ខុទ្ទកបាឋ
ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ខុទ្ទកបាឋៈ
សៀវភៅភាគ៥២
ខុទ្ទកបាឋ គឺជាជំពូកទី១ ក្នុងខុទ្ទកនិកាយ ផ្នែកព្រះសូត្រ ឬសុត្តន្តបិដក។ នៅក្នុងជំពូកនេះ ចែកជា៩សូត្រខ្លីៗ ដែលក្នុងនោះ មានសូត្រមួយចំនួន ដូចជាមង្គលសូត្រ រតនសូត្រ ជាដើម ត្រូវបានព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទទូទាំងសកលោកស្វាធ្យាយនៅតាមវត្តអារាម និងនៅតាមទីសក្ការព្រះពុទ្ធសាសនាថេរវាទ។
សរណគមន៍
[កែប្រែ]សៀវភៅភាគ៥២ ទំព័រទី ១
ការដល់នូវព្រះរតនត្រ័យជាទីពឹងទីរលឹក ដែលមានជាបាលី និងសំរាយដូចខាងក្រោម ៖
ពុទ្ធំ សរណំ គច្ឆាមិ ។ ធម្មំ សរណំ គច្ឆាមិ ។ សង្ឃំ សរណំ គច្ឆាមិ ។ ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ។ ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ ។ ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ។ តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ។ តតិយម្បិ ធម្មំ សរណំ គច្ឆាមិ ។ តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ។
ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ជាគំរប់ពីរដងផង ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ជាគំរប់ពីរដងផង ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ជាគំរប់ពីរដងផង ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ជាគំរប់បីដងផង ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ជាគំរប់បីដងផង ។ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ជាគំរប់បីដងផង ។
សិក្ខាបទ ១០
[កែប្រែ]សៀវភៅភាគ៥២ ទំព័រទី ១
សិក្ខាបទ១០ ឬគេតែងហៅថា សីល១០។ ឧបាសក ឬឧបាសិកាអ្នករក្សាសីល១០ ត្រូវកោសក់ ពុកមាត់ ពុកចង្កា កាត់ក្រចកដៃជើងឲ្យស្មើនឹងសាច់។ ចំណែកការស្លៀកពាក់ គឺអាស្រ័យទៅតាមអធ្យាស្រ័យ អ្នកដែលរស់នៅក្នុងប្រទេសនីមួយៗ។ នៅប្រទេសកម្ពុជា អ្នករក្សាសីល១០ភាគច្រើន មានសំលៀកបំពាក់ស និងពានាកន្សែងស។ ពិតមែន សីលកើតពីចេតនា ប៉ុន្តែការស្លៀកពាក់ជាដើមនេះ គឺជាប្រពៃណី ទំនៀមទំលាប់សម្រាប់គ្រហស្ថអ្នកកាន់សីល១០ ក្នុងព្រះពុទ្ធសាសនា វាក៏ជាគ្រឿងសំគាល់ និងគ្រឿងដាស់តឿនចិត្តដល់អ្នកកាន់សីល១០ទាំងឡាយ ដើម្បីកុំឲ្យភ្លេចស្មារតី ត្រូវរក្សាសីលរបស់ខ្លួនឲ្យល្អ។
សិក្ខាបទទាំងឡាយ១០ ឬ ទសសិក្ខាបទ មាន៖
បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការសម្លាប់សត្វ។
អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវវត្ថុដែលគេមិនបានឲ្យ។
