Jump to content

ឃុំកំពែង(ស្រុកព្រៃកប្បាស)

ពីវិគីភីឌា

ឃុំកំពែង(ស្រុកព្រៃកប្បាស) (អង់គ្លេស: Kampeaeng Commune) ស្ថិតនៅក្នុង ស្រុកព្រៃកប្បាស ខេត្តតាកែវ មានចម្ងាយពីទីរួមស្រុក ១៥គីឡូម៉ែត្រ និង ចម្ងាយ ៣១ គីម៉ែត្ រពីទីរួមខេត្ត។ ឃុំកំពែងមានមាន ៩ ភូមិ រួមមានដូចខាងក្រោម៖

ឃុំកំពែង(ស្រុកព្រៃកប្បាស)
លេខកូដភូមិ ឈ្មោះភូមិជាអក្សរខ្មែរ ឈ្មោះភូមិជាអក្សរអង់គ្លេស
១២០៦០៥០ ភូមិតាមូង Ta Mung Village
១២០៦០៥០ ភូមិចង្កើប Changkaeub Village
១២០៦០៥០ ភូមិតាឡូង Ta Loung Village
១២០៦០៥០ ភូមិថ្មី Thmei Village
១២០៦០៥០ ភូមិកំពែងធំ Kampeaeng Thum Village
១២០៦០៥០ ភូមិកំពែងត្បូង Kampeaeng Tboung Village
១២០៦០៥០ ភូមិអង្គជ្រូក Angk Chruk Village
១២០៦០៥០ ភូមិចំណោម Chamnaom Village
១២០៦០៥០ ភូមិត្រពាំងអង្គ Trapeang Angk Village
  • យោងតាម ប្រកាសលេខ៤៩៣ ប្រ.ក


ព្រំប្រទល់នៃឃុំកំពែង(ស្រុកព្រៃកប្បាស)

ឃុំកំពែង(ស្រុកព្រៃកប្បាស) ទិស
ខាងកើត (E) ខាងត្បូង (S) ខាងលិច (W) ខាងជើង (N)
ឃុំពោធិ៍រំចាក ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ឃុំពន្លៃ ស្រុកអង្គរបូរី ឃុំទ្រា ឃុំជើងគួន ស្រុកសំរោង ឃុំព្រៃផ្តៅ ឃុំចំប៉ា ស្រុកព្រៃកប្បាស

ស្ថានភាពទូទៅ

[កែប្រែ]

ឃុំកំពែង មានផ្ទៃដីភាគច្រើនជាដីសម្រាប់កសិកម្ម ប្រជាពលរដ្ឋប្រមូលផ្តុំគ្នារស់នៅតាមដងផ្លូវ សងខាងនៃភូមិនីមួយៗសុទ្ធសឹងជាដីស្រែ ឃុំនេះពុំមានដីប្រភេទចម្ការឡើយ។ ក្នុងឃុំមានផ្លូវក្រាលកៅស៊ូ១ខ្សែ កាត់ភូមិចំណោម ភូមិថ្មី ភូមិតាឡូង ដែលផ្លូវនេះតភ្ជាប់ពីឃុំព្រៃផ្តៅកំពែង និងឃុំពន្លៃ។ ក្រៅពីនេះហេដ្ឋារចនាសម្ព័ន្ធផ្លូវតាមភូមិមានខ្លះក្រាលគ្រួស ក្រាលថ្ម ហើយខ្លះទៀតមិនទាន់បានធ្វើនៅឡើយ។ នៅរដូវវស្សាផ្ទៃដីភាគខាងកើតឃុំ គ្របដណ្តប់ដោយស្រូវវស្សាយ៉ាងខៀវស្រងាត់ ឯភាគខាងលិចឃុំគ្របដណ្តប់ដោយទឹកទន្លេ។ ក្រៅពីដីស្រែ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ឃុំកំពែងមានព្រែក អូរ និងទួលតូចធំ។

