ក្រឡាន

ពីវិគីភីឌា
Jump to navigation Jump to search
Kralan sold on the roadside in Thailand
Khao lam with coconut custard


ក្រឡាន​ (Kralan, ថៃข้าวหลาม, ត្រូវបញ្ចេញសំឡេង [kʰâw lǎːm]; លាវເຂົ້າຫລາມ) ជា​ប្រភេន​នំ​ធ្វើ​ពី​បាយ​ដំណើប​លាយ​ជា​មួយ​ស្ក ចំណិត​ដូងតូចៗ និង​ខ្ទិះ​ដូង ដោយ​ដាក់​ចំអិន(ដុត)ក្នុង​កំណាត់​ឬស្សី។ ក្រឡាន​អាច​ធ្វើ​ឡើង​​ពី​បាយ​ដំណើប​ស ឬ​ខ្មៅ​។ជា​ទូទៅ​ក្រឡាន​ត្រូវ​បាន​គេ​ចំអិន​ក្នុង​កំណាត់​ឬស្សី​ដែល​មាន​ទំហំ​ផ្សេងៗ​គ្នា ខ្លះ​ធំ​ ខ្លះ​តូច​ដោយ​តម្រូវ​ទៅ​តាម​ចំណូល​ចិត្តរបស់​អ្នក​បរិភោគ និង​តាម​តម្លៃលក់​​​។

ប្រវត្តិ​[កែប្រែ]

ក្រឡាន​ជា​​អាហារ​បស់​ខ្មែរ​​យើង​ ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ​។ ទាក់ទង​ទៅ​នឹង​ប្រភព​របស់​អាហារ​ប្រភេទ​នេះ លោក អៀវ សេរី អនុ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ពី​ប្រវត្តិ​ដើម​តាមរយៈ​ការ​សិក្សា​របស់​អ្នក​ជំនាញ​ថា ក្រឡាន​ប្រហែល​ជា​បាន​កកើត​ជាមួយ​គ្នា​នឹង​ការ​រក​ឃើញ​លោហ​ធាតុ​ដែរ។ សម័យ​ដើម​គេ​ដុត​ក្រឡាន​តាម​ផ្ទះ​ទុក​គ្រាន់​ហូប​ជា​លក្ខណៈ​គ្រួសារ​ ហើយ​វិធី​ធ្វើ​ក្រឡាន​នេះ​ទៀត​សោត​ក៍​ប្រជាជន​យើង​ចេះ​ចាំ​តៗ​គ្នា​តាំង​ពីដូន​តា​មក។

គេ​បាន​កត់​សម្គាល់​ថា ចាស់ៗ​បុរាណ​បាន​ធ្វើ​ក្រឡាន គឺ​យក​អង្ករដំណើប​លាយ​ជាមួយ​អំបិល និង​លាយ​ខ្ទិះ ឬ​កាក​ដូង ហើយ​ឆ្អើរ​ចេញ​ជា​ក្រឡាន​ទម្លាប់​ចាស់​នេះ​ត្រូវ​បាន​លោក​ឧកញ៉ា សៀង ណាំ សុំ​ឲ្យ​អ្នក​ស្រុក​ប្ដូរ​ចេញ​ទៅ​ចម្អិន​ជា​ក្រឡាន​មាន​រសជាតិ​ឈ្ងុយ​ប្លែក​ម្យ៉ាង ដោយ​យក​អង្ករ​ដំណើប​លាយ​ជាមួយ​អំបិល​និង​ខ្ទិះ​ដូង​សុទ្ធ មិន​ប្រើ​កាក​ដូង ហើយ​ថែម​ស្ករ​ឡែមៗ យក​ទៅ​ដុត​ទើប​ក្រឡាន មាន​រសជាតិ​ឈ្ងុយ​ខុស​ពី​ទម្លាប់​ដើម។ ការ​ប្ដូរ​ទម្លាប់​នោះ គឺ​លោក​ឧកញ៉ា សៀង ណាំ បាន​យក​តាម​ទម្លាប់​របស់​អ្នក​ស្រុក​ឃុំ​សំរោង​ក្នុង​ស្រុក​ឯកភ្នំ​ខេត្ត​បាត់ដំបង ព្រោះ​ថា​ពួក​គាត់​នៅ​ទីនោះ​បាន​ប្រកប​មុខរបរ​ធ្វើ​ក្រឡាន​មាន​រសជាតិ​បែប​ខាង​លើ​ហើយ​ក្រឡាន​ឃុំ​សំរោង​ក្នុង កំពុង​ទាក់ទាញ​អ្នក​ពិសា​គ្រប់ៗគ្នា។