អព្រហ្មចរិយា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការប្រព្រឹត្តនូវធម៌មិនប្រសើរ។
មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការបរិភោគនូវភោជនាហារក្នុងកាលខុស។
នច្ចគីតវាទិតវិសូកទស្សនា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការរាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែលជាសត្រូវដល់កុសលធម៌។
មាលាគន្ធវិលេបនធារណមណ្ឌនវិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការទ្រទ្រង់ ការប្រដាប់ និងការតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកសេនាសនៈដ៏ខ្ពស់ (ហួសប្រមាណ) និងសេនាសនៈដ៏ប្រសើរ។
ជាតរូបរជតប្បដិគ្គហណា វេរមណី សិក្ខាបទំ សមាទិយាមិ។ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវមាស និងប្រាក់។
អាការៈ ៣២
[កែប្រែ]សៀវភៅភាគ៥២ ទំព័រទី ២
ខុទ្ទកបាឋេ ទ្វត្តឹសាការោ
[៣] អត្ថិ ឥមស្មឹ កាយេ កេសា លោមា នខា តចោ មំសំ ន្ហារូ អដ្ឋី អដ្ឋិមិញ្ជំ វក្កំ ហទយំ យកនំ កិលោមកំ បិហកំ បប្ផាសំ អន្តំ អន្តគុណំ ឧទរិយំ ករីសំ បិត្តំ សេម្ហំ បុព្វោ លោហិតំ សេទោ មេទោ អស្សុ វសា ខេឡោ សិង្ឃានិកា លសិកា មុត្តំ មត្ថកេ មត្ថលុង្គន្តិ ។
[៣] ក្នុងកាយនេះ មានសក់, រោម, ក្រចក, ធ្មេញ, ស្បែក, សាច់, សរសៃ, ឆ្អឹង, ខួរក្នុងឆ្អឹង, តម្រងនោម, បេះដូង, ថ្លើម, វាវ, អណ្តើក, សួត, ពោះវៀនធំ, ពោះវៀនតូច, អាហារថ្មី, អាហារចាស់, ប្រមាត់, ស្លេស្ម៍, ខ្ទុះ, ឈាម, ញើស, ខ្លាញ់ខាប់, ទឹកភ្នែក, ខ្លាញ់រាវ, ទឹកមាត់, ទឹកសម្បោរ, ទឹករំអិល, ទឹកមូត្រ, ខួរក្នុងក្បាល ។
សាមណេរប្បញ្ហា
[កែប្រែ]សៀវភៅភាគ៥២ ទំព័រទី ៣
សៀវភៅភាគ៥២ ទំព័រទី ៤
[៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅ ក្នុងវត្តជេតពន របស់អានថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ទេវតា ១ អង្គ កាលរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ក្រាបថ្វាយបង្គំព្រះមានព្រះភាគហើយ ឋិតនៅក្នុងទីសមគួរ ។ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដោយគាថា ។
[៦] ទេវតានិងមនុស្សទាំងឡាយជាច្រើន ប្រាថ្នារកសួស្តី បានគិតរកមង្គលទាំងឡាយ សូមព្រះអង្គសំដែងប្រាប់នូវមង្គលដ៏ឧត្តម ។
(ព្រះមានព្រះភាគទ្រង់ត្រាស់ថា) ការមិនសេពគប់ពាលជនទាំងឡាយ ១ ការសេពគប់បណ្ឌិតជនទាំងឡាយ ១ ការបូជាចំពោះបុគ្គលដែលគួរបូជាទាំងឡាយ ១ នេះជាមង្គល ដ៏ឧត្តម ។