ប្រជាជនដែលរស់នៅក្នុងឃុំនោះភាគច្រើនជាកសិករ កម្មកររោងចក្រ គ្រូបង្រៀន អ្នកតម្បាញ(តិចតួច) អ្នកលក់ឥវ៉ាន់ចាប់ហួយ ចិញ្ចឹមសត្វ ឡើងត្នោតជាដើម។ នៅរដូវវស្សា ពួកគេធើ្វស្រែចំការ និង​ នេសាទត្រី ដាំដំណាំ ហើយវាលស្រែនៅតាមភូមិនីមួយៗ ក្នុងឃុំកំពែង សំបូរទៅដោយដើមត្នោតជាច្រើនដើមនៅតាមភ្លឺស្រែ ឬទួលនានា។ រដូវប្រាំងគេធ្វើស្រែប្រាំង ដែលមានផ្ទៃដីលាតសន្ធឹងជាច្រើនហិចតា។ ស្រូវដែលគេធ្វើនៅរដូវប្រាំង គឺជាស្រូវពង្រោះ ដែលមានរយ:ពេលត្រឹមតែបីខែប៉ុណ្ណោះ អាចប្រមូលផលបាន នេះជាលក្ខណ:ងាយស្រួលសម្រាប់កសិករ មិនចាំបាច់ដកស្ទូង ម្យ៉ាងទៀតនៅពេលប្រមូលផល គេប្រើម៉ាស៊ីន ឬគ្រឿងចក្រ ជំនួសគោ ក្របី ដែលពីមុនធ្លាប់ប្រើ។

រូបភាពទី២៖ ផែនទីរដ្ឋបាលឃុំកំពែង

ផែនទីរដ្ឋបាលទឹកដីឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ
ផែនទីឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ

ប្រភព៖ ផែនទីរដ្ឋបាលឃុំកំពែង

ធនធានធម្មជាតិ ឬអំណោយផល

[កែប្រែ]

ឃុំកំពែងនេះ មានធនធានសំខាន់ៗពីធម្មជាតិ និងមរតកបន្សល់ពីសង្គមចាស់ដូចជា៖

១. អូរចំណោម (ស្ថិតនៅចន្លោះភូមិចំណោម និងភូមិព្រៃរបង) ដែលមានក្រឡាផ្ទៃប្រមាណជា ៥៤៤,២៥៤.២៨ ម² (ម៉ែត្រក្រឡា) នារដូវប្រាំង ប្រវែងសរុប ៤.៣៩ គម² ដែលអាចផ្ទុកទឹកសម្រាប់ស្រោចស្រប់ ឬផ្គត់ផ្គង់សម្រាប់ស្រែ ស្រូវរបស់ប្រជាពលរដ្ឋភូមិចំណោម ភូមិត្រពាំងអង្គ និងភូមិមួយចំនួនទៀត នៃឃុំកំពែង និងភូមិព្រៃរបង ភូមិគោកទ្រា និងភូមិព្រៃផ្តៅ នៃឃុំព្រៃផ្តៅ ទាំងរដូវវស្សា និងរដូវប្រាំង(សម្រាប់ស្រូវប្រដេញទឹក)។ មិនតែប៉ុណ្ណោះ អូរចំណោមនេះ ក៏ផ្តល់ជាជម្រកពពួកមច្ឆជាតិ ដូចជា ត្រីគ្រប់ប្រភេទ (ត្រីផ្ទក់ ត្រីរ៉ស ត្រីអណ្តែងរឹង ត្រីអណ្តែងទន់ ត្រីឆ្លូញ ត្រីឆ្ពិន ត្រីក្រាញ់ ត្រីដំរី ត្រីចង្វារ ត្រីកំភ្លាញ ត្រីកន្ត្រប់ កំពឹស ) ក្តាម ខ្យង លៀស គ្រំ កង្កែប ពស់ អន្ទង់ និងមានសត្វអណ្តើកខ្លះៗផងដែរកាលពីជំនាន់ដើម។ អូរចំណោមបច្ចុប្បន្ននៅសល់ព្រៃលិចទឹកតិចតួចប៉ុណ្ណោះ ដោយសារតែការវាតយកដីសម្រាប់ធ្វើកសិកម្មរបស់ប្រជាពលរដ្ឋ ដែលផ្ទុញពីកាលជំនាន់ដើម គឺសម្បូរទៅដោយប្រភេទរុក្ខជាតិលិចទឹកជាច្រើន ដូចជា រពាក់ កប្បាសព្រៃ ថ្លើមអណ្តើក ភ្នំភ្នែង អញ្ចាញ រាំង ធ្មេញត្រី ស្នែងក្របី បរបាច វល្លិត្រី កន្ទាំងហែ រញា ស្នោ ប្រផេញ ក្រពីងបួយ ព្រលឹត លំចង់ ស្គន់ កំប្លោក ចក ថ្នក់ទឹក ជាដើម។ល។

