ទសជាតក
ទសជាតក ឫក៏ អក្សរសិល្ប៍ពុទ្ធនិយមសុទ្ធ គឺជាប្រភេទអក្សរសិល្ប៍ ក្នុងអក្សរសិល្ប៍ពុទ្ធនិយម ដែលមានក្នុងព្រះត្រ័យបិដក មានរឿងទសជាតក និងរឿងសតជាតក ។ ដែលរួមមាន ១០រឿង ហៅថា ទសជាតក ។
ពាក្យថា ទសជាតក គឺជាប្រវត្តិរឿងរ៉ាវអតីតជាតិ របស់ព្រះសក្យមុនីគោតម បរមសម្ពុទ្ធក្នុង ១០ ព្រះជាតិ មុនព្រះជាតិ ដែលបានត្រាស់។ រឿងនេះប្រភពដើមជាភាសាបាលី មាននៅក្នុងគម្ពីរខុទ្ទកនិកាយជាតក មហានិបាត ដែលពុទ្ធសាសនិកទាំងបព្វជិត និងគ្រហស្ថមានជំនឿថាជាព្រះពុទ្ធវចនៈ ពិតប្រាកដ ដែលមានមកជាងពីរពាន់ឆ្នាំហើយ។
សេចក្ដីនៃព្រះពុទ្ធវចនៈគ្រប់តែជាតក សុទ្ធតែជាគាថាខ្លី លំបាកប្រែ ពិបាកយល់ ។ ឯសេចក្ដីក្នុងអដ្ឋកថា ដែលជាការពន្យល់នូវពាក្យជាព្រះពុទ្ធវចនៈ នោះទើបងាយយល់ ហើយជារបៀបចងក្រងរឿងជាតកយ៉ាងក្បោះក្បាយផង។ អ្នកប្រាជ្ញបុរាណក្នុងកម្ពុជរដ្ឋបានប្រែជាសម្រាយ យ៉ាងពិស្ដារតាមអដ្ឋកថា ចែកចេញជា ១០ គម្ពីរស្លឹករឹតដែលរួមគ្នាហៅថា "គម្ពីរទសជាតក" ផ្ទុកទៅដោយឧត្ដមគតិ ដំបូន្មាន និង ភាសិតដ៏សំខាន់ៗ។ គម្ពីរទសជាតកជាគ្រឿងនិយមរាប់អាន នៃពុទ្ធសាសនិកជនទូទៅក្នុងកម្ពុជរដ្ឋ (ប្រទេសថៃ និង លាវក៏រាប់អានដូចគ្នាដែរ) ។
បារមី ១០
[កែប្រែ]"ទសបារមី" គឺជាការសាងបារមីទាំង ១០ ក្នុងជាតិទាំង ១០ របស់ព្រះពោធិសត្វ ដោយត្រឹមត្រូវមុនពេលបានត្រាស់ជាព្រះពុទ្ធ។ បារមីទាំង ១០ នោះគឺ ៖
១. ទានបារមី វេស្សន្ដរជាតក ជាតកទី ១០
២. សីលបារមី ភូរិទត្តជាតក ជាតកទី ៧
៣. នេក្ខម្មបារមី តេមិយជាតក ជាតកទី ១
៤. បញ្ញាបារមី មហោសថជាតក ជាតកទី ៥
៥. វិរយបារមី មហាជនកជាតក ជាតកទី ២
៦. ខន្តីបារមី ចន្ទកុមារជាតក ជាតកទី ៦
៧. សច្ចបារមី វិធុរជាតក ជាតកទី ៩
៨. អធិដ្ឋានបារមី នេមិរាជជាតក ជាតកទី ៤
៩. មេត្តាបារមី សុវណ្ណសាមជាតក ជាតកទី ៣
១០. ឧបេក្ខាបារមី នារទព្រហ្មជាតក ជាតកទី ៨
ព្រះពោធិសត្វ កាលទ្រង់ចាប់ជាតិទាំង ១០ (ដែលហៅថា ទសជាតិ) ក្នុងជាតិនីមួយៗ ទ្រង់ខំកសាងបំពេញបារមី ដោយតឹងរ៉ឹងហ្មឺងហ្មាត់ មិនដែលបន្ធូរបន្ថយ ឬបណ្តែតបណ្តោយសោះឡើយ។
សួរថា បារមី ប្រែថា ដូចម្តេច? អធិប្បាយយ៉ាងណា?
ឆ្លើយថា បារមីស័ព្ទនេះ លោកប្រែបានច្រើនយ៉ាង តែក្នុងទីនេះ យកតែស័ព្ទពីរយ៉ាងមកប្រែ ព្រមទាំងអធិប្បាយដូចមានសេចក្តីតទៅ៖
១. បារមី ប្រែថា គុណជាតិជាគ្រឿងដល់នូវព្រះនិព្វាន ព្រោះតែកិរិយាកសាងនូវបុណ្យកុសលអ្វីមួយ ដែលសម្បយុត្តដោយបញ្ញា។
២. បារមី ប្រែថា ការរក្សា ឬការបំពេញ នូវគុណធម៌អ្វីមួយដែលជាធម៌ដ៏ខ្ពង់ខ្ពស់។
សេចក្តីអធិប្បាយ៖ ធម៌ទាំងឡាយណា ដែលជាគុណដ៏វិសេស មានទាន សីល ភាវនា ជាដើម ដ៏សម្បយុត្តដោយបញ្ញា ប្រាសចាកតណ្ហា ទិដ្ឋិ មានៈ លោភៈ ទោសៈ មោហៈ ធម៌ទាំងឡាយនោះ ឈ្មោះថា បារមី។ ធម៌ទាំងឡាយណា ដែលមិនមានគុណដ៏វិសេស មានទាន សីល ភាវនា ជាដើម ដ៏ប្រាសចាកបញ្ញា ហើយសម្បយុត្តតែដោយតណ្ហា ទិដ្ឋិ មានៈ លោភៈ ទោសៈ មោហៈ ធម៌ទាំងឡាយនោះ មិនឈ្មោះថា បារមីទេ។ ទាន សីល ភាវនា ដែលសាធុជនបានធ្វើហើយ ដោយតាំងចិត្តថា មិនចង់បានលាភសក្ការៈ ឬគុណវិសេសផលប្រយោជន៍ពីអ្នកទទួលក្តី ឬក៏មិនប្រាថ្នាយកកេរ្តិ៍ឈ្មោះយសស័ក្តិ ទៅកើតជានេះជានោះក្តី គឺធ្វើដោយតាំងចិត្តថា ឲ្យអស់តែកិលេសពីក្នុងខន្ធសន្តាន ហើយយកព្រះនិព្វានជាគោលប៉ុណ្ណោះ ទាន សីល ភាវនានោះ ទើបឈ្មោះថា បារមីធម៌។ ទាន សីល ភាវនា ដែលសាធុជនបានធ្វើហើយ ដោយតាំងចិត្តប្រាថ្នា ចង់បានលាភសក្ការៈ ឬ ទាមទារគុណបំណាច់ ផលប្រយោជន៍ពីអ្នកទទួលក្តី ចង់ឲ្យគេពោលសរសើរ លើកតំកើងខ្លួន ជាអ្នកធំ អ្នកគ្រាន់បើក្តី ឬមានបំណងចង់ទៅកើតជានេះជានោះឲ្យបានថ្កុំថ្កើងរុងរឿងក្តី ទាន សីល ភាវនានោះ មិនបានឈ្មោះថា បារមីធម៌ឡើយ។ ពុទ្ធសាសនិកជនណា បានបំពេញកុសលអ្វីមួយ ប្រកបដោយចិត្តជ្រះថ្លារីករាយ ទាំងប្រកបដោយការចេះដឹងប៉ិនប្រសប់វាងវៃ ស្អប់ខ្ពើមធុញទ្រាន់ភពបី ពុទ្ធសាសនិកជននោះ បានឈ្មោះថា ជាអ្នកបានបំពេញបារមីធម៌ដោយពិត។ កុសលនេះ ហៅថា វិវដ្តគាមិកុសល។ ពុទ្ធសាសនិកជនណា បានបំពេញកងការកុសលអ្វីមួយដោយចិត្តជ្រះថ្លារីករាយដែរ តែប្រាសចាកបញ្ញា គឺធ្វើដោយការល្ងង់ខ្លៅ ហើយប្រាថ្នាភពតូចភពធំ ចង់កើតជានេះជានោះជាដើម ពុទ្ធសាសនិកជននោះមិនបានឈ្មោះថា ជាអ្នកបំពេញបារមីធម៌ទេ។ កុសលនេះ ហៅថា វដ្តគាមិកុសល។
