ចក្រភព អូតូម៉ង់
ចក្រភពអូតូម៉ង់ (១២៩៩-១៩២៣) (ជាភាសាអង់គ្លេស៖ Ottoman Empire, ភាសាទួរគីបុរាណ៖ دولتْ علیّه عثمانیّه Devlet-i Âliye-yi Osmâniyye, ភាសាទួរគីសម័យថ្មី៖ Osmanlı Devleti ឬ Osmanlı İmparatorluğu) គឺជារដ្ឋរបស់ជនជាតិទួរគី។ រដ្ឋនេះត្រូវបានគេស្គាល់ថា "ចក្រភពទួរគី" ឬ "ទួរគី" ដោយសារសហសម័យរបស់វា។ រដ្ឋនេះត្រូវបានបន្តដោយ "សាធារណរដ្ឋទួរគី" ដែលត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩២៣។
នាសម័យកាលនៃការឈានឡើងដល់កម្រិតកំពូលរបស់ខ្លួន (សតវត្សទី១៦-១៧) រដ្ឋនេះបានគ្របដណ្ដប់លើទ្វីបចំនួនបី ដោយបានត្រួតត្រាស្ទើរតែទាំងស្រុងប៉ែកអាគ្នេយ៍នៃទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា និង អាហ្វ្រិកខាងជើង។ ចក្រភពនេះបានលាតសន្ធឹងចាប់ពីខាងលិច ជាប់នឹងច្រកហ្គីប្រាលតារ (Strait of Gibraltar), នៅខាងកើត ជាប់នឹងសមុទ្រកាសព្យែន និងឈូងសមុទ្រពែក, នៅខាងជើង ជាប់នឹងជាយនៃប្រទេសអូទ្រីស ហុងគ្រី និងផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន, ខាងត្បូង ជាប់នឹងស៊ូដង់ (Sudan), អេរីទ្រា (Eritrea), សូម៉ាលី (Somalia) និងយ៉េម៉ែន (Yemen) ។ ចក្រភពអូតូម៉ង់ មានខេត្តចំនួន២៩ ដោយបូកបញ្ចូលទាំងក្សត្របុរីទាំងអស់នៅ ម៉ូលដាវី (Moldavia), ត្រង់ស៊ីលវ៉ានី (Transylvania), វ៉ាឡាឈី (Wallachia) និង ស៊ែប៊ី (Serbia) ។ ចក្រភពនេះក៏បានពង្រីកការត្រួតត្រាមួយរយៈ លើដែនសមុទ្រដ៏ឆ្ងាយ តាមរយៈការប្រកាសអំពីភក្ដីភាពចំពោះស៊ុលតង់ និងកាលីហ្វនៃចក្រភពអូតូម៉ង់ ដូចជាសេចក្ដីប្រកាសរបស់ស៊ុលតង់អាសេហ៍ នៅឆ្នាំ១៥៦៥ ឬក៏ តាមរយៈការទទួលបានមកនូវកោះមួយចំនួនក្នុងមហាសមុទ្រអាត្លង់ទិក មួយរយៈពេលខ្លី ដូចជា៖ Lanzarote (១៥៨៥), Madeira (១៦១៧), Vestmannaeyjar (១៦២៧) និងLundy (១៦៥៥) ។
ចក្រភពអូតូម៉ង់ ស្ថិតនៅចំកណ្ដាលនៃអន្តរកម្មរវាងលោកខាងកើត និងលោកខាងលិច អស់០៦សតវត្ស។ ដោយមានក្រុងកុងស្តង់ទីណូប (អ៊ីស្តង់ប៊ូល) ជារាជធានី ហើយនិងបានត្រួតត្រាទឹកដីដ៏ធំក្នុងកំលុងរជ្ជកាលអធិរាជ Suleiman ទី១ (Suleiman the Magnificent) ដែលស៊ីគ្នានឹងទឹកដីដែលគ្រប់គ្រងដោយ អធិរាជ Justinian ទី១ (Justinian the Great) នៃចក្រភពរ៉ូមខាងកើត កាលពីមួយពាន់ឆ្នាំមុន ដូចនេះ ចក្រភពអូតូម៉ង់ មានប្រជាជនភាគច្រើនគោរពសាសនាឥស្លាម និងជាអ្នកបន្តពីចក្រភពរ៉ូមខាងកើត។