កែសនី
កែសនី | |
---|---|
នាង | |
រជ្ជកាល | គ.ស ៩៥១-៩៥៩ |
ស្វាមី/មហេសី | ព្រហ្មចក្រព័ត្រាធិរាជ |
បិតា | ពញាស្រី |
មាតា | នាងកែវ |
សុគត | មហានគរ |
នាងកែសនី នាងត្រូវជាមហេសីព្រះបាទព្រហ្មចក្រព័ត្រាធិរាជ។
ប្រវត្តិ
[កែប្រែ]ថ្ងៃមួយ ឪពុកម្ដាយទាំងពីរនាក់របស់តាព្រហ្ម នឹកគិតចង់រៀបចំទុកដាក់កូនចៅឲ្យមានគ្រួសារ គាត់បាននាំគ្នាចូលទៅសុំចងស្ពានមេត្រី ស្ដីដណ្ដឹងនាងកែសនី បុត្រីពញាស្រី និងនាងកែវ ទុកដាក់ជាភរិយាគូគាប់ចៅព្រហ្ម។ ចៅព្រហ្មអាយុបាន ៥៨ ឆ្នាំឪពុកម្ដាយចែកស្ថានចាកចោលទៅ ដោយទុកគោញីមួយនឹម សម្បុរត្នោត និងពណ៌ស ជាកេរ្ដិ៍។ ពីថ្ងៃនោះមក ចៅព្រហ្ម និងនាងកែសនី ពីរនាក់ប្ដីប្រពន្ធ រកស៊ីទិញគោលក់គោ រហូតទាល់តែមានបានទ្រព្យសម្បត្ដិធនធានសំបូរហូរហៀរយ៉ាងច្រើន មានមនុស្សខ្ញុំកំដរ បំរើដល់ទៅ ៥០០ នាក់ អ្នកស្រុកអ្នកភូមិបានដាក់ឈ្មោះឲ្យថា តាព្រហ្មឈ្មួញគោ។ សម័យកាល មួយ តាព្រហ្ម និងភរិយានាំមនុស្សម្នាខ្ញុំបំរើចេញទៅលក់គោនៅតំបន់ក្រៅ។ ទៅដល់តំបន់ថ្ពង គេនាំគ្នាឈប់សំរាកយកកំលាំងក្រោមដើមឈើទាល នាងកែសនីចាប់ផ្ដើមដាំស្លចំអិនអាហារបាយទឹក គ្រានោះ តាព្រហ្មដែលផ្អែកខ្នងទៅលើដើមឈើទាលងើបក្បាលក្រឡេកមើលលើ ស្រាប់តែប្រទះឃើញពស់វែកធំពីរ មួយឈ្មោលមួយញីធំដូចដើមត្នោតប្រវែងប្រហែល ១២ ព្យាម (១ព្យាម មានប្រវែងប្រហែលជា ២ មាត្រ ត្រូវជា ២៤ មាត្រ) កំពុងតែរួតរឹតរមូលខ្លួនខ្មាញ់រួមរក្សសង្វាសគ្នាលើមែកឈើ។ តាព្រហ្ម ក៏ស្ទុះទៅរើសចាប់យកដុំថ្មមួយផ្ទាំងធំយ៉ាងធ្ងន់ គប់ចោលសំដៅសំលាប់ពស់វែកទាំងពីរ រំពេចនោះ ទេវតានៅដើមជ្រៃ ដែលថែរក្សាទឹកដីព្រៃភ្នំក៏តំណែងខ្លួនជាសមណសង្ឃនិមន្តដើរ តំរង់មករកតាព្រហ្ម។ តាព្រហ្ម និងនាងកែសនីរីករាយណាស់ បាននិមន្ដព្រះសង្ឃឲ្យចូលទៅគង់ ហើយពិតទូលលោកអំពីហេតុការណ៍ដែលទើបតែកើតមាន។ ព្រះសមណបានមានសង្ឃដិកាបញ្ជាក់ថា ពស់ទាំងពីរនេះជាពស់វែកភ្នំ ហើយក៏ជាពស់របស់ព្រះអង្គ។ ព្រះអង្គបានបន្ដទៅទៀតថា ពស់វែកភ្នំទាំងពីរចង់សាកល្បងមហិទ្ធិឫទ្ធិ ជាមួយនឹងតាព្រហ្ម។ ឥឡូវពស់វែកភ្នំនោះចាញ់ហើយ ដូច្នេះក្នុងរយៈពេលមួយឆ្នាំទៀត តាព្រហ្មនឹងមានសំណាងដល់ពេលបានឡើងសោយរាជ្យសម្បត្ដិប្រទេស កម្ពុជា ហើយនិងបានការពារលើកស្ទួយតំកើងព្រះពុទ្ធសាសនាជាមិនខាន។ មានពុទ្ធដីកាទស្សន៍ទាយចប់ដល់ត្រឹមនេះ ព្រះសាមណេរ និងពស់វែកភ្នំទាំងពីរក៏បំបាំងខ្លួនបាត់មួយរំពេចទៅដែរ។ តាព្រហ្មនឹកឆ្ងល់ណាស់ ក៏សំរេចចិត្ដមិនធ្វើដំណើរនាំគោទៅលក់ឯកំពង់សោមទេ។ គាត់នាំប្រពន្ធ អ្នកបំរើ និងគោត្រលប់មកកោះឫស្សីកែវវិញ។ ធ្វើដំណើរមកដល់ស្ទឹងទទឹងថ្ងៃ គាប់ជួនពេលព្រលប់យប់មកដល់ តាព្រហ្មនាំគ្នាឈប់សំរាកនៅទីនោះ យប់នោះតាព្រហ្មសុបិនឃើញព្រះមួយអង្គ យកព្រះអាទិត្យមកប្រគល់ឲ្យគាត់។ ងើបភ្ញាក់ពីនិទ្រាតាព្រហ្មនឹកពិភាល់ក្នុងចិត្ដណាស់ នាំភរិយាចុះទូកអុំទៅវត្ដកោះស្លាកែត ដើម្បីសុំលោកគ្រូចៅអធិការទស្សន៍ទាយមើលជោគជតាវាសនារបស់ខ្លួន។ មកដល់ទន្លេបួនមុខ ភ្លៀងព្យុះសង្ឃរាមួយយ៉ាងធំបានបោកបក់មកលើ ធ្វើឲ្យទូកតាព្រហ្មលិចលង់កណ្ដាលទន្លេ។ រហ័សដូចផ្លេកបន្ទោរ តាព្រហ្មចាប់កញ្ឆក់ដៃនាងកែសនីហក់លោតផ្លោតទៅដល់ត្រើយ។ កន្លែងនោះមានឈ្មោះថា ជ្រោយតាព្រហ្ម ជាប់រហូតមកដល់សព្វថ្ងៃ។ ឆ្លងផុត គ្រោះថ្នាក់លង់ទូកហើយ តាព្រហ្ម និងភរិយានាំគ្នាធ្វើដំណើរបន្ដទៅទៀត។ មកដល់ស្រុកកៀនស្វាយក្នុង ស្រាប់តែមានខ្លាបង់បត់ពីរចេញមកដេញខាំរកស៊ីប្ដីប្រពន្ធទាំងពីរ។ ប៉ុន្ដែតាព្រហ្មរហ័សជាង ចាប់ដំបងវាយសំលាប់ខ្លាទាំងពីរនោះបានដូចសេចក្ដីប្រាថ្នា។ បន្ទាប់មកគាត់លីខ្លាទាំងពីរ យកទៅប្រគេនលោកគ្រូមេវត្ដ។ សង្កេតមើលឃើញ និងស្គាល់គ្រប់អស់ភិនភាគនិស្ស័យតាព្រហ្ម លោកគ្រូចៅអធិការយល់ស្គាល់ច្បាស់ថា តាព្រហ្មជាអ្នកមានបុណ្យ ដែលត្រូវសោយរាជ្យក្នុងប្រទេសកម្ពុជា