ក្នុងបារមីមួយៗ លោកចែកចេញជាបីៗ រួមត្រូវជាបារមី ៣០ គត់។ បារមីទាំង ៣០ នេះ ព្រះពុទ្ធជាគ្រូនៃយើងក្តី ព្រះបច្ចេកពុទ្ធ និងអនុពុទ្ធក្តី ឬ ព្រះអសីតិសាវ័កក្តី សុទ្ធតែបានបំពេញបារមីទាំងនេះ គ្រប់ៗ អង្គ គ្រាន់តែមានបំណងប្រាថ្នានិងការកសាងធ្ងន់ ដោយបារមីនេះបារមីនោះខុសៗគ្នាប៉ុណ្ណោះ អង្គខ្លះប្រាថ្នាជាពុទ្ធភូមិ អង្គខ្លះប្រាថ្នាជាបច្ចេកភូមិ អង្គខ្លះប្រាថ្នាជាសាវ័កភូមិ ម្ល៉ោះហើយលទ្ធផល គឺផលដែលបានសម្រេចនៃលោកទាំងនោះ ក៏ទៅជាធ្ងន់ស្រាលយូរឆាប់ស្រណុកពិបាកតាមលំដាប់ថ្នាក់ឧបនិស្ស័យវាសនាប៉ុណ្ណោះឯង។
ទានបារមី
[កែប្រែ]ការបរិច្ចាគធនទ្រព្យឲ្យទៅជាទាន ដោយចិត្តមេត្តាប្រណីអាណិតខ្លោចផ្សាទួទៅ ចំពោះមនុស្សសត្វមិនរើសមុខ ទាំងមិនប្រាថ្នាទាមទារបំណាច់ផលប្រយោជន៍អំពីមនុស្សសត្វអ្នកទទួលវិញឡើយ គឺតាំងចិត្តថា បរិច្ចាគទ្រព្យនេះឲ្យអស់តែសេចក្តីកំណាញ់ពីក្នុងខន្ធសន្តានប៉ុណ្ណោះ យ៉ាងនេះហៅថា ទានបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយគឺព្រះនិព្វាន ព្រោះការបរិច្ចាគធនទ្រព្យ។ បារមីនេះចែកចេញជា៣យ៉ាងគឺ៖
១. បុត្តទារស្សបិ ការបរិច្ចាគនូវធនទ្រព្យបុត្រភរិយាមិនស្រណោះអាឡោះអាល័យឲ្យទៅជាទាន ហៅថា ទានបារមី។
២. អត្តនោ អង្គស្សបិ ការបរិច្ចាគនូវអវយវៈធំតូចនៃខ្លួន មានសាច់ ស្បែក ឈាម សរសៃ ឲ្យទៅជាទាន ហៅថា ទានឧបបារមី។
៣. ជីវិតស្សបិ ការបរិច្ចាគនូវជីវិត មានពុះទ្រូងរូងយកថ្លើម ប្រមាត់ បេះដូងជាដើម ឲ្យទៅជាទាន ហៅថា ទានបរមត្ថបារមី។
វេស្សន្តរជាតក
ព្រះពោធិសត្វចាប់ជាតិជាវេស្សន្តរ ជាបុត្តព្រះបាទស្រីសញ្ជ័យព្រះចៅជេតុត្តរ ព្រះពោធិសត្វអង្គនេះ ទ្រង់បំពេញទានបារមី។
លំដាប់នោះ ព្រះបាទស្រីសញ្ជ័យ ទ្រង់អភិសេកព្រះពោធិសត្វនិងព្រះនាងមទ្រីឲ្យជាអគ្គមហេសី។ ព្រះអង្គមានព្រះរាជបុត្រពីរព្រះអង្គ គឺចៅជាលី និងនាងកណ្ហាជិនា។ ព្រះអង្គទ្រង់បំពេញទានបារមី ចំណាយព្រះរាជទ្រព្យជាទាន ក្នុង ១ ថ្ងៃរាប់សែនកោដិកហាបណៈ ដល់មនុស្សទុគ៌ត សូម្បីតែដំរីបច្ចយនាគ ក៏ទ្រង់បរិច្ចាគទានដែរ។ ឯពួកអ្នកសិវិរាស្ត្រ ខ្លាចក្រែងសាបសូន្យរាជសម្បត្តិ ទើបចូលទៅក្រាបទូលព្រះរាជាឲ្យបំបរបង់ព្រះពោធិសត្វចេញពីនគរ ព្រះពោធិសត្វក៏នាំនាងមទ្រី និងបុត្រាបុត្រីចូលទៅនៅក្នុងព្រៃ។ សម័យថ្ងៃមួយ ព្រះនាងដើររកបេះផលានុផលក្នុងព្រៃ ទុកព្រះរាជបុត្រឲ្យនៅចាំអាស្រម។ ជួនជាក្នុងកាលនោះ មានជូជកព្រាហ្មណ៍ព្រឹទ្ធាចារ្យចូលទៅសុំព្រះរាជបុត្រ ព្រះពោធិសត្វក៏ប្រទានបុត្រាបុត្រីទាំងពីរអង្គដល់ព្រាហ្មណ៍នោះទៀត។ ក្រោយមក មានឥន្ទព្រាហ្មណ៍ចូលមកសុំព្រះនាងមទ្រី ព្រះអង្គក៏ព្រមប្រទាន ប៉ុន្តែព្រះឥន្ទគ្រាន់តែនិម្មិតបំពេញទានបារមីប៉ុណ្ណោះ ហើយថ្វាយមកវិញ។ ចំណែកឯព្រះបាទស្រីសញ្ជ័យ ទ្រង់ត្រាស់បង្គាប់អស់នាហ្មឺនសព្វមុខមន្ត្រី ឲ្យទៅអញ្ជើញព្រះពោធិសត្វ មកសោយរាជសម្បត្តិវិញ ព្រះអង្គក៏ព្រមទទួលដោយព្រះទ័យជាកតញ្ញុតាធម៌ចំពោះគុណូបការនៃព្រះវររាជបិតា។ ព្រះពោធិសត្វនិងនាងមទ្រី ព្រមទាំងបុត្រាបុត្រី បាននៅជាសុខក្សេមក្សាន្ត ក្នុងនគរជេតុត្តររៀងទៅ។ លុះអស់ព្រះជន្មាយុ ក៏បានទៅឧប្បត្តិក្នុងស្ថានតុសិតទេវលោកនាយ។
សីលបារមី
[កែប្រែ] ការរក្សាកាយវាចាឲ្យរៀបរយប្រក្រតី ឲ្យមានចរិយាសណ្តាប់ធ្នាប់ត្រឹមត្រូវល្អក្តី ឬតាំងវិរតិចេតនាវៀរចាកបាប ហើយសមាទាននូវសិក្ខាបទ ៥, ៨, ២២០ក្តី សង្រួមឥន្ទ្រីយក្នុងសីលដែលបានកាន់ប្រព្រឹត្តហើយ ឲ្យបរិសុទ្ធផូរផង់ មិនឲ្យពព្រុះធ្លុះធ្លាយ ដើម្បីសង្កត់សង្កិននូវវិតិក្កមទោស ឲ្យឃ្លាតចេញពីខន្ធសន្តាន ទាំងមិនលុះក្នុងកណ្តាប់ដៃនៃតណ្ហា គឺមិនប្រាថ្នាចង់បានស័ក្តិយសនោះៗ សោះឡើយ មានតែព្រះនិព្វានយកមកជាគោលអារម្មណ៍ប៉ុណ្ណោះយ៉ាងនេះ ហៅថា សីលបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះតែការរក្សាកាយវាចាឲ្យរៀបរយប្រក្រតី។ បារមីនេះ ចែកចេញជា៣យ៉ាងគឺ ៖
១.បុត្តទារស្សបិ ការរក្សាកាយវាចាឲ្យរៀបរយប្រក្រតី ឬសង្រួមក្នុងសីល មិនឲ្យពព្រុះធ្លុះធ្លាយ ព្រោះតែបុត្រភរិយា ហៅថា សីលបារមី។
២. អត្តនោ អង្គស្សបិ ការរក្សាកាយវាចា ឲ្យរៀបរយប្រក្រតី ឬសង្រួមក្នុងសីល មិនឲ្យពព្រុះធ្លុះធ្លាយ ព្រោះតែអវយវៈតូចធំរបស់ខ្លួន ហៅថា សីលឧបបារមី។
