ជេដ្ឋាជ័យ
ជេដ្ឋាជ័យ | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | គ.ស ៨៥៣-៩១៦ | ||||
រាជ្យមុន | ព្រះបាទជ័យជេដ្ឋ | ||||
រាជ្យបន្ត | ព្រះបាទស័ង្ខចក្រ | ||||
ស្វាមី/មហេសី | ព្រះនាងតារាវត្តី ព្រះម្នាងមាលាវត្តី | ||||
បុត្រ | ព្រះស័ង្ខកុមារ ព្រះនាងសុភវត្តី ព្រះបទុមរាជា | ||||
| |||||
សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ | ||||
បិតា | ព្រះបាទបទុមសុរិយវង្ស (ពង្សាវតារវត្តកោកកាក) រឺ ព្រះបាទជ័យជេដ្ឋ | ||||
មាតា | ព្រះនាងភគវត្តី | ||||
ប្រសូត | គ.ស ៨២៩ មហានគរ | ||||
សុគត | គ.ស ៩១៦ មហានគរ នគរគោកធ្លក |
ព្រះបាទជេដ្ឋាជ័យ (សំស្ក្រឹត:ជេ្យឞ្ឋាជយ) (គ.ស ៨២៩-៩១៦) រជ្ជកាល (គ.ស ៨៥៣-៩១៦) ព្រះរាជបុត្រ របស់ព្រះជ័យជេដ្ឋ ព្រះជេដ្ឋាជ័យកុមារ ត្រូវឡើងសោយរាជ្យបន្ដ ហើយពិធីអភិសេកបានប្រព្រឹត្ដទៅនៅថ្ងៃ ៩កើត ខែបុស្ស ឆ្នាំរកា ព.ស ១៣៩៧ ត្រូវជា គ.ស៨៥៣ ដោយមានព្រះរាជបរមនាម ព្រះបាទសម្ដេច បរមជេដ្ឋាជ័យរាជាធិបតី កាលនោះព្រះអង្គទើបតែបានព្រះជន្ម២៤វស្សា។ ព្រះអង្គជាព្រះមហាក្សត្រទី១៤ (ក្នុងបញ្ហាឈ្មោះដើមកំណើតសែស្រឡាយ ថ្ងៃខែឆ្នាំកើតស្ដេចទាំងអស់នេះ គេមានការពិចារណាយ៉ាងច្រើនក្នុងការរៀបចំកំណត់ឲ្យបានត្រឹមត្រូវ ពីព្រោះពង្សាវតារ និងឯកសារផ្សេងៗ បានកត់ត្រាខុសអំពីគ្នាទាំងអស់ មានជាអាទិ ដូចពង្សាវតារកោកកាក ក្នុងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល បានសរសេរថា ព្រះស្រីជ័យជេដ្ឋ ព្រះជេដ្ឋាជ័យ ព្រមទាំងព្រះធនញ្ជ័យគោរពរាជ្យ សុទ្ធតែត្រូវជាបងប្អូនបង្កើត និងត្រូវជាកូនរបស់ព្រះបាទបទុមសុរិយវង្ស)។ ព្រះបាទជេជ្ឋាជ័យ ព្រះអង្គបានចូលទិវង្គតនៅឆ្នាំជូត ក្នុងព្រះជន្ម ៨៧ វស្សា ដោយជំងឺចាស់ជរា។ ព្រះអង្គសោយរាជសម្បត្ដិប្រទេសកម្ពុជាបាន ៦៤ ឆ្នាំ។
ព្រះរាជប្បវត្តិ
[កែប្រែ]ក្នុងឆ្នាំច ចុល្លសករាជ ១៩២ ព្រះបាទជ័យជេដ្ឋជាមួយនិងព្រះនាងភគវត្តី (ពង្សាវតារបស់សម្ដេចវាំងជួន មិនបានបញ្ជាក់អំពីឈ្មោះមហេសីស្ដេចអង្គនេះទេ) ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមជេដ្ឋាជ័យកុមារព្រះនាងភគវត្ដី បើតាមពង្សាវតារវត្ដទឹកវិលក្នុងស្រុកស្អាងខេត្ដកណ្ដាល ត្រូវជាប្អូនបង្កើតរបស់ព្រះបាទជ័យជេដ្ឋវិ។ មិនតែប៉ុណ្ណោះ ជាមួយនឹងព្រះនាងភគវត្ដីដដែល ព្រះអង្គមានបុត្រីមួយព្រះអង្គទៀតព្រះនាមតារាវត្តី។ ក្នុងរាជស្ដេចអង្គនេះព្រឹត្ដិការណ៍ដែលគេអាចកត់សំគាល់បាននោះ គឺដំណើរទស្សនកិច្ចយ៉ាងយូរបស់ព្រះអង្គដែលដើរមើលត្រួតត្រាទឹកដី ខណ្ឌសីមា អស់ពេលមួយឆ្នាំ ៥ ខែ កាលនោះក្នុងឱកាសដែលព្រះអង្គគ្មានវត្ដមាននៅរាជធានីមហានគរ ព្រះអង្គបានផ្ទុកផ្ដាក់កិច្ចការនគរឲ្យសម្ដេចចៅហ៊្វាទឡ្ហៈ (ជា រដ្ឋមន្ដ្រីទី១) និងនាម៉ឺន ៤ នាក់កាន់កាប់ជំនួស ក្រៅពីនេះ គេពុំឃើញមានព្រឹត្ដិការណ៍អ្វីជាសំខាន់គួរឲ្យចាប់អារម្មណ៍ឡើយ។
បុត្រ
[កែប្រែ]ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនាម ស័ង្ខកុមារ ដែលបានប្រសូតឆ្នាំកុរ ច.ស ២៦៥។ នេះបើតាមពង្សាវតារសម្ដេចវាំងជួន។ ចំណែកពង្សាវតារវត្ដទឹកវិល បានសរសេរថាព្រះជេដ្ឋាជ័យ បានរៀបអភិសេកជាមួយនឹងប្អូនបង្កើតព្រះអង្គព្រះនាមតារាវត្តី ដែលព្រះអង្គបានថ្វាយឋានៈជាព្រះអគ្គមហេសី ជាមួយនឹងព្រះអគ្គមហេសីនេះ ព្រះជេដ្ឋាជ័យបានព្រះរាជបុត្រមួយព្រះអង្គ ទ្រង់ព្រះនាម បទុមរាជា ដែលប្រសូតក្នុងឆ្នាំរោង ហើយជាមួយនិងព្រះម្នាងមាលាវត្តីបានព្រះរាជបុត្រីមួយព្រះនាមសុភវត្តី ដែលប្រសូតក្នុងឆ្នាំឆ្លូវ។
អាយុបាន ២១ឆ្នាំ ក្នុងឆ្នាំឆ្លូវ ដោយតប់ប្រមល់ មិនអាចរស់នៅក្នុងព្រះបរមរាជវាំងតទៅទៀតកើត ព្រះបទុមរាជាសុំឪពុកទៅសាងផ្នួសបួសជាសង្ឃនៅឯភ្នំគូលែន។ រីព្រះនាងសុភវត្ដីកាលបានអាយុ១៦ឆ្នាំ ថ្ងៃមួយបានសុំសេចក្ដីអនុញ្ញាតពីព្រះបិតា ដើម្បីធ្វើដំណើរទៅក្រសាលកំសាន្ដលេងតាមមាត់សមុទ្រ។ នៅពេលដែលនាងកំពុងតែដើរប្រពាតព្រៃ ចៃដន្យអ្វី ស្រាប់តែមានខ្យល់ព្យុះសង្ឃរាបក់បោក និងភ្លៀងបង្អុរមកយ៉ាងខ្លាំងក្លា ចំនួនបីថ្ងៃបីយប់ ធ្វើឲ្យព្រះនាងវង្វេងផ្លូវ ក្នុងព្រៃភ្នំរកទិសទីចេញមិនរួច។ ព្រះមហាក្សត្រជាឪពុក និងម្ដាយបានឲ្យនាម៉ឺនមន្ដ្រីសេនា ប្រជាជននាំគ្នាកាប់ឆ្ការព្រៃ ដើររុករាវរកគ្រប់ច្រកល្ហក រហូតដល់សមុទ្រ តែនៅតែរកមិនឃើញ។ កន្លែងព្រៃភ្នំដែលព្រះមហាក្សត្រនិងពលទាហានដើររកព្រះនាង សុភវត្តី បានជាប់ឈ្មោះភ្នំជ្រាវ រៀងរហូតមកដល់សព្វថ្ងៃ។ បីខែកន្លងមក ដោយរកកូនមិនឃើញ និងដោយក្ដីអស់សង្ឃឹមព្រះបាទជេដ្ឋាជ័យ ក៏ដាច់ចិត្ដនាំមុខមន្ដ្រីពលរេហ៍ត្រលប់ចូលព្រះរាជធានីវិញ។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
មុនដោយ ព្រះបាទបទុមសុរិយវង្ស (ពង្សាវតារវត្តកោកកាក) រឺ ព្រះបាទជ័យជេដ្ឋ |
មហានគរ | តដោយ ព្រះបាទស័ង្ខចក្រ |