ការនៅក្នុងប្រទេស ដ៏សមគួរ ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន ១ ការដំកល់ខ្លួនប្រពៃ ១ នេះជាមង្គលដ៏ឧត្តម ។
ភាវៈនៃបុគ្គលបានស្តាប់ បានរៀនច្រើន ១ សិល្បះគឺសេចក្តីឆ្លៀវឆ្លាសក្នុងហត្ថកម្ម របស់អ្នកបួសនិងគ្រហស្ថ ១ វិន័យដែលបុគ្គលសិក្សាដោយប្រពៃ ១ វាចាដែលបុគ្គលពោលល្អ ១ នេះជាមង្គល ដ៏ឧត្តម ។
ការបំរើមាតាបិតា ១ សេចក្តីសង្គ្រោះដល់បុត្រនិងភរិយា ១ ការងារទាំងឡាយ ដែលមិនច្របូកច្របល់ ១ នេះជាមង្គល ដ៏ឧត្តម ។
ការបរិច្ចាគទាន ១ ការប្រព្រឹត្តិធម៌ ១ សេចក្តីសង្គ្រោះញាតិទាំងឡាយ ១ ការងារទាំងឡាយ ដែលមិនមានទោស ១ នេះជាមង្គល ដ៏ឧត្តម ។
ការមិនត្រេកអរក្នុងបាបនិងការវៀរចាកបាប ១ សេចក្តីសង្រួមចាកការផឹកនូវទឹកស្រវឹង ១ សេចក្តីមិនប្រមាទ ក្នុងធម៌ទាំងឡាយ ១ នេះជាមង្គល ដ៏ឧត្តម ។
សេចក្តីគោរព ១ សេចក្តីឱនលំទោន ១ សេចក្តីត្រេកអរតាមមានតាមបាន ១ ភាពជាអ្នកដឹងនូវឧបការៈ ដែលអ្នកដទៃធ្វើហើយ ១ ការស្តាប់នូវធម៌តាមកាល ១ នេះជាមង្គល ដ៏ឧត្តម ។
សេចក្តីអត់ធន់ ១ ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ ១ ការជួបប្រទះនូវសមណៈទាំងឡាយ ១ ការសន្ទនាទៅវិញទៅមកនូវធម៌តាមកាល ១ នេះជាមង្គល ដ៏ឧត្តម ។
សេចក្តីព្យាយាដុតនូវបាបធម៌ ១ ការប្រព្រឹត្តិនូវធម៌ដ៏ប្រសើរ ១ ការឃើញនូវអរិយសច្ចទាំងឡាយ ១ ការធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ១ នេះជាមង្គល ដ៏ឧត្តម ។
ចិត្តនៃបុគ្គលណា ដែលលោកធម៌ទាំងឡាយ ពាល់ត្រូវហើយ មិនរម្ភើបញាប់ញ័រ ១ ការមិនមានសេចក្តីសោក ១ ធុលីគឺរាគៈទៅប្រាសហើយ ១ ចិត្តក្សេមក្សាន្ត ១ នេះជាមង្គល ដ៏ឧត្តម ។
ទេវតានិងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ ក្នុងទីទាំងពួង តែងដល់នូវសិរីសួស្តីក្នុងទីទាំងពួង នេះជាមង្គល ដ៏ឧត្តម របស់ទេវតានិងមនុស្សទាំងឡាយនោះ ។
ចប់មង្គលសូត្រ ។
រតនសូត្រ
[កែប្រែ]សៀវភៅភាគ៥២ ទំព័រទី ៦
[៧] ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកជួបជុំក្នុងទីនេះ ពួកភូតទាំងអស់នោះ ចូរមានចិត្តល្អ មួយទៀត ចូរស្តាប់នូវភាសិតដោយគោរព ព្រោះហេតុនោះ អ្នកទាំងឡាយ ជាភូតទាំងអស់ ចូរស្តាប់ (នូវព្រះបរិត្ត) ចូរធ្វើនូវមេត្តាចិត្ត ដល់ពពួកសត្វជាមនុស្សជាតិ មនុស្សទាំងឡាយណា តែងនាំមកនូវពលី ក្នុងពេលថ្ងៃ និងពេលយប់ ព្រោះហេតុនោះ សូមអ្នកទាំងឡាយ កុំប្រហែសធ្វេស រក្សានូវមនុស្សទាំងនោះ ។
ទ្រព្យណាមួយ ក្នុងលោកនេះក្តី ក្នុងលោកខាងមុខក្តី រតនវត្ថុដ៏ឧត្តមណា ក្នុងឋានសួគ៌ក្តី ទ្រព្យ និងរតនវត្ថុទាំងនោះឯង ស្មើដោយព្រះតថាគត មិនមានឡើយ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម ដោយសច្ចៈនេះ សូមមានសិរីសួស្តី ។