៣. ជីវិតស្សបិ ការរក្សាកាយវាចា ឲ្យរៀបរយប្រក្រតី ឬសង្រួមក្នុងសីល មិនឲ្យពព្រុះធ្លុះធ្លាយ ព្រោះតែជីវិត ហៅថា សីលបរមត្ថបារមី។
ឧទាហរណ៍ដូចជា……
ភូរិទត្តកុមារ
ព្រះពោធិសត្វចាប់ជាតិជាភូរិទត្ត ទ្រង់បំពេញសីលបារមី។
កាលកន្លងទៅហើយ ព្រះពោធិសត្វទ្រង់ច្យុតមកចាប់បដិសន្ធិក្នុងផ្ទៃនៃនាងសមុទ្ទជា ជាអគ្គមហេសីនៃព្រះបាទធតរដ្ឋក្នុងពិភពនាគ។ នាមដើមហៅថា “ទត្តកុមា” ក្រោយមក ព្រះអង្គបានឡើងទៅដោះស្រាយបញ្ហាថ្វាយសក្កទេវរាជៗថ្វាយព្រះនាមថា “ភូរិទត្តកុមារ” វិញ ព្រោះមានប្រាជ្ញាលើសទេវតាទាំងពួង។ ភូរិទត្តពោធិសត្វ មានចិន្តាថា “ប្រយោជន៍អ្វីដល់អាត្មាអញនៅជាសត្វតិរច្ឆានដូច្នេះ គួរតែអាត្មាអញទៅរក្សាសីលឲ្យបរិសុទ្ធក្នុងស្ថានមនុស្សប្រសើរជាង” ក៏ថ្វាយបង្គំលាសក្កទេវរាជមកកាន់ស្ថានមនុស្ស។ ភូរិទត្តទៅព័ទ្ធព័ន្ធនូវដំបូកមួយជិតឆ្នេរយមុនានទី តាំងសច្ចាធិដ្ឋានថា “អាត្មាអញនឹងរក្សាឧបោសថសីល បើនរណាមួយ ត្រូវការឆ្អឹងសាច់ឈាមសរសៃស្បែករបស់អញ ក៏ចូរយកតាមប្រាថ្នាចុះ” ហើយធ្មេចនេត្រាជាសុខក្នុងឧបោសថនោះទៅ។ កាលនោះ មានព្រាហ្មណ៍អាលម្ពាយ (ហ្មពស់) ម្នាក់ ដើរទៅឃើញព្រះអង្គហើយ ក៏ចូលទៅចាប់ទាញកន្ត្រាក់ហែកមាត់ច្រកថ្នាំពិសក្តី វាយដំច្រំធាក់ជិះជាន់ញាំញី ទាល់តែមានព្រះលោហិតធ្លាក់តាមមាត់នឹងនាសិកក្តី ទោះបីព្រាហ្មណ៍ប្រើឲ្យរាំ ស៊ីឈ្នួលអ្នកស្រុកយកផលប្រយោជន៍មកចិញ្ចឹមប្រពន្ធកូនក្តី ក៏មិនប្រទូស្តតបតវិញឡើយ បើជាបើកពពារព្រួសពិស អាចធ្វើឲ្យព្រាហ្មណ៍នោះទៅជាផេះក៏បាន ប៉ុន្តែនាគមិនធ្វើដូច្នោះឡើយ តែងតែខំប្រឹងតាំងហរទ័យឲ្យរឹងប៉ឹងមាំមួនក្នុងសីលរបស់ខ្លួនជាដរាប។ លុះអស់ជន្មាយុ ក៏បានទៅកើតក្នុងស្ថានតាវត្តឹង្សទេវលោក សោយទិព្វសម្បត្តិអស់កាលយូរអង្វែង។
នេក្ខម្មបារមី
[កែប្រែ] ការចេញចាកកាម ទៅសាងបព្វជ្ជាដោយចិត្តជ្រះថ្លាចំពោះសមណភេទក្តី មានចិត្តធុញទ្រាន់នឿយណាយក្នុងទ្រព្យសម្បត្តិបុត្រភរិយាដែលជាទីស្រឡាញ់ពេញចិត្ត ក៏ខំស្មឹងស្មាធ៍ចំរើនសមថធម៌ និងវិបស្សនាធម៌ឲ្យកើតឯកគ្គតារម្មណ៍ក្តី ឬក៏មានចិត្តភ័យខ្លាចតក់ស្លុតចំពោះសត្វនិងសង្ខារដែលវិលកើតវិលស្លាប់ រកទីបំផុតគ្មាន ហើយស្វែងរកពោធិញាណ ដើម្បីកំចាត់បង់នូវកិលេសឲ្យអស់ពីខន្ធសន្តាន យ៉ាងនេះហៅថា នេក្ខម្មបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះចេញសាងបព្វជ្ជា។ បារមីនេះ ចែកចេញជា៣យ៉ាង ៖
១. បុត្តទារស្សបិ ការចេញសាងបព្វជា្ជ ឥតជាប់ជំពាក់ទាក់ទាមនឹងបុត្រភរិយា ដែលជាទីស្រឡាញ់ពេញចិត្ត ហៅថា នេក្ខម្មបារមី។
២. អត្តនោ អង្គស្សបិ ការចេញសាងបព្វជា្ជ ឥតគិតដល់អវយវៈតូចធំរបស់ខ្លួន ដែលជាទីគាប់ចិត្ត ហៅថា នេក្ខម្មឧបបារមី។
៣. ជីវិតស្សបិ ការចេញសាងបព្វជា្ជ ឥតគិតដល់ជីវិត ដែលជាទីស្រឡាញ់បណ្តាច់បណ្តូលរបស់ចិត្ត ហៅថា នេក្ខម្មបរមត្ថបារមី។
ឧទាហរណ៍ដូចជា……
តេមិយជាតក
ព្រះពោធិសត្វ ចាប់ជាតិជាតេមិយ បំពេញនេក្ខម្មបារមី។
កាលកន្លងទៅហើយ ព្រះពោធិសត្វច្យុតមកចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះនាងចន្ទាទេវី ជាអគ្គមហេសីនៃព្រះបាទកាសិករាជ ក្នុងក្រុងពារាណសី។ កាលព្រះពោធិសត្វប្រសូតបានព្រះជន្ម ១ ខែ ព្រះវររាជបិតា ទ្រង់ព្រះរាជទានពរថានឹងផ្ទេររាជសម្បត្តិដល់តេមិយកុមារនេះ។ ព្រះអង្គគ្រាន់តែឮព្រះរាជឱង្ការប៉ុណ្ណោះ ក៏មានព្រះទ័យនឹកព្រួយជាខ្លាំង ព្រោះព្រះអង្គមានព្រះទ័យនឿយណាយក្នុងកិលេសកាមនិងវត្ថុកាម ដោយយល់ឃើញថា “រាជសម្បត្តិនេះ ដែលធ្វើខ្លួនឲ្យធ្លាក់ទៅក្នុងនរក វិលកើតវិលស្លាប់រកទីបំផុតមិនឃើញ” ទើបព្រះអង្គធ្វើជាមនុស្សខ្វិនថ្លង់។ ទុកជាព្រះវរមាតាបិតា លួងលោមយ៉ាងណាក្តី គំរាមកំហែងដោយឧបាយផ្សេងៗ ក្តី ព្រះបរមពោធិសត្វនៅតែមិនព្រមធ្វើតាម ទើបព្រះវរបិតា ទ្រង់ប្រើសុនន្ទសារថី ឲ្យចាប់ព្រះអង្គយកទៅកប់ចោលក្នុងរណ្តៅ។ ពេលនោះ ព្រះពោធិសត្វ ទ្រង់ដោះព្រះអង្គរួចពីគ្រោះថ្នាក់ហើយ ទើបបណ្តេញសុនន្ទសារថីឲ្យត្រឡប់មកវិញ ដើម្បីថ្វាយដំណឹងដល់ព្រះវរមាតាបិតាឲ្យបានជ្រាបថា “ព្រះអង្គមិនមែនជាមនុស្សខ្វិនថ្លង់ទេ ដែលធ្វើដូច្នោះ ព្រោះមិនត្រូវការរាជសម្បត្តិទេតើ!”។ តពីនោះមក ព្រះអង្គទ្រង់បំពេញនេក្ខម្មបារមី ចេញទៅទ្រង់ផ្នួសនៅក្នុងព្រៃ។ ព្រះវរមាតាបិតា បានជ្រាបដំណឹងហើយ ក៏លើកសេនាទៅតាមព្រះអង្គឲ្យមកសោយរាជសម្បត្តិវិញ លុះបានស្តាប់ធម្មទេសនា ក៏កើតសង្វេគ ទើបនាំគ្នាចូលកាន់បព្វជ្ជាក្នុងពេលនោះឯង។