២. ផ្ទៃបឹងកើតBoeng Keot (ភាគខាងលិចនៃឃុំកំពែង) បឹងនេះមានក្រឡាផ្ទៃធំធេង រាប់សិបហិចតា នារដូវវស្សា ដែលគ្របដណ្តប់ដោយទឹកទន្លេហូរមកចាក់ពីទន្លេមេគង្គតាមរយៈទន្លេបាសាក់ និងដៃទន្លេនានាជាពិសេសឆ្លងកាត់តាមស្រុកអង្គរបុរី ។ រដូវប្រាំង ផ្ទៃដីបឹងទាំងមូលគ្របដណ្តប់ទៅដោយស្រូវប្រាំងខៀវស្រងាត់ ដែលកសិករនៃស្រុកព្រៃកប្បាស(ឃុំព្រៃផ្តៅ និងឃុំកំពែង) ស្រុកសំរោង(ឃុំទ្រា ឃុំជើងគួន) ស្រុកអង្គរបុរី(ឃុំពន្លៃ) បាននាំគ្នាធ្វើស្រូវប្រដេញទឹកស្រូវប្រាំង។ កាលពីជំនាន់ដើម ខែទឹកឡើង(រដូវស្សា) បាននាំមកនូវពពួកត្រី និងដីល្បាប់យ៉ាងល្អ សម្រាប់កសិករ អាស្រ័យផល។ ប៉ុន្តែ បច្ចុប្បន្នទឹកទន្លេហូរចាក់ក្នុងបឹងនេះមានតិចតួចប៉ុណ្ណោះ ដោយសារទឹកតូចៗ ឬការបិទប្រភពទឹកនៃទន្លេមេគង្គធ្វើវារីអគ្គិសនីនៃប្រទេសចិន និងប្រទេសឡាវជាដើម។

៣. បឹងតូច ឬបឹងតូច (Small Lake) ស្ថិតនៅចន្លោះភូមិចំណោម ភូមិត្រពាំងអង្គ ភូមិថ្មី និងភូមិតាឡូង១ផ្នែក ។ បឹងនេះ ជាផ្ទៃដីទឹកលិចរងសម្ពាធពីទឹកទន្លេ នារដូវវស្សា ឬខែទឹកឡើង។ ដូចទៅនឹងបឹងកើតBoeng Keot ដែរ គឺសម្បូរត្រី និងដីល្បាប់សម្រាប់កសិករអាស្រ័យផលដែរ ប៉ុន្តែលើសពីនេះ អត្ថប្រយោជន៍ដូចទៅនឹង អូរចំណោម ព្រោះមាត់ឬផ្លូវនៃប្រភពទឹកនៃបឹងនេះ មានពីរសងខាង គឺ ទំនប់ត្រពាំងវែង និងទំនប់ជង្ហុក ដែលប្រជាពលរដ្ឋបានសាងសងសម្រាប់ស្តុកទឹក និងបើកប្រើប្រាស់ធ្វើស្រែប្រដេញទឹក នៅពេលទឹកស្រក។ នៅរដូវប្រាំង ប្រជាពលរដ្ឋធ្វើការនេសាទត្រីយ៉ាងសម្បូរបែប គ្រាន់តែតូចជាង អូរចំណោម ។ បច្ចុប្បន្នបឹងនេះ ពុំសូវមានទឹកធំធេងដូចជំនាន់ដើមឡើយ គឺដោយសារកត្តា២យ៉ាង ១. ដោយសារពលរដ្ឋវាតធ្វើស្រែនាំឱ្យរាក់បឹងអស់ ទី២ ដោយសារទឹកទន្លេតិចតួច ឬលែងហូរចូលតែម្តង ដូចនេះ បានត្រឹមតែទឹកដក់ដោយសារទឹកភ្លៀងជន់ជោរនាខែវស្សាតែប៉ុណ្ណោះ។ បឹងនេះ ពុំសូវមានព្រៃលិចទឹកឡើយ មានតែពពួកព្រលឹត រំចង់ ឬកក់ ភ្លុង តែប៉ុណ្ណោះ ។

