ចម្បាធិរាជ
ចម្បាធិរាជ | |
---|---|
មេទ័ពមុខនៃកម្ពុជាធិបតី | |
ក្នុងការិយាល័យ ១៥៧០–១៥៧០ | |
ព្រះមហាក្សត្រ | បរមិន្ទរាជា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ចម្បាធិរាជ |
ព្រះចម្បាធិរាជ (កាន់.១៥៧០) គឺជាព្រះវង្សធំនៃព្រះបាទបរមិន្ទរាជា ជាមេទ័ពស្រួចនៅពេលចំបាំងជាមួយសៀមនៅឆ្នាំ១៥៧០។
ការធ្វើសឹកសង្គ្រាមខ្មែរ-សៀម ១៥៧០
[កែប្រែ]
គេមិនបានដឹងប្រវត្តិរបស់ព្រះវង្សធំចម្បាធិរាជពិស្ដារទេ គេត្រឹមតែដឹងក្នុងពង្សាវតារដូចតទៅនេះថា៖ ក្រោយពីសវនាការចប់ហើយ ព្រះករុណាស្ដេចទ្រង់ឱ្យកេណ្ឌកងទ័ពបាន ៣៣០០០ នាក់មកជួបជុំនៅព្រះរាជធានីលង្វែក។ ទ្រង់ប្រោសឱ្យសម្ដេច ព្រះរាជបុត្រ និង មន្ត្រីក្រុមស្រុកនៅចាំព្រះនគរ។ ទ្រង់ត្រាស់ ព្រះវង្សចម្បាធិរាជជាមេទ័ពមុខឱ្យមុខមន្ត្រីក្រុមទាហានរៀបពលជាក្បួនទ័ពពិជ័យសង្គ្រាម។ លុះដល់ថ្ងៃ ១ កើត ខែបុស្ស ឆ្នាំមមី សំរឹទ្ធិស័ក ព.ស.២១១៤, គ.ស.១៥៧០, មស.១៤៩២, ចស. ៩៣២ ព្រះអង្គនាំទាំងអស់ចេញទៅទិសបស្ចិម។ ឯព្រះចម្បាធិរាជវង្សធំ ជាមេទ័ពមុខលើកទ័ពស្រួចរត់ដល់ស្រុកបស្ចឹមបុរី ជាដែននគរសៀមហើយ ក៏ដេញទ័ពមុខឱ្យចូលវាយលុកបែកបានស្រុកនគរនាយកមួយវាយស្រុកតូចៗរៀងតាមផ្លូវទៅរហូតឥតឈប់ឈរឡើយហើយចាប់បានឈ្លើយសៀមជាច្រើនទៀត។ ឯទ័ពហ្លួងក៏ស្ដេចតាមលំដាប់ទ័ពមុខរៀងៗទៅ។ ចៅហ្វាយស្រុក និងក្រមការខេត្តខាងសៀមដែលបរាជ័យ ចាញ់ដៃព្រះចម្បាធិរាជ ហើយដែលរត់ចូលទៅនោះក៏ខំស្រូតទៅដល់ក្រុងស្រីអយុធ្យា រួចក៏នាំគ្នាចូលទៅក្រាបបង្គំទូលសម្ដេចព្រះមហាព្រះចៅធម៌រាជា ស្ដេចសៀមឱ្យទ្រង់ជ្រាបគ្រប់ប្រការ។
ស្ដេចសៀមជ្រាបហើយទ្រង់ភ័យបារម្ភណាស់ ទ្រង់ប្រជុំអស់សេនាបតីធំតូចប្រឹក្សាគ្នាថា : ទ័ពខ្មែរលើកមកម្ដងនេះ យើងនឹងគិតដូចម្ដេច ខណៈនោះ ចៅពញាឥន្ទ្រានគរបាល និងសេនាបតីមន្ត្រីសៀមក្រាបទូលព្រះចៅមហាធម៌រាជាធិរាជថា : ព្រះមហានគរស្រីអយុធ្យា យើងនេះទើបនឹងខូចខាតអន្តរាយថ្មីៗ។ មនុស្សទាំងឡាយនិងកាំភ្លើងតូចធំគ្រឿងសាស្ត្រាវុធនោះសម្ដេច ព្រះចៅហង្សាវតីស្ដេចយកអស់ទៅហើយ យើងគង់នៅឡើយតែមនុស្សសំណល់គ្រួមួយម៉ឺន និង មនុស្សដែលសេសសល់នៅស្រុកក្រៅក៏ច្រើនមែន តែបើយើងនឹងកេណ្ឌឱ្យចូលមកក្នុងពេលឥឡូវនេះក៏ពុំបាន។ មួយវិញទៀតកាំភ្លើង គ្រាប់រំសេវ យើងក៏មានតិចឃើញថា យើងតទល់នឹងទ័ពខ្មែរពុំបានឡើយ។ ដូច្នេះសូមអញ្ជើញព្រះចៅយូហួ ស្ដេចគេចថយទៅស្រុកពិស្ណុលោកឱ្យផុតពីទ័ពខ្មែរសិនចុះ។ ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់សណ្ដាប់ហើយទ្រង់ព្រមនឹងរៀបចំព្រះរាជដំណើរនិងរត់ទៅស្រុកពិស្ណុលោកតាមសេចក្ដីអញ្ជើញពីអង្គប្រជុំហើយប៉ុន្តែកាលនោះមានមន្ត្រីម្នាក់ឈ្មោះពង្សពេជ្ររ័ត្ន ជាចៅហ្វាយស្រុកពេជ្របូរីខុស នឹង សម្ដេចព្រះចៅសៀម។ មន្ត្រីនេះគិតក្បត់លើកទ័ពមកវាយស្ដេចក្រុងសៀមកុំឱ្យស្ដេចសៀមរត់ទៅបាន។ ព្រះចៅមហាធម៌រាជា ជ្រាបថាទ័ពខ្មែរកាន់តែមកជិតណាស់ហើយខាងមន្ត្រីសៀម ឯណេះក៏ក្បត់រាំងផ្លូវរកយាងទៅមិនរួចទ្រង់វិតក្កពុំដឹងជាថា នឹងដោះដៃទៅខាងណាឱ្យរួចបាន។ ខណៈនោះទើប ព្រះចៅទ្រង់ត្រាស់សួរ ឃុនទេវរៈជូនថា : ទ័ពខ្មែរម្ដងនេះយើងទៅ រឺ នៅ។ ឃុនទេវរៈជូនក្រាបទូលថា : សូមព្រះមេត្តាប្រោស ទ័ពខ្មែរនេះជាបុណ្យព្រះបារមីនៃព្រះករុណាជាអង្គម្ចាស់ណាស់ហើយ ព្រោះខ្មែរមិនបានកេណ្ឌពលមកច្រើនទេ ព្រោះនគរយើងសោត ក៏មានទឹកទន្លេព័ទ្ធជុំវិញ បើពលខ្មែរតិចសូមស្ដេចកុំចេញពីបន្ទាយឡើយ។ បើពលយើងតិចមិនពេញបន្ទាយទេ ពលខាងខ្មែរក៏តិចដែរ គួរតែស្ដេចគង់នៅទើបល្អពុំគួរស្ដេចទៅចោលព្រះនគរឡើយ បើកាលណាព្រះអង្គស្ដេចយាងទៅ ហើយការណ៍នេះ ជ្រាបដល់ព្រះចៅក្រុងហង្សាវតីហើយ ព្រះចៅទ្រង់ នឹងនិន្ទាបានជាមិនខាន។ ព្រះមហាធម៌រាជា ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ព្រះសណ្ដាប់ឮដូច្នោះហើយទ្រង់យល់ថា: សេចក្ដីដែលឃុនទេវរៈជូនទូលនេះត្រូវ ទើបទ្រង់ឱ្យចាត់ពល រាយពលរក្សាការពារព្រះនគរគ្រប់ជ្រុងគ្រប់ទិស។ ទីណាដែលមានទឹកព្រែកតូច ពុំបានធំជាទន្លេនោះឱ្យពលបនហង្សាវតីរក្សាទីនោះ។
សម្ដេចព្រះបរមនាថ ព្រះបាទអ្នកជាអម្ចាស់ជីវិតតំកល់លើត្បូង ស្ដេចព្រះរាជដំណើរទ័ពហ្លួងទៅដល់ក្រុងស្រីអយុធ្យានៅក្នុងខាងខ្នើតខែមាឃ។ ទ្រង់ដាក់ទ័ពនៅភូមិមួយធំ ហើយទ្រង់ឱ្យតែងព្រះរាជសារប្រគល់ឱ្យឈ្លើយសៀមនាំយកទៅថ្វាយព្រះចៅក្រុងស្រីអយុធ្យា។ ក្នុងរាជសារបានសូមឱ្យស្ដេចសៀមប្រគល់ស្រុក នគររាជសីមាជួរខាងកើតទៅដល់ បស្ចឹមរហូតទៅដល់សមុទ្រ ជាដែនដីខ្មែរពីដើមដែលសៀម លើកទ័ព ត្រឡប់ទៅវិញមួយរំពេច។ ស្ដេចសៀមបានបដិសេធដោយយកលេសថា ខ្លួនជាស្រុកនៅចំណុះព្រះចៅហង្សាវតីដែរ មិនអាចប្រគល់ស្រុកទាំងនោះមកឱ្យខ្មែរបានឡើយ។
លុះវេលាព្រឹកព្រាងភ្លឺច្បាស់ ព្រះអរុណោទ័យ ទ្រង់ត្រាស់ឱ្យព្រះចម្បាធិរាជជិះដំរីចំលងសឹកឃុំទ័ព ៧០០០ នាក់ ជាមេទ័ពមុខ ឱ្យព្រះបរិនាយក នឹងនាយរងលើកព្យូហចតុរង្គសេនា រៀបតាមក្បួនពិជ័យសង្គ្រាមស្រេច ទើបស្ដេចរៀបព្រះរាជដំណើរ ចេញក្បួនទ័ពចូលវាយក្រុងស្រីអយុធ្យាមហានគរ។ កាលទ័ពលើកទៅដល់ហើយស្ដេចទ្រង់ បញ្ឈរព្រះទីនាំងនៅ វត្តសាមវិហារ។ ទ្រង់ឱ្យរាយដំរីសឹករៀងទៅដល់ តុត្ថីថោងហួសចូលទៅវត្តឆោង។ ទ្រង់ត្រាស់ឱ្យ ព្រះចម្បាធិរាជយកទូកដែលចាប់បានប្រមាណជា ១៥ ចំលងសឹកទៅមុខវត្តមេរុរាជ្ជីការាមឱ្យពល ៤០០០ នាក់ទៀតជិះ ទូកចូលទៅច្បាំងវាយបន្ទាយនគរនៅជ្រុងចៅសនុក រួចឱ្យទ័ពខាងជើងគោក បាញ់កាំភ្លើងធំ តូចជាកោលាហល។ សម្ដេចព្រះធម៌រាជា ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ឡើងគង់ព្រះរាជយានលើកពលទាហានឡើងក្បាលបន្ទាយទទួលច្បាំងបាញ់គ្នាដោយកាំភ្លើងធំតូចការពារនគរ។ លុះច្បាំងគ្នាដល់ថ្ងៃប្អូនត្រង់សៀមបាញ់ត្រូវទូកខ្មែរលិចអស់ច្រើន។ កងទ័ពខ្មែរជើងគោកដែលទៅជាមួយគ្នាក៏ទៅជួយពុំរួចព្រោះទើសនឹងទឹក ទ័ពទាំង ៤០០០ នាក់ក៏ថយវិលមកវិញ។ ព្រះចម្បាធិរាជ ខឹងណាស់ក៏បរដំរីដេញពល ទៅបញ្ឈរនៅមាត់ច្រាំង