បញ្ញាបារមី
[កែប្រែ] ការដឹងច្បាស់នូវសាមញ្ញលក្ខណៈ មានអនិច្ចលក្ខណៈជាដើមក្តី ការកំណត់ដឹងនូវបញ្ចក្ខន្ធដោយចំណែកៗ មានរូបក្ខន្ធជាដើមក្តី ការឈ្វេងយល់ដោយឧបាយនៃសេចក្តីករុណាចំពោះសត្វទាំងឡាយឲ្យរួចចាកទុក្ខ គឺការកើត ចាស់ ឈឺ ស្លាប់ក្នុងភពវដ្តសង្សារក្តី ការត្រិះរិះពិចារណាពិនិត្យពិច័យ ចំពោះហេតុផលប្រយោជន៍និងឥតប្រយោជន៍ឲ្យសត្វទាំងឡាយមិនរើសមុខក្តី ហៅថាបញ្ញាបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះការដឹងច្បាស់ ឬការវិនិច្ឆ័យ។ បារមីនេះចែកចេញជា៣យ៉ាងគឺ៖
១. បុត្តទារស្សបិ ការដកចិត្តផុតស្រឡះអំពីគ្រឿងឧបករណ៍ និងបុត្តភរិយា ហើយធ្វើនូវការត្រិះរិះវិនិច្ឆ័យ ចំពោះប្រយោជន៍និងមិនមែនប្រយោជន៍ដល់សត្វទាំងឡាយឥតរើសមុខ ហៅថា បញ្ញាបារមី។
២. អត្តនោ អង្គស្សបិ ការដកចិត្តផុតស្រឡះអំពីអវយវៈតូចធំរបស់ខ្លួន ហើយធ្វើនូវការត្រិះរិះវិនិច្ឆ័យ ចំពោះប្រយោជន៍និងមិនមែនប្រយោជន៍ដល់សត្វទាំងឡាយឥតរើសមុខ ហៅថា បញ្ញាឧបបារមី។
៣. ជីវិតស្សបិ ការដកចិត្តផុតស្រឡះអំពីជីវិត គឺការរស់នៅ ហើយធ្វើនូវការត្រិះរិះវិនិច្ឆ័យ ចំពោះប្រយោជន៍ និង មិនមែនប្រយោជន៍ដល់សត្វទាំងឡាយឥតរើសមុខ ហៅថា បញ្ញាបរមត្ថបារមី។
ឧទាហរណ៍ដូចជា……
មហោសថជាតក
ព្រះពោធិសត្វចាប់ជាតិជាព្រះមហោសថ បំពេញបញ្ញាបារមី។ កាលកន្លងទៅហើយ ព្រះពោធិសត្វទ្រង់ច្យុតមកចាប់បដិសន្ធិក្នុងផ្ទៃនៃនាងសុមនាទេវី ជាភិរិយារបស់សិរីវឌ្ឍសេដ្ឋីក្នុងនគរមិថិលា។
កាលប្រសូតមក មហាជនបានសន្មតនាមថា “មហោសថកុមារ” ព្រោះកុមារនេះ មានថ្នាំទិព្វនៅក្នុងដៃ។ ខាងក្រោយមក ព្រះរាជា ទ្រង់ព្រះនាមវិទេហរាជ សោយរាជសម្បត្តិក្នុងនគរមិថិលានោះ បានតាំងមហោសថកុមារ ជាព្រះរាជបុត្រច្បងរបស់ព្រះអង្គ ដោយហេតុកុមារនេះ មានបញ្ញាឈ្លាសវៃលើសលប់ជាងជននានាទាំងអស់។ លុះពោធិសត្វ មានព្រះជន្មាយុ ១៦ វស្សា បានចូលទៅស្តីដណ្តឹងនាងអមរា ស្ត្រីប្រកបដោយបញ្ចពិធកល្យាណីជាភរិយា។ មហោសថបណ្ឌិតបំពេញបញ្ញាបារមី ដោយបានដោះស្រាយប្រស្នា ១៩ ប្រការ ដែលមហាជនសាកសួរ ព្រមទាំងប្រស្នាដទៃទៀតជាច្រើន បានជួយឧបត្ថម្ភព្រះរាជា ឲ្យមានសេចក្តីសុខក្សេមក្សាន្ត ក៏ព្រោះតែប្រាជ្ញារបស់ខ្លួនដែរ។ សម័យថ្ងៃមួយ ព្រះរាជាលើកយកមេណ្ឌបញ្ហាមកសួរថា អ្នកមានបញ្ញា និងអ្នកមានទ្រព្យ អ្នកណាប្រសើរជាង? មហោសថបណ្ឌិតដោះស្រាយថា អ្នកមានបញ្ញាប្រសើរជាង ព្រោះសេចក្តីសុខដ៏ក្រៃលែង បុគ្គលនឹងយកទ្រុព្យទៅទិញពុំបានឡើយ មានតែបញ្ញានេះហើយ ដែលធ្វើឲ្យខ្លួនបាននូវទីរលត់ទុក្ខ។ ព្រះរាជាមានព្រះទ័យសោមនស្ស ហើយព្រះរាជទានឲ្យមហោសថបណ្ឌិត នៅជាសុខសប្បាយតរៀងទៅ។
វីរិយបារមី
[កែប្រែ]បុគ្គលដែលមានការព្យាយាមមិនថមថយអាចញុំាងឲ្យសម្រេចគោលបំណងរបស់ខ្លួន ។ ការតាំងចិត្តស្មិងស្មាធិ៍ព្យាយាមជម្រះចោលកិលេសឲ្យអស់រលីងពីខន្ធសន្តានហៅថា វីរិយបារមី ។ វីរិយបារមីគឺជាគុណជាតិដ៏ប្រពៃអាចជួយអ្នកបដិបត្តិធម៌សម្រេចការត្រាស់ដឹង (ព្រះនិព្វាន) ។ ទ្រឹស្តីពុទ្ធសាសនាបែងចែកបារមីជា ៣ យ៉ាង គឺ ៖
១. បុត្តទារស្សបិ : ការព្យាយាមចំពោះកម្មជាកុសល ដូចជាការបរិច្ចាគទ្រព្យធនជាដើម ដោយមិនគិតគូរដល់បុត្រាបុត្រី ឬភរិយា ដែលជាទីស្រឡាញ់ពេញចិត្ត ។ ការព្យាយាមប្រភេទនេះហៅថា វីរិយបារមី ។
២. អត្តនោ អង្គប្បច្ចង្គស្សបិ : ការព្យាយាមចំពោះកម្មជាកុសលយ៉ាងតឹងរ៉ឹង ដោយមិនគិតដល់អវយវៈរបស់ខ្លួន ។ ការព្យាយាមប្រភេទនេះហៅថា វីរិយឧបបារមី ។
៣. ជីវិតស្សបិ : ការព្យាយាមចំពោះកម្មជាកុសលយ៉ាងតឹងរ៉ឹង ដោយសុខចិត្តលះបង់ជីវិត មិនលះបង់ការព្យាយាមចោល ។ ការព្យាយាមប្រភេទនេះហៅថា វីរិយបរមត្ថបារមី ។
ខាងក្រោមនេះគឺជាឧទាហរណ៍នៃវីរិយបារមីដែលមានចែងនៅក្នុងជាតកនៃពុទ្ធសាសនានៅក្នុងនិកាយថេរវាទ ។ សូមបញ្ជាក់ថា គ្រប់និទានកថានៅក្នុងជាតកគ្រាន់តែជារឿងប្រតិដ្ឋសម្រាប់ឆ្លុះបញ្ចាំងនូវក្រមសីលធម៌ណាមួយប៉ុណ្ណោះ ។ សាច់រឿងទាំងអស់នៅក្នុងជាតកមិនមែនជារឿងពិតដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រមនុស្សទេ ។