៤. ប្រព័ន្ធធារាសាស្រ្ត ព្រែក ប្រឡាយ ភ្លឺភ្លោះ នានា គឺបានបន្សល់ទុកតាំងពីជំនាន់ដើម ឬសម័យប៉ុលពត ដែលបានសាងសង់សម្រាប់យកប្រភពទឹកពី អូរចំណោម និងបឹងតូច (Small Lake) ដើម្បីផ្គត់ផ្គង់ស្រែវស្សា ផ្នែកភាគខាងកើតនៃឃុំកំពែង ។ ផ្លូវធ្លា ក៏បានពង្រីក ទៅតាមព្រែកប្រឡាយនោះដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ ឬប្រមូលផលស្រូវពីស្រែរបស់កសិករ។ ព្រែក ឬប្រឡាយសំខាន់ៗរួមមាន ៖

– ខ្សែទី១ ពីភូមិចំណោម(ខាងកើតវត្តចំណោម)ឆ្ពោះទៅកាន់ភូមិអង្គជ្រូក មានប្រវែង ២៣៨ ម៉ែត្រ

– ខែ្សទី២ ពីភូមិចំណោមទៅកាន់ទួលគោកក្រូច ប្រវែង ១៧៧៧ ម៉ែត្រ

– ខ្សែទី៣ ពីភូមិថ្មី(តានី)ទៅកាន់ប្រឡាយមេថ្មី ឬឃុំព្រៃកប្បាស ប្រវែង ១២១៧ ម៉ែត្រ

– ខ្សែទី៤ ពីបឹងតូច (Small Lake) កាត់ភូមិថ្មី កាត់កេលឆ្ពោះទៅលូហ្នងម្លុំ ប្រវែង ២៣៣៥ ម៉ែត្រ

– ខ្សែទី៥ ពីភូមិថ្មីខាងកើត (តានី) កាត់លូអូរប្រសាទ លូឬស្សីភ្នង ដល់ខាងកើតទំនប់ផេង ប្រវែង ២៥០០ ម៉ែត្រ

– ខ្សែទី៦ ពីភូមិកំពែងធំ កាត់លូគង់ត្រា រហូតដល់ព្រំប្រទល់ឃុំព្រៃផ្តៅ ប្រវែង ៤០១៩ ម៉ែត្រ

– ខ្សែទី៧ ពីប្រឡាយមេថ្មីនៃស្ថានីយលក់ទឹក កាត់តាមលូអង្គជ្រូក លូឬស្សីសាញ់ ដល់ឃុំពោធិ៍រំចាក ប្រវែង ៣៦៨៤ ម៉ែត្រ

– ខ្សែទី៨ ពីបឹងកើតBoeng Keot កាត់តាមភូមិចង្កើប កាត់កេលទៅខាងកើតកំពែងធំឆ្ពោះទៅភូមិអង្គជ្រូក ប្រវែងជិត ៥០០០ ម៉ែត្រ (តែមិនច្បាស់ថាជាប្រឡាយចាស់ ឬថ្មីដែលក្រុមហ៊ុនស្ថានីយបូមទឹកពន្លៃអ្នកសាងសង់ថ្មី?)