នៅកម្ពុជា ក្រឡាន ត្រូវបានគេនិយាយធ្វើ និងបរិភោគនៅរដូវ ចូលឆ្នាំចិន និងចូលឆ្នាំខ្មែរ។ ភូមិថ្មគ្រែ​ក្នុងខេត្តក្រចេះត្រូវបានគេទទួលស្គាល់ថា ជាទីដែលធ្វើនំក្រឡានឆ្ងាញ់ជាងគេ។[១] ក្រឡាន​នៅ​អង្គរវត្ត​ក៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ធ្វើ​ឲ្យ​ភ្ញៀវ​ចាប់​អារម្មណ៍​ដែរបើ​យើង​ក្រឡេក​មើល​ជា​រួម​ក្នុង​បណ្ដា​ស្រុក ឬ​ក្នុង​ក្រុង​សៀមរាប និង​នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទ​អង្គរវត្ត ក៏​មាន​ប្រជាជន​មួយ​ចំនួន​ធំ​នៅ​តែ​ប្រកាន់​របរ​ធ្វើ​ក្រឡាន​លក់​ជូន​ភ្ញៀវ​ដែរ។ ក្រឡាន​លក់​នៅ​មុខ​ប្រាសាទ​អង្គរវត្ត គឺ​ជា​ប្រភព​ទាក់ទាញ​អ្នក​ពិសា​គ្រប់រូប ព្រោះ​ថា​ទាំង​ភ្ញៀវ​ខ្មែរ ទាំង​ភ្ញៀវ​បរទេស គេ​មិន​ភ្លេច​ភ្លក់​រសជាតិ​ក្រឡាន​នៅ​ទី​នោះ​ឡើយ។ ពេល​ដែល​យើង​ធ្វើ​ដំណើរ​ឆ្លងកាត់​ហើយ​បាន​ឃើញ​ក្រឡាន​នៅ​មុខ​អង្គរវត្ត យើង​គួរ​ដឹង​ថា ក្រឡាន​នោះ​មាន​ប្រភព​ចេញ​មក​ពី​អ្នក​ស្រុក​នា​ភូមិ​អង្គរ​ក្រៅ, ភូមិ​គោក​បេង, ភូមិ​គោក​ចាន់, សង្កាត់​គោកចក (អតីត​ឃុំ​គោកចក) ក្រុង​សៀមរាប (អតីត​ស្រុក​សៀមរាប)។ ហើយ​នំ​ចំណី​នេះ មិន​មែន​ជា​នំ​ចំណី​ថ្មី​សម្រាប់​ពួកគាត់​ឡើយ គឺ​អ្នក​ស្រុក​បាន​ប្រកាន់​ធ្វើ​ក្រឡាន​តាំងពី​បុរាណកាល​មក​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

របៀប​ធ្វើ​ក្រឡាន​របស់​អ្នក​ស្រុក​ថ្មគ្រែ[កែប្រែ]

ការ​ច្របល់​ចូល​គ្នា​នូវ​គ្រឿង​ផ្សំ​របស់​ក្រឡាន រូបភាព៖ បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ
សកម្មភាព​ដុត​ក្រឡាន រូបភាព៖ បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ

អ្នក​ស្រុក​ថ្ម​គ្រែ​នៅ​ខេត្ត​ក្រចេះ​មាន​របៀប​ធ្វើ​ក្រឡាន​ដូច​តទៅ៖ គេ​លាយ​បាយ​ដំណើប​១​គីឡូជា​មួយ​ដូង​១ ដោយ​ក​សាច់​ដូង​បន្តិច ខ្ទិះ​ដូង ស្ក​ស​មួយ​ខាំ(ដាក់​ស្ក​តាម​ចំណូល​ចិត្ត​) បន្ទាប់​មក​បន្ថែម​សណ្ដែក​ដែល​បាន​ស្ងោរ​ឆ្អិន​ស្រាប់ និង​ច្របល់​ចូល​គ្នា​ឱ្យ​សព្វ​សាច់​ រួច​យក​ទៅ​ច្រក​ក្នុង​បំពង់​ឬស្សី និង​យក​ស្រកី​ដូង​ញាត់​មាត់​បំពង់។ ដើម្បី​ឱ្យ​ក្រឡាន​មាន​ក្លិន​ឈ្ងុញ​ល្អ គេ​កាប់​យក​តែ​កំណាត់​ឬស្សី​ណា​ដែល​មាន​ដុះ​ស្លឹក​ខ្ចីៗ​ល្អតែ​ប៉ុណ្ណោះ។ នៅ​ពេល​រៀប​ចំ​រួច​រាល់​គេ​យក​ក្រឡាន​ទៅ​ដាក់​លើ​របារ​ ដុត​ភ្លើង​តែ​មួយ​ចម្ហៀង​ ហើយ​ត្រឡប់​ចុះ​ឡើង​រហូត​ឆ្អិន​សព្វ ដោយ​ប្រើ​ពេល​ជាង​កន្លះ​ម៉ោង។ ក្រឡាន​ដែល​ឆ្អិន​រួច​គេ​សក​កំណាត់​ឬស្សី​ឱ្យ​ស្ដើង​បំផុត​ងាយ​ស្រូល​បក​ទទួល​ទាន។ សព្វ​ថ្ងៃ​នៅ​ភូមិ​ថ្ម​គ្រែ​ អ្នក​ស្រុក​លក់​ក្រឡាន​ក្នុង​តម្លៃពី ២៥០០៛ ទៅ ៣០០០​៛ ក្នុង​១​គីឡូ[២]

ក្រឡាន​នៅ​តាម​តំបន់​រមនីយដ្ឋាននានា[កែប្រែ]

គេ​អាច​ភ្លក់​រសជាតិ​ក្រឡាន​នៅ​មុខ​អង្គរវត្ត ជា​ក្រឡាន​ដែល​អ្នក​ស្រុក​ប្រកាន់​ខ្ជាប់​របៀប​ដុត​តាំងពី​បុរាណកាល​មក គឺ​ការ​ធ្វើ​ក្រឡាន​នេះ​ពួកគាត់​យក​អង្ករ​ដំណើប​លាយ​ជាមួយ​អំបិល​និង​ខ្ទិះដូង​លាយ​កាក​ដូង​បន្តិច​ទៅ​ដុត​ចម្អិន កើត​ចេញ​ជា​ក្រឡាន​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ម្យ៉ាង តែ​មិន​ផ្អែម​ឡែមៗ​ដូច​ក្រឡាន​នៅ​ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម​ទេ។ ប៉ុន្តែ​ទោះ​បី​យ៉ាងណា​ក៏​ដោយ​ក្រឡាន​អ្នក​ឃុំ​ខ្ចាស់ គឺ​តម្រូវ​ចិត្ត​អ្នក​ដែល​ចង់​បាន​ផ្អែម។ រី​ឯ​ក្រឡាន​នៅ​អង្គរ​គឺ​តម្រូវ​ចិត្ត​អ្នក​មិន​ចង់​ផ្អែម។ តែ​បើ​ប្រៀបធៀប​រសជាតិ​ក្រឡាន​ទាំង២កន្លែង​ខាងលើ​គឺ​មាន​រសជាតិ​ឈ្ងុយ​ដូច​តែ​គ្នា​ហើយ​កន្លែង​លក់​ក្រឡាន​ទាំង២​គឺ​ជា​ប្រភព​ទាក់ទាញ​អ្នក​ពិសា​ដូច​ៗ​គ្នា។

មុខ​របរ​ក្រឡាន​ខាង​លើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាត់​ទុក​ថា គឺ​ជា​មុខ​របរ​ផ្សំ​មួយ​ធ្វើ​ឲ្យ​ប្រជាជន​រក​ចំណូល​បាន​ខ្ពស់​បន្ថែម​លើ​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ ហើយ​មុខ​របរ​នេះ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាជន​បាន​មួយ​កម្រិត​ធំ​ផង​ដែរ៕

ឯកសារយោង[កែប្រែ]

  1. Nhem, Chea Bunly (Saturday, May 22-23, 2004) "Let Them Eat Cake" (ភាសាអង់គ្លេស) The Cambodia Daily ដកស្រង់នៅថ្ងៃ 2009-01-11 Check date values in: |date= (ជំនួយ)CS1 maint: Unrecognized language (link)
  2. Kralan - បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ទាញ​យក​ថ្ងៃ​ទី ៣០/មករា/២០១៤ http://khmerenaissance.info/resources_tools/003_kralan.html

តំណភ្ជាប់ខាងក្រៅ[កែប្រែ]