ជនកជាតក
ព្រះពោធិសត្វចាប់ជាតិជាព្រះជនក បំពេញវីរិយបារមី។
ព្រះពោធិសត្វបានច្យុតចាកទេវលោក មកចាប់បដិសន្ធិក្នុងផ្ទៃនៃអគ្គមហេសីរបស់ព្រះបាទអរិដ្ឋជនក នៅមិថិលាមហានគរ។ ក្រោយមក មានចម្បាំងក្នុងនគរ ព្រះរាជស្វាមីរបស់ព្រះនាងបានសោយទីវង្គត ។ ព្រះនាងក៏បានភៀសខ្លួនចេញពីនគរ ។ សក្កទេវរាជបាននិម្មិតជាអ្នកបររទេះមកនាំយកព្រះនាងទៅចម្បានគរ។ ព្រះពោធិសត្វបានប្រសូត និង ត្រូវបានថ្វាយព្រះនាមថា "មហាជនកកុមារ" ។ ពេលព្រះរាជកុមារមានព្រះជន្មាយុ ១៦ វស្សា ព្រះអង្គបានលាព្រះមាតាទៅមិថិលាមហានគរ ។ ពេលព្រះរាជកុមារបានជិះសំពៅដល់កណ្តាលសមុទ្រ ខ្យល់ព្យុះបានបោកបក់បែកសំពៅ លិចក្នុងលំហសាគរ ។ អ្នកជិះសំពៅស្លាប់អស់ នៅសល់តែព្រះពោធិសត្វ ។ ព្រះរាជកុមារខំព្យាយាមហែលទឹកអស់ពេល ៧ ថ្ងៃ ។ មណីមេខលាទេពធីតា បានមកស្រង់យកព្រះរាជកុមាទៅដាក់ក្រោមដើមស្វាយក្នុងឧទ្យានក្បែរនគរមិថិលា ។ ពួកបណ្តាជននៃនគរមិថិលាបានអភិសេកព្រះរាជកុមាឲ្យសោយរាជសម្បត្តិ រួចក៏បានអភិសេកនាងសិម្ពិនីជាអគ្គមហេសី ។ ក្រោយមក ព្រះអង្គបានយាងទៅដង្ហែយកព្រះមាតាមកនគរមិថិលាវិញ ។ ព្រះពោធិសត្វបានសោយរាជសម្បត្តិ ៧ ឆ្នាំ ។ ព្រះអង្គទ្រង់បានបរិច្ចាគព្រះរាជទ្រព្យច្រើនអនេកដល់ជនក្រីក្រ ។ ព្រះអង្គបានរក្សាសីលពុំដែលខាន ។ ព្រះអង្គមានព្រះទ័យនឿយណាយចំពោះកាមសុខ ទើបសេ្តចទ្រង់យាងចេញសាងផ្នួសជាតាបសនៅក្នុងព្រៃ ។ ព្រះអង្គខំស្មិងស្មាធិ៍ធ្វើសមណធម៌អស់ពេលច្រើនឆ្នាំទើបបានសម្រេចឈាន (ការសម្លឹងអារម្មណ៍ដែលជាអប្បនាសមាធិ) និង អភិញ្ញា (សេចក្តីដឹងយ៉ាងខ្ពស់) ។ លុះអស់ព្រះជន្មាយុ ព្រះអង្គបានទៅឧប្បត្តិកនៅឯព្រហ្មលោក ។
ខន្តិបារមី
[កែប្រែ]ការអត់ធន់ចំពោះសេចក្តីលោភ ក្រោធខឹងក្តី ចំពោះការស្រេកឃ្លាន ក្តៅត្រជាក់ ទុក្ខលំបាកក្តី ការទប់ទល់ទ្រាំទ្រ ចំពោះទោសកំហុសនៃជនដទៃ ដែលព្យាបាទបៀតបៀនសង្កត់សង្កិនញាំញីក្តី ហើយមិនប្រទូស្តតបតទៅវិញ ហៅថា ខន្តិបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះការអត់ធន់ ឬអត់ទ្រាំ។ បារមីនេះ ចែកចេញជា៣យ៉ាងគឺ ៖
១. បុត្តទារស្សបិ ការអត់ធន់ទ្រាំ ចំពោះកំហុសនៃបុត្តភរិយា ឬក៏ជនដទៃ ហៅថា ខន្តិបារមី។
២. អត្តនោ អង្គស្សបិ ការអត់ធន់ទ្រាំ ចំពោះសេចក្តីទុក្ខលំបាកនៃអវយវៈរបស់ខ្លួន ហៅថា ខន្តិឧបបារមី។
៣. ជីវិតស្សបិ ការអត់ធន់ទ្រាំ ចំពោះការផ្តាច់បង់នូវជីវិត ហៅថា ខន្តិបរមត្ថបារមី។
ឧទាហរណ៍ដូចជា……
ចន្ទកុមារជាតក
ព្រះពោធិសត្វ ចាប់ជាតិជាចន្ទកុមារ ជាបុត្រព្រះបាទវសវត្តី ក្នុងក្រុងពារាណសី។ ព្រះពោធិសត្វអង្គនេះ ទ្រង់បំពេញខន្តិបារមី។ ព្រះបាទវសវត្តី ទ្រង់តាំងចន្ទកុមារឲ្យជាឧបរាជ តាំងកណ្ឌហាលព្រាហ្មណ៍បុរោហិតឲ្យជាអ្នកវិនិច្ឆ័យ។ កាលព្រាហ្មណ៍បុរោហិតនោះ បានកាន់ដំណែងតុលាការហើយ ក៏មានចិត្តល្មោភស៊ីសំណូក អំពីប្រជាជន កាត់ក្តីមិនត្រឹមត្រូវតាមច្បាប់។ ព្រះបាទវសវត្តីទ្រង់ជ្រាប ទើបដកកណ្ឌហាលព្រាហ្មណ៍ចេញពីដំណែង ហើយប្រគល់នាទីនេះ ឲ្យចន្ទកុមារវិញ។ ឯកណ្ឌហាលព្រាហ្មណ៍ តាំងពីថ្ងៃនោះមក តែងគយគន់រំពៃមើលទោសចន្ទកុមារជានិច្ច ប៉ុន្តែរកចន្លោះនឹងចាប់ថ្នាក់ពុំបានសោះ។ ជួនជាក្នុងរាត្រីមួយ ព្រះវរបិតាទ្រង់សុបិននិមិត្ត ទើបត្រាស់សួរព្រាហ្មណ៍ថា ខ្ញុំឯងយល់សប្តិឃើញថា “បានឡើងទៅកាន់ឋានសួគ៌” តើត្រូវធ្វើបុញ្ញកម្មអ្វី ទើបបានទៅកើតក្នុងឋានសួគ៌? ព្រាហ្មណ៍ទុច្ចរិតនឹកឃើញដល់ចន្ទកុមារ ដែលខ្លួនប៉ងនឹងព្យាបាទនោះ ទើបក្រាបទូលថា “សូមព្រះអង្គសម្លាប់ព្រះរាជបុត្ត ព្រះរាជធីតា និងអគ្គមហេសី ដើម្បីបូជាយញ្ញវិធី ទើបបានទៅកើតក្នុងឋានសួគ៌”។ ព្រះរាជាក៏ព្រមធ្វើតាម។ ទើបព្រះអង្គត្រាស់បង្គាប់ឲ្យចាប់ពោធិសត្វ ទៅដាក់ក្នុងទ្រុង បម្រុងនឹងសម្លាប់ តែពោធិសត្វឥតមានតក់ស្លុតនឹងសេចក្តីស្លាប់នោះសោះ ទ្រង់ចេះតែខំបំពេញខន្តិបារមី មិនប្រទូស្តតបតចំពោះព្រាហ្មណ៍នោះឡើយ។ ដោយគុណានុភាពបារមីនេះ ស្រាប់តែក្តៅរំជួលដល់អមរិន្ទ្រាធិរាជ ៗ ក៏ចុះមកស្រែកគំរាមឲ្យដោះលែងពោធិសត្វភ្លាម។ ពួកមហាជន ក៏ប្រហារព្រាហ្មណ៍នោះស្លាប់ទៅ ហើយបណ្តេញព្រះបាទវសវត្តីចេញពីនគរ រួចអភិសេកពោធិសត្វឲ្យសោយរាជសម្បត្តិ ទោះបីពោធិសត្វអង្វរករគេយ៉ាងណា គេក៏ពុំស្តាប់សោះឡើយ។ លុះអស់ព្រះជន្មាយុ ក៏បានទៅឧប្បត្តិក្នុងទេវលោក។