និងត្រូវលើកស្ទួយតំកើងព្រះពុទ្ធសាសនាទៅអនាគត។ តែតាព្រហ្មមិនបានអាយុវែងទេ ពីព្រោះគាត់មានកម្មពៀរវេរា ដោយបានសំលាប់ពស់ទាំងពីរ និងខ្លាទាំងពីរ។ ព្រះគ្រូចៅអធិការ បានមានសង្ឃដីកាបញ្ជាក់ប្រាប់តាព្រហ្មថា គាត់នឹងបានឡើងសោយរាជ្យ ហើយនឹងត្រូវការពារព្រះពុទ្ធសាសនា។ ព្រះសង្ឃបានចង្អុលបង្ហាញ ឲ្យធ្វើដំណើរតំរង់ទៅតាមទិសខាងជើងឆៀងខាងកើត នោះនឹងបានសំរេចដូចសេចក្ដីប្រាថ្នាជាមិនខាន។ ឆ្នាំរកា ព.ស ១៤៩៤ត្រូវជា គ.ស ៩៥១ តាព្រហ្មអាយុបាន ១០២ ឆ្នាំ។ គ្រានោះ តាព្រហ្មនិងភរិយា ព្រមទាំងខ្ញុំកំដរប្រុសស្រី នាំហ្វូងគោឆ្លងកាត់ទន្លេទៅដល់ភូមិអរិយក្សត្រ បន្ដទៅដល់ពាមផ្កាយម្រេច ឆ្លងទៀតទៅដល់ស្រុកជីរោ សព្វថ្ងៃគឺស្រុកត្បូងឃ្មុំ រហូតទៅដល់ខេត្ដកំពង់ចាម និងកំពង់សៀម (នៅកំពង់សៀម ក្នុងខេត្ដកំពង់ចាម រូងភ្នំ ជាកន្លែងដែលតាព្រហ្មរក្សាទុកដាក់ស្នា មានឈ្មោះថាតុតាព្រហ្មជាប់រហូតរៀងមក) តាព្រហ្មនិងភរិយានាំគ្នារៀបចំសង់ទីលំនៅនៅទីនេះហើយប្រកបមុខរបរ កសិកម្មធ្វើស្រែចំការ និងចិញ្ចឹមគោ។ ថ្ងៃមួយ តាព្រហ្មនាំខ្ញុំកំដរ និងគោទៅលក់ឯមហានគរ។ គ្រានោះ ព្រះឥន្ទ្រ ព្រះព្រហ្ម ទេពតាតូចធំ គុណបុណ្យបារមី និងវត្ថុស័ក្ដិសិទ្ធទាំងឡាយបានបង្កើតធ្វើឲ្យស្នូរជើងគោត្រដោក លាន់ឮសូរគគ្រឹកគគ្រេងទ្រហឹងអឺងកង ខ្ទរខ្ទារសុះសាយពាសពេញព្រៀបមកលើមហានគរ។ សព្វអស់នាម៉ឺនមុខមន្ដ្រី និងប្រជាពលរដ្ឋ ដែលកំពុងតែដោះស្រាយបញ្ហាស្នងរាជ្យបន្ដពីស្ដេចពាល ឬព្រះសែណ្ណ័ករាជ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខំងាកក្រឡេកសំឡឹងមើលទៅតាមទិសដែលឮសូរស្នូរសំឡេង ក៏ស្រាប់តែឃើញមានឥន្ទចន្ទប្រាំពីរជាន់ ប្រក់ព្រំការពារពីលើតាព្រហ្ម ដូចជាគេបាំងក្លស់ឲ្យ។ ក្លស់ឥន្ទចន្ទនោះ មានពណ៌ចំរុះ ខៀវ ស បៃតង ក្រហម លឿង មើលទៅគួរឲ្យអស្ចារ្យសំបើមពេកក្រៃ។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