តាំងបាញ់ចំរុះ។ លុះព្រឹកឡើងព្រះចៅក្រុងកម្ពុជា ទ្រង់មានព្រះរាជឱង្ការ ត្រាស់ឱ្យកេស្សធិកាបុស្សរាជ ដែលជាជំនួយព្រះចម្បាធិរាជ នោះជាមេទ័ពមុខ ជំនួសព្រះចម្បាធិរាជ។ ស្ដេចឱ្យកេណ្ឌពលធ្វើស្ពានចងក្បូនចំលងទ័ពចូលទៅវាយសៀមម្ដងទៀត។ ខាងសៀម ក៏បាញ់កាំភ្លើងធំតូចមកលើក្បូន លើស្ពានទ័ពស្រុកខ្មែរយើង ទ័ពខ្មែរយើងឆ្លងពុំបាន។ លុះដល់ថ្ងៃ ក្រោយមកទ្រង់ត្រាស់ ឱ្យលើកទ័ពធំទៅកជាប៉មដាក់កាំភ្លើងធំបាញ់តំរង់ទ្វារបន្ទាយ ហើយទ្រង់ឱ្យចងក្បូនធ្វើស្ពាន កេណ្ឌទូកចំលងទ័ពចូលច្បាំងទៀតតែសៀមវារក្សាបន្ទាយយ៉ាងមាំមួនវាយពុំបាន។ ទ័ពខ្មែរ ក៏ថយមកបន្ទាយវិញ។ ខណៈនោះ ព្រះរាជាអ្នកជាអម្ចាស់ផែនដីកម្ពុជា មានព្រះរាជឱង្ការ និងអស់នាម៉ឺនមុខមន្ត្រីថា: នគរសៀមមានទឹកព័ទ្ធជុំវិញ ហើយយើងលើកទ័ពជើងគោកមកនេះមានពលក៏តិចយើងបន្តសង្គ្រាមទៅទៀតពុំបាន។ ដូច្នេះទ្រង់ត្រាស់ឱ្យកងទ័ពមួយម៉ឺននាក់លើកទ័ពចេញហើយបំបែកគ្នាចូលទៅក្នុងស្រុកតូច-ធំ និគមជនបទចាប់កៀរគ្រួសៀមចាប់ដំរីសេះ យកអស់សម្បត្តិទ្រព្យ ស្បៀងអាហារបានមកជាឈ្លើយច្រើនណាស់។ ទ្រង់មាន ព្រះរាជឱង្ការឱ្យទ័ពក្រោយ ផាត់កៀរគ្រួមក មុនទ័ពហ្លួង ១៥ ថ្ងៃ។ លុះដល់ខ្នើត ខែផល្គុន ស្ដេចលើកទ័ពវិលចូល ក្រុងកម្ពុជាធិបតីវិញ។ ព្រះចៅ ក្រុងស្រីអយុធ្យា កាលបើបានឃើញទ័ពខ្មែរដកថយត្រឡប់មក ក្រុងកម្ពុជាវិញហើយក៏ឱ្យចៅហ្វាយស្រុកប្រមូលរាស្ត្រដែលនៅសេសសល់នោះឱ្យចូលមកនៅតាមស្រុកដើមវិញ។ ឯអម្ចាស់ផែនដី ព្រះនគរក្រុងកម្ពុជា ទ្រង់ត្រាស់ឱ្យផាត់កៀរគ្រួសៀម ដែលនៅខេត្តខាងជើង ខេត្តខាងកើតនាំវិលត្រឡប់ចូលមកប្រទេសកម្ពុជាបានចំនួនច្រើនណាស់។ ទ្រង់ត្រាស់ឱ្យរំសាយកងទ័ព ឱ្យចេញទៅនៅតាមទីលំនៅ រៀងៗខ្លួន ហើយទ្រង់មានព្រះរាជកំណត់ឱ្យត្រួតត្រៀមពល អាហារសាស្ត្រាវុធដាក់កំណត់ពេលថា: ដល់ពេលចេញវស្សា ឆ្នាំក្រោយ ទ្រង់នឹងលើកទ័ពចូលទៅវាយក្រុងស្រីអយុធ្យាម្ដងទៀត។
ឯកសារយោង
[កែប្រែ]- ឯកសារមហាបុរសខ្មែរ