សច្ចបារមី
[កែប្រែ]សេចក្តីទៀងត្រង់ គឺមិនពោលពាក្យកុហក មិននិយាយឲ្យខុសឲ្យភ្លាត់ពីសភាវៈពិត ឬក៏មិនពោលបំផ្លើសឲ្យលើហូសពីការដឹង ការឃើញដោយតាំងចិត្តបរិសុទ្ធពិតត្រង់ចំពោះសត្វទាំងឡាយ ទុកដូចជាក្រុមញាតិឬមិត្តភ័ក្ត ហើយមិនប្រាថ្នាទាមទារផលប្រយោជន៍គុណបំណាច់អ្វីមួយអំពីសត្វដទៃនោះឡើយ គឺតាំងចេតនាឲ្យតែទៀងត្រង់ ដើម្បីកំចាត់បង់នូវមុសាវាទដែលជាកិលេសជាតិ ឲ្យឃ្លាតចាកខន្ធសន្តានប៉ុណ្ណោះ យ៉ាងនេះហៅថា សច្ចបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយគឺព្រះនិព្វាន ព្រោះសេចក្តីទៀងត្រង់។ បារមីនេះ ចែកចេញជា៣យ៉ាងគឺ៖
១. បុត្តទារស្សបិ ការមិនពោលពាក្យកុហក ឲ្យខុសឲ្យភ្លាត់ពីសភាវៈពិត ព្រោះតែបុត្រភរិយា ហៅថា សច្ចបារមី។
២. អត្តនោ អង្គស្សបិ ការមិនពោលពាក្យកុហក ឲ្យខុសឲ្យភ្លាត់ពីសភាវៈពិត ព្រោះតែអវយវៈរបស់ខ្លួន ហៅថា សច្ចឧបបារមី។
៣. ជីវិតស្សបិ ការមិនពោលពាក្យកុហក ឲ្យខុសឲ្យភ្លាត់ពីសភាវៈពិត ព្រោះតែជីវិតហៅថាសច្ចបរមត្ថបារមី។ ដូចឧទាហរណ៍ថា
វិធុរជាតក
ព្រះពោធិសត្វចាប់ជាតិជាព្រះវិធុរ បំពេញសច្ចបារមី។
កាលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាមព្រះបាទធនញ្ជ័យកោរព្យ សោយរាជ្យសម្បត្តិនៅនគរឥន្ទបត្តបុរី ព្រះអង្គមានអ្នកប្រាជ្ញមួយរូបឈ្មោះ “វិធុរបណ្ឌិត” សម្រាប់ទូន្មានធម៌ចំពោះព្រះអង្គ ព្រមទាំងសេ្តច ១២១ អង្គទៀត។ សេចក្តីដំណាលថា មានសេ្តច ៤ ព្រះអង្គគឺ៖ ព្រះឥន្ទ្រាធិរាជ ១ ព្រះវរុណនាគរាជ ១ សេ្តចសុបណ្ណគុ្រឌ ១ ព្រះរាជបុត្តព្រះបាទធនញ្ជ័យកោរព្យ ១ បានមកជួបជុំគ្នា រក្សាឧបោសថសីល ក្នុងព្រៃឱទ្យានរបស់ព្រះបាទធនញ្ជ័យកោរព្យ។ សេ្តចទាំង ៤ អង្គនេះ តែងអួតដណ្តើមយកសេចក្តីបរិសុទ្ធរៀងៗ ខ្លួន ទើបចូលទៅរកព្រះវិធុរបណ្ឌិត ឲ្យកាត់សេចក្តីថ្វាយ។ គ្រានោះ វិធុរបណ្ឌិតវិនិច្ឆ័យថា “បរិសុទ្ធដូចគ្នាទាំង ៤ អង្គ”។ ធម្មទេសនារបស់ពោធិសត្វ ក៏ល្បីល្បាញសុសសាយ ជ្រាបដំណឹងដល់ព្រះនាងវិមលាទេវី ជាអគ្គមហេសីនៃវរុណនាគរាជ ទើបព្រះនាងធ្វើឧបាយកល ដើម្បីឲ្យបានជួបនឹងពោធិសត្វ។ កាលនោះ បុណ្ណកយក្ខទទួលយកអាសាថា ទៅយកបេះដូងពោធិសត្វឲ្យបាន ទើបបុណ្ណកយក្ខចូលទៅលេងបាស្កាភ្នាល់ជាមួយនឹងព្រះបាទធនញ្ជ័យកោរព្យ តាំងប្តេជ្ញាថា “ បើព្រះរាជាចាញ់ នឹងឲ្យសម្បត្តិក្នុងនគរទាំងអស់”។ ព្រះរាជាបរាជ័យចាញ់យក្ខ យក្ខសុំយកតែវិធុរបណ្ឌិតមួយប៉ុណ្ណោះ ព្រះរាជាមិនព្រមឲ្យ ទើបអញ្ជើញពោធិសត្វឲ្យមកកាត់សេចក្តី ពោធិសត្វបំពេញសច្ចបារមី កាត់សេចក្តីថា “ត្រូវតែឲ្យទៅយក្ខជាដាច់ខាត”។ បុណ្ណកយក្ខ ក៏នាំពោធិសត្វយកទៅសម្លាប់អស់វារៈ៩ដង តែមិនស្លាប់ឡើយ ដោយគុណានុភាពនៃសច្ចបារមីនោះឯង។ លុះវិធុរបណ្ឌិតអស់ជន្មាយុ ក៏បានឧប្បត្តិក្នុងទេវលោក។
អធិដ្ឋានបារមី
[កែប្រែ]ការប្តេជ្ញាដោយផ្លូវចិត្ត ឬការតាំងចិត្តស៊ប់ ក្នុងកុសលធម៌ណាមួយដោយសេចក្តីបរិសុទ្ធ មិនលុះក្នុងអំណាចតណ្ហា គឺមិនប្រាថ្នាលាភសក្ការៈ យសស័ក្តិ ឬផលប្រយោជន៍ពីជនដទៃ ហើយសមាទាននូវកម្មជាកុសលធម៌ ដោយសេចក្តីតឹងរ៉ឹងមោះមុតអង់អាច ដើម្បីកំចាត់បង់នូវកិលេសាសវៈទាំងពួង ទោះបីមានទុក្ខវេទនាមកជ្រៀតជ្រែក ឬគ្របសង្កត់ដូចម្តេច ក៏មិនបន្ធូរបន្ថយឬលះបង់ចិត្ត ដែលបានតំកល់ស៊ប់ហើយនោះចោល ហៅថា អធិដ្ឋានបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះការតាំងចិត្តស៊ប់ក្នុងកុសលធម៌។ បារមីនេះ ចែកចេញជា៣យ៉ាងគឺ៖
១.បុត្តទារស្សបិ ការតាំងចិត្តស៊ប់ក្នុងកុសលធម៌ដោយមធ្យ័ត្ត ទោះបីបុត្រភរិយា មានទុក្ខលំបាកយ៉ាងណា ក៏មិនបង្អោនចិត្តនឹកដល់បុត្រភរិយាទាំងនោះ ព្រមទាំងមិនបន្ធូរបន្ថយលះបង់កុសលធម៌ចោល យ៉ាងនេះ ហៅថា អធិដ្ឋានបារមី។
២. អត្តនោ អង្គប្បច្ចង្គស្សបិ ការតាំងចិត្តស៊ប់ក្នុងកុសលធម៌ដោយតឹងរ៉ឹង ទោះបីមានសេចក្តីទុក្ខវេទនា ដល់អវយវៈតូចធំរបស់ខ្លួនយ៉ាងណាក្តី ក៏មិនបន្ធូរបន្ថយលះបង់កុសលធម៌ចោល យ៉ាងនេះហៅថា អធិដ្ឋានឧបបារមី។
៣. ជីវិតស្សបិ ការតាំងចិត្តស៊ប់ ក្នុងកុសលធម៌ដោយតឹងរ៉ឹង ទោះបីមានសេចក្តីអន្តរាយដល់ជីវិត ក៏មិនបន្ធូរបន្ថយលះបង់កុសលធម៌ចោល យ៉ាងនេះ ហៅថា អធិដ្ឋានបរមត្ថបារមី។
