គ២គឺៈ
1. បរសត្តោ អ្នកដទៃក្រៅពីខ្លួន។
2. តស្សតំតំវិនាសចិន្តា គិតចងគំនុំគុំគួននឹងអ្នកនោះ ឲ្យដល់នូវសេចក្តីវិនាសដោយហេតុនោះ។
មិច្ឆាទិដ្ឋិ មានអង្គ២គឺៈ
1. វត្ថុនោ ច គហិតាការវិបរិតតា ចិត្តប្រែប្រួលដោយអាការៈខុស អំពីព្រះរតនត្រ័យជាដើម ។
2. យថា ច តំ គណ្ហាតិ តថាភាវេន តស្សុបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ។
កម្មបទ ៨០
[កែប្រែ]កុសលកម្មបថ ៤០
[កែប្រែ]កុសលកម្មបថនីមួយៗមាន ៤ ប្រភេទគឺ
1. មិនធ្វើដោយខ្លួនឯង (មិនសម្លាប់សត្វដោយខ្លួនឯង ជាដើម)
2. មិនប្រើគេឲ្យធ្វើ (មិនប្រើគេឲ្យសម្លាប់សត្វ ជាដើម)
3. មិនពេញចិត្តក្នុងការធ្វើ (មិនពេញចិត្តក្នុងការសម្លាប់សត្វ ជាដើម)
4. មិនពោលសរសើរគុណនៃការធ្វើ (មិនពោលសរសើរការសម្លាប់សត្វ ជាដើម)។
ដូចនេះ រួមបញ្ចូលកុសលកម្មបថទាំងអស់ គឺមាន ៤០ (កុសលកម្មបថ ១០ គុណនឹង ៤ ត្រូវជា ៤០)។
អកុសលកម្មបថ ៤០
អកុសលកម្មបថនីមួយៗមាន ៤ ប្រភេទគឺ
1. ធ្វើដោយខ្លួនឯង (សម្លាប់សត្វដោយខ្លួនឯង ជាដើម)
2. ប្រើគេឲ្យធ្វើ (ប្រើគេឲ្យសម្លាប់សត្វ ជាដើម)
3. ពេញចិត្តក្នុងការធ្វើ (ពេញចិត្តក្នុងការសម្លាប់សត្វ ជាដើម)
4. ពោលសរសើរគុណនៃការធ្វើ (ពោលសរសើរគុណនៃការសម្លាប់សត្វ ជាដើម) ។
ដូចនេះ រួមបញ្ចូលអកុសលកម្មបថទាំងអស់ គឺមាន ៤០ (អកុសលកម្មបថ ១០ គុណនឹង ៤ ត្រូវជា ៤០)។
អង្គធម៌របស់កុសលកម្មបថ ១០
- កាយកម្ម ៣ គឺ សម្មាកម្មន្តចេតសិក និងសម្មាអាជីវចេតសិក
- វចីកម្ម ៤ គឺ សម្មាវាចាចេតសិក និងសម្មាអាជីវចេតសិក
- មនោកម្ម ៣ គឺ អនភិជ្ឍា បានដល់ អលោភចេតសិក
អព្យាបាទ បានដល់ អទោសចេតសិក
សម្មាទិដ្ឋិ បានដល់ បញ្ញាចេតសិក ។
ឯកសារយោង
[កែប្រែ]- អភិធម្មត្ថសង្គហៈ បរិច្ឆេទី១