ព្រះសក្យមុនី ទ្រង់មានព្រះទ័យតម្កល់មាំ បានត្រាស់ដឹងហើយ នូវព្រះធម៌ណា ជាទីក្ស័យទៅនៃកិលេស ជាទីប្រាសចាករាគៈ ជាធម៌មិនស្លាប់ ជាធម៌ឧត្តម រតនៈនីមួយស្មើដោយព្រះធម៌នោះមិនមាន រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
ព្រះពុទ្ធជាបុគ្គលប្រសើរ ទ្រង់សរសើរនូវសមាធិណា ថាជាធម៌ដ៏ស្អាត បណ្ឌិតទាំងឡាយ ពោលហើយនូវសមាធិណា ថាជាធម៌ឲ្យផលដោយលំដាប់ សមាធិឯទៀត ស្មើដោយសមាធិនោះ មិនមានឡើយ រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
បុគ្គលទាំងឡាយណា ៨ ពួក ដែលពួកសប្បុរសសរសើរហើយ រាប់ជាគូ មាន ៤ គូ បុគ្គលទាំងឡាយនោះ ជាសាវ័ករបស់ព្រះសុគត លោកគួរដល់ទក្ខិណាទាន ទានទាំងឡាយ ដែលបុគ្គលឲ្យហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយនោះ ជាទានមានផលច្រើន រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
អរិយបុគ្គលទាំងឡាយណា ក្នុងសាសនានៃព្រះសម្ពុទ្ធព្រះនាមគោតម ប្រកបត្រូវល្អហើយ មានចិត្តខ្ជាប់ខ្ជួន ឥតមានសេចក្តីប្រាថ្នាឡើយ អរិយបុគ្គលទាំងឡាយនោះ ដល់ហើយនូវអរហត្តផល សម្រេចហើយនូវព្រះនិព្វាន បាននូវការរលត់កិលេសដោយទទេ (ឥតមានទិញដូរឡើយ) ហើយទទួលនូវផល រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
សសរគោល ដែលគេបោះភ្ជាប់នឹងផែនដី ជារបស់មិនកម្រើកញាប់ញ័រដោយខ្យល់ព្យុះ ដែលបក់មកអំពីទិសទាំង ៤ យ៉ាងណាមិញ អ្នកណាពិចារណាឃើញនូវអរិយសច្ចទាំងឡាយ តថាគតហៅអ្នកនោះ ថាជាសប្បុរស (មិនញាប់ញ័រដោយលោកធម៌ទាំងឡាយ) ដូចសសរគោលដូច្នោះឯង រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
អរិយបុគ្គលទាំងឡាយណា ធ្វើឲ្យជាក់ច្បាស់នូវអរិយសច្ចទាំងឡាយ ដែលព្រះតថាគត ព្រះអង្គមានប្រាជ្ញាដ៏ជ្រាលជ្រៅ សំដែងប្រពៃហើយ អរិយបុគ្គលទាំងនោះ ទុកជាប្រមាទដ៏លើសលប់ក៏ដោយ អរិយបុគ្គលទាំងនោះ គង់មិនកាន់យកភពជាគម្រប់ ៨ គឺមិនកើតទៀតហួសពី ៧ ជាតិឡើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
(សំយោជនក្កិលេស ៣ យ៉ាងគឺ) សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈណាមួយ ធម៌ទាំងឡាយ ៣ នោះ សោតាបន្នបុគ្គលនោះ បានលះបង់ហើយ ជាមួយនឹងទស្សនសម្បទា គឺសោតាបត្តិមគ្គ មួយទៀត សោតាបន្នបុគ្គល រួចស្រឡះចាកអបាយទាំង ៤ ផង មិនអាចធ្វើនូវអភិដ្ឋាន [សំដៅយកអនន្តរិយកម្ម ៥ និងការបែរចិត្តទៅកាន់សាសនាដទៃ ។] ទាំងឡាយ ៦ ផង រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