ដូចមានអតីតនិទានជាឧទាហរណ៍ថា……
នេមិរាជជាតក
ព្រះនេមិរាជពោធិសត្វ ទ្រង់បំពេញអធិដ្ឋានបារមី។
កាលនោះ ព្រះពោធិសត្វចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះអគ្គមហេសីព្រះមហាក្សត្រក្នុងនគរមិថិលា លុះគម្រប់ទសមាសហើយ ក៏ប្រសូតមក។ ព្រះមហាក្សត្រប្រទានព្រះនាមថា នេមិរាជកុមារ។ លុះព្រះវរបិតាមានព្រះកេសាស្កូវហើយ ក៏អភិសេកព្រះនេមិរាជឲ្យគ្រងរាជស្នងព្រះអង្គ។ ព្រះនេមិរាជទ្រង់មានព្រះរាជសទ្ធាបរិច្ចាគព្រះរាជទ្រព្យសាងសាលា ៥ ក្នុងសាលាមួយៗ ទ្រង់ចំណាយ ១ សែនកហាបណៈ រាល់ៗ ថ្ងៃឲ្យទាន ទ្រង់រក្សាសីល ៥ និងឧបោសថកម្មជាប់ជានិច្ច។ រាត្រីមួយ ព្រះអង្គទ្រង់បរិវិតក្កថា “មានផលអ្វីហ្ន៎! ប្រសើរជាងទានសីលភាវនា ដែលអាត្មាអញបានធ្វើមកហើយដែរឬ?” ។ លុះទ្រង់បរិវិតក្កប៉ុណ្ណោះហើយ ក៏ផ្ទំស្កល់ទៅ។ ស្រាប់តែដល់រាត្រីមជ្ឈិមយាម ព្រះអមរិន្ទឥន្ទកោសិយ ក៏ហោះមកដោះស្រាយបញ្ហាថា “អានិសង្សផ្នួសមានផលប្រសើរជាងផលទាំងនេះទៅទៀត”។ កាលបើព្រះអមរិន្ទឥន្ទកោសិយ បានហោះទៅដល់ស្ថានតាវត្តឹង្សហើយ ក៏ប្រើមាតលីទេវបុត្រឲ្យប្រដាប់វេជយន្តរាជរថ ទឹមដោយសេះសិន្ទពទិព្វបរហោះមកអញ្ជើញព្រះពោធិសត្វ ឲ្យសេ្តចយាងទៅកាន់ស្ថានតាវត្តឹង្ស។ លុះទៅដល់ហើយ ព្រះអង្គទេសនាថ្វាយសក្កទេវរាជ ៗ មានសោមនស្សចំពោះព្រះអង្គ ក៏បូជាស្ថានតាវត្តិង្សឲ្យសោយរាជ្យពាក់កណ្តាល។ ព្រះអង្គសំដែងសេចក្តីអរគុណ ហើយក៏លើកថ្វាយទៅសក្កៈវិញ ដោយទ្រង់ព្រះតម្រិះថា “ការសោយសម្បត្តិដោយសារអ្នកដទៃ ពុំប្រសើរឡើយ ទុកដូចជារបស់ខ្ចីគេ”។ ទើបព្រះអង្គលាព្រះឥន្ទ្រាធិរាជៗ ក៏ឲ្យមាតលិទេវបុត្រទឹមវេជយន្តរាជរថ ជូនព្រះអង្គមកកាន់មិឋិលាមហានគរនាមនុស្សលោកវិញ។ លុះដល់ព្រះកេសាស្កូវហើយ ក៏អភិសេកព្រះរាជបុត្រ ឲ្យគ្រងរាជសម្បត្តិស្នងព្រះអង្គ ៗ ក៏ចេញសាងបព្វជ្ជាជាឥសី តាំងព្រះទ័យមាំក្នុងពោធិញ្ញាណ ប្រឹងចំរើនសមណធម៌ដរាបដល់សម្រេចឈាន និងអភិញ្ញា ៥ សមាបត្តិ ៨។ លុះសោយព្រះទីវង្គតទៅ ក៏បានឧប្បត្តិក្នុងស្ថានព្រហ្មលោកនាយ។
មេត្តាបារមី
[កែប្រែ]សេចក្តីស្រឡាញ់រាប់អាន ឬការជិតស្និទ្ធប្រដិតប្រជីចំពោះសត្វទាំងឡាយមិនមានរើសមុខ ដោយចិត្តបរិសុទ្ធ មិនលុះក្នុងអំណាចនៃតណ្ហា គឺមិនមានប្រាថ្នាលាភសក្ការៈ ឬផលប្រយោជន៍ពីអ្នកដទៃឡើយ ដោយមានគោលបំណងតែម្យ៉ាង ដើម្បីឲ្យសត្វបានសេចក្តីសុខចំរើន កុំឲ្យសត្វបានទុក្ខទោសពៃរ៍ ទាំងដើម្បីនឹងកំចាត់បង់នូវទោសព្យាបាទវិហឹសាទិក្កិលេស ឲ្យអស់ពីខន្ធសន្តានតែប៉ុណ្ណោះ យ៉ាងនេះហៅថា មេត្តាបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះសេចក្តីស្រឡាញ់រាប់អាន។ បារមីនេះ ចែកចេញជា៣យ៉ាងគឺ៖
១. បុត្តទារស្សបិ សេចក្តីស្រឡាញ់រាប់អានចំពោះសត្វទាំងឡាយ ទោះបីសត្វដែលបៀតបៀនបុត្រភរិយា ក៏មានការរាប់អានចំពោះសត្វទាំងនោះដែរ ហៅថា មេត្តាបារមី។
២. អត្តនោ អង្គស្សបិ សេចក្តីស្រឡាញ់រាប់អានចំពោះសត្វទាំងឡាយ សូម្បីសត្វដែលបៀតបៀនអវយវៈរបស់ខ្លួន ក៏មានការរាប់រកចំពោះសត្វទាំងនោះដែរ ហៅថា មេត្តាឧបបារមី។
៣. ជីវិតស្សបិ សេចក្តីស្រឡាញ់រាប់អានចំពោះសត្វទាំងឡាយ សូម្បីសត្វដែលបៀតបៀនជីវិត ក៏មានការរាប់រកចំពោះសត្វទាំងនោះដែរ ហៅថា មេត្តាបរមត្ថបារមី។
ឧទាហរណ៍ដូចជា……
សុវណ្ណសាមជាតក
ព្រះពោធិសត្វចាប់ជាតិជាសុវណ្ណសាម ទ្រង់បំពេញមេត្តាបារមី។
កាលកន្លងទៅហើយ ពោធិសត្វចាប់បដិសន្ធិក្នុងផ្ទៃនៃនាងទុប្បារិកា ជាភរិយានៃទុក្កុលៈ មាតាបិតាឲ្យនាមថា សាមៈ (ហៅថា សុវណ្ណសាម) នៅក្នុងសាលាដែលវេស្សកម្មទេវបុត្រនិមិ្មតឲ្យក្នុងព្រៃហេមពាន្ត។ លុះដល់ព្រះពោធិសត្វដឹងក្តីឡើង មាតាបិតាក៏ងងឹតចក្ខុទំាងពីរ។ សុវណ្ណសាមកុមារ ធ្វើការបំរើមាតាបិតា ឥតមានធុញទ្រាន់ឡើយ ព្រមទាំងខំចំរើនមេត្តាព្រហ្មវិហារជាប់ជានិច្ច។ ដោយគុណានុភាពនៃមេត្តាព្រហ្មវិហារនេះ ពោធិសត្វនៅក្នុងទីណាៗ តែងមានពួកម្រឹគចោមរោមជាបរិវារក្នុងទីនោះៗ។ ថ្ងៃមួយសុវណ្ណសាមកាន់ក្អមទៅដងទឹកស្ទឹងមិគសមតា មានហ្វូងម្រឹគចោមរោមជាបរិវារទៅផង។ គ្រានោះព្រះបាទបិលយក្ខ ជាព្រះចៅពារាណសី សេ្តចចេញទៅប្រពាតព្រៃ ដើម្បីបាញ់ម្រឹគ ទ្រង់បានទតឃើញសុវណ្ណសាមពោធិសត្វដែលមានម្រឹគចោមរោមជាបរិវារដូច្នោះ ក៏លើកធ្នូបាញ់ម្រឹគ មិនត្រូវម្រឹគបែរជាត្រូវពោធិសត្វវិញ។ ពោធិសត្វក៏ដួលដេកប្រះននៀលទួញថា “ឱ! លោកមាតាបិតាអើយ! លោកមុខជាក្ស័យជន្មាយុទាំងពីរនាក់ពុំខានឡើយ!” ហើយក៏សន្លប់បាត់ស្មារតីក្នុងទីនោះឯង។ ព្រះបាទបិលយក្ខ ឮនូវស័ព្ទវាចានៃពោធិសត្វដូច្នោះ ក៏ទៅនាំមាតាបិតាពោធិសត្វមកកាន់ទីនោះភ្លាម។ លុះមាតាបិតាមកដល់ហើយ ទើបបួងសួងសច្ចាធិដ្ឋានថា “សូមឲ្យថ្នាំពិសសាបសូន្យចាកបុត្ររបស់ខ្ញុំ ឥឡូវនេះទៅ!”