ប្រឡាយ ឬព្រែកទាំងនោះ ត្រូវបានស្តារឡើងវិញ និងជាបន្តបន្ទាប់ពីមូលនិធិឃុំសង្កាត់ ដើម្បីអាចប្រើប្រាស់បាន។ បច្ចុប្បន្ន ព្រែក ឬប្រឡាយទាំងនេះ ត្រូវបានគ្រប់គ្រងឡើងដោយក្រុមហ៊ុនស្ថានីយបូមទឹកឯកជន មានន័យថា បើប្រជាកសិករចង់ប្រើប្រាស់ធ្វើស្រែ គឺត្រូវទិញទឹកពីក្រុមហ៊ុនដើម្បីបញ្ចូលស្រែ។

សម្រាប់ភ្លឺភ្លោះវិញ គេប្រើសម្រាប់បង្ហូរទឹកបញ្ចូលស្រែ(ដូចប្រឡាយតូចៗ) ជៀសវាងបង្ហូរឆ្លងកាត់ស្រែបន្តគ្នា ប៉ុន្តែបច្ចុប្បន្ននៅសល់តិចតួចប៉ុណ្ណោះ។

ស្ថិតិប្រជាសាស្រ្ត

[កែប្រែ]

តាម ទិន្នន័យប្រជាពលរដ្ឋឆ្នាំ២០១៥ របស់ឃុំកំពែង បានបង្ហាញថា ឃុំកំពែងមានភូមិសរុបចំនួន ៩ភូមិ រួមមាន ៖ ភូមិចំណោម ភូមិអង្គជ្រូក ភូមិថ្មី ភូមិត្រពាំងអង្គ ភូមិតាឡូង ភូមិតាមូង ភូមិចង្កើប ភូមិកំពែងធំ និងភូមិកំពែងត្បូង ។ ឃុំកំពែង មានប្រជាពលរដ្ឋចំនួន ២០០២ គ្រួសារ សរុបទាំងអស់មានចំនួន ៩២៩៤ នាក់ ស្រីចំនួន ៤៧៥៨ នាក់។

ប្រភព៖ ស្ថិតិប្រជាពលរដ្ឋ ឆ្នាំ២០១៥ របស់ឃុំកំពែង ចំងាយមធ្យមពីភូមិទៅទីតាំងសេវាកម្មរដ្ឋបាល ផ្លូវថ្នល់ និងទីផ្សារ សម្រាប់ចម្ងាយផ្លូវពីភូមិដែលទៅទីតាំងផ្តល់សេវាកម្មរដ្ឋបាលរបស់ឃុំកំពែង មានចម្ងាយចន្លោះពី៣-១០គ.ម។ ក្នុងភូមិដែលស្ថិតនៅក្រោមដែនរដ្ឋបាលរបស់ឃុំគឺមានចម្ងាយជាមធ្យមគឺ ៥ ឬ ៦គ.ម ប៉ុណ្ណោះ។

ផ្នែកសេដ្ឋកិច្ច

[កែប្រែ]

ឃុំកំពែង បានទទួលការអភិវឌ្ឍន៍គួរអោយកត់សម្គាល់ ដោយឃុំបានទទួលផ្លូវក្រាលកៅស៊ូ១ខ្សែ និងផ្លូវក្រាលគ្រួស ឬថ្ម លើកផ្លូវលំនៅតាមភូមិនានានៅក្នុងឃុំ និងការដាក់លូរំដោះទឹក ជាដើម។ សេដ្ឋកិច្ចឃុំពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ដែលមានផ្ទៃទាំងស្រែប្រាំង និងស្រែវស្សាសរុបចំនួន ២៥១០ ហិចតា ក្នុងនោះ ដីស្រែវស្សាមានចំនួន ១៥១២,១០ ហិចតា ដីស្រែប្រាំងមាន ៨២៦,១៣ ហិចតា ដីទួល ប្រឡាយ បឹង មាន ១២,៧០ ហិចតា ដីសហគមន៍មាន ១៦,៥០ ហិចតា ដីធារាសាស្រ្ត មានមួយចំនួន។ ក្រៅពីការធ្វើស្រែចម្ការ ប្រជាកសិករនាំគ្នានេសាទ ដាំបន្លែ ចិញ្ចឹមសត្វ និងមួយចំនួនទៀតបានធ្វើចំណាកស្រុក ធ្វើជា កម្មករ បុគ្គលិកក្រុមហ៊ុនឯកជន រាជការ និងជាអាជីវករតាមបណ្តាខេត្តនានា ខ្លះទៅរាជធានីភ្នំពេញ និងខ្លះទៀតទៅបរទេស(កូរ៉េ ជប៉ុន ថៃ។ល។)ជាដើម។