ប្រសិនបើសោតាបន្នបុគ្គលនោះ ធ្វើនូវបាបកម្មដោយកាយ វាចា ឬដោយចិត្តក៏ដោយ (ព្រោះសេចក្តីភ្លាំងភ្លាត់) សោតាបន្នបុគ្គលនោះ មិនដែលបិទបាំងនូវបាបកម្មនោះឡើយ ភាវៈនៃបុគ្គលមានផ្លូវនៃព្រះនិព្វានឃើញហើយ ជាបុគ្គលមិនដែលបិទបាំងបាបកម្ម ព្រះពុទ្ធទាំងឡាយ បានត្រាស់សំដែងហើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
គុម្ពឈើក្នុងព្រៃ មានត្រួយលូតលាស់ ក្នុងខាងដើមគិម្ហរដូវ គឺខែក្តៅ យ៉ាងណាមិញ ព្រះពុទ្ធបានត្រាស់សំដែងហើយនូវធម៌ដ៏ប្រសើរ ជាធម៌អាចញ៉ាំងសត្វទាំងឡាយ ឲ្យដល់នូវព្រះនិព្វាន ដើម្បីប្រយោជន៍ដ៏ឧត្តម ដូចជាគុម្ពឈើមានក្នុងព្រៃ ដូច្នោះឯង រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរ ទ្រង់ជ្រាបនូវធម៌ដ៏ប្រសើរ ទ្រង់ប្រទាននូវធម៌ដ៏ប្រសើរ ទ្រង់នាំមកនូវធម៌ដ៏ប្រសើរ ព្រះអង្គប្រសើរ ឥតមានអ្នកណាមួយស្មើ ទ្រង់ត្រាស់សំដែងហើយនូវធម៌ដ៏ប្រសើរ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
កម្មចាស់ (របស់អរិយបុគ្គលណា) អស់ហើយ កម្មថ្មី រមែងមិនកើតប្រាកដ អរិយបុគ្គលទាំងឡាយណា មានចិត្តនឿយណាយហើយក្នុងភពតទៅ អរិយបុគ្គលទាំងឡាយនោះ មានពូជអស់ហើយ មានឆន្ទៈ គឺសេចក្តីប៉ុនប៉ងក្នុងចិត្ត មិនដុះចម្រើនឡើង ជាអ្នកមានប្រាជ្ញា តែងរលត់ទៅ ដូចប្រទីប ដែលរលត់ទៅនេះ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះពុទ្ធជាម្ចាស់ ទ្រង់បានត្រាស់មកហើយដូចគ្នា ដែលទេវតា និងមនុស្សតែងបូជា សូមមានសិរីសួស្តី ។
ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះធម៌ដែលមានមកហើយដូចគ្នា ដែលមនុស្ស និងទេវតាតែងបូជា សូមមានសិរីសួស្តី ។
ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះសង្ឃ ដែលមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សតែងបូជា សូមមានសិរីសួស្តី ។
ចប់ រតនសូត្រ ។
សៀវភៅភាគ៥២ ទំព័រទី ១២
[៨] បើបុគ្គលឃើញសុខធំទូលាយ ព្រោះលះសុខមានប្រមាណតិចចេញ អ្នកមានប្រាជ្ញា កាលឃើញច្បាស់សុខធំទូលាយ គប្បីលះសុខមានប្រមាណតិចចេញ។
ប្រេតទាំងឡាយ មកកាន់ផ្ទះនៃញាតិ ដោយគិតថា ផ្ទះរបស់ខ្លួន ហើយឈរនៅជិតខាងក្រៅជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជា៤ និងផ្លូវបែកជា៣ទាំងឡាយខ្លះ ជិតទ្វារក្រុង និងទ្វារផ្ទះទាំងឡាយខ្លះ។ កាលបើបាយទឹក បង្អែម និងចំអាបមានគ្រប់គ្រាន់ ដែលពួកញាតិតាក់តែងទុកហើយ មិនមានញាតិណាមួយ នឹកដល់ប្រេតទាំងឡាយនោះ ព្រោះកម្មរបស់សត្វទាំងឡាយ ជាបច្ច័យ។ ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយនោះ រមែងឧទ្ទិសឲ្យនូវទឹក