។ លំដាប់នោះ ហេតុទាំង ៤ យ៉ាងគឺ៖ពោធិសត្វជាសះស្បើយ ១ មាតាបិតាមានចក្ខុភ្លឺឡើងវិញ ១ អរុណរះឡើង ១ ជនទាំងអស់បានដល់អាស្រមបទ ១ ក៏កើតប្រាកដឡើង។ ពោធិសត្វលុះអស់ជន្មាយុ ក៏បានទៅឧប្បត្តិក្នុងព្រហ្មលោក។
ឧបេក្ខាបារមី
[កែប្រែ]ការតាំងចិត្តព្រងើយកន្តើយ មិនមានសោមនស្ស ទោមនស្សក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ក្នុងទ្វារទាំង ៥ ក្តី ការតាំងចិត្តឲ្យនៅជាកណ្តាល មិនត្រេកអររីករាយ មិនមានថ្នាំងថ្នាក់អាក់អន់ ចំពោះសត្វនិងសង្ខារទាំងឡាយ ទោះមានឧបការគុណក្តី មិនមានឧបការគុណក្តី ឬក៏សត្វដែលគួរស្រឡាញ់រាប់អានក្តី សត្វដែលគួរស្អប់ខ្ពើមធុញទ្រាន់ក្តី ក៏នៅតែតាំងចិត្តឲ្យព្រងើយ។ តាមប្រក្រតីទៅបាន តែងមានស្មារតី នឹកឃើញដឹងខ្លួនជានិច្ចមិនភ្លាំងភ្លាត់ យ៉ាងនេះ ហៅថា ឧបេក្ខាបារមី ៗ ប្រែថា គុណជាតិជាគ្រឿងដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះតែការតាំងចិត្តព្រងើយៗ កណ្តាលៗ។ បារមីនេះ ចែកចេញជា៣យ៉ាងគឺ៖
១. បុត្តទារស្សបិ ការតាំងចិត្តឲ្យព្រងើយកន្តើយចំពោះបុត្រភរិយា ព្រមទាំងសត្វនិងសង្ខារ ចិត្តដែលតាំងស៊ប់នៅជាកណ្តាលយ៉ាងនេះ ហៅថា ឧបេក្ខាបារមី។
២. អត្តនោ អង្គស្សបិ ការតាំងចិត្តព្រងើយកន្តើយ ចំពោះអវយវៈរបស់ខ្លួន ព្រមទាំងចំពោះសត្វនិងសង្ខារ ចិត្តដែលតាំងនៅស៊ប់យ៉ាងនេះ ហៅថា ឧបេក្ខាឧបបារមី។
៣. ជីវិតស្សបិ ការតាំងចិត្តព្រងើយកន្តើយ ចំពោះជីវិតព្រមទាំងចំពោះសត្វនិងសង្ខារ ចិត្តដែលតាំងស៊ប់នៅជាកណ្តាលយ៉ាងនេះហៅថា ឧបេក្ខាបរមត្ថបារមី។
ឧទាហរណ៍ដូចជា……
នារទព្រហ្មជាតក
ព្រះពោធិសត្វជានារទព្រហ្ម បំពេញឧបេក្ខាបារមី។
ក្នុងអតីតកាល មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាមអង្គតិរាជ សោយរាជសម្បត្តិក្នុងក្រុងមិឋិលា ដែនវិទេហៈ ទ្រង់មានព្រះរាជធីតាមួយព្រះអង្គ ព្រះនាមនាងរុចាទេវី ជាស្ត្រីបរិបូណ៌ដោយប្រាជ្ញា ហើយជាទីគាប់ព្រះទ័យផង។ មានអាមាត្យ ៣ នាក់ អាមាត្យទី ១ ទី ២ ជាសម្មាទិដ្ឋិ ឯអាមាត្យទី ៣ ជាមិច្ឆាទិដ្ឋិ។ អាមាត្យទាំងអម្បាលនោះតែងនាំសេចក្តីយល់របស់ខ្លួន ទៅក្រាបទូលព្រះរាជាផ្សេងៗ គ្នា។ លុះថ្ងៃក្រោយមក ព្រះរាជាក៏ទ្រង់ជឿតាមយោបល់អាមាត្យទី ៣ ទើបទ្រង់យាងទៅជួបនឹងលោកគ្រូគុណាជីវក ទ្រង់ជឿតាមគុណាជីវកជាមិច្ឆាទិដ្ឋិ តែងពោលថា គ្មានបុណ្យ បាប នរក សួគ៌ឡើយ។ ហេតុនោះ បានជានាងរុចារាជធីតា ចូលទៅគាល់សម្តេចព្រះវររាជបិតា ក្រាបបង្គំទូលថា “សូមទ្រង់ព្រះមេត្តាប្រោស កុំជឿស្តាប់ពាក្យគ្រូគុណាជីវកៗនោះ យល់ខុសទេ សូមព្រះអង្គលះបង់មិច្ឆាទិដ្ឋិចោលស្រឡះចេញ ទើបបានរួចចាកទោសអំពីលោកន្តរនរក”។ ព្រះបាទអង្គតិរាជ លុះទ្រង់ព្រះសណ្តាប់ហើយ ក៏ទ្រង់អាសូរសំដីបុត្រីណាស់ដែរ ប៉ុន្តែទ្រង់នឹងលះមិច្ឆាទិដ្ឋិចោលចេញពុំបាន។ នាងរុចាទេវីទាល់ប្រាជ្ញា ក៏តំាងសច្ចាធិដ្ឋានបួងសួងដល់ទេវបុត្រ ទេវតា និងព្រហ្ម សូមជួយដោះទុក្ខព្រះវរបិតាឲ្យរួចអំពីមិច្ឆាទិដ្ឋិ។ វេលានោះ ក៏ស្រាប់តែជ្រាបដល់នារទព្រហ្មពោធិសត្វ ៗ ក៏និម្មិតភេទជាឥសី ហើយហោះចុះមកកាន់នគរមិឋិលា សំដែងធម្មទេសនាប្រោសព្រះបាទអង្គតិរាជ ព្រះរាជាក៏ទ្រង់លះបង់មិច្ឆាទិដ្ឋិបានតាមលំដាប់ មានព្រះរាជហឫទ័យបែរមកខាងសម្មាទិដ្ឋិឡើងវិញ ហើយតាំងរក្សាសីលបរិច្ចាគព្រះរាជទ្រព្យឲ្យទានជាប់ជានិច្ច មិនដែលដាច់សោះ។ នារទព្រហ្មពោធិសត្វ ក៏វិលទៅកាន់ព្រហ្មលោកនាយវិញ។
ឯកសារយោង
[កែប្រែ]- សៀវភៅធម្មសមុហកថា រៀបរៀងដោយក្រុមបណ្ឌិតពុទ្ធសាសនា (ព.ស. ២៥០០)
- ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក > មហានិបាតជាតក (សៀវភៅលេខ ៦២)
- ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក (សៀវភៅលេខ ៥៨ ដល់លេខ ៦៣)