ផ្នែកកសិកម្ម

[កែប្រែ]

ដោយផ្ទៃដីរបស់ឃុំទាំងមូល លាតសន្ធឹង ឬហ៊ុំព័ទ្ធទៅដោយផ្ទៃដីស្រែ ឬកសិកម្ម ដូចនេះ វិស័យកសិកម្ម គឺជាវិស័យចម្បងរបស់ប្រជាពលរដ្ឋ ការធ្វើស្រែ៩០% បានប្រើប្រាស់ជីគីមីជាប្រចាំពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើអោយដីកសិកម្មខូច និងរិចរិល បាត់បង់នូវគុណភាពដី និងធ្វើអោយទិន្នផលស្រូវមានការថយចុះ (ប្រសិនបើប្រជាកសិករមិនបានប្រើជីគីមី) នេះមានន័យថា ប្រជាពលរដ្ឋគឺត្រូវតែសម្រេចចិត្តទាំងបង្ខំប្រើប្រាស់នូវជីគីមីជំនួយ ដើម្បីបង្កើនទិន្នផលស្រូវរបស់ពួកគាត់។

នៅដើមឆ្នាំ២០២៤ រដ្ឋាភិបាលសម្រេចបញ្ចូនមន្រ្តីជំនាញកសិកម្មប្រចាំឃុំ ដើម្បីជួយប្រឹក្សា ផ្តល់បច្ចេកទេសកសិកម្មដល់ប្រជាពលរដ្ឋក្នុងឃុំ ប៉ុន្តែយើងមិនទាន់ឃើញមានអ្វីដែលជាការរីកចម្រើន ឬលទ្ធផលនៅឡើយទេ។

ផ្នែកសង្កមកិច្ច

[កែប្រែ]

ឃុំកំពែង បានទទួលជំនួយផ្សេងៗ ដូចជា ការបណ្តុះជំនាញវិជ្ជាជីវៈ ការផ្តល់ថ្នាំបង្ការសុខភាពមាតា និងទារក ស្រះទឹក អណ្តូងទឹក បង្គន់អនាម័យ ពីអង្គការមួយចំនួនដូចជា អង្គការ RACHA គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK អង្គការJSC អង្គការCCJAB អង្គការកុមារមេគង្គ អង្គការគ្រួសារថ្មី អង្គការពន្លឺកុមារ អង្គការTPOK អង្គការPFD អង្គការហេឡូត្រា និងអង្គការមេត្តាករុណាជាដើម ដែលបានជូយដល់ជនពិការ កុមារកំព្រារគ្មានទីពឹង ចាស់ជរាគ្មានទីពឹង និងសេវាសុខភាព ព្រមទាំងបណ្តុះបណ្តាលអក្ខរកម្មជាដើម។

ទោះបីជាមានអង្គការនានាចូលមកជួយដល់ឃុំកំពែងលើផ្នែកអប់រំនេះច្រើនក៏ដោយ ក៏ឃុំនៅមានឧបសគ្គមួយចំនួនដូចជា ការខ្វះការចេះដឹងវិជ្ជាជីវៈ ឬជំនាញបំនិនជីវិត កង្វះទឹកស្អាតប្រើប្រាស់ ក្មេងបោះបង់កសិក្សាដោយសារជីវភាពគ្រួសារក្រីក្រ ការអប់រំសុខភាពបន្តពូជ សុខភាពមាតា និងទារកនៅមានកម្រិត ព្រមទាំងបញ្ហាគ្រឿងញៀនជាដើម។

វិស័យអប់រំ

[កែប្រែ]