និងភោជនដ៏ម៉ត់ចត់ ដ៏ប្រសើរ ជារបស់គួរតាមកាល ដល់ញាតិទាំងឡាយ យ៉ាងនេះថា ទាននេះ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយ បានដល់នូវសេចក្តីសុខ។ ចំណែកប្រេតជាញាតិ ជាអ្នកមកប្រជុំគ្នាទាំងនោះ មកជួបជុំគ្នាហើយ ក្នុងមន្ទីរឲ្យទាននោះ កាលបើបាយ និងទឹក មានល្មមគ្រាន់ ក៏អនុមោទនា ដោយគោរពថា យើងទាំងឡាយ បានសម្បត្តិនេះ ព្រោះហេតុនៃញាតិទាំងឡាយណា សូមពួកញាតិរបស់យើងទាំងឡាយនោះ រស់នៅយឺនយូរ ការបូជាដែលញាតិទាំងឡាយធ្វើហើយ ដល់យើងទាំងឡាយក្តី ញាតិទាំងឡាយ ជាអ្នកឲ្យទានក្តី មិនមែនជាអ្នកឥតផលឡើយ កសិកម្ម ក៏មិនមានក្នុងភូមិនៃប្រេតនោះ គោរក្ខកម្ម ក៏មិនមានក្នុងភូមិនៃប្រេតនោះ ពាណិជ្ជកម្ម ដែលជាហេតុបានសម្បត្តិបែបដូច្នោះ ក៏មិនមាន ការលក់ទិញផ្លាស់ប្តូរ ដោយប្រាក់ ក៏មិនមាន បុគ្គលទាំងឡាយ ធ្វើកាលកិរិយា លះលោកនេះទៅហើយ រមែងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងប្រេតវិស័យនោះ ដោយផលទាន ដែលញាតិទាំងឡាយឧទ្ទិសឲ្យហើយ អំពីលោកនេះ។ ទឹកធ្លាក់ចុះលើទីទួល រមែងហូរទៅកាន់ទីទាប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នេះដែរ។ ផ្លូវទឹក មានទន្លេ និងស្ទឹងជាដើម ដ៏ពេញ រមែងញុំាងសាគរឲ្យពេញប្រៀប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នោះដែរ។ បុគ្គលកាលរឭកឃើញនូវឧបការគុណ ដែលលោកធ្វើទុកដល់ខ្លួន ក្នុងកាលមុនថា អ្នកនេះបានឲ្យរបស់នេះ ដល់អញ អ្នកនេះ បានធ្វើគុណនេះ ដល់អញ ជនទាំងឡាយនោះ ជាញាតិមិត្រ ជាសំឡាញ់ របស់អញ ដូច្នេះហើយ គួរឲ្យទក្ខិណាទាន ចំពោះប្រេតទាំងឡាយ។ ការយំសោកសៅ និងការខ្សឹកខ្សួលដទៃណា មិនមានប្រយោជន៍ឡើយ ការយំជាដើមនោះ មិនសម្រេចប្រយោជន៍ ដល់ប្រេតទាំងឡាយទេ ញាតិទាំងឡាយ រមែងឋិតនៅយ៉ាងនោះដដែល ឥតបានដឹង បានឮឡើយ។ លុះតែទក្ខិណាទាននេះ ដែលបុគ្គលបានឲ្យហើយ ដំកល់ទុកប្រពៃហើយ ក្នុងសង្ឃ ទើបសម្រេចផល ដោយរួសរាន់ ដើម្បីប្រយោជន៍ ដល់ប្រេតនោះ អស់កាលជាអង្វែង។ ញាតិធម៌នោះ ឈ្មោះថា មហាបពិត្រ បានសំដែងជាបែបយ៉ាងហើយ ការបូជាដ៏ថ្លៃថ្លា ចំពោះប្រេតទាំងឡាយ ឈ្មោះថា បានធ្វើហើយផង កំឡាំងកាយនៃភិក្ខុទាំងឡាយ ឈ្មោះថា បានបំពេញឲ្យហើយផង បុណ្យឈ្មោះថា បានសន្សំទុក មិនមែនតិចឡើយផង។
ចប់ តិរោកុឌ្ឌកណ្ឌ។
និធិកណ្ឌ
[កែប្រែ]សៀវភៅភាគ៥២ ទំព័រទី ១៥
សៀវភៅភាគ៥២ ទំព័រទី ១៨
ឯកសារយោង
[កែប្រែ]ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ខុទ្ទកបាឋៈ (សៀវភៅភាគ៥២)
- Khuddaka Nikaya > Khuddakapāṭha (Khp 5).
- Khuddaka Nikaya > Sutta Nipāta (Sn 2.4).