ចំពោះវិស័យអប់រំវិញ មានការីកចម្រើនគួរអោយកត់សម្គាល់ ដោយសារតែមានសាលារៀនចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី ៦។ នៅក្នុងឃំុកំពែងមានសាលារៀនសំខាន់ដូចជា៖ សាលាបឋមសិក្សាចំនួន ៣ គឺ សាលាបឋមសិក្សាចំណោម ស្ថិតនៅបរិវេណវត្តចំណោម ភូមិចំណោម សាលាបឋមសិក្សាត្រពាំងអង្គ ស្ថិតនៅបិវេណវត្តត្រពាំងអង្គ ភូមិត្រពាំងអង្គ សាលាបឋមសិក្សាកំពែង ស្ថិតនៅវត្តកំពែង និងវិទ្យាល័យចំនួន ១ គឺ វិទ្យាល័យកំពែង ។ ដោយសារតែប្រជាជនមានការយល់ដឹងពីអត្ថប្រយោជន៏នៃការសិក្សា ពួកគេបានបញ្ជូនកូនៗរបស់ពួកគេដែលគ្រប់អាយុទៅសិក្សាគ្រប់ៗគ្នា ដើម្បីក្រេបជញ្ជូកយកចំណេះវិជ្ជា ហើយអភិវ័ឌ្ឍន៍ខ្លួនអោយក្លាយជាមនុស្សថ្លៃង្នូរក្នុងសង្គម ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង។

វិស័យសុខាភិបាល

[កែប្រែ]

ចំពោះវិស័យសុខាភិបាល​ ក៏មានការរីកចម្រើនគួរសមដែរ ដោយដោយក្នុងឃុំកំពែង មានមណ្ឌលសុខភាព១ គឺ មណ្ឌលសុខភាពកំពែង នៅជាប់ទីតាំងសាលាឃុំកំពែង ដូច្នេះធ្វើឧ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការព្យាបាលជំងឺផ្សេងៗផ្នែកបឋមដែលកើតមានទៅលើពួកគាត់។ យ៉ាងណាក៏នូវមានភាពខ្វះខាតនៅឡើយ ដោយសារបច្ចេកទេស ជំនាញ សម្ភារៈ និងកង្វះថ្នាំ ដែលធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពមធ្យម ងាកទៅរកពេទ្យឯកជន ឬមន្ទីរពេទ្យរដ្ឋនៅឯទីក្រុងជំនួសវិញ។

ការអភិវឌ្ឃន៍

[កែប្រែ]

ចំពោះការអភិវឌ្ឍន៍វិញ បច្ចុប្បន្ននេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមាន ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក ជាដើម ដែលជាហេតុធ្វើអោយប្រជាជនកានតែមានជីវភាពកាន់តែរីកចម្រើនឡើងជាលំដាប់។

ទោះបីយ៉ាងណាក្តី បញ្ហានៅក្នុងឃុំនៅតែបន្តកើតមាន ដូចជា បញ្ហាផ្លូវឆាប់ខូច (កង្វះគុណភាព) មណ្ឌលសុខភាពខ្វះថ្នាំ សម្ភារៈ បរិក្ខាពេទ្យ រួមទាំងជំនាញឯកទេសពេទ្យជាដើម និងកង្វះទឹកសម្រាប់ប្រើប្រាស់សម្រាប់វិស័យកសិកម្ម។ល។

ការគ្រប់គ្រង-នយោបាយ

[កែប្រែ]

ឃុំកំពែង មានក្រុមប្រឹក្សាឃុំចំនួន ៧ អាសនៈ ។ អាណត្តិទី៥ (ឆ្នាំ២០២២) មានគណបក្សគ្រប់គ្រងអាសនៈតែ ២ប៉ុណ្ណោះ គឺ ក្រុមប្រឹក្សាពីគណបក្សប្រជាជនកម្ពុជា ចំនួន៥ រូប និងក្រុមប្រឹក្សាឃុំពីគណបក្សភ្លើងទៀនចំនួន២ រូប ដោយមេឃុំ គឺមកពីគណបក្សប្រជាជនកម្ពុជា ។ ជាការកត់សម្គាល់ ឃុំកំពែងគ្រប់គ្រងដោយគបក្សប្រជាជនកម្ពុជា តាំងតែពីអាណត្តិទី១មកម្លេះ។

ប្រភព

[កែប្រែ]

[]

  1. សៀវភៅផែនការណ៍អភិវឌ្ឍន៍ឃុំកំពែងឆ